ក្រុមហ៊ុន KW Cambodia និង​ដៃគូ​ប្រកាស​លក់​គម្រោង​តម្លៃ ១០០ពាន់​លាន​ដុល្លារនៅ​ម៉ាឡេស៊ី

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន Keller Williams Cambodia បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ Country Garden ដើម្បី​លក់​គម្រោង Forest City ដែលជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដែលមាន​តម្លៃ​វិនិយោគ​រហូតដល់ ១០០ពាន់​លាន​ដុល្លារ​អាមេរិក។

គំរោង​ដ៏​ធំ​នេះ​ស្ថិតនៅ​ទីក្រុង Johor Bahru ប្រទេស​ម៉ាឡេស៊ី និង​មាន​ទីតាំង​ជាប់​ព្រំប្រទល់​ប្រទេស​សឹង្ហ​បុរី។

លោក​បណ្ឌិត​គីម ហ៊ាង​អគ្គនាយក​ក្រុមហ៊ុន KW Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ទាប់ពី​ចុះកិច្ចសន្យា​លក់​អចលនទ្រព្យ ជាមួយ​លោក Fuzhi Geng ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​របស់​គម្រោង Forest City ក៏​ដូច​សមាជិក​របស់​ក្រុមហ៊ុន Keller Williams Cambodia ជាង១០០នាក់​កាលពី​ថ្ងៃទី២៦ ធ្នូ​កន្លងមក​ថា នេះ​គឺជា​ការបោះ​ជំ​ហ៊ាន​ដ៏​ធំ​លើកដំបូង សម្រាប់​ដំណើរការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន Keller Williams Cambodia ហើយក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សមាជិក​របស់ខ្លួន ក្នុងការ​ចាប់យក​ឱកាស​នេះ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព រៀនសូត្រ និង​ការប្រកួតប្រជែង​លើ​ទីផ្សារ​អន្ដរជាតិ ជាមួយនឹង​ការលក់​គម្រោង Forest City ។

គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​នេះ បាន​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ប្រមាណ៣,០០០ហិច​តា ក្បែរ​ព្រំដែន​ប្រទេស​សិង្ហ​បុរី។

បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​នេះ អ្នកជំនាញ​ផ្នែក​លក់​របស់​គម្រោង Forest City ក៏បាន​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​នូវ​ចំណេះដឹង​ជាច្រើន ជុំវិញ​ទីផ្សារ​អចលនទ្រព្យ​លើ​ពិភពលោក ក៏ដូចជា​គម្រោង Forest City ដល់​សមាជិក​របស់​ក្រុមហ៊ុន Keller Williams Cambodia ដើម្បី​ទុកជា​មូលដ្ឋានគ្រឹះ​សម្រាប់​ណែនាំ​ដល់​អតិថិជន​របស់ខ្លួន​ទៀតផង៕

រដ្ឋមន្ត្រីក្រសួង​រ៉ែ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាន​ចំនួន ៥៧គំរោង

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ មាន​ចំនួន៥៧គំរោង​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​មានប្រសាសន៍​ក្នុងជំនួប ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ និង​ថាមពល និង​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា នៅ​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ​ថា គោលដៅ​ការអភិវឌ្ឍន៍​រ៉ែ​នេះ អ្នកធ្វើអាជីវកម្ម​ស្វែង​រុករក ឬ​ដំណាក់កាល​សិក្សា​រ៉ែ បាន​ចូលក្នុង​ដំណាក់កាល​អភិ​វឌ្ឍន៍។ ជាក់ស្តែង​ចាប់ពី​ឆ្នាំ២០១៤ ដល់២០១៨នេះ អាជ្ញាប័ណ្ណ​រ៉ែ​មាន​កំណើន​ចាប់ពី១៤ដល់២៧អាជ្ញាប័ណ្ណ ក្នុងនោះ​ក្រសួង​បាន​ផ្អាក ឬ​ចប់​គម្រោង​សម​ប្ប​ទាន​ស្វែង​រុករក​រ៉ែ​ពី​ចំនួន១៣១ មក​នៅ៥៧គម្រោង កំពុង​បន្ត​ប្រតិបត្តិការ។

លោក​បន្តថា “ការផ្តល់​ធ្វើ​អាជីវកម្ម​រ៉ែ កន្លែង​ដែល​ក្រសួង​បានចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ធ្វើ​អាជីវកម្ម មូលដ្ឋាន​នោះ​នឹងមាន​ការអភិវឌ្ឍន៍​រីកចម្រើន​ផងដែរ ក្រោម​គម្រោង​មូលនិធិ​រ៉ែ ទ្រទ្រង់​កិច្ចអភិវឌ្ឍន៍​សហគម​ន៍​មូលដ្ឋាន។លោក​បន្តថា “អាជ្ញាធរ​មូលដ្ឋាន​ជ្រើស​រើសយក​គោលដៅ​តំបន់​អភិវឌ្ឍន៍ ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​មូលនិធិ​នេះ បាន​ចូលរួម​អភិវឌ្ឍន៍​ចំនួន៧ខេត្ត​រួចមកហើយ។

ជាមួយគ្នានេះ លោកជំទាវ និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា​បាន​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ក្រសួង​ទាំងអស់ ក្នុងការ​ជម្រុញ​កែទម្រង់​លើ​វិស័យ​របស់​ក្រសួង និង​បាន​លុបបំបាត់​ការធ្វើ​អាជីវកម្ម រ៉ែ​អាណាធិបតេយ្យ​បានជា​អតិបរិមា ជាពិសេស​វិស័យ​អគ្គិសនី ដែល​បាន​កំពុង​ចូលរួមចំណែក​យ៉ាង​ធំ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ។

លោកជំទាវ​បន្តថា “សូម​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រសួង​ទាំងអស់ បន្ត​ការអភិវឌ្ឍន៍​វិស័យ​ទាំងនេះ​ឲ្យ​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធ​ដើម្បី​ជម្រុញ​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រិ​ក​ចម្រើន”៕

ក្រុមហ៊ុនចិនពីរបោះទុន១០០លានដុល្លារអភិវឌ្ឍគំរោងអចលនទ្រព្យប្រណីត នៅក្រុងភ្នំពេញ

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ:​ ក្រុមហ៊ុនចិនធំៗចំនួនពីរ បានសហការគ្នាវិនិយោគក្នុងទំហំទឹកប្រាក់សរុបប្រមាណ១០០លានដុល្លារអាមេរិក ក្នុងវិស័យឧស្សាហកម្មសំណង់ និងការអភិវឌ្ឍផ្នែកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា លើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពហុមុខងារ និងការរៀបចំសួនអេកូ រចនាបទអាស៊ីអាគ្នេយ៍។

នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងទីក្រុងរំដួល និងសម្ពោធការិយាល័យលក់ សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ធ្នូកន្លងមកនេះ លោកLIU FENG អគ្គនាយកក្រុមហ៊ុSRE Groupបានមានប្រសាសន៍ឲ្យដឹងថា ដោយមើលឃើញកម្ពុជា ជាប្រទេសដ៏សំខាន់មួយនៅក្នុងគោលនយោបាយ ខ្សែក្រវ៉ាត់មួយ វិថីមួយទើបសម្រេចដាក់ទុនវិនិយោគនេះ ឡើងលើផ្ទៃដីសរុបទំហំជាង១៦ពាន់ម៉ែត្រក្រឡា​។

លោកបន្តថា “គម្រោងទីក្រុងរំដួលនេះ នឹងបង្កប់នូវទ្រឹស្តីសហគមន៍រស់នៅបែបសួនឧទ្យានបៃតងដ៏ធំ និងកម្រមួយនៅក្នុងទីក្រុងភ្នំពេញ ដោយត្រូវបានរចនាឲ្យមានសួនអេកូឡូស៊ី បែបអាស៊ីបូព៌ា និងការច្របាច់បញ្ចូលគ្នាយ៉ាងល្អនូវទេសភាពដើមត្នោត និងទឹកថ្លាឆ្វេង”។ លោកបន្តថា “គំរោងនេះក៏នឹងបង្កើតបានជាសួនឧទ្យានអេកូឡូស៊ី ដ៏ស្រស់សោភាសម្រាប់ជាមោទនភាពនៃទីក្រុងភ្នំពេញ”។

គំរោងនេះវិនិយោគដោយក្រុមហ៊ុនរំដួល អូវើស៊ី និងក្រុមហ៊ុនSRE Group។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍ថា ព្រឹត្តការណ៍នេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឲ្យឃើញ នូវការចូលរួមអបអរសាទរ និងគាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុនបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំឲ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេសការខិតខំបង្កើនទំនុកចិត្ត និងជំនឿជាក់ជូនដល់វិនិយោគិន ធុរជន ក្នុងវិស័យអច​លនទ្រព្យ ដែលកំពុងបោះជំហានទៅមុខយ៉ាងលឿន។

លោកបន្តថា “ការវិនិយោគគំរោងនេះ ធ្វើឡើងសមស្របទៅនឹងការកើនឡើងនូវចំណូលប្រចាំខែរបស់ប្រជាពលរដ្ឋខ្មែរ និងជាការចូលរួមចំណែកឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍរាជធានីភ្នំពេញឲ្យកាន់តែស៊ីវីល័យថែមទៀត”៕

អ្នកវិនិយោគក្នុងស្រុកបោះទុន៣០លានដុល្លារសង់បុរីនិងដីសម្រាប់សាងសង់អាគារពាណិជ្ជកម្មនៅក្រុងប៉ោយប៉ែត

0

​ដោយគង់ សូរិយា
​ក្រុងប៉ោយប៉ែត:​ អ្នកវិនិយោគក្នុងស្រុកនៃក្រុមហ៊ុនFours Star Plus Four បានសម្រេចចិត្តវិនិយោគទឹកប្រាក់៣០លានដុល្លារ លើគំរោងលំនៅដ្ឋាន និងដីសម្រាប់សាងសង់អាគារពាណិជ្ជកម្មនៅក្រុងប៉ោយប៉ែត ដែលជាទីក្រុងកំពុងរីកចម្រើនយ៉ាងលឿននាពេលបច្ចុប្បន្ននេះ។


ស្ថាបនិកក្រុមហ៊ុនFours Star Plus Fourលោកសួង សុខហ៊ាងបានមានប្រសា សន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៧ ធ្នូនេះថា ក្រុមហ៊ុនបានសម្រេចចិត្តវិនិយោគគំរោងមួយ ឈ្មោះStar Gold លើផ្ទៃដីជាង៧ហិកតា ដោយបែងចែកជាពីរផ្នែក ដូចជា ទី១ ដី៤ហិកតាជាប្រភេទដីឡូត៍ សម្រាប់​សាងសង់អាគារពាណិជ្ជកម្ម និងមានទំហំ២០គុណនឹង៣០ម៉ែត្រ និងទំហំ២០គុណនឹង៦០ម៉ែត្រ ដែលដាក់លក់ក្នុងតម្លៃ៦៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទី២ ចំនែក​ដី៣,៥ហិកតាទៀត នឹងសាងសង់ជាលំនៅដ្ឋានប្រភេទLink House និងShop Houseដែលលក់ក្នុងតម្លៃចាប់ពី១៨ដល់២៤ម៉ឺនដុល្លារអាមេរិក។

លោកបន្តថា “រហូតមកទល់ពេលនេះ លំនៅដ្ឋានប្រមាណ៥០ភាគរយត្រូវបានលក់អស់ហើយ ខណៈគំរោងនេះនឹងសាងសង់បញ្ចប់នៅឆ្នាំ២០២០ខាងមុខនេះ”។លោកបន្តថា “ជាមួយនឹងការគិតគូពីសុខមាលភាពប្រជាពលរដ្ឋ ក្រុមហ៊ុនបានគិតគូរលើការ​សាងសង់ហេដ្ឋារចនាសម្ព័ន្ឋប្រកបដោយគុណភាព និងផ្លូវមានទំហំចន្លោះពី១០ទៅ១៨ម៉ែត្រ”។


គំរោងនេះស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាតំបន់ស ដែលជនបរទេសអាចចូលមកស្នាក់នៅរយៈពេល២សប្តាហ៍ ដោយមិនចាំបាច់បោះត្រាលើប៉ាស្ព័រ។ វិនិយោគនៅក្នុងតំបន់ពិសេសនេះ ធ្វើឲ្យអ្នកវិនិយោគអាចទទួលបានផលចំណេ​ញ​ច្រើន ដោយសារបន្ទប់ជួលនៅក្នុងតំបន់នេះ អាចជួលបានជាង៣០០ដុល្លារ ខណៈបន្ទប់ជួលខាងក្រៅមានតម្លៃជាង១០០ដុល្លារប៉ុណ្ណោះ។នេះបើតាមការឲ្យដឹងពីលោកសួង សុខហ៊ាង។


លោកបន្តថា “ការសម្រេចចិត្តវិនិយោគគំរោងនេះ ដោយសារក្រុងប៉ោយប៉ែតមាន​ការរីកចម្រើនលឿន និងចំនួនអ្នកវិនិយោគចូលមកកាន់តែច្រើន ដែលធ្វើឲ្យខ្វះកន្លែងស្នាក់នៅ និងការិយាល័យធ្វើការ”។

អ្នកចាប់អារម្មណ៍ទិញដី និងលំនៅដ្ឋានក្នុងគំរោងនេះអាចទាក់ទងតាមរយៈលេខទូរស័ព្ទ០៨៦ ២១៥ ៧៧៧ .០៩៩ ២១៥ ៧៧៧.០៦២ ២៨០ ៩៧៥០​។


យោងតាមរបាយការណ៍របស់សាលាក្រុងប៉ោយប៉ែតបានឲ្យដឹងថា ទីក្រុងប៉ោយប៉ែតបច្ចុប្បន្ន មានប្រជាពលរដ្ឋរស់នៅប្រមាណ២០ម៉ឺននាក់ ក្នុងនោះជនបរទេសមានប្រ​មាណ៥ម៉ឺននាក់ និងមានអាគារកំពស់ចាប់ពី៤ដល់ជាង៣០ជាន់ចំនួន៦០អាគារ។ ក្រុង​ប៉ោយប៉ែតមានតំបន់សេដ្ឋកិច្ចពិសេសចំនួនបី ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ និងកំពុងទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងច្រើន ពិសេសអ្នកវិនិយោគចិន និងជប៉ុន។


ក្រុងប៉ោយប៉ែត ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់ឧស្សាហកម្ម ក្នុងគោល​នយោបាយអភិ​វឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលគោលនយោបាយនេះ​បានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ២០១៥៕

ធនាគារ​ធំជាងគេ​នៅ​កម្ពុជា​បោះទុន ៣៦លាន​ដុល្លារ​លើ​ការបណ្តុះបណ្តាលធនធានមនុស្ស

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ធនាគារ​អេស៊ីលីដា ភី​អ៊ិ​ល​ស៊ី ដែលជា​ធនាគារ​ធំជាងគេ​នៅ​កម្ពុជា​បានសម្រេច​បោះទុន៣៦លាន​ដុល្លារ​អស​មេ​រិ​ក ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​តាមរយៈ​ការសាងសង់​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​របស់ខ្លួន  ដើម្បី​ប្រែ​ក្លាយទៅជា​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន។

លោក​បណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា បាន​ឲ្យ​ដឹង​ក្នុង​ពិធី​សម្ភោ​ធ​វិទ្យាស្ថាន​នេះ​កាលពី​រសៀល​ថ្ងៃទី២៦ ធ្នូ​កន្លងមក​ថា វិទ្យាស្ថាន​នេះ​ចាប់ផ្តើម​ចេញពី​ផ្នែក​ហ្វឹកហ្វឺន ទៅជា​នាយកដ្ឋាន​ហ្វឹកហ្វឺន បន្ទាប់​បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល មីក្រូហិរញ្ញវត្ថុ​អេស៊ីលីដា-អាស៊ាន បន្ទាប់មកទៀត​ក្លាយជា​អេស៊ីលីដា​ត្រេ​ន​នី​ង​សេន​ធ័​រ និង​ចុង​ក្រោយនេះ​ក្លាយជា​គ្រឹះស្ថាន​កម្រិត​ឧ​ត្ត​មសិ​ក្សា តាមរយះ​អនុក្រឹត្យ​សម្រាប់​ការបណ្តុះបណ្តាល កម្រិត​ឧ​ត្ត​មសិ​ក្សា ដែល​រួមមាន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​បរិ​ញ្ញ​ប​ត្រ​រង។

វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​អេស៊ីលីដា សាងសង់​លើ​ផ្ទៃ​សរុប​ទំហំ​ជាង៧ហិច​តា ដែល​រួមមាន​អគារសិក្សា​ចំនួន២ កម្ពស់៥ជាន់ មាន​បន្ទប់រៀន៨បន្ទប់ ដែល​អាច​ទទួល​សិស្ស​ប្រមាណ៨ពាន់​នាក់ (សរុប​បី​វេន​សិក្សា) អគារ​រដ្ឋបាល១ កម្ពស់៣ជាន់ ដែល​នៅក្នុង​អគារ​នោះ​មាន​អាហារ​ដ្ឋា​ន១កន្លែង បណ្ណាល័យ១កម្ពស់៣ជាន់ អន្តេវាសិកដ្ឋាន១ កម្ពស់៤ជាន់ មាន៤៧បន្ទប់ ដែល​អាច​ទទួល​និស្សិត​ស្នាក់នៅ​សរុប​ចំនួន១៣៧នាក់ ទីធ្លា​សម្រាប់​ចត​យានយន្ត​ធំ​ទូលាយ ទីលាន​បាល់ទាត់ បាល់បោះ និង​បាល់ទះ។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​មានប្រសាសន៍ថា វិទ្យាស្ថាន​នេះ​រៀបចំឡើង ស្រប​ពេលដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​នៅ​កម្ពុជា។ ឯកឧត្តម​បាន​បន្តថា វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់ ដែល​សម្រេចបាន​ក្នុង​វិស័យ​អប់រំ និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ក្នុង​រយះពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ទេ តែ​បាន​ស្តែង​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ជាមួយនឹង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ក្រសួង ស្ថាប័ន វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ និង​សហគមន៍​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​តាម​តួនាទី និង​ភារកិច្ចរៀងៗខ្លួន​ក្នុងការ​អនុវត្ត​គោលនយោបាយ ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍន៍ និង​កសាង​ធនធានមនុស្ស​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា៕

មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ៥៤ បានឈ្នះ​ជ័យលាភី​បដិសណ្ឋារកិច្ច​ល្អក្នុង​វិស័យ​ទេសចរណ៍

0

ដោយ វុត្ថា

ភ្នំពេញ៖ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ចំនួន៥៤ ទទួលបាន “ជ័យលាភី​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍ ”លើក​ទី១ ឆ្នាំ២០១៨ ពី​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត។

សេវាកម្ម​ជា​មូលដ្ឋាន​ទាំងនោះ រួមមាន សណ្ឋាគារ និង​សេវា​ស្នាក់នៅ​ទេសចរណ៍​ចំនួន២១ ភោជនីយដ្ឋាន​ចំនួន២០ ទីភ្នាក់ងារ​ទេសចរណ៍​ចំនួន៤ហាង​ស្ប៉ា និង​ម៉ាស្សា​ចំនួន៤ មណ្ឌល​កម្សាន្ដ​មនុស្សពេញវ័យ៣ រមណីយដ្ឋាន​ទេសចរណ៍២ក្នុងនោះ​មូលដ្ឋាន​អាជីវកម្ម ដែល​ទទួលបាន​ជ័យលាភី​មាន​ស្នាមញញឹម៣ មាន​ចំនួន៣៩ ស្នាមញញឹម២ មាន​ចំនួន១២ ស្នាមញញឹម១មាន​ចំនួន៣ ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន​បាន​មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់​ជ័យលាភី​បដិសណ្ឋារកិច្ច​ល្អ ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី១ ឆ្នាំ២០១៨ អម​ជាមួយ​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ (Mobile App) ចលនា​ប្រឡងប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍ និង​ច្រកទ្វារ​អន្តរជាតិ និង​ការប្រកាស​ចលនា​ប្រឡងប្រណាំង «បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី២ ឆ្នាំ២០១៩» កាលពី​ទី២៦ ខែធ្នូ ឆ្នាំ២០១៨កន្លងមក​ថា កម្ពុជា​ដាក់ចេញ​គោលដៅ​ឆ្នាំ២០២៣ ពោរពេញ​ទៅដោយ​បដិសណ្ឋារកិច្ច​ល្អ ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹ​ត្ត​ការណ៍ SEA-Game 2023។

លោក​បន្តថា “ដើម្បី​កម្ពុជា​ជា​គោលដៅ​ទស​ចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ និង​កក់ក្ដៅ​ដល់​ភ្ញៀវទេសចរ និង​ដើម្បី​ឆ្ពោះទៅ​ព្រឹ​ត្ត​ការណ៍​SEA Game2023 ព្រមទាំង​ដើម្បី​សម្រេច​ចក្ខុវិស័យ​របស់​ក្រសួងទេសចរណ៍ ក្នុងការ​ទាក់ទាញ​ទេសចរណ៍៧លាន​នាក់​ក្នុង​ឆ្នាំ២០២០ និង១៥លាន​នាក់ ក្នុង​ឆ្នាំ២០៣០” ។

ជាមួយគ្នានេះ លោក​រដ្ឋមន្ដ្រី​បានស្នើ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ផ្នែក​ឯកជន​បន្ដ​រួមគ្នា​អនុវត្ត​ទិសដៅ​យុទ្ធសាស្ដ្រ​សំខាន់២ដូចជា ទី១ ទិសដៅ​យុទ្ធសាស្ដ្រ​ទី១៖ ភាព​ស្អាត និង​បៃតង (Clean & Green)៖ លោក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ឱ្យ​បន្ដ​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង «ទីក្រុង​ស្អាត រមណី​ដ្ឋា​ន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ» និង​ក៏បាន​លើកឡើង​អំពី​ការអនុវត្ត​នូវ​ស្ដង់ដារ​នានា ដែល​កម្ពុជា​និង​អាស៊ាន​ដាក់ចេញ។

ជាងនេះទៅទៀត លោក​ក៏បាន​អំពាវនាវ​ឱ្យ​គ្រប់​ទីកន្លែង​សាធារណៈ​ទាំងអស់ ត្រូវតែ​ស្អាត មាន​អនាម័យ និង​គ្មាន​សំរាម ជាពិសេស​សំរាម​ជា​ថង់​ប្លា​ស្ទិ​ក)។ នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវតែ​សម្អាត​ឱ្យបាន​ស្អាត និង​បន្ទប់ទឹក​ត្រូវតែមាន​អនាម័យ​ជាប់​ជាប្រចាំ។

ទិសដៅ​យុទ្ធសាស្ដ្រ​ទី២ បន្ដ​ផ្ដល់​បដិសណ្ឋារកិច្ច​ល្អ​ឱ្យ​ក្លាយជា​របៀបវារៈ​ជាតិ ហើយ​យោងតាម​ទស្សនាវដ្ដី Rough Guides គឺជា​ស្ថាប័ន​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ២០១៦ អំពី​ការធ្វើដំណើរ​ទេសចរណ៍​ដ៏​ឈានមុខ​គេ​មួយ នៅក្នុង​ក្នុង​ពិភពលោក​បាន​បញ្ជាក់ថា «ប្រទេស​កម្ពុជា​ជា​ប្រទេស ដែលមាន​ប្រជាជន​រួសរាយ​រាក់ទាក់​បំផុត​ទី១ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រជាជន រួសរាយ​រាក់ទាក់​ជាងគេ​ទាំង១០ក្នុង​ពិភពលោក។

លោក​រដ្ឋមន្ដ្រី​ថោង ខុន​ក៏បាន​ស្នើឱ្យ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ប​ង្កើ​ន​ការបណ្ដុះបណ្ដាល​បដិសណ្ឋារកិច្ច​ល្អ ក្នុង​វិស័យ​ទេសចរណ៍ ដល់​បុគ្គ​លិ​ឱ្យ​កាន់តែ​ទូលំ ទូលាយ​ទៅតាម​កម្មវិធីសិក្សា (Curriculum) បដិសណ្ឋារកិច្ច​ល្អ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ក្រសួងទេសចរណ៍​បានដាក់​ចេញ និង​ស្នើឱ្យ​មានការ​ប្រឡងប្រណាំង​ផ្ទៃក្នុង​ដល់​បុគ្គលិក​តែម្ដង ដោយ​មូលដ្ឋាន​អាជីវកម្ម​ជា​អ្នកវាយតម្លៃ​ដោយផ្ទាល់ ចំពោះ​ការ​បម្រើសេវា​បដិសណ្ឋារកិច្ច​ល្អ របស់​បុគ្គលិក​ខ្លួនឯង​ដោយផ្ទាល់ ហើយ​តាមរយៈ​សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​តាម​វិស័យនីមួយៗ នឹង​ជម្រុះ​បុគ្គលិកឆ្នើមៗរួច​ផ្ញើមក ក្រសួងទេសចរណ៍​ដើម្បី​ធ្វើការ​វាយតម្លៃ​នឹង​ទទួលស្គាល់​បូកសរុប​នៅ​កម្រិត​ថ្នាក់ជាតិ​ជា​រៀងរាល់ឆ្នាំ។

ជាមួយគ្នានេះ ក្រសួង​បានស្នើ​ឱ្យមាន​ការប្រឡង​ប្រណាំង​បដិសណ្ឋារកិច្ច​ល្អ ថ្នាក់ជាតិ​ជា​រៀងរាល់ឆ្នាំ និង​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កម្ម វិធី​ទូរស័ព្ទ​ឆ្លាត​វៃ (Mobile App) ដែលមាន​ឈ្មោះថា៖ «Hospitality-Tourism & Border» ផងដែរ ដើម្បី​ឆ្ពោះទៅ​ព្រឹ​ត្ត​ការណ៍​កីឡា SEA Game 2023។

នៅ​ឆ្នាំ២០១៧ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ៥,៦ លាន​នាក់ និង​នាំ​ប្រាក់ចំណូល​ប្រមាណ៣៦៣៨លាន​ដុល្លារ​អាមេរិក ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​ដែល​រួមចំណែក​ប្រមាណ១២ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)។ នៅ​ឆ្នាំ២០១៨នេះ យើង​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ប្រមាណ៦,២លាន​នាក់ ក្នុង​អត្រាកំណើន​ប្រមាណ១១ភាគរយ៕

កម្ពុជាគ្រោងយកទីក្រុងចំនួន៣ប្រែក្លាយជាទីក្រុងបែបSmart City

0

ដោយគង់ សូរិយា
ភ្នំពេញ: ប្រទេសកម្ពុជាគ្រោងជ្រើសរើសយកទីក្រុងចំនួន៣ រួមមានទីក្រុង បាត់ដំបង ក្រុងសៀមរាម និងរាជធានីភ្នំពេញ ឲ្យក្លាយជាទីក្រុងឆ្លាត(Smart City) ដែលបច្ចុប្បន្នទីក្រុងទាំងនេះ កំពុងមានតម្រូវការខ្លាំងពីសំណាក់ប្រជាជននៅជុំវិញពិភពលោក។

គ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក នៅពេលចូលទៅក្នុងសម័យកាលបដិវត្តឧស្សា​ហកម្មកំរិត៤.០ គឺគេតម្រូវអោយបណ្តាប្រទេសទាំងនោះ ត្រូវបង្កើតទីក្រុងឆ្លាត(Smart City) នៅក្នុងប្រទេសឲ្យបានប្រមាណពី១ទៅ៣ទីក្រុង ឬអាចច្រើនជាងនេះ ដើម្បីបំពេញតម្រូវការឬបង្កើនភាពងាយស្រួលក្នុងទំនាក់ទំនងរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានថ្លែងដឹងកាលពីថ្ងៃទី២៦ ធ្នូកន្លងមកថា បើយើងទៅតាមស្ថានភាពសេដ្ឋកិច្ចនៅក្នុងពេលនេះ គឺយើងមិនទាន់អាចបង្កើតទីក្រុងឆ្លាតអោយស្របតាមស្តង់ដារបាននោះទេ ប៉ុន្តែនៅពេលដែលកម្ពុជា ឈានចូលក្នុងសម័យកាលបដិវត្តឧស្សាហកម្មកំរិត៤ កម្ពុជានឹងយកទីក្រុងចំនួនបីដំឡើងអោយជាទីក្រុងឆ្លាត (Smart city).
លោកបន្តថា នៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់គេប្រទេសសឹង្ហបូរី បានបង្កើតទីក្រុងឆ្លាតវៃ ហើយបណ្តាប្រទេសដទៃទៀត នាពេលបច្ចុប្បន្នគេបានបញ្ចូលទីក្រុងរបស់គេទាំងអស់ក្លាយទៅជាក្រុងឆ្លាត”។

លោកបន្តថា “ក្រុងឆ្លាត​នេះ គឺត្រូវទាមទារអោយមានការប្រើប្រាស់ប្រព័ន្ធឧបករណ៍បច្ចេកវិទ្យាទំនើបៗជាច្រើន ពិសេសឧបករណ៍ទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិច ក្នុងវិស័យទូរគមនាគមន៍”។

លោកប៉ាន់ សូរសក្តិ បន្តថា បច្ចុប្បន្នកម្ពុជា មិនទាន់អាចបង្កើតទីក្រុងឆ្លាតបាន ដោយសារកម្ពុជា នៅមានកង្វះខាតច្បាប់មួយចំនួន ពិសេសច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិច(E- Commerce)ដែលច្បាប់នេះ កម្ពុជាគ្រោងបង្កើតអោយបាននៅចុងឆ្នាំ២០១៩នេះ។

លោកសាស្រ្តាចារ្យទួស សាភឿនអគ្គលេខាធិការរងគណស្ថាបត្យករកម្ពុជាបានថ្លែងថា ទីក្រុងឆ្លាតវៃឬSmart Cityមានសារៈសំខាន់ណាស់ ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយទីក្រុងបែបនេះតម្រូវឲ្យមានការរៀបចំឡើងតាមបែបបៃតង ដែលរួមមានប្រព័ន្ឋបង្ហូរទឹកត្រូវបែងចែករវាងទឹកភ្លៀង និងទឹកកខ្វក់ មានការសន្សំសំចៃថាមពលអគ្គិសនី តាមរយៈការទាញយកថាមពលពីពន្លឺព្រះ
អាទិត្យ មានលំហបៃតង មានដាំដើមឈើ មានហេដ្ឋារចនាសម្ព័ន្ឋសមស្រប និងកាត់បន្ថយការប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់ជាដើម៕

តើកោះណាខ្លះនៃតំបន់សមុទ្រនឹងត្រូវរៀបចំប្លង់គោលដើម្បីជំរុញការអភិវឌ្ឍ

0

​ដោយគង់ សូរិយា
​ព្រះសីហនុៈ ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់នឹងជំរុញការរៀបចំប្លង់គោ​លប្រើប្រាស់ដី ដើម្បីជំរុញការអភិវឌ្ឈនៅតាមបណ្តាកោះនានា មួយចំនួននៅខេត្តព្រះសីហនុ ពិសេសតំបន់សមុទ្រនៃខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា។


​យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រសួងនេះ ដែលបានចេញផ្សាយក្នុងអង្គសន្និបាតរបស់ខ្លួនកាលពីថ្ងៃទី២៥ ធ្នូកន្លងមកនេះបានឲ្យដឹងថា ក្រសួងនឹងជំរុញការរៀប​ចំជំរុញការអនុម័តប្លង់មេឆ្នេរគំរូអូរត្រេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងប្លង់មេប្រើ​ប្រាស់ដីធ្លីនៅតាមបណ្តាកោះចំនួន៧ទៀត ដូចជា កោះឬស្សី កោះក្របី ខេត្តព្រះសីហនុ។ កោះគី កោះសេះ ខេត្តកំពត កោះទន្សាយ ស្ថិតក្នុងខេត្តកែប និងកោះអំពិលទាំងបីនិងកោះឈ្មោះពុសារកណ្តាល ស្ថិតក្នុងខេត្តកោះកុង។

​រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តរួចផងដែរ នូវប្លង់គោលរាជធានី ក្រុងចំនួន៦ នៅកម្ពុជា។

​លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីមានសារៈសំខាន់ណាស់ ដើម្បីជំរុញការអភិវឌ្ឍប្រកប​ដោយនិរន្តរភាព និងជំរុញផែនការអភិវឌ្ឍន៍ឲ្យចំទិសដៅ មានសណ្តាប់ធ្នាប់របៀបរៀប​រយ និងដើម្បីធ្វើការអភិវឌ្ឍប្រកបដោយនិរន្តរភាព។


​លោកបន្តថា “ប្លង់គោលប្រើប្រាស់ដីធ្លី ក៏នឹងរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ឋសម​ស្រប ដើម្បីធ្វើយ៉ាងណាឲ្យការអភិវឌ្ឍន៍នៅតំបន់នោះ​ មានភាពបៃតង ប្រកបដោយសុខ ពិសេសសំដៅលើកកំពស់សុខមាលភាព និងសេដ្ឋកិច្ចសង្គមបានល្អប្រសើរ”៕

កម្ពុជា​ទទួល​ឥណទាន​ជិត៦៤លាន​ដុល្លារ​ពី​ធនាគារ​កូរ៉េ​ដើម្បី​ប្រព័ន្ធ​ប្រព្រឹត្ត​កម្មទឹក​កខ្វក់​ក្រុង​តាខ្មៅ

0

ដោយ​វុត្ថា

កណ្តាល៖ រដ្ឋាភិបាល​កម្ពុជា​ចុះហត្ថលេខា ទទួល​ឥណទាន​សម្បទា​ន​ជិត៦៤លាន​ដុល្លារ​អាមេរិក ពី​ធានា​គារ​នីហរ័ណ អាហរ័ណ​កូរ៉េ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ នៅ​ក្រុង​តាខ្មៅ។

គំរោង​នេះ​ត្រូវបាន​ចុះហត្ថលេខា​នា​ព្រឹក​ថ្ងៃទី២៦ ធ្នូ​នេះ។ ហិរញ្ញប្បទាន​សម្បទាន​នេះ នឹង​ប្រើប្រាស់​សម្រាប់​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដែលមាន​ស្ថេរភាព ចម្រោះ៧,៦០០ម៉ែត្រគូប ក្នុង​មួយថ្ងៃ សាងសង់​ស្ថានីយ​បូម​ចំនួន១០ទីតាំង ដែលមាន​សម្ថ​ភាព២៩.៩៥២ ម៉ែត្រ​ក្នុង​មួយថ្ងៃ សាងសង់​បណ្តាញ​លូ​មុខកាត់​ពី ០,៣ ទៅ ១,២ ម៉ែត្រ ប្រវែង៤៩,៣៣ គីឡូម៉ែត្រ និង​លូ​មុខកាត់០,១ ទៅ០,៤ ម៉ែត្រ​ប្រវែង ៦.០ គីឡូម៉ែត្រ និង​ការងារ​ស្តារ​ឡើង​ស្ទឹង​ប្រវែង១៦.៣គីឡូម៉ែត្រ រួមទាំង​ការស្តារ​ស្ថានីយ៍​បូម​ដែលមាន​ស្រាប់​ក្នុង​ក្រុង​តាខ្មៅ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​ចុះហត្ថលេខា ជាមួយនឹង​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Dohwa Engineering Co.,Ltd ថា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់​ក្រុង​តាខ្មៅ​នេះ មាន​គោលបំណង ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព សុខុមាលភាព និង​អនាម័យ​សម្រាប់​ប្រជាពលរដ្ឋ ដោយ​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដែលមាន​សមត្ថភាព គ្រប់គ្រាន់​ក្នុងការ​ច្រោះ​សម្អាត​ទឹក​កខ្វក់​ពី​តាម​ផ្ទះ​ប្រជាពលរដ្ឋ។

លោក​បន្តថា លើកកម្ពស់​បរិស្ថាន ដោយ​ការសាងសង់​និង​បង្កើត​នូវ​ប្រព័ន្ធ​បណ្តាញ​លូ និង​ការតភ្ជាប់​បណ្តាញ​លូ​ពី​ផ្ទះ​ប្រជាពលរដ្ឋ មកកាន់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ។ ការការពារ​ទឹកជំនន់ ដោយ​ការស្តា និង​ធ្វើ​ឪ្យ​ប្រសើរឡើង​នូវ​ប្រឡាយ និង​ស្ទឹង​ធម្មជាតិ ដែល​បណ្តាញ​បង្ហូរ​ទឹកភ្លៀង និង​ពង្រីក និង​ពង្រឹង​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច រវាង​កម្ពុជា និង​កូរ៉េ តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏​ដូច​ការចូលរួម​ពង្រឹង​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា៕

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ១ ផ្នែក​បដិសណ្ឋារកិច្ច និង​ញញឹម​រួសរាយ​រាក់ទាក់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រទេស​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់​លេខ១ ផ្នែក​បដិសណ្ឋារកិច្ច​និង​ស្នាមញញឹម​រួសរាយ​រាក់ទាក់​ចំពោះ​ភ្ញៀវ​ទេសចរណ៍​អនន្តរ​ជាតិ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ពី​ទស្សនា​វ​ដ្តី​ល្បីឈ្មោះ​មួយ។

យោងតាម​ទស្សនាវដ្ដី​បរទេសមួយ​ឈ្មោះ Rough Guides បាន​ចុះផ្សាយ​ថា  នៅក្នុង​ចំណោម​បណ្តា​ប្រទេស​ចំនួន១០ ដែល​ប្រជាពលរដ្ឋ​បានផ្តល់​សេវា​បដិសណ្ឋារកិច្ច​ល្អ និង​ចេះ​ញញឹម​រួសរាយ​រាក់ទាក់ ចំពោះ​ភ្ញៀវទេសចរ​បរទេស គឺ​កម្ពុជា​បាន​ជាប់​លំដាប់​លេខ១ លេខ២ ប្រទេស​ហ្វីលីពីន ៣ឡាវ លេខ៤ នេ​ប៉ាល និង​ប្រទេស​ថៃ​ជាប់​លំដាប់​លេខ។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅ​ថ្ងៃទី២៦ ធ្នូ​នេះ បានប្រកាស​អនុវត្ត​ផ្លូវការ​អនុវត្ត​កម្មវិធី​ទូរ​សព្ទ ឬ​ហៅថា Mobile App  មានឈ្មោះ​ហៅថា “Hospitality-Tourism & Border ដែល​កម្មវិធី​នេះ អាចធ្វើ​ឲ្យ​បណ្តា​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ អាច​វាយ​តំលៃ ការងារ​បដិសណ្ឋារកិច្ច​ល្អ​នៅ​នៅក្នុង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា។

លោក​បន្តថា តាមរយៈ​ការដាក់អោយ​ប្រើប្រាស់​ផ្លូវការ នូវ​ការវាយតំ​លៃ​បដិសណ្ឋារកិច្ច​ល្អ តាមរយៈ​ប្រព័ន្ធ QR code នៅតាម​កម្មវិធី​ទូរ​សព្ទ​ចល័ត​ដែលមាន​ឈ្មោះ​“Hospitality-Tourism & Border នឹងធ្វើ​អោយចំ​នួន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ងាយស្រួល និង​ចូលរួម​វាយ​តំលៃ​ការបំរើ​សេវាកម្ម បដិសណ្ឋារកិច្ច នៅតាម​សណ្ឋាគារ ផ្ទះសំណាក់ អាហា​រដ្ឋា​ន ក្រុមហ៊ុន​ទេសចរណ៍ ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ កន្លែង​ផ្តល់​សេវា​នានា​ទៀត ក្នុង​វិស័យ​ទេសចរណ៍ មានការ​កើនឡើង។

លោក​បន្តថា “នៅក្នុង​ដំណើរការ​ប្រលងប្រណាំង​បដិសណ្ឋារកិច្ច ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី១កន្លងមក ពុំទាន់​មាន​ភ្ញៀវទេសចរ​ចូលរួម​វាយតំ​លៃ​បាន​ច្រើន​នោះទេ  ទោះយ៉ាងណា​នៅក្នុង​ការវាយតំ​លៃ ពី​សំណាក់​ភ្ញៀវទេសចរ​កន្លងមក គឺ​បានធ្វើអោយ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ចំនួន៥៤កន្លែង​បានជា​ប់​ជ័យលាភី​ថា បានផ្តល់​សេវា​បដិសណ្ឋារកិច្ច​ល្អ និង​មាន​ភាព​ទាក់ទាញ។

លោកជំទាវ​ឆាយ ស៊ីវ​លីន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា សេវា​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​ពិត​ជាមាន​ភាពល្អប្រសើរ ធៀប​ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ ដោយសារ​សេវាកម្ម​របស់​យើង​មានតម្លៃ​សមរម្យ ពិសេស​ភាពរួស​រាយ​រាក់ទាក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ។លោកជំទាវ​បន្តថា ជាមួយគ្នានេះ​ការប្រកួតប្រជែង​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​បាន​កើនឡើង ប៉ុន្តែ​ការប្រកួត​កើនឡើង​មានន័យថា​វិស័យនេះ​កាន់តែ​រីកចម្រើន។

លោកជំទាវ​បន្តថា“នៅពេល​ការប្រកួតប្រជែង​កើនឡើង នឹងធ្វើ​ឲ្យ​គុណភាព​ប្រសើរឡើង ហើយ​អ្នកទទួលបាន​ផលប្រយោជន៍​គឺ​អតិថិជន”៕