រដ្ឋមន្ត្រីក្រសួង​ដែនដី៖ ក្រសួង​នឹងមិន​ចេញ​លិខិត​អនុ​ញ្ញា​ត្ត​ឲ្យ​សាងសង់​បើ​គំរោង​ណាមិន​ធ្វើ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ព្រមាន ថា ក្រសួង​នឹងមិន​ចេញ​ច្បាប់​អនុ​ញ្ញា​ត្ត​ឲ្យ​សាងសង់ លើ​សំណង់​ណាមួយ​ដែល​មិនបាន​ធ្វើ​អាង​ព្រ​ព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ជាមុន​ទេនោះ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​ជា សុផារ៉ា បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំ២០១៨ កាលពីដើម​សប្តាហ៍​នេះ​ថា ដើម្បី​ចូលរួម​កែលម្អ​ការកកស្ទះ​លូ ដើម្បី​បរិស្ថាន និង​ដើម្បី​យើងទាំងអស់គ្នា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ដើម្បី​ជម្រុញ​ការ​គ្រង់​គ្រង​ផ្នែក​អចលនទ្រព្យ​សំណង់ ឲ្យ​មាន​តម្លាភាព និង​ប្រសិទ្ធភាព ជាពិសេស​កា​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​សុខុមរ​មនា។

លោក​បន្តថា “ការសាងសង់​បុរី សណ្ឋាគារ  ភោ​ជ្ជ​នី​យ​ដ្ឋា​ន និង​អាគារធំៗជាដើម ម្ចាស់​អាជីវកម្ម​ត្រូវតែ​ធ្វើ​ប្លង់​អាង​ប្រ​ព្រិ​ត្ត​កម្ម​ទឹក​កខ្វក់​ជាមុន ទើប​ក្រសួង​អនុញ្ញាតិ​ចេញ​ប្លង់​ឲ្យ​សាងសង់​សំណង់។លោក​បន្តថា “ឈរ​នៅលើ​គោលការណ៍​ថ្មី​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹងមិន​អនុញ្ញាតិ​ចេញ​ប្លង់​ឲ្យ​សាងសង់ ដូចជា ការសាងសង់​បុរី សណ្ឋាគារ ភោ​ជ្ជ​នី​យ​ដ្ឋា​ន អាគារធំៗនានា​ជាដើម ប្រសិនបើ​ម្ចាស់​អាជីវកម្ម​នោះ មិនបាន​គិតគូ​ដល់​ការរៀបចំ​ប្លង់​អាង​ប្រ​ព្រិ​ត្ត​កម្ម​ទឹក​កខ្វក់​ជាមុន​ទេនោះ។

លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​បាន​បន្តទៀតថា ចំពោះ​លំនៅឋាន​ឯកជន​វិញ ម្ចាស់​លំនៅឋាន ត្រូវខិតខំ​ស្វែងរក​ក្រុមហ៊ុន ដើម្បី​ធ្វើ​អាង​ប្រ​ព្រិ​ត្ត​កម្ម​ទឹក​កខ្វក់​នៅតាម​គ្រួសារ ព្រោះ​កាលណា​យើង​មាន​អាង​ប្រ​ព្រិ​ត្តគ្រប់ៗគ្នា គឺជា​ការកាត់បន្ថយ​បាន​នូវ​ជាតិពុល ឬ​ជាតិ​ស្អុយ​នានា​បានជា​អតិបរិមា ហើយ​ចំពោះ​ជំហាន​បន្ទាប់ យើង​ត្រូវ​រៀបចំ​អាង​ប្រ​ព្រិ​ត្ត​កម្ម​ជា​ពីរ គឺ​ប្រព័ន្ធ​ប្រ​ព្រិ​ត្ត​កម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​ប្រ​ព្រិ​ត្ត​កម្ម​ទឹកភ្លៀង​ឲ្យ​ដាច់ពីគ្នា ដែលជា​ទិសដៅ​ជា​យុទ្ធសាស្ត្រ​យូរអង្វែង​សម្រាប់​ប្រទេសជាតិ​យើង​ទាំងមូល។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​មានប្រសាសន៍ថា វិស័យ​ឯកជន​គាំទ្រ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ហើយ​បុរី​លំនៅដ្ឋានធំៗបាន និង​កំពុង​អនុវត្តន៍​ការងារ​នេះហើយ ព្រោះ​បើ​យើង​មិន​អនុវត្តន៍​បែបនេះ ក្រសួង​នឹងមិន​ចេញ​លិខិត​អនុ​ញ្ញា​ត្ត​ឲ្យ​សាងសង់​នោះទេ។លោក​ឧកញ៉ា​បន្តថា អ្វីដែល​ថ្នាក់ដឹកនាំ​ក្រសួង​លើកឡើង ជាការ​ជម​រុញ​ឲ្យ​អ្នក​សាងសង់​ផ្ទះ២០ ទៅ៣០ល្វែង​ឲ្យ​គោរព​នូវ​ស្តង់ដា​នេះ ព្រោះ​គំរោង​ខ្លះ​មិនបាន​អនុវត្តន៍​បែបនេះ​ទេ។

លោក​បន្តថា “នេះ​ជាការ​អនុវត្តតាម​ស្តង់ដា​អន្តរជាតិ ព្រោះ​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​ទឹក​កខ្វក់​ចូលក្នុង​បរិយាកាស។លោក​បន្តថា “នេះ​ជាការ​អនុវត្តតាម​ស្តង់ដា​អន្តរជាតិ ជាទូទៅ​គេ​អនុវត្ត​បែបនេះ ដោយ​ធ្វើ​អាង​ស្តិ​ប​ទិ​ក​នៅតាម​លំនៅដ្ឋានមួយៗ ហើយ​បង្ហូរ​ចូល​អាង​ចម្រោះ​ធំ មុន​បង្ហូរ​ចូល​ប្រឡាយ ឬ​ប្រ​ព័​ន្ឋ​លូធំ”៕

ដំណឹង​ល្អ! ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា កើន​ទឹកប្រាក់​ដល់​ជិត ១៣ពាន់​លាន​ដុល្លារ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ប្រមាណ១៣ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ១៨ភាគរយ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៧កន្លងមក។

មានប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ពាណិជ្ជកម្ម​ឆ្នាំ២០១៨ និង​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ២០១៩ កាលពី​ថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៨ លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានបង្ហាញ​មោទនភាព​ខ្លាំង និង​ចាត់ទុក​កំណើន​ពាណិជ្ជកម្ម​គួរឱ្យកត់សម្គាល់​នេះ ពិតជា​ទទួល​បានការ​រួមចំណែក​យ៉ាងសកម្ម ពី​ការខិតខំ​ប្រឹងប្រែង​នៃ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួងពាណិជ្ជកម្ម តាមរយៈ​ការខិតខំ​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​ទាំង​នៅក្នុង​ប្រទេស និង​ទាំង​លើ​ឆាក​អន្តរជាតិ។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​ម្ម លោក​ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​បំពេញការងារ​យ៉ាងសកម្ម រហូត​ធ្វើ​ឲ្យ​ក្រសួង​សម្រេចបាន​នូវ​សមិទ្ធិផល​ល្អប្រសើរ ក្នុង​ឆ្នាំ២០១៨ និង​បានស្នើរ​ដល់​មន្ត្រីក្រោមឱវាទ​បន្ត​យកចិត្តទុកដាក់​ថែម​ទៀ​លើ​ការពង្រឹង​ប្រសិទ្ធិ​ការងារ និង​ការចូលរួម​អនុវត្ត​កំណែទម្រង់​នានា សំដៅ​ប្រែក្លាយ​វិស័យ​ពាណិជ្ជកម្ម ទៅជា​វិស័យ​ឈានមុខ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤របស់​រដ្ឋាភិបាល​បានដាក់​ចេញ។

នៅក្នុង​ឆ្នាំ២០១៨នេះ កម្ពុជា​បានធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ចំនួន១៤៧ សម្រេចបាន​ទំហំ​ទឹកប្រាក់​សរុប​ជាង២៤ពាន់​លាន​ដុល្លារ បាន​កើនឡើង​ប្រមាណ៥% បើ​ធៀប​នឹង​ឆ្នាំ២០១៧ មាន​ទឹកប្រាក់​ប្រមាណ​តែ​ជាង២៣ម៉ឺន​លាន​ដុល្លារ​អាមេរិក។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ក្នុងជំនួប​ជាមួយ​កម្មករ កម្មការិនី​នៅ​ស្រុក​ពញ្ញាលឺ ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃទី២៦ ធ្នូ​នេះ​ថា កម្ពុជា​បានចាប់ផ្តើម​ពី​ចំណុចសូន្យ​នៃ​ការនាំចេញ រហូតដល់​ទំហំ​នៃ​ការនាំចេញ​កើនឡើង​ជាង១២ពាន់​លាន​ដុល្លារ​អាមេរិក និង​ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កម្ពុជា បានចាប់ផ្តើម​ពី​ចំណុចសូន្យ​រហូតដល់​រាប់រយ រាប់ពាន់នាក់ និង​រាប់លាន​នាក់​នៅពេល​បច្ចុប្បន្ននេះ និង​ចំនួន​ភ្ញៀវ​ក្នុងស្រុក​ដើរលេង​កំសាន្ត​នៅក្នុង​ប្រទេស​មាន ១០លាន​នាក់។

សម្តេច​បន្តថា “យើង​មិនអាច​មើលស្រាល​ចំពោះ​ភ្ញៀវ​ទេសចរណ៍ ក្នុងស្រុក​នោះទេ ពួកគេ​ចំណាយ​ប្រាក់​ច្រើន និង​បាន​ចេញទៅ​ក្រៅប្រទេស​ច្រើន ដោយសារ​ប្រាក់ចំណូល​ពួកគេ​បាន​កើនឡើង”៕

ទិញដីលក់ឆាប់ដាច់ និងចង់បានចំណេញច្រើនត្រូវពិនិត្យមើលលើកត្តាអ្វីខ្លះ

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ: អ្នកណាក៏ចង់ចំណេញច្រើន និងលក់ដីឆាប់ដាច់ដែរ នៅពេលអ្នកវិនិយោគ​ស្វែងរកផលចំណេញ ប៉ុន្តែការទិញដីទាំងប្រថុយប្រថានគ្មានជំនាញច្បាស់លាស់ នឹងមិន​ធ្វើឲ្យការវិនិយោគរបស់ខ្លួនទទួលបានជោគជ័យនោះទេ។

​គេហទំព័រPropertyarea.asia សូមលើកយកគំនិតអ្នកជំនាញក្នុងវិស័យនេះរយៈពេលជាង២ទសវត្សរ៍មកបង្ហាញ ហើយលោកតែងទទួលបានជោគជ័យនូវការទិញលក់ដីធ្លីជាប្រចាំ។

​លោកកាង សុធី អគ្គនាយអគ្គនាយកក្រុមហ៊ុន 21 Land Station Real Estate បានលើកយកគំនិតជាច្រើនសម្រាប់ពិចារណា មុនសម្រេចចិត្តវិនិយោគលើដីធ្លី ដើម្បីលក់ឆាប់ដាច់ និងទទួលបានផលចំណេញច្រើន។


​ត្រូវរកទិញដីមានតម្លៃទាបជាងទីផ្សារ
​ការរកបានដីមានតម្លៃទាបជាងទីផ្សារ គឺទទួលបានជោគជ័យមួយជំហ៊ានរួចហើយ ប៉ុន្តែការរកដីបែបនេះបានគឺត្រូវព្យាយាម និងអត់ធ្មត់ ហើយអ្នកទិញត្រូវធ្វើការជាមួយភ្នាក់​ងារអចលនទ្រព្យច្រើន ជាមួយអាជ្ញាធរមូលដ្ឋានជាដើម។ ការរកបានដីបែបនេះ ជួលកាលត្រូវចំណាយពេល១ខែយូរ ឬឆាប់ជាងនេះអាស្រ័យលើការព្យាយាមរបស់យើង។

​ការទិញដីឲ្យមានតម្លៃទាបជាងទីផ្សារ២០ភាគរយ ឬ៣០ភាគរយពិតជាល្អប្រសើរ ហើយយើងនឹងលក់ចេញបានលឿន និងត្រូវទុកឳកាសឲ្យអ្នកវិនិយោគបន្ទាប់ចំណេញផង កុំចង់ចំណេញតែម្នាក់ឯង។

​ទិញដីនៅតំបន់អភិវឌ្ឍន៍
​តំបន់អភិវឌ្ឍន៍ដែលមានរោងចក្រ សហគ្រាស ឬប្រជាជនរស់នៅច្រើនជាប្រភេទដីរស់ មានន័យថាមានចរន្តនៃតម្រូវការជាប្រចាំ។ ហេតុនេះការទិញដីឲ្យបានតម្លៃល្អ និងស្ថិតក្នុងផែនការអភិវឌ្ឍន៍ពិតជាល្អប្រសើរ ដែលធ្វើឲ្យយើងងាយលក់ចេញ និងចំណេញ​បានលឿន។

​ទិញដីដែលមានសណ្ឋានដីល្អ
​រូបរាងដីមានសណ្ឋានខុសៗគ្នា ហេតុនេះការទិញដីដែលរូបរាងស្អាត(មើលតាមប្លង់)ក៏ជាដី ដែលផ្តល់​ឳកាសឲ្យអ្នកវិនិយោគងាយស្រួលលក់ចេញ និងចំណេញផងដែរ ប៉ុន្តែដីនៅក្នុងចំណុចទី៣នេះ ត្រូវមានរួមបញ្ចូលនូវចំណុចទី១និងទី២ខាងលើផងដែរ។

ទិញដីនៅតាមផ្លូវធំនិងជាផ្លូវវែង
​តម្លៃដីក៏មានការប្រែប្រួលលើទាក់ទងនឹងទំហំ និងទាក់ទងនឹងប្រវែងផ្លូវផងដែរ ព្រោះដីនៅតំបន់ផ្លូវតូចៗ និងផ្លូវទាល់មិនងាយឡើងថ្លៃ និងពិបាករកអតិថិជនផងដែរ។ ប្រសិនជាយើងទិញដីនៅលើផ្លូវទ័ល ផ្លូវតូចចង្អៀតមិនទទួលបានជោគជ័យក្នុងការលក់ និងទទួលបានផលចំណេញនោះទេ។

​ទិញដីនៅតំបន់ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល
​ការដឹងព៌តមានលឿន និងមុនគេ ជាជំហ៊ានជោគជ័យមួយរួចទៅហើយ ប៉ុន្តែការ​ទទួលបានព៌តមានលឿន ពីផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងវិស័យឯកជនជារឿងពិបាកមួយ ដែលទាមទារឲ្យយើងតាមដានព៌តមាន និងមានប្រភពស្និទ្ឋនឹងរដ្ឋាភិបាល ព្រោះមានតែមន្រ្តីរដ្ឋាភិបាលទេ ដែលអាចដឹងរឿងនេះបានមុនគេនិងឆាប់រហ័ស។

​ដូច្នេះបើយើងទិញដីស្ថិតនៅក្នុងតំបន់ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិ​បាលបានឆាប់រហ័ស និងជាគំរោងដែលមិនចំណាយេពេលយូរដើម្បីចាប់ផ្តើម យើងនឹងទទួលបានផលចំនេញលឿន និងលក់ឆាប់ដាច់ផងដែរ៕

ស្វែងយល់ពីអាស៊ាន: ការលក់លំនៅដ្ឋានឯកជនរបស់សឹង្ហបុរីកើនឡើង

0

ដោយវុត្ថា
សឹង្ហបុរី: ទីផ្សារលំនៅដ្ឋានឯកជនរបស់ប្រទេសសឹង្ហបុរី នៅតែមានសញ្ញាវិជ្ជមានដោយសារការលក់ បានកើនឡើងក្នុងខែវិច្ឆិកាកន្លងទៅនេះ ដោយក្នុងនោះមានលំនៅ ដ្ឋានចំនួន១. ១៩៨ត្រូវបានទិញពីសំណាក់អ្នកអភិវឌ្ឍន៍សឹង្ហបុរី។

អាជ្ញាធរលំនៅដ្ឋានសឹង្ហបុរី បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា សន្ទស្សន៍នេះបង្ហាញថា ការលក់បានចាប់ផ្តើមកើនឡើងចាប់ តាំងពីកក្កដាឆ្នាំ២០១៨ បន្តិចម្តងៗ ដែលមានចំនួន៧៨៨លំនៅដ្ឋានត្រូវបានលក់ចេញ បើធៀបនឹងឆ្នាំមុនមានត្រឹមតែ ៤៨៧លំនៅដ្ឋានប៉ុណ្ណោះ។

ចំណែកការលក់ខុនដូរវិញ ក៏មានការកើនឡើងផងដែរ ដោយក្នុងនោះមានខុនដូចំនួន ១,២០២យូនីត ត្រូវបានលក់អស់ក្នុងខែវិច្ឆិកាកន្លងទៅនេះ បើធៀបនឹងឆ្នាំ២០១៧ មានត្រឹតែ៩៣៧យូនីតប៉ុណ្ណោះត្រូវបានលក់ចេញ។ ជាមួយគ្នានោះប្រទេសនេះក៏បានសម្ភោធដាក់លក់ខុនដូចំនួន១,៣៤១ យូនីតក្នុងខែវិច្ឆិកា ឆ្នាំ២០១៨កើនឡើងចំនួន២០២ យូនីតបើធៀបនឹងខែតុលា។

ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍ផ្លាស់ប្តូរចំនួនទីតំាងអភិវឌ្ឍន៍ ហើយអាចនឹងប្រកាសដាក់ចេញនូវការផ្គត់ផ្គង់ដី សម្រាប់សាងសង់លំនៅដ្ឋាន ក្នុងពាក់កណ្តាលឆ្នាំ២០១៩ខាងមុខនេះ៕

ដំណឹង​ល្អ! ប័ណ្ណ​សម្គាល់​ដីធ្លី​ចាស់​នឹងត្រូវ​ដកហូត​ដោយ​ចេញ​ប័ណ្ណ​ថ្មី​ជំនួស

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានប្រកាស​ឲ្យ​គ្រប់​មន្ទីរ​រាជធានី ខេត្ត ដកហូត​ប័ណ្ណ​ដីធ្លី​ចាស់​ទាំងអស់​យកមក​កំទេចចោល ដោយ​ចេញ​ប័ណ្ណ​ថ្មី​ជំនួស ជា​ប័ណ្ណ​ដែលមាន QR  Code ងាយ​ក្នុងការ​គ្រប់គ្រង និង​ចៀសវាង​ការ​ក្លែងបន្លំ។

មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំ២០១៨ កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០ លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការអនុវត្តន៍​ចេញ​ប័ណ្ណ​ថ្មី​ជំនួស ជា​ប័ណ្ណ​ដែលមាន​ភ្ជាប់ QR Code គឺជា​ការផ្តល់​លក្ខណៈ​ងាយស្រួល ដល់​មន្ត្រី​ជំនាញ​គ្រប់គ្រង និង​ដឹង​អំពី​ព័ត​មាន​ស្ថានភាព​ដី​ច្បាស់លាស់ អំពី​តំបន់ និង​ទំហំ​ក្បាលដី និង​ជា​ដី​នៅ​តំបន់​ណាមួយ តាមរយៈ​ការគ្រប់គ្រង​ដោយ​គ្រប់គ្រង​ដោយ​ម៉ាស៊ីន Server   ជាពិសេស​ការផ្តល់​ភាពងាយស្រួល​ដល់​អ្នក​ច​ង់​ទិញ ចង់​លក់ ថា​ជា​ដី​ក្លែងក្លាយ ឬ​ជា​ដី​ពិតប្រាកដ​ផងដែរ។

លោក​បន្តថា “ដើម្បី​ជម្រុញ​អនុវត្តន៍​តាម​ប័ណ្ណ​ថ្មី​នេះ ប្រធាន​ភូមិបាល និង​ប្រធាន​មន្ទីរ​រាជធានី ខេត្ត​ទាំងអស់ ប្រមូលយក​ប័ណ្ណ​ចាស់​មក​កំទេចចោល​ទាំងអស់ ដោយ​ទុក​តែ​បីសន្លឹក​ជា​ឯកសារ​គំរូ​តែប៉ុណ្ណោះ និង​ត្រូវ​ផ្អាក​ការអនុវត្តន៍​ប្រភេទ​ប័ណ្ណ​ចាស់​ទាំងនោះ ដោយ​ត្រូវ​បោះ​ពុ​ម្ភ​ប័ណ្ណ​ថ្មី ដែលមាន QR Code មក​ជំ​នួវ​វិញ។

ពាក់ព័ន្ធ​ការចេញ​ប័ណ្ណ​ថ្មី​នេះ លោក​ជា សុផារ៉ា បានប្រកាស​ចាប់​អនុវត្តន៍​ពី​ពេលនេះ​តទៅ ក្នុងនោះ​ចំពោះ​ការអនុវត្តន៍​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន ត្រូវ​ផ្អាក​ជាបន្ទាន់ ហើយ​ត្រូវ​ត្រឡប់មក​រៀបចំ​ចេញ​ប័ណ្ណ​ថ្មី​ជំនួស​វិញ ដែលជា​ចាត់ទុកជា​ប័ណ្ណ​សំគាល់​ផ្នែក​អចលនទ្រព្យរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ គឺ​រាប់ទាំង​ការចុះបញ្ជី​ដាច់​ដោយ​ដុំ និង​រាប់ទាំង​ការចុះបញ្ជី​ដាច់​ដោយ​ដុំ​ផងដែរ៕

កម្ពុជា​ចាប់បាន​ដៃគូ​ពង្រីក​ទីផ្សារ​នាំចេញ​ជាមួយ​រុស្ស៊ី​បាន​មួយ​ទៀតហើយ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា កម្ពុជា​បាននិងកំពុង​តែ​ចាប់​ដៃគូ​ពាណិជ្ជកម្ម កាន់តែ​ធំ​ជាង​មុន​ជាមួយ​ប្រទេស​រុស្ស៊ី ដោយ​ផ្ដោត​សំខាន់​ទៅលើ​សម្លៀកបំពាក់ សម្រាប់​រដូវរងារ អាវ​រោមសត្វ ឬ​អាវធំ ដែលជា​សក្ដានុពល​ក្នុងការ​ពង្រីក​ទីផ្សារ​ធំ​ក្នុង​ការនាំចេញ​សម្លៀកបំពាក់​ពី​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ២០១៨ និង​ទិសដៅ​អនុវត្តន៍​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ២០១៩ កាលពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្ល​ថ​មកនេះ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ដៃគូ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អឺរ៉ុប-អាស៊ី ក្នុងនោះ​គឺ​ផ្ដោត​ជាមួយ ប្រទេស​រុស្ស៊ី បន្ទាប់ពី​ចរចា​រួចរាល់​ហើយ កម្ពុជា​នឹង​បើក​ទីផ្សារ​សម្លៀកបំពាក់​សម្រាប់ រដូវរងារ​ទៅកាន់​ប្រទេស​រុស្ស៊ី ដែលជា​សក្ដានុពល​ក៏ដូចជា​កាលា​នុ​វត្ដ​ភាព​របស់​កម្ពុជា​ផងដែរ។

លោក​បាន​បញ្ជាក់ថា​បន្ទា​ប់​ពី​ទីផ្សារ​រុស្ស៊ី កម្ពុជា​ក៏​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម គ្រប់​ជ្រុងជ្រោយ ដែល​អាច​ចរចា​បញ្ចប់​នៅ​ឆ្នាំ២០១៩ខាងមុខនេះ ហើយ​នេះ​គឺជា​ទីផ្សារ​ធំ មាន​មនុស្ស​ជាង​ពាក់កណ្ដាល​ពិភពលោក ដែល​កម្ពុជា​មានឱកាស​នាំចេញ ទៅកាន់​ប្រទេស ផ្សេងៗជាច្រើន​ទៀត​ដូចជា​ប្រទេស​ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន អូស្ដ្រាលី និង​ប្រទេស ណូ​វែ​ល​សេ​ឡង់។ លោក​រំពឹងថា ក្នុង​ឆ្នាំ២០១៩ខាងមុខ កម្ពុជា​នឹងមាន​ភាព​ប្រកួតប្រជែង និង​ធ្វើការ​នាំចេញ​នូវ​ផលិតផល​បាន​ច្រើន ជាពិសេស​ការនាំចេញ​សម្លៀកបំពាក់​សម្រាប់ រដូវរងារ​ដែល​រហូត មកដល់ពេលនេះ​កម្ពុជា​កំពុង​ចរចា​បន្ដ​ខិតខំ​ជំរុញ​តាម​នីតិវិធី និង​យន្ដការ​នៃ​ការសម្របសម្រួល​ទៅតាម​ប្រទេសនីមួយ។

យោងតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ការនាំចេញ​របស់​កម្ពុ​ជា មាន​កំណើនប្រមាណ១០ភាគរយ ក្នុង​ឆ្នាំ២០១៨ ដែល​កំណើន​នេះ ទទួលបាន​ពី​ការបន្ត​កើនឡើង​នៃ​វិស័យ​កាត់ដេរ និង​ការនាំចេញ​ផលិតផល​កសិកម្ម និង​ឧស្សាហកម្ម​តាមរយៈ​ការខិតខំ​បើក ច្រក​ទីផ្សារ​នាំចេញ​ទៅកាន់​ជាង១៤៧ប្រទេស នៅ​ទូទាំង​ពិភពលោក៕

ក្រុងព្រះសីហនុផ្លាស់ប្តូរមុខមាត់ជាមួយវត្តមានអាគារខ្ពស់ៗនឹងក្លាយជាទីក្រុងស៊ីវិល័យមួយ

0

​ដោយស៊ីវ ម៉េង
​ព្រះសីហនុ: កំនើននៃទំហំវិនិយោគ បានធ្វើឲ្យក្រុងព្រះសីហនុផ្លាស់ប្តូរមុខមាត់យ៉ាងលឿន និងមិនគួរឲ្យ​ជឿ ជាក់ស្តែងចំនួនសំណង់អាគារខ្ពស់ពី៥ជាន់ឡើង បានកើនដល់៦០អាគារ និងទុនវិនិយោគក្នុងវិស័យនេះ បានកើនដល់ជាង១០០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៨នេះ។


ជាមួយនឹងកំនើនប្រជាសាស្រ្ត ជាអ្នករកស៊ីធ្វើការងារ អ្នកវិនិយោគជាតិ-អន្ដរជាតិដែល​បាននិងកំពុងសម្រុកកចូលមកដាក់ទុនរកស៊ីនៅខេត្ដព្រះសីហនុ បានធ្វើឲ្យទីក្រុងដែលធ្លាប់តែអ៊ូរអររៀបរាល់ចុងសប្តាហ៍នេះ ក្លាយទៅជាទីក្រុងមួយពេញដោយមនុស្ស ណែនណាប់តាន់តា​ប់ជាប្រចាំ ហើយទីក្រុងនេះមានសកម្មភាពរសរវើកស្ទើរពេញ២៤ម៉ោង។

អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ លោកយន្ត មីនបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៤ ធ្នូកន្លងមកថា រយៈពេលប៉ុន្មានឆ្នាំនេះ គឺក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ អ្នកវិនិយោគជាតិ-អន្ដរជាតិ បានចូលមកសិក្សាស្វែងរកឱកាសវិនិយោគ និងដាក់ទុនរកស៊ីជាបន្ដបន្ទាប់លើវិស័យនានា ដូចជាឧស្សាហកម្មទេសចរណ៍ ក្នុងនោះវិស័យសំណង់ បានបង្ហាញរូបរាងលេចធ្លោជាច្រើន ទាំងតូច ធំពាសពេញខេត្ដព្រះសីហនុ ដែលមានអាគារធំៗ ខ្ពសៗរាប់សិបជាន់។

លោកបន្តថា “វឌ្ឍនភាពរបស់ខេត្ដ នៃការកើនឡើងសំណង់ និងកំនើននៃអ្នកវិនិយោគនេះ គឺដោយសារកត្ដាធំៗពីរ នោះគឺកត្ដាសន្ដិភាព បានផ្ដល់នូវសុវត្ថិភាពក្នុងការកងសាង និងប្រកបរបររកស៊ីដោយសេរី និងកត្ដាច្បាប់ការពារប្រជាពលរដ្ឋ អ្នកវិនិយោគប្រកបដោយស្ថេរ​ភាពល្អ សម្រាប់បរិស្ថានវិនិយោគនៅក្នុងខេត្ដព្រះសីហនុ”។


យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបាន​បង្ហាញ ក្នុងសន្និបាតក្រសួងកាលពីថ្ងៃម្សិលម៉ិញបានឲ្យដឹងថា ក្នុងរយៈពេល១១ខែនៃឆ្នាំនេះ ទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់មានទំហំ​ទឹកប្រា​ក់រហូតដល់ជាង១០០០លានដុល្លារអាមេរិក កើនឡើងជាង១០០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ របាយការណ៍ដដែលបានឲ្យដឹងថា វិស័យសំណង់នៅខេត្ត ព្រះសីហនុមានការហក់ឡើងជាខ្លាំង ដោយមានគំរោងវិនិយោគរហូតដល់២៩៧គម្រោង ស្មើនឹងផ្ទៃក្រឡាសំណង់ជាង១,៦លានម៉ែត្រការ៉េ។

លោកយន្តមីន បានរំលឹកថា កាលពីមុនខេត្ដព្រះសីហនុ មានតែសណ្ឋាគារ៧ជាន់មួយគត់ដែលខ្ពស់ជាងគេ ប៉ុន្ដែឥឡូវនេះហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្ដអារាម ជាពិសេសសំណង់ធំ ខ្ពស់ និងទំនើបៗ រីកលូតលាស់តាំងពីរាជធានី/ខេត្ដ ក្រុង/ស្រុក ឃុំ/សង្កាត់ ជាដើម។ល។

លោកអភិបាលខេត្ត បានស្នើសុំឲ្យប្រជាពលរដ្ឋបន្ដចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយជួយថែរក្សាសន្ដិភាព ដែលកំពុងមាន ដើម្បីបន្ដការអភិវឌ្ឍប្រកបដោយចីរភាព។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុ បានបង្ហាញឲ្យឃើញថា សំណង់តូច ធំ ក្នុងឆ្នាំ២០១៨ មានការកើនឡើង ប្រមាណ៣០ភាគរយ និងចំនួនគម្រោងបានកើនដល់២៨,៦៦ភាគរយ ធៀបទៅនឹងឆ្នាំមុន៕

រដ្ឋមន្ត្រីក្រសួង​ដែនដី​ប្រាប់​មន្ត្រី​រៀបចំ​វាយតម្លៃ​ប្រភេទ​ដី​ឲ្យ​បាន​ច្បាស់​ដើម្បីបង្កើន​ការប្រមូល​ព​ន្ឋ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ប្រាប់​ឲ្យ​មន្ត្រី​សុរិយាដី​គ្រប់​រាជធានី-ខេត្ត​ទាំងអស់ ត្រូវ​រៀបចំ​តំបន់​វិនិច្ឆ័យ​វាយតម្លៃ​ក្បាលដី​ឲ្យ​បានច្បាស់លាស់ នៅតាម​តំបន់​ដី​ដែល​បាន​ចុះបញ្ជី ដើម្បី​ឲ្យ​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដា​អាច​ប្រមូល​ព​ន្ឋ​បាន​ច្រើន​ចូល​រដ្ឋ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក ជា សុផារ៉ា បានលើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំ២០១៨ និង​លើក​ទិសដៅ​ទៅ​ឆ្នាំ២០១៩ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨កន្លងមក​ថា កន្លងមក​ភូមិសាស្ត្រ​ដីធ្លី​បាន​ប្តូរ​ប្រភេទ​ដី​ពី​ដី​កសិកម្ម ទៅជា​ដី​ឧស្សាហកម្ម  ដី​លំនៅឋាន និង​ដី​ផ្សារ​ជាច្រើន ប៉ុន្តែ​បច្ចុប្បន្ន​ដី​កសិកម្ម​បានក្លាយ​ទៅជា​ដី​ឧស្សាហកម្ម និង​ដី​បុរី​ស្ទើរតែ​អស់​ទៅហើយ ចំណែក​ការអនុវត្តន៍​តាមផ្លូវ​ច្បាប់​វិញ នៅតែ​ចុះបញ្ជី​ជា​ដី​កសិកម្ម​ដដែល ។

លោក​បន្តថា “ការវាយតម្លៃ​ដីធ្លី​នេះ បើ​យើង​មិន​ធ្វើការ​លាតត្រដាង​នោះទេ រដ្ឋ​នឹង​បាត់​ចំណូល​ពន្ធ​លើ​បញ្ហាដីធ្លី​ជាច្រើន នឹង​ក៏មាន​ករណី​កើត​ឡើងលើ​បញ្ហាដីធ្លី​នេះ​មិន​តិចតួច​ផងដែរ ទាក់ទង​ការប្តូរ​ប្លង់ ឬ​កាត់​ប្លង់​ជាដើម។ លោក​បន្តថា “ចាប់ពីពេលនេះ​ទៅ​ប្រធាន​ភូមិបាល​ទាំងអស់​នៅ​ទូទាំងប្រទេស ត្រូវ​រៀបចំ​តំបន់​វិនិច្ឆ័យ វាយតម្លៃ​ក្បាលដី​ឲ្យ​បានច្បាស់លាស់ នៅតាម​តំបន់​ដី​ដែល​បាន​ចុះបញ្ជី​រួចរាល់ ដើម្បី​ចៀសវាង​ការបាត់បង់​ថវិការ​ចំណូល​ពន្ធ​ចូល​រដ្ឋ។

លោក​ជា សុផារ៉ា​បាន​បន្តទៀតថា ដើម្បី​ចៀសវាង​បញ្ហា​បាត់ប្រាក់​ចំណូល​ពន្ធ​ចូល​រដ្ឋ យើង​ត្រូវ​បន្តធ្វើ​បច្ចុប្បន្នភាព​ក្នុង​មួយឆ្នាំ២ដង ព្រោះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​អ្នកប្រតិបត្តិ​នៅលើ​ការងារ​នេះ​ដោយផ្ទាល់។ ហេតុនេះ​ក្រោយពី​វាយតម្លៃ ឬ​ការប៉ាន់ស្មាន​ប្រភេទ​ដី​ថា ជា​ដី​កសិកម្ម ឧស្សាហកម្ម ដី​លំនៅឋាន ឬ​ដី​បុរីផ្សេងៗរួច យើង​ត្រូវ​រៀបចំ​ជា​ឯកសារ​ទម្រង់​បែបបទ និង​បញ្ជីស្នាម​ទាំងនោះ បញ្ជូនទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ព្រោះ​តាមរយៈ​ការអនុវត្តន៍​បែបនេះ រដ្ឋាភិបាល​នឹង​ទទួលបាន​ប្រាក់ចំណូល​កើនឡើង​មួយកម្រិត​ទៀត។

លោក​ច្រឹ​ក សុខ​នី​ម​ដែល​ទើប​ជាប់ឆ្នោត​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍ថា ការធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ដីធ្លី និង​ការបង្កើន​ការយក​ព​ន្ឋ​តាម​តម្លៃ​បច្ចុប្បន្នភាព អាចធ្វើ​ឲ្យ​ចរន្ត​ទិញ​លក់​ដីធ្លី​ធ្លាក់ចុះ និង​ធ្វើ​ឲ្យ​ដី​ទំនេរ​ច្រើន ដែល​សកម្មភាព​អភិវឌ្ឍន៍​នឹង​ថមថយ​ផងដែរ ពិសេស​តម្លៃ​ដីធ្លី​នឹងមិន​កើនឡើង​ខ្ពស់ ព្រោះ​អ្នកមាន​ដីធ្លី​ពួកគេ​នឹង​លក់​ចេញ​មួយចំនួន ហើយ​អ្នកមាន​ដី​លក់​មិន​ចង់​លក់​ចេញ ដោយសារ​ការបង់​ព​ន្ឋ​កើនឡើង។

លោក​បន្តថា “កាលណា​ព​ន្ឋ​កាន់តែច្រើន នឹងធ្វើ​ឲ្យ​ចរន្ត​ទិញ​លក់​ដីធ្លី​ថយចុះ និង​ថម​ថម​នូវ​ល្បឿន​នៃ​ការកើនឡើង​តម្លៃ​ដីធ្លី ហេតុនេះ​រដ្ឋាភិបាល​គួរ​ពិចារណា​លើ​បញ្ហា​នេះ។លោក​បន្តថា “ដើម្បី​ទប់​តម្លៃ​ដីធ្លី​កុំ​ឲ្យ​ឡើងថ្លៃ​ខ្លាំងពេក នៅ​ប្រ​ទស​រីកចម្រើន​មួយចំនួន ពួកគេ​ប្រើប្រាស់​វិធីសាស្ត្រ​ដំឡើង​ការយក​ព​ន្ឋ​បែបនេះ”៕

ក្រុមហ៊ុន​ធំ​មួយ​បោះទុន​ជិត៩៥លាន​ដុល្លារ​សាងសង់​សណ្ឋាគារ​កម្រិតផ្កាយ​ប្រាំ​នៅ​តំបន់​ជ្រៃ​ធំ

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ក្រុមហ៊ុន​ធំ​មួយ​បានប្រកាស​គំរោង​វិនិយោគ​ទឹកប្រាក់៩៤,៥លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​សណ្ឋាគារ​ប្រណីត កម្រិត​ផ្កាយ៥ នៅ​តំបន់​ជ្រៃ​ធំ​ក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​យើង​ទទួលបាន​នា​ព្រឹក​ថ្ងៃទី២៥ ធ្នូ​នេះ​ថា គណកម្មការ​ធិ​ការវិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​បានអនុម័ត​ឲ្យ​ក្រុមហ៊ុន SCORPIO CAMTRIP CO.,LTD គម្រោង​សាងសង់ និង​ធ្វើ​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ចំនួន៦០០បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​លេខ៨ ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្តកណ្តាល។

ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ត្រូវបាន​រៀបចំ​រៀបចំ​ប្លង់គោល​ជិត​រួចហើយ ដើម្បី​រៀបចំ​ទីរួមស្រុក​នេះ​មាន​លក្ខណៈពិសេស និង​មាន​បែបផែន​ពិសេស​មួយ​ដែល​ត្រូវបាន​រដ្ឋាភិបាល​បានអនុម័ត​រួចហើយ។

លោក​បណ្ឌិត​វ៉ាន់ វ៉ាត​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ខេត្តកណ្តាល​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បានអនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ប្លង់គោល ប្រើប្រាស់​ដី​ទីប្រជុំជន​ជ្រៃ​ធំ ដែល​គ្របដណ្តប់​លើ​ភូមិ​ចំនួន៣ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ៧០០០នាក់។

លោក​បន្តថា ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី​នេះ ជាការ​ជំរុញ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​ប្រកបដោយ​និរន្តរភាព និង​ធ្វើយ៉ាងណា​ឲ្យ​ការអភិវឌ្ឍន៍​នៅ​តំបន់​នោះ​មាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ។

អភិបាលខេត្ត​កណ្តាល លោក​ម៉ៅ ភិ​រុណ​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា អាជ្ញាធរខេត្ត​បាននិងកំពុង​រៀបចំ​តំបន់​ជ្រៃ​ធំ ជា​តំបន់​ពិ​សេសមួយ​តាមរយៈ​ការរៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា​ឲ្យ​មាន​ភាពសមស្រប ដើម្បី​ទាក់ទាញ​ការអភិវឌ្ឍ​ពី​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ៕

CDC អនុម័តគំរោងវិនិយោគទឹកប្រាក់ជិត ២៨៣លានដុល្លារដល់ក្រុមហ៊ុនចំនួន១០

0

ដោយគង់ សូរិយា

ភ្នំពេញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគំរោងវិនិយោគចំនួ​ន១០ ដែលមានទុនវិនិយោគជិត២៨៣លានដុល្លារអាមេរិក និងផ្តល់ការងារដល់ប្រ​ជា​ពលរដ្ឋរាប់ពាន់នាក់ នៅក្នុងខែធ្នូ ឆ្នាំ២០១៨នេះ។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ CDC ដែល Propertyarea.asia ទទួល​បាននាព្រឹកថ្ងៃទី២៥ ធ្នូនេះបានឲ្យដឹងថា នៅក្នុងខែធ្នូនេះគណកម្មការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះវិញ្ញាបនបត្រអនុញ្ញាត្តឲ្យក្រុមហ៊ុន​ចំនួន១០ ដើម្បីធ្វើការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនទាំងនោះរូមមាន ទី១ ក្រុមហ៊ុនបង្កើតរោងចក្រផលិតស្រា និងស្រាបៀរ ស្ថិតនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១៣,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦០កន្លែង។

ទី២ ក្រុមហ៊ុនបង្កើតរោងចក្រផលិតទឹកក្រូច ទឹកផ្លែឈើ ទឹកបរិសុទ្ធ និងនំស្រួយ ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ១៧,៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២១កន្លែង។ ទី៣ ក្រុមហ៊ុនដេរអាវសុវត្ថិភាព តង់ និងកាបូបគ្រប់ប្រភេទ ស្ថិតនៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦០១កន្លែង។

ទី៤ ក្រុមហ៊ុនផលិត និងផ្គុំដំឡើងអំពូលភ្លើងពណ៌គ្រប់ប្រភេទ ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៨កន្លែង។ ទី៥ ក្រុមហ៊ុនសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០KV ពីស្ថានីយវារី អគ្គិសនីស្ទឹងតាតៃ (ខេត្តកោះកុង) មករាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៣៦,៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤កន្លែង។

ទី៦ ក្រុមហ៊ុនបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក “កែវ ដប ចាន ប្រអប់ ថង់ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៨កន្លែង។ ទី៧ ក្រុមហ៊ុន បង្កើតរោងចក្រផលិតស្បោង ប្លាស្ទិក និងបោះពុម្ព ស្ថិតនៅផ្លូវជាតិលេខ៣ ក្រុម៨ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៧កន្លែង។

ទី៨ ក្រុមហ៊ុន ធ្វើអាជីវកម្មថ្មអារ (ថ្មម៉ាប) ស្ថិតនៅតំបន់ភ្នំជំរាល ភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៦កន្លែង។ ទី ៩ក្រុមហ៊ុនបង្កើតរោងចក្រផលិតក្រដាសវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១១,១១លាន​ដុល្លារ​អាមេរិក និងអាចបង្កើតការងារបានចំនួន ៤០១កន្លែង។និងទី១០ ក្រុមហ៊ុនសាងសង់ និងធ្វើអាជីវកម្មសណ្ឋា​គារថ្នាក់ផ្កាយ៥ ចំនួន៦០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៨ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាលមានទុនវិនិយោគប្រមាណ៩៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២១កន្លែង៕