7មករា ជាខណ្ឌជាប់ចំណាត់ថ្នាក់លេខ2 ដែលមានតម្លៃដីថ្លៃជាងគេក្នុងក្រុងភ្នំពេញ

0

ភ្នំពេញ៖ បន្ទាប់ពីខណ្ឌដូនពេញ គឺខណ្ឌ7មករា ដែលត្រូវបានគេរកឃើញថាមានតម្លៃដីថ្លៃជាងគេបំផុតបនៅក្នុងទីក្រុងភ្នំពេញ ដោយសារខណ្ឌនេះមានទីតាំងពាណិជ្ជកម្មច្រើនជាងគេ ប៉ុន្តែមិនសូវមានអាគារខ្ពស់ៗនោះទេ។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Key Real Estate បង្ហាញថា បន្ទាប់ពីខណ្ឌដូនពេញ គឺខណ្ឌ7មករា ជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយទៀត ដែលមានដីថ្លៃបំផុតទី2នៅរាជធានីភ្នំពេញ ដោយដីសំរាប់លំសង់នៅដ្ឋានក្នុងតំបន់នេះត្រូវបានលក់ក្នុងតម្លៃ 3,300 ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈពេលដែលដីពាណិជ្ជកម្មមានតំលៃ 5,400ដុល្លារក្នុងម៉ែត្រការ៉េ។

លោកសន ស៊ាប ស្ថានិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate បានឱ្យដឹងថា ដីដែលថ្លៃជាងគេនៅក្នុងខណ្ឌដូនពេញ មានដូចជាសង្កាត់អូរឫស្សី 1, សង្កាត់អូរឬស្សី2 អូឬស្សី3 និង អូឬស្សី4 ដែលមានដីពាណិជ្ជកម្មថ្លៃបំផុត 6,000 ដុល្លារក្នុង 1ម៉ែត្រការ៉េ ហើយសង្កាត់បឹងព្រលិតដីថ្លៃបំផុតថ្លៃ 4,000 ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានលើកឡើងថា ហេតុផលដែលធ្វើឱ្យខណ្ឌ7មករា មានតម្លៃថ្លៃជាប់ចំណាត់ថ្នាក់លេខ2នេះ គឺដោយសារតែវាជាទីប្រជុំជនមានវ័យចំណាស់ជាងគេ មានទីតាំងធ្វើពាណិជ្ជកម្មជាច្រើនកន្លែង ហើយពិសេសនោះ សង្កាត់ឬអូឬស្សីត្រូវគេចាត់ទុកថាជា China Town ដែលមានរចនាបទដូចប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី និងមានជនជាតិមករស់នៅតាំងពីរយូរលង់មកហើយ៕

អ្នកជំនាញបង្ហើបវិធីសាស្រ្តវិនិយោគអាគារពាណិជ្ជកម្ម និងខុនដូឲ្យបានជោគជ័យ

0

ដោយ លាងគង់

       ភ្នំពេញ មានគំរោងនិងឳកាសវិនិយោគជាច្រើន ដែលអ្នកវិនិយោគអាចចំណេញបាន តែក៏មានហានិភ័យខ្ពស់ផងដែរ ប្រសិនជាអ្នកវិនិយោគមិនបានសិក្សាស៊ីជម្រៅទៅលើផ្នែកដែលខ្លួនបានវិនិយោគនោះទេ។

អ្នកនាងជិន ចាន់ឡែននាយិកាប្រតិបត្តិនៃក្រុមហ៊ុន FURI Real Estate បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការវិនិយោគអាចទទួលបានផលចំណេញ និងខាតជារឿងធម្មតា ហេតុនេះអ្នកខ្លះចង់វិនិយោគតែពួកគេមិនហ៊ានវិនិយោគ ដោយ​សារគិតថាទិញឬសាងសង់មិនចំណេញ មិនទាន់ទាញអតិថិជនជាដើម។ អ្វីពិសេ​សគឺមិនធ្វើឲ្យគំរោងរបស់ខ្លួនមិនឡើងថ្លៃ ឬឡើងថ្លៃយឺត។ ប៉ុន្តែដើម្បីបញ្ចៀសបញ្ហានេះបាន​អ្នកវិនិយោគគួរមើលទៅលើគំរោង ដែលខ្លួនបានទិញ​ថាមានការបំពាក់សម្ភារៈបរិក្ខា មានទីតាំងល្អឬទេ មានចំណតយានយន្តគ្រប់គ្រាន់ឬទេ?។

អ្នកមានបន្តថា “ខុនដូឬអាគារការិយាល័យ ដែលមានទីតាំងល្អ មានការបំពាក់បរិ ក្ខា​សមស្របតាមស្តង់ដាអន្តរជាតិ និងមានសេវាកម្មចម្រុះដូចជា អាគារ The PeAk គឺអច​លនទ្រព្យនៅក្នុងគំរោងនោះនឹង​ឡើងថ្លៃលឿន”។ អ្នកនាងបន្តថា “អ្នកខ្លះសាងសង់ការិ​យាល័យជួល តែមិនទាក់ទាញក្រុមហ៊ុនជួល គឺដោយសារការឌីសាញគំរោងមិនទាន់ទា​ញ មិនមានចំណតឡានសមស្រប នឹងធ្វើឲ្យការវិនិយោគនោះបរាជ័យ”។

អ្នកនាងជិន ចាន់ឡែនបានបន្តថា អ្នកខ្លះមិនហ៊ានទិញខុនដូនៅតំបន់កោះពេជ្រ ដោយគិតថាថ្លៃ និងបែរជាទៅទិញនៅតំបន់ទួលគោក។ យើងអាចសួរត្រលប់មកវិញថា តើតំបន់ទួលគោកមានជនបរទេសរស់នៅច្រើនឬទេ ការពិតតំបន់ទួលគោកមិនទាន់មា​ន​ជនបរទេសរស់នៅច្រើនទេ ហេតុនេះការទិញខុនដូនៅតំបន់នោះ អាចជួលមិនបាន និងមិនឡើងថ្លៃ។ លើសពីនេះអ្នកវិនិយោគក៏គួរសិក្សា ពីទំហំយូនីតខុនដូរបស់ខ្លួនមានទំ​ហំសមស្របឬទេ? មានស្តង់ដាឬទេផងដែរ។

អ្នកនាងបន្តថា អ្នកវិនិយោគក៏ត្រូវធ្វើការព្យាករណ៍ផងដែរថា តើមួយឆ្នាំឬពីរឆ្នាំយើ​ងអាចចំណេញបានប៉ុន្មានក្នុងមួយឆ្នាំ? ដូចជា គំរោងThe PeAk ដែលមានសេវាកម្មចម្រុះទាំងផ្សារទំនើប ការិយាល័យកម្រិត A Plus, សណ្ឋាគារអន្តរជាតិលំដាប់ផ្កាយប្រាំ Shangri_La ជាដើម។

អ្នកនាងបន្តថា “អ្នកវិនិយោគក៏គួរសិក្សាពីទីតាំងរបស់ខ្លួនថាគួរវិនិ​យោគអ្វី ដែលស័ក្តិសមសម្រាប់ទីតាំងរបស់ខ្លួន មិនមែនឃើញគេសាងសង់ខុនដូ យើងសាងសង់ខុនដូ ឬគេសាងសង់អាគារការិយាល័យ យើងសាងសង់តាមគេ ខណៈទីតាំងរបស់យើងមិនមាន​តម្រូវការផ្នែកនោះនៅលើទីផ្សារនោះទេ៕

អ្នកជំនាញពីររូបនិយាយពីកំនើនដីធ្លីនៅក្នុងខេត្តកែប

0
លោកឧកញ៉ា​នួន រិទ្ឋី | លោក ម៉ម សិរីបញ្ញា

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ស្របពេលចរន្តនៃការទិញលក់ដីធ្លី បាននិងកំពុងកើនឡើងនៅក្រុងកែបឡើងថ្លៃ ដោយសារទទួលឥទ្ឋិពលពីខេត្តព្រះសីហនុ អ្នកវិនិយោគអចលនទ្រព្យនានាបានលើកឡើងខុសៗគ្នាពីបញ្ហានេះ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា​នួន រិទ្ឋីបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗ​នេះថា ខេត្តកែបនឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត ដោ​យសារខេត្តនេះ មានសក្តានុពលជាច្រើនលើផ្នែកទេសចរណ៍ និងចម្ងាយផ្លូវជាង១៣០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ និងមានចម្ងាយ៣០គីឡូ​ម៉ែ​ត្រពីក្រុងកំពត។

លោកបន្តថា “បើតភ្ជាប់ជាមួយប្រទេសវៀតណាម ខេត្តកែបមានចម្ងា​យជិតជាងខេត្តកំពត ដែលងាយស្រួលក្នុងការដឹកជញ្ជូន និងតភ្ជាប់ខ្សែសង្វាក់ទេសចរណ៍”។លោកបន្តថា “ខេត្តកែបសមស្របសម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងទេសចរណ៍​ហើយអាចជំនួសក្រុងព្រះសីហនុបាននាពេលអនាគត ខណៈខេត្តកំពតមានសក្តានុពល​ផ្នែកពាណិជ្ជកម្មច្រើនជាង”។

លោករិទ្ឋីបានបន្តថា ទោះបីក្រុងកែបមានទំហំតូច តែមានដីទំនេរ​ច្រើនអាចពង្រីកការវិនិយោគរមណីយដ្ឋានទេសចរណ៍ សកម្មភាពពាណិជ្ជកម្មនិងលំនៅដ្ឋានបានល្អប្រសើរ”។

ដោយសារកំនើននៃការវិនិយោគ បានធ្វើឲ្យតម្លៃដីកើនឡើងទ្វេរដងនៅក្នុងតំបន់សំខាន់ៗនៃទីក្រុងនេះ ដូចជា ដីនៅតំបន់ពាណិជ្ជកម្ម បានកើនតម្លៃចន្លោះពី៥០០ទៅ៦០០ដុល្លារ ដីធីៗនៅក្បែរសាលាខេត្តកែ បមានតម្លៃចន្លោះពី១៥០ទៅ២៥០ដុល្លារ ដីជើងភ្នំដែលអាចសាងសង់រមណីយដ្ឋានបាន មានតម្លៃចន្លោះពី១០០ទៅ១៥០ដុល្លារ ដីចាប់ពីភ្នំពូន ទៅឆ្នេរអង្កោលមានតម្លៃចន្លោះពី២៥ ទៅ៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័​យលើទីតាំង និងទំហំដីផងដែរ។ នេះបើតាមការបញ្ជាក់ពីឧកញ៉ានួន រិទ្ឋី។

អគ្គនាយកក្រុមហ៊ុន Easy Property Investment លោក ម៉ម សិរីបញ្ញា បានថ្លែងឲ្យដឹងផងដែរថា សកម្មភាពនៃការទិញលក់ដី​នៅក្រុងកែប និងតំបន់ជុំវិញបានកើនឡើងចន្លោះពី៣០ទៅ៤០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យតម្លៃដីធ្លីនៅខេត្តនេះ ក៏បានកើនឡើងប្រហាក់ប្រហែលគ្នានេះផងដែរ។ លោកបន្តថា បច្ចុប្បន្នដីនៅតំបន់ឆ្នេរក្នុង​ខេត្តនេះមានតម្លៃចន្លោះពី២០០ ទៅ៤០០ដុល្លារអាមេរិក តំបន់ភ្នំមានតម្លៃក្រោម​១០០ដុល្លារ និងតំបន់ជាយៗមានតម្លៃចន្លោះពី៥ ទៅ៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង សណ្ឋានដី និងទំហំដីជាក់ស្តែង។

លោកបន្តថា “ខ្ញុំគិតថាដីនៅក្នុងខេត្តនេះ ពិសេសតំបន់ក្នុងក្រុងនឹងកើនឡើ​ងខ្ពស់បន្ថែមទៀតនាពេលអនាគត ដោយសារខេត្តនេះមានភាពអំណោយផលលើបរិស្ថាន ជាតំបន់ប្រវត្តិសាស្រ្ត និងអាចក្លាយជាតំបន់លំហែកាយ បែបឯកជន​របស់ពពួកអភិជនបរទេសនាពេលអនាគត”។លោកបន្តថា “ក្រុងកែប ស័ក្តិសមជា​តំបន់លំហែកាយ អភិវឌ្ឍន៍ជារមណីយដ្ឋាន និងវីឡាប្រណីតបែបឯកជនដូចកោះបាលី និងកោះភូកេតជាដើម”។

លោកម៉ម សិរីបញ្ញាបានបន្តថា ខេត្តកែប មិនអាចធៀបជាមួយខេត្តព្រះសីហនុ​ទេ ប៉ុន្តែខេត្តនេះមានសក្តានុពលខុសៗគ្នា ហើយដីធ្លីក្នុងខេត្តព្រះសីហនុក៏កំពុងឡើងថ្លៃផងដែរ ដោយសារកំនើននៃការវិនិយោគ របស់អ្នកវិនិយោគមកពីប្រទេ​សចិន៕

ឧកញ៉ាម៉ុង រិទ្ឋីបង្ហើបពីវិធីសាស្រ្តបែងចែកការងារ និងគ្រួសារ

0

ដោយដែន ចែងចាំង

       ភ្នំពេញ ប្រជាជនកម្ពុជាស្ទើរគ្រប់រូបបានស្គាល់លោកឧកញ៉ាម៉ុង រិទ្ឋីជាអ្នក​ណាហើយ លោកជាមហាសេដ្ឋីកម្ពុជាមួយរូប និងមានមុខជំនួញយ៉ាងច្រើន ហេតុនេះការរៀបចំពេលវេលារវាងការងារ និងការងារគ្រួសារទំនងជាស្មុគ្រស្មា​ញ​​មួយ។

តើមហាសេដ្ឋីរូបនេះរវល់ការងារបែបណា? និងមានពេលវេលាសម្រាប់គ្រួ​សារដែរឬទេ បើលោកមានជំនួញ​ច្រើនបែបនេះ?។

ទាក់ទងនឹងបញ្ហានេះ លោកឧកញ៉ាម៉ុង រិទ្ឋីបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា រវាងការងារជំនួញ និងការ​ថែរទាំភរិយា ឬសុភមង្គលក្នុងគ្រួសារ មិនមានអ្វីគួរឲ្យស្មុគ្រស្មាញទេ សម្រាប់លោក ព្រោះភរិយារបស់លោកមិនបានទាមទារថាថ្ងៃសៅរ៍ ឬអាទិត្យជាពេលវេ​លារបស់គាត់ឡើយ ហើយលោកទៅណាក៏ភរិយាមិនដែលសួរនាំដែរ។ សំខាន់រស់នៅជាមួយគ្នាត្រូវទុកចិត្តគ្នា”។ លោកបន្តថា “បើលោកទៅព្រៃ នៅចំការដូងប្រេង ភរិយាលោកទៅព្រៃជាមួយលោក មិនដែលទារទៅផ្សារទំនើប ឬទាមទារថ្ងៃសៅរ៍ឬអាទិត្យពីលោកឡើយ”។

​        លោកបន្តថា យុវជនបច្ចុប្ប​ន្នមានសំណាង ព្រោះមានសិទ្ឋ និងពេលវេលាជ្រើសរើសគូស្វាមីភរិយាដោយខ្លួនឯងបាន ខុសពីលោករៀបការ គឺពួកអាពតរៀបការឲ្យទាំងហ្វូង ដែលរហូតមកទល់ពេល​នេះអ្នករៀបការជាមួយលោក បានលែងលះគ្នាស្ទើរអស់ទៅហើយ។លោកបន្តថា ការមានគូស្រករដោយជ្រើសរើសបានដោយខ្លួនឯង ពិតជាពិសេសណាស់ ហើយបើ​រើសខុសទៀត នោះជាកំហុសរបស់យើង មិនមែនកំហុសឪពុកម្តាយឬត្រូវបន្ទោ​សអ្នកណាឡើយ។

ឧកញ៉ាដ៏មានប្រជាប្រិយភាពរូបនេះបានបន្ត ដោយលើកជាសំណួរថា ហេតុអីត្រូវមានថ្ងៃសៅរ៍ឬអាទិត្យ សម្រាប់គ្នា? ខ្ញុំមិនគិតចឹងទេ ព្រោះប្រពន្ឋខ្ញុំស្រួលដែរ ពេលខ្ញុំទៅណាគាត់ទៅតាម ប៉ុន្តែមិនមែនចេះតែតាមគ្រប់ពេលវេលា មិនរករឿង ប្រច័ណ្ឌខុសពេលវេលាទេ។លោកបន្តថា បើរវល់តែចង់បានថ្ងៃសៅរ៍ឬអាទិត្យ ឬតាមដាន ប្រច័ណ្ឌគ្រប់ពេលវេលា យើងមិនអាចធ្វើអ្វីកើតនោះទេ”៕

គំរោងតម្លៃ៥០០លានដុល្លារ សាងសង់ដល់ជាន់ទី២៩ហើយ

0

ដោយស៊ីវ ម៉េង

       ភ្នំពេញ៖ គំរោងអភិវឌ្ឍន៍ចម្រុះ The PeAk ដែលគ្រោងបោះទុនវិនិយោគ៥០០លាន​ដុល្លាររហូតមកទល់ពេលនេះ សាងសង់បានដល់កម្រិតកំពស់២៩ជាន់ ក្នុងកំពស់គោលដៅ៥៥ជាន់។

នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន FURI Real Estate ដែលជាក្រុមហ៊ុនបានទិញអាគារការិយាល័យក្នុងគំរោងនេះ កញ្ញាលឹម សុខាដាវីនបានមាន​ប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា គំរោងនេះបាននិងកំពុងសាងសង់យ៉ាងសកម្ម ដោយធ្វើទាំងយប់ទាំង​ថ្ងៃ ជាលទ្ឋផលគឺមួយអាទិត្យក្រុមហ៊ុនសាងសង់ អាចសាងសង់ឡើងមួយជាន់បានក្នុង​មួ​យអាទិត្យ។ កញ្ញាបន្តថា រហូតមកទល់ពេលនេះ គំរោងនេះសាងសង់បានដល់ជាន់ទី២៩ហើយ ខណៈគំរោងនេះគ្រោងបញ្ចប់នៅឆ្នាំ២០២០ខាងមុខនេះ។

កញ្ញាបន្តថា “គំរោងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលរួមមានខុនដូជាង​១១០០យូនីត ផ្សារទំនើប សណ្ឋាគារShangri_Laកម្រិតផ្កាយ៥លំដាប់អន្តរជាតិ អាង​ហែលទឹក និងអាគារការិយាល័យកម្រិតផ្កាយ៥ Plusផងដែរ”។

THe PeAk ជាគំរោងអភិវឌ្ឍន៍រួមគ្នាដោយក្រុមហ៊ុនWorld Bridge Landនិងក្រុមហ៊ុនOxley Holdingដែលមានមូលដ្ឋាននៅប្រទេសឹង្ហបុរី។

លោកឧកញ៉ាសៀ រិទ្ឋីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនWorld Bridge Landធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះការលក់របស់យើងបានសម្រេ​ចគោលដៅហើយ ដោយយើងផ្តោតអតិថិជនជាជនជាតិខ្មែរជាអាទិភាព”។លោកបន្តថា គំរោងរបស់លោកតែងតែទទួលបានជោគជ័យ ព្រោះបើមិនជោគជ័យយើងមិនធ្វើនោះទេ។

លោកបន្តថា “ការសាងសង់ខុនដូត្រូវផ្តោតលើទីតាំង ទីតាំង និងទីតាំង ហើយយើងអាចផ្តល់ជូនអតិថិជននូវសេវាកម្មចម្រុះ ដែលអាចឲ្យពួកគេអាចរកសេវាកម្មចាំបាច់បាននៅក្នុងអាគារដែលពួកគេស្នាក់នៅ”។លោកបន្តថា “ជាក់ស្តែងគំរោងThe PeAkត្រូវបានអភិវឌ្ឍន៍តាមទស្សនទានថ្មី ដោយមានស្ទើរគ្រប់សេវាកម្មនៅទីនេះ ដែលមានទាំងផ្សារទំនើប ក្លឹបហាត់ប្រាណ ការិយាល័យធ្វើការ និងសណ្ឋាគារជាដើម”។

គំរោងThe PeAkស្ថិតនៅក្បែរកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន​ រាជធានីភ្នំពេញ៕

សួនកម្សាន្តតម្លៃ ៦០លានដុល្លារ នឹងបង្ហាញខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ១

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ សួនកំសាន្តតម្លៃ ៦០លានដុល្លារអាមេរិក ដែលវិនិយោគដោយបុរីប៉េងហួត គ្រុបនឹងបង្ហាញខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ១ នាឆ្នាំ២០១៩ខាងមុខនេះ ប្រសិនជាមិនមានការប្រែប្រួលទេនោះ។

គំរោងអភិវឌ្ឍន៍នេះ ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីជិត៨ហិកតា​ជាមួយនិងអគារសាលប្រជុំ ឬសាលសំរាប់រៀបចំអាពាហ៏ពិពាហ៏។ សួនកំសាន្តនេះត្រូវបានរចនាឡើងតាមបែបអឺរ៉ុប ដែលមានសំណង់អគារពិសេ​សប្លែកៗ និងលំអរទៅដោយសួនដើមដើមឈើធំៗ សងខាងទន្លេដែលអាចជិះទូកបាន និងមានស្ពានស្អាតៗឆ្លងទន្លេចំនូនបី ភ្ជាប់គ្នាពីតំបន់មួយទៅតំបន់មួយទៀត។អ្នកនា​ងបន្តថា ចំពោះការរៀបចំតំបន់ទៀតសោត យើងបានរៀបចំជាតំបន់អឺរ៉ុប​ផ្សេងៗគ្នាចំនួន​ដូចជា តំបន់ទី១ មានអគាររចនាបថបែបប្រទេសស្កត់ឡែន និងអាឡឺម៉ង់មជ្ឈិមសម័យ។

តំបន់ទី២ មានអគាររចនាបថបែបហូឡង់ និងបារាំងសម័យកាល​រស់​ឡើង​វិ​ញ​នៃ​អរិយធម៌​រុងរឿង តំបន់ទី៣ មានអគាររចនាបថបែបអ៊ីតាលីនៃទន្លេវេនីស និងតំបន់ផ្សេងៗទៀត។ អាគារនិមួយៗ ស្ថិតនៅក្បែរមាត់ទន្លេនេះនឹងត្រូវបានគេប្រើប្រាស់ជាភោជនីយដ្ឋានសម្បូរបែប មានអាហារអឺរ៉ុប ចិន​ ជប៉ុន ​​ខ្មែរ។ល។ អ្នកទស្សនាអាចសម្រាកលំហែ និងពិសារអាហារដ៏មានឱជារស់គ្រប់ប្រភេទបាននៅទីនេះ។

ដោយសារភាពច្នៃប្រឌិតខ្ពស់ និងធ្វើឡើងដោយវិស្វករ និងស្ថាបត្យករជាតិ និងអន្តរជាតិ បានធ្វើឲ្យគំរោងនេះទទួលបានពានចំនួនពីរ ​គឺពានរង្វាន់ផ្នែកស្ថាបត្យកម្មឌិហ្សាញសួនលំហែរ ដែលលជាងគេលំដាប់ផ្កាយប្រាំនៅឆ្នាំ២០១៦ និងពានរង្វាន់ផ្នែកអភិវឌ្ឍន៍ សួនលំហែរដែលល្អជាងគេនៅកម្ពុជាប្រចាំឆ្នាំ២០១៧ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ ដែលមានការិយាល័យនៅប្រទេសអង់គ្លេស។

គំរោងនេះនឹងបើកដំណើរការស្វាគមន៏អ្នក ដែលរស់នៅក្នុងបុរីប៉េងហួត និង​សាធារណៈជនទូទៅ ដែលស្វែងរកកន្លែងសម្រាកលំហែរ និងញ៉ាំអាហារប្រកបដោយផាសុកភាព”។ ក្រុមហ៊ុនចាប់អារម្មណ៏ក្នុងការវិនិយោគឡើងគឺក្នុងគោលបំណង ផ្ដល់ទីកន្លែងស្អាតសំរាប់លំហែកំសាន្ត ញ៉ាំអាហារដល់អ្នករស់នៅក្នុងបុរីប៉េងហួត និងសាធារណៈជនទូទៅ និងជាពិសេសគឺដើម្បីចូលរូមអភិវឌ្ឍទីក្រុងភ្នំពេញ ដោយនាំមកនូវគំរោងថ្មីស្អាត ដែលមិនដែលធ្លាប់មាននៅស្រុកខ្មែរពីមុន ​ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ”​។

ចំពោះការចូលមកទស្សនា និងកំសាន្ត ក្នុងគំរោងនេះនឹងមិនតម្រូវឲ្យមានការទិញសំបុត្រទេ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា នេះជាផលិ​តផលទេសចរណ៍ថ្មីមួយ ដែលកន្លងមកវិស័យឯកជនក្នុងវិស័យនេះ តែងតែជំរុញឲ្យអ្នក​វិនិយោគជាតិ និងអន្តរជាតិវិនិយោគលើរមណីយដ្ឋានកែច្នៃឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវ​ទេសចរណ៍អន្តរជាតិមកស្នាក់នៅ និងកម្សាន្តរយៈពេលវែងនៅកម្ពុជា។

លោកបន្តថា “វិស័យឯកជនស្វាគមន៍គំរោងវិនិយោគថ្មីនេះ ព្រោះវាជាការធ្វើពិពិធកម្ម​ទីផ្សារទេសចរណ៍ ខណៈតំបន់កំសាន្តនៅរាជធានីភ្នំពេញនៅមានកម្រិតនៅឡើយ”៕

ដំណឹងល្អ! ក្រុងប៉ោយប៉ែត មានខុនដូកំពស់ខ្ពស់ជាលើកដំបូង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទីក្រុងប៉ោយប៉ែត ស្ថិតនៅព្រំប្រទល់ប្រទេសថៃបាន និងកំពុងរីកចម្រើនយ៉ាងលឿន ដោយមានអាគារខុនដូភ្លោះកំពស់២១ជាន់ជាលើកដំបូង ដែលគំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនសុខា រ៉េស៊ីដិន។

យោងតាមព៌តមានរបស់ក្រុមហ៊ុននេះ ដែលបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនបានឲ្យដឹងថា ក្រុមហ៊ុនសូមនាំមកនូវគំរោងថ្មីនិងតំបូងគេបង្អស់នៅទីក្រុងប៉ោយប៉ែត ជាកន្លែងដែលកំពុងមានការលូតលាស់ផ្នែកសេដ្ឋកិច្ច នោះគឺគំរោងអាគារសហកម្មសិទ្ឋឬខុនដូកំពស់២១ជាន់ ត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីអភិបាលខេត្តនិងអាជ្ញាធរដែនដី។

ខុនដូនេះមានបន្ទប់គេងមួយ ដល់បន្ទប់គេងបី និងលក់ក្នុងតម្លៃចាប់ពីតម្លៃ ២៧,៨៦៤ដុល្លារ ដល់ជាង១លានដុល្លារអាមេរិក។

គំរោងនេះស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រដ្ឋាភិបាលបានដាក់ក្រុងប៉ោយប៉ែត ជាទីក្រុងពិសេសនិងជាតំបន់ឧស្សាហកម្មតាមរយៈគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីធ្វើយ៉ា​ងណាឲ្យតំបន់នេះទាក់ទាញការវិនិយោគ។ បច្ចុប្បន្នក្រុងប៉ោយប៉ែត កំពុងទាក់ទាញអ្នក​វិនិយោគជប៉ុន និងចិនជាច្រើន ទៅបើករោងចក្រ សហគ្រាសជាច្រើននៅទីនោះ ដើម្បីផ​លិតនិងនាំចេញទៅកាន់ប្រទេសថៃ ដោយសារកំលាំងពលកម្មនៅកម្ពុជាមានតម្លៃទាប ធៀបជាមួយប្រទេសថៃ៕

ដំណឹងល្អ! ផ្សារទំនើប Midtown ផ្លូវ២០០៤ នឹងបើកដំណើរការនៅចុងឆ្នាំនេះ

0

ដោយស៊ីវ ម៉េង

       ភ្នំពេញ ផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយឈ្មោះ MIDTOWN MALL ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ បាននិងកំពុងត្រៀមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ធ្នូខាងមុខនេះ ប្រសិនជាមិនមានអ្វីប្រែប្រួលទេនោះ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនតំណាងផ្នែកជួលផ្តាច់មុខ នៃគំរោងផ្សារទំនើបនេះ បាន​មាន​ប្រសាសន៍ឲ្យដឹង ក្នុងកម្មវិធីជួបជុំជាមួយអតិថិជន ដែលបានមកជួលស្តង់នៅផ្សារទំ​នើបនាព្រឹកថ្ងៃទី៨ កញ្ញានេះថា តាមគំរោងផ្សារទំនើបនេះ នឹងបើកដំណើរការបណ្តោះអាសន្ននៅដើមខែធ្នូ និងបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ធ្នូ ដែលចំថ្ងៃបុណ្យគ្រូស្មាសនាចុងឆ្នាំនេះ។

អ្នកនាងបន្តថា “ផ្សារនេះស្ថិតនៅទីតាំងសមស្របមួយ ដែលជាបណ្តុំលំនៅដ្ឋាននិងជាតំបន់ដែលមានប្រជាជនមានជីវភាពមធ្យមរស់នៅច្រើន ហើយយើងរំពឹងថាគំរោងនេះមានភាពទាក់ទាញ និងទទួលបានជោគជ័យ”។អ្នកនាងបន្តថា “ឆ្នាំ២០១៨ជាឆ្នាំនៃផ្សារទំនើប ដោយផ្សារចំនួន១៣គ្រោងបើកដំណើរការ ប៉ុន្តែវាមិនលើសតម្រូវការទេ ដោ​យសារផ្សារនិមួយៗបានចាប់យកចំណែកអតិថិជនខុសៗគ្នា”។

ផ្សារទំនើបនេះត្រូវបានវិនិយោគដោយ ក្រុមហ៊ុន Kao Cheng International Enterprise Co. Ltd ជាក្រុមហ៊ុនអភិ​វឌ្ឍន៍ មានមូលដ្ឋាននៅកោះតៃវ៉ាន់ ដែលមានបទពិសោធន៍ខ្ពស់ជាមួយនឹងកំណត់ត្រា ដែលមានរយៈពេលជាង២៥ឆ្នាំមកហើយ។

យោងតាមព៌តមានរបស់ក្រុមហ៊ុន ដែលបានវិនិយោគផ្សារទំនើបនេះបានឲ្យដឹងថា MIDTOWN MALL មិនត្រឹមតែមានបំណងផ្តល់ជូន នូវជម្រើសអាហារពេលល្ងាច សេវាកម្ម និងការកម្សាន្តដែល​មានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងបង្កើតអារម្មណ៍ជាក់ស្តែងដល់សហគមន៍ និងភាពងាយស្រួល​ដើម្បីបង្កើ​នបទពិសោធន៍ នៃការដើរទិញដូរសម្រាប់ទាំងអស់គ្នា។

តាមរយៈការបង្កើតបរិយាកាសសម្រាក ដោយមានទីធ្លាបៃតង និងបរិក្ខារឈើ ដែលមានលក្ខណៈស្ថាបត្យកម្ម​ទំនើប ដើម្បីបង្កើតនូវបទពិសោធន៍លក់រាយចុងក្រោយសម្រាប់អតិថិជន។ តំបន់ធំៗត្រូវបានគេកំណត់ ដោយ​មាន​ទាំង កន្លែ​ងសំដែង និងការកម្សាន្ត ដើម្បីបង្កើនបរិយាកាសទាក់ទាញដែលអតិថិជនអាចរីករាយនឹង​បទពិសោធន៏ ដោយមិនមានអារម្មណ៍ថាពួកគេស្ថិតនៅក្នុងផ្សារទំនើ​បមួយនោះទេ។

ផ្សារទំនើបនេះ ទទួលបានបទពិសោធន៍ពីអ្នកអភិវឌ្ឍន៍ ដែលមានការគោរពខ្ពស់ជាមួយនឹងអ្នកច្នៃប្រឌិត និងអ្នក​ពិគ្រោះយោបល់សំណង់ ប្រកប​ដោ​យ​ការច្នៃប្រឌិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា ក៏ដូចជា ចំណេះដឹង​និងការបញ្ចូ​លចំណេះដឹងពីអ្នកជំនាញ ដែលកំពុងឈានមុខគេនៅក្នុងទីផ្សារលក់រាយនៅក្នុងទីក្រុងភ្នំពេញ៕

ក្រុមហ៊ុនពីរត្រៀមចូលផ្សារហ៊ុននៅកម្ពុជានៅចុងឆ្នាំនេះ

0

ដោយគង់ សូរិយា

       ភ្នំពេញ ជដំណឹងរីករាយមួយ ដែលផ្សារហ៊ុនកម្ពុជាកាន់តែធ្វើពិពិធកម្មផលិតផលរបស់ខ្លួន ដោយបច្ចុប្បន្ននេះមានក្រុមហ៊ុនអន្តរជាតិចំនួនពីរទៀត កំពុងរៀបចំនិតិវិធី ដើម្បីចូលបោះផ្សាយលក់មូលបត្រឬប័ណ្ណភាគហ៊ុនរបស់ខ្លួន នៅក្នុងទីផ្សារមូលបត្រនៅក្នុងឆ្នាំនេះ។

អគ្គនាយកនៃគណកម្មការមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ បានមានប្រសាសន៍ឲ្យ​ដឹងកាលពីថ្ងៃទី៧ កញ្ញាកន្លងមកថា នៅមុនដំណាច់ឆ្នាំនេះ យើងរំពឹងថាក្រុមហ៊ុនចំនួនពីរទៀត នឹងអាចចូលបោះផ្សាយលក់មូលបត្រឬប័ណ្ណភាគហ៊ុនរបស់ខ្លួន នៅក្នុងទីផ្សារគណកម្មការ​មូលបត្រកម្ពុជា ដោយទី១ គឺក្រុមហ៊ុនប៉ាស្ទិក ជាក្រុមហ៊ុនមួយដែលមានក្រុមហ៊ុនមេរបស់ខ្លួននៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុននេះបាននិងកំពុងវិនិយោគលើ​ការតបណ្តាញថាមពលអគ្គិសនីនៅកម្ពុជា ហើយក្រុមហ៊ុននេះបានចូលមកកាន់កម្ពុជា     រយៈពេលយូរមកហើយ។

ចំណែកក្រុមហ៊ុនមួយទៀត ក៏បានចេញសេចក្តីប្រកាសព៌តមានរបស់ខ្លួន គឺក្រុមហ៊ុន ASA ជាក្រុមហ៊ុន Holding មួយ ដែលគ្រប់គ្រងភាគហ៊ុនមួយចំនួនរបស់ធនាគារអេស៊ីលីដា។

លោកស៊ូ សុជាតិបានបន្តថា “នេះមានន័យថាផ្សារហ៊ុនរបស់យើងមានក្រុមហ៊ុនចាប់អារម្មណ៍កាន់តែច្រើន ប៉ុ​ន្តែការចូលខ្លួនចូលទីផ្សារគឺត្រូវការពេលវេលាបន្តិច ព្រោះយើងមិនចេះតែអនុញ្ញាត្តឲ្យក្រុមហ៊ុនចូលទាំងអស់ ដោយមិនបានសិក្សាច្បាស់លាស់ពីក្រុមហ៊ុនណាមួយនោះទេ”។លោកបន្តថា “យើងចង់ដើរក្នុងជំហ៊ានមួយមានភាពប្រុងប្រ​យ័ត្ន និងច្បាស់លាស់ ល្អ ដើម្បីដាក់ចូលក្នុងទីផ្សារ និងអាចឲ្យសាធារណៈជនលោកអាចជឿទុកចិត្តបាន”។

លោកបន្តថា កាលណាមានផលិតផលច្រើននៅក្នុងទីផ្សារ វាជាការផ្តល់ជម្រើសច្រើនសម្រាប់អ្នកទិញ ព្រោះពេលណាមានផលិតផលកាន់តែច្រើន គឺបង្កើ​នចំនួនអ្នកទិញ នឹងធ្វើឲ្យផ្សារហ៊ុនរបស់យើងកាន់តែមមាញឹក ប៉ុន្តែបច្ចុប្បន្នផ្សាររបស់យើងមិនទាន់មមា​ញឹកនៅឡើយទេ ដោយសារចំនួនអ្នកលក់តិច និងអ្នកទិញតិច។

ផ្សារហ៊ុននៅប្រទេសថៃបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាង៩០០កំពុងបោះផ្សារលក់មូលបត្រ និងនៅប្រទេសវៀតណាមមានក្រុមហ៊ុនចំនួនជាង១០០០ កំពុងបោះផ្សាយលក់មូលបត្ររបស់ខ្លួន ខណៈកម្ពុជាបច្ចុប្បន្ននេះ មានក្រុមហ៊ុនតែ៥ប៉ុណ្ណោះកំពុងបោះផ្សាយលក់មូលបត្រ ឬប័ណ្ណភាគហ៊ុនរបស់ខ្លួនដូចជា រដ្ឋាករទឹកស្វ័យត្នក្រុងភ្នំពេញ កំពង់ផែភ្នំពេញ កំពង់ផែខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុនកាត់ដេរហ្រ្គេនធ្វីន៕

ស្វែងយល់ពីអាស៊ាន! ម៉ាឡេស៊ីឈរលំដាប់លេខរៀងទី៤ ដែលចិនចូលវិនិយោគលើវិស័យអលនទ្រព្យ

0

ដោយវុត្ថា

ភ្នំពេញ យោងតាមការចុះផ្សាយពីគេហទំព័រព័ត៌មាន juwai.com ដែលជាគេហទំព័រអចលនទ្រព្យមានមូលដ្ឋាននៅក្នុងសៀងហៃបានចុះផ្សាយថា លំហូវិនិយោគអចល​នទ្រព្យរបស់ប្រទេសចិន ទៅកាន់ប្រទេសម៉ាឡេស៊ី កើនឡើងខ្លាំងរហូតដល់២,៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ក្នុងនោះអតិថិជនជាជនជាតិចិនបានចំណាយលុយទិញលំ​នៅដ្ឋានកើនឡើងរហូតដល់២ពាន់លានដុល្លារ និងមួយចំណែកទៀតបានវិនិយោគទៅលើវិស័យអចលនទ្រព្យ។

សារព័ត៌មានដដែលនេះបានបន្តទៀថា ចំនួនដ៏ច្រើនលើសលប់នេះ បានធ្វើអោយប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់លេខរៀងទី៤ក្នុងពិភពលោក ដែលមានជនជាតិចិនិវិនិយោគលើលំនៅដ្ឋានច្រើនជាងគេ ហើយប្រទេសដែលឈរលំដាប់រៀងទី១គឺប្រទេសអាមេរិកដែលមានទំហំទឹកប្រាក់ចំនួន៣០,៤ ពាន់លានដុល្លារ លេខរៀងទី២ទីក្រុងហុងកុង មានទំហំទឹកប្រាក់ចំនួន១៦,២ពាន់លានដុល្លារ និងលេងរៀងទី៣ ប្រទេសអូស្រ្តាលី មានទំហំទឹកប្រាក់១៤,១ពាន់លានដុល្លារ។

មិនត្រឹមតែប៉ុណ្ណោះ ប្រទេសដែលទាក់ទាញ ការទិញលំនៅដ្ឋានពីជនជាតិចិនកាលពីឆ្នាំ២០១៧ គឺស្ថិតក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ី និងឈរលេខរៀង​បន្ទាប់ពីជនជាតិអាមេរិក អូស្ត្រាលី និងថៃជាដើម។

យោងតាមការប៉ាន់ប្រមាណរបស់គេហទំព័រ Juwai.comបានឱ្យដឹងថា ការវិនិយោគទុនរបស់ចិន ទាំងនៅវិស័យអចលនទ្រព្យ និងពាណិជ្ជកម្មមានចំនួន១១៩,៧ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៧ កើនឡើង១៦,១ភាគរយ ពី១១០,១ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦។

ចំនួននេះមិនរាប់បញ្ចូលបណ្តាប្រទេស ដែលបានបង្ហាញតែនៅក្នុងរបាយការណ៍ខណៈឆ្នាំនេះ ការវិនិយោគអចលនទ្រព្យសកលលោក បានកើនឡើងដល់១០៧,៧ពាន់លានដុល្លារនៅឆ្នាំ២០១៧ពោលគឺកើនឡើង៦,២ ភាគរយធៀបនឹងឆ្នាំមុន។

គេហទំព័រJuwai.com បានព្យាករណ៍ថា ការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេ​សរបស់ចិន នឹងបញ្ចប់នៅឆ្នាំ២០១៨នេះ ក្នុងចន្លោះរវាង១២៣,៣ពាន់លានដុល្លារ រហូតដល់ ១២៩,៩ពាន់លានដុល្លារ ឬកម្រិតពី៣ ទៅ៨ភាគរយលើសឆ្នាំ២០១៧។

វិនិយោគិនចិន បានទិញអចលនទ្រព្យបរទេស ដែលមានតម្លៃច្រើនជាង៤៣០ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១០៕