ទីក្រុងរណបធំជាងគេនៅភាគខាងត្បូងរាជធានី នឹងក្លាយជាតំបន់ពាណិជ្ជកម្មនៅ ១០ឆ្នាំខាងមុខ

0

ដោយស៊ីវ ម៉េង

       ភ្នំពេញទីក្រុងរណបធំជាងគេនៅភាគខាងត្បូងរាជធានីភ្នំពេញ ING CITY នឹងក្លាយជាតំបន់ពាណិជ្ជកម្មនៅរយៈពេល១០ឆ្នាំខាងមុខ។ នេះបើតាមការលើកឡើងពីអ្នកជំនាញអចលនទ្រព្យនានា។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី៧ កញ្ញាកន្លងមកថា តំបន់នេះជាទីក្រុងថ្មី និងមាន​ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋថ្មី ដែលវាមានភាពងាយស្រួលក្នុងការរៀបចំការអភិវឌ្ឍជាងទីក្រុងចាស់ ពិសេសមានចម្ងាយជិតជាងគេចេញពីកណ្តាលក្រុង បើធៀបនឹងទីក្រុងរណ​បដទៃទៀត។

អ្នកនាងបន្តថា “តំបន់នេះកំពុងមានការរីកចម្រើន ដោយរយៈពេល៥ឆ្នាំខាងមុខវា​នឹងជាតំបន់លំនៅដ្ឋាន ហើយរយៈពេល១០ឆ្នាំទៀត ខ្ញុំគិតថាតំបន់នេះនឹងប្រែក្លាយជាតំបន់ពាណិ​ជ្ជកម្ម”។

បច្ចុប្បន្នតំបន់នេះកំពុងមានការរីកចម្រើនយ៉ាងលឿន ដោយមានបុរីជាច្រើនកំពុង​សាងសង់នៅតំបន់នេះ ដូចជាបុរីប៉េង ហួត បុរី WOODLAND, គំរោងផ្សារទំនើបAEON MALL3 និងគំរោងបង្កើតផ្សារទំនើបរបស់បុរីជីព ម៉ុងជាដើម។

ជាមួយគ្នានេះលោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាអគ្គនាយកក្រុមហ៊ុន Century21 Fortuna Investmen tបានមានប្រសាសន៍ឲ្យដឹងផងដែរថា មានគំរោងវិនិយោគជាច្រើន បានចាប់ផ្តើមនៅតំបន់នេះរួចហើយ ដោយសារតំបន់នេះកំពុងមានសក្តានុពល និងមានប្លង់មេអភិវឌ្ឍន៍ត្រឹមត្រូវ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរនិងធំជាងគេនៅក្រុងភ្នំពេញ។លោកបន្តថា ការមានប្លង់មេអភិវឌ្ឍន៍ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យតំបន់នោះ មានការអភិវឌ្ឍន៍ប្រកបដោយភាពរៀបរយ និងទាក់ទាញអ្នកវិនិយោគអន្តរជាតិនានា។

លោកបន្តថា “ខ្ញុំគិតថាតំបន់នេះស័ក្តិសមជាតំបន់ពាណិជ្ជកម្ម នាពេលអនាគត ព្រោះទីតាំងនេះល្អប្រសើរ និងស័ក្តិសមជាទីក្រុងថ្មីមួយដែលមានវិសាលភាពធំ និងមាន​ហេដ្ឋារចនាសម័្ពន្ឋតភ្ជាប់យ៉ាងល្អប្រសើរ”។លោកបន្តថា “វាស្ថិតនៅកៀកក្រុងតាខ្មៅ ហើ​យប្រសិនជាព្រលានយន្តហោះថ្មី សាងសង់នៅស្រុកកណ្តាលស្ទឹង នឹងធ្វើឲ្យមានចរាចរឆ្លងកាត់តំបន់នេះកាន់តែច្រើន ពេលនោះសកម្មភាពពាណិជ្ជកម្មនឹងរសរវើក”។

លោកវ៉ា វីរៈបានបន្តថា ចំណែករោងចក្រ សហគ្រាស ជាបណ្តើរៗនឹងរើចេញពីតំបន់នេះ ព្រោះនៅពេលសកម្មភាពពាណិជ្ជកម្មកើតនៅតំបន់ណា រោងចក្រ សហគ្រាសនៅតំបន់នោះនឹងចាកចេញ ដោយសារវិស័យពាណិជ្ជកម្មទាញយក និងបង្កើតតម្លៃបន្ថែមបានកាន់តែច្រើន។លោកបន្តថា ឧទាហរ៍រោងចក្រ សហគ្រាសអាចជួលបានត្រឹម៣ទៅ៤ដុល្លារក្នុងមួយម៉ែត្រការ៉េ និងសាងសង់អាគារពាណិជ្ជកម្ម និងលំនៅដ្ឋានអាចទាញតម្លៃបានកាន់តែខ្ពស់ ពេលនោះរោងចក្រ សហគ្រាសនឹងរើចាកចេញដោយស្វ័យប្រវត្តិ។

យោងតាមផែនការមេរបស់ក្រុមហ៊ុនING Holdingបានឲ្យដឹងថា ទីក្រុងរណបING CITYគ្របដណ្តប់លើផ្ទៃដីជាង២០០០ហិកតា ដែលមានវិសាលភាពដ៏ធំមួយ និងជា​ទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ។ តាមគំរោងក្រុ​មហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាតំបន់មានការអភិវឌ្ឍបែបបៃតង និងគោរពតាមគោលការណ៍បរិស្ថាន។ តាមឯកសារដដែលបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាមជ្ឈមណ្ឌលលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងចំណតយានយន្ត ជាសហគមន៍សម្រាប់និវត្តន៍ជនជាតិចិន មជ្ឈមណ្ឌលកីឡាជាដើម។

ជាមួយនឹងទស្សនវិស័យចំពោះមុខ និងរៀបចំតំបន់ដែលទើបអភិវឌ្ឍន៍ថ្មីនេះ សា​លារាជធានីភ្នំពេញ រួមជាមួយសាលាក្រុងប៉ារីសដើម្បីសិក្សារួមគ្នាពីការអភិវឌ្ឍ និងដោះ​ស្រាយ​បញ្ហាប្រឈមចំពោះមុខ ទាក់ទងនឹងការកើនឡើងនូវយានយន្ត ការបំពុលទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះសមស្របជាតំបន់ដែល​មានភាពបៃតង និងត្រៀមរៀបចំនគរូបនីយកម្មឲ្យមានភាពល្អប្រសើរ និងអាចឆ្លើយតបនឹងកំនើនប្រជាសាស្រ្តនៅតំបន់នេះ។

ដោយសារជាតំបន់ថ្មី ងាយស្រួលហេដ្ឋារចនាសម្ព័ន្ឋ និងកំនើនប្រជាសាស្រ្តនៅតំ​បន់នេះ ទើបអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុងវិនិយោគគំរោងលំនៅដ្ឋានធមៗនៅ​តំបន់នេះ ពិសេសផ្សារទំនើបលំដាប់អន្តរជាតិ២កំពុងបានសាងសង់ឡើង ក្នុងចំណោ​មផ្សារទំនើបធំៗចំនួនបី។ អ្វីកាន់តែពិសេសផ្សារទំនើបAEON MALL3នឹងសាង​សង់នៅតំបន់នេះនាពេលអនាគត ខណៈក្រុមហ៊ុនEAON GROUPបានទិញដីនៅតំបន់នេះទុករួចទៅហើយ។

អតីតវីរស្ថាត្យករកម្ពុជា លោកបណ្ឌិតវណ្ណ ម៉ូលីវណ្ណធ្លាប់បានផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍន៍រាជធានីភ្នំពេញឆ្ពោះទៅកាន់ភាគខាងត្បូង ដោយសារតំបន់ភាគខាងត្បូងមាន​ដីទំនេរច្រើន មានសណ្ឋានដីខ្ពស់មិនប្រឈមនឹងការលិចទឹក និងងាយស្រួលរៀបចំហេដ្ឋា​រចនាសម័​ន្ឋនានា ដោយសារជាតំបន់មានការអភិវឌ្ឍថ្មី៕

ស្វែងយល់ពីអាស៊ាន! ជនបរទេស បន្តហូរចូលវិនិយោគលើវិស័យអចលនទ្រព្យ ក្នុងប្រទេសវៀតណាម

0

ដោយវុត្ថា

       ភ្នំពេញ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស ដែលជាគំរោងវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសវៀតណាមបានកើនឡើង ពិសេសទីក្រុងសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសនេះគឺក្រុងហូ ជីម៉ិញ។

យោងតាមការចុះផ្សារបស់សារព័ត៌មាន Savill Vietnam បានអោយដឹងនៅដើម​សប្តាហ៍នេះថា លំហូវិនិយោគទុនបរទេស ដែលបានចុះបញ្ជីនៅក្នុងទីក្រុងហាណូយក្នុងឆមាសទី១ នៃឆ្នាំ២០១៨ មានចំនួនប្រមាណ៥,៩ពាន់លានដុល្លារ ដែលជាចំនួនដ៏ច្រើនលើសលប់បំផុតក្នុងប្រទេស និងចំនួន៥៩%នៃទុនវិនិយោគនោះ បានលំហូរចូលហូជីមិញដែលជាទីក្រុងធំទី២របស់ប្រទេសវៀតណាម។

សារព័ត៌មាននេះបន្តថា លំនៅដ្ឋានផ្ទះល្វែង គឺមានតម្រូវការកើនឡើងក្នុងអំឡុងពេលនេះ ក្នុងទីក្រុងហាណូយនៅក្នុងត្រីមាសទី២ ដោយបានកើនឡើង៣១ភាគរយធៀប​នឹងត្រីមាសមុន និង១១ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រានៃការស្រូបយកលំនៅដ្ឋាន ប្រភេទផ្ទះល្វែងនៅទីក្រុងហាណូយក៏មានចំនួន២៧ភាគរយផងដែរពោលគឺកើនឡើង៣ភាគរយធៀបនឹងត្រីមាសដូចគ្នា។

ការផ្គត់ផ្គង់លំនៅដ្ឋានផ្ទះល្វែងហាណូយ បានកើនឡើងដល់៩,៧៦០យូនីត នៃគម្រោងថ្មីចំនួន១១ និងដំណាក់កាលនៃគម្រោងបន្ទាប់ចំនួន៣១។ នេះបង្ហាញពីការកើនឡើង៧៧ភាគរយ ពីត្រីមាសមុននិងកើនឡើង៤៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

លំនៅដ្ឋានជាង១៤.៣០០យូនីតនឹងត្រូវដាក់ចូលក្នុងទីផ្សារពី២០ គម្រោងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ លំនៅដ្ឋានប្រភេទវីឡា និងលំនៅដ្ឋានធម្មតាត្រូវបានបង្ហាញថាមានពីស្ថេរភាព នៃការលក់កើនឡើងរហូតដល់៤៨% ពីមួយត្រីមាសទៅមួយត្រីមាសនៅក្នុងត្រីមាសទី២ និងអត្រាការស្រូបយកបានកើនឡើង១,៣% ពីមួយឆ្នាំទៅមួយឆ្នាំចំនួន ៣៤%។

ចំនួនភ្ញៀវទេសចរបានកើនឡើង ក៏បានជំរុញវិស័យសណ្ឋាគារនៅក្នុងទីក្រុងហាណូយកើនឡើងផងដែរ។ គម្រោងសាងសង់សណ្ឋាគារចំនួន៤៣ នឹងត្រូវបានដាក់ឱ្យដំណើរការចាប់ពីឆ្នាំ២០១៨នេះ បន្ទាប់ពីមានភ្ញៀវទេសចរអន្តរជាតិចំនួន៣លាននាក់ត្រូវបានកត់ត្រាទុកនៅក្នុងទីក្រុង ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៨ ពោលគឺកើនឡើង ២៦% ជារៀងរាល់ឆ្នាំ៕

ដំណឹងល្អ ៖ ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់នឹងបន្តសាងសង់នាពេលឆាប់ៗនេះ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានអះអាងថា គម្រោងសាងសង់ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ ដែលជាស្ពានទី៧ រដ្ឋបាលរាជធានីភ្នំពេញបានសិក្សារួចហើយ គឺនៅរង់ចាំតែការដោះស្រាយផលប៉ះពាល់ជាមួយស្ថានីយ៍លក់សាំងសូគីម៉ិច និងប្រជាពលរដ្ឋមួយចំនួនប៉ុណ្ណោះ។

គំរោងនេះនឹងចាប់ផ្តើមបើកការរដ្ឋានភ្លាម ហើយនៅពេលសាងសង់រួច តំបន់ច្រមុះជ្រូកក្បាលគឺអាចដោះស្រាយការកកស្ទះ បានទាំងស្រុង ដូចនៅតំបន់ស្ពានអាកាសស្ទឹងមានជ័យតែម្តង។

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងត្រៀមរៀបចំសាងសង់ស្ពានអាកាសថ្មី មួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ ត្រង់ចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្សនិងផ្លូវ២៧១ ជាប់ព្រំប្រទល់រខណ្ឌមានជ័យនិងខណ្ឌចំការមន ឬក្បែរស្ពានអាកាសក្បាលថ្នល់ ។គម្រោងនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំដោះស្រាយផលប៉ះពាល់ការសាងសង់ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ កាលពីដើមសប្តាហ៏កន្លងមកនេះ។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដែលដឹកនាំកិច្ចប្រជុំនោះ បានធ្វើការណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញត្រូវយកចិត្តទុកដាក់ជំរុញផែនការដោះស្រាយផលប៉ះពាល់ឲ្យបានលឿន ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះ ឈានដល់ការបើកការដ្ឋានឆាប់ៗ ដើម្បីកាត់បន្ថយឲ្យបាននូវការកកស្ទះចរាចរ ដែលជាបញ្ហាប្រឈមរាល់ថ្ងៃនោះ។

បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦កន្លែង គឺស្ពានអាកាស ក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ និងស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ដែលរដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពង់ជុំរុញផែនការដោះស្រាយផលប៉ះពាល់ ដើម្បីឈានទៅដល់ការសាងសង់នៅពេលឆាប់ៗនេះ៕

 

 

ដំណឹងល្អៈផ្សារទំនើបទី១តម្លៃជិត១០លានដុល្លារនឹងបង្ហាញខ្លួននៅ ក្រុងព្រះសីហនុឆាប់ៗនេះ

0

ដោយ ៖ ស៊ីវ ម៉េង

ភ្នំពេញ ៖ ផ្សារទំនើបដំបូងគេនៅខេត្តព្រះសីហនុ FURI Time Squaresដែលបោះទុនវិនិយោគតម្លៃជិត១០លានដុល្លារអាមេរិក នឹងបើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០១៩ខាងមុខនេះ។

នាយកផ្នែកផ្សារនៃក្រុមហ៊ុន FURI Real Estate កញ្ញា លឹម សុខាដាវីន បានមានប្រ​សសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៧ កញ្ញានេះថា ផ្សារទំនើបនេះស្ថិតនៅលើផ្លូវឯករាជ្យ សង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ(ក្បែរវិមានឯករាជ្យ) ដែលមានកំពស់៤ជាន់ និងមានទំហំជាង១២០០០ម៉ែត្រការ៉េ។ ផ្សារទំនើបនេះមានហាងកាហ្វេ អាហារនិងភេសជ្ជៈ រោងភាពយន្ត និង Sky Pub ។កញ្ញាបន្តថា បច្ចុប្បន្នគំរោងនេះបានសាងសង់ហើយ និងគ្រោងបញ្ចប់និង​ដាក់ឲ្យដំណើរការនៅខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។

កញ្ញាបន្តថា “យើងបាននិងកំពុងនាំយកហាងល្បីៗពីរាជធានីភ្នំពេញ និងពីក្រៅប្រ​ទេសចូលមកកាន់ផ្សារនេះ ដែលវានឹងក្លាយជាផ្សារល្បីឈ្មោះ និងជាផ្សារលើកដំបូងគេ​នៅក្រុងព្រះសីហនុ”។ កញ្ញាបន្តថា “រហូតមកទល់ពេលនេះ យើងទទួលបានអតិថិជនកក់ស្តង់របស់យើងប្រមាណ៥០ភាគរយរួចហើយ ហើយយើងរំពឹងនឹងទទួលបានការជួលអស់ពីអតិថិជននៅពេលឆាប់ៗនេះ”។

កញ្ញា លឹម សុខាដាវីន បានបន្តថា ការសម្រេចចិត្តវិនិយោគគំរោងនេះ ដោយសារ​យើងបានសិក្សាជាមួយដៃគូវិនិយោគរបស់យើង ដែលជាអ្នកវិនិយោគនិងអ្នកជំនាញល្បីឈ្មោះមកពីទីក្រុងហុងកុង និងម៉ាកាវបានរកឃើញថា ខេត្តព្រះសីហនុជាទីតាំងពិសេស ដែលមិនទាន់មានផ្សារទំនើបនៅឡើយ ខណៈកំនើនទេសចរណ៍ និងអ្នកវិនិយោគកាន់តែច្រើនបានចូលទៅកាន់ទីក្រុងនេះ”។

កញ្ញាបន្តថា “យើងបានរកឃើញនូវអ្វីជាចំណុចខ្វះខាត យើងរកឃើញមានតម្រូវការ​ផ្សារទំនើបបែបនេះច្រើន ហេតុនេះក្រុមហ៊ុនរបស់យើងសម្រេចចិត្តបំពេញនូវចំណុច​ខ្វះខាតទាំងនេះ”។

តើអតិថិជនអាចទាក់ទងជួលស្តង់ផ្សារទំនើបនេះតាមរបៀបណា? កញ្ញាដាវីនបានឲ្យដឹងថា អតិថិជនអាចទាក់ទងតាមរយៈលេខទូរស័ព្ទ០១១ ២៩៩ ៩៧៥, ០១៦ ៤១​៩៨៩៨៕

ហេតុផល ៦យ៉ាង ដែលអ្នកគួរតែខ្ចីប្រាក់ពីធនាគារមកធ្វើជំនួញតាំងពីវ័យក្មេង

0

ភ្នំពេញ ៖ សម្រាប់ប្រធានបទខាងលើនេះ ជាទូទៅមនុស្សជាច្រើនតែងពិចារណា​ហើយ ពិចារណាទៀត ថាតើគួរបង្កើតបំណុលដើម្បីធ្វើជំនួញដែរឬទេ ? ហើយគួរ​តែ​ធ្វើបែបណាដើម្បីចៀសផុតពីហានីភ័យ ខណៈដែលដើមទុនក្នុងការបង្កើតមុខជំនួញ​ជាបំណុលដែលកម្ចីមកពីគ្រឹះស្ថានហិរញ្ញវត្ថុ ក៏ដូចជាធនាគារនោះ ។ ចម្ងល់មួយនេះ ត្រូវបានលោក ង៉ែត ជូរ អ្នកជំនាញផ្នែកប្រឹក្សា និងវិភាគស្ថានភាពសេដ្ឋកិច្ច ស្រាយ​បង្ហាញ​តាមរយៈការសរសេរ និងបង្ហោះនៅលើទំព័រគណនីផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ៖

១) ធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានវិន័យហិរញ្ញវត្ថុ : ពេលមានបំណុលជាប់ខ្លួនអ្នក​នឹង​យល់ថាអ្នកមានកាតព្វកិច្ច និងទំនួលខុសត្រូវខ្ពស់ក្នុងការសងប្រាក់ទៅ​ម្ចាស់​បំណុល​វិញ។ ដូច្នេះអ្នកនឹងមានវិន័យខ្លាំងក្នុងការចាត់ចែងលុយកាក់។

២) ធ្វើឱ្យអ្នកក្លាយជាមនុស្សកាន់តែមានវិន័យ និងភាពអំណត់ក្នុងការបំពេញការងារ : ពេលខ្ចីប្រាក់មកវិនិយោគអ្នកតែងខ្វល់ខ្វាយពីសុវត្ថិភាពការងារ (Job Security) ក៏ដូចជា​សួរខ្លួនឯងថា តើធ្វើយ៉ាងណាទើបមានការងារល្អជាងនេះ? មានប្រាក់ខែច្រើន​ជាងនេះ ដើម្បីអាចខ្ចីប្រាក់បានច្រើនជាងសព្វថ្ងៃដើម្បីយកទៅវិនិយោគ? ធ្វើយ៉ាងណា​អាច​ទទួលបានចំណេះដឹង-ជំនាញបន្ថែមពីការងារសព្វថ្ងៃដើម្បីយកទៅពង្រឹង​សមត្ថភាព​ក្នុងការវិនិយោគ? សំណួរទាំងនេះជំរុញឱ្យអ្នកបំពេញការងារដោយមិន​ខ្លាចនឿយហត់ ព្រោះជាជីវិតការងារដែលមានបុព្វហេតុ។

៣) ធ្វើឱ្យអ្នកក្លាយជាមនុស្សដែលចេះបង្កើតក្តីស្រម៉ៃសំរាប់ជីវិតជារើយៗ ជីវិតធ្វើ​ការងារ​ជា​បុគ្គលិកយកប្រាក់ខែមិនបានបង្ហាញផ្លូវ ថាតើអ្នកចង់ធ្វើអ្វីឱ្យពិត​ប្រាកដនោះ​ទេ។ អ្នកពិបាកនឹងរកឃើញគោលដៅក្នុងជីវិតណាស់។ តែបើចេះវិនិយោគ អ្នក​ប្រហែល​ជាអាចដកបទពិសោធន៍ជីវិតបានច្រើន អ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ រហូតអាចឈានដល់ការបង្កើតក្តីស្រម៉ៃសំរាប់ជីវិតទៀតផង។ ព្រោះជីវិតអ្នកវិនិយោគ​ត្រូវរៀនសូត្រជានិច្ច ជាពិសេសរៀនសូត្រពីបុគ្គលជោគជ័យនានា។

៤) ធ្វើឱ្យអ្នកចេះវិភាគពីផលចំណេញ-ខាត ហានិភ័យ និង រិះគិតពីដំណោះស្រាយ៖ ពេលអ្នកខ្ចីប្រាក់ពីធនាគារយកមកវិនិយោគ អ្នកអាចសួរខ្លួនឯងថា តើខ្ចីមកអាច​ចំណេញទេចំពោះការប្រាក់ប៉ុណ្ណឹង? ចុះបើខ្ចីប្រាក់ធនាគារមិនបាន តើត្រូវមាន​ដំណោះ​ស្រាយយ៉ាងណាដើម្បីបានប្រាក់មកវិនិយោគ? តើជំរើសនីមួយៗមាន​ហានិភ័យ​អ្វីខ្លះប្រសិនបើការវិនិយោគមិនអាចទទួលបានផលចំណេញដូចការ​រំពឹងទុក? ជួនកាលអ្នកអាចសុំយោបល់ពីអ្នកដទៃ។ អ្នកនឹងទទួលបានបទពិសោធន៍ និងចំណេះដឹងជាច្រើនពីសំណួរទាំងនេះ។

៥) ធ្វើឱ្យអ្នកចេះជ្រើសរើសការសេពគប់ប្រភេទមិត្តភក្រ័ និងសង្គមល្អ: អ្នកបានខ្ចី​ប្រាក់​ពី​ធនាគារយកមកវិនិយោគ ដូច្នេះអ្នកនឹងមិនមានចំណាប់អារម្មណ៍​សេពគប់​មនុស្សដែលធ្វើការដើម្បីតែរស់ និងជីវិតហ៊ឺហារនោះទេ។ គេមានបុព្វហេតុផ្សេង អ្នកមានបុព្វហេតុផ្សេង។ ពេលអ្នកនិយាយពីការវិនិយោគ គេក៏មិនចូលចិត្តស្តាប់ដែរ។ ដូចគ្នា ពេលគេនិយាយពីការទិញទូរសព្ទបង់រំលស់ អ្នកក៏មិនចូលចិត្តដែរ។ អ្នកក៏មិន​និយមរាប់រកសង្គមមនុស្សដែលចូលចិត្តផឹកស៊ីអត់ប្រយោជន៏ដែរ។ អ្នកនឹងនិយម​រាប់អានតែមនុស្សដែលមានកំណើតតែប៉ុណ្ណោះ។

៦) ធ្វើឱ្យអ្នកចំណេញពេលវេលា និងមានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេង: ខ្ចីប្រាមក​វិនិយោគបណ្តើរ ធ្វើការបណ្តើរ ក្រៅពីផលចំណេញផ្នែកហិរញ្ញវត្ថុ អ្នកនឹងអាចសន្សំ​បាន​បទពិសោធន៏ និងចំណេះដឹងជាច្រើន។ ប្រការនេះធ្វើអោយសមត្ថភាពរបស់​អ្នកកាន់តែខ្លាំង។ អ្នកនឹងទទួលបានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេង។ មានមនុស្ស​ជាច្រើនចំណាយពេលក្នុងជីវិតការងារប្រហែលចន្លោះពី៣-៥ឆ្នាំដំបូងសប្បាយហ៊ឺហារនឹងជីវិតនៅលីវ មានប្រាក់ខែចាយ មិនជាប់កម្ចី មិនមានកាតព្វកិច្ច និងវិន័យ​ហិរញ្ញវត្ថុ។ ខ្ញុំមានមិត្តភក្រ័ប្រភេទនេះច្រើន មកដល់ថ្ងៃនេះពួកគេនៅខ្វល់ខ្វាយ​ពីសេរីភាពហិរញ្ញវត្ថុនៅឡើយ។ ពួកគេត្រូវធ្វើការយ៉ាងតិចចន្លោះពី១០-២០ឆ្នាំទៀត។ នេះជាប្រការគួរឱ្យអាណិត ព្រោះឮតែត្អូញត្អែថាធុញថប់នឹងការងារសព្វថ្ងៃណាស់ តែបើឈប់អត់អីចិញ្ចឹមកូនប្រពន្ធ។ល៕

 

ទីក្រុងរណបតម្លៃ ៣០០០លានដុល្លារ ចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍យ៉ាងសកម្ម

0

ដោយ ស៊ីវ ម៉េង

       ភ្នំពេញ៖ ទីក្រុងរណបថ្មីមួយ ដែលមានតម្លៃទុនវិនិយោគ៣០០០លានដុល្លារ ​បានចាប់ផ្តើមសកម្មភាពនៃការអភិវឌ្ឍរបស់ខ្លួនហើយ បន្ទាប់ពីហេដ្ឋារច​នាសម្ព័ន្ឋនានាបានបញ្ចប់ និងមួយចំនួនទៀតបាននិងកំពុងស្ថាបនា។

បច្ចុប្បន្នទីក្រុងរណប ដែលស្ថិតនៅកៀករាជធានីភ្នំពេញជាងគេនេះ បានបញ្ចប់ការស្ថាបនាផ្លូវមេ ដែលលូនកាត់ចំកណ្តាលទីក្រុងនេះ និងកំពុងសាងសង់ផ្លូវមួយទៀត ស្ថិតនៅក្បែរផ្លូវជាតិលេខ៦អា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋមួយ​ចំនួនទៀតផងដែរ។

អគ្គនាយកក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងឲ្យដឹងតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនកំពុងចាប់ផ្តើមបុកគ្រឹះ សាងសង់ការិយាល័យកណ្តាលរបស់ OCIC កំពស់២០ជាន់ នៅក្នុងទីក្រុងរណបជ្រោយចង្វារទីក្រុង នៃអ នាគតហើយ ហើយដើមឆ្នាំក្រោយក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់ផ្ទះល្វែង និងមជ្ឈមណ្ឌលពាណិជ្ជកម្ម រួមមានផ្សារទំនើប អាគារការិយាល័យនៅក្នុងទីក្រុងនេះផងដែរ។

លោកបន្តថា “រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានចាប់ផ្តើមលក់ផ្ទះល្វែង​បណ្តើរៗហើយ ដោយផ្ទះនិមួយៗមានតម្លៃចាប់ពីជាង២០ម៉ឺនដុល្លារអាមេរិក”។

លោកទូច សំណាងបានបន្តថា គំរោងក្នុងដំណាក់កាលទី១នេះមានផ្ទៃដី ជាង៣ហិកតា ប៉ុន្តែយើងមិនទាន់គណនាពីតម្លៃ នៃការវិនិយោគនៅឡើយទេ។លោកបន្តថា ទោះជាយ៉ាងណាបើគិតពីតម្លៃ នៃអាគារការិយាល័យកណ្តាលរបស់គំរោងនេះមានទឹកប្រាក់២០លានដុល្លារអាមេរិក។

តំបន់ជ្រោយចង្វារ និងតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A មានសកម្មភាពអភិវឌ្ឍន៍ខ្លាំង បន្ទាប់ពីស្ពានជ្រោយចង្វារទី២ បានសាងសង់រួចនិងដាក់ឲ្យដំណើរការ។ តំបន់នេះមានបុរីធំៗជាច្រើនកំពុងសាងសង់ ដូចជា បុរីប៉េង ហួត បុរី The Mekong Royal បុរីអ័រគីដេ បុរីឌឹ ផ្លារ៉ា និងបុរីវិមានភ្នំពេញ ដែលសាងសងលំនៅដ្ឋានតម្លៃមធ្យម។

បច្ចុប្បន្នក្រុមហ៊ុន OCIC កំពុងសាងសង់ស្ពានចំនួនពីរ ភ្ជាប់ទៅកាន់តំបន់ជ្រោយចង្វារផងដែរ ដូចជា ស្ពានបាឡេដែលគ្រោងចំណាយពេលសាងសង់៦ខែ និងស្ពានយោងដោយខ្សែកាប ដែលគ្រោងចំណាយរយៈពេលសាងសង់២៤ខែ។

នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cambodia Angkor Real Estate លោកពឹង សេរីបានថ្លែងថា ការអភិវឌ្ឍទីក្រុងរណបថ្មីនេះជារឿងល្អ ព្រោះវានឹងជួយធ្វើ  ឲ្យតម្លៃដីធ្លី និងសកម្មភាពសេដ្ឋកិច្ចនៅតំបន់នោះ កាន់តែមានភាពរីកចម្រើន ពិ​សេសការកសាងទីក្រុងរណបបែបនេះ ក៏ជួយសម្រូលបញ្ហាចរាចរណ៍ និងពង្រា​យប្រជាជនកាន់តែទៅតំបន់ផ្សេងៗច្រើន ដើម្បីកុំឲ្យពួកគេប្រមូលផ្តុំតែមួយកន្លែ​ងធ្វើឲ្យមានការកកស្ទះចរាចរណ៍ និងបំពុលបរិស្ថាន។

លោកបន្តថា “កម្ពុជាត្រូវការទីក្រុងរណបកាន់តែច្រើន ដើម្បីពង្រីកការអភិវឌ្ឍន៍ផង និងជំរុញកុំឲ្យប្រជាពលរដ្ឋប្រមូលផ្តុំតែនៅមួយកន្លែងផង ពិសេសវា​ជួយធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែមានភាពរីកចម្រើន”។លោកបន្តថា “ខ្ញុំគិតថាគំរោងនេះនឹងទទួលបានជោគជ័យ ព្រោះវាជាតំបន់មានលក្ខខ័ណ្ឌអាកាសធាតុល្អ ដោយសារមានទន្លេរពីអមសងខាង”។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Cambodia បានថ្លែងថា ទីក្រុងរណបជ្រោយចង្វារ ជាទីក្រុងស្ថិតនៅកៀករាជធានីភ្នំពេញជាងគេ និងមាន​លក្ខខ័ណ្ឌភូមិសាស្រ្ត និងអាកាសធាតុអំណោយផលបំផុត ដោយសារវានៅជាប់នឹងដងទន្លេ ដែលអំណោយផលដល់ការរស់នៅ។លោកបន្តថា បច្ចុប្បន្នតំបន់នេះ មិនទាន់មានមនុស្សរស់នៅច្រើននៅឡើយទេ ប៉ុន្តែនាពេលអនាគតបន្ទាប់ពី គំរោងអភិវឌ្ឍន៍នានាបានសាងសង់ ចំនួនប្រជាជនចូលទៅរស់នៅទីក្រុងនេះនឹង​កើនឡើងខ្លាំង។

លោកបន្តថា “គំរោងនេះនឹងទទួលបានជោគជ័យ ហើយខ្ញុំជឿជាក់ថាប្រជាជនចាប់អារម្មណ៍ចង់រស់នៅតំបន់នេះច្រើន នាពេលអនាគតឆាប់ៗនេះ”៕

លោក ច្រឹក សុខនីម ៖ ចង់ជោគជ័យលើការលក់អចលនទ្រព្យត្រូវតែមានចំណុចទាំងនេះ …

0

ភ្នំពេញ ៖ នៅពេលបច្ចុប្បន្ននេះ ទីផ្សារអចលនទ្រព្យកំពុងតែមានសកម្មភាពយ៉ាងកក្រើក និងកើតមានស្ទើរពេញផ្ទៃប្រទេសតែម្ដង ជាពិសេស ការលក់ដីដោយការពុះឡូតិ៍តែម្ដង ដែលធ្វើឱ្យមនុស្សកាន់តែច្រើនចាប់អារម្មណ៍ និងចង់រកស៊ីក្នុងវិស័យមួយនេះ ទាំងដែលខ្លួនមិនធ្លាប់មានជំនាញពាក់ព័ន្ធនៅឡើយ។ ចង់ដឹងទេថា បើចង់អភិវឌ្ឍខ្លួនក្នុងនាមជាភ្នាក់ងារលក់ ឬជាអ្នកវិនិយោគដោយផ្ទាល់ ហើយទទួលបានជោគជ័យ គួរមានចំណេះដឹងអ្វីខ្លះជាមូលដ្ឋាន ? សូមស្វែងយល់ទាំងអស់គ្នាជាមួយការចែករំលែកបទពិសោធន៍របស់លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong​ ដែលលោកជាអ្នកជំនាញលើវិស័យមួយនេះ៖

ចំណេះដឹង

ចំណេះដឹង ជាការសំដៅលើការចេះ ប្រមូលព័ត៌មានយ៉ាងទូលាយ និងឱ្យបានគ្រប់ជ្រុងជ្រោយ ។ ​ត្រូវពង្រាយកំលាំងយ៉ាងម៉េចឱ្យបានគ្រប់កន្លែង ដើម្បីអាចទទួលបានព័ត៌មានពាក់ព័ន្ឋក្នុងវិស័យដែលយើងត្រូវផ្តល់សេវាកម្ម ឬវិនិយោគ។

ភាពឆ្លាតវៃ និងសមត្ថភាពផ្ទាល់ខ្លួន

យើងក៏ត្រូវយល់ដឹងពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនយើងជាអ្នកណា មានជំនា​ញបែបណា និងចង់វិនិយោគលើវិស័យអ្វី? ឧទាហរណ៍ថា ចង់វិនិយោគលើដី យើងត្រូវដឹងថាដីកន្លែងណាល្អ និងងាយចំណេញប្រាក់។ ប្រសិនជាមានលុយតិច ហើយចង់វិនិយោគ យើងត្រូវវិនិយោគលើអចលនទ្រព្យណាដែលមានទីផ្សារខ្ពស់ ងាយទទួលបានទុកបង្វិលដើម្បីវិនិយោគទីតាំងផ្សេងថ្មីទៀត និងទទួលបានប្រាក់ចំណេញ បើទោះជាប្រាក់ចំណេញទាំងនោះមានចំណួនតិចក៏ដោយ ចៀសវាងបង្កកទុនចោលមួយកន្លែង។

កសាងទំនុកចិត្ត

ធ្វើជាក្រុមហ៊ុនអចលនទ្រព្យ អ្វីសំខាន់ត្រូវកសាងកេរ្ត៍ឈ្មោះ ព្រោះកេរ្ត៍ឈ្មោះ​ជារឿងចាំបាច់សម្រាប់ជោគជ័យរយៈពេលវែង។ នៅក្នុងក្រុមហ៊ុនCentury 21 Mekong មុនចេញទៅធ្វើការ បុគ្គលិកត្រូវទទួលការបណ្តុះបណ្តាលចំនួន៤ចំណុចជាមុនសិន ដូចជា ជំនាញក្នុងការនិយាយ ជំនាញក្នុងការទំនាក់ទំនងភ្ញៀវ ជំនាញក្នុងការដោះស្រាយបញ្ហារបស់អតិថិជន និងជំនាញក្នុងការទិញ លក់ ជួលដោយជោគជ័យ។

ដូច្នេះដើម្បីធ្វើឲ្យភ្នាក់ងារអចលនទ្រព្យ មានចំណេះ ជំនាញ និងបទពិសោធន៍ដែល​អាចធ្វើការបានក្នុងវិស័យនេះ គឺត្រូវការការបណ្តុះបណ្តាល និងពង្រីកភ្នាក់ងារឲ្យ​បានច្រើន ដើម្បីពង្រីកវិសាលភាពការងាររបស់យើងឲ្យបានទូលំទូលាយ។

រកអ្នកជំនាញជួយ

ប្រសិនជាយើងមិនសូវចេះ និងមិនមានជំនាញ យើងត្រូវធ្វើការប្រឹក្សាយោ​បល់ជាមួយអ្នកជំនាញអចលនទ្រព្យ ដែលមានជំនាញ និងបទពិសោធន៍ដើម្បីផ្តល់តំបូន្មានថា យើងគួរធ្វើយ៉ាងម៉េច រៀបចំយ៉ាងម៉េច ដើម្បីឲ្យការបំពេញការងារ ឬការវិ​និយោគក្នុងវិស័យនេះ មានភាពល្អប្រសើរ និងបញ្ចៀសបាននូវហានិភ័យ។ យើងត្រូវចេះប្រមូលព័ត៌មាន និងផ្តល់ការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីយកព័ត៌មានគ្រប់ជ្រុងជ្រោយ មុនធ្វើការសម្រេចចិត្តថា តើការសម្រេច​ចិត្តរបស់យើងមានភាពត្រឹមត្រូវឬអត់ផងដែរ។

ប្រសិនជាចង់ទិញផ្ទះនៅតាមបុរី ក្រុមហ៊ុន Century 21 Mekong ជាអ្នកមានជំនា​ញលើការងារនេះ និងមានព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលអាចប៉ាវដាច់ក្នុងបុរីនានាដូចជា បុរីប៉េង ហួត បុរីពិភពថ្មី និងបុរីដទៃទៀត ដោយយើងអាចផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ និងអាចទុកចិត្តបាន។

ត្រូវមានឯកទេសអ្វីមួយជាក់លាក់

នៅក្នុងវិស័យអចលនទ្រព្យមានផ្នែកជាច្រើនខុសៗគ្នា​ ហេតុនេះយើងជាភ្នាក់​ងារអចលនទ្រព្យ ឬចង់វិនិយោគក្នុងវិស័យនេះ ត្រូវមានជំនាញអ្វីមួយជាក់លាក់ ទើបយើងអាចធ្វើបានតាមគោល​ដៅរបស់យើង ទទួលបានប្រាក់ចំណេញ និងបញ្ចៀ​សបាននូវហានិភ័យចំពោះមុខ៕

អ្នកជំនាញថា តំបន់ភាគខាងជើងរាជធានីភ្នំពេញកាន់តែលេចធ្លោ

0

ដោយដែន ចែងចាំង

      ភ្នំពេញ៖ ការអភិវឌ្ឍន៍ឆ្ពោះទៅគ្រប់ទិសនៃរាជធានីភ្នំពេញ ដើម្បីពង្រាយរបាយប្រជាជនឲ្យទៅរស់នៅគ្រប់ទិស ស្របតាមផែនការអភិវឌ្ឍន៍ក្រុងសម្រាប់ឆ្នាំ២០​៣៥ ជាអ្វីដែលសាលារាជធានីកំពុងធ្វើ ខណៈល្បឿននៃការអភិវឌ្ឍឆ្ពោះទៅទិសខាងជើង​កំពុងមានល្បឿនគួរឲ្យចាប់អារម្មណ៍។

លោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុន Easy Property Investment Co, Ltd បានថ្លែងឲ្យ Propertyarea.asia ដឹងកាលពីពេលថ្មីៗនេះថា ភាគខាងជើងក្រុងភ្នំពេញបាន និងកំពុងក្លាយជាទីតាំងដ៏មានសក្តានុពល តាមរយៈគំរោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុ​ងធ្វើឡើង និងការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលកាន់តែច្រើន និងកាន់តែមានរបៀបរៀបរយ។លោកបន្តថា គំរោង AEON MALL ទី២ បានលើកស្ទួយ​តំបន់ភាគខាងជើងឆៀងខាងលិចយ៉ាងសំបើម ដែលធ្វើឲ្យតំលៃដីធ្លីនៅតំបន់នោះឡើងថ្លៃខ្ពស់គួរឲ្យកត់សំគាល់។

លើសពីនេះតំបន់ភាគខាងជើងឆៀងខាងលិច ជាតំបន់ដ៏ទាក់ទាញ ប្រៀបបាន​ដូចជាគ្រាប់ពេជ្រ ដោយសារតំបន់នេះមានការភ្ជាប់ផ្លូវជាតិធំៗចូលមកកាន់រាជធានីភ្នំពេញ ទាំងផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨ សុទ្ឋ តែជាផ្លូវឬសសៃឈាមសេដ្ឋកិច្ចចូលមកកាន់រាជធានីភ្នំពេញ។

លោក ម៉ម សិរីបញ្ញា បានបន្តថា តំបន់ដែលមានទន្លេព័ទ្ឋជុំវិញនេះ ជាទីតាំងដ៏​ល្អបំផុតសម្រាប់វិនិយោគ ជាក់ស្តែងនៅតាមបណ្តោយផ្លូវជាតិលេខ៦ មានគំរោងទី​ក្រុងរណបជាច្រើនកំពុងសាងសង់ ដូចជា ទីក្រុងរណបជ្រោយចង្វារដែលគ្រោងបោះទុនវិនិយោគ១៦០០លានដុល្លារ ទីក្រុងរណបនៃគំរោងអ័រគីដេវីឡា និងទីក្រុងរណបមិត្តភាពកម្ពុជា ចិន (CHINA TOWN)នៅតំបន់ទីក្រុងរណបតេជោមរកត ដែលមានតំលៃវិនិយោគ រហូតដល់១៥០០លាន​ដុល្លារអាមេរិក និងបុរីមួយចំនួនទៀ​ត​កំពុងឆ្ពោះទៅកាន់តំបន់នេះ។

លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋ សណ្ឋានដីល្អ និងលក្ខខ័ណ្ឌអាកាសធាតុអំណោយផល មិនមានការបំពុលពីផ្សែងរោងចក្រ សហគ្រាសនានា នឹងធ្វើឲ្យតំបន់ភាគខាងជើងកាន់តែមានភាពរសរវើកនាពេលអនាគត”។លោកបន្តថា “ខ្ញុំជឿជាក់​ថាតំបន់នេះនឹងក្លាយជាប៉ូលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងលំនៅដ្ឋានដ៏រសរវើក និងទាក់ទាញថ្មីមួយទៀត សម្រាប់ក្នុងភ្នំពេញនាពេលអនា​គត​”។

ក្នុងផែនការមេ ទីក្រុងភ្នំពេញពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣៥ សាលារាជធានីភ្នំពេញមានគោ​លដៅ ពង្រីកការអភិវឌ្ឍន៍ទៅគ្រប់ទិសទាំងបួន នៃរាជធានីភ្នំពេញ ដោយសារពី​មុន មកការអភិវឌ្ឍន៍បានរីកខ្លាំងទៅភាគខាងលិច និងខាងជើងក្រុងភ្នំពេញ ដែលធ្វើ​ឲ្យចំនួនប្រជាពលរដ្ឋចូលទៅរស់នៅតំបន់នោះច្រើន ដោយមើលឃើញបែបនេះទើប​អាជ្ញាធរក្រុងបានពង្រីកការអភិវឌ្ឍន៍ទៅភាគខាងត្បូង និងភាគខាងកើតរាជធានីភ្នំពេញ ដើម្បីកុំ​ឲ្យប្រជាជនរស់នៅប្រមូលផ្តុំតែមួយកន្លែង ដែលនាំឲ្យមានបញ្ហាបរិស្ថានសង្គម និងធ្វើឲ្យមានការពិបាកគ្រប់គ្រង។នេះបើតាមលោក​មាន ចាន់យ៉ាដាអភិបាលរងក្រុងភ្នំពេញលើកឡើង។

លោកបន្តថា “ប្រសិនជាមើលទៅភាគខាងជើងរាជធានី វាជាតំបន់មានការអភិវឌ្ឍន៍ខ្លាំងលើវិស័យលំនៅដ្ឋាន ពាណិជ្ជកម្មខ្លាំងនាពេលអនាគត”៕

ស្វែងយល់ពីអាស៊ាន! ទៅទស្សនាអាគារខ្ពស់មួយនៅទីក្រុងណាណូយប្រទេសវៀតណាម

0

ដោយវុត្ថា

ភ្នំពេញ៖ ប្រទេសវៀតណាមជាប្រទេស ត្រូវបានគេចាត់ទុកថាជាប្រទេសមាន សេដ្ឋកិច្ចលូតលាស់មួយក្នុងតំបន់អាស៊ាន ទាំងវិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់ផងដែរ។

គេហទំព័រ propertyarea.asia នឹងបន្តលើកយកអគារមួយទៀត នៅក្នុងប្រទេសវៀតណាម ដើម្បីចុះផ្សាយអោយអ្នកអានបានស្វែងយល់ ពីការលូតលាស់នៃវិស័យសំណ​ង់ក្នុងប្រទេសមួយនេះ និងបណ្តាប្រទេសនានាផ្សេងទៀត ទាំងនៅក្នុងតំបន់និងពិភពលោក។

អគារ AON Hanoi Landmark Tower ឬ គេហៅថា អគារ AON Landmark 72 គឺជាអាគររប្រើប្រាស់រួម មានកំពស់ខ្ពស់កប់ពពកមួយស្ថិតនៅក្នុងតំបន់ Pham Hung ទីក្រុងហាន់ណូយប្រទេសវៀតណាម។ អគារនេះជាអគារប្រើប្រាស់រួមដែលមានកំពស់៧២ជាន់ និង៣៥០ ម៉ែត្រ និងមានសណ្ឋាគារភ្លោះនៅជាន់ទី៤៨។  វាត្រូវបានសាងសង់នៅលើទំហំដី៤៦, ០៥៤ ម៉ែត្រការ៉េ។

អ្នកវិនិយោគ រួមជាមួយនាយកប្រតិបត្តិ និងអ្នកប្រតិបត្តិការ គឹមកពីក្រុមហ៊ុនកូរ៉េ ខាងត្បូងដែលមានឈ្មោះថា Keangnam Interprises, Ltd ដោយបានបោះទុនវិនិយោគអស់ថវិកាប្រហែល១,០៥ ពាន់លានដុល្លារ។

អគារនេះមានសណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះថា InterContinental  មានការិល័យធ្វើការ កន្លែងកម្សាន្ត ការិយាល័យជួល ក្លីនិក និងមជ្ឈមណ្ឌលតាំងពិពរណ៍។ក្រុមហ៊ុន Keangnam Interprises, Ltd  បានកាន់ភាគហ៊ុនផ្ទាល់ខ្លួន៧០ភាគរយនៃអគារនេះ។

ក្នុងអំឡុងឆ្នាំ ២០០៨ ក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងជាមួយម្ចាស់ក្រុមហ៊ុន InterContinental Hotels Group វិនិយោគសណ្ឋាគារចំនួន៣៥៩បន្ទប់ក្រោមស្លាកសញ្ញា InterContinental Hanoi Landmark 72 ចាប់ពីជាន់ទី៩ ដល់ជាន់ ៦២ ហើយចាប់ពីជាន់ទី៦៣ដល់ជាន់ ៧០ គឺកន្លែបក្លិប និងកន្លែងលំហែកាយ។

អាគារនេះត្រូវបានគេចុះ ក្នុងកំណត់ត្រាដែលជាអគារខ្ពស់ជាងគេ ចាប់ពីឆ្នាំ ២០១១ ដល់ ឆ្នាំ២០១៨នេះនៅក្នុងប្រទេសវៀតណាម និងខ្ពស់ជាងអគារ Landmark 8 បន្ទាប់ពីបើកសម្ភោធដាក់អោយដំណើរជាផ្លូវការក្នុងឆ្នាំ២០១១កន្លងមកនេះ៕

ឧកញ៉ានួន រិទ្ធី៖បង្ហើបពីវិធីសាស្រ្តទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យ

0

ដោយស៊ីវ ម៉េង

       ភ្នំពេញ៖ ប្រឡូកក្នុងវិស័យអចលនទ្រព្យអស់រយៈពេល១២ឆ្នាំ លោកឧកញ៉ានួន រិទ្ធី ទទួលបានជោគជ័យយ៉ាងឆាប់រហ័សក្នុងអាជីពរបស់ខ្លួន ដោយសារលោកធ្វើការ​ប្រកប ដោយឆន្ទៈ ភាពស្មោះត្រង់ និងផ្តល់ទំនុកចិត្តដល់អតិថិជន។

លោកឧកញ៉ានួន រិទ្ធីជាអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal (KFA)ជាក្រុមហ៊ុនផ្តល់សេវាកម្មសិក្សាគំរោងប្លង់ ឌីសាញ ការសិក្សាពីគំរោងនៃការវិនិយោគ សាងសង់ ផ្តល់ជាទីប្រឹក្សានិងដៃគូវិនិយោគ ព្រមទាំងផ្តល់សេវាកម្ម​ទិញលក់ជួលអចលវត្ថុផងដែរ។

ចាប់ផ្តើមការងារពីបុគ្គលិកធម្មតាមួយរូប ក្នុងក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះមួយនៅទីក្រុងភ្នំពេញ  លោកឧកញ៉ាបានទទួលការដំឡើងដំណែងយ៉ាងលឿន នៅក្នុងក្រុមហ៊ុននោះ ដោយសារទេពកោសល្យរបស់លោក ហើយបន្ទាប់មកលោកទទួលបានជោគ ជ័យយ៉ាងឆាប់រហ័សទាំងកេរ្ត៍ឈ្មោះ និងធនធាន។

តើកត្តាអ្វីខ្លះដែលធ្វើឲ្យលោកឧកញ៉ាទទួលបានជោគជ័យ លោកឧកញ៉ាបាន​មានប្រសាសន៍ថា ដោយសារលោកមើលឃើញអាជីពនេះ ជាអាជីពមិនសូវប្រើប្រា​ស់ដើមទុនច្រើន និងជាអាជីពដែលទាមទារត្រឹមភាពប៉ិនប្រសព្វ ឧស្សាហ៍ព្យាយាម​ និងអាចធ្វើអ្វីឲ្យគេមានទំនុកចិត្ត ទើបលោកសម្រេចចិត្តចូលប្រឡូកក្នុងវិស័យនេះ ព្រោះវិស័យនេះជាបណ្តុំព៌តមាន និងបណ្តុំលុយ តាមរយៈការផ្តល់សេវាកម្មលក់ផ្ទះ លក់ដី សេវាកម្មទិញ លក់ ជួល និងចំណេញប្រាក់ងាយស្រួល។

លោកបន្តថា “ចង់ទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីអតិថិជន យើងត្រូវចេះដាក់ខ្លួនឲ្យគេប្រើប្រាស់ ធ្វើការងារដោយម៉ត់ចត់ ប្រុងប្រយ័ត្ន និងធ្វើឲ្យ​អស់លទ្ឋភាពជាមួយភាពស្មោះត្រង់។ ជោគជ័យឬមិនជោគជ័យ យើងត្រូវមានហេតុផលសមរម្យឲ្យគេទទួលយកបាន ក្នុងនាមជាអ្នកផ្តល់សេវាកម្មឲ្យគេ”។លោកបន្តថា “ធ្វើការងារក្នុងវិស័យនេះ គឺធ្វើការជាមួយអ្នកមានលុយច្រើន ដូច្នេះយើងត្រូវនាំ​លាភ និងស្នាមញញឹមដល់ពួកគាត់ មិនប្រកាន់ខ្លួន មិនប្រកាន់ការងារនិងត្រូវឆ្លាតវៃ និងមិនត្រូវធ្វើអ្វីឆិនឆៃ ធ្វើឲ្យអតិថិជនបាត់បង់ទំនុកចិត្តឡើយ”។

ការបង្កើតក្រុមហ៊ុនជារឿងងាយស្រួលមួយ ប៉ុន្តែដើម្បីឲ្យក្រុមហ៊ុនទទួល​បាន​ជោគជ័យដោយនិរន្តរភាព មិនមែនជារឿងសាមញ្ញនោះទេ តើលោកឧកញ៉ាមានយុទ្ឋសាស្រ្តអ្វីដើម្បី រក្សាភាពជោគជ័យប្រកបដោយនិរន្តរភាព លោកឧកញ៉ានួន រិទ្ធីបានថ្លែងថា ការ​ងាររកស៊ីធំបំផុត គឺត្រូវមានបណ្តាញ ដោយផ្តោតសំខាន់លើចំណុចសំខាន់ៗមួយចំនួន​ដូចជា ទី១ ត្រូវកសាងមិត្ត ប៉ុន្តែដើម្បីកសាងមិត្តបានល្អ ត្រូវមានភាពរ៉ឹងមាំក្នុងគ្រួ​សារជាមុនសិន ទី២ ក្នុងបរិយាកាសការងារ យើងត្រូវដើរតួនាទីជាអ្នកសម្របសម្រួ​ល និងធ្វើជាផ្នែកមួយនៃការងាររបស់ដៃគូ ទី៣ ព្យាយាមស្គាល់អ្នកខាងក្រៅពីតូចទៅធំ ដូចជាទឹកហូរហូរពីខ្ពស់មកទាប តែមនុស្សត្រូវធ្វើពីតូចទៅធំ ទី៤ ពេលមានឳកាសផ្តល់សេវាកម្មដល់អតិថិជន យើងត្រូវផ្តល់សេវាកម្មប្រកបដោ​យភាពស្មោះត្រង់ ធ្វើខ្លួនឲ្យគេចូលចិត្ត បើយើងមិនអាចធ្វើបែបនេះបានទេ យើងមិន​ងាយចាប់ការងារបាននោះទេ និងទី៥ ត្រូវមានចិត្តបើកទូលាយ ព្រោះជោគជ័យនឹង​ប្រយោជន៍ បែកក៏ដោយសារផលប្រយោជន៍។

ជាមួយនឹងសម្តីមួយៗ ប្រកបដោយទំនុកចិត្ត និងមានភាពម៉ឺនម៉ាត់លោកឧកញ៉ានួន រិទ្ធីបានបន្តថា “ការរក្សាជោគជ័យ និងថែរទាំជំនួញជាការពិបាក និងក៏ងាយបរាជ័យផងដែរ ហេតុនេះយើងត្រូវប្រកាន់នូវពាក្យបី គឺឆ្អែតរក្សាឃ្លាន មានរក្សាខ្សត់និងខ្ពស់រក្សាទាប”។ លោកបន្តថា “ពេលយើងមានបានហើយកុំភ្លេច ប្រភពថា យើងមកពីណា កុំភ្លេចសារជាតិ និងត្រូវចេះចែករំលែកតាមធនធានរបស់​យើងមាន”៕