មូលហេតុនៅពីក្រោយការដួលរលំផ្សាររាត្រីកុងទីណ័រនានានៅក្រុងភ្នំពេញ

0

ដោយវុត្ថា


​ភ្នំពេញ : បន្ទាប់ពីផ្សាររាត្រីកុងទីណ័រJet Container ដំបូងគេនៅក្រុងភ្នំពេញ ទទួល​បានជោគជ័យ អ្នកវិនិយោគនានាបានចាប់ផ្តើមបើកដំណើរការផ្សាររាត្រីកុងទីណ័រតាមគ្នាយ៉ាងច្រើនដូចពពុះសាប៊ូមួយរយៈ ពេលនេះផ្សារទាំងនោះបានចាប់ផ្តើមបិទទ្វារ ដោយ​សារមូលហេតុជាច្រើន។


វាសនាផ្សាររាត្រីកុងទំណ័រនៅក្នុងមជ្ឈមណ្ឌលភ្នំពេញ(បឹងកក់) បានបិទទ្វារដំបូងគេ និងបន្តបិទជាបន្តបន្ទាប់ ដូចជា ផ្សាររាត្រីកុងតឹន័រភូមិមូល និងផ្សាររាត្រីកុងទីណ័រនៅជិតគ្នា​នោះក៏បានបិទទ្វារ ហើយជាបន្តមកទៀតផ្សារាត្រីកុងទំណ័រស្ថិតនៅលើផ្លូវសុធារស ភាគខាងត្បូងផ្សារទំនើបAEON MALL១ និងចុងក្រោយគេផ្សាររាត្រីកុងទំណ័រទី១ដែលនៅជិតស្ថានទូតរុស្សី​ ស្ថានទូតអូស្ត្រាលី និងនៅជិតវិមានរដ្ឋសភាដែលធ្លាប់បានបើកដំណើរការអស់រយៈពេល២ឆ្នាំ មានទាំងការលក់ភេសជ្ជៈគ្រប់ប្រភេទ វត្ថុអនុស្សាវរីយ៍ ខោអាវ ព្រមទាំងម្ហូមអាហារជាច្រើនមុខក៏កំពុងចាប់ផ្តើមបិទទ្វារផងដែរ។


លោកឆាយ សុភ័ណ្ឌ ប្រធានគ្រប់គ្រងផ្សាររាត្រីកុងតឺន័រដំបូងគេនៅក្រុងភ្នំពេញបានអះអាងថា ដោយសារតម្លៃដីខ្ពស់ពេកនេះ ហើយបានធ្វើអោយក្រុមហ៊ុនបិទលែងដំណើរការ ហើយខាងក្រុមហ៊ុងកំពុងតែវាយកម្ទេចនូវតូបនានា បន្ទាប់ពីម្ចាស់តូបបានរើសឥវាន់ចេញអស់រួចរាល់។លោកបន្តថា ខាងម្ចាស់ដី(ក្រុមហ៊ុន Royal Group) របស់លោកឧញ៉ាគិតម៉េង នឹងយកដីនេះ ទៅសាងសង់អគារពាណិជ្ជកម្មផ្សេងៗ តែមិនទាន់ច្បាស់សាងសង់អ្វីនោះទេ។​


​​តាមរបាយការណ៍បង្ហាញថា តម្លៃ​អច​លន​ទ្រព្យ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​ប្រ​ចាំ​ឆ​មាស​ទី​ ១ មានតម្លៃ​​​ដីធ្លីនៅក្នុងតំបន់នេះ ​មាន​តម្លៃ​ចន្លោះ​​ពី​ ៣,៥០០​ ដុល្លារ​ទៅ​ដល់ ៦,០០០ ​ដុល្លារ​ក្នុង១​ម៉ែត្រ​កា​រ៉េ​។


​អ្នកវិនិយោគក្នុងស្រុកមួយរូប ដែលបានបើកផ្សារកុងទំណ័រនៅក្នុងសង្កាត់ភ្នំពេញថ្មីបានអះអាងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា មូលហេតុនៃការបិទទ្វារផ្សារកុងទំណ័ររបស់ខ្លួន ដោយសារមូលហេតុជាច្រើន ព្រោះផ្សាររាត្រីជាផ្សារដែលផ្តោតលើអ្នកមានជីវ​ភាពកម្រិតខ្ពស់ ព្រោះការលក់ម្ហូបអាហារ និងភេសជ្ជៈនៅផ្សារទាំងនោះមានតម្លៃថ្លៃ ដោ​យសារតែអ្នកជួលតូបលក់មានតម្លៃ​ថ្លៃ។


​លោកបន្តថា “ផ្សារកុងទំណ័រមិនមានផាសុខភាពទេ មិនផ្តល់ជម្រើសអាហារច្រើន​សម្រាប់អ្នកទទួលទានទេ”។លោកបន្តថា “តើប្រជាជនប៉ុន្មានភាគរយនៅក្រុងភ្នំពេញ ដែ​លមានលទ្ឋភាពចំណាយលើអាហារមួយចាន៥ដុល្លារ ប៊ឺយ៉ែរ១ដបតម្លៃ៣ទៅ៣,៥ដុល្លារ​អាមេរិកជាប្រចាំ នេះជាមូលហេតុដែលអតិថិជន មិនអាចជួយស្រោចស្រង់ផ្សារទាំងនោះ​បាន”។


អ្នកផ្គត់ផ្គង់ស្រាបៀរពីក្រៅប្រទេសមួយរូប បានលើកឡើងពីមូលហេតុផ្សេងមួយទៀតទាក់ទងនឹងការបិទផ្សារទាំងនោះថា ម្ចាស់ផ្សាររាត្រីកុងទីណ័រមួយចំនួនបានអនុញ្ញា​ត្តឲ្យក្រុមហ៊ុនស្រាបៀរ លក់ផ្តាច់មុខផលិតផលរបស់ពួកគេ ដែលធ្វើឲ្យក្រុមហ៊ុនានានមិន​អាចលក់បាន ដែលជាការមិនផ្តល់ជម្រើសដល់អតិថិជន ទើបផ្សារទាំងនោះបានបិទទ្វារជាបន្តបន្ទាប់។


អគ្គនាយកក្រុមហ៊ុនVTRUST GROUPលោកគុយ វ៉ាតដែលជាម្ចាស់ភោជនីយ​ ដ្ឋានPark Cafeផងដែរនោះបានថ្លែងថា ការធ្វើអាជីវកម្មតាមគ្នា ប្រឈមនឹងហានិភ័យខ្ពស់ក្នុងការក្ស័យទុន ដោយសារអ្នកទាំងនោះមិនមានជំនាញត្រឹមត្រូវ ហើយធ្វើតាមគ្នា។​

លោកបន្តថា ជាក់ស្តែងមានភោជនីយដ្ឋានរាប់រយនៅលើផ្លូវជាតិលេខ៦អា បន្ទាប់ពីស្ពាន​ជ្រោយចង្វារទី១សាងសង់ចប់ ប៉ុន្តែពេលនេះតើភោជនីយដ្ឋានប៉ុន្មាន ដែលបាននៅបន្តបើកដំណើរការ។
លោកបន្តថា “អ្នកវិនិយោគមិនគួរវិនិយោគតាមគ្នា ដោយគ្មានជំនាញ​និងសិក្សាទី​ផ្សារឲ្យបានច្បាស់លាស់នោះទេ”៕

OCICវិនិយោគគំរោង Food Palace នៅក្នុងទីក្រុងរណបជ្រោយចង្វារ

0

ដោយ : គង់ សូរិយា

ភ្នំពេញ : ក្រុមហ៊ុន OCICដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុកដ៏ធំ នឹងបើក​ដំណើរ​ការ​ទីតាំងលក់អាហារដ៏ធំមួយដែលស្ថិតនៅលើផ្ទៃដីប្រមាណ២ហិកតា​នៅក្នុងទីក្រុងរណបជ្រោយចង្វារ។

នាយកគ្រប់គ្រងគំរោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារលោក ម៉ី សារិន បានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថាគម្រោងនេះបាន​និងកំពុងដំណើរការ​សាងសង់ ដែលគ្រោងនឹងបើកដំណើរការនៅពេលឆាប់ៗ​នេះ។គំរោងនេះស្ថិតនៅទល់មុខនឹងសួនដាយណូស័រ ដែលគ្រោងនឹង​បើក​ដំណើរការក្នុងពេលដំណាលគ្នា។ លោកបន្តថា Food Palace នឹងជាទីតាំងលក់​អាហារចម្រុះ ដែលមានអាហារបែបអាស៊ីនិងអាហារបែបអឺរ៉ុប។

 លោកបន្តថា“គំរោងនេះនឹងផ្តល់ឲ្យអតិថិជននូវលក្ខណៈពិសេសមួយ ដែលពួក​គេអាចដើរជ្រើសរើសអាហារដោយសេរីដោយយើងនឹងផ្តល់កន្លែងអង្គុយទទួលទានសំរាប់ពួកគេ និងផ្តល់នូវបរិយាកាសទទួលទានអាហារដ៏រីករាយ”។លោក​បន្តថា “រហូតមកទល់​ពេលនេះស្តង់លក់អាហារត្រូវបានអតិថិជនជួលអស់​ប្រមាណ​៨០ភាគរយរួចហើយ”។

អ្នកគ្រប់គ្រងគំរោង FoodPalace បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះថា គម្រោង FoodPalace នឹងបើកដំណើរការនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។

ទីក្រុងរណបជ្រោយចង្វារ ស្ថិតនៅលើផ្ទៃដីទំហំជាង១០០ហិកតាដែល​ទីក្រុង​នេះ​នឹងត្រូវអភិវឌ្ឍន៍ជាទីក្រុបបែប Smart City និងជាទីក្រុងពាណិជ្ជកម្មដោយ​គ្រោង​ចំណា​យទុនវិនិយោគ៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមការ​ឲ្យ​ដឹងពីលោក ទូចសំណាង អគ្គនាយករងក្រុមហ៊ុន OCIC កាលពីពេលថ្មីៗ​នេះ។      លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់អាគារការិយាល័យ​កណ្តាលរបស់ OCIC កំពស់២០ជាន់និងគំរោងលំនៅដ្ឋានបែបពាណិជ្ជកម្ម​បណ្តើរៗហើយ ដែលគម្រោ​ងនេះស្ថិតក្នុងដំណាក់កាលទី១នៃគំរោងជាច្រើន​ដំណាក់កាលទៀត៕

សម្តេចតេជោ នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានអាគារភ្លោះ ThaiBunrong

0

ដោយ : ស៊ីវ ម៉េង

ភ្នំពេញ:ខណៈប្រជាជនកម្ពុជាទន្ទឹងរង់ចាំវត្តមានអាគារពាណិជ្ជកម្មភ្លោះខ្ពស់ជាង​គេនៅលើពិភពលោក ១៣៣ ជាន់ ស្មើនឹងកំពស់ ៥៦១ម៉ែត្រ ត្រូវបាន​ស្ថាបត្យករ​គូរប្លង់អាគារនេះបានបង្ហើបថាសម្តេច តេជោ ហ៊ុន សែន នាយ​ក​រដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគារពាណិជ្ជកម្មលំដាប់ពិភពលោកនេះនាពេលខាងមុខនេះ។

 លោកសាស្រ្តាចារ្យ ទួស សាភឿន មន្រ្តីជាន់ខ្ពស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង និងជាស្ថាបត្យ​ករចូលរួមគូរប្លង់អាគារកប់ពពកនេះបានឲ្យដឹងថា សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការ​ចូលរួមសម្ភោធបើកការដ្ឋានសាងសង់អាគារនេះនាពេលខាងមុខខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងជីកជញ្ជាំងទប់ដីនិងសិក្សាពីគ្រឹះរបស់អាគារនេះ ដែលអាចការពារការរញ្ជួយដីបានកម្រិត៩វិកទ័រ។

​លោក​បន្តថា“អាគារនេះមិនបានផ្លាស់ប្តូរពេលវេលាក្នុងការសាងសង់នោះទេ តែលោកទទួលស្គាល់ថាគំរោងនេះ ពិតជាបានផ្លាស់ប្តូរដៃគូវិនិយោគ”។លោកបន្តថា “គំរោង​អាគារនេះ និងស្ថាបត្យកម្មដើមមិនបានផ្លាស់ប្តូរទេគឺ​យើងនៅតែរក្សាទម្រង់អាគារចាស់​ដដែល”។ លោកសាស្រ្តាចារ្យ ទួស សាភឿន បានបន្តថាគំរោងស្ថាបត្យកម្មថ្មីដែលបានបង្ហា​ញនូវទម្រង់អាគារថ្មីមិនមែន​ជា​រូបភាពអាគារនេះនោះទេ តែនោះជាគំរោងដែលបានគូរឡើងដោយនិស្សិតមួយ​ក្រុមប៉ុណ្ណោះព្រោះយើងមិនផ្លាស់ប្តូរទម្រង់អាគារនេះទេ​។

មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក THAIBUNRONGTWIN TOWER នឹងសាងសង់លើផ្ទៃដីជិត៦ហិកតា ស្ថិតក្នុងសង្កាត់ចតមុខរាជធានីភ្នំពេញ។ នៅពេលសាងសង់ចប់ វានឹងជាអាគារពាណិជ្ជកម្មភ្លោះកប់ពពកខ្ពស់ជាង​គេនៅលើពិភព​លោកព្រោះបច្ចុប្បន្នបណ្តាប្រទេសនានា ក្នុងពិភពលោក​សាងសង់​អាគារកប់ពពកជាប្រភេទអាគារទោលប៉ុណ្ណោះដូចជា Burj Khalifar មានកំពស់៨២៨ម៉ែត្រ SheihaiFinancial Tower កំពស់ជាង៦០០ម៉ែត្រ ជា​អាគារ​ទោល គឺមានតែអាគារភ្លោះ PetronasTwin Tower នៅប្រទេស​ម៉ាឡេស៊ី​ប៉ុណ្ណោះជាប្រភេទអាគារភ្លោះមានកំពស់ខ្ពស់ជាងគេដែលមានកំពស់​ជាង៤០០ម៉ែត្រនាពេលបច្ចុប្បន្ននេះ៕

បុណ្យសមុទ្រ : សណ្ឋាគារ និងផ្ទះសំណាក់នៅកោះកុងត្រូវបានកក់អស់ហើយ

0


ដោយ : គង់ សូរិយា

ភ្នំពេញ : ខណៈបុណ្យសមុទ្រជិតឈានមកដល់ សណ្ឋាគារ ផ្ទះសំណាក់ នៅក្នុងខេត្តកោះកុង មកដល់ថ្ងៃនេះ ត្រូវបានអ្នកទេសចរកក់អស់ហើយ ក៏ប៉ុន្តែទោះបីជាមានការកក់បន្ទប់ស្នាក់នៅអស់ក៏ដោយ ក៏អាជ្ញាធរជំរុញដល់ពលរដ្ឋ អ្នកទេសចរ អញ្ជើញមកលេងខេត្តកោះកុងឲ្យបានច្រើន ព្រោះមានបន្ទប់ប្រមាណ៦០០បន្ទប់ត្រៀមទទួលនៅប្រទេសថៃ។

យោងតាមការឲ្យដឹងពីមន្រ្តីទេសចរណ៍ខេត្តបានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១១ ខែធ្នូ នេះ សណ្ឋាគារ ផ្ទះសំណាក់ ត្រូវបានកក់អស់ទាំងស្រុង តែសម្រាប់រមណីយដ្ឋាន​ស្នាក់នៅ​កម្សាន្តនានានៅខេត្តកោះ​កុងជាច្រើនទៀត ត្រូវបានពលរដ្ឋអ្នកទេសចរកក់ទុកស្ទើរតែ១០០ភាគរយ សម្រាប់​ស្នាក់​នៅ​គ្មាន​សល់ រួមមកលេងកម្សាន្តនៅថ្ងៃបុណ្យសមុទ្ររយៈពេល៣ថ្ងៃ។

ម្ចាស់ផ្ទះសំណាក់មួយរូបបានឲ្យដឹងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការកក់បន្ទប់ផ្ទះសំណា​ក់ និង​សណ្ឋាគារ​នេះ ធ្វើឡើងតាមរយៈទូរស័ព្ទ និងតាមវេបសាយរបស់​សេវា​កម្ម​ស្នាក់​នៅជាង១​ខែ​មុន​​មកម្ល៉េះ។ រីឯតម្លៃ​បន្ទប់​ស្នាក់​វិញ ត្រូវបានម្ចាស់សណ្ឋាគារ និងផ្ទះសំណាល់ តម្លើងគួរសមផងដែរ ត្បិតក្រសួងទេសចរណ៍​ស្នើមិនឱ្យ​តម្លើង​ថ្លៃ​យ៉ាង​ណាក៏ដោយ។

ទោះ​បី​ជាមានការកក់បន្ទប់ស្នាក់នៅអស់ក៏ដោយ ក៏រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន និងលោកជំទាវ មិថុនា ភូថង អភិ​បាល​ខេត្តកោះកុង ជំរុញដល់ពលរដ្ឋអ្នកទេសចរដែលមានបំណងចង់​មកលេ​ងខេត្ត​កោះ​កុងថ្ងៃបុណ្យសមុទ្រ​ គឺអាច​​​មកបាន ដោយសារតែមានបន្ទប់ស្នាក់នៅប្រមាណ៦០០បន្ទប់ផ្សេងទៀត ដែលបាន​ត្រៀមទទួលរួច​ជាស្រេច​នៅ​ស្រុក​ខ្លងយ៉ៃ ខេត្ត​ត្រាត ប្រទេសថៃ។ ករណីខ្វះទីតាំងស្នាក់នៅរបស់ពលរដ្ឋអ្នកទេសចរជាតិ និងអន្តរជាតិ។

 នៅខេត្តកោះកុង មានសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជិត២០០ទីតាំង ស្មើនឹង១ពាន់​៨០០​បន្ទប់ ដែលចំនួននេះ មិនរាប់បញ្ចូលក្លឹបកម្សាន្ត ខារ៉ាអូខេ និងកន្លែងម៉ាស្សានោះឡើយ។ ពិធីបុណ្យសមុទ្រលើកទី​៧ ជុំទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ដល់១៦ ខែធ្នូ ចុងសប្តាហ៍នេះ ក្រោមប្រធានបទ « ឆ្នេរស្អាត ពលរដ្ឋរមណីយ» ។

ពិធីបើកជាផ្លូវការនៅល្ងាចថ្ងៃទី១៥ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕

បុរីលំនៅដ្ឋានតម្លៃជាង២០លានដុល្លារនឹងបង្ហាញរូបរាងនៅតំបន់ព្រៃទទឹងផ្លូវជាតិលេខ៣

0

ដោយ : រ៉ាវី
ភ្នំពេញ: អ្នកវិនិយោគក្នុងស្រុក និងក្រុមតារាចម្រៀងល្បីឈ្មោះនៅកម្ពុជាបានសម្រេ​ចបោះទុន២០លានដុល្លារ ដើម្បីសាងសង់លំនៅដ្ឋានប្រណីតមួយ នៅតំបន់ផ្សារព្រៃទទឹង ស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ៣។


លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលគេស្គាល់ថាជាអ្នកជំនួញវិស័យអចលនទ្រព្យបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា មិនយូរទៀតទេ តំបន់ខាងលើនេះនឹងអភិវឌ្ឍរូបរាងពីដីព្រៃ ដីវាលស្រែទៅជាទីប្រជុំជន និងជាសំណង់លំនៅដ្ឋានព្រោងព្រាតជាមិនខាន។

លោកបន្តថា បន្ទាប់ពីទទួលជោគជ័យលើគម្រោងសាងសង់បុរីរបស់លោកជាច្រើនទីតាំងរួចមក ពេលនេះលោកបានសម្រេចបោះទុន អភិវឌ្ឍតំបន់ខាងលើបន្តទៀត ដែលក្នុងនោះរួមមានការពុះដីឡូតិ៍ និងការសង់លំនៅដ្ឋានបែបវីឡា។


លោកឧកញ៉ាបន្តថា “អ្វីថ្មី និងប្លែកមិនធ្លាប់មានពីមុនមកនោះ គឺនៅក្នុងគម្រោងដែលទើបតែចាប់ផ្ដើមខាងលើនេះ ក្រៅពីទុនផ្ទាល់ខ្លួន គឺមានវត្តមានរបស់តារាចម្រៀងល្បីឈ្មោះ២រូប គឺលោកព្រាប សុវត្ថិ និងលោក ខេមរៈ សេរីមន្ត ដែលអ្នកទាំង២ ក៏ជាម្ចាស់ទុនលើគម្រោងនេះដែរ”។


លោកព្រាប សុវត្ថិ ដែលទើបតែក្លាយជាអ្នកជំនួញអចលនទ្រព្យថ្មីថ្មោងនោះ បានបង្ហាញពីភាពជឿជាក់ថា លោកមិនព្រួយបារម្ភរឿងជួបហានិភ័យនោះទេ ព្រោះជាក់ស្ដែងបច្ចុប្បន្ន វិស័យមួយនេះកំពុងតែមានសកម្មភាពខ្លាំង ហើយរហូតទៅថ្ងៃខាងមុខក៏នៅតែល្អ ព្រោះប្រទេសជាតិមានការអភិវឌ្ឍន៍ ហើយមនុស្សក៏កើនឡើង ដែលជម្រុញអោយវិស័យលំនៅដ្ឋានមានតម្រូវការខ្ពស់។


ដោយឡែកចំពោះគម្រោងខាងលើនេះ ស្ថិតទីតាំងល្អ ជាប់ផ្លូវជាតិលេខ៣ ជាទីប្រជុំជន មានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រពីរង្វង់មូលចោមចៅ រាជធានីភ្នំពេញ ដែលងាយស្រួលក្នុងការរស់នៅ និងធ្វើដំណើរចេញចូលក្រុង ហើយសម្រាប់អ្នកដែលចង់ទិញវិនិយោគបន្តយកចំណេញក៏មានឱកាសច្រើនផងដែរ៕

រដ្ឋមន្ត្រី​:​ កំនើន​ វិស័យចំនួន៥រុញសេដ្ឋកិច្ចកម្ពុជាកើនឡើង៧,៣ភាគរយនៅឆ្នាំនេះ

0

ដោយស៊ីវ ម៉េង

ភ្នំពេញ:កំនើនល្អប្រសើរនៃកំណើនរឹងមាំនៃវិស័យសំណង់ ការបន្តកំណើនខ្ពស់នៃវិស័យកាត់ដេរ  និងកំណើនសមរម្យនៃវិស័យកសិកម្ម រួមជាមួយការងើបឡើងវិញនៃវិស័យទេសចរ និងការលក់ដុំ-លក់រាយ នឹងរុញកំនើនសេដ្ឋកិច្ចកម្ពុជាជាមួយនឹងកំនើន៧,៣ភាគរយនៅឆ្នាំនេះ។លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោករដ្ឋមន្រ្តី បានថ្លែងប្រាក់ក្រុមសារព័ត៌មាន នៅក្នុងពិធីសម្ពោធពិរព័ណផលិ​ត​ផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជាលើកទី១៣ ឆ្នាំ២០១៨កន្លងមកថា នៅក្នុង២ទស្សវត្សចុងក្រោយនេះ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាមានលក្ខណៈល្អប្រសើរ គឺធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនក្នុងរង្វង់៧ភាគរយ ប្រកបដោយបរិយាប័ន្ន និងសមធម៌ ក្នុងនោះថែមទាំងសម្រេចបានជាងបង្គោលចរជាប្រវត្តិសាស្រ្ត គឺការឆ្លងពីឋានៈប្រទេ​សមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដោយចេញជាផ្លូវការនៅក្នុងឆ្នាំ២០១៥ ព្រមទាំងបានចាត់ទុកថា ខ្លាសេដុ្ឋកិច្ចថ្មីក្នុងអាស៊ីនៅឆ្នាំ២០១៦កន្ល​ងមក។

លោកបន្តថា “កំនើនសេដ្ឋកិច្ចដែលរំពឹងសម្រេចបាននេះ ក៏រួមបញ្ចូលនូវ​កំលាំងចលករ ជាមួយការងើបឡើងវិញនៃវិស័យទេសចរ និងការលក់ដុំ-លក់រាយ ក្នុងនោះជាការព្យាករណ៍នៅក្នុងរយៈពេលមធ្យម កម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%តែទោះបីកម្ពុជាសម្រេចបាននូវកំណើនផលិតផលល្អប្រសើរ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម រាជរដ្ឋាភិបាលមិនដែលមានអារម្មណ៍ស្កប់ស្កល់ ឬបន្ថយការប្រឹងប្រែងនោះឡើយ ពោលគឺស្មារតីរាជរដ្ឋាភិបាលអណត្តិទី៦ បានដាក់ចេញនូវគោលនយោបាយចតុកោណដំណា​ក់កាលទី៤  ដែលមានរបៀបវារៈនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលក្នុងនោះមានវិធានការកែទម្រង់ចំៗ និងច្បាស់លាស់ក្នុងគ្រប់វិស័យផងដែរ។

លោកអូន ព័ន្ធមុនីរ័ត្ន បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងតែធ្វើបុរេសកម្ម  និងបន្តកែទម្រង់ស៊ីជម្រៅប្រកបដោយភាពម៉ឺង ម៉ាត់ និងប្រាកដប្រជា ដូចជាការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅរកវិស័យកាត់ដេរដែលមានតម្លៃបន្ថែមខ្ពស់ និងវិស័យសក្តានុពលផ្សេងៗទៀត ដើម្បីបន្តធានាចីរភាពក្នុងរយៈពេលមធ្យម និងរយៈវែង ក្នុងនោះតាមយុទ្ធសាស្រ្តដំណាក់កាលទី៤ និងគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ គឺកម្ពុជាកំពុងជម្រុញអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខ្លួន ដោយផ្តោតទៅលើវិស័យសេដ្ឋកិច្ចគន្លឹះថ្មីៗ ឧស្សា​ហកម្មមិនមែនកាត់ដែរដូចជា ឧស្សាហកម្មគ្រឿងបង្គុំ អេឡិចត្រូនិច កង់ គ្រឿងសង្ហារឹម នឹងឧស្សាហកម្មតម្លើងយានយន្ត ជាពិសេសការជម្រុញសហគ្រាសធុនតូច និងមធ្យមជាដើម។

អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីថ្ងៃទី៧ និង៨ ធ្នូកន្លងមកនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងផងដែរថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៧,៣ភាគរយផងដែរ ហើយ​សម្រាប់​រយៈ ពេល​មធ្យម​ខាងមុខ កម្ពុជា​អាច​រក្សាបាន​អត្រាកំណើន​ប្រមាណ៧%ក្នុង​មួយឆ្នាំផងដែរ។

សម្តេច​តេ​ជោ​បន្តថា កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​បានធ្វើឱ្យ​កម្ពុជា សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ២០១៥ និង​ស្ថិតនៅលើ​គន្លង​នៃ​ការ​ឈានទៅ​សម្រេចបាន នូវ​ឋានៈ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០៕

មជ្ឈមណ្ឌលពាណិជ្ជកម្មជប៉ុនតម្លៃ៦០លានដុល្លារចាប់ផ្តើមសាងសង់យ៉ាងសកម្ម

0

ដោយស៊ីវ ម៉េង


​ភ្នំពេញ:​ មជ្ឈមណ្ឌលពាណិជ្ជកម្មPhnom Penh World Trade Centerដែលបោញទុនវិនិយោគតម្លៃ៦០លានដុល្លារអាមេរិក បាននិងកំពុងចាប់ផ្តើមសាងសង់យ៉ាងសកម្ម។


អគ្គនាយកក្រុមហ៊ុន WTC Phnom Penh លោក KAZUYA URATA បានមាន​ប្រសាសន៍ឲ្យដឹង នៅការិយាល័យរបស់លោកកាលពីពេលថ្មីៗនេះថា លោកមានបំណង ជួយបណ្តុះបណ្តាលជនជាតិខ្មែរ ឲ្យចេះសា​ងសង់អាគារខ្ពស់ៗប៉ុណ្ណោះពេលមកដល់ភ្នំពេញដំបូង ប៉ុន្តែពេលមកដល់ទីក្រុងភ្នំពេញ លោកឃើញមា​នជនជាតិជប៉ុនច្រើនមកវិនិយោគ និងរស់នៅកម្ពុជា និងមើលឃើញថា នៅទីក្រុងភ្នំពេញ មិនទាន់មានមជ្ឈមណ្ឌលពាណិជ្ជកម្មតាមស្តង់ដាជប៉ុននៅឡើយ ទើបលោកវិនិយោគគំរោងនេះឡើង ដើម្បីផ្តល់នូវអ្វីជាស្តង់ដាជប៉ុន សម្រាប់អ្នក​វិនិយោគជប៉ុនរស់នៅទីនេះ។


លោកបន្តថា “មជ្ឈមណ្ឌល World Trade Center Phnom Penh នឹងធ្វើឡើង​តាមស្តង់ដាជប៉ុន និងគុណភាពជប៉ុន ហើយគំរោងនេះមានកំពស់២៣ជាន់ ដែល​នឹងចាប់ផ្តើមសាងសង់ពីខែមេសា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅខែមេសាឆ្នាំ​២០២៣”។លោកបន្តថា “គោលដៅធំរបស់ខ្ញុំ គឺជួយបណ្តុះបណ្តាលជនជាតិខ្មែរ ឲ្យមានសមត្ថភាពសាងសង់អាគារខ្ពស់ៗ”។


គំរោង WTC Phnom Penh ស្ថិតនៅលើផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខ័ណ្ឌចំការមក ក្រុងភ្នំពេញ។ គំរោងនេះសាងសង់នៅលើផ្ទៃដី៣៣០០ម៉ែត្រការ៉េ និងផ្ទៃអាគារទាំងមូលមានទំហំ៤៦,០០០ម៉ែត្រការ៉េ។


អាគារ WTC Phnom Penh មានកំពស់​២៣ជាន់ ដោយមានចំណតយានយន្តក្រោមដី៤ជាន់ និងចាប់ពីជាន់ទី១ដល់ជាន់ ទី៤ ជាផ្សារទំនើប ចាប់ពីជាន់ទី៥ដល់ជាន់ទី១០ជាទីតាំងការិយាល័យ និងចាប់ពីជាន់ទី១១ ដល់ជាន់ទី២៣ ជាសណ្ឋាគារកម្រិតផ្កាយ៤.៥ ចំនួន២២០បន្ទប់។


លោក KAZUYA URATA បានបន្តថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមាន​ភាពរីកចម្រើនបន្តទៀតនាពេលអនាគត ដោយសារកំនើនសេដ្ឋកិច្ច ប្រាក់​ចំ ណូលកើនឡើងរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកត្តាមួយចំនួនទៀតដូចជា ទី១ ប្រទេសកម្ពុជាចាយប្រាក់ដុល្លារ ជាមូលដ្ឋានដ៏ល្អដែលផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ ហើយកំរ៉ប្រទេសណាចាយប្រាក់ដុល្លារទូលំទូលាយបែបនេះណាស់ ទី២ ការផ្ញើរសាច់ប្រាក់ពីកម្ពុជា ទៅបរទេសមានភាពងាយស្រួល និងទី៣ កម្ពុជាផ្តល់សិទ្ឋឲ្យជនជាតិបោះទុន១០០ភាគរយ លើក្រុមហ៊ុនរបស់ខ្លួនឯងបាន។


គំរោង WTC Phnom Penh សាងសង់ដោយក្រុមហ៊ុន URATA S.E Cambodia Co, Ltd, និងវិនិយោគដោយ WTC Phnom Penh។


អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងថាគំ​រោងបែបនេះ ពិតជាល្អប្រសើរ និងសមស្របនឹងទីតាំងរបស់គាត់ ហើយលោកគិតថា វានឹងទទួលបានជោគជ័យ ព្រោះមុនសម្រេចចិត្តវិនិយោគអ្វីមួយ អ្នកវិនិយោគជប៉ុនសិក្សាច្បា​ស់លាស់ណាស់ពីទីផ្សារ ពីទិដ្ឋភាពផ្លូវច្បាប់ ក៏ដូចជាសក្តានុពលនៃគម្រោងវិនិយោគរប​ស់​ពួកគេ។


លោកបន្តថា “ទួលទំពូងបច្ចុប្បន្ន បានក្លាយជាតំបន់កណ្តាលក្រុងទៅហើយ ហេតុនេះគំរោងនេះ មិនចោទជាបញ្ហានោះទេ”៕

លោក ច្រឹក សុខនីម : ​ ពីក្មេងហូបបាយបាត្រក្លាយជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ជោគជ័យមួយ​

0

ដោយ : គង់ សូរិយា


​ភ្នំពេញ: ការឈានឡើងរបស់មនុស្សម្នាក់ៗ អាស្រ័យលើមូលដ្ឋានខុសៗគ្នាដែល ផ្តើមចេញពីគ្រួសារ ការអប់រំ និងការតស៊ូ និងមូលធនពីគ្រួសារ តែការឈានចេញពីភាពក្រីក្រនិងបាតដៃទទេពិតជាជីវិតមួយដែលគួរឲ្យមោទនភាព។


​ជីវិតកុមារភាព និងការសិក្សា


​ជាកុមារមានភាពឧស្សាហ៍ព្យាយាម និងស្តាប់បង្គាប់ឪពុកម្តាយ កុមារ ច្រឹក សុខនីម ដែលបានចាប់កំណើតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងពេលគ្រប់វ័យចូលរៀន កុមារូបនេះបានចាប់ផ្តើមនៅសាលាបឋមសិក្សាជ្រៃវៀន ហើយបន្តមកអនុវិទ្យាល័យហ៊ុន សែនព្រៃឈរ និងវិទ្យាល័យ​នរោត្តមរណឬទ្ធិគន្ធបុប្ផា មុនពេលចាប់ផ្តើមដំណើ​រ​ជីវិតវែងឆ្ងាយ និងឃ្លាតផ្ទះសម្បែង ឪពុកម្តាយ មកផ្សងជីវិតដើម្បីស្វែងរកគុណភាពជីវិតប្រសើរជាងមុន។ លោកបានមក​បន្តការសិក្សានៅកម្រិតឧត្តមសិក្សាឆ្នាំ១៩៩៨ បន្ទាប់ពីឆ្លងកាត់ការប្រលងបាក់ឌុបដ៏តឹង​រ៉ឹង ក្រោមការដឹកនាំរបស់លោក អ៊ឹង ហួត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាសម័យ​នោះ។


ជាកូនស្តាប់ដំបូន្មានឪពុកម្តាយ និងយកការសិក្សាជាគោល ដើម្បីឈានទៅមុខ និងមានអនាគតល្អក្នុងសង្គម យុវជន ច្រឹក សុខនីម មិនត្រឹមតែរៀនពូកែ​និងលេចធ្លោនៅកម្រិតមូលដ្ឋានប៉ុណ្ណោះទេ តែលោកក៏ជានិស្សិតពូកែមួយរូប ដោយលោកអាចសិក្សាបីមហាវិទ្យាល័យក្នុងពេលតែមួយ តាមរយៈអាហារូបករណ៍ដែលសាលាផ្តល់ជូន ដោយសា​រ​លោកជាសិស្សពូកែ។


លោក សុខនីម បានសិក្សានៅវិទ្យាស្ថានព្រះកុសុមៈ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងសាកលវិទ្យាល័យន័រតុនក្រុងភ្នំពេញ និងស្នាក់នៅវត្តនាគវ័ន្ត ដែលជាអា​រ៉ាមដ៏សុខសាន្តមួយ ដែលលោកបានស្នាក់អាស្រ័យជាមួយនឹងបាយបាត្រ និងលោកសង្ឃ។


ចាប់ផ្តើមរៀនបណ្តើរធ្វើការបណ្តើរ


ជាមួយនឹងទំនុកចិត្ត និងទទួលបានជោគជ័យលើការសិក្សា បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាស្ថានព្រះកុសុ​មៈ រយៈពេលពីរឆ្នាំ យុវជនដែលចាកចេញពីជនបទ និងមិនទាន់បាត់ធំក្លិនសន្ទូងរូបនេះ បានចាប់ផ្តើមចេញប្រឡូកការងារ ក្នុងអង្គការអភិវឌ្ឍន៍កសិ​កម្មកម្ពុជា និងផ្លាស់ប្តូរការងារជាបន្តបន្ទាប់ ជាមួយនូវការឈានឡើងដំណែងកាន់តែធំ និង​មានការទទួលខុសត្រូវកាន់តែច្រើន។


ការងារថ្មីដំបូងរបស់លោក គឺបានចាប់ផ្តើមការងារអង្គការអភិវឌ្ឍន៍កសិកម្មកម្ពុជា ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣។ ចាប់ពីឆ្នាំ២០០៣ ដល់ចុងឆ្នាំ២០០៤ លោកបានផ្លាស់ប្តូរការងារ មកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាញូតុនធីឡាយ និងចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦ លោកបានផ្លាស់ប្តូរការងារប្រសើរជាងមុន និងទទួលបានតំណែ​ងធំជាងមុន ដោយមានតួនាទីជាអ្នកគ្រប់គ្រងស្ថានីយ៍ ប្រេងឥន្ឋនៈកាល់តិច និងចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ បានផ្លាស់ប្តូរមកកាន់ការងារ ជាប្រធានផ្នែកជាន់ខ្ពស់គ្រប់គ្រងប្រព័ន្ឋអេឡិកត្រូនិក នៅធនាគារលំដាប់អន្តរជាតិមួយគឺANZ Royal។


​ធ្វើការនៅធនាគារនេះហើយ ដែលលោកចាប់ផ្តើមយល់និងរៀនពីដំណើរវិវត្តន៍ និងសក្តានុពលក្នុងវិស័យអចលនទ្រព្យ ទើបធ្វើការនៅទីនោះមួយរយៈយកបទពិសោធន៍មួយរយៈរួច លោកបានសម្រេចចិត្តចាកចេញពីការងារម្តងទៀត ដើម្បីមកបំពេញការងារ និងជាអ្នកដឹកនាំក្នុងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកដ៏ធំមួយ។


​ក្នុងកំឡុងពេលគិតចាប់ពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០០៩ លោកបានចាប់ផ្តើមធ្វើការងារក្នុងនាមជាអ្នកគ្រប់គ្រង ដោយមានអ្នកនៅក្រោមបង្គាប់មួយចំនួន ហើយជាលទ្ធផលការងាររបស់​លោកទទួលបានជោគជ័យ និងទទួលបានការគោរពស្រលាញ់ និងឲ្យតម្លៃពីអ្នកក្រោមបង្គាប់។


​ចាប់ផ្តើមប្រឡូកក្នុងវិស័យអចលនទ្រព្យ
​ជាមនុស្សប្រកបដោយទស្សនវិស័យ មានមហិច្ឆតា ដោយប្រើប្រាស់ចំណេះដឹងជាទុន និងមានទេពកោសល្យជាអ្នកដឹកនាំ លោក សុខនីម បានចាកចេញពីការងារចាស់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ មក​ចាប់អាជីពក្នុងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកធំមួយ គឺទទួលបានដំណែងជាអគ្គនាយករងក្រុមហ៊ុនVTRUST PROPERTY។


​ធ្វើការនៅក្រុមហ៊ុន VTRUST PROPERTY លោក ច្រឹក សុខនីម ទទួលរាប់រងការ​ងារទិញលក់ វាយតម្លៃ ជាភ្នាក់ងារ និងការងារវិនិយោគខ្លួនឯងមួយចំនួនផងដែរ។ ការងារចុងក្រោយ​នេះហើយ ធ្វើឲ្យលោកជាប់ចិត្តនឹងវិស័យអចលនទ្រព្យ ដោយសារវាជាវិស័យមួយដែល​មានទំនាក់ទំនងល្អជាមួយអ្នកមានធនធាន និងជាវិស័យដែលអាចរកកម្រៃបានច្រើន ដែលធ្វើឲ្យជីវភាពរបស់លោកកាន់តែប្រសើរឡើង។


​ជីវិតគ្រួសារ


​ជាមួយនឹងជោគជ័យក្នុងការសិក្សា ការងារ និងទទួលបានលក្ខខណ្ឌជីវិតកាន់តែប្រសើរឡើង ទើបនៅឆ្នាំ២០០៧ លោកបានសម្រេចចិត្តរៀបការ និងទទួលបានបុត្រពីរ​
ស្រី១ ប្រុស១រហូតមកទល់ពេលនេះ។


មូលដ្ឋាននៃការឈានឡើង
បុរសដែលមានសម្បុរសស្រអែម សក់រួញអង្គាសដីរូបនេះ បានចាប់ផ្តើមធ្វើការងារ និងបើកកក្រុមហ៊ុនខ្លួនឯងពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន តាមរយៈការទិញសិទ្ធិអាជីវកម្ម ឬ Franchise ពីក្រុមហ៊ុន Century21 Cambodia និងបានដាក់ឈ្មោះក្រុមហ៊ុនរបស់ខ្លួន ជា Century21 Mekong ដោយយកដងទន្លេដ៏វែងហូរកាត់ប្រទេសជាច្រើនក្នុងតំបន់ មកធ្វើជានិម្មិតសញ្ញា និងសម្រាប់ការចងចាំដ៏ល្អមួយ។


នៅពេលបើកក្រុមហ៊ុនខ្លួនឯង លោក សុខនីម មានបុគ្គលិកត្រឹម៨នាក់ប៉ុណ្ណោះ តែ បច្ចុប្បន្នក្រុមហ៊ុន Century21 Mekong បានពង្រីកខ្លួន និងបន្ថែមបុគ្គលិករហូតដល់ជាង៥០នាក់ ដែលក្រុមហ៊ុននេះផ្តោតលើការលក់ផ្ទះនៅតាមបុរី ផ្តល់សេវាកម្មវាយតម្លៃ និងវិនិយោគលើវិស័​យនេះដោយខ្លួនឯងបណ្តើរៗផងដែរ។


មនុស្សម្នាក់ៗសុទ្ធតែចង់ជោគជ័យ និងឡើងកាន់តំណែងកាន់តែធំ និងជោគជ័យ​កាន់តែច្រើន តើលោកឈរលើមូលដ្ឋានអ្វីខ្លះ? លោក សុខនីម បាន​ថ្លែងថា ជំហ៊ានដំបូងគឺយើងត្រូវធ្វើជាមនុស្សស្មោះត្រង់ មានជំនឿចិត្ត និងអភិវឌ្ឍន៍​ខ្លួនពីមួយដំណាក់កាលទៅមួយដំណាក់កាល ពិសេសលោកស្ថិតនៅក្នុងក្រុមការងារដែលជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក “ទើបយើងអាចទៅមុខទាំងអស់គ្នា រីកចម្រើនទាំងអស់គ្នា និងជោគជ័យទាំងអស់គ្នា”។


​លោកបញ្ជាក់ថា “ខ្ញុំគិតថាមានតែការធ្វើការងារជាក្រុម និងមនុស្សមានទស្សនវិស័យ​ស្រដៀងគ្នាទេ ទើបយើងអាចជោគជ័យទាំងអស់គ្នាបាន”។ លោកបន្តថា “ជាទូទៅ ក្នុងពេលបំពេញការងារត្រូវមានក្តីសុ​បិន និងសិក្សាពីខ្លួនឯងថា តើយើងអាចធ្វើអ្វីបាន ហើយស្រលាញ់ការងារអ្វី បើយើងរកឃើញការងារដែលយើងស្រលាញ់បាន ហើយធ្វើការងារនោះ យើងនឹងទទួលបានជោគជ័យ”។


​ការគ្រប់គ្រងបុគ្គលិក
​ការគ្រប់គ្រងមនុស្សមិនមែនជារឿងសាមញ្ញពេកនោះទេ បើសិនជាយើងគ្មានវិធីសាស្រ្ត និងប្រព័ន្ធតាមដានការងារច្បាស់លាស់។
​លោក សុខនីម បានចែករំលែកការងារគ្រប់គ្រងមនុស្សផងដែរថា អ្វីសំខាន់យើងមានក្រុមការងារល្អ ដៃគូសហការល្អ និងអាចធ្វើការងារជាមួយគ្នាបាន ទើបយើងទទួលបានជោគជ័យ។ ជារួមភាពសាមញ្ញបំផុតរបស់មនុស្ស គឺត្រូវយក”ភាពស្មោះត្រង់”ជាគោល ហ៊ានជជែកដោះស្រាយបញ្ហាពីលើដល់ក្រោម។


ទាក់ទងការគ្រប់គ្រងបុគ្គលិក លោក សុខនីម បានឲ្យដឹងថា ជាទូទៅមនុស្សមានប្រភេទ និងសន្តានសម្រាប់គ្រប់គ្រងផ្សេងៗគ្នា តែសម្រាប់លោកគឺមានជំនឿទៅលើបុគ្គ​លិក ដោយទី១ រើសមនុស្សឲ្យត្រូវ និងដាក់ការងារឲ្យត្រូវជំនាញរបស់គេ ទី២ ត្រូវឲ្យ​តម្លៃពួកគាត់ ព្រោះមនុស្សត្រូវការតម្លៃ ទី៣ ត្រូវមានប្រព័ន្ធនៃការគ្រប់គ្រងពួកគេឲ្យបានច្បា​ស់លាស់ តាមរយៈការតាមដានការងារជាប្រចាំ និងទី៣ ផ្តល់ការងារមួយចំនួនដែលអាចឲ្យពួកគេអាចសម្រេចចិត្តដោយខ្លួនឯងបាន តាមរយៈការចែករំលែកនូវប្រាក់ចំណេ​ញ ការផ្តល់នូវមូលដ្ឋានក្នុងការសម្រេចចិត្ត ក្នុងកម្រិតណាមួយ ដែលពួកគេអាចទទួល​ខុសត្រូវបាន។


​ជំនឿចិត្តនិងទស្សនវិស័យ


​ជាមួយការនិយាយស្តីមួយៗ និងមានភាពច្បាស់លាស់ លោក សុខនីម បានឲ្យដឹងថា ភាពជោគជ័យមិនផ្អែកលើសំណាងច្រើននោះទេ តែទស្សនវិស័យ និងការតាមដាន​ស្ថានភាពសេដ្ឋកិច្ច សង្គម និងរបត់នយោបាយ ពិសេសការទស្សន៍ទាយនូវស្ថានភាពប្រទេសផង ទើបយើងអាចទទួលបានជោគជ័យ។ ជាមួយគ្នានេះ យើងក៏សេពគប់ជាមួ​យបុគ្គលជោគជ័យ និងសិក្សាពីគន្លឹះនៃភាពជោគជ័យរបស់គេ ដើម្បីយើងយកមកអភិវឌ្ឍ​ន៍អាជីវកម្មរបស់យើងឲ្យបានជោគជ័យបន្តទៀត។


​លោក ច្រឹក សុខនីម បានបន្តថា “ភាពជោគជ័យមិនកំណត់តែលើប្រាក់កាសមួយមុខនោះទេ តែវាអាស្រ័យលើការកសាងសមត្ថភាព និងធនធាន និងកេរ្ត៍ឈ្មោះផងដែរ”។​ លោកបន្តថា “ជំនឿចិត្ត ការសិក្សាបន្ត ការស្គាល់ខ្លួនឯង និងជ្រើសរើសមុខជំនាញឬអាជីវកម្មដែល​យើងពេញចិត្ត ជាមូលដ្ឋានមិនអាចខ្វះបាន សម្រាប់ដំណើរឆ្ពោះទៅរកភាពជោ​គ​ជ័យរបស់បុគ្គលម្នាក់ៗ”៕

ដំណឹងល្អ! ធនាគារ SME តម្លៃ១០០លានដុល្លារនឹងលេចរូបរាងឡើងនៅឆ្នាំ២០១៩

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងថា ធនាគារ
SME ដែលរាជរដ្ឋាភិបាលគ្រោងចំណាយថវិកា១០០លានដុល្លារអាមេរិក នឹងលេចរូបរាងនៅក្នុងឆ្នាំ២០១៩ខាងមុខនេះ។


លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងប្រាក់ក្រុមសារព័ត៌មាន នៅក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជាលើកទី១៣កាលពីចុងសប្តាហ៍មុនថា គម្រោងបង្កើតធនាគារ SME ដើម្បីជួយឧបត្ថម្ភធន និងការជួយជាជំនួយបច្ចេកទេសផ្សេងៗ ដល់វិស័យ SME នៅកម្ពុជា មកដល់បច្ចុប្បន្នបានកំពុងរៀបចំការងារផ្នែកបច្ចេកទេស ហើយក្នុងពេលថ្មីៗនេះស្ថាប័ននីតិប្បញ្ញត្តិ ទាំងរដ្ឋសភា និងព្រឹទ្ធាសភាបានអនុម័តច្បាប់ស្តីពី ការគ្រប់គ្រង់ឆ្នាំ២០១៩ នៅក្នុងច្បាប់នោះបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាល ចាយថវិកាប្រមាណ១០០លានដុល្លារអាមេរិក ក្នុងគម្រោងបង្កើតធនាគារ SME នេះ ដែលនឹងធ្វើឲ្យធនាគារនេះលិចរូបរាងឡើងនៅក្នុងឆ្នាំ២០១៩ ខាងមុខ។


លោកបន្តថា “រាជរដ្ឋាភិបាលទើបតែបានចេញអនុក្រិត្យក្នុងពេលថ្មីៗនេះស្តីពី ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាព ផលិតផលក្នុងស្រុករបស់កម្ពុជា”។ លោកបន្តថា យើងផ្តោតទៅលើវិស័យអាទិភាពមានដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផលិត និងការកែច្នៃម្ហូបអាហារ និងផ្នែកកម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក ដូចជាការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន ដូចជាសហគ្រាសស្ថិតក្នុងតំបន់ប្រមូលផ្តុំជាដើម”។

លោកបណ្ឌិត អូន ព័ន្ឋមុនីរ័ត្ន បានបន្តថា គម្រោងបង្កើតធនាគារ SME នេះ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្ត លើការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់រយៈពេល៥ឆ្នាំ ការលើកលែងបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ការលើកលែងពន្ធលើប្រាក់ចំណូលរួមទាំងការលើកទឹកចិត្តចំណាយដែលអាចកាត់កងបានផងដែរ។


ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមលោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា ការបង្កើតធនាគារនេះជារឿងវិជ្ជមានមួយ ព្រោះវិស័យសហគ្រាសធុនតូច និងមធ្យមតែងតែប្រឈមនឹងកង្វះទុន ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ ហេតុនេះធនាគារនេះគួរតែសម្រួលនិតិវិធីនានា និងការប្រាក់ទាប ដើម្បីឲ្យអ្នកផលិតក្នុងស្រុកនានា អាចមានលទ្ឋភាពប្រើប្រាស់ឥណទាន យកមកពង្រីកអាជីវកម្មរបស់ពួកគេ។


លោកបន្តថា “វិស័យ SME នៅកម្ពុជាមានការរីកចម្រើន និងបញ្ហាប្រឈមច្រើននៅឡើយ ហេតុនេះការជួយគាំទ្រពីរដ្ឋាភិបាលមានសារៈសំខាន់ណាស់ ដើម្បីជំរុញវិស័យនេះឲ្យមានភាពរីកចម្រើន”។


លោកឧកញ៉ា តែ តាំងប៉ ក៏បានរិះគន់ក្រសួងពាណិជ្ជកម្ម ដែលបានបើកទូលាយខ្លាំងពេកឲ្យផលិតផលពីប្រទេសជិតខាងវាយលុកលើទីផ្សារកម្ពុជា ដែលធ្វើឲ្យអ្នកនៅតាមបណ្តាខេត្តប្រឈមមុខនឹងការលំបាក ព្រោះក្រុមហ៊ុនលក់ផលិតផលនានាបានពង្រីកការចែកចាយពួកគេតាមរយៈរថយន្តដល់តាមមូលដ្ឋានស្រុក ឃុំនានាស្ទើរទូទាំងប្រទេស៕

រដ្ឋាភិបាលចាប់ផ្តើមបញ្ចូលវិស័យទេសចរណ៍ទៅក្នុងកម្មវិធីសិក្សា

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងក្រសួងអប់រំយុវជន និងកីឡា បានសម្រេចដាក់បញ្ចូលវិជ្ជាជីវៈទេសចរណ៍ ទៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ ដើម្បីពង្រីកការយល់ដឹងទាក់ទងនឹងវិស័យនេះ និងរួមចំណែកក្នុងការទាញយកសក្តានុពលពីវិស័យទេសចរណ៍សម្រាប់ប្រទេស។


អគ្គនាយករងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ លោក ទ្រី ឈីវបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ខែធ្នូនេះថា បច្ចុប្បន្ន ក្រុមអ្នកជំនាញរបស់ក្រសួងទេសចរណ៍ និងក្រសួងអប់រំយុវជន និងកីឡា បានបញ្ចប់កិច្ចពិភាក្សាហើយ។ ម្យ៉ាងទៀត ក្រុមគណៈកម្មការអន្តរក្រសួងបានកំពុងពិនិត្យ វាយតំលៃ ដើម្បីដាក់បញ្ចូលកម្មវិធីសិក្សាវិជ្ជាជីវទេសចរណ៍អោយបាននៅក្នុងឆ្នាំ២០១៩នេះ។ លោកបន្តថា យ៉ាងយូរ កម្មវិធីសិក្សាវិជ្ជាជីវៈទេសចរណ៍ នឹងអាចត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សានៅកម្រិតថ្នាក់វិទ្យាល័យចាប់ពីឆ្នាំសិក្សា២០១៩ ២០២០តទៅ។


លោក ទ្រី ឈីវ បានបន្តថា “ការចាប់ផ្តើមដាក់បញ្ចូលកម្មវិធីសិក្សាវិជ្ជាជីវៈទេសចរណ៍ឆ្នាំសិក្សា២០១៩ ឆ្នាំ២០២០ នឹងសាកល្បងផ្តល់ការបណ្តុះបណ្តាលនៅតាមថ្នាក់វិទ្យាល័យចំនួនពីបីទៅបួនវិទ្យាល័យ ដែលជាគោលដៅភ្ញៀវទេសចរបរទេសអញ្ជើញទៅទស្សនាច្រើន”។

លោកបន្តថា “បំណងនៃការបញ្ច្រាបវិជ្ជាជីវៈទេសចរណ៍នេះ ជម្រុញអោយសិស្សរៀនចប់នៅវិទ្យាល័យទាំងអស់ គឺចេះរៀបចំអត្តចរឹកល្អ និងជួយតម្រង់ទិសលើការងារបដិសណ្ឋារកិច្ចល្អ មានភាពរួសរាយរាក់ទាក់ មានទំនាក់ទំនងល្អជាមួយភ្ញៀវទេសចរ ពិសេសសិស្សទាំងអស់នៅពេលរៀនចប់ថ្នាក់ទី១២ គឺគេអាចមានលទ្ធភាពរកការងារបានធ្វើនៅក្នុងវិស័យទេសចរណ៍ផងដែរ”។


លោក ទ្រី ឈីវ បានបន្តឲ្យដឹងផងដែរថា សិស្សានុសិស្ស ដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ហើយមានបទពិសោធន៍ការងារ២ឆ្នាំឡើងទៅនៅក្នុងវិស័យទេសចរណ៍ គឺគេមានលទ្ធភាពគ្រប់គ្រាន់ នឹងអាចទទួលបានការវាយតំលៃការងារពីក្រសួងទេសចរណ៍ ដើម្បីទទួលយកសញ្ញាបត្រឬ វិញ្ញាបនបត្រថ្មីមួយទៀត ដែលមានការទទួលស្គាល់ដោយអាស៊ាន ដើម្បីមានលទ្ធភាពអាចស្វែងរកការងារបំលាស់ទីនៅក្នុងតំបន់អាស៊ាន។


ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានមានប្រសាសន៍ថា វាជារឿងល្អមែនទែន ប្រសិនជាក្រសួងទាំងពីរដាក់បញ្ចូលកម្មវិធីសិក្សាទាក់ទងនឹងវិជ្ជាជីវៈ ក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់ទី១០ នៅតាមសាលារដ្ឋទូទាំងប្រទេស ព្រោះវានឹងផ្តល់ជូនសិស្សានុសិស្សក្រោយបញ្ចប់បាក់ឌុប មិនមានលទ្ធភាពសិក្សានៅកម្រិតឧត្តមសិក្សាអាចរកការងារធ្វើបាន។ លោកបន្តថា បច្ចុប្បន្នការបណ្តុះបណ្តាលជំនាញទេសចរណ៍នៅតាមសាកលវិទ្យាល័យភាគច្រើន មិនអាចទទួលយកបាននោះទេ ដោយសារកម្មវិធីបណ្តុះបណ្តាលផ្តោតតែលើទ្រឹស្តីជាជាងការអនុវត្តន៍ ដែលធ្វើឲ្យយើងពិបាកក្នុងការជ្រើសរើសពួកគេមកធ្វើការ និងបើអាចធ្វើការបានទាមទារការបណ្តុះបណ្តាលរយៈពេលវែង។


លោកបន្តថា “ការសិក្សាជំនាញទេសចរណ៍មិនមែនត្រូវសិក្សាតែទ្រឹស្តីទេ វាត្រូវការការអនុវត្តន៍ជាក់ស្តែងច្រើន ព្រោះវាជា reality មិនមែនូចសិក្សាមុខវិជ្ជាខ្លះត្រូវសិក្សាតែទ្រឹស្តី ហើយអាចធ្វើការបាននោះទេ”៕