សណ្ឋាគារ និងផ្ទះសំណាក់កើនឡើងខ្លាំងបន្ទាប់ពីកំណើនភ្ញៀវទេសចរ

0

ដោយ : គង់ សូរិយា
​ភ្នំពេញ ៖​ ខណៈចំនួនភ្ញៀវទេស​ចរកើនឡើងជាបន្តបន្ទាប់ បានធ្វើឲ្យអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិបានចាប់ផ្តើមវិនិយោគលើសណ្ឋាគារ ផ្ទះសំណាក់ និងភោជ​នីយដ្ឋានកើនឡើងជាបន្តបន្ទាប់។
ខេត្តបាត់ដំបងមានលក្ខណៈពិសេសមួយ នៃបណ្តាខេត្តស្ថិតនៅភូមិភាគពាយ័ព្យប្រទេស ដែលខេត្តនេះ សម្បូរនូវរមណីយដ្ឋានបែបវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកសិកទេសចរណ៍ជាដើម​។ 


អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក នួន ថា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៩ ធ្នូកន្លងមកថា នៅខេត្តបាត់ដំបង មានសណ្ឋាគារដល់ត្រឹមលំដាប់ផ្កាយ៣ ដែលសណ្ឋាគារខ្លះ មានសាលាប្រជុំ សេវាកម្មម៉ាស្សា ស្ទឹម សូណា មានអាងហែលទឹក ស្កាយបារ អាហារសម្រាប់ភ្ញៀវពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ព្រមទាំងមានសេវាកម្មមួយចំនួនទៀត ទៅតាមលំដាប់សណ្ឋាគារ ។


លោកបានបន្តថា ចំពោះសណ្ឋាគារទាំងអស់នេះ ខាងមន្ទីរទេសចរណ៍តែងតែចុះបណ្ដុះបណ្ដាលពួកគាត់ ពីវិធីសាស្ត្រទាក់ទាញភ្ញៀវ បម្រើសេវាកម្មជូនភ្ញៀវ ព្រមទាំងការណែនាំឲ្យមានការទុកដាក់សំរាម ឲ្យបានសមរម្យកុំឲ្យប៉ះពាល់ដល់ភ្ញៀវជាដើម។ លោកបន្តថា បាត់ដំបងមានសណ្ឋាគារ៤៩កន្លែង ផ្ទះភ្ញៀវ៨៥កន្លែង ផ្ទះស្នាក់២កន្លែង ភោជនីយដ្ឋាន និងអាហារដ្ឋាន៦៩កន្លែង រង្គសាល៣កន្លែង ខារ៉ាអូខេ២១កន្លែង ម៉ាស្សា និស្ប៉ា ៧កន្លែង ទីភ្នាក់ងារទេសចរណ៍ ៤កន្លែង និងកីឡាទេសចរណ៍៣កន្លែង។


លោក ផល សម្ផស្ស អ្នកគ្រប់គ្រងសណ្ឋាគារស្កាយផាលេប៊ូតិក ស្ថិតក្នុងក្រុងបាត់ដំបង បានលើកឡើងថា ខេត្តបាត់ដំបង គឺជាខេត្តមួយស៊ីវិល័យ ដោយភ្ញៀវទេសចរណ៍ភាគច្រើន មកជាលក្ខណៈដំណើរកម្សាន្ត ឬបំពេញការងារ ហើយកំណើនភ្ញៀវជាបន្តបន្ទាប់នេះ ពេលខាងមុខស្កាយផាលេសប៊ូតិក ក៏នឹងរៀបចំឲ្យមានសេវាមួយចំនួនទៀត ដែលជាតម្រូវការរបស់ភ្ញៀវ ។


​ជាមួយគ្នានេះ ក្រុមអ្នកបម្រើសេវាកម្មជូនភ្ញៀវទេសចរក្នុងខេត្តបាត់ដំបង ក៏បានអំពាវនាវដល់អាជ្ញាធរខេត្ត បន្តពង្រីកសន្តិសុខខេត្តឲ្យកាន់តែល្អប្រសើរ ដើម្បីជាប្រយោជន៍ដល់ការកើនឡើងនៃភ្ញៀវទេសចរមកលេងកម្សាន្ត មកស្នាក់នៅខេត្តបាត់ដំបងកាន់តែច្រើនឡើង។


​លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ខេត្តបាត់​ដំបងជាខេត្តមានលក្ខណៈពិសេសមួយ ដោយមានផលិតផលទេសចរណ៍សម្បូរបែបទាំងរមណីយដ្ឋានទេសចរណ៍វប្បធ៌ម ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ពិសេសនៅក្រុងបាត់ដំបងមានដានប្រវត្តិសាស្រ្តច្រើន ទាំងផ្ទះបុរាណ វត្តអារ៉ាម និងសំណង់សម័ងអាណានិគម ដែលសុទ្ឋតែបានទាក់ទាញភ្ញៀវទេសចរ ពិសេស ភ្ញៀវទេសចរ​លោកខាងលិច ដែលនិយមទៅទស្សនានៅខេត្តនេះច្រើនជាងទេសចរណ៍ដទៃទៀត។


​លោកបន្តថា “ទោះជាយ៉ាងណាគុណភាពនៃសេវាកម្មបដិសណ្ឋារកិច្ច ហាក់នៅមានកម្រិត ដែលទាមទារឲ្យអ្នកវិនិយោគលើវិស័យនេះផ្តោតលើគុណភាព និងពង្រឹងស្តង់ដារបស់ពួកគេបន្ថែមទៀត”៕

ដំណឹងល្អៈរដ្ឋាភិបាលនឹងចេញសន្លឹកប័ណ្ណសម្គាល់អចលនវត្ថុថ្មីនៅថ្ងៃទី១មករាខាងមុខនេះហើយ

0

ដោយស៊ីវ ម៉េង
ភ្នំពេញ : រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងចេញដាក់ឲ្យប្រើប្រាស់នូវសន្លឹកប័ណ្ណថ្មី ដែលបានដាក់បញ្ចូលQ Code សម្រាប់សម្គាល់អចលនវត្ថុនៅថ្ងៃទី១ មករា ឆ្នាំ២០១៩ខាងមុខនេះ។


យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលមានចុះហត្ថលេខារបស់លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីជំរាបជូនថ្នាក់ដឹកនាំមន្ទីររៀបចំដែនដីទូទាំង២៥រាជធានី ខេត្តបានឲ្យដឹងថា មន្ទីរត្រូវបញ្ឈប់ការចុះបញ្ជីរ និងចេញប័ណ្ណកម្មសិទ្ឋកាន់កាប់អចលនវត្ថុ(ប័ណ្ណភោគៈ)សម្រាប់ការចុះបញ្ជីរដាច់ដោយដុំ ហើយត្រូវចុះបញ្ជីរនិងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចាប់ពីថ្ងៃទី០១ មករា ឆ្នាំ២០១៩ ដោយសន្លឹកប័ណ្ណសម្គាល់អចលនវត្ថុគំរូថ្មី ដែលបានដាក់ឲ្យប្រើប្រាស់តាមប្រកាសលេខ០៨៩ ដនស/ប្រក ចុះថ្ងៃទី២១ ឧសភា ឆ្នាំ២០១៨របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។


លិខិតដដែលបានបន្តថា ចំពោះរៀបនៃការចុះបញ្ជីរ និងចេញវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុនេះ ត្រូវអនុវត្តន៍តាមសេចក្តីណែនាំលេខ០០៥ សណន/សដ ចុះថ្ងៃទី១៤ កក្កដា ឆ្នាំ២០១១ ស្តីពីការបំពេញការប្រើប្រាស់ និងការកាន់កាប់ចុះបញ្ជីរដីមានលក្ខណៈដាច់ដោយដុំ អនុលោកតាមអនុក្រិតលេខ៤៨ អនក្រ/បក ចុះថ្ងៃទី៣១ ឧសភា ឆ្នាំ២០១២។


ការចេញប័ណ្ណសម្គាល់ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីនេះ មិនមែនមានន័យថា វិញ្ញាបនបត្រចាស់អស់សុពលភាព ឬមិនអាចប្រើប្រាស់បាននោះទេ តែផ្ទុយទៅវិ
ញ វិញ្ញាបនបត្រថ្មីនេះជាការផ្លាស់ប្តូរទម្រង់ និងមានដាក់បញ្ជូលQ Codeដែលងាយស្រួលក្នុងការគ្រប់គ្រង និងកាត់បន្ថយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋ ដែលតែងតែកើតមានជារឿយៗនាពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្ន៕

លោកឃាង ពុទ្ឋីៈចំណេះដឹងជាមូលដ្ឋានមានសារៈសំខាន់សម្រាប់អ្នកត្រៀមប្រឡូកក្នុងវិស័យអចលនទ្រព្យ

0

ដោយគង់ សូរិយា


​ភ្នំពេញ : ប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា លោកឃាង ពុទ្ឋីបានថ្លែងថា ចំណេះដឹងជាមូលដ្ឋានផ្នែកច្បាប់ និងបទដ្ឋានគតិយុត្តិនានា ពិសេសមូលដ្ឋានចំណេះដឹងផ្នែកអចលនទ្រព្យមានសារៈសំខាន់ណាស់ សម្រាប់អ្នកត្រៀមចាប់ផ្តើមប្រឡូកក្នុងវិស័យនេះ។


​តាមរយៈវគ្គបណ្តុះបណ្តាល”មូលដ្ឋានគ្រឹះនៃវិស័យអចលនទ្រព្យ ដែលរៀបចំបានដោយជោគជ័យដោយ សមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា ចំនួនពីរវគ្គរួចមកហើយ លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៩ ធ្នូកន្លងមកថា វគ្គបណ្តុះ​បណ្តាលនេះមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឲ្យសិក្ខាកាមបានទទួលចំណេះដឹងផ្នែកច្បាប់ និងចំណេះដឹងទាក់ទងការវិនិយោគ ទាក់ទងការទិញលក់ ជួលក្នុងវិស័យអចលនទ្រព្យ ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីបំពេញតម្រូវការធនធានមនុស្សក្នុង​វិស័យនេះផង និងដើម្បីពង្រីកនូវធនធានមនុស្សក្នុងវិស័យនេះផងដែរ។


​លោកបន្តថា “ដើម្បីឲ្យវិស័យនេះកាន់តែរីកចម្រើន និងគោរពបាននូវក្រមសីលធ៌ម​ខ្ពស់ ទាមទារនូវធនធានមនុស្សប្រកបដោយគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងការរីក​ចម្រើនវិស័យនេះផង និងជួយរដ្ឋាភិបាលផងដែរ”។លោកបន្តថា “ជាទស្សនវិស័យរបស់ខ្ញុំ យើងចង់ឲ្យអ្នកសិក្សាក្នុងវិស័យនេះ និងត្រៀមប្រឡូកក្នុងវិស័យនេះ ចូលបំពេញការងារ​នៅតាមបណ្តាក្រុមហ៊ុននានាមួយរយៈ ដើម្បីពួកគេទទួលបានបទពិសោធន៍ និងឈានទៅទទួលបានជោគជ័យក្នុងវិស័យនេះ”។


​វិស័យសំណង់ និងអចលនវត្ថុកម្ពុបាន និងកំពុងផ្លាស់ប្តូរមុខមាត់កម្ពុជាយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយទំហំទឹកប្រាក់រាប់ពាន់លានដុល្លារបានចាក់បញ្ចូលក្នុងវិស័យនេះ ជាក់ស្តែងគិតត្រឹមរយៈពេល១០ខែឆ្នាំនេះ ទុនវិនិយោគក្នុងវិស័​យនេះមានទំហំទឹកប្រាក់ជិត៥០០០លានដុល្លារអាមេរិក និងឆ្នាំ២០១៧កន្លងមកទុនវិនិយោគក្នុងវិស័យនេះ មានទំហំទឹកប្រាក់ប្រមាណ៦៤០០លានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។


​លោកឃាង ពុទ្ឋីបានថ្លែងបន្តថា ដោយសារវិស័យនេះ មានភាពរីកចម្រើនលឿន ទើបធ្វើឲ្យធនធានមនុស្សក្នុងវិស័យនេះ នៅជាបញ្ហាប្រឈម ទោះជាមានអ្នកជំនាញនិងអ្នកវិនិយោគមកពីបរទេស បានចូលមកប្រឡូកក្នុងវិស័យនេះច្រើនរួចហើយក៏ដោយ តែយើងត្រូវការធនធានមនុស្សច្រើនទៀត ដើម្បីបំរើសេវាកម្ម និងបំពេញការងារពាក់ព័ន្ឋក្នុង​វិស័យនេះ៕

កត្តា​ចម្បង​មួយចំនួន​ដែល​ត្រូវ​គិត​មុនពេល​វិនិយោគ​លើ​អចលនទ្រព្យ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្នកំពុង​តែមាន​ភាព​រីកចម្រើន​ខ្លាំង​ទាំង​នៅក្នុង​តំបន់​ទីប្រជុំជន​ក្នុង​រាជធានីក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំងប្រទេស ដែល​ធ្វើឱ្យ​កើតមាន​អ្នកវិនិយោគ​លើ​វិស័យនេះ​ជាច្រើន​ស្ទើរ​គ្រប់​តំបន់ខណៈ​អ្នកខ្លះ​ក៏​ទទួលបាន​ជោគជ័យ អ្នកខ្លះ​ក៏​មិន​ទទួលបាន​ជោគជ័យ លើ​ការ​វិយោគ។ ខាងក្រោម​នេះ​គឺជា​កត្តា​មួយចំនួន​ដែល​លោកអ្នក​គួរតែ​អនុវត្ត​មុនពេល​វិនិយោគ​អចលនទ្រព្យ​ដើម្បី​ទទួលបាន​ជោគជ័យក្រោម​ការចង្អុលបង្ហាញ​ពី​អ្នកជំនាញ លោក ឌិ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន LUCKYREALTY Co., Ltd ។

ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដែល​អាច​គេច​ផុតពី​ហា​នី​ភ័យ និង​អាច​ទទួលបាន​អត្រា​ជោគជ័យ​ខ្ពស់​បាន​គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ចំណុចសំខាន់ៗដូចខាងក្រោម ៖

១ ទីតាំង​អចលនទ្រព្យ

ទីតាំង​ពិតជា​មាន​សារៈសំខាន់​ណា​សា់​ម្រា​ប់​ធ្វើការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយ​លោកអ្នក​ត្រូវតែ​គិត និង​សិក្សា​ពី​សក្តានុពល​នាពេល​បច្ចុប្បន្ន និង​ការអភិវឌ្ឍ​ការ​ពេលអនាគតរ​បស់ទីតាំង ។

២ ទំហំ​អចលនទ្រព្យ

លោកអ្នក​ត្រូវតែ​គិតពី​ទំហំ​អ​ល​ចនទ្រ​ព្យ មុននឹង​ធ្វើការ​វិយោគ ដោយ​ត្រូវ​គិតថា ទំហំ​អចលនទ្រព្យ​នោះ​អាច​វិយោគ​ទៅជា​អ្វី​បាន​ខ្លះ ជា​អគារ​ខុន​ដូរ  ផ្ទះល្វែង បុរី ឬ សំណង់​អគារ​ពាណិជ្ជកម្ម។

៣ ផ្លូវ

លោកអ្នក​ត្រូវ​សិក្សា​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដែល​កំណត់ដោយ​រដ្ឋាភិបាល ទាំង​ការអភិវឌ្ឍន៍​ផ្លូវ បណ្តាញ​លូ និង​ស្វែងរក​ព័ត៌មាន​តាមរយៈ​បណ្តាញ​ព័ត៌មាន​នានា មិន​ថា​តាមរយៈ​មិត្តភក្តិ បណ្តាញសារព័ត៌មាន  បណ្តាញ​សង្គម ឬ សាកសួរ​ព័ត៌មាន​ពី​អជ្ញាធរ​មូលដ្ឋាន​ឱ្យបាន​ច្បាស់លាស់។

៤ តំបន់​ជិតខាង

លោកអ្នក​ត្រូវ​គិត​ឱ្យបាន​ច្បាស់​ពី​តំបន់ ឬ​មណ្ឌល​សំខាន់ ដែល​ស្ថិតនៅ​ជិត​អចលនទ្រព្យ​ដែល​ត្រូវ​វិនិយោគ ដូចជា មន្ទីរពេទ្យ  សាលារៀន ឬ ទីប្រជុំជន ដែល​បង្កឱ្យមាន​សក្កដា​នុព​ល​ចំពោះ​ការវិនិយោគ​ទាំង​បច្ចុប្បន្ន និង​ពេលអនាគត។

៥ បទដ្ឋាន​គតិយុត្តិ

លោកអ្នក​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​ច្បាស់​ពី​បទដ្ឋាន​គតិយុត្តិ​នានា​របស់​រដ្ឋាភិបាល ឬ​ច្បាប់​ដែល​ជម្រុញ​ដល់​ការ​វ​និ​យោគ​កាន់តែ​បាន។

៦ ឱកាស​វិយោគ

គួរ​សម្លឹងមើល​ពី​ភាពល្អប្រសើរ​ក្នុងការ​សម្រេចចិត្ត​វិនិយោគ​ដោយ​ឥត​ស្ទាក់ស្ទើរ ប្រកបដោយ​ភាពជឿជាក់​ទទួលបាន​ភា​គ​លា​ភាព​អនាគត។ ឧទាហរណ៍ ដី​មាន​ទីតាំង​ល្អ ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍ តម្លៃ​ទាប​ជាង​ទីផ្សារ និង​ភាពងាយស្រួល​ក្នុងការ​ទូទាត់។

ទាំងអស់នេះ គឺជា​ចំណុចសំខាន់ៗ និង​ចម្បង​ដែល​លោកអ្នក​គួរតែ​ពិចារណា និង​ស្វែងយល់​ឱ្យបាន​ច្បាស់ ដើម្បី​ទទួលបាន​ជោគជ័យ​លើ​ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ៕

អគ្គនាយក Propertyarea ចូលរួមចែករំលែកព៌តមានជាមូលដ្ឋានមុនវិនិយោគលើវិស័យអចលនទ្រព្យ

0

ដោយគង់ សូរិយា


ភ្នំពេញៈ ស្ថាបនិក  និងជាអគ្គនាយកក្រុមហ៊ុនគេហទំព័រPropertyarea.siaលោកយិន លាងគង់បានចូលរួមចែករំលែកព៌តមាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពិចារណាមុនវិនិយោគលើវិស័យអចលនទ្រព្យ ដល់សិក្ខាកាមដែលសុទ្ឋ តែមានមហិច្ឆតាចង់វិនិយោគក្នុងវិស័យនេះ។


លោកយិន លាងគង់ បានចូលរួមជាមួយលោកគាម សៀកឡុងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCentury21 Dream Property និងលោកឌិត ចណ្ណាអគ្គនាយក្រុមហ៊ុនLucky Realty Co, Ltd ដើម្បីចែករំលែកនូវចំណេះដឹងរបស់ខ្លួននាព្រឹកថ្ងៃទី៨ ធ្នូនេះ ដោយពួកគេបាន ចែករំលែកនូវចំណេះដឹងលើប្រធានបទខុសៗគ្នា ទាក់ទងនឹងវិស័យនេះ។


“ការទទួលបានព៌តមានត្រឹមត្រូវ ពិត អាចទុកចិត្តបាន និងតុល្យភាពពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណា មុនសម្រេចចិត្តវិនិយោគ”។

គេហទំព័រPropertyarea.asia ផ្តោតសំខាន់លើភាពឆាប់រហ័ស ទំនុកចិត្ត ព៌តមានពិត និងតុល្យភាព ដើម្បីផ្តល់ប្រយោជន៍ដល់អ្នកអាននិងអ្នកវិនិយោគនានា ប្រើប្រាស់ជាមូលដ្ឋានពិចារណាគ្រប់ជ្រុងជ្រោយ វិភាគមុនសម្រេចចិត្តជឿ និងសម្រេចចិត្តដាក់ទុនវិនិយោគ”។នេះជាការលើកឡើងរបស់លោកយិន លាងគង់។


លោកបន្តថា មូលដ្ឋានសំខាន់ចំនួន៦នៃសារព៌តមានគឺ5w &H ជាចំណុចស្នូលក្នុងការធ្វើជាមូលដ្ឋាន ដើម្បីវាស់វែងនូវគុណភាពព៌តមាន និងព៌តមានដែលលោកអ្នកទទួលបានថា ជាព៌តមានពិតឬអត់ ពិតជាមិនអាចចាកឆ្ងាយពីមូលដ្ឋានទាំងនេះទេ។ ព៌តមានដែលផ្អែកលើមូលដ្ឋានទាំង៦នេះ ពិតជាព៌តមានដែលឆ្លុះបញចាំងការពិត និងអាចទទួលយកបាន ពិសេសមូលដ្ឋាន5W &H មិនត្រឹមតែអាចយកមកប្រើប្រាស់ក្នុងវិស័យសារព៌តមានទេ តែក៏អាចយកមកធ្វើជាមូលដ្ឋាននៃការពិចារណា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃបានផងដែរ។


ជាមួយគ្នានេះ លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនLucky Realty Co, Ltdក៏បានចែករំលែកនូវមូលដ្ឋាននៃចំណេះដឹងជាច្រើន ទាក់ទងបទដ្ឋានគតិតយុត្តិ លំហូរសាច់ប្រាក់ និងឳកាសវិនិយោគ និងមិនគួរវិនិយោគក្នុងវិស័យនេះនិងមូលដ្ឋានចំណេះដឹង ដែលផ្អែកលើបទពិសោធន៍ការអនុវត្តន៍ជាក់ស្តែងជាច្រើន ក្នុងអាជីពរយៈពេលជាង១០ឆ្នាំរបស់លោក ដែលបានចាប់ផ្តើមពីបុគ្គលិកធម្មតានៃក្រុមហ៊ុនអចលនទ្រព្យ រហូតសម្រេចចិត្តបើកក្រុមហ៊ុនខ្លួនឯង និងទទួលបានជោគជ័យរហូតមកទល់ពេលនេះ។


ចំណែកលោកគាម សៀកឡុងអគ្គនាយកក្រុមហ៊ុនCentury21 Dream Property បានលើកឡើងពីឳកាស ទីតាំងដែលមានសក្តានុពលសម្រាប់ពិចារណាក្នុងការសម្រេចចិត្តវិនិយោគលើអចលនទ្រព្យផងដែរ ពិសេសលោកជំរុញឲ្យអ្នកវិនិយោគផ្តោតលើទីក្រុង និងតំបន់ជុំវិញទីក្រុងជាជាងទៅកាន់ខេត្តឆ្ងាយៗផងដែរ៕

ឧកញ៉ា​ម៉ុងប្រកាស​លក់​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នៅ​ដើមឆ្នាំ ២០១៩ ខាងមុខនេះ

0

ដោយ ៖ វុត្ថា

ភ្នំពេញ៖ លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី ដែលជា​មហាសេដ្ឋី​ផ្នែក​កសិកម្ម​ដ៏​ធំ​នៅ​កម្ពុជាបានប្រកាស​លក់​គម្រោង​លំនៅដ្ឋាន​សមរម្យ​នៅ​ដើមឆ្នាំ ២០១៩ ខាងមុខនេះ ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន​ប្រកបដោយ​ធម្មជាតិ​នៅជាប់​ជើងភ្នំ​ពេញ មាន​កន្លែង​ហាត់ប្រាណ និង​កន្លែង​កម្សាន្ត​នានា​ជាច្រើន​ផ្សេងទៀត។

លោក​ឧកញ៉ា បាន​សរសេរ​នៅក្នុង​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​ថា “ថ្ងៃ​សុក្រ​ទី៧ខែធ្នូ ឆ្នាំ២០១៨ ចុះមក​ពិនិត្យមើល​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​អភិវឌ្ឍ​លំនៅឋាន សុំ​អភ័យទោស​ផង​ដល់​ប្រិយមិត្ត Facebook ដែលមាន​ចំណាប់អារម្មណ៍​ចង់​ទិញ​លំនៅឋាន ក្នុង​គំរោង​របស់ខ្ញុំ​នេះ​ដោយសារ​ត្រូវ​ចំណាយ​ពេលវេលា ដើម្បី​សាងសង់​លំនៅឋាន​ប្រកបដោយ​ផាសុកភាព កុំ​អោយមាន​ផលប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ និង​បរិស្ថាន​មនុស្ស​ខ្ញុំ​ត្រូវតែ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​សម្រាប់​ធ្វើដំណើរ ផ្លូវ​ហាត់ប្រាណ​ស្រូបយក​ខ្យល់អាកាស​ធម្មជាតិ​បរិសុទ្ធ​ដោយ​ថ្មើ​ជើង ឡើង​ភ្នំ ចុះ​ភ្នំ ជិះ​កង់ មណ្ឌល​កំសាន្ត ប្រណាំង​រថយន្ត និង​ម៉ូតូ សួនសត្វ សួនច្បារ សួន​បន្លែ​ផ្លែឈើ​ដែល​គ្មាន​ជាតិគីមី ប្រពន្ធ​ទឺ​ក​ស្អាត ប្រពន្ធ​រំដោះ​ទឹក​សំអុយ ប្រពន្ធ​ការពារ​សុវត្ថិភាព ត្រៀម​បង្ការ​កុំអោយ​មាន​គ្រោះទឹកជំនន់” ៕ល៕

លោក​ឧ​ញ៉ា សរសេរ​បន្តថា តើ​កន្លងមក​ប្រិយមិត្ត​យើង​ដែល​ធ្លាប់បាន​គិតគូរ​ដល់ក​រ​ណី​ដូចខាងលើ​នេះដែ​ឬ​អត់​ទេ ? នៅ​ដើមឆ្នាំ២០១៩ខាងមុខនេះ​ក្រុមហ៊ុន​និង​អាច​ប្រកាស​តម្លៃ​សមស្រប​ដែល​អាច​ទទួលយកបាន​ទាំងសងខាង​ហើយ ។

លោក​ឧកញ៉ា​រូបនេះ​ធ្លាប់បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា លោក​កំពុង​តែមាន​គំរោង​ដ៏​ធំ​មួយ ដើម្បី​សាងសង់​លំនៅដ្ឋាន​កម្រិត​មធ្យម ដែល​លំនៅដ្ឋាននីមួយៗស្ថិតនៅលើ​ផ្ទៃដី១២០០ ម៉ែត្រការ៉េ ដែលមាន​បរិស្ថាន​ស្អាត និង​សេវា​ថែទាំ ដាំ​ដើមឈើ​ហូប​ផ្លែ មានទឹក មាន​ភ្លើង និង​ប្រព័ន្ធ​សុវត្ថិភាព​ជាដើម ដែល​ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ ដែលមាន​ចម្ងាយ​ត្រឹមតែ៥០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។

លោក​ឧកញ៉ា ម៉ុង រិទ្ធី បានអោយដឹងថា “ដើម្បី​កែប្រែ​លំនៅដ្ឋាន​ប្រជាជន​ដែល​រស់នៅ​តំបន់​ទីជនបទ អោយ​ក្លាយទៅជា​លំនៅដ្ឋាន​ប្រកបដោយ​ផាសុកភាព ខ្ញុំ​បាន និង​កំពុងតែ​រៀបចំ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាជាង៣០០ហិកតា សម្រាប់​សាងសង់​លំនៅដ្ឋាន​លំដាប់​មធ្យម​ក្នុងតម្លៃ​សមរម្យ។

គំរោង​លំនៅដ្ឋាន​នេះ នឹង​សាងសង់​នៅលើ​ផ្ទៃដី១២០០ម៉ែត្រ​ការ​រ៉េ​សម្រាប់​ផ្ទះមួយខ្នងៗ រួមជាមួយ​នឹង​សេវា​ដាំ​ថែទាំ​ដើមឈើ​ហូប​ផ្លែ មានទឹក ភ្លើង ប្រព័ន្ធ​សុវត្ថិភាព មាន​ផ្លូវ​ប្រវែង​ជាង​សែសិប​គីឡូម៉ែត្រ​សម្រាប់​ដើរ ឬ​ជិះ​កង់​ហាត់ប្រាណ​ប្រកបដោយ​សុវត្ថិភាព មាន​ភ្នំ​ដែល​ខ្ញុំ​បាន​ថែ​រក្សាទុក​ដើមឈើ​ផ្លែកៗ រាប់លាន​ដើម​ជាច្រើន​ប្រភេទ ដើមឈើ​មួយចំនួន​បាន​បញ្ចេញ​ផ្កា ទៅតាម​រដូវ​កាល​គួ​ជាទី​គយគន់ មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​សត្វ​ស្លាប មាន់ព្រៃ ជ្រូកព្រៃ ដើមឈើ​មួយចំនួន​ដុះ​នៅ​តំបន់ភ្នំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​នេះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មិនមាន​ដូចគ្នា​ទេ ទីតាំង​នេះ​មាន​ចម្ងាយ​តែត្រឹម៥០គីឡូម៉ែត្រ​ពី​ភ្នំពេញ បើ​យើង​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ៤ ពី​ភ្នំពេញ​ចំណាយពេល​មិន​ដល់១ម៉ោង​ផង។

យ៉ាងណាក៏ដោយ ជា​ដំណឹង​ល្អ លោក​ឧកញ៉ា​ក៏បាន​បញ្ជាក់​ផងដែរ​ថា ទាំង​ដី ទាំង​ផ្ទះ និង​ការរៀបចំ គឺមាន​សោភ័ណភាព​ស្រស់បំព្រង និង​មានតម្លៃ​មិន​លើសពី១០ម៉ឺន​ដុល្លារ​នោះទេ ៕

កម្ពុជា-វៀតណាម ចុះហត្ថលេខា​បញ្ចប់​កិច្ចព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម​តាម​ព្រំដែន

0

ដោយ វុត្ថា

ហាណូយ៖ ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែនសំដៅ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចកម្ពុជា និង​វៀតណាម បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ការចរចា​បញ្ចប់​កិច្ចព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។

អនុស្សរណៈ​ដ៏​សំខាន់​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក​ត្រាន់ ទួន​អា​ញ (Tran Tuan Anh) រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម កាលពី ទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ នៅ​ប្រទេស​វៀ​ណា​ម។

យោងតាម​អនុស្សរណៈ​យោគយល់ មាន​ចំណុចសំខាន់ៗចំនួន ០២ ដែល​ប្រទេស​ហត្ថលេខី​ទាំងពីរ មានកា​ត្វ​កិច្ច ចូលរួម​អនុវត្តន៍ គឺ៖ ចំណុច​ទី១ ភាគី​ទាំងពីរ​នឹង​គោរព​តាមច្បាប់ និង​បទ​ប​ញ្ញ​តិ្ត​នៃ​ប្រទេសរៀងៗខ្លួន ទាក់ទង​បញ្ហា​កាន់​សាច់ប្រាក់​ឆ្លងកាត់​ព្រំដែន ហើយ​ចំណុច​ទី២ ភាគី​ទាំងពីរ​ត្រូវ​បន្ត​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​សេសសល់ ដែល​មិនទាន់បាន​ឯកភាពគ្នា ទាក់ទង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន ឱ្យបាន​ឆាប់​បំផុត។

លោក​ប៉ាន សូរ​ស័ក្តិ  រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានអោយដឹងថា កន្លងមក ប្រទេស​កម្ពុជា និង​វៀតណាម ធ្លាប់បាន​កំណត់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ឱ្យបាន​ដល់ ៥ប៊ី​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ២០១៥ ប៉ុន្តែ​រហូតមកដល់​ឆ្នាំ២០១៧ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ សម្រេចបាន​ត្រឹមតែ ៣,៨ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ។ លើសពីនេះ សម្រាប់​រយៈពេល ៧ខែ ឆ្នាំ២០១៨នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម សម្រេចបាន​ទឹកប្រាក់ ២,៧ប៊ី​លាន​ដុល្លារ កើនឡើង១៨,៧% ប្រៀបធៀប​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ ២០១៧ ។

មុខទំនិញសំខាន់ៗរបស់​វៀតណាម នាំ​ចូលមក​កម្ពុជា កាលពី​ឆ្នាំ២០១៧ មានដូចជា ដែកថែប និង​ដែក​ដែល តម្លៃ ៥២១លាន​ដុល្លារ ប្រេងឥន្ធនៈ​តម្លៃ ៣៧៥លាន​ដុល្លារ ជី​កសិកម្ម សម្លៀកបំពាក់ គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ប្លា​ស្ទិ​ក រីឯ​មុខទំនិញសំខាន់ៗរបស់​កម្ពុជា ដែល​នាំ​ចេញទៅ​វៀតណាម ភាគច្រើន ជា​ឈើហុប និង​ផលិតផល​ធ្វើ​ពី​ឈើ ដែលមាន​តម្លៃ ២១៤ លាន​ដុល្លារ ស្វាយចន្ទី តម្លៃ ១៦៨លាន​ដុល្លារ និង​កៅស៊ូ តម្លៃ ១៣៨លាន​ដុល្លារ។

តាមរយៈ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​ថ្មី​នេះគេ​រំពឹងថា​ប្រទេស​ទាំងពីរ នឹង​អា​ចព​ន្លឿ​ន​កិច្ចចរចា ដើម្បី​ឈានទៅ​ដក​របាំង​បច្ចេកទេសនិង​បញ្ចប់​រាល​បញ្ហា​ពាក់ព័ន្ធ​ទាំងឡាយ ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា-វៀតណាមសំដៅ​សម្រេច​ឱ្យបាន​នូវ​ទំហំ​ពាណិជ្ជកម្ម ដែល​មេដឹកនាំ​ប្រទេស​ទាំងពីរ បានកំណត់​កាលពី​ឆ្នាំ២០១៥ ៕

ឧកញ៉ាធំៗចាប់ផ្តើមប្រកួតប្រជែងក្នុងវិស័យអចលនទ្រព្យកាន់តែខ្លាំង

0

ដោយ គង់ សុរិយា
ភ្នំពេញ៖ ឧកញ៉ាធំៗនៅកម្ពុជាជាច្រើនបាននឹងកំពុងចាប់ផ្តើមប្រកួតប្រជែងរកស៊ីក្នុងវិស័យអចលនទ្រព្យកាន់តែខ្លាំង ខណៈវិស័យមួយនេះកំពុងតែរីកចម្រើនខ្លាំង។

ឧកញ៉ាធំៗទាំងនោះ មានដូចជា លោក ឧកញ៉ា លី យ៉ុងផាត់ ដែលបាននឹងកំពុងវិនិយោគលើសាលតាំងពិព័រណ៍ និងសាលមង្គលការដ៏ធំមួយនៅខណ្ឋសែនសុខ រាជធានីភ្នំពេញ ព្រមទាំងបាននឹងកំពុងធ្វើសួនកំសាន្តដែលមានរូបដាយណូស័រក្នុងទុនវិនិយោគ១៧ លានដុល្លារសហរដ្ឋអាមេរិក ជាមួយគ្នោះ លោក ឧកញ៉ា ពុង ឃាវសែ នាយកក្រុមហ៊ុន OCIC ដែលជាអ្នកវិយោគលើវិស័យអចលនទ្រព្យធំមួយដែរនោះ ក៏ចាប់ផ្តើមវិនិយោគលើសួនកម្សាន្តដែលមានរូបដាយណូស័រ និងវិយោគលើគម្រោងខុន និងលំនៅដ្ឋានជាច្រើន។

បន្ថែមពីនេះក៏មានលោក ឧកញ៉ា លី ហ៊ួរ ឧកញ៉ា ហុង ពីវ និងឧកញ៉ាជាច្រើនផ្សេងទៀតក៏បាននឹងកំពុងវិយោគលើវិស័យអចលនទ្រព្យនេះផងដែរ។

អ្នកនាង អាន សុធិតា នាយិការក្រុមហ៊ុន CBRE បានអោយដឹងថា ទីផ្សារអចលនទ្រព្យបាននឹងកំពុងរីកចម្រើនខ្លាំង ខណៈការប្រកួតប្រជែងក៏មានការកើនឡើងដូចគ្នាផងដែរ។ ទោះមានការប្រកួតប្រជែងលើការវិយោគលើវិស័យអចលនទ្រព្យពីសំណាក់ឧកញ៉ាធំៗ នៅកម្ពុជាក៏ពិតមែន តែ គម្រោងវិនិយោគនីមួយៗចាប់យកទីផ្សារខុសៗគ្នា និងតំបន់ក៏ផ្សេងៗគ្នា ដូច្នេះទីផ្សារអចលនទ្រព្យពុំមានជាបញ្ហាចោទនោះទេ៕

ដំណឹង​ល្អ! ក្រុមហ៊ុន​ថៃ​ចំនួន២៥កំពុង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម វិនិយោគ​នៅ​កម្ពុជា

0


ដោយ វុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន​ថៃ​ចំនួន២៥ កំពុងតែ​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម វិនិយោគ និង​ស្វែងរក​ទីផ្សារ​នៅ​កម្ពុជា ខណៈដែល​ប្រទេស​កម្ពុ​ជាមាន​សក្កដានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ប្រកបដោយ​ភាពអំណោយ​ផល ជាពិសេស​គឺ​សន្តិ-ភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន។

នៅក្នុង​ជំនួប​គណៈប្រតិភូ​ថៃ​ចំនួន៣២នាក់ មកពី២៥ក្រុមហ៊ុន ដែល​បាន​អញ្ជើញ​មក​កម្ពុជា ដើម្បី​បង្កើត​ដៃគូ​ពាណិជ្ជកម្ម និង​ពង្រីក​ការសហការ​រវាង​ប្រទេស​កម្ពុជា-ថៃ​នៅ​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៨ នេះ លោក កឹម ស៊ីថន រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងពាណិជ្ជកម្ម បានបង្ហាញ​អំពី​សក្តានុពល នៃ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​វិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ ព្រមទាំង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ថៃ ក្នុងការ​នាំចេញ-នាំចូល​ផលិតផល និង​ការតាំង​ពិ​ព័រ​ណ៌​ផលិតផល​ថៃ​នៅ​កម្ពុជា​នៅតាម​ព្រឹត្តិការណ៍ធំៗក្នុង​រាជធានី​ភ្នំពេញ ក៍​ដូចជា តាម​បណ្តា​ខេត្ត​នានា​ផងដែរ។

លោក​រដ្ឋមន្ត្រី​ស្តីទី​ក៏បាន​ប្រកាស​ស្វាគមន៍ក្រុមហ៊ុន​ថៃ​ទាំងអស់​ដែលមាន​គោលបំណង​ចង់​វិនិយោគ​នៅ​កម្ពុជា ដោយ​យ​ក្រសួងពាណិជ្ជកម្មនឹង​ជួយ​សម្របសម្រួល​ដល់​ក្រុមហ៊ុន​ថៃ ដើម្បី​មក​វិនិយោគ​មាន​ភាពងាយស្រួល (ការចុះបញ្ជី​ពាណិជ្ជកម្មនិង​ការចុះ​ស្លាក​ពាណិជ្ជកម្ម) និង​ត្រៀមខ្លួន​សម្រាប់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែនពាណិជ្ជកម្ម​ថ្នាក់ជាតិ​រវាង​កម្ពុជា-ថៃ នៅ​ដើម​ត្រីមាស​ទី១ ក្នុង​ឆ្នាំ២០១៩។

លោក វ៉ាន់​ឆៃ វៈ​រ៉ា​វីដ តំណាង​គណៈប្រតិភូ​ថៃ បាន​សំដែង​ការ​អរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន​ថៃ បាន​ស្វែងយល់​ពី​ការវិនិយោគ​នៅ​កម្ពុជា និង​ពង្រីក​ការសហការ​ពាណិជ្ជកម្ម​ជា​ដៃគូ ព្រមទាំង​ពង្រឹង​ការសហការ​លើ​កិច្ច ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ពាណិជ្ជកម្ម​ថ្នាក់ជាតិ​រវាង​កម្ពុជា-ថៃ​នៅ​ដើមឆ្នាំ២០១៩ ។

លោក​បាន​បន្ថែមទៀតថា ប្រទេស​ថៃ​សូម​ស្វាគមន៍​ដល់​កម្ពុជា លើ​ការចូលរួម​កម្មវិធី​ពិ​ព័រ​ណ៌​ថៃ​នៅតាម​បណ្តា​ខេត្ត​ជាប់​កម្ពុជា និង​ព្រឹត្តិការណ៍សំខាន់ៗនានា ដែល​នឹងធ្វើ​ការអញ្ជើញ​កម្ពុជា​ចូលរួម​ផងដែរ។ គណៈប្រតិភូ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ និង​សភាពាណិជ្ជកម្ម​ថៃ មាន​បេសកកម្ម​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០១។ ជាមួយនេះ​គណៈប្រតិភូ​ថៃ មាន​សមាជិក​ចំនួន២៥ ក្រុមហ៊ុន នឹងធ្វើ​ជំនួប​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ថៃ នៅ​រាជធានី​ភ្នំពេញ​ផងដែរ ៕

សម្តេច​តេ​ជោ​បង្ហាញ​សក្តានុពល​វិនិយោគ​ចំនួន៦ចំណុច​សម្រាប់​ទាក់ទាញការវិនិយោគ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច​តេ​ជោ​ហ៊ុន សែន​បានបង្ហាញ​នូវ​កាលានុវត្តន៍​ភាព និង​បទដ្ឋាន​គតិយុត្តិ​ចំនួន៦ដែល​ផ្តល់​គុណសម្បត្តិ​ដល់​អ្នកវិនិយោគ មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា។

ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​កាលពី​រាត្រី​ថ្ងៃទី៦ ធ្នូ កន្លងមក ក្នុង​កំឡុង​ដំណ​រើ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ប្រទេស​វៀតណាម រយៈ​ព​លេ​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី៧ ដល់៨ធ្នូ​កន្លងមកនេះ សម្តេច​តេ​ជោ​បាន​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​វៀតណាម មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត។ ជាមួយគ្នានេះ​សម្តេច​បាន​ជម្រាបជូន​ធុរជន និង​អ្នកវិនិយោគ​ទាំងអស់​អំពី​សក្ដានុពល​វិនិយោគ និង​ឧត្តមភាពសំខាន់ៗរបស់​កម្ពុជា រួមមាន ទី១ ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច។ ទី២ កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយជា “រោងចក្រ​នៃ​អាស៊ី” ហើយ​ម្យ៉ាងទៀត​កម្ពុជា​ក៏​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​តំបន់​មេគង្គ ដែលជា​តំបន់​មាន​កំណើនសេដ្ឋកិច្ច និង​ការតភ្ជាប់​ខ្ពស់​ជាងគេ។

ទី៣ កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប​និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ​ត្រឹម៣៥ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ៧២ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ការកើនឡើង នៃ​ចំនួន​ប្រជាជន​ដែលមាន​ចំណូល​មធ្យម និង​ជាវ​ណ្ណៈ​កណ្តាល​នឹង​បង្កើត​កាលានុវត្តភាព​សម្រាប់​ក​ម្ពុ​ជា។ ទី៤ កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​នោះទេ។

ទី៥ ទំនិញ​ផលិត​នៅ​កម្ពុជា មិនមែន​ផ្គត់ផ្គង់​សម្រាប់តែ​ទីផ្សារ​នៅ​កម្ពុជា​ដែលមាន​ប្រជាជន​ប្រមាណ​តែ​ជាង១៥លាន​នាក់​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ទៅក្នុង​ទីផ្សារ​អនុតំបន់​មេគង្គ ដែលមាន​អតិថិជន​ប្រមាណ២៥០លាន​នាក់។ ទីផ្សារ​អាស៊ាន​ដែលមាន​អតិថិជន​ប្រមាណ៦៣០លាន​នាក់, និង​ទីផ្សារ​នៅក្នុង​តំបន់​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RCEP) ដែលមាន​អតិថិជន​ប្រមាណ៣០០០លាន​នាក់ ព្រមទាំង​លទ្ធភាព​ចូល​ទីផ្សារ​ធំ​ដទៃទៀត​ក្នុង​ពិភពលោក។

និង​ទី៦ កម្ពុជា និង​វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជៀង​វាស​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពាក់ព័ន្ធ​និង​ពន្ធ​លើ​ប្រាក់ចំណូល នៅ​ថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ នៅ​ទីក្រុង​ហាណូយ ។

សម្តេច​តេ​ជោ​នៅតែ​បន្ត​អំពាវនាវ ដល់​អ្នកវិនិយោគ​វៀតណាម ដែល​មិនទាន់​បានមក​កម្ពុជា អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ទ្វេភាគី​រវាង​វៀតណាម និង​កម្ពុជា។

ជាមួយគ្នានេះ សម្តេច​ក៏​សូម​សូម​ធានា​ជូន​អ្នកវិនិយោគ​គ្រប់រូប នូវ​បរិស្ថាន​ប្រកបដោយ​ភាពអំណោយ​ផល ជាពិសេស គឺ​សន្តិ-ភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន៕