តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានធ្លាក់ចុះមកនៅត្រឹមទំហំទឹកប្រាក់ចំនួន៣២៧៤,៧៤ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៦៤ភាគរយដល់៣២៩៥,៧៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៤ភាគរយមកនៅត្រឹម៣២៩១,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៩នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៦,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៩,៨៤ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,៨២ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីសក្តានុពលអចលនទ្រព្យនៅជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ បើទោះបីព្រលានយន្តហោះបើកដំណើរការក្តី ប៉ុន្តែតម្លៃដីធ្លីនៅជុំវិញតំបន់នេះ នឹងមិនឡើងថ្លៃទេ តែសកម្មភាពទិញលក់មានច្រើនជាងមុន។ នេះបើតា​មការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកជំនាញ និងជាស្ថាបនិកបុរីវិមានសំណាង។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី៥ មិថុនាថា សកម្មភាពទិញ លក់នឹងកើនឡើង ប៉ុន្តែដីធ្លីមិនទាន់ឡើងថ្លៃទេ តែតាមបទពិសោធន៍ តម្លៃដីធ្លីជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ និងគំរោងព្រែកជីកហ្វូណនតេជោ កំពុងសាងសង់ដីអាចនឹងឡើងថ្លៃ ប៉ុន្តែការពិត តម្លៃដីបានកើនឡើងកាលពីមួយឆ្នាំមុន។ ចំណែកព្រលានយន្តហោះថ្មី ពីមុនអាចលក់មិនបាន ប៉ុន្តែនៅពេលព្រលានបើកដំណើរ​ការ អាចលក់ចេញបាន នៅពេលមានតម្រូវការពិតប្រាកដ។

លោកឧកញ៉ាបណ្ឌិតបានបន្តថា តាមបទពិសោធន៍របស់លោក នៅពេលអ្នកវិនិយោគខ្មែរ និងបរទេស មុនសម្រេចចិត្តទិញដីចាប់ពី១លានដុល្លារឡើង ពួកគេបានជួលក្រុមហ៊ុនចុះវាយតម្លៃ ដែលមានទិន្នន័យច្បាស់លាស់ ពួកគេអាចសម្រេចចិត្តទិញ ដោយគ្រាន់តែចំណា​យលើថ្លៃសេវាកម្ម​ចន្លោះពី៥០០​ ទៅ១០០០ដុល្លារ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា “អ្នកវិនិយោគ ពួកគេហ៊ានចំណាយតម្លៃខាងលើ ដើម្បីមានមូលដ្ឋានសម្រេចចិត្ត ច្បាស់លា​ស់ មុនសម្រេចចិត្តទិញ”។

លោកបន្តទៀតថា “អ្នកទិញដី ចំណេញលឿន លក់ចេញលឿន ប៉ុន្តែអ្នកទិញហើយលោភលន់ ពួកគេអាចជាប់គាំងក្នុងរឿងដីធ្លី”។ លោកបន្ថែមថា “ប៉ុន្តែបើអ្នកទិញយកចំណេញលឿន លក់ចេញលឿន ពួកគេនឹងមិនប្រឈមការជាប់គាំងនោះទេ”៕

ការវិនិយោគអចលនទ្រព្យលើពិភពលោកនឹងសម្រេចបានទំហំទឹកប្រាក់៩៥២ពាន់លានដុល្លារក្នុងឆ្នាំ២០២៥នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills បានព្យាករណ៍ថា ការវិនិយោគអចលនទ្រព្យសរុបទូទាំងពិភពលោកនឹងសម្រេចបានទំហំទឹកប្រាក់ចំនួន៩៥២ពាន់លានដុល្លារក្នុងឆ្នាំ២០២៥នេះ ហក់ឡើង២៧ភាគរយធៀបនឹងឆ្នាំ២០២៤។

ទីផ្សារលំនៅដ្ឋាន ដូចជា លំនៅដ្ឋានរបស់សិស្ស-និស្សិត និងលំនៅដ្ឋានសម្រាប់មនុស្សចាស់ នៅតែទទួលបានការវិនិយោគច្រើនបំផុតនៅទូទាំងពិភពលោក។ ទំហំនៃការវិនិយោគលើប្រភេទលំនៅដ្ឋានទាំងនេះនៅសហរដ្ឋអាមេរិកបានកើនឡើងដល់លើស២២ពាន់លានដុល្លារកាលពីត្រីមាសទី១។

ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មកំពុងងើបឡើងវិញ។ ទោះជាយ៉ាងណា តម្រូវការការិយាល័យនៅតែមានស្ថានភាពយឺត។ ប៉ុន្តែ តម្រូវការអចលនទ្រព្យផ្នែកឧស្សាហកម្មនៅតែមានសភាពរឹងមាំ។ ការវិនិយោគលើលំនៅដ្ឋាន និងសណ្ឋាគារនៅតំបន់អឺរ៉ុបបានកើនឡើង ខណៈសកម្មភាពជួលការិយាល័យបានបន្តធ្លាក់ចុះ។

នៅត្រីមាសទី១ ឆ្នាំ២០២៥ ទំហំនៃការវិនិយោគអចលនទ្រព្យសរុបនៅតំបន់អាសុីប៉ាសុីហ្វិកបានដាំក្បាលចុះ៤៥ភាគរយបើប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៤។ លំហូរមូលធនបរទេសបានគ្របដណ្តប់ចំណែក៣១ភាគរយនៃការវិនិយោគសរុប ខណៈវិនិយោគិនបរទេសភាគច្រើនមានប្រភពមកពីតំបន់អាមេរិកខាងជើង។

ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានសម្រេចកិច្ចព្រមព្រៀងអចលនទ្រព្យ ដែលមានតម្លៃសរុបចំនួន១១៧ពាន់លានដុល្លារអាមេរិកក្នុងឆមាសទី១ ឆ្នាំ២០២៥ ដោយសារការកែទម្រង់គោលនយោបាយទិដ្ឋាការ និងការលើកទឹកចិត្តចំពោះកម្មសិទ្ធិបរទេស៕ប្រភព: PwC & Savills៕

កាសែតអន្តរជាតិឯករាជ្យចុះផ្សាយថា បទឈប់បាញ់រវាងកម្ពុជា និងថៃនៅតែរក្សាបានជាធរមាន ទោះជាមានការចោទប្រកាន់

ដោយ: គង់ លាងហួរ
ភ្នំពេញ: កាសែតបរទេសឯករាជ្យនានាបានចុះផ្សាយនូវការបដិសេធរបស់ភាគីកម្ពុជាចំពោះភាគីថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានរំលោភបទឈប់បាញ់ ដែលត្រូវបានឯកភាពគ្នា ក្រោមការសម្របសម្រួលដោយសហរដ្ឋអាមេរិក ប្រទេសម៉ាឡេសុី និងប្រទេសចិន។

កាសែត Reuters បានរាយការណ៍ថា ខណៈពេលដែលប្រទេសថៃបានចោទប្រកាន់កម្ពុជាពីការរំលោភលើបទឈប់បាញ់ កម្ពុជាបានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា កងទ័ពរបស់ខ្លួនបានគោរពយ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់។

កាសែត Reuters បានកត់សម្គាល់ថាបទឈប់បាញ់នៅតែត្រូវបានគោរពជាផ្លូវការ បន្ទាប់ពីមានអន្តរាគមន៍ការទូត ដោយកម្ពុជាបានច្រានចោលការចោទប្រកាន់របស់ភាគីថៃអំពីការរំលោភបទឈប់បាញ់ និងបញ្ជាក់ពីការអនុលោមតាមច្បាប់ពេញលេញ។

កាសែត The Guardian ក៏​បាន​បញ្ជាក់​ថា កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​កម្ពុជាអះអាង​ថា​ ខ្លួនបានគោរព​តាម​កិច្ច​ព្រមព្រៀង​នេះ។ បទ​ឈប់​បាញ់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ មាន​ភាព​ផុយ​ស្រួយ។ ទោះជាយ៉ាងណា បទឈប់បាញ់នៅ​តែ​អាចរក្សា​បានជាធរមាន មកទល់ពេលនេះ។

យោងតាមសារព័ត៌មាន AP បានចុះផ្សាយថា ខណៈបទឈប់បាញ់ត្រូវបានសាកល្បង ហើយប្រទេសថៃបានធ្វើការចោទប្រកាន់ ភាគីទាំង២ បានឯកភាពផ្អាកការចល័តទ័ព និងបញ្ចៀសការកើនឡើងកំដៅនៃភាពតានតឹង។

លោក Sean O’Neill បេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសថៃបានអះអាងថា ជម្លោះព្រំដែនរវាងថៃជាមួយកម្ពុជានាពេលថ្មីៗនេះ មិនមានផលប្រយោជន៍សម្រាប់ប្រជាជនថៃ ឬសម្ព័ន្ធភាពរបស់ប្រទេសថៃជាមួយសហរដ្ឋអាមេរិកនោះទេ។

លោក Sean O’Neill បានលើកឡើងបែបនេះក្នុងព្រឹទ្ធសភាអាមេរិក នៅពេលលោកត្រូវបានគេសាកសួរអំពីការប្រយុទ្ធគ្នាអស់រយៈពេល៥ថ្ងៃរវាងប្រទេសថៃ និងកម្ពុជា។

នៅពេលសាកសួរថា តើលោកនឹងធ្វើដូចម្តេចដើម្បីធានាថា បទឈប់បាញ់នឹងក្លាយជាកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង លោក O’Neill បានអះអាងថា “ខ្ញុំគិតថា រឿងដំបូងដែលខ្ញុំនឹងធ្វើ គឺខ្ញុំចង្អុលប្រាប់ទៅកាន់ថៃ ដែលជាសម្ព័ន្ធមិត្តរបស់យើងនៅតំបន់អាស៊ីថា សង្រ្គាមបែបនេះ ជម្លោះបែបនេះ មិនមានផលប្រយោជន៍សម្រាប់ប្រជាជនថៃនោះទេ”៕ប្រភព: CNA & The Guardian & Reuters & AP៕

ការដាំក្បាលចុះនៃប្រាក់យ៉េនជំរុញឱ្យទុនវិនិយោគអចលនទ្រព្យ និងភ្ញៀវទេសចរណ៍បរទេសសម្រុកហូរចូលប្រទេសជប៉ុន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសជប៉ុនបានឈានចូលដល់ដំណាក់កាលនៃការផ្លាស់ប្តូរយ៉ាងសុីជម្រៅ។ អត្រាអតិផរណានៅក្នុងប្រទេសជប៉ុនបានងើបឡើងវិញ ខណៈទំនាក់​ទំនង​រវាងទីក្រុងតូក្យូ​ជាមួយ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក។

លើសពីនេះ ប្រទេសជប៉ុនប្រឈមមុខនឹងហានិភ័យនយោបាយ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច និងគណបក្ស Komeito ដែលជាដៃគូសម្ព័ន្ធយុវជនបានបាត់បង់សំឡេងភាគច្រើននៅសភាជាន់ខ្ពស់ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២០ ខែកក្កដា។

តម្លៃប្រាក់យ៉េនរបស់ប្រទេសជប៉ុនបានដាំក្បាលចុះ២៨ភាគរយធៀបនឹងប្រាក់ដុល្លារអាមេរិកគិតចាប់តាំងពីខែមីនា ឆ្នាំ២០២២។ ការណ៍នេះបានជំរុញឱ្យអតិផរណាលើតម្លៃទំនិញនៅក្នុងប្រទេសជប៉ុនមានការកើនឡើង។

ប៉ុន្តែ ស្របពេលជាមួយគ្នានេះ ការដាំក្បាលចុះនៃតម្លៃប្រាក់យ៉េនបានធ្វើឱ្យភ្ញៀវទេសចរណ៍បរទេសហូរចូលមកកាន់ប្រទេសជប៉ុនកាន់តែច្រើន និងធ្វើឱ្យវិស័យអចលនទ្រព្យជប៉ុនមានភាពរីកចម្រើន។ ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅប្រទេសនេះបានគ្របដណ្តប់នូវចំណែកជាង១ភាគ៣នៃការវិនិយោគសរុបក្នុងតំបន់អាសុីប៉ាសុីហ្វិកនៅត្រីមាសទី១។

លើសពីនេះ តម្លៃជួលការិយាល័យកម្រិត A នៅក្នុងទីក្រុងតូក្យូ បានកើនឡើងក្នុងល្បឿនលឿនបំផុត ក្នុងចំណោមបណ្តាទីក្រុងផ្សេងទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីត្រីមាសទី២ ខណៈតម្លៃជួលអាផាតមុិននៅក្នុងទីក្រុងតូក្យូក៏បានកើនឡើងផងដែរ៕ប្រភព: SCMP៕

សហព័ន្ឋធុរកិច្ចសឹង្ហបុរីចាប់អារ្មណ៍លើការវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានអនុញ្ញា​តជូនលោក Soo Wei Chieh នាយកប្រតិបត្តិផ្នែកធុរកិច្ចអន្តរជាតិ និងជាប្រធានគណៈប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណជូន លោក Soo Wei Chieh និងគណៈប្រតិភូសហព័ន្ធធុរកិច្ចសឹង្ហបុរី ដែលបានចូលជួបពិភាក្សាការងារ និងបង្ហាញពីចំណាប់អារម្មណ៍ លើការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។

ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្រ្តី​ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការបស់រាជរដ្ឋាភិបាល ក្នុងការបន្តធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងការបន្តពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកនិងបង្កើតទីផ្សារថ្មី។

ជាការឆ្លើយតប លោក Soo Wei Chieh ប្រធានគណៈប្រតិភូសហព័ន្ធធុរកិច្ចសឹង្ហបុរី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកជំទាវរដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសដ៏មានតម្លៃ ដើម្បីបានចូលជួបណែនាំសមាសភាពគណៈប្រតិភូ និងជម្រាបជូនអំពីទស្សនវិស័យនិងចំណាប់អារម្មណ៍ ក្នុងការមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។

លោក Soo Wei Chieh បានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកស្ទួយតួនាទីដ៏សំខាន់ របស់វិស័យឯកជន ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច ជាពិសេសការបន្តគាំទ្រដល់ការធ្វើធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរទ្បើង តាមរយៈការផ្តល់ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗដទៃទៀត។

លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ជូនជាថ្មីនូវ ការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តសម្របសម្រួល និងគាំទ្រដល់ធុរកិច្ចនិងវិនិយោគិនសិង្ហបុរីនៅកម្ពុជា៕

 

ការសិក្សា: តើទីក្រុងធំៗចំនួន៥នៅសហរដ្ឋអាមេរិកមានតម្លៃលំនៅដ្ឋានប៉ុន្មានក្នុងមួយយូនីត?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការរស់នៅក្នុងទីក្រុងដ៏មានសភាពអ៊ូអរ និងរស់រវើកនៅសហរដ្ឋអាមេរិក ដែលពោរពេញទៅដោយឱកាសជាច្រើនក្នុងការកសាងជីវិត ជាក្តីសុបិនសម្រាប់មនុស្សជាច្រើន។ប៉ុន្តែ តម្លៃលំនៅដ្ឋាននៅតាមទីក្រុងទាំងនោះមានតម្លៃខ្ពស់កប់ពពក។

ខាងក្រោមនេះជាទីក្រុងធំៗចំនួន៥ នៅសហរដ្ឋអាមេរិក ដែលមានតម្លៃលំនៅដ្ឋានថ្លៃកប់ពពក :

ទី១: ទីក្រុង Boston រដ្ឋ Massachusetts

ជាមធ្យម ដើម្បីទិញអចលនទ្រព្យលំនៅដ្ឋាននៅទីក្រុង Boston គេត្រូវចំណាយប្រាក់ចំនួន៧០៣.៦០០ដុល្លារ ខណៈអត្រាភាពគ្មានការងារធ្វើនៅទីក្រុងមួយនេះស្ថុិតក្នុងរង្វង់៣,៩ភាគរយ។ ការជួលលំនៅដ្ឋាននៅទីក្រុង Boston មានតម្លៃប្រហែល៤.០៦៦ដុល្លារក្នុងមួយខែ។

ទី២: ទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា

ទីក្រុងនេះមានចំនួនប្រជាជនសរុបជិត១,៤លាននាក់ ហើយប្រាក់ចំណូលគ្រួសារជាមធ្យមមានចំនួន១០៥.៧៨០ដុល្លារ។ លំនៅដ្ឋាននៅក្នុងទីក្រុង San Diego មានតម្លៃជាមធ្យមប្រមាណ៩២៣.៩០០ដុល្លារ។

ទី៣: ទីក្រុងឡូសអេនជឺលេស រដ្ឋកាលីហ្វ័រញ៉ា

ទីក្រុងឡូសអេនជឺលេស សម្បូរទៅដោយលំនៅដ្ឋានរបស់តារាហូលីវូដជាច្រើននាក់ ហើយទីក្រុងនេះមានភាពល្បីល្បាញដោយសារភាពទាក់ទាញ និងរបៀបរស់នៅដ៏សម្បូរបែប។

ប្រាក់ចំណូលគ្រួសារជាមធ្យមនៅទីក្រុងឡូសអេនជឺលេសមានចំនួន៧៩.៧០១ដុល្លារ។ ទីក្រុង Los Angeles មានចំនួនប្រជាជនជិត៤លាននាក់ និងមានតម្លៃផ្ទះជាមធ្យមចំនួន៨២៨.៧០០ដុល្លារ។

ទី៤: សង្កាត់ Manhattan នៅចំកណ្តាលទីក្រុងញូវយ៉ក

សង្កាត់ Manhattan មានចំនួនប្រជាពលរដ្ឋរស់នៅប្រហែល១,៦លាននាក់ និងមានប្រាក់ចំណូលគ្រួសារជាមធ្យមចំនួន១០១.០៧៨ដុល្លារ។ ជាមធ្យម គេត្រូវចំណាយប្រាក់ចំនួន១.០១០.៨០០ដុល្លារអាមេរិកដើម្បីទិញលំនៅដ្ឋាននៅសង្កាត់នេះ។

ទី៥: ទីក្រុង Honolulu កោះហាវ៉ៃ

ទីក្រុងលើកោះដាច់ស្រយាលនេះមានចំនួនប្រជាជនរស់នៅជាង៣៤០.០០០នាក់ និងមានប្រាក់ចំណូលគ្រួសារជាមធ្យមចំនួន៨៤.៩០៧ដុល្លារ។ ទីក្រុង Honolulu មានតម្លៃផ្ទះជាមធ្យមចំនួន៨៣១.៦០០ដុល្លារអាមេរិក៕ប្រភព: livemint៕

តម្លៃ​អាផាតមុិនជាមធ្យមនៅទីក្រុងសេអ៊ូលហក់ឡើងដល់ជាង១លានដុល្លារក្នុងមួយយូនីតនៅខែកក្កដានេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃ​អាផាតមុិនជាមធ្យម​​ ដែលត្រូវបានផ្ទេរទៅកាន់អតិថិជននៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​របស់ប្រទេសកូរ៉េខាងត្បូង បាន​កើន​ឡើងដល់លើស១,៤ពាន់​លាន​វ៉ុ​ន (ប្រមាណ១,០១លាន​ដុល្លារ​អាមេរិក)ក្នុងមួយយូនីតជាលើកដំបូង​មិន​ធ្លាប់មាន​។

យោងតាមទិន្នន័យដែលបានចងក្រងដោយធនាគារ KB Kookmin បានឱ្យដឹងថា តម្លៃអាផាតមុិនជាមធ្យម ដែលបានលក់ចេញនៅទីក្រុងសេអ៊ូលចាប់តាំងពីដើមខែកក្កដា មានទំហំទឹកប្រាក់ចំនួន១,៤១ពាន់លានវ៉ុន កើនឡើង១,២៨ភាគរយធៀបនឹងឆ្នាំមុន។

ទិន្នន័យបានបង្ហាញទៀតថា តម្លៃអាផាតមុិនជាមធ្យមនៅក្នុងសង្កាត់ទាំង១៤ នៅភាគខាងជើងទីក្រុងសេអ៊ូលមានទំហំទឹកប្រាក់ចំនួន១,០១ពាន់លានវ៉ុន ខណៈតម្លៃអាផាតមុិនជាមធ្យមនៅសង្កាត់ទាំង១១ នៅភាគខាងត្បូងនៃទីក្រុងសេអ៊ូលមានទំហំទឹកប្រាក់ចំនួន១,៧៦ពាន់លានវ៉ុន។

នៅទូទាំងប្រទេសកូរ៉េខាងត្បូង អាផាតមុិនថ្លៃបំផុតមានតម្លៃខ្ពស់ជាងអាផាតមុិនថោកបំផុតចំនួន១២ដង នៅក្នុងខែកក្កដា ឆ្នាំ២០២៥។ តួលេខនេះជាគម្លាតធំបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០០៨។

ក្នុងន័យនេះ គេប្រៀបធៀបរវាងតម្លៃអាផាតមុិនថ្លៃបំផុត(Most expensive) និងតម្លៃអាផាតមុិនថោកបំផុត(Cheapest)ដើម្បីគណនាគម្លាត។

ដោយឡែក នៅទីក្រុងសេអ៊ូល ដែលជារដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង គេសង្កេតឃើញថា ខាងត្បូង អាផាតមុិនថ្លៃបំផុតមានតម្លៃខ្ពស់ជាងអាផាតមុិនថោកបំផុតចំនួន៦,៥ដង នៅក្នុងខែកក្កដា ឆ្នាំ២០២៥៕ប្រភព: Korea Times៕

តើកំលាំងចលករអ្វីខ្លះកំពុងជម្រុញកំណើនសេដ្ឋកិច្ចអាមេរិក នៅឆ្នាំ២០២៥នេះ?

ដោយៈ គង់ សូរិយា

    អន្តរជាតិៈ សេដ្ឋកិច្ចអាមេរិកត្រូវបានព្យាករណ៍ថា នឹងមានកំនើនក្នុងល្បឿនតិចតួចនៅឆ្នាំ២០២៥នេះ ដោយទុន្នន័យបានបង្ហាញថា សេដ្ឋកិច្ចប្រទេសនាំមុខគេនេះ មានអត្រាកំណើនប្រហែល 1.4% ទៅ 1.6% សម្រាប់ឆ្នាំ។

តើវិស័យកំណើនសំខាន់ៗ ដែលជំរុញការពង្រីកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅឆ្នាំ2025 មានវិស័យអ្វីខ្លះ?

១ បច្ចេកវិទ្យា និងការវិនិយោគអាជីវកម្ម

ម្ចាស់អាជីវកម្មនានា កំពុងពន្លឿនការវិនិយោគលើផ្នែកទន់

ឧបករណ៍ដំណើរការព័ត៌មាន និងR&D ដែលរួមគ្នាគិតជាពាក់កណ្តាលនៃការចំណាយដើមទុនអាជីវកម្ម ហើយបានបន្តរីកចម្រើនលើសពីមុន ជំងឺរាតត្បាតកូវីដ១៩បានមកដល់។

នៅក្នុងឆមាសទី១ឆ្នាំនេះ ការវិនិយោគលើបរិក្ខារបានកើនឡើងសរុប10.3% ដែលត្រូវបានដឹកនាំដោយការកើនឡើង73% នៅក្នុងឧបករណ៍ដំណើរការព័ត៌មាន ដែលរួមចំណែកដល់ការប៉ាន់ស្មាន១ ភាគរយដល់កំណើនGDP។

  • AI cloud computing និង machine learning គឺជាកត្តាសំខាន់ដែលជំរុញផលិតភាព និងសមត្ថភាពរយៈពេលវែង។

២ ការថែទាំសុខភាព និងវិទ្យាសាស្ត្រជីវិត

  • ការងារថែទាំសុខភាព និងជំនួយសង្គម និងការចំណាយនៅតែមានទំហំធំ និងធន់ – ការថែទាំសុខភាពមានជិត18% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ2024 ជាមួយនឹងកំណើនបន្តរំពឹងទុកដោយសារនិន្នាការប្រជាសាស្រ្ត និងការទទួលយកបច្ចេកវិទ្យារីកចម្រើននៅក្នុងវិស័យនេះ។
  • ការវិនិយោគលើការច្នៃប្រឌិតផ្នែកថែទាំសុខភាព ការវិភាគព្យាករ​ណ៍ និងសុខភាពឌីជីថល កំពុងរួមចំណែកដល់ការបង្កើនការងារ និងផលិតភាព។

៣ សេវាកម្មអចលនទ្រព្យ និងលំនៅឋាន

វិស័យអចលនទ្រព្យ រួមទាំងសេវាកម្មលំនៅដ្ឋាន ដូចជា ការជួល ការវិនិយោគលើលំនៅឋាន និងសកម្មភាពឈ្មួញកណ្តាល មានចំនួន ~13.8% នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ 2024 ហើយនៅតែជាអ្នករួមចំណែកយ៉ាងសំខាន់នៅឆ្នាំ២០២៥នេះ។

ទោះបីជាការសាងសង់លំនៅឋាន មានការយឺតយ៉ាវដោយសារការខ្ចីប្រាក់ខ្ពស់ក៏ដោយ សេវាកម្មលំនៅដ្ឋាន (ជាពិសេសការជួល) នៅតែបន្តគាំទ្រដល់សន្ទុះសេដ្ឋកិច្ចទាំងមូល។

៤ ហិរញ្ញវត្ថុ និងធានារ៉ាប់រង

តំណាងឱ្យប្រហែល៧ទៅ៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឧស្សាហកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រងគាំទ្រដល់អាជីវកម្ម និងសកម្ម​ភាពគ្រួសារកាន់តែទូលំទូលាយ ហើយការងារក្នុងសេវាកម្មបច្ចេក​ទេសវិជ្ជាជីវៈត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងរយៈពេលមធ្យម។

៥ សំណង់ និងឧស្សាហកម្ម

ស្របពេលដែលនៅតែតូចជាងដោយចំណែក (~4.5% នៃផលិត​ផលក្នុងស្រុកសរុប) ការសាងសង់-ជាពិសេសលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល-ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់កំណើនការងារ (~5% រហូតដល់ឆ្នាំ 2033) និងផ្តល់នូវការកើនឡើងកម្រិតមធ្យមនៅឆ្នាំ 2025៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣២៦,៣១ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៦ភាគរយដល់៣៣២៨,៤២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម៣.៣២៤ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដានេះ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម៩៨,៧២ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៨,៨៩ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕