អ្នកជំនាញ​អចលនទ្រព្យ​មកពី​ជុំវិញ​ពិភពលោក​ជាង ៣០០នាក់​នឹងជួបជុំគ្នា​នៅ​ភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ អ្នកវិនិយោគ​ជាតិ​អន្តរជាតិ​ជាង៣០០នាក់ នឹង​ជួបជុំគ្នា​ក្នុង​សន្និបាត​ជា​លើកដំបូង​នៅ​ទីក្រុង​ភ្នំពេញ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១ ធ្នូ​ខាងមុខនេះ។

ព្រឹត្តិការណ៍​ដែល​នឹង​ប្រា​រព​ធ្វើ​នៅ​សណ្ឋាគារ​សុខា​រ៉េ​ស៊ី​ដេ​ន​នេះ នឹង​ជាការ​ជួបជុំ​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ការស្វែងរក​ដៃគូ​វិនិយោគ និង​សហការគ្នា​ដើម្បី​ឈានទៅ​សហការ​លើ​ការទិញ​លក់​អចលនទ្រព្យ​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ជា​ដៃគូ​ជាច្រើន​ទៀត។អ្នកជំនាញ​អន្តរជាតិ​មក​ចូលរួម​មានមក​ពី​សហ​រដ្ឋ​អាមេរិក ជប៉ុន ចិន កូរ៉េ តៃវ៉ាន់​ជាដើម។

នា​យិ​ក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Cambodia អ្នកនាង Grace Rachy Fongបាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា ព្រឹត្តិការណ៍​នេះ​មិន​ធ្លាប់​មាននៅ​កម្ពុជា ហើយ​កម្ពុជា​ជា​ប្រទេស​ទី៧៥ ដែលមាន​នាំយកមក​នូវ​សិ​ទ្ឋ​អាជីវកម្ម​ពី​ក្រុមហ៊ុនCentury21 ពិភពលោក ដែល​បច្ចុប្បន្ន Century21 បាន​ពង្រីក​ទីតាំង​និង​ការិយាល័យ​រហូតដល់៨១ប្រទេស​រួចហើយ។

អ្នកនាង​បន្តថា “នេះ​ជា​លើក​ទី១ដែល​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​នេះ ដើម្បី​បង្ហាញ​ពី​កំលាំង​នៃ​ការរួបរួម​របស់​យើង និង​បង្ហាញ​ពី​សក្តានុពល​នៃ Century21 Cambodia ពិសេស​ការផ្តល់​ទំនុកចិត្ត​ក្នុង​ទីផ្សារ​ពី​សេវាកម្ម​របស់​យើង។

សន្និបាត​នេះ​នឹងមាន​ការចូលរួម​ពី​អ្នកជំនាញ​អចលនទ្រព្យ មកពី​សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ ចិន តៃវ៉ាន់ និង​សមាជិក​នៃ​ក្រុមហ៊ុន Century21 មកពី​បណ្តា​ប្រទេស​ជាច្រើន​ទៀត។ វិនិយោគ​ជាតិ អន្តរជាតិ អ្នកជំនាញ​ផ្នែក​ធនាគារ​និង​ដៃគូ​អាជីវកម្ម​ជាច្រើន​ទៀត​ក៏​នឹងត្រូវ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ធំ​នេះ​ផងដែរ។

តាម​ការគ្រោងទុក​កម្ម​វិធី​នេះ នឹង​ប្រា​រព​ឡើង​នៅ​សណ្ឋាគារ​សុខា​រ៉េ​ស៊ី​ដេ​ន នៅ​តំបន់​ជ្រោយចង្វារ។

អ្នកនាង Grace Rachny Fong បាន​បន្តថា កម្មវិធី​នេះ​នឹង​បង្ហាញ​ពី​ឳ​កាស​នៃ​ការវិនិយោគ និង​ទាក់ទាញ​ការវិនិយោគ​ពី​អ្នកវិនិយោគ​អន្តរជាតិ​មក​កម្ពុជា ព្រោះ​ភ្ញៀវ​ខ្លះ​ពួកគេ​មិន​ធ្លាប់​មក​កម្ពុជា ហេតុនេះ​ពេល​ពួកគេ​មកកាន់​កម្ពុជា ពួកគេ​នឹង​ចាប់យក​ឳ​កាស​ចេញពី​ទីនេះ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ទៅកាន់​ពិភពលោក។

ជាមួយគ្នានេះ​សន្និបាត​នេះ នឹងមាន​ការផ្តល់​ពានរង្វាន់​ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​ដែលជា​ក្រុមគ្រួសារ Century21 ដែល​បាន​លក់​អចលនទ្រព្យ និង​ទទួលបាន​កម្រៃជើងសារ​បាន​ច្រើនជាងគេ​ផងដែរ។

លោក​គុយ វ៉ាត​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់ ដែល​យើង​អាច​ពង្រីក​ការផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​ទៅកាន់​ពិភពលោក និង​ជាការ​ពង្រីក​ទីផ្សារ និង​ឪ​កាស​សម្រាប់​ក្រុមហ៊ុន​ជា​សមាជិក Century21 Family ទៅកាន់​ទីផ្សារ​នៅក្រៅ​ប្រទេស។ លោក​បន្តថា ដើម្បី​ពង្រីក​ទីផ្សារ​ទៅ​ក្រៅប្រទេស​បាន ក្រុមហ៊ុន​ភ្នាក់ងារ អចលនទ្រព្យ Century21 ត្រូវ​ឆ្លងកាត់​ប្រ​ព័​ន្ឋ​ការងារ​ទាំងនេះ ដើម្បី​ពួកគេ​អាចធ្វើ​ការ​ជាមួយ​ភ្នាក់ងារ​នៃ​ក្រុមហ៊ុន Century21 នៅ​អន្តរជាតិ​បាន។

លោក​បន្តថា “ចង់​មិន​ចង់​ទីផ្សារ​របស់​យើង​នឹង​រីក​ទៅកាន់​បរទេស ហេតុនេះ​ការចាប់​បាន​ឳ​កាស និង​ពង្រីក​សក្តានុពល​នៃ​ក្រុមហ៊ុន​និមួយៗ វា​អាស្រ័យ​លើ​សេវាកម្ម​និង​ទំនុកចិត្ត​ដែល​ពួកគេ​ផ្តល់​ឲ្យ​ដៃគូ”៕

អ្នកវិនិយោគទុន​កូរ៉េ​កើនឡើង ខណៈ​ក្រុមហ៊ុន​កូរ៉េ​ជាង១៦០០កំពុង​វិនិយោគ​នៅ​កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែងថា អ្នកវិនិយោគ​កូរ៉េ​នឹង​មក​បោះទុន​វិ​ន​យោគ​នៅ​កម្ពុជា​កាន់តែច្រើន ខណៈ​ក្រុមហ៊ុន​កូរ៉េ​ចំនួន​ជាង ១៦០០កំពុង​វិនិយោគ​នៅ​កម្ពុជា។

ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដា​លោក​គង់ វិបុល បាន​ថ្លែង​លើកឡើង​នៅក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នកវិនិយោគទុន​កូរ៉េ កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមក​ថា កិច្ចប្រជុំ​ជាមួយ​ក្រុម​អ្នកវិនិយោគទុន​កូរ៉េ​នេះ គឺមាន​គោលបំណង​ពង្រឹង​វប្បធម៌​នៃ​ការបង់ពន្ធ ជាមួយ​សមាគម​អ្នករកស៊ី​ទទួលទានរ​បស់​កូរ៉េ រួមជាមួយ​ពង្រឹង​នៃ​ការផ្តល់សេវា​ដល់​អ្នកជា​ប់​ពន្ធ​ឲ្យ​បាន​យល់ និង​ឈានទៅ​សហការ​ជាមួយ KOTRA នៃ​សមាគម​វិនិយោគ​កូរ៉េ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ជម្រុញ​ឲ្យ​អ្នក​ជាប់ពន្ធ​ឬ​អ្នកវិនិយោគ​មកពី​ប្រទេស​កូរ៉េ យល់​ពី​កាតព្វកិច្ច និង​ច្បាប់​ស្តីពី​សារពើពន្ធ​របស់​ក​ម្ពុ​ជា។

លោក​បន្តថា “កំនើន​នៃ​អ្នកវិនិយោគ​កូរ៉េ ដោយសារ​កម្ពុ​ជាមាន​ភា​ព​អនុគ្រោះ​ពន្ធ​នាំចេញ-នាំចូល និង​មានការ​កែទម្រង់​នៅលើ​វិស័យ​ពន្ធដារ​ជាច្រើន។

ទាក់ទង​នឹង​ការប្រមូល​ព​ន្ឋ​លោក​គង់ វិបុល​បាន​បន្តថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​តែងតែ​គិតគូរ​ជានិច្ច ដើម្បី​ពង្រឹង​នៅក្នុង​ការ​ព្វ​កិច្ច​ស្តីពី​ការបង់ពន្ធ និង​ការធ្វើ​ឲ្យ​មាន​តម្លាភាព​លើ​ផ្នែក​ច្បាប់ និង​ការអនុវត្តន៍​ច្បាប់​នៅ​កម្ពុជា ជាពិសេស​ជម្រុញ​ភាព​ទាក់ទាញ​អ្នកវិនិយោគទុន​មកពី​ប្រទេស​កូរ៉េ មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែច្រើន ខណៈដែល​ប្រទេស​យើង​មាន​ភាពអនុគ្រោះ​ពន្ធ​នាំចេញ-នាំចូល និង​មានការ​កែទម្រង់​នៅលើ​វិស័យ​ពន្ធដារ​ជាច្រើន។

លោក​បន្តថា គិត​រហូតមក​ដល់ពេលនេះ កម្ពុជា​ទទួលបាន​អ្នកវិនិយោគទុន​កូរ៉េ​ចំនួន១៦៦៦ក្រុមហ៊ុន ហើយ​កម្ពុជា​បាន​ប្រមូល​ពន្ធ​ពី​អ្នកវិនិយោគ បាន​ចំនួន៥០លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៨នេះ។

បច្ចុប្បន្ន​ក្រុមហ៊ុន​កូរ៉េ​កំពុង​វិនិយោគ​លើ​គំរោងធំៗជាច្រើន​នៅ​កម្ពុជា ដូចជា ក្រុមហ៊ុន​YUNWOO ដែល​កំពុង​វិនិយោគ​សាងសង់​អាគារ Gold Tower42, Booyoung Town, Decastle Condo, CAMKO CITY និង​គំរោង​ជាច្រើន​ទៀត ហើយ​កាល​ពីមួយ​ទសវត្សរ៍​មុន​កូរ៉េ​ជា​ប្រទេស​នាំមុខគេ ក្នុងការ​វិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា៕

ក្រសួងទេសចរណ៍​គ្រោង​បង្កើត​តំបន់​ព្យាបាល​សុខភាព​តាមបែប​ធម្មជាតិ​ជា​លើកដំបូង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ គ្រោង​ស្នើ​រាជរដ្ឋាភិបាល និង​សហការ​ជាមួយ​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ ដែល​តំបន់​នោះ​នឹង​គ្រោង​អភិវឌ្ឍន៍​អោយ​ក្លាយជា​តំបន់​ទេសចរណ៍​ដែល​អាចជួយ​សម្រាល និង​ព្យាបាល​ជំងឺ​របស់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​បាន​តាមរបៀប​ធម្មជាតិ។

លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅក្រោយ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី ការអភិវឌ្ឍ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា កាលពី​ថ្ងៃទី២៩ខែ​វិច្ឆិក​ន្ល​ង​មក​ថា ដោយសារ​កម្ពុជា មាន​កំណើន​ឡើង​នូវ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​វ័យ​ចំណាស់ ដែល​ធនធាន​ថវិកា​ច្រើន បានជ្រើសរើស​យក​កម្ពុ​ជា ធ្វើជា​គោលដៅ​ធ្វើដំណើរ​ទេសចរណ៍​សំរាកលំហែរ​កាយ និង​កាត់បន្ថយ​ភាព​តាន​នៃ​ជំងឺ​តាមបែប​ធម្មជាតិ កម្ពុជា​នឹង​បង្កើត​គោលដៅ​តំបន់​ទេសចរណ៍​ប្រភេទ​នេះ បាន​ច្រើន​កន្លែង ដើម្បី​រួមចំណែក​លើក​សុខភាព​ម​នុស្ស​ជាតិ​របស់​ពិភពលោក។

លោក​បន្តថា“ការបង្កើត​តំបន់​ទេសចរណ៍ ដែល​អាចអោយ​ភ្ញៀវ​បរទេស​មក​សំរាក​លំហែកាយ​បាន​រយៈពេល​វែង ឬ​រយៈពេល​ខ្លី​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​ព្យាបាល​ជំងឺ​តាមបែប​ធម្មជាតិ​នេះ “។ លោក​បន្តថា “ក្រសួង​នឹង​សហការ​បង្កើត​ឲ្យ​មានផ្ទះ​ស្នាក់​ដ៏​ប្រណីត មាន​អាហារ​ហូប​ឆ្ងាញ់ ផ្តល់​សេវា​ពិសេស មាន​ទេសភាព​ស្អាត មាន​ខ្យល់​អាកាសធាតុ​ល្អ ខុសពី​ប្រទេស​ដើមកំណើត​របស់​ភ្ញៀវ  ហើយ​នៅក្នុង​តំបន់​នោះ ក៏​នឹង​បង្កើត​មាន​មណ្ឌល​ផ្តល់​សេវា​សុខភាព​ដ៏​ប្រសើរ ជូន​ភ្ញៀវទេសចរ​ទាំងអស់នោះ​ផងដែរ។

លោក​ទិ​ត ចន្ថា​បាន​បន្តថា បច្ចុប្បន្ន​ក្រសួងទេសចរណ៍ បាននិងកំពុង​សិក្សា​តំបន់​ទេសចរណ៍​មាន​ឈ្មោះថា តំបន់​នាគរាជ​ដែលមាន​សក្តានុពល​មួយកន្លែង​នៅ​ខេត្ត​ព្រះសីហនុ ដែល​អាច​រៀបចំ​បង្កើត​អោយទៅជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ និង​អាច​ផ្តល់​សេវា​ព្យាបាល​ជំងឺ​នានា​តាមបែប​ធម្មជាតិ​បាន។លោក​បន្តថា ក្រៅពីនេះ​ក្រសួងទេសចរណ៍ ក៏​បាននិងកំពុង​មើលឃើញ​តំបន់​ទេសចរណ៍​ពិសិដ្ឋ​នេះ​ជាច្រើន​កន្លែង​ទៀត​ដូចជា នៅ​តំបន់ភ្នំ​បូកគោ  តំបន់​ភាគ​ឦ​សាន្ត​កម្ពុជា ខេត្តសៀមរាប រាជធានី​ភ្នំពេញ តំបន់​នានា​នៅ​តំបន់​បឹង​ទន្លេសាប​ជាដើម ក៏​អាចបង្កើត​អោយទៅជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ​បានដែរ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​ថ្លែងថា គំរោង​នេះ​បើ​បង្កើត​ជាមួយ​ស្ថាប័ន​ជំនាញ និង​មានការ​ចូលរួម​ពី​ក្រសួង​ជំនាញ ទើប​គំរោង​នេះ​ទាក់ទាញ​និង​ទទួលបាន​ជោគជ័យ ប៉ុន្តែ​អ្វី​សំខាន់​គឺ​ការផ្តល់​ទុន​ពី​រដ្ឋាភិបាល ទើប​គំរោង​នេះ​អាច​ដំណើរការបាន​លឿន និង​ជោគជ័យ។លោក​បន្តថា បើ​មានគំនិត​ធ្វើជា​រឿង​ល្អ​មួយ តែបើ​គ្មាន​ថវិកា​គឺ​បរាជ័យ ហេតុនេះ​យើង​ចង់បាន​ការជួយ​ទុន​ពី​រដ្ឋាភិបាល ដើម្បី​ជំរុញ​ឲ្យ​គំរោង​នេះ​ទទួលជោគជ័យ​ប្រកបដោយ​និរន្តរភាព។

លោក​បន្តថា “ភ្ញៀវ​ទេសចរណ៍​វ័យ​ចំណាស់​មក​ទស្សនា​កម្ពុជា នៅមាន​តិចតួច​នៅឡើយ ហេតុនេះ​ដើម្បី​ទាក់ទាញ​ទេសចរណ៍​ប្រភេទ​នេះ យើង​ត្រូវមាន​អនាម័យ​អាហារ អនាម័យ​បរិស្ថាន មាន​សុខ​សុវត្ថិភាព និង​រៀបចំ​កន្លែង​ដែលមាន​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ​ល្អ​សម្រាប់​ភ្ញៀវ ទើប​យើង​ទទួលបាន​ទេសចរណ៍​វ័យ​ចំណាស់​ច្រើន”៕

ដំណឹង​ល្អ! ខេត្តរតនគិរី មាន​ផ្សារ​ទំនើប​តម្លៃ​ជាង ៧លាន​ដុល្លារ​ជា​លើកដំបូង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជា​លើកដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ខេត្តរតនគិរី អ្នកវិនិយោគ​ក្នុងស្រុក​បានសម្រេច​ចិត្ត​បោះទុន​ជាង៧លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​និង​បើក​ដំណើរការ​ផ្សារ​ទំនើប​ជា​លើកដំបូង​នៅក្នុង​ទីក្រុង​បាន​លុង ខេត្តរតនៈគិរី។

ប្រធាន​ប្រតិបត្តិ​ផ្សារ​ទំនើប​ស៊ី​ត្រា លោក​ង៉ូ​វ សេរី​រ័ត្ន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​សម្ភោ​ធ​ផ្សារ​ទំនើប​របស់ខ្លួន​កាលពី​ថ្ងៃទី២៩ វិច្ឆិកា​កន្លងមក​ថា អាគារ​ផ្សារ​ទំនើប​ស៊ី​ត្រា គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ល្អ​ធំ​បំផុត និង​មុនដំបូង​គេ​បង្អស់​នៅ​ភូមិភាគ​ឥ​សាន្ត។

លោក​បន្តថា អាគារ​ផ្សារ​ទំនើប​ស៊ី​ត្រា​នេះ មិន​ត្រឹមតែ​ជា​ផ្សា​រលក់​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ:ការិយាល័យ​សិក្សា​នោះទេ ប៉ុន្តែ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម១នេះ ក៏មាន​មជ្ឈមណ្ឌល​កំសាន្ត Play Ground និង​រោងកុន​ខ្នាត១២ D សម្រាប់​មនុស្ស​គ្រប់​វ័យ រួមទាំង​មាន​សណ្ឋាគារ ភោ​ជនី​ដ្ឋា​ន និង​ស្កា​យ​បារ លើ​លំហរ​អាកាស​ជាន់​ទី៦ផងដែរ។

អាគារ​ផ្សារ​ទំនើប​ទី១ ក្នុង​ខេត្តរតនគិរី​នេះ​មាន​កម្ពស់៦ជាន់ ដែលជា​មជ្ឈមណ្ឌល​ដ៏​ល្អ​ធំ​បំផុត​មុនដំបូង​គេ​បង្អស់​នៅ​តំបន់​ភូមិភាគ​ឦ​សាន្ត បាន​លេចធ្លោ​ឡើង​នៅ​ចំ​កណ្ដាល​ទីក្រុង​បាន​លុង  ដែល​បាន​ញាំ​ង​អោយ​ខេត្តរតនគិរី កាន់​តែមាន​ភាពលេច​ធ្លោ និង​មានការ​ទទួលស្គាល់​ពី​មជ្ឈដ្ឋាន​ទូទៅ ជាពិសេស​គឺ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។

អភិបាលខេត្ត​រតនគិរី លោក​ថង សាវុន បាន​មានប្រសាសន៍ថា មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ មិន​ត្រឹមតែ​ជា​ផ្សារ​ដ៏​ទំនើប​សម្រាប់ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្សារ​ទំនើប១នេះ ក៏បាន​ចូលរួម​ក្នុងការ​អភិវឌ្ឍ​មុខមាត់​ថ្មី​បន្ថែម​របស់​ខេត្ត​រតនគីរី រួមទាំង​ជួយ​បន្ថែម​លើកស្ទួយ​វិស័យ​ទេសចរណ៍ បន្ទាប់ពី​តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ផងដែរ។

លោក​បន្តថា “ផ្សារ​ទំនើប១នេះ​ក៏បាន​ចូលរួម​បង្កើត ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី និង​សិស្សានុសិស្ស​បាន​ជាង២០០នាក់​ផងដែរ ដើម្បី​ទទួលបាន​ប្រាក់កម្រៃ​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួសារ និង​ជំនួយ​ថវិកា​ក្នុង​ការសិក្សា”៕

ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ផែនការអភិវឌ្ឍន៍

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​រដ្ឋលេខា​ធិ​ការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែង​ឲ្យ​ដឹងថា ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង ត្រូវបាន​រដ្ឋាភិបាល​ដាក់បញ្ចូល​ក្នុង​គំរោង​អភិវឌ្ឍន៍​រួចហើយ។

លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​ស្ថាប័ន​ខាងលើនេះ បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី២៩ វិច្ឆិកា​នេះ​ថា ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ផែនការអភិវឌ្ឍន៍​ជាមួយ​គំរោង​ផ្សេងទៀត ដូចជា ទឹកស្អាត និង​ឡូ​ជី​ស្ទិ​ក​រួចហើយ ប៉ុន្តែ​ការដាក់បញ្ចូល​ក្នុង​ផែនការអភិវឌ្ឍន៍​នេះ ត្រូវការ​ការសិក្សា​រយៈ​ពេល​វែង ដើម្បី​ពិនិត្យមើល​ពី​ចំណុច​អាទិភាព និង​ផលប្រយោជន៍​ដែល​ទទួលបាន​ការអភិវឌ្ឍ​នេះ។

លោក​បន្តថា “ផែនការ​សាងសង់​ព្រលាន​នេះ​នឹងត្រូវ​ឆ្លងកាត់ ការពិនិត្យ​ពិច័យ​ជាច្រើន​ពី​អ្នកជំនាញ នៃ​ដៃគូ​អភិវឌ្ឍន៍​មុន​សម្រេច​សាងសង់​ឬ​អត់?។ ហេតុនេះ​វា​មិន​ប្រាកដថា​គំរោង​នេះ នឹង​ជាប់​ក្នុង​ផែនការ​អាទិភាព​របស់​រដ្ឋាភិបាល​ទេ។លោក​បន្តថា “ព្រលានយន្តហោះ​នេះ អាច​ចំណាយ​ថវិកា​វិនិយោគ​ចន្លោះ​ពី៥០ ទៅ៦០លាន​ដុល្លារ​អាមេរិក ព្រោះ​ព្រលាន​នេះ​មាន​ដី​ស្រាប់​រួចហើយ។

លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​បន្តថា គំរោង​សាងសង់​ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង​នេះ បាន​ដាក់ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ក្រសួង​ដាក់ជូន​ដៃគូ​អភិវឌ្ឍន៍​គឺ​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​ធនាគារ​នេះ​ស្វែងរក​ដៃគូ​វិនិយោគ។

លោក​ពេជ្រ សុ​ប៉ុន​តារា​ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បាន​ថ្លែងថា ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​នេះ បាន​សិក្សា​ពី​សក្តានុពល​នៃ​ការសាងសង់​ព្រលានយន្តហោះ​ក្នុងស្រុក លើ​គ្រប់​បណ្តា​ខេត្ត​រួចហើយ ហើយ​បាន​រកឃើញថា ខេត្តស្ទឹងត្រែង បាត់ដំបង និង​ព្រះវិហារ​ជា​ខេត្ត​មាន​សក្តានុពល​អាច​វិនិយោគ​ព្រលានយន្តហោះ​បាន។លោក​បន្តថា បន្ទាប់ពី​សិក្សា​ចប់​ក្រុមហ៊ុន​បា​ន្ត​ល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​វិនិយោគ​ព្រលាន​ទាំងបី​នេះ ប៉ុន្តែ​រហូតមកទល់​ពេលនេះ អ្វីៗមិនទាន់មាន​ព៌​ត​មាន​វិវិត្ត​ន៍​ទេ។

លោក​បន្តថា “ក្រុមហ៊ុន​វិនិយោគ​ព្រលានយន្តហោះ​កម្ពុជា គ្រប់គ្រង​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំងបី ប៉ុន្តែ​បើ​រដ្ឋាភិបាល​អនុ​ញ្ញា​ត្ត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ព្រលាន​ដទៃទៀត យើង​នឹងសិក្សា​ពី​បញ្ហា​នេះ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី​ឆាយ ស៊ីវ​លីន​បាន​មានប្រសាសន៍ថា ការ​មាន​ព្រលានយន្តហោះ​នៅ​ខេត្តស្ទឹងត្រែង​ជា​រឿង​ល្អ ដែល​អាចជួយ​សម្រួល និង​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ។លោកស្រី​បន្តថា ទោះជា​ផ្លូវគោក​មាន​ភាពងាយស្រួល​ក្តី តែ​ការធ្វើដំណើរ​ត្រូវ​ចំណាយពេល​យូរ ហេតុនេះ​បើ​មាន​ព្រលានយន្តហោះ លោកស្រី​គិតថា​ព្រលានយន្តហោះ​នេះ​នឹង​ទាក់ទាញ​ការធ្វើដំណើរ។

លោកស្រី​បន្តថា “ព្រលានយន្តហោះ​នេះ ក៏​អា​ចត​ភ្ជាប់​ជាមួយ​ព្រលាន​ក្នុង​តំបន់​ផងដែរ ហេតុនេះ​វា​នឹង​ជា​ការតភ្ជាប់​ខ្សែសង្វាក់​ទេសចរណ៍ និង​ជំរុញ​ការអភិវឌ្ឍន​នៅ​ភូមិភាគ​ឥ​សាន្ត​កាន់តែ​លឿន”៕

ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន១១ កំពុង​ហោះហើរ​ត្រង់​ទៅ​ខេត្ត​ព្រះសីហនុ

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​ស៊ី​ហ​នុ​លោក​ តាំង សុចិត្រ​គ្រឹះ​ស្នា​បាន​ឲ្យ ដឹងថា នាពេល​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន១១ កំពុង​ប្រតិបត្តិ​ការហោះហើរ​ត្រង់​ទៅកាន់​ខេត្ត​ព្រះ​ស៊ី​ហ​នុ។

លោក​បន្តថា ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ គឺមាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន៦  និង​ក្រុមហ៊ុន​ក្រៅ​ស្រុក​ចំនួន៥ ដែល​កំពុង​ប្រតិបត្តិ​ការហោះ​មកពី​បណ្តា​ប្រទេស​មួយចំនួន រួមមាន ប្រទេស​វៀតណាម ម៉ាឡេស៊ី និង​ច្រើនជាង​គេង​មកពី ព ១៥ ខេត្ត​ក្រុង​របស់​ប្រទេស​ចិន។ លោក​បន្តថា ចំនួន​អាកាសចរណ៍​នេះ​បាន​កើនឡើង​ចំនួន៣ក្រុមហ៊ុន​សម្រាប់​ឆ្នាំនេះ ខណៈ​ឆ្នាំមុន​មាន​ត្រឹមតែ​ក្រុមហ៊ុន​ចំនួន៨ប៉ុណ្ណោះ បាន​ហោះហើរ​ត្រង់​មកកាន់​ព្រលាន​នេះ។

លោក​ សុចិត្រ​គ្រឹះ​ស្នា​ បាន​បន្តថា ក្នុង​មួយ​សប្តាហ៍ ការហោះហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ​នេះ មាន​ចំនួន​ជាង១០០លើក ដោយ​ចំនួន​នេះ​មិនទាន់​រាប់បញ្ចូល​ការហោះ​ជា​លក្ខណៈ​ជួល​នៅឡើយ​ទេ។

លោក​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត នឹងមាន​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ Thai Airway កំពុង​ពិចារណា​ហោះហើរ​ត្រង់​មកកាន់​ខេត្ត​ព្រះសីហនុ ព្រោះ​ត​ក្រុមហ៊ុន​មួយ​នេះ​មើលឃើញ​ពី​តម្រូវការ និង​ការកើនឡើង​សេដ្ឋកិច្ចសង្គម និង​ទេសចរណ៍​ធ្វើដំណើរ​មកកាន់​ខេត្ត​មួយ​នេះ។ ជាមួយគ្នា​នោះ ក៏មាន​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ផ្សេងទៀត ក៏​កំពុង​ពិចារណារ​គ​ហោះហើរ​ត្រង់ មកកាន់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះដែរ ខណៈ ដែល​ព្រលានយន្តហោះ​នេះ​កំពុង​ត្រៀម​ពង្រីក​ប្រវែង​ផ្លូវ​រត់​បន្ថែមទៀត ដើម្បី​ទទួល​យន្តហោះ​ធុនធំៗ និង​ទទួលភ្ញៀវ​ទេសចរណ៍​អោយបាន​កាន់តែច្រើន​បន្ថែ​ម​ទៀត​នាពេល​ខាងមុខនេះ។

លោក​ពេជ្រ សុ​ប៉ុន​តារា​ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បាន​ថ្លែងថា ព្រលានយន្តហោះ​ក្រុងព្រះសីហនុ នឹង​ចាប់ផ្តើម​ពង្រីក​នៅ​កំឡុង​ត្រីមាស​ទី១ឆ្នាំ២០១៩ខាងមុខ ដែល​ក្រោយពេល​ពង្រីក​ព្រលាន​នេះ នឹងមាន​ទំហំ​ប៉ុនគ្នា​នឹង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​សព្វថ្ងៃនេះ។ លោក​បន្តថា បច្ចុប្បន្ន​ព្រលានយន្តហោះ​នេះ​មាន​ប្រវែង​ផ្លូវ​រត់​ដូចគ្នា នឹង​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ប៉ុន្តែ​ក្រោយពេល​ពង្រីក​ចប់ ព្រលាន​នេះ​នឹង​អាច​ទទួល​ការ​ចុះចត​យន្តហោះ ដែល​អាច​ផ្ទុក​អ្នកដំនើរ​បាន​ជាង៤០០នាក់។

លោក​បន្តថា “តាម​ការរំពឹងទុក​យើង​រំពឹងថា​ព្រលានយន្តហោះ​កងកេង នឹង​ទទួលបាន​ធ​អ្នកដំណើរ​ប្រមាណ៧០ម៉ឺន​នាក់​នៅ​ដំណាច់​ឆ្នាំនេះ”៕

ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ទឹកប្រាក់​ជិត៥ពាន់​លាន​ដុល្លារក្នុង​រយៈពេល​ពេល១០ខែ​ឆ្នាំនេះ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅក្នុង​រយៈពេល ១០ខែ​ឆ្នាំ២០១៨នេះ សម្រេចបាន​ទឹកប្រាក់​ជិត៥០០០លាន​ដុល្លារ​អាមេរិក ខណៈដែល​កាលពី​ចុង​ត្រីមាស​ទី២ នៃ​ឆ្នាំ​ដដែល​មាន​ចំនួន​វិនិយោគ ត្រឹមតែ1780លាន​ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​ជា សុផារ៉ា បាន​ថ្លែង​ឱ្យដឹង​នា​ព្រឹក​ថ្ងៃទី២៩ វិច្ឆិកា​នេះ​ថា សម្រាប់​ទុនវិនិយោគ​លើ​វិស័យ​សំណង់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គឺមាន​ការកើនឡើង​ជា​បន្តបន្ទាប់ និង​ហួស​ពី​ការរំពឹងទុក ។ លោក​បាន​រំលឹកថា កាលពី​ឆ្នាំ២០១៦ ទុនវិនិយោគ៥០៤៩លាន​ដុល្លារ​សហរដ្ឋអាមេរិក កើនឡើង៦៨ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១។ នៅ​ឆ្នាំ២០១៧ ទុនវិនិយោគ​មាន​ចំនួន ៦២០៧លាន​ដុល្លារ​សហរដ្ឋអាមេរិក មានការ​កើនឡើង​ប្រមាណ​ជាង២១,៨៤ ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ២០១៦ ។

ដោយឡែក​នៅក្នុង​ឆ្នាំនេះ គិត​ត្រឹម​រយៈពេល១០ខែ ទុនវិនិយោគ​សរុប​លើ​វិស័យ​សំណង់​មាន​ចំនួន​រហូតដល់ ៤៩៩០លាន​ដុល្លារ ដែលជា​សញ្ញា​វិជ្ជមាន​បង្ហាញ​ពី​កើនឡើង និង​កំពុង​បន្ត​រីកដុះដាល​យ៉ាងខ្លាំង​នៃ​ផ្នែក​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា។

លោក​ជា សុផារ៉ា​បាន​បន្តថា “ហេតុផល​ដែល​ធ្វើឱ្យ​វិស័យ​សាងសង់​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដូចនេះ គឺ​ដោយសារតែ​វិនិយោគិន​ជាតិ និង​អន្តរជាតិ មាន​ជំនឿ​លើ​ទីផ្សារ​អ​ចនទ្រ​ព្យ​នៅ​កម្ពុជា ជាពិសេស​គឺ​ទំនុកចិត្ត​លើ​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច​រីកចម្រើន ដែល​អា​រក្សាបាន​កំណើន​រង្វង់៧ភាគរយ ក៏ដូចជា​គោលនយោបាយ​បើក​ទីផ្សារសេរី​ផងដែរ។

យ៉ាងណាក៏ដោយ លោក​ក៏បាន​ទទូច​ស្នើសុំ​ដល់​អ្នកវិនិយោគ អ្នក​សាងសង់ ក៏ដូចជា​អ្នកគ្រប់គ្រង​សំណង់ និង​អភិវឌ្ឍ​អចលនទ្រព្យ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់ និង​បទបញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព និង​គុណភាព​សំណង់​នៅ​កម្ពុជា។

លោក​បណ្ឌិត គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន Khmer Real Estate និង​ជា​ប្រធាន​សមាគមន អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ជាមួយនឹង​ការលើកឡើង​ថា លោក​នៅតែ​មើលឃើញថា វិស័យ​អចលនទ្រព្យ​សម្រាប់​រយៈពេល៥ ទៅ១០ឆ្នាំ​ខាងមុខ នឹង​នៅតែ​រីកចម្រើន​បន្តទៀត ដោយសារ​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ភាព​រ៉ឹង​មាំ​ល្អប្រសើរ។

លោក​បញ្ជាក់ថា “កម្ពុជា​នៅតែ​ស្ថិតក្នុង​ក្រសែភ្នែក​អ្នកវិនិយោគ​អន្តរជាតិ ដែល​ពួកគេ​មើលឃើញថា​ទីផ្សារ​នេះ​នៅតែមាន​ភាព​ទាក់ទាញ និង​មានឱកាស​ចំណេញ​បាន​ច្រើន​ពី​ការបោះ​ទុនវិនិយោគ​រប​ស់​ពួកគេ។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន CBRE Cambodia ដែល​បានចេញ​ផ្សាយ​កាលពីពេល​កន្លង​ទៅបាន​ឱ្យដឹងថា ជាមួយនឹង​គំរោង​វិនិយោគ​ដ៏​ច្រើន​នេះ របាយការណ៍​បានកត់សំគាល់​ឃើញថា កាលពី​ដំណាច់ត្រីមាស​ទី 2ឆ្នាំ2018 ចំនួន​ខុន​ដូ​ដែល​បានបញ្ចប់​ការសាងសង់ និង​ដាក់​ចូលក្នុង​ទីផ្សារ​រំពឹង​នឹង​កើន​ដល់2ម៉ឺន​យូ​នី​ត ។ របាយការណ៍​ដដែល​បានបង្ហាញ​ទៀតថា ជាមួយនឹង​កំណើន​នៃ​តម្រូវការ និង​ការវិនិយោគ​បានធ្វើឱ្យ​ទីផ្សារ​ការិយាល័យ ស្ថិតនៅតាម​តំបន់​ពាណិជ្ជកម្ម​មាន​កំណើន 6% និង 3,4% សម្រាប់​ការិយាល័យ​លំដាប់ B និង C។ ជាមួយគ្នានេះ ទំហំ​ផ្សារ​ទំនើប​បាន​កើនឡើង 43% ផងដែរ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017កន្លងទៅ។

ជាមួយនឹង​របាយការណ៍​ខាងលើនេះ អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ឱ្យដឹង​តាម​ទូរស័ព្ទ​ផងដែរ​ថា ស្ថានភាព​នៃ​ការអភិវឌ្ឍន៍ និង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ មិនមាន​សញ្ញា​ណាមួយ ដែល​បង្ហាញ​ពី​ភាពអវិជ្ជមាន​នោះទេ ពោលគឺអ្វីៗនៅតែ​ដំណើរការ​យ៉ាង​ល្អប្រសើរ ដោយសារ​ការផ្គត់ផ្គង់ និង​តម្រូវការ​នៅមាន​ស្ថិរ​ភាពល្អ​នៅឡើយ ៕

ឧកញ៉ា​ពុង ឃាវ​សែ៖ ផលិតផល​សំណង់ ៦០០ប្រភេទ បានបង្ហាញ​ក្នុង​ពិព័រណ៍ឧស្សាហកម្ម សំណង់២០១៨

0

ដោយ វុត្ថា

ភ្នំពេញ៖ លោក​ឧកញ៉ា​ពុង ឃាវ​សែ ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ថ្លែងថា ពិព័រណ៍​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ មាន​ក្រុមហ៊ុន​ចូលរួម​ចំនួន១៨៦ក្រុមហ៊ុន និង​មាន​ផលិតផល​ប្រមាណ៦០០ប្រភេទ​ត្រូវបាន​ដាក់តាំង​បង្ហាញ។

លោក​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង ពិធី​បើក​មហាសន្និបាត​បូកសរុប​សកម្មភាព​ការងារ​លើក​ទី៧របស់​សមាគម និង​ព្រឹត្តិការណ៍​ការតាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា២០១៨ ដែល​រៀបចំ​ដោយ​សមាគម អ្នក​សាងសង់​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី២៩ វិច្ឆិកា​នេះ​ថា

នេះ​គឺជា​ឆ្នាំ៧ហើយ ដែល​សមាគមន៍​បានរៀបចំ​មហាសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​សមាគមន៍ ហើយក៏​ជា​លើក​ទី៥ នៃ​ការរៀបចំ​តាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ជា​លក្ខណៈ​អន្តរជាតិ​ធំជាងគេ ដែលមាន​ស្តង់​ប្រមាណ៣១០ស្តង់ និង​ផលិតផល​ប្រមាណ៦០០ ប្រភេទ ដែល​ផលិតផល​ទាំងនេះ មាន​ខ្លះ​ជា​ផលិតផល​ក្នុងស្រុក និង​មាន​ខ្លះ​ជា​ផលិតផល ដែល​នាំចូល​មកពី​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ហើយ​ឆ្នាំនេះ សង្កេតឃើញ​មានការ​ចូលរួម ដាក់តាំង​ផលិតផលផ្សេងៗសរុប១៨៦ក្រុមហ៊ុន។

លោក​បន្ថែមថា “ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​គឺ​ចង់បង្ហាញ​ពី​ការអភិវឌ្ឍ ការរីកចំរើន និង​សត្តា​នុព​ល​នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់ នៅលើ​ទីផ្សារ​កម្ពុជា​ទាំងមូល។

ជាក់ស្តែង​នៅក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​សំណង់​អគារខ្ពស់ៗ ទំនើបៗ ធំ​ស្កឹ​ង​ស្កៃ​បាន​រីកដុះដាល​គួរអោយ​មាន​ភាព​ស្ងប់​ស្ងែ​ង ដូចជា មាន​សំណង់​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ការិយាល័យ ធានា​គារ ផ្សារ​ទំនើប សណ្ឋាគារ អគារ​ស្នាក់នៅ​រួម និង​បុរី​លំនៅដ្ឋាន​បាន​សាងសង់​ឡើងជា​បន្តបន្ទាប់ ដែល​សំណង់​ទាំង​មាន​លក្ខណៈទំនើបៗ ទាន់សម័យ ហើយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា និង​សម្ភារៈ បរិក្ខារ ឧបករណ៍​ក្នុងការ​សាងសង់​ទាំងអស់​សុទ្ធសឹង​មានគុណ​ភាពល្អ និង​លក្ខណៈ​បច្ចេកទេស​ទំនើប និង​មាន​ស្តង់ដារ​ត្រឹមត្រូវ ពុំ​ចាញ់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដទៃទៀត នៅលើ​ពិភពលោក​ឡើយ ហើយ​សំណង់​ទាំងនេះ បានប្រែក្លាយ​ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ​អោយ​ស្រស់បំព្រង។

លោក​ឧកញ៉ា​ពុង ឃាវ​សែ​បាន​បន្តថា សមាគម​អ្នក​សាងសង់​កម្ពុជា​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្តល់​ឪ​កាស​អោយ​សមាជិកសមាគម ដែល​បច្ចុប្បន្ន​មាន១៤៨ក្រុមហ៊ុន និង​ធុរកិច្ច​ជនផ្សេងៗទៀត ដែលមាន​មុខរបរ​ជំនួញ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា និង​អ្នក​ដែល​នៅក្រៅ​ប្រទេស​មាន​ឪ​កាស បានមក​ធ្វើការ​ទំនាក់ទំនង​ពិភាក្សា អំពី​កិច្ចការជំនួញ​ពាណិជ្ជកម្ម​ជាមួយគ្នា​ដោយផ្ទាល់ និង​យ៉ាង​ជិតស្និត​បំផុត ដើម្បីអោយ​ដឹង​ច្បាស់​ពី​តម្រូវការ និង​ការផ្គត់ផ្គង់​សម្ភារៈ ឧបករណ៍ និង​គ្រឿងចក្រ​សំណង់​លើ​ទីផ្សារ​កម្ពុជា៕

លោក​ជា សុផារ៉ា បន្ត​ស្នើ​ឲ្យ​អ្នក​សាងសង់​គោរព​ច្បាប់​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវ

0

ដោយ វុត្ថា

ភ្នំពេញ៖ ជាថ្មី​ម្តងទៀត លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀប​ចំន​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា សុផារ៉ា បានស្នើ​ដល់​អ្នក​សាងសង់​លំនៅដ្ឋាន ទាំងអស់​ត្រូវគោរព​ច្បាប់​សាងសង់​អោយបាន​ត្រឹមត្រូវ ដោយ​រក្សា​គំលាត​អោយបាន​សមរម្យ​ស្របតាម​លិខិតបទដ្ឋាន​ដែល​បាន​ផ្សព្វផ្សាយ។

នៅក្នុង​ពិធី​មហាសន្និបាត​បូកសរុប​សកម្មភាព ការងារ​លើក​ទី៧ របស់​សមាគម​អ្នក​សាងសង់ និង​ពិធី​សម្ពោធ​បើក​ការតាំងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា ២០១៨ ដែល​រៀបចំ​ដោយ​សមាគម​សាងសង់​កម្ពុជា​នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា នេះ លោក​ជា សុផារ៉ា ក៏បាន​ស្នើ​បន្ថែមទៀត អោយ​អ្នក​សាងសង់​មុននឹង​សម្រេច​ធ្វើការ​សាងសង់ ត្រូវមាន​ការសម្របសម្រួល​ជាមួយ​អ្នកជិតខាង​អោយបាន​ល្អ ជៀសវាង​ការ​ប្តឹងផ្តល់​នៅពេល​បុកគ្រឹះ​រួចរាល់។

តែ​យ៉ាងណាក៏ដោយ លោក​ជា សុផារ៉ា​ឲ្យ​ដឹង​ដែរ​ថា ក៏មាន​ការរំខាន​ពី​អ្នកជិតខាង​មួយចំនួន​ផងដែរ ទោះ​ការសាងសង់​នោះ​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​យ៉ាងណាក្តី ដោយ​ពួកគេ​ចង់អោយ​មានការ​ទិញ​ផ្ទះ​ទៅវិញ។

លោក​ជា​សុផារ៉ា បញ្ជាក់ទៀតថា ក្រសួង​នឹង​ខិតខំ​ចុះបញ្ជី​ក្បាល​ដីធ្លី​អោយបាន​លឿន ដោយ​បច្ចុប្បន្ន​ចុះ​បាន៧២ភាគរយ នៃ​ការចុះបញ្ជី​នៅលើ​ក្បាល់ដី៧លាន​ក្បាលដី​ពោល​គឹ​បាន​ចំនួន៥លាន​ក្បាលដី និង​នៅសល់​ប៉ុន្មាន​ទៀត​នឹង​បន្ត​ចុះ​បាន១០០ភាគរយ ដើម្បីអោយ​មាន​សុវត្ថិភាព​កាន់កាប់​ដីធ្លី។ លោក​បន្តថា នៅពេល​សាងសង់​ត្រូវតែមាន​កម្មសិទ្ធិ​កាន់ កាប់​ដី​ច្បាស់លាស់ ដោយ​មិនត្រូវ​សាងសង់​នៅ​លើដី​របស់គេ​បង្ករ​អោយមាន​ទំនាស់ ឬ​ប្តឹងផ្តល់ផ្សេងៗឡើយ។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើរ អោយមាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​រៀង​ផ្លូវ​សាធារណៈ​អោយបាន​ត្រឹមត្រូវ និង​ទទួលស្គាល់​ពី​គ្រប់ភាគី​ជៀសវាង​សាងសង់​បុរី ឬ​លំនៅដ្ឋាន​ប្រណីត​រួចហើយ ទើប​រៀបចំ​ផ្លូវ​សាងសង់​ផ្លូវ​សាធារណៈ​ជា​ក្រោយ​មិនល្អ​នោះទេ។

លោក​បញ្ជាក់ថា ការរៀបចំ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​សាធារណៈ​នេះ ក្រ​សួ​បានដាក់​បញ្ចូល​ទៅក្នុង​ផែនការ​ប្រើប្រាស់​ដី​នៅក្នុង​រាជធានី ខេត្ត និង​ទីប្រជុំជន​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​កន្លែង​ដែលមាន​សត្តា​នុព​ល​ក្នុង​អភិវឌ្ឍន៍​លំនៅដ្ឋាន៕

អ្នកជំនាញនិយាយពីអ្វីខ្លះពីអចលនទ្រព្យកម្ពុជាក្រោយសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិន

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: ស្របពេលសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនកំពុងតែក្តៅនិងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកថមថយល្បឿនក្តី តែអ្នកជំនាញអចលនទ្រព្យនៅកម្ពុជាបានអះអាងថា គំរោងវិនិយោគចិននៅកម្ពុជា មិនបានរងផលប៉ះពាល់ចេញពីវិបត្តិនេះទេ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាពេលថ្មីៗនេះថា គំរោងរបស់អ្នកវិនិយោគចិននៅកម្ពុជា នៅតែដំណើរការជាធម្មតា មិនមានរងផលប៉ះពាល់ណាមួយនៅឡើយទេ ដោយអ្នកវិនិយោគនៅតែបន្តគំរោងរបស់ពួកគេ ប៉ុន្តែអ្វីជាការបារម្ភគឺថារដ្ឋាភិបាលចិនបានចេញគោលនយោបាយថ្មី ដោយកម្រិតលំហូរទុនវិនិយោគទៅកាន់ក្រៅប្រទេស ប៉ុន្តែវាមិនកំណត់សម្រាប់តែកម្ពុជាទេ គឺធ្វើនៅទូទាំងពិភពលោក។


អ្នកនាងបន្តថា “គំរោងចិននៅតែដំណើរការល្អប្រសើរ ក្រុមហ៊ុនមានបញ្ហានៅតែមានបញ្ហា តែក្រុមហ៊ុនល្អនៅតែល្អ”។អ្នកនាងបន្ថែមថា “ទីផ្សារខុនដូនៅតែល្អ ដោយការលក់នៅតែជោគជ័យ ហើយគំរោងដែលជោគជ័យឬអត់អាស្រ័យលើគំរោង គុណភាព តម្លៃ និងទីតាំងរបស់គំរោងនោះ”។

យោងតាមការសិក្សារបស់ក្រុមហ៊ុន VTRUST APPRAISAL បានរកឃើញថាចំនួនខុនដូនៅកម្ពុជា បានកើនឡើងដល់ជាង៦ម៉ឺនយូនីត នៅដំណាច់ឆ្នាំ២០១៧កន្លងមកនេះ។

អ្នកនាងអាន សុធីតាបានបន្តថា គំរោងវិនិយោគរបស់ចិនភាគច្រើន ផ្តោតលើទីផ្សារនៅក្រៅប្រទេស ពួកគេលក់គំរោងរបស់ពួកគេនៅទីនោះភាគច្រើន។
អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21Cambodia បានឲ្យដឹងផងដែរថា គំរោងរបស់ចិននៅកម្ពុជា នៅតែដំណើរការល្អប្រសើរ ដោយអ្នកវិនិយោគភាគច្រើនផ្តោតលើទីផ្សារក្រៅប្រទេស ជាអ្វីដែលជានិន្នាការវិនិយោគរបស់ពួកគេ ខណៈដែលប្រជាជនកម្ពុជាមិនទាន់ចង់រស់នៅតាមខុនដូនៅឡើយ ដែលធ្វើឲ្យទីផ្សារខុនដូ៨០ភាគរយ ទិញដោយជនបរទេស និង២០ភាគរយវិនិយោគដោយជនជាតិខ្មែរ ប៉ុន្តែរយៈពេល១០ឆ្នាំខាងមុខ និន្នាការនេះនឹងដើរបញ្រ្ចាសវិញ។

អ្នកនាងបន្តថា “ចិនវិនិយោគនៅកម្ពុជាពេលនេះ ជាពេលសមស្របព្រោះតម្លៃអចលនទ្រព្យ ពិសេសតម្លៃដីធ្លីមានតម្លៃទាប ដែលពួកគេអាចរកប្រាក់ចំណេញបាន ប៉ុន្តែបើពួកគេរង់ចាំយូរតទៅទៀត ការវិនិយោគរបស់ពួកគេនឹងយឺតពេល”។


ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងថា ទីផ្សារអចលវត្ថុនៅកម្ពុជា នៅតែមានសញ្ញាវិជ្ជមាន និងការវិនិយោគនៅតែបន្ត ដោយយើងមិនទាន់មើលឃើញថាមានហានិភ័យ ឬបញ្ហាណាមួយកើតឡើងនោះទេ ពិសេសគំរោងរបស់អ្នកវិនិយោគចិន នៅតែដំណើរការ និងមិនរងផលប៉ះពាល់ណាមួយ ពីវិបត្តិនៃសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកនោះឡើយ។

លោកបន្តថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយមពីទីផ្សារនេះ និងនៅតែមើលឃើញវិស័យនេះបន្តរីកចម្រើនរយៈពេលវែងបន្តទៀត”៕