ដំណឹងល្អៈឆ្នាំ២០២០កម្ពុជានឹងមានអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានអះអាងថា ឆ្នាំ២០២០ នឹងទទួលបានជោគជ័យទាំងស្រុង លើការផ្គត់ផ្គង់អគ្គិសនីគ្របដណ្តប់គ្រប់ភូមិទាំងអស់ នៅទូទាំងប្រទេស ជាអគ្គិសនីដែលមានគុណភាព និងស្ថិរភាព។

លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងលើកឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកជំទាវ Sunniya Durrani-Jamal នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួង ថ្ងៃទី២៨ ខែវិច្ឆកាកន្លងមកថា គោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលឆ្នាំ២០២០ របស់រាជរដ្ឋាលភិបាល នឹងទទួលបានជោគជ័យទាំងស្រុងលើការផ្គត់ផ្គង់អគ្គិសនី ដោយគ្របដណ្តប់គ្រប់ភូមិ ដែលមានជាង១ម៉ឺនភូមិនៅទូទាំងប្រទេស ដោយមកដល់ពេលនេះ រដ្ឋាភិបាលបានតភ្ជាប់ទៅតាមភូមិទូទាំងប្រទេសបានចំនួន៨៦,៨៥ភាគរយ និងបានតភ្ជាប់ដល់ខ្នងផ្ទះប្រជាពលរដ្ឋបាន៧៣ភាគរយ ដូច្នេះនៅក្នុងផែនការដល់ឆ្នាំ២០២០ យើងនឹងអាចតភ្ជាប់បានគ្រប់ភូមិ១០០ភាគរយនៅទូទាំងប្រទេស។

លោកបានរំលឹកថា “ការអភិវឌ្ឍន៍វិស័យអគ្គិសនី ចាប់តាំងពីក្រោយពីរបបខ្មែក្រហមមក កម្ពុជាបានដើរចេញពីចំណុចសូន្យ មកមានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់និងឯករាជ្យភាពដោយខ្លួនឯង”។

លោកបន្តថា “មកដល់បច្ចុប្បន្នការអភិវឌ្ឍន៍វិស័យអគ្គិសនី កម្ពុជាមានវារីអគ្គិសនីចំនួន៦កន្លែងកំពុងដំណើរការ ក្នុងនោះប្រភពចេញពីធ្យូងថ្ម ប្រភពមកពីរោងចក្រដុតប្រេងខ្មៅ ប្រភពថាមពលកកើតឡើងវិញ និងប្រភពអគ្គិសនីចែកចាយអគ្គិសនីតូចៗ សរុបទាំងអស់កម្ពុជាមានថាមពល ដែលកំពុងផ្គត់ផ្គង់ជាង២ពាន់មេហ្គាវ៉ាត់ ដែលបាននិងកំពុងដំណើរការ”។


លោកជំទាវSunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំកម្ពុជា បានថ្លែងនូវការកោតសសើរអំពីការអភិវឌ្ឍន៍ ក្នុងការបំពេញតាមសេចក្តីការក្នុងប្រទេស ប៉ុន្តែលោកសរីបានថ្លែងថា ដើម្បីជម្រុញការគ្រប់គ្រងវិស័យនេះឲ្យកាន់តែមានតម្លាភាព ការរៀបចំផែនការមេ (Master Plan) មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។ លោកជំទាវបន្តថា បច្ចុប្បន្នក្រុមបច្ចេកទេសរបស់ (ADB) កំពុងពិភាគ្សាដើម្បីជួយដល់ការរៀបចំគម្រោងនេះ ដែលជាផ្នែកមួយជម្រុញឲ្យវិស័យអគ្គិសនីនៅកម្ពុជា ទទួលបានជោគជ័យមួយយ៉ាងធំ សម្រាប់ឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់ ជាពិសេសការផ្តល់ផលប្រយោជន៍ ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិកាន់តែខ្លាំងក្លាថែមទៀត៕

កម្ពុជា និង​សឹង្ហ​បុរី រួមគ្នា​ធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​ការគ្រប់គ្រង​ទិញ-លក់​អចលនទ្រព្យដល់​អ្នកវិនិយោគទុន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖  សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា និង​ក្រុមហ៊ុន​ប​ចេ្ច​ក​វិទ្យា​ដែល​ផ្តោត​លើ​សេវាកម្ម​បែប​អន្តរការី​រវាង​អ្នក​អភិវឌ្ឍន៍ និង​ភ្នាក់ងារ​ទិញ​លក់​អចលនទ្រព្យ PropEast  ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​យុទ្ធសាស្ត្រ ដើម្បី​ជំរុញ​ការរីកចំរើន​លើ​វិស័យ​អចលនទ្រព្យ និង​លើកទឹកចិត្ត​ដល់​លំហូរ​អ្នកវិនិយោគទុន​បន្ថែម​ទៀត។

លោក ឃាង ពុ​ទ្ធី ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត​មាន​កាលពី​ថក​ងៃ​ទី២៨ វិច្ឆិកា​កន្លងមក​ថា គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សមាជិក​ឲ្យ​ស្គាល់​អំពី ការសម្រេចចិត្ត​ឈាន​ជើង​ចូលមក​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន​ប្រូ​ប​អ៊ី​ស ក្នុង​ការបម្រើ​សេវាកម្ម​ទំរង់​កម្មវិធី​ទូរស័ព្ទដៃ​ទំនើប​ដំបូង​ដែលជា​សេវាកម្ម​ទិញ​លក់​រវាង​អ្នក​អភិវឌ្ឍន៍ និង​ភ្នាក់ងារ​ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា។

លោក​បាន​បន្តថា បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​រវាង​សមាគម និង​ក្រុមហ៊ុន PropEast នឹង​ព្យាយាម​ជួយ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ ក្នុងការ​ជំរុញ​ការផ្សព្វផ្សាយ​ដល់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​នានា ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​សេវាកម្ម និង​ព្យាយាម​ពន្យល់​ដល់ទី​ភ្នាក់ងារ​អចលនវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ដទៃ​ផ្សេងទៀត ឲ្យ​ស្វែងយល់​អំពី​សារៈសំខាន់ និង​ឈានទៅ​ប្រើប្រាស់​ធ្វើការ​សហការ​ជាមួយគ្នា។

ជាមួយគ្នានេះ លោក DATO Dr.JAY HO អគ្គនាយក​ក្រុមហ៊ុន PropEast បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​លោក​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ២០១៧ ។ ទំរង់​កម្មវិធី​ទូរស័ព្ទដៃ​ទំនើប​ដំបូង គឺ​ផ្តោតទៅលើ​ការងារ​គ្រប់គ្រង​ផ្នែក​អ​ច លន​ទ្រព្យ និង​ការដឹកជញ្ជូន​អចលនទ្រព្យ​ដល់​អ្នកវិនិយោគទុន។ បច្ចុប្បន្ននេះ PropEast មាន​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី ហើយ​កំពុងតែ​រៀបចំ​ចូល​ប្រទេស​ថៃឡង់​ដ និង​វៀតណាម​ដែរ ក្នុង​ទស្សនៈវិស័យ​ដើម្បី​បង្កើតជា​បណ្តាញ​ទីផ្សារ​អចលនទ្រព្យ​នៅ​អាស៊ាន​ជាមួយនឹង​ទំរង់​កម្មវិធី​ទូរស័ព្ទដៃ​ទំនើប​ដំបូង។

លោក​បញ្ជាក់ទៀតថា ក្រុមហ៊ុន​លោក​បាន​អភិវឌ្ឍន៍​ការងារ លើ​ការគ្រប់គ្រង​ផ្នែក​អចលនទ្រព្យ និង​ទំរង់ការ​ដឹកជញ្ជូន​អចលនទ្រព្យ​ជា​លើកដំបូង​លើ​ពិភពលោក ដើម្បី​បំរើ​អ្នកវិនិយោគទុន​អចលនទ្រព្យ​ក្នុង​តំបន់ នៅពេល​មាន​ប្រតិបត្តិការ ផ្ទេរ ប្រគល់​អង្គភាព ការត្រួតពិនិត្យ​អង្គភាព គ្រឿង​សង្ហា​រឹម សំរាប់​ជួល និង​ជុស​ជួល តាម​បណ្តាញ​យើង ជាមួយ​អ្នកផ្តល់​សេវា​ប្រកបដោយ​វិជ្ជាជីវៈ។

សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ទើបបាន​បើក​ដំនើរការ​ប៉ុន្តែ​មាន​សមាជិក​កើនឡើង​រហូតដល់​ចំនួន៩៥ក្រុមហ៊ុន៕

រដ្ឋមន្រ្តីពាណិជ្ជកម្មបង្ហាញពីសក្តានុពលក្នុងវិស័យ៤និងស្នើឲ្យសហភាពអារ៉ាប់រួមមកវិនិយោគ

0

ដោយគង់ សូរិយា

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានជំរុញឲ្យសហភាពអារ៉ាប់រួម ធ្វើការវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗចំនួន៤ គឺកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ក្រសួងពាណិជ្ជកម្មឲ្យដឹងនៅរសៀលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោកជំទាវ REEM Al Hashimy រដ្ឋមន្រ្តីក្រសួងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានរៀបចំពិព័រណ៍ពិភពលោកឌុយបៃ ឆ្នាំ២០២០ នៃប្រទេសសហភាពអារ៉ាប់រួម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានជម្រាបជូនភាគីជំនួបអំពីវឌ្ឍនភាព នៃកំណើនសេដ្ឋកិច្ចកម្ពុជា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយគាំពារវិនិយោគ និងគោលការណ៍លើកទឹកចិត្តផ្សេងៗ ដែលរដ្ឋាភិបាលបានផ្តល់ជូនវិនិយោគិនបរទេស ដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា។

លោករដ្ឋមន្រ្តី ក៏បានអញ្ជើញភាគីសហភាពអារ៉ាប់រួម ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរនិងផលិតផលនាំចេញ-នាំចូលកម្ពុជា កម្រិតអន្តរជាតិ ដែលគ្រោងនឹងរៀបចំឡើងនាខែធ្នូឆ្នាំ២០១៩ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឌុយបៃ២០២០ ដល់ប្រជាជនកម្ពុជានិងប្រជាជននៃប្រទេសអាស៊ាន។

ជាការឆ្លើយតប ភាគីជំនួបបានថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តី ដែលបានចែករំលែកព័ត៌មានល្អៗទាក់ទងនឹងឱកាសវិនិយោគនៅកម្ពុជា និងបានសន្យាជួយជំរុញវិស័យឯកជនប្រទេសសហភាពអារ៉ាប់រួម ចូលមកសិក្សាអំពីលទ្ធភាពវិនិយោគនៅកម្ពុជា ក៏ដូចជាចូលរួមពិព័រណ៍ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម។

លើសពីនោះទៀតលោកជំទាវបានបង្ហាញចេតនា មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់កាន់តែច្បាស់ពីសក្តានុពលនៃវិស័យទេសចរណ៍ និងវប្បធម៌ដ៏សំបូរបែបរបស់កម្ពុជា សំដៅពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​កើន បើទោះជា​សេដ្ឋកិច្ច​សកល​មាន​បញ្ហា​ប្រឈម

0

ដោយ វុត្ថា

ភ្នំពេញ៖ ធនាគារពិភពលោក បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​បន្ត​កើន បើទោះជា​សេដ្ឋកិច្ច​សកល​មាន​បញ្ហា​ប្រឈម។ អត្រាកំណើន ត្រូវបាន​រំពឹងថា នឹងមាន​កំរិត​ខ្ពស់ជាង​កាលពី​ឆ្នាំមុន គឺ​កើន​ដល់៧,១ភាគរយ នៅក្នុង​ឆ្នាំ២០១៨ ដែល​កំណើន​នេះ នាំមុខ​ដោយ​ការប្រើប្រាស់​ទំនិញ​ក្នុងស្រុក និង​ការនាំចេញ។

របាយការណ៍​ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ចកម្ពុជា​ចុងក្រោយ ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​នៅ​ថ្ងៃទី២៨ ខែវិច្ឆិកា​នេះ បាន​បង្ហាញថា បន្ទាប់ពី​ការ​ស្ទុះ​ងើបឡើង​បន្តិចម្តងៗ នៅ​ឆមាស​ទី២ ក្នុង ឆ្នាំ២០១៧មក ការនាំចេញ​របស់​កម្ពុ​ជា​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយ​មួយ​ភាគ​ធំ គឺ​តម្រូវការ​ដ៏​ច្រើន​នៅ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​តូច ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ដែល​គេ​រំពឹងថា នឹងមាន​កំណើនសេដ្ឋកិច្ច​ល្អប្រសើរ​តិចតួច​ប៉ុណ្ណោះ។

ការ​និទស្សន៍​របស់​ក្រុម​សេដ្ឋវិទូ​ធនាគារពិភពលោក​នេះ គឺ​ស្របគ្នា​នឹង​ការព្យាករណ៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​រំពឹងថា សេដ្ឋកិច្ចកម្ពុជា​នឹង​បន្ត​រឹងមាំ​ដោយ​វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម វិស័យ​កសិកម្ម ដែល​ធ្វើឱ្យ​ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងម្នាក់ៗ អាច​កើន​ឡើងដល់​ជាង១.៧០០ដុល្លារ​អាមេរិក ខណៈ​នៅ​ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងម្នាក់ៗ មាន​ប្រាក់ចំណូល​ជាង១.៥០០ដុល្លារ។

លោក លី ស៊ី​ដេ​ត អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា «អាទិភាព​ជាច្រើន​សម្រាប់​កម្ពុជា​រួមមាន ការការពារ​វិស័យ​ហិរញ្ញវត្ថុ​ឱ្យបាន​ល្អ ខណៈ​កំពុងតែ​កសាង​ធនធាន​បម្រុង ពង្រឹង​ការប្រកួតប្រជែង និង​ទប់ស្កាត់​កមណើន​នៃ​អត្រា​ប្តូរប្រាក់​ពិត ដែល​បណ្តាលមកពី​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ការ​នាំចូល​ទំនិញ​នាពេលថ្មី»។

ក្រុម​សេដ្ឋវិទូ​របស់​ធនាគារ​ពិភពលោក បាន​ពន្យល់ថា ស្រប​ពេលដែល​ទស្សនវិស័យ​យូរអង្វែង​នៅតែមាន​ភាព​វិជ្ជមាន​នៅឡើយ កម្ពុជា​ចាំបាច់​ត្រូវ អភិវឌ្ឍន៍​ធនធាន​រូបវ័ន្ត និង​ធនធានមនុស្ស ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ជាង​មុន​ក្នុង​រយៈពេល​វែង។

លោកស្រី អ៊ីង​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា «ដើម្បី​សម្រេចបាន​គោលបំណង​របស់ខ្លួន ក្នុងការ​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​កម្រិត​មធ្យម កម្ពុជា​ចាំបាច់​ត្រូវ​បង្កើន​ការវិនិយោគ​របស់ខ្លួន​លើ​ផ្នែក​ធនធានមនុស្ស​និង​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើកំណែទម្រង់​នានា​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​លើ​គ្រប់​វិស័យ និង​ប្រកបដោយ​ចីរភាព។ ការ​កៀរគរ​ប្រាក់​សន្សំ​ក្នុងស្រុក​ឱ្យបាន​ច្រើន ដើម្បី​យកទៅ​បង្កើន​ការវិនិយោគ ដែលជា​កត្តា​សំខាន់​ក្នុងការ​ឈានទៅដល់​គោលដៅ​មួយ​ដូច​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ល្អ​ជាងគេ នៅ​អាស៊ី​សម្រេចបាន»

ក្រុម​សេដ្ឋវិទូ​របស់​ធនាគារ​ពិភពលោក បានស្នើ​ឱ្យ​ត​ភ្ជាប់​ភាពខ្វះខាត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ស្រូបយក​វិនិយោគទុន​ផ្ទា​ល់ពី​បរទេស​លើ​ផ្នែក​ផលិតកម្ម និង​ការកែច្នៃ​កសិកម្ម​ដែល​កំពុងតែ​កើនឡើង ព្រមទាំង​ការកែលម្អ​ជា​បន្តបន្ទាប់​លើ​បរិយាកាស​អាជីវកម្ម៕

កម្ពុជា​រៀបចំ​ពិព័រណ៍​កម្សាន្ត និង​វិនិយោគ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​អាគ្នេយ៍ ឆ្នាំ ២០១៨

0

ដោយ វុត្ថា

ភ្នំពេញ៖ កម្មវិធី “ពិព័រណ៍​កម្សាន្ត និង​វិនិយោគ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​អាគ្នេយ៍ ឆ្នាំ ២០១៨  ឬ Asia Entertainment and Investment Expo 2018 (AGE) “ រយៈពេល៣ថ្ងៃ គឺ​ថ្ងៃទី ២៨ ២៩ និង ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨  បានចាប់ផ្តើម​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្ហាញ​និង​ពង្រីក​នូវ​គំនិត​អាជីវកម្ម​ទៅលើ​វិស័យផ្សេងៗ ដូចជា​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ សណ្ឋាគារ និង​ការកម្សាន្ត​ជាដើម និង​ស្របទៅនឹង​ការ​រី​ចក​ម្រើ​ន​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។

លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា កម្មវិធី “ពិព័រណ៍ កម្សាន្ត និង​វិនិយោគ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​អាគ្នេយ៍ ឆ្នាំ ២០១៨  ឬ Asia Entrainment and Investment Expo 2018 (AGE) “នេះ គឺជា​ឪ​កាស​ដ៏​ឧ​ត្ត​ម​មួយ​សម្រាប់​ការជួបជុំ សហការ ដោះដូរ និង​ពង្រីក​អាជីវកម្ម រវាង​ម្ចាស់​អាជីវកម្ម អ្នកជំនាញ ជាពិសេស​វិនិយោគ​គិ​ន​ជាតិ និង​វិនិយោគិន​បរទេស ដែល​សកម្មភាព​ទាំងនេះ បាន​បង្កើត​ការចាប់អារម្មណ៍​លើ​ការវិនិយោគ នៅ​កម្ពុជា​កាន់តែ​ខ្លាំងក្លា និង​ជួយ​ជម្រុញ​សេដ្ឋកិច្ចកម្ពុជា​មាន​ភាព​ល្អប្រសើរ​ឡើង​ថែម​មួយកម្រិត​ទៀត។

លោក​បន្តថា ក្រសួងពាណិជ្ជកម្ម​ពិត​ជាមាន​មោទនភាព ដែល​ប្រទេស​កម្ពុជា​ត្រូវបាន​ជ្រើសតាំង​ជា​កន្លែង​ប្រជុំ​ទីផ្សារ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ជជែក​ពិភាក្សា​ទាន់​ទង​នឹង​ការ វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន កម្សាន្ត និង​បដិសណ្ឋារកិច្ច​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​ឆ្នាំ ២០១៨។

លោក ឃៀង វុទ្ធី ប្រធាន​សមាគមន៍​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បានអោយដឹង​ដែរ​ថា ការរៀបចំ​កម្មវិធី​ពិព័រណ៍​នាពេលនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​វិស័យ​ទេសចរណ៍ សណ្ឋាគារ ការ​ស៊ី​ណូ និង​វិស័យ​សំណង់​មានការ​រីកចម្រើន សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មកលេង​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា ។

លោក​បន្តថា ព្រឹត្តិការណ៍​នេះ ផងដែរ​គឺជា​ឪ​កាស​សម្រាប់​អ្នកវិនិយោគ​អន្តរជាតិ​បាន​ស្វែងយល់​ក្នុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​គឺជា​ព្រឹត្តិការណ៍​លើក​ទី ១ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ប្រមូលផ្តុំ​ទៅដោយ​ក្រុមហ៊ុន​អន្តរជាតិ ជាច្រើន​ចូលរួម​តាំងពិព័រណ៍​នេះ ។

លោក​ឃៀង​វុទ្ធី បញ្ជា​ក់ទៀត ព្រឹត្តិការណ៍​នេះ នឹងត្រូវ​រៀបចំ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត​មក​ស្វែងរក​ឪ​កាស​វិនិយោគ​នៅក្នុង​ប្រទេស ដើម្បី​ជម្រុញ​អោយ​វិ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​មួយកម្រិត​ថែមទៀត៕

ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុទំនងជាពន្យាពេល

0

ដោយស៊ីវ ម៉េង

ភ្នំពេញ: គំរោងសាងសង់ផ្លូវល្បឿនលឿនជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តកម្ពុជាទំនងជាត្រូវពន្យាពេល បន្ទាប់ពីការប្រកាសគំរោងនេះនឹងចាប់ផ្តើមសាងសង់នៅកំឡូងខែវិច្ឆិកាឆ្នាំនេះ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកនូ វឌ្ឈនៈបានមានប្រសា សន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី២៨ វិច្ឆិកានេះថា លោកមិនទាន់មានព៌តមានទាក់ទងនឹងការចាប់ផ្តើមសាងសង់ផ្លូវ ប្រវែងប្រមាណ១៩០គីឡូម៉ែត្រនេះនៅឡើយទេ។

បើតាមលោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងនេះធ្លាប់បានឲ្យដឹងផងដែរ
ថា “តាមគំរោងផ្លូវនេះនឹងសាងសង់ នៅស្របតាមផ្លូវជាតិលេខ៤ ទាំងសងខាង ប៉ុន្តែភាគច្រើនស្ថិតនៅខាងឆ្វេងដៃនៃផ្លូវជាតិលេខ៤ ជាតំបន់ដែលផ្លូវ៤គន្លងនេះនឹងឆ្លងកាត់”។លោកបន្តថា “គិតពីពេលនេះតទៅ ការសាងសង់ផ្លូវល្បឿនលឿន ក៏ដូចជាសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានាជារឿងចាំបាច់ ដើម្បីបង្កើនសន្ទុះសេដ្ឋកិច្ចជាតិ”។

តាមឯកសារដែលទទួលបាន នៅក្នុងពិធីចុះហត្ថលេខារវាងលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនជាមួយលោកLiu Gitaoប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន លោកលី ខឺឈាងមកកម្ពុជាកាលពីឆ្នាំមុនបានឲ្យដឹងថា ផ្លូវល្បឿនលឿននេះ មានប្រវែង១៩០,៦៣គីឡូម៉ែត្រ និងមានទទឹងផ្លូវទំហំ២៤ម៉ែត្រ និងធ្វើឡើងក្រោមរូបភាពBOT។ ផ្លូវនេះជាប្រភេទផ្លូវមានសួនច្បារកណ្តាល និងរបាំងសងខាងផ្លូវ និងមានទីតាំងសម្រាប់ឈប់សម្រាកផងដែរ។

លោកវ៉ា ស៊ីមសូរិយាបានបន្តឲ្យដឹងថា ការសាងសង់ផ្លូវល្បឿនលឿននេះ នឹងមានទីតាំងចំណុចឆ្លងកាត់ប្រមាណ១០កន្លែង ជាផ្លូវដែលលោកគិតថានឹងជួយដល់សេដ្ឋកិច្ចជាតិ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យតម្លៃនៃការដឹកជញ្ជូនរបស់កម្ពុជាធ្លាក់ចុះផងដែរ។លោកបន្តថា តាមគំរោងការសាងសង់ផ្លូវនេះ គ្រោងចំណាយរយៈពេល៤ឆ្នាំ ទើបបញ្ចប់ការសាងសង់ ហេតុនេះ យើងរំពឹងថា ការសាងសង់នឹងអាចធ្វើឡើងឆាប់ៗនេះ។

ក្រោយការសាងសង់ផ្លូវល្បឿនលឿននេះបញ្ចប់ ផ្លូវនេះនឹងជួយសម្រួលការធ្វើដំណើរទៅខេត្តព្រះសីហនុកាន់តែខ្លី ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើនកាន់តែល្អប្រសើរថែមទៀត។

រដ្ឋាភិបាលបានដាក់ខេត្តព្រះសីហនុទាំងមូល ជាតំបន់ឧស្សាហកម្ម នៅក្នុង គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ២០១៥ ដែលជាគោលនយោបាយមួយត្រូវបានអនុម័ត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខែតុលា ឆ្នាំ២០១៦កន្លងមកនេះ។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា បញ្ហាប្រឈមក្នុងសេដ្ឋកិច្ចរបស់យើង គឺការដឹកជញ្ជូនមានតម្លៃថ្លៃ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ឋ ដែលរដ្ឋាភិបាលបាននិងកំពុងគិតគូវិនិយោគ ប៉ុន្តែការសាងសង់អ្វីមួយ វាមិនចំណាយពេលមួយថ្ងៃឬមួយឆ្នាំទេ ហេតុនេះរដ្ឋាភិបាលគួរពន្លឿនការវិនិយោគលើផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត។

លោកបន្តថា “ការសាងសង់ផ្លូវល្បឿនលឿន ឬហេដ្ឋារចនាសម្ព័ន្ឋនានា ជាការបង្កើនកំណើនសេដ្ឋកិច្ចជាតិ ព្រោះបើចង់ជំរុញកំនើនសេដ្ឋកិច្ចជាតិ ត្រូវតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ”៕

សម្តេច​តេ​ជោ​បង្ហើប​ពី​គំរោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហើប​ពី​គំរោង​ព្រលានយន្តហោះ​ថ្មី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ជាមួយ​កំនើន​ទស​ចរណ៍​កើនឡើង​មិន​នឹង​ស្មាន​ដល់។

សម្តេច​បាន​មានប្រសាសន៍​ក្នុងជំនួប​ជាមួយ​កម្មករ និយោជិត​ប្រមាណ២ម៉ឺន​នាក់​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី២៨ វិច្ឆិកា​នេះ​ថា ក្នុងជំនួប​ជាមួយ​ក្រុមហ៊ុន​បារាំង ដែល​កំពុង​គ្រប់គ្រង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រុមហ៊ុន​នេះ​បានបង្ហាញ​ពី​ការមិន​នឹកស្មាន​ចំពោះ​កំនើន​ទេសចរណ៍​នៅ​កម្ពុជា ហើយ​គាំទ្រ​ដល់​ការបង្កើត​ព្រលានយន្តហោះ​ភ្នំពេញ និង​ព្រលានយន្តហោះ​ក្នុង​ខេត្តសៀមរាប។

សម្តេច​បន្តថា “ជាមួយគ្នានេះ​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ នឹងត្រូវ​ពង្រីក​បន្ថែម ដែល​អាច​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ៣លាន​នាក់​នៅ​ថ្ងៃ​ខាងមុខ។

លោក​ពេជ្រ សុ​ប៉ុន​តារា​ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ​នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ព្រលានយន្តហោះ​កងកេង ក្រុងព្រះសីហនុ​នឹងត្រូវ​ពង្រីក​ផ្លូវ​រត់​ប្រវែង១០០០ម៉ែត្រ​ទៀត ដែល​ធ្វើ​ឲ្យ​ព្រលាន​នេះ​មាន​ប្រវែង​ផ្លូវ​រត់ ស្មើនឹង​ព្រលានយន្តហោះ​ភ្នំពេញ​សព្វថ្ងៃ។ លោក​បន្តថា ក្រោយ​ការពង្រីក​ព្រលាន​កងកេង ក្រុងព្រះសីហនុ​នឹង​អាច​ចុះចត​យន្តហោះ ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ៤០០នាក់។

លោក​បន្តថា “ជាមួយគ្នានេះ​ក្រុមហ៊ុន​បាន​សិក្សា និង​ធ្លាប់​បានផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​សាងសង់​ព្រលានយន្តហោះ​ក្នុងស្រុក​ចំនួន​បី​ទៀត​ផងដែរ គឺ​នៅ​ខេត្តស្ទឹងត្រែង បាត់ដំបង និង​ខេត្តព្រះវិហារ ប៉ុន្តែ​ការសម្រេចចិត្ត​យ៉ាងណា ជាការ​សម្រេច​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា៕

មន្ត្រី​ក្រសួង​ដែនដី​ថា កំណើន​នៃ​តម្លៃ​ដី​បញ្ជាក់​អំពី​កំណើនសេដ្ឋកិច្ច​កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែងថា ការរីកចម្រើន​សេដ្ឋកិច្ច​បាន​ជួយ​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​នៅ​កម្ពុជា និង​បន្ត​កើនឡើង​រយៈពេល​វែង​បន្តទៀត។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក ​ប៉ែន សុផល ​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី ការផ្សព្វផ្សាយ​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុងកែប និង​ក្រុង​កំពត​សម្រាប់​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​កម្ពុជា​ប្រកបដោយ​ចីរភាព ដែល​បាន​រៀបចំឡើង​នៅ​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមក​ថា ឆ្លងកាត់​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ជាច្រើន​ដំណាក់ កម្ពុ​ជាមាន​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​ថា​កំណើន​នៃ​តម្លៃ​ដីធ្លី​ក្នុង​ទំហំ​មួយ​ការ​រ៉េ អាច​បញ្ជាក់​អំពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា នាពេល​បច្ចុប្បន្ន​បាន។

លោក​បន្តថា “គោលនយោបាយ​ជាតិ​ស្តីពី​ការរៀបចំ​ដែនដី​កម្ពុជា គឺ​ដើម្បី​ធានា​ការគ្រប់គ្រង ការអភិវឌ្ឍន៍ និង​ការប្រើប្រាស់​ដី​និង​ធនធានធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព ចីរភាព និង​តុល្យភាព។លោក​បន្តថា “កម្ពុជា​បានកំណត់​ប៉ូល​អភិវឌ្ឍន៍​ជាតិ​របស់ខ្លួន​ទី១ រាជធានី​ភ្នំពេញ ទី២ ខេត្តសៀមរាប(ប៉ូល​បីតិ​ក​ភ័​ណ្ឌ​ជាតិ  និង​ប៉ូល​ទី៣តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែលមាន​ខេត្ត​ជាប់​សមុទ្រ​ទាំង​បួន។

លោក​ប៉ែន សុផល​បាន​បន្តថា បច្ចុប្បន្ន​ប៉ូល​ទាំងបី​នេះ​កំពុង​រីកចម្រើន​ខ្លាំង ហើយ​ក្រសួង​បាន​ចាត់ទុកថា ខេត្ត​ព្រះសីហនុ​ដែល​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងគំហុក ជា​តំបន់​ក្បាល​នាគ​នៃ​កម្ពុជា។ រាជធានី​ភ្នំពេញ​ជា​ខ្លួន​នាគ និង​កន្ទុយ​នាគ នៅ​ភូមិភាគ​ឦ​សាន្ត​នៃ​ប្រទេស ដែលជា​ប៉ូល​អភិវឌ្ឍ​ន៍ទី៤ ដែលមាន​កំណត់​នៅក្នុង​គោលនយោបាយ​ជាតិ​ស្តីពី ការរៀបចំ​ដែនដី​ផងដែរ ហើយ​ប៉ូល​ទី៤នេះ ជា​ប៉ូល កសិឧស្សាហកម្ម និង​ទេសចរណ៍​បែប​ធនធានធម្មជាតិ។

លោក​បន្តថា ដោយឡែក​តម្លៃ​ដីធ្លី នៅក្នុង​តំបន់​ប៉ូល​ទាំងបី​ដែល​កំពុងតែ​រីកចម្រើន​នាពេល​បច្ចុប្បន្ន ដូចជា​នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​តាម​ជាប់​ឆ្នេរសមុទ្រ អាច​លក់បាន​មួយ​ការ៉េ អាច​ដល់​រយ​ដុល្លារ រាប់ពាន់​ដុល្លារ។ ក្នុងតម្លៃ​នេះ​បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​ដីធ្លី​កាលពី​ឆ្នាំ១៩៧៩ វា​ខុសគ្នា​រាប់រយ រាប់ពាន់​ដង ដែល​នេះ​បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​កំពុងតែ​កើនឡើង​ខ្លាំង។

លោក​បញ្ជាក់ថា “តំបន់ឆ្នេរ​មាន​តួនាទី​សំខាន់ នៅក្នុង​អ​ក្ស័​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ទាំង​នៅ​ក្របខ័ណ្ឌ​អន្តរជាតិ ក្របខ័ណ្ឌ​តំបន់ និង​ក្របខ័ណ្ឌ​ជាតិ។

ក្នុងជំនួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់​ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​នា​ព្រឹក ថ្ងៃទី២៧ វិច្ឆិកា​នេះ លោកស្រី Sunniya Durrani-Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ធនាគារ​នេះ​បាន​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ និង​កំពុង​ចូលរួម​ជួយ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០ ក្នុងទិសដៅ​ជម្រុញ​អភិវឌ្ឍន៍​កម្ពុជា ឲ្យ​ទទួលបាន​កា​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។

លោកស្រី​បាន​បន្តថា “សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា នឹង​រក្សា​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​ប្រកបដោយ​ចីរភាព​ក្នុង​រង្វង់៧ភាគរយ ក្នុងមួយឆ្នាំៗ និង​បាន​កាត់បន្ថយ​ភាពក្រីក្រ​បាន​លើស១ភាគរយ​ក្នុង​មួយឆ្នាំ​ផងដែរ៕

ក្រុម​អ្នកជំនាញ​អះអាងថា តម្លៃ​ដីធ្លី​នៅក្នុង​ឆ្នាំ២០១៩ នៅតែមាន​កំនើន​ល្អប្រសើរ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ក្រុម​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បាន​អះអាងថា តម្លៃ​ដីធ្លី​នៅ​ឆ្នាំ២០១៩ខាងមុខ​នៅតែមាន​ភាពល្អប្រសើរ និង​សម្រេចបាន​កំនើន​បន្ថែមទៀត ប៉ុន្តែ​របាយ​នៃ​កំនើន​នឹង​កើន​ខុសគ្នា​អាស្រ័យ​តាម​តំបន់​និមួយ។

លោក​ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong ដែលជា​អ្នកជំនាញ និង​មានបទពិសោធន៍​ច្រើន​នៅក្នុង​វិស័យនេះ បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៨ វិច្ឆិកា​នេះ​ថា វិស័យ​ដីធ្លី​មិន​ថា​នៅពេល​បច្ចុប្បន្ន ក៏ដូចជា​ពេលអនាគត​នោះទេ ស​ន្ទ​ស្សន៍​នៃ​តម្លៃ​គឺ​នៅតែមាន​កំណើន​ជានិច្ច ដែល​វា​មិនទាន់មាន​សញ្ញា​អវិជ្ជមាន​ណាមួយ​បង្ហាញ​នៅឡើយ​នោះទេ។

លោក​បន្តថា “ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ននេះ​យើង​ឃើញស្រាប់​ហើយ​ថា ចំពោះ​តម្លៃ​ដីធ្លី គឺ​កំពុង​តែមាន​កំណើន​ជា​បន្តបន្ទាប់ ដែល​ក្នុងនោះ​រាប់ទាំង​ដី​នៅក្នុង​តំបន់​ក្រុង ក៏ដូចជា​នៅ​ជាយក្រុង ហើយ​នៅតាម​បណ្តា​ខេត្ត​សក្ដានុពល​មួយចំនួន ក៏​កំពុង​កើនឡើង​យ៉ាងគំហុក​ផងដែរ ដូចជា ខេត្ត​ព្រះសីហនុ កំពត កោះកុង បាត់ដំបង និង​ក្រុង​ប៉ោយប៉ែត ជាដើម»។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បន្តទៀតថា ប្រសិនបើ​កម្ពុជា​នៅតែ​អាច​រក្សាបាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​ដូច​ពេល​បច្ចុប្បន្ននេះ សម្រាប់៥-១០ ឆ្នាំ​ខាងមុខ​ទៀត តម្លៃ​ដី​នៅតែ​បន្ត​កើនឡើង ដែល​គិត​ជា​មធ្យម​អាច​ក្នុង​រង្វង់​ជាង១០ភាគរយ ហើយ​ចំពោះ​ដី​ដែល​ស្ថិតក្នុង​តំបន់​ពាណិជ្ជកម្ម​ពិសេស ដូចជា​តំបន់​ទីប្រជុំជន​ក្នុង​ខេត្ត ឬ​ក្នុង​ក្រុង គឺអាច​មាន​កំណើន​តម្លៃ​ខ្ពស់​ជាងនេះទៅទៀត។

លើកឡើង​ស្រ​ដ​ផង​គ្នា​នេះ អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​CBRE Cambodia បានបង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ទៅលើ​វិស័យ​ដីធ្លី​សម្រាប់​ឆ្នាំ២១០៩ ផងដែរ​ថា យើង​ពិត​ជាមាន​មោទនភាព​រួចមកហើយ ដែល​ក្នុង​រយៈពេល១០ឆ្នាំ​កន្លងទៅ តម្លៃ​ដីធ្លី​បាន​កើនឡើង​រហូតដល់២២៥ភាគរយ ពោលគឺ​កាលពី​អំឡុង​ឆ្នាំ២០០៨ តម្លៃ​ដី​ដែល​អាច​លក់បាន​ខ្ពស់​ជាងគេ​ត្រឹម២៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ ប៉ុន្តែ​នៅត្រឹម​ឆ្នាំ២០១៨នេះ តម្លៃ​ដី​ដែល​ខ្ព​ស់ន​បាន​ឡើង​រហូតដល់៦៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​វា​នឹង​បន្ត​កើនឡើ់ង​ខ្ពស់​ជាងនេះទៀត​នៅពេល​ខាងមុខនេះ។

អ្នកនាង​បាន​បន្តថា “បើ​យើង​ធ្វើការ​ព្យាករណ៍​ទៅ​ថ្ងៃ​អនាគត ក្នុង​ចន្លោះ​ចាប់ពី៥-១០ឆ្នាំ​ខាងមុខ​ទៀត តម្លៃ​ដី​នៅ​កម្ពុជា​នៅតែមាន​ការកើនឡើង​ខ្ពស់​ដដែល ដែល​អាច​ក្នុង​ចន្លោះ​ជាង៧ភាគរយ​ឡើងទៅ។ អ្នកនាង​បន្តថា “ចំពោះ​កំណើន៧ភាគរយ​នេះ​មិនមែន​មានន័យថា ជា​អត្រា​នៃ​កំណើនថេរ​ប្រចាំឆ្នាំ​នោះទេ ប៉ុន្តែ​វា​អាចមាន​ឆ្នាំ​ខ្លះ​ឡើង​បាន៥ភាគរយ ឆ្នាំ​ខ្លះ​ឡើង​បាន៧ភាគរយ ហើយ​ឆ្នាំ​ខ្លះ​ឡើង​បាន​ត្រឹម៣ភាគរយ​ជាដើម ដែល​ការព្យាករណ៍​ចេញ​ជា​តូរ​លេខ​នេះ ក៏​ព្រោះ​យើង​សម្អាង​ទៅលើ​ភាពជាក់ស្ដែង​នែ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ន​នៅ​កម្ពុជា ធៀប​ទៅនឹង​ប្រទេសជិតខាង​ក្នុង​តំបន់ ជាពិសេស​ប្រទេស​ថៃ ដែល​កំពុងមាន​លំហូរ​វិនិយោគ​យ៉ាងគំហុក ពី​សំណាក់​អ្នកវិនិយោគ​ក្នុងស្រុក ក៏ដូចជា​ជនបរទេស ជាពិសេស​ជនជាតិ​ចិន​ជាដើម។

ជាមួយគ្នានេះ អ្នកនាង អាន សុធី​តា ក៏បាន​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ហេតុផល​មួយចំនួនទៀត ដែលជា​កក្តា​ជំរុញ​ឱ្យ​វិស័យ​ដីធ្លី​កាន់តែ​ឡើង​តម្លៃ​ខ្លាំង ក៏​អាច​បណ្តា​មកពី​ដំណើរការ​វិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ជាពិសេស​ការរីកចម្រើន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​តែម្ដង៕

ប្រធាន ADB អះអាងថា សេដ្ឋកិច្ចកម្ពុជា​នឹង​សម្រេចបាន​កំនើន ៧ភាគរយរយៈពេល​វែង​បន្តទៀត

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ តំណាង​ថ្មី​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្មី ប្រចាំ​កម្ពុជា​បាន​អះអាងថា សេដ្ឋកិច្ចកម្ពុជា នឹង​បន្តរ​សម្រេចបាន​កំនើន​រយៈពេល​វែង​បន្តទៀត ខណៈ​ធនាគារ​នេះ​កំពុង​គាំទ្រ​កម្ពុជា ដើម្បី​សម្រេច​គោលដៅ​ឆ្នាំ២០៥០ ។

ក្នុងជំនួប​ជាមួយ​លោក​គាត ឈន់​ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​នា​ព្រឹក​ថ្ងៃទី២៧ វិច្ឆិកា​នេះ លោកស្រី Sunniya Durrani-Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ធនាគារ​នេះ​បាន​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ និង​កំពុង​ចូលរួម​ជួយ​កម្ពុជា ដើម្បី​ធ្វើ​ឲ្យ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០ ក្នុងទិសដៅ​ជម្រុញ​អភិវឌ្ឍន៍​កម្ពុជា ឲ្យ​ទទួលបាន​កា​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។

លោកស្រី​បាន​បន្តថា “សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា នឹង​រក្សា​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​ប្រកបដោយ​ចីរភាព​ក្នុង​រង្វង់៧ភាគរយ​ក្នុងមួយឆ្នាំៗ និង​បាន​កាត់បន្ថយ​ភាពក្រីក្រ​បាន​លើស១ភាគរយ​ក្នុង​មួយឆ្នាំ​ផងដែរ។

លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ ប្រធានកិត្តិយស​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ  បាន​អបអរសាទរ​ចំពោះ​លោកជំទាវ Sunniya Durrani Jamal ដែល​ទទួលបាន​ភារកិច្ច​ថ្មី ជា​នាយិកា​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា និង​បាន​ជូនពរ​ឱ្យ​លោកជំទាវ​ទទួលបាន​ជោគជ័យ ក្នុង​បេសកកម្ម​របស់លោក​ជំទាវ​នៅ​កម្ពុជា ហើយ​ជោគជ័យ​នេះ​គឺជា​ជោគជ័យ​របស់​យើងទាំងអស់គ្នា ជាពិសេស​ការចូលរួម​អភិវឌ្ឍ​ជាមួយ​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​ប្រទេស​មាន​ចំណូល​មធ្យម នឹងមាន​ចក្ខុវិស័យ​ប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០ ក្នុងនោះ​កម្ពុជា​បាន​កំពុង​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ផងដែរ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ​ADB បានផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ សរុប​ចំនួន​ប្រមាណ២,៧៥០លាន​ដុល្លារ​អាមេរិក សម្រាប់​កម្មវិធី​និង​គម្រោង​អភិវឌ្ឍន៍ ព្រមទាំង​ជំនួយ​បច្ចេកទេស សម្រាប់​កសាង​សមត្ថភាព​ស្ថាប័ន​រាជរដ្ឋាភិបាល ដែល​ក្នុងនោះ​ឥណទាន​សម្បទាន មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ២,២៩៩លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​កម្មវិធី​គម្រោង​ចំនួន៩៨ និង​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​សរុប​ចំនួន ប្រមាណ៤៥៥លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​កម្មវិធី​គម្រោង​ចំនួន៤៩បញ្ហា​បានបង្ហាញ​ពី​ការប្តេជ្ញា បន្ត​ពង្រឹង​ភាពជា​ដៃគូ​ដ៏​រឹងមាំ​របស់ ADB  ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា៕