Shop house ប្រណីតមួយកំពុងប្រកាសលក់នៅក្រុងភ្នំពេញ

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ផ្ទះសម្រាប់ធ្វើអាជីវកម្មមួយ (shop house) កំពុងពេញនិយមនិងទាក់ទា​ញការវិនិយោគច្រើនពីប្រជាពលរដ្ឋក្នុងស្រុក ដោយមើលឃើញនិន្នាការនេះអ្នកវិនិយោគក្នុងស្រុកមួយរូប បានសម្រេចសាងសង់ផ្ទះ shop House ដើម្បីបំពេញតម្រូវការទីផ្សារ។

លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd ដែលទទួលបានសិទ្ឋិលក់ផ្តាច់មុខនៃគំរោងនេះ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១ មិថុនានេះថា គំរោងលំនៅដ្ឋានប្រណីត ដែលជាផ្ទះសម្រាប់ធ្វើអាជីវកម្មនេះ​ស្ថិតនៅផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ គំរោងនេះនឹងសាងសង់ផ្ទះប្រកបដោយគុណភាព និងសោភ័ណភាពខ្ពស់ ដែលប្រើប្រាស់ឥដ្ឋ ២០ ជា​ប្រភេទលំនៅដ្ឋាន ដែលអ្នកវិនិយោគបានផ្តោតលើភាពជាគម្រូ ដើម្បីផ្តល់ឲ្យអតិថិជនរស់នៅឬប្រកបអាជីវកម្មប្រកបដោយផាសុខភាព។

ផ្ទះបែបអាជីវកម្មនេះ មានទំហំដី ៤,៥០ ម៉ែត្រ និងបណ្តោយ​ ៣០ ម៉ែត្រ និងសាច់ផ្ទះ ៤,២៥ គុណនឹង ១៨ ម៉ែត្រ និងដាក់លក់ក្នុងតម្លៃ​ ៣៩៧,០០០ដុល្លារអាមេរិក។ ផ្ទះនិមួយ​ៗមានបន្ទប់ចំនួន១០។ គំរោងនេះមានផ្ទះសរុបចំនួន១៤ ដែលបាននិងកំពុងសាងសង់និងបញ្ចប់ក្នុងរយៈពេល១ឆ្នាំ។ អ្វីកាន់តែពិសេសគឺផ្ទះនិមួយៗ មានកំពស់៦ជាន់ និងមាន១០បន្ទប់។ លើសពីនេះផ្ទះនិមួយៗ ត្រូវបានរៀបចំប្រអប់សម្រាប់ជណ្តើរយន្តផងដែរ។

លោកស្រី តាំង ហួរ បានបន្តថា “លំនៅដ្ឋាននេះ មានភាពសមស្របសម្រាប់ធ្វើជាកា​រិយាល័យ អាផាតម៉ិន សណ្ឋាគារខ្នាតតូច និងផ្ទះសំណាក់ជាដើម”។ លោកស្រីបន្ថែមថា “លក្ខខ័ណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួល ដោយអតិថិជនអាចបង់១០ភាគរយ តាមដំ​ណាក់កាលរហូតដល់បង់គ្រប់៣០ភាគរយ ពួកគេអាចប្រើប្រាស់ឥណទានរបស់ធនា​គារ​បាន”។

ជាមួយនឹងការគិតគូ និងផ្តល់ទំនុកចិត្តដល់អតិថិជន អ្នកវិនិយោគគំរោងនេះ ក៏នឹង​ផ្តល់សៀវភៅឯកសារមួយទាក់ទងនឹងសម្ភារៈសំណង់ និងបទដ្ឋានគុណភាពសំណង់សំ​រាប់បង្ហាញអតិថិជនផងដែរ។ លោកស្រីតាំង ហួរបញ្ជាក់ឲ្យដឹង។

លោកស្រីបន្តថា អ្នកណាចាប់អារម្មណ៍គំរោងនេះមុនគេ នឹងទទួលបានការបញ្ចុះ​តម្លៃពិសេសផងដែរ។ ប្រ​សិនជាអតិថិជនចាប់អារម្មណ៍ អាចទាក់ទងលេខទូរស័ព្ទ ០៨៦ ៦០១ ៤៧២ និង០១២ ៦០១ ៤៧២៕

ភ្ញាក់ផ្អើល ៖ ស្ងាត់ៗក្រុមហ៊ុនចិនគ្រោងសាងសង់ទីក្រុងរណបធំមួយនៅខេត្តព្រៃវែង

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៈ ទីរួមខេត្តព្រៃវែងលែងត្រូវគេបំភ្លេចចោល និងស្ងប់ស្ងាត់ទៀតហើយ ប្រសិ​នជាគំរោងទី​ក្រុងរណបទំហំ ៣០០ ហិកតា នឹងលេចរូបរាងឡើងនាពេលខាងមុខនេះ ព្រោះក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងវិនិយោគលើទឹកប្រាក់រាប់រយលានដុល្លារ ដើម្បីប្រែក្លាយទីក្រុងព្រៃវែងជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយ។

ក្រុមហ៊ុន Jiangxi Haihui Utility Co., Ltd កាលពីថ្មីៗនេះបានប្រកាសគម្រោងសាងសង់ទីក្រុងរណបនេះ ដែលយកទីតាំងនៅមុខសាលាខេត្តព្រៃវែងសម្រាប់សាងសង់ហើយគម្រោងនេះ បានទទួលការស្វាគមន៍ និងគាំទ្រពីខាងរាជរដ្ឋាភិបាលកម្ពុជារួចហើយ។

ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីដើមសប្តាហ៍នេះ លោក YU HUI HUA ប្រធានក្រុមហ៊ុន Jiangxi Haihui Utility Co., Ltd.បានឲ្យដឹងថា គោលដៅចម្បងរបស់ក្រុមហ៊ុន គឺដើម្បីអភិវឌ្ឍន៍តំបន់ក្នុងខេត្តព្រៃវែងឲ្យក្លាយជាទីក្រុងរណបមួយ ដែលមានសក្តានុពលលើគ្រប់វិស័យ រួមមាន តំបន់កំសាន្ត ខុនដូ តំបន់ពាណិជ្ជកម្ម និងជាតំបន់ឧស្សាហកម្មផងដែរ។

លោកបន្តថា “គម្រោងនេះនឹងជួយឲ្យព្រៃវែង ក្លាយទៅជាតំបន់ដែលមានភាពទាក់ទាញអ្នកវិយោគ និងភ្ញៀវទេសចរបានច្រើនជាងមុន និងជាការជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាជួយលើកកំពស់ជីវភាពប្រជាជនមានភាពប្រសើរឡើង”។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេងបានថ្លែងថា  គម្រោងនេះពិតជាផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ប្រសិនជាវាកើតឡើងមែននោះ ព្រោះគំរោងនេះ នឹងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ និងធ្វើឲ្យកម្ពុជាកាន់តែមានភាពរីកចម្រើនថែមទៀត ជាពិសេសលើវិស័យសំណង់ និងអចលនវត្ថុ៕

អ្នកជំនាញទេសចរណ៍អំពាវនាវឲ្យមានការវិនិយោគសប្បទាទេសចរណ៍នៅក្រុងភ្នំពេញ

0

ដោយ : គង់ សូរិយា

ភ្នំពេញ : សមាគមធ្វើការពាក់ព័ន្ឋក្នុងវិស័យទេសរណ៍ បានអំពាវនាវឲ្យមានការវិនិ​យោគរមណីយដ្ឋានកែច្នៃ និងតំបន់កំសាន្តនៅរាជធានីភ្នំពេញ ខណៈទីក្រុង​នេះមិនទាន់មានរមណីយដ្ឋាន ឬតំបន់កំសាន្តដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើននៅឡើយទេ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា សមាគមអំពាវនាវឲ្យក្រុ​មហ៊ុនឯកជន វិនិយោគ​លើរមណីយដ្ឋានកែច្នៃឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនា​នៅរាជធានីភ្នំពេញ និងស្នាក់នៅបានយូរ ព្រោះបច្ចុប្បន្នភ្ញៀវទេសចរអន្តរជាតិស្នាក់នៅតែមួយយប់ឬពីរយប់ប៉ុណ្ណោះនៅរាជធានីភ្នំពេញ ដោយសារយើងមិនមានកន្លែងកំសាន្តនៅក្នុងទីក្រុងនេះ។

លោកស្រីបានបញ្ជាក់ថា “នៅរាជធានីភ្នំពេញមិនមានកន្លែងកំសាន្តច្រើននោះទេ ក្រៅពីរមណីយដ្ឋានវត្តភ្នំ ព្រះបរមរាជវាំង សារៈមន្ទីរជាតិ សារៈមន្ទីរទួលស្លែង និងជើងឯក”។ លោក​ស្រីបន្តថា “សម្រាប់ពេលរាត្រីវិញ យើងមិនមានកន្លែងកំសាន្ត និងទាក់ចិត្តភ្ញៀវទេសចរ​នៅឡើយទេ ខុសពីខេត្តសៀមរាបដែលមានតំបន់ Pub Street និងកន្លែងទាក់ទាញដទៃទៀត”។

លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា ការចូលរួមវិនិយោគពីវិស័យឯកជនមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ផលិតផលទេសចរណ៍កាន់តែច្រើន ដល់ភ្ញៀវទេសចរអន្តរជាតិ។ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាក្នុងក្រុងភ្នំពេញ ច្រើនជាភ្ញៀវស្ថិតក្នុងតំបន់អាស៊ាន ដែលស្នាក់នៅរយៈពេលខ្លី ហើយយើងកំពុងគិតគូធ្វើយ៉ាងណាទាក់ទាញភ្ញៀវ​ឲ្យស្នាក់នៅយូរក្នុងរាជធានីនេះ។

អគ្គលេខាធិការសមាគមសម្ពន្ឋទេសចរណ៍ជាតិកម្ពុជា លោក ហូ វណ្ឌី បានថ្លែងថា រាជធានីភ្នំពេញ ពិតជាមានការកែលំអរច្រើនលើសួនសាធារណៈ រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរផងដែរ ប៉ុន្តែអ្វីដែលត្រូវកែលំអរបន្ថែមទៀត គួរមានផ្លូវថ្មើជើង ចំណតយានយន្ត និងការតុបតែងបន្ថែម ដើម្បីធ្វើឲ្យមានភាពទាក់ទាញភ្ញៀវទេសចរណ៍ស្នាក់​នៅ​កាន់តែយូរ។

លោកបន្តថា “ជាការពិតភ្ញៀវទេសចរមកទស្សនានៅរាជធានីភ្នំពេញ ពិតជាស្នា​ក់នៅរយៈពេលខ្លី ដោយសារយើងមិនមានក​ន្លែងកំសាន្តច្រើនសម្រាប់ពួកគេ ដែលទាមទារឲ្យស្ថាប័នជំនាញ និងអ្នកពាក់ព័ន្ឋធ្វើការរួមគ្នាលើការងារនេះ”។ លោកបន្ថែមថា “វិស័យទេសចរណ៍ជាវិស័យមួយត្រូវពូនផ្តុំកំលាំងគ្នា ទើបទទួលបានជោគជ័យ ព្រោះបើក្រ​សួងធ្វើតែឯងក៏មិនជោគជ័យដែរ”៕

សាលាបណ្តុះបណ្តាលជំនាញអចលនទ្រព្យនឹងចាប់ផ្តើមនៅខែមិថុនា

1

ដោយ គង់ សូរិយា

ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងបើកវគ្គបណ្តុះបណ្តាលមួយ ដើម្បីផ្តល់ជំនាញដល់អ្នកមានបំណងចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យ និងសមាជិកសមាគម ដែលមិនទាន់មានជំនាញច្បាស់លាស់។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងក្នុងកិច្ចប្រជុំប្រចាំត្រីមាស របស់សមាគមខាងលើកាលពីម្សិលម៉ិញនេះថា បច្ចុ​ប្បន្នមានអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យច្រើន បានធ្វើជាភ្នាក់ងារអចលនវត្ថុដោយគ្មាន​អាជ្ញាប័ណ្ណ និងជំនាញវិជ្ជាជីវៈត្រឹមត្រូវ ហេតុនេះដើម្បីអាចដោះស្រាយបញ្ហានេះ សមាគ​មនឹងបើកវគ្គបណ្តុះបណ្តាលមួយនៅពាក់កណ្ដាលខែមិថុនាខាងមុខនេះ។

លោកបន្តថា “សមាគមនឹងបើកវគ្គបណ្ដុះ​បណ្ដាល​រយៈពេល៧៥ម៉ោងមួយ ដើម្បីអូសទាញអ្នកមិនទាន់មានអាជ្ញាប័ណ្ណ ​ឲ្យមានរៀន​សូត្រ​ត្រឹម​ត្រូវ ដើម្បីទទួលបានអាជ្ញាប័ណ្ណស្រប់ច្បាស់ ដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិ​រ​ញ្ញ​វត្ថុ និងស្ថាប័នពាក់ព័ន្ធ”។

កាលពីពេលថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសមួយ ដែលតម្រូវឲ្យអ្នករកស៊ីក្នុងវិស័យនេះ ត្រូវតែមានសញ្ញាបត្រជំនាញវិជ្ជាជីវៈច្បាស់លាស់ ទើបពួកគេអាចទទួលបានអាជ្ញាប័ណ្ណពីក្រសួង។

លោកឃាង ពុទ្ឋីអនុប្រធានសមាគមអ្​នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស្លឹករឹតបានថ្លែងថា ការបើកសាលាឬវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យនេះច្រើន ជាការគួរឲ្យលើកទឹកចិត្ត មិនថាអ្នកណាបើកនោះទេ ព្រោះបើយើងបង្កើតសាលាបានច្រើន យើងនឹងបណ្តុះបណ្តាលធនធានមនុស្សបានច្រើនដែលវានឹងជួយដល់វិស័យនេះបានកាន់តែល្អប្រសើរ។

លោកបន្តថា “ពេលណាមានធនធានមនុស្សច្រើនក្នុងវិស័យនេះ នឹងធ្វើឲ្យការអភិ​វឌ្ឍក្នុងវិស័យនេះកាន់តែមានភាពល្អប្រសើរ និងធានាបាននូវទំនុកចិត្តពីអ្នកវិនិយោគ”៕

ក្រុមហ៊ុនអចលនទ្រព្យយក្សចិនមួយទៀតចាប់ផ្តើមគំរោងដ៏ធំមួយទៀតនៅក្រុងភ្នំពេញ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយទៀត Yuetai Group បាននិងកំពុងចាប់ផ្តើមគំរោងដ៏ធំមួយទៀត នៅទីក្រុងភ្នំពេញ កន្លែងដែលមានរោងចក្រ សហគ្រាសនៅព័ទ្ឋជុំវិញ។

យោងតាមប្រភពព៌តមានពីគេហទំព័រ realestate.com.kh បានឲ្យដឹងកាលពីម្សិលម៉ិញនេះថា ក្រុមហ៊ុន Yuetai Group កំពុងអភិវឌ្ឈន៍គំរោងមួយទៀតឈ្មោះ Yuetai The Garden ដែលផ្តល់ជូនលំនៅដ្ឋាន និងអាជីវកម្មប្រកបដោយភាពឆ្លាតវៃ (Smart Home) ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងយូនីតខុនដូប្រណិត ដែលមានទំហំចាប់ពី៣៥ម៉ែត្រការ៉េទៅ៦៤ម៉ែត្រការ៉េ បន្ទាប់ពីក្រុមហ៊ុននេះបានអភិវឌ្ឍន៍គម្រោងចំនួនពីរគឺគម្រោង EAST ONE និងគម្រោង EAST VIEW SOHO​  ដែលជាគម្រោងខុនដូ ការិយាល័យពាណិជ្ជកម្ម  និងលំនៅដ្ឋាននៅក្នុងទីក្រុង ហើយគម្រោងទាំងនេះបានទាក់ទាញកំណើនវិនិយោគទុនពីតៃវ៉ាន់ សិង្ហបុរី ហុងកុងព្រមទាំងចិនដីគោកជាច្រើន។

គម្រោង Yuetai The Garden មានទីតាំងនៅតាមបណ្តោយផ្លូវវេងស្រេង (តំបន់មួយដែលគេស្គាល់ថាផ្លូវលូប្រាំ) ជិតវិមានសុភមង្គល និងមានទីតាំងនៅជិតព្រលានយន្តហោះភ្នំពេញ។ ​

ប្រភពព៌តមានដដែលបានឲ្យដឹងថា លំនៅដ្ឋាន Yuetai The Garden របស់ហ៊ុនYuetai Group រចនាឡើងជាមួយរចនាបទបែបទំនើបរួមជាមួយសេវាកម្ម​ និងបរិក្ខារប្រ​ណីតៗដូចជា កន្លែងពាណិជ្ជកម្ម អាងហែលទឹក ចំណតរថយន្ត កន្លែងកម្សាន្តតំបន់បៃតងដែលនៅតាមផ្លូវមានអមដោយដើមឈើ រួមជាមួយសំណង់នានាដើម្បីបង្កើតទៅជាលំនៅដ្ឋានដ៏ឆ្លាតវៃ។

លើសពីនេះទៀតក្រុមហ៊ុនបានធ្វើការយ៉ាងសកម្មក្នុងសកម្មភាពអប់រំ និងការបណ្តុះបណ្តាល និងសេវាកម្មឧស្សាហកម្មទេសចរណ៍ វប្បធម៌ ដើម្បីជួយបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនសកម្ពុជា។

ក្រុមហ៊ុននេះបានចូលមកកាន់រាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០១១ក្រុមហ៊ុន Yuetai Group កំណត់យកយកទីក្រុងនេះ ជាតំបន់គោលដៅវិនិយោគក្រៅប្រទេសរបស់ខ្លួ​នដោយបានបង្កើតជាក្រុមហ៊ុនបុត្រសម្ព័ន្ធ១នៅកម្ពុជាឈ្មោះ Eastland Development, Co,Ltd និងបានសហការគ្នាររវាងក្រុមហ៊ុន Guangdong-Thai Property Management Co., Ltd និង ក្រុមហ៊ុនរបស់កម្ពុជា៕

សមាគមអចលនវត្ថុកំពុងរកវិធីចាត់ការអ្នករកស៊ីគ្មានអាជ្ញាប័ណ្ណ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ CVEA កំពុ​ង​ស្វែង​រក​ដំ​ណោះស្រាយសមស្របមួយ ចំពោះអ្នករកស៊ីឬធ្វើជាភ្នាក់ងារអចលនវត្ថុ ​ដោយ​គ្មានអាជ្ញា​ប័ណ្ណ​ត្រឹមត្រូវ។

ប្រធានសមាគម CVEA និងជាអគ្គនាយ​កក្រុម​ហ៊ុនខ្មែរ រៀលអ៊ីស្ទេត   លោកបណ្ឌិត គីម ហ៊ាង បានលើកឡើងក្នុងកិច្ចប្រជុំប្រចាំត្រីមាសរបស់សមាគម កាលពីថ្ងៃទី៣០ ឧសភាកន្លងមកថា បច្ចុប្បន្នពិតជាមានអ្នករកស៊ីអចលនទ្រព្យ​ គ្មានអាជ្ញាប័ណ្ណច្រើន ដែលបង្កហានិភ័យដល់វិស័យនេះ ព្រោះការរកស៊ីដោយគ្មានច្បាប់ត្រឹមត្រូវ នឹងធ្វើឲ្យ​ការ​ផ្តល់សេវាកម្មក្នុងវិស័យនេះគ្មានគុណភាព និងមិនអាចទុកចិត្តបាន។

លោកបន្តថា “ដើម្បីដោះស្រាយបញ្ហា​ច្រកចេញចំពោះមុខ សមាគមត្រូវចាប់​ផ្ដើម​អនុវត្តន៍ ដើម្បីកាត់បន្ថយការរកស៊ីវិស័យដីធ្លីដោយគ្មានអាជ្ញាប័ណ្ណ គឺតាមរយៈការ​បង្កើត​សា​លា​រៀនដីធ្លី”។

លោកឧកញ៉ា ចេង ខេងប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម CVEA បានថ្លែង​ ថា ដោយសារកម្ពុជាមិនទាន់មានច្បាប់ កំណត់ពីជំនាញអ្នករកស៊ីដីធ្លី ដូចបណ្ដា​ប្រទេ​សជាច្រើនលើពិភពលោក ទើបអ្នកគ្មានអាជ្ញាប័ណ្ណ អាចចូលមកប្រកួតប្រជែងអ្នក​រកស៊ី​មាន​អាជ្ញាប័ណ្ណបាន។ តែលោករំពឹងថា នៅថ្ងៃអនាគតសមាគម និងស្ថាប័នពាក់ព័ន្ធ នឹងពួត​ដៃគ្នា ដើម្បីដោះស្រាយបញ្ហានេះ ហើយផ្ដល់ភាពកក់ក្ដៅដល់អ្នក​រកស៊ីស្រប​ច្បាស់ ដែលមាន​អា​ជ្ញាប័ណ្ណទទួលស្គាល់ក្រសួងត្រឹមត្រូវ។

លោកបន្តថា “អ្នករកស៊ីគ្មានអាជ្ញាប័ណ្ណបានបង្កហានិភ័យច្រើនណាស់ ក្នុងវិស័យ​នេះ ហេតុនេះអ្នកមានបំណងចង់ជួល ទិញលក់ គួរស្វែងរកការពិគ្រោះយោបល់ជាមួយ​ក្រុមហ៊ុនអចលនវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ”។លោកបន្តថា “ការធ្វើការជាមួយអ្នក​រកស៊ីដែលមានអាជ្ញាប័ណ្ណ និងមានជំនាញច្បាស់លាស់ នឹងធ្វើឲ្យពួកគេអាច​កាត់បន្ថ​យហានិភ័យ និងអាចស្វែងរកផល​ចំណេញក្នុងវិស័យនេះបាន”៕

អស្ចារ្យ! រកឃើញប្លង់ថ្មីផ្សារទំនើប​ AEON MALL​ទី៣ ហើយ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ព៌តមានផ្លូវការនិងអាចជឿជាក់បានបង្ហាញហើយ ដោយប្លង់ស្ថាបត្យកម្ម​នៃផ្សារទំនើបAEON MALLទី៣បានបង្ហាញហើយ ដោយមន្រ្តីសាលារាជធានីភ្នំពេញ ដែលគំរោងនេះ នឹងសាងសង់នៅតាមបណ្តោយ មហាវិថីសម្តេចតេជោហ៊ុន សែននាពេលខាងមុខនេះ។

លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ក្រុមហ៊ុនជប៉ុនយក្សមួយនេះបានទិញដីនៅក្នុងគំ​រោងទីក្រុងរណប ING CITY តម្លៃជាង១០០លានដុល្លាររួចហើយ ដើម្បីសាងសង់ផ្សារទំ​នើបរបស់ខ្លួននៅពេលខាងមុខនេះ។លោកបន្តថា តាមអ្វីដែលក្រុមហ៊ុននេះវិនិយោគ ផ្សារទំនើបរបស់ខ្លួនទី៣នេះ មានទំហំធំជាងផ្សារទី១និងទី២ ដែលអាចបោះទុនវិនិយោគ​រហូតដល់ប្រមាណ៣០០លានដុល្លារអាមេរិក។

លោកបន្តថា “ការចូលមកដល់នៃអ្នកវិនិយោគជប៉ុន និងក្រុមហ៊ុនជប៉ុនធំៗដទៃទៀត ឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅ​កម្ពុជាកាន់តែមានភាពប្រសើរឡើង”។លោកបន្តថា “ក្រុមហ៊ុនជប៉ុនមិនងាយចូលទៅវិនិ​យោគនៅប្រទេសណាទេ ប៉ុន្តែនៅពេលពួកគេមកវិនិយោគ គឺពួកគេបានសិក្សាច្បាស់លា​ស់ហើយ ទើបពួកគេសម្រេចចិត្តចូលទៅកាន់ប្រទេសណាមួយ”។

បើតាមគម្រោងផែនការមេ របស់ក្រុមហ៊ុនវិនិយោគផ្សារទំនើបអ៊ីអនរបស់ជប៉ុន គ្រោងនឹង​សាងសង់​ផ្សារទំនើបអ៊ីអនចំនួន៤ទីតាំងធំៗ ស្ថិតនៅតំបន់ផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។

ក្រុមហ៊ុន​នេះ បានសម្រេចចិត្ត​វិនិយោគ​សាងសង់ផ្សារ​ទំនើបអ៊ីអន​ទី៣ នៅភាគ​ខាងត្បូង​រាជធានីភ្នំពេញ ក្រុមហ៊ុន​​ទើបតែ​សម្រេចចិត្តទិញ​ដីរួចរាល់​ហើយ ដើម្បី​សាងសង់​ផ្សារ​ទំនើប​នៅតំបន់នោះ ហើយមិនយូរ​ទៀតទេផ្សារទំនើប​អ៊ីអន​ទី៣នេះ នឹងលេច​រូបរាង​ឡើង នៅតាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ បន្ទាប់ពីផ្សារអ៊ីអនទី២ នឹងបើក​សម្ពោធ​នៅចុង​ខែឧសភា​ឆ្នាំនេះ។

ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ ពីការសាងសង់គំរោងថ្មីនេះពីថ្នាក់ដឹកនាំក្រុមហ៊ុននេះនៅឡើយទេ។

អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ លោកម៉េត មាសភ័ក្តីបានថ្លែងថា លោក​មិនទាន់បានទទួលដំណឹងនេះ និងមិនទាន់ឃើញមានសំណើរណាមួយពីក្រុមហ៊ុន​វិនិយោគផ្សារទំនើបនេះ ដាក់ទៅកាន់រដ្ឋបាលសាលាក្រុងភ្នំពេញនៅឡើយទេ៕

អស្ចារ្យ! ក្រុមហ៊ុនដែលមានទុន ៥០០០លានដុល្លារក្នុងដៃគ្រោងសង់សណ្ឋាគារខ្ពស់ជាងគេនៅក្រុងភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញក្រុមហ៊ុនដែលមានទុនវិនិយោគ៥០០០លានដុល្លារនៅក្នុងដៃ គ្រោងនឹង​សាងសង់សណ្ឋាគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញ ដែលមានកំពស់៦០ជាន់នៅតាមបណ្តោយមហាវិថីព្រះនរោត្តម។

លោក Li Min អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត បានមានប្រសាសន៍ក្នុង ពិធីដាក់ឲ្យដំណើរការខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួនកាលពីម្សិលម៉ិញនេះ​ថា ក្រុមហ៊ុន Prince Real Estate Group នឹងសាងសង់គម្រោងដ៏ធំមួយទៀតសណ្ឋា​គា​រកម្ពស់៦០ជាន់ នៅជាប់នឹងគម្រោងទី១របស់ខ្លួន តាមបណ្ដោយផ្លូវនរោត្តមក្បែរស្ពា​ន​អាកាសក្បាលថ្នល់ ក៏ដូចជា ការបន្ដបោះទុនវិនិយោគលើគម្រោងខុនដូ និងសណ្ឋាគារ នៅទីតាំងជាច្រើនទៀត ទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ​ជាដើម​ផងដែរ។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹង ពីទុនវិនិយោគក្នុងគំរោងសណ្ឋាគារដ៏ខ្ពស់នេះ និងចាប់ផ្តើមសាងសង់នៅពេលណានៅឡើយទេ។

ជាមួយគ្នានេះ ក្រុមហ៊ុន Prince Real Estate Group ក៏គ្រោងបើកដំណើរការសណ្ឋាគារកម្រិតផ្កាយ៥នៅខេត្តព្រះសីហនុក្នុងឆ្នាំនេះផងដែរ។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងស្វា កមន៍នូវគំរោងវិនិយោគដ៏ធំនេះ ខណៈលោកស្រីអំពាវនាវឲ្យក្រុ​មហ៊ុនឯកជនវិនិយោគ​លើរមណីយដ្ឋានកែច្នៃឲ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនា​នៅរាជធានីភ្នំពេញ និងស្នាក់នៅបានយូរ ព្រោះបច្ចុប្បន្នភ្ញៀវទេសចរណ៍អន្តរជាតិស្នាក់នៅតែមួយយប់ឬពីរយប់ប៉ុណ្ណោះនៅរាជធានីភ្នំពេញ ដោយសារយើងមិនមានកន្លែងកំសាន្តនៅក្នុងទីក្រុងនេះ។

លោកស្រីបន្តថា “នៅរាជធានីភ្នំពេញមិនមានកន្លែងកំសាន្តច្រើននោះទេ ក្រៅពីរម ណីយដ្ឋានវត្តភ្នំ ព្រំបរមរាជវាំង សារៈមន្ទីរ និងសារៈមន្ទីរទួលស្លែង និងជើងឯក”។លោក​ស្រីបន្តថា “សម្រាប់ពេលរាត្រីវិញ យើងមិនមានកន្លែងកំសាន្ត និងទាក់ចិត្តភ្ញៀវទេសចរ​ណ៍នៅឡើយទេ ខុសពីខេត្តសៀមរាបដែលមានតំបន់ Pub Street និងកន្លងែងទាក់ទាញដទៃទៀត”។

លោកស្រីឆាយ ស៊ីវលីនបានថ្លែងថា ការចូលរួមវិនិយោគពីវិស័យឯកជនមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ផលិតផលទេសចរណ៍កាន់តែច្រើន ដល់ភ្ញៀវទេសចរណ៍អន្តរជាតិ។ ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាក្នុងក្រុងភ្នំពេញ ច្រើនជាភ្ញៀវស្ថិតក្នុងតំបន់អាស៊ាន ដែលស្នាក់នៅរយៈពេលខ្លី ហើយយើងកំពុងគិតគូធ្វើយ៉ាងណាទាក់ទាញភ្ញៀវ​ឲ្យស្នាក់នៅយូរក្នុងរាជធានីនេះ៕

គំរោងខុនដូនៃគំរោងវិនិយោគ ៥០០០លានដុល្លារបើកដំណើរការ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ខុនដូនិងមជ្ឍមណ្ឌលពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃគំរោងវិនិយោគ​តម្លៃ៥០០០លានដុល្លារ ដែលក្រុមហ៊ុន Prince Real Estat Group វិនិយោគនៅ​កម្ពុជាបានបើកដំនើរការហើយ។​

គម្រោងខុនដូព្រីនស៍ផ្លាហ្សាកំពស់៣៧ជាន់​ និង​បោះ​ទុនវិនិយោគ​រហូត​ដល់​១៨០​លានដុល្លារ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់​ខ័ណ្ឌចំ​កា​រ​មនេះ ក៏រួមបញ្ចូលនូវផ្សារទំនើបទំហំ៨៥០០ម៉ែត្រការ៉េ។

លោក Li Min អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត បានមានប្រសាសន៍ក្នុង ពិធីដាក់ឲ្យដំណើរការខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួនកាលពីម្សិលម៉ិញនេះ​ថា គម្រោងខុនដូ និងមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពស់៣៧ជាន់នេះ បានចាប់​ផ្ដើមសា​ងសង នៅដើមខែសីហា ក្នុងឆ្នាំ២០១៥។ ខុនដូនេះមានបន្ទប់សរុបចំនួន១៧៨៦យូនីត ស្មើនឹង១០ម៉ឺនម៉ែត្រការ៉េ អមដោយការរចនាម៉ូដ និងបរិក្ខារទំនើបៗ ទាន់សម័យងាយ​ស្រួល​រស់​នៅ និងធ្វើពាណិជ្ជកម្ម ។

លោកបន្ដថា ការសាងសង់អាគារដ៏ខ្ពស់នេះ ដោយសារក្រុមហ៊ុនចង់ចូលរួម​ជាមួ​យ​នឹងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដោយផ្នែកលើប្លង់អភិវឌ្ឍន៍រាជធា​នី​ភ្នំពេញ នៅឆ្នាំ២០២០ រាជធានីភ្នំពេញនឹងពង្រីកផ្ទៃក្រឡាដល់៣៧៥ គីឡូម៉ែត្រការ៉េ ចំនួនប្រជាពលរដ្ឋនឹងកើនឡើងដល់៣លាននាក់ និងនៅឆ្នាំ២០៣៥ រាជធានីភ្នំពេញ នឹង​ពង្រីកបន្ថែមរហូតដល់៦៧៥គីឡូម៉ែត្រការ៉េ ជាមួនឹងកំណើនដង់ស៊ីតេប្រជា​ពលរដ្ឋ​សរុប​ជាង៥លាននាក់ ដែលកំណើននេះនឹងធ្វើឲ្យតម្រូវការលើវិស័យអចលនទ្រព្យ ជាពិសេ​ស​លំ​នៅដ្ឋាន និងអាគារខុនដូប្រណិតៗកាន់តែកើនឡើងបន្ថែមទៀត៕

រោងចក្រផលិតស៊ីម៉ងត៍តម្លៃ ២៣០លានដុល្លារ បើកសម្ភោធនាថ្ងៃនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រោងចក្រផលិតស៊ីម៉ងត៍តម្លៃ២៣០លានដុល្លារ ដែលសហការវិនិយោគ​ដោយក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនចិនបានបើកដំនើរការនៅថ្ងៃនេះ ដែលវានឹងជាផ្នែក​មួយជួយកាត់បន្ថយការពឹងផ្អែក ការនាំចូលស៊ីម៉ងត៍ពីប្រទេសជិតខាង។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាដែលបានអញ្ជើញជាអធិបតីក្នុងពិធី​សម្ភោធរោងចក្រ ស្ថិតក្នុងអតីតតំបន់សមរភូមិក្តៅ ស្ថិតក្នុងឃុំស្តៅ ក្នុងស្រុករតនមណ្ឌលខេត្តបាត់ដំបងបានមានប្រសាសន៍ថា រោងចក្រផលិតស៊ីម៉ងត៍នេះ ជាប្រភេទឧស្សាហកម្មធុនធ្ងន់ ដែល​បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ក្នុងស្រុកចំនួន៤ហើយ ហើយរោងចក្រនេះ ​មានសមត្ថភាពផលិតស៊ីម៉ងត៍បាន៥០០០តោនក្នុងមួយថ្ងៃ និងប្រមាណ៣លានតោនក្នុងមួយឆ្នាំ។

រោងចក្រផលិតស៊ីម៉ងត៍នេះមានឈ្មោះ Battambang Coin Cement ដែលរោង​ចក្រនេះ ជាផ្នែកមួយនៃការកាត់បន្ថយការពឹងផ្អែកស៊ីម៉ងត៍ពីក្រៅប្រទេស។

សម្តេចតេជោបានបន្តថា បច្ចុប្បន្នកម្ពុជាបានប្រែក្លាយតំបន់អតីតសមរភូមិ ទៅជា​តំបន់មានការអភិវឌ្ឍ ហើយតំបន់អតីតសមរភូមិសង្រ្គាមទាំងនោះកំពុងមានការអភិវឌ្ឍ​យ៉ាងលឿន ហើយដីដែលបានបោះបង់ចោល ត្រូវបានប្រើប្រាស់ឡើងវិញ និងពង្រីកផ្ទៃដីព្រៃដើម្បីដាំដុះ ដោយសារកំនើនប្រជាពលរដ្ឋ។

ជាមួយនឹងការកើនឡើងនូវការវិនិយោគ ក្នុងវិស័យសំណង់យ៉ាងខ្លាំងក្នុងមួយទស​វត្សរ៍ចុងក្រោយនេះ កម្ពុជាបាននាំចូលស៊ីម៉ងត៍យ៉ាងច្រើនពីប្រទេសក្នុងតំបន់ ប៉ុន្តែរោងចក្រស៊ីម៉ងត៍កម្ពុជាបាននិងកំពុងកាត់បន្ថយការនាំចូល។

លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានថ្លែងថា រោងចក្រផលិតស៊ីម៉ងត៍នៅក្នុងស្រុក មិនទាន់ឆ្លើយតបបានគ្រប់គ្រាន់នឹងតម្រូវការស៊ីម៉​ងត៍ ដែលត្រូវប្រើប្រាស់ក្នុងឧស្សាហកម្មសំណង់នៅឡើយទេ។ យើងនៅតែពឹងផ្អែក​លើការនាំចូលច្រើនពីប្រទេសជិតខាងនៅឡើយ ដោយសារសមត្ថភាពផលិតរបស់កម្ពុជា​នៅមានកម្រិត។

លោកបន្តថា “ទោះជាយ៉ាងណាយើងរីករាយ និងគាំទ្រផលិតផលក្នុងស្រុក ដែលមានគុណភាពខ្ពស់ មិនចាញ់ស៊ីម៉ងត៍នាំចូលនោះទេ”៕