ដំណឹងល្អ! ក្រុមហ៊ុនចិនធំៗចំនួន៧ កំពុងចាប់អារម្មណ៍វិនិយោគទីក្រុងនាគរាជសម្តេចតេជោ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ទីក្រុងនាគរាជសម្តេចតេជោ ដែលគ្រោងចំណាយទុនមហាសាលរហូតដល់៨០ពាន់លានដុល្លារ និងស្ថិតនៅលើផ្ទៃដីជាងបីម៉ឺនហិកតា បាននិងកំពុងមានពន្លឺហើយ ដោយក្រុមហ៊ុនចិនចំនួន៧កំពុងចាប់អារម្មណ៍វិនិយោគលើគំរោងនេះ។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ ឧសភានេះថា មានក្រុមហ៊ុនចិនធំៗ​​ចំនួនពីរ បានដាក់សំណើរសុំសហការវិនិយោគ ដើម្បីសាងសង់ទីក្រុងរណបដ៏ធំ​នេះហើយ ហើយលោកនឹងអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនធំៗចំនួន៥ទៀត ជួបពិភាក្សា​គ្នានៅពេលឆាប់ៗនេះ ដើម្បីសិក្សាពីលទ្ឋភាព និងការសហការដើម្បីសាងសង់ទីក្រុងនេះ។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីឈ្មោះ ក្រុមហ៊ុនធំៗដែលគ្រោងវិនិយោ​គទីក្រុងដ៏អស្ចារ្យទាំងនេះនៅឡើយទេ។

លោកបន្តថា “ ក្រុមហ៊ុនធំៗពីរបានដាក់សំណើរមកខ្ញុំរួចហើយ ហើយសំណើរនេះ​នឹងដាក់ជូនសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា នាពេលឆាប់ៗខាងមុខនេះ”។លោកបន្តថា“គំរោងនេះសម្តេចបានឃើញរួចហើយ និងបានអនុញ្ញាត្តឲ្យខ្ញុំសិក្សាលំអិ​ត​មុនចាប់ផ្តើមគំរោងនេះ”។

លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌបានបន្តថា រយៈពេល៥៨០ឆ្នាំហើយ កម្ពុជាមិនទាន់មានការសាងសង់ទីក្រុងថ្មីនៅឡើយទេ ហេតុនេះទើបគំនិតផ្តួចផ្តើមសាងសង់ទីក្រុង​នាគរាជសម្តេ​ចតេជោបានប្រតិស្ថានឡើង ដែលទីក្រុងនេះមានហេដ្ឋារចនាសម្ព័ន្ឋក្រោមដី លើដី លើទឹកដែលអាចដោះស្រាយបញ្ហាចរាចរណ៍បានរាប់រយឆ្នាំ។ គំរោងនេះក៏មានការសាងសង់កំពង់ផែអន្តរជាតិ ព្រលានយន្តហោះ និងសាងសង់អាគារមួយសំ​រាប់ធ្វើជាការិយាល័យកណ្តាលរបស់សម្តេចតេជោ ដែលមានកំពស់រហូតដល់៦០០ម៉ែត្រ ដែលសម្តេចអាចមើលប្រទេសកម្ពុជាទាំងមូលចេញពីអាគារនេះ។

លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌការសាងសង់ទីក្រុងនាគរាជសម្តេចតេជោ ធ្វើឡើងក្នុងគោលគំនិត ដើម្បីជាការដឹងគុណដល់សម្តេចតេជោហ៊ុន សែន ដែលហ៊ានដាក់ជីវិត ដើម្បីនាំសុខសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជា មកកាន់សករាជថ្មីមួយ។ លោកបានស្នើសុំមេដឹកនាំចិន ជួយគាំទ្រដល់គំរោងទីក្រុងនាគ​រាជនេះ ដោយសារសម្តេចបានគាំទ្រចិន អនុវត្តន៍គោលនយោបាយចិនតែមួយ និងនៅគ្រប់ទិដ្ឋភាពនយោបាយអន្តរជាតិ កម្ពុជាតែងតែគាំទ្រចិន។

លោកសាស្រ្តាចារ្យភឿង សុភ័ណ្ឌមានសញ្ញាបត្រស្មើនឹងអតីតវីរស្ថាបត្យករវណ្ណ ម៉ូលីវណ្ណ។ លោកមានស្នាដៃក្នុងការគូរប្លង់ និងកសាងអាគារទីស្តីការក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ ជាស្ថាបត្យករចូលរួមគូរសំណង់អាគារវិមានសន្តិភាព និងអាគារជាច្រើនទៀតនៅកម្ពុជា៕

តោះទៅមើលរូបភាពគំរោងអស្ចារ្យតម្លៃ១០០លានដុល្លារនៅកោះពេជ្រ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទីក្រុងកោះពេជ្រ នឹងមានអាគារដ៏ស្រស់ស្អាត និងទាក់ទាញមួយទៀត ដែលវិនិយោគទឹកប្រាក់១០០លានដុល្លារ ដោយអ្នកវិនិយោគមកពីកោះតៃវ៉ាន់។

គំរោងនេះត្រូវបានវិនិយោគនេះ នឹងកាន់តែពង្រីកសក្តានុពលសេដ្ឋកិច្ចនៅទីក្រុង​ភ្នំពេញ ដែលកំពុងមានការរីកចម្រើនដ៏លឿននេះ។ អាគារនេះមានឈ្មោះថា Gia Tower​ដែលមានចំនួន៤០ជាន់ ស្មើនឹងកំពស់១៧៨ម៉ែត្រ។

​អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា ពិតជាមានក្រុមហ៊ុនតៃវ៉ាន់ ចូលមកវិនិយោគលើគំរោងនេះនៅទីក្រុងកោពេជ្រពិតប្រាកដមែន ហើយពេលនេះក្រុមហ៊ុនកំពុងរៀបចំការដ្ឋានសាងសង់។ លោកបន្តថា​លើសពីនេះ នៅពេលឆាប់ៗនេះនឹងមានក្រុមហ៊ុនតៃវ៉ាន់មួយទៀត នឹងសាងសង់អាគារ​ការិយាល័យ ននិងសណ្ឋាគារនៅក្នុងទីក្រុងកោះពេជ្របន្ថែមទៀតផងដែរ។

លោកបន្តថា រហូតមកទល់ពេលនេះ ផ្ទៃដីកោះពេជ្រទាំងមូល ទើបអភិវឌ្ឍន៍បានចន្លោះពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ដូច្នេះផ្ទៃដីជាច្រើនទៀតកំពុងនៅទំនេរ និងត្រូវសា​ងសង់គំរោងអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀត។

លោកបន្តថា “តាមធម្មតាការអភិវឌ្ឍទីក្រុងទំនើបមួយ ត្រូវចំណាយពេល១០ទៅ២០ឆ្នាំ ទើបបញ្ចប់បានតាមអ្វីដែលយើងចង់បាន”។

បច្ចុប្បន្នទីក្រុងកោះពេជ្រ បានក្លាយជាទីក្រុងរណបស្ថិតនៅកណ្តាលរាជធានីភ្នំពេ ញនិងមានការអភិវឌ្ឍលឿនជាងគេ ហើយគំរោងធំៗជាច្រើនបានបញ្ចប់ការសាងសង់ និងកំពុងសាងសង់ ដូចជា គំរោង The D.I RIVIERA, Diamond one, Elyse, La Sen, Diamond Twin Tower ជាដើម៕

អ្នកជំនាញថា៖ គួរជួលផ្ទះគេសិនដើម្បីទុកលុយសម្រាប់វិនិយោគ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ស្របពេលមានការចាប់អារម្មណ៍ និងវិនិយោគកាន់តែច្រើនលើវិស័យអច​លនទ្រព្យ ការមានជម្រើសដ៏ឆ្លាតវៃមួយ អាចធ្វើឲ្យយើងក្លាយជាអ្នកមានបាន នាពេលអនាគត ហេតុនេះអ្នកជំនាញថា គួរជួលផ្ទះគេរស់នៅសិន ដើម្បីទុកលុយវិនិយោគ។

លោកម៉ឹង លាងហ៊នអ្នកជំនាញអចលនទ្រព្យបានប្រាប់ propertyarea.asia កាលពី​ថ្ងៃទី៣០ ឧសភានេះថា ការជួល​ផ្ទះគេជារឿងល្អ នៅពេលដែលយើងមិនទាន់មានលទ្ឋភាពទិញផ្ទះដោយលុយខ្លួន​ឯងទាំ​ងស្រុង។ ឧទាហរណ៍ បើប្តីនិងប្រពន្ឋរកបានចំណូល៥០០ដុល្លារក្នុងមួយខែដូចគ្នា យើងដក៥០០ដុល្លារមកប្រើប្រាស់ ដោយយក១០០ដុល្លា​រជួលផ្ទះ និងសល់ពីនោះទុកសម្រាប់​ប្រើប្រាស់ប្រចាំថ្ងៃ។ ដូច្នេះយើងអាចខ្ចីឥណទានពីធនាគារយកមកទិញដី ហើយយកលុយដែលសល់លុយ៥០០ដុល្លារទៀត សម្រាប់បង់  ឲ្យធនាគារ។ បន្ទាប់ពីទិញដីបានហើយ យើងអាចដាក់ដីយើងសម្រាប់ជួល ឬធ្វើអ្វីមួយ។

បន្ទាប់ពីបីទៅបួនឆ្នាំ ក្រោយពីយើងបង់លុយធនាគារចប់ហើយ គឺយើងបានដីនោះជាទ្រព្យរបស់យើង។ បន្ទាប់មកយើងខ្ចីលុយពីធនាគារម្តងទៀត យកលុយទៅវិនិយោគលើដីនោះដោយធ្វើផ្ទះជួល ហើយអ្នកមកជួលផ្ទះយើង គឺជាអ្នករកចំណូលបង់ឲ្យយើង​ប្រចាំខែ ដែលអាចបង់បាន៨០ទៅ១០០ភាគរយ នៃលុយដែលយើងត្រូវបង់ធនាគារ។

លោកម៉ឹង លាងហ៊នបានបន្តថា ផ្ទុយទៅវិញ បើយើងទិញផ្ទះបង់រំលស់ យើងអាចបានផ្ទះតែ១ក្នុងរយៈពេល១០ឆ្នាំ ប៉ុន្តែក្នុងករណីប្តី ប្រពន្ឋមានប្រាក់ខែ៥០០ដូចគ្នា ហើយ​ចៃដន្យប្តីបាត់បង់ការងារ តើយើងអាចមានលទ្ឋភាពបង់បន្តទៀតឬយ៉ាងណា? ហើយការ​ទូទាត់នៅតែអាចទូទាត់បានឬយ៉ាងណា?។ ហេតុនេះជាយោបល់ខ្ញុំ យើងគួរទិញអចលនទ្រព្យសម្រា​ប់ធ្វើផ្ទះជួល ដើម្បីឲ្យអ្នកជួលផ្តល់ចំណូលដល់យើង និងបង់ធនាគារជំនួសយើង។

លោកបានបន្តលើកជាសំណួរសម្រាប់ពិចារណាថា ហេតុអីយើងត្រូវធ្វើបន្ទប់ជួល ដើម្បីរកចំណូលពីការជួលត្រលប់វិញ? ដោយសារយើងអាចមានប្រភពចំណូលលើសពីពីរផ្នែក ទី១ ចំណូលប្តី ទី២ចំណូលប្រពន្ឋ ទី៣ ចំណូលពីផ្ទះជួល។ ហេតុនេះបើទោះបីជាភាគីប្តី ឬប្រពន្ឋបាត់បង់ចំណូល ក៏យើងនៅ​មានលទ្ឋភាពទិញផ្ទះបានដែរ។

លោកលាងហ៊នបានបន្តថា ជាយោបល់របស់ខ្ញុំ បន្ទាប់ពីយើងបង់លុយធនាគារអស់ យើងត្រូវធ្វើគំរោងទី២ ហើយនៅបន្តជួលផ្ទះសិនទៅ។ ធ្វើឲ្យជីវិតយើងលំបាកសិនខ្លះទៅ ដើម្បីយើងយកពេលវេលា និងលុយរបស់យើងទៅវិនិយោគធ្វើផ្ទះជួលបន្តទៀត ហើយនៅពេលយើងធ្វើផ្ទះជួលបានពីរ ចំណូលយើងអាចទទួលបាន១០០០​ដុល្លារ ហើ​យប្តីប្រពន្ឋយើងបាន១០០០ដុល្លារក្នុងមួយខែទៀត នឹងធ្វើឲ្យចំណូលរបស់យើងកើនដល់២០០០​ដុល្លារក្នុងមួយខែ ពេលនោះយើងចង់ទិញផ្ទះសម្រាប់ស្នាក់នៅ គឺយើងយកចំណែកតែ៥០ភាគរយ នៃចំណូលផ្ទះជួលរបស់យើង ទៅបង់ធនាគារសម្រាប់ថ្លៃផ្ទះរបស់យើង។

ដូច្នេះប្រាក់ខែរបស់យើងក៏នៅសល់ លុយបានពីការជួលផ្ទះក៏សល់ក្នុងមួយខែ១៥០០ដុល្លារ។ ដូច្នេះទោះជាមានបញ្ហាអ្វីមួយ ក៏យើងមានលំហូរសាច់ប្រាក់សម្រាប់ទប់​ទល់បានដែរ នេះជាលក្ខខ័ណ្ឌដែលធ្វើឲ្យអ្នកទិញមិនប្រឈមហានិភ័យ៕

ឧកញ៉ាសៀ រិទ្ឋីហក់ចូលកាន់តែជ្រៅក្នុងវិស័យដឹកជញ្ជូន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ លោកឧកញ៉ាសៀ រិទ្ឋីបានហក់ចូលកាន់តែជ្រៅ ក្នុងវិស័យសេវាដឹកជញ្ជូននៅកម្ពុជាកាន់តែមានភាពប្រសើរឡើង និងមានជម្រើសកាន់តែច្រើនសម្រាប់អតិថិជន និងអ្នកមានតម្រូវការសេវាកម្មដឹកជញ្ជូននៅក្នុងនិងក្រៅប្រទេស។

លោក Suthon Choothian នាយកគ្រប់គ្រងក្រុមហ៊ុនភីធីធីបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុន ភីធីធី ខេមបូឌា លីមីធិត (PTT Jiffy Convenient Store) និងក្រុមហ៊ុន ឃែរី អ៊ិចប្រែស (Kerry Express) នាព្រឹកថ្ងៃទី២៩ ឧសភានេះថា សេវាកម្មក្នុងហាង ហ្សីហ្វី មានគោលដៅផ្តល់សេវាកម្មតាមអនឡាញ ទៅកាន់គ្រប់ម្ចាស់ហាង និងទៅកាន់សហគ្រាសខ្នាតតូច និងខ្នាតមធ្យមនានាផងដែរ។ ក្នុងឆ្នាំ២០១៨ សេវាកម្មនេះ នឹងដាក់ឲ្យដំណើរការនៅតាមហាង ហ្សីហ្វីចំនួន៣កន្លែង ហើយអាចនឹងពង្រីកវិសាលភាពសេវាកម្មនេះនៅទូទាំងប្រទេស។

លោកបន្តថា “ការរួមសហការគ្នានៅពេលនេះ អាចនឹងមានកំណើនចរាចរណ៍ហាងកាន់តែកើនឡើង ហើយកំណើននៃការផ្តល់សេវាកម្ម ក៏នឹងកើនឡើងជាច្រើនបន្ថែមទៀត”។

ជាមួយគ្នានេះ លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន ឃែរី អ៊ិចប្រែស លើកឡើងថា ក្រុមហ៊ុនមានគោលដៅតែម្យ៉ាង គឺដើម្បីផ្តល់នូវភាពកាន់តែងាយស្រួលជូនដល់អតិថិជន តាមរយៈការបង្កើ នចំនួនបណ្តាញសេវាកម្ម ឲ្យកាន់តែមានចំនួនច្រើនឡើង ដែលចាប់ផ្តើមចេញដំណើរជាមួយក្រុមហ៊ុនភីធីធី ហ្សីហ្វី។

លោកបានបន្តថា ដើម្បីទ្រទ្រង់ដល់ផែនការ និងគាំទ្រដល់កំណើនសេវាកម្មដែលរឹងមាំនេះ ក្រុមហ៊ុនឃែរី មានបំណងបង្កើ​តមជ្ឈមណ្ឌលភស្តុភាថ្មីមួយ នៅរាជធានីភ្នំពេញ ដោយបង្កើននូវលទ្ធភាព ក្នុងការរៀបចំញែកមុខទំនិញបញ្ញើដាក់តម្រៀប ទៅតាមប្រភេទទំនិញបញ្ញើនីមួយៗឲ្យនៅដោយឡែក​ៗពីគ្នា។

បច្ចុប្បន្នក្រុមហ៊ុន ឃែរី អ៊ិចប្រែស កំពុងតែក្លាយជាអ្នកឯកទេសលើការផ្តល់សេវា ដឹកជញ្ជូនទំនិញបញ្ញើគ្រប់ប្រភេទ ដែលគិតមកទល់ពេលនេះមានរយៈពេលជាង២ឆ្នាំមកហើយ ដោយទទួលបានកំណើន ពីការប្រើប្រាស់សេវាកម្មពីអតិថិជនប្រមាណ៥០%ក្នុងមួយឆ្នាំ ហើយក្រុមហ៊ុនមានបណ្តាញគនាគមន៍ច្រើនជាង៥០ទីតាំងសេវាកម្ម និងមានមជ្ឈមណ្ឌលចែកចាយចំនួន៣០ទីតាំង នៅក្នុងទូទំាងប្រទេសកម្ពុជា៕

Royal Railway នឹងនាំរថភ្លើងទំនើបថ្មីមកដល់ក្រុងភ្នំពេញក្នុងកំឡុងខែកក្កដាខាងមុខ

0

ដោយ វុត្ថា

ភ្នំពេញ៖ ទីរថភ្លើងដ៏ស្រស់ស្អាត និងផ្តល់ផាសុខភាពដល់អ្នកធ្វើដំណើរ នឹងត្រូវក្រុមហ៊ុនRoyal Railway នាំមកដល់ក្រុងភ្នំពេញនាកំឡុងខែកក្កដាខាងមុខនេះ បើមិនមានអ្វីប្រែប្រួលទេនោះ។

ក្បាលរថភ្លើងថ្មីដ៏ស្រស់ស្អាតនេះ ផលិតនៅប្រទេសម៉ិកស៊ីកូ នឹងត្រូវបានគេដឹកមកដល់រាជធានីភ្នំពេញ ក្នុងអំឡុងពេល១ ខែ ឬ២ ខែទៀតសម្រាប់ ដើម្បីជំនួសក្បាលរថភ្លើងចាស់ ពីស្ថាននីយ៍អគ្គស្ម័យយានមកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្បាលនិងទូរថភ្លើងថ្មីនេះ អាចផ្ទុកអ្នកដំណើរបាន១០០ នាក់ និងរត់ក្នុងល្បឿន៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

លោក វ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី២៩ ឧសភានេះថា ក្បាលរថភ្លើងថ្មីនេះ ត្រូវបានគេធ្វើរួចរាល់អស់​ហើ​យ និងកំពុងដាក់សាកល្បងនៅក្នុងប្រទេសម៉ិចស៊ីកូ តែមិនទាន់បានដឹកមកដល់កម្ពុជាទេ ប៉ុន្តែយ៉ាងយូ២ខែទៀតនឹងមកដល់រាជធានីភ្នំពេញហើយ។ ផ្ទុយទៅវិញ បើមិនមានអ្វីជាឧបសគ្គនៅតាមសមុទ្រ ឬបើមិនមានខ្យល់ព្យុះទេ រយៈពេលមួយខែទៀតទូររថភ្លើងនោះ​នឹងដឹកដល់ភ្នំពេញហើយ។

លោកបន្តថា នៅពេលមកដល់ ក្រសួងនឹងប្រកាសជាសាធារណៈស្តីពី ការដាក់អោយដំណើរក្បាលរថភ្លើងថ្មីជំនួស ក្បាលរថភ្លើងចាស់ដែលក្រសួងនិងក្រុមហ៊ុន Royal Group   បានដាក់ឲ្យដំណើរការបណ្តោះអាសន្នកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះ។

ទោះជាយ៉ាងណាលោក មិនបានបញ្ជាក់ពីតម្លៃក្បាលរថភ្លើងថ្មីនេះថា មានតម្លៃប៉ុន្មាននោះទេ ព្រោះ ក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែក Royal Railway របស់ ឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group  ជាអ្នកបញ្ជាទិញដោយផ្ទាល់។

ការដាក់ឲ្យដំណើរការផ្លូវរថភ្លើងនៅពេលនេះ គឺក្នុងគោលកាត់បន្ថយការចំណាយថវិកា ពេលវេលា សុវត្ថិភាព គ្មានការរំខាន ព្រមទាំងរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ក្នុងដំណាក់កាលដំបូងនេះ គេនឹងប្រើប្រាស់រថភ្លើងចំនួន២គ្រឿង ដែលមានស្រាប់ សម្រាប់ការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរទៅមក ខណៈរងចាំក្បាលរថភ្លើងថ្មីចំនួន០៣គ្រឿងទៀត ដែលបានបញ្ជាទិញមកពីប្រទេសម៉ិចស៊ីកូ៕

ថ្ងៃ​បើក​ដំណើរការ​ដំបូង​របស់​ផ្សារ AEON Mall 2 ផ្អើល​មនុស្ស​ផ្លូ​ក​ទឹក​ផ្លូ​កដី

0

នៅ​ព្រឹក​ថ្ងៃទី29 ខែឧសភា នេះ ផ្សារ​ទំនើប AEON Mall 2 បាន​បើក​ដំណើរការ​សាកល្បង​ហើយ ដោយមាន​មនុស្សម្នា​ជាច្រើន​ពាន់​នាក់​នាំគ្នា​ទៅ​ចូល​រូ​មយ៉ាង​គគ្រឹកគគ្រេង ដែល​បង្ហាញ​ពី​ការ​សាទរ​វត្តមាន​ថ្មី​នៃ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នៅក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជាមួយ​ការ​នឹង​បើកទ្វារ​ទទួល​អតិថិជន​នៅ​ថ្ងៃ​ដំបូង​នេះ​ផងដែរ គេ​សង្កេតឃើញ​មាន​បណ្តា​ហាង​លក់ទំនិញ ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច ក្រុមហ៊ុន​លក់​រថយន្ត ក៏ដូចជា​ហាង​លក់​សម្លៀកបំពាក់​ទាន់សម័យ ហាង​លក់​សម្ភារៈ​ក្មេង ក៏ដូចជា​ហាង​អាហា​រដ្ឋា​ន​មួយចំនួន​បាន​បើក​ដំណើរការ ក្រោម​ការគាំទ្រ​ពី​សំណាក់​អ្នកចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ ខណៈដែល​ហាង​ចំនួន​ទៀត​មិនទាន់មាន​សកម្មភាព​នៅ​ឡើយ។

សម្រាប់​ផ្សារ​ទំនើប AEON Mall 2 ដែល​ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នេះ គ្រប់​ដណ្ដប់​នៅលើ​ផ្ទៃដី​សរុប​ទំហំ​ប្រមាណ ១៥១,០០០ម៉ែត្រការ៉េ ខណៈដែល​ផ្សារ​ទំនើប AEON Mall ទី1 មាន​ទំហំ​ត្រឹមតែ ៦៨,០០០ ម៉ែត្រការ៉េ តែប៉ុណ្ណោះ ។

ផ្សារ​ទំនើប AEON Mall ទី2 នេះ មាន​ទំហំ​ធំ​ដែល​រួមមាន​តូប​លក់ទំនិញប្រណិតៗចម្រុះ​ជាច្រើន​ប្រភេទ ដែលមាន​ឈ្មោះ​ល្បី មាន​រោងកុន​ទំនើប មាន​កន្លែង​កម្សាន្ត​ជាច្រើន ដូចជា ទីលាន​បោះ​ប៊ូ​លីង កន្លែង​លេង​ហ្គេម​ចម្រុះ មាន​ភោជនីយដ្ឋាន​បែប​ជប៉ុន ថៃ ចិន កូរ៉េ ទាមស្រា និង​កន្លែង​លក់​អាហារ​ជាច្រើន​ទៀត។

ក្រៅពីនេះ សម្រាប់​ទីលាន​ខាងក្រៅ មា​នទី​ចំណត​យានយន្ត​ធំ​ទូលាយ ដែល​អាច​ផ្ទុក​រថយន្ត​បាន​ប្រមាណ ២,៥០០ គ្រឿង និង​ម៉ូតូ​ជាង ២,០០០គ្រឿង។ ចង់ដឹង​ទេ​ថា AEON Mall 2 មាន​ភាព​ទាក់ទាញ​ដល់​កម្រិតណា សូម​ទៅ​ទស្សនា​ទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា ផ្សារ​ទំនើប AEON Mall ទី2 នឹងបើកសម្ពោធជាផ្លូវការណ៍នៅព្រឹកថ្ងៃទី២០ ខែមិថុនាខាងមុខនេះ ក្រោមអធិបតេយ្យភាព​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដំណឹងល្អ! ខ្សែរថភ្នើងពីភ្នំពេញ ទៅប៉ោយប៉ែត នឹងតភ្ជាប់នៅដើមខែកក្កដា

0

រដ្ឋាភិបាលកម្ពុជាសន្យាថានឹងតភ្ជាប់កំណាត់ផ្លូវដែកពីរាជធានីភ្នំពេញ-ខេត្តពោធិ៍សាត់ ដែលមានប្រវែង១៦៦គីឡូម៉ែត្រ នៅដើមខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញ-ប៉ោយប៉ែត ដែលមានប្រវែង៣៨៦គីឡូម៉ែត្រ។

ថ្លែងនៅក្នុងពិធីដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ន កំណាត់ផ្លូវដែកពីបាត់ដំបង-ពោធិ៍សាត់ មានប្រវែង ១០៧គីឡូម៉ែត្រ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានសន្យាជាមួយប្រជាពលរដ្ឋថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ នឹងមានការតភ្ជាប់ផ្លូវដែក កំណាត់ចុងក្រោយពីពោធិ៍សាត់ ទៅដល់ភ្នំពេញតែម្ដង ដែលមានប្រវែង១៦៦គីឡូម៉ែត្រ នេះជាកំណាត់ចុងក្រោយ នៃការស្ដារឡើងវិញផ្លូវដែកប៉ែកខាងជើង។

លោកទេសរដ្ឋមន្ដ្រី ថា កំណាត់ផ្លូវដែកពីរាជធានីភ្នំពេញ មកប៉ោយប៉ែត គឺមានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ប៉ុន្ដែបច្ចុប្បន្ននេះនៅសល់១៦៦គីឡូម៉ែត្រទៀត ដែលមិនទាន់ភ្ជាប់ និងដាក់ឲ្យដំណើរការជាផ្លូវការនៅឡើយទេ។
ការដាក់ឱ្យដំណើរការនូវកំណាត់ផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន ជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន។ លើសពីនេះទៅទៀត កំណាត់ផ្លូវដែកមួយខ្សែនេះ បានជួយសម្រួលដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និងការបំពុលបរិស្ថានផងដែរ។

តោះទៅមើលប្លង់អភិវឌ្ឍន៍ទីក្រុងរណបតម្លៃ៣០០០លានដុល្លារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទីក្រុងរណបតម្លៃ៣០០០លានដុល្លារ បានបញ្ចប់ប្លង់មេរបស់ខ្លួនហើយ ដើម្បីចាប់ផ្តើមអភិវឌ្ឍន៍តាមផែនការរបស់ខ្លួន ជាទីក្រុងពាណិជ្ជកម្មថ្មីមួយ ស្ថិតនៅកណ្តា​លរាជធានីភ្នំពេញ។

ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជិតបញ្ចប់ហើយ និងកំពុងសាងសង់ការិយាល័យកណ្តាលរបស់ខ្លួនកំពស់២០ជាន់ ជាការិយាល័យកណ្តាលរបស់ក្រុមហ៊ុន OCIC ព្រមទាំងគំរោងអាគារពាណិជ្ជកម្ម និងលំនៅដ្ឋាននៅក្នុងដំណាក់កាលតំបូងរបស់ខ្លួន។

លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានថ្លែងឲ្យដឹងនាពេលថ្មីៗនេះថា យើងមានគំរោងសាងសង់អាគារខ្ពស់ៗជាច្រើន និងផែនការអភិវឌ្ឍន៍មានភាពស្រដផងគ្នានឹងទីក្រុងកោះពេជ្រផងដែរ ប៉ុន្តែវាត្រូវការពេលវេលា ដើម្បីធ្វើឲ្យគំរោងនេះអភិវឌ្ឍន៍បានតាមផែនការរបស់ខ្លួន ដោយអាចចំណាយពេលចន្លោះពី១០ទៅ២០ឆ្នាំ ទើបគំរោងនេះអាចបញ្ចប់បាន។

បច្ចុប្បន្នការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ឋក្នុងទីក្រុងរណបនេះ សម្រេចបានជាង៧០ភាគរយរួចហើយ និងរំពឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដើម្បីរៀបចំការអភិវឌ្ឍ​តាមផែនការ។ ក្រុមហ៊ុនក៏បើកឲ្យក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិដទៃទៀតចូលរួមអភិ​វឌ្ឍន៍ទីក្រុងរណបនេះ ដើម្បីក្លាយជាទីក្រុងពាណិជ្ជកម្មនាពេលអនាគត។លោកសំណាង​បញ្ជាក់ឲ្យដឹង។

លោកបន្តថា “យើងនឹងកសាងទីក្រុងនេះ តាមបែប Smart City ដោយប្រព័ន្ឋខ្សែអគ្គិសនីនឹងដាក់ក្នុងប្រអប់ហើយកប់ក្រោមដី ប្រើប្រាស់អំពូលអគ្គិសនី LED ដែលមានការ​បំពាក់កាមេរ៉ា និងទឹកកខ្វក់ទាំងអស់នឹងត្រូវឆ្លងកាត់ការចម្រោះមុនបង្ហូរចេញ”។លោកបន្តថា “ទីក្រុងនេះធំ ហេតុនេះយើងរំពឹងថាការបញ្ចប់ ការសាងសង់ទីក្រុងនេះទាំងមូល​ចំណាយពេលពី១០ទៅ២០ឆ្នាំ”។

បច្ចុប្បន្នទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគតបានសាងសង់សហគមន៍រ៉ុងរឿងមួយរួចហើយ ដើម្បីផ្តល់លំនៅដ្ឋានដល់អ្នកមានដីនៅក្នុងគំរោងនេះ មានលំនៅដ្ឋាន​សមរម្យរស់នៅ និងមានតូបផ្សារសម្រាប់លក់ដូរផងដែរ។

លោកទូច សំណាងបានបន្តថា ក្រុមហ៊ុននៅតែគិតគូរដល់សហគមន៍រស់នៅក្នុងគំរោងនេះ ដោយក្រុមហ៊ុនតែងតែឧបត្ថម្ភប្រជាជនជាប្រចាំ ព្រោះយើងចង់ធ្វើឲ្យប្រាកដថា ការអភិវឌ្ឍរបស់យើង មិនបោះបង់ប្រជាជនមូលដ្ឋាននោះទេ ហើយក្រុមហ៊ុនយើងតែងតែផ្សារភ្ជាប់ជាមួយការងារសង្គមជាប្រចាំ៕

ទីផ្សារពលកម្មផ្លាស់ប្តូរ យុវជនចាកចេញពីស្រុកកំណើតមកកាន់ទីក្រុងកាន់តែច្រើន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ និន្នាការកំពុងផ្លាស់ប្តូរក្នុងទីផ្សារពលកម្មនៅកម្ពុជា ដោយសារការកើនឡើងនូវវិស័យឧស្សាហកម្ម ដែលទាក់ទាញយុវជនចាកចេញពីស្រុកកំនើត ដោយបោះបង់មុខរបរជាប្រពៃណីរបស់ខ្លួន ដែលមិនសូវទទួលបានប្រាក់កម្រៃខ្ពស់។

ការផ្លាស់ប្តូរនេះភាគច្រើនកើតមានឡើងក្នុងវិស័យកសិកម្ម ជាក់ស្តែងសហគមន៍ផលិតស្កត្នោត ដែលស្ថិតក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បាននិងកំពុងប្រឈមមុខនឹងបញ្ហានេះ ដោយសារយុវជនបាន​បោះបង់មុខរបរឡើងត្នោត ហើយងាកមកធ្វើការនៅតាមរោងចក្រ សហគ្រាសនៅរាជធានីភ្នំពេញ និង​រោងចក្រ សហគ្រាសនៅតាមបណ្តាខេត្តនានា។

ប្រធានសហគមន៍អភិវឌ្ឍន៍កសិកម្មត្នោត ស្ថិតក្នុងឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺលោក ហុង ហឿន បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៨ ឧសភាកន្លងមកថា ការផលិតស្ករត្នោតមានការធ្លាក់ចុះប្រមាណ​១០តោននៅឆ្នាំនេះ ហើយបើតាមការស្ទាបស្ទង់មតិ ទិន្នផលស្ករត្នោតផលិតបាន នឹងអាចបន្តធ្លាក់ចុះជាបន្តបន្ទាប់ទៀត ព្រោះបច្ចុប្បន្នសមាជិកសហគមន៍អ្នកឡើងត្នោត ពួកគាត់មានវ័យកាន់តែចាស់”។

លោកបន្តថា “យុវជននៅក្នុងសហគមន៍ បានបោះបង់មុខរបរនេះ ដោយពួកគាត់បានងាកទៅធ្វើការនៅតាមបណ្តារោងចក្រ សហគ្រាសនានា ខណៈដែលវិស័យទាំងនោះកំពុងរីកចម្រើន”។

និន្នាការនេះកំពុងដើរស្របគ្នា នឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដែលមានគោ​លដៅផ្លាស់ប្តូរពីទីផ្សារការងារតាមបែបអតិពលកម្ម ទៅជាការងារដែលពឹងផ្អែកលើការងារជំនាញ និងទទួលបានតម្លៃបន្ថែមខ្ពស់ ដែលនិន្នាការនេះនឹងជម្រុញឲ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកកាន់តែច្រើនមករស់នៅក្រុងភ្នំពេញ។

យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានព្យាករណ៍ថា ចំនួ​នប្រជាពលរដ្ឋមករស់នៅតាមទីក្រុង ទីប្រជុំជន ពិសេសក្រុងភ្នំពេញនឹងកើនឡើងដល់៨លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ។

លោកង៉ែត ជូទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting បានថ្លែងថា កង្វះកំលាំងពលកម្មក្នុងវិស័យកសិកម្ម និងផ្នែកដទៃទៀតជាបញ្ហាប្រឈមធំមួយ ដោយសារប្រទេសយើងជាប្រទេសកសិកម្ម តែយើងប្រើប្រាស់ធនធានមិនសូវមានប្រសិទ្ឋិភាពនៅឡើយ។លោកបន្តថា រដ្ឋាភិបាលគួរបង្កើនប្រសិទ្ឋិភាព និងវិនិយោគលើវិស័យកសិកម្មបន្ថែម ដើម្បី ទាញយកកំលាំងពលកម្មកុំឲ្យគាត់ចំណាកស្រុកច្រើន និងគួរពង្រឹងស្តង់ដាការងារ សុវត្ថិភាព​ក្នុងសុខភាពសម្រាប់ពលករចំណាកស្រុកជាដើម។

លោកបន្តថា ពលករធ្វើការងារក្នុងវិស័យសំណង់ និងការងារក្នុងវិស័យការងារក្រៅប្រព័ន្ឋដទៃទៀត គួរទទួលបានការថែរទាំ និងការព្យាបាលសុខភាពតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ដូចកម្មករក្នុងប្រព័ន្ឋ”។លោកបន្តថា “ការបណ្តុះបណ្តាលពួកគេឲ្យមានជំនាញ ដើម្បីទទួលបានការងារល្អ​ប្រសើរ និងទាញយកតម្លៃបន្ថែមខ្ពស់ក៏គួរយកចិត្តទុកដាក់ផងដែរ”។

លោកហុង ហឿន បានអំពាវនាវដល់សមាជិកសហគមន៍ ក៏ដូចជា នៅតាមបណ្តាសហគមន៍ ដែលមានដើមត្នោតគួរបន្តនូវមុខរបរនេះ ព្រោះស្ករត្នោតគឺជាស្ករធម្មជាតិ ហើយមានតែប្រទេសកម្ពុជាប៉ុណ្ណោះ ដែលមានស្ករប្រភេទនេះ ខណៈពេលបច្ចុប្ប​ន្នមានក្រុមហ៊ុនដៃគូនាំចេញចំនួន៨ ក្រុមហ៊ុនចែកចាយក្នុងស្រុកចំនួន៦ និងក្រុមហ៊ុនដ៏ទៃទៀតដែលមានបំណងសហការ ជួយផ្តល់ជាបទពិសោ​ធ​ន៍ ឬការតម្លើងថ្លៃឲ្យបានសមរម្យដល់សហគមន៍ ដើម្បីជម្រុញលើកទឹកចិត្តដល់សហគមន៍ អ្នកផលិតស្ករត្នោត ក្នុងការបន្តអនុវត្តន៍កិច្ចការនេះឲ្យមានការរីកចម្រើន នឹងការបន្តប្រកួតប្រជែងស្ករធម្មជាតិឲ្យមានទីផ្សារល្អដាច់គេ ទាំងនៅក្នុងតំបន់ក៏ដូចទីផ្សារអន្តរជាតិ៕

អ្នកទិញលំនៅដ្ឋានក្នុងបុរីត្រូវដឹងអ្វីខ្លះ ដើម្បីកុំឲ្យមានបញ្ហាលក់ផ្ទះមិនចេញ និងបង់ពន្ឋទ្វេរដង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកទិញលំនៅដ្ឋានក្នុងបុរីមួយចំនួន បាននិងកំពុងប្រឈមមុខនឹងបញ្ហាជា​ច្រើន ទាក់ទងប័ណ្ណកម្មសិទ្ឋគ្រប់គ្រងអចលនទ្រព្យរបស់ខ្លួន ដែលពួកគេប្រឈមបញ្ហានឹងការលក់ផ្ទះមិនចេញ ឬមានបញ្ហាក្នុងការផ្ទេរលំនៅដ្ឋានរបស់ខ្លួន ទៅអ្នកដទៃទៀតពេ​លត្រូវការលក់ឬដូរលំនៅដ្ឋានរបស់ខ្លួន។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យលោកង៉ែត ជូបានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា អ្នកទិញលំនៅដ្ឋានក្នុងបុរី ឬសំណង់ផ្ទះល្វែង គួរសាកសួរម្ចាស់បុរីទាក់​ទងនឹងប្លង់លំនៅដ្ឋានដែលខ្លួនបានទិញ ថាជាប្លង់រ៉ឹងឬជាប្លង់ទន់ ព្រោះបើប្លង់រ៉ឹងអ្នរោះបើប្លង់រ៉ឹងទាម​ទារថាជាប្លង់រ៉ឹងឬជាប្លង់ទន់បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា អ្នកទិញលំនៅដ្ឋានក្នុងបុរីគួរសាកសួរម្ចាស់បុរីទាកទិញត្រូវទាមទារការកាត់ប្លង់ផ្លូវការ និងធ្វើឡើងតាមនិតិវិធីច្បាប់ ហើយការបង់ថ្លៃសេវាកម្មនៃការរត់ប្លង់កម្មសិទ្ឋ អាស្រ័យលើការចចារវាងភាគីអ្នកលក់ និងអ្នកទិញ។ លោកបន្តថា មានករណីខ្លះម្ចាស់គ្រប់គ្រងបុរី ឬអ្នកសាងសង់ផ្ទះល្វែងលក់ មានប្លង់មេរបស់ខ្លួន និងមិនបានផ្ទេរកម្មសិទ្ឋរបស់ខ្លួន ដល់អ្នកទិញលំនៅដ្ឋានរបស់ខ្លួននោះទេ គឺធ្វើប្លង់ជូនអ្នកទិញត្រឹមអាជ្ញាធរមូលដ្ឋានខ័ណ្ឌ ឬស្រុកប៉ុណ្ណោះ។

នៅពេលមានបញ្ហាគំរោងបែបនេះ អ្នកទិញលំនៅដ្ឋានមិនអាចលក់ផ្ទះរបស់ខ្លួនបាន​ទេ គឺត្រូវតម្រូវឲ្យម្ចាស់ឬអ្នកអភិវឌ្ឍន៍មកកាត់ប្លង់ជូន ដែលត្រូវបង់ពន្ឋជូនខាងពន្ឋដា ហើយមានម្ចាស់បុរីខ្លះខិលខូច មិនព្រមកាត់ប្លង់ជូនអ្នកទិញឡើយ ដោយទាមទារឲ្យអ្នកទិញឬម្ចាស់ផ្ទះថ្មីបង់លុយមួយចំនួនដល់ខ្លួន ទើបព្រមផ្ទេរកម្មសិទ្ឋជូនម្ចាស់លំនៅដ្ឋាន​ដែលបានទិញផ្ទះពីគំរោងរបស់ខ្លួន។

លោកង៉ែត ជូបានបន្តថា ហេតុនេះអ្នកទិញលំនៅដ្ឋានក្នុងបុរី ឬសំណង់ផ្ទះល្វែង គួរតែរួបរួមគ្នាដើម្បីមានសម្លេងរ៉ឹងមាំ ដែលអាចធ្វើការតវ៉ាជាមួយម្ចាស់បុរី ឬសំណង់លំ​នៅ​ដ្ឋានដែលខ្លួនបានទិញ ដើម្បីទទួលបានប្លង់កម្មសិទ្ឋស្របច្បាប់ជាប័ណ្ណកម្មសិទ្ឋ ដែលទទួលស្គាល់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរាជធានី ខេត្ត​ដែលខ្លួនរស់នៅ។

លោកបន្តថា បច្ចុប្បន្នមានម្ចាស់លំនៅដ្ឋានមួយចំនួន មិនអាចលក់ផ្ទះឬផ្ទេរកម្មសិទ្ឋបាន ដោយសារបញ្ហាខាងលើនេះ ហើយក្នុងករណីចង់ផ្ទេរឬលក់ទៅម្ចាស់ថ្មីត្រូវទាក់​ទងជាមួយម្ចាស់បុរី និងធ្វើការជាមួយអាជ្ញាធរ ដែលមាននិតិវិធីស្មុគ្រស្មាញនិងត្រូវ​បង់ពន្ឋជូនអគ្គនាយកដ្ឋានពន្ឋដាជាច្រើនដង និងត្រូវចំណាយអស់ប្រាក់ច្រើនដែលជារឿងមិនគួរឲ្យកើតមាននោះទេ៕