អស្ចារ្យ! អាស៊ីកំពុងប្រកួតប្រជែងគ្នាបង្អួតអគារខ្ពស់កប់ពពកដ៏លេចធ្លោ

0

ដោយ វុត្ថា

ភ្នំពេញ៖ ស្របពេលសេដ្ឋកិច្ចក្នុងទ្វីបអាស៊ីកំពុងផ្ទុះឡើង និងក្លាយជាប៉ូលថ្មីនៃសេដ្ឋកិច្ចពិភពលោក ប្រទេសនានានៅក្នុងតំបន់នេះ កំពុងប្រណាំងប្រជែងគ្នាក្នុងការសងស់អគារខ្ពស់កប់ពពក ដើម្បីបង្ហាញពីអច្ឆរិយ និងសេដ្ឋកិច្ចរបស់ខ្លួនមិនថា ប្រទេសនៅក្នុងតំបន់អាស៊ី អារ៉ុប និង អាហ្វ្រិកឡើយ។

វត្តមានអាគារទាំងនោះ ត្រូវបានក្រុមប្រឹក្សាស្តីពីអគារខ្ពស់ និងលំនៅដ្ឋាទីប្រជុំ​ជន (Council on Tall Buildings and Urban Habitat) បានបញ្ចេញរបាយការណ៍របស់ខ្លួនថា ៦៣ភាគរយនៃអគារខ្ពស់កប់ពពកគឺស្ថិតនៅក្នុងតំបន់អាស៊ី។

របាយការណ៍ដដែលបានសរសេរថា ភាគខាងកើតនៃតំបន់អាស៊ី បានក្លាយជាតំបន់ ដែលមានអគារខ្ពស់កប់ពកចំនួន៣៦,០០០ ដោយចាប់ពីកម្ពស់១៥០ម៉ែត្រឡើង ។ គ្រាន់តែប្រទេសចិនមាន អគារខ្ពស់កប់ពពកចំនួន២៣០៦អគារ ដែលរាប់ចាប់ពីកម្ពស់ពី១៥០ ម៉ែត្រឡើង និងជាប់ជាប្រទេសមានការសាងសង់អគារខ្ពស់ ច្រើនជាងបណ្តាប្រទេសដទៃទៀត។

បន្ទាប់ពីតំបន់អាស៊ី ទីកន្លែងដែលមានសាងសង់អគារខ្ពស់កប់ពពច្រើន គឺតំបន់អាមេរិកខាងជើង ដោយសហរដ្ឋអាមេរិកមានចំនួនអគារធំៗ និងខ្ពស់កប់ពពកចំនួន៩៤៣ ក្នុងចំណោមនោះ មានប្រហែលជា៧៨ភាគរយ មានខ្ពស់ប្រមាណ១៥០ឡើង  និង១៩ ភាករយមានអគារខ្ពស់ចាប់ពី២០០ម៉ែត្រ ដល់៣០០ម៉ែត្រជាងប៉ុណ្ណោះ។

អ្នកសិក្សាស្រាវជ្រាវបានកត់សម្គាល់ថា ក្នុងទ្វីបអាមេរិកទាំងមូលរាប់បញ្ចូលទាំង ទ្វីបអាម៉េរិកខាងជើង មានតែប្រទេសចំនួនពីរប៉ុណ្ណោះដែលមានអាគារខ្ពស់ច្រើនជាងគេ ដែលធ្វើឱ្យតំបន់នេះក្លាយជាតំបន់តូចជាងគេ ខណៈតំបន់អាស៊ីមានប្រទេស ដែលបាននិងកំពុងសាងសង់អាគារខ្ពស់នៅតាមប្រទេសចំនួន១៨។

ប្រទេសចិន និងសហរដ្ឋអាមេរិក ស្ថិតនៅឆ្ងាយពីប្រទេសដទៃទៀត នៅពេលនិ​យា​យពីចំនួនអគារខ្ពស់ខ្ពស់កប់ពក។

ទោះជាយ៉ាងណា អគារដែលខ្ពស់បំផុតក្នុងពិភពលោក គឺនៅប្រទេសអារ៉ាប់រួម ដែលអាគារមានកំពស់ចាប់ពី៣០០ម៉ែត្រឡើង (suppertall) មានចំនួន៧,២ភាគរយ ក្នុងនោះមានអគារBurj Khalifa ស្ថិតនៅក្នុងទីក្រុងឌុបៃ ដែលមានកំពស់៨២៨ ម៉ែត្រ គឺជាអគារខ្ពស់ជាងគេនៅលើពិភពលោក។

ប្រទេសចិនមានអាគារខ្ពស់កប់ពពកលំដាប់ទី២ នៅលើពិភពលោក ដូចជា អគារ Shanghai Tower មានកំពស់៦៣២ ម៉ែត្រ។ អគារ Abraj Al-Bait Towers នៅទីក្រុង Mecca  ប្រទេសអារ៉ាប់ឈរនៅលំដាប់ទី៣មានកំពស់៦០១ម៉ែត្រ និងបន្ទាប់មកទៀត អគារមជ្ឈមណ្ឌលហិរញ្ញវត្ថុ Ping An មានកម្ពស់៥៩៩ម៉ែត្រ ស្ថិតនៅក្នុងប្រទេសចិន៕

CIIDG វិនិយោគ ១២០០លានដុល្លារពង្រីករោចក្រដើរដោយធ្យូងថ្មនៅខេត្តព្រះសីហនុ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងថា ក្រុមហ៊ុនសាជីវកម្មចម្រុះខ្មែរ ចិន(CIIDG)បានសម្រេចបោះទុនវិនិយោគ១២០០លានដុល្លារ ដើម្បីពង្រីកការសាងសង់រោងចក្រដើរដោយថាមពលធ្យូងថ្ម នៅខេត្តព្រះសីហនុ ដែលអាចផ្តល់ថាមពល ៧០០មេហ្កាវ៉ាត់។

អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពលលោកវិចទ័រ សូណាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៨ ឧសភានេះថា នេះជាការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនCIIDGលើការពង្រីកថាមពលអគ្គិសនីថ្មី ដែលផលិតចេញពីធ្យូងថ្មស្អាត ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។លោកបន្តថា ក្រុមហ៊ុនបានពង្រីកការផលិតទំហំ២យូនីតទៀត ដែលមួយយូនីតអាចផលិតបានថាមពល៣៥០មេហ្កាវ៉ាត់ ហើយយូនីតទី១នឹងដាក់ឲ្យប្រើប្រាស់នីៅឆ្នាំ២០២៣ និងយូនីតទី២ នឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០២៤ខាងមុខ។

លោកបន្តថា “ថាមពលអគ្គិសនីថ្មីនេះ នឹងតភ្ជាប់ចូលបណ្តាញជាតិ ដែលបច្ចុប្បន្ន​បណ្តាញអគ្គិសនីជាតិបានគ្របដណ្តប់១៩រាជធានី ខេត្តរួចហើយ ហេតុនេះថាមពលអគ្គិសនីចេញពីរោងចក្រថ្មីនេះ នឹងអាចពង្រីកការគ្របដណ្តប់បន្ថែម”។លោកបន្តថា “ដោយសារ​ការរីកចម្រើនសេដ្ឋកិច្ច ចំនួនប្រជាជនកើនឡើង ឧស្សាហកម្មកើនឡើងបានធ្វើឲ្យតម្រូវការថាមពលអគ្គិសនីកើនឡើង១៥ភាគរយ ឬប្រមាណ២៥០មេហ្កាវ៉ាត់ជារៀងរាល់ឆ្នាំ”។

លោកវិកទ័រ សូណាបានបន្តថា បណ្តាញថាមពលរបស់យើង ពិតជាកំពុងពង្រីកយ៉ាងសកម្ម ហើយរដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពលបានពង្រីកការចែកចាយ​បណ្តាញអគ្គិសនីលឿនលើសល្បឿនកំណត់។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបាន ថ្លែងថា ការពង្រីកបណ្តាញចែកចាយថាមពលអគ្គិសនីនៅកម្ពុជា តាមរយៈការខិតខំ​របស់រដ្ឋាភិបាលពិតជាបានគ្របដណ្តប់លឿន និងឆ្លើយតបនឹងអ្វីដែលប្រជាពលរដ្ឋចង់បាន ដោយសារការពង្រីកការវិនិយោគពីវិស័យឯកជន និងរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទោះជា​យ៉ាងណាថាមពលអគ្គិសនីនៅកម្ពុជា​ មិនទាន់មានគុណភាពល្អប្រសើរនៅឡើយទេ។

គុណភាពថាមពលអគ្គិសនី សំដៅដល់អគ្គិសនី ដែលមិនដាច់ មានតង់ស្យុងមិនឡើងចុះ និងជាថាលពលដែលរត់ថេរគ្រប់តាមស្តង់ដាកំណត់។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា ដោយសារថាមពលអគ្គិសនីកម្ពុជា មិនទាន់​មានគុណភាពល្អ ទើបតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ដែលវិនិយោគដោយក្រុមហ៊ុនអ៊ែតវូដបានសម្រេចចិត្តចុះហត្ថលេខាជាមួយក្រុមហ៊ុនថៃ ដែលមានជំនាញផ្គត់ផ្គង់ថាម​ពលអគ្គិសនីប្រកបដោយគុណភាព ចូលតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ដើម្បីធ្វើឲ្យប្រា​កដថាខ្សែសង្វាក់ផលិតកម្ម នៅក្នុងរោងចក្រនេះដំណើរការដោយរលូន និងមិនប្រឈម​ហានិភ័យជាប់គាំងណាមួយ នៅពេលការផលិតកំពុងដំណើរការ៕

អ្នកជំនាញប្រាប់ឲ្យប្រជាជនប្រយ័ត្នចំពោះព៌តមានបំពុលទាក់ទងគំរោងអចលនទ្រព្យ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលគំរោងអភិវឌ្ឍន៍ធំៗជាច្រើនបានបង្ហាញជាបន្តបន្ទាប់ អ្នកជំនា​ញ​ផ្នែកអចលនទ្រព្យបានលើកឡើងថា បច្ចុប្បន្នមានការបំពុលព៌តមានជាច្រើន ពីអ្នកវិនិយោគមួយចំនួន ដើម្បីលក់គំរោងរបស់ពួកគេឆាប់ដាច់។

អ្នកវិភាគអចលនទ្រព្យ និងសេដ្ឋកិច្ចសង្គម លោកង៉ែត ជូបានថ្លែងឲ្យដឹងតាមទូរ​ ស័ព្ទនារសៀលថ្ងៃទី២៨ ឧសភានេះថា នៅក្នុងវិស័យនេះមានការបំពុលព៌តមានច្រើនទាក់ទងនឹងការបង្ហាញ ឬលើកឡើងពីគំរោងអភិវឌ្ឍន៍នានា តាមរយៈអ្នកវិនិយោគមួយចំនួននៅក្នុងវិស័យនេះដើម្បី ទាក់ទាញអតិថិជន ប្រយោជន៍ដើម្បីធ្វើឲ្យពួកគេលក់គំរោងរបស់ពួកគេឆាប់ដាច់។ លោក​បន្តថា ជាក់ស្តែងយើងឃើញគំរោងព្រលានយន្តហោះថ្មី ក្នុងខេត្តកណ្តាលជាឧទាហរណ៍ស្រាប់ ដែលរដ្ឋាភិបាលបានប្រកាសសាងសង់ ហើយមានអ្នកខ្លះបានប្រើប្រាស់លុយធនាគារទៅទិញ ដើម្បីលក់យកចំណេញ ប៉ុន្តែបច្ចុប្បន្នគំរោងនោះបានស្ងប់ស្ងាត់ ចលនា​នៃការទិញលក់ដីធ្លីក៏ស្ងប់ស្ងាត់នៅតំបន់នោះ ដែលធ្វើឲ្យអ្នកវិនិយោគមួយចំនួនប្រឈមមុខនឹងហានិភ័យ។

លោកបន្តថា “ហេតុនេះមុនសម្រេចចិត្តវិនិយោគ ខ្ញុំសុំឲ្យប្រជាពលរដ្ឋប្រមូលព៌តមានឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងធ្វើការសម្រេចចិត្តវិនិយោគដើម្បីកាត់បន្ថយហានិភ័យ”។លោកបន្តថា “នៅពេលយើងមិនសូវស្វែងយល់សិក្សា​រៀនសូត្រ និងតាមដានព៌តមានជាក់លាក់ នឹងធ្វើឲ្យយើងវិនិយោគរបស់យើងមាន​ហានិភ័យខ្ពស់”។

លោកង៉ែត ជូបានបន្តថា ការសិក្សារៀនសូត្រ និងប្រមូលព៌តមានបានត្រឹមត្រូវ ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងអាចកាត់បន្ថយឬបញ្ចៀស​បាននូវហានិភ័យ ជាជាងយើងវិនិយោគបែបប្រថុយប្រថាន ព្រោះការវិនិយោគពឹងលើព្រេងសំណាង មិនមែនជាជម្រើសរបស់អ្នកវិនិយោគឆ្លាតវៃនោះឡើយ៕

អស្ចារ្យ! R&F Properties សាងសង់គំរោងយក្សមួយទៀតនៅផ្លូវមុនីវង្ស

0

ដោយ គង់ សូរិយា

ភ្នំពេញ​៖ ក្រុមហ៊ុនអចលនទ្រព្យយក្ស របស់ប្រទេសចិន R&F Propertiesនឹងសាងសង់គំរោងដ៏ធំមួយទៀត ស្ថិតនៅស្របតាមបណ្តោយមហាវិថីព្រះ​មុនីវង្ស ស្ថិតនៅតំបន់​ច្រមុះជ្រូកក្បាលថ្នល់។

មន្រ្តីជាន់ខ្ពស់ក្រុមហ៊ុននេះបានឲ្យដឹងថា ក្រុមហ៊ុនកំពុងចាប់ផ្តើមបុកគ្រឹះសាងសង់លំនៅដ្ឋានខុនដូកប់ពពកកំពស់៥៩ជាន់ចំនួន៥ទៀត ស្ថិតនៅស្របតាមមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ដែលគំរោងថ្មីនេះ​មានលំនៅដ្ឋានសរុបជាង២០០០យូនីតបន្ថែមទៀត។

កាលពីថ្ងៃសៅរ៍ទី២៦ ឧសភាកន្លងមកនេះ ក្រុមហ៊ុន R&F Properties បានប្រកា​សលក់ខុនដូរបស់ខ្លួនជាង៥០០០យូនីត ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ) ដែលខុនដូនេះលក់ក្នុងតម្លៃចាប់ពី១៩០០ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ។

ក្រុមហ៊ុន R&F Properties ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យយក្សទាំង១០ នៅប្រទេសចិន។

លោក RAYSON មន្រ្តីផ្នែកលក់ជាន់ខ្ពស់នៃក្រុមហ៊ុន R&F Properties បានថ្លែងឲ្យដឹងថា ការដែលក្រុមហ៊ុនមកវិនិយោគនៅកម្ពុជា ដោយសារប្រទេសកម្ពុជាជាប្រទេស​ពិសេសមួយ ដែលទទួលបានផលប្រយោជន៍ច្រើន ពីគោលនយោបាយខ្សែក្រវ៉ាត់មួយ ផ្លូ​វ​មួយរបស់ចិន និងទំនាក់ទំនងល្អរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោកបន្តថា “កំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំ និងស្ថិរភាពនយោបាយរបស់កម្ពុជា ជាផ្នែក​ដ៏សំខាន់ផងដែរ ដែលទាក់ទាញក្រុមហ៊ុនមកវិនិយោគនៅទីនេះ”។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា គំរោងវិនិយោគរបស់អ្នកវិនិយោគចិនភាគច្រើន ជាគំរោងធំៗ ដែលមានផ្ទះច្រើន ដែលផ្តោតលើទីផ្សារនៅប្រទេសចិន និងទីផ្សារចម្រុះសម្រាប់ប្រជាជនក្នុងស្រុក និងជនបរទេសដទៃទៀត។

អ្នកនាងបន្តថា “គំរោងធំៗបែបនេះ ប្រសិនជាមើលពីការផ្គត់ផ្គង់និង​តម្រូវការហាក់ធំបន្តិច ប៉ុន្តែនិន្នាការទីផ្សារនៅតែមានកំនើន ដែលមិនមានសញ្ញាអ្វីធ្វើឲ្យយើងបារម្ភនោះទេ”៕

ស្វែងយល់ពីអាស៊ាន: តម្លៃសាងសង់សំណង់ក្នុងប្រទេសសឹង្ហបុរីថ្លៃបែបណា?

0

ដោយវុត្ថា

ភ្នំពេញ: តាមការការសិក្សារបស់ក្រុមហ៊ុនប្រឹក្សាយោបល់ និងរចនាពិភពលោក Arcadis បានចេញរបាយការណ៍បស់ខ្លួនកាលពីពេលថ្មីនេះថា ទីក្រុងសឹង្ហបុរីជាទីក្រុងថ្លៃបំផុតលំដាក់ទី៤នៅអាស៊ី ក្នុងការសាងសង់វិស័យសំណង់អគារ បន្ទាប់ពីទីក្រុង ហុងកុង ទីក្រុងម៉ាកាវ និងទីក្រុងតូក្យូ

បើតាមការចុះផ្សារសារព័ត៌មានTHE STRAITS TIMES បានឲ្យដឹងថា ប្រទេសនេះ ក៏បានជាប់ចំណាត់ថ្នាក់ទី២៧ ក្នុងចំណោមប្រទេស៥០នៅលើពិភពលោក ក្នុងការសាងសង់វិស័យសំណង់ ដែលមានតម្លៃថ្លៃបំផុតផងដែរក្នុងឆ្នាំ២០១៨នេះ ការសិក្សានេះបានបង្ហាញថា មានអគារចំនួន១៣ប្រភេទនៅទីក្រុងទាំងមូល ជាតំណាងលក្ខណៈពិសេសនៃការប្រើប្រាស់ និងបំពេញតម្រូវការទីផ្សាររបស់ប្រជាពលរដ្ឋក្នុងស្រុក។

Arcadisបានបញ្ជាក់ទៀតថា ដូចការរំពឹកទុកចាប់តាំងពីឆ្នាំ២០១៧ មកដល់បច្ចុ​  ប្បន្ននេះ ប្រទេសនានានៅលើពិភពលោក កំពុងតែមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលអាចនឹងបង្កើនល្បឿន នៃតម្រូវការសាងសង់អគារបន្ថែមទៀត។

ទីផ្សារសំណង់នៅក្នុងទីក្រុងសឹង្ហបុរី ត្រូវបានគេចាប់ផ្តើមយកចិត្តទុកដាក់ បន្ទាប់ពីការកែតម្រូវជាបន្តបន្ទាប់ជាច្រើនឆ្នាំដែលបណ្តាលមកពីការផ្គត់ផ្គង់ច្រើនពេក និងសេដ្ឋកិច្ចមានលក្ខណៈដើរយឺត។ ទីក្រុងសឹង្ហបុរីត្រូវបានគេកត់សម្គាល់ថាតម្លៃចំណាយលើការសាងសង់សំណង់នៅតែថ្លៃខ្ពស់ជាងមុន។

Arcadis បានព្យាករណ៍ទៀតថា តំលៃសាងសង់នៅក្នុងទីក្រុងសឹង្ហបុរី នៅតែបន្តកើនឡើងរវាង១ ទៅ២ភាគរយនៅក្នុងឆ្នាំ ២០១៨ នេះ ។ តម្រូវការវិស័យសាធារណៈនឹងនៅតែជាអ្នកចូលរួមដ៏សំខាន់ ដែលមានប្រហែល៦០ភាគរយនៃតម្រូវការ។

លោក Khoo Sze Boon នាយកប្រតិបត្តិ និងជាប្រធានផ្នែកគ្រប់គ្រងតម្លៃនិងការស្ទង់មតិ នៅក្រុមហ៊ុន Arcadis ប្រចាំប្រទេសសឹង្ហបុរីបាននិយាយថា ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ ប្រទេសសឹង្ហបុរី រកបានលុយចំនួនជាង២០ពាន់លានដុល្លារពីវិស័យសំណង់របស់ខ្លួន

ដំណឹងល្អៈ កម្ពុជាបង្កើនប្រហុកដើម្បីជំរុញការនាំចេញ

0

ដោយដែន ចែងចាំង

ភ្នំពេញ: សមាគមផលិតប្រហុកខ្មែរស្តង់ដារ បានបង្ហាញផែនការថ្មីរបស់ខ្លួន តាមរយៈការរៀបចំគម្រោងមួយដើម្បីកែច្នៃប្រហុកឲ្យមានស្តង់ដារប្រើប្រាស់ក្នុងស្រុក និងជម្រុញការនាំចេញទៅក្រៅប្រទេស។

លោកស្រីបណ្ឌិត កៅ សុជីវី បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់សុវត្ថិភាព អនាម័យល្អ ការផលិតល្អ លើការកែច្នៃប្រហុកនិងស្តង់ដារផលិតផលប្រហុកកម្ពុជា នាព្រឹកថហងៃទី២៨ ឧស​ភា ឆ្នាំ២០១៨នេះថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពផលផលិតផលជលផល ផ្តល់ចំណេះដឹងនិងបទពិសោធន៍ទៅវិញទៅមកលើកកម្ពស់បច្ចេកកែច្នៃ ផ្អែកលើស្តង់ដារអនាម័យ កាត់បន្ថយការបាត់បង់លើផលផលិតផលជលផល និងកាត់បន្ថយការចំណាយលើសុខភាពសាធារណ:។

លោកស្រីបន្តថា នាថ្ងៃអនាគត សមាគមផលិត​ផលប្រហុកខ្មែរស្តង់ដារ នឹងនាំយកផលិតផលប្រហុក ដែលកែច្នៃរួចជាច្រើនប្រភេទទៅដាក់លក់នៅទីផ្សារក្រៅប្រទេស ជៀសវាងមានការបន្លំពីជនខិលខូច”។លោកស្រីបានបន្តថា “ខ្ញុំធ្លាប់បានឃើញមកហើយថា ផលិតផលរបស់ខ្មែរត្រូវបានជនខិលខូចយកទៅកែច្នៃ និងវេចខ្ចប់សារជាថ្មីថាជារបស់ប្រទេសជាតិខ្លួនទៅវិញ

ត្រី និង ផលិតផលត្រី មិនត្រឹមតែជាម្ហូបអាហារមួយមុខទេ ថែមដើរតួនាទីយ៉ាងសំខាន់នៅក្នុងសន្តិសុខ ស្បៀង ពិសេសចំពោះប្រជាជននៅតាមជនបទ គ្រួសារដែលមានដីស្រែតិចតួច ឬក៏គ្មានដីសម្រាប់ធ្វើ កសិកម្ម គឺអាចធ្វើការដោះដូរជាមួយម្ហូបអាហារដទៃទៀត ដូចជា ស្រូវ អង្ករ និងពោតជាដើម

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេ​ល៤ខែដើមឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញផលិតផលនេសាទ ជាង៥០០តោនទៅកាន់ក្រៅប្រ​ទេស៕

បណ្ឌិតសុក ស៊ីផាន់ណា៖ ប្រជាជនគួរផ្លាស់ប្តូរផ្នត់គំនិតទាញប្រយោជន៍ពីវិស័យឧស្សាហកម្ម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលដែលរដ្ឋាភិបាលកាន់តែធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ពីអតិពលកម្ម ទៅជាប្រើប្រាស់កំលាំងពលកម្មដែលមានជំនាញ លោកបណ្ឌិតសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យប្រជាជនកម្ពុជាផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើនពីវិស័យឧស្សាហកម្ម។

លោកបណ្ឌិតបានបន្តថា ការដែលរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោ​បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ កាលពីឆ្នាំ២០១៥ គោលនយោបាយនេះ មានភាពស៊ីសង្វាក់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ព្រោះពេលយើងចូលអាស៊ានជាទីផ្សារផលិតកម្មតែមួយ អញ្ចឹងគោលនយោបាយឧស្សាហកម្មនេះ ផ្តល់លទ្ឋភាពឲ្យរដ្ឋាភិបាលផ្តោតអារម្មណ៍ទៅ​មើលកន្លែងណា វិស័យអ្វីខ្លះ ដែលយើងត្រូវតែប្រឹងប្រែង ដូចជា ទី១ ធ្វើយ៉ាងណាឲ្យអ្នកវិនិយោគទុនបរទេស ដែលមកដាក់ទុន​នៅស្រុកខ្មែរឲ្យគាត់ផ្លាស់ប្តូរចែករំលែកចំណេះដឹង ចំនេះធ្វើទៅឲ្យសហគ្រិនខ្នាតតូចៗ និងសហគ្រាសខ្នាតមធ្យម មានលទ្ឋភាពទាញយកកាលានុវត្តន៍ភាពពីសង្វាក់ផលិតកម្មនេះ។

ទី២ តាមរយៈការកែច្នៃឧស្សាហកម្ម យើងអាចមានលទ្ឋភាពជំរុញតំលៃបន្ថែម​លើអ្វីដែលយើងមានក្នុងស្រុក។ ដូចជាកៅស៊ូ យើងអាចដំទ្បើងរោងចក្រផលិតកង់ ទ្បាន ព្រោះជាក់ស្តែងប្រទេសថៃ នៅតែជាទីតាំងផលិតរថយន្តដ៏ធំក្នុងតំបន់នេះ ជប៉ុនមិនអាចរើរោងចក្ររថយន្តហុងដា តូយ៉ូតាមកកម្ពុជាទេ តែពួកគេអាចបង្កើត​រោងចក្រកែច្នៃកៅស៊ូ ដែលមានរាប់ម៉ឺនហិកតានៅកម្ពុជា ឲ្យទៅជាសំបកកង់រថយន្តបាន ទី៣ យើងអាចផ្តោតអារម្មណ៍ទៅលើការពង្រឹងសមត្ថភាពខាងវិជ្ជាជីវៈ ដោយ​សារពេល​យើងមានតំបន់ឧស្សាហកម្ម កម្រិតចេះដឹងមួយចំនួនដែលយើងឃើញពួកគេធ្វើការងារនៅតាមការិយាល័យ គឺវាមិនស៊ីគ្នាឬមិនឆ្លើយតបតាមស្ថានភាពការងា​រទេ។

លោកបន្តថា ដូច្នេះយើងត្រូវជំរុញធ្វើយ៉ាណា ឲ្យមានការបណ្តុះបណ្តាលជីវៈឲ្យខ្លាំង ទាំងផ្នែកឯកជន ដូចជា ជាងដែក ជាងផ្សារ តំទ្បើងទូរស័ព្ទ ដំទ្បើងគ្រឿងបន្លាស់ជាដើម​ដែលជាជំនាញមួយឆ្លើយតបតម្រូវការទីផ្សារ ព្រោះការរៀនគណិតវិទ្យា ជំនាញទីផ្សារឬ គ្រប់គ្រងជាដើមគឺ​មិនឆ្លើយតបនឹងស្ថានភាពនេះទេ។ ហេតុនេះយើងត្រូវរកបច្ចេកវិទ្យា រកទីផ្សារដើម្បីឲ្យគេមកបណ្តាក់ទុន យើងត្រូវពង្រឹងសមត្ថភាពកូនខ្មែរឲ្យចាប់យកអាជីពការងារនេះ។

លោកបណ្ឌិតសុក ស៊ីផាន់ណាបានបន្តថា “រដ្ឋាភិបាលនឹងប្រែក្លាយតំបន់ក្រុងកំពង់សោម ឲ្យទៅជាតំបន់ឧស្សាហកម្មមួយ”។លោកបន្តថា ក្នុងបរិបទនេះអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់ គឺតួនាទីរដ្ឋាភិបាលមានមួយកម្រិត តែអ្វី​សំខាន់ គឺការធ្វើការងារក្នុងភាពជាដៃគូជាមួយដៃគូអភិវឌ្ឈន៍ ប្រទេសជាមិត្ត និងវិស័​យឯកជន”។

លោកបន្តថា ភាពជាដៃគូរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ BOT(ប្រព័ន្ឋបង់ប្រាក់) ។​ក្នុងន័យនេះការវិនិយោគជាសាធារណៈ ជាកាតព្វកិច្ចរបស់រដ្ឋ និងកន្លែងខ្លះទៀត​ផ្នែកឯកជន ពួកគេអាចសាងសង់ស្ពានបង់ប្រាក់ ដូចជាស្ពានព្រែកព្នៅរបស់លោកឧកញ៉ាលី យ៉ុងផាត់ជាឧទាហរណ៍ស្រាប់ ដែលរដ្ឋាភិបាលមិនបានចាយ​ប្រាក់ទេ តែយើងជាអ្នកឆ្លងកាត់ ត្រូវចំណាយប្រាក់ ហើយវាធ្វើឲ្យយើងចំណេ​ញពេលវេលា។

សំដៅដល់យុវជន លោកបណ្ឌិតសុក ស៊ីផាន់ណាបានផ្តល់អនុសាសន៍ថា ពេលយើងដឹងពីទិសដៅរដ្ឋាភិបាល យើងតម្រង់ទិសខ្លួនឯងផង វាចូលងាំ របស់​រដ្ឋាភិបាល ប៉ុន្តែផ្នត់គំនិតជារឿងសំខាន់ណាស់ គឺភាគច្រើនឪពុកម្តាយ គាត់ចង់ឲ្យកូនធ្វើការក្នុងម៉ាស៊ីនត្រជាក់ ពាក់អាវធំ ប៉ុន្តែជាក់ស្តែងយើងមិនអាច​អនុវត្តន៍បានទេ ព្រោះសេដ្ឋកិច្ចត្រូវការសេដ្ឋវិទូ មេធាវីអញ្ចឹងមែន ប៉ុន្តែរោងចក្រដែល​ត្រូវការកម្មកររាប់ម៉ឺននាក់ គឺត្រូវការជំនាញ ដូច្នេះកុំមានគំនិតថា កូនធ្វើ ជាងដែក ជាងភ្លើងជាការងារថោកទាប កុំគិតបែបនេះ។យើងត្រូវផ្លាស់ប្តូរ​ផ្នត់គំនិត។

លោកបន្តថា នៅប្រទេសជឿនលឿន ជាងដែក ជាងភ្លើង រកបានប្រាក់ជាងមេធាវីទៀត បើយើងចង់ជួសជុលលូទឹក ឬប្រព័ន្ឋទុយោទឹក យើងណាត់គាត់ពីរសប្តាហ៍មុន ហើយ​បើគាត់មកមុនបានត្រឹម១សប្តាហ៍ បន្ទាប់ពីការណាត់ជួបគឺប្រសើរហើយ។ ព្រោះ​មានតម្រូវការងារនេះច្រើន។ ជាក់ស្តែងការងារសំណង់ គឺសង់អាគារកំពស់៣០ជាន់ មិនមែនគ្មានជំនាញអាចធ្វើបានទេ គឺទាល់តែមានជំនាញ ហើយពេលយើងមានជំនាញគេមិនខ្លាចផ្តល់ប្រាក់ខែឲ្យយើងនោះទេ៕

តើរាជធានីភ្នំពេញបានបែកចែកផែនការអភិវឌ្ឍន៍យ៉ាងដូចម្តេច?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្លង់គោលរាជធានីភ្នំពេញ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តជាផ្លូវការកាលពីប៉ុន្មានឆ្នាំមុន  បានបែកចែករាជធានីចំណាស់នេះជា១៤ តំបន់ខុសៗគ្នា តាមលក្ខណៈប្រជាសាស្រ្ត សេដ្ឋកិច្ច និងកំណើននគរូបនីយកម្ម។

យោងតាមសេចក្តីព្រាងប្លង់គោលរាជធានីភ្នំពេញ ដែល propertyarea.asia សូមលើកយកមកបង្ហាញជាថ្មីបានបង្ហាញថា រដ្ឋាភិបាលបាន​កំណត់លក្ខណៈវិនិច្ឆ័យលើ១៤ចំណុច ដូចជា ទី១ ទម្រង់សេដ្ឋកិច្ចរាជធានីភ្នំពេញ ទី២ការដឹកជញ្ជូន ទី៣ ទីផ្សារអចលនវត្ថុ ទី៤ ទីផ្សារអចលនទ្រព្យ ទី៥ សង្កាត់មិនរៀបរយ ទី៦ ការកកើតនិងការរីកចំរើនរបស់ទីក្រុងពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩៩៣ ទី៧ លក្ខណៈសម្បត្តិរូបសាស្រ្តនិងតួនាទីលំហក្រុង ទី៨ សន្ទុះនិងបុគ្គលិកលក្ខណៈភ្នំពេ ញ ទី៩ ទេសភាព និងសមាសភាគទីក្រុង ទី១០ កសិកម្មនិងនគរូបនីយកម្ម ទី១១ ហេដ្ឋារចនាសម្ព័ន្ឋទីក្រុង ទី១២ មធ្យោបាយនិងសេវាសាធារណៈ ទី១៣ និន្នាការនិងទស្សនវិស័យនៃនគរូបនីយកម្មភ្នំពេញ និងទី១៤ ទស្សនវិស័យសេដ្ឋកិច្ចសង្គមនិងលំហ។​

ប្លង់គោលរាជធានីភ្នំពេញ ត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ តាមរយៈអនុក្រិតស្តីពី “ការដាក់ឲ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីរាជ​ធានីភ្នំពេ​ញឆ្នាំ២០៣៥”។ យោ​ងតាមមាត្រា២ នៃអនុក្រិតលេខ៧៧ អនបប្រក ចុះថ្ងៃទី៧ មិថុនា​ឆ្នាំ២០១២ បានកំណត់ថា ប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌជាផែនការកំណត់ចក្ខុវិស័យនិងយុទ្ឋសាស្រ្តរួម សម្រាប់ការអភិវឌ្ឈផ្នែករូបវ័ន្ត​ហេដ្ឋារចនាសម្ព័ន្ឋ និងគមនាគមន៍សំខាន់ៗ និងធ្វើសមាហរណកម្មថ្នាក់រាជធានី ថ្នា​ក់​​ស្រុក ថ្នាក់ខ័ណ្ឌទៅនឹងតំបន់និងថ្នាក់ជាតិ។

អតីតអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្សបានថ្លែងថា “គោលដៅប្រើប្រាស់ដីរាជធានីភ្នំពេ​ញឆ្នាំ២០៣៥ ជាឯកសារយុទ្ឋសាស្រ្តបំរើឲ្យមហិច្ឆតារបស់រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញមាន​គោលដៅ និងទស្សនវិស័យដល់ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រង និងតំរង់ទិសការអភិវឌ្ឈសេដ្ឋកិច្ច ក្នុងព្រំប្រទល់រដ្ឋបាលរាជធានី និងតំបន់ប្រជុំជនពាក់ព័ន្ឋទាំងទ្បាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំនើននៃការវិនិយោគឯកជន និងចំនួនប្រជាជនក្នុង​រាជធានី តាមរយៈការតំរង់ទិស និងជំរុញការវិនិយោគសាធារណៈស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី និងអភិវឌ្ឈន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ”។

ប្រជាជនសរុបនៅរាជធានីភ្នំពេញ មានចំនួន១.៦៨៨.០៤៤នាក់ (តាមការធ្វើអង្កេតប្រជាសាស្រ្តកម្ពុជាឆ្នាំ២០​១​៣នៃក្រ​សួងផែនការ)ហើយអាចកើនដល់៣លាននាក់នៅឆ្នាំ២០២០។ កំនើនន​គរូបនីយកម្ម និងកំណើនសាងសង់សំណង់ធំថ្មីៗ លើសពី៥ជាន់មានប្រមាណ៦២៨​អាគារ និងសំណង់បុរីចំនួន១១០ទីតាំង ពង្រាយនៅទាំងខ័ណ្ឌក្នុងក្រុង និងជាយក្រុង​និងបានជំរុ​ញការរីកទីក្រុងទៅតំបន់ខាងក្រៅ ចេញពីខ័ណ្ឌកណ្តាលក្រុងស្ទើរតែហួសពីតំបន់រដ្ឋបាលរបស់ខ្លួន។

លោកម៉េង ប៊ុណ្ណារិទ្ឋមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណ​ង់បានថ្លែងថា ក្នុងប្លង់គោលនេះបានរៀបចំរាជធានីភ្នំពេញប្រមាណ១៥តំបន់​ខុសៗគ្នា ដូចជាតំបន់ពាណិជ្ជកម្ម តំបន់លំនៅដ្ឋាន តំបន់ឧស្សាហកម្ម តំបន់កសិកម្ម​តំបន់ដែលត្រូវអភិរ័ក្សជាដើម ប៉ុន្តែនៅពេលប្លង់គោលនេះត្រូវសិក្សាលំអិត តំបន់និមួយៗអាចនឹងមានច្រើនជាងនេះ អាស្រ័យលើស្ថានភាពជាក់ស្តែង។

នៅពេលសាកសួរថាតើទីក្រុងភ្នំពេញ នឹងត្រូវពង្រីកបន្ថែមទៀតឬយ៉ាងណា​លោកម៉េង ប៊ុណ្ណារិទ្ឋបានថ្លែងថា “នៅពេលនយោបាយកម្ពុជានៅតែមានស្ថិរភាព សេដ្ឋកិច្ចកម្ពុជាបន្តកើនទ្បើង និងមានកំណើននៃការអភិវឌ្ឈ ការពង្រីកក្រុងអាចត្រូវ ពិនិត្យតាមស្ថានភាពជាក់ស្តែងរៀងរាល់៥ឆ្នាំម្តង”។លោកបន្ថែមថា“ប្លង់របស់យើងអាចមានការ​លំអៀង ដូច្នេះការពង្រីកទីក្រុងនឹងត្រូវសិក្សាទ្បើងវិញ តាមស្ថានភាពជាក់ស្តែង​នៃការរីកចំរើននគរូបនីយកម្ម និងកំណើនប្រជាសាស្រ្ត”។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា នេះជាដំណឹងដ៏ល្អ ដែលយើងបានរង់ចាំរាប់ឆ្នាំមកហើយ។ គ្រប់ទីក្រុងធំៗ នៅតាមបណ្តាប្រទេសនៅលើពិភពលោកសុទ្ឋតែមានប្លង់គោល នៅទ្បើយតែកម្ពុជាមិនទាន់​មាន។ ដូច្នេះការមានប្លង់គោលជាការប្រសើរណាស់ ព្រោះទី១ អាច​បង្ហាញពីរចនា​សម្ព័ន្ឋទីក្រុងច្បាស់លាស់ថា ត្រូវសាងសង់អ្វី និងជាការងាយស្រួលដែលយើងបង្ហា​ញពីប្លង់គោលទីក្រុងរបស់យើងទៅអ្នកវិនិយោគ។

ទី២ អាចដឹងពីតំបន់ណាត្រូវធ្វើអ្វី និងកសាងអាគារកំពស់ប៉ុណ្ណា ទី៣ អាចកាត់បន្ថយការសាងសង់សំណង់អា​ណាធិបតេយ្យ និងទី៤ អាចកាត់បន្ថយផលរំខាននានាលើការសាងសង់លំនៅដ្ឋាន និងទ្រព្យសម្បត្តិសាធារណៈ៕

សេដ្ឋវិទូកម្ពុជាត្រូវពង្រឹងផ្នែកសំខាន់ពីរទៀតដើម្បីជំរុញកំនើនសេដ្ឋកិច្ច

0

ដោយគង់ សូរិយា

ភ្នំពេញ សេដ្ឋវីទូកម្ពុជាបានលើកឡើងថា កម្ពុជាត្រូវពង្រឹងផ្នែកសំខាន់ពីរទៀត ដើម្បីពង្រឹងនិងជំរុញកំនើនសេដ្ឋកិច្ចរបស់ខ្លួន ជាការពឹងផ្អែកកត្តាខាងក្នុងជាជាងកត្តាខាងក្រៅតែម្យ៉ាង។

លោកបណ្ឌិតម៉ី កល្យាណប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសិក្សាដើម្បីការអភិ​វឌ្ឍបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចពិភពលោក បាននិងកំពុងពឹងផ្អែកលើការនាំចេញ ដូចប្រទេសកម្ពុជាផងដែរ ប៉ុន្តែប្រទេសរីកចំរើននានាបានពង្រឹងផ្ទៃក្នុងរបស់ខ្លួន ដើម្បីបង្កើនក៏ដូចជាពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន។លោកបន្តថា សេដ្ឋកិច្ចកម្ពុជាត្រូវពឹងផ្អែកលើកត្តាពីរផងដែរ គឺកត្តាខាងក្រៅ និងកត្តាខាងក្នុង ដែលជាមូលដ្ឋាន​ចាំបាច់មិនអាចខ្វះបាន។

កត្តាខាងក្រៅគឺត្រូវពឹងផ្អែកលើការនាំចេញ ដែលជាមូលដ្ឋានសំខាន់ក្នុងការអភិ​វ ឌ្ឍ​សេដ្ឋកិច្ចរបស់ខ្លួន និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស។ ចំណែកកត្តាខាងក្នុង គឺជាកត្តាមិនអាចខ្វះបាន ដែលកម្ពុជាត្រូវពឹងផ្អែកលើមូលដ្ឋានខ្លួនឯង តាមរយៈការពង្រឹងធនធានមនុស្ស និងបច្ចេកទេស ដើម្បីពង្រឹងនូវធនធានមនុស្ស តាមរយៈការប្រើប្រាស់ជំនាញ ហើយទទួលបានចំណូលកាន់តែច្រើនសម្រាប់ប្រជាជន។

លោកបណ្ឌិតម៉ី កល្យាណបានបន្តថា “ការពឹងផ្អែកតែកត្តាខាងក្រៅ នឹងធ្វើឲ្យយើង​ជួបហានិភ័យ នៅពេលមូលដ្ឋានក្នុងស្រុករបស់យើងមិនសូវមានភាពរ៉ឹងមាំ”។លោកបន្តថា “សេដ្ឋកិច្ចត្រូវពឹងលើកត្តាទាំងពីរនេះ ប៉ុន្តែការពង្រឹងមូលដ្ឋានធនធានមនុស្ស បច្ចេក​ទេស បច្ចេកវិទ្យាពិតជាសំខាន់”។

សេដ្ឋកិច្ចពិភពលោកបាននិងកំពុងផ្លាស់ប្តូរ តាមរយៈបដិវត្តន៍ឧស្សាហកម្មទី៤ ដែលប្រើប្រាស់ផ្នែកបច្ចេកវិទ្យាជាចម្បង។

រដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥ ដើម្បីពង្រឹងមូលដ្ឋាន និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនដោយ​ផ្លាស់ប្តូរនិន្នាការពីកំលាំងពលកម្មបែបអតិពលកម្ម ទៅប្រើប្រាស់កំលាំងពលកម្មដែលមានជំនាញខ្ពស់ និងទទួលបានតម្លៃបន្ថែមកាន់តែច្រើន៕

ការសាងសង់ព្រលានយន្តហោះខេត្តកោះកុងនឹងជំរុញល្បឿនអភិវឌ្ឍក្នុងទឹកដីនេះ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ការវិនិយោគសាងសង់ព្រលានយន្តហោះ និងលំនៅដ្ឋានមជ្ឈ​មណ្ឌ​លពាណិជ្ជកម្ម និងកំពង់ផែទឹកជ្រៅថ្មីមួយ ពីសំណាក់ក្រុមហ៊ុនTianjin Union Development Group (TUDG) នឹងធ្វើឲ្យទឹកដីខេត្តកោះកុងកាន់តែមានការីកចម្រើនលឿនថែមទៀត។

ស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia លោកលាងគង់ យិនបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃអាទិត្យទី២៧ ឧសភានេះថា ហេដ្ឋារចនាសម្ព័ន្ឋពិតជាវិស័យស្នូលមួយ ក្នុងការជម្រុញកំនើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបណ្តាប្រទេស​​នានា ព្រោះពេលរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនចាប់ផ្តើមសាងសង់នៅតំបន់ណាសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនឹងកើនឡើងនៅតំបន់នោះជាស្វ័យប្រវត្តិ។​ជាក់ស្តែងព្រលានយន្តហោះថ្មីនេះ នឹងផ្តល់ជម្រើសការធ្វើដំណើរ និងការតភ្ជាប់ផ្លូវអាកាសនៅកម្ពុជា និងថ្នាក់តំបន់កាន់តែមានសភាពរសរវើកថែមទៀត។

លោកបន្តថា “ជាក់ស្តែងតម្លៃដីធ្លីនៅខេត្តកោះកុង បាននិងកំពុងឡើងថ្លៃរួចទៅហើយ ដោយសារគំរោងវិនិយោគនានា ពិសេសគំរោងវិនិយោគរបស់អ្នកវិនិយោគមកពីប្រទេសចិន”។លោកបន្តថា “ខេត្តកោះកុងមានសក្តានុពលទាំងធន​ធានធម្មជាតិ និងសេដ្ឋកិច្ច ដោយសារខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ដែលធ្វើឲ្យលំហូរពាណិជ្ជកម្ម ទេសចរណ៍ជាមួយប្រទេសនេះ”។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានថ្លែងថា នៅពេលមានសកម្មភាព និងលំហូរភ្ញៀវទេសចរណ៍ទៅដល់ទីណា សកម្មភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មតែងតែកើតឡើងនៅតំបន់នោះ។លោកបន្តថា មានន័យ​ថា​ទេសចរណ៍ តែងតែនាំមុខសកម្មភាពពាណិជ្ជកម្ម។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានថ្លែងថា ការសាងសង់ព្រលានយន្តហោះនេះ បាននិងកំពុងចាប់ផ្តើម​យ៉ាង​សកម្ម ប៉ុន្តែការសាងសង់លឿនឬយឺត អាស្រ័យលើល្បឿននៃការអភិវឌ្ឍន៍រមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ពួកគេនៅក្នុងស្រុកថ្មបាំង និបុទុមសាគរក្នុងខេត្ត​កោះកុង។

ក្រុមហ៊ុន Tianjin Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិ​បាលជាង៥ម៉ឺនហិកតា ដែលគ្របដណ្តប់ស្រុកស្រុកពីររបស់ខេត្តកោះកុង ជាអ្នក​សាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគប្រមាណ៥០០០លានដុល្លារអាមេរិក។

ទោះជាយ៉ាងណាតាមព៌តមានរបស់ក្រុមហ៊ុននេះ នាពេលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាល​កម្ពុជាបានអនុម័ត នូវគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលវិនិយោ​គដោយក្រុមហ៊ុនTianjin Union Development Group ជាក្រុមហ៊ុនដែលបាន និងកំពុងវិនិយោគលើរមណីយដ្ឋាន ​ទេសចរណ៍លំដាប់អន្តរជាតិនៅខេត្តកោះកុង។

តំណាងក្រុមហ៊ុនTainjin Union Development Groupលោកស្រីប៊ែលឡា ហ្សាងបានមានប្រសាសន៍ថា ក្រុមហ៊ុនបាននិងកំពុងសាងសង់ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន១០លាននាក់ក្នុងមួយឆ្នាំ និងអាចចុះចតយន្តហោះខ្នាតធំBoing៣៨០ ហើយក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្រ្ត និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះ​នេះរួចហើយ។

បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងដំណើរការគំរោងរមណីយដ្ឋាន លំដាប់ប្រណីតនៅខេត្តកោះកុងរួចហើយ ដែលរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ភោជនីយដ្ឋាន ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិជាដើម៕