ស្វែងយល់ពីអាស៊ី! ធនាគារសៀងហៃ បញ្ចុះតម្លៃអត្រាការប្រាក់ដើម្បីសង្គ្រោះទីផ្សារអចលនទ្រព្យ

0

ដោយ វុត្ថា

ភ្នំពេញ៖ ធនាគាររដ្ឋនៅក្នុងទីក្រុងសៀងហៃនាពេលថ្មីៗ នេះ បានបញ្ចុះអត្រាកម្ចីការប្រាក់ សម្រាប់អ្នកដែលមានបំណងខ្ចីទិញលំនៅដ្ឋាននៅក្នុងទីក្រុង ដែលជាវិធានការ ២ ឆ្នាំជាប់គ្នា ដើម្បីអោយជម្រុញអោយទីផ្សារអចលនទ្រព្យមានសកម្មភាព។

សារព័ត៌មាន South China Morning Post បានចុះផ្សាយថា ធនាគារ Industrial and Commercial Bank of China និង ធនាគារ Agricultural Bank នឹងផ្តល់ប្រាក់កម្ចី ១០ ភាគរយ ដោយបញ្ចុះ អត្រាការប្រាក់ដល់ ៥ ភាគរយសម្រាប់អ្នកដែលមានបំណងចង់ទិញលំនៅដ្ឋាន។ អត្រាការប្រាក់សម្រាប់ទិញលំនៅដ្ឋានដំបូងអាចនឹងដល់ ៤.៤១ ភាគរយ ដោយធ្លាក់ចុះពី ៤.៦៥៥ ភាគរយ។

លោក Yan Yuejin អ្នកវិភាគវិទ្យាស្ថាន E-house China E&D Institute បានថ្លែងថា ធនាគារ ICBC និងធនាគារ Agricultural Bank គួរតែមានគោលនយោបាយឥណទានសមស្របណាមួយតាំងពីយូណាស់មកហើយ ដែលអាចសម្របសម្រួលដល់ការកាត់បន្ថយតំលៃទីលំនៅដ្ឋាន និង ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុង។

សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនក៏បានជំរុញអោយមានការសម្រេចចិត្តរបស់ធនាគារដើម្បីបញ្ចុះអត្រាការប្រាក់ ខណៈក្រុមអ្នកបង្កើតគោលនយោបាយទទួលស្គាល់ថាការចូលរួមចំណែករបស់អ្នកទិញលំនៅដ្ឋានលើកដំបូងយកទៅប្រើប្រាស់ផងដែរ។

ទោះជាយ៉ាងណា អត្រាការប្រាក់ សម្រាប់លំនៅដ្ឋាននៅក្នុងទីក្រុងសៀងហៃលើកទី ២ នេះ នឹងរក្សាស្ថេរភាព១០ ភាគរយសម្រាប់អ្នកដែលមានបំណងខ្ចីទិញលំនៅដ្ឋានដំបូង។

លោក Lu Wenxi អ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន Centaline Property Shanghai មានជំនឿថាធនាគារមួយចំនួនទៀតនឹងផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបដើម្បីប្រកួតប្រជែងជាមួយ ធនគារ CCB ។

កាលពីខែមុនរដ្ឋាភិបាលចិនបានផ្តល់កម្ចីឥណទានដល់ធនាគារផ្តល់ប្រាក់កម្ចីសម្រាប់កម្ចីខ្នាតមធ្យមចំនួន ៧៣.២ ពាន់លានដុល្លារក្នុងគោលបំណងដើម្បីបញ្ចូលសាច់ប្រាក់ទៅក្នុងប្រព័ន្ធធនាគារសម្រាប់អោយពលរដ្ឋខ្ចីទិញលំនៅដ្ឋាន៕

ក្រុមហ៊ុនដ៏ធំមួយ បោះទុនវិនិយោគជាង ៦៨លានដុល្លារ សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្រុងប៉ោយប៉ែត

0

ដោយដែន ចែងចាំង

       ភ្នំពេញ៖ ក្រុមហ៊ុនដ៏ធំមួយគ្រោងវិនិយោគសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបធំមួយនៅក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យទីក្រុងជាប់ជាមួយ​ប្រទេសថៃនេះកាន់តែមានសក្តានុពលថែមទៀត។

យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងកា​លពីថ្ងៃទី១០ សីហាកន្លងមកថា ក្រុមហ៊ុន BOONMA HNG Co, Ltdបានទទួលការអនុម័តយល់ព្រមពីស្ថាប័ននេះ ដើម្បីវិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយបួនចំនួន​៣៩២បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើប ដែលមានទីតាំងស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងអាចផ្តល់ការងារដល់ប្រជាពល​រដ្ឋបានចំនួនប្រមាណ៨៣៦កន្លែង។

ក្រុមហ៊ុននេះ បានទទួលការអនុញ្ញាត្តជាមួយក្រុមហ៊ុនចំនួនបីទៀត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងពេលថ្មីៗនេះ ដែលសរុបទុនវិនិយោគ១០០លានដុល្លារ សម្រាប់គំរោងវិនិយោគទាំងបួននេះ។

ទីក្រុងប៉ោយប៉ែត ជាទីក្រុងវិនិយោគដ៏លឿន ដោយសារសកម្មភាពពាណិជ្ជកម្មជា​មួយប្រទេសថៃ ដែលបានទាក់ទាញក្រុមហ៊ុនថៃ និងក្រុមហ៊ុនជប៉ុនជាច្រើនទៅវិនិយោគ​នៅតំបន់នេះ។

រដ្ឋាភិបាលបានដាក់ក្រុងប៉ោយប៉ែត ជាតំបន់ឧស្សាហកម្មពិសេសនៅក្នុងគោលន​យោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីប្រែក្លាយទីក្រុងនេះជា​មជ្ឈមណ្ឌលភស្តុភាកម្ម និងជាទីតាំងវិនិយោគដ៏មានសក្តានុពល។

ទីប្រឹក្សាជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា ក្រុងប៉ោយប៉ែតមានលក្ខណៈពិសេស និងមានការរីកចម្រើនលឿន ដោយសារគោលនយោបាយថៃបូកមួយ បានធ្វើឲ្យតំបន់នេះទាក់ទាញ អ្នកវិនិយោគមកពីប្រទេសថៃជាច្រើន មកវិនិយោគនៅតំបន់នេះ ព្រោះទី១ ជាតំបន់ជាប់ព្រំដែនថៃ ដែលងាយស្រួលក្នុងការតភ្ជាប់លើវិស័យគមនាគមន៍ ទី២ ដោយសារកំលាំងពលកម្មរបស់កម្ពុជាមានតម្លៃទាប ធៀបជាមួយប្រទេសថៃ ហេតុនេះអ្នកវិនិយោគមកវិនិយោគនៅតំបន់នេះ ដើម្បីធ្វើឲក្យតម្លៃផលិតទាប និងងាយនាំចេញទៅកាន់ប្រទេសថៃ។

ទី៣ គោលនយោបាយលើកទឹក​ចិត្តរបស់រដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាត្តឲ្យជនបរទេស អាចបោះទុនវិនិយោគ​១០០ភាគរយបង្កើតក្រុមហ៊ុននៅកម្ពុជា៕

រយៈពេល៧ខែ អគ្គនាយកដ្ឋានពន្ឋដា ប្រមូលចំណូលបាន ១៣៥៦លានដុល្លារ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ រយៈពេល៧ខែឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជាង១,៣៥៦ លានដុល្លារអាមេរិក ស្មើជាង៧០ភាគរយនៃផែនការកំណត់ដោយច្បាប់ ក្នុងរយៈពេល៧ខែឆ្នាំ២០១៨នេះ។

លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំ ខែកក្ដដា ឆ្នាំ២០១៨កាលពីម្សិលម៉ិញនេះថា លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបានតាមប្រព័​ន្ធគ្រប់​គ្រងទិន្នន័យចំណូលអនឡាញ Online ក្នុងខែកក្កដា ឆ្នាំ២០១៨នេះ មានចំនួនជាង មានចំនួនជាង ៦៨៩ ពាន់លានរៀល ស្មើប្រមាណជាង ១៧២ លានដុល្លារអាមេរិកកើនឡើងចំនួន ១៨៦ពាន់លានរៀល ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបន្តថា ក្នុងចំណោមចំណូលដែលទទួលបានក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៨ អគ្គនាយ​កដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានជាង ៥,៤២៥លានរៀល  ត្រូវប្រមាណជាង១,៣៥៦ លានដុល្លារអាមេរិកស្មើជាង៧០ភាគរយ ក្នុងនោះបើប្រៀបធៀបទៅនឹងរយៈ៧ខែ ដើមឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធអនឡាញ) ក្នុងឆ្នាំ២០១៨ កើនឡើងចំនួនជាង៧០៨ ពាន់លានរៀល ត្រូវប្រមាណជាង១៧៧ លានដុល្លារអាមេរិក ស្មើជាង១៥ភាគរយ។

ឯកឧត្តមគង់ វិបុលបានបន្តថា កំណើនចំណូលពន្ធក្នុងខែកក្កដានេះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក បានឆ្លុះបញ្ចាំងថា សាធារណៈជន និងអ្នកវិនិយោគជាតិ និងអន្តជាតិ មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លៀសវៃប្រកបដោ​យ​គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ក្នុងការឆ្លើយតបតាមអនុវត្ត តាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានណែនាំដល់មន្រ្តីពន្ធដារទាំងអស់ត្រូវបំពេញតួនាទីជាអ្នកបម្រើរាស្ត្រ និងជាអ្នកផ្តល់សេវាជូនសាធារណៈជន មិនមែនជាអ្នកត្រួតត្រានោះឡើយ ហើយត្រូវកាត់បន្ថយជាអតិបរមានូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕

ត្រឹម​រយៈពេល​មួយឆ្នាំ​សោះ ភេសជ្ជៈ​ប៉ូវ​កំលាំង G Park បាន​រីកចម្រើន​នឹកស្មាន​មិន​ដល់

0

រាជធានី​ភ្នំពេញ៖ ភេសជ្ជៈ​ប៉ូវ​កំលាំង G Park ជា​ផលិតផល​នាំចូល​ពី​ប្រទេស​កូរ៉េ ដែល​បាន និង​កំពុង​ចែកចាយ​ផ្ដាច់មុខ​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន​JCRI ប្រកបដោយ​ភាពជោគជ័យ ។

គួរ​រម្លឹក​ផងដែរ​ថា  កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន JCRI និង ក្រុមហ៊ុន ដុង​ហ្វា ហ្វា​ម ដែលជា​ក្រុមហ៊ុន​ដ៏​ល្បី​នៅ​ប្រទេស​កូរ៉េ បាន​ចុះហត្ថលេខា​ព្រមព្រៀង​ភាព​ដៃគូរ​ពាណិជ្ជកម្ម​ជាមួយគ្នា នៅ​សណ្ឋាគារ សុខា​ភ្នំពេញ លើ​កិច្ចព្រមព្រៀង​ទទួល​សិទ្ធ​ផ្តាច់មុខ​ចែកចាយ​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ភេសជ្ជៈ​ប៉ូវ​កំលាំង​G Park បាន និង​កំពុង​ធ្វើ​សរាចរ​ណ៍ ទូទាំង​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏បាន​ចូលរួម​កម្មវិធី​សង្គម​ជាច្រើន​ផងដែរ។ ជាក់ស្ដែង​កាលពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ G Park បាន​ផ្ដើមគំនិត ជាមួយ​លោក ងួន ចាន់​ដេវីត ដែលជា​អ្នកតំណាង​នៃ​ផលិតផល​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park បង្កើត​នូវ​ការប្រគុំ​តន្ត្រី​សប្បុរស​ធ​ម៍​មួយ ដើម្បី​ប្រមូល​ថវិការ​ទាំងអស់ យកទៅ​សាងសង់​អគារសិក្សា​មួយ​ខ្នង​នៅ​វិទ្យាល័យ​ព្រះពុទ្ធ​មាន​សេរី  ខេត្តកំពង់ស្ពឺ។ មកទល់ពេលនេះ​អគារសិក្សា​មួយ​ខ្នង​នោះ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ។ មិនតែប៉ុណ្ណោះ ភេសជ្ជៈ​ប៉ូវ​កំលាំង G Park ក៏​ធ្លាប់​បានធ្វើ​កម្មវិធី​G Park School Tour នៅតាម​វិ​ទ្យ​ល័យ​ចំនួន១០ ដោយ​នាំយក​នូវ​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park រួម​ជាមួយនឹង​សម្ភារៈ​សិក្សា​មួយចំនួន ប្រកប​គ្នា​ដោយ​ភាពសប្បាយ​រីករាយ​ជាច្រើន​សម្រាប់ប្អូនៗសិស្សានុសិស្ស​ផងដែរ។

មួយវិញទៀត​G Park បាន​ជួយ​ដល់​ទុរគតជន​គ្មាន​ទីពឹង ចូលរួម​ឧបត្ថម​គាំទ្រ​ដល់​វិស័យ​កីឡា និង ចូលរួម​ក្នុង​វិស័យ​ជាច្រើនផ្សេងៗទៀត។ លើសពីនេះទៅទៀត ក្រុមការងារ​របស់ G Parkបានធ្វើ​ដំណើរ​Activation ទៅគ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា ជាមួយនឹង ការប្រគុំ​តន្ត្រី​ទេសចរណ៍​ស្ទើ​តែ​គ្រប់​ខេត្ត​ក្រុង ដើម្បី​ផ្ដល់នូវ​ភាពសប្បាយ​រីករាយ​ជូន​បងប្អូន។

រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង ភេសជ្ជៈ​ប៉ូវ​កំលាំង G Park បាន​វៃ​លុក​ទីផ្សារ​មិន​ថា​ស្រុកស្រែ​ចម្ការ ឫ​ទីក្រុង​ឡើយ  រហូត​អាចធ្វើអោយ​ម៉ាក​សញ្ញា​របស់ខ្លួន មាន​លក់​នៅតាម​ផ្សារ​ទំនើបល្បីៗ តាម​ម៉ា​ត ដេប៉ូផ្សេងៗជាច្រើន និយាយ​រួម​នៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​តែម្តង។

ភាពជោគជ័យ​ដ៏​ធំ​អស្ចារ្យ និង​ការគាំទ្រ​ដ៏​សន្ធឹកសន្ធាប់​ទាំងអស់​នេះហើយ  ទើប​ធ្វើ​ឲ្យ​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park  មាន​កម្លាំង​និង​មោទនភាព​ក្នុងការ​ប្រារព្ធ​កម្មវិធី​គំរប់​ខួប​មួយឆ្នាំ​នៃ​ការមកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។

យ៉ាងណាមិញ ក្រុមហ៊ុន​JCRI សូម​ថ្លែងអំណរគុណ​ដល់ អតិថិជន ជាពិសេស​គ្រប់​ដេប៉ូ​ចែកចាយ​គ្រប់​ខេត្ត​ក្រុង ជាទីគោរព​ស្រលាញ់​ទាំងអស់ ដែល​តែងតែ​គាំទ្រ និង​ពេញចិត្ត​នូវ​គុណភាព​ដ៏​ល្អ រសជាតិ​ដ៏​ឆ្ងាញ់​របស់​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park  ។ ជា​ចុងក្រោយ ក្រុមហ៊ុន​JCRI រួម​ជាមួយនឹង​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park  សូម​ជូនពរ​ដល់​អ្នក​គាំទ្រ និង​អតិថិជន​ទាំងអស់​ជួបតែ​សំណាងល្អ រក​ទទួលទាន​មានបាន ជាពិសេស​គ្រប់​ដេប៉ូ​ចែកចាយ​ទាំងអស់ សូម​ឲ្យ​ប្រកប​របរ​រីកចម្រើន និង​លក់​ភេសជ្ជៈ​ប៉ូវ​កំលាំង G Park  បានច្រើនៗទាំងអស់គ្នា​ណា៎….៕

G Park Facebook Page: https://www.facebook.com/GParkenergydrink.kh/

វិបត្តិចាប់ផ្តើម៖ សង្រ្គាមពាណិជ្ជកម្មអាមេរិក ចិនប៉ះពាល់ដល់ទីផ្សារលំនៅដ្ឋាននៅទីក្រុងហុងកុង

0

ដោយវុត្ថា

       ភ្នំពេញ៖ នៅទីបំផុតសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានចាប់ផ្តើម​ចេញនូវសញ្ញាហានិភ័យហើយ ដោយធ្វើឲ្យទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ពិសេសទីក្រុងហុងកុង នឹងធ្លាក់ចុះនៅឆ្នាំ២០១៩ខាងមុខនេះ។

យោងតាមការចុះផ្សាយសារព័ត៌មាន South China Moring Post បានអោយដឹងថា ជាមួយនឹងការកើនឡើងនៃឥណទានទិញលំនៅដ្ឋានឡើងខ្ពស់២ដង និងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក នឹងធ្វើអោយតំលៃលំនៅដ្ឋានក្នុងទីក្រុងហុងកុងត្រូវបានគេទស្សន៍ទាយថា នឹងធ្លាក់ចុះនៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។ តំលៃនៅដ្ឋាននៅក្នុងទីក្រុងនេះ អាចនឹងធ្លាក់ចុះពី៥ ទៅ១៩ភាគរយ។ ជាមួយគ្នានោះ គេក៏បានទស្សន៍ទាយផងដែរ ពីអត្រាប្រាក់កម្ចីទិញលំនៅដ្ឋាននឹងឡើងបន្ថែមទៀត នៅសប្តាហ៍ក្រោយ នេះគឺជាការកើនឡើងខ្ពស់ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

ធនាគារផ្តល់ប្រាក់កម្ចី HSBC  ធនាគារ Hang Seng Bank និងធនាគារ Bank Of China ប្រចំានៅទីក្រុង អាចនឹងដំឡើងអត្រាការប្រាក់ សម្រាប់ទិញលំនៅដ្ឋាន២,៧៥ ភាគរយបន្ថែមទៀតនៅក្នុងពាក់កណ្តាលខែនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មានReuters។

ជាមួយគ្នានេះផងដែរ បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ដែលបានដកស្រង់ទិន្ន័យពីក្រុមហ៊ុន Centaline Mortgage Broker Ltdបានឲ្យដឹងថា កម្ចីអត្រាមូលដ្ឋានបច្ចុប្បន្នបានកើនឡើង២,១៥ភាគរយទៅហើយ។

បើយោតាមរបាយការណ៍ពីក្រុមហ៊ុន USB បានអោយដឹងថា ទីផ្សារអចលនទ្រព្យឡើងថ្លៃខ្ពស់ ក៏រងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកផងដែរ។

ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង និងប្រទេសចិននៅពេលនេះ ដោយសារតែសង្គ្រាមពាណិជ្ជកម្មនេះ បានធ្វើឲ្យការរទិញដូរលំនៅដ្ឋាន នៅក្នុងទីក្រុងហុងទាំងមូលមានការធ្លាក់ចុះធ្ងន់ធ្ងរ។

របាយការណ៍នេះបន្តថា ការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សាបែបនេះ បានធ្វើអោយសេដ្ឋកិច្ចធ្លាក់ចុះ ហើយក៏អាចនឹងធ្វើអោយមានផលប៉ះពាល់ខ្លាំង ដល់អ្នកទិញលំនៅដ្ឋានក្នុងស្រុងផងដែរ។ ជាមួយគ្នានោះ ដែរ ប្រសិនបើសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិកនៅតែអូសបន្លាយបន្ថែមទៀត ទំនងជាងបង្កអោយរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ក្នុងវិស័យអចលនទ្រព្យក្នុងទីក្រុងហុងកុង៕

អស្ចារ្យ! ក្រុមហ៊ុនព្រីនស៍ប្រកាសបោះទុន ៦០០០លានដុល្លារវិនិយោគនៅក្នុងរាជធានីខេត្តចំនួនបី

0

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន Prince Real Estat Groupបានប្រកាសបោះទុនវិនិយោគ៦ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យក្នុងរាជធានីខេត្តចំនួនបីនៅកម្ពុជា។

ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd. ជាក្រុមហ៊ុនជំនួញឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការវិនិយោគយ៉ាងច្រើន នៅក្នុងវិស័យអចលនទ្រព្យ វិស័យទូរគមនាគមន៍ និងហិរញ្ញវត្ថុ។ ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd. បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយបានសាងសាងអគារជាច្រើនប្រភេទ ដូចជាសណ្ឋាគារ អគារស្នាក់នៅ ផ្ទះល្វែង ខុនដូ និងអគារពាណិជ្ជកម្មនៅតាមបណ្តាខេត្ត ក្រុងនានារបស់ប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុននេះមានសាខាចំនួន១៣ទីតាំងនៅក្នុងប្រទេសកម្ពុជា ។

ក្រុមហ៊ុននេះបានប្រកាសរបស់ខ្លួន នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកថា “ក្នុងរយៈពេល១០ឆ្នាំ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប គ្រោងនឹងវិនិយោគនូវទឹកប្រាក់៦ពាន់លានដុល្លារ លើផ្ទៃដីទំហំជាង៤០០ហិកតាដើម្បីអភិវឌ្ឍគម្រោងអគារចម្រុះបណ្តុំនូវអគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្មលំដាប់អន្តរជាតិ ស្មើនឹងទំហំអភិវឌ្ឍន៍សរុបជាង៦លានម៉ែត្រការ៉េ នៅក្នុងខេត្តក្រុងសំខាន់ៗ ដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

លោកលី មីន នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ធ្លាប់បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ការវិនិយោគទៅលើអចលនទ្រព្យដ៏សែនច្រើនសន្ធឹកសន្ទាប់នៅក្នុងប្រទេសកម្ពុជា គឺស្របទៅតាមយុទ្ធសាស្រ្ត Belt and Road initiatives របស់រដ្ឋាភិបាលចិន ដែលបានលើកឡើងក្នុងឆ្នាំ២០១៣ នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិនកាន់តែជិតស្និទ្ធ និងបាននឹងកំពុងឈានដល់កម្រិតល្អបំផុត។

លោកបានបន្ថែមថា ប្រទេសកម្ពុជាទទួលបានផលវិជ្ជមាន ជាមួយនឹងកំណើនសេដ្ឋកិច្ចរីកចម្រើនយ៉ាងខ្លាំងនៅក្នុងតំបន់ ក្រោមយុទ្ធសាស្រ្ត”ខ្សែក្រវាត់មួយផ្លូវមួយ”។ ជាលទ្ធផលគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ មានគម្រោងផ្លូវល្បឿនលឿនចំងាយប្រមាណ១៩០គីឡូម៉ែត្រ ដែលតភ្ជាប់ពីខេត្តព្រះសីហនុទៅកាន់ក្រុងភ្នំពេញ គម្រោ​ងផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់នៅចុងឆ្នាំនេះ៕

ផ្សារទំនើបខ្នាតតូច ចាប់ផ្តើមពង្រីកខ្លួននៅក្នុងក្រុងភ្នំពេញ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ផ្សារទំនើបខ្នាតតូចដែលមានឈ្មោះថា Quick & Easy Mart បានកំពុងពង្រីកខ្លួននៅក្នុងក្រុងភ្នំពេញហើយ ខណៈដែលវិនិយោគិនមួយ កំពុងបោះទុនបង្កើតផ្សារទំនើបថ្នាក់អន្តរជាតិនៅក្នុងក្រុងភ្នំពេញ ។

លោកឧកញ៉ា គិត សែនសូរិយា មានប្រសាសន៍ថាផ្សារទំនើបខ្នាតតូចនេះ ទទួលបានការសហការជាមួយអ្នកវិនិយោគក្រៅស្រុក ដោយតំណាក់កាលដំបូងនេះ ត្រូវបានបើកចំនួន៥ទីតាំងផ្សេងៗនៅក្នុងក្រុងភ្នំពេញ។ ហើយថាបើសិនជាមានការគាំទ្រពីអតិថិជន ផ្សារនេះនឹងមានវត្តមានកាន់តែច្រើនថែមទៀតនៅពេលខាងមុខ។
លោកបណ្ឌិត ចម ប្រសិទ្ឋ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្មបានថ្លែងឱ្យដឹងក្នុងពិធីសម្ភោធន៍សាខាថ្មី មានទីតាំងនៅសង្កាត់បឹងកេងកង ដោយសម្តែងការអបអរសាទរ ចំពោះការចាប់ដៃគូវិនិយោ រវាងពាណិជ្ជករក្នុងស្រុកនិងក្រៅស្រុក បង្កើតផ្សារទំនើបខ្នាតតូច ដែលរហូតដល់បច្ចុប្បន្នបានចំនួន០៥សាខាហើយនៅរាជធានីភ្នំពេញ។

ផ្សារទំនើបខ្នាតតូច ជាទីផ្សារពេញនិយមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន ដែលគាំទ្រឱ្យមានការពង្រីកសាខាឱ្យបានច្រើនថែមទៀត និងត្រូវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ដោយត្រូវលក់ទំនិញដែលមិនខូចគុណភាព មិនហួសកាលបរិច្ឆេទនិងមិនក្លែងក្លាយ។ ជាមួយគ្នានេះលោករដ្ឋមន្រ្តី បានស្នើឱ្យលក់បន្ថែមនូវមុខម្ហូប Halal សម្រាប់អ្នកកាន់សាសនិកអ៊ីស្លាម លក់ថ្នាំពេទ្យដែលមិនត្រូវការវេជ្ជបញ្ជា និងលក់ផលិតផលក្នុងស្រុកឱ្យបានច្រើនថែមទៀត ដែលជាស្នាដៃសិប្បកម្ម រឺសហគ្រាសខ្នាតតូចនិងមធ្យម ព្រមទាំងបន្ថែមម៉ោងលក់ដូរដោយប្តូរលក់ពីម៉ោង០៧ ព្រឹកដល់ម៉ោង ១១ យប់ ទៅម៉ោង ០៥ព្រឹក ដល់ម៉ោង ១២ យប់ ដើម្បីឱ្យស្របនិងតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន៕

គំរោងសាងសង់អាគារ៥៥៥ម៉ែត្រ នៅកោះពេជ្រអាចនឹងបង្កើនកំពស់ខ្ពស់ជាងនេះ

0

ដោយគង់ សូរិយា

ភ្នំពេញ: គំរោងសាងសង់អាគារកប់ពពក ដែលគ្រោងសាងសង់កំពស់៥៥៥ម៉ែត្រ នៅចំណុចក្បាលកោះពេជ្រ នឹងអាចបង្កើនកំពស់ខ្ពស់ជាងនេះ ខណៈថ្នាក់ដឹកនាំក្រុមហ៊ុនOCICបានបញ្ជាក់ជាថ្មីថា គំរោងនេះនឹងមិនលុបចោលនោះទេ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ សីហានេះថា ការសាងសង់អាគារកប់ពពកនៅទីក្រុងកោះពេជ្រ នឹងមិនលុបចោលនោះទេ ប៉ុន្តែការសាងសង់នាពេលណាមិនទាន់កំណត់នៅឡើយទេ។​លោកបន្តថា គំរោងនេះនឹងអាចបង្កើនកំពស់ខ្ពស់ជាង៥៥៥ម៉ែត្រ ដែលជាកំពស់គ្រោង ឡើងពីដំបូង។

លោកបន្តថា “ខ្ញុំមិនទាន់អាចនិយាយលំអិតជាងនេះបានទេ តែយើងអាចប្រាប់ថាគំរោងនេះមិនលុបចោលទេ”។

ប្រសិនជាអាគារនេះសាងសង់មែន វានឹងធ្វើឲ្យតំបន់នេះមានអាគារកប់ពពកប្រជែងគ្នាចំនួនបី ទី១ គឺអាគារភ្លោះThai Bunrong Twin Towerដែលនឹងសាងសង់កំពស់៦៥១ម៉ែត្រ ដែលគ្រោងបោះទុនវិនិយោគ៣០០០លានដុល្លារ ទី២ គំរោងសាងសង់អា គារកប់ពពករបស់ក្រុមហ៊ុនRoyal Group ដែលមានទីតាំងនៅសណ្ឋាគារកាំបូឌីយ៉ាណា​សព្វថ្ងៃនេះ។ គំរោងនេះបានទទួលការឯកភាពជាគោលការណ៍ពីរដ្ឋាភិបាលហើយ និងទី៣ អាគារកប់ពពកនៃគំរោងDiamond Tower ដែលនឹងសាងសង់ដោយក្រុមហ៊ុនOCIC ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យលំដាប់កំពូលនៅកម្ពុជា។

លោកទូច សំណាងធ្លាប់បានឲ្យដឹងថា គំរោងសាងសង់អាគារនេះនឹងស្ថិតនៅក្បា លកោះពេជ្រ ដែលក្រុមវិស្វករមកពីចិន និងវិស្វករក្នុងស្រុកបានចាក់ថ្មបំពេញរួចហើយ។ ទីតាំងអាគារនេះនឹងរត់ស្របគ្នាជាមួយរូបសំណាកសម្តេចសង្ឃរាជជួន ណាត និងវិមាន​ឯករាជ្យ៕

កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ៣លាននាក់ ក្នុងរយៈពេល៦ខែ

0

ដោយដែន ចែងចាំង

       ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងថា ក្នុងរយៈពេល៦ខែ​ដើមឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ៣លាននាក់ កើនឡើង១៣ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍បែបនេះ ក្នុងពិធីបើកការសដ្ឋានសាងសង់កំពង់​ផែទេសចរណ៍ ក្នុងខេត្តកំពតកាលពីថ្ងៃទី៨ សីហាកន្លងមកថា រយៈពេល៦ខែដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមា​ណ៣លាននាក់ កើនឡើង១៣ភាគរយ ហើយជាការរំពឹងទុកពេញមួយឆ្នាំ២០១៨ កម្ពុជានឹងទទួលបានទេសចរ៦,២លាននាក់។លោកបន្តថា កំណើនទេសចរណ៍ចិនរំពឹងនឹងកើនឡើងជាង២លាននាក់នៅ​ឆ្នាំ២០២០ ខណៈគោលដៅកម្ពុជាគ្រោងនឹងទទួលបានភ្ញៀវទេសចរណ៍ចិន ត្រឹម២លាន​នាក់ប៉ុណ្ណោះ។

លោកបន្តថា “កំនើនភ្ញៀវទេសចរណ៍បានផ្តល់កាលានុវត្តន៍ភាពយ៉ាងសំខាន់ ក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិ ដោយវិស័យនេះបានរួមចំណែកក្នុងផលទុនជាតិសរុប១១,៨ភាគរយកាលពីឆ្នាំមុន”។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូ វណ្ឌីបានបដិសេធមិនអត្ថាធិប្បាយទាក់ទងនឹងកំនើននេះ ប៉ុន្តែលោកបានមានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរណ៍ ដែលយើងទទួលបាននឹងកំណត់ ឬអាចជឿជាក់បាននៅពេលដំណាច់ឆ្នាំ ខណៈនិន្នាការ ភ្ញៀវទេសចរណ៍ចិនឆ្នាំនេះកើនឡើងរហូតដល់៧៨ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែភ្ញៀវមកពីតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងភ្ញៀវទេសចរណ៍មកពីតំបន់អឺរ៉ុបបានថយចុះ។

លោកបន្តថា “ទោះជាយ៉ាងណាយើងរីករាយ នឹងកំនើនភ្ញៀវដែលកម្ពុជាទទួលបាន ពិសេសភ្ញៀវទេសចរណ៍ចិន តាមរយៈកំនើននៃការតភ្ជាប់ផ្នែកអាកាសចរណ៍”៕

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រូវបានបើកការដ្ឋានសាងសង់ហើយ ជាមួយនឹងទឹកប្រាក់ចំណាយលុយ៨លានដុល្លារ

0

ដោយ វុត្ថា

កំពត៖ ដោយសារកំណើនភ្ញៀវទេសចរអន្តរជាតិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសកម្មភាពដឹកជញ្ជូនកាន់តែមមាញឹក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកសាងកំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយទៀតនៅខេត្តកំពត ដើម្បសម្រួលដល់ការដឹកជញ្ជូនផ្លូវទឹក និងចូលរួមជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជាបន្ថែម។

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះត្រូវបានបើកការដ្ឋានសាងសង់នាវេលាម៉ោង៨ ៨នាទី និង៨វិនាទី ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលមានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំរាជធានីភ្នំពេញ និងមន្ត្រីរាជការពាក់ព័ន្ធប្រមាណ ៨០០នាក់។

ឯកឧត្តម ថោង ខុន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ពាក់ព័ន្ធក្នុងខេត្តតំបន់ឆ្នេរចំនួន៣ គឺខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការធ្វើដំណើរ និងទេសចរណ៍ តាមច្រករបៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការបង្កើត និងការពង្រឹកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សហគមន៍ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ ជាពិសេសការលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ឆ្នេរ និងការបើកច្រកទេសចរណ៍ផ្លូវសមុទ្រទៅកាន់តំបន់ និងពិភពលោករបស់កម្ពុជា។

ឯកឧត្តមថា ផ្លូវទឹកក៏ជាមធ្យោបាយធ្វើដំណើរ និងទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ នូវសម្បទាទេសចរណ៍ផ្លូវទឹកទាំងនេះ ជាពិសេសនៅកំពង់ផែខេត្តព្រះសីហនុ និងខេត្តកំពត ព្រមទាំងខេត្តតំបន់ឆ្នេរផ្សេងទៀត ដើម្បីជំរុញចលនា និងលំហូរទេសចរណ៍នៅតំបន់ឆ្នេរ និងច្រករបៀងទេសចរណ៍ភាគខាងត្បូង។

ឯកឧត្តម​ ទិត​ ចន្ថា​ រដ្ឋលេខាធិការក្រសួងទេសចរណ៍​ និងជានាយកគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានឱ្យដឹងថា​ គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ​ ត្រូវការចំណាយថវិកាជាង៨លានដុល្លារ​ ដែលជាហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី។

ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាជំរុញការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ពិសេសនៅខេត្តកំពតនេះឱ្យមាននិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ តាមទស្សនទានសំខាន់៣គឺ «បៃតង ស្អាត និងឆ្លាត (Green Clean and Smart)» ដោយយកចិត្តទុកដាក់អនុវត្តតាមផែនការយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ ផែនការមេ និងទស្សនទានផែនការអភិវឌ្ឍល្អៗបន្ថែមទៀត ក្នុងនោះត្រូវយកចិត្តទុកដាក់អនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍កំពតថ្មី ២០១៦-២០២០ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារមាតុភូមិកម្ពុជា និងធ្វើឱ្យទឹកដីកម្ពុជាក្លាយជាកន្លែងដ៏ប្រសើបំផុតសម្រាប់ការរស់នៅរបស់ប្រជាជន និងការទស្សនារបស់ភ្ញៀវទេសចរ។

ក្រៅពីការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រាជរដ្ឋាភិបាលក៏បានខិតខំពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក និងអាកាសផងដែរ ដែលបានជំរុញកំណើនទេសចរជាតិ-អន្តរជាតិបានយ៉ាងច្រើន ជាក់ស្ដែងនៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥.៦លាននាក់ កើនឡើង ១១.៨% និងទទួលបានចំណូលជាង ៣,៦០០លានដុល្លារ បានរួមចំណែកប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ឱកាសការងារដោយផ្ទាល់ជាង៦៥ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។ រយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាននាក់ កើនឡើង ១៣% ហើយជាការរំពឹងទុកពេញមួយឆ្នាំ២០១៨ កម្ពុជានឹងទទួលបានទេសចរ ៦.២លាននាក់។

ដោយឡែក តំបន់ឆ្នេរនៅឆ្នាំ២០១៧ ទទួលបានភ្ញៀវទេសចរប្រមាណ ៣.២លាននាក់ ក្នុងនោះទេសចរអន្តរជាតិប្រមាណ ៧៤ម៉ឺននាក់ កើនឡើង ២០%។ តាមការព្យាករណ៍ នៅឆ្នាំ២០២០ កម្ពុជានឹងទទួលភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ ជាមួយនឹងចំណូលប្រមាណជាង៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ ១លាននាក់ និងការងារដោយប្រយោលរាប់លាននាក់បន្ថែមទៀត។