ផ្លូវជាតិលេខ១ស្ថិតនៅក្នុងគំរោងផ្លូវសូត្រធ្វើឲ្យតំបន់នេះកាន់តែមានសក្តានុពល

0

ដោយគង់ សូរិយា

ភ្នំពេញ៖ តំបន់ផ្លូវជាតិលេខ១ មិនត្រឹមតែលេចធ្លោ ដោយសារការបញ្ចប់ការពង្រីកផ្លូវជាតិលេខ១នោះទេ ប៉ុន្តែតំបន់នេះនឹងកាន់តែមានសក្តានុពលបន្ថែមទៀត ដោយសារតំបន់ដ៏សំខាន់នេះ ស្ថិតនៅក្នុងបណ្តាញផ្លូវនៃគំរោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។

ជាមួយនឹងគំរោងផ្លូវទំហំ៦០ម៉ែត្រ ដែលជាគំរោងផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ដែលភ្ជាប់ភាគខាងលិចទីក្រុងភ្នំពេញ ទៅកាន់កំពង់ផែស្វយ័ត្នភ្នំពេញ(ស្ថិតក្នុងស្រុកកៀនស្វាយ) និងផ្លូវភ្ជាប់ទៅកាន់តំបន់អ្នកលឿង បានននិងកំពុងទាក់ទាញអ្នកវិនិយោគថ្មីៗជាច្រើនទៅ​កាន់តំបន់នេះ ដែលបាននិងកំពុងធ្វើឲ្តតម្លៃដីបានកើនឡើងយ៉ាងខ្ពស់។

អ្នកនាង Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia បាន​ថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា បច្ចុប្បន្នមានក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនកំពុងរៀបចំ​អភិវឌ្ឍន៍នៅតំបន់នេះ និងមានក្រុមហ៊ុនធំៗជាច្រើនទៀតនឹងចូលទៅតំបន់នេះនា​ពេលអនាគត ដោយសារផ្លូវថ្មីដែលគ្រោងសាងសង់នាពេលខាងមុខ ស្ថិតនៅក្នុងគំរោងផ្លូវសូត្រ ខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ភ្ជាប់ទៅកាន់ប្រទេសវៀតណាម។

អ្នកនាងបន្តថា “ខ្ញុំគិតថាតំបន់នេះ នឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត ដោយសារការសាងសង់ផ្លូវថ្មី និងគំរោងរបស់អ្នកវិនិយោគអន្តរជាតិជាច្រើន បានសម្លឹងមកកាន់តំបន់នេះ”។

ប្រជាពលរដ្ឋរស់នៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល លោកសាយឡុងបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នចលនានៃការដោះដូរដីធ្លីកំពុងកើនឡើងនៅតំបន់នេះ ហើយតម្លៃដីធ្លីបានកើនឡើងច្រើនជាងទ្វេរដង ជាក់ស្តែងដីនៅតំបន់នេះពីមុនមានតម្លៃត្រឹម៦ដុល្លារ បច្ចុប្បន្នឡោះងថ្លៃដល់១៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េរួចទៅហើយ។លោកបន្តថា ចំណែកដីស្ថិតនៅជាប់គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ បានកើនឡើងខ្ពស់ផងដែរ ដែលពីមុនមានតម្លៃក្រោម១០ដុល្លារ ឥឡូវកើនដល់ចន្លោះ១៥ទៅ២០ដុល្លារក្នុងមួយ​ម៉ែត្រការ៉េផងដែរ។

លោកបន្តថា “អ្នកចូលមកទិញដីនៅតំបន់នេះ ភាគច្រើនជាអ្នកមានជីវភាពធូរធារខ្លាំង និងជាអ្នកមានអំណាច ដោយសារពួកគេបានដឹងពីគំរោងសាងសង់ផ្លូវថ្មី និងគំរោង​អភិវឌ្ឍន៍ថ្មីៗជាច្រើនទៀត”៕

ហាង McDonald អាចមកដល់កម្ពុជាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ហាងអាហាររហ័សទាន់ចិត្តដ៏ល្បី Mc Donald’s អាចនឹងចូលមកទីផ្សារកម្ពុជា​នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ បើសិនជាការចចានាំក្រុមហ៊ុននេះមកកម្ពុជា សម្រេចបានជោគជ័យ។

តាមប្រភពព៌តមានជាក់លាក់បានឲ្យដឹងថា ការចចារនាំក្រុមហ៊ុនអាហាររហ័សទាន់ចិត្តដ៏ល្បីនេះមកកម្ពុជា កំពុងមានភាពតានតឹងផងដែរ ព្រោះក្រុមហ៊ុនដ៏ធំរបស់អាមេរិកនេះមានភាពម៉ត់ចត់ណាស់ មុនសម្រេចអនុញ្ញាត្តឲ្យមានការនាំយកយីហោរបស់ខ្លួន មកប្រតិបត្តិការនៅកម្ពុជា។ ក្រុមហ៊ុនអាហាររហ័សទាន់ចិត្ត Mc Donald’s ជាក្រុមហ៊ុនមួយ​មានភាពតឹងរ៉ឹង ក្នុងការអនុញ្ញាត្តឲ្យមានការនាំចូលម៉ាកយីហោរបស់ខ្លួន ទៅកាន់ប្រទេស​ណាមួយ។

បច្ចុប្បន្ននៅកម្ពុជាមានហាងអាហាររហ័សទាន់ចិត្តល្បីៗ ជាច្រើនបានចូលមកកម្ពុជារួចមកហើយ ដោយម៉ាកសញ្ញាខ្លះទទួលបានជោគជ័យ និងម៉ាកសញ្ញាខ្លះមិនសូវទទួ​លបានជោគជ័យនោះទេ។

ប្រភពព៌តមានបានបន្តថា ការចចារវាងក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនគ្រប់គ្រងហាងអាហាររហ័សទាន់ចិត្ត Mc Donald’s កំពុងប្រព្រឹត្តិទៅយ៉ាងតានតឹងផងដែរ ដោយ​សារក្រុមហ៊ុននេះ ត្រូវពិនិត្យលក្ខខ័ណ្ឌជាច្រើន មុនសម្រេចផ្តល់អាជ្ញាប័ណ្ណធ្វើអាជីវកម្ម​របស់ខ្លួននៅកម្ពុជា។

ទោះជាយ៉ាងណារហូតមកទល់ពេលនេះ យើងមិនទាន់ដឹងពីក្រុមហ៊ុនណាមួយ ដែលមានបំណងចង់នាំហាងអាហារនេះមកកម្ពុជានៅឡើយទេ។

ទស្សនវិទ្យារបស់ហាងអាហារហ័សទាន់ចិត្ត Mc Donald’s គឺតម្រូវឲ្យថៅកែឬអ្នកនាំ​ចូលពាណិជ្ជសញ្ញារបស់ខ្លួនមកប្រទេសណាមួយ ត្រូវចូលរួមលាងបន្ទប់ទឹកនៅក្រុមហ៊ុន​របស់ខ្លួនសិន។

ហាងអាហាររហ័សទាន់ចិត្ត Mc Donald’s បានបើកដំណើរការលើកតំបូងនៅស ហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៤០ និងបានពង្រីកហាងរហូតដល់ ៣៥,០០០កន្លែង នៅជុំវិញពិភព​លោក ដោយរកចំណូលបាន៧៧៤៥ពាន់លានដុល្លារកាលពីឆ្នាំ២០១៦៕

Mekong Harmony បុរីថ្មីមួយនឹងរំលេចខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ១

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ កំពុងទទួលបានការចាប់អារម្ម ណ៍និងគំរោងវិនិយោគជាច្រើន ដោយអ្នកវិនិយោគក្នុងស្រុក និងអឺរ៉ុបបានសម្រេចសាងសង់បុរីថ្មីមួយ ដែលគ្រោងបោះទុនវិនិយោគប្រមាណ៧លានដុល្លារអាមេរិក។

គំរោងនេះនឹងសាងសង់បែរមុខទៅមាត់ទន្លេមេគង្គក្រោម ដោយមានការរចនាម៉ូតផ្ទះតាមរចនាបទអ៊ីតាលី និងដែលមានផ្ទះសរុបចំនួន១៧វីឡា ដែលជាប្រភេទវីឡាប្រណី​ត ដោយលក់ក្នុងតម្លៃចន្លោះពី២០៦,០០០ដល់ជាង៩៩ម៉ឺនដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុន Century21 Cambodia ដែលបានក្លាយជាភ្នាក់ងារលក់ផ្តាច់មុខនៃគំរោងនេះបានឲ្យដឹងថា គំរោងវីឡាប្រណីតនេះនឹង​សាងសង់លើផ្ទៃដីជាង៧០០០ម៉ែត្រការ៉េ និងជាគំរោងវិនិយោគដោយអ្នកវិនិយោគមកពីបារាំង អ៊ីតាលី និងអ្នកវិនិយោគក្នុងស្រុក។

សេចក្តីប្រកាសបន្តថា “វាជាគំរោងវីឡាប្រណីត ដែលមាន Private Swimming Pool និងមានការឌីសាញម៉ូតផ្ទះបែបអ៊ីតាលី និងបំពាក់សម្ភារៈបរិក្ខាសុទ្ឋតែជាផលិតផល​នាំចូលមកពីប្រទេសអ៊ីតាលីផងដែរ”។

អ្វីកាន់តែគួរឲ្យចាប់អារម្មណ៍ គឺវីឡាដែលមានតម្លៃជាង៩៩ម៉ឺនដុល្លារ ដែលមានតែចំនួនពីរក្នុងគំរោងនេះ ជាប្រភេទវីឡា ដែលមានរោងកុនឯកជន មានបណ្ណាល័យ មានកន្លែងលេងស្នូកឃឺ ជាដើម។

សេចក្តីប្រកាសព៌តមានបានឲ្យដឹងទៀតថា ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍ​ថ្មី គំរោងនេះនឹងរៀបចំការសាងសង់ និងរចនាម៉ូតផ្ទះ ដោយប្រើប្រាស់ប្រព័ន្ឋសូឡាមកប្រើ​ប្រាស់ច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី និងជាការចូលរួមលើកកំពស់ការការពារបរិស្ថានផងដែរ។

គម្រោងនេះស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ភ្ជាក់ផ្អើល! សណ្ឋាគារកាំបូឌីយ៉ាណានឹងត្រូវវ៉ៃកំទេចដើម្បីសង់អាគារកំពស់៦០០ម៉ែត្រនាពេលឆាប់ៗនេះ

0

ដោយ វុត្ថា

ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលនោះទេ សណ្ឋាគារកាំបូឌីយ៉ាណាដែលកម្មសិទ្ឋរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នឹងវ៉ៃកំទេចនៅអំឡុងខែកក្កដា ឬ កញ្ញា ២០១៨ខាងមុខនេះដើម្បីសាងសង់អាគារខ្ពស់កម្ពស់ជាង៦០០ម៉ែត្រ ជាគម្រោងអាចជារបស់រដ្ឋាភិបាលកម្ពុជា។

ប្រសិនជាផែនការសាងសង់អគារថ្មីនេះ ដំណើរការជោគជ័យនោះ អគារនេះនឹងក្លាយទៅជាអគារដែលមានកម្ពស់ខ្ពស់បំផុតទី៤ក្នុងពិភពលោក។

នាពេលកន្លងមកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានចាប់ដៃគ្នាជាមួយក្រុមហ៊ុន Sun Kian Ip Group របស់ប្រទេសចិន ក៏បានប្រកាសពីផែនការការសាងសង់អគារមួយដែលមានកម្ពស់៥៦១ម៉ែត្រ នៅទីតាំងជិតទីតាំងនោះផងដែរ ពោលគឺនៅក្នុងអតីតសួនកម្សាន្ត Dream Land ក្រោមទុនវិនិយោគប្រមាណ៦០០០លានដុល្លារ។

សម្រាប់គម្រោងធំៗទាំង២នេះ ប្រសិនជាវាលេចរូបរាងឡើងប្រាកដមែននោះ នឹងក្លាយជាអគារដ៏ខ្ពស់ ដែលមានចម្ងាយជិតបំផុតពីព្រះបរមរាជវាំង និងវិមានឯករាជ្យ ដែលជាទីកម្សាន្តប្រវត្តិសាស្រ្ត និងពេញនិយមនៅក្នុងរាជធានីភ្នំពេញ។

ការវិនិយោគអគារលើសណ្ឋាគារកាំបូឌីយ៉ាណាចាស់នោះ គឺក្រុមហ៊ុន Royal Group បានសហការជាមួយក្រុមហ៊ុនមកពីប្រទេសចិន ដើម្បីអភិវឌ្ឍគម្រោងធំៗចំនួន២ នៅកម្ពុជា តែយ៉ាងណាក៏ដោយគេមិនទាន់ដឹង ពីទុនវិនិយោគជាក់លាក់នោះទេ ចំពោះការសាងសង់អគារនេះ។

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានទិញយកសណ្ឋាគារកាំបូឌីយ៉ាណាកាលពីឆ្នាំ២០០៥។ សណ្ឋាគារនេះ ជាសណ្ឋាគារទំនើបលំដាប់អន្តរជាតិដំបូងបំផុតនៅកម្ពុជា ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៦៩ ប៉ុន្តែបានបិទទ្វាទៅវិញនៅឆ្នាំបន្ទាប់ នៅពេលលោកលន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ។ សណ្ឋាគារនេះ បានបើកជាថ្មីនៅឆ្នាំ១៩៩០។

យ៉ាងណាមន្រ្តីស្និទ្ឋជាមួយអ្នកឧកញ៉ាគិត ម៉េងអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបា​ថ្លែងថា លោកមិនទាន់ដឹងពីព៌តមាននេះទេ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកសេង ឡូតបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៤ ឧសភានេះថា រដ្ឋាភិបាលបានអនុញ្ញាត្តជាគោលការណ៍ឲ្យមានការសាងសង់ អាគារកំពស់ ៦០០​ម៉ែត្រនៅទីតាំងនេះរួចហើយ ប៉ុន្តែ​រហូតមកទល់ពេលនេះ លោកមិនទាន់ឃើញមានពាក្យស្នើសុំសាងសង់អាគារនេះពីសំ​ណាក់ក្រុមហ៊ុន Royal Groupនៅឡើយទេ៕

អស្ចារ្យ! ប្រាសាទអង្គរវត្តក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោកនៅឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ គេហទំព័រទេសចរណ៍ដ៏ល្បីបំផុតនៅលើពិភពលោក Trip advisor បានចាត់ចំណាត់ថ្នាក់ប្រាសាទអង្គរវត្ត ជាគោលទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោកក្នុងឆ្នាំ២០១៨នេះ។

យោងតាមគេហទំព័រនេះ ដែលបានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីម្សិល​ម៉ិញបានឲ្យដឹងថា ក្នុងចំណោមអ្នកបោះឆ្នោតជាងបួនម៉ឺននាក់ ដែលបានចូលបោះឆ្នោតក្នុងគេហទំព័រនេះ បានជ្រើសរើសរមណីយដ្ឋានអង្គរ ជារមណីយដ្ឋានទេ​សចរណ៍ដ៏ទាក់ទាញជាងគេនៅ​ក្នុងឆ្នាំនេះ ក្នុងចំណោមរមណីដ្ឋានទេសចរណ៍នៅលើពិភពលោក​ដទៃទៀត។ គេហំទំព័រនេះបានជ្រើសរើសប្រាសាទមួយ នៅប្រទេសអ៊ីតាលីជាប់ចំណាត់​ថ្នាក់លេខ២ និងប្រាសាទតាច ម៉ាហាល់ក្នុងប្រទេសឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាគោលដៅទេសចរណ៍ទាក់ទាញក្នុងពិភពលោកផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមដំណាច់​ត្រីមាសទី១ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង៨៥ម៉ឺននាក់ កើនឡើង​ជាង១២ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា ការ​ចាត់ចំណាត់ថ្នាក់នេះ ជាការជួយច្រើនណាស់ក្នុងការផ្សព្វផ្សាយ ផ្នែកទីផ្សារ និង​កេរ្ត៍ឈ្មោះរបស់កម្ពុជា ពិសេសប្រាសាទអង្គរវត្ត ហេតុនេះនៅពេលគេលើកយើងឡើងដល់កំពូលបែបនេះ ទាំងប្រជាជន និងរដ្ឋាភិបាលរបស់យើង គួរតែធ្វើអ្វីឲ្យបានល្អថែមទៀត ស័ក្តិសមនឹងកេរ្ត៍ឈ្មោះ និងអ្វីដែលគេលើកតម្កើង។

លោកបន្តថា ក្រុងសៀមរាប មិនគួរឲ្យមានផ្លូវដីទៀតទេ ហើយគួរពង្រឹងអនាម័យ​បន្ថែមទៀត ដែលនេះជាការងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ព្រោះអាជ្ញាធរថ្នាកើជាតិបានខិតខំហើយ សម្តេចតេជោលោកបានខិតខំហើយ ហេតុនេះអាជ្ញាធរថ្នាក់ក្រោមជាតិ គួរយកចិត្តទុកដាក់លើបញ្ហានេះបន្ថែម។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌីបានសម្តែងក្តីរីករាយ​នឹងព៌តមានដ៏ល្អនេះ ហើយលោករំពឹងតាមរយៈការបោះឆ្នោតនេះ នឹងជួយទាក់ទាញ ភ្ញៀវ​ទេសចរណ៍អន្តរជាតិ នឹងមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀតនៅក្នុងឆ្នាំនេះ៕

អាគារពាណិជ្ជកម្មExchange Square តម្លៃ១០០លានដុល្លារចាប់ផ្តើមសម្ភោធ

0

ដោយ គង់ សូរិយា

ភ្នំពេញអគារពាណិជ្ជកម្ម Exchange Square តម្លៃ១០០លានដុល្លារ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ​និងវិនិយោគដោយក្រុមហ៊ុន HongKong Land បានបើកសម្ពោធជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៨នេះ។

ប្រធានប្រតិបត្តិក្រុមហ៊ុន Hongkong Land លោក Robert Wong បានលើកឡើងថា ក្រុមហ៊ុនលោកមានគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅតាមបណ្តាទីក្រុង ក្នុងទ្វីបអាស៊ីជាច្រើន ដែលទទួលបានភាពជោគជ័យ។ ដោយឡែកនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបាននិងកំពុងក្លាយជាតំបន់ហិរញ្ញវត្ថុ និងអាជីវកម្ម ដែលកំពុងលូតលាស់យ៉ាងខ្លាំងនៅក្នុងតំបន់ និងជាទីក្រុងដ៏ធំមួយដែលក្រុមហ៊ុនបានពង្រីកវត្តមាននាពេលនេះ។

លោកបន្តថា “អគារថ្មីនេះ បានក្លាយទៅជាគម្រោងអភិវឌ្ឍន៍គំរូ នៅក្នុងទីក្រុង ហើយបានទាក់ទាញការិយាល័យ និងហាងទំនិញលក់រាយនានា ពីការចាប់ផ្តើមបើកដំណើរការសាកល្បង នាខែសីហាកន្លង ឆ្នាំមុន”។

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោកប៉ែន សុផលបានថ្លែងថា ការបើកដំណើរការអាគារថ្មី មានកំពស់រហូតដល់២៦ជាន់កម្ពស់១១៧.១៥ម៉ែត្រ លើក្រឡាផ្ទៃសំណង់សរុប ៥៩.៨៤១​ម៉ែត្រការ៉េ បានឆ្លុះបញ្ចាំងអំពីការវិវត្តឈានឡើងនៃសេដ្ឋកិច្ចកម្ពុជា ពិសេសការរីកចម្រើន នៃវិស័យអចលនទ្រព្យ តាមរយៈការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យឯកជនជាដៃគូ និងបានលើកកម្ពស់តួនាទីវិស័យឯកជន ក្នុងការងារអភិវឌ្ឍអចលទ្រព្យ ធ្វើឲ្យទីផ្សារអច​លនទ្រព្យនៅកម្ពុជាមានកំណើនយ៉ាងឆាប់រហ័ស។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន​បង្ហាញថា ក្នុងឆ្នាំ២០១៧កន្លងមក ទុនវិនិយោគខាងវិស័យសំណង់ បានកើនដល់៦,៧៩៨លានដុល្លារអាមេរិក កើនឡើង២១,៨៤ភាគរយ បើធៀបនឹងឆ្នាំ២០១៦ មានទុនវិនិយោគជាង៥,៥០០លានដុល្លារអាមេរិក៕

តើនៅភ្នំពេញមានប្រជាជនរស់នៅប៉ុន្មានពាន់នាក់ក្នុងមួយគីឡូម៉ែត្រ?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលប្រជាពលរដ្ឋ ចូលមករស់នៅរាជធានីភ្នំពេញកាន់តែច្រើន ការកកស្ទះចរាចរកាន់តែអាក្រក់ និងណែនណាប់តាន់តាប់ដែលជាបញ្ហាកំពុងក្លាយជាចំណោទមួយ ប៉ុន្តែសំណួរគួរសួរថា តើទីក្រុងនេះមានប្រជាជនរស់នៅប៉ុន្មាននាក់ ក្នុងមួយគីឡូម៉ែត្រ?។

ការសិក្សាមួយធ្វើឡើងដោយក្រុមហ៊ុន CBRE Cambodia កាលពីឆ្នាំមុនបានរក ឃើញថា តង់ស៊ីតេប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានប្រជាជនរស់នៅចំនួន១៨០០នាក់ក្នុងមួយគីឡូម៉ែត្រ ខណៈទីក្រុងហូជីម៉ិញ មានប្រជាពលរដ្ឋរស់នៅ៦០០០នាក់ ទីក្រុងបាងកកចំនួន៧០០០នាក់ និងទីក្រុងរ៉ង់ហ្គូនមានតង់ស៊ីតេប្រជាពលរដ្ឋចំនួន៨០០០​នាក់ក្នុងមួយគីឡូម៉ែត្រ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា របាយការណ៍នេះបានបង្ហាញថា ទីក្រុងភ្នំពេញមានចំនួនតង់ស៊ីតេប្រជាពលរដ្ឋតិច ធៀបនឹងទីក្រុងធំៗនៅក្នុងតំបន់នេះ ប៉ុន្តែអ្វីដែលយើងឃើញមានបញ្ហា គឺការកកស្ទះចរាចរណ៍នឹងភាពមមាញឹកនៃទីក្រុងនេះ។

អ្នកនាងបន្តថា “ការបើកបរមិនគោរពច្បាប់ មិន​យល់ដឹងពីច្បាប់ និងបំពានគំនូសសញ្ញាចរាចរណ៍ ជារឿងដែលកើតឡើងច្រើននៅទីក្រុងភ្នំពេញ”។អ្នកនាងបន្ថែមថា “អា ​ជ្ញាធរពាក់ព័ន្ឋគួរយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីបញ្ចៀសភាពអាណាធិបតេយ្យលើដងផ្លូវ”។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ការគោរពច្បាប់ចរាចរណ៍ និងការចតយានយន្តដោយមានសណ្តា​ប់ធ្នាប់របៀបរៀបរយ ជារឿងគួរយកចិត្តទុកដាក់ និងដោះស្រាយបន្ទាន់ ដើម្បីកុំឲ្យរឿងនេះ​ក្លាយជាបញ្ហាសង្គមកាន់តែធ្ងន់ធ្ងរនាពេលអនាគត។

លោកបន្តថា “ការធ្វើចរាចររបស់​យានយន្តនានា និងការចតអាណាធិបតេយ្យ

កំពុងកើតមានស្ទីរគ្រប់ទីកន្លែងនៅទីក្រុងភ្នំពេញ ដែលជារឿងគួរតែយកចិត្តទុកដាក់ជាបន្ទាន់ពីសំណាក់អាជ្ញាធរ”៕

ស្វែងយល់៖ តើកម្ពុជាមានប័ណ្ណកម្មសិទ្ឋិអចលនទ្រព្យមានប៉ុន្មានប្រភេទ និងមានសុពលភាពផ្លូវច្បាប់ដូចម្តេច?

1

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដោយសារកម្ពុជាមានការផ្លាស់ប្តូររបបដឹកនាំញឹកញាប់ បានធ្វើឲ្យការចេញ​ប័ណ្ណកម្មសិទ្ឋគ្រប់គ្រងអចលនទ្រព្យ ឬវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យមានច្រើន​ប្រភេទ ទៅតាមរបបនិមួយៗ ប៉ុន្តែតើប័ណ្ណទាំងនោះមានសុពលភាពផ្លូវច្បាប់បែបណា? គេហទំព័រ Propertyarea.asia បានជួបសម្ភាសន៍ជាមួយអ្នកជំនាញ និងអ្នកប្រឡូកក្នុងវិស័យនេះជាច្រើនឆ្នាំ។

លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekongបានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ការគ្រប់គ្រងតាមរយៈប័ណ្ណសម្គាល់ ឬវិញ្ញាបនបត្រគ្រប់គ្រងអច​លនទ្រព្យនៅកម្ពុជា ពិតជាមានច្រើនប្រភេទនៅកម្ពុជា ដែលប័ណ្ណឬវិញ្ញាបនបត្រទាំងនោះមាន ដូចជា ទី១ ចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥ កម្ពុជាមានប័ណ្ណសម្គាល់អចលនទ្រព្យ ដែលគេហៅថា “ប័ណ្ណសាធារណៈរដ្ឋប្រជាមានិត​កម្ពុជា”។ ប័ណ្ណប្រភេទនេះនៅបន្សល់ទុកតិតចតួចប៉ុណ្ណោះ ក្នុងករណីម្ចាស់ដីមិនផ្លាស់ប្តូរ​ប័ណ្ណ និងភាគច្រើនស្ថិតនៅតំបន់ជនបទដាច់ស្រយាល។

ទី២ គិតចាប់ពីកំឡុងឆ្នាំ១៩៨៥ ដល់ដើមទសវត្សរ៍១៩៩០ កម្ពុជាបានផ្លាស់ប្តូរប័ណ្ណ​កម្មសិទ្ឋអចលនទ្រព្យថ្មីមួយទៀត ដែលគេនិយមហៅថា “ប័ណ្ណស្លាបមាន់” ដែលប័ណ្ណ​ប្រភេទនេះ នៅតែមានការប្រើប្រាស់រហូតដល់បច្ចុប្បន្ននេះផងដែរ។ ទី៣ ប្លង់កាន់កាប់ឬគ្រប់គ្រងអចលនទ្រព្យ ដែលមានការចេញឲ្យប្រើប្រាស់កំឡុងឆ្នាំ១៩៩៣ មកដល់បច្ចុ​ប្បន្ន (ហៅថាប្លង់ទន់) ដែលប័ណ្ណប្រភេទនេះមានការពេញនិយម ប្រើប្រាស់ច្រើនជាងគេនាពេលបច្ចុប្បន្ននេះ។

ប័ណ្ណប្រភេទនេះ មានការទទួលស្គាល់ត្រឹមអាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ និងតាមបណ្តាស្រុកនានា។

ទី៤ បច្ចុប្បន្នមានប័ណ្ណមួយទៀត ដែលហៅថាប្លង់រ៉ឹង ឬវិញ្ញាបនបត្រដែលមានការ​ទទួលស្គាល់ពីមន្រ្តីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានី ខេត្ត។ប័ណ្ណនេះមានពីរយ៉ាង ដែលខ្លះគេហៅថា L MAPនិងខ្លះទៀតហៅប័ណ្ណបំបែកក្បា​លដី។

លោកច្រឹក សុខនីមបានបន្តថា រហូតមកទល់ពេលនេះ ដើម្បីទប់ស្កាត់ទំនាស់ដីធ្លី និងប័ណ្ណនិមួយៗមានសុពលភាពផ្លូវច្បាប់ គឺពេលចុះវាស់វែងដីធ្លី តែងតែមានមន្រ្តីជំនាញ​ក្រសួងរៀបចំដែនដីចូលរួម ទោះជាធ្វើប្លង់ឬប្លង់រ៉ឹងក៏ដោយ។

លោកបន្តថា “ប័ណ្ណទាំង៥​ប្រភេទខាងលើនេះ សុទ្ឋតែមានសុពលភាពផ្លូវច្បាប់ ប៉ុន្តែដើម្បីបញ្ចៀសហានិភ័យពីការរំលោភបំពានដីធ្លី អ្នកកាន់កាប់អចលនទ្រព្យដែលមាន​ប្លង់របបសាធារណៈរដ្ឋ ប័ណ្ណស្លាបមាន់ និងប្លង់ទន់គួរតែរៀបចំឯកសាររបស់ខ្លួន ដើម្បីស្នើសុំធ្វើប្លង់រ៉ឹង ដែលមានការទទួលស្គាល់ពីមន្ទីរ និងក្រសួងជំនាញជាក់លាក់”។លោកបន្តថា ការកាន់កាប់អចលនវត្ថុអ្វីមួយ ដែលមានវិញ្ញាបនបត្រទទួលស្គាល់ច្បាស់លាស់ពី​សំណាក់អាជ្ញាធរជំនាញ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសហានិភ័យនាពេ​លអនាគត”។

ទោះជាយ៉ាងណាបច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បាន​និងកំពុងបញ្ជូនមន្រ្តីជំនាញរបស់ខ្លួន ចុះធ្វើប័ណ្ណកម្មសិទ្ឋដីធ្លីថ្មី ជូនប្រជាពលរដ្ឋនៅគ្រប់​ភូមិ ឃុំនៃបណ្តារាជធានី ខេត្តទាំង២៥បណ្តើរៗហើយ៕

ព្រមាន៖ រដ្ឋាភិបាលដកអាជ្ញាប័ណពីក្រុមហ៊ុនរុករករ៉ែចំនួន៥០

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពលបានសម្រេចដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុនរ៉ុករករ៉ែនៅកម្ពុជាចំនួន៥០អាជ្ញាប័ណ្ណ ដើម្បីជាការព្រមានដល់ក្រុមហ៊ុនផ្សេងទៀតឲ្យធ្វើអាជីវកម្មប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។

លោកម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានថ្លែងឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ នៅកម្ពុជានាព្រឹកថ្ងៃទី២៣ ឧសភានេះថា ក្រុមហ៊ុនដែលរុករ៉ែនៅកម្ពុជាបច្ចប្បន្ន មានចំនួនប្រមាណជាង៥០ក្រុមហ៊ុន ដែល​បាន​កំពុង​ដំណើរ​ការរបស់ខ្លួន ក្នុងនោះក្រុមហ៊ុនរុករករ៉ែប្រមាណជាង៥០ក្រុមហ៊ុន ត្រូវបានក្រសួងរ៉ែ និង​ថាមពល ដកអាជ្ញាប័ណ្ណមិនឲ្យធ្វើអាជីវកម្ម ព្រោះក្រុម ហ៊ុនទាំងនោះ មិនបាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​លក្ខខ័ណ្ឌ​របស់ក្រសួង។

លោកបន្តព្រមានថា “​ក្រុមហ៊ុនដែល​កំពុង​ធ្វើ​អាជីវកម្ម មិនត្រូវធ្វេសប្រហែស និងពិនិត្យឲ្យបានត្រឹមត្រូវ  ក្នុងការស្វែងរករ៉ែលោហៈ ក៏ដូចជា​រ៉ែ​អាជីវកម្ម​ផ្សងៗជាដើម  ក្នុងនោះក្រុមហ៊ុន ត្រូវមានកាតព្វកិច្ចខ្ពស់ចំពោះសង្គម សេដ្ឋកិច្ច និង​បរិស្ថាន​”។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមបានបន្ទរថា ​ក្រុមហ៊ុនដែលកំពុងរុករករ៉ែនៅកម្ពុជា ត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវ ទៅតាមប្រកាសរបស់ក្រសួង សម្រាប់​ក្រុមហ៊ុនដែលមានអាអាជ្ញាប័ណ្ណស្វែងរុករករ៉ែ ត្រូវអនុវត្តន៍តាមច្បាប់នៃការរុករករ៉ែ ក្នុងនោះ​ប្រសិន​បើ​ក្រុមហ៊ុនណាលួចធ្វើអាជីវកម្មរ៉ែខុសច្បាប់ ក្រុមហ៊ុននោះ មិនត្រូវអត់ឱនឲ្យបានដាច់ខាត ដោយ​ឈាន​ទៅដកអាជ្ញាប័ណ្ណទាំងស្រុងតែម្តង។

លោកបន្តថា ការស្វែងរករករ៉ែនេះ ការប្រើប្រាស់សម្ភារៈ ដូចជា ការ​ប្រើប្រាស់​វត្ថុដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន ការប្រើប្រាស់កាកសំណល់ជាតិពុលផ្សេងៗ ក្រុមហ៊ុននានាត្រូវរក្សាទុក​​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ បើមានការខុសឆ្គងក៏មិន មានការអព្យាស្រ័យឲ្យបាននោះដែរ ព្រោះបរិស្ថាន​មាន​សារៈសំខាន់​ណាស់ សម្រាប់ការងាររស់នៅរបស់មនុស្ស សត្វជាដើម ៕

ក្រសួងទេសចរណ៍ជំរុញឲ្យរមណីយដ្ឋាននានាពង្រឹងគុណភាពសេវាកម្ម

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានជម្រុញឲ្យបណ្តារមណីយដ្ឋាន និងសហគមន៍ទេសចរណ៍​ទាំងអស់​ ត្រូវពង្រឹងវិធានការចលនាប្រកួតប្រជែង និងប្រលងយកជ័យលាភីឆ្នើមរមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍គំរូ ខណៈ​បច្ចុប្បន្នភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិកំពុង បាននិងកំពុង​ផ្តោត​ការចាប់អារម្មណ៍លើតំបន់ទេសចរណ៍បែប​​ធម្មជាតិ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២ អមជាមួយ​ចលនា​ប្រឡងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ នៅថ្ងៃទី២៣ ខែឧសភានេះ លោកជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា បច្ចុប្បន្នកម្ពុជា​មានរមណីយដ្ឋាន​​ទេសចរណ៍ ​​សរុប​​ជិត៤០០កន្លែង ដែលបានចុះបញ្ជីផ្លូវការ និងមាន​សហគមន៍ទេសចរណ៍ និងអេកូទេសចរ​ណ៍ចំនួន៥៦កន្លែង ​​មាន​​ដាក់បញ្ចូលសកម្មភាពទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ​ណ៍ទៅទស្សនាកំសាន្ត។

លោកបន្តថា ជាទូទៅគ្រប់គោលដៅរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ព្រមទាំង​សហគមន៍​អេកូទេសចរណ៍ នៅពេលមានកម្មវិធីបុណ្យជាតិ និងថ្ងៃឈប់សំរាកម្តងៗ ក្រសួងសង្កេត​ឃើញថា មានប្រជាពលរដ្ឋ និង​​ភ្ញៀវទេសចរ​​រាប់លាននាក់បានដើរកំសាន្ត​ នៅ​តាម​រមណីយដ្ឋាន​ទូទាំងប្រទេស ពិសេសថ្ងៃឈប់សំរាកក្នុង​​ឱកាសពិធីបុណ្យ​​ភ្ជុំបិណ្ឌ​​នាឆ្នាំកន្លងមក មានភ្ញៀវទេសចរចេញ ដើរកំសាន្តសរុបប្រមាណ ជាង១លាននាក់ ពិធីបុណ្យអុំទូកសរុបប្រមាណ៤​​លាននាក់ បុណ្យឆ្លងឆ្នាំសាកលជាង ៩០ម៉ឺននាក់ និងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមានភ្ញៀវប្រមាណ៤,៨លាន​​នាក់ បានដើរកំសាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។

លោកជា បូរាបានបន្តថា ការជំរុញអោយគ្រប់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍​​ ពង្រឹង​​ចលនាប្រលងប្រណាំងគ្នានោះ ចង់ឲ្យគ្រប់គោលដៅកន្លែង  ផ្តល់សេវាទេសចរណ៍ ត្រូវរួមគ្នារក្សាភាពស្អាត គ្មានសំរាម និង​​ចូលរួមគាំទ្រដល់ចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ  និងឃោសនា​​ផ្សព្វ​​ផ្សាយទេសចរណ៍ កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ  ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។

លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា សហគមន៍ទេសចរណ៍នៅតាមមូលដ្ឋាន បានរៀបចំកាន់តែល្អប្រសើរជាងមុន ប៉ុន្តែទាមទារឲ្យ​មានការពង្រឹងបន្ថែមទៀត លើគុណភាពម្ហូបអាហារ គុណភាពសេវាកម្ម និងគួរពង្រឹងនូវ​ស្តង់ដាអនាម័យ បរិស្ថានឲ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញ និងទាញបាននូវផល​ប្រ​យោជន៍ដល់សហគមន៍មូលដ្ឋាន បានកាន់តែច្រើនថែមទៀតពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

លោកបន្តថា “ការទៅទស្សនាកំសាន្តនៅតាមសហគមន៍ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍នានា មិនត្រឹមតែអាចផ្តល់ចំណូលដល់សហគមន៍មូលដ្ឋានដោយផ្ទាល់ និងប្រយោលនោះទេ ប៉ុន្តែក៏រួមចំណែកផ្តល់ចំណេះដឹង ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ”៕