ខ័ណ្ឌចំនួនពីរនៃតំបន់ភាគពាយព្យក្រុងភ្នំពេញ កាន់តែមានសក្តានុពល

0

ដោយ រតនៈ

ភ្នំពេញ៖ ខ័ណ្ឌចំនួនពីរនៃតំបន់ភាគពាយ័ព្យ ទីក្រុងភ្នំពេញបាននិងកំពុងបង្ហាញសក្តានុពល ពីដីវាលស្រែ និងដីទំនាប ប្រែក្លាយជាតំបន់លំនៅដ្ឋាននិងពាណិជ្ជកម្មយ៉ាងរសរវើក។

ទំនោរនៃការអភិវឌ្ឍនេះ បានធ្វើឲ្យតំបន់ដែលស្ថិតក្នុងខ័ណ្ឌសែនសុខ និងខ័ណ្ឌឬស្សីកែវ កំពុងមានសភាពរសរវើក និងសក្តានុពលពាណិជ្ជកម្មស្ទើរមិនគួរឲ្យជឿ ជាក់ស្តែងផ្សារទំនើប អ៊ីអន ២ និងផ្សារម៉ាក្រូ ក៏បានបង្ហាញវត្តមាននាតំបន់ពាយព្យនេះដែរ ដែលបង្ហាញអោយឃើញថា តំបន់នេះផ្ទាល់ពិតជា បានស្រូបទាញនិងមានឥទ្ធិពល សម្រាប់ការធ្វើពាណិជ្ជកម្ម វាជាអំណោយផល ទៅដល់គម្រោងអភិវឌ្ឍអចលនទ្រព្យផ្សេងៗ នាតំបន់នោះផងដែរ។

​ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងអភិវឌ្ឍអចលនទ្រព្យជាច្រើន បានមកបោះទុនវិនិយោគក្នុងតំបន់នេះ។ សម្រាប់គម្រោង ដែលនៅជិតតំបន់សក្តានុពល ជាមួយតម្លៃសមរម្យ និងគួរអោយចង់រស់នៅ ដែលស្របជាមួយបរិយាកាសស្រស់ស្រាយបែបធម្មជាតិពណ៌បៃតង ក៏មិនសូវមានច្រើនដែរ ប៉ុន្តែមានគម្រោងដ៏លេចធ្លោមួយ ដែលមានចំងាយត្រឹមតែ៥នាទី មិនឆ្ងាយប៉ុន្មានពីតំបន់ពាណិជ្ជកម្មខាងលើ ដែលជាគម្រោងអភិវឌ្ឈ​ន៍របស់បុរី ប៉េង ហួត និង ជាបុរីឈានមុខគេមួយក្នុងប្រទេសកម្ពុជា។

គម្រោងបុរីប៉េង ហួត ដឹស្តា ព្រីមៀរ៍ ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង២២  របស់បុរី ប៉េង ហួត ក៏មានវត្តមានក្នុងតំបន់ពាយព្យ ដ៏មានសក្តានុពលនេះដែរ  ដែលមានប្រភេទផ្ទះ និងវីឡាជាច្រើនម៉ូត ដូចជា វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែងទំនើប ពោរពេញទៅដោយ រចនាបទបែបអឺរ៉ុប និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួចជាស្រេច សម្រាប់បំពេញតម្រូវការអតិថិជនដែលរស់នៅក្នុងបុរីនេះ រួមមាន ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ធំទូលាយ សួនច្បារ សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹក និង ATM ម៉ាស៊ីនជាដើម។

ក្រៅពីផ្តល់បរិយាកាសស្រស់ស្រាយ និងលំនៅដ្ឋានប្រណីត ក្រុមហ៊ុនបុរីប៉េង ហួតគ្រុបក៏បានគិតគូរពីសេវាកម្ម ដើម្បីផ្តល់ឲ្យអ្នករស់នៅក្នុងបុរីមានផាសុខភាព ជាមួយសេវាកម្មសម្បូរបែបផងដែរ។ ជាក់ស្តែងនៅក្នុងគម្រោងនេះក៏មានជាផ្សារ Aeon Max Value ជាមួយនឹងជំរើសទំនិញជាច្រើនប្រភេទ ព្រមទាំងផលិតផលមានគុណភាពខ្ពស់ អតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកនូវទំនិញចាំបាច់ សំរាប់ប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ នៅក្បែគេហដ្ឋានផ្ទាល់តែម្តង សម្រាប់អតិថិជន ដែលរស់នៅក្នុងគម្រោងផ្ទាល់ និង ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះផងដែរ។

បុរីប៉េង ហួត ដឹស្តាព្រីមៀរ៍ តាមបណ្តោផ្លូវ៥៩៨ (ផ្លូវជា សុផារ៉ា) ភាគពាយ័ព្យ នៃរាជធានីភ្នំពេញ ដែលជាតំបន់អភិវឌ្ឍក្នុងប្លង់មេរបស់សាលារាជធានីភ្នំពេញ  ដូច្នេះហើយទើបតំបន់នេះ ទទួលបានការវិនិយោគកាន់តែខ្លាំង ដើម្បីក្លាយជាទីក្រុងរណបក្នុងពេលឆាប់ៗនេះ។

ចង់បានគេហដ្ឋានក្នុងតំបន់ខាងលើ បុរីប៉េង ហួតដឹស្តាព្រីមៀរ៍ ជាជម្រើសល្អសម្រា​ប់​លោកអ្នក។ ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ៖ 016/017/098 59 6789, Email: [email protected] ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth៕

ចង់ដឹងទេថា ក្រុមហ៊ុនអចលនទ្រព្យចំនួន៨ បានទទួលពានរង្វាន់ពីសហរដ្ឋអាមេរិក?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនបំរើសេវាកម្មទិញលក់ និងវាយតម្លៃអចលនទ្រព្យចំនួន៨បា​ន​​ទទួលពានរង្វាន់ពីសហរដ្ឋអាមេរិក ដែលជាការទទួលស្គាល់លើការផ្តល់សេវាកម្ម ប្រ​កបដោយទំនុកចិត្តពីអតិថិជនជាតិ និងអន្តរជាតិ។

ក្រុមហ៊ុនទាំង៨នោះរួមមាន ក្រុមហ៊ុន Century21 Mekong ដែលមានលោក ច្រឹក សុខនីម ជាអគ្គនាយក, ក្រុមហ៊ុន Century21 Dream Property ដែលមានលោក គាម សៀកឡុង ជាអគ្គនាយក, ក្រុមហ៊ុន Century21 Advanced Property ដែលមានលោក ឡុង គីមសួរ ជាអគ្គនាយក, ក្រុមហ៊ុន Century21 Fuji Realty ដែលមានលោក អ៊ុក ឆេងលី ជាអគ្គនាយក, ក្រុមហ៊ុន Century21 Regent Realty ដែលមានលោក Yeh Chen Shu ជាអគ្គនាយកជាដើម។

ក្នុងពិធីអបអរសាទរសម្រាប់វឌ្ឍនភាពនៃក្រុមហ៊ុននេះ អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បាន​អបអរសាទរចំពោះសមិទ្ឋិផល ដែលមហាគ្រួសារក្រុមហ៊ុន Century21 ទំាង៨ការិយាល័យប្រចាំកម្ពុជា ដែលសម្រេចបាននូវសមិទ្ឋិផលរបស់ខ្លួន និងបានទទួលពីក្រុមហ៊ុនដ៏ធំ Century21 នៅសហរដ្ឋអាមេរិក។

អ្នកនាងបន្តថា “វាជាកិត្តិយសសម្រាប់ក្រុមហ៊ុន និងសម្រាប់ប្រទេសរបស់យើងដែលក្រុមហ៊ុនទាំងនេះបានបំពេញការងារយ៉ាងសកម្ម និងបានបង្វឹកភ្នាក់ងារបស់យ៉ាងជោគជ័យ ក្នុងការបំរើសេវាកម្មដ៏ល្អដល់ម្ចាស់ទ្រព្យអ្នកទិញ និងអ្នកវិនិយោគ”។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century21 Cambodia លោក គុយ វ៉ាត បានថ្លែងថា អ្វីដែលយើងបានប្រឹងប្រែងរយៈពេលជាង៣ឆ្នាំមកនេះ យើងទទួលបានលទ្ឋផលមិនធំពេកទេ តែយើងបាននាំមុខក្នុងទីផ្សារនៅកម្ពុជា ហើយប្រសិនជាយើងខិតខំប្រឹងប្រែងរយៈពេលពីរបីឆ្នាំទៀត ក្រុមហ៊ុននេះនឹងមិនមានអ្នកណា តាមទាន់នៅក្នុងទីផ្សារនោះទេ។

លោកបន្តថា “ការផ្តល់សេវាកម្មមានគុណភាពមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ទំនុកចិត្តដល់ទីផ្សារ ផ្តល់ទំនុកចិត្តដល់អ្នវិនិយោគជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកអភិ​វឌ្ឍន៍ក្រុមហ៊ុនរបស់យើង និងប្រទេសជាតិរបស់យើង”។ លោកបន្តថា “ការសម្រេចបាន​ពានរង្វាន់នៃក្រុមហ៊ុនទាំង៨ បានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់យើង និងទំនុកចិត្តរបស់អតិថិជនចំពោះក្រុមហ៊ុនរបស់យើង”។

លោកគុយ វ៉ាតបានបន្តថា ជាភ្នាក់ងារអចលនទ្រព្យ យើងត្រូវខិតខំធ្វើការងារ និងផ្តល់សេវាកម្មប្រកបដោយគុណភាព ស្មោះត្រង់ជាមួយអតិថិជន ព្រោះយើងក៏អាចប្រែក្លាយខ្លួនពីភ្នាក់ងារអចលនវត្ថុ ទៅជាអ្នកវិនិយោគ ព្រោះនៅសហរដ្ឋអាមេរិក ភ្នាក់ងារអចលនទ្រព្យខ្លះបានក្លាយជា​សេដ្ឋី និងមានលំនៅដ្ឋានច្រើន ដូច្នេះភ្នាក់ងារអចលនវត្ថុកម្ពុជារបស់យើង ក៏អាចធ្វើបាន​ដែរ៕

តើអាគារទីស្នាក់ការអង្គការសហប្រជាជាតិ សាងសង់នៅឆ្នាំណា និងមានប្រវត្តិយ៉ាងដូចម្តេច?

0

ដោយ វុត្ថា

ភ្នំពេញ៖ អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង ក្រោយចប់សង្រ្គាមលោកលើកទី២ ដោយមហាអំណាចចំនួន៥ រួមមាន សហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន និងប្រទេសរុស្ស៊ី ដែលបានដាក់ការិយាល័យកណ្តាលនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

តើការិយាល័យអង្គការសហប្រជាជាតិ មានអ្វីជាអាថ៌កំបាំង គេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា Propertyarea.asia សូមលើកយកព៌តមានត្រួសៗ ទាក់ទងនឹងអាគារទីស្នាក់ការកណ្តាល របស់អង្គការមានអំណាចបំផុតនៅលើពិភពលោកនេះមកបង្ហាញ។

អាគារអង្គការសហប្រជាជាតិ (United Nation) គឺជាអាគារខ្ពស់កប់ពពកដែលមានកម្ពស់១៥៤ម៉ែត្រ និងជាថ្នាក់ការកណ្តាលនៃការិយាល័យអង្គការសហប្រជាជាតិដែលស្ថិតនៅក្នុងតំបន់Turble Bay ក្នុងរដ្ឋម៉ានហាតាន់នៅក្នុងទីក្រុងញូវយ៉ក។ ទីតាំងការិយាល័យកណ្តាលនៃអង្គការនេះ ត្រូវបានគេចាត់ទុកថា ជាទឹកដីរបស់អង្គការសហប្រជាជាតិ ទោះបីជាវានៅតែជាផ្នែកមួយ នៃទឹករបស់សហរដ្ឋអាមេរិកក៏ដោយ។

អគារនេះផងដែរ គឺជាអគារខ្ពស់កប់ពពកមុនដំបូងគេងបង្អស់នៅទីក្រុងញូវយ៉ក ដែលប្រើប្រាស់ជញ្ជាំងបាំងជុំវិញអាគារនេះដូចវាំងនន។

អាគារនេះ បានពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ១៩៤៨ ។ក្រុមហ៊ុនចំនួន៤បានចុះកិច្ចសន្យាសាងសង់មកពីរដ្ឋ Manhattan និង Queens ត្រូវបានជ្រើសរើសឱ្យសាងសង់នូវអគារនេះ ក្នុងកិច្ចសន្យាទឹកប្រាក់ប្រមាណ ៣០លានដុល្លារអាមេរិក។

អគារអង្គការសហប្រជាជាតិមាន៣៩ជាន់នេះ បានសាងសង់បញ្ចប់នៅក្នុងឆ្នាំ១៩៥២ ។អគារនេះត្រូវបានរចនាឡើង ដោយស្ថាបត្យករជនជាតិប្រេស៊ីល​គឺលោក Oscar Niemeyer និងស្ថាបត្យករជនជាតិស្វីសកាត់បារាំងលោក Le Corbusier ។ អាគារនេះត្រូវបានតភ្ជាប់អគារសន្និសីទ ដែលស្ថិតនៅភាគខាងជើងដែលជាកន្លែង រៀបចំមហាសន្និបាតក្រុមប្រឹក្សាសន្ដិសុខ និងបណ្ណាល័យមួយនៅភាគខាងត្បូង។ អគារនេះ មានតួនាទីជាការិយាល័យរដ្ឋបាលរបស់អង្គការសហប្រជាជាតិ រួមទាំងភារកិច្ចប្រចាំថ្ងៃ ដូចជា កន្លែងហិរញ្ញវត្ថុ និងបកប្រែ។ ផ្នែកមួយនៃអគារអង្គការសហប្រជាជាតិ គឺស្ថិតនៅក្រោមកិច្ចព្រមព្រៀងរវាងអង្គការសហប្រជាជាតិ និងប្រទេសម្ចាស់ផ្ទះរបស់ខ្លួនគឺសហរដ្ឋអាមេរិក។

អគារលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ត្រូវបានគេកែលម្អឡើងវិញនៅខែ ឧសភាឆ្នាំ២០១០ ហើយបានបើកអោយដំណើរការឡើងវិញ នៅខែកក្កដាឆ្នាំ២០១២។ នៅថ្ងៃទី ២៩ ខែតុលាឆ្នាំ២០១២ដដែលនេះ បន្ទប់ក្រោមដីនៃបរិវេណអគារនេះ  ត្រូវបានជន់លិចដោយសារព្យុះHurricane Sandy ដែលនាំទៅដល់ការបិទការរិយាល័យរយៈពេល៣ថ្ងៃ និងការផ្លាស់ប្តូរការិយាល័យជាច្រើន។

រចនាបទនៃអគារនេះ បានចម្លងមកពីទីស្នាក់ការកណ្តាលរបស់ក្រុមប្រឹក្សា South Lanark shire នៅក្នុងរដ្ឋHamilton ប្រទេសស្កុតឡែន ដែលត្រូវបានគេស្គាល់ថាជា “អគារខោនធី”៕

តើធ្វើដូចម្តេច ដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យជោគជ័យ?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការក្លាយជាភ្នាក់ងារអចលនទ្រព្យមានគុណតម្លៃ និងទទួលបានជោគជ័យ មិនមែនជារឿងសាមញ្ញពេកនោះទេ ខណៈអាជីពនេះកំពុងទទួលបាន​ជោគជ័យ និងមានតម្លៃកាន់តែខ្ពស់នៅក្នុងសង្គម។

នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បាន​មានប្រសាសន៍ថា ការធ្វើជាភ្នាក់ងារអចលនទ្រព្យ ដែលទទួលបានជោគជ័យ ភ្នាក់ងារនោះ ត្រូវមានគុណសម្បត្តិចំនួន៦ចំណុច ដូចជា សុច្ចរឹតភាព ភាពស្មោះ​ត្រង់ ចំណេះដឹង ជំនាញជាក់លាក់ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងធ្វើការ​ដោយឆ្លាតវៃ។លោកបន្តថា អ្វីសំខាន់បន្ថែមទៀត គឺអ្នកចង់ក្លាយជាភ្នាក់ងារអចល​ន​ទ្រព្យ ត្រូវខិតខំបង្វឹកខ្លួនឯង ប៉ុន្តែសំខាន់បំផុតគឺមានសុច្ចរឹតភាព និងភាពស្មោះ​ត្រង់ ទើបទទួលបាននូវគុណតម្លៃ និងទទួលជោគជ័យក្នុងអាជីពនេះ។

អ្នកនាងបន្តថា “អតិថិជននឹងជឿជាក់លើគាត់ ប្រសិនជាគាត់មានសុច្ចរឹតភាព និងភាពស្មោះត្រង់ ប៉ុន្តែអ្នកមានចំណុចពីរនេះ ពិបាករកណាស់ ហេតុនេះខ្ញុំលើកទឹកចិត្តឲ្យអ្នកចង់ប្រឡូកក្នុងវិស័យនេះ ត្រូវគិតពីផលរយៈពេលវែង”។អ្នក​នាងបន្តថា “ក្រៅពីចំណុចទាំងពីរខាងលើ ចំណេះដឹងផ្សេងទៀត គឺយើងអាចប ង្វឹកបាន ប៉ុន្តែសុច្ចរឹតភាព និងភាពស្មោះត្រង់ត្រូវចេញពីខ្លួនរបស់គាត់”។

ការមានចំណេះដឹងជាតិ អន្តរជាតិ យល់ដឹងទាក់ទងពីទីផ្សារ ច្បាប់ ប្លង់អចលនទ្រព្យច្បាស់លាស់ នឹងធ្វើឲ្យអតិថិជនជឿជាក់លើគាត់ ព្រោះនៅពេលអតិថិជនជឿជាក់លើគាត់ ពួកគេនឹងមានទំនុកចិត្ត និងមានទំនាក់ទំនងល្អ ហើយ​ពេលណាម្ចាស់អចលនទ្រព្យជឿជាក់លើគាត់ ពួកគេនឹងទទួលបានជោគជ័យក្នុ​ងអាជីពនេះ។ អ្នកនាង Grace Rachny Fong បញ្ជាក់ឲ្យដឹង។

អ្នកនាងបន្ថែមថា “អាជីពនេះមិនត្រឹមតែធ្វើឲ្យគាត់មានលុយទេ ប៉ុន្តែក៏មានគុណតម្លៃខ្ពស់នៅក្នុងសង្គមផងដែរ”។

នៅប្រទេសជប៉ុន ពួកគេផ្តោតលើធនធានមនុស្ស ដែលមានសុច្ចរឹតភាព ដើម្បីកសាងទំនុកចិត្តក្នុងទីផ្សារ និងមានការផ្តល់សេវាកម្មលើសការរំពឹងទុក។

អ្នកនាង Grace Rachny Fong បានទទូចថា “ប្រសិនជាចង់ចាប់អាជីពនេះឲ្យមានអនាគតល្អ និងមានជោគជ័យ អ្នកចង់ចាប់អាជីពនេះត្រូវគិតគូរវែងឆ្ងាយ ជា​ជាងគិតបែបឆក់កណ្តៀត”៕

ចំណេះដឹង៖ វិនិយោគលើអាផាតម៉ិន ឬសណ្ឋាគារមូយណាល្អជាង?

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ នៅពេលនិយាយពីអ្នកមានប្រាក់ ពួកគេតែងតែគិតពីការវិនិយោគ ដើម្បីទទួលបានផលចំណេញ និងភាពជោគជ័យសម្រាប់រយៈពេលវែងរបស់ពួកគេ ហេតុនេះការវិនិយោគលើវិស័យអាផាតម៉ិន និងសណ្ឋាគារមួយណាមានផល​ចំណេញជាង? ជាអ្វីដែលជាសំណួរចាក់ដោតមួយ។

លោកឧកញ៉ា នួ​ន រិទ្ឋី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែលបាននិងកំពុងវិនិយោគលើអាផាតម៉ិន KFA នៅតំបន់បឹងត្របែកបានថ្លែងឲ្យ​ដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគលើអាផាតម៉ិន និងសណ្ឋាគារជាការវិនិយោគសម្រាប់រយៈពេលវែងដូចគ្នា និងមានភាពវិជ្ជមានខុសៗគ្នា អាស្រ័យលើ អ្នកវិនិយោគនិមួយៗជ្រើសរើស ប៉ុន្តែសម្រាប់ទស្សននិងការយល់ឃើញរបស់​លោកផ្ទាល់ គឺការវិនិយោគលើអាផាតម៉ិនមានភាពងាយស្រួលជាង។

លោកបន្តថា ការវិនិយោគលើអាផាតម៉ិន ជាការវិនិយោ​គគិតពីរយៈពេលវែង និងសម្រាប់អ្នកចង់មានសេរីភាពហិរញ្ញវត្ថុ ឬចូលនិវត្តន៍ពី​ការងារវ័យក្មេង ព្រោះអាផាតម៉ិនទទួលបានចំណូលទៀតទាត់ និងស្ងាត់ស្ងៀម ជាងវិនិយោគលើសណ្ឋាគារ។ ការវិនិយោគលើអាផាតម៉ិន មិនសូវត្រូវការសេវាកម្មច្រើនពេកនោះទេ គឺប្រើប្រាស់បុគ្គលិកតិច និងងាយស្រួលគ្រប់គ្រង។

ចំណែកការវិនិយោគលើសណ្ឋាគារ ជាការវិនិយោគរយៈពេលវែងដូចគ្នា ទទួលបាន​ចំណូលច្រើនផងដែរ ប៉ុន្តែសណ្ឋាគារត្រូវមានសេវាកម្មច្រើនជាងអាផាតម៉ិន ដូចជា ត្រូវមានបន្ទប់ប្រជុំ មានភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងមានការប្រើប្រាស់បុគ្គលិកច្រើនជាងអាផាតម៉ិន ពិសេសត្រូវផ្តោតលើការរក្សានូវផាសុខភាព ភាពកក់ក្តៅ និងសុ​វត្ថិភាពដល់ភ្ញៀវជាចម្បង។ ផ្ទុយទៅវិញអាផាតម៉ិន មិនចាំបាច់មានភោជនីយដ្ឋា​ន សាលប្រជុំ ឬប្រើប្រាស់បុគ្គលិកច្រើននោះទេ។

លោកឧកញ៉ាបានបន្តថា“ទោះជាយ៉ាងណាការវិនិយោគលើសណ្ឋាគារ ទទួ​លបា​នប្រាក់ចំណូលច្រើនប្រចាំថ្ងៃ ប្រសិនជាសណ្ឋាគារនោះដំណើរការដោ​យជោគជ័យ”។លោកបន្តថា “ហេតុនេះការវិនិយោគលើអាផាតម៉ិន និងសណ្ឋា​គារល្អម្យ៉ាងម្នាក់ ប៉ុន្តែការវិនិយោគលើសណ្ឋាគារ ទាមទារឲ្យម្ចាស់មានភាពមមា​ញឹក​ច្រើន”។

លោក Michael S. Nhim ប្រធានក្រុមអ្នកវិនិយោគនៃក្រុមហ៊ុន SIDO Groupដែលជាក្រុមហ៊ុនវិនិយោគលើគំរោងជាច្រើននៅក្នុងតំបន់ និងបណ្តាប្រទេសនានាបានថ្លែងថា សម្រាប់ទស្សននិងការយល់ឃើញ ព្រមទាំងបទពិសោធន៍របស់លោក លោកគិតថាការវិ​និយោគលើវិស័យអាផាតម៉ិន ជាការវិនិយោគមានភាពឆ្លាតវៃ និងរកលុយបានច្រើនយ៉ាង​ស្ងៀមស្ងាត់ និងមិនសូមវចំណាយពេលច្រើន និងបុគ្គលិកច្រើនដូចសណ្ឋាគារនោះទេ។

លោកបន្តថា “ការវិនិយោគលើសណ្ឋាគារ ត្រូវចំណាយពេលច្រើនលើប្រតិបត្តិការ លើបុគ្គលិក និងសេវាកម្មជាច្រើន ប៉ុន្តែវិនិយោគលើអាផាតម៉ិន ជាការវិនិយោគដែលមាន​ភាពឆ្លាតវៃ  និងនៅតែមានឳកាសជោគជ័យច្រើន”៕

ចង់ដឹងទេថា កម្ពុជាមានប្រេងប៉ុន្មានដែលអាចទាញយកបាន?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួង​រ៉ែ និង​ថាមពល​បានបង្ហើបឲ្យដឹងថា ​កម្ពុជា​ បាន​រក​ឃើញ ​តំបន់​មាន​ប្រេងកាត​ទាំង​នៅក្នុង​សមុទ្រ ​និង​លើគោកមាន​ចំនួន​២៥​ប្លុក​ ដែល​អាច​ផលិត​ប្រេង​បាន​ចំនួន​៥​លាន​តោន​ក្នុង​មួយឆ្នាំៗ​។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា​ កម្ពុជា​នឹងទទួលបានដំណក់ប្រេងតំបូង នៅប្លុកអេនាឆ្នាំ២០១៩ខាងមុខ ដែលក្រុមហ៊ុនKRISENERGYរបស់​សិង្ហបុរី កំពុងរៀបចំក្នុងការទាញយក។ លោកបន្តថា តំប ន់ប្លុកអេអាច​ផលិត​ប្រេងបាន​៣១​លាន​បារ៉ែល ​នៅ​ដំណា​ក់កាល​ទី​១ ក្នុង​ប្លុក​A និង​ប្លុក​B ខណៈ​ប្លុក​C ក្រុមហ៊ុន​ម៉ាឡេស៊ីកំពុង​សិក្សា​ស្រាវជ្រាវ​ និង​ប្លុក​ផ្សេងទៀត​មាន​ក្រុមហ៊ុន​ បរទេស​កំពុង​ដាក់​ពាក្យសុំ​រុករក​បន្ថែ​ម​។

លោក​​បាន​បន្តថា តំបន់​ប្រេង​នៅ​សមុទ្រ​ គឺមាន​ចំនួន​៦​ប្លុក គឺ​ប្លុក A.B.C.​D.​E និង​ប្លុក​F ប៉ុន្តែ​ប្លុក A និង​ប្លុក​B នឹង​ចាប់​ផ្តើម​ផលិត​នៅ​ឆ្នាំ​២០១៩ ​ខាងមុខនេះ​ ដោយ​ក្រុមហ៊ុន​ KRISENERGY របស់​ប្រទេស​សិង្ហបុរី ដែល​អាច​ផលិត​បាន​នៅ​ដំណាក់កាល​ទី​១ ​បាន​ចំនួន​៣១​លាន​បារ៉ែល​ ហើយ​ប្លុក​C មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី កំពុង​សិក្សា​ស្រាវជ្រាវ​ និង​ប្លុក​មួយ​ចំនួនទៀត​មាន​ក្រុមហ៊ុន​ផ្សេង​កំពុង​ដាក់​ពាក្យសុំ​រុករក​ ស្រាវជ្រាវ​នា​ពេល​ឆាប់ៗ​នេះ​ផងដែរ​។

ចំណែក​តំបន់​ប្រេង​នៅ​លើ​គោក​វិញ គឺ​បាន​រកឃើញ​នៅ​ខេត្តកំពង់ធំ ដោយមាន​ចំនួន​១៩​ប្លុក​ ក៏ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ប៉េ​ត្រូ ​របស់​វៀតណាម​​កំពុង​បាន​ដាក់​ពាក្យសុំ​សិក្សា​ស្រាវជ្រាវ​ និងប្លុកប្រេង​ចំនួន​១៨​ប្លុក​ទៀត​គឺ​ពុំទា​ន់​​មាន​ក្រុមហ៊ុន​ណាមួយ​ស្ម័គ្រចិត្ត​ទាន់​ចូល​នោះឡើយ​។

លោក​ស៊ុយ សែម បាន​លើកឡើងថា អាជ្ញាធរ​នឹង​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ងាយស្រួល​ដល់​ការ​ដឹកជញ្ជូន​ ហើយនឹង​ធ្វើ​បំពង់​បង្ហូរ​ប្រេង​ពី​ខេត្ត​ព្រះសីហនុ​ មក​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ធំៗ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ផងដែរ​។​ ហើយ​នៅ​ដើមឆ្នាំ​២០១៨ ​ខាងមុខនេះ ក្រសួង​រ៉ែ ​និង​ថាមពល ​នឹងដាក់​សេចក្តីព្រៀងច្បាប់ ​ស្តីពី​ប្រេងកាត​នៅ​កម្ពុជា ​ជូនទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​និង​អនុម័ត​។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា ការទទួលបានផលប្រេង ជារឿងល្អសំ​រាប់កម្ពុជា ដែលអាចមានលទ្ឋភាពទាញយកមកប្រើប្រាស់ និងអភិវឌ្ឍន៍ប្រទេស​យើងបន្ថែមទៀត ប៉ុន្តែកម្ពុជានាពេលបច្ចុប្បន្ន កំពុងមានភាពទន់ខ្សោយផ្នែក ក្របខ័ណ្ឌច្បាប់គតិយុត្តិនានា ដើម្បីធ្វើឲ្យប្រាកដថា ប្រាក់ដែលទទួលបានពីធន​ធាន​ប្រេ​ង នឹងត្រូវយកទៅប្រើប្រាស់ឲ្យមានតម្លាភាព និងប្រសិទ្ឋភាពខ្ពស់សម្រា​ប់​យកមកអភិវឌ្ឍន៍ប្រទេសជាតិ៕

តម្លៃសិក្សាជំនាញអចលនទ្រព្យត្រូវបានបង្ហាញជាផ្លូវការ

1

ដោយ រ៉ាវី

ភ្នំពេញ៖ ប្រសិនបើមិនមានការប្រែប្រួលនោះទេ វគ្គបង្រៀនជំនាញអចលនទ្រព្យលើកដំបូង ដែលសហការគ្នារវាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ជាមួយនិងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០១៨ ខាងមុខនេះហើយ។

លោកបណ្ឌិត គឹម ហ៊ាង ប្រធានសមាគមវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា មានប្រសាសន៍ ក្នុងកម្មវិធីសិក្ខាស្តីពី កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអចលនទ្រព្យ នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះថា បើប្រៀបធៀបតម្លៃសិក្សា វគ្គបណ្តុះបណ្តាញជំនាញវិជ្ជាជីវៈអចលទ្រព្យ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ជាមួយវគ្គសិក្សាអចលនទ្រព្យផ្សេងៗ នៅក្រៅប្រទេសមានតម្លៃខុសគ្នាឆ្ងាយដូចមេឃនឹងដី។

លោកបន្តថា វគ្គបណ្តុះបណ្តាលអចលនទ្រព្យនៅកម្ពុជាលើកដំបូងនេះ មានតម្លៃប្រមាណតែ២៦០ដុល្លារប៉ុណ្ណោះក្នុងមួយវគ្គ ហើយបើប្រៀបធៀបជាមួយប្រទេសជិតខា​ងដូចជា ប្រទេសម៉ាឡេស៊ី សឹង្ហបុរីជាដើម យើងត្រូវចំណាយប្រាក់តិចបំផុតក៍2000ដុល្លារ សម្រាប់ចំណាយលើការសិក្សាត្រឹមរយៈពេល៣ថ្ងៃ ហើយបើនៅអ៊ីរ៉ុបដូចជាសហរដ្ឋអាមេរិកវិញ ពេលយើងចេញទៅរៀនមួយលើកៗ ចាយលុយមិនតិចជាងមួយម៉ឺនដុល្លារនោះទេ។

តម្លៃ២៦០ដុល្លារនេះ គឺជាកញ្ចប់សម្រាបរៀនរយៈពេល៧៥ម៉ោង រួមបញ្ចូលទាំងការសិក្សា នៅក្នុងសាលានិងការធ្វើទស្សនកិច្ចសិក្សា ទៅមើលគម្រោងលក់អចលនវត្ថុផ្សេងៗ ដើម្បីផ្តល់ជាបទពិសោធន៍សម្រាប់សិក្ខាកាម។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា វគ្គរយៈពេល៧៥ម៉ោងនេះ មានបញ្ចូលមេរៀនសំខាន់ៗ ដូចជា បណ្តុះបណ្តាលលើក្របខណ្ឌច្បាប់ពាក់ព័ន្ឋអចលនវត្ថុ មូលដ្ឋានគ្រឹះច្បាប់ភូមិបាល មូលដ្ឋានគ្រឹះអចលនវត្ថុ មូលដ្ឋានគ្រឹះគណនេយ្យ មូលដ្ឋានគ្រឹះទីផ្សារ និងជំនាញចរចារលក់អចលនទ្រព្យជាដើម។ល៕

ផលិតផលគ្រឿងសំអាងដ៏ល្បីឈ្មោះម៉ាក LIV White Diamond បង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ

0

បន្ទាប់ពីបានបង្ហាញខ្លួន និងចរាចរណ៍យ៉ាងទូលាយនៅលើទីផ្សារតាមបណ្តាប្រទេសមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ  បច្ចុប្បន្ន ផលិតផលថែរក្សាសម្ផស្ស និងគ្រឿងសំអាងដ៏ល្បីឈ្មោះប្រចាំនៅក្នុងប្រទេសថៃ ម៉ាក LIV White Diamond ចាប់ផ្តើមមានវត្តមាននៅកម្ពុជាយើងហើយ ខណៈដែលផលិតផលលើវិស័យមួយនេះជាច្រើនទៀតកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ។

អ្នកនាង Vicki Sunisa ដែលជាកំពូលតារាសម្ដែងស្រីដ៏ល្បីឈ្មោះ និងម្ចាស់ម៉ាកសញ្ញាផលិតផលគ្រឿងសំអាងដ៏ល្បីមួយនេះ បានលើកឡើងនៅក្នុងអង្គសន្និសីទសារព័ត៌មាននៃការបង្ហាញខ្លួនលើកដំបូងនៅលើទីផ្សារកម្ពុជាកាលពីរសៀលថ្ងៃទី14 ខែកក្កដា ឆ្នាំ2018 កន្លងទៅ នៅសណ្ឋាគារ សូហ្វីតែល យ៉ាងដូច្នេះថា ៖ ចំពោះផលិតផល LIV White Diamond នេះ មិនមែនទើបតែបង្កើតឡើងថ្មីនោះទេ ប៉ុន្តែវាបានចរាចរណ៍យ៉ាងទូលាយជាច្រើនឆ្នាំមកហើយនៅតាមបណ្តាប្រទេសមួយចំនួនដូចជា មីយ៉ាន់ម៉ា ចិន ឡាវ ជាពិសេសប្រទេសថៃតែម្ដង ដែលក្នុងនោះក៏មានអ្នកសិល្បៈ ជាតារាសម្ដែង ក៏បាននិយមគាំទ្រប្រើប្រាស់ផលិតផលម៉ាកនេះផងដែរ ។ អ្នកនាងបានបន្តទៀតថា ៖ ដោយសាតែសម្លឹងឃើញពីការយល់ដឹងកាន់តែច្បាស់លើការថែរក្សាសម្រស់របស់ប្រជាជនកម្ពុជាមានការកើនឡើងនោះ អ្នកនាងបានសម្រេចចិត្តធ្វើការបែងចែកផលិតផលដែលមានម៉ាកសញ្ញាដ៏ល្បីរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា តាមរយៈកិច្ចសហការជាមួយដៃគូប្រចាំនៅកម្ពុជា « LIV White Diamond Cambodia» ។

លោក ចនសុន ដែលជាអ្នកតំណាងចែកចាយប្រចាំនៅកម្ពុជា ក៏បានថ្លែងនៅក្នុងពិធីខាងលើនេះផងដែរថា ៖ លោកមិនមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចាប់ជាដៃគូ ដើម្បីនាំចូល និងចែកចាយនូវផលិតផលគ្រឿងសំអាងម៉ាក LIV White Diamond នេះនោះឡើយ ព្រោះលោកបានយល់ដឹង និងស្គាល់យ៉ាងច្បាស់ពីតម្រូវការរបស់អ្នកប្រើប្រាស់ផលិតផលថែរក្សាសម្រស់នៅកម្ពុជា ជាពិសេស លោកមានជំនឿចិត្តយ៉ាងមុតមាំក្នុងការទទួលបានចំណែកទីផ្សារប្រកបដោយភាពជោគជ័យ ព្រោះតែផលិតផលម៉ាក LIV White Diamond ពិតជាមានគុណភាពល្អ ផលិតចេញពីវត្ថុធាតុដើមបែបធម្មជាតិពិតៗពីប្រទេសជប៉ុន ក្រោមបច្ចេកទេសរបស់សហរដ្ឋអាមេរិក ស្របតាមកម្រិតស្ដង់ដា និងមានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធយ៉ាងត្រឹមត្រូវ។

ចំពោះផលិតផល ដែលជាម៉ាកដ៏ល្បីបំផុតប្រចាំប្រទេសថៃ « LIV Wite Dianomd » មានច្រើនប្រភេទ រួមមានដូចជា ម្សៅផាត់ ក្រែមការពារកំដៅថ្ងៃ ក្រែមលាបបបូរមាត់ ឡេលាបស្បែក ឡេលាបមុខឱ្យស សេរ៉ូមជំនួយស្បែក រួមជាមួយនឹងផលិតផលជាច្រើនប្រភេទទៀត ។ សូមជម្រាបបន្ថែមថា ខណៈនេះផលិតផលដ៏ល្បីមួយនេះ កំពុងធ្វើការសហការ និងស្វែងរកដៃគូចែកចាយយ៉ាងធំទូលាយនៅក្នុងប្រទេសកម្ពុជា ។ ដូច្នេះសម្រាប់ អតិថិជន ដែលជាអ្នកគាំទ្រ ក៏ដូចជាអាជីវករ ដែលមានបំណងធ្វើជាអ្នកចែកចាយបន្ត អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់តែម្ដងតាមរយៈ Facebook : LIV White Diamond Cambodia ៕

ជម្រើស! តើទិញផ្ទះ និងដីទុកលក់យកចំណេញ មួយណាល្អជាង?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការវិនិយោគលើវិស័យអចលនទ្រព្យ កំពុងមានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិការវិនិយោគក្នុងវិស័យនេះ ក៏មានផ​ល​ចំណេញ និងហានិភ័យផងដែរ។

ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមនាំលោកអ្នក ទៅស្តាប់អ្នកជំនាញ ដែលមានបទពិសោធន៍ លើវិស័យអចលនទ្រព្យជាច្រើនឆ្នាំ និងកំពុងទទួលបាន​ជោគជ័យក្នុងវិស័យនេះ។

លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងឲ្យដឹងថា ការវិនិយោគលើដី និងផ្ទះត្រូវសម្លឹងមើលកត្តាសំខាន់ៗចំនួនបី ទីតាំង តម្លៃ និងពេលវេលា។

ទី១កត្តាទីតាំង

ទីតាំងសំដៅដល់ការវិនិយោគ ដែលអ្នកវិនិយោគត្រូវផ្តោតលើតំបន់មានការអភិវឌ្ឍ និងមានគំរោងអភិវឌ្ឍន៍ច្រើននាពេលអនាគត ព្រោះបើយើងទិញដីនៅតំបន់មិនមានការអភិវឌ្ឍ ឬមិនងាយនឹងមានគំរោងអភិ​វឌ្ឍន៍ទៅដល់ ការទិញដីនៅទីតាំងបែបនោះ មិនងាយទទួលបានផលចំណេញ​នោះទេ។

ទី២ កត្តាតម្លៃ

តម្លៃដីក៏ជាអ្វីដែលអ្នកវិនិយោគ គួរផ្តោតការយកចិត្តទុកដាក់ជាចម្បងផង​ដែរ ព្រោះប្រ​សិនជាទីតាំងដីនោះមានតម្លៃខ្ពស់ខ្លាំងរួចទៅហើយ អ្នកវិនិយោគក៏មិនអាចទទួ​លបានផលចំណេញច្រើនផងដែរ ដោយសារតំបន់ខ្លះតម្លៃដីបានឡើងកប់ពពករួចទៅ​ហើយ ហេតុនេះវាមិនធ្វើឲ្យតម្លៃដីនៅទីតាំងនោះឡើងថ្លៃច្រើនទៀតទេ។

ទី៣ កត្តាពេលវេលា

កត្តាពេលវេលា គឺជាប់ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច សង្គម និងលំហូរទុនវិនិយោគពីក្រៅប្រទេស។ ការកំណត់ពេលវេលាទិញដី ដើម្បីវិនិយោគជារឿងចាំ​បាច់ផងដែរ ព្រោះបើទិញចំពេលវេលាដីធ្លាក់ថ្លៃជាការល្អ ដោយសារនៅពេល​សេដ្ឋកិច្ច សង្គមមានកំនើននិងលំនឹងល្អ គួបផ្សំនឹងលំហូរទុនវិនិយោគពីក្រៅប្រ​ទេសកើនឡើងខ្លាំង តម្លៃដីនោះនឹងកើនឡើងនិងផ្តល់ផលចំណេញច្រើនដល់ អ្នកវិនិយោគនានា។

លោកឧកញ៉ា នួន រិទ្ឋី បានបន្តថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តម្លៃដី និងផ្ទះបានឡើងថ្លៃចន្លោះពី១៥ ទៅ២៥ភាគរយក្នុងមួយឆ្នាំ ហេតុនេះបើសួរថាគួរទិញដីឬទិញផ្ទះយកចំណេញ តើការវិនិយោគមួយណាល្អជាង គឺទិញដីទុកចំ ណេញល្អជាង ព្រោះបើមានលុយក្នុងទំហំដូចគ្នា ការទិញដីបានទំហំធំជាងទិញ​ផ្ទះ ហេតុនេះភាគរយនៃផលចំណេញទទួលបានច្រើនជាង។

ចំណែកការទិញផ្ទះ គឺមិនមែនផ្ទះឡើងថ្លៃទេ គឺដីឡើងថ្លៃទៅវិញទេ ព្រោះផ្ទះរស់នៅ​កាន់តែយូរ ត្រូវកាត់រំលស់កាន់តែច្រើន ព្រោះផ្ទះកាន់តែចាស់៕

ដំណឹងល្អ! ព្រលានយន្តហោះថ្មី ខេត្តសៀមរាប នឹងបើកការដ្ឋានសាងសង់នៅពេលឆាប់ៗនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ នៅទីបំផុតព្រលានយន្តហោះខេត្តសៀមរាបថ្មី ដែលស្ថិតក្នុងទឹកដីស្រុកសូទ្រនិគម នឹងបើកការដ្ឋានសាងសង់ នៅក្រោយការបោះឆ្នោតនាពេលខាងមុខនេះ។

ក្នុងកិច្ចប្រជុំជាមួយអភិបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះ លោក Zou Yuhuiនាយករងក្រុមហ៊ុន YUNAN DEVELOPMENT GROUP ដែលជាក្រុមហ៊ុន វិនិយោគព្រលានយន្តហោះនេះបានឲ្យដឹងថា ក្រោយពេលប្រទេសកម្ពុជាធ្វើការបោះឆ្នោតរួចរាល់ ក្រុមហ៊ុននឹងរៀបចំពិធីបើកការដ្ឋានសាងស ង់ព្រលានយន្តហោះនេះជាផ្លូវការ ដើម្បីដំណើរការសាងសង់ ដែលគ្រោងចំណាយពេលប្រ​មាណ៥ឆ្នាំ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុននេះ បានស្នើឲ្យអាជ្ញាធរខេត្តសៀមរាប យកចិត្តទុកដាក់លើការងារបច្ចេកទេសមួយចំនួន ពិសេសទីតាំងជុំវិញ​អាកាសយានដ្ឋាននេះ ទាក់ទងនឹងបង្គោលភ្លើង វត្តនៅលើភ្នំ និងគំរោងអភិវឌ្ឍន៍​ខេត្តដើម្បីធានាសុវត្ថិភាពដល់វិស័យអាកាសចរណ៍។

ព្រលានយន្តហោះនេះមានទីតាំង ស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោក Zou Yuhui បានបន្តឲ្យដឹងផងដែរថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានកំពុងរៀបចំ និងកសាងផែនការមេ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនរួចហើយ ដើម្បីជំរុញឲ្យដំណើរការសាងសង់ព្រលាននេះ ទទួលបានជោគជ័យតាមការគ្រោងទុក។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរី​វុត្ថាបានថ្លែងឲ្យដឹងថា ព្រលានយន្តហោះនេះ នឹងសាងសង់ជាពីរដំណាក់កាលដោយដំណាក់កាលទី១ គ្រោងចំណាយថវិកា៥០០លានដុល្លារ ដែលអាចចុះចតយន្តហោះខ្នាតមធ្យមសម្រាប់យន្តហោះខ្នាត4E និងដំណាក់កាលទី២ ទើបអាចចុះចតយន្តហោះខ្នាតយក្សបាន ហើយដំណាក់កាលចុងក្រោយនេះ គ្រោងចំណា​យថវិកាជាង៣០០លានដុល្លារបន្ថែមទៀត។ លោកបន្តថា ការសាងសង់ព្រលានយន្តហោះនេះអាចចំណាយពេលពី៣ទៅ៥ឆ្នាំ ដើម្បីបញ្ចប់ទាំងដំណាក់កាលទី១និងដំណាក់កាលទី២។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានថ្លែងថា នៅពេល​ព្រលានយន្តហោះនេះសាងសង់ចប់ និងអាចចុះចតយន្តហោះខ្នាតធំបាន វានឹងជួយទាក់ទាញវិស័យអាកាសចរណ៍ភ្ជាប់ជើងហោះហើរកាន់តែច្រើន ពិសេសនឹងនាំមកមិនត្រឹមតែ ភ្ញៀវទេសចរណ៍នោះទេ តែក៏នាំមកនូវវិស័យពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមទៀតផងដែរ។

លោកបន្តថា “វាជារឿងអបអរសាទរ ចាប់តាំងពីការដាក់ចេញនូវគោលនយោបាយ បើកចំហជើងមេឃរបស់ប្រមុខរដ្ឋាភិបាល វិស័យអាកាសចរណ៍នៅកម្ពុជាមានភាពរីកចម្រើនខ្លាំង ហេតុនេះពេលព្រលាននេះសាងសង់ចប់ នឹងជំរុញវិស័យនេះឲ្យកាន់តែរីក​ចម្រើនបន្ថែមទៀត”៕