ហេតុអ្វីការលក់ ឬទិញអចលនទ្រព្យ ហេតុអីត្រូ​វចំណាយកម្រៃជើងសារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការលក់អចលនទ្រព្យ និងការទិញអចលនទ្រព្យ ការចំណាយលើកម្រៃជើងសារអាចជាហេតុផលមួយ ដែលអ្នកលក់មិនចង់ធ្វើការជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទេ ប៉ុន្តែនៅពីក្រោយការចំណាយកម្រៃជើងសារនេះ អ្នលក់ឬអ្នកទិញទទួល​បានផលប្រយោជន៍ជាច្រើន។

សម្រាប់អ្នកទិញ វិនិយោគិនក្នុងស្រុក ហេតុអ្វីបានជាពួកគេគួរប្រើសេវាឈ្មួញជើងសា / ឬភ្នាក់ងារដែលមានអាជ្ញាប័ណ្ណជាមួយក្រសួងដើម្បីបំរើពួកគេ? តើអ្វីទៅជាអត្ថប្រ​យោ​ជន៍ដែលពួកគេទទួលបាន?។ ចំណែកសម្រាប់អ្នកទិញ  វិនិយោគិនក្នុងស្រុកហេតុអ្វីបានជាពួកគេ គួរប្រើសេវាកម្មអចលនវត្ថុរបស់ក្រុមហ៊ុន ភ្នាក់ងារអចលនវត្ថុដែលមានអាជ្ញាប័ណ្ណពីក្រសួងដើម្បីបំរើពួកគេ?។

លោក គាម សៀកឡុង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Dream Property បានថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃទី១៣ កក្កដានេះថា ហេតុអីត្រូវ​ចំណាយកម្រៃជើងសារជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យជំនាញ? ចម្លើយគឺងាយៗ

ដូចជា ទី១ ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ដែលមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចជាក្រុមហ៊ុន ដែលមានទីតាំងពិតប្រាកដត្រូវបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងសេដ្ឋកិច្ច។ ទី២ មានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងបទពិសោធគ្រប់គ្រាន់ ទី៣ មានការទទួលខុសត្រូវខ្ពស់លើសេវាកម្មរបស់ក្រុនហ៊ុន ទី៤ ធានាពីគុណភាពនៃសេវាកម្មវិជ្ជាជីវៈ ។

ទី៥គោរពតាមគោលការណ៍គ្រឺះនៃក្រមសីលធម៌វិជ្ជាជីវៈគឺៈ សុចរិតភាព អព្យាក្រិត្យភាព សមត្ថភាពវិជ្ជាជីវៈ រក្សាការណ៍សម្ងាត់ និងប្រតិបត្តិវិជ្ជាជីវៈ។និងទី៦ មានសេវាកម្មជាកញ្ចប់ពីដើមដល់ចប់។

លោកបានបន្តថា ចំណុចទាំងអស់ខាងលើនេះ ជាមូលហេតុដែលធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្ពស់ និងគួរតែប្រើប្រាស់សេវាកម្មភ្នាក់ងារអចលនវត្ថុ ដែលមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច។

តើអ្វីជាអត្ថប្រយោជន៍ដែលអតិថិជន ទទួលបានពីសេវាកម្មរបស់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុរួមមាន៖

ចម្លើយរួមមាន ទី១ ទទួលបានទីប្រឹក្សាជាភ្នាក់ងារអចលនវត្ថុ ដែលមានបទពិសោ​ធន៍ និងវិជ្ជាជីវៈច្បាស់លាស់។ ទី២ ទទួលបានការផ្សព្វផ្សាយទូលំទូលាយដោយមិនចាំបាច់ចំណាយថវិការផ្ទាល់ខ្លួន ទី៣ ទទួលបានសេវាកម្មរៀបចំឯកសារទិញ-លក់ពីដើមដល់ចប់តាមផ្លូវច្បាប់។ ទី៤ អាចលក់អចលនវត្ថុបានលឿនឆាប់រហ័ស ក្នុងតម្លៃទីផ្សារ ឬទិញផ្ទះ-ដីក្នុងក្តីស្រមៃបានតម្លៃថោកជាងទីផ្សារ និងទី៥ ចំណេញពេលវេលា និងកាត់បន្ថយការប្រថុយប្រថាន៕

ស្វែងយល់ពីអាស៊ាន! តម្លៃដីធ្លីក្នុងទីក្រុងបាងកកឡើង ១០០០ភាគរយ

0

ដោយ វុត្ថា

ភ្នំពេញ៖ តម្លៃដីធ្លីនៅទីក្រុងបាងកកបានកើនឡើងដល់១០០០ភាគរយ ក្នុងរយៈពេ​ល២០ឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យតម្លៃអចលនទ្រព្យក្នុងទីក្រុងនេះ មានតម្លៃដ៏ខ្ពស់មួយ ធៀបនឹងបណ្តាប្រទេសក្នុងតំបន់។

យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE ប្រចាំប្រទេសថៃដែលបានចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីក្នុងទីក្រុងបាងកកទាំងមូលបានឡើកដល់១០០០ភាគយ គិតចាប់តាំងពីឆ្នាំ១៩៩៨ កន្លងមកនេះ ដោយតែរដ្ឋាភិបាលនៃប្រទេសថៃមានផែនការអភិវឌ្ឍន៍ទីប្រជុំជន និងហេដ្ឋាចរនាសម្ព័ន្ធដឹកជញ្ជូនព្រមទាំងមាន គោលនយោបាយសាងសង់អគារនានាទូទាំងទីក្រុងបាងកកទាំងមូល។

របាយការណ៍ដដែលបានបង្ហាញទៀតថា តម្លៃដីនៅក្នុងតំបន់ពាណិជ្ជកម្មសំខាន់មួយចំនួនក្នុងទីក្រុងបាងកក បានផ្ទុះនូវតម្លៃដីធ្លីឡើងកប់ពពក ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ។

លោកស្រី Aliwassa Pathnadabutr ប្រធានគ្រប់គ្រងការប្រឹក្សាយោបល់នៃក្រុមហ៊ុន CBRE Thailand បាននិយាយថា ដោយសារតតែមានផែនការមិនមានការផ្លាស់ប្តូរ ហើយកន្លែង ដែលត្រូវសាងសង់នៅតែរក្សាដដែលនោះ បានធ្វើអោយតម្លៃដីធ្លីក្នុងតំបន់ពាណិជ្ជកម្មនានានៅតែបន្តហក់ឡើងកប់ពពកបែបនេះ។

លោកស្រីបន្តថា កាលពីឆ្នាំមុនបង្ហាញថាតម្លៃដីទំហំ៣,១៧ហិកតានៅក្នុងសង្កាត់ Sathorn មានតម្លៃរហូតដល់៤៤,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

សម្រាប់ទស្សនវិស័យប្រតិបត្តិការសំខាន់ៗ នៅចុងទសវត្សឆ្នាំ១៩៨០ តម្លៃដីនៅក្នុង​សង្កាត់ដូចគ្នានេះដែរ គឺជាការលក់តំបន់មួយទំហំ៣ ,១៧ហិកតា ឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អភិវឌ្ឍន៍អាគារ Empire Tower មានតម្លៃត្រឹមតែ១២៥,000បាត ស្មើរនឹង៣៧០០ដុល្លារក្នុងមួយការ៉េប៉ុណ្ណោះ។

របាយការណ៍របស់ CBRE ដដែលបានបន្តថា បច្ចុប្បន្ននេះទីតាំង ដែលគេអាចសាងសង់អគារខុនដូបាន ក្នុងទីក្រុងបាងកកមានតម្លៃដីបានកើនថ្លៃខ្ពស់បំផុត៕

កម្មវិធីជំរុញសក្តានុពលបង្កើនបញ្ញាកុមារបាននាំចូលមកកម្ពុជា

0

ដោយ គង់ សូរិយា          

ភ្នំពេញ៖ កម្មវិធីសិក្សាថ្មីមួយ FasTracKids ដែលមានមូលដ្ឋាននៅសហ​រដ្ឋអាមេរិក ត្រូវបានផ្សព្វផ្សាយនៅកម្ពុជា ដែលកម្មវិធីនេះផ្តោតលើការជំរុញទេពកោលសល្យកុមារ ដើម្បីឲ្យពួកគេអាចបង្កើនសក្តានុពលសម្រាប់ជីវិតរបស់ពួកគេ។

លោក Johnson Lim ដៃគូកម្មវិធី Fastrackids ប្រចាំកម្ពុជា បានលើកឡើងក្នុងសន្និ​សីទសារព៌តមាននាព្រឹកថ្ងៃទី១៣ កក្កដានេះថា កម្មវិធីនេះត្រូវបានយកមកផ្សព្វផ្សាយ​នាពេលនេះ ដើម្បីផ្តល់ព៌តមានជូនសាលាណា ដែលមានចំណាប់អារម្មណ៍ទិញកម្មវិធីនេះមកប្រើប្រាស់នៅតាមសាលារបស់ពួកគេ។ លោកបន្តថា កម្មវិធីសិក្សានេះ ​ត្រូវបា​នប្រទេ​សក្នុងតំបន់ដូចជា ប្រទេសថៃ ជប៉ុន កូរ៉េនិងប្រទេសប្រមាណ៤០ទៀត បានទិញយកទៅប្រើប្រាស់ក្នុងកម្មវិធីសិក្សារបស់ពួកគេរួចហើយ។

លោកបន្តថា “កម្មវិធីនេះ ផ្តោតសំខាន់លើការជំរុញភាពក្លាហានរបស់កុមារ និងជំរុញកុមារឲ្យរកឃើញ សក្តានុពលនៃទេពកោសល្យរបស់ខ្លួន ដើម្បីធ្វើឲ្យគុណភាពជីវិតពួកគេប្រសើរឡើង”។លោកបន្តថា “កម្មវិធីអប់រំដ៏មានសារៈសំខាន់នេះ ផ្តោតលើកុមារដែលមានអាយុចាប់ពី៦ខែ ដល់៨ឆ្នាំប៉ុណ្ណោះ”។

លោកស្រី Nancy Faunce នាយកប្រតិបត្តិនៃកម្មវិធី Fastrackids មកពីសហរដ្ឋអាមេរិកបា​ន​ថ្លែងថា ដោយសារកម្មវិធីនេះ ត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយលើពិភពលោ ក និងទទួលបានការកោតសរសើរ ទើបយើងចង់យកកម្មវិធីនេះមកផ្សព្វផ្សាយនៅកម្ពុជាដើម្បីជំរុញកម្មវិធីសិក្សានៅទីនេះ និងជំរុញសក្តានុពលកុមារឲ្យរកឃើញទេពកោសល្យរប​ស់ពួកគេ ដើម្បីពង្រឹងគុណភាព និងបែបផែនជីវិតរបស់ពួកគេប្រសើរឡើង។លោកស្រី​បន្តថា នៅប្រទេសខ្លះឪពុកម្តាយបានឲ្យកុមារធ្វើតាមខ្លួន និងមិនធ្វើតាមឧបនិស្ស័យរបស់ពួកគេ ដែលការអប់រំបែបនេះ មិនបានជួយកុមារឲ្យរកឃើញសក្តានុពលជីវិតរបស់ពួកគេនោះទេ។

លោកស្រីបន្តថា “កុមារចូលចិត្តនិយាយ និងបង្ហាញទេពកោសល្យរបស់ពួកគេជាធម្មជាតិ ហេតុនេះការអប់រំកុមារឲ្យមានការអប់រំប្រកបដោយគុណភាព និងត្រឹមត្រូវមួយ ពិតជាមានសារៈសំខាន់ណាស់”៕

ក្រុមហ៊ុន AMORY វិនិយោគ លើគំរោងដីឡូត៍តំបន់ផ្លូវជាតិលេខ៦អា ជាតំបន់កំពុងមានសក្តានុពល

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គំរោងវិនិយោគដីឡូត៍ដ៏ធំមួយ ដែលមានទំហំផ្ទៃដី៣១ហិកតា បាននិងកំពុងត្រៀមចាប់ផ្តើមលក់ នៅតាមតំបន់ផ្លូវជាតិលេខ៦អា ជាតំបន់ដែលកំពុងមានការរីកចម្រើន និងទាក់ទាញអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ។

ជាមួយទន្លេអមសងខាង និងស្ថិតនៅក្បែរទីក្រុងមរតកសម្តេ​ចតេជោ ក្រុមហ៊ុន AMORY 7Makara បាននិងកំពុងវិនិយោគគំរោងធំមួយ ស្ថិតក្បែរគំរោងវិនិយោគ លោកឧកញ៉ា លីយ៉ុងផាត់។ ដីឡូត៍ក្នុងគំរោងនេះមានទំហំបីប្រភេទ គឺទំហំ១០គុណ២០ម៉ែត្រ ២០គុណនឹង​៣០ម៉ែត្រ និងទំហំ៣០គុណនឹង៤០ម៉ែត្រ ។

លោកប្រធានផ្នែកលក់នៃក្រុមហ៊ុន AMORY Co, Ltd បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍នេះថា ដោយសារមើលឃើញថាតំបន់នេះមានការរីកចម្រើនលឿន និងកំពុងទាក់ទាញ ទើបក្រុមហ៊ុនបានចាប់អារម្មណ៍វិនិយោគ​លើគំរោងនេះ ដែលជាគំរោងផ្តោតលើភាពបៃតងមានសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ឋធំទូ​លាយ ដើម្បីផ្តល់ឲ្យអ្នករស់នៅមានផាសុខភាព ព្រោះយើងមិនគិតតែប្រាក់ចំណេញទេ។

លោកបន្តថា “គំរោងដីឡូត៍AMORY ៧មករា ផ្តោតជាពិសេសលើការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ឋ ភាពបៃតង ដោយមានសួនច្បារដាំដើមឈើ មានដងព្រែកនៅក្នុងគំរោងនេះ ដែលធ្វើឲ្យអ្នកទិញដីឡូត៍នេះ អាចសាងសង់លំនៅដ្ឋានសម្រាប់ការលំហែរ និងផ្តល់​នូវបរិស្ថានជីវិតស្រស់ស្រាយ”។

តំបន់ស្ថិតនៅតំបន់ផ្លូវជាតិលេខ៦អា ជាតំបន់ពិសេសមួយដែលមានទន្លេព័ន្ឋជុំវិញ ធ្វើឲ្យបរិស្ថាននិងខ្យល់អាកាសបរិសុទ្ឋ សមស្របសម្រាប់លំនៅដ្ឋាន និងក្លាយជា​មជ្ឈម ណ្ឌលពាណិជ្ជកម្មនាពេលអនាគត ហើយបច្ចប្បន្នមានបុរីជាច្រើនបានវិនិយោគនៅតំបន់នេះ ដូចជា បុរីប៉េង ហួត បុរីអ័រគីដេ បុរីឌឺមេគង្គ រ៉ូយាល់ បុរីដឹផ្លរ៉ា ជាដើម។

សម្រាប់ព័ត៌មានលំអិតដីឡូត៍ក្នុងគំរោងនេះ អាចមកកាន់ការិយាល័យផ្ទាល់ដែលមានទីតាំង អាគាលេខ២៤ ជាន់ទី៧ ផ្លូវ២៧១ សង្កាត់ ទឹកថ្លា ខណ្ឌ័សែនសុខ ភ្នំពេញ ឬទាក់ទងនឹងស្តង់របស់ក្រុមហ៊ុនដែលមានដាក់បង្ហាញរយៈពេលពីរថ្ងៃនៅផ្សារ MAKRO ស្ថិតក្នុងខ័ណ្ឌសែនសុខចាប់ពីថ្ងៃទី១៤ ដល់១៥ កក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង៨ព្រឹក ដល់ ម៉ោង ៦ល្ងាច ខាងមុខនេះ ឬអាចទាក់ទងលេខទូរសព្ទ័ ០៧៨​ ២២៧ ៥៥៥ /​​ ០៨១ ២២៧ ៥៥៥ / ០១៧ ៣៥៥ ៣៦០។

អ្នកជំនាញផ្នែកអចលនទ្រព្យឯករាជ្យមួយរូបបានមានប្រសាសន៍ក្នុងលក្ខខ័ណ្ឌមិន​បញ្ចេញឈ្មោះថា តំបន់ស្ថិតនៅតាមផ្លូវជាតិលេខ៦អា កំពុងទាក់ទាញក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន ចាប់ផ្តើមចូលទៅកាន់តំបន់នេះ និងត្រៀមទៅកាន់តំបន់នេះ ដើម្បីសាងសង់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅពេលឆាប់ៗខាងមុខនេះ។ ដោ​យសារហេដ្ឋារចនាសម្ព័ន្ឋ តភ្ជាប់ទៅកាន់តំបន់នេះកាន់តែប្រសើរ និងមានស្ពានមួយទៀតកំពុងសាងសង់ភ្ជាប់ពីផ្លូវជាតិលេខ៥ទៅកាន់តំបន់នេះ។

អ្នកជំនាញដដែលបានបន្តថា​ ”តំបន់នេះនឹងមានការរីកចម្រើនខ្លាំង នាពេលអនា​គ​ត ពិសេសពេល​កម្ពុជារៀបចំកីឡាអេស៊ានហ្គេមនៅឆ្នាំ២០២៣ នឹងធ្វើឲ្យសកម្មភាពពាណិជ្ជកម្មនឹងការអភិវឌ្ឍនៅតំបន់​នេះកាន់តែរសរវើក”។

បច្ចុប្បន្នតំបន់ទល់មុខគ្នារវាងផ្លូវជាតិលេខ៥ និងលេខ៦កំពុងមានស្ពានចំនួន៥ កំពុងតភ្ជាប់ និងកំពុងសាងសង់ដូចជាស្ពានភ្លោះជ្រោយចង្វារ ស្ពានរបស់ក្រុមហ៊ុន OCIC ដែលតភ្ជាប់រវាងឃ្លាំងសាំងសូគីម៉ិច ទៅកាន់ទីក្រុងរណបជ្រោយចង្វារកំពុងសាងសង់ ស្ពានព្រែកព្នៅ និងព្រែកក្តាម។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភ័ក្តី បានថ្លែងថា រដ្ឋាភិបាលបានអនុញ្ញាត្តឲ្យក្រុមហ៊ុនឯកជននានា ធ្វើការអភិវឌ្ឍន៍នៅតំបន់ជាយក្រុងភ្នំពេញ និងក្នុងក្រុងភ្នំពេញតាមអ្វីដែលជាផែនការរបស់ពួកគេ ប៉ុន្តែពួកគេត្រូវគោរពតាមបទបញ្ញត្តិនិងគោលការណ៍ណែនាំរបស់អាជ្ញាធរក្រុង តាមរយៈការរៀបចំគំរោងនានាដែលមិនមានផលប៉ះពាល់បរិស្ថាន និងសេដ្ឋកិច្ចសង្គម។

គំរោងដីឡូត៍ AMORY 7Makara ធ្វើឡើងសមស្របនឹងគោលការណ៍បរិស្ថាន និងយន្ត​ការSmart Cityដែលផ្តោតលើភាពបៃតង ការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដែលមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថាន និងសង្គម៕

ធនាគារពិភពលោកបង្ហូរទុន ២០០លានដុល្លារ ដើម្បីជួយដល់វិស័យ២នៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និង​ធនាគារពិភពលោក នៅថ្ងៃទី១២ ខែកក្កដា បានចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្ត​គម្រោង​វិនិយោគ​ធំពីរ ដែលមានទឹកប្រាក់ប្រមាណ 200លានដុល្លារអាមេរិក គឺមួយ​មានគោល​ដៅ​បង្កើន​គុណភាព​ប្រព័ន្ធ​អប់រំ​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​មួយទៀត​ផ្តោត​ទៅលើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​គមនាគមន៍​ពី​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ក្នុង​រាជធានី​ភ្នំពេញ ទៅ​កាន់​កំពង់ផែ​ទឹក​សមុទ្រជ្រៅ​តែមួយ​គត់របស់​ប្រទេសកម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានប្រសាសន៍ថា៖ នេះជាកិច្ច​សហប្រតិបត្តិការ​យ៉ាងល្អរវាង​ធនាគារ​ពិភពលោក និង​រាជរដ្ឋា​ភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ក្នុង​ស្មារតី​យោគយល់គ្នាដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​គម្រោង​ទាំង​ពីរ​នេះ​បាន​ចេញ​ជា​ផ្លែផ្កា។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ការ​អភិវឌ្ឍធន​ធាន​មនុស្ស​ឱ្យ​មាន​ជំនាញ​​គឺ​សំខាន់​​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​ដូច​បាន​ប្រមើលទុក​នៅក្រោម “គោលនយោបាយ​អភិវឌ្ឍន៍​វិស័យឧស្សា​ហកម្ម និង​ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥” របស់​កម្ពុជា​ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការទំនើបកម្ម​រចនា​សម្ព័ន្ធ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស ពីឧស្សហកម្មមួយ​ដែល​ពឹងផ្អែកលើពលកម្ម ឱ្យ​ទៅ​ជា​ឧស្សាហកម្ម​មួយ​ដែល​ពឹងផ្អែកលើជំនាញ ត្រឹម​ឆ្នាំ​២០២៥។ ការ​ចុះហត្ថលេខាលើ​គម្រោង​ទាំងនេះ​នៅ​ថ្ងៃនេះ​ជា​ការ​ជំរុញ​រដ្ឋា​ភិបាល​នៅ​ក្នុង​ការ​ប្តេជ្ញាចិត្ត​ឈាន​ទៅសម្រេច​វត្ថុបំណង​ដ៏សំខាន់​របស់​គម្រោង​ទាំង​នេះ​ឱ្យ​បាន»។

គម្រោងកែលម្អការអប់រំ​ឧត្តមសិក្សា និង​គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ ជំហាន២ ​បាន​ទទួល​ការ​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​របស់ធនាគារពិភពលោក តាមលំដាប់លំដោយ កាល​ពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៨ និង​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

តាមរយៈគម្រោង ដែល​មាន​តម្លៃ​​ទឹក​ប្រាក់ ៩០លានដុល្លារអាមេរិក ធនាគារពិភពលោក​នឹង​ជួយដល់​ការខិតខំ​របស់​ប្រទេ​សកម្ពុជា​ក្នុង​ការ​បង្កើន​គុណភាព​ប្រព័ន្ធ​អប់រំឧត្តមសិក្សា និង​ការ​ស្រាវ​ជ្រាវ និង​ដើម្បី​ពង្រីក​ឱ្យ​កាន់​តែ​ទូលាយ​ថែម​ទៀតនូវ​លទ្ធភាពទទួលបាន​ការ​អប់ឧត្តមសិក្សា​សម្រាប់​សិស្ស​ក្រីក្រ។ គម្រោង​ដែល​មាន​អាយុកាល​ប្រាំមួយឆ្នាំនេះ​នឹង​ផ្តោត​ទៅលើ​ការ​កែលម្អ​​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតសាស្ត្រ ព្រម​ទាំង​កម្មវិធីសិក្សា​ផ្នែកកសិកម្មផងដែរ ជាមួយ​នឹង​គោលដៅ​បំពាក់​ឱ្យ​និស្សិត​បញ្ចប់​ការ​សិក្សា​នូវ​ជំនាញ​ពាក់​ព័ន្ធ​និង​អាច​ផ្ទេរ​បាន​នានា​ ដែលអាច​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ធ្វើ​អន្តរកម្ម​​ពី​បែបផែនសេដ្ឋកិច្ច​​អតិពលកម្ម ឱ្យ​ក្លាយ​ទៅ​ជា​សេដ្ឋកិច្ច​មួយ​ដែលជំរុញ​ទៅមុខ​ដោយ​ចំណេះដឹង។

សកម្មភាព​ធំៗទាំងប្រាំ​របស់​គម្រោងនេះរួមមាន៖ ការ​ផ្តល់​មូលនិធិ​សម្រាប់​ការ​ស្រាវ​ជ្រាវ​នៅតាម​ផ្នែកមុខវិជ្ជា​អាទិភាព ការបង្កើន​ចំនួន​ថ្នាក់​រៀន​និង​មន្ទីរពិសោធន៍, ការ​សង់សយនដ្ឋាន​សម្រាប់​និស្សិតក្រីក្រស្នាក់នៅ ដូច​ជានិស្សិត​មកពី​គ្រួសារ​ក្រីក្រ និង​មក​ពីតំបន់​ដាច់​ស្រយាល រួម​ទាំងនិស្សិតស្រ្តី​ផងដែរ, ការ​ពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​និង​ប្រព័ន្ធ​ព័ត៌មាន, និង​ការ​សហការ​ជា​មួយ​ដៃគូ​អន្តរជាតិ​ដើម្បី​កែលម្អ​កម្ម​វិធី និង​វិធីសាស្ត្រ​បង្រៀន​​លើ​​មុខវិជ្ជា​អាទិភាព។

ទឹក​ប្រាក់ចំនួន ១១០លានដុល្លារអារមេរិក ដែល​ជា​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​គម្រោង គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ ជំហាន២ មានគោល​ដៅ​កែលម្អលក្ខខណ្ឌ សុវត្ថិភាព​ និង​ភាពធន់​អាកាស​ធាតុ​របស់​ផ្លូវជាតិលេខ៤។ ផ្លូវ​ជាតិ​មួយនេះ​កំពុងរងសម្ពាធចរាចរណ៍យ៉ាងមមាញឹកណាស់ ​ឆ្លងកាត់តំបន់សេដ្ឋកិច្ច និងតំបន់កសិកម្មសម្បូរបែបជាច្រើនកន្លែង។ ជំនួយហិរញ្ញប្បទានបន្ថែមនេះ នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​បង្កើនគុណភាពបណ្តោយផ្លូវចម្ងាយជាង២០០គីឡូម៉ែត្រ ឱ្យល្អជាងមុន និងការរៀបចំកែលម្អ​ចិញ្ចើមសងខាងផ្លូវ ដាក់លូបង្ហូរទឹក និងធ្វើស្ពាន តាម​រចនាបទបែប​នវានុវត្តន៍ និងមាន​ភាពធន់​ទៅនឹង​អាកាសធាតុ។

គម្រោង​នេះ ​ក៏​នឹងផ្តោត​ផង​ដែរ​ទៅលើ​ការ​​បង្កើន​គុណភាព​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​ធំដែលមានស្រាប់ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ដឹក​លើស​ទម្ងន់ ដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើង​បំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាម៉េរ៉ាចាប់ល្បឿនបើកបរ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «វា​មានសារៈសំខាន់​ជាសារវន្តណាស់​សម្រាប់​ប្រទេស​កម្ពុជា​វិនិយោគ​ទៅលើ​មូលធនមនុស្សរបស់​ខ្លួន​ និងលើកកម្ពស់ ​ជំនាញ​យុវជនខ្មែរ ដែលពួកគេមានលទ្ធភាព​​ប្រកួត​ប្រជែង​នៅក្នុង​បែបផែនសេដ្ឋកិច្ច​នា​ពេល​អនាគតបាន។ ការ​បិទគម្លាតនៃកង្វះ​ខាត​​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ ​​ក៏មាន​សារៈសំខាន់​ជា​សារវន្តដែរ ​​ដើម្បី​លើក​តម្កើងសមត្ថភាព​ប្រកួត​ប្រជែងរបស់​កម្ពុជានៅក្នុងតំបន់ និង​ជំរុញការ​អភិវឌ្ឍ​វិស័យ​ឯកជន។» លោកស្
រីបន្ថែមទៀតថា៖ «ការ​ចុះហត្ថលេខាក្នុង​ថ្ងៃនេះបង្ហាញថា ធនាគារពិភពលោកនៅបន្ត​ភាពជា​ដៃគូអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា​។»

គម្រោង​ទាំង​ពីរនេះ​ទទួល​ហិរញ្ញប្បទាន​តាម​រយៈឥណទាន​ពី​សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជា​មូលនិធិ​របស់​ធនាគារពិភពលោកសម្រាប់​ប្រទេសក្រីក្រជាង​គេ។ ជំនួយទាំងនេះជា​ឥណទានគ្មានការប្រាក់ ដែល​មាន​អាយុ​សងឱ្យ​គ្រប់​វិញ​រយៈពេល ៣៨ឆ្នាំ រួមមានក្នុងនោះ​រយៈពេលអនុគ្រោះ​ប្រាំមួយឆ្នាំផង៕

ស្វែងយល់ពីអាស៊ី! មហាយក្សចិន សាងសង់អគារមានរូបរាង្គជាកាក់បុរាណចិន

0

ដោយ វុត្ថា
ភ្នំពេញ៖ មហាយក្សចិន ពិតជាមាននគំនិតឆ្នៃប្រឌិតក្នុងការរចនាម៉ូដអាគារផ្សេងៗដើម្បីទាក់ទាញភ្នែកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសគឺអគារមួយមានឈ្មោះថា «Fang Yuan Building» ។

អគារ Fang Yuon Building នេះ ត្រូវបានគេរចនាឡើងជារូបរាង្គកាក់នាសម័យបុរាណ ក្នុងគោលបំណងបង្ហាញដល់មនុស្សជំនាន់ក្រោយ បានសិក្សាស្វែងយល់ និងចង់ចាំ។ អគារដែលមានរូងរាង្គមូលនេះ ត្រូវបានគេសាងសង់ឡើងនៅក្នុងទីក្រុង Shenyang របស់ប្រទេសចិន។

អគារដ៏អស្ចារ្យនេះផងដែរ ត្រូវបានគេសាងសង់ឡើងក្នុងឆ្នាំ ២០០១ ធ្វើជាការិយាល័យធ្វើការ ដែលមានកំពស់ ២៤ជាន់ នៅលើទំហំដី ៤៨០០០ ម៉ែត្រការ៉េ ដែលរចនាប្លង់ដោយស្ថាបត្យកម្មសំណង់ជនជាតិចិន-តៃវាន់ លោក C.Y Lee ដែលជាអ្នកគូប្លង់អគារខ្ពស់កប់ពពកក្នុងកោះតៃវ៉ាន់ដ៏ល្បីល្បាញ គឺអគារ Taipei 101។

លោក Lee បានរចនាមូដអគារនេះ ឡើងលាយឡំដោយស្តាយប្រទេសលោកលើកឡើងខាងកើត និងខាងលិខ ប៉ុន្តែនៅតែមានរូបរាង្គជាកាក់បុរាណចិន ដែលមានន័យប្រាស័យទាក់ទងគ្នារវាងមនុស្សសម័យបច្ចុប្បន្ន និងអតិតកាល។

អគារនេះ ត្រូវបានគេចាត់ទុកថាមានរចនាបទតែមួយគត់នៅក្នុងតំបន់អាស៊ី ។ មិនត្រឹមតែប៉ុណ្ណោះ ទូរទស្សន៍ CNN បានចាត់ទុកថា អគារដែលរចនាដោយស្ថាបត្យករល្បីល្បាញនេះ គឺជាអគារដ៏អាក្រក់បំផុតក្នុងពិភពលោក តែមានភាពទាក់ទាញ។

បើទោះបីគេចាត់ទុកថារចនារបស់អគារនេះមិនល្អយ៉ាងក្តី អគារនេះ ត្រូវបានបានជាប់នៅក្នុងបញ្ជីអគារដែលមានរូបរាង្គអាក្រក់បំផុតដែរ (Worlds’ Ugliest Building) និងល្បីល្បាញបំផុតក្នុងពិភពលោក៕

ទីផ្សារលំនៅដ្ឋាន នៅប្រទេសឥណ្ឌាមានការរីកចម្រើនខ្លាំង

0

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាមសន្ទស្សន៍លំនៅឋានសកលលោកសកលចុងក្រោយរបស់ ក្រុមហ៊ុន Knight Frank បានឱ្យដឹងថាទីក្រុង Surat នៅភាគខាងលិចប្រទេសឥណ្ឌាបានបង្ហាញពីកំណើនទីផ្សារលំនៅឋានជាមធ្យមចំនួន ២២,៣ ភាគរយនៅក្នុងឆ្នាំនេះគិតត្រឹមខែមីនាកន្លងមកនេះ។

តួលេខនេះគឺបង្ហាញពីការរីកលូតលាសយ៉ាងលឿនបំផុតដែលបានកត់ត្រារបស់ក្រុមហ៊ុន Knight Frank ក្នុងចំណោមទីក្រុងនានាដែលក្រុមហ៊ុនមួយនេះ បានតាមដាននៅលើទីផ្សាលំនៅដ្ឋានរចំនួន ១៥០នៅទូទាំងពិភពលោក។

ជាមួយគ្នានោះទីក្រុងលំដាប់ទី២ ក្នុងរដ្ឋ Gujarat របស់ឥណ្ឌាមានប្រជាពលរដ្ឋបានទិញលំនៅដ្ឋានចំនួន ៤,៥ លាននាក់ដែលធ្វើអោយទីផ្សារដែលមានកំណើនលឿនជាង ២០% ក្នុងមួយឆ្នាំៗ។

លោក Kate Everett-Allen ដែលជាដៃគូរបស់ក្រុមហ៊ុន Knight Frank បានពន្យល់ថា តំបន់ស្ថិតភាកខាងលិចនៃឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌាត្រូវបានកត់សម្គាល់ឃើញថាមានតំលៃនៅដ្ឋានមានការកើនឡើងខ្លាំងដោយសារជាបណ្តុំនៃទីប្រជុំជន។

អត្រាកំណើនលំនៅដ្ឋានដែលប្រកៀកគ្នារបស់ទីក្រុង Surat គឺទីក្រុង Izmir នៅក្នុងប្រទេសតួកគី និងទីក្រុងហុងកុងដែលមានកំណើនក្នុងរង្វង់ ១៦,៥% និង ១៥,៦%។

ប្រទសឥណ្ឌាត្រូវបានគេកត់ត្រាផងដែរថាការរីកចម្រើនទីផ្សារលំនៅដ្ឋានរបស់ទីក្រុងមិនដូចគ្នានោះទេ មានទីក្រុងខ្លះរីកចម្រើនខ្លាំង និងខ្លះទៀត មិនរីកចម្រើនទាល់តែសោះ ក្នុងចំណោមប្រទេសនៅលើពិភពលោក។ សន្ទស្យន៍របស់ក្រុមហ៊ុន Knight Frank បានបង្ហាញថា ប្រទេសឥណ្ឌា ស្ថិតនៅលំដាប់លេខរៀងទី ១៤៣ ដែលមានអត្រាធ្លាក់ចុះទីផ្សាលំនៅដ្ឋានចំនួន ៥ ភាករយ ដោយក្នុងនោះទីក្រុង Abu Dhabi ក្នុងប្រទេសអារ៉ាបបានធ្លាក់ចុះ ៧,២ % នៅក្នុងបញ្ជីខណៈពេលដែលនៅក្នុងទីក្រុងដាវីន ប្រទេសអូស្រ្តាលីឈរនៅលេខរៀង ១៤៧ បានធ្លាក់ចុះ ៦,៥% ។

សន្ទស្សន៍លំនៅដ្ឋានសកលលោកបានកើនឡើង ៤% នៅក្នុងឆ្នាំទៅត្រីមាសទី១ នៃឆ្នាំ ២០១៨ ធ្លាក់ចុះពី ៦,៤% កាលពីឆ្នាំមុន៕

ការបោះឆ្នោតជិតមកដល់ តើគួរលក់អចលនទ្រព្យកំឡុងពេលនេះឬទេ?

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ពេលវេលានៃការបោះឆ្នោតបានជិតឈានចូលមកដល់ សកម្មភាពនៃការលក់អចលនទ្រព្យមានកំនើនខ្ពស់ ហើយតម្រូវការថយចុះ តើក្នុងកំឡុងអន្តរកាលបែបនេះម្ចាស់អចលនទ្រព្យគួរលក់ឬទេ? ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស្លឹករឹត លោក ឃាង ពុទ្ឋី បានមានប្រសា​សន៍ឲ្យដឹងនាពេលថ្មីៗនេះថា ស្ថានភាពវិស័យអចលនទ្រព្យឆ្នាំ២០១៨ លោកគិតថាវាជាស្ថានភាពល្អ សម្រាប់អ្នកវិនិយោគ ព្រោះនិន្នា​ការវិវត្តន៍របស់វា គឺមានបី ទី១ វាល្អសម្រាប់អ្នកទិញ គឺជាពេលមានអ្នកដាក់ អចលនទ្រព្យលក់ច្រើនក្នុងទីផ្សារ តែមានអ្នកទិញតិច ទី២ វាល្អសម្រាប់អ្នកលក់ គឺនៅពេលអចលនទ្រព្យឡើងថ្លៃ ហើយម្ចាស់អចលនទ្រព្យលក់ដើម្បីយកទៅវិនិយោគលើផ្នែកផ្សេងៗទៀត និងមានផែនការច្បាស់លាស់។

លោកបន្តថា “ក្នុង​ស្ថានភាពបែបនេះ ខ្ញុំគិតថាប្រសិនជាមិនមានភាពចាំបាច់ ម្ចាស់អចលនទ្រព្យមិនគួរលក់នោះទេ ព្រោះពេលលក់រួច ហើយពេលអចលនទ្រព្យមា​នតម្លៃល្អឡើងវិញ គាត់មិន​អាចយកលុយបានពីការលក់នោះ ទៅទិញអចលនទ្រព្យបានវិញនោះទេ”។

លោកបានបន្តថា ឆ្នាំនេះជាឳកាសល្អ ព្រោះតម្លៃអចលនទ្រព្យ​នឹងឡើងយឺតឬអាចស្ថិតក្នុងសភាពទ្រឹង ជាពេលដែលមានតម្លៃល្អ ទីតាំងល្អ ហើយគំរោងអចលនទ្រព្យធំៗជាច្រើន នឹងដាក់ចូលទីផ្សារ ឬបញ្ចប់ការសាងសង់​។លោកបន្តថា ខុនដូជាច្រើននឹងបានបញ្ចេញក្នុងទីផ្សារ មានន័យថាទីផ្សារអច​លនទ្រព្យនឹងបញ្ចេញច្រើននៅក្នុងទីផ្សារ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាលោក គីម ហ៊ាង បានលើកឡើងស្រដៀងគ្នាថា នៅឆ្នាំនៃការបោះឆ្នោតម្តងៗ មានអ្នកលក់អចល​នទ្រព្យច្រើន តែអ្នកទិញតិច គឺជាពេលល្អសម្រាប់អ្នកទិញ ព្រោះអ្នកទិញជាអ្នកកំណត់ទីផ្សារ ខុសពីពេលស្ថានភាពអចលនទ្រព្យមានតម្រូវការច្រើន គឺម្ចាស់អច​លនទ្រព្យជាអ្នកកំណត់ទីផ្សារ។លោកបន្តថា កំឡុងពេលនេះ អ្នកមានលុយសុទ្ឋ ទិញអចលនទ្រព្យជាអ្នកមានអាទិភាព និងអាចរកទិញអចលនទ្រព្យដែលមានតម្លៃក្រោមទីផ្សារបានចន្លោះពី២០ទៅ៣០ភាគរយ។

លោកបន្តថា “ដើម្បីរកអចលនទ្រព្យមានតម្លៃទាបជាងទីផ្សារ អ្នកវិនិយោគ​គួរស្វែង​រកការប្រឹក្សា ឬស្វែងរកសេវាកម្មពីអ្នកជំនាញ”៕

វិស័យទេសចរណ៍ នឹងស្រូបយកការងារ ២លាននាក់ នៅឆ្នាំ២០៣០

0

ដោយគង់ សូរិយា

ភ្នំពេញ៖ កំនើនទេសចរណ៍អន្តរជាតិ និងក្នុងស្រុកបានធ្វើឲ្យតម្រូវការកំលាំងពលកម្មក្នុងវិស័យនេះ នឹងកើនឡើងដល់២លាននាក់នៅឆ្នាំ២០៣០ខាងមុខ។នេះបើតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍។

លោកប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងក្នុងពិធីចែកវិ ញ្ញាបនបត្រដល់គ្រូបង្គោល ក្នុងវិស័យនេះនាព្រឹកថ្ងៃទី១១ កក្កដាកន្លងមកថា  វិស័យទេសច​រណ៍ បានបង្កើតការងារផ្ទាល់បានប្រមាណ៦២ម៉ឺននាក់ ស្មើនឹង១២.៣ភាគរយនៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការ​ងារផ្ទាល់បានប្រមាណ ជិត១លាននាក់ និង២០២៥ជិត១.២លាននាក់ និង ឆ្នាំ២០៣០ បានចំនួន២លាននាក់ ដោយមិនគិតពីការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។

លោកបន្តថា “ការចូលរួមចែករំលែកចំណេះ របស់គ្រូបង្គោលផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងអភិវឌ្ឍអាជីពក្នុងជំនាញវិជ្ជាជិវៈទេសចរណ៍នៅកម្ពុជាឱ្យកាន់ តែល្អប្រសើរឡើងដើម្បីប្រកួតប្រជែងការងា​រនៅក្នុងតំបន់ និងអន្តរជាតិ”។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា តម្រូវការធនធានមនុស្សក្នុងវិស័យនេះពិតជាកើនឡើងខ្លាំង លើបីផ្នែកគឺផ្នែកដឹកនាំ ប្រតិបត្តិ និងថ្នាក់ក្រោម ដែលបច្ចុប្បន្នមានសាលានិងវិទ្យាស្ថានជាច្រើន បានបើកការបណ្តុះបណ្តាលជំនាញពាក់ព័ន្ឋក្នុងវិស័យនេះច្រើន និងផ្តល់ជូនដោយឥតគិតថ្លៃ។លោកបន្តថា បើសិនជាមិនមានព្រឹត្តិការណ៍ពិភពលោកអាក្រក់អាមួយកើតឡើង ធនធានមនុស្សដែលត្រូវការ និងចំនួនភ្ញៀវទេសចរណ៍ ដែលព្យាករណ៍ដោយរដ្ឋាភិបាល នឹងទទួលបានជោគជ័យ។

លោកបន្តថា “បច្ចុប្បន្នមានអ្នកបំរើការងារក្នុងវិស័យនេះ ដោយផ្ទាល់ចំនួន៦០ទៅ៧០ម៉ឺននាក់ ដែលចំនួននេះមិនទាន់គិតពីអ្នកទទួលផលពីវិស័យនេះ ដោយប្រយោលនៅឡើយទេ”៕

តើចិនឈរជើងក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាយ៉ាងដូចម្តេច?

0

ដោយ វុត្ថា

ភ្នំពេញ វិនិយោគិនចិនកាន់តែកើនច្រើនឡើង បានចូលមកវិនិយោគនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ដោយពួកគេមកវិនិយោគលើវិស័យជាច្រើន នៅក្នុងប្រ​ទេសកម្ពុជា ក្នុងចំណោមនោះគេមើលឃើញថា វិស័យសំណង់គឺជាគោលដៅថ្មីរបស់របស់វិនិយោគិនចិនដែលចាប់អារម្មណ៍ខ្លាំង។

ជាក់ស្តែងគម្រោងសំណង់អគារខ្ពស់ៗកប់ពក នៅក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្តមួយចំនួនដូចខេត្តព្រះសីហនុជាដើម បានសរសេរផ្ទាំងប៉ាណូជាអក្សចិនធំៗ យ៉ាងព្រោងព្រាតនោះបាននិងកំពុងសាងសង់យ៉ាងសកម្ម។

ការណ៍នេះ ត្រូវបានគេមើលឃើញថា វិនិយោគិនចិននៅពីក្រោយនៃការរីកចម្រើនសំណង់អគារនានាក្នុងប្រទេសកម្ពុជា។ នេះក៏ដោយសារតែមេដឹកនាំនៃប្រទេសកម្ពុជា សម្តេចតេជោហ៊ុន សែន មានទំនាក់ទំនងល្អ និងយ៉ាងជិតស្និតជាមួយរដ្ឋាភិបាលចិនរហូតមក។

កាសែត The New York Time បានសរសេរថា ចិនមកវិនិយោគនៅកម្ពុជាជាការលាងលុយកខ្វក់ ជាការសរសេរមួយដែលអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបដិសេធ។

យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ គម្រោងសាងសង់សំណង់ក្នុងប្រទេសកម្ពុជា បានកើនឡើង២២ភាគរយធៀបនឹងឆ្នាំ២០១៦ ក្នុងនោះគម្រោងភាកច្រើន គឺជាគម្រោងសាងសង់របស់វិនិយោគិនចិន។  ជាមួយគ្នានេះក្រសួងបានផ្តល់គម្រោងសាសង់៣.០៥២គម្រោង និងមានផ្ទៃក្រឡាសរុបប្រមាណ ១០លានម៉ែតការ៉េ។

អ្នកជំនាញវិស័យអចលនទ្រព្យមួយចំនួនបានឲ្យដឹងថា អ្នកអភិវឌ្ឍន៍គំរោ ​​ងសំណង់ភាគច្រើនគឺជាជនជាតិចិន ហើយអ្នកដែលទិញក៏ជនជាតិចិនតែមិនសម្រាប់រស់នៅឡើយ គឺទិញយកទៅវិនិយោគបន្ត។ យោងតាមតួលេខផ្លូវការដែលបានចេញផ្សាយកាលពីឆ្នាំ២០១៦ បង្ហាញថា ចំនួនវិយោគិនចិនប្រមាណជា ៣០ ភាករយដែលបានមកវិនិយោគក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជា។

សម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុនដ៏ធំរបស់ចិន Prince Real Estate and Yue Tai Group នឹងសម្ពោធគម្រោងរបស់ខ្លួន ដាក់លក់ក្នុងទីផ្សារក្នុងតំលៃពី ២២,០០០ដុល្លារ ទៅ៩០.០០០ដុល្លារក្នុងមួយយូនីត។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងថា គំរោងវិនិយោគរបស់ចិនភាគច្រើនជាគំរោងធំៗ ដែលមានលំនៅដ្ឋា​នច្រើន និងជាគំរោងមិនសូវបានគិតគូពីភាពបៃតងនោះទេ ហើយគំរោងទាំងនោះភាគច្រើនផ្តោតលើអតិថិជនចម្រុះ ទាំងជនជាតិចិន និងជនជាតិខ្មែរ ក៏ដូចជាជនបរទេសដទៃទៀត។

អ្នកនាងបន្តថា “ការវិនិយោគរបស់ចិននៅកម្ពុជា ដោយសារតែសេដ្ឋកិច្ចកម្ពុជារីកចម្រើន កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងទំនាក់ទំនងល្អរវាង​រដ្ឋាភិបាលប្រទេសទាំងពីរ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា ការវិនិយោគរបស់ចិននៅកម្ពុជា ជារឿងល្អដែលផ្តល់ផលប្រយោ​ជន៍ច្រើនដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ប៉ុន្តែលោកបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិ​បាល គួរចាប់យកទីផ្សារផ្សេងទៀត ជាជាងចាប់យកតែទីផ្សារចិន ព្រោះបើចិនមានបញ្ហា កម្ពុជានឹងមានបញ្ហា ប៉ុន្តែបើយើងមានទីផ្សារច្រើន ទោះបីចិនមានបញ្ហា យើងនឹងមិនប្រឈមមុខនឹងបញ្ហានោះទេ។

លោកបានលើកឧទាហរណ៍ប្រៀបធៀបថា “ការពឹងផ្អែកចិនតែមួយ ប្រៀប​បីដូចជាយើងដកដង្ហើមដោយប្រើរន្ឋច្រមុះតែមួយ ដូច្នេះបើរន្ឋច្រមុះនោះស្ទះទៀត យើងនឹងមានបញ្ហា”។លោកបន្តថា “ផ្ទុយទៅវិញ បើយើងដកដង្ហើមដោយ​ប្រើរន្ឋច្រមុះពីរ ទោះបីរន្ឋច្រមុះមួយស្ទះ ក៏នៅមានរន្ឋមួយទៀតសម្រាប់ដកដង្ហើមដែរ”៕