ឆ្នាំ២០១៨ ខុនដួចំនួន ១៧គំរោងទៀត នឹងបញ្ចប់ការសាងសង់

ដោយ ដួង ចន្រ្ទា

ភ្នំពេញ ស្របពេលការសាងសង់បន្តសកម្មភាពជារៀងរាល់ថ្ងៃ ចំនួនអាគារ​ខ្ពស់ៗនៅក្រុងភ្នំពេញបានបន្តកើនឡើង ជាពិសេសអាគារខុនដូចំនួន១៧គំរោង​ទៀតនឹងបញ្ចប់ការសាងសង់នៅឆ្នាំនេះ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានបង្ហាញ​កាលពីសប្តាហ៍មុនបានរកឃើញថា មានខុនដូចំនួន ១៧ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ ២០១៨ ខាងមុខនេះ ខណៈកាលពីឆ្នាំមុនចំនួនខុនដូនៅក្នុងទីក្រុងភ្នំពេញ មានចំនួន៨៦០០បន្ទប់គិតមកដល់ឆ្នាំ២០១៧។ នៅក្នុងឆ្នាំ២០១៧មានខុនដូចំនួន៩ បានប្រកាសសាងសង់។

ចំណែកឯតម្លៃរបស់ខុនដូត្រូវបានធ្លាក់ចុះ១១ភាគរយ សម្រាប់ខុនដូខ្នាតមធ្យម និង៤ភាគរយសម្រាប់ខុនដូខ្នាតកណ្តាល ក៏ប៉ុន្តែតម្លៃសម្រាប់ខុនដូខ្នាតខ្ពស់ មានការកើនឡើងរហូតដល់៣ភាគរយ។​ ការសិក្សាបានរកឃើញផងដែរថា នៅក្នុងឆ្នាំ២០១៨នេះអត្រាជួលមានការធ្លាក់ចុះសម្រាប់ខុនដូ។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងថា ទីផ្សារខុនដូកាន់តែមានភាពប្រកួតប្រជែងខ្លាំងជាងមុន ដែលធ្វើឲ្យតម្លៃខុនដូបានធ្លាក់ចុះបន្តិចបន្តួច ប៉ុន្តែមិនមានសញ្ញានៃហានិភ័យខ្លាំងក្នុងវិស័យនេះទេ។អ្នកនាងបានបន្តថា ធៀបជាមួយអាផាតម៉ិនដែលដាក់ជួលនិងគំរោងបញ្ចប់ការសាងសង់កើនឡើងផងដែរ ជាហេតុធ្វើឲ្យការប្រកួតប្រជែងកើនឡើង។

ការសិក្សារបស់ក្រុមហ៊ុន VTRUST Appraisalបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញផងដែរថា ចំនួនខុនដូនៅកម្ពុជាបានកើនឡើងជិត៦ម៉ឺនយូនីត ភាគច្រើនជាខុនដូដែលមានទីតាំងនៅរាជធានីភ្នំពេញ។

អគ្គនាយកក្រុមហ៊ុន Century21Mekongលោកច្រឹក សុខនីមបានថ្លែងថា ទីផ្សារខុនដូមានសភាពធម្មតា គ្រាន់តែដំណើរការលក់មានភាពយឺតយ៉ាវជាងមុន​បន្តិច ប៉ុន្តែចំនួននៃការលក់នៅតែកើនឡើង ពិសេសខុនដូដែលមានតម្លៃមធ្យម និងផ្តោតលើប្រជាជនមានប្រាក់ចំណួលមធ្យម។

លោកបន្តថា “និន្នាការទិញខុនដូពីសំណាក់ប្រជាពលរដ្ឋខ្មែរបានកើនឡើងដោយបច្ចុប្បន្នខុនដូ៣០ភាគរយ ត្រូវបានទិញដោយប្រជាពលរដ្ឋខ្មែរនិង៧០ភាគ​រយគ្រប់គ្រងដោយជនបរទេស”៕

ហាង​មួយ​របង​ស្ដា​ត​អូឡាំពិក ធ្វើការ​ថែម​ជូន​ស៊ីម Cellcard លេង​ការ៉េ Free និង​ដាក់លក់ PowerBank ទំហំ 5,000 mAh មួយ​តែ 2 ដុល្លារ ឱកាស​បើកសម្ពោធ​ថ្មី

ឡូយ​អស្ចារ្យ! ក្នុងឱកាស​បើកសម្ពោធ​ហាង​លក់​ទូរស័ព្ទ​ទំនើប​ចំរុះ ហាង Next Big Thing Store លក់​ទូរស័ព្ទ និង​គ្រឿង Accessory មាន​ទីតាំង​ជាប់​របង​ស្ដា​ត​អូឡាំពិក បានធ្វើ​ប្រូ​ម៉ូ​សិន​ជាច្រើន​សន្ធឹកសន្ធាប់ ទៅលើ​រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន​គ្រប់​ម៉ូ​ឌែ​ល និង​ការ​ជាវ​គ្រឿង​បំពាក់​លើ​ទូរស័ព្ទ​ដទៃ ចាប់ពី​ថ្ងៃទី 03 ខែកុម្ភៈ តទៅ។ ការផ្ដល់ជូន​ពិសេស​នេះ ហាង Next Big Thing Store ធ្វើ​ការលក់​បញ្ចុះតម្លៃ​ស្ទើរ​គ្រប់​ម៉ូ​ឌែ​ល ជាពិសេស PowerBank ទំហំ 5,000 mAh តម្លៃ 12 ដុល្លារ លក់​ត្រឹមតែ 2 ដុល្លារ​ប៉ុ​ណ្នោះ។   

ក្រៅពីនេះ ហាង​ក៏មាន​ធ្វើ​នូវ​ប្រូ​ម៉ូ​សិន​បន្ថែមទៀត ទៅលើ​រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន Xperia XZ Premium, XA1 Ultra និង OPPO F5 ដោយនូវ​រាល់​ការ​ជាវ Xperia XZ Premium ពី​ហាង Next Big Thing Store លោក​អ្នកនឹង​ទទួលបាន​កាដូ​ពិសេស​ដែលមាន​តម្លៃ​រហូត​ទៅដល់ 349 ដុល្លារ ដូចជា​បាស​បំពង​សំឡេង Sony XB40, ស្រោម​ការពារ, និង​ស៊ីម​កាត​លេខ​ការ៉េ​ពី Cellcard ដែលមាន​ភ្ជាប់​ជាមួយនឹង Data អ៊ី​ន​ធ្វើ​ណេ​ត 120 GB រយៈពេល​មួយឆ្នាំ​ពេញ។

ការ​ជាវ​ទូរស័ព្ទ XA1 Ultra នឹង​ទទួលបាន​នូវ​កាដូ​ជាច្រើន​ដូចគ្នា​ដែល​សរុប​ជា​ទឹកប្រាក់​រហូតដល់ 286 ដុល្លារ​ដែល​រួមមាន​ដូចជា៖ បាស​បំពង​សំឡេង XB20, កាបូបស្ពាយ, ស្រោម​ការពារ, ដុំ​សាក​ថ្ម PowerBank ទំហំ 5,000 mAh និង​ទទួលបាន​ស៊ីម​កាត Cellcard លេខ​ការ៉េ ដែលមាន​ភ្ជាប់​ជាមួយនឹង Data អ៊ី​ន​ធើ​ណេ​ត 120 GB  សម្រាប់​ការប្រើ​មួយឆ្នាំ​ពេញ​ផងដែរ។

ក្រៅពីនេះ លោកអ្នក​នៅតែ​អាច​ទទួលបាន​លេខ​ពិសេស​ដដែល ក្រោយ​ចំណាយ​លើ​ការទិញ គ្រឿង Accessory ចាប់ពី 20 ដុល្លារ​ឡើងទៅ។ សម្រាប់​ពត៌មាន​បន្ថែម​លោកអ្នក​អាច​ទូរស័ព្ទ​ទៅកាន់​លេខ 089 638 638/ 010 638 638 ឬក៏​ចូលទៅ​កាន់ Facebook Page របស់ Next Big Thing Store ដោយផ្ទាល់​ក៏បាន​ដែរ៕

រឿងត្រូវដឹងមុនសម្រេចចិត្តវិនិយោគលើភាគហ៊ុន និងមូលបត្របំណុល

ដោយ ដួង ចន្រ្ទា

ភ្នំពេញ ស្របពេលកម្ពុជារៀបចំវេទិកាសញ្ញាប័ណ្ណអាស៊ានបូកបី ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ការស្វែងយល់ពីទីផ្សារសញ្ញាប័ណ្ណ ឬមូលបត្របំណុល និងការបោះលក់មូលបត្រមានសារៈសំខាន់ណាស់ នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា។

តើអ្វីទៅជាបោះលក់មូលបត្រឬការបោះលក់ភាគហ៊ុន និងមូលបត្របំណុ​លគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេ Propertyarea.asia សូមលើកយកចំណេះដឹងខ្លះៗទាក់ទងនឹងវិស័យនេះ។

ការលក់ភាគហ៊ុន និងការលក់មូលបត្របំណុលជាផលិតផលពីរផ្សេងគ្នា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណកម្មការមូលបត្រកម្ពុជា។

លោកស៊ូ សុជាតិអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានថ្លែងឲ្យដឹងថា បច្ចុប្ប​ន្នគណៈកម្មការមូលបត្រកម្ពុជា បាននិងកំពុងធ្វើការជាមួយទីផ្សារមូល​បត្រកម្ពុជា ដោយបានអនុញ្ញាត្តឲ្យក្រុមហ៊ុនចំនួន៥ បោះផ្សាយលក់មូលបត្រ ដែលក្រុមហ៊ុនទាំងនោះរួមមាន រដ្ឋាករទឹកស្វយ័ត្នក្រុងភ្នំពេញ កំពង់ផែស្វយ័ត្នក្រុងភ្នំពេញ កំពង់ផែស្វយ័ត្ន ខេត្តព្រះសីហនុ រោងចក្រកាត់ដេរហ្រ្គេនធ្វីន និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

អ្វីជាទីផ្សារមូលបត្រ?

ទីផ្សារមូលបត្រ ជាកន្លែងជួបគ្នារវាងអ្នកទិញ និងអ្នកលក់ដែលមានការព្រមព្រៀងគ្នា ដើម្បីបោះលក់មូលបត្រ ឬភាគហ៊ុននៃក្រុមហ៊ុនរបស់ខ្លួនដល់សាធារ ណៈជន ដែលសាធារណៈជនអាចទិញភាគហ៊ុនវិ​និយោគ ហើយអ្នកទិញបានក្លាយជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុននោះ។

អ្នកវិនិយោគលើភាគហ៊ុន ឬមូលបត្រដែលបោះលក់ ដោយក្រុមហ៊ុនណា​មួយ អាចទទួលបានប្រាក់ចំណេញឬខាត អាស្រ័យលើក្រុមហ៊ុននោះរកស៊ីខាតឬចំណេញ។ អ្នកវិនិយោគអាចលក់ហ៊ុនរបស់ខ្លួន នៅពេលតម្លៃភាគហ៊ុននោះឡើងថ្លៃ ហើយអាចទទួលបានផលចំណេញ ប៉ុន្តែបើភាគហ៊ុនក្រុមហ៊ុនដែលខ្លួនបានវិនិយោគនោះធ្លាក់ចុះ អ្នកវិនិយោគត្រូវខាតបង់។

ប៉ុន្តែអ្នកវិនិយោគក៏មិនខាតបង់ដែរ ប្រសិនជាអ្នកវិនិយោគទិញភាគហ៊ុននោះ រក្សាទុកភាគហ៊ុនរបស់ខ្លួន រង់ចាំរហូត​ដល់ភាគហ៊ុននោះឡើងថ្លៃ ចាំលក់អ្នកវិនិយោគនោះមិនរងការខាតបង់នោះទេ ប៉ុន្តែជាការកប់នូវដើមទុនដែលខ្លួនវិនិយោគផងដែរ។

សញ្ញាបណ្ណឬមូលបត្របំណុល

ទីផ្សារសញ្ញាប័ណ្ណ ឬមូលបត្របំណុល មិនទាន់បានចាប់ផ្តើមនៅកម្ពុជានៅ ឡើយទេ ព្រោះរហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយបោះលក់​មូលបត្របំណុល ឬសញ្ញាប័ណ្ណនៅឡើយទេ បើទោះជាគណៈកម្មការមូលបត្រកម្ពុជាបានបញ្ចប់ការរៀបចំបទដ្ឋានគតិយុត្តិ ឬសៀវភៅឯកសារពាក់ព័ន្ឋរួចហើ​យក៏ដោយ។

អ្វីជាមូលបត្របំណុល?

មូលបត្របំណុលជាការបោះផ្សារលក់មូលបត្ររបស់ក្រុមហ៊ុនមួយ ដើម្បីប្រមូលទុនទៅវិនិយោគឬពង្រីកក្រុមហ៊ុនរបស់ខ្លួន។ សាធារណៈជនអាចចូល​រួមទិញមូលបត្របំណុលពីក្រុមហ៊ុនណាមួយនោះ និងទទួលបានអត្រាការប្រាក់​ក្នុងចំនួនថេរមួយ ស្របតាមបទបញ្ញត្តិដាក់ចេញរវាងក្រុមហ៊ុន និងគណៈកម្មការមូលបត្រកម្ពុជា និងអ្នកវិនិយោគ ដែលស្ម័គ្រចិត្តទិញមូលបត្របំណុលនៃក្រុមហ៊ុនណាមួយនោះ៕

អភិបាលខេត្តថា មិនមាន China Town នៅខេត្តព្រះសីហនុទេ

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលប្រជាជនមូលដ្ឋាន បានហៅគំរោងអភិវឌ្ឍន៍មួយនៅឆ្នេរអូរត្រេស ខេត្តព្រះសីហនុថាជាChina Town អភិបាលខេត្តព្រះសីហនុបានបដិ​សេធការលើកឡើងនេះ។

លោកយន្ត មីនអភិបាលខេត្តព្រះសីហនុបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលម៉ិញនេះថា មិនមានសំណើរផ្លូវការណាមួយមកកាន់រដ្ឋបាលខេត្ត និងរដ្ឋាភិបាលពីគំរោងវិនិយោគទីក្រុងចិន(China Town)នៅខេត្តព្រះសីហនុនោះទេ។ ការលើកឡើងថា មានគំរោង China Townនៅខេត្តព្រះសីហនុ ជារឿងមិនពិតទេ តែវាជាគំរោងអភិវឌ្ឍន៍មួយ ដែលពិតជាបានវិនិយោគដោយអ្នកវិនិយោគមកពី​ប្រទេសចិន។

លោកបន្តថា “បច្ចុប្បន្នខេត្តព្រះសីហនុ មានអ្នកវិនិយោគ និងអ្នកមកធ្វើការងារជាជនជាតិចិនស្នាក់នៅអចិន្រ្តៃយ៍ ក្នុងខេត្តប្រមាណ៥០០០នាក់ប៉ុណ្ណោះ”។លោកបន្តថា “តាមធម្មតានៅពេលមានមនុស្សច្រើន បញ្ហាជាច្រើននឹងកើតមាន​ជារឿងធម្មតា មិនមានអ្វីគួរឲ្យចម្លែកទេ ប៉ុន្តែអ្វីសំខាន់គឺអាជ្ញាធរអាចគ្រប់គ្រងបាន”។
បច្ចុប្បន្ននៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានរោងចក្រ សហគ្រា​សដែលវិនិយោគភាគច្រើន ដោយជនជាតិចិនជាង១៤០រោងចក្រ​ជាមួយនឹងទុនវិនិយោគជាង៣០០លានដុល្លារអាមេរិក និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់។

ក្រៅការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនចិនជាច្រើនបាននិងកំពុងវិនិយោគលើវិស័យខុនដូជាច្រើនផងដែរ ដូចជា គំរោងរបស់ក្រុមហ៊ុនPrince Real Estate Group, The Blue Bay, The Sunshine Bay, ជាដើម។

ក្រៅពីវិនិយោគលើវិស័យខុនដូ អ្នកវិនិយោគចិនក៏បានវិនិយោគលើវិស័យ​កាស៊ីណូប្រមាណ២០ទីតាំង នៅក្នុងទីក្រុងព្រះសីហនុ ដែលជាតំបន់ឆ្នេរដ៏ស្រស់​ស្អាតរបស់កម្ពុជាផងដែរ៕

រដ្ឋមន្រ្តីពាណិជ្ជកម្មចិន កាន់តែផ្តល់ក្តីសង្ឃឹមដល់កសិករខ្មែរ

ដោយ វុត្ថា

ភ្នំពេញ៖ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោក Zhong Shan រដ្ឋមន្ត្រីពាណិជ្ជកម្មចិនបានសន្យាសម្របសម្រួល លើការនាំចូលកសិផលពីកម្ពុជា​ឲ្យកាន់តែច្រើន តាមការស្នើសុំពីភាគីកម្ពុជា។

ជាការឆ្លើយតបនឹងសំណើរពីកម្ពុជា លោក Zhong Shan រដ្ឋមន្ត្រីពាណិជ្ជកម្មចិនបានលើកឡើង ក្នុងជំនួបជាមួយលោកប៉ាន សូស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិ​ជ្ជកម្មកម្ពុជាកាលពីម្សិលម៉ិញនេះថា ក្នុងនាមជាបងប្អូននឹងគ្នា ប្រទេសចិននឹងសម្របសម្រួលជាមួយផ្នែកពាក់ព័ន្ធ ពិសេសអាជ្ញាធរ AQSIQ ដើម្បីបង្កើនការនាំចូលកសិផលពីកម្ពុជាមកកាន់ទីផ្សារប្រទេសចិន។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យ e-Commerce និង ITC ភាគីទាំងពីរបានឯកភាព ឲ្យមន្រ្តីជំនាញធ្វើការលម្អិតជាមួយគ្នា និងដាក់ជូនរដ្ឋមន្ត្រីទាំងពីរជាអ្នកសម្រេច។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីចិន បានស្នើកម្ពុជាជួយជំរុញឲ្យពាណិជ្ជករកម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូល ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅទីក្រុងសៀងហៃ នៅខែវិច្ឆិកា ឆ្នាំ២០១៨។

ជាការឆ្លើយតប ឯកឧត្ដម ប៉ាន សូរស័ក្ដិ បានជម្រាបភាគីចិនថា កម្ពុជានឹងចូលរួមពិព័រណ៌ដ៏មានសារៈសំខាន់នេះ ដោយខិតខំជំរុញឲ្យមានអ្នកចូលរួមបានច្រើន ដើម្បីបង្ហាញផលិតផលខ្មែរ ដល់អន្តរជាតិឲ្យបានស្គាល់កាន់តែច្រើនថែមទៀត។

លោកប៉ាន សូរស័ក្ដិបានថ្លែងថា ក្រៅពីអង្ករដែលទទួលបានកូតានាំចូលប្រទេសចិនចំនួន៣០ម៉ឺនតោននៅក្នុងឆ្នាំ២០១៨នេះ កម្ពុជាមានកសិផលជាច្រើ​នទៀត ដូចជា ដំឡូងមី ពោត ចេក មៀន ស្វាយ ស្វាយចន្ទី កៅស៊ូ ។ល។ ដែលកំពុងសំឡឹងមើលទីផ្សារប្រទេសចិន សម្រាប់ធ្វើការនាំចេញ។ ចំពោះម៉្សៅដំឡូងមី ដែលកំពុងនាំចូលទីផ្សារប្រទេសចិន លោករដ្ឋមន្រ្តីបានស្នើឲ្យភាគីចិន ជួយសម្រួលយ៉ាងណា ដើម្បីឲ្យកម្ពុជាអាចនាំចូលទីផ្សារចិនបានកាន់តែច្រើន។

លោករដ្ឋមន្ត្រីក៏បានជម្រាបភាគីចិនផងដែរថា កម្ពុជានឹងជំរុញសកម្មភាពពាណិជ្ជកម្មឲ្យកាន់តែផុលផុសថែមទៀត តាមរយៈការតាំងពិព័រណ៌ពាណិជ្ជកម្ម ការរៀបចំវេទិកា និងជំនួបពាណិជ្ជកម្មនានា ព្រមទាំងការដោះដូរព៌តមានពាណិ​ជ្ជ​កម្មជាមួយភាគីចិន៕

អ្នកវិនិយោគក្នុងស្រុកបោះទុន២០លានដុល្លារនាំហាងម៉ាតរបស់អាមេរិកចូលកម្ពុជា

ដោយ គង់ សូរិយា

ភ្នំពេញ៖ វិនិយោគិនខ្មែរមួយរូបគ្រោងបោះទុនវិនិយោគ​២០លានដុល្លារ ដើម្បីពង្រីកម៉ាតរបស់ខ្លួន ឲ្យបាន៣០០ទីតាំងនៅ១០ឆ្នាំខាងមុខ ខណៈលោក​បានទិញសិទ្ធិអាជីវ​កម្ម​ឬ Franchise ហាង​ម៉ា​ត​ពីអា​មេរិកឈ្មោះថា ស៊ីខល ខេ (Circle K)។

លោក ណម តុង ជាអ្នកនាំចូលសិទ្ធិអាជីវកម្មនេះបានថ្លែងក្នុងពិធី​សម្ភោធ​ហាងរបស់ខ្លួនកាលពីម្សិលម៉ិញនេះថា លោកមានគំរោងពង្រីកហាងនេះឲ្យបាន​ ប្រមាណ៤០ហាងនៅដំណាច់ឆ្នាំនេះ ខណៈដែល​បច្ចុប្បន្នហាងទំនិញម៉ាកនេះ មានចំនួន៣ទីតាំងហើយនៅទីក្រុងភ្នំពេញ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកគឹម ស៊ីថនបាន​មាន​ប្រសាសន៍ថា ដោយសារមានការជឿជាក់លើស្ថានភាពនយោបាយ ​និង​សេដ្ឋកិច្ចរបស់កម្ពុជា វិនិយោគបរទេស និងក្នុងស្រុកជាច្រើនបានបន្តចូលនិង​បណ្ដាក់ទុនវិនិយោគ​លើអាជីវកម្មផ្សេងៗ ក្នុងនោះក៏មានក្រុមហ៊ុនម៉ាកល្បីៗ​ជា​ច្រើនបានមកនិងកំពុ​ង​តែមកបណ្ដើរៗពីសហរដ្ឋអាមេរិក ជាក់ស្ដែងដូចក្រុម​ហ៊ុន​ហាងទំនិញនេះ​ជាដើ​ម។

លោកបន្តថា “កាលពីឆ្នាំមុន​មានម៉ាកល្បីៗចំនួ​ន៩៩ ត្រូវបានម្ចាស់​ម៉ាក​ទាំងនោះ ប្រគល់សិទ្ធិឲ្យក្រុមហ៊ុនក្នុងស្រុកគ្រប់គ្រង និង​បែងចែកលក់បន្តក្នុ​ង​នាមជាម្ចាស់ម៉ាក”។

អគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William A.Heidt ​បានថ្លែង​ថា ម៉ាកល្បីៗរបស់អាមេរិកជាច្រើនទៀត នឹងមានវត្តមាននៅប្រទេសកម្ពុជា ដើម្បីធ្វើអាជីវកម្មរួមគ្នាជាមួយនឹង​វិនិយោគិន​ខ្មែរ៕

តោះ! ពិនិត្យមើលត្រួសៗពីវិស័យអចលនទ្រព្យឆ្នាំ២០១៨

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ឆ្នាំ២០១៨បានចាប់ផ្តើម និងបានបញ្ចប់នូវខែទី១របស់ខ្លួន តាមប្រតិទិនជាធម្មតា ប៉ុន្តែបើក្រឡេកមើលវិស័យសំណង់ និងអចលនទ្រព្យឆ្នាំ២០១៨មានសញ្ញាល្អប្រសើរផង និងសញ្ញាមិនសូវវិជ្ជមានផង។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ដែលបានធ្វើបទបង្ហាញដោយលោក MARC TOWNSEND អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ CBRE ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានរកឃើញថា ទាក់ទងទៅលើទីផ្សារវិនិយោគតម្លៃដីនៅតាមតំបន់នីមួយៗ ជុំវិញទីក្រុងភ្នំពេញ មានការកើនឡើងជាមធ្យមរហូតដល់៦.៦ % បើធ្វើការប្រៀបធៀបទៅនឹងឆ្នាំចាស់។ ចំណែកឯការវិនិ​យោគទៅលើអាគារ មានការកើនឡើងរហូតដល់២២ភាគរយ។ មានគំរោងសរុបរហូតដល់៣,៤១៨គំរោង ដែលមានទឹកប្រាក់សរុប US$៦.៨ កោដិដុល្លារអាមេរិក កាលពីឆ្នាំ២០១៧។


ក្រឡេកទៅមើលចំនួនខុនដូនៅក្នុងទីក្រុងភ្នំពេញ មានចំនួន៨៦០០បន្ទប់គិតមកដល់ឆ្នាំ២០១៧។ នៅក្នុងឆ្នាំ២០១៧មានខុនដូចំនួន៩ ត្រូវបានស្ថាបនាឡើង។មានខុនដូចំនួន ១៧ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ ២០១៨ ខាងមុខនេះ ។ ចំណែកឯតម្លៃរបស់ខុនដូត្រូវបានធ្លាក់ចុះ១១ភាគរយ សម្រាប់ ខុនដូខ្នាតមធ្យម និង៤ភាគរយ សម្រាប់ខុនដូខ្នាតកណ្តាល ក៏ប៉ុន្តែតម្លៃសម្រាប់ខុនដូខ្នាតខ្ពស់ មានការកើនឡើងរហូតដល់៣ភាគរយ។​

ការសិក្សាបានរកឃើញផងដែរថា នៅក្នុងឆ្នាំ២០១៨នេះ អត្រាជួលមានការធ្លាក់ចុះសម្រាប់ខុនដូ។
ចំពោះទីផ្សារការិយាល័យនៅក្នុងប្រទេសកម្ពុជាវិញ យោងទៅលើការព្យាករណ៍សម្រាប់ឆ្នាំ ២០១៨ និងឆ្នាំ២០១៩ និងចំនួនអាគារការិយាល័យមានការកើនឡើង ដោយមានការិយាល័យចំនួន៥​ នៅក្នុងទីក្រុងភ្នំពេញត្រូវបានបញ្ច​ប់​ការសាងសង់នៅក្នុងឆ្នាំ ២០១៧ និង​មាន​ការិយាល័យចំនួន៩ គំរោងសម្រាប់ឆ្នាំ ២០១៨ និងឆ្នាំ២០១៩ ។ ក្នុងការរំពឹងគិត តម្លៃជួលនៅមានស្ថេរភាពដូចធម្មតាដដែល។ ម្យ៉ាងទៀតនៅក្នុងឆ្នាំ២០១៨​នេះ នឹងមានការផ្គត់ផ្គង់អាគារការិយាល័យដែលមានកម្មសិទ្ធចំណែកឯកជន៦០,០០០ ម៉ែត្រការ៉េថែមទៀតផងដែរ។

សម្រាប់ទីផ្សារលក់រាយវិញ បានឃើញថា នឹងមានការកើនឡើងខ្ពស់សំរា​ប់ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលគំរោងផ្នែកលោកមានរហូតដល់១២ គំរោងសម្រាប់ឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០ខាងមុខនេះ។

ចំណែកឯផ្នែកឧស្សាហកម្មរបស់ប្រទេសកម្ពុជាវិញ មានការកើនឡើងភា​គច្រើនទៅលើវិស័យកាត់ដេរ សម្លៀកបំពាក់ ដោយការនាំចេញមានការកើនឡើ​ង​ពីមួយឆ្នាំទៅមួយឆ្នាំ។ ក៏ដូចគ្នារដែរទៅលើវិស័យទេសចរណ៍ នៅក្នុងប្រទេ​ស​កម្ពុជា ចំនួនអ្នកទេសចរណ៍ ដែលបានចូលមកកា​ន់​​​ប្រទេសកម្ពុជានៅចុងឆ្នាំ ២០១៧ មានសរុបរហូតដល់៥.៦លាននាក់ ដែលមានចំនួន១១.៨ ភាគរយ ច្រើនជាងចំនួននៅក្នុងឆ្នាំ ២០១៦ ។

​នៅក្នុងចំនួនសរុបរបស់អ្នកទេសចរណ៍ ដែលបានចូលមកប្រទេសកម្ពុជានោះ មានជនជាតិ ចិនរហូតដល់ ៤៦.៣ ភាគរយនៃចំនួនសរុប ដែលបន្តដោយជនជាតិ វៀតណាម និង ជនជាតិ ឡាវ។

អ្នកនាងអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានបញ្ជាក់ថា “ការវិនិយោគទៅលើទីតាំងល្អ តំលៃល្អ រួមជាមួយ ការគ្រប់គ្រងល្អ អាគារមានប្រព័ន្ធសុត្ថិភាព និងសំណង់មានគុណភាពល្អនោះ មានន័យថា អ្នកវិនិយោគរូបនោះ នឹងជៀសផុតពីហានិភ័យនិងបញ្ហាផងដែរ៕

បុរី The Mekong Royal ផ្តល់រង្វាន់ជាពិសេសក្នុងឳកាសបុណ្យចូលឆ្នាំចិន

ដោយដែន ចែងចាំង

ភ្នំពេញ៖ ដោយសារតែមានការគាំទ្រ ពីសំណាក់អតិថិជនយ៉ាងច្រើនលើសលប់ និងដើម្បីអបអរបុណ្យចូលឆ្នាំចិននាពេលខាងមុខ បុរី ឌឹមេគង្គរ៉ូយ៉ាល់មានកិត្តិយស សូមជម្រាបជូនអតិថិជនទាំងអស់អោយបានជ្រាបថា បុរីយើងខ្ញុំនឹងបន្តប្រូម៉ូសិនកាន់តែកក្រើក រង្វាន់រឹតតែអស្ចារ្យរហូតដល់ដំណាច់ខែកុម្ភៈនេះ។

យោងតាមព៌តមានទទួលបាន ពីក្រុមហ៊ុនអភិវឌ្ឍន៍បុរីនេះបានឲ្យដឹងនាព្រឹកថ្ងៃទី២ កុម្ភៈនេះថា រាល់ការកក់ប្រភេទផ្ទះល្វែង និងវីឡាកូនកាត់ ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ2018 អតិថិជននឹងទទួលបានការចាប់ប័ណ្ណផ្សងសំណាង ដែលនឹងឈ្នះរង្វាន់ជាច្រើន ដូចជា រង្វាន់ទី១ ទទួលបានការបញ្ចុះតម្លៃទឹកប្រាក់ចំ​នួន២០,០០០ដុល្លារ រង្វាន់ទី២ ទទួលបានការបញ្ចុះតម្លៃនូវទឹកប្រាក់បញ្ចុះតម្លៃ១០,០០០ដុល្លារ ។ រង្វាន់ទី៣ ទទួលបានការបញ្ចុះតម្លៃទឹកប្រាក់៥,០០០ដុល្លារ រង្វាន់ទីទី៤ទទួលបានម៉ូតូម៉ាក Zoomer X និង រង្វាន់ទី៥ទទួលបាន​នូវរង្វាន់ទូរស័ព្ទ iPhone X។

សូមរួសរាន់ឡើង មកធ្វើការកក់ឥឡូវនេះ កុំអោយប្រូម៉ូសិនដ៏អស្ចារ្យនេះកន្លងផុតទៅអោយសោះ។
អតិថិជនអាចអញ្ជើញមកទស្សនាផ្ទះគំរូដោយផ្ទាល់ និងសាកសួរព័ត៌មានបន្ថែម ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ6A ពីស្ពានជ្រោយចង្វារចម្ងាយ 06គីឡូម៉ែត្រ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ 010 86 87 88, 078 86 87 88, 095 86 87 88, 097 9 86 87 88៕

កម្ពុជាអាចនឹងមានផ្លូវរថភ្លើងលើអាកាសពីភ្នំពេញទៅពហុកីឡដ្ឋានជាតិថ្មីនៅព្រែកព្នៅ

មហិច្ឆិតារបស់រដ្ឋាភិបាលនៅមិនទាន់ឆ្អែតនៅឡើយទេ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ស្របពេលដែលកំណើនយានយន្ត និងសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងទីក្រុងភ្នំពេញ។ ក្នុងនោះរដ្ឋាភិបាលមានគម្រោងសាងសាងផ្លូវរថភ្លើងលើអាកាសពីភ្នំពេញទៅពហុកីឡដ្ឋានជាតិថ្មី (មរតកតេជោ) នៅព្រែកព្នៅបន្ថែមមួយថ្មីទៀត។

កាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅក្នុងពិធីចុះហត្ថលេខាលើអនុគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូ នៅក្រុងបាត់ដំបងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បាននឹងកំពុងសិក្សាលើគម្រោងផ្លូវរថភ្លើងលើអាកាស ដែលគ្មានអ្នកបើកមួយខ្សែតទៀត ដូចនៅប្រទេសជប៉ុនគឺពីភ្នំពេញ ទៅពហុកីឡដ្ឋានជាតិថ្មី (មរតកតេជោ) នៅព្រែកព្នៅ ចម្ងាយប្រហែលជា ១៨គីឡូម៉ែត្រ។

បច្ចុប្បន្ននេះ ក្រសួងសាធារណការ បាននឹងកំពុងអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសស្វ័យប្រវត្តិ (AGT) ចំនួន ៤ខ្សែរត់នៅក្នុងរាជធានីភ្នំពេញ ដែលអង្គការ JICA កំពុងធ្វើការសិក្សាផងដែរ។ ខ្សែរថភ្លើងទាំងនេះមានប្រវែងប្រមាណជា ១៨គីឡូម៉ែត្រ នឹងរត់តាមបណ្តោយផ្លូវមួយចំនួនដូជា មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ ២១៧ ផ្លូវវេងស្រេង ឆ្ពោះទៅព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវជាដើម។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានថ្លែងថា ការរៀបចំអោយមានផ្លូវរថ្លើងរត់ក្នុងរាជធានីភ្នំពេញគឺដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ចំណាយពេលវេលាyតិច និងកាត់កាត់ចំណាយថវិការបស់ពលរដ្ឋកម្ពុជា៕

អស្ចារ្យ!! អាគារពាណិជ្ជកម្មត្រូវដំឡើងដល់កំពស់៦០០ម៉ែត្រជាថ្មី

ដោយ គង់ សូរិយា

ភ្នំពេញ៖ អាគារពាណិជ្ជកម្មលំដាប់ពិភពលោក Thai Bunrong Tween Tower នឹងត្រូវដំឡើងកំពស់រហូតដល់៦០០ម៉ែត្រ ដែលគ្រោងសាងសង់នាពេលខាងមុខនេះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាព្រឹកថ្ងៃទី១ កុម្ភៈនេះបានលើកឡើងថា កម្ពុជានឹងសាងសង់អាគារពាណិជ្ជកម្ម កំពស់១៣៣ជាន់ ស្មើនឹងកំពស់៦០០ម៉ែត្រនា​ពេលខាងមុខនេះ បន្ទាប់ពីអាគារនេះបានប្រកាសសាងសង់កាលពីខែតុលាឆ្នាំមុននិងបានពន្យាពេលរហូតមកទល់ពេលនេះ។

លោកទេសរដ្ឋមន្រ្តីជា សុផារ៉ាបានប្រាប់សម្តេចថា ទាក់ទងនឹងការសាងសង់អាគារ Thai Bunrong Tween Towerស្ថិតនៅកណ្តាល​រាជធានីភ្នំពេញ នៅពេលសម្តេចងាកសួរលោក។

លោកសាស្រ្តាចារ្យទួស សាភឿនស្ថាបត្យករ ដែលបានចូលរួមសិក្សានិងគូប្លង់ស្ថាបត្យកម្មនៃអាគារដ៏អស្ចារ្យនេះធ្លាប់បានមានប្រសាសន៍ថា អាគារពាណិជ្ជកម្ម ដែលគ្រោងចំណាយថវិកាសាងសង់សរុប២១០០លានដុល្លារ និងគ្រោងចំ​ណាយ៣០០០លានដុល្លារ សម្រាប់ធ្វើឲ្យអាគារពាណិជ្ជកម្មនេះដំណើរការ បាន​និងកំពុងរៀបចំគូរប្លង់ និងសិក្សាលើប្លង់ស្ថាបត្យ និងផ្ទៃដីឡើងវិញ និងគ្រិងបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ។

អាគារមជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុងកំពស់១៣៣ជាន់នេះគ្រោងសាងសង់លើផ្ទៃដីជិត៦ហិកតា ស្ថិតនៅតំបន់ឌ្រីមលែនដ៏ ក្នុងសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ។ លោកបន្តថា “យើងមិនមានបញ្ហាថវិកាទេ យើងមានថវិកាគ្រប់គ្រាន់រួចហើយ ដើម្បីសាងសង់អាគារនេះ”។

លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា អាគារពាណិជ្ជកម្មដ៏ធំនេះមាន​បណ្តុះដោយសេវាកម្មចម្រុះ ដែលមានដូចជា ផ្សារទំនើប អាគារការិយាល័​យ អាផាតម៉ិនកម្រិតផ្កាយ៥ អូតែលកម្រិតផ្កាយ៦ ខុនដូប្រណីត សេវាកម្មហាត់​ប្រាណ ស្ទីម ម៉ាស្សា ភោជនីយដ្ឋានលំដាប់អន្តរជាតិ កន្លែងគយគន់ទិដ្ឋភាពក្រុងភ្នំពេញជាដើម។លោកបន្តថា អាគារនេះគ្រោងចំណាយថវិកាសាងសង់ចំនួន២១០០លានដុល្លារ និងគ្រោងចំណាយថវិកា៣០០០លានដុល្លារទៀត សម្រាប់ធ្វើឲ្យអាគារនេះដំណើរការរស់រវើក។

លោកបន្តថា “នៅពេលអាគារនេះសាងសង់ហើយ វានឹងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញ ហើយក្រុមហ៊ុនអន្តរជាតិល្បីៗ នឹងមកបោះទីតាំងនៅលើអាគារនេះ ព្រោះបច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនអន្តរជាតិ ច្រើនចូលមកដាក់ការិយា​ល័យ​នៅទីក្រុងភ្នំពេញនៅឡើយទេ ដោយសារបច្ចុប្បន្នរាជធានីភ្នំពេញ មិនទាន់មានការិយា​ល័យលំដាប់អន្តរជាតិនៅឡើយទេ”។

តាមគំរោងអាគារពាណិជ្ជកម្មកប់ពពកនេះនឹងសាងសង់ និងគ្រប់គ្រងដោ​យក្រុមហ៊ុន​សំណង់ Hsin Chong Construction Group Ltd និង​សហការ​វិនិយោគរវាង​ក្រុមហ៊ុន Thai Boon Rong Group និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ាកាវ Sun Kian Ip Group​។

នាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd បានថ្លែងថា ការសា​ងសង់អាគារនេះ ជារឿងអស្ចារ្យសម្រាប់កម្ពុជា ហើយវាមិនធំនោះទេ អ្វីសំខាន់គឺសាងសង់ឲ្យចប់ចុងចប់ដើម វានឹងទទួលបានជោគជ័យ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា វាជាគំរោងដ៏ធំមួយ ប្រសិនជាគិតពីទំហំទីផ្សារ និងតម្រូវការនាពេលបច្ចុប្បន្ននេះ ប៉ុន្តែវាមិនធំពេកនោះទេ សម្រាប់រយៈពេល៧ទៅ១០ឆ្នាំខាងមុខ។

លោកបន្តថា “អ្វីសំខាន់ថាតើគាត់ផ្តោតលើផែនការទីផ្សារ និងរៀបចំយុទ្ឋ​សាស្រ្ត យ៉ាងដូចម្តេច ដើម្បីឲ្យគំរោងនេះទទួលបានជោគជ័យ”៕