ការសិក្សាថ្មីរកឃើញស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២៥មានសភាពដូចម្តេច?

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមការព្យាករណ៍របស់ក្រុមអ្នកជំនាញបានបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៥នេះ នឹងជួបប្រទះលក្ខខណ្ឌស្រដៀងគ្នា ទៅនឹងស្ថានភាពក្នុងឆ្នាំ២០២៤ ដោយតម្លៃអចលនទ្រព្យលំនៅដ្ឋានត្រូវបានគេរំពឹងថា អាចបន្តស្ថិតនៅទ្រឹង។

ទោះជាយ៉ាងណាក្តី ក្រុមអ្នកជំនាញបានសង្កេតឃើញនូវទិដ្ឋភាពវិជ្ជមានមួយចំនួន លើតម្រូវការប្រភេទអចលនទ្រព្យមួយចំនួន ជាពិសេសផ្នែកអចលនទ្រព្យឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរឡើង។

នៅក្នុងព្រឹត្តិការណ៍“Fearless Forecast”ប្រចាំឆ្នាំ២០២៥ ដែលរៀបចំឡើង ដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia នៅថ្ងៃទី១៤ ខែមករា លោកស្រី គឹម គិនកេសា អគ្គនាយិកាក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍ឱ្យដឹងថា តម្រូវការលំនៅដ្ឋាន អគារការិយាល័យ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នឹងបង្ហាញសញ្ញាប្រសើរឡើងជាងមុនបន្តិច។

ទោះ​ជា​យ៉ាង​ណាក្តី លោកស្រីជឿ​ជាក់ថា តម្លៃ​អចលនទ្រព្យអាចបន្តស្ថិតក្នុងសភាពទ្រឹង​ដដែល។

អ្នកជំនាញរូបនេះរំពឹងថា ការកើនឡើងនៃតម្រូវការអចលនទ្រព្យនៅក្នុងវិស័យឧស្សាហកម្ម នឹងក្លាយជាទិដ្ឋភាពវិជ្ជមានបំផុត នៃទីផ្សារអចលនទ្រព្យកម្ពុជានៅឆ្នាំនេះ។

លោកស្រីបានថ្លែងក្នុងព្រឹត្តិការណ៍“Fearless Forecast” ថា“ខ្ញុំ​ជឿ​ជាក់​ថា ផ្នែក​អចលនទ្រព្យឧស្សាហកម្ម ​នឹង​​ស្ទុះងើបឡើងវិញ​ មុន​ផ្នែក​ផ្សេង​ទៀត ហើយ​ផ្នែកនេះនឹង​មាន​អនាគត​វែង​ឆ្ងាយ”។លោកស្រីបន្ថែមថា “និន្នាការ​នេះ​ពុំមែន​កើតឡើង​ តែ​នៅក្នុងប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​វាក៏​កើតឡើងនៅតាមបណ្តា​ប្រទេស​ជិត​ខាង​ដូច​ជា វៀតណាម ថៃ និង​ម៉ាឡេស៊ី​ផង​ដែរ”។

លោកស្រីបានកត់សម្គាល់ថា លំហូរវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា បានកើនឡើងជាបណ្តើរៗចាប់តាំងពីចុងឆ្នាំ២០២៤ ជាមួយនឹងការកើនឡើង នៃតម្រូវការដីសម្រាប់សាងសង់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស។

លោក​ស្រី​បាន​វាយតម្លៃថា “​កំណើន​នេះ​បណ្តាលមកពី​ភាព​តានតឹង​ ដែល​កំពុង​កើនឡើង​ រវាង​បណ្តាប្រទេសមហា​អំណាច​សេដ្ឋកិច្ច​នៅលើពិភពលោក ជា​ពិសេស​ជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋ​អាមេរិក និង​ប្រទេសចិន”។

អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Group បានសម្តែងមតិថា ទាំងឆ្នាំ២០២៤ និងឆ្នាំ២០២៥ គេសង្កេតឃើញមានតម្រូវការច្រើន សម្រាប់ផ្នែកអចលនទ្រព្យឧស្សាហកម្ម ដូចជាដីសម្រាប់សាងសង់រោងចក្រ សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ឬឃ្លាំងជាដើម។

អ្នកឧកញ៉ាបង្ហាញសុទិដ្ឋិនិយមថា “ស្ថានភាពទីផ្សារអចលនទ្រព្យនៅឆ្នាំ២០២៥ អាចមានភាពល្អប្រសើរជាងឆ្នាំ២០២៤ ជាពិសេសទាក់ទងនឹងដីធ្លី សម្រាប់បម្រើដល់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា”។

ទោះបីជាយ៉ាងណាក្តី ស្ថានភាពទីផ្សារអចលនទ្រព្យលំនៅដ្ឋានអាចនឹងស្ថិតនៅទ្រឹងដដែល ដូចស្ថានភាពកាលពីឆ្នាំ២០២៤កន្លងទៅ ដោយសារតែការផ្គត់ផ្គង់ លើសតម្រូវការនៅតែជាបញ្ហាចម្បង។

អ្នកឧកញ៉ាសំ សុខនឿនបានព្រមានថា “វិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៥នេះ នឹងមិនទាន់ស្ទុះងើបឡើងវិញ ដល់កម្រិតក្នុងឆ្នាំ២០១៩ នៅឡើយទេ”។

ដើម្បីជួយជំរុញកំណើននៃវិស័យអចលនទ្រព្យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅដ្ឋាន និងផ្ទេរកម្មសិទ្ធិជាលើកដំបូង ដោយអនុវត្តន៍ពេញមួយឆ្នាំ២០២៥។

បទប្បញ្ញត្តិថ្មីនេះ មានគោលបំណងលើកទឹកចិត្ត ដល់ការបង្កើនការទិញផ្ទះ ពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍នានា រួមទាំងអគារបុរីលំនៅដ្ឋាន ឬខុនដូ។ ទន្ទឹមគ្នានេះ ពលរដ្ឋដែលមានលំនៅដ្ឋានទី២ ឬបន្តបន្ទាប់ក៏ត្រូវទទួលបានការអនុញ្ញាត ឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិចំនួន៧ម៉ឺនដុល្លារអាមេរិក។

ដោយឡែក ការទិញលំនៅដ្ឋាន ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលពុំមានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍ និងលំនៅដ្ឋានដែលម្ចាស់គម្រោងមានបញ្ហា ឬក្ស័យធន តែត្រូវបានអនុញ្ញាតឱ្យផ្ទេរកម្មសិទ្ធិកាន់កាប់ តាមរយៈយន្តការដោះស្រាយរបស់ក្រសួង ឬស្ថាប័នពាក់ព័ន្ធក៏ត្រូវទទួលបានការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាដូចគ្នាផងដែរ។

ក្រុមជំនាញនៅក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ការលើកទឹកចិត្តដល់អ្នកទិញផ្ទះដំបូង តាមរយៈការលើកលែងពន្ធប្រថាប់ត្រាលើផ្ទះ ដែលមានតម្លៃក្រោម២១មុឺនដុល្លារ ផ្តល់អត្ថប្រយោជន៍ដល់អ្នកទិញ ដោយកាត់បន្ថយថ្លៃដើម និងជំរុញតម្លៃសមរម្យ។

គោលនយោបាយនេះលើកទឹកចិត្ត បុគ្គលកាន់តែច្រើនឱ្យឈានជើងចូលក្នុងទីផ្សារលំនៅដ្ឋាន ផ្តល់ភាពបត់បែនផ្នែកហិរញ្ញវត្ថុ និងសម្របសម្រួលការផ្លាស់ប្តូរ ពីការជួលទៅជាការទិញ។ ការណ៍នេះនឹងជួយជំរុញទីផ្សារលំនៅដ្ឋាន ប្រកបដោយបរិយាបន្ន និងជួយធ្វើឱ្យអត្រាកាន់កាប់ផ្ទះមានស្ថិរភាព។

ក្រុមហ៊ុន CBRE Cambodia អះអាងថា ការលើកទឹកចិត្តនេះនឹងពន្លឿនការផ្ទេរកម្មសិទ្ធិ សំដៅកាត់បន្ថយហានិភ័យនៃជម្លោះ ដែលអាចកើតមាន។ ការលើកលែងពន្ធទាំងនេះ ក៏នឹងផ្តល់ឱកាសដល់អ្នកអភិវឌ្ឍន៍ក្នុងការពន្លឿន កិច្ចខិតខំប្រឹងប្រែងនៅឆ្នាំ២០២៥ ដោយផ្តោតលើអ្នកទិញផ្ទះសម្រាប់គោលបំណងវិនិយោគ៕ប្រភព: CBRE៕

អ្នកស្រាវជ្រាវបង្ហាញសមិទ្ឋផលធំៗរបស់សម្តេតេជោចំនួន៩ចំណុច ក្នុងឱកាសខួប៤០ឆ្នាំនៃការកាន់អំណាចជានាយករដ្ឋមន្រ្តី

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ជាអ្នកវិភាគ និងស្រាវជ្រាវ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញអំពី សមិទ្ធផលធំៗចំនួន៩ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបទី៤០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី(១៤ មករា ១៩៨៥ – ១៤ មករា ២០២៥)។

លោកបានរៀបរាប់ថា ថ្ងៃនេះជាខួបទី៤០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិតបានបញ្ជាក់ថា ខ្ញុំសូមឡើងនូវចំណុចកត់សម្គាល់នូវសមិទ្ធផលធំៗចំនួន៩ចំណុច ដែលសម្តេចតេជោបានសាងចំពោះប្រជាជាតិកម្ពុជា ដូចជា ទី១- សម្តេចជាអ្នកដឹកនាំចលនាតស៊ូរំដោះប្រទេសចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនេះជាការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានយកអាយុជីវិតជាដើមទុនរំដោះប្រជាជាតិកម្ពុជា ឱ្យចេញផុតពីរបបប្រល័យពូជសាសន៍។

ទី២- សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យ ពូជសាសន៍ហើយនោះ សម្តេចបានខិតខំសព្វបែបយ៉ាង ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ដោយដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីធានាភាពរស់រានមានជីវិតរបស់ប្រជាជាតិកម្ពុជា។

ទី៣- សម្តេចតេជោ ហ៊ុន សែន ចាប់ពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មក គឺសម្តេច បានខិតខំ ប្រឹងប្រែង កសាងស្តារសេដ្ឋកិច្ច ក្នុងស្ថានភាពដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបប ប្រល័យពូជសាសន៍ និងដៃម្ខាងខំប្រឹងប្រែងស្តារ កសាងប្រទេសជាតិ ពីបាតដៃទទេក្នុង ស្ថានភាព មួយ ដែលកម្ពុជាមានការលំបាកមែនទែន ដោយពិភពលោកពីជ្រុងម្ខាង បានហ៊ុំព័ទ្ធទាំងសេដ្ឋកិច្ច និងនយោបាយ។

ទី៤- សម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុត នៃដំណើរការចរចាសន្តិភាព ដែលចាប់ផ្តើមពីជំនួបជាប្រវត្តិសាស្ត្ររវាងសម្តេចតេជោ និងសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧។ ចាប់ពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ១៩៩១ មុននឹងមានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នោះ សម្តេចតេជោ បានលះបង់នូវថាមពល បញ្ញាញាណជាច្រើន ក្នុងដំណើរការនៃការចរចា ដែលសម្តេចត្រូវធ្វើដំណើរស្ទើរតែមួយចំហៀងពិភពលោក ដើម្បីធ្វើឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ទី៥- សម្តេចតេជោ គឺជាតួអង្គដ៏សំខាន់ នាំមកវិញនូវរបបរាជានិយមនៅកម្ពុជា។ ជាការចាប់ផ្តើម គឺសម្តេចតេជោ គឺជាអ្នកយាងសម្តេច នរោត្តម សីហនុ ចូលមកប្រទេសកម្ពុជា មុនពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅទៀត។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្តេចតេជោ ជាតួអង្គសំខាន់បំផុត ដែលនាំឱ្យកម្ពុជា ចែងអំពីរបបរាជានិយម អាស្រ័យធម្មនុញ្ញ។ បើគ្មានការរួមចំណែកដ៏សំខាន់មិនអាចខ្វះបានរបស់សម្តេចតេជោ ហ៊ុន សែន ទេនោះ របបរាជានិយមនៅកម្ពុជា ប្រហែលជាមិនអាចចារឹកក្នុងរដ្ឋធម្មនុញ្ញនោះឡើយ។ សម្តេចតេជោ គឺជាអ្នកការពាររាជបល្ល័ង្កដ៏ពិតប្រាកដ។

ទី៦- សម្តេចតេជោ ហ៊ុន សែន គឺជាអគ្គមគ្គុទេសក៍ឯកនយោ​បាយឈ្នះ-ឈ្នះ ដែលធ្វើឱ្យកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ។ តាមរយៈសន្តិភាពនេះ គឺជាតម្លៃស្នូលដ៏មានសារៈសំខាន់បំផុត សម្រាប់ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ទី៧- សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រជាជាតិកម្ពុជា ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ រយៈពេលប្រមាណ២០ឆ្នាំ ដែលធ្វើឱ្យកម្ពុជា ប្រែមុខមាត់ថ្មីលើការអភិវឌ្ឍ។ ពីមុនគេធ្លាប់ស្គាល់ជាប្រទេស ដែលជួបគ្រោះទុរភិក្ស ចំការមីន ឬជាមជ្ឈមណ្ឌលប្រលងប្រជែង ខាងមនោគមន៍វិជ្ជានយោបាយ ឬសាកល្បងអាវុធរបស់ មហាអំណាច ក្លាយទៅជាប្រទេសមួយ ដែលមានការប្រែមុខមាត់ថ្មី ជាគោលដៅទេសចរណ៍ ដ៏មានសារៈសំខាន់ ជាប្រទេសដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការដោះមីន ជាប្រទេសដែលនាំស្បៀងចេញ ជាប្រទេសនាំចេញសម្លៀកបំពាក់សម្រាប់ពិភពលោក។

ទី៨- សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ ធ្វើឱ្យកម្ពុជាមានកិត្យានុភាព លើឆាកអន្តរជាតិ។ តួនាទីរបស់កម្ពុជា កាន់តែមានសារៈសំខាន់ឡើងក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ជាពិសេសអ្វីដែលមានមោទនភាពបំផុតនោះ គឺក្នុងតួនាទីកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានទទួលនូវជោគជ័យយ៉ាងត្រចះត្រចង់បំផុត ដែលធ្វើឱ្យកិត្យានុភាពជាតិ លើឆាកអន្តរជាតិខ្ពស់ត្រដែត។ តាមរយៈតួនាទីជាប្រធានអាស៊ាន កម្ពុជា បានរួមចំណែកបន្ធូរបន្ថយសភាពការណ៍តំបន់ និងអន្តរជាតិបានយ៉ាងច្រើន ហើយទទួលបាននូវការសាទរ និងផ្តល់តម្លៃខ្ពស់បំផុត ពីបណ្តាប្រទេសនានានៅក្នុងអាស៊ាន ក៏ដូចជាប្រទេសដៃគូអភិវឌ្ឍន៍។

ទី៩- សម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុត ដែលប្រយុទ្ធដណ្តើមអាយុជីវិតប្រជាពលរដ្ឋចេញពីមច្ចុរាជនៃជំងឺកូវីដ១៩។ តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាយកឈ្នះលើជំងឺរាតត្បាតកូវីដ១៩ នាំឱ្យកម្ពុជាមានភាពសាំ មានអង់ទីគ័រ សម្រាប់ការពារជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេសវិញទាំងស្រុង។

សម្តេចតេជោ ហ៊ុន សែន នៅតែជាតួអង្គដ៏សំខាន់បំផុតសម្រាប់សង្គមកម្ពុជា។ ជាពិសេស ទស្សនៈវិជ្ជាសន្តិភាព និងនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ នៅតែធាតុដ៏ចាំបាច់សម្រាប់ការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ សម្តេចតេជោជាឥស្សរជននយោបាយជាន់ខ្ពស់ ដែលប្រវត្តិសាស្ត្រកម្ពុជា ត្រូវតែកត់ត្រាទុកជា “វីរបុរសជាតិ” យ៉ាងពិតប្រាកដ៕

ទំហំពាណិជ្ជកម្មកម្ពុជាមានទឹកប្រាក់ជិត៥៥ពាន់លានដុល្លារ ខណៈការចុះបញ្ជីរទុនវិនិយោគសម្រេចបានទឹកប្រាក់ជិត៧ពាន់លានដុល្លារ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ របាយការណ៍បានបង្ហាះថា ពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​​ក្នុង​ឆ្នាំ២០២៤ សម្រេចបាន​ក្នុង​ទឹក​ប្រាក់​សរុបជិត៥៥ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត២០ភាគរយ ​បើ​ធៀប​នឹង​​ឆ្នាំ២០២៣។នេះ​​​បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​(GDCE)។

ទិន្នន័យ​បាន​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល១២ ខែ​ឆ្នាំ ​២០២៤ ការ​នាំ​ចេញ​-នាំចូល​ទំនិញ​របស់​កម្ពុជា ​ជា​មួយ​ប្រទេស​ដៃគូទាំង​អស់មាន​ទឹក​ប្រាក់៥៤,៧៤ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​មាន​ចំនួន៤៦,៨៣ ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នោះ​ទំនិញ​ដែល​កម្ពុជា នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ទឹក​ប្រាក់ ២៦,២ ពាន់​លាន​ដុល្លារ កើន​ឡើង១៥,៧ភាគរយ និង​ការ​នាំ​ចូល​មាន​ទឹក​ប្រាក់២៨,៥៤ ពាន់​លាន​ដុល្លារ កើន​ឡើង១៨ភាគរយ។

ប្រទេស​ដែល​​ជាដៃគូ​ពាណិជ្ជកម្ម​ សំខាន់​ជាង​គេ​ទាំង ៥ របស់​កម្ពុជា​ រួមមាន ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន។​ ទំនិញសំខាន់ៗ​ដែលកម្ពុជា​នាំចេញមាន​ភាគ​ច្រើន ជា​ផលិតផល​​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ​ដែលធ្វើឡើងពីក្រណាត់ ផ្លែឈើ និងគ្រាប់ផ្លែឈើ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ស្បែកជើង កៅស៊ូ និង​ផលិតផលធ្វើអំពីកៅស៊ូ រួមនិង​ទំនិញសំខាន់ៗមួយ​ចំនួន​ ទៀត ចំណែក​ទំនិញ​នាំចូល​មាន​ដូច​ជា គ្រឿងម៉ាស៊ីន យានយន្ត វត្ថុ​ធ្វើ​ពី​ដែក វត្ថុ​ធ្វើ​ពី​ប្លាស្ទីក និង​ផលិតផល​គីមី ជា​ដើម​។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​មានប្រសាសន៍ឲ្យដឹងថា ស្ថិរភាពនយោបាយ និង​ការ​កែលម្អ​ប្រព័ន្ធ​ច្បាប់​វិនិយោគ​ បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់​ទាញ ​បាន​​ក្រុមហ៊ុន​លំដាប់​ពិភពលោក​កាន់​តែ​ច្រើន ​ឱ្យ​ចូល​​មកបើក​រោងចក្រ​នៅ​កម្ពុជា ដើម្បី​ផលិត​សម្រាប់​​នាំ​ចេញ ខណៈ​កម្ពុជា​​​​ជា​ប្រទេស​មួយ​ ដែល​ទទួល​បាន​សិទ្ធិ​ពិសេស​ផ្នែក​ពន្ធគយ ​លើ​ការ​នាំ​ទំនិញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​​​លើ​ពិភពលោក។

លោកបន្តថា ក្រៅ​ពី​នេះ​កម្ពុជា ក៏​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ធំៗដូច​ជាចិន កូរ៉េ និង​អារ៉ាប់រួមអេមីរ៉ាត ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង​លក្ខណៈ​តំបន់​RCEP ផងដែរ។

នៅ​ក្នុង​ឆ្នាំ​ ២០២៤ ក្រុម​ប្រឹក្សា​អភិវឌ្ឍនន៍​កម្ពុជា(CDC) បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ​ចំនួន៤១៤គម្រោង កើន​ឡើង៥៤ភាគ​រយ​(​១៤៦ គម្រោង) ​បើ​ធៀប​នឹង​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន២៦៨ គម្រោង។ សម្រាប់​​ទុន​វិនិយោគ គឺ​មាន​ទឹក​ប្រាក់​​សរុប៦,៩ពាន់​លាន​ដុល្លារ កើន​ឡើង៤០​ភាគ​រយ ពី​ចំនួន៤,៩២ពាន់​លាន​ដុល្លារ៕​

SK earthon finds new oil reserve off Vietnam’s southeastern coast

SK earthon, an energy resource developer under SK Innovation, announced Wednesday that it discovered a new petroleum reserve beneath the seabed in Vietnamese waters.

The reserve was located in Block 15-2/17 within the Cuu Long Basin, off Vietnam’s southeastern coast. Murphy Oil Corp., a U.S.-based company holding operating rights for the block, has confirmed the discovery.
SK earthon started exploration of the block, located 64 kilometers from Ho Chi Minh City, in 2019. It joined the development project with a 25
percent working interest.

Murphy Oil’s subsidiary, Murphy Cuu Long Tay Oil, operates the block with a 40 percent working interest, while Vietnam’s state-run petroleum company, Petro Vietnam Exploration Production, holds the remaining 35 percent.
The financial term “working interest” refers to an investor’s share in a property, such as land containing oil and gas, and the rights and responsibilities that come with it.

SK earthon said Block 15-2/17 has a high potential for energy storage because it is adjacent to Blocks 15-1 and 15-1/05, which currently produce the second-largest amount of petroleum for Vietnam among energy resource blocks around the country. The Cuu Long Basin also currently produces over 50 percent of Vietnam’s entire gas and petroleum resources.

The company added that Block 15-2/17’s closeness to Block 15-1 also presents the possibility for synergy when developing both blocks.
“Our latest accomplishment in Block 15-2/17 comes just as our development of Block 15-1/05 has just shifted to higher gears,” an SK earthon official said.

“Our projects in Vietnam are all sailing smoothly right now. They will lead our further energy development projects in the waters off Southeast Asia.”

The process of offshore petroleum exploration typically follows three sequential phases: search, development and production. For instance, Block 15-1/05 is currently in
the development phase.

SK earthon’s latest discovery of petroleum reserves comes after it discovered another oil reserve in Block 16-2, also in the waters off Vietnam, in November 2023. Block 16-2 marks the first project in Vietnam where the company holds operating rights.

SK earthon also surpassed 10 million barrels of petroleum produced from Block 17/03 in waters off China. It was the first block the company ever searched, developed, started production and shipped out products using its own technology. The company began producing barrels from
the block in 2023.

With SK earthon’s operations in the waters off China and Vietnam, SK Innovation’s energy resource development division reported sales of over 1.9 trillion won ($1.3 billion) and operating profits of 428 billion won during the first three quarters of 2024.

Source: Korea Times

ឯកអគ្គរដ្ឋទូតៈ ភ្ញៀវទេសចរណ៍ចិននឹងមកទស្សនាកម្ពុជាកើនឡើងខ្ពស់នៅឆ្នាំ២០២៥នេះ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​​​ចិនប្រចាំកម្ពុជា លោកWang Wenbin ​បាន​សន្យា​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ ​ឱ្យ​កាន់​តែ​ប្រសើរ​ជាមួយ​កម្ពុជា ហើយជឿថា​ចំនួន​ជន​ជាតិ​ចិន​​​ធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៥ នេះ​ នឹង​មាន​ចំនួន​ច្រើន​លើស​ពី​ឆ្នាំ​ ២០២៤ ដែល​មាន​ប្រមាណ៨០​ម៉ឺន​នាក់​។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេស​ចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំ​នៅ​កម្ពុជា​(PATA) កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​មករា លោក Wang Wenbin បាន​លើក​ឡើង​ថា ស្ថានទូត​ចិន​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ក្នុង​ការ​ធ្វើការ​ជាមួយ​សមាគម​ទេសចរណ៍​នានា​នៅ​កម្ពុជា រួម​ទាំង PATA ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេរភាគី ​ឱ្យ​កាន់​តែប្រសើរ ជាពិសេស​នឹង​ជំរុញ​លើក​ទឹក​ចិត្ត​ភ្ញៀវ​ទេសចរ​ចិន ​ឱ្យ​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា ​​​កាន់​តែ​ច្រើន​លើស​ពី​ឆ្នាំ​ ២០២៤ ដែល​មាន​ប្រមាណ៨០ម៉ឺននាក់​។ ​

លោក Wenbin បាន​ថ្លែង​បានបញ្ជាក់ថា “ខ្ញុំ​មាន​ជំនឿ​ថា​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​នឹង​កើន​ឡើង​ច្រើន​ក្នុង​ឆ្នាំថ្មី ២០២៥​ នេះ។ យើង​មាន​ឆន្ទះ​ក្នុង​ការ​ធ្វើការ​ជាមួយPATA និង​ស្ថាប័ន​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​ឱ្យ​ការ​សហ​ប្រតិបត្តិការ ​ក្នុង​វិស័យ​ទេសចរណ៍​ រវាង​ប្រទេស​ទាំងពីរ​ការ​តែ​មាន​ភាព​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព”។

បន្ថែម​ពីលើ​នេះ​ លោក ​Wenbin ក៏បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ​ទៅ​ដល់​ភ្ញៀវ​ទេសចរ​ចិន ដោយ​កម្ពុជា ​គឺ​ជា​​​ប្រទេស​ដែល​មាន​សុវត្ថិភាពល្អ និង​មាន​គោលដៅ​ទេសចរណ៍​​ជាច្រើន​​ទាំង​បែប​វប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ និង​រមណីយដ្ឋាន​កែច្នៃ​។

យោងតាមទិន្នន័យផ្លូវ​ការ​របស់​​ក្រសួង​ទេសចរណ៍​ បានឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា-​ខែ​វិច្ឆិកា ឆ្នាំ២០២៤ ភ្ញៀវ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប៦លាន​នាក់​ កើន​ឡើង២២​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣។ ជនជាតិ​ចិន ​ឈរ​នៅ​លំដាប់​ទី៣ ដែល​ចូល​មក​កម្ពុជា​ច្រើន​ជាង​គេ ដោយមាន​ចំនួន​សរុប៧៦៩ ៧៧៥នាក់​ កើន​ឡើង​៥៤,៥ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ២០២៣។

ជនបរទេស​ដែល​ចូល​មក​កម្ពុជា​ច្រើន​ជាង​គេ គឺមក​ពី​ប្រទេស​ថៃ ចំនួន​១,៩១ លាន​នាក់​ និង​ទី២ ជនជាតិ​វៀតណាម១,២ លាន​នាក់​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំ​នៅ​កម្ពុជា លោក ធួន ស៊ីណាន បាន​មានប្រសាសន៍ឲ្យដឹងថា ជំនួបនេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ និង​ស្វែង​យល់​ពី​គ្នា​ឱ្យ​បាន​កាន់​តែ​ច្រើន​ក្នុង​ន័យ​ពង្រឹង និង​ពង្រីក​​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ទេសចរណ៍ និង​ការ​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ចិន-​កម្ពុជា។

លោក​បន្ត​ថា “កម្ពុជា​មាន​ភាព​ចាំបាច់​ក្នុង​ការសិក្សា និង​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ថ្មីៗ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ ឱ្យ​មក​កម្សាន្ត​បាន​ច្រើន ខណៈ​គ្រប់​ប្រទេស​លើ​ពិភពលោក​ ក៏​កំពុង​ខិតខំ​ខ្លាំង​ផងដែរ​លើ​កិច្ចការ​នេះ​”។

លោក​បាន​ថ្លែង​ថា ​ភ្ញៀវ​ជនជាតិ​ចិន​ គឺ​សំខាន់​សម្រាប់​គ្រប់​ប្រទេស ដោយ​​ប្រទេស​ណា​ក៏​ត្រូវការ​ដែរ ព្រោះ​ប្រជាជន​ចិន​មាន​ចំនួន​ច្រើន។ នៅ​ពេល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កម្សាន្ត​ច្រើន វា​ក៏​នឹង​ជួយ​លើក​កម្ពស់​ជីវភាព​​ប្រជាជន​ និង​សេដ្ឋកិច្ច​ជាតិ​បាន​មួយ​ចំណែក​។

លោក​ប្រាប់​ទៀត “​ក្នុង​ជំនួប​ខាង​លើ​ភាគី​ចិន ​ក៏​បាន​បង្ហាញ​ពី​បំណង​ចង់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ​ពិចារណាពី​ការ​លើក​លែង​ Visa សម្រា​ប់​ប្រជាជន​ចិន​ទាំង​អស់ ឬយ៉ាង​ហោចណាស់​សម្រាប់​​ភ្ញៀវទេសចរ​​ដែល​មកកម្សាន្ត​នៅ​កម្ពុជា ​តាម​រយៈ​ក្រុមហ៊ុន​ទេសចរណ៍ ខណៈ​​​បច្ចុប្បន្ន​មាន​ប្រទេស​ជា​ច្រើន ​លើ​ពិភពលោក​បាន​ធ្វើ​រួច​ហើយ”។

បើ​តាម​លោក ស៊ីណាន ក្រៅ​ពី​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​ពិភព​លោក​ ក៏​កំពុង​ចាប់​អារម្មណ៍​ចំពោះ​ភ្ញៀវ​ទេ​សចរ​ជន​ជាតិ​ឥណ្ឌាផងដែរ ព្រោះ​ឥណ្ឌា និង​ចិន សុទ្ធតែ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​។

ជាមួយគ្នានេះ ប្រធាន​សមាគមទីភ្នាក់ងារទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីលីន បាន​និយាយ​ថា កំណើន​នៃ​ការ​តភ្ជាប់​ជើងហោះហើរ​រវាង​ទីក្រុង​នានា​ នៅ​ក្នុង​ប្រទេស​ចិនមក​កាន់​ប្រទេស​កម្ពុជា ដែល​មាន​ចាប់​តាំង​ពី​​ចុង​ឆ្នាំ​២០២៤ គឺ​ជា​សញ្ញា​បញ្ជាក់​ថាក្នុង​ឆ្នាំ​២០២៥ នេះ​កម្ពុជា​នឹ​ងទទួល​បាន​កំណើន​ភ្ញៀវ​ជន​ជាតិ​ចិន ​កាន់​តែ​ច្រើន​ ខណៈមុន​ពេល​មាន​វត្តមាន​ជំងឺកូវីដ​១៩ ភ្ញៀវ​ទេសចរចិនបានចូល​មក​ប្រទេស​កម្ពុជា​យ៉ាង​ច្រើន​។

លោក​ស្រីបញ្ជាក់ថា “​ប្រសិន​បើ​កម្ពុជា​អាច​​បង្កើន​បរិយាកាស​ឱ្យ​កាន់តែ​ប្រសើរ ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរបរទេស ជា​ពិសេស​ជន​ជាតិ​ចិន​ ឱ្យ​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ​បាន​ច្រើន​ដូច​មុន​ឆ្នាំ​ ២០២០ គឺ​ជា​ការ​ប្រសើរ​ណាស់”។ លោកស្រីបន្ថែមថា “ការ​កាត់បន្ថយ​នីតិវិធី និង​តម្លៃ​ទិដ្ឋាការ គឺ​ជា​ចំណែក​សំខាន់​មួយ ​ក្នុង​ការ​បង្កើន​ភាព​ទាក់​ទាញ​ភ្ញៀវ​ទេសចរបរទេស”៕

រដ្ឋាភិបាលចុះបញ្ជីរដីព្រៃសហគមន៍ជាង១ម៉ឺនហិកតានិងជីកប្រឡាយសប្បនិម្មិតទំហំជាង២៧ម៉ែត្រ

ដោយៈ គង់ សូរិយា

    កំពង់ធំៈ  រដ្ឋាភិបាល បានជួយគាំទ្រដល់ការចុះបញ្ជីដីព្រៃសហគមន៍ព្រៃឈើចំនួន៨ ដែលមានផ្ទៃដីទំហំ១២,៩៨៤​ហិកតា និងបានជីកប្រឡាយសិប្បនិម្មិត តាមព្រំសហគមន៍ព្រៃឈើបានប្រវែង២៧,៥០៨​ម៉ែត្រ​កាលពី​ឆ្នាំ​២០២៤​កន្លង​មក។

ការចុះបញ្ជី និងជីកប្រឡាយនេះ គឺដើម្បីសុវត្ថិភាពដីព្រៃ ដែលអាចជួយការពារ ដីពីការទន្ទ្រានយកដោយខុសច្បាប់ ការទប់ស្កាត់បទល្មើសព្រៃឈើផ្សេងៗ ក៏ដូចជាកាត់បន្ថយជម្លោះដីធ្លីផងដែរ។

សហគមន៍ព្រៃឈើ ដែលត្រូវបានចុះបញ្ជី និងទទួលបានប្លង់រឹងរួចហើយ  គម្រោងបានគាំទ្រ​ដល់ការដាក់​ស្លាក​សម្គាល់ ​និង​ស្លាកព័ត៌​មាន​ស្តីពី ការចុះបញ្ជីនេះ ​ជូនសហគមន៍​ពាក់ព័ន្ធ​ឱ្យបានដឹង។

នេះជាការផ្តល់ព័ត៌មាន​ដល់សាធារណៈ​ជន​ថា ​សហ​គម​ន៍​​ទាំងនោះ​ត្រូវបានចុះបញ្ជី ដោយជោគជ័យ និងត្រូវបានការពារយ៉ាង​ពេញលេញដោយ​ច្បាប់ស្តីពីព្រៃ​ឈើ ច្បាប់​​ភូមិ​បាល និងលិខិតបទ​ដ្ឋានផ្សេ​ងៗ​ទៀត ​ដែល​ចេញដោយ​រដ្ឋាភិបាល ​ទាក់​ទង​នឹង​ការ​​ចុះបញ្ជី​ដីស​ហគមន៍​ព្រៃ​ឈើ​។

គម្រោង​រេដបូក ទំរីង (Tumring REDD+Project) គឺ​ជា​គម្រោង​រួម​របស់​ប្រទេស​កូរ៉េខាងត្បូង និង​កម្ពុជា ​ស្ថិត​ក្នុង​ស្រុក​សណ្ដាន់ ​និង​ស្រុក​សន្ទុកខេត្ត​កំពង់ធំ​ ដែលអនុវត្តលើផ្ទៃ​ទំហំ ៦៧ ៧៩១ហិកតា​។ ក្រៅពី​ជួយការពារ​ដីព្រៃ​សហគ​មន៍ និងជួយលើក​កម្ពស់​ជីវ​ភាពសហគមន៍មូលដ្ឋាននោះ ​គម្រោង​នេះ​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ កា​បូ​និច​ប្រចាំ​ឆ្នាំ​បាន​ចំនួន ៣៧៨,៤៣៤​​តោន​ផងដែរ តាម​ការ​ប៉ាន់​ស្មាន។

គម្រោង​រេដបូក ទំរីងបានឱ្យដឹងថា នៅក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ គម្រោង​គាំទ្រ​ដល់សកម្មភាពរបស់ក្រុមមន្រ្តី។ ក្នុងនោះ រួមមាន មន្ត្រីរដ្ឋបាលព្រៃឈើ នៃ​ក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានកងកម្លាំងផងដែរ។

នៅ​ក្នុង​ឆ្នាំ២០២៤កន្លងមកនេះ ក្រុមមន្រ្តីបានចាប់រឹបអូសបានវត្ថុតាង ដូចជា រណាយន្ត៣៩គ្រឿង គោយន្ត១១គ្រឿង ម៉ូតូ៣៥គ្រឿង ឈើអា១២,៨ម៉ែត្រគូប ដកហូតដីព្រៃ១ ៩៦៥ហិកតា ដកកូនឈើដាំខុសច្បាប់ ៥៥៥ ៣០៣ដើម បំផ្លាញ​ខ្ទម និងឡធ្យូង១០៥ និងចងក្រងបណ្តឹងទៅតុលាការបាន១៨ករណីផងដែរ។

គម្រោងក៏បានកំពុងតែ ជួយអភិវឌ្ឍជីវភាពសហគមន៍ ដោយការផ្ដល់ឡជីវឧស្ម័នដល់សមាជិកសហគមន៍​ព្រៃឈើ​ សរុប​​៦៦ មកពី៦៦គ្រួសារ និងបានជួយជួសជុល និង​ថែទាំ​សូឡា​បូម​ទឹក​ដើរ​ដោ​យថា​ម​ព​លព​ន្លឺ​ព្រះ​អាទិត្យ​ដល់​សហគមន៍​ផងដែរ។

ក្រៅពីនោះ ក្នុងឆ្នាំ២០២៤នេះផងដែរ គម្រោង​បាន​គាំ​ទ្រស​ហគ្រា​សទិញ​លក់​ជ័រ​ទឹក​អូរ​ដាស់ស្គ ដោយសហគ្រាសបានទទួលទិញជ័រទឹកចំនួន៤ ៥៩៣គីឡូក្រាម ពីសមាជិកសហគមន៍។

សហគមន៍ព្រៃឈើទាំង៨ ដែលត្រូវបានចុះបញ្ជីរួចនេះ គឺស្ថិតក្នុងចំណោមព្រៃសហគមន៍ចំនួន១៤ នៅក្នុងគម្រោង​រេ​ដ​បូក​ទំរីង ដែលមានទំហំដីព្រៃសរុបចំនួន១៩,៤៩៣ហិកតា។

ក្រុមការងារគ្រប់គ្រងគម្រោងរេដបូកទំរីង នៃរដ្ឋបាលព្រៃឈើ​ ក៏បាននឹងកំពុងតែ ជម្រុញការចុះបញ្ជីដីព្រៃសហគមន៍​បន្ត និង​ស្ថានីយ៍ស្ដារ និងផ្សព្វផ្សាយព្រៃឈើ និងការងារអនុវត្ដច្បាប់ស្ដីពីព្រៃឈើ និងសត្វព្រៃក្នុងតំបន់គម្រោង ដោយ​ស​ហ​​​ការជាមួយ​កម្លាំងពាក់ព័ន្ធ។

បន្ថែមពីនោះ ក្រុមការងារក៏​រៀបចំការ​ស្ដារព្រៃ​ឈើឡើ​ងវិញ​លើដី​ស្ថានី​យ៍ស្ដារព្រៃ​ឈើ និងផ្សព្វផ្សាយ និងព្រៃសហគមន៍ក្នុងតំបន់គម្រោង និង ការងារ​រៀប​ចំតំ​បន់​អ​ទិភាព​របស់​គម្រោ​ង​​ដើម្បី​ការ​ពារ​ព្រៃ​ឈើធម្មជាតិ កំណត់តំបន់ស្តារព្រៃឈើឡើងវិញជាអទិភាព កំណត់តំបន់អភិវឌ្ឍ​ ដើម្បី​បង្កើនជី​វ​ភាព​របស់​សមា​ជិកសហគមន៍ ក្នុងតំបន់គម្រោងផងដែរ៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ គួបផ្សំនឹងភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយរបស់រដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ត្រាំ និងជំហររបស់វិនិយោគិននៅចំពោះមុខទិន្នន័យអតិផរណាសំខាន់ៗរបស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៣ភាគរយដល់២.៦៧១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៣ភាគរយដល់២៦៨៤,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួនជាង៩៧,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៩,៥៤ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៩,៩៦ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៨ភាគរយដល់៣០,២៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,២៩ភាគរយដល់៩៧២,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,២៩ភាគរយដល់៩៥៣,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕

សម្តេចតេជោ ហ៊ុន សែន រំលឹកថ្ងៃដែលសម្តេចត្រូវបានបោះឆ្នោតជានាយករដ្ឋមន្ត្រី នៅថ្ងៃ១៤ខែមករា ឆ្នាំ១៩៨៥ ក្នុងវ័យ៣២ឆ្នាំ

ដោយៈ សហសេវិក

    ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំដែលសភាបោះឆ្នោតឲ្យខ្ញុំ កាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេលនេះហៅថា នាយករដ្ឋមន្ត្រី (១៤ មករា ១៩៨៥-១៤ មករា ២០២៥) បន្ទាប់ពីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទី ពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តីចាន់ ស៊ីទៅព្យាបាលជំងឺនៅទីក្រុងមូស្គូ និងទទួលមរណភាពនាខែធ្នូ ឆ្នាំ១៩៨៤។

សម្តេចបានបញ្ជាក់ថា “មុនកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំ

កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស ពីខែមករា ឆ្នាំ១៩៧៩ ដល់ខែមិថុនា ឆ្នាំ១៩៨១ ក្នុងវ័យ២៧ឆ្នាំ”។ សម្តេចបន្ថែមថា “ខែមីនា ឆ្នាំ១៩៨១ ក្នុងវ័យ២៩ឆ្នាំ ខ្ញុំកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់តំណែងជាប្រធាន​ក្រុ​មប្រឹក្សារដ្ឋមន្រ្តី ក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ”។

សរុបនៃការកាន់តំណែងដឹកនាំរដ្ឋ ទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធ​សភានាពេលនេះ មានរយៈពេល៤៦ឆ្នាំហើយ និងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេស និងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ (១៩៧០-២០២៥)។

សម្តេចតេជោបញ្ជាក់ថា “ជាងពាក់កណ្តាលសតវត្សរ៍ នៃដំណើរ

ជីវិតការលំបាកបានគ្របដណ្តប់ មិនតិចជាង៩០ភាគរយនោះឡើយ”។ សម្តេចបន្តថា “ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែង ក្នុងសភាក្រោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា (មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ)”។

សម្តេចតេជោហ៊ុន សែនបានបន្តទៀតថា មូលហេតុដែលខ្ញុំលើកឡើងបែបនេះ ដោយសាររដូវវស្សាឆ្នាំ១៩៨៤ មានទឹកជំនន់ផង និងរាំងស្ងួតផងដែលធ្វើឲ្យ ប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។ អាទិភាពនៃការងារដំបូងរបស់ខ្ញុំ គឺដោះស្រាយស្បៀងជូនប្រជាជន ដែលនេះគឺជាមូលហេតុមួយ ដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ច ដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លី គឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។

សម្តេចបន្តថា “ខ្ញុំសូមបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ ២៦ឆ្នាំ ៣២ឆ្នាំ និងចុងក្រោយ៧២ឆ្នាំ ដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់ខ្ញុំ”៕

តម្លៃជួលការិយាល័យនៅរដ្ឋធានីម៉ានីល រំពឹងបន្តធ្លាក់ចុះជាង៣ភាគរយបន្ថែមទៀតនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលការិយាល័យនៅទីក្រុងម៉ានីល រដ្ឋធានីនៃប្រទេសហ្វីលីពីន ត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥នេះ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យពាណិជ្ជកម្មពិភពលោក។

នៅក្នុងរបាយការណ៍ចុងក្រោយបង្អស់របស់ខ្លួនស្តីពីទស្សនវិស័យនៃទីផ្សារការិយាល័យនៅតំបន់អាសុីប៉ាសុីហ្វិកសម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុន Cushman & Wakefield បានព្យាករណ៍ថា តម្លៃជួលការិយាល័យជាមធ្យមនៅទីក្រុងម៉ានីលនឹងធ្លាក់ចុះ៣,២ភាគរយបន្ថែមទៀតនៅឆ្នាំ២០២៥។

ក្រុមហ៊ុន Cushman & Wakefield បានបញ្ជាក់ថា និន្នាការនៃការបន្តធ្លាក់ចុះនេះកើតមានឡើង បន្ទាប់ពីតម្លៃជួលការិយាល័យជាមធ្យមបានធ្លាក់ចុះ២,៨ភាគរយនៅចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការ និងការកើនឡើងនៃចំនួនការិយាល័យទំនេរ។

យោងតាមតួលេខថ្មីចុងក្រោយបំផុតបានបង្ហាញថា តម្លៃជួលជាមធ្យមនៃការិយាល័យប្រណីត និងការិយាល័យលំដាប់ A នៅទីក្រុងម៉ានីល បានបិទនៅត្រឹមចំនួន១.០០៣ប៉េសូ(ប្រហែលដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែនៅត្រីមាសទី៤ ធ្លាក់ចុះ០,៦៧ភាគរយបើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៤កន្លងទៅ។

ក្រុមហ៊ុន Cushman & Wakefield បានបន្តថា “ដោយសារតែកំណើននៃទំហំការិយាល័យ ដែលត្រូវបានទុកទំនេរចោល ដោយសារការបិទទ្វារនៃបណ្តាក្រុមហ៊ុនល្បែងសុីសងបរទេស តម្រូវការការិយាល័យសុទ្ធ(Net Absorption) ប្រចាំឆ្នាំបានធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹមចំនួន១.៥០០ម៉ែត្រការ៉េ ក្នុងឆ្នាំ២០២៤ បើធៀបនឹងចំនួនប្រមាណ២៧១.២៥០ម៉ែត្រការ៉េ ក្នុងឆ្នាំ២០២៣”។

យ៉ាងណាមិញ ក្រុមហ៊ុន Cushman & Wakefield បានព្យាករណ៍ថា តម្រូវការការិយាល័យសុទ្ធប្រចាំឆ្នាំជាមធ្យមនឹងកើនឡើង៣៦ភាគរយចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ បើធៀបនឹងកម្រិតតម្រូវការសុទ្ធជាមធ្យមនៅចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២៤៕ប្រភព: Philstar៕

រដ្ឋាភិបាលឥណ្ឌាច្រានចោលគំនិតផ្តួចផ្តើមរបស់រុស្ស៊ី និងចិន ក្នុងការបង្កើតរូបិយបណ្ណរួមរបស់ក្រុមប្រទេស BRICS

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌាជា​ប្រទេស​មានសេដ្ឋកិច្ច​ដ៏​ធំ​មួយ​ក្នុង​ចំណោម​បណ្តាប្រទេស​ជាសមាជិក​នៃ​ក្រុមប្រទេស BRICS រួមមាន៥​ប្រទេស ដូចជា ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​ប្រទេស​អាហ្វ្រិក​ខាងត្បូង។

បណ្តាប្រទេស​ដៃគូ​របស់ក្រុមប្រទេស BRICS រួមមាន ប្រទេសអេហ្សុីប ប្រទេសអេត្យូពី ប្រទេសអុីរ៉ង់ និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ី ​ត្រូវ​បាន​អនុម័ត​ទទួល​យក​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ BRICS។

កាលពី​ពេលថ្មីៗនេះ រដ្ឋាភិបាល​ឥណ្ឌា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ច្រាន​ចោល​ផែនការ​របស់​ប្រទេស​ចិន និង​រុស្ស៊ី ដែល​កំពុង​កំណត់​យុទ្ធសាស្ត្រ​ឈាន​ដល់​ការ​បង្កើត​រូបិយបណ្ណ​អន្តរជាតិ​រួម​គ្នា​សម្រាប់ប្រើប្រាស់​​ក្នុងចំណោមបណ្តាប្រទេសសមាជិក BRICS និង​បណ្តាប្រទេស​ដៃគូ សំដៅ​កាត់បន្ថយ​ឥទ្ធិពល​ប្រាក់​ដុល្លារ​អាមេរិក​ ដែល​កំពុង​ធ្វើ​ចរាចរ​ណ៍នៅ​ទូទាំង​ពិភពលោក។

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ឥណ្ឌា បាន​គូសបញ្ជាក់​ថា “ឥណ្ឌា​មិន​អាច​ចូលរួម​កំណត់​យុទ្ធសាស្ត្រ​របស់ក្រុមប្រទេស BRICS ដើម្បីទប់ស្កាត់ ឬ​កាត់បន្ថយ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អាមេរិក​នៅលើ​ទីផ្សារ​របស់​ឥណ្ឌា ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​បាន​នោះទេ ដោយសារក្តីបារម្ភជុំវិញ​ទិដ្ឋភាព​នយោបាយ​ផ្នែកហិរញ្ញវត្ថុ​ជាមួយសហរដ្ឋ​អាមេរិក​”។

ទីក្រុង​ញូវដេលី បាន​ជំទាស់​​គំនិត​ផ្ដួចផ្ដើម​របស់​ប្រទេសចិន និង​រុស្ស៊ី ដែល​ព្យាយាម​កាត់បន្ថយ​ការ​ធ្វើ​ចរាចរ​ណ៍​ប្រាក់​ដុល្លារ​អាមេរិក​លើ​ទីផ្សារ​អន្តរជាតិ ខណៈទីក្រុង​ញូវដេលីវាយតម្លៃ​ថា ការណ៍នេះពុំមាន​ប្រសិទ្ធភាព​ឡើយ ហើយវាក៏អាច​បង្កផលប៉ះពាល់​លើតម្លៃ​ទំនិញ​ផ្សេងៗ​​ផងដែរ។

លោក S. Jaishankar រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌាបានសង្កត់​ធ្ងន់​ថា ប្រទេស​ឥណ្ឌាមិន​ចាប់អារម្មណ៍​ក្នុង​យុទ្ធសាស្ត្រ​ដណ្ដើម​ឥទ្ធិពល​ពីការ​ធ្វើ​ចរាចរ​ណ៍រូបិយបណ្ណ​ថ្មី​ណា​មួយ​ឡើយ។

លោក Jaishankar បានបញ្ជាក់ប្រាប់​ទៅ​កាន់បណ្តាប្រទេស​ជាសមាជិកក្នុងក្រុមប្រទេស BRICS ថា ទីក្រុង​ញូវដេលីនៅតែ​បន្ត​ប្រើប្រាស់​រូបិយបណ្ណ​ប្រាក់ដុល្លារ​អាមេរិក​ ខណៈសេដ្ឋកិច្ច​ឥណ្ឌា​កំពុងរីក​ចម្រើនយ៉ាងឆាប់រហ័ស​​ ដោយអាស្រ័យ​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​​អេឡិចត្រូនិក Swift code របស់​សហរដ្ឋអាមេរិក។

លោក​បន្ត​ថា “បណ្តាប្រទេស​មួយចំនួនក្នុង​សម្ព័ន្ធភាព BRICS កំពុង​សាកល្បង​កាត់បន្ថយ​ចរាចរ​ណ៍រូបិយបណ្ណ​ប្រាក់​ដុល្លារ​អាមេរិក​នៅ​លើ​ទីផ្សារ​របស់​ខ្លួន​ជាមួយ​ដៃគូ។ ប៉ុន្តែ ពួកគេនៅតែ​មិន​អាច​បោះបង់​ចោល​ប្រព័ន្ធ​ផ្ទេរ​ប្រាក់​ Swift code របស់​សហរដ្ឋ​អាមេរិក​បាន​ឡើយ។ ដូច្នេះ ការឈប់ប្រើប្រាស់ប្រាក់ដុល្លារពុំ​មែន​ជា​គោលនយោបាយ​យុទ្ធសាស្ត្រ​សម្រាប់​សេដ្ឋកិច្ច​ឥណ្ឌាទេ”។

ជា​រួម​ លោក Jaishankar អះអាង​ថា ឥណ្ឌា​បាន​សម្រេច​ដកខ្លួន​ពី​គំនិត​ផ្តួចផ្តើមប្រឆាំង​នឹងការ​ធ្វើ​ចរាចរ​ណ៍ប្រាក់​ដុល្លារ​អាមេរិក​លើ​ទីផ្សារ​អន្តរជាតិ ទោះ​បីជាមាន​ប្រព័ន្ធ​ចរន្ត​ផ្ទេរ​ប្រាក់​ថ្មី​ណា​មួយ​យ៉ាងណាក្តី ខណៈទីក្រុង​ញូវដេលីមិន​ចង់​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ឥណ្ឌា រង​​ផលប៉ះពាល់៕ប្រភព: The Economic Times៕