ការ​ដំឡើង​ថ្លៃ​​សេវា​ទិដ្ឋាការ​​ទេសចរណ៍ ​និង​​​អត្រា​ការប្រាក់​​របស់​​ប្រទេស​​ជប៉ុន​រំពឹង​ជះ​ផល​ប៉ះពាល់​​ដល់​​ទីផ្សារ​​អចលនទ្រព្យ​

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមភ្នាក់ងារអចលនទ្រព្យ និងអ្នកវិភាគ ការដំឡើងថ្លៃសេវាទិដ្ឋាការទេសចរណ៍របស់ប្រទេសជប៉ុនចាប់ពីខែកក្កដា និងការកើនឡើងអត្រាការប្រាក់ ត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់វិនិយោគិនអចលនទ្រព្យបរទេស ទាំងដោយផ្ទាល់ និងដោយប្រយោល។

ក្រុមអ្នកវិភាគអះអាងថា ក្តីបារម្ភធំស្ថិតនៅត្រង់ការកើនឡើងនៃអត្រាការប្រាក់។ ធនាគារកណ្តាលជប៉ុនបានដំឡើងអត្រាការប្រាក់គោលដល់១ភាគរយនៅថ្ងៃទី១៦ ខែមិថុនា ដោយអាចបង្កើនបន្ថែមទៀតនៅឆ្នាំនេះ ខណៈអតិផរណានៅតែមានកម្រិតខ្ពស់។

អត្រាការប្រាក់ខ្ពស់កាត់បន្ថយគម្លាតរវាង
ផលចំណេញពីការវិនិយោគអចលនទ្រព្យ និងថ្លៃដើមហិរញ្ញប្បទាន (financing costs) ដែលធ្វើឱ្យការវិនិយោគលើអចលនទ្រព្យមិនសូវមានភាពទាក់ទាញ។

ជាមួយគ្នានេះ ជប៉ុនបានរឹតបន្តឹងការត្រួតពិនិត្យការទិញអចលនទ្រព្យពីជនបរទេស។ វិធានការថ្មីៗរួមមាន ការចុះឈ្មោះសញ្ជាតិជាកាតព្វកិច្ចក្នុងអំឡុងពេលផ្ទេរអចលនទ្រព្យ ការត្រួតពិនិត្យអត្តសញ្ញាណកាន់តែតឹងរ៉ឹង និងការបង្ហាញព័ត៌មានកាន់តែច្រើនអំពីភាពជាម្ចាស់កម្មសិទ្ធិ។

ក្រុមអ្នកវិភាគលើកឡើងថា ច្បាប់ទាំងនេះធ្វើឱ្យការទិញអចលនទ្រព្យកាន់តែមានភាពស្មុគស្មាញ ប៉ុន្តែមិនរារាំងការវិនិយោគពីបរទេសនោះទេ។

ចាប់ពីថ្ងៃទី១ ខែកក្កដា ជប៉ុនក៏នឹងដំឡើងថ្លៃទិដ្ឋាការសម្រាប់អ្នកទេសចរមកពីប្រទេសចំនួន១០០ ផងដែរ រួមទាំងប្រទេសចិន ឥណ្ឌា និងវៀតណាម។ ទិដ្ឋាការចូលម្តងនឹងត្រូវចំណាយអស់១៥.០០០យ៉េន កើនឡើងពី៣.០០០យ៉េន ខណៈដែលទិដ្ឋាការចូលច្រើនដងនឹងកើនឡើងដល់៣០.០០០យ៉េន ពី៦.០០០យ៉េន៕ប្រភព: SCMP៕

វិនិយោគិន​ចម្រុះ​ជាតិ​សាសន៍​សម្រុក​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ

ដោយ: សហសេវិក
អន្តរជាតិ: អ្នកទិញអចលនទ្រព្យដែលមានទ្រព្យសម្បត្តិច្រើនស្តុកស្តម្ភមកពីប្រទេសប៉ូឡូញ អាមេរិក និងបណ្តាប្រទេសអារ៉ាប់កំពុងសម្រុកហូរចូលទីក្រុងម៉ាឌ្រីដ និងតំបន់ឆ្នេរសមុទ្រ Costa del Sol ដ៏ល្បីល្បាញរបស់ប្រទេសអេស្ប៉ាញ។

អ្នកទិញទាំងនោះស្វែងរកលំនៅឋានប្រណីត និងគេចចេញពីសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក៏ដូចជាភាពចលាចលនយោបាយនៅសហរដ្ឋអាមេរិក។

ជាយូរមកហើយ ប្រទេសអេស្ប៉ាញ គឺជាគោលដៅដ៏ទាក់ទាញសម្រាប់ជនជាតិអង់គ្លេស និងអាល្លឺម៉ង់។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិនចម្រុះជាតិសាសន៍ ដែលកំពុងធ្វើពិពិធកម្មទ្រព្យសម្បត្តិរបស់ពួកគេ និងគេចចេញពីអស្ថិរភាព បានហូរចូលប្រទេសអេស្ប៉ាញយ៉ាងច្រើន។

«មិនថាជនជាតិអ៊ុយក្រែន ឬជនជាតិប៉ូឡូញដែលតាំងទីលំនៅលើកោះ Costa del Sol ឬជនជាតិអាមេរិកដែលមកប្រទេសអេស្ប៉ាញទេ មូលហេតុទូទៅគឺស្ថានភាពភូមិសាស្ត្រនយោបាយ»។នេះបើតាមលោកស្រី Rebeca Caballero ប្រធាននាយកដ្ឋានអន្តរជាតិរបស់ភ្នាក់ងារអចលនទ្រព្យ Gilmar។

យោងតាមទិន្នន័យចុះបញ្ជីអចលនទ្រព្យកាលពីឆ្នាំមុនបានឱ្យដឹងថា ចំនួនជាង៣៩ភាគរយនៃការលក់ផ្ទះសរុបទាំងអស់នៅក្នុងខេត្តទេសចរណ៍សំខាន់ៗ រួមទាំង ខេត្ត Malaga នៅលើកោះ Costa del Sol ខេត្ត Alicante នៅលើកោះ Costa Blanca និងកោះ Balearic សុទ្ធតែមានអ្នកទិញជាជនបរទេស។

អ្នកទិញមកពីប្រទេសប៉ូឡូញ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអឺរ៉ុប បានវិនិយោគលើអចលនទ្រព្យនៅតាមឆ្នេរសមុទ្ររបស់អេស្ប៉ាញចាប់តាំងពីឆ្នាំ ២០២០។ ប៉ុន្តែការទិញរបស់ពួកគេបានកើនឡើងបីដងចាប់តាំងពីជំងឺរាតត្បាត។

នៅទូទាំងប្រទេសអេស្ប៉ាញ ជនជាតិអាមេរិកគ្របដណ្តប់ចំនួន២ភាគរយនៃការទិញអចលនទ្រព្យសរុបដោយជនបរទេស និងបានចំណាយប្រាក់ជាមធ្យមខ្ពស់បំផុតទី៣ បន្ទាប់ពីជនជាតិស៊ុយអែត និងអាល្លឺម៉ង់៕ប្រភព: Reuters៕

ក្រុមហ៊ុន​លំដាប់យក្ស​របស់ចិន​កំពុង​ឈាន​ទៅ​បញ្ចប់​ការ​សិក្សា​ពី​ប្រព័ន្ធ​ដឹកជញ្ជូន​ទំនើប​នៅ​កម្ពុជា​

ដោយៈ ចំណាន

    ប្រទេសចិនៈ  ក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) បាននិងកំពុងឈានទៅបញ្ចប់ ការសិក្សាប្រព័ន្ធដឹកជញ្ជូនទំនើបនៅកម្ពុជា និងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព លើប្រព័ន្ឌដឹកជញ្ជូនទាំងនោះ។

ព័ត៌មាននេះត្រូវបានលើកឡើង លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) អមដំណើរដោយលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ​ន បានអនុញ្ញាតជូន គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) ដឹកនាំដោយលោក Wang Xiangdong ប្រធានក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបន្តបំពេញទស្សនកិច្ចការងារ ក្នុងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន CCECC បានសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសសម្រាប់ជំនួបពិភាក្សាការងារនាពេលនេះ។ លោកប្រធានក្រុមហ៊ុន បានជម្រាបជូនដោយសង្ខេបអំពីសាវតា និងសមត្ថភាពឯកទេសរបស់ក្រុមហ៊ុន CCECC ដែលជាសហគ្រាសរដ្ឋខ្នាតធំមួយរបស់ចិន មានជំនាញនិងបទពិសោធន៍ខ្ពស់ ក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមមាន៖ ការសាងសង់ស្ពាន ផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន និងតំបន់សួនឧស្សាហកម្មជាដើម។ ទាក់ទិននឹងការវិនិយោគនៅកម្ពុជា លោកWang Xiangdong ក៏បានរាយការណ៍ជូនផងដែរ អំពីវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន ដែលក្រុមហ៊ុនកំពុងសហការយ៉ាងសកម្មជាមួយភាគីកម្ពុជា ហើយឈានទៅបញ្ចប់ការសិក្សា សមិទ្ធិលទ្ធភាពនាពេលខាងមុខ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន CCECC ក្នុងការចូលរួមអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថា ភាគីកម្ពុជាកំពុងរង់ចាំពិនិត្យមើលលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាពរបស់ក្រុមហ៊ុន ដែលនឹងត្រូវដាក់ជូននាពេលខាងមុខ ដើម្បីធ្វើការវាយតម្លៃមុននឹងបន្តជំហានបន្ទាប់។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការលើកទឹកចិត្ត និងជំរុញបន្ថែមដល់ក្រុមហ៊ុនCCECC ឱ្យបន្តពិនិត្យលទ្ធភាព ក្នុងការពង្រីកឱកាសវិនិយោគរបស់ខ្លួន បន្ថែមទៀតនៅកម្ពុជា ជាពិសេសការបណ្តាក់ទុន លើវិស័យអាទិភាពសំខាន់ៗដែលផ្តល់តម្លៃបន្ថែមខ្ពស់ សំដៅលើកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

Courtesy Meeting with the Chambok Ecotourism Community

By MoT

Kampong Speur, H.E. HUOT Hak, Minister of Tourism, together with H.E. Dr. Cheam Chan Sophorn, Governor of Kampong Speu Province, presided over a courtesy dialogue with the Chambok Ecotourism Community in Kampong Speu Province. The meeting aimed to hear progress reports, better understand the community’s challenges, and receive recommendations and feedback from local residents in order to jointly define strategic directions for enhancing the effectiveness and sustainability of community-based tourism development.

The event was attended by Neak Oknha SUO Vireak, Director General of Virak Buntham Express Co., Ltd., senior officials of the Ministry of Tourism, representatives of relevant ministries and institutions, local authorities at all levels, and approximately 40 members of the local community.

On the occasion, H.E. the Minister commended the Chambok Ecotourism Community for its dedicated efforts in conserving natural resources, protecting the environment, and developing community-based tourism products that generate direct benefits for local residents.

H.E. the Minister emphasized that the Ministry of Tourism will continue to work closely with the provincial administration, relevant ministries and institutions, development partners, and the private sector to enhance service quality, develop tourism products, strengthen human resource capacity through training, and promote community-based tourism destinations more extensively.

H.E. the Minister also encouraged the community to continue safeguarding its natural resources while further improving cleanliness, hygiene, safety, and hospitality in order to enrich visitors’ experiences and establish the community as a model of sustainable and inclusive tourism development.

គំរោង​វិនិយោគ​តម្លៃ​៨៣​លាន​ដុល្លារអាមេរិក​បាន​ចាក់​បញ្ចូល​ក្នុង​ចរន្តសេដ្ឋកិច្ច​នៅ​ភូមិភាគឦសាន

ដោយៈ ម៉ាណា

    ភ្នំពេញៈ រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគចំនួន៦ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគប្រមាណ៨៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មី២ ៥៨៧កន្លែង។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង ដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី៥សម្រាប់គម្រោងវិនិយោគចំនួន៦ ក្រោមទុនវិនិយោគប្រមាណ៨៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង នៅពេលដំណើរការ។

គម្រោងទាំងនេះរួមមាន៖ ២គម្រោងនៅខេត្តរតនគិរី។២ គម្រោង នៅខេត្តមណ្ឌលគិរី។ ១គម្រោង នៅខេត្តស្ទឹងត្រែង និង១គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគរោងចក្រផលិតម្សៅដំឡូងមីស្រស់ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី គម្រោ​ងដាំដុះដំណាំកៅស៊ូ និងរោងចក្រកែច្នៃជ័រកៅស៊ូ គម្រោងទេសច​រណ៍ធម្មជាតិ និង គម្រោងដំាដុះ និងរោងចក្រកែច្នៃកាហ្វេ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន នឹងនៅបន្តគាំទ្រ សម្របសម្រួល និងស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ ជាពិសេសត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ ការផ្ទេរជំនាញ ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម និងត្រូវជំរុញបរិវត្តកម្ម ពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ ។

លោកបណ្ឌិតសភាចារ្យបានបង្ហាញសុទិដ្ឋិនិយមថា ជាមួយនឹងការធ្លាក់ចុះជាបណ្តើរៗនៃតម្លៃប្រេង ដែលជាផ្នែកចម្បងនៃថ្លៃផលិត​កម្ម​ក្នុងវិស័យកសិកម្ម និងការកែច្នៃ, វិនិយោគិននឹងអាចមានស្ថិរភាពប្រតិបត្តិការឡើងវិញ ហើយមានចាប់អារម្មណ៍ ពង្រីកអាជីវកម្មរបស់ខ្លួន ។

ជាមួយនេះ លោកបណ្ឌិតសភាចារ្យ បានបង្ហាញសេចក្តីសោម​នស្ស ជាមួយនឹងការកើនឡើងជាលំដាប់ នូវសមត្ថភាពសម្របសម្រួល និង ចូលរួមគ្រប់គ្រងគម្រោង ពីសំណាក់អនុគណៈកម្មាធិការវិនិយោគរបស់ខេត្ត, ព្រមទាំងបានអបអរសាទរ ដល់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលសម្រេចបានការចុះបញ្ជី គ.ល.គ ដំបូង សម្រាប់គម្រោងដែលមានទុនវិនិយោគក្រោម៥លានដុល្លារ ។

លោកបណ្ឌិតសភាចារ្យ បានបង្ហាញក្តីសង្ឃឹមថា រដ្ឋបាលខេត្តទាំង៤ នឹងខិតខំជំរុញបន្ថែមទៀតឱ្យមានការចុះបញ្ជី គ.ល.គ ជាបន្តបន្ទាប់ ដើម្បីជំរុញភាពផុសផុល និងលេចធ្លោរបស់តំបន់ភូមិភាគឦសាន ។

បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨” កាលពីថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០២៥ ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន៦៦ គម្រោង ក្រោមទុនវិនិយោគសរុប២ ៤៧៨,៦ លានដុល្លារអាម៉េរិក និង បានឯកភាពផ្តល់គោលការណ៍ជូនគម្រោងវិនិយោគចំនួន៤៥ គម្រោងក្រោមទុនវិនិយោគជាង ២០០០ លានដុល្លារអាម៉េរិក៕

ទីក្រុង Victoria Parkland ត្រៀមបញ្ចប់ Showroom និងចំណតយានយន្តស្វាគមន៍អតិថិជន

ដោយៈ ចំណាន

    កណ្តាលៈជាមួយនឹងផែនការឆ្ពោះទៅមុខ ប្រកបដោយចក្ខុវិស័យ គំរោងទីក្រុង Victoria Parkland បាននិងកំពុងត្រៀមបញ្ចប់ការសាងស​ង់​ Showroom & Car Park ដើម្បីស្វាគមន៍អតិថិជនជាតិ និងអន្តរជាតិ។

គំរោងស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល គំរោងនេះនឹងរួមបញ្ចូលនូវអាគារពាណិជ្ជកម្មចម្រុះ ខុនដូ ផ្សារទំនើប អាគារការិយាល័យ សណ្ឋាគារ អាគារការិយាល័យ និងដីឡូត័៍វីឡា ដែលមានទំហំចាប់ពី២០ គុណនឹង៣០ម៉ែត្រ។

លោកបណ្ឌិតតេង រិទ្ធីនាយកប្រតិបត្តិគំរោង Victoria Parkland បានមានប្រសាសន៍ឲ្យដឹងថា ការទិញដីឡូត៍នាពេលនេះ អតិថិជននឹងមានជម្រើសច្រើន និងតម្លៃល្អ អាចអាចទទួលបានផលចំណេញខ្ពស់ ប៉ុន្តែនៅពេលគំរោងដំណើរការពេញលេញ ទីផ្សារនឹងមានភាពប្រែប្រួល តម្លៃនឹងមានភាពប្រែប្រួលផងដែរ។

លោកបណ្ឌិតបានបន្តថា “យើងអភិវឌ្ឍន៍កូនទីក្រុងនេះ ជាមួយគុណតម្លៃ ប្រែក្លាយតំបន់នេះជា Central Business development (CBD) ជាមួយការសម្លឹងទៅកាន់អនាគត ប្រកបដោយសុទិដ្ឋិនិយមមួយ ដែលផ្តោតលើការរស់នៅបែបស៊ីវិល័យ និងប្រណី​តភាព”។

នៅឆ្នាំ២០៣០ ទីក្រុងតាខ្មៅនឹងមានមនុស្សរស់នៅកើនដល់ប្រមាណ១០ម៉ឺននាក់ ឬច្រើនជាងនេះ និងមានមនុស្សចេញចូល ឆ្លងកាត់ប្រមាណ៥ម៉ឺននាក់ ក្នុងមួយថ្ងៃ នឹងធ្វើឲ្យទីក្រុងនេះកាន់តែមានសភាពរសរវើក និងបណ្តុំដោយអាជីវកម្ម ជាមួយនឹងអំណាចនៃការទិញកើនឡើង។

លោកបណ្ឌិតតេង រិទ្ធីបានបន្តថា យើងអភិវឌ្ឍន៍ដោយជ្រើសរើសអតិថិជន ព្រោះគំរោងដីឡូត៍ខ្នាតវីឡារបស់យើង នឹងមានផ្លូវមេធំ ទំហំ២៥ម៉ែត្រទទឹង និងផ្លូវរណបទំហំ១៥ម៉ែត្រ ដែលផ្តល់ឲ្យអ្នករស់នៅមានផាសុខភាព និងមានលក្ខខ័ណ្ឌជីវិតស្រស់បំព្រង។

លោកបន្ថែមថា “យើងលក់ដីវីឡា ដែលមិនអនុញ្ញាត្តឲ្យអ្នកទិញ សាងសង់ឃ្លាំង ឬរោងចញ្ចឹមគោ ចិញ្ចឹមមាន់ ទាឡើយ ប៉ុន្តែយើងផ្តល់ជម្រើសម៉ូតវីឡាប្រណីតៗជាច្រើន ជាមួយនឹងតម្លៃនៃការសាងសង់សមរម្យ និងប្រកបដោយគុណភាពខ្ពស់”។

អតិថិជន អាចទំនាក់ទំនងលេចខទូរស័ព្ទ និងតេឡេក្រាម០៨៦ ៤៨ ៥៥៦៦៕

រដ្ឋាភិបាល​កំពុងសាងសង់​ស្តាត​ថ្មី​មួយ​នៅ​ខេត្តព្រះសីហនុ​សម្រាប់​តំណាង​ឲ្យ​កីឡដ្ឋាន​តំបន់ឆ្នេរ​

ដោយៈ ចំណាន

    ព្រះសីហនុៈ ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍តំបន់ឆ្នេរ ដឹកនាំដោយលោកសាយ សំអាល់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសាងសង់ស្តាតធំមួយតំណា​ងឲ្យខេត្តជាប់តំបន់ឆ្នេរ។

ស្តាតថ្មីនេះ ត្រូវបានសម្តេចតេជោស្នើឲ្យរៀបចំជាស្តាត តំណាងតំបន់ឆ្នេរនៃខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា។

តំណាងក្រុមហ៊ុនសាងសង់ស្តាតថ្មីនេះ បានមានប្រសាសន៍ឲ្យដឹងថា ទីតាំងស្តាតនេះ នឹងរៀបចំឲ្យមានសារៈមន្ទីរនាវា​Westerdam តំណាងឲ្យបេះដូងដ៏ទូលាយរបស់កម្ពុជា ដែលទទួលភ្ញៀវទេសចរណ៍ អន្តរជាតិ និងរៀបចំឲ្យមានប្រភេទបឹង តំណាងឲ្យឆ្នេរតំណាងឲ្យខេត្តទាំងបួន ព្រមទាំងបើកឲ្យមានកីឡាមហាជន។

ចំណែកការងារស្ថាបត្យកម្ម ដឹកនាំដោយលោកលី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ស្តាត​នេះ ត្រូវរៀបចំរចនាបទ ដោយគ្មានការខ័ណ្ឌរបង។

ស្តាតនេះត្រូវបានផ្តួចផ្តើម ដោយឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ និងមានការគាំទ្រពេញទំហឹងពីសម្តេចតេជោ ធិបតី ព្រមទាំងអភិ​បាលនៃគណអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតផងដែរ។

លើសពីនេះ រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមការងារគណបក្ស នឹងសាងសង់ផ្លូវថ្មីមួយតភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់ស្រុកស្ទឹងហាវ នាពេលអនាគតផងដែរ៕

ការសិក្សាថ្មីរកឃើញចំណុចរបត់និងគួរឲ្យចាប់អារម្មណ៍មួយចំនួន លើទីផ្សារខុនដូនៅកម្ពុជា

    ដោយៈ ចំណាន

    ភ្នំពេញៈ ការស្ទង់មតិទីផ្សារដ៏សំខាន់ថ្មីបំផុតមួយ ពីគេហទំព័រ Realestate.com.kh បានបង្ហាញពីរបាយការណ៍ថ្មីៗដ៏ទូលំទូលាយបំផុតមួយលើទីផ្សារខុនដូរបស់កម្ពុជា។

ការសិក្សាបានរកឃើញនិន្នាការមួយចំនួន ដែលមានភាពប្រែប្រួល និងការកើនឡើងលើចំណុចរបត់មួយចំនួន។

១. ទីផ្សារកំពុងផ្លាស់ប្តូរពីការរំពឹងទុកទៅជាគុណភាព

ការសិក្សាបានរកឃើញថា អ្នកទិញកំពុងក្លាយជាអ្នកជ្រើសរើសកាន់តែច្រើន។ កេរ្តិ៍ឈ្មោះអ្នកអភិវឌ្ឍន៍ដ៏រឹងមាំ គុណភាពសំណង់ល្អ ការកំណត់តម្លៃជាក់ស្តែង និងទីតាំងសំខាន់ៗឥឡូវនេះមានសារៈសំខាន់ជាងការទទួលបានដើមទុនរហ័ស។

និន្នាការនេះតំណាងឱ្យ “ការឆ្ពោះទៅកាន់គុណភាព” បន្ទាប់ពីការកែតម្រូវទីផ្សារជាច្រើនឆ្នាំ។

២. ការផ្គត់ផ្គង់ខុនដូសរុបបានឈានដល់ប្រហែល៦៤.០០០យូនីត

នៅកម្ពុជា មានខុនដូដែលបានបញ្ចប់ប្រហែល ៦៤.០០០ យូនីតនៅឆ្នាំ ២០២៥។ ជំនួសឱ្យការពណ៌នាអំពីរឿងនេះ គ្រាន់តែជាការផ្គត់ផ្គង់លើស របាយការណ៍នេះអះអាងថា ទីផ្សារកំពុងឆ្លងកាត់ការកំណត់រចនាសម្ព័ន្ធឡើងវិញ ដោយគម្រោងខ្សោយជាងកំពុងជួបការលំបាក ខណៈពេលដែលគម្រោងល្អជាងនៅតែបន្តទាក់ទាញអ្នកទិញ។

៣. ភ្នំពេញនៅតែជាទីផ្សារលេចធ្លោ

ការសិក្សាបានរកឃើញថា ការទិញខុនដូជាង៧០% នៅតែស្ថិតនៅក្នុងទីក្រុងភ្នំពេញ ពិសេសតំបន់ដូចជាបឹងកេងកង១ នៅតែស្ថិតក្នុងចំណោមទីតាំង ដែលមានដំណើរការខ្លាំងបំផុត ដោយសារតែសកម្ម​ភាពអាជីវកម្ម អ្នកស្នាក់នៅអន្តរជាតិ និងការផ្គត់ផ្គង់បុព្វលាភមានកំណត់។

៤. អ្នកទិញបរទេសនៅតែមានសារៈសំខាន់

អ្នកទិញអន្តរជាតិ គ្របដណ្តប់ចំនួនជាង៦០% នៃការទិញ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ អ្នកទិញកម្ពុជាកំពុងបង្កើនចំណែកទីផ្សាររបស់ពួកគេជាលំដាប់ ខណៈដែលប្រាក់ចំណូលកើនឡើង និងនគរូបនីយកម្មនៅតែបន្ត។

៥. អាគារតូចៗនៅតែមានប្រជាប្រិយភាពបំផុត

ការសិក្សាបានរកឃើញផងដែរថា ប្រហែល៦១% នៃការទិញគឺជាយូនីតមួយបន្ទប់គេង។ យូនីតទាំងនេះមានភាពទាក់ទាញ ពីព្រោះវាមានតម្លៃសមរម្យជាង និងជាទូទៅងាយស្រួលជួល។

៦. តម្រូវការជួលនៅតែគាំទ្រទីផ្សារ

អាផាតមិនមួយបន្ទប់គេង មានចំនួនប្រហែល៧២% នៃតម្រូវការជួល ហើយគម្រោងដែលគ្រប់គ្រងបានល្អ នៅកណ្តាលទីក្រុងភ្នំពេញបន្តទាក់ទាញជនបរទេស និងអ្នកជួលក្នុងស្រុកដែលមានប្រាក់ចំណូលខ្ពស់។

៧. ទីផ្សារកំពុងរីកចម្រើន

របាយការណ៍ពីការសិក្សានេះ បានកត់សម្គាល់ពីការចាប់អារម្ម​ណ៍កាន់តែប្រសើរឡើងលើ មូលដ្ឋានមួយចំនួនដូចជា ក្រុងព្រះសីហនុ ដែលគាំទ្រ ដោយការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។

ខេត្តសៀមរាប ជាកន្លែងដែលតម្រូវការផ្តោតលើវិស័យទេសចរ​ណ៍ និងអចលនទ្រព្យរបៀបរស់នៅ។ អ្វីដែលនេះមានន័យ​សម្រាប់វិនិយោគិន

របាយការណ៍នេះបានបង្ហាញថា ឱកាសល្អបំផុតលែងគ្រាន់តែជាការទិញអចលនទ្រព្យណាមួយ ហើយរង់ចាំឱ្យតម្លៃកើនឡើងទៀតហើយ។ ផ្ទុយទៅវិញ វិនិយោគិនគួរតែផ្តោតលើទីតាំងសំខាន់ៗ។ អ្នកអភិវឌ្ឍន៍ដែលគួរឱ្យទុកចិត្តជាមួយ នឹងកំណត់ត្រាដែលបានបង្ហាញឱ្យឃើញ។
គម្រោងដែលមានតម្រូវការជួលពិតប្រាកដ និងការកាន់កាប់រយៈពេលវែងជាជាងការរំពឹងទុករយៈពេលខ្លី៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងគ្រោងសាងសង់ផ្ទះឲ្យបាន១០ម៉ឺន យូនីត ក្នុងផែនការអាជីវកម្មរយៈពេល៣០ឆ្នាំ

ដោយៈ ចំណាន

ភ្នំពេញៈ ជាមួយនឹងផែនការ ប្រកបដោយមហិច្ឆតា លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកបុរីវិមានសំណាង បានបង្ហាញពីផែន​ការអាជីវកម្ម៣០ឆ្នាំ (2026-2056) ក្រោយឡើងផ្សារភាគហ៊ុនកម្ពុជា របស់ក្រុមហ៊ុនបុរី វិមានសំណាង ម.ក គឺត្រូវសាងសង់អោយបាន ១០០ ០០០ផ្ទះ វីឡា និងខុនដូ។

លើសពីនេះលោកឧកញ៉ាបណ្ឌិតគ្រោងសាងសង់ សាលារៀន មន្ទីរពេទ្យ ផ្សារ ធនាគារ រោងចក្រ មជ្ឍមណ្ឌលលំហេរកម្សាន្ត និងកន្លែងលេងកីឡាចំរុះ នៅទូទាំងប្រទេស។ លើសពីនេះ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក មានតម្លៃក្នុងទីផ្សារភាគហ៊ុន១០០លានដុល្លារអាមេរិក ហើយនឹងដាក់លក់ភាគហ៊ុន ចំនួន១០លានដុល្លារ ទៅដល់សាធារណៈជន ដោយម្នាក់ៗអាចទិញភាគហ៊ុន បានចាប់ពី៣០ដុល្លារឡើងទៅ ចាប់ពីថ្ងៃទី២កក្កដា ២០២៦ រហូតដល់ថ្ងៃទី៩ កញ្ញា ២០២៦។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានសំណូមពរសម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ ពុកម៉ែ ពូមីង បងប្អូន មិត្តភក្តិ និងប្រជាជនកម្ពុជាទាំងអស់ ដែលច្បាស់លាស់ មានឆន្ទៈធ្វើជាដៃគូរអាជីវកម្ម យូរអង្វែងជាមួយខ្ញុំបាទ គីម ហ៊ាង និងក្រុមហ៊ុន បុរី វិមានសំណាង ម.ក ម ហើយអាចវិនិយោគចាប់ពី ១០០ ០០០ដុល្លារឡើងទៅ នោះសូមទាក់ទងមកខ្ញុំបាទ គីម ហ៊ាង ដើម្បីជួបគ្នាដោយផ្ទាល់បានគ្រប់ពេល៕

ទំនាក់ទំនងលោកឧកញ៉ាបណ្ឌិត គីម ហ៊ាងស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនបុរី វិមានសំណាង ម.ក
ទូរសព្ទ័លេខ 012 96 2000 (WhatsApp & Telegram)
Email: [email protected]
Website: www.bvs.com.kh។

ដំណឹងល្អៈ ​ក្រុមហ៊ុន Unilever នឹង​រៀប​ចំ​ខ្សែច្រវាក់​ផលិតកម្ម​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ

ដោយៈ រស្មី

    ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សក្នុងតំបន់Unilever បានប្រកាសពីផែនការពង្រីក ការរៀបចំផលិតកម្មនៅកម្ពុជា ដើម្បីឆ្លើយតបតម្រូវការរបស់អ្នកប្រើប្រាស់។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង ក្នុងឱកាសលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ និងថ្នាក់ដឹកនាំក្រុមហ៊ុន Unilever (Cambodia) Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន យូនីលឹវើ ដែលជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស ដែលបានផ្តល់ជំនឿទុកចិត្ត មកកាន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មប្រតិបត្តិការធុរកិច្ចនៅកម្ពុជា អស់រយៈពេលជិត២៣ឆ្នាំកន្លងមកនេះ ដោយផ្តល់នូវអត្ថប្រយោជន៍ និងលើកកម្ពស់សុខុមាលភាព ដល់អ្នកប្រើប្រាស់ជាច្រើន តាមរយៈជម្រើសច្រើនមុខ និងទំនិញ​សំបូរបែបនៅលើទីផ្សារកម្ពុជា។

នាកិច្ចជំនួបនោះ លោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ បានជម្រាបជូនអំពីវឌ្ឍនភាព សមិទ្ធផល និងការសម្រេចនូវពិពិធកម្មប្រភពនាំចូល ដើម្បីបង្កើនបរិមាណបំពេញបន្ថែមផ្គត់ផ្គង់ តម្រូវការ ជាពិសេសការពង្រីកអាជីវកម្មនៅកម្ពុជា តាមរយៈការរៀបចំខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ

ក្នុងជំនួបនោះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាមសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ជាពិសេសពង្រឹងការអនុវត្ត និងអនុលោមតាមច្បាប់កម្មសិទ្ធិបញ្ញា ការពង្រឹងការប្រកួតប្រជែង និងបរិយាកាសធុរកិច្ចស្មើភាព។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា ក្រុមហ៊ុនយូនីលឹវើក នឹងបន្តពង្រីក និងធ្វើពិពិធកម្មទំនិញរបស់ខ្លួន ជាពិសេសក្នុងការផលិតមុខទំនិញ មួយចំនួននៅកម្ពុជាដោយផ្ទាល់ ដើម្បីបង្កើតភាពសម្បូរបែប និងជម្រើសសម្រាប់ការប្រើប្រាស់ កាន់តែច្រើនសម្រាប់អតិថិជនកម្ពុជា៕

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Ali Tariq ប្រធានគ្រប់គ្រងប្រចាំតំបន់នៃក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ