ឥណ្ឌូនេស៊ីគ្រោងអនុញ្ញាតឱ្យអ្នកវិនិយោគបរទេសអាចបោះទុនផលិតថាមពលកកើតឡើងវិញចំនួន៧៥ជីហ្គាវ៉ាត់ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌូនេស៊ីគ្រោងផ្តល់ឱកាសដល់បណ្តាអ្នកវិនិយោគអន្តរជាតិក្នុងការកសាងរោងចក្រថាមពលកកើតឡើងវិញដែលមានសមត្ថភាពផលិតចំនួន៧៥ជីហ្គាវ៉ាត់ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។

ផែនការនេះជាការប្តេជ្ញាចិត្តរបស់លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី ដែលបានចូលកាន់តំណែងកាលពីខែមុន។នេះបើយោងតាមការឱ្យដឹងពីលោក Hashim Djojohadikusumo បេសកជនឥណ្ឌូនេស៊ីប្រចាំសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២៤។

ឥណ្ឌូនេស៊ី ដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំបំផុតមួយរបស់ពិភពលោកបានប្តេជ្ញាសម្រេចអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០តាមរយៈវិធីសាស្ត្រផ្សេងៗ រួមទាំងការបិទដំណើរការរោងចក្រថាមពលដើរដោយធ្យូងថ្ម និងដាក់ជំនួសមកវិញដោយរោងចក្រថាមពលកកើតឡើងវិញ។

លោក Hashim បានអះអាងថា រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូនេសុីនឹងផលិតថាមពលថ្មីចំនួន១០០ជីហ្គាវ៉ាត់ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ដែលក្នុងនោះថាមពលថ្មីចំនួន៧៥% ឬស្មើនឹង៧៥ជីហ្គាវ៉ាត់នឹងក្លាយជាថាមពលកកើតឡើងវិញ។

លោក Hashim បានបន្ថែមថា គម្រោងផលិតថាមពលអាចកកើតឡើងវិញ នឹងដាក់រួមបញ្ចូលទាំងប្រភពថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី កំដៅក្នុងផែនដី និងនុយក្លេអ៊ែរ។

យ៉ាងណាមិញ មន្ដ្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីរូបនេះ មិនបានពន្យល់បកស្រាយអំពីផែនការផលិតថាមពលថ្មីចំនួន២៥ភាគរយផ្សេងទៀតនៃផែនការសរុបចំនួន១០០ជីហ្គាវ៉ាត់នោះទេ៕ប្រភព: Reuters៕

ស្ថាប័នជំនាញអចលនទ្រព្យវាយតម្លៃថា ទីផ្សារការិយាល័យនៅសិង្ហបុរីមានដំណើរការល្អប្រសើរក្នុងត្រីមាសទី៣

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្រាវជ្រាវដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានបង្ហាញថា ទីផ្សារការិយាល័យនៅក្នុងទីក្រុងសិង្ហបុរីមានដំណើរការល្អប្រសើរ បន្ទាប់ពីការបញ្ចប់ទៅនៃវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ-១៩។

អត្រានៃការជួលការិយាល័យលំដាប់ A នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ក្នុងទីក្រុងសិង្ហបុរីបានកើនឡើង១៤,៩ភាគរយក្នុងរយៈពេលចំនួន១២ត្រីមាសជាប់ៗគ្នាចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០២១។

កំណើនខាងលើបណ្តាលមកពីការវិលត្រឡប់ទៅធ្វើការនៅការិយាល័យវិញនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសិង្ហបុរី មានល្បឿនលឿនជាងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក បូករួមទាំងការផ្គត់ផ្គង់ទាប និងការពន្យារពេលបើកដំណើរការគម្រោងថ្មី។

ទោះបីជាយ៉ាងណាក្តី កំណើននៃតម្លៃជួលការិយាល័យនៅសិង្ហបុរីបានជាប់គាំងចាប់តាំងពីត្រីមាសទី២ ឆ្នាំ២០២៤ ដែលក្នុងនោះ តម្លៃជួលការិយាល័យលំដាប់A បានស្ថិតនៅទ្រឹងគិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ។

ការជាប់គាំងនៃតម្លៃជួលបណ្តាលមកពីការបញ្ចប់ការសាងសង់អគារ IOI Central Boulevard Towers ដែលបានចាក់បញ្ចូលការិយាល័យចំនួន១,២លានហ្វីតការ៉េបន្ថែមទៅកាន់ទីផ្សារក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

លើសពីនេះ ការកើនឡើងនៃអត្រាការប្រាក់ និងថ្លៃដើមអចលនទ្រព្យ ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច បានជំរុញឱ្យបណ្តាក្រុមហ៊ុនជាច្រើនកាត់បន្ថយទំហំការិយាល័យ ឬស្វែងរកជម្រើសជួលទីតាំងផ្សេងទៀតដែលមានតម្លៃសមរម្យ។

ផ្ទុយទៅវិញ បើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យមួយផ្សេងទៀត Knight Frank បានបង្ហាញថា តម្លៃជួលការិយាល័យប្រណីតប្រចាំខែ(Prime Office) នៅសិង្ហបុរីបានកើនឡើង០,៦ភាគរយក្នុងត្រីមាសទី៣ឆ្នាំនេះដល់ចំនួន១១,៣៥ដុល្លារសិង្ហបុរី(ប្រហែល៨,៥ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េបើធៀបនឹងត្រីមាសទី២៕ប្រភព: The Business Times៕

ក្រសួងសាធារណៈការពិភាក្សាជាមួយក្រុមហ៊ុនចិនធំមួយលើគម្រោងតភ្ជាប់ផ្លួវដែក

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានជួប និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Yunnan Linkun Investment Group Co., LTD។

ដោយទទួលបានការអនុញ្ញាត្តពីលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន លោកវ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Yunnan Linkun Investment Group Co., LTD ដឹកនាំដោយលោក YUAN LINKUN ប្រធានក្រុមហ៊ុន ដោយមានការអញ្ជើញចូលរួមពី លោកប្រធា​ន អនុប្រធាននាយកដ្ឋានផ្លូវដែក នាយកដ្ឋានអង្កេ​ត និងបូកសរុប​ភស្តុភារកម្ម និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។

ជំនួបនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់បន្ថែម ពីឱកាសវិនិយោ​គ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងគម្រោងសំខាន់ៗ ទាក់ទងនឹងផែនការមេអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា។

លោកវ៉ាស៊ីម សូរិយា បានលើកឡើងពីបច្ចុប្បន្នភាពនៃខ្សែផ្លូវដែកទាំងពីរខ្សែដែលមានស្រាប់ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងគម្រោងសំខាន់ៗមួយចំនួន ដែលក្រសួងបាន និងកំពុងអនុវត្តជាមួយក្រុមហ៊ុន ដៃគូក្នុងប្រទេសនិងទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការជំរុញនិងលើកកម្រិ​តគុណភាពផ្លូវទាំងពីរខ្សែនេះ ឱ្យមានសមត្ថភាពស្មើគ្នាដល់កម្រិតល្បឿន80km/h និងជំរុញនូវការចចារបញ្ចប់កិច្ចសន្យាសម្បទានផ្លូវដែកថ្មី ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ សំដៅចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុនបានអរគុណថ្នាក់ដឹកនាំក្រសួង ដែលបានផ្ដល់អនុសាសន៍ល្អៗ ដល់ក្រុមហ៊ុនក្នុងការស្វែងយល់បន្ថែម ក្នុងការវិនិយោគលើខ្សែផ្លូវដែកថ្មីនៅកម្ពុជា ក្នុងការតភ្ជាប់ពីកម្ពុជាទៅវៀតណាម និងកម្ពុជាទៅឡាវ ជាមួយនឹងទស្សនទាន នៃការសិក្សាបណ្ដាញផ្លូវដែកល្បឿនលឿនថ្មីនៅក្នុងប្រទេសផងដែរ។

កម្ពុជាមានគម្រោងផ្លូវដែកចំនួន០៨ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត ដាក់បញ្ចូលក្នុងផែនការមេ គ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តមធ្យោបាយ និងភស្តុភារកម្ពុជាឆ្នាំ២០២៣-២០៣៣ ក្នុងចំណោមផែនការមេសរុបចំនួន១៧៤ គម្រោងផងដែរ៕

ក្រុមហ៊ុនDP World របស់អេមីរាត់អារ៉ាប់រួមបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យចំនួន៣នៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកSultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនៅជំនួប លោកនាយកប្រតិបត្តិក្រុមហ៊ុន DP World បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក និងបច្ចេកវិទ្យាខាងខ្សែច្រវាក់ផ្គត់ផ្គង់ និងមានប្រតិបត្តិការអាជីវកម្ម នៅក្នុងតំបន់អាស៊ាន និងតាមបណ្ដាប្រទេសជាច្រើន ក្នុងពិភពលោក។

លោកបន្តថា ដោយប្រទេសកម្ពុជា មានទីតាំងភូមិសាស្ត្រអំណោយផលដ៏ល្អប្រសើរ នៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុន DP World មានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗ រួមមាន៖ វិស័យដឹកជញ្ជូន វិស័យឡូជីស្ទីក និងការអភិវឌ្ឍសួនឧស្សាហកម្ម។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគម​ន៍ ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ដែលគាំទ្រការវិនិយោគ និងបានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ ជាមួយនឹងទីផ្សារក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី និងពហុភាគីជាច្រើន ដែលក្នុងនោះ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយផងដែរ។

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណា ក្នុងការវិនិយោគលើវិស័យឡូជីស្ទីក ក៏ដូចជា ការអភិវឌ្ឍសួនឧស្សាហកម្ម ដែលជាវិស័យសក្តានុពល និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តពិភាក្សាជាមួយក្រសួង -ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈតម្រូវការទិញមាសកើនឡើង ស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយក្រុមអ្នកវិនិយោគក៏កំពុងរង់ចាំអ៊ុតមើលទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកផងដែរ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៦ភាគរយដល់២៦៥៤,៣០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៧ភាគរយដល់២៦៥៦,២០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៥០,០៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៥១,៧០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៦,៥៣ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៦៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣៥%ដល់៣១,១១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣១%ដល់៩៦៨,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៤%ដល់១.០៣០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៩នាទីព្រឹក៕

សម្តេចធិបតីៈ ផ្ទៃដីកម្ពុជាដែលបានវាស់វែងបានកើនទំហំដល់១៨១៤៣៦គីឡូម៉ែត្រការ៉េ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ផ្ទៃដីកម្ពុជាបន្ទាប់ពីវាស់វែង រហូតមកទល់ពេលនេះបានកើនទំហំដល់១៨១,៤៣៦គីឡូម៉ែត្រការ៉េ។

សម្តេចបានថ្លែងក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតនៅក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២១ វិច្ឆិកាថា មានប្រជាជនមួយចំនួនបានសាក់ផ្ទៃដីកម្ពុជាក្នុងទំហំ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នបន្ទាប់ពីយើង បានវាស់វែងដល់ដំណាក់កាលនេះ ទំហំផ្ទៃដីរបស់យើង បានកើនដល់ទំហំ១៨១,៤៣៦គីឡូម៉ែត្រការ៉េ ដោយមិនទាន់គិតពីកោះនានា ដែលកម្ពុជាកំពុងរៀបចំការចចារនៅឡើយ។

សម្តេចបន្តថា “អ្នកសាក់ផ្ទៃដីកម្ពុជាមានទំហំ១៨១, ០៣៥គីឡូម៉ែត្រ ត្រូវលុបចេញ”៕

 

ទស្សនៈមតិៈ វិស័យអចលនទ្រព្យនៅតែល្អខ្លាំងតែត្រូវលាបព៌ណប្រផេះដោយអ្នកនៅក្នុងវិស័យនេះ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ វិស័យអចលនទ្រព្យ នៅតែជាវិស័យល្អខ្លាំងនាពេលបចុប្បន្ននេះ តែវិស័យនេះត្រូវបានលាបពណ៌ប្រផេះ ដោ​យអ្នកប្រឡូកក្នុងវិស័យនេះដូចគ្នា។

លោកCooler Tanម្ចាស់គំរោងអភិវឌ្ឍន៍ដីឡូត៍បូកគោលែន និងគំរោងឆ្នេរសមុទ្រកោងកាង នៅក្នុងខេត្តកំពត និងខេត្តកែបបានបង្ហាញទស្សនៈយល់ឃើញរបស់ខ្លួនថា ម្ចាស់គម្រោងខ្លះចាប់ផ្តើមឈានជើងប្រឡូកក្នុងវិស័យនេះ ហើយក៏ចាប់ផ្តើមចូលរួមសំលាប់វិស័នេះផងដែរ ដោយបន្សល់ទុករបួសស្នាមដ៏ឈឺចាប់ ដល់អ្នកស្រលាញ់វិស័យអចលនទ្រព្យ អ្នកទិញលែងហ៊ានទិញ អ្នកលក់លែងហ៊ានលក់។

លោកបញ្ជាក់ថា “សំរាប់ទស្សនៈរបស់ខ្ញុំផ្ទាល់ យើងត្រូវញែកចេញ រវាងអ្នកអភិវឌ្ឈន៏អចលនទ្រព្យល្អ និងអ្នកអភិវឌ្ឈន៏អចលនទ្រព្យមិនល្អ ពេលខ្លះយើងទិញចំប៉ះគម្រោងអ្នកអភិវឌ្ឈន៏អចលនទ្រព្យមិនល្អ លទ្ធផលទទួលបានគឺខាតបង់ បាត់​បង់ របួស និងឈឺចិត្ត”។ លោកបន្ថែមថា “យើងមិនត្រូវដោយសាតែរឿងនេះ ធ្វើអោយយើងបោះបង់ចោលគំនិត វិនិយោគអចលនទ្រព្យទេ អ្វីដែលត្រូវកែគឺត្រូវរៀនសូត្យ ពីរបៀបស្គាល់អោយច្បាស់នូវគម្រោងអភិវឌ្ឈន៏ល្អ និងគម្រោងអភិវឌ្ឈន៏មិនល្អ ពេលចេះជំនាញនេះច្បាស់ហើយ យើងលែងខាតបង់ទៀតហើយ ព្រោះអ្នកដែលគេចេះច្បាស់ គេកំពុងទទួលបានផលជាទីគាប់ចិត្ត សប្បាយចិត្ត និងបន្តទិញថែម និយាយអោយខ្លីបើយើងចេះយើងទិញចំណេញ បើមិនចេះគឺទិញខាតបើមិនយល់​មិនស្គាល់ទិញអត់បានទ្រព្យទេ គេបោកអស់”។

លោកបន្តថា ចំពោះអ្នកលក់អចលនទ្រព្យវិញ ពុំគួរផ្តោតតែលើផលប្រយោជន៏ជាធំទេ ត្រូវផ្តោតលើគម្រោងអភិវឌ្ឈន៍ល្អជាធំ មិនទាមទាបានប្រយោជន៏ច្រើនពេកទេ តែទាមទាបានប្រយោជន៍រហូតយូអង្វែង។ អ្នកលក់ពូកែមិនមែនអោយតែលក់ចេញគឺពូកែទេ ទាល់តែលក់ឈ្នះ ឈ្នះ ឈ្នះ ទាំង3ទើបពូកែ ពោលគឺម្ចាដ់ដីក៏ចំណេញ អ្នកទិញក៏ចំណេញ យើងអ្នកលក់ក៏ចំណេញ បើភាគីណាមួយខាត លក់អត់បានយូទេ ផលក៏អត់បានវែងដែរ។

លោកCooler Tanបានបន្ថែមថា បើយើងមិនចេះបែងចែកគម្រោងល្អ និងគម្រោងមិនល្អទេ យើងនឹងងាយធ្លាក់ចូលផ្លូវទាល់ក្នុងវិស័យលក់អចលនទ្រព្យ នៅពេលគម្រោងមានបញ្ហា ភ្ញៀវមានបញ្ហា យើងក៏មានបញ្ហាដែរ ហើយយើងនឹងក្លាយខ្លួនជាអ្នកចូលរួមសំលាប់វិស័អចលនទ្រព្យដូចគ្នា។

ក្នុងសម័យកាលបចុន្បន្ននេះ បើយើងកំពុងតែបន្តសក​ម្មភាពលក់យ៉ាងសកម្ម មានន័យថាយើងកំពុងខិតខំ លើកស្ទួយវិស័យអចលនទ្រព្យខ្លាំដូចគ្នា ត្រូវខិតខំ តស៊ូ ប្រឹងប្រែងបន្ថែមទៀត ទោះវិស័នេះ ប្រឡាក់ព៌ណប្រផេះខ្លះក៏ដោយ ក្រោយពេលភ្លៀងធាតុដើមព៌ណអ្វី នៅតែជាព៌ណណឹងដដែល។

លោកCooler Tanបានបន្តទៀតថា ប្រសិនបើយើងកំពុងប្រឡូកហើយបាក់ទឹកចិត្ត ចង់បោះបង់ចោល កុំទាន់អស់សង្ឃឹ​ម ពេលខ្លះមិនមែនយើងលក់មិនចេញទេ មកពីយើងនៅជាមួ​យអ្នកលក់មិនចេញដូចគ្នា។ អ្នកនិយាយថាពិបាកលក់ មកពីគាត់លក់មិនចេញ មិនមែនគ្រប់គ្នាសុទ្ធតែលក់មិនចេញទេ។ អ្នកនិយាថាវិស័អចលនទ្រព្យអត់ល្អ មកពីគាត់មិនមានលុយទិញអចលនទ្រព្យទុក។ អ្នកនិយាយថាគម្រោងលក់ដីគឺបោក មកពីគាត់មិនទាន់ ស្គាល់គម្រោងស្រពច្បាប់គឺបែបណា?  អោយតែយើងចេះរើសគម្រោងល្អ នៅជាមួយអ្នកពូកែលក់ មានមេដឹកនាំល្អ យើងនឹងចាប់ផ្តើមលក់ចេញ លែងបាក់ទឹកចិត្តទៀតហើយ។

ឆ្លើយតបចំពោះអ្នកបោះបង់ លោកCooler Tanបានលើកឡោះងថា ចំពោះអ្នកបានបោះបង់អាជីព អ្នកលក់អចលនទ្រព្យរួចហើយ កុំមានគំនិតអវិជ្ជមានពេក បើស្រលាញ់ចូលចិត្តអាចសាកល្បងម្តងទៀត។ ជួនកាលមិនមែនមកពីយើងធ្វើវាមិនបានទេ គឺមកពីយើងចាប់ផ្តើមធ្វើវា តាមផ្លូវមិនត្រឹមត្រូវតាំងពីដំបូងម្លេស។ មិនមែនអោយតែចូលគឺចេះទេ បើចូលមិនត្រូវក្បួនទោះចូល១០ឆ្នាំ ក៏នៅតែមិនបានផលដែរ។

លោកបញ្ជាក់ថា “ទាល់តែយើងរកផ្លូវត្រូវឃើញសិន ទើបអាចបង្កើនល្បឿនបាន បើដើផ្លូវខុស ល្បឿនកាត់តែលឿនខុសកាន់តែខ្លាំង តែទោះជាយ៉ាងណាក៏ដោយ អ្វីៗអាចចាប់ផ្តើមថ្មីបានទាំងអស់ អោយតែមានភាពក្លាហាន ក្រោកឈរឡើងម្តងទៀត ស្រពពាក្យចាស់ថា ឆាប់ខុសឆាប់ត្រូវ ក្រខុសក្រត្រូវ អត់ខុសអត់ត្រូវដូចគ្នា”៕

 

ទីក្រុងធំៗចំនួន២របស់ប្រទេសចិនប្រកាស​បន្ធូរបន្ថយ​ពន្ធ​ដើម្បី​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃរបស់ប្រទេសចិនបានប្រកាសពីការបន្ធូរបន្ថយពន្ធដើម្បីជំរុញការទិញផ្ទះ ខណៈបញ្ហាក្នុងវិស័យអចលនទ្រព្យនៅតែបន្តអូសបន្លាយ និងជះផលអវិជ្ជមានលើកំណើនសេដ្ឋកិច្ចចិន។

ចំណែក បណ្តាទីក្រុងធំៗផ្សេងទៀតនៅក្នុងប្រទេសចិនក៏ត្រូវបានគេរំពឹងថា នឹងអនុវត្តន៍តាមទីក្រុងទាំង២ខាងលើផងដែរ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មាន Reuters។

វិធានការដ៏សំខាន់នេះត្រូវបានដាក់ចេញ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានប្រកាសឱ្យដឹងពីផែនការបន្ធូរបន្ថយពន្ធមួយចំនួនលើប្រតិបត្តិការទិញផ្ទះ និងដីធ្លីកាលពីសប្តាហ៍មុន។

យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមូលដ្ឋានបានបង្ហាញថា ប្រជាជនទីក្រុងប៉េកាំង និងសៀងហៃដែលមានបំណងដាក់លក់អចលនទ្រព្យរបស់ពួកគេ នឹងត្រូវបានលើកលែងពីការបង់ពន្ធអាករលើតម្លៃបន្ថែម ដរាបណាពួកគេកាន់កាប់អចលនទ្រព្យនោះបានលើសពី២ឆ្នាំ។

ក្រុមមន្ដ្រីបង្កើតគោលនយោបាយចិនកំពុងទប់ស្កាត់ទីផ្សារអចលនទ្រព្យរបស់ខ្លួនមិនឱ្យបន្តដាំក្បាលចុះ ខណៈវិស័យនេះធ្លាប់ជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចចិន។

យ៉ាងណាមិញ ការធ្លាក់ចុះនៃទំនុកចិត្តអ្នកប្រើប្រាស់ និងវិនិយោគិនបានធ្វើឱ្យអ្នកដែលមានបំណងទិញផ្ទះនាពេលអនាគតពិបាកធ្វើការសម្រេចចិត្ត។

ការដាក់ចេញវិធានការថ្មីក្នុងខែវិច្ឆិកានេះបានបូកបន្ថែមពីលើចំណាត់ការកាលពីខែកញ្ញា ដូចជាការកាត់បន្ថយចំនួនប្រាក់កក់អប្បបរមាមកនៅត្រឹម១៥% សម្រាប់ប្រភេទលំនៅដ្ឋានទាំងអស់ និងការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ។

លោក Xu Tianchen សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Economist Intelligence Unit បានលើកឡើងថា “ការជំរុញគោលនយោបាយចាប់តាំងពីខែកញ្ញា មានប្រសិទ្ធភាពក្នុងការស្តារតម្រូវការ ព្រមទាំងផ្តល់ការគាំទ្រដល់តម្លៃលំនៅដ្ឋាន និងភាគហ៊ុន”។

ទោះជាយ៉ាងនេះក្តី លោកបានគូសបញ្ជាក់ថា “សេដ្ឋកិច្ចរបស់ប្រទេសចិនមិនទាន់មានជំហររឹងមាំនៅឡើយ ហើយការគាំទ្រគោលនយោបាយត្រូវតែមានភាពច្បាស់លាស់ និងមាននិរន្តរភាពដើម្បីស្តារទំនុកចិត្តរបស់អ្នកទិញផ្ទះឡើងវិញ”៕ប្រភព: Reuters៕

ស្ថាប័នជំនាញវាយតម្លៃថា កំណើននៃតម្រូវការលំនៅដ្ឋានតម្លៃសមរម្យនឹងក្លាយជាកាតាលីករដ៏ធំក្នុងវិស័យលំនៅដ្ឋានរបស់កម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ថ្មីពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល Knight Frank បានឱ្យដឹងថា ការកើនឡើងនៃតម្រូវការលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងស្រុក ជាពិសេសនៅទីក្រុងភ្នំពេញ នឹងក្លាយជានិន្នាការជំរុញវិស័យលំនៅដ្ឋានរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ក្រុមហ៊ុន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសមួយនេះបានសរសេរបន្តថា លំហូរវិនិយោគផ្ទាល់ពីបរទេសចូលក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជាបានបន្តដើរតួជាកត្តាសំខាន់នៅពីក្រោយកំណើនជារួមគិតត្រឹមឆ្នាំ២០២៤នេះ។

យោងតាមការវិភាគបង្ហាញថា បច្ចុប្បន្ន ចំនួនប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ទីក្រុងមានចំណែកត្រឹមតែ២៤,២ភាគរយប៉ុណ្ណោះនៃចំនួន
ប្រជាជនកម្ពុជាសរុបទូទាំងប្រទេស។

យ៉ាងណាមិញ ចំណែកនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ចំនួន៣០,៦ភាគរយនៅឆ្នាំ២០៣០ និងបន្តកើនឡើងបន្ថែមទៀតដល់ចំនួន៤១,១ភាគរយនៅឆ្នាំ២០៥០។

យោងតាមក្រុមហ៊ុន ​​Knight Frank បានបញ្ជាក់ឱ្យដឹងទៀតថា ការកើនឡើងយ៉ាងឆាប់រហ័សនៃនគរូបនីយកម្មនេះបង្ហាញពីតម្រូវការក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។

របាយការណ៍របស់ក្រុមហ៊ុន Knight Frank បានពន្យល់ថា ស្របពេលប្រជាជនវ័យក្មេងនៅតាមទីជនបទធ្វើចំណាកស្រុកមកកាន់ទីក្រុងដើម្បីទទួលបានឱកាសកាន់តែប្រសើរឡើង ក្នុងពេលដំណាលគ្នានេះ ពួកគេក៏នឹងជួយជំរុញតម្រូវការលំនៅដ្ឋានក្នុងស្រុកផងដែរ។

ដូច្នេះហើយ ការកើនឡើងនៃអត្រានគរូបនីយកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ ផ្តល់នូវទស្សនវិស័យវិជ្ជមានសម្រាប់បណ្តាអ្នកវិនិយោគ ដែលកំពុងស្វែងរកឱកាសបង្កើតប្រាក់ចំណេញរយៈពេលវែងលើការវិនិយោគអចលនទ្រព្យលំនៅដ្ឋាន។

លោក Ross Wheble នាយកក្រុមហ៊ុន Knight Frank Cambodia បានមានប្រសាសន៍ឱ្យដឹងថា ការវិនិយោគបរទេសនៅតែបន្តដើរតួជាកត្តាជំរុញដ៏សំខាន់សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា។

លោក​បាន​បន្ត​ថា​ “ការ​វិនិយោគ​បាន​និង​កំពុង​ហូរ​ចូល​មក​កាន់កម្ពុជាពី​បណ្តាប្រទេស​ធំៗ​ដូច​ជា ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង ម៉ាឡេស៊ី ចិន​ដី​គោក តៃវ៉ាន់ និង​ហុងកុង”។

លោក​បាន​បន្ថែម​ថា​ “ការណ៍នេះឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំងពីបណ្តាវិនិយោគិនអន្តរជាតិ​ចំពោះ​ទីផ្សារ​របស់​យើង”។

ស្របពេលជាមួយគ្នានេះ លោកក៏បានកត់សម្គាល់ឃើញផងដែរថា បណ្តាអ្នកអភិវឌ្ឍន៍កំពុងធ្វើពិពិធកម្មផលិតផលរបស់ពួកគេកាន់តែខ្លាំងឡើង ដើម្បីទទួលបានភាពលេចធ្លោនៅលើទីផ្សារ៕ប្រភព: Knight Frank៕

 

ក្រសួងដែនដីបង្ហាញពីឱកាសវិនិយោគនៅខេត្តព្រះសីហនុដល់អ្នកធុរកិច្ចជប៉ុន

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងពីឱកាសវិនិយោគថ្មី សម្រាប់ជប៉ុនលើវិស័យមួយចំនួននៅខេត្តព្រះសីហនុ។

          ការបង្ហាញនេះធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយ​ករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កាលានុវត្តន៍ភាពនៃការវិនិយោគ ដែលថ្នាក់ដឹកនាំក្រសួងបានបង្ហាញបានលើកឡើងថា ការពង្រីកផែនៅខេត្តព្រះសីហនុ ដែលនឹងប្រែក្លាយផែនេះ ឱ្យក្លាយជាផែធំទី២ បន្ទាប់ពីផែនៅប្រទេសសិង្ហបុរី តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងទិសដៅវិនិយោគសំខាន់ៗមួយចំនួនទៀត ដែលជប៉ុនអាចចូលរួមសហការបាន ក្នុងការជួយជំរុញដល់ដំណើរការ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលបាននិងកំពុងត្រៀមបញ្ចប់ ផែនការមេ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់អភិវឌ្ឍន៍ពហុបំណង ដើម្បីជម្រុញ និងទាក់ទាញការវិនិយោគ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតីហ៊ុន ម៉ាណែតបានដាក់ចេញកម្មវិធីជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ ដោយដាក់ចេញនូវកញ្ចប់លើកទឹកចិត្តជាច្រើន ដល់ម្ចាស់អាគារជាប់គាំងនានា ក៏ដូចជាជម្រុញ​និងទាក់ទាញការវិនិយោគថ្មីៗ ក្រោមលក្ខខ័ណ្ឌអនុគ្រោះនិងលើកទឹកចិត្តជាច្រើន៕