បណ្ឌិត គីម ហ៊ាង លើកឡើងពីដំណើរនៃការឈានជើងចូលទីផ្សារអចលនទ្រព្យ

1. ពួកយើងបានចាប់ផ្តើមអាជីវកម្មតូចមួយ ក្នុងឆ្នាំ ២០០១ ក្នុងនាមជាភ្នាក់ងារលក់អចលនទ្រព្យ អ្នកវាយតម្លៃ អ្នកគ្រប់គ្រង អ្នកវិនិយោគ និងឡើងធ្វើជាអ្នកអភិវឌ្ឍន៌អចលនទ្រព្យ ក្នុងឆ្នាំ ២០១៩ ហើយនឹងចូលរួមក្នុងផ្សារភាគហ៊ុនកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ!
2. ពួកយើងកំពុងត្រូវការជ្រើសរើស Chief of Financial Officer (CFO), General Manager (GM), Director of Sales & Marketing and Digital Marketing Officers!
3. សូមផ្ញើរប្រវត្តិរូបសង្ខេប និងផលប្រយោជន៌រំពឹងទុកមកកាន់ [email protected] អោយបានមុនថ្ងៃទី ២៥ វិច្ឆិកា ២០២៤!
បណ្ឌិត គីម ហ៊ាង
បទពិសោធន៌ ២៣ឆ្នាំ ក្នុងមុខរបរអចលនទ្រព្យនៅកម្ពុជា

បុរីវិមានសំណាងផ្តល់ជម្រើសវីឡាប្រណីតសម្រាប់អតិថិជន

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ការជ្រើសរើសលំនៅដ្ឋានរស់នៅ ដែលមានផាសុខភាព ពិតជាមានសារៈសំខាន់ណាស់ សម្រាប់គ្រួសារអភិជន។

បុរីវិមានសំណាងបានបង្ហាញ នូវជម្រើសល្អមួយចំនួនដូចជា បើលោកអ្នកចង់បានផ្ទះវីឡាធំ ក្នុងទីតាំងល្អ ហើយប្រ​កបដោយ ឯកជនភាព សុវត្ថិភាព ប្រណិតភាព និងភាពឧត្តុង្គឧត្តមបំផុត សូមជ្រើសរើសយកវីឡា អ៊ីមភើរៀល ក្នុងគម្រោងទី12 និងទី15 បុរី វិមានភ្នំពេញ ឌឹ សេនត្រល ខាប់ភីថល។

ចំណែកប្រភេទ វីឡាទោល អ៊ីមភើរៀលមានរចនាបថបែបក្លាសិក៖

– ទំហំដីធំចាប់ពី 31.8ម x 28ម រហូតដល់ 49.41ម x 28ម

– ទំហំផ្ទះ 13.5ម x 15.2ម

– មានកម្ពស់ 3ជាន់

– បន្ទប់ទទួលភ្ញៀវ 2

– បន្ទប់ជួបជុំគ្រួសារ 1

– បន្ទប់ចម្អិនអាហារ 1

– បន្ទប់ទទួលទានអាហារ 1

– បន្ទប់ធ្វើការឯកជន 1

– បន្ទប់អាសនៈ 1

– បន្ទប់គេងចំនួន 6

– បន្ទប់ទឹកចំនួន 7

– និងមានទីធ្លាជុំវិញផ្ទះធំទូលាយ អាចច្នៃធ្វើជាសួនច្បារឯកជន ឬជាចំណតរថយន្តបានជាច្រើន។

គម្រោងទី12 និងទី15 នេះមានទីតាំងស្ថិតនៅតាមបណ្តោ​យវិថី ឯ.ឧ ជា សុផារ៉ា(598) ចម្ងាយត្រឹមតែ400ម៉ែត្រ ពីមជ្ឈមណ្ឌ​លត្រួតពិនិត្យយានយន្ត (ឆៀក) ខាងក្រោយជាប់ជាមួយមហាវិថី30ម៉ែត្រ ឆ្ពោះទៅផ្សារអ៊ីអន2 និងក្រសួងដែនដី និងជាគម្រោងដែលចែកដាច់ពីគ្នា រវាងប្លុកប្រកបអាជីវកម្ម និងប្រភេ​ទវីឡាដាច់ពីគ្នា៕

 

ប្រទេសម៉ាឡេស៊ីគ្រោងសាងសង់ជញ្ជាំងព្រំដែនចម្ងាយ១០០គីឡូម៉ែត្រនៅក្នុងរដ្ឋ Kelantan

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋ Kelantan នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងជំរុញឱ្យមានការសាងសង់ ជញ្ជាំងប្រវែង១០០គីឡូម៉ែត្រតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយប្រទេសថៃ ដើម្បីប្រឆាំងនឹងការរត់ពន្ធ ការឆ្លងកាត់ដោយខុសច្បាប់ និងទឹកជំនន់។

យោងតាមសារព័ត៌មាន South China Morning Post បានរាយការណ៍ថា  លោកMohamed Fadzli Hassan មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់រដ្ឋ Kelantan បានអះអាងថា អាជ្ញាធររដ្ឋនឹងស្នើគម្រោងសាងសង់ជញ្ជាំងព្រំដែន ទៅកាន់រដ្ឋាភិបាលថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ី។

លោក​គូស​បញ្ជាក់​ថា “បច្ចុប្បន្ន ការ​ដើរ​ល្បាត​នៅតាម​ព្រំដែន​រវាងម៉ាឡេស៊ី​ និងថៃ​កំពុង​បង្ក​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ដល់​កម្លាំង​សន្តិសុខ”។

អាជ្ញាធរអះអាងថា បច្ចុប្បន្ន អ្នកដំណើរជាច្រើនបានចតយានយន្តរបស់ពួកគេ នៅទីក្រុង Rantau Panjang នៃរដ្ឋ Kelantan ហើយឆ្លងកាត់ទន្លេ Golok ទៅកាន់ខេត្ត Narathiwat របស់ប្រទេសថៃ។

ដើម្បីបង្កើនសន្តិសុខព្រំដែន លោក Mohd Yusoff Mamat មេប៉ូលីសនៃរដ្ឋ Kelantan ក៏បានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលថ្នាក់ជាតិ ដាក់ពង្រាយយន្តហោះដ្រូនគ្មានមនុស្សបើក ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀន។ នេះបើយោងតាមសេចក្តីរាយការណ៍ ដោយសារពត៌មាន Bernama ។

បញ្ហាសន្តិសុខព្រំដែន បានទាក់ទាញការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង បន្ទាប់ពីកើតមានឧប្បត្តិហេតុនាពេលថ្មីៗនេះ ដែលពាក់ព័ន្ធនឹងជនជាតិម៉ាឡេស៊ីចំនួន៦នាក់ រួមទាំងតារាចម្រៀងអ្នកនាង Eda Ezrin។ ពួកគេត្រូវបានចោទប្រកាន់ពីបទកាន់កាប់ថ្នាំញៀន “មេតំហ្វេតាមីន” ក្នុងប្រទេសថៃ ហើយអាជ្ញាធរ​ថៃ បាន​រឹបអូស​ថ្នាំ​ញៀន​ជាង​៦.០០០​គ្រាប់ ​ពី​សណ្ឋា​គារ​មួយ​នៅក្នុង​ទីក្រុង Sungai Kolok។

ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ថៃ​មាន​ព្រំដែន​ជាប់​គ្នា ​ប្រ​វែង១ពាន់​គីឡូម៉ែត្រ​ ជាមួយ​នឹង​ច្រក​ព្រំដែន​គោក​ជា​ច្រើនទីតាំង៕ប្រភព: Vnexpress៕

ថ្នាក់ដឹកនាំCVEA ស្នើឲ្យនិយ័តករពង្រឹងបទដ្ឋានគោរពច្បាប់ដោយផាកពិន័យដល់អ្នកធ្វើខុស និងលើកទឹកចិត្តអ្នកធ្វើត្រូវ

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជា(CVEA) បានស្នើឲ្យនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ពង្រឹងបទដ្ឋានគោរពច្បាប់ ដោយធ្វើការផាកពិន័យអ្នកធ្វើខុស និងលើកទឹកចិត្តអ្នកធ្វើត្រូវ។

        លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍មុនថា ការពង្រឹងវប្បធ៌មគោរពច្បាប់ នៅក្នុងវិស័យនេះ ពិតជាមានសារៈសំខាន់ ដើម្បីស្តារទំនុកចិត្តក្នុងវិស័យនេះឡើងវិញ ពិសេសជម្រុញការរីកចម្រើន វិស័យអចលនទ្រព្យ ដែលនៅឆ្នាំនេះអ្វីៗ មានសញ្ញាកំរើកឡើងវិញបណ្តើរៗ។

        លោកបន្តថា ថ្នាក់ដឹកនាំសមាគមបានខិតខំណាស់ ដើម្បីជម្រុញការលើកកំពស់ទីផ្សារ និងជម្រុញបរិយាកាសទីផ្សារឲ្យកាន់តែប្រសើរឡើង ប៉ុន្តែរឿងចាំបាច់មួយគឺទាមទារឲ្យរដ្ឋាភិបាលជួយពង្រឹងបន្ថែមទៀត នូវវប្បធ៌មគោរពច្បាប់ ពិសេសក្នុង   វិស័យអចលនទ្រព្យ។

        ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងសមាជិកក្រុមប្រឹ​ក្សាភិបាលសមាគមCVEA បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងវិស័យនេះ យើងបានធ្វើការលើចំណេះជំនាញ និងក្រមសីលធ៌មវិជ្ជាជីវៈទាំងអស់ និងមានរយៈពេលយូរឆ្នាំ ប៉ុន្តែអ្នកបំផ្លា​ញវិញ តែមួយប៉ប្រិចភ្នែកធ្វើឲ្យខូចអ្វី ដែលយើងបានខិតខំ​រយៈពេលវែងកន្លងមក។

        លោកបន្តថា ជាមួយគ្នានេះ លោកក៏បានសម្តែងការគាំទ្រលើការលើកឡើង ពីប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែ​លស្នើឲ្យវាយតម្លៃគុណភាពអតិថិជន មុនផ្តល់កម្ចីពិតជាអ្វី ដែ​លអ្នកនៅក្នុងវិស័យនេះចង់បានផងដែរ៕

        

ប្រទេសថៃត្រៀមបង្កើតគណៈកម្មាធិការចម្រុះដើម្បីចចារជាមួយកម្ពុជានៅតំបន់សមុទ្រត្រួតស៊ីគ្នា

ដោយៈ គង់ សូរិយា

       បាងកកៈ រដ្ឋាភិបាលថៃត្រូវបានគេរំពឹងថា នឹងអនុម័តការបង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ(JTC) ក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ ដើម្បីចរចាជាមួយកម្ពុជា លើការអភិវឌ្ឍន៍តំបន់ដែនសមុទ្ររួមគ្នា។

គណៈកម្មាធិការបច្ចេកទេសចម្រុះ ដែលក្រសួងការបរទេ​សកំពុងបង្កើតនោះ ទំនងជាត្រូវបានដឹកនាំ ដោយលោកឧប​នាយករដ្ឋ​មន្ត្រី លោកPhumtham Wechayachai ​ដែលក៏មានតួនាទីជារដ្ឋមន្ត្រីការពារជាតិផងដែរ។

លោកបាននិយាយកាលពីថ្ងៃសុក្រថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចពិភាក្សាជាមួយភាគីកម្ពុជា នៅពេលដែលគណៈរដ្ឋមន្ត្រី អនុម័តការបង្កើត JTC និងការតែងតាំ​ងលោកជាប្រធាន។

លោកបាននិយាយថា JTC នឹងរួមបញ្ចូលអ្នកជំនាញមកពីទីភ្នាក់ងារផ្សេងៗ ដូចជា នាយកដ្ឋានជលសាស្ត្រ នៃកងទ័ពជើងទឹកថៃ និងក្រុមប្រឹក្សារដ្ឋ។

លោក Phumtham Wechayachai បាននិយាយថា រដ្ឋាភិបាលនឹងជ្រើសរើសអ្នកជំនាញ ដែលមានជំនាញខ្ពស់ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស ឱ្យបានគ្រប់ជ្រុងជ្រោយ។ លោកបានទទូចថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលចម្រូងចម្រាសជាមួយភាគីកម្ពុជា ផ្តល់នូវក្របខណ្ឌសម្រា​ប់ការចរចា ហើយនឹងអនុញ្ញាតឲ្យប្រទេសទាំងពីរ ដោះស្រាយជម្លោះព្រំដែនសមុទ្រដោយសន្តិវិធី។

យោងតាមប្រភពមួយបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស លោកMaris Sangiampongsa នឹងថ្លែងនៅថ្ងៃអង្គារថា JTC ឯកភាពលើការចរចា។ទន្ទឹមនឹងនោះ អ្នករិះគន់លើ MoU នេះកំពុងបន្តការអំពាវនាវរបស់ពួកគេ ឱ្យរដ្ឋាភិបាលលុបចោលឯកសារនេះ ខណៈសាធារណជន មានការសង្ស័យថា តើវាពិតជានឹងផ្តល់ផលប្រយោជន៍ ដល់ប្រទេសជាតិមែនដែរឬទេ។

សកម្មជននយោបាយ លោកSonthiya Sawasdee បានដាក់ញត្តិទៅនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) កាលពីថ្ងៃសុក្រ ដោយស្នើឱ្យលោកស្រីលុបចោលMoU ដើម្បីជៀសវាងផលវិបាក ដែលអាចកើតឡើងពីការចរចាដោយផ្អែកលើវា។

លោកបានបន្តថា លោកនឹងដាក់ញត្តិទៅតុលាការរដ្ឋបាលឲ្យជួយអន្តរាគមន៍ និងបញ្ជាឲ្យលុបចោល ប្រសិនបើរដ្ឋាភិបាលបដិសេធ មិនស្តាប់តាមការអំពាវនាវ របស់សាធារណជន។

លោកក៏បានអំពាវនាវឱ្យលោកស្រី ផែថងថាន ពន្យារពេលការតែងតាំង អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក កិត្តិរ៉ាត់ ណ រៈណង (Kittiratt Na-Ranong) ជាប្រធានក្រុមប្រឹក្សាភិបាលថ្មីរបស់ធនាគារថៃ ដោយសារការចោទសួរនានា អំពីសិទ្ធិទទួលបានរបស់គាត់។

សកម្មជនម្នាក់ទៀតគឺលោក វីរៈ ស៊ុំខ្វាមឃីត (Veera Somkwamkid) កាលពីថ្ងៃសុក្របាននិយាយថា ក្រៅពី MoU ឆ្នាំ២០០១ សេចក្តីថ្លែងការណ៍រួម រវាងលោកថាក់ស៊ីន និងអតីតមេដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០១ ក៏អាចនាំឱ្យបាត់បង់ទឹកដី និងធនធានសមុទ្រផងដែរ។ លោកបានអំពាវនាវដល់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សភឿថៃ ផ្តល់ចម្លើយច្បាស់លាស់ និងហ្មត់ចត់ចំពោះរាល់សំណួរ និងជម្រះនូវមន្ទិលសង្ស័យ ទាក់ទងនឹងអនុស្សរណៈ​នេះ៕ Bangkok Post

រដ្ឋាភិបាលគ្រោងចំណាយជាង១០ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍ផ្លូវដែក៨គំរោង

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​ផែនការ​អភិវឌ្ឍ ​គម្រោង​ដឹក​ជញ្ជូន​ផ្លូវដែក​ចំនួន៨ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា រហូតដល់​ជាង១០ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នក​ជំនាញ និង​អ្នក​សេដ្ឋកិច្ច​ លើក​ឡើង​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​នឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន ​ក្នុង​ការ​ជំរុញ​កំណើ​ន​សេដ្ឋកិច្ច​កម្ពុជា។

យោងតាមរបាយការណ៍​វឌ្ឍនភាព ​ឆមាស​ទី ១ ឆ្នាំ ២០២៤ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែលទើបទទួលបានកាល​ពី​ថ្ងៃទី ១៣ ខែ​វិច្ឆិកា បាន​បង្ហាញ​ថា គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០២៤ ផ្លូវ​ដែក​នៅ​កម្ពុជា​មាន​ចំនួន២ខ្សែ ដែល​មាន​ប្រវែង​សរុប៦៥២គីឡូម៉ែត្រ ដោយ​ខ្សែទី​មួយ ស្ថិត​នៅ​ភាគ​ឧត្តរ មាន​ប្រវែង​សរុប៣៨៦គីឡូម៉ែត្រ តភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​ប៉ោយប៉ែត និង​ខ្សែទីពីរ ស្ថិត​នៅ​ភាគ​ទក្សិណ មាន​ប្រវែង​សរុប២៦៦គីឡូម៉ែត្រ តភ្ជាប់​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ក្រុង​ព្រះសីហនុ។

ក្រសួង​បាន​ឱ្យ​ដឹង​ថា “ការ​អភិវឌ្ឍ​ផ្លូវដែក​ គឺ​ផ្តោត​លើ​ការ​ស្តារ និង​លើក​កម្ពស់​ផ្លូវ​ដែក​បច្ចុប្បន្ន ​ទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន ព្រម​ទាំង​គិតគូរ​ផ្លូវថ្មី​”។

បច្ចុប្បន្ន​រដ្ឋាភិបាល ​មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​សរុប​ចំនួន៨គម្រោង ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុបជាង១០ពាន់លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​គម្រោង​រយៈពេល​ខ្លី និង​មធ្យមមានចំនួន៤គម្រោង​(២០២៣-​២០២៧) ស្មើ​នឹង​ទឹក​ប្រាក់ ៣៨០០ លាន​ដុល្លារ​អាមេរិក និង​គម្រោង​រយៈពេល​វែង​ចំនួន៤ គម្រោង​(២០២៨-២០៣៣) ស្មើ​នឹង​ទឹក​ប្រាក់៦២១០លាន​ដុល្លា​រ​អាមេរិក។

របាយការណ៍​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​ផ្លូវដែក ​តាម​រយៈ​ផែនការ​មេ​គ្រប់​ជ្រុងជ្រោយស្តីពី ​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោបាយ និង​ភស្តុភារកម្ម​កម្ពុជា២០២៣ -​២០៣៣ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ប្រព័ន្ធ​ដឹកជញ្ជូន​តាម​ផ្លូវដែក ​ប្រកប​ដោយ​ប្រសិ​ទ្ធិភាព ទាន់​ពេលវេលា និង​ចំណាយ​ថ្លៃ​ដើមទាប។

យោងតាម​ក្រសួង​សាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោង​ផ្លូវ​ដែក​ភាគ​ច្រើន ​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា ដោយ​ក្នុង​នោះ គម្រោង​លើក​កម្រិត​សមត្ថភាព​ផ្លូវដែក តភ្ជាប់​ពី​ភ្នំពេ​ញ-​ប៉ោយប៉ែត កំពុង​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​ ដោយ​នាយកដ្ឋាន​ផ្លូវដែក នៃក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រុមហ៊ុន CRBC និង ក្រុមហ៊ុនRoyal Railway។

ដោយ​ឡែក​គម្រោងកសាង​ផ្លូវ​ដែកថ្មី​តភ្ជាប់៖ (១) ភ្នំពេញ-​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ (ក្រុង​តាខ្មៅ ខេត្តកណ្តាល) និងសៀមរាប -​អាកាស​យានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ​(ស្រុ​កសូទ្រនិគម ខេត្តសៀមរាប) ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា ដោយ​សហការ​ជាមួយ China Metro។

ក្រសួង​បាន​អះអាង​ថា ​“ផែនការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក ត្រូវ​បាន​រៀបចំ​ឡើង​ ដោយ​ផ្អែក​លើ​ការ​វិភាគ​ស្ថានភាព​ នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ ផ្សារភ្ជាប់​នឹង​វិស័យ​សេដ្ឋកិច្ច សង្គ​ម និង​ការ​ដឹកជញ្ជូន ព្រម​ទាំង​បទ​ពិសោធន៍ និង​ការ​អនុវត្ត​ប្រក​ប​ដោយ​ជោគជ័យ​ក្នុង​តំបន់”។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់ដារ៉ា បានមានប្រសាសន៍ឲ្យដឹងថា ការ​លើក​កម្ពស់​គុណភាព និង​ពង្រីក​ផ្លូវ​ដែក​បន្ថែម គឺ​ពិត​ជា​មានសារៈ​សំខាន់ និង​ភាព​ចាំបាច់​ ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក ​នឹង​ផ្តល់​ផល​ចំណេ​ញ​ច្រើន​ដល់​សេដ្ឋកិច្ច ដោយសារ​អាច​ដឹក​មនុស្ស និង​ទំនិញ​បាន​ច្រើន ​មាន​តម្លៃ​ទាប ហើយ​ក៏​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​តាម​ផ្លូវផ្នល់ ព្រម​ទាំង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល ​ទៅ​លើ​ការ​ជួសជុល​ផ្លូវថ្នល់​បាន​មួយ​កម្រិត។

លោកបញ្ជាក់ថា “​ការ​អភិវឌ្ឍ​ផ្លូវដែក នឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ថ្លៃដើម​ផលិត ដែល​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ លើ​ទីផ្សារ​អន្តរ​ជាតិ”។ លោកបន្ថែមថា “តម្លៃ​ដឹក​ជញ្ជូន​ទាប តម្លៃ​ទំនិញ​ដាក់​លក់​លើ​ទីផ្សារ​ក៏​ចុះ​ទាបដែរ”។

អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បានលើកឡើងផងដែរថា ក្នុង​វដ្ត​នៃ​សេដ្ឋកិច្ច ការ​ដឹកជញ្ជូន​គឺ​ជា​ចំណែក​សំខាន់​មួយ ​ដែល​អាច​ធ្វើ​ឱ្យ​តម្រូវការ និង​ការ​ផ្គត់​ផ្គង់​ប្រែប្រួល​ទាំង​បរិមាណ និង​តម្លៃ។ ការ​ពង្រឹង និង​ពង្រីក​មធ្យោបាយ​ដឹក​ជញ្ជូន​ ទោះ​បី​ផ្លូដែក ផ្លូវគោក​(ផ្លូវថ្នល់) ផ្លូវទឹក និង​ផ្លូវ​អាកាស គឺ​សុទ្ធតែ​ផ្តល់​ផល​វិជ្ជមាន​ សម្រាប់​សេដ្ឋកិច្ច​ជាតិ។

លោក​បន្ថែម​ថា “ផ្លូវ​ដែក​គឺ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ពេញ​និយម​មួយ​ នៅ​លើ​ពិភពលោក ព្រោះ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក អាច​និយាយ​ថា​មាន​តម្លៃ​ទាប បាន​បរិមាណ​ច្រើន និង​មិនសូវ​មាន​ការ​កកស្ទះ​ច្រើន​ដូច​ផ្លូវ​ថ្នល់​ឡើយ”។

យោងតាមតារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម ​ទំនិញ​អន្តរជាតិ​របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​ បាន​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​ ២០២៤ ការ​នាំចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា ​ជាមួយ​​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​ សម្រេចបានទឹក​ប្រាក់​សរុប៤៥,0៦ពាន់​លាន​ដុល្លារ កើន​ឡើង១៦,៥​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន៣៨,៦៧​ពាន់​លាន​ដុល្លារ។

ចំណែក​ទិន្នន័យ​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា រយៈពេល ៣ ត្រីមាស​ដំបូង​ ឆ្នាំ២០២៤ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​ចំនួន៤,៨លាននាក់ កើន​ឡើង២២,២ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំមុន៕

 

វិភាគៈ តម្លៃសន្តិភាព ស្នាមញញឹមជាមួយនឹងការមកដល់នៃព្រះរាជពិធីបុណ្យធំជាងគេនៅរាជធានី

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

       ភ្នំពេញៈ សម្លេងច្រវ៉ាច្រាវៗ កាត់ទឹករលកនៅចំណុចចាប់ផ្តើមនៃដងទន្លេរសាប កីឡាករទូក “ង” រាប់ពាន់នាក់បង្ហាញបានបន្លឺសម្លេងហ៊ោរកញ្ចៀវ ពីជ័យជម្នះរបស់ពួកគេចេញពីការប្រណាំងទូកឈ្នះ ក្នុងន័យមិត្តភាព ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយ ក្រោមជំនោរត្រជាក់នារដូវរំហើយ។

ព្រះរាជពិធីដ៏ធំប្រចាំឆ្នាំនេះ ជាការជួបជុំកីឡាករ កីឡាការិនីរាប់ពាន់នាក់ ជាវេលាដែលពួកគេបង្ហាញពីមោទនភាព “ទូកង” ប្រពៃណីរបស់ពួកគេ ក្នុងទិវាដ៏មានអត្ថន័យ ដែលជាការរំលឹ​កដល់អតីតកាលដ៏រ៉ុងរឿង។

        សម្លេងហ៊ោរកញ្ចៀវកងរំពង ពីអ្នកអង្គុយទស្សនា កំពុងបន្លឺចេញពីដងច្រាំងទន្លេរដ៏ត្រកាល អមជាមួយនឹងហ្វូងសត្វព្រាបរាប់ម៉ឺនក្បាល កំពុងហិកហើរអបអរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប ដែលមានទូកអុំ និងទូកចែវជិត៤០០គ្រឿងបានរំលេចខ្លួន និងបង្អួតសោភ័ណភាពគ្នាពេញផ្ទៃទន្លេរ ជាពិធីធំជាងគេប្រចាំឆ្នាំ​នៅរាជធានីភ្នំពេញ។

        រាជធានីនេះ បានប្រតិស្ថានជាង៥០០ឆ្នាំមកហើយ នៅចំណុចនៃប្រជុំទន្លេរចតុមុខ ជាទីដែលមនុស្សម្នាក់មកពីជុំវិញប្រទេស បានមកជួបជុំគ្នាដើរកំសាន្ត មកអុំទូកពេលថ្ងៃ ទស្សនាតូរតន្រ្តីនាពេលរាត្រី និងដើរទិញទំនិញតាមស្តង់ របស់ក្រុមហ៊ុនជាតិ អន្តរជាតិរាប់ពាន់ ដែលដាក់បង្ហាញផលិតផលរបស់ពួកគេ នៅតាមទីកន្លែងប្រជុំតន្រ្តីនានា។

ម្លប់សន្តិភាព និងស្នាមញញឹម

       ប្រជាជាតិដែលរងភាពខ្ទេចខ្ទាំ អស់រយៈពេលជាង៥០០ឆ្នាំមកនេះ បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ឡើងវិញហើយ។ ស្នាមញញឹមដ៏ស្រទន់ជាមួយកែវភ្នែក បានលេចឡើងនៅផ្ទៃមុខខេមរៈជន ដែលបានស្លោកស្រពោន កាលពីច្រើនទស​វត្សរ៍កន្លងមកនេះ។

        ទោះរយៈពេលប្រមាណ៥ឆ្នាំនេះ ប្រជាជាតិនេះបានរងផលប៉ះពាល់ផ្លូវចិត្ត ដោយសារវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីជំងឺដ៏មហន្តរាយ និងសង្រ្គាមក្តី ក៏ឆន្ទៈស្នេហាជាតិ ឆន្ទៈឆ្ពោះទៅកាន់អនាគតដ៏ត្រកាលមួយ ពួកគេនៅតែឆ្ពោះទៅមុខឥតរុញរា ជាមួយមគ្គុទេសក៏ឆ្នើមមហាបុរសខ្លាំងកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេច​មហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចទាំងទ្វេរ រួមទាំងថ្នាក់ដឹកនាំដទៃទៀត កំពុងនាំខេមរៈជន ឆ្ពោះទៅកាន់វិបុលភាពជាងមុន ដោយនាំប្រទេស ឆ្ពោះទៅកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យ​មកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់​នៅឆ្នាំ២០៥០។

ការមកដល់សករាជមាស

       សករាជមាស កំពុងក្រាលគ្របពេញផ្ទៃប្រទេស មនុញ្ញផលនៃការរីកចម្រើនសេដ្ឋកិច្ច សង្គម កម្ពុជារយៈពេល២៦ឆ្នាំ ចាប់តាំងពីកម្ពុជា ទទួលបាននូវសុខសន្តិភាព ពេញលេញលើផ្ទៃប្រទេសនេះ មេដឹកនាំប្រទេសនេះ បានបន្តជំហ៊ានយ៉ាងស្វាហាប់ ដោយបានដាក់ចេញនូវផែនការយុទ្ឋសាស្រ្ត គោលនយោបាយ តាមរយៈចក្ខុវិស័យដ៏ច្បាស់លាស់ បានធ្វើឲ្យប្រ​ទេសនេះ ក្លាយជាខ្លាសេដ្ឋកិច្ចថ្មីមួយ ដែលប្រសិទ្ឋនាមដោយធនាគារអភិវឌ្ឍន៍អាស៊ី​កាលពីឆ្នាំ២០១៦ (Cambodia New Tiger in Asia) និងបានក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតទាបនៅឆ្នាំ២០១៥។

        ការឡើងឋានៈរបស់ប្រទេសនេះ មានន័យថាអំណាចនៃការទិញរបស់ប្រជាជាតិនេះ កើនឡើងខ្ពស់ ជាហេតុធ្វើឲ្យក្រុមហ៊ុនជាតិ ពិសេសក្រុមហ៊ុនអន្តរជាតិធំៗ សម្រេចចិត្តិបោះទុនវិនិយោគយ៉ាងសម្បើម នៅរាជធានីរបស់ប្រទេសនេះ។

ជាក់ស្តែងមុខមាត់កម្ពុជា បានផ្លាស់ប្តូរទាំងស្រុង​ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។

        ​អាគារខ្ពស់ៗកប់ពពក បានលេចឡើងរាជធានី ដែ​លធ្លាប់ជាទីក្រុងខ្មោចនាអតីតកាល មានចំនួនជាង១៧០០អាគារ។ ចំនួននេះ មិនទាន់រាប់បញ្ចូលអាគារខ្ពស់ នៅទីក្រុងព្រះសីហនុ ទីក្រុងប៉ោ​យប៉ែត ទីក្រុងបាវិត និងបណ្តាទីប្រជុំជន ជាប់ព្រំដែនមូយចំនួនទៀតនៅឡើយទេ។

ការរីកចម្រើនផ្សារភ្ជាប់សច្ចៈភាព

        ភ្ជាប់ជាមួយនឹងព្រះរាជពិធីនេះ ប្រជាជនមកពីទូទាំងប្រ​ទេស ដែលមានសច្ចៈភាព ពួកគេនឹងមើលឃើញទិដ្ឋភាពជាក់ស្តែងនៃការរីកចម្រើន របស់ប្រទេសធ្លាប់កំសត់មួយនេះ។

        អតីតកាលជាស្រមោល បច្ចុប្បន្នជាសច្ចៈភាព អនាគតជាវិបុលភាពកំពុងកើតមាន ជាមួយជំហ៊ានដ៏ច្បាស់លាស់របស់មេដឹកនាំកម្ពុជា គឺសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងសម្តេចតេជោហ៊ុន សែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា ដែលលោកនៅតែបន្តឃ្លាំមើល ការដឹកនាំរបស់កូនប្រុសច្បងរបស់សម្តេច ពីការឆ្ពោះទៅមុខជាមួយនឹងសញ្ញាច្បាស់លាស់ ដោយ ធ្វើយ៉ាងណាជម្រុញការរីកចម្រើន សេដ្ឋកិច្ច សង្គមកម្ពុជា ឆ្ពោះទៅកាន់ឋានៈថ្មី និងនាំប្រទេសនេះចេញពីឋានៈ ជាប្រទេសក្រីក្រនៅឆ្នាំ២០២៩ខាងមុខ។

        ការឈានមកដល់សករាជថ្មី “ឆ្នាំមាសនៃកម្ពុជា” បានរងសភាពស្លោកស្រពោនបន្តិច ក្នុងរយៈពេល៥ឆ្នាំមកនេះ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា នឹងរំពឹងសម្រេចបានកំនើន ប្រមាណ៥,៦ភាគរយនៅឆ្នាំនេះ និងរំពឹងសម្រេចបានកំណើន៦,៣ភាគរយនៅឆ្នាំ​២០២៥ខាងមុខ បានបង្ហាញពីសញ្ញានៃភាពធន់ កើតចេញពី​ការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ឋសាស្រ្ត និងចក្ខុវិស័យដ៏ច្បាស់លាស់ មុតស្រួច ពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិ បាល ដែលជាសេនាធិកាដ៏ឆ្នើមៗរបស់សម្តេចធិបតី។

រាជធានីនៃសេចក្តីអំណរ

       រាជធានីនេះ ចាប់តាំងពីប្រតិស្ថានមក មិនដែលជួបនូវគ្រោះមហន្តរាយ ធម្មជាតិណាមួយធ្ងន់ធ្ងរឡើយ ផ្ទុយទៅវិញរាជធានីនេះ នៅតែស្រស់បំព្រងនាគ្រប់សម័យកាល លើកលែងតែសម័យកម្ពុជា ប្រជាធិបតេយ្យ ដែលជាអតីតកាលដ៏ឈឺចាប់ ក្នុងប្រវត្តិសាស្រ្តនៃឆ្នាំសូន្យរបស់កម្ពុជា។

        ប៉ុន្តែរាត្រីថ្ងៃទី១៤ ដល់១៦ វិច្ឆិកានេះ ក៏ដូចជាបណ្តាឆ្នាំកន្លងមក ទីក្រុងនេះបានរំលេចភាពឆើតឆាយបំផុត ក្នុងពិភពលោក ជាមួយនឹងពន្លឺកាំជ្រួច សម្លេងនៃការច្រៀង ការសើចហ៊ោសប្បាយ ការរាំយ៉ាងរសរវើកជាមួយតូរតន្រ្តី។

ប្រទីបរបស់បណ្តាក្រសួងនានា បាននិងកំពុងត្រៀមរំលេ​ច និងអូសខ្លួនគើមៗលើផ្ទៃទន្លេរសាប បង្អួតសម្រស់ និងបង្ហាញពីចក្ខុវិស័យ និងគោលនយោបាយរបស់ក្រសួងនិមួយៗ ជូនសាធារណៈជនជាតិ អន្តរជាតិបានទស្សនា។

        ខែរះពេញបូរមីលើផ្ទៃទន្លេរសាប នារហូវទឹកសម្រក ជាទន្លេរដ៏កម្រមួយលើពិភពលោក ដែលមានទឹកហូរហើយ វិលត្រលប់មកវិញ។

        រាជធានីនេះ ប្រទេសនេះ ពិសេសក្រសួងទេសចរណ៍គួររៀបចំផែនការលំអិត ដើម្បីផ្សព្វផ្សាយព្រះរាជពិធីបុណ្យនេះ ឲ្យបានទូលំទូលាយ ទៅកាន់ពិភពលោក ដើម្បីនាំភ្ញៀវទេស​ចរណ៍ អន្តរជាតិមកចូលរួមរីករាយ ព្រមទាំងបណ្តែតប្រទីបជាមួ​យប្រជាជាតិខ្មែរ ឲ្យបានរាប់លាននាក់ក្នុងមួយឆ្នាំៗ។

        អរគុណសន្តិភាព សូមឲ្យស្នាមញញឹមនៃខេមរៈជន មាននៅលើផ្ទៃមុខដ៏ស្រទន់ និងកែវភ្នែកគ្មានមន្ទិលនេះ ជារៀងរហូត៕

   

សមាគមត្រកូលលីនពិភពលោកប្រារពមហាសន្និបាតនៅកម្ពុជាដោយបានបង្ហាញពីឱកាសវិនិយោគ និងបញ្ហាប្រឈម

ដោយៈ និស្ស័យ

       ភ្នំពេញៈ  លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីបើក “មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក”។

ពិធីនេះមានការអញ្ជើញចូលរួម អ្នកឧកញ៉ា តាន់ស្រ៊ី លីម ស៊ុនផេង ប្រធានស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោក លីម ស៊ីងហ្វាត សហប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្ម “ត្រកូលលីន”នៅកម្ពុជា និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងបណ្តាពាណិជ្ជករត្រកូលលីនទាំងអស់ទូទាំងពិភពលោក។

មហាសន្និបាតដ៏មានសារៈសំខាន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ ដែលអនុញ្ញាតឱ្យមានការជួបជុំគ្នា រវាងពាណិជ្ជករត្រកូលលីន និងមិនមែនត្រកូលលីននៅកម្ពុជា និងមកពីបណ្តាប្រទេសនានានៅលើពិភពលោក ដើម្បីបង្ហាញពីសក្តានុពល និងឱកាសវិនិយោគថ្មីៗក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ និងដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនវិនិយោគិន និងភ្ញៀវទេស​ចរណ៍មកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ថ្លែងក្នុងមហាសន្និបាត លោករដ្ឋមន្រ្តីហួត ហាក់បានគូសបញ្ជាក់ថា តាមរយៈការរៀបចំ “មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក” ពាណិជ្ជករដែលមានវត្តមានក្នុងកម្មវិធីនេះ នឹងចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយ នូវវប្បធម៌ ប្រពៃណី ឱកាសនៃការវិនិយោគ ដើម្បីជំរុញការផលិតក្នុងស្រុក សក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសជួយផ្សព្វផ្សាយ អំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ តាមគ្រប់រូបភាព បណ្តាញសង្គម ជូនដល់បងប្អូនសហគមន៍ចិន នៅប្រទេសនានានៅលើពិភពលោក។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចូលរួមទាំងអស់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! និង ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេស​ចរណ៍៕

រដ្ឋាភិបាលអនុម័តទុនវិនិយោគជាង៥ពាន់លានដុល្លារក្នុងរយៈពេល១០ខែ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងវិនិយោគចំនួន៣៤៦គំរោង ជាមួយទុនវិនិយោគជាង៥០០០លានដុល្លារអាមេរិក។

        ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានអះអាងដោយលោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនចែករំលែកព័ត៌មានស្តីពី វឌ្ឍនភាពនៃការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា និងខ្លឹមសារគន្លឹះពាក់ព័ន្ធនឹង “គោលនយោបាយ និងលិខិតុបករណ៍គតិយុត្តសំខាន់ៗសម្រាប់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស” នៅក្នុងសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ច សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការទូតទូទាំងពិភពលោកកាលពីថ្ងៃទី១២ វិច្ឆិកាកន្លងមកនេះ។

លោកបានបន្តថា ក្នុងចន្លោះខែមករា-តុលា ឆ្នាំ ២០២៣ ក.អ.ក. បានចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន២២៧គម្រោង ក្នុងទុនវិនិយោគ សរុបប្រមាណ៤ពាន់លានដុល្លារអាមេរិក បង្កើតបានឱកាសការងារ បានចំនួន២៦០,៤៧០កន្លែង ខណៈ  រយៈពេល១០ខែ ឆ្នាំ២០២៤ កំណើនគម្រោងវិនិយោគ មានសន្ទុះរហូតដល់៣៤៦គម្រោង និងមានទុនវិនិយោគប្រមាណជាង៥ពាន់លានដុល្លារអាម៉េរិក ដែលបង្កើតបានឱកាសការងាររហូតដល់២៦៨,២៤២កន្លែង។

លោកបណ្ឌិត បានជម្រាបជូនទៅអង្គពិធី អំពីសារសំខាន់នៃការបញ្ជ្រាបព័ត៌មាន ជូនដល់វិនិយោគិនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ​ភាពបើកចំហរនៃរបបវិនិយោគ ការធានានិងការការពារវិនិយោគ ព្រមទាំងរបបលើកទឹកចិត្តដ៏ទូលំទូលា​យ ចំពោះវិស័យ និងសកម្មភាពវិនិយោគ ជាច្រើន ដោយមានកំណត់ច្បាស់នៅក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលជាឯកសារគោល សម្រាប់ផ្តល់នូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការសម្រេចចិត្តវិនិយោ​គនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានរំលេចផងដែរអំពីសក្តានុពល ទីផ្សាប្រទេសក្នុងតំបន់អាស៊ាន ទីផ្សាតំបន់អាសិប, ទីផ្សាប្រទេសកូរ៉េខាងត្បូង, ទីផ្សាប្រទេសចិន និង ទីផ្សាអេមីរ៉ាតអារ៉ាប់រួម ដែលវិនិយោគិនអាចនាំចេញ នូវផលិតផលដែលផលិតនៅកម្ពុជា ទៅកាន់ទីផ្សាទាំងនេះដោយអត្រាពន្ធសូន្យ ឬអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ទន្ទឹមនឹងនេះ លោកបណ្ឌិតក៏បានឆ្លៀត ជម្រាបជូនទៅអង្គសិក្ខាសាលាផងដែរ អំពីស្ថានភាពការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយការធ្វើបទបង្ហាញការប្រៀបធៀបតួលេខជាក់ស្តែង នៃកំណើនការអនុម័តគម្រោ​ងវិនិយោគ និងទុនវិនិយោគក្នុងអំឡុង១០ខែនៃឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់៕

តម្លៃផ្ទះលក់ចេញបន្តនៅប្រទេសសិង្ហបុរីបានស្ថិតក្នុងសភាពទ្រឹងនៅត្រីមាសទី៣

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះលក់ចេញបន្ត(Resale)នៅប្រទេសសិង្ហបុរីបានស្ថិតនៅទ្រឹងក្នុងត្រីមាសទី៣ ឆ្នាំនេះ ទោះបីជាគោលនយោបាយអត្រាការប្រាក់នៅសិង្ហបុរីនៅតែមានកម្រិតខ្ពស់យ៉ាងណាក្តី។នេះបើយោងតាមក្រុមហ៊ុន OrangeTee Research & Analytics។

ដោយឡែក យោងតាមរបាយការណ៍របស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) បានបង្ហាញថា តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅទូទាំងទីក្រុងសិង្ហបុរីទាំងមូលបានស្ថិតនៅទ្រឹងចំនួន១.៧១៣ដុល្លារសិង្ហបុរី(ប្រហែល១.២៨១ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េចាប់ពីត្រីមាសទី២ ដល់ត្រីមាសទី៣។

ទោះជាយ៉ាងណាក្តី តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅក្នុងតំបន់ក្បែរក្រុង (CCR) តំបន់កណ្តាលក្រុង (RCR) និងតំបន់ជាយក្រុង (OCR) បានសង្កេតឃើញមានការប្រែប្រួលមួយចំនួន។

តួយ៉ាង តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅក្នុងតំបន់ក្បែរក្រុងបានកើនឡើង១,៦ភាគរយធៀបនឹងត្រីមាសទី២ដល់ចំនួន២.១៨១ដុល្លារសិង្ហបុរី (ប្រហែល១.៦៣១ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

ស្របពេលជាមួយគ្នានេះ តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅក្នុងតំបន់កណ្តាលក្រុងបានកើនឡើង១,៤ភាគរយធៀបនឹងត្រីមាសទី២ដល់ចំនួន១.៨៦៣ដុល្លារសិង្ហបុរី (ប្រហែល១.៣៩៣ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។

ផ្ទុយទៅវិញ តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅក្នុងតំបន់ជាយក្រុងបានធ្លាក់ចុះ០,៤ភាគរយធៀបនឹងត្រីមាសទី២ដល់ចំនួន១.៤៨៩ដុល្លារសិង្ហបុរី (ប្រហែល១.១១៣ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។

យោងតាមអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) បានឱ្យដឹងទៀតថា ផ្ទះលក់ចេញបន្តចំនួន៣.៨៦០យូនីត ត្រូវបានលក់ដាច់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ កើនឡើង១,៥%បើប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំតែមួយ។

ចំណែក ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ផ្ទះលក់ចេញបន្តសរុបចំនួន១០.៣៥១យូនីតត្រូវបានលក់ដាច់។តួលេខនេះមានការកើនឡើងប្រមាណ២១,៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣៕ប្រភព: Edgeprop៕