សិង្ហបុរីកំពុងចាប់ផ្តើមការអភិវឌ្ឍន៍រមណីយដ្ឋានកាស៊ីណូដំណាក់កាលទី២ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អ្នកមាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសសិង្ហបុរី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងផ្នែកទេសចរណ៍ និងទិដ្ឋភាពវប្បធម៌ដ៏រស់រវើក កំពុងចាប់ផ្តើមការអភិវឌ្ឍន៍ គម្រោងរមណីយដ្ឋានកាស៊ីណូ ដ៏មានមហិច្ឆតារបស់ខ្លួនក្នុងដំណាក់កាលទី២។

គម្រោងអភិវឌ្ឍន៍ដំណាក់កាលទី១ ដែលបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០១០ រួមមាន រមណីយដ្ឋានកាស៊ីណូចំនួន២គឺ រមណីយដ្ឋាន Marina Bay Sands និងរមណីយដ្ឋាន Resorts World Sentosa។

ចាប់តាំងពីឆ្នាំ២០១០មក រមណីយដ្ឋានទាំង២នេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ ដោយទាក់ទាញបានអ្នកទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ។បើក្រឡេកមកកាន់ឆ្នាំ២០២៤នេះវិញ គម្រោងអភិវឌ្ឍន៍ក្នុងដំណាក់កាលទី២ នឹងផ្តោតលើការពង្រីក និងពង្រឹងរមណីយដ្ឋានដែលមានស្រាប់ ព្រមទាំងបង្ហាញពីលក្ខណៈពិសេស និងភាពទាក់ទាញថ្មីៗទៅកាន់ពិភពលោក ដើម្បីពង្រឹងឋានៈរបស់ប្រទេសសិង្ហបុរី ក្នុងនាមជាគោលដៅទេសចរណ៍លំដាប់កំពូល។

ការពង្រីករមណីយដ្ឋាន Marina Bay Sands គឺជាចំណុចដ៏សំខាន់មួយ នៃការអភិវឌ្ឍន៍ដំណាក់កាលទី២។ សិង្ហបុរីគ្រោងពង្រីកសក្តានុពល របស់រមណីយដ្ឋានដ៏ល្បីល្បាញមួយនេះ តាមរយៈការផ្គត់ផ្គង់បន្ទប់សណ្ឋាគារបន្ថែមទៀត ជម្រើសអាហារ កន្លែងកម្សាន្តថ្មីៗ និងបទពិសោធន៍ទិញទំនិញ ដែលការណ៍នេះ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍លំដាប់ខ្ពស់ កាន់តែច្រើនចូលមកកាន់ប្រទេសសិង្ហបុរី។

ចំណែកឯ គម្រោងពង្រីករមណីយដ្ឋាន Resorts World Sentosa គ្រោងនឹងបង្ហាញជម្រើសដ៏គួរឱ្យទាក់ទាញនានា ដូចជា ការបង្ហាញកម្មវិធី Show ផ្សេងៗ ការទិញទំនិញ ជម្រើសអាហារ និងជម្រើសកម្សាន្តថ្មីៗ ដើម្បីបំពេញបន្ថែមពីលើការផ្តល់ជូន ដែលមានស្រាប់។

បន្ថែមពីលើការពង្រីករមណីយដ្ឋាន ដែលមានស្រាប់ គម្រោងអភិវឌ្ឍន៍ដំណាក់កាលទី២នេះ ក៏គ្រោងនឹងរួមបញ្ចូលផងដែរនូវការដាក់ឱ្យដំណើរការ រមណីយដ្ឋានកាស៊ីណូថ្មីនៅលើកោះ Sentosa ។

រមណីយដ្ឋានថ្មីនេះ ត្រូវបានគេរំពឹងថា នឹងចូលរួមប្រកួតប្រជែងជាមួយរមណីយដ្ឋាន Marina Bay Sands និងរមណីយដ្ឋាន Resorts World Sentosa ដោយសារតែភាពប្រណីត និងភាពអស្ចារ្យ។ រមណីយដ្ឋានថ្មីក៏នឹងផ្តល់ជូន នូវបទពិសោធន៍លេងហ្គេមដ៏ពិសេ​សមួយសម្រាប់ភ្ញៀវ ដែលចង់សាកល្បង សំណាងរបស់ពួកគេផងដែរ៕ប្រភព: CocoaDocs.org៕

អ្នកនាំពាក្យឆ្នើមមួយរូបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា

ចិន៖ លោក Wang Wenbin ជាអតីតមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីកាន់តំណែងជាឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសកម្ពុជា ក្រោយពីលោក វ៉ាង វិធាន (Wang Wentian) ចប់អាណត្តិរបស់ខ្លួនហើយត្រឡប់ទៅប្រទេសចិនវិញ។

យោងតាមគណនីសាធារណៈ WeChat របស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន ចុះផ្សាយនៅថ្ងៃទី ៤ មិថុនានេះថា លោក Luo Zhaohui នាយកទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន បានជួបជាមួយ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយលោក Wang Wenbin ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។គួរបញ្ជាក់ថា លោក Wang Wenbin គឺជាអ្នកនយោបាយ និង អ្នកការទូតចិន ដែលធ្លាប់កាន់តួនាទីជាអ្នកនាំពាក្យក្រសួងការបរទេស អនុប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និង ជាសមាជិកនៃកុម្មុយនិស្តចិន។ លោកធ្លាប់ជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនេស៊ីពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២០ ហើយបានធ្វើការនៅស្ថានទូតចិននៅប្រទេស ម៉ូរីស និងសេណេហ្គាល់។លោក Wang Wenbin មានអាយុ ៥៣ឆ្នាំ និងជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ចាប់ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៤។

ផ្លូវជាតិលេខ១០តភ្ជាប់ពីតំបន់ភូមិភាគពាយព្យ ទៅកាន់ឆ្នេរសមុទ្រ សម្រេចការសាងសង់បានជាង៨០ភាគរយហើយ

ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង (សំឡូត-វាលវែង-កោះកុង) មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៨៣,៣៦% នៃគម្រោងទាំងមូលគិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤។ ការងារសម្រេចបានរួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧,៣១% ការងារស្ពានសម្រេចបាន ៩១,១៨% ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ ម៉ែត្រ សម្រេចបាន ៤១,៥០% (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។

គួររំឭកផងដែរថា នៅរដូវវស្សានេះផ្លូវជាតិលេខ ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

វិបត្តិតម្លៃផ្ទះហក់ឡើងកប់ពពកកំពុងគ្របដណ្តប់ទៅលើបណ្តាប្រទេសធំៗនៅលើពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការស្ទង់មតិរបស់កាសែត Reuters ទៅលើក្រុមអ្នកវិភាគអចលនទ្រព្យបានឱ្យដឹងថា បណ្តាប្រទេសសេដ្ឋកិច្ចធំៗនៅលើពិភពលោក កំពុងខិតខំជំរុញការផ្គត់ផ្គង់ផ្ទះ ដែលមានតម្លៃសមរម្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

តម្លៃផ្ទះនៅបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសផ្សេងទៀត បានហក់ឡើងខ្ពស់កប់ពពក ដែលទាមទារឱ្យមានការធ្វើអន្តរាគមន៍ បន្ថែមទៀតពីរដ្ឋាភិបាលដើម្បីកែលម្អស្ថានភាពនេះ។

ការស្ទង់មតិនេះ បានធ្វើឡើងកាលពីថ្ងៃទី៩ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទូទាំងទីផ្សារក្នុងសហរដ្ឋអាមេរិក កាណាដា អង់គ្លេស អាល្លឺម៉ង់ ឥណ្ឌា  អូស្ត្រាលី និងនូវែលសេឡង់។

ការខ្វះខាតនៃការផ្គត់ផ្គង់ផ្ទះ មិនអាចត្រូវបានដោះស្រាយចេញនៅក្នុងពេលឆាប់ៗនេះនោះទេ។ នេះបើយោងតាមការឱ្យដឹងពីក្រុមអ្នកជំនាញលើទីផ្សារអចលនទ្រព្យ។ ជាក់ស្តែង ប្រជាជនដែលមានបំណងទិញផ្ទះថ្មីភាគច្រើននឹងត្រូវ ឬពិចារណា ឬរង់ចាំយូរជាងនេះ ដើម្បីសន្សំប្រាក់ឱ្យបានគ្រប់គ្រាន់ដើម្បីទិញផ្ទះ។

យោងតាមលទ្ធផលនៃការស្ទង់មតិបង្ហាញថា អ្នកវិភាគអចលនទ្រព្យចំនួន៩០រូប ក្នុងចំណោម៩៧រូប បានលើកឡើងថា ល្បឿននៃការផ្គត់ផ្គង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ នឹងមិនអាចបំពេញទាន់តម្រូវការរបស់អ្នកទិញផ្ទះនោះទេ។

ទន្ទឹមនឹងនេះ អ្នកវិភាគអចលនទ្រព្យចំនួន៦៧រូប ក្នុងចំណោម៩២រូប ឬស្មើនឹងចំនួន៧៣% បានលើកឡើងថា រដ្ឋាភិបាលរបស់ប្រទេសនានា គួរតែចូលរួមចំណែកកាន់តែច្រើន ក្នុងការផ្គត់ផ្គង់ផ្ទះដែលមានតម្លៃសមរម្យ។

តម្លៃផ្ទះនៅសហរដ្ឋអាមេរិក ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង៥%នៅឆ្នាំ២០២៤ និង៣,៣% នៅឆ្នាំ២០២៥ ខណៈធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅចុងឆ្នាំនេះ។

តម្លៃផ្ទះជាមធ្យមនៅចក្រភពអង់គ្លេស និងកាណាដា ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង១,៨% និង១,៥% រៀងៗគ្នាសម្រាប់ឆ្នាំនេះ និងកើនឡើង៣%បន្ថែមទៀត នៅឆ្នាំ២០២៥ខាងមុខ។

ចំណែក តម្លៃផ្ទះនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ត្រូវបានគេរំពឹងថានឹង កើនឡើងចន្លោះពី៤ទៅ៥%នៅឆ្នាំនេះ ខណៈតម្លៃផ្ទះជាមធ្យម នៅក្នុងប្រទេសឥណ្ឌាត្រូវបានព្យាករណ៍ថា នឹងកើនឡើង៦% នៅឆ្នាំនេះ និងឆ្នាំក្រោយ៕ប្រភព: The edge malaysia៕

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ កម្ពុជាគឺជាប្រទេសដែលយកពន្ធតិច និងអនុគ្រោះបំផុត តែការអភិវឌ្ឍលឿនរហ័ស

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ត្រូវបានរាជរដ្ឋាភិបាលគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសពួកគេមិនឱ្យជាប់ពន្ធឡើយ។

ជាក់ស្តែង រដ្ឋមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារកសិកម្ម ផលិតផលកសិកម្ម និងអចលនទ្រព្យដែលមានតម្លៃក្រោម ១០០ លានរៀល ឬ ២៥ ០០០ ដុល្លារអាម៉េរិក។ លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលទ្រព្យក្រោមឬស្មើ ៧ម៉ឺនដុល្លារអាម៉េរិក។ រដ្ឋមិនយកពន្ធប្រថាប់ត្រាផ្ទេរមរតកជាអំណោយមួយលើក មិនយកពន្ធផ្លូវម៉ូតូឬកង់បី។ ប្រាក់បៀវត្សទាបជាង ១,៥ លានរៀល មិនជាប់ពន្ធ។ អ្នកប្រកបរបរតូចតាចដែលមានផលរបរក្រោម ២៥០ លានរៀល មិនតម្រូវឱ្យ មានកាតព្វកិច្ចបង់ពន្ធទេ។ ទន្ទឹមគ្នានេះ គោលនយោបាយអនុគ្រោះដល់អាជីវកម្មនានា ដែលជួបការលំបាក ក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ និងនៅតែអនុវត្តជាប្រចាំ។ នៅមានការអនុគ្រោះ ព្រមទាំងការលើកលែងជាច្រើនផ្សេងទៀតដែលរដ្ឋបានផ្តល់ជូន។

ក្រៅពីមិនជាប់ពន្ធ ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពក្នុងការទទួលបានការឧបត្ថម្ភ គាំពារពីរដ្ឋ។ ជាក់ស្តែង ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបានចំណាយថវិកាជាង ១ ២០០ លានដុល្លារអាម៉េរិក ដើម្បីជួយពលរដ្ឋក្រីក្រដែលរងគ្រោះ។ បច្ចុប្បន្ន កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបន្តជួយគាំពារដល់ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យដូចជា ការផ្តល់ជូនសេវាសុខាភិបាល ការបណ្តុះបណ្តាលកូនអ្នកក្រីក្រដោយឥតបង់ប្រាក់ និងថែមទាំងទទួលបានការឧបត្ថម្ភប្រចាំខែទៀត គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មវិធីជាតិជំនួយសង្គម និងគោលនយោបាយគាំពារវិស័យកសិកម្មជាដើម សុទ្ធសឹងតែជាគោលនយោបាយគាំពារពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ។

ទោះបីជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសដៃគូអភិវឌ្ឍន៍នានាតែងផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលបង្កើនការប្រមូលពន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅតែបន្តគោលនយោបាយអនុគ្រោះពន្ធដល់ប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រដដែល។ ទោះបីជាយកពន្ធតិច ប៉ុន្តែ កម្ពុជាត្រូវបានអង្គការសហប្រជាជាតិចាត់ទុកជាប្រទេសដែលកាត់បន្ថយភាពក្រីក្របានលឿនរហ័សបំផុតមួយក្នុងលោក។ ចាកចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ កម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រឈានចូលប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងត្រៀមខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគារខ្ពស់ៗ ហាងទំនិញ ផ្សារទំនើប យានយន្តកកកុញលើដងផ្លូវ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ សុទ្ធសឹងជាភស្តុតាងជាក់ស្តែងនៃសមិទ្ធផលដែលកើតចេញពីសុខសន្តិភាពនិងការអភិវឌ្ឍ។ ប្រទេសមួយដែលយកពន្ធតិចបំផុត តែអភិវឌ្ឍបានលឿនរហ័សបំផុតបែបនេះ ពិតជាកម្រមានណាស់។ សមិទ្ធផលដ៏អស្ចារ្យនេះកើតចេញពីទេពកោសល្យពិសេស នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនដែលជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ៕

គម្រោងរថភ្លើងល្បឿនលឿនតម្លៃ៤ពាន់លានដុល្លារសម្រាប់សមាហរណកម្មតំបន់អឺរ៉ុបបានបើកការដ្ឋានហើយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងខ្សែរថភ្លើងល្បឿនលឿន ដែលតភ្ជាប់តំបន់បាល់ទិកទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសផ្សេងទៀតនៅទ្វីបអឺរ៉ុប បានចាប់ផ្តើម បើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមសារពត៌មាន Newsweek។

គម្រោង Rail Baltica ដែលមានតម្លៃ៤ពាន់លានដុល្លារនេះ មានគោលបំណងតភ្ជាប់រដ្ឋធានី នៃប្រទេសអេស្តូនី ប្រទេសឡាតវី និងប្រទេសលីទុយអានី ដែលជាបណ្តាប្រទេសអឺរ៉ុបខាងកើត ជាមួយនឹងរដ្ឋធានី Warsaw នៃប្រទេសប៉ូឡង់ ដែលជាសមាជិករបស់សហភាពអឺរ៉ុប ដើម្បីនាំអតីតរដ្ឋចំណុះក្រោម សហភាពសូវៀតទាំងនេះឱ្យខិតកាន់តែជិតសហភាពអឺរ៉ុប(EU) ស្របពេលដែលមានភាពតានតឹងខ្លាំងរវាងតំបន់អឺរ៉ុបខាងលិច និងរុស្ស៊ី។

ផ្លូវរថភ្លើង Rail Baltica នេះគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយនៅក្នុងតំបន់អឺរ៉ុប។

សហភាពអឺរ៉ុប(EU) បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះគម្រោងនេះ ដោយផ្តល់មូលនិធិចំនួន៨៥% នៃការចំណាយសរុប។

គម្រោង Rail Baltica នឹងលាតសន្ធឹងចម្ងាយ៨៧០គីឡូម៉ែត្រ ហើយខ្សែរថភ្លើងនេះ នឹងអាចធ្វើដំណើរក្នុងល្បឿន២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង ដោយកាត់បន្ថយពេលវេលា ធ្វើដំណើរយ៉ាងច្រើន និងបង្កើនប្រសិទ្ធភាពដឹកជញ្ជូនអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ។

គម្រោងនេះត្រូវបានរំពឹងថា នឹងបញ្ចប់រួចរាល់នៅត្រឹមឆ្នាំ២០៣០ខាងមុខ ហើយគម្រោងនេះ នឹងនាំមកនូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងអាចបង្កើតការងារបានចំនួន៣៦.០០០កន្លែង និងជួយបង្កើននូវឱកាសពាណិជ្ជកម្ម។

ជាមួយគ្នានេះ ក្រុមហ៊ុន Budimex របស់ប៉ូឡូញ ក្រុមហ៊ុន Eiffage Génie Civil SAS របស់បារាំង និងក្រុមហ៊ុន Rizzani de Eccher របស់អ៊ីតាលី បានបង្កើតជាសម្ព័ន្ធភាពមួយ ដោយដាក់ឈ្មោះថា “ERB Rail JV” ដើម្បីរួមគ្នាអភិវឌ្ឍន៍គម្រោងរថភ្លើងល្បឿ​ន​លឿននេះ។

លោក Artur Popko អ្នកគ្រប់គ្រងទូទៅ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងរបស់ក្រុមហ៊ុន Budimex បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “យើងកំពុងបង្កើតការវិនិយោគជាយុទ្ធសាស្រ្ត សម្រាប់តំបន់ទាំងមូលរបស់យើង”។

លោកបានអះអាងបន្ថែមថា “វាជាកិត្តិយសមួយ ដែលក្រុមហ៊ុនរបស់យើង ត្រូវបានជ្រើសរើសឱ្យសាងសង់គម្រោង Rail Balticaនេះ។ ប៉ុន្តែ វាក៏ជាបញ្ហាប្រឈមមួយផងដែរ ដោយសារគម្រោងនេះមានវិសាលភាពធំធេងណាស់”៕ប្រភព: Newsweek៕

អ្នកជំនាញ: បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់យន្តហោះអាចនៅតែបន្តអូសបន្លាយដល់ឆ្នាំ២០២៦

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Willie Walsh អគ្គនាយកសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានលើកឡើងថា បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលបង្កផលប៉ះពាល់ ដល់ការផ្គត់ផ្គង់យន្តហោះថ្មីអាចបន្តកើតមានរហូតដល់ឆ្នាំ២០២៦។

លោកបានថ្លែងប្រាប់សារពត៌មានCNA លោកWillie Walshបានថ្លែងថា “យើងមិនទាន់ទទួលបានការប្រគល់យន្តហោះថ្មីនោះទេ ខណៈក្រុមហ៊ុនអាកាសចរណ៍ មួយចំនួនបានបង្ខំចិត្តប្រើប្រាស់នូវយន្តហោះ ដែលពួកគេគ្រោងនឹងដាក់ឱ្យចូលនិវត្តន៍ឡើងវិញ”។

លោក Willie Walsh បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា“ដូច្នេះ ក្រុមហ៊ុនអាកាសចរណ៍ជួបប្រទះ ការរំខានយ៉ាងខ្លាំង។ ប៉ុន្តែ ខ្ញុំអាចនិយាយបានថា បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់នាពេលនេះ ហាក់ដូចជាមិនបានវិវត្តន៍កាន់តែអាក្រក់ទៅៗនោះទេ”។Aircraft supply chain issues likely to persist until 2026, says IATA chief Willie Walshយ៉ាងណាមិញ សមាគម IATA បានអះអាងថា ទោះបីជាជួបប្រទះបញ្ហាប្រឈមយ៉ាងណាក្តី ក្រុមហ៊ុនអាកាសចរណ៍នៅលើពិភពលោក នឹងបើកការហោះហើរដឹកអ្នកដំណើរ ជិត៥ពាន់លាននាក់នៅឆ្នាំនេះ ហើយប្រាក់ចំណូលនឹងកើនឡើងជិត ដល់១ទ្រីលានដុល្លារអាមេរិក ដែលជាចំនួនកំណត់ត្រាខ្ពស់បំផុត។

ជាមួយគ្នានេះ សមាគមក៏រំពឹងថា ក្រុមហ៊ុនអាកាសចរណ៍នៅលើពិភពលោក នឹងប្រកាសប្រាក់ចំណេញសុទ្ធ ចំនួន៣០ពាន់លានដុល្លារនៅឆ្នាំនេះ  ដោយកើនឡើងពីការព្យាករណ៍ ពីមុនចំនួន២៥,៧ពាន់លានដុល្លារ។

លោក Walsh បានបញ្ជាក់បន្តថា “ជាពិសេស វិស័យអាកាសចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងរីកចម្រើនក្នុងកម្រិតមួយដែលមានសុខភាពល្អ។ ប៉ុន្តែ​វឌ្ឍនភាព​នេះរងផលប៉ះ​ពាល់​ ដោយ​សារទីផ្សារចិន បានស្ទុះ​ងើប​ឡើង​វិញ​យឺតជាង​ការ​រំពឹង​ទុក”។​

លោកបានបន្ថែមថា “ចំនួនជើងហោះហើររវាងប្រទេសចិន និងសហរដ្ឋអាមេរិក មិនបានស្ទុះងើបឡើងវិញ ដល់កម្រិតដូចកាលពីមុននោះទេ”។លោកបន្ថែមថា “ខ្ញុំ​គិត​ថា បញ្ហា​ទាំង​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​ទៅតាម​ពេល​វេលា ប៉ុន្តែ​វា​បាន​ជះផលប៉ះពាល់​ដល់​អត្រា​នៃ​ការ​ងើប​ឡើង​វិញ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក”៕ប្រភព: CNA៕

មេFASMECស្នើសុំការយកចិត្តទុកដាក់ពីCDCលើអាជីវកម្ម របស់វិស័យSME នៅកម្ពុជា

        ដោយៈ គង់ សួរិយា

        ភ្នំពេញៈ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានស្នើសុំឲ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) យកចិត្តទុកដាក់លើវិស័យSMEនៅកម្ពុជា។

លោកឧកញ៉ាតែ តាំងប៉បានថថ្លែងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូ ជាសមាជិក សមាជិកា នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំការចង្អុលបង្ហាញ និងកិច្ចសហការនានា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង FASMEC ដើម្បីឱ្យស្ថាប័នទាំងពីរអាចសហការរួមគ្នា លើកកម្ពស់ការចូលរួមពីវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លើកឡើងអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់គណៈប្រតិភូ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អំពីភារកិច្ចការងាររបស់ស្ថាប័ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួរនាទី ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញ និងសម្របសម្រួល កិច្ចការងារវិនិយោគិនជូនវិនិយោគិន អាស្រ័យដោយហេតុថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្នែកឯកជន ជាក្បាលម៉ាស៊ីនដ៏សំខាន់ ជាចំណែកជំរុញភាពរីកចម្រើនរបស់សង្គមជាតិ។

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលបានអនុញ្ញាតគោរពស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាពអនុញ្ញាតឱ្យមានការរៀបចំ ជាទម្រង់នៃកិច្ចសហការណាមួយ រវាងស្ថាប័នទាំងពីរ ដើម្បីជំរុញតភ្ជាប់ទំនាក់ទំនង និងផ្ដល់ឱកាសបន្ថែមដល់វិនិយោគិនកម្ពុជា ពិសេសក្នុងសហគ្រាសធុនតូច និងមធ្យមផងដែរ។

បន្ថែមពីនេះ ឧកញ៉ា តែ តាំងប៉ បានគោរពស្នើសុំទៅស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ថែមការយកចិត្តទុកដាក់ ដល់វិស័យវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រៅអំពីវិនិយោគិនដោយផ្ទាល់ពីបរទេស ដែលចូលមកវិនិយោគនៅកម្ពុជា ដើម្បីជាការគាំទ្រ និងផ្ដល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលផងដែរ៕

អ្នកជំនាញស្នើរដ្ឋាភិបាលកុំរឹតបន្តឹងគោលនយោបាយ និងពន្ឋដាដើម្បីជួយដល់វិស័យឯកជន

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនR-Investment Groupលោកបណ្ឌិតតេង រិទ្ឋី បានស្នើរដ្ឋាភិបាល កុំរឹតបន្តឹងទាក់ទងឯកសារ ការប្រមូលពន្ឋជាដើម ដើម្បីជួយម្ចាស់អាជីវកម្មឲ្យមានសង្ឃឹម។

លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកា​លពីថ្ងៃទី៤ មិថុនាថា រដ្ឋាភិបានថ្មី បានរឹតបន្តឹងគោលនយោបាយបានល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ប៉ុន្តែទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច និងការងារបច្ចេកទេសមួយចំនួន​ ទាមទារឲ្យរដ្ឋាភិបាល​បន្ឋូរបន្ថយច្បាប់បទដ្ឋានគតិយុត្តិ ក៏ដូចជា ការរឹតបន្តឹងការប្រមូលពន្ឋផងដែរ។

លោកបន្តថា “ម្ចាស់អាជីវកម្មជាច្រើនបានបិទទ្វារ បានប្រឈមនឹងការបិទទ្វារ និងកំពុងជួបបញ្ហាលំបាក ដែលទាមទារឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍”។

លោកបណ្ឌិតតេង រិទ្ឋីបានបញ្ជាក់ថា បើនិយាយពីវិស័យអចល​នទ្រព្យវិញ ពិសេសហេដ្ឋារចនាសម្ព័ន្ឋនានា បានដំណើរការបណ្តើរៗ ប៉ុន្តែតំបន់ជាយក្រុងមួយចំនួន នៅមិនទាន់មានសកម្មភាពប្រសើរនៅឡើយ។

លោកបន្តថា “ប្រសិនជាអ្នកអភិវឌ្ឍន៍មានទុនច្រើន ពួកគេអាចចាប់ផ្តើមទៅមុខបណ្តើរៗ ប៉ុន្តែអ្នកមិនទាន់មានទុនច្រើន ពួកគេអាចប្រឈមនឹងបញ្ហា”។

លោកបណ្ឌិតបានបន្តថា ការពិនិត្យជារូម វិស័យអចលនទ្រព្យមិនទាន់មានសញ្ញាប្រសើរជាដុំកំភួននោះទេ វាត្រូវការពេលវេលា និងការលើកទឹកចិត្តពីរដ្ឋាភិបាលបន្ថែមទៀត ពិសេសវិស័យឯកជនមានតែខិតខំប្រឹងប្រែងខ្លួនឯងឲ្យបានច្រើន ជាជាងពឹងផ្អែកកត្តាខាងក្រៅ៕

ប្រជាជនកម្ពុជាអាចចូលស្នាក់នៅប្រទេសថៃរយៈពេល៦០ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ ចាប់ពីខែមិថុនានេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសថៃបានសម្រេចចិត្តដាក់បញ្ចូលកម្ពុជា និងឡាវ ទៅក្នុងបញ្ជីបណ្តាប្រទេស ឬប្រជាជន ដែលអាចស្នាក់នៅប្រទេ​សថៃ បានរយៈពេល៦០ថ្ងៃ ដោយគ្មានទិដ្ឋាការ ខណៈកាលពីមុន ប្រជាជនកម្ពុជា និងឡាវ អាចចូលស្នាក់នៅប្រទេសថៃ ចំនួន១៤ថ្ងៃប៉ុណ្ណោះ។

ទោះជាយ៉ាងណា ប្រទេសមីយ៉ាន់ម៉ា មិនត្រូវបានរាប់បញ្ចូលនោះទេ។

ប្រភពមួយចំនួនបានរាយការណ៍ថា រដ្ឋាភិបាលថៃពុំបានដាក់បញ្ចូលប្រទេសមីយ៉ាន់ម៉ា ក្នុងចំណោមបណ្តាប្រទេសចំនួន៩៣ ដែលទទួលបាននូវការលើកលែង ទិដ្ឋាការស្នាក់នៅរយៈពេល៦០ថ្ងៃនោះទេ ខណៈចំណាត់ការនេះបានចូលជាធរមាន នៅថ្ងៃទី១ ខែមិថុនា។

កាលពីមុន ប្រទេសថៃក៏ធ្លាប់បានអនុញ្ញាត ឱ្យប្រជាជនមកពីបណ្តាប្រទេសមួយចំនួន អាចស្នាក់នៅប្រទេសរបស់ខ្លួនចំនួន៦០ថ្ងៃ ដោយគ្មានទិដ្ឋាការផងដែរ។ នាពេលនេះ រដ្ឋាភិបាលថៃបានបូកបន្ថែមប្រទេសចំនួន៦ ទៅក្នុងបញ្ជី រួមមាន ប្រទេស​ចិន ឡាវ ម៉ុងហ្គោលី រុស្ស៊ី កម្ពុជា និង​ម៉ាកាវ។

យ៉ាងណាមិញ ជាលទ្ធផល ប្រជាពលរដ្ឋមីយ៉ាន់ម៉ាត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃ ដោយមិនចាំបាច់មានទិដ្ឋាការក្នុងរយៈពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ។

ជាមួយគ្នានេះ ទិដ្ឋាការប្រភេទថ្មី Destination Thailand Visa ក៏ត្រូវបានដាក់ចេញផងដែរ ដែលនឹងអនុញ្ញាតឱ្យអ្នកធ្វើអាជីវកម្ម អ្នកដែលចង់រៀនអំពីម្ហូបថៃ អ្នកដែលធ្វើការផ្នែកសិល្បៈ និងអ្នកដែលចង់រៀនប្រដាល់ក្បាច់ Muay Thai អាចស្នាក់នៅរយៈពេល១៨០ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ។

បច្ចុប្បន្ននេះ ក្រៅពីពលរដ្ឋមកពីប្រទេសមីយ៉ាន់ម៉ា ដែលចូលធ្វើការនៅក្នុងប្រទេសថៃ គេក៏សង្កេតឃើញមានអ្នកទិញខុនដូ ជាជនជាតិបរទេស ក៏ដូចជាអ្នកជំនួញ ច្រើនជាងឆ្នាំមុនៗផងដែរ។

លើសពីនោះ នៅក្នុងអំឡុងត្រីមាសទីមួយ នៃឆ្នាំ២០២៤នេះ ប្រទេ​សមីយ៉ាន់ម៉ា បានវ៉ាដាច់ប្រទេសរុស្ស៊ីតែម្តង ដោយបានឈានដល់ចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីជនបរទេស ដែលបានទិញខុនដូច្រើនជាងគេនៅក្នុងប្រទេសថៃ៕ប្រភព: The Nation៕