(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យកត់ត្រាទុកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ជាពេលវេលាដែលសម្តេចតេជោ ប្រកាសថា ព្រែកជីកហ្វូណនតេជោ ជាការពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនរបស់កម្ពុជា។
ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជា និងវៀតណាម គឺជាប្រទេសក្បែរខាងគ្នា ត្រូវការកសាងទំនាក់ទំនងល្អជាមួយគ្នា តែប្រៀបដូចជាអណ្តាត និងធ្មេញ ជាមិនផុតពីការប៉ះទង្គិចគ្នានោះឡើយ។ សម្តេចតេជោ បានបង្ហាញការជឿជាក់ថា មេដឹកនាំវៀតណាម ចង់ឱ្យកម្ពុជាមានឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹក ខណៈកម្ពុជាមានទំនាក់ទំនងល្អជាមួយវៀតណាម វៀតណាមមានទំនាក់ទំនងល្អជាមួយចិន ដូច្នេះគ្មានហេតុផលអី ដែលត្រូវធ្វើសង្គ្រាមប្រឆាំងគ្នានោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវនេះកត់ត្រាទុកទៅ ថាថ្ងៃនេះទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ុន សែន បាននិយាយដល់ឯករាជ្យភាពខាងនយោបាយ លើបញ្ហាដឹកជញ្ជូនផ្លូវទឹក ដោយមិនត្រូវឱ្យមិត្តភក្តិ ជួបការលំបាកដោយសារយើង ឬយើងជួបការលំបាកដោយសារមិត្តភក្តិ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន កង្វល់របស់វៀតណាមពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ មិនមានភាពចាំបាច់នោះឡើយ។ សម្តេចតេជោ ក៏បានអរគុណអ្នកបរិស្ថានវៀតណាម ដែលចេញមកអះអាងថា ទឹកហូរតាមព្រែកជីកហ្វូណនតេជោ អស់បរិមាណតិចតួចបំផុត បើធៀបបរិមាណទឹកកំពុងហូរតាមប្រទេសវៀតណាម នាពេលបច្ចុប្បន្ន។
បើតាមប្រសាសន៍សម្តេចតេជោ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកផ្តួចផ្តើមគំនិតទាំងស្រុងដោយកម្ពុជា ហើយចិនមិនបានដឹងលើរឿងនេះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងឆោតល្ងង់ចំពោះការចោទថាគម្រោងនេះ ផ្តើមចេញពីប្រទេសចិន ខណៈគម្រោងព្រែកជីកហ្វូណនតេជោ មិនស្ថិតក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ព្រែកជីកហ្វូណនតេជោ ជាផលប្រយោជន៍ខាងសេដ្ឋកិច្ច និងឯករាជ្យផ្នែកនយោបាយដឹកជញ្ជូនរបស់កម្ពុជា និងបន្ថែមថា ជារឿងខ្មាសអៀនណាស់ ចំពោះជនដែលលើកឡើងថា គម្រោងព្រែកជីកប្រើសម្រាប់ការចល័តនាវាទ័ព។
សម្តេចតេជោ ហ៊ុន សែន បានស្នើទៅរាជរដ្ឋាភិបាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានបានឆាប់ជារឿងល្អ មិនមានអ្វីត្រូវរង់ចាំទៀតនោះទេ។ សម្តេចតេជោ បានថ្លែងដែរថា កម្ពុជាត្រូវតែប្រឹងប្រែងពង្រឹងឯករាជ្យភាពផ្នែកសេដ្ឋកិច្ច និងនយោបាយ តែជាប្រទេសក្រីក្រ គឺលំបាកណាស់ ដូច្នេះអ្វីដែលអាចធ្វើបានដើម្បីឯករាជ្យភាពត្រូវតែប្រឹងធ្វើ៕











រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួង លោកហេង សុខគង់ បានបញ្ជាក់ថា គិតត្រឹមក្នុងខែមេសា ក្រសួងបានចុះបញ្ជីរោងចក្រថ្មីចំនួន២០ ហើយរោងចក្រចំនួន១៩ បានដំណើរការឡើងវិញជាមួយនឹងការវិនិយោគសរុបចំនួន២៨៤លានដុល្លារ។
លោកបានបន្តថា “ទំហំវិនិយោគ ទ្រព្យសកម្មថេររបស់រោងចក្រ បានកើន ដល់ចំនួន១៩ពាន់លានដុល្លារ គិតត្រឹមខែមេសាឆ្នាំនេះ កើនឡើង១៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣”។រោងចក្រដែលបានចុះបញ្ជីទាំងអស់ បានបង្កើតការងារចំនួនដល់ប្រជាពលរដ្ឋខ្មែរ១,៥៨លានកន្លែង។
លោកបានថ្លែងក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ ២០២៤ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យថា “នេះគឺជាលទ្ធផលនៃគំនិតផ្តួចផ្តើមជំរុញសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលនឹងមានភាពធន់ជាងក្នុងរយៈពេលយូរ ដោយសារការវិនិយោគភាគច្រើន គឺនៅក្នុងសកម្មភាពផលិតកម្ម ដូចជា ការផលិតគ្រឿងអេឡិចត្រូនិក ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ និងការដំឡើងយានយន្ត ដែលឆ្លុះបញ្ចាំងពីការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ៕

