រដ្ឋាភិបាលថៃស្នើសុំទៅកាន់ធនាគារកណ្តាលឱ្យបញ្ចុះអត្រា ការប្រាក់ ដើម្បីទប់វិបត្តិសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានជំរុញឱ្យគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ (MPC) របស់ធនាគារកណ្តាលថៃ (BOT) បើកសម័យប្រជុំបន្ទាន់មួយ ដើម្បីពិចារណាកាត់បន្ថយអត្រាការប្រាក់ភ្លាមៗ ដើម្បីការពារសេដ្ឋកិច្ចថៃ ពីការធ្លាក់ចូលទៅក្នុងវិបត្តិ។

លោក សេដ្ឋា លើកឡើងថា “របាយការណ៍សេដ្ឋកិច្ចដែលចេញផ្សាយ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) ថ្ងៃនេះបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងស្ថិតក្នុងដំណាក់កាលដ៏គ្រោះថ្នាក់មួយ”។

លោក​បាន​បន្ត​ថា​ “អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក៏​បាន​យល់​ស្រប​នឹង​ការ​កាត់​បន្ថយ ​អត្រា​គោល​នយោបាយ​ដែរ”។ លោកបន្ថែមថា “ដូច្នេះ ខ្ញុំសូមស្នើឱ្យគណៈកម្មាធិការ MPC កំណត់ពេលប្រជុំជាបន្ទាន់ ដើម្បីពិចារណាលើការបញ្ចុះអត្រាការប្រាក់ មុនកាលវិភាគកិច្ចប្រជុំ ដែលបានគ្រោងទុកនៅខែមេសា”។

ការអំពាវនាវរបស់លោក សេដ្ឋា បានធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សា NESDC បានប្រកាសថា ផលទុនជាតិសរុប (GDP) នៅត្រីមាសទី៤ ឆ្នាំ២០២៣ បានកើនឡើងត្រឹមតែ១,៧% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ និងទាបជាងការព្យាករណ៍ ក្នុងការស្ទង់មតិរបស់កាសែត Reuters  ក្នុងរង្វង់២,៥%។

កំណើនGDP ពេញមួយឆ្នាំ២០២៣ ស្ថិតក្នុងអត្រា១,៩% ដែលធ្លាក់ចុះពី២,៥% ក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ ក្រុមប្រឹក្សា NESDC ក៏បានបន្ទាបកំណើនGDP សម្រាប់ឆ្នាំ២០២៤នេះ ពី៣,២% មកនៅត្រឹម២,៧%ថែមទៀតផង។

ក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៧ ខែកុម្ភៈ ធនាគារកណ្តាលថៃបានបោះឆ្នោត ដើម្បីរក្សាទុកអត្រាការប្រាក់ក្នុងរង្វង់២,៥% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំ។ នៅមុនកិច្ចប្រជុំនេះ លោក សេដ្ឋា ធ្លាប់បានអំពាវនាវដល់គណៈកម្មាធិការMPC ឱ្យពិចារណាកាត់បន្ថយ អត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋាន ខណៈប្រទេសថៃបានរងគ្រោះ ដោយសារអត្រាអតិផរណាអវិជ្ជមាន អស់រយៈពេល៤ខែជាប់ៗគ្នាមកហើយ៕

ក្រុមអ្នកវិភាគអះអាងថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិននឹងកាន់តែតឹងរ៉ឹង

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្របពេលដែលការបោះឆ្នោតជ្រើសរើស ប្រធានា​ធិបតីអាមេរិក នឹងចូលមកដល់នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមអ្នកវិភាគ បានផ្តល់ទស្សនៈអំពីគោលនយោបាយ របស់សហរដ្ឋអាមេរិកចំពោះដៃគូប្រជែងដ៏ធំរបស់ខ្លួន គឺប្រទេសចិន។

តួយ៉ាង លោក Joshua Meltzer បុគ្គលិកជាន់ខ្ពស់នៅស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្ត្រសង្គម Brookings Institution បានលើកឡើងថា “រដ្ឋបាលលោក ចូ បៃដិន បានបន្តគោលនយោបាយរបស់លោក Donald Trump ក្នុងការដាក់ពន្ធគយលើទំនិញ ដែលនាំចូលមកពីប្រទេសចិន”។

រដ្ឋបាលលោក ចូ បៃដិន បានរឹតបន្តឹងការគ្រប់គ្រងការនាំចេញ ដើម្បីកាត់បន្ថយលទ្ធភាព របស់ទីក្រុងប៉េកាំងក្នុងការទិញ និងផលិតបន្ទះឈីបកម្រិតខ្ពស់មួយចំនួន និងបានទប់ស្កាត់មិនឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បោះទុនវិនិយោគនៅប្រទេសចិនថែមទៀតផង។

ជាមួយគ្នានេះ ក្រុមមន្ត្រីអាមេរិក ក៏កំពុងខិតខំព្យាយាមជំរុញការពឹងផ្អែកលើខ្លួនឯងនៅក្នុងវិស័យ និងផ្នែកសំខាន់ៗ ដែល រួមមានដូចជា ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលស្អាត និងសកម្មភាពលំហូរទិន្នន័យជាដើម។

លោក Meltzer បានវិភាគបន្តថា រដ្ឋបាលលោក ចូ បៃដិន មិនត្រូវបានគេរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀង ជាមួយប្រទេសចិន ដើម្បីធ្វើកំណែទម្រង់ និងការផ្លាស់ប្តូរសំខាន់ៗទាំងនេះនោះទេ។

លើសពីនេះ ទីក្រុងវ៉ាស៊ីនតោនក៏ទំនងជា នឹងរឹតបន្តឹងលើការផ្ទេរប្រភេទទិន្នន័យមួយចំនួន ទៅកាន់បណ្តាក្រុមហ៊ុន និងបណ្តាអង្គការនានានៅក្នុងប្រទេសចិនផងដែរ។

ចំណែក លោក Jamieson Greer ដៃគូនៅក្រុមហ៊ុនច្បាប់ King & Spalding បានមានប្រសាសន៍ឱ្យដឹងថា “លោក ចូ បៃដិន បានបង្ហាញឆន្ទៈ ក្នុងការរក្សាវិធានការ ដែលមានស្រាប់ទៅលើប្រទេសចិន ដូចដែលបានធ្វើនាពេលកន្លងមក”។

ប៉ុន្តែប្រសិនបើលោក Trump ជាប់ឆ្នោតម្តងទៀត អ្នកវិភាគរំពឹងថា រដ្ឋបាលរបស់លោក នឹងដាក់ទណ្ឌកម្មពន្ធគយដ៏ខ្ពស់ ទៅលើប្រទេសចិន ខណៈលោកTrump បានស្នើការយកពន្ធលើសពី៦០ភាគរយលើទំនិញ ដែលនាំចូលមកពីប្រទេសចិន។ ចំណាត់ការនេះអាចនាំឱ្យមានការសងសឹក ពីសំណាក់ទីក្រុងប៉េកាំង និងអាចនាំទៅដល់ភាពជាប់គាំង នៃពាណិជ្ជកម្មរវាងប្រទេសទាំង២។

សរុបមក ក្រុមអ្នកវិភាគរំពឹងថា វិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងប៉េកាំង នឹងកាន់តែមានភាពតឹងរ៉ឹងជាងមុន មិនថា លោកចូ បៃដិន ឬអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ជាអ្នកជាប់ឆ្នោតម្តងទៀតនោះទេ៕

តើប្រទេសទីម័រខាងកើត ពឹងផ្អែកលើសក្តានុពលវិស័យអ្វីខ្លះដើម្បីបម្រើជាស្នូលសេដ្ឋកិច្ចជាតិ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសទីម័រខាងកើត ឬ Timor Leste មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត គឺជាប្រទេសដែនកោះតូចមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។

ទន្ទឹមគ្នានេះ ប្រទេសទីម័រខាងកើត កំពុងក្លាយទៅជាប្រធានបទមួយសម្រាប់កិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងរបៀបវារៈនៃការរៀបចំព្រឹត្តិ ការណ៍កិច្ចប្រជុំកំពូលអាស៊ាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

រដ្ឋធានីរបស់ប្រទេសនេះ មានឈ្មោះថា “ឌីលី (Dili)”។ ប្រទេសទីម័រខាងកើត មានព្រំដែនជាប់ឥណ្ឌូណេស៊ី ប្រវែង២២៨គីឡូម៉ែត្រ និងមានឆ្នេរសមុទ្រ ប្រវែង៧០៦គីឡូម៉ែត្រ ហើយប្រជាជនទីម័រខាងកើតភាគច្រើនជាអ្នកកាន់សាសនាគ្រិស្ត។

ប្រទេសទីម័រខាងកើត គឺជាអ្នកជួយគាំទ្រយ៉ាងខ្លាំងក្លា និងដ៏សកម្មមួយ ក្នុងទីផ្សាររបស់តំបន់អាស៊ាន ដែលមានប្រជាពលរដ្ឋសរុបចំនួនជាង៦០០លាននាក់ និងមានទំហំGDP ចំនួន៣ទ្រីលានដុល្លារអាមេរិក។

តំបន់អាស៊ាន គឺជាប្រភពនាំចូលទំនិញធំជាងគេបំផុត ចូលមកកាន់ប្រទេសទីម័រ ដែលក្នុងនោះ រួមមានដូចជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទសថៃ និងប្រទេសវៀតណាម ដែលជាប្រទេសនាំមុខគេ។

គិតត្រឹមតែប្រទេសសិង្ហបុរី លំហូរវិនិយោគផ្ទាល់ពីបរទេសសរុប ដែលទីម័រទទួលបាន មានទំហំទឹកប្រាក់ចំនួន២១ពាន់លានដុល្លារ ខណៈដែលឥណ្ឌូនេស៊ី បានបោះទុនវិនិយោគ ទៅលើគម្រោងសរុបចំនួន១៨រួចមកហើយ ដែលមានតម្លៃសរុបប្រមាណ១,២ពាន់លានដុល្លារ។

ប្រទេសទីម័រខាងកើត មានទីតាំងស្ថិតនៅក្នុងដែនកោះ Timor ឬ Island of Timor មានផ្ទៃដីប្រមាណ១៥.០០៦គីឡូម៉ែត្រការ៉េ និងមានចំនួនពលរដ្ឋរស់នៅសរុប ប្រមាណជាង១,៣៤លាននាក់គិតត្រឹមឆ្នាំ២០២១។ នេះបើយោងតាមតួលេខ ដែលចេញផ្សាយដោយធនាគារពិភពលោក។

រូបិយវត្ថុផ្លូវការរបស់ប្រទេសនេះ គឺជាប្រាក់ដុល្លារអាមេរិក ហើ​យកាលពីឆ្នាំ២០២១ ទីម័រខាងកើតសម្រេចបានផលទុនជាតិសរុប(GDP) ក្នុងទំហំទឹកប្រាក់ប្រមាណ១.៩៥៩លានដុល្លារអាមេរិក។ ចំណែកឯ ភាសាប្រើប្រាស់ជាផ្លូវការ របស់ប្រទេសដ៏តូចមួយនេះ គឺភាសាប៉ទុយហ្គាល។

បើក្រឡេកមកមើល ពីវិស័យសេដ្ឋកិច្ចរបស់ទីម័រខាងកើត គេសង្កេតឃើញថា ចំនួនសហគ្រាសធុនតូច និងមធ្យម (SMEs) ជាពិសេសក្នុងវិស័យសំណង់ និងការលក់ដុំ និងលក់រាយទំនិញ កំពុងមានសន្ទុះកើនឡើង។

សហគ្រាសធុនតូច និងមធ្យមភាគច្រើន បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីឌីលី (Dili) ដែលបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ចាប់តាំងពីទទួលបានឯករាជ្យ ពីប្រទេសព័រប្រទេសព័រទុយហ្កាល់កាលពីឆ្នាំ២០០២។ ជាមួយគ្នានេះ ការសាងសង់អគារ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធកំពុងតែបន្តរីកចម្រើនជាបន្តបន្ទាប់។

មិនខុសពីប្រទេសផ្សេងៗឡើយ រដ្ឋធានី ឌីលី របស់ប្រទេសទីម័រខាងកើត មានភាពស៊ីវិល័យ និងសកម្មភាពសេដ្ឋកិច្ចរស់រវើកដូចជាសេវាកម្មសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ ហាងលក់ទំនិញ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

ប៉ុន្តែទោះជាយ៉ាងណាក្តី ទីប្រជុំជននិងភូមិបែបប្រពៃណី នៅតាមបណ្ដាស្រុកជុំវិញរដ្ឋធានី ទទួលបានការអភិវឌ្ឍន៍តិចតួចណាស់ លើកលែងតែការជួសជុលកែលម្អផ្លូវថ្នល់ និងបណ្ដាញអគ្គិសនីប៉ុណ្ណោះ​។ ចំណែក ប្រជាជនដែលរស់នៅតំបន់ជនបទ នៅតែបន្តប្រកបមុខរបរនេសាទត្រី អាស្រ័យអនុផលព្រៃឈើ និងធ្វើកសិកម្មទ្រង់ទ្រាយតូច។

បច្ចុប្បន្ន សេដ្ឋកិច្ចប្រទេសទីម័រខាងកើត ពឹងផ្អែកស្ទើរតែទាំង​ស្រុងលើធនធានរ៉ែប្រេងពីសមុទ្រទីម័រ (Timor Sea) ដែលគ្របដណ្ដ​ប់ចំណែក៨០ភាគរយ នៃផលទុនជាតិសរុប (GDP)។

ប្រាក់ចំណូល ដែលទទួលបានពីធនធានប្រេង បានជួយឱ្យប្រទេសដ៏តូចនេះ មានលទ្ធភាពវិនិយោគយ៉ាងច្រើន សន្ធឹកសន្ធាប់ទៅលើសេវាកម្មសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ និងបណ្ដាញអគ្គិសនី។

នៅក្នុងប្រទេសទីម័រខាងកើត សេដ្ឋកិច្ចក្រៅពីប្រេងគ្របដណ្ដប់ត្រឹមតែ២១ភាគរយប៉ុណ្ណោះ នៃផលទុនជាតិសរុប(GDP)។ វិស័យ​កសិកម្ម ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត ដោយបង្កើតការងារដល់ប្រជាជនជាង៥០ភាគរយ។

ដោយសារតែប្រទេសទីម័រខាងកើត មានសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ទេសចរណ៍វប្បធម៌ និងបេតិកភ័ណ្ឌ ដូច្នេះ វិស័យទេ​សចរណ៍នឹងក្លាយជាវិស័យដ៏សំខាន់មួយ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចទីម័រ នាពេលអនាគត។ នេះជាគោលដៅមួយ ដែលទីម័រត្រូវសម្រេចឱ្យបាន តាមរយៈការផ្ដោតលើបេតិកភណ្ឌវប្បធម៌ ដំណើរកម្សាន្តបែបផ្សងព្រេង និងបទពិសោធន៍ទេសចរណ៍ធម្មជាតិ។

ជាមួយគ្នានេះ ការកែលម្អផលិតកម្មពីវិស័យកសិកម្ម និងនេសា​ទក៏ត្រូវបានគេមើលឃើញថា មានសារៈសំខាន់ខ្លាំងផងដែរ ព្រោះវាធានាធ្វើឱ្យប្រទេសនេះ មានសន្តិសុខស្បៀង និងកាត់បន្ថយការនាំចូល។

ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ(GDP per Capita) ចំនួន២.៤០៦ដុល្លារក្នុងមួយឆ្នាំ។

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានធ្វើការព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត នឹងសម្រេចបានកំណើនក្នុងរង្វង់៣,៣ភាគរយ នៅឆ្នាំ២០២៤នេះ៕

ប្រធានសមាគមមគ្គុទេសក័ទេសចរណ៍ស្នើរដ្ឋាភិបាលកែប្រែចំនួន៧ចំណុចដើម្បីទាក់ទាញភ្ញៀបអន្តរជាតិ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រធានមគ្គទេសក៍ទេសចរណ៍អង្គរ លោកខៀវ ធីបាន

លើកឡើង នូវចំណុចអវិជ្ជមានចំនួន៧ ដែលត្រូវពង្រឹងនិងកែប្រែ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូល ទៅកម្សាន្តនៅខេត្តសៀមរាប។

ចំណុចទាំង៧នោះ រួមមានដូចជា ការពង្រឹងផ្នែកបដិសណ្ឋារកិច្ច បរិស្ថាន(សំរាមតាមដងផ្លូវ) គំនូសចរាចរណ៍ សណ្តាប់ធ្នាប់ការចតយានយន្ត ការកែច្នៃសួនច្បារតាមដងផ្លូវ និងវត្តអារាម ជាដើម។

លោក ខៀវ ធី ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍អង្គរ បានពន្យល់នូវចំណុចនីមួយៗកាលពីពេលថ្មីៗនេះថា ការពង្រឹងផ្នែកសេវាកម្មបដិសណ្ឋារកិច្ច ចាប់ពីប៉ូលិស អន្តោប្រវេសន៍ អ្នកបើកបរ រត់តាក់ស៊ី អ្នកសេវាកម្មក្នុងសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ជាដើម ត្រូវចេះបង្កើនកិច្ចសហការ ញញឹមរួសរាយរាក់ទាក់ ដែលជាគន្លឹះ ធ្វើឱ្យអ្នកទេសចរមានក្តីសប្បាយរីករាយ កោតសរសើរ និងត្រឡប់នាំគ្រួសារមកលេងបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងនេះ ទាក់ទងនឹងបញ្ហាបរិស្ថាន លោក ខៀវ ធី មើលឃើញថា បញ្ហាបរិស្ថាន សំរាម គឺជារឿងស្មុគស្មាញ ដែលពិបាកដោះស្រាយ។

លោកថ្លែងថា “នៅក្នុងប្រទេសយើង សំរាមពង្រាយគ្រប់ទីកន្លែង ធ្វើឱ្យយើងមានការអាម៉ាស់ចំពោះភ្ញៀវ..ជាក់ស្តែងបើយើងធ្វើដំណើរតាម ផ្លូវគោកពីភ្នំពេញ ទៅសៀមរាប ក្រលេកឃើញសំរាមនៅតាមដងផ្លូវច្រើនណាស់ ដែលធ្វើឱ្យអ្នកទេសចរវាយតម្លៃថា ស្រុកយើងគ្មានអនាម័យ និងវិន័យល្អ”។

បញ្ហានេះ លោកស្នើដល់អាជ្ញាធរ គួរដាក់ពិន័យ ឬបម្រាមកុំឱ្យមានការចោលសំរាមពាសវាលពាសកាល ហើយអាជ្ញាធរត្រូវសម្អាតនៅតាមមូលដ្ឋានខ្លួន ជាពិសេសនៅតាមផ្លូវជាតិ។

ជាមួយគ្នានេះ បញ្ហាគំនូសចរាចរណ៍ ក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ទៅដល់អ្នកទេសចរផងដែរ។

លោកខៀវ ធី លើកឡើងថា នៅតាមដងផ្លូវជាតិជាច្រើន មិនមានគំនូសចរាចរណ៍នោះទេ ខុសពីប្រទេសជិតខាង ថៃ វៀតណាម តាមដងផ្លូវប្រទេសគេ មានគំនូសច្បាស់ងាយស្រួលសម្រាប់អ្នកទេសចរធ្វើ​ដំណើរ ពីតំបន់មួយទៅតំបន់មួយទៀត។ ដូច្នេះក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំខេត្តនីមួយៗ គួរតែពង្រឹងលើបញ្ហានេះ ព្រោះហេដ្ឋារចនាសម្ព័នផ្លូវថ្នល់រលោងស្អាតហើយ ប៉ុន្តែខ្វះចន្លោះគំនូសផ្លូវឱ្យបានត្រឹមត្រូវ។

ចំណែកការចតយានយន្ត ពុំមានសណ្តាប់ធ្នាប់ និងលក់ដូរលើផ្លូវថ្មើរជើង ក៏ជាបញ្ហាប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។

ប្រធានសមាគមមគ្គទេសក៍ទេសចរណ៍រូបនេះ មើលឃើញទៀតថា នៅតាមដងផ្លូវ និងតំបន់ទេសចរណ៍ មានសួនច្បារជាច្រើនខ្វែងខ្វាត់ ប៉ុន្តែខ្វះការយក​ចិត្តទុកដាក់ពីអាជ្ញាធរដែនដី ធ្វើឱ្យបាត់បង់សម្រស់សួន ដែលជាការទាក់ទាញទេសចរដ៏សំខាន់ផងដែរ។

ចំណុចចុងក្រោយដែលជាកន្លែង ទាក់ទាញទេសចរផងដែរនោះ គឺទីវត្តអារាម។

លោក ខៀវ ធី បានលើកឡើងថា ភ្ញៀវទេសចរបរទេសចូលចិត្តទស្សនាទីវត្តអារាម​ខ្លាំងណាស់។ នៅកម្ពុជា មានវត្តអារាមចំណាស់ជាច្រើន ដែលទាក់ទាញទេសចរ។ ប៉ុន្តែទីវត្តអារាមខ្លះ មានបរិស្ថានមិនល្អ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងប៉ះពាល់ដល់ទេសចរណ៍។

បើតាមប្រធានសមាគមមគ្គទេសក៍ទេសចរណ៍ វិស័យទេស​ចរណ៍មានកំណើនខ្ពស់ ចំណូលពន្ធដារក៏កើនឡើងពលរដ្ឋ អាចរកចំណូលបានច្រើន និងជួយកំណើនសេដ្ឋកិច្ចជាតិ៕

លោកស្រីCARMEN CHONG ថ្លែងថា យើងផ្លាស់ប្តូរការគិតចំពោះកម្ពុជានៅពេលមកដល់ទីនេះ

ដោយៈ ជេស៊ីកា

      ភ្នំពេញៈ លោកស្រីCARMEN CHONGនាយកប្រតិបតិ្ត​សមាគមAREAA Global បានថ្លែងថា យើងបានផ្លាស់ប្តូរការគិត នៅពេលមកកាន់កម្ពុជា។

លោកស្រីបានមានប្រសាសន៍ ក្នុងពិធីប្រកាសបើកការិយាល័យតំណាងAREAA Global ប្រចាំកម្ពុជាកាលពីរាត្រីថ្ងៃទី២៤ កុម្ភៈថា សមាជិក និងថ្នាក់ដឹកនាំរបស់AREAA Globalមានអារម្មណ៍សប្បា​យរី​ករាយយ៉ាងខ្លាំង ពេលបានមកដល់កម្ពុជា ជាមួយនឹងការស្វា​គមន៍ ស្នាមញញឹមប្រកបដោយភាពកក់ក្តៅពីប្រជាជនកម្ពុជា។

លោកស្រីបានបញ្ជាក់ថា “យើងបានផ្លាស់ប្តូររបៀបគិតរបស់យើង ពេលយើងមកកាន់ទីនេះ ហើយយើងនឹងផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក”។ លោកស្រីបន្តថា “យើងរីករាយក្នុងការបង្ហាញ និងបើកការិយាល័យនៅទីក្រុងភ្នំពេញ ជាមួយប្រជាជនមានបេះដូងដ៏កក់ក្តៅ”។

ថ្នា្កក់ដឹកនាំAREAA Global មកពីសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់លោកជំទាវឧកញ៉ា ស៊ ធីតា ស្ថាបនិក និងជានាយិកាក្រុមហ៊ុន Royal 5G Really Co.,Ltd ជាប្រធាន លោកស្រីតាំង ហួរ ជាអនុប្រធាន និងលោកស្រីចេវ សុឃុនជាអគ្គលេខាធិការប្រចាំកម្ពុជាកាលពីរាត្រីថ្ងៃទី២៤ កុម្ភៈកន្លងមកនេះ។

សមាគមAREAA Globalបានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានសមាជិកសរុប១៨,០០០នាក់ បែងចែកជា៥១ជាតិសាសន៍ និងនិយាយ២៦ភាសា៕

Dr Ben Li គេហទំព័រ Propertyarea បានរួមចំណែកយ៉ាងច្រើនក្នុងការលើកកំពស់វិស័យអចលនទ្រព្យនៅកម្ពុជា

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ លោកបណ្ឌិតBen Li អគ្គនាយកក្រុមហ៊ុនUrban Hubដែលបាន និងកំពុងអភិវឌ្ឍន៍គំរោងដ៏ធំមួយនៅរាជធានីភ្នំពេញ បានកោតសរសើរគេហទំព័រPropertyarea.asia ដែលបានរួមចំណែកលើកកំពស់ការផ្សព្វផ្សាយ ព័ត៌មានអចលនទ្រព្យនៅកម្ពុជា។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការផ្ស​ព្វ​​ផ្សាយព័ត៌មាន ទាក់ទងវិស័យអចលនទ្រព្យយ៉ាងស៊ីជម្រៅ និងក្នុងភាពវិជ្ជមាន បានធ្វើឲ្យគេហទំព័រនេះ មានការទទួលស្គាល់យ៉ាងទូលំទូលាយនៅកម្ពុជា។

លោកបន្តថា “គេហទំព័រនេះ ពិតជាធ្វើបានល្អ និងកំពុងរួមចំណែ​កលើកស្ទួយវិស័យនេះ”។ លោកបន្តថា “Propertyarea បានក្លាយជាplatformមួយ ដែលផ្សព្វផ្សាយនិយាយពីការអភិវឌ្ឍន៍ និងព័ត៌មាន​មានលក្ខណៈវិជ្ជមាន និងប្រកបដោយការស្ថាបនា”។

គេហទំព័រPropertyarea.asia បានចាប់កំណើតនៅឆ្នាំ២០១៧ ដោយអ្នកជំនាញមួយក្រុម ដែលបានមើលឃើញចន្លោះខ្វះ​ខាតការផ្សព្វផ្សាយព័ត៌មាន មានលក្ខណៈវិជ្ជមាន ក៏ដូចជាភាពខ្វះខាតនូវចំណេះដឹងក្នុងវិស័យនេះ ស្របពេលវិស័យសំណង់ និងអចលវត្ថុនៅកម្ពុជាមានការីកចម្រើនយ៉ាងលឿន។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asiaលោកយិន លាងគង់បានមានប្រសាសន៍ថ្លែង អំណរគុណដល់លោកបណ្ឌិតBen Li ក៏ដូចជាអ្នកអភិវឌ្ឍន៍ ក្រុមហ៊ុនភ្នាក់ងារ និងប្រជាពល​រដ្ឋទូទៅ ដែលបានគាំទ្រ និងផ្តល់ទំនុកចិត្តលើការផ្សព្វផ្សាយព័ត៌មានគេហទំព័ររបស់យើងកន្លងមក។

លោកបន្តថា “នៅក្នុងវិស័យសារព័ត៌មាន ការផ្សព្វផ្សាយព័ត៌​មានវិជ្ជមាន និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានសារៈសំខាន់ណាស់ ដើម្បីផ្តល់ពុទ្ឋិ និងទំនុកចិត្តដល់សាធារណៈជន និងអ្នកវិនិយោគជាតិ អន្តរជាតិ”។ លោកបន្តថា “ក្នុងដំណើរការរយៈពេលជិត៧ឆ្នាំកន្លងមកនេះ យើងទទួលបានការទទួលស្គាល់ពីអ្នកអាន អ្នកវិនិយោគជាតិ អន្តរជាតិ ដោយសារយើងប្រកាន់យកនូវការផ្សាយ ព័ត៌មានមានលក្ខណៈវិជ្ជមាន គោរពក្រមសីលធ៌មវិជ្ជាជីវៈ ផ្តល់ព័ត៌មានលឿន រហ័ស និងអាចទុកចិត្តបាន”។

លោកយិន លាងគង់បានបន្តដោយគូសបញ្ជាក់ផងដែរថា មានអ្នកអានមួយចំនួន បានប្រតិកម្មនឹងការផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណៈវិជ្ជមាន ប៉ុន្តែយើងឈរលើមូលដ្ឋានពិត និងផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ។ លោកបន្តថា យើងទទួលយកការរិះគន់ក្នុងន័យស្ថាបនា និងស្នើឲ្យអ្នកអានពិចារណា វិភាគឲ្យបានស៊ីជម្រៅ មុននឹងប្រតិកម្មលើរឿងអ្វីមួយ ជាជាងគ្រាន់តែអានចំណងជើង ហើយចាប់ផ្តើម​ប្រតិកម្ម ដោយមិនបានពិចារណា ឬមិនបានយល់ពីជម្រៅនៃសាច់រឿងនៅឡើយ”៕

AREAA Global ឈានជើងនិងបើកការិយាល័យតំណាងនៅកម្ពុជា

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ សមាគមអចលនទ្រព្យលំដាប់ពិភពលោកAREAA Global បានឈានជើងចូលទីផ្សារកម្ពុជា ជាមួយនឹងផែនការពង្រីកការផ្សព្វផ្សាយពីសក្តានុពល និងទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យមកកាន់ទីផ្សារកម្ពុជា។

ថ្នាក់ដឹកនាំAREAA Global មកពីសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់លោកជំទាវឧកញ៉ា ស៊ ធីតា ស្ថាបនិក និងជានាយិកាក្រុមហ៊ុន Royal 5G Really Co.,Ltd ជាប្រធាន លោកស្រីតាំង ហួរ ជាអនុប្រធាន និងលោកស្រីចេវ សុឃុនជាអគ្គលេខាធិការប្រចាំកម្ពុជាកាលពីរាត្រីថ្ងៃទី២៤ កុម្ភៈកន្លងមកនេះ។

លោកជំទាវឧកញ៉ាស៊ ធីតាបានមានប្រសាសន៍ក្នុងកម្មវិធីGala Dinner ដែលបានប្រារពធ្វើនៅសណ្ឋាគារSun& Moonថា កម្ពុជាមានសក្តានុពលលើវិស័យអចលនទ្រព្យ ស្របពេលសេដ្ឋកិច្ចកម្ពុជាមានកំណើនល្អប្រសើរ ដោយរំពឹងទទួលបានកំណើន៦,៦ភាគរយនៅឆ្នាំ២០២៤នេះ។

លោកជំទាវបន្តថា វិស័យអចលនទ្រព្យ កសិកម្ម វិស័យវាយណភ័ណ្ឌ និងវិស័យទេសចរណ៍មានភាពរីកចម្រើន ដែលផ្តល់កាលានុវត្តន៍ភាពល្អប្រសើរ សម្រាប់ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា។

ជាមួយគ្នានេះ លោកស្រីតាំង ហួរអនុប្រធានAREAA Globalបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការចូលរួមជាមួយAREAA Globalពិតជាមានសារៈសំខាន់ ពិសេសការតភ្ជាប់បណ្តាញអ្នកវិនិយោគពីបរទេសមកកាន់កម្ពុជា។ លោកស្រីបន្តថា យើងមានសមា​គមហើយ ប៉ុន្តែ​យើងត្រូវចុះបញ្ជីរនៅកម្ពុជា និងគ្រោងជ្រើសរើសសមាជិកនៅរយៈពេលបី ទៅបួនខែខាងមុខ។

លោកស្រីបន្តថា សមាគមAREAA Global មានមូលដ្ឋាននៅអាមេរិក ប៉ុន្តែសមាជិកភាគច្រើនជាជនជាតិអាស៊ី ដែលធ្វើឲ្យយើងងាយ ទំនាក់ទំនងគ្នា និងស៊ីសង្វាក់គ្នា។ លោកស្រីបន្តថា សមាគមនេះ មានអាយុកាលយូរមកហើយ និងមានសមាជិកនៅប្រទេសជាច្រើន ដែលសមាគមនេះ ផ្តោតសំខាន់លើការពង្រីកឱកាស និងទាក់ទាញការវិនិយោគទៅវិញទៅមក។

លោកស្រីតាំង ហួរបានបន្តថា “អ្វីសំខាន់ គឺយើងទាក់ទងពួកគាត់ឲ្យមកវិនិយោគនៅកម្ពុជា ព្រោះយើងចង់រួមចំណែកទំនាក់ទំនង និងជួយប្រទេសជាតិរបស់យើង”។ លោកស្រីបន្ថែមថា “យើងកុំរង់ចាំថា​តើរដ្ឋាភិបាលបានធ្វើអ្វីដើម្បីយើង ប៉ុន្តែយើងត្រូវសួរខ្លួនឯងថា បានធ្វើអ្វីសំរាប់ជាតិរបស់យើង ទើបជារឿងសំខាន់”។

លោកALLEN CHIANG ប្រធានAREAA Globalដែលបានមកកម្ពុជាជាលើកដំបូង បានសម្តែងការភ្ញាក់ផ្អើលនៅពេលលោកឃើញការរីកចម្រើនរបស់កម្ពុជា ដែលជាប្រទេសមានសក្តានុពលក្នុងការវិនិយោគ។

លោកបន្តថា “យើងរីករាយ និងគាំទ្រចំពោះការពង្រីកវត្តមានAREAA Globalមកកាន់កម្ពុជា”។

AREAA Globalបានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានសមាជិកសរុប១៨,០០០នាក់ បែងចែកជា៥១ជាតិសាសន៍ និងនិយាយ២៦ភាសា៕

ប្រតិភូធុរកិច្ចអាមេរិកមួយក្រុមធំ បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយ ÷ សហការី
ភ្នំពេញ :ថ្ងៃទី 24 ខែកុម្ភៈ: 2024 នៅសណ្ឋាគារ Sun and Moon មានរៀបចំកម្មវិធី “ស្វែងយល់ពីកម្ពុជា” ទៅដល់ក្រុមអ្នកវិនិយោគ ៤០ នាក់ ក្រោមការសហការរវាងឧកញ្ញ៉ា ស៊ ធីតា និង AREAA Global ដែលជាស្ថាប័នមួយមានសមាជិក 18,000 នាក់នៅក្នុងសហរដ្ឋអាមេរិក ចែកចេញជា 51 ជាតិសាសន៍ និងនិយាយ 26 ភាសា។ ប្រតិភូមកពី AREAA Global ដឹកនាំដោយ លោក Allen Chiang ប្រធាន AREAA Global លោកស្រី Carmen Chong នាយកប្រតិបត្តិ AREAA Global ព្រមទាំងសមាជិកជាច្រើននាក់ទៀត។

កម្មវិធី “ស្វែងយល់ពីកម្ពុជា” បង្កើតឡើងក្នុងគោលបំណងណែនាំអ្នកវិនិយោគអន្តរជាតិពី សក្កានុពលសម្រាប់វិនិយោគនៅកម្ពុជាជាពិសេសក្នុងវិស័យអចលនទ្រព្យ ដែលមានបរិយាកាសអំណោយផលជាច្រើនទាំងកត្តាធម្មជាតិ កត្តាភូមិសាស្ត្រ និងកត្តានយោបាយ។ កម្មវិធីនេះក៏បានណែនាំអំពីច្បាប់ ប្រព័ន្ធពន្ធដារ និងភាពងាយស្រួលនៃការផ្ទេរប្រាក់ ដែលត្រូវបានបង្ហាញ ដោយអ្នកជំនាញក្នុងស្រុកមកពីស្ថាប័ន ផ្សេងៗដូចជា ក្រុមហ៊ុនអចលនទ្រព្យ Royal 5G Co, Ltd, ក្រុមហ៊ុន Phillip Trustee (Cambodia) Co. Ltd, ធនាគារ វីង ភីអិលស៊ី និង ក្រុមហ៊ុន Bun & Associates ជាដើម។ គណៈប្រតិភូអន្តរជាតិក៏បាន ទៅទស្សនា និងស្វែងយល់ពីការរីកលូតលាស់យ៉ាងឆាប់រហ័សនៃទីក្រុងភ្នំពេញ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនានា តំបន់ទេសចរណ៍ ព្រមទាំងសិល្បៈ និងវប្បធម៌ខ្មែររផងដែរ។

ក្នុងពិធីជប់លៀងអាហារពេលល្ងាច AREAA Global បានប្រកាសតែងតាំងឧកញ៉ា ស៊ ធីតា ជាប្រធានប្រតិបត្តិនៃ AREAA Global Cambodia

ជាផ្នែកមួយដើម្បីតភ្ជាប់ឱកាសវិនិយោគរវាងប្រទេសកម្ពុជាទៅកាន់ សហរដ្ឋអាមរិក និង ទៅកាន់ពិភពលោក និងតែងតាំងគណៈគ្រប់គ្រងមួយក្រុមរួមមាន លោកស្រី តាំង ហ៊ួរ ជាអនុប្រធាន លោកស្រី ប៊ុន សូញ្ញ៉ា លោកស្រី ចេវ សុឃុន លោកស្រី ហេឡេន គីម (Helen Kim) និង លោក ម៉ាទីន យ៉ៅ (Martin Yau) ជាសមាជិក ដើម្បីជួយសម្របសម្រួល ដឹកនាំ និង តំរង់ទិស។

ឱកាសល្អសម្រាប់អ្នកចង់ទិញផ្ទះនៅបុរី ប៉េង ហួត សល់តែ ៥ ថ្ងៃទៀតទេ

ដោយ ÷ សហការី
ក្នុងឱកាសអបអរសាទដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន បុរី ប៉េង ហួតបានផ្ដល់ជូនយ៉ាងពិសេសដល់អតិថិជន ដែលធ្វើការកក់ផ្ទះនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។ ដូចនេះឱកាសដ៏ល្អមួយនេះ នៅសល់ត្រឹមតែ ៥ ទៀតប៉ុណ្ណោះ។

ការផ្ដល់ជូនទាំងនេះ មានដូចជាដូចជា៖ បញ្ចុះតម្លៃបន្ថែមរហូតដល់ ៦ ម៉ឺនដុល្លារ ទទួលបានប័ណ្ណទឹកប្រាក់ប្រារព្ធកម្មវិធីនៅ PH Grand Hall រហូតដល់ ៥,០០០ អាំងប៉ាវនាំសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់។

ដើម្បីទទួលបានការផ្ដល់ជូនដ៏ពិសេសទាំងនេះសូមទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ។

ប៉េង ហួត គ្រុប ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដល់មណ្ឌលមែកឈើ កុមារកំព្រាក្រីក្រ កុមារអនាថាចំនួន ១៦០នាក់ នៅមណ្ឌលមែកឈើ ទទួលអំណោយពី ប៉េង ហួត គ្រុប

ដោយ ÷ សហការី
ភ្នំពេញ :ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ​ជាលើកទីពីរ បរិច្ចាគដល់មណ្ឌលមែកឈើ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់កុមារកំព្រា-ក្រីក្រឥតទីពឹង កុមារអនាថា កុមារពិការ និងកុមាររងគ្រោះផ្សេងៗប្រមាណជាង ១៦០នាក់ ដែលកំពុងប្រឈមការខ្វះខាតឱ្យទទួលបាននូវការទំនុកបម្រុងគ្រប់គ្រាន់ និងឱកាសទទួលបានការយកចិត្តទុកដាក់និងការរស់នៅសមរម្យ ជាពិសេសគឺដើម្បីផ្ដល់ឱ្យពួកគេមានលទ្ធភាពបន្តការរៀនសូត្រសម្រាប់បំពេញក្ដីសុបិន្តនាពេលអនាគត។ ព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តឡើងនារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិលិចវត្ត​  សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ​

ស្របតាមសសរស្តម្ភទាំង៣របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ដែលការបរិច្ចាគនេះគឺជាការងារសង្គមនៃបង្គោលទី៣ ដែលផ្ដោតលើការរួមចំណែកលើកកម្ពស់ជីវភា​ពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការយកចិត្តទុកដាក់បរិច្ចាគដល់កន្លែងដែលមានជីវភាពខ្វះខាតដូចជាមនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រជាដើម ខណៈពួកគេជាធនធានដ៏សំខាន់ និងជាអនាគតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សូមរំលឹកថា មណ្ឌលមែកឈើពីមុនគឺជាសមគមជនឥតទីពឹង ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៤ និងទទួលស្គាល់ពីទីស្ដីការគណៈរដ្ឋមន្រ្តី ដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងសង្រ្គោះកុមារកំព្រាគ្មានទីពឹង កុមារក្រីក្រ កុមារអនាថា កុមារពិការ កុមាររងគ្រោះផ្សេងៗ ស្ដ្រី និងចាស់ជរាគ្មានទីពឹង៕​