មហាសេដ្ឋីកំពូល៣រូបខាតបង់ប្រាក់អស់៩៩ពាន់លានដុល្លារអាមេរិក ខណៈមានការចោទលើករណីឆបោក និងបន្លំទិន្នន័យផ្សារហ៊ុន

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយពីគេហទំព័រ MSN បានរាយការណ៍ឱ្យដឹងមកថា ក្រុមហ៊ុនស្រាវជ្រាវអាមេរិក Hindenburg បានធ្វើឲ្យមហាសេដ្ឋី កំពូលចំនួន៣រូបបាត់បង់លុយសរុបប្រមាណ៩៩ពាន់លានដុល្លារអាមេរិក។

ប្រភពដដែលបានបន្តថា មហាសេដ្ឋីទាំង ៣រូប ដែលខាតទាំងលុយ ហើយក្រុមហ៊ុនខាតប្រយោជន៍ធំ ដោយសារក្រុមហ៊ុន Hindenburg រួមមានមហាសេដ្ឋីឥណ្ឌាលោក Gautam Adani ម្ចាស់ក្រុមហ៊ុន Adani Group  លោក Jack Dorsey អតីតប្រធានក្រុមហ៊ុន Twitter និងមហាសេដ្ឋីអាមេរិកលោក Carl Icahn ម្ចាស់ក្រុមហ៊ុន Icahn Enterprises។

Jack Dorsey

ក្នុងចំណោមមហាសេដ្ឋីទាំង ៣រូបនេះ លោក Gautam Adani ទទួលរងការខាតបង់ខ្លាំងជាងគេបំផុត ពោលគឺខាតបង់ទ្រព្យសម្បត្តិរហូតដល់ទៅរាប់សិបពាន់លានដុល្លារអាមេរិក។

Gautam Adani

ក្រៅពីខាតបង់ទ្រព្យសម្បតិផ្ទាល់ខ្លួន ក្រុមហ៊ុនមហាសេដ្ឋីទាំង៣រូបនេះ ក៏បាត់បង់តម្លៃមូលធនទីផ្សារសរុបប្រហែល ១៧៣ពាន់លានដុល្លារអាមេរិកផងដែរ។

Carl Icahn

ក្រុមហ៊ុនស្រាវជ្រាវអាមេរិក Hindenburg បានបញ្ចេញទិន្នន័យស្រដៀងគ្នា ដោយចោទមហាសេដ្ឋីទាំង៣រូបនេះ ទាក់ទៅទងនឹងករណីឆបោក និងបន្លំទិន្នន័យផ្សារហ៊ុន៕

តម្លៃស្បៀងអាហារសកលហក់ឡើងបន្ទាប់ពីរុស្សុីដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅជាមួយអ៊ុយក្រែន

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃស្បៀងអាហារសកលបានកើនឡើងកាលពីខែកក្កដា បន្ទាប់ពីប្រទេសរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៃកប៉ាល់ដឹកគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន។

អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា សន្ទស្សន៍តម្លៃស្បៀងអាហារសកលរបស់ខ្លួនបានកើនឡើង១,៣% នៅក្នុងខែកក្កដា បើធៀបទៅនឹងខែមិថុនា។

សន្ទស្សន៍ប្រចាំខែ ដែលតាមដានទំនិញម្ហូបអាហារជាច្រើននៅតែធ្លាក់ចុះជិត១២% ចាប់ពីខែកក្កដា ឆ្នាំ២០២២ ប៉ុន្តែការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិបានជំរុញឱ្យតម្លៃគ្រាប់ធញ្ញជាតិ និងប្រេងផ្កាឈូករ័ត្នហក់ឡើងថ្លៃ។

កិច្ចព្រមព្រៀងនេះត្រូវបានបន្ត៣ដងរួចមកហើយ ប៉ុន្តែរុស្ស៊ីបានគំរាមម្តងហើយម្តងទៀតថានឹងដកខ្លួនចេញ ដោយលើកហេតុផលថា ប្រទេសរុស្សុីត្រូវបានរារាំងក្នុងការនាំចេញផលិតផលរបស់ខ្លួន។

កាលពីខែមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការគំរាមកំហែងទាំងនោះ ដោយលោកបានអះអាងថា គោលបំណងសំខាន់នៃកិច្ចព្រមព្រៀងនេះ គឺដើម្បីផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដល់បណ្តាប្រទេសដែលខ្វះខាត។លោកពូទីនបានបញ្ជាក់កាលពីសប្តាហ៍មុនថា រុស្ស៊ីអាចជំនួសការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ បណ្តាប្រទេសអាហ្វ្រិកដែលខ្វះខាតបំផុត។

លោកបន្ថែមថា ការនាំចេញគ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃរបស់រុស្សុីទៅកាន់ប្រទេសចំនួនប្រាំមួយ រួមទាំងប្រទេសសូម៉ាលី និងអេរីទ្រា នឹងកើតឡើងក្នុងរយៈពេល៤ខែខាងមុខ៕

មន្ត្រីជំនាញដែនដីអះអាងថា វិស័យសំណង់ខេត្តកំពតនៅតែមានដំណើរការល្អជាធម្មតា

ដោយៈ គង់ សូរិយា
កំពតៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង និងសូរិយោដី ខេត្តកំពត លោកស៊ឹម សុខជា បានឱ្យដឹងថា វិស័យសំណង់ នៅតែមានដំណើរការល្អពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែអាជ្ញាធរខេត្ត មានការយកចិត្តទុកដាក់លើការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការកែលម្អសោភណ្ឌភាពក្រុង។ការកែលំអរក្រុងនេះ ដើម្បីទាក់ទាញទេសចរ និងអ្នកវិនយោគឱ្យចូលមកច្រើន ធ្វើឱ្យពលរដ្ឋខេត្តកំពត ទទួលបានប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោល ដែលបានជំរុញដល់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។

លោកបញ្ជាក់ថា យោងតាមរបាយការណ៍ វិស័យសំណង់ខេត្តកំពត ធៀបនឹងឆមាសទី១ ឆ្នាំ២០២៣ និងឆមាសទី១ នៅឆ្នាំ២០២២ វិស័យសំណង់នៅក្នុងខេត្តកំពត នៅតែរក្សា និងមានសន្ទុះល្អដដែល។ តាមការរំពឹងទុក វិស័យសំណង់នឹងកាន់តែប្រសើរឡើងបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់។

ទទ្ទឹមគ្នានោះដែរ លោកអនុប្រធានមន្ទីរ ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគទាំងអស់ចូលរួមសហការ និងគោរពច្បាប់សំណងឱ្យបានល្អ ហើយកុំសាងសង់មុនពេលទទួលបានលិខិតអនុញ្ញាត ឬសាងសង់បំពានដីរបស់រដ្ឋជាដើម។ ការគោរពច្បាប់ ជាការរូមចំណែកក្នុងការអភិវឌ្ឍន៍សង្គម រក្សាបាននូវសុវត្ថិភាព សោភណ្ឌភាពសំណង់ និងមានឈ្មោះជាពលរដ្ឋល្អ៕

លោកឧកញ៉ាហួត អៀងតុងៈសុខភាពរបស់ធនាគារហត្ថានៅតែមានភាពប្រសើរក្នុងឆ្នាំនេះ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់បានលើកឡើងថា សុខភាពឥណទាន និងប្រាក់បញ្ញើររបស់ធនាគារហត្ថា នៅតែមានភាពល្អប្រសើរនៅក្នុងរយៈពេល៧ខែដើមឆ្នាំនេះ។

ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៩ សីហានេះថា ស្ថានភាពឥណទាន និងការដាក់ប្រាក់បញ្ញើររបស់អតិថិជន នៅតែមានស្ថេរភាព ប៉ុន្តែអត្រាចំណេញបានធ្លាក់ចុះបន្តិចបន្តួច ដោយសារការកើនឡើងនូវកម្រិតបំណុល សងត្រលប់មានសភាពយឺតយ៉ាវ។

លោកឧកញ៉ាបានបញ្ជាក់ថា “ជាទូទៅអ្វីៗនៅតែដំណើរការប្រសើរ ហើយសុខភាពរបស់ធនាគារ និងវិស័យហិរញ្ញវត្ថុទាំងមូលមិនមានសញ្ញាហានិភ័យណាមួយទេ”។តើធនាគារបានដាក់ចេញយុទ្ឋសាស្រ្តអ្វី ដើម្បីទប់ទល់នឹងស្ថានភាពនេះ?។

លោកឧកញ៉ាហួត អៀងតុងបានបញ្ជាក់បន្តថា ធនាគារបាននិងកំពុងគិតគូរលើបញ្ហានេះ តាមរយៈការរឹតបន្តឹងឥណទាន ប៉ុន្តែយើងនឹងជួយផ្តល់ឥណទាន ដល់វិស័សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីឲ្យពួកគេដំណើរការបានល្អប្រសើរ ក្នុងន័យជម្រុញកំនើនសេដ្ឋកិច្ច។ លោកបន្តថា ជាមួយគ្នានេះ យើងក៏បាននិងកំពុងជម្រុញឲ្យអតិថិជនសងត្រលប់យឺត ធ្វើការបង់ប្រាក់ឲ្យបានទាន់ពេលវេលា និងវិធានការណ៍ដាក់ចេញជាច្រើនទៀត។

ធនាគារហត្ថាជាធនាគារធំ និងឈានមុខមួយនៅកម្ពុជា បន្ទាប់ពីគ្រឹះស្ថានហត្ថាកសិករបានលក់ស្ថាប័ននេះ ដល់ធនាគារក្រុងស្រ៊ីនៅប្រទេសថៃ៕

លោកស្រីតាំង ហួរមានសុទិដ្ឋិនិយមចំពោះរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកបណ្ឌិតហ៊ុន ម៉ាណែត

ដោយៈ គង់ សូរិយា
ភ្នំពេញៈ
លោកស្រីតាំង ហួរអ​នុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកបណ្ឌិតហ៊ុន ម៉ាណែតនឹងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនថែមទៀត។

លោកស្រីតាំង ហួរដែលជាអគ្គនាយិកាក្រុមហ៊ុនAmatak Property Services ផងដែរ បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃទី៨ សីហាថា ជាមួយនឹងបទពិសោធន៍ការងារ ចំណេះដឹងដ៏ខ្ពង់ខ្ពស់ ដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស និងប្រជាប្រិយភាពរបស់លោក លោកស្រី និងអ្នកជំនាញដទៃទៀត កំពុងមានសុទិដ្ឋិនិយមពីការដឹកនាំរបស់លោក។

លោកស្រីបញ្ជាក់ថា “ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី នាពេល​ខាងមុខ ដែលសមាសភាពគណៈរដ្ឋមន្រ្តី សុទ្ឋតែជាមន្រ្តីវ័យ​ក្មេង មានចំណេះដឹង នឹងធ្វើឲ្យកម្ពុជាកាន់តែលេចត្រដែតលើឆាកអន្តរជាតិ”។ លោកស្រីបន្តថា “តាមព័ត៌មាន គឺអ្នកវិនិយោគអន្តរជាតិ បាននិងកំពុងឈាន មកកាន់ទីផ្សារកម្ពុជាបណ្តើរៗហើយ ហើយពួកគេរីករាយនឹងសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចកម្ពុជា”។ លោកស្រីតាំង ហួរបានបន្តថា សមាសភាពគណៈរដ្ឋមន្រ្តីថ្មី ក្រោមការដឹកនាំរបស់លោកបណ្ឌិតហ៊ុន ម៉ាណែត នឹងជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនរយៈពេលវែង ដោយសារពួកគាត់សុទ្ឋតែជាមន្រ្តីមានចំណេះដឹងខ្ពស់ និងមានទស្សនវិស័យវែងឆ្លាយ ដើម្បីនាំកម្ពុជាកាន់តែលេចធ្លោលើឆាកអន្តរជាតិ។

លោកស្រីបញ្ជាក់ទៀតថា “មិនមែនតែខ្ញុំទេ តែអ្នករកស៊ីតូច ធំ​ដែលខ្ញុំបានជួប ពួកគេសុទ្ឋតែមានក្តីសង្ឃឹមខ្ពស់លើរាជរដ្ឋាភិបាលថ្មី ដែលនឹងនាំមកនូវវិបុលភាព សម្រាប់វិស័យនេះ និងធ្វើឲ្យវិស័យសំ​ណ​ង់ និងអចនវត្ថុ កាន់តែរីកចម្រើនថែមទៀត”។គណៈរដ្ឋមន្រ្តីថ្មី ក្រោមការដឹកនាំរបស់លោកបណ្ឌិតហ៊ុន ម៉ាណែតនឹងចាប់ផ្តើមនៅថ្ងៃទី២២ សីហាខាងមុខនេះ៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីដំណាក់កាលនៃការវិនិយោគលើអចលនទ្រព្យក្នុងវិបត្តិ

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ការបោះជំហ៊ានវិនិយោគ ត្រូវតែមានមូលដ្ឋានច្បាស់​លាស់ ដើម្បីសម្រេចបានជោគជ័យឬបរាជ័យ។លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី៨ សីហាកន្លងមកថា បើសិនជាយើងទិញហើយ៣ឆ្នាំ រួចលក់ចេញវិញ យើងគួរតែទិញក្នុងតំបន់ទីក្រុង។ តែបើទិញទុក៥ឆ្នាំ រួចលក់ចេញវិញ យើងគួរទិញនៅតំបន់ជាយក្រុង ប៉ុន្តែបើទិញ១០ឆ្នាំ រួចទើបលក់ចេញ យើងទិញនៅទីណាក៏បានដែរ។

លោកឧកញ៉ាបានអះអាងថា “ឆ្នាំ២០២៣នេះ គឺជាឆ្នាំដ៏ល្អបំផុតសម្រាប់អ្នកដែលមានលុយ ក្នុងការទិញអចលនទ្រព្យទុកលក់យកចំណេញ”។ លោកបន្តថា “ប៉ុន្តែវាពិបាកណាស់ សម្រាប់អ្នកខ្សត់សាច់ប្រាក់ ព្រោះចំនួនអ្នកលក់មានច្រើន ជាងអ្នកទិញខ្លាំងពេក ដែលមានន័យថា តម្រូវការតិច ហើយតម្លៃធ្លាក់ចុះ”លោកឧកញ៉ាបានបន្តថា “ឆ្នាំ២០២៣នេះ ជាឆ្នាំបាតនៃវិបត្តិសេដ្ឋកិច្ច តែនៅកម្ពុជាវាបានកើតឡើង ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩មកម្ល៉េះ។ ក្នុងឆ្នាំ២០២៤នេះ សហរដ្ឋអាមេរិក និងចិនមិនអាចច្របាច់កគ្នា និងបិទច្រមុះគ្នាបាននោះទៀតទេ  ដូច្នេះនៅពេលណា ដែលមហាអំណាចទាំង២ចុះសម្រុងគ្នា នោះសេដ្ឋកិច្ចពិភពលោកអាចដំណើរការឡើងវិញយ៉ាងល្អប្រសើរ។

លោកឧកញ៉ាបានឱ្យដឹងទៀតថា បើយើងមានលុយទិញនៅឆ្នាំ២០២៣នេះ ដូច្នេះនៅឆ្នាំ២០២៤ ឬឆ្នាំ២០២៥ខាងមុខ នោះយើងអាចលក់ចេញវិញចំណេញបានច្រើន។ ដូច្នេះបើសិនជាយើងមានលុយ ពេលនេះគឺជាពេលដែលត្រូវទិញតែម្តង។

លោកឧកញ៉ាបន្ថែមថា “នៅពេលសហរដ្ឋអាមេរិក និងចិនច្របា​ច់ក បិទច្រមុះគ្នា នោះអ្នកដែលរងគ្រោះខ្លាំងជាងគេ មិនមែនជាចិន និងអាមេរិកនោះទេ ប៉ុន្តែគឺប្រទេសតូចៗ ហើយកាលណាប្រទេសតូចៗរងគ្រោះហើយនោះ ប្រទេសធំៗក៏អាចរងផលប៉ះពាល់ផងដែរ៕

 

ធនាគារកណ្ដាលថៃ ជំរុញការប្រើប្រាស់ប្រាក់យ័ន របស់ចិន ដើម្បីទប់ការប្រែប្រួលខ្លាំងនៃប្រាក់បាត ទល់នឹងដុល្លារ

តែម សុខុម
បាងកក: ធនាគារកណ្ដាលថៃ (BoT) គ្រោងលើកកម្ពស់ការប្រើប្រាស់ប្រាក់យ័ន របស់ចិន និងរូបិយប័ណ្ណអាស៊ី ផ្សេងៗទៀតនៅក្នុងពាណិជ្ជកម្ម និងការវិនិយោគដើម្បីទប់ការប្រែប្រួលយ៉ាងខ្លាំងនៃប្រាក់បាត ទល់នឹងប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៨ សីហា។

លោកស្រី អាលីសារា មហាសានដាណា (Alisara Mahasandana) ឧបការីទេសាភិបាលធនាគារកណ្ដាលថៃ បានលើកឡើងក្នុងបទសម្ភាសន៍មួយនៅក្រុងបាងកក កាលពីសប្ដាហ៍មុនថា ធនាគារកណ្តាលថៃ រំពឹងថានឹងប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់កាន់តែច្រើនដើម្បីជួយកាត់បន្ថយហានិភ័យនៃអត្រាប្តូរប្រាក់។

លោកស្រីលើកឡើងថា ខណៈកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការលើកកម្ពស់រូបិយប័ណ្ណនានាក្រៅពីប្រាក់ដុល្លារ មានអាយុកាលជាងមួយទស្សវត្សរ៍មកហើយនោះ ពេលនេះរូបិយប័ណ្ណទាំងនោះកំពុងទទួលបានសន្ទុះជាមួយនឹងកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនជាមួយធនាគារកណ្តាលថៃ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ។

ប្រទេសថៃ ដែលពឹងផ្អែកខ្លាំងលើពាណិជ្ជកម្ម និងវិស័យទេសចរណ៍ គឺស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលកំពុងចាត់វិធានការនានាដើម្បីកាត់បន្ថយហានិភ័យនៃការឡើងថ្លៃប្រាក់ដុល្លារ ដែលបានធ្វើឱ្យរូបិយប័ណ្ណក្នុងស្រុកនានាចុះខ្សោយ និងក្លាយជាឧបករណ៍គ្រប់គ្រងសេដ្ឋកិច្ច។

ធនាគារកណ្ដាលថៃ បាននិងកំពុងធ្វើការជាមួយធនាគារកណ្ដាលចិន ធនាគារកណ្ដាលម៉ាឡេស៊ី និងធនាគារកណ្ដាលឥណ្ឌូនេស៊ី ដើម្បីលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងនោះ។លោកស្រី អាលីសារា មហាសានដាណា ដែលជាឧបការីទេសាភិបាលធនាគារកណ្ដាលថៃ បានគូសបញ្ជាក់ថា នឹងមានវឌ្ឍនភាពបន្ថែមទៀតស្ដែងចេញឱ្យឃើះនៅក្នុងឆមាសទី២ ចុងឆ្នាំនេះ៕ Bangkok Post៕

អ្នកជំនាញថា ទីផ្សារខុនដូនៅវៀតណាម នឹងបន្តដាំក្បាលចុះរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០២៥

តែម សុខុម

ហូជីមិញ: ទីផ្សារខុនដូក្នុងប្រទេសវៀតណាម នៅតែដាំក្បាលចុះខ្លាំងដោយសារការផ្គត់ផ្គង់មានច្រើនលើសលប់ធៀបនឹងតម្រូវការ ហើយអ្នកជំនាញក្នុងឧស្សាហកម្មព្រមានថា ការដាំក្បាលនេះនឹងបន្តរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០២៥។

ទោះបីជាថ្មីៗនេះមានព័ត៌មានវិជ្ជមានចុះផ្សាយអំពីបទប្បញ្ញត្តិនានារបស់រដ្ឋាភិបាល ក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់គម្រោងខុនដូយ៉ាងណាក្ដី ក៏ខុនដូត្រឹមតែ១២២យូនីតប៉ុណ្ណោះដែលត្រូវបានលក់ចេញក្នុងត្រីមាសទី២ ដើមឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៧ សីហា។

របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនផ្ដល់សេវាកម្មអចលនទ្រព្យវៀតណាម DKRA Group បង្ហាញថា ស្តុកខុនដូដែលមិនទាន់លក់ចេញមានចំនួនលើសពី៤២.៣០០យូនីតគិតត្រឹមខែមិថុនា ដែលច្រើនជាងឆ្ងាយបើធៀបនឹងស្តុកបូកបញ្ចូលគ្នានៃផ្ទះអាជីវកម្ម (Shop House) និងផ្ទះ Resort Villa មាត់ឆ្នេរទៅទៀត។
របាយការណ៍ដដែលបង្ហាញថា ពេលនេះបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍កំពុងជួបការលំបាកខ្លាំងក្នុងការលក់ខុនដូទាំងនោះ ហើយប្រឈមបញ្ហាហិរញ្ញវត្ថុដោយសារខ្ចីប្រាក់ពីធនាគារយកមកអភិវឌ្ឍគម្រោងទាំងនេះ។

យោងតាមរបាយការណ៍ដដែលបង្ហាញទៀតថា ការលក់ខុនដូដែលមានស្រាប់ក្នុងឆ្នាំនេះគឺមានសន្ទុះយឺតខ្លាំងដែលជះផលប៉ះពាល់ដល់ទាំងទីផ្សារដំបូង (Primary market) និងទីផ្សារបន្ទាប់ (Secondary market)។
បណ្ដាអ្នកវិនិយោគយល់ថា ពួកគេកាន់តែពិបាកខ្លាំងឡើងនៅក្នុងការលក់ខុនដូរបស់ពួកគេដោយទទួលបានប្រាក់ចំណេញ ជាហេតុដែលនាំឱ្យពួកគេសម្រេចចិត្តដាក់ជួលខុនដូទាំងនោះក្នុងតម្លៃទាប៕ VN News៕

ទុនបម្រុងអន្តរជាតិរបស់ប្រទេសចិន កើនឡើងដល់ជាង៣,២ទ្រីលានដុល្លារអាមេរិក

តែម សុខុម

ប៉េកាំងៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃច័ន្ទ ទី៧ ខែសីហា ថា ទុនបម្រុងអន្តរជាតិរបស់ប្រទេសចិន បានកើនឡើងលើសពីការរំពឹងទុកក្នុងខែកក្កដា ខណៈប្រាក់ដុល្លារអាមេរិក បានធ្លាក់ថ្លៃធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។

ទុនបម្រុងអន្តរជាតិរបស់ប្រទេសចិន ដែលជាទុនបម្រុងអន្តរជាតិធំបំផុតទូទាំងពិភពលោកបានកើនឡើង១១,៣ពាន់លានដុល្លារ ឈានដល់ជាង៣,២ទ្រីលានដុល្លារ កាលពីខែមុន បើធៀបនឹង៣,២ទ្រីលានដុល្លារ ដែលទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើការស្ទង់មតិទៅលើក្រុមអ្នកវិភាគ និងបើធៀបនឹងប្រមាណ៣,២ទ្រីលានដុល្លារ ក្នុងខែមិថុនា។រូបិយប័ណ្ណយ័ន របស់ចិន បានហក់ឡើងថ្លៃ១,៥%ទល់នឹងប្រាក់ដុល្លារអាមេរិក ក្នុងខែកក្កដា ខណៈប្រាក់ដុល្លារអាមេរិក កាលពីខែមុនបានធ្លាក់ថ្លៃ១,០%ទល់នឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។

ប្រទេសចិន បានកាន់កាប់មាសចំនួន៦៨,៦៩លានអោន (Ounce) គិតត្រឹមដំណាច់ខែកក្កដា ដោយកើនឡើងពី៦៧,៩៥លានអោនគិតត្រឹមដំណាចខែមិថុនា។

តម្លៃនៃទុនបម្រុងជាមាសរបស់ប្រទេសចិន បានកើនឡើងដល់ជាង១៣៥ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែកក្កដា ដោយកើនឡើងពីប្រមាណ១៣០ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែមិថុនា៕ Reuters៕

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យកែប្រែឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយពង្រីកទំហំផ្ទៃដីដល់ជាង ១៥៦ពាន់ហិកតា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយ ស្តីពីការកែប្រែឧទ្យានជាតិព្រះមុនីវង្សបូកគោ ដោយពង្រីកទំហំផ្ទៃដីដល់ជាង ១៥៦ពាន់ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

បើតាមអនុក្រឹត្យ, ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ត្រូវបានកែប្រែពីផ្ទៃដីទំហំ១៥៤ ៤៥៨ ហិកតា មកផ្ទៃដីទំហំ១៥៦ ១១៦ហិតកាស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»ខាងលើ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ១៧១ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ១ ៦៥៨ (មួយពាន់ប្រាំមួយ រយហាសិបប្រាំបី)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើត របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖