រដ្ឋាភិបាលកូរ៉េដាក់គោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន២០លាននាក់ នៅឆ្នាំ២០២៤

ដោយៈ តែម សុខុម

សេអ៊ូលៈ រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ថា ខ្លួនមានផែនការទាក់ទាញ ភ្ញៀវទេសចរបរទេសឱ្យបាន២០លាននាក់នៅឆ្នាំក្រោយ ខណៈវប្បធម៌របស់ប្រទេសនេះកំពុ​ងទទួលបានប្រជាប្រិយភាព កាន់តែខ្លាំងឡើងទូទាំងពិភពលោក។

​លោក Yoo In-chon រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសច​រណ៍បានលើកឡើ ងក្នុងសន្និសីទសារព័ត៌មាន នៅកណ្ដាលក្រុងសេអ៊ូល ថា “ដើម្បីអបអរគំនិតផ្ដួចផ្ដើម Visit Korea Year (ឆ្នាំដែលត្រូវមកលេងកូរ៉េ) ក្រសួងវប្បធម៌គ្រោងប្រឹងប្រែងឱ្យអស់លទ្ឌភាព ដើម្បីស្វែងរក និងអភិវឌ្ឍមាតិកាខុសៗគ្នាស្ដីពី វិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យបាន២០លាននាក់នៅឆ្នាំក្រោយ”។

សន្និសីទសារព័ត៌មាននេះ គឺជាព្រឹត្តិការណ៍ផ្លូវការទាក់ទិននឹងវិស័យទេសចរណ៍ ដំបូងបង្អស់របស់ក្រសួង ដែលត្រូវបានរៀបចំឡើងដើម្បីអបអរគំនិតផ្ដួចផ្ដើម “2023-2024 Visit Korea Year” (២០២៣-២០២៤ ជាឆ្នាំដែលត្រូវមកលេងកូរ៉េ” ចាប់តាំងពីលោក Yoo In-chon ចូលកាន់តំណែងកាលពីខែមុន។

លោក Yoo In-chon បានគូបញ្ជាក់ថា ប្រទេសកូរ៉េ បានជួបប្រទះនូវឱនភាព ក្នុងឧស្សាហកម្មទេសចរណ៍ ខណៈភ្ញៀវទេសចរចេញក្រៅមានចំនួនច្រើន ជាងភ្ញៀវទេសចរបរទេស ដែលចូលមកលេងប្រទេសនេះ ចាប់តាំងពីការបើកព្រំដែនឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ក្នុងឆ្នាំនេះ។

យោងតាមទិន្នន័យរបស់អង្គការទេសចរណ៍កូរ៉េ (Korea Tourism Organization) បានបង្ហាញថា ពលរដ្ឋកូរ៉េជាង១៦,១លាននាក់ បានធ្វើដំណើរទេសចរណ៍ ទៅក្រៅប្រទេសគិតត្រឹមខែកញ្ញា ឆ្នាំនេះ ដែលខ្ពស់ជាងខ្លាំង បើធៀបនឹងចំនួនភ្ញៀវទេសចរបរទេស៧,៦៥លាននាក់ ដែលចូលមកលេងប្រទេសកូរ៉េ ក្នុងរយៈពេលដូចគ្នានេះ៕ Korea Times៕

Hanoi launches $4.2B ‘smart city’ project

Hanoi launched a new US$4.2 billion “smart city” project spanning over 270 ha on Saturday.

Smart City in Dong Anh District is being constructed by the North Hanoi Smart City Development Investment (NHSC) company. The company is a consortium between Vietnam’s BRG Corporation and Japan’s Sumitomo Corporation.

The project is expected to take nine years to complete in five phases. The first four phases, to be finished in the first seven years, involve planting trees and building houses, schools, parking lots and other structures.

The last phase, to be completed from 2030 to 2032, will involve the construction of certain highlight structures, including a mall and a
108-story financial center.

Duong Duc Tuan, vice chairman of Hanoi People’s Committee, said the project is at an important location, at the foot of the Nhat Tan Bridge, on the northern side of the Red River, between the Thang Long and Long Bien Bridges, and on the Vo Nguyen Giap route, which connects downtown Hanoi and the West Lake area with Noi Bai airport.

Tuan said he hoped Smart City will help solve major infrastructural issues regarding traffic, energy, education, medicine and the environment.

Hanoi has asked the main investor to cooperate with relevant units to finish the land clearance process (currently 92% complete), as well as procedures on land use and construction approval. BRG and Sumitomo first signed an agreement on the project in 2017. Source: Vnexpress

ទីក្រុងហាណូយប្រកាសសាងសង់ទីក្រុងឆ្លាតវៃថ្មីមួយ តម្លៃ៤,២ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងហាណូយបានបើកដំណើរការគម្រោងសាងសង់ “ទីក្រុងឆ្លាតវៃ” ថ្មីតម្លៃ៤,២ពាន់លានដុល្លារអាមេរិក ដែលលាតសន្ធឹងលើផ្ទៃដីទំហំ២៧០ហិកតា កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកាកន្លងទៅ។

ទីក្រុងឆ្លាតវៃនេះស្ថិតនៅក្នុងស្រុក Dong Anh ទីក្រុងហាណូយ ហើយគម្រោងតម្លៃជាង៤ពាន់លានដុល្លារមួយនេះកំពុងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន North Hanoi Smart City Development Investment (NHSC)។

ក្រុមហ៊ុននេះ គឺជា ការចងសម្ព័ន្ធភាពរវាង ក្រុមហ៊ុន BRG Corporation របស់ប្រទេសវៀតណាម និងក្រុមហ៊ុន Sumitomo Corporation របស់ ប្រទេសជប៉ុន។ ក្រុមហ៊ុន BRG និង Sumitomo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកដំបូងលើគម្រោងនេះក្នុងឆ្នាំ២០១៧។
គម្រោងនេះត្រូវបានគេរំពឹងថានឹងចំណាយពេល៩ឆ្នាំ ដើម្បីបញ្ចប់ជា៥ដំណាក់កាល។ ក្នុងនោះដំណាក់កាលចំនួន៤ដំបូង ដែលត្រូវបញ្ចប់ក្នុងរយៈពេល ៧ឆ្នាំដំបូងរួមមានការដាំដើមឈើនិងការសាងសង់ផ្ទះសាលារៀន ចំណតរថយន្ត និង រចនាសម្ព័ន្ធផ្សេងទៀត។

ចំណែក ដំណាក់កាលទី៥ចុងក្រោយដែលគ្រោងនឹងបញ្ចប់ពីឆ្នាំ២០៣០ដល់ឆ្នាំ២០៣២ រួមមាន ការសាងសង់សំណង់សំខាន់ៗមួយចំនួន ដូចជាផ្សារទំនើប និងមជ្ឈមណ្ឌលហិរញ្ញវត្ថុចំនួន១០៨ជាន់។

លោក Duong Duc Tuan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានបង្ហាញក្តីសង្ឃឹមថា ទីក្រុងឆ្លាតវៃ (Smart City) នឹងជួយដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាក់ទងនឹងចរាចរណ៍ ថាមពល ការអប់រំ ឱសថ និងបរិស្ថាន។

ជាមួយគ្នានេះ ទីក្រុងហាណូយបានស្នើឱ្យក្រុមហ៊ុន North Hanoi Smart City Development Investment សហការជាមួយអង្គភាពពាក់ព័ន្ធនានា ដើម្បីបញ្ចប់ដំណើរការបោសសម្អាតដី ដែលបច្ចុប្បន្នសម្រេចបាន៩២% ក៏ដូចជាពន្លឿននីតិវិធីលើការប្រើប្រាស់ដី និងការអនុម័តសាងសង់៕

ស្ថាប័ន ECA International ព្យាករណ៍ពីកំណើនប្រាក់ខែកម្មករ-និយោជិតនៅកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់អាស៊ាន

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាម ECA International ដែលជាស្ថាប័នផ្តល់ចំណេះដឹងខាងព័ត៌មាន និងបច្ចេកវិទ្យាឈានមុខគេ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានចេញផ្សាយរបាយការណ៍មួយ ស្ដីពីការព្យាករណ៍អត្រាដំឡើងប្រាក់បៀវត្សរ៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជូនកម្មករ-និយោជិតក្នុងឆ្នាំ២០២៤ខាងមុខ។

ក្នុងនោះកម្ពុជា ប្រាក់បៀវត្សរ៍ពិតប្រាកដ បានកើនឡើង៣,២% ក្នុងឆ្នាំ២០២៣នេះ ហើយវាត្រូវបានគេរំពឹងថា នឹងកើនឡើង២,២% នៅក្នុងលក្ខខណ្ឌជាក់ស្តែង ក្នុងឆ្នាំ២០២៤ខាងមុខ។

ចំណែកបណ្តាប្រទេសជិតខាងរបស់កម្ពុជា ដូចជា នៅប្រទេសថៃ ប្រាក់បៀវត្សរ៍ពិតប្រាកដបានកើនឡើង៣,៥% ក្នុងឆ្នាំនេះនៅក្នុងលក្ខខណ្ឌជាក់ស្តែង ហើយវាត្រូវបានគេរំពឹងថា នឹងកើនឡើង៣,៤% នៅក្នុងលក្ខខណ្ឌជាក់ស្តែង ក្នុងឆ្នាំ២០២៤។

ចំណែក ប្រទេសវៀតណាមបាននាំមុខគេ ក្នុងតំបន់អាស៊ាននៅឆ្នាំ២០២៣នេះ ជាមួយនឹងកំណើនប្រាក់បៀវត្សរ៍ពិតប្រាកដ៣,៦% ហើយវាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង៣,៦%ដូចគ្នានៅឆ្នាំ២០២៤។

ផ្ទុយទៅវិញ កម្មករ-និយោជិតនៅប្រទេសឡាវ បានជួបប្រទះនូវការថយចុះយ៉ាងខ្លាំង នៃប្រាក់បៀវត្សរ៍ពិតប្រាកដ ក្នុងឆ្នាំ២០២៣នេះ ដោយបានធ្លាក់ចុះ២៣,១% ហើយវានឹងបន្តធ្លាក់ចុះ ក្នុងឆ្នាំ២០២៤ខាងមុខ ដែលបណ្តាលមកពីអត្រាអតិផរណាហក់ឡើងខ្ពស់។

នៅប្រទេសម៉ាឡេស៊ី ប្រាក់បៀវត្សរ៍ពិតប្រាកដបានកើនឡើង២,១% ក្នុងឆ្នាំនេះ នៅក្នុងលក្ខខណ្ឌជាក់ស្តែង ហើយវាត្រូវបានគេរំពឹងថា នឹងកើនឡើង២,៣% នៅក្នុងលក្ខខណ្ឌជាក់ស្តែង ក្នុងឆ្នាំ២០២៤ខាងមុខ។

ចំណែក នៅប្រទេសឥណ្ឌូនេស៊ី កម្មករ-និយោជិតត្រូវបានគេរំពឹងថា នឹងទទួលបានការដំឡើងប្រាក់ខែ ពិតប្រាកដ៤,៣% នៅឆ្នាំក្រោយ បើធៀបនឹង២,៩%ក្នុងឆ្នាំ២០២៣នេះ៕

តើអ្វីជាផែនការសំខាន់ៗដែលបានដាក់ចេញដោយសម្តេចធិបតីក្នុងវេទិការដ្ឋ និងវិស័យឯកជន

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកំពុងពិចារណាលើការពង្រីកវិសាលភាពប័ណ្ណព្រំដែន ដើម្បីទាក់ទាញភ្ញៀវទេសចរ​ណ៍អន្តរជាតិ ដោយសាកល្បងធ្វើនៅខេត្តសៀមរាប ជាមុនសិន និងចាប់ផ្តើមពីឆ្នាំ២០២៤។

ឆ្លើយតបសំណើរពីវិស័យឯកជន
ផែនការនេះបានធ្វើឡើង តាមសំណើរបស់ផ្នែកឯកជនវិស័យទេ​សចរណ៍ រាជរដ្ឋាភិបាលកំពុងពិចារណា លើការពង្រីកវិសាលភាពបណ្ណព្រំដែន (Border Pass) ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ ដែលរស់នៅតាមខេត្ត ជាប់ព្រំដែនជាមួយប្រទេសកម្ពុជាបន្ថែមទៀត ដោយអាចសាកល្បងធ្វើ នៅគោលដៅទេសចរណ៍ ខេត្តសៀមរាប ជាមុនសិនចាប់ពីឆ្នាំ២០២៤ មុនអនុវត្តន៍នៅតាមគោលដៅផ្សេងទៀត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់បែបនេះ នៅក្នុងវេទិការាជរដ្ឋាភិបាល​-ផ្នែក​ឯក​ជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

សម្ដេចធិបតីបានបញ្ជាក់ថា វិស័យឯកជនបានលើកសំណើ និងសំណូមពរឱ្យពង្រីកវិសាលភាពបណ្ណព្រំដែន ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរដែលរស់នៅតាមខេត្ត ជាប់ព្រំដែនជាមួយប្រទេសកម្ពុជា មានលទ្ធភាពធ្វើដំណើរ មកលេងដល់ខេត្តសៀមរាបតែម្ដង ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន (Passport)។ សម្ដេចធិបតីបានបញ្ជាក់ថា “ពាក់ព័ន្ធនឹងសំណើពង្រីកវិសាលភាពបណ្ណព្រំដែននេះ រាជរដ្ឋាភិបាលទទួលយកសំណើនេះ ដើម្បីពិភាក្សា”។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រេដ្ឋា ថាក់វីស៊ីន (Srettha Thavisin) ហើយក៏មានគោលការណ៍ឯកភាពថា នឹងពិនិត្យមើលលទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋដែលមកពីខាងថៃ អាចចូលមកដល់ខេត្តសៀមរាប ដោយមិនចាំបាច់កាន់លិខិតឆ្លងដែន។

សាកល្បងនៅខេត្តសៀមរាបមុនគេ
សម្ដេចធិបតីបានផ្ដល់គោលការណ៍ថា “ការពង្រីកវិសាលភាពបណ្ណព្រំដែននេះ អាចសាកល្បងធ្វើនៅខេត្តសៀមរាប ចាប់ពីឆ្នាំ២០២៤” ដើម្បីពិនិត្យមើលលទ្ធភាពបន្តទៀតថា តើអាចធ្វើនៅគោលដៅទេសចរណ៍ដទៃទៀតបានដែរឬទេ? ដោយហេតុថា ក្រៅពីសៀម​រាប-អង្គរ កម្ពុជាក៏មានគោលដៅទេសចរណ៍ច្រើនទៀត ដូចជានៅតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំជាដើម។

ការសាកល្បងស្ទាបស្ទង់នេះដែរ ក៏ព្រោះមិនមែនមានតែរឿងទេសចរណ៍ គឺមានទាំងផ្នែកសន្តិសុខ និងបញ្ហាផ្សេងៗទៀត ដែលចាំបាច់ត្រូវពិនិត្យមើលឱ្យបានច្បាស់។

សម្ដេចធិបតីបានបន្តទៀតថា ការពង្រីកវិសាលភាពបណ្ណព្រំដែននេះ គឺមានការកែសម្រួល លើកិច្ចព្រមព្រៀងឆ្លងដែនឡើងវិញ ហើយសម្ដេចធិបតី បានស្នើឱ្យក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរួមគ្នា ជំរុញកិច្ចការនេះឱ្យបានឆាប់។

ភាគីកម្ពុជាមានការឯកភាពគ្នាតែជាមួយភាគីថៃ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែនកម្ពុជា -ថៃអាចធ្វើដំណើរឆ្លងកាត់ដោយមិនចាំបាច់មានលិខិតឆ្លងដែន ក្នុងនោះខាងប្រទេសកម្ពុជាមានខេត្តកោះកុង ពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ រីឯខាងប្រទេសថៃមានខេត្តត្រាត ខេត្តចន្ទបុរី ខេត្តស្រះកែវ ខេត្តបុរីរម្យ ខេត្តសុរិន្ទ្រ ខេត្តសិរីសាកេត ឬស៊ីសាកេត និងខេត្តឧត្បលរាជធានី ឬអ៊ូបុនរ៉ាត់ឆាថានី។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តជំរុញការអនុវត្ត កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច – Authorize economic operators (ACO) និងកែលម្អប្រព្រឹត្តកម្ម លើកទឹកចិត្តសម្រាប់ធុរកិច្ចល្អបំផុត (Best Trader)។

រដ្ឋាភិបាលចង់ដើរតួនាទីជាអ្នកគាំទ្រវិស័យឯកជន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានលើកឡើងថា “ការធ្វើបែបនេះ ជាការធានាដល់ទំនុកចិត្តរវាងរដ្ឋ និងឯកជន ដែល រដ្ឋអត់ចង់ដើរតួនាទីជាប៉ូលិសទេ រដ្ឋចង់ដើរតួនាទីជាអ្នកគាំទ្រវិស័យឯកជន”។

សម្តចបានបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនចំនួន៤៩ ​បានក្លាយជាBest Traders ហើយមានក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុនមីនីបៀ និងក្រុមហ៊ុន Huawei កំពុងស្នើសុំដាក់ឱ្យទៅជាACO ហើយសង្ឃឹមថា មានក្រុមហ៊ុនច្រើនទៀត នឹងចូលជា AEO និង BT។ សម្តេចបានបន្ថែមថា “ការចូលជាក្រុមហ៊ុនបែបនេះ ជាការធានាទំនុកចិត្តរវាងវិស័យឯកជន និងរដ្ឋ ហើយបើភាគីទាំងពីរមានទំនុកចិត្តបែបនេះ នឹងងាយស្រួលក្នុងការអនុវត្ត”។

មិនអាចបញ្ចុះតម្លៃ ពន្ធនាំចូលរថយន្តដឹកទំនិញ និងលើកលែងកម្រៃទិដ្ឋាការភ្ញៀវទេសចរ
សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនទាន់អាចមានលទ្ធភាព បញ្ចុះតម្លៃពន្ធនាំចូលរថយន្តដឹកទំនិញ និងការលើកលែងកម្រៃទិដ្ឋាការ សម្រាប់ការចូលមករបស់ភ្ញៀវទេស​ចរបរទេសនោះទេ ដោយសារតែជាប្រភពចំណូល ដ៏សំខាន់សម្រាប់ថវិកាជាតិ។

សម្តេចបានថ្លែងទៀតថា ចំពោះការស្នើឱ្យពិនិត្យពិចារណាលើប្រព័ន្ធទិដ្ឋាការ ដែលមានភាពបត់បែន និងទាក់ទាញសម្រាប់ទីផ្សារអាទិភាព។ សំណូមពរនេះ មិនមែនជាដំណោះស្រាយ ដែលឆ្លើយតបចំបញ្ហានោះទេ ព្រោះថាកម្ពុជាបាន និងកំពុងផ្តល់នូវកិច្ចសម្រួលច្រើនរួចទៅហើយ តាមរយៈការផ្តល់ទិដ្ឋាការពេលមកដល់ និងការផ្តល់ទិដ្ឋាការអេឡិចត្រូនិក ហើយបញ្ហាថ្លៃមិនមែនជារបាំងរារាំងភ្ញៀវទេស​​ចរមកកម្ពុជានោះឡើយ។

សម្តេចបានបញ្ជាក់ថា “សម្រាប់ប្រទេសកម្ពុជា ចំណូលពីទិដ្ឋាកា​រគឺជាប្រភពចំណូលចម្បងមួយ នៃចំណូលមិនមែនសារពើពន្ធ ក្នុងន័យនេះ ការដាក់ស្នើសុំដាក់ចេញ នូវគោលនយោបាយលើកលែងទិដ្ឋាការកម្រៃទិដ្ឋាការ គឺហាក់មិនទាន់ដល់ពេលវេលាសមស្រប សម្រាប់បរិបទកម្ពុជានោះទេ”។

សម្តេចពន្យល់ថា កម្ពុជាមិនទាន់មានប្រភពចំណូលផ្សេង មកប៉ះប៉ូវទំហំចំណូល ដែលខាតបង់ជាយថាហេតុ ពីគោលនយោបាយនេះ កិច្ចការដែលយើងត្រូវធ្វើនៅពេលនេះ គឺក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងកែលម្អ និងនីតិវិធីសម្រួល និងធ្វើឱ្យប្រសើរឡើង នូវសេវាសាធារណៈនេះ ដើម្បីឱ្យទេសចរមកកម្ពុជា មានភាពកក់ក្តៅ និងរីករាយទាំងពេលមុនមកដល់ ពេលមកដល់ ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ៕

 

ទីក្រុងស៊ូវុនប្រទេសកូរ៉េខាងត្បូង បានដាក់បញ្ចូលភូមិមួយនៅខេត្តសៀមរាបជាប្អូនពៅ

        ដោយៈ គង់ សូរិយា

        សៀមរាបៈ គណៈប្រតិភូក្រុងស៊ូវុន ប្រទេសកូរ៉េខាងត្បូង បានអញ្ជើញទស្សនកិច្ច គម្រោងអភិវឌ្ឍភូមិភ្នំក្រោម-ស៊ូវ៉ុន សង្កាត់សៀ​មរាប ក្រុងសៀមរាប។

លោកHwang In-Guk អភិបាលរងក្រុងស៊ូវ៉ុន បានដឹកនាំគណៈប្រតិភូក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉ ចំនួន៦៩នាក់ ដែលមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប និងបានទៅទស្សនកិច្ចគម្រោងអភិវឌ្ឍភូមិភ្នំក្រោម-ស៊ូវ៉ុន សង្កាត់សៀមរាប ក្រុងសៀមរាប ដោយលោកបានដាក់បញ្ជូលភូមិនេះ ជាសង្កាត់ទី៤៥ ជាសង្កាត់ប្អូនពៅ របស់ក្រុងស៊ូវ៉ុន ដើម្បីទទួលបានគម្រោងអភិវឌ្ឍបន្ត ដោយផ្តោតលើវិស័យអប់រំ បរិស្ថាន និងសុខាភិបាល។

ដំណើរទស្សនកិច្ចនេះកាលពីចុងចចុងសប្តាហ៍មុន មានការទទួលស្វាគមន៍ ពីលោកស្រី ម៉ននី រង្សី អភិបាលរងខេត្តតំណាងរបស់ លោកប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​។ លោក Hwang In-Guk អភិបាលរងក្រុងស៊ូវ៉ុនបានមានប្រសាសន៍ឲ្យដឹងថា ភូមិភ្នំក្រោម-ស៊ូវ៉ុន ដែលទទួលបាន គម្រោងអភិវឌ្ឍចាប់ពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន ដោយបានកែប្រែមុខមាត់ភូមិមួយនេះជាបន្តបន្ទាប់។

លោកស្រី​ អភិបាលរងខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូ​ ពិសេសលោក​ អភិបាលរងក្រុងស៊ូវ៉ុនដែលបានកៀងគរសម្បុរសជន​ និងប្រជាជនកូរ៉េ​ ដើម្បីកថវិកា​ ក៏ដូចជាសម្ភារៈឧបត្ដម្ភផ្តល់មកប្រជាជនខ្មែរសម្រាប់ប្រើប្រាស់ផងដែរ។ជាមួយគ្នានេះ​ គណៈប្រតិភូទាំងអស់ នឹងធ្វើពិធីចែកអំណោយមានដូចជា ផ្ទះ សម្ភារសិក្សា កង់ អង្គរ នាឡិកា សម្ភារកីឡា បរិក្ខាពេទ្យ និងកាបូប ឯកសណ្ឋានសិស្សជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅភូមិភ្នំក្រោម-ស៊ូវ៉ុន ចំនួន១០០០នាក់ ដែលមានការចូលរួមពី លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងគណៈប្រតិភូទាំងអស់ ទីតាំង នៅក្នុងវិទ្យាល័យភូមិភ្នំក្រោម-ស៊ូវ៉ុន សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប៕

 

រដ្ឋមន្រ្តីដឹកជញ្ជូនសាធារណៈការ ជម្រុញកិច្ចសហការលើវិស័យដឹកជញ្ជូននិងការតភ្ជាប់ជាមួយឡាវ

        ដោយៈ គង់ សូរិយា

        ហ្លួងព្រះបាងៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា-ឡាវ លោកប៉េង ពោធ៍នា បានជួបពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅប្រទេសឡាវ។

ជំនួបនេះធ្វើឡើង ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន រវាងប្រទេសកម្ពុជា និងឡាវ ដែលជាប្រទេសមានភូមិផងរបងជាប់គ្នា។

លោកប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងឯកឧត្តម Ngampasong Muongmany រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូនឡាវបានពិភាក្សាគ្នា នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ។ លោករដ្ឋមន្រ្តីដឹកជញ្ជូនឡាវ បានស្នើឱ្យភាគីកម្ពុជា ពិនិត្យ ពិចារណាទៅលើការបង្កើន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើនការកែលម្អច្រករបៀងដឹកជញ្ជូន និងបង្កើនរំហូរទំនិញ-ទេសចរណ៍-សេវា រវាងប្រទេសពីរ ឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ភាគីឡាវ លោកប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយដែលការតភ្ជាប់នេះ គឺស្របទៅតាមផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលកម្ពុជា ទើបបានអនុម័តកាលពីពេលថ្មីៗនេះផងដែរ។លោករដ្ឋមន្រ្តីទាំងពីររូប បានឯកភាពគ្នាបង្កលក្ខណៈងាយស្រួ​លទៅវិញទៅមក ដើម្បីបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសការអនុវត្តគម្រោងនានា ដែលនឹងផ្តល់ផលប្រយោជន៍ទៅវិញ ទៅមកជូនប្រជាពលរដ្ឋប្រទេសទាំងពីរ៕

សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជានឹង រៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥វិច្ឆិកាខាងមុខនេះ

ដោយ: គង់ លាងហួរ
ភ្នំពេញ: សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា គ្រោងនឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ លើកទី១៥ ឆ្នាំ២០២៤ ក្នុងពេលឆាប់ៗខាងមុខនេះ។
យោងតាមសេចក្តីប្រកាសពត៌មាន របស់សមាគមបានឱ្យដឹងថា សន្និសីទសារព័ត៌មាននេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២:០០ ដល់ម៉ោង ៥:០០សៀល នៅសាលប្រជុំអគារព្រីនស៍ (Prince Holding Group) ជាន់ទី៥ ក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាក៏បានប្រកាសអញ្ជើញ ឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវ លោក លោកស្រី អាជីវករ ក្រុមហ៊ុនគ្រឿងអលង្ការ និងបណ្តាក្រុមហ៊ុនដូចជា វិស័យធនាគារ វិស័យរថយន្ត វិស័យទូរស័ព្ទ វិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗ ក៏ដូចភ្ញៀវជាតិ-អន្តរជាតិ ដើម្បីចូលរួមទទួលបានព័ត៌មាន លំអិតសំខាន់ៗអំពីការតាំងពិព័រណ៍នេះផងដែរ។
លោក អ៊ួន ពេជ្រភីរម្យ នាយកបត្តិបត្តិក្រុមហ៊ុន ស៊ី.អាយ.ជី.ជេ.អេហ្វ.ខូអិលធីឌី នឹងថ្លែងអំពីគោលបំណង នៃការចុះអនុស្សរណៈយោគយល់ និងការរៀបចំកម្មវិធីដេញថ្លៃម្កុដ របស់កម្មវិធីនារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិក្នុងសន្និសីទនេះ។
លើសពីនេះ កម្មវិធីនេះ នឹងមានការរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងក្រុមហ៊ុន ស៊ី.អាយ.ជី.ជេ.អេហ្វ.ខូអិលធីឌី។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រុមហ៊ុនឯកជននានា ដែលមានបំណងចង់ចូលរួមក្នុងសន្និសីទនេះ ដើម្បីសាកសួរព័ត៌មាន អាចចូលរួមកម្មវិធីនេះបានដោយសេរី ហើយអ្នកសារព័ត៌មានជាតិ អន្តរជាតិនឹងត្រូវស្វាគមន៍ដោយភាពកក់ក្តៅផងដែរ៕
ពត៌មានលំអិត: https://docs.cigjf.org/CIGJF-Group-Companies

តើទីផ្សារដីធ្លីនៅភាគខាងត្បូងរាជធានីកំពុងមានស្ថានភាពបែបណា ខណៈហេដ្ឋារចនាសម្ព័ន្ឋធំៗកំពុងសាងសង់

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ នៅភាគខាងត្បូងរាជធានីភ្នំពេញ បានធ្វើឲ្យផ្ទុះតម្លៃដីធ្លីយ៉ាងខ្លាំង មុនវិបត្តិមកដល់ ប៉ុន្តែតើ​ស្ថានភាពបច្ចុប្ប​ន្នកំពុងមានសភាពបែបណា?។

ចម្លើយចំពោះសំណួរនេះ យើងគួរងាកមកមើលពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋធំៗ ដូចជា ផ្លូវក្រវ៉ាត់ក្រុងទី៣ គំរោងសាងសង់ផ្លូវុំក្រវ៉ាត់ក្រុងទី៤ ការសាងសង់ព្រលានយន្តហោះតេជោ តម្លៃ១៥០០លាន​ដុល្លារ និងការបញ្ចប់ការស្ថាបនា និងពង្រីកផ្លូវជាតិលេខ២ បាននិងកំពុងជម្រុញការអភិវឌ្ឍ នៅតំបន់ភាគខាងត្បូងយ៉ាងលឿន។

អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ហេដ្ឋារចនាសម្ព័ន្ឋពិតជាមានការរីកចម្រើន នៅភាគខាងត្បូងរាជធានីភ្នំពេ​ញ ប៉ុន្តែវាមិនទាន់បានធ្វើឲ្យតម្លៃដីធ្លី ងើបឡើងនៅឡើយទេ ដោយ​សារកត្តាមួយចំនួន ទី១ ដីនៅតំបន់នេះមានសភាពធំទូលាយ ធ្វើឲ្យអ្នកអភិវឌ្ឍន៍មានជម្រើសច្រើន ទី២ ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់​លាស់ និងទី៣ ការទិញដូរនៅមានសកម្មភាពតិចតួចនៅឡើយ ប៉ុន្តែស្ថានភាពនឹងមានសភាពប្រសើរឡើងនាពេលអនាគត។អតីតវីរស្ថាបត្យករកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណបានជម្រុញឲ្យអ្នកអភិវឌ្ឈន៍ ងាកមកកាន់ភាគខាងត្បូងរាជធានី នាពេលអនាគត ដោយលោកមើលឃើញថា តំបន់នេះងាយស្រួលអភិវឌ្ឈន៍ មានសណ្ឋា​នដីខ្ពស់ មិនប្រឈមការលិចទឹកនៅរដូវស្សាជាដើម។

ជាមួយគ្នានេះ សាលាបារាំងចុងបូព៌ា កាលពីប៉ុន្មានឆ្នាំកន្លងមកនេះ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំកសាងផែនការមេសម្រាប់អភិវឌ្ឍន៍ តំបន់ភាគខាងត្បូងជាតំបន់បៃតង និងរៀបចំផែន​ការ កសាងហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នេះ ដើម្បីកាត់បន្ថយលំហូរកកស្ទះចរាចរណ៍នាពេលអនាគត។សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ ដែលបានតាមដានដំណើរវិវត្តន៍ នៃវិស័យអច​លនទ្រព្យ និងសេដ្ឋកិច្ច បានមានប្រសាសន៍ថា ការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋ និងការវិនិយោគរបស់រដ្ឋាភិបាល ក្នុងប៉ុន្មានឆ្នាំចុងក្រោ​យនេះ បានធ្វើឲ្យវិស័យអចលនទ្រព្យ បានបង្កើនតម្លៃបន្ថែមយ៉ាងសម្បើម នៅគ្រប់ទិសទាំងអស់នៅរាជធានីភ្នំពេញ និយាយជារួម ប៉ុន្តែបើនិយាយដោយឡែក តំបន់ភាគខាងត្បូងរាជធានី ត្រូវបានគេចាប់អារម្មណ៍ជាងគេ ដោយសារវត្តមានព្រលានយន្តហោះអន្តរជាតិតេជោតម្លាំ១៥០០លានដុល្លារបានសាងសង់នៅតំបន់នេះ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា។ ​

លោកបន្តថា “ការចាក់បញ្ចូលមូលធនហិរញ្ញវត្ថុរបស់រដ្ឋាភិបាល បាននិងកំពុងលើកស្ទួយសេដ្ឋកិច្ច និងបង្កើនប្រភពចំណូល និងមូលដ្ឋានហិរញ្ញវត្ថុយ៉ាងច្រើន ដល់ប្រជាពលរដ្ឋនៅជុំវិញរាជធានី”។ លោ​ក​បន្តថា “ការកសាងហេដ្ឋារចនាសម្ព័ន្ឋជាតិ ជាការជម្រុញកំនើន​សេដ្ឋ​កិច្ចមូលដ្ឋានរយៈពេលវែង ហើយវាបាននិងកំពុងជម្រុញការលើកស្ទួយវិស័យសំណង់ និងអចលនទ្រព្យបន្ថែមទៀតនាពេលអនាគតផងដែរ”៕

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តដ៏ធំមួយរបស់ជប៉ុនគ្រោងពង្រីករោងចក្រ បន្ថែមនៅកម្ពុជា

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកជា វុទ្ឋី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ីនីហ្ស៊ីកា ណាអូតូ នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនស្លូ (Denso) និងក្រុមការងារចូលសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកអគ្គលេខាធិការបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រដល់ក្រុមហ៊ុនជប៉ុនមួយនេះ ដែលមានសកម្មភាពវិនិយោគនៅព្រះរាជណាចក្រកម្ពុជា តាំងពីឆ្នាំ២០១៣ ហើយឆ្នាំនេះផងដែរ។ជាខួបរយៈពេល១០ឆ្នាំ ក្នុងការបង្កើតក្រុមហ៊ុន Denso នៅក្នុងប្រទេ​សកម្ពុជា។លោក អ៊ូនីហ្សីកា ណាអូតូបានជម្រាបជូនលោកអគ្គលេខា​ធិការថា នាពេលបច្ចុប្បន្ន មានកម្មករប្រមាណជាង៥០០នាក់ បាននិងកំពុងបម្រើការងារនៅក្នុងរោងចក្រ Denso ហើយនៅឆ្នាំក្រោយនេះ ក្រុមហ៊ុននឹងមានគម្រោងផ្តល់ ឱកាសការងារបន្ថែមទៀតប្រមាណ៧០០កន្លែង។

លើសពីនេះទៀត លោក អ៊ីនីហ្ស៊ីកា ណាអូតូ បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការ ពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Denso និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រហូតឈានដល់ការចុះអនុស្សារណៈយោគយល់គ្នា ស្ដីពីការអភិវឌ្ឍមូលធនមនុស្ស។ ក្នុងនោះផងដែរ បុគ្គលិកដែលជាវិស្វករចំនួន១០០នាក់ ដែលបាននិងកំពុងបម្រើការ នៅក្នុងរោងចក្រDenso បច្ចុប្បន្នមាន៥០នាក់គឺជាសិស្ស ដែលបានបញ្ចប់ការសិក្សាមកពីសាលាតិចណូ។លោកជា វុទ្ឋីបានសម្តែងនូវការអបអរសាទរ ចំពោះការរីកចំរើនរបស់ក្រុមហ៊ុនដែល ឈានទៅដល់គម្រោងពង្រីករោងចក្រ ជាពិសេ​សការបណ្តុះបណ្តាលមូលធនមនុស្សកម្ពុជា ដើម្បីបង្កើនផលិតភាពរបស់ក្រុមហ៊ុន៕