ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទោះបីប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះក្តី ប៉ុន្តែព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនបានធ្វើឲ្យសកម្មភាពអាជីវកម្មនានារងផលប៉ះពាល់ធ្ងន់ធ្ងរឡើយ។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថា ប្រជាពលរដ្ឋជាង៨លាននាក់ ក្នុងចំណោមអ្នកចុះឈ្មោះ បោះឆ្នោតជាង៩,៧លាននាក់ បានទទួលបណ្ណព័ត៌មានពីក្រុមការងារ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍បានឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចនិងនយោបាយ នៅកម្ពុជា ហាក់មានភាពប្រក្រតី ដោយពុំមានបញ្ហាអសកម្មណាមួយកើតឡើងនា អំឡុងពេលឃោសនាបោះឆ្នោត ពីថ្ងៃទី ១ ខែកក្កដានេះឡើយ ខណៈដែលសកម្មភាពអាជីវកម្មក៏នៅដំណើរការ ធម្មតាដោយពុំមានការសម្រុកទិញ បង្កឱ្យមានការឡើងថ្លៃទំនិញឡើយ។
លោកនិយាយថា ចំពោះការត្រៀម សម្រាប់ការបោះឆ្នោតនេះយើងសង្កេតឃើញថា រហូតមកដល់ពេលនេះ គឺពុំមានអ្វីកើតឡើងដែលរាំងស្ទះ ទៅដល់សកម្មភាពសេដ្ឋកិច្ច ឬការប្រកបរបរធុរកិច្ចនៅក្នុងប្រទេសកម្ពុជានោះទេ។ លោកបន្តថា យើងក៏សង្កេតឃើញឥរិយាបថរបស់ប្រជាពលរដ្ឋ ក៏មានការខុសប្លែកពីការបោះឆ្នោតអាណត្តិមុនៗផងដែរ ដែលពួកគាត់តែងតែសម្រុកទៅទិញអង្ករ មី ឬម្ហូបអាហារស្តុកទុក ដើម្បីបង្ការខ្លាចក្រែងមានបញ្ហារាំងស្ទះ ផ្នែកនយោបាយណាមួយកើតឡើង។
ទោះជាយ៉ាងណាលោកអះអាងថា “ឥឡូវនេះខ្ញុំក៏ឃើញថា ប្រជាពលរដ្ឋខ្លះ គាត់ក៏ត្រៀមលុយទុកមួយចំនួនដែរ ប៉ុន្តែពួកគាត់មិនទៅដកលុយពីធនាគារនោះទេ គឺគាត់ទុកលុយដែលបានមកពីប្រាក់ខែ ឬរបររកស៊ីប្រចាំថ្ងៃគាត់ទុកសន្សំ មិនសូវចាយច្រើនទេ”។លោកបមន្តថា “ដោយយើងឃើញថាសេដ្ឋកិច្ច ហាក់រាងយឺតបន្តិចដោយសារពួកគាត់មិនចំណាយ ក្នុងមួយរយៈពេលចុងក្រោយនេះ ប៉ុន្តែនេះមិនមែនមានន័យសេដ្ឋកិច្ចមិនដើរនោះទេ ដោយសារតែពួកគាត់ទុកក្នុង រយៈពេលបោះឆ្នោត”។
ជាមួយគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Investment លោក Anthony Galliano បានឱ្យដឹងថា តាមទស្សនៈរបស់វិនិយោគិន ការបោះឆ្នោតគឺជាប្រតិបត្តិការជាធម្មតា ហើយមិនមានការព្រួយបារម្ភអ្វីសោះ។
លោកបន្ថែមថា “កម្ពុជាធ្លាប់មានបទពិសោធន៍ច្រើន ចំពោះដំណើរការបោះឆ្នោតនេះ ជាពិសេសរយៈពេល២ទសវត្សរ៍ចុងក្រោយនេះជាមួយនឹងកំណើនសេដ្ឋកិច្ច និងវិបុលភាពមិនធ្លាប់មានពីមុនជាមួយនឹងការលុបបំបាត់ភាពក្រីក្រ និងកំណើនប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗនិងមានសន្តិភាព និងស្ថិរភាព”។
លោកបន្តថា ទោះមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចខ្លះ ក្នុងរយៈពេល២០ឆ្នាំនេះក៏ដោយ ក៏ជាធម្មតាបញ្ហាសកលធំៗ ដូចជាវិបត្តិហិរញ្ញវត្ថុនៅឆ្នាំ២០០៨ និងជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជាមានកំណត់ត្រាច្បាស់លាស់ នៃការគ្រប់គ្រងហិរញ្ញវត្ថុ និងសារពើពន្ធដោយភាពវៃឆ្លាត និងល្អបំផុត ហើយងើបចេញពីវិបត្តិទាំងនេះ បានយ៉ាងលឿន។
លោកថ្លែងថា “យើងកំពុងសង្កេតមើលស្ថិរភាព និងមានការកើនឡើងនៃលំហូរការវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងមានការលើកឡើងតិចតួច ឬពិភាក្សាពីការបោះឆ្នោត ពីសំណាក់វិនិយោគិនអន្តរជាតិ”។ទោះយ៉ាងណាក៏មានការសាកសួរខ្លះ ពីសារព័ត៌មានអន្តរជាតិ ដែលនៅតែប្រកាន់ខ្ជាប់ភាពអវិជ្ជមាន និងមិនទទួលស្គាល់សមិទ្ធផលសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា និងល្បឿននៃការអភិវឌ្ឍដ៏អស្ចារ្យនៃប្រទេសនេះ។
លោកបញ្ជាក់ថា “វាជាការលើកទឹកចិត្ត ដែលមន្ត្រីរដ្ឋាភិបាលកំពុងបង្ហាញមុខ ដោយផ្ទាល់នៅជាមួយប្រជាជន។ ច្បាស់ណាស់ព្រឹត្តិការណ៍ទាំងនេះ មានភាពចុះសម្រុងគ្នា មានភាពរីករាយ និងវិជ្ជមាន ដោយគ្មានសញ្ញានៃប្រតិកម្មមិនល្អនោះទេ”។លោកបានបន្ថែមថា “វិស័យធុរកិច្ចកំពុងវាយតម្លៃព្រឹត្តិការណ៍នេះថា ជាការបន្តស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាលក្ខណវិនិច្ឆ័យដ៏សំខាន់មួយនៃការវិនិយោគ”។
រដ្ឋាភិបាលកម្ពុជាបានព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ត្រូវគេវាយតម្លៃឡើងវិញថា នឹងសម្រេចបានកំណើនក្នុងរង្វង់៥,៦ ភាគរយ ដូចគ្នានឹងការព្យាករកាលពីដើមឆ្នាំ គឺខ្ពស់ជាងឆ្នាំ ២០២២ ដែលសម្រេចបានកំណើន៥,២ ភាគរយ៕




ក្នុងជំនួបនោះ លោក ឡុង ឌីម៉ង់ បានជួបពិភាក្សានាយកចាត់ការទូទៅសណ្ឋាគារ Sofitel Phnom Penh Phokeetra និងអនាគតនាយកចាត់ការទូទៅសណ្ឋាគារ Novotel ដែលនឹងមានវត្តមាននៅខេត្តព្រះសីហនុ ក្នុងត្រីមាសទី៤ឆ្នាំនេះ។លោកអភិបាលរងខេត្តលើកឡើង ពីគោលបំណងចង់ឲ្យមានបណ្ដាញសណ្ឋាគារ លំដាប់ពិភពលោកបែបនេះ មកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានច្រើន។ លោកបញ្ជាក់ថា ពេលនេះជាពេលវេលាដល់សមស្របបំផុត ដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជា។




លោកស៊ុន ចាន់ថុល បានបន្តថា គម្រោងព្រែកជីកហ្វូណនតេជោនេះ បើតាមគម្រោងនឹងយកភូមិសាស្រ្តខេត្តកែប ជាច្រកសម្រាប់តភ្ជាប់ទៅកាន់ទន្លេ ហើយតាមរយៈគម្រោងនេះ ខេត្តកែបនឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត។ បន្ថែមពីនោះទៀត ក្រោយពេល ដែលគម្រោងនេះសម្រេច នោះកម្ពុជាពិតជាអាចទទួលនូវអត្ថប្រយោជន៍ជាច្រើនមហាសាល ដូចជា ការកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍និងចិញ្ចឹម សត្វ ជាដើម។


លោកបញ្ជាក់ថា “ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល មិនត្រឹមតែប៉ុណ្ណោះបណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគត្តិយុត្តសម្រាប់ជាការសំអាងនៅពេលមានបញ្ហាផ្សេងៗកើតឡើង បញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ”។

