Thai energy drink maker Carabao takes on beer giants Singha, Chang

Thai energy drink maker Carabao Group is preparing to mount a full-on challenge to the country’s two dominant beer brands, Singha and Chang, as changing consumer tastes and the easing of brewing restrictions create an opportunity to break into the market.

“Carabao will be known as Thailand’s third largest beer company,” Sathien Setthasit, the company’s CEO, said in an interview with Nikkei.

The company aims to capture 10% of the domestic market in 2024 and increase that to 20% within three to five years.

The company, whose flagship Carabao Dang beverage is the second most popular energy drink in Thailand, aims to reach 40 billion baht in annual beer sales in the next three to five years.

In the battle of the labels, Carabao’s water buffalo logo will take on Chang’s elephants and Singha’s mystical golden lion. Source: Nikkei Asia

ក្រុមហ៊ុនCarabao Group គ្រោងបោះទុន១៦៧លានដុល្លារ ដើម្បីផលិតស្រាបៀរ ប្រជែងជាមួយស្រាបៀរSingha និងស្រាបៀរChang

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​របស់​ប្រទេស​ថៃ​ Carabao Group កំពុងត្រៀមខ្លួន ដើម្បីប្រកួត​ប្រជែង​យ៉ាង​ពេញ​ទំហឹង​ ជាមួយស្រាបៀរម៉ាកល្បីចំនួន២ គឺស្រាបៀរ Singha និងស្រាបៀរ Chang។

លោក Sathien Setthasit នាយកប្រតិបត្តិក្រុមហ៊ុនCarabao Group បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយសារពត៌មាន Nikkei Asia ថា “Carabao នឹងត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនស្រាបៀរធំជាងគេបំផុតទី២របស់ប្រទេសថៃ”។

ក្រុមហ៊ុននេះមានគោលបំណង ចាប់យកចំណែកទីផ្សារក្នុងស្រុកចំនួន១០% ក្នុងឆ្នាំ២០២៤ ហើយនឹងកើនឡើងដល់២០% ក្នុងរយៈពេលពី៣ ទៅ៥ឆ្នាំខាងមុខ។ក្រុមហ៊ុន Carabao គ្រោងបោះទុនវិនិយោគ រហូតដល់៦ពាន់លានបាត (ប្រហែល១៦៧លានដុល្លារ) ដើម្បីដំឡើងឧបករណ៍ផលិតស្រាបៀរនៅរោងចក្រ របស់ក្រុមហ៊ុនក្នុងខេត្ត Chai Nat ភាគកណ្តាលនៃប្រទេសថៃ។

ក្រុមហ៊ុនគ្រោងនឹងធានាបាននូវ សមត្ថភាពផលិតស្រាបៀរចំនួ ន២០០លានលីត្រក្នុងមួយឆ្នាំ ហើយនឹងអាចកើនឡើងដល់៤០០លានលីត្រក្នុងមួយឆ្នាំ អាស្រ័យទៅលើប្រតិកម្មរបស់ទីផ្សារ។Carabao Group ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈ ប៉ូវកម្លាំងដ៏ពេញនិយមបំផុតទី២ នៅក្នុងប្រទេសថៃ មានគោលបំណងសម្រេចបានទឹកប្រាក់ចំនួន៤០ពាន់លានបាត ពីការលក់ស្រាបៀរប្រចាំឆ្នាំ ក្នុងរយៈពេលពី៣ ទៅ៥ឆ្នាំខាងមុខ។

ចំណែក ការប្រើប្រាស់ស្លាកសញ្ញា ដើម្បីសម្គាល់ម៉ាកផលិត ផល ក្រុមហ៊ុនCarabao បានជ្រើសរើសយករូបក្របីទឹក ជាស្លាក Logo សម្រាប់ស្រាបៀររបស់ខ្លួន ដើម្បីប្រកួតប្រជែងនឹងរូបសញ្ញាដំរីរបស់ស្រាបៀរ Chang និងរូបសញ្ញាតោមាសរបស់ស្រាបៀរ Singha ៕

វៀតណាមគ្រោងជំរុញទំហំពាណិជ្ជកម្មទ្វេរភាគីជាមួយអាមេរិកដល់ទំហំទឹកប្រាក់២០០ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

ហាណូយ: ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានថ្លែងថា អង្គភាពអាជីវកម្មវៀតណាម និងអាមេរិកគួរតែបង្កើនភាពជាដៃគូ ដើម្បីជំរុញទំហំពាណិជ្ជកម្ម របស់ប្រទេសទាំង២ឡើងដល់កំណត់ត្រាថ្មី២០០ពាន់លានដុល្លារ។

ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំកំពូល ធុរកិច្ចអាមេរិក-វៀតណាមឆ្នាំ២០២៣ នៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានលើកឡើងថា អង្គភាពអាជីវកម្មរបស់ភាគីទាំង២ នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច -ពាណិជ្ជកម្ម  គាំទ្រគ្នាទៅវិញទៅមកក្នុងការចូលរួមក្នុងខ្សែសង្វាក់តម្លៃថ្មី និងខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគីដល់២០០ពាន់លានដុល្លារនាពេលខាងមុខ។ដោយមានក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងចូលក្នុងបញ្ជីអ្នកវិនិយោគធំជាងគេទាំង១០ នៅវៀតណាម លោក Quang បានផ្តល់អនុសាសន៍ថា អង្គភាពអាជីវកម្មរបស់សហរដ្ឋអាមេរិក គួរតែពង្រីកគម្រោងធំៗ ដើម្បីជួយវៀតណាម ទទួលបានប្រភពវិនិយោគ ព្រមទាំងមូលនិធិហិរញ្ញវត្ថុបៃតង និងនិរន្តរភាព។លោកក៏បានស្នើឲ្យភាគីទាំងសងខាង រួមវិភាគទានសំឡេង ក្នុងការអំពាវនាវ ឱ្យមានការទទួលស្គាល់ ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ដែលលោកបានចាត់ទុកថា វាមានសារៈសំខាន់ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច- ពាណិជ្ជកម្ម-វិនិយោគរវាងប្រជាជាតិទាំងពីរ។

ទន្ទឹមនឹងនោះ ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅវៀតណាម (AmCham Vietnam) លោក John Rockhold បានសង្កត់ធ្ងន់លើការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេរភាគីនាពេលថ្មីៗនេះ ដែលបានផ្តល់ឱកាសដ៏អស្ចារ្យ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេរភាគី ក្នុងការបំពេញគោលនយោបាយ និងបរិយាកាសធុរកិច្ច ដើម្បីទាក់ទាញវិនិយោគិនថ្មីសម្រាប់ការអភិវឌ្ឍន៍។

លោកបានបន្ថែមថា វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ ដែលបានលើកឡើង នៅក្នុងកិច្ចប្រជុំកំពូលនេះ នឹងជួយសម្រួលបរិយាកាសធុរកិច្ច និងលើកកំពស់តួនាទីរបស់វិស័យឯកជន ជួយធានាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជំរុញវិបុលភាពនៅប្រទេ​សវៀតណាម៕

តើការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនឹងជះឥទ្ធិពលយ៉ាងណាមកលើប្រទេសនានាលើពិភពលោក?

ដោយ: គង់ លាងហួរ

អន្តរជាតិ: យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងអតិផរណារបស់សហរដ្ឋអាមេរិក តាមរយៈការដំឡើងអត្រាការប្រាក់ បានបន្តអស់រយៈពេលជិត២ឆ្នាំ ហើយការណ៍នេះ បាននិងកំពុងជះផលប៉ះពាល់អាក្រក់ដល់សេដ្ឋកិច្ចរបស់ពិភពលោក។

ជាមួយគ្នានេះ ការដំឡើងការប្រាក់របស់អាមេរិក អាចនឹងជះផលប៉ះពាល់រយៈពេលវែង ទៅលើប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​ ខណៈដែលបណ្តាប្រទេសភាគច្រើន ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក សម្រាប់ដោះដូរពាណិជ្ជកម្ម។

ចំណែក បណ្តាប្រទេសដែលជំពាក់បំណុលច្រើន នឹងរងផលប៉ះពាល់ ពីការដំឡើងអត្រាការប្រាក់នៅសហរដ្ឋអាមេរិក។ ជាក់ស្តែង កាលពីពេលអត្រាការប្រាក់ ស្ថិតនៅកម្រិតទាប បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបជាច្រើន បានខ្ចីបំណុលអន្តរជាតិ ដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន។

ហេតុនេះ ការកើនឡើងនៃថ្លៃដើមកម្ចី បានធ្វើឱ្យរដ្ឋាភិបាលរបស់ប្រទេសនានា ពិបាកទូទាត់សងបំណុលជាងមុន ហើយស្ថានភាពនេះគេហៅថា “វិបត្តិបំណុល” ដែលកំពុងជះផលប៉ះពាល់ដល់ប្រទេសជាច្រើន។

ផ្អែកតាមការចេញផ្សាយរបស់វេទិកា សេដ្ឋកិច្ចពិភពលោក (World Economic Forum) បានបង្ហាញថា ការកើនឡើងអត្រាការប្រាក់ ធ្វើឱ្យតម្លៃកម្ចីកើនឡើង ហើយអ្នកខ្ចីប្រាក់ត្រូវចំណាយច្រើនជាងមុន។

ក្នុងន័យនេះ នៅពេលធនគារកណ្ដាល បង្កើនអត្រាការប្រាក់ នោះ​ អ្នកត្រូវការកម្ចីផ្ទាល់ខ្លួន កម្ចីទិញផ្ទះ ឬកម្ចីទិញរថយន្ដនឹងត្រូវចំណា​យច្រើនជាងមុន។

យោងតាមការលើកឡើង របស់អ្នកជំនាញបានឱ្យដឹងថា ប្រសិ​ន​បើសហរដ្ឋអាមេរិក ដំឡើងការប្រាក់ដល់៦% នឹងធ្វើឱ្យប្រទេសមួយចំនួនរងផលប៉ះពាល់ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍។

លោក Manik Narain ប្រធានយុទ្ធសាស្រ្តរបស់ធនាគារ UBS បានអះអាងថា ប្រសិនបើធនាគារកណ្តាលអាមេរិក ដំឡើងការប្រាក់ដល់៦% នោះវានឹងធ្វើឱ្យប៉ះពាល់ ដល់រូបិយប័ណ្ណរបស់ប្រទេសមួយចំនួន។

លើសពីនេះ ប្រទេសមួយចំនួន នឹងងាយរងផលប៉ះពាល់ខ្លាំងដោយសារតែការដំឡើង អត្រាការប្រាក់របស់អាមេរិក ហើយប្រទេសទាំងនោះមានដូចជា ប្រទេសឈីលី ប្រទេសប៉ូឡូញ ប្រទេសឆេក និងប្រទេសហុងគ្រីជាដើម។

ម្យ៉ាងទៀត ក្រុមហ៊ុន​ដែល​កំពុង​ជំពាក់​បំណុលច្រើន នឹង​អាច​ជួបវិបត្តិ ពីព្រោះការដំឡើង​អត្រា​ការប្រាក់ ​របស់​ធនាគារ​កណ្តាល​អាមេរិក ​នឹង​លើក​ទឹកចិត្ត​ឱ្យគ្រប់​ធនាគារ​ កណ្តាលផ្សេង​ទៀតនៅ​លើ​ពិភពលោក​ដំឡើង​អត្រា​ការប្រាក់​ដែរ។

ជាក់ស្តែង ប្រាក់​ចំណូលរបស់ក្រុមហ៊ុន ​នាំ​ចេញ​វត្ថុធាតុ​ដើម និង​ក្រុមហ៊ុន​ប្រេង​ជាដើម បានធ្លាក់​ចុះរួច​ទៅ​ហើយ ដោយសារ​តម្លៃ​ប្រេង​ធ្លាក់ចុះ ហើយពួកគេនឹង​ត្រូវ​រង​សម្ពាធបន្ថែមទៀត ដោយ​ត្រូវ​ចំណា​យ​លុយ​បន្ថែម ដើម្បី​បង់​ថ្លៃ​អត្រាការប្រាក់​ដែល​កំពុងហក់ឡើង​ខ្ពស់។

ការដំឡើង​អត្រា​ការប្រាក់​របស់ ​ធនាគារ​កណ្តាល​អាមេរិក​អាច​ជា​សញ្ញា​ល្អដែល​បង្ហាញថា សេដ្ឋកិច្ច​អាមេរិក​មានភាពរឹងមាំ​ឡើងវិញ ប៉ុន្តែក្នុងពេលជាមួយ​គ្នានេះ វា​បានផ្តល់​ផលវិបាក​ជាច្រើន​ដល់​ប្រទេ​ស ដែល​ជំពាក់បំណុល​គេជា​ប្រាក់​ដុល្លារទៅវិញ។

យោងតាម​ក្រុមអ្នកវិភាគជាច្រើនបានលើកឡើងថា នេះ​មិនមែន​ជាពេលវេលា​ល្អ​ ដែល​ធនាគារកណ្តាលអាមេរិក ត្រូវ​ដំឡើង​អត្រាការប្រាក់​នោះទេ ខណៈប្រទេស​ជាច្រើន ដែល​កំពុង​ប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច​មិន​ដើរ​ទៅមុខ កំពុង​ត្រូវការ​ប្រាក់វិនិយោគ ក្នុង​អត្រាការប្រាក់​ទាប៕

ពិធីសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ រវាងធនាគារ ហត្ថា និងក្រុមហ៊ុន សុវណ្ណាភូមិឡាយហ្វ៍

ភ្នំពេញ នៅថ្ងៃទី0១ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារ ហត្ថា ដែលជាធនាគារធំជាងគេមួយក្នុងប្រទេសកម្ពុជា បានចាប់ដៃគូជាមួយនឹង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដើម្បីសម្ពោធផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមថ្មីមួយ ដែលមានឈ្មោះថា​ «SMILE អិចស្រ្តាឃែរ»។

ផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ  គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតបន្ថែមដែលផ្តល់ការការពារជំងឺធ្ងន់ធ្ងររហូតដល់ ៨០​ ប្រភេទ ចាប់ពីកម្រិតស្រាល រហូតដល់កម្រិតធ្ងន់ រួមមានទាំង ជំងឺមហារីក ការវះកាត់ ជំងឺគាំងបេះដូងស្រួចស្រាវ ជំងឺខូចតម្រងនោមកម្រិតធ្ងន់​ ជំងឺខូចថ្លើមកម្រិតធ្ងន់​ ជំងឺសួតកម្រិតធ្ងន់​ ជំងឺរលាកថ្លើមធ្ងន់​ធ្ងរ និងជំងឺផ្សេងៗជាច្រើនទៀត។​ ផលិតផលនេះផ្តល់​នូវការការពារដល់​អតិថិជនចាប់ពីអាយុ ១៨ឆ្នាំ រហូតដល់ ៦៥ឆ្នាំ ជាមួយនឹងចំនួនទឹកប្រាក់ធានារ៉ាប់រងអប្បបរមាចាប់ពី ៣ ០០០ ដុល្លារអាមេរិក។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទកភាពក្នុងការចាប់ដៃគូជាមួយ សុវណ្ណាភូមិ​ ឡាយហ្វ៍ ក្នុងការសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ»។ ផលិតផលបន្ថែមនេះផ្តល់ជូននូវបុព្វលាភធានារ៉ាប់រងដែលមានតម្លៃសមរម្យ និងការការពារយ៉ាងសម្បូរបែប ដែលផ្តល់ជូនសន្តិភាពផ្លូវចិត្ត ក៏ដូចជាសុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជន។»
ជាមួយគ្នានេះ លោក Loke Kah Meng អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ ក្នុងភាពជាដៃគូប៊េងកាសួរេនជាមួយធនាគារ ហត្ថា។ ផលិតផលបន្ថែមនេះផ្តល់ជូននូវការការពារយ៉ាងច្រើនទៅលើបញ្ហាសុខភាព សុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជន និងគ្រួសាររបស់ពួកគេ»។ ផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ គឺជាផលិតផលក្នុងស្រុកមួយដែលជាតម្រូវការចាំបាច់របស់អតិថិជនកម្ពុជា  ព្រមទាំងផ្តល់ជូនយ៉ាងពិសេសសម្រាប់តែប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

ការសម្ពោធផលិតផលបន្ថែម SMILE អិចស្រ្តាឃែរ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ សុវណ្ណាភូមិ ឡាយហ្វ៍ និងធនាគារ ហត្ថា​ ក្នុងការបន្តពង្រីកនូវការផ្តល់ជូនទៅកាន់អតិថិជនកម្ពុជា ក៏ដូចជាការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីបំពេញតម្រូវការរបស់សង្គមជាតិយើង។

អំពី ធនាគារ ហត្ថា៖
ធនាគារ ហត្ថា​​​​​​​​​​​ ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំមកហើយ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជន។ សេវាកម្មទាំងនេះរួមមាន កម្ចី គណនីសន្សំ ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ការផ្ទេរប្រាក់តាមធនាគារក្នុងស្រុក ម៉ាស៊ីនATM សេវាធនាគារចល័ត(Hattha Mobile Banking) សេវាបើកប្រាក់បៀវត្សរ៍ ក៏ដូចជាការធានារ៉ាប់រង និងផលិតផលហិរញ្ញវត្ថុផ្សេងៗទៀត។ ធនាគារ ហត្ថា ប្រតិបត្តិការជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ ធនាគារ ក្រុងស៊្រី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេទីប្រាំ នៅក្នុងព្រះរាជាណាចក្រថៃ ដែលបានដំណើរការ ៧៧ឆ្នាំ មកហើយ។ បន្តែមលើសពីនេះ ធនាគារ ក្រុងស៊្រី គឺជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន និងជាក្រុមហ៊ុនធំបំផុតមួយនៅទូទាំងពិភពលោក។

អំពី​ក្រុមហ៊ុនធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណាភូមិ ឡាយហ្វ៍៖
ក្រុមហ៊ុន​​ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) ​ដែលជា​កេរ្តិ៍​ដំណែល​តាំង​ពី​ឆ្នាំ ១៩៩១ និង​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីស៊ីអិល (MuangThai Life Assurance PCL) ពីប្រទេសថៃ។

ក្រុមហ៊ុន​​ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ក្នុងឆ្នាំ ២០១៥ ហើយចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មពេញលេញនៅឆ្នាំ ២០១៦។

សុវណ្ណាភូមិ ឡាយហ្វ៍ នឹងអាចបង្កើតនូវផលិតផល និងសេវាកម្មដ៏សាកសមដើម្បីបំពេញនូវតម្រូវការជាក់លាក់របស់អតិជនកម្ពុជា ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីម្ចាស់ភាគហ៊ុនទាំងពីរ ដោយផ្តោតទៅលើ «អតិថិជនជាចំបង» ដើម្បីស្វែងយល់ពីអតិថិជនកម្ពុជា។

 

 

ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ៈ ការចុះបញ្ជីរដីធ្លីបង្ហើយ ជាកិច្ចការត្រូវជម្រុញ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងថា ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាកិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងជំរុញដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សា លើការជំរុញការរៀបចំចុះបញ្ជីដីធ្លីបង្ហើយ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។លោកសាយ សំអាល់ បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តទី២ បន្ទាប់ពីខេត្តកំពង់ចាម ក្នុងការរៀបចំការងារចុះបញ្ជីដីធ្លីបង្ហើយ ដូច្នេះភាគីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកម្លាំងសរុប ដើម្បីសម្រេចការងារនេះ ឱ្យបានជោគជ័យតាមការគ្រោងទុកក្នុងអាណត្តិថ្មីនេះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូននូវឧបករណ៍បច្ចេក​ទេស និងសម្ភារៈការិយាល័យមួយចំនួន  សម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ រួមមាន ឧបករណ៍វាស់វែង Sino Gnss និង Controler ចំនួន២១គ្រឿង កុំព្យូទ័រលើតុចំនួន៣៦ កំផ្លេ ម៉ាស៊ីនព្រីនខ្នាតតូចចំនួន១៧គ្រឿង ម៉ាស៊ីនស្កេនចំនួន២១ គ្រឿង ម៉ាស៊ីនថតចម្លងចំនួន៦គ្រឿង តុការិយាល័យចំនួន៣១ គ្រឿង កៅអីការិយាល័យចំនួន៣១គ្រឿង និងម៉ូតូចំនួន១២ គ្រឿង៕

សម្តេចធិបតី នឹងប្រកាសលទ្ធផលសំណើរបស់សមាគមអចលនទ្រព្យ នឹងគោលនយោបាយ ជួយគាំទ្រវិស័យសំណង់-អចលនទ្រព្យ នៅថ្ងៃទី១៣ ខែវិច្ឆិកា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ សម្តេចនឹងប្រកាសចេញនូវគោលនយោបាយមួយ ដើម្បីជួយគាំទ្រវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ឆ្លើយតបនឹងសំណើរបស់សមាគមអលនទ្រព្យ ដែលបានស្នើមករាជរដ្ឋាភិបាល។

សម្តេចធិបតីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា «អំបាញ់មិញជជែកជាមួយឯកឧត្តម សាយ សំអាល់ អំពីសំណើរបស់សមាគមអលនទ្រព្យរឿងមួយនោះ ថ្ងៃទី១៣ ខែវិច្ឆិកាខ្ញុំនឹងប្រកាស។ តាមពិតមានគោលនយោបាយមួយ ដែលយើងចំហរ តែអត់សូវមានអ្នកប្រើ ប្រហែលជាអត់ទាន់សូវដឹង អីចឹងយើងនឹងផ្សព្វផ្សាយឱ្យប្រើ ដើម្បីផលប្រយោជន៍ទាំងអស់»។សូមជម្រាបថា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កិច្ចប្រជុំ «ពិភាក្សាអំពីស្ថានភាព វិស័យសំណង់នៅកម្ពុជា» ត្រូវបានរៀបចំឡើង នៅក្រសួងរៀបចំដែនដី ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ប្រធានបទសំខាន់ៗចំនួន៣ ត្រូវបានថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លើកយកមកពិភាក្សាក្នុងកិច្ចប្រជុំបន្ទាន់មួយ។

ក្រៅតែពីពិភាក្សាលើស្ថានភាពវិស័យសំណង់រួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមបច្ចុប្បន្ន និងពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា ហើយនោះក៏មានការពិភាក្សា លើទិដ្ឋភាពច្បាប់ ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរីផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានលើកថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀត ដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់៕

សម្ដេចធិបតីនឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលីនៅដើមខែមីនា

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងរៀបចំនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី។

នេះជាការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់អូស្ត្រាលី នៅក្រោមក្របខ័ណ្ឌអាស៊ាន និងបានបញ្ជាក់អំពីវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតីនាយករដ្ឋមន្តី នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងរៀបចំនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី។

ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរជាច្រើនឆ្នាំ និងបានពិភាក្សាអំពីវិធីស្វែងរកលទ្ធភាពកាន់តែទូលំទូលាយ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅលើវិស័យ ដែលមានសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញ ទៅមករបស់ប្រជាជនទាំងពីរ។

ភាគីទាំងពីរ ត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ ថ្នាក់ឧត្តមមន្រ្តី លើកទី៤ រវាងក្រសួងការបរទេសទាំងពីរ ដែលនឹងរៀបចំនៅកម្ពុជា នៅឆ្នាំ២០២៤ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

លោកសុខ ចិន្តាសោភាបានថ្លែងអំណរគុណជាថ្មី ចំពោះការគាំទ្រ និងការបន្តផ្ដល់ជំនួយដ៏ថ្លៃថ្លា របស់អូស្ត្រាលីដល់កម្ពុជា ក្នុងវិស័យនានា ជាពិសេស វិស័យកសិកម្ម អប់រំ និងសុខាភិបាល រួមទាំងការផ្តល់វ៉ាក់សាំងកូវីដ-១៩។

ក្នុងវិស័យកសិកម្ម លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះ ការសម្ពោធពូជស្រូវក្រអូបថ្មី “ចំប៉ីស ៧០” ដែលបានដាក់ឈ្មោះដោយ សម្ដេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី កាលពីឆ្នាំមុន។

ក្នុងវិស័យអប់រំភាគីទាំងពីរ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សរួមទាំង ការកសាងសមត្ថភាពរបស់មន្ត្រីការទូតកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងស្ថានទូតអូស្ត្រាលីនៅភ្នំពេញ៕

រដ្ឋាភិបាលកាត់ដី៦៣៩ហិកតានៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍

ដោយៈ គង់ ហ្វីអូណា

        ព្រះសីហនុៈ រដ្ឋា​ភិបាល​កម្ពុជា បាន​ធ្វើ​អនុប្ប​យោគដី​សាធារណៈ​របស់​រដ្ឋ​ទំហំ​៦៣៩ហិកតា នៅឃុំ​ទំនប់​រលក​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ ​ឱ្យជា​ដីឯកជន​របស់​រដ្ឋ ​ដើម្បី​ប្រគល់​ឲ្យ​ក្រុម​ហ៊ុន​ធ្វើការ​អភិវឌ្ឍ​ជា​តំបន់​ពាណិជ្ជកម្ម។

នេះ​បើ​តាម​អនុក្រឹត្យ​ ​ចុះ​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា​ ឆ្នាំ​២០២៣​ដែល​ទើប​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​។អនុក្រឹត្យនេះបាន​បង្ហាញថា ផ្ទៃដីសរុបដែលបានធ្វើអនុប្បយោគ មានទំហំ៧៩៩ហិកតា ក្នុង​នោះ​ផ្ទៃដីចំនួន២០ភាគរយ ស្មើនិងទំហំ ១៥៩,៨០ហិកតា ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ។ ចំណែកផ្ទៃដីចំនួន៨០ភាគរយ ស្មើនិងទំហំ៦៣៩ហិកតា ២០អា ត្រូវបានផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន C99 international investment (Cambodia) Co., Ltd សម្រាប់ធ្វើការអភិវឌ្ឍជាសណ្ឋាគារ វីឡាទំនើប អគារស្នាក់នៅរួម ផ្សារទំនើប ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់សេវាកម្មនានា និងឃ្លាំងដាក់សម្ភារៈនានា។ការ​បន្ត​កាត់​ដីរបស់រដ្ឋ​ប្រគល់ឲ្យឯកជន ជា​បន្តបន្ទាប់ក្រោម​រូបភាព​អភិវឌ្ឍន៍នេះ បាន​ធ្វើ​ឲ្យ​​មន្ត្រី​អង្គការ​សង្គមស៊ីវិលខ្លះ មានការ​ព្រួយបារម្ភ​ពីការ​បាត់​បង់​ធនធានធម្មជាតិ ដោយ​​កត់សំគាល់ថា ការ​ផ្តល់​ដី​សម្បទាន​មួយចំនួន​កន្លងមក មិនសូវបាន​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជនមូលដ្ឋានឡើយ។

អ្នក​ដែល​រង​ផល​ប៉ះពាល់ គឺត្រូវ​ធ្វើ​ចំណាក​ស្រុកទាំង​ប្រថុយ​ប្រថាន ដោយ​សារតែ​បាត់​បង់​ដី​បង្កបង្កើនផល។ នេះបើតាម លោក វណ្ណ សូផាត មន្ត្រី​សម្រប​សម្រួល​ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្ស​ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

មន្ត្រី​សិទ្ធិមនុស្សរូបនេះ ​ស្នើឲ្យមានការ​សិក្សាពីផល​ប៉ះពាល់ទៅលើ​សហគមន៍​មូលដ្ឋាន លើ​គម្រោង​អភិវឌ្ឍន៍មួយនេះ ខណៈកន្លងទៅ ​ក៏ធ្លាប់​ទំនាស់​ដីធ្លីយ៉ាងក្តៅគគុក កើត​ឡើង​ដែរនៅតំបន់ក្បែរនោះ៕​​

តើដំណោះស្រាយអាគារជាប់គាំង នឹងអាចដោះស្រាយបានកម្រិតណា? ចំនួនអាគារជាប់គាំងត្រូវបានកំណត់អត្តសញ្ញាណរួចហើយ

        ដោយៈ គង់ សូរិយា

ព្រះសីហនុៈ ការកំណត់អត្តសញ្ញាណអាគារជាប់គាំង នៅក្រុងព្រះសីហនុ គិតត្រឹមខែកញ្ញ ឆ្នាំ២០២៣ មានចំនួន៣៤១គំរោង ស្មើនឹង ៣៦៤អគារបានផ្អាកការសាងសង់។

រាជរដ្ឋាភិបាលកម្ពុជា បានចេញវិធានការជាកញ្ចប់សម្រាប់ដោះស្រាយអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងនោះមានជាការលើកលែងពន្ធ ទៅតាមប្រភេទគម្រោងសាងសង់នីមួយៗ និងការជួយសម្រួលសេវារដ្ឋបាលមួយចំនួន។

គម្រោងដែលមានការលើកទឹកចិត្ត ដោយការលើកលែងពន្ថប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងចន្លោះឆ្នាំ២០២៣-២០២៥ ពន្ធអចលនទ្រព្យប្រចាំឆ្នាំជាបន្ទុករបស់រដ្ឋចាប់ពីឆ្នាំ២០២០-២០២៥។ ក្រៅពីនេះ ក៏មានជាការសម្រួលលិខិតអនុញ្ញាតសាងសង់ ឱ្យស្របតាមនីតិវីធីជាធរមាន ចំពោះអគារជាប់គាំង ដែលមិនទាន់មានលិវិតអនុញ្ញាតសាងសង់។

គម្រោងទាំងនេះ ក៏ត្រូវបានលើកលែងកម្រៃ សេវាសាធារណៈ លើលិខិតអនុញ្ញាតសាងសង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់។

ចំពោះគម្រោងដែលពុំស្ថិតក្រោមច្បាប់ស្តីពី វិនិយោគដូចជា ផ្ទះសំណាក់ សំណង់លំនៅឋាន។ល។ ត្រូវទទួលបានការលើកទឹកចិត្តត្រឹមបទប្បញ្ញត្តិស្តីពី ការលើកទឹកចិត្តពន្ធដារ និងគយ និងមិនកម្រិតត្រឹមសហគ្រាសធុនតូច និងមធ្យម និងវិស័យអាទិភាព។រីឯសកម្មភាពមូលនិធិ នៃគម្រោងវិនិយោគរួម និង/ឬបរធនបាលកិច្ច ទទួលបានការសម្រួលការស្នើសុំអាជ្ញាបណ្ណ, ពន្ធលើប្រាក់ចំណូលរយៈពេល៩ឆ្នាំ, ពន្ធអប្បរមារយៈពេល៩ឆ្នាំ, និង ប្រាក់រំដោះពន្ធលើប្រាក់ចំណូលរយៈពេល៩ឆ្នាំ។

លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកសិក្ខា ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពី “វិធានការជាកញ្ចប់” សំដៅចូលរួមធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃ “វិធានការជាកញ្ចប់” ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីចុងខែមីនា ឆ្នាំ២០២៣កន្លងមក។លោកបន្តថា គម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ ដែលបានបើកកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូល និងរកគន្លឹះយ៉ាងស្វិត​ស្វាញពីអន្តរក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធចាប់ពីថ្នាក់ជាតិ រហូតថ្នាក់ក្រោមជាតិ រួមមាន អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន។ វិធានការជាកញ្ចប់នេះ ក្រុមការងារបានរៀបចំប្រជុំចំនួន៥ដងរួចមកហើយ និងបានដាក់ចេញនូវផែនការសកម្មភាពនានា បានយ៉ាងខ្ជាប់ខ្ជួនតាមកាលវិភាគ ដែលបានកំណត់ ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ មានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការបានធ្វើការ កំណត់អត្តសញ្ញាណលម្អិត កំណត់តំបន់ចូលរួមវិភាគ ការអនុវត្តគម្រោងសម្រាប់រៀបចំ លិខិតបទដ្ឋានគតិយុត្តិ និងការជំរុញអនុវត្តយន្តការដោះស្រាយ ក្រៅប្រព័ន្ធតុលាការជាដើម។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុក្នុងខែ មីនា ឆ្នាំ២០២៣ ហើយសិក្ខាសាលាថ្ងៃនេះ នឹងធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវវិធានការរាជរដ្ឋាភិបាល ក្នុងចំណោម តួអង្គសំខាន់ៗ និងអ្នកពាក់ព័ន្ធនានា ទាំងរដ្ឋ និងឯកជន ដើម្បីជំរុញការអនុវត្ត និងជំរុញសកម្មភាព និងសន្ទុះសេដ្ឋកិច្ចក្នុងខេត្ត ទាំងក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង។លោកបណ្ឌិតបន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន បានដឹកនាំការសិក្សា ​លើការរៀបចំវិធានការ ដោយមានការចូលរួមពីក្រសួ​ងស្ថាប័នពាក់ព័ន្ធ។

ជាមួយនេះ លោកហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមមគ្គុទ្ទេសក៏ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណា​ក់​កាលទី១” ដែលតាមនេះ រាជរដ្ឋាភិបាល ផ្តោតអាទិភាព លើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេ​សគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេ​សចរណ៍ មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ តំបន់ ឧស្សាហកម្ម ជាដើម ដោយកំណត់យន្តការអនុវត្ត ឱ្យបានច្បាស់​លា​ស់ និងគ្រប់ជ្រុងជ្រោយ។

បន្ថែមពីលើនេះ លោកបណ្ឌិតហ៊ាន សាហ៊ីប បានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ និងម៉្យាងជាខេត្តដែលមានអគារច្រើន មានតម្លៃជាង១០០០លានដុល្លារអាមេរិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ច និងធុរកិច្ច ពិសេសប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និងអនាគត។

វិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំង គឺជា “វិធានការជាកញ្ចប់ដែលត្រូវអនុវត្តន៍ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ជាតួអង្គតែមួយ ប្រកបដោយឆន្ទៈខ្ពស់ និងមានភាពសកម្ម ដែលត្រូវធ្វើឡើងតាមរយៈការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ការបង្កើតតម្រូវការទីផ្សារ សំដៅកាត់បន្ថយគម្រោងវិនិយោគជាប់គាំងជាអតិបរិមា និងការបង្កើតសកម្មភាពសេដ្ឋកិច្ច ដ៏រស់រវើកឡើងវិញ៕