រដ្ឋាភិបាលចិនដាក់ចេញគោលការណ៍ណែនាំ២៤ចំណុចដើម្បីបង្កើនការវិនិយោគពីបរទេស

ដោយៈ តែម សុខុម
ប៉េកាំងៈ ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី១៣ សីហាបានដាក់ចេញ គោលការណ៍ណែនាំនានា ដែលខ្លួននិយាយថានឹងធ្វើឱ្យកាន់តែប្រសើរបន្ថែមទៀត នូវបរិយាកាសវិនិយោគបរទេសក្នុងប្រទេសចិន និងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន។

ក្រុមប្រឹក្សារដ្ឋចិន បានលើកឡើងតាមរយៈឯកសារមួយ ដែលមានគោលការណ៍ណែនាំ២៤ចំណុចថា អាជ្ញាធរត្រូវតែបង្កើនការការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកវិនិយោគបរទេស រួមទាំងការពង្រឹងការអនុវត្តកម្មសិទ្ធិបញ្ញាផងដែរ។

ឯកសារនេះក៏បានប្រកាស ពីគោលការណ៍ណែនាំនានា ដើម្បីបង្កើនការគាំទ្រផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកពន្ធសម្រាប់សហគ្រាសវិនិយោគបរទេស ដូចជាការលើកលែងជាបណ្ដោះអាសន្ននូវពន្ធលើប្រាក់ចំណូល សម្រាប់អ្នកវិនិយោគបរទេស ដែលបង្វែរប្រាក់ចំណេញរបស់ពួកគេ យកមកវិនិយោគឡើងវិញ នៅក្នុងប្រទេ​សចិនជាដើម។

ក្រុមប្រឹក្សារដ្ឋចិន និយាយថា ខ្លួននឹងស្វះស្វែងរក “យន្តការគ្រប់គ្រងដ៏ងាយស្រួល និងមានសុវត្ថិភាព” សម្រាប់រំហូរទិន្នន័យឆ្លងដែន។ សំណើនេះធ្វើឡើងចំពេលមានភាពតានតឹង រវាងអាជ្ញាធរ និងសហគ្រាសអន្តរជាតិ រួមទាំងបណ្ដាក្រុមហ៊ុនគណនេយ្យ ពិភពលោកផងដែរជុំវិញសុវត្ថិភាពទិន្នន័យ។

ប្រទេសចិន បានស្វះស្វែងយ៉ាងខ្លាំង នៅក្នុងការទាក់ទាញមូលធនបរទេស ខណៈការស្ទុះងើបឡើងនៃសេដ្ឋកិច្ចរបស់ខ្លួន ពីវិបត្តិកូវីដ-៩ មានសន្ទុះយឺតដោយសារតម្រូវការនាំចេញធ្លាក់ចុះ ពីបណ្ដាដៃគូពាណិជ្ជកម្មសំខាន់ៗ និងភាពចលាចល ដែលកំពុងកើតមាននៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ៕ Reuters៕

Mobile App របស់ជប៉ុន ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារអចលនទ្រព្យថៃ

តែម សុខុម
បាងកក: កម្មវិធីទូរស័ព្ទ ឬ Mobile App ជប៉ុន ដែលមានឈ្មោះថា ខាន់ណា (KANNA) កំពុងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារអចលនទ្រព្យថៃ ដោយសារឧបករណ៍គ្រប់គ្រងគម្រោងរបស់ App នេះមានប្រសិទ្ធភាពខ្ពស់នៅក្នុងការជួយកាត់បន្ថយការចំណាយលើការសាងសង់។

លោក ហ៊ីការុ ណាហ្គាយ៉ាម៉ា (Hikaru Nagayama) នាយកប្រតិបត្តិក្រុមហ៊ុនអាល់ដាហ្គ្រាម (Aldagram Inc) ជាក្រុមហ៊ុន Startup ជប៉ុន ដែលបានបង្កើត App គ្រប់គ្រងគម្រោងមួយនេះបានលើកឡើងថា ការប្រមូលទិន្នន័យមិនពេញលេញ និងការផ្ទេរទិន្នន័យគ្មានប្រសិទ្ធភាពអាចធ្វើឱ្យតម្លៃសំណង់កើនឡើងកាន់តែខ្ពស់។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៣ សីហា។

លោកបានគូសបញ្ជាក់ថា App នេះជួយធ្វើឱ្យការប្រមូលទិន្នន័យ និងការផ្ទេរទិន្នន័យកាន់តែប្រសើរឡើង។ នៅក្នុងប្រទេសជប៉ុន ដែលតម្លៃសំណង់ខ្ពស់បំផុតទី២ ទូទាំងពិភពលោកដោយសារកម្លាំងពលកម្មធ្លាក់ចុះ និងចំនួនប្រជាជនជប៉ុន កាន់តែមានវ័យចំណាស់ App នេះជួយធានាបាននូវការប្រគល់គម្រោងប្រកបដោយគុណភាពទាន់ពេលវេលាកំណត់ និងការចំណាយដែលបានគ្រោងទុក។Version ជាភាសាអង់គ្លេស នៃ App នេះត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន ហើយ Version ជាភាសាថៃ និងភាសាអេស្ប៉ាញ ក៏ត្រូវបានបញ្ចូលបន្ថែមតាមក្រោយ។ បច្ចុប្បន្ន App នេះមានអ្នកប្រើប្រាស់ជាង២០.០០០នាក់នៅជាង១០ប្រទេស។

ក្រុមហ៊ុន Aldagram បានបើកការិយាល័យតំណាងនៅក្នុងប្រទេសថៃ ដើម្បីលក់ App នេះនៅទីនោះ។ App នេះអាចប្រើបានទាំងប្រព័ន្ធប្រតិបត្តិការ Android និង IOS៕ THE NATION៕

US consumers are feeling less optimistic about the economy for the first time this summer

Americans became slightly less optimistic about the economy this month, following two straight months of growing confidence.

Consumer sentiment tracked by the University of Michigan fell to 71.2 in August from the prior month, down from a reading of 71.6 in July, according to a preliminary estimate. Sentiment had been on an upswing throughout the summer, mostly due to slower inflation, and is well above the record lows reached this time last year.

“In general, consumers perceived few material differences in the economic environment from last month, but they saw substantial improvements relative to just three months ago,” said the University of Michigan’s Director of Surveys, Joanne Hsu, in a release.
Expectations for inflation rates in the year ahead inched down to a 3.3% rate from 3.4% in the previous reading.

Signs of cooling inflationGas prices, which are highly visible indicators of inflation for consumers, have risen in recent weeks, which could weigh on sentiment in the future. And the Consumer Price Index rose 3.2% in July from a year earlier, up from June’s 3% annual rise, though underlying price pressures continued to ease. Source: CNN

ក្រុមហ៊ុនកាណាដា គ្រោងផលិតផ្កាយរណប១៩៨សម្រាប់ការបាញ់បង្ហោះចែកចាយសេវាអ៊ីនធឺណិតទូទាំងពិភពលោក

តែម សុខុម

សិង្ហបុរី: ក្រុមហ៊ុនប្រតិបត្តិករផ្កាយរណបកាណាដា Telesat បានផ្ដល់កិច្ចសន្យាតម្លៃ១,៥៦ពាន់លានដុល្លារ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអវកាសកាណាដា MDA ផលិតផ្កាយរណបចំនួន១៩៨សម្រាប់កម្មវិធីគន្លងតារាវិថីទាបរបស់ខ្លួន។

កិច្ចសន្យាដែលបានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះបានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Telesat ទាំងនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ហក់ឡើងរហូតដល់ទៅជាង៤៥% ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន MDA ហក់ឡើងប្រមាណ២៩%។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៣ សីហា។

ក្រុមហ៊ុន Telesat និយាយថា ដំបូងឡើយខ្លួនបានគ្រោងចំណាយ៣,៥ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងផ្កាយរណបចែកចាយសេវាអ៊ីនធឺណិត Lightspeed នេះ ហើយថា កិច្ចសន្យាជាមួយក្រុមហ៊ុន MDA បានជួយឱ្យខ្លួនចំណាយតិចជាងការគ្រោងទុក២ពាន់លានដុល្លារអាមេរិក។

ការបាញ់បង្ហោះផ្កាយរណបនេះគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៦ ហើយការផ្ដល់សេវាកម្មចែកចាយសេវាអ៊ីនធឺណិតទូទាំងពិភពលោកនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២៧។

ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍ថា បណ្តាញ Lightspeed ដែលបានរចនាឡើងវិញនេះនឹងផ្ដល់ការតភ្ជាប់របស់អ្នកប្រើប្រាស់ជាសហគ្រាស និងរដ្ឋាភិបាលជាមួយសេវាអ៊ីនធឺណិតដែលមានសុវត្ថិភាពខ្ពស់ និងមានភាពធន់នៅទូទាំងពិភពលោក៕ Reuters៕

ចំណេះដឹងថ្មី! តើអ្វីជាភាពឯកសិទ្ធិលើចលនវត្ថុ?

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឯកសិទ្ធិ ជាសិទ្ធិមួយ ដែលទទួលបាននូវការសងពីទ្រព្យដែលជាកម្មវត្ថុនៃឯកសិទ្ធិ ដោយមានអាទិភាពជាងម្ចាស់បំណុ​លផ្សេងទៀត។

យោងតាមឯកសារច្បាប់បានបង្ហាញថា ឯកសិទ្ធិត្រូវបានបែងចែកជាពីរប្រភេទធំៗគឺ ទី១ ឯកសិទ្ធិទូទៅ និងឯកសិទ្ធិពិសេស ដោយនៅក្នុងឯកសិទ្ធិនីមួយៗ សុទ្ធតែមានលក្ខណៈពិសេសៗទៅតាមផ្នែក ដែលបានកំណត់នៅក្នុងច្បាប់ ។ទី២ ឯកសិទ្ធិពិសេស យើងឃើញមានបញ្ញត្តិមួយ ដែលចែងអំពី ឯកសិទ្ធិលើចលនវត្ថុ ដែលសំដៅលើសិទ្ធិ លើបំណុលពាក់ព័ន្ធនឹងចលនវត្ថុជាក់លាក់ ហើយត្រូវបានការពារដោយឯកសិទ្ធិ។

តើឯកសិទ្ធិលើចលនវត្ថុ ត្រូវបានកើតឡើងដោយសារមូលហេតុអ្វីខ្លះ?
យោងតាមស្មារតីនៃមាត្រា ៧៨៨ នៃក្រមរដ្ឋប្បវេណីបានបញ្ញត្តិថា៖ ឯកសិទិ្ធលើចលនវត្ថុ ជាប្រភេទឯកសិទ្ធិពិសេស ដែលបានកើតឡើងដោយសារមូលហេតុណាមួយ ដូចជា ទី១ ការជួលអចលនវត្ថុ ទី២ ការដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ទី៣ ការរក្សាទុកចលនវត្ថុ ទី៤ ការលក់ចលនវត្ថុ ទី៥ ការផ្ដល់គ្រាប់ពូជ កូនរុក្ខជាតិ ឬជី និង ពូជ កូនសត្វ ឬចំណីសត្វ ។

អត្ថបទនេះ សូមលើកយកតែមួយចំណុចតែប៉ុណ្ណោះ ដើម្បីមកធ្វើការបកស្រាយគឺ ឯកសិទ្ធិលើចលនវត្ថុ ដែលកើតចេញពីការជួលអចលនវត្ថុ នៅក្នុងប្រភេទនៃកិច្ចសន្យាជួល ។ មុននឹងបកស្រាយ យើងគួរយល់ពីពាក្យភតិបតី និងភតិកៈ ពីព្រោះជារឿយៗពាក្យទាំងពីរនេះងាយនឹងមានការភាន់ច្រឡំ ។

ភតិបតី សំដៅដល់ភាគីម្ខាងនៃកិច្ចសន្យាជួល ដែលសន្យាថា ឱ្យភតិកៈប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយ ដោយយកថ្លៃឈ្នួល ។ ភតិកៈ សំដៅដល់ភាគីម្ខាងនៃកិច្ចសន្យាជួល ដែលសន្យាថា នឹងបង់ថ្លៃឈ្នួល ដើម្បីជាថ្នូរនឹងការទទួលបាននូវសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីវត្ថុណាមួយរបស់ភតិបតី ។ឯកសិទ្ធិចំពោះការជួលអចលនវត្ថុ មានអត្ថិភាពលើចលនវត្ថុរបស់ភតិកៈ ចំពោះថ្លៃឈ្នួលអចលនវត្ថុ និងកាតព្វកិច្ចផ្សេងទៀតរបស់ភតិកៈ ដែលកើតឡើងដោយទំនាក់ទំនង នៃការជួលអចលនវត្ថុនោះ ។

ឧទាហរណ៍ លោក “ក” បានជួលដីមួយកន្លែងឱ្យ លោកស្រី “ខ” ដើម្បីធ្វើការសង់អគារប្រកបអាជីវកម្ម ក្នុងតម្លៃ៥,០០០ (ប្រាំពាន់ដុល្លារអាមេរិក) ក្នុងមួយខែ និងពិន័យ៥០ (ហាសិបដុល្លារអាមេរិក) សម្រាប់ការបង់ប្រាក់ថ្លៃឈ្នួល យឺតយ៉ាវក្នុងរយៈពេលមួយខែ ។ ក្រោយពីបានអនុវត្តកិច្ចសន្យា លោកស្រី “ខ” បានខកខានអនុវត្តកាតព្វកិច្ច បង់ថ្លៃឈ្នួលរយៈពេល៣ (បី) ខែ ជាប់គ្នា ។

នៅក្នុងដីជួលនោះ លោកស្រី “ខ” មានរថយន្តម៉ាក Kia Morning ចំនួន១ (មួយ) គ្រឿង ដែលមានតម្លៃ ១៩,០០០ (មួយម៉ឺនប្រាំបួនពាន់ដុល្លារអាមេរិក) ។ ក្នុងករណីនេះ លោក “ក” មានសិទ្ធិឯកសិទ្ធិលើចលនវត្ថុរបស់លោកស្រី “ខ” ដូចនេះលោក “ក” អាចដាក់ពាក្យស្នើសុំទៅតុលាការ ដើម្បីធ្វើការលក់ដោយបង្ខំ ចំពោះរថយន្តម៉ាក Kia Morning ដែលជាចលនវត្ថុរបស់លោកស្រី “ខ” ដើម្បីធ្វើការកាត់កងជាមួយប្រាក់ដែលលោកស្រី “ខ”បានជំពាក់ រួមទាំងប្រាក់ពិន័យយឺតយ៉ាវ ។

ឧទាហរណ៍ខាងលើនេះ បានបង្ហាញអំពីទំហំនៃវត្ថុ ដែលជាកម្មវត្ថុ នៃឯកសិទ្ធិរបស់ភតិបតីនៃដី គឺភតិបតីមានអត្ថិភាព ទៅលើចលនវត្ថុ ដែលបានបំពាក់លើដីជួល ឬនៅនឹងអគារសម្រាប់ប្រើដីជួលនោះ ចលនវត្ថុដែលបានផ្ដល់ប្រយោជន៍ សម្រាប់ប្រើដីនោះ និងផលនៃដីនោះ ដែលស្ថិតនៅក្រោមការកាន់កាប់របស់ភតិកៈ ។

ប៉ុន្ដែ ករណីដែលភតិបតី ធ្វើការជួលតែអគារនោះ ឯកសិទ្ធិរបស់ភតិបតីនៃអគារ មានអត្ថិភាពលើចលនវត្ថុ ដែលភតិកៈបានបំពាក់នៅនឹងអគារតែប៉ុណ្ណោះ។ ក្នុងករណីដែលសិទ្ធិជួល ត្រូវបានធ្វើអនុប្បទា​ន (ការផ្ទេរសិទ្ធិជួល) ឬ ជួលបន្ដ ឯកសិទ្ធិរបស់ភតិបតី មានអានុភាព លើចលនវត្ថុរបស់អនុប្បទានិក (អ្នកទទួលសិទ្ធិជួលពីការផ្ទេរ) ឬ ភតិកៈបន្ត (អ្នកជួលបន្ដពីភតិកៈចម្បង) ។
ក្នុងករណីដែលភតិបតី បានទទួលប្រាក់កក់ដើម្បីធានា ជាបឋម ត្រូវកាត់កាតព្វកិច្ចនៃថ្លៃឈ្នួល ជាអាទិ៍ ដោយយកប្រាក់កក់នោះជាមុនសិន ហើយចំពោះភាគដែលនៅខ្វះ ទើបត្រូវបានទទួលស្គាល់ដោយឯកសិទ្ធិ ។

សរុបជារួមមក ឯកសិទ្ធិលើចលនវត្ថុ ជាសិទ្ធិប្រាតិភោគមួយប្រភេទ ដែលមិនកើតចេញពីការយល់ព្រម ឬកើតចេញពីកិច្ចព្រមព្រៀងជាមួយកូនបំណុលនោះទេ ឯកសិទ្ធិជាសិទ្ធិប្រាតិភោគមួយប្រភេទ ដែលក្រមរដ្ឋប្បវេណីបានទទួលស្គាល់ ដើម្បីធ្វើការការពារសិទ្ធិនិងប្រយោជន៍ ស្របច្បាប់របស់បុគ្គលឯកជន ។

កូនបំណុល ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវ ចំពោះម្ចាស់បំណុ​ល ក្នុងករណីដែលកូនបំណុលមិនបានគោរព និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនចំពោះម្ចាស់បំណុល ដែលកើតចេញពីការជួលអចលនវត្ថុ ពេលនោះម្ចាស់បំណុល នឹងមានសិទ្ធិឯកសិទ្ធិលើចលនវត្ថុរបស់កូនបំណុលនៅលើដី ឬអគារដែលបានជួល ហើយម្ចាស់បំណុលមានសិទ្ធិដាក់ពាក្យស្នើសុំទៅតុលាការ ដើម្បីធ្វើការលក់ដោយបង្ខំលើចលនវត្ថុទាំងនោះ ដើម្បីយកមកធ្វើការកាត់កង ជាសិទ្ធិលើបំណុលរបស់ខ្លួន៕

រដ្ឋាភិបាលចិននឹងគាំទ្រវិស័យសំខាន់ៗ និងជម្រុញការអភិវឌ្ឍន៍ផ្លូវដែកនិងផ្លូវល្បឿនលឿននៅកម្ពុជា

        ដោយៈ ហ្វីអូណា
  ភ្នំពេញៈ លោក វ៉ាង យីទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានសម្តែងសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយចិន ហើយចិនប្ដេជ្ញាបន្តផ្ដល់ការគាំទ្រកម្ពុជាលើវិស័យជាច្រើន។​

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាកាលពីថ្ងៃទី១២ និងទី១៣ សីហានេះ និងបានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ដោយមានការចូលរួមពីលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលផងដែរ។

នៅក្នុងជំនួបនោះ លោក វ៉ាង យី បានបង្ហាញអំពីការសង្ឃឹមជឿជាក់របស់ខ្លួនថា រាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងបន្តពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការ ទ្វេរភាគីកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលក្នុងនោះ ភាគីចិនបានបង្ហាញជំហប្ដេជ្ញាបន្ត ផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ និងសុខាភិបាល។

លើសពីនេះភាគីចិន ក៏បានបង្ហាញជំហរគាំទ្រដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដែល រួមមាន ការសាងសង់ផ្លូវល្បឿនលឿនបន្ថែម ទៅបណ្ដាខេត្តសំខាន់ៗ ការអភិវឌ្ឍវិស័យទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការអភិវឌ្ឍផ្លូវដែកតភ្ជាប់ ទៅច្រករបៀងសេដ្ឋកិច្ចភាគខាងជើង និងតភ្ជាប់ទៅផ្លូវដែកថៃ-ឡាវជាដើម។ ជាពិសេសបន្តការជំរុញកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឱ្យកាន់តែមានភាពរលូន និងនាំមកនូវគម្រោង សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជាបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសម្តែងការស្វាគ​មន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិន ដែលអញ្ជើញមកបំពេញទស្ស​នកិច្ចផ្លូវការនៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែងតែផ្ដល់ជំនួយដ៏ច្រើន សន្ធឹកសន្ធាប់មកឱ្យកម្ពុជានៅក្នុងការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យនៅគ្រប់កាលៈទេសៈរហូតមកទល់បច្ចុប្បន្ន ជាពិសេសការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធ រួមមានការកសាងផ្លូវថ្នល់ប្រមាណ៣០០០គីឡូម៉ែត្រ និងស្ពានធំៗចំនួន១០។

ភាគីទាំងពីរ ក៏បានអបអរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ និងប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ​ឱ្យបានខ្លាំងក្លាថែមទៀត ដោយបង្កើតនូវសហគមន៍ជោគវាសនារួម កម្ពុជា-ចិន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

លោក វ៉ាង យី បានថ្លែងអំណរគុណ និងកោតសរសើរដល់លោ​កឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានខិតខំកសាង និងពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនឆ្នាំ ឆ្លងកាត់សម័យកាលជាច្រើនរបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំ គណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន លោកបាននាំមកនូវការរីកចម្រើន និងការរក្សាបាននូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ការប្រាស្រ័យទាក់ទងរវាងប្រជាជន នៃប្រទេសទាំងពីរ រហូតឈានទៅសម្រេចបាន ជាទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០។ជាមួយគ្នានោះ លោក វ៉ាង យី ក៏បានសម្តែងនូវការអបអរសាទរចំពោះការទទួលបានជោគជ័យ ​ដ៏ត្រចះត្រចង់នៃការបោះឆ្នោតសកលនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ផងដែរថា ចិនគឺជាមិត្តដែកថែប ហើយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើននៅកម្ពុជា ជាពិសេសថ្មីៗនេះ មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ការសិក្សាគម្រោ​ងផ្លូវដែកនៅកម្ពុជា និងគម្រោងព្រែកជីកហ្វូណនតេជោជាដើម។

លោកស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់ភាគីចិន ដែលមានទឹកប្រាក់ប្រមាណ៣០០លានយ័ន សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងស្ដារឡើងវិញវិស័យផ្លូវដែកនៅកម្ពុជាផងដែរ ជាពិសេសការជំរុញការកសាងផ្លូវដែក ល្បឿនលឿនភ្ជាប់ភ្នំពេញ-ប៉ោយប៉ែត ទៅប្រទេសថៃ ឡាវ និងចិន៕

ស្ថានភាពនៃការវិនិយោគនៅកម្ពុជាស្ថិតក្នុងសភាពដូចម្តេច?

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលបរិបទកម្ពុជា កំពុងទទួលឥទ្ឋិពលពីវិវបត្តិសេដ្ឋកិច្ចពិភពលោក មន្រ្តីជាន់ខ្ពស់កម្ពុជាបានលើកឡើងថា ការវិនិ​យោគនៅកម្ពុជាមានការធ្លាក់ចុះ ប៉ុន្តែចំនួនក្រុមហ៊ុនបានកើនឡើង។

លោកជា វុទ្ឋីអគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងក្នុងវេទិកា ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងសប្តាហ៍មុនថា ការគ្រប់គ្រ​ងជំងឺកូវីដបានល្អប្រសើរ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារំពឹងថា កើនឡើង៥,៦ភាគរយ ជាមួយកំណើនប្រាក់ចំណូល របស់ប្រជាជនម្នាក់ៗកើនដល់ជិត១៩៣២ដុល្លារអាមេរិក។

លោកបន្តថា “ជាមួយនឹងកំណើនសេដ្ឋកិច្ច និងកំណើនប្រាក់ចំណូលរបស់ប្រជាជន ជាអ្វីដែលយើងអាចទាក់ទាញនូវការវិនិយោគពីបរទេស”។ លោកបន្តថា “យើងគ្រប់គ្រងអត្រាអតិផរណាបានល្អប្រសើរជាមួយកំនើនត្រឹម៥,៣ភាគរយ កាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ អតិផរណារបស់យើងមានកំណើនជាង២ភាគរយ”។

លោកជា វុទ្ឋីបានបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជាមិនថា តែយើងថាខ្លួនឯងទេ គឺធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ីថា យើងនឹងមានកំណើន៥,៥ភាគរយ មូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF)ថាយើងសម្រេចបានក្នុងរង្វង់ប្រហាក់ប្រហែលគ្នា។

ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន(AMRO) ដែលបានស្រា​វជ្រាវពីលំហូរវិនិយោគ នៅក្នុងតំបន់អាស៊ាន និងកម្ពុជាបានបង្ហាញថា ទោះបីមានវិបត្តិកូវីដ១៩ និងភាពតានតឹងភូមិសាស្រ្តនយោបាយ និងភាពតានតឹងរវាងអាមេរិក និងចិនក្តី ប៉ុន្តែលំហូរវិនិយោគពីបរទេសមកកម្ពុជានៅតែមានស្ថេរភាព។

លោកជា វុទ្ឋីបានបន្តថា នៅឆ្នាំ២០២០លំហូរវិនិយោគនៅតំបន់អាស៊ាន បានធ្លាក់ចុះជិត៤០ភាគរយ តែនៅកម្ពុជានៅយតែមានលំនឹង ដោយទំហំវិនិយោគបរទេសមកកម្ពុជា សម្រេចបាន៣៦០០លានដុល្លារ ដែ​លអ្នកវិនិយោគក្នុងស្រុក បានជាប់ចំណាត់ថ្នាក់លេខ១ ដោយអ្នកវិនិយោគមិនយកលុយដាក់ក្រោមខ្នើយ មិនយកលុយដាក់ក្នុងធនាគារ ទី២ គឺការវិនិយោគពីប្រទេសចិន។

យោងតាមទីន្នន័យ របស់ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានបង្ហាញថា ឆ្នាំ២០២១ និងឆ្នាំ២០២២ មានទំហំប្រហាក់ប្រហែលគ្នា ប៉ុន្តែនៅឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ គឺទំហំវិនិយោគមានការធ្លាក់ចុះ ដោយចំនួនគំរោងធំៗថយចុះ ប៉ុន្តែគំរោងតូចៗបានកើនឡើង៕

នាយករដ្ឋមន្រ្តីថ្មីកម្ពុជានឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន នាខែកញ្ញាខាងមុខ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោក វ៉ាង យី ប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុ​ន ម៉ាណែតនឹងអញ្ជើញទៅទស្សនកិច្ចផ្លូវការ ទៅចូលរួមពិធីខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានីប៉េកាំង សា​ធារណរដ្ឋប្រជាមានិតប្រទេសចិន នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខ។

ព៌តមាននេះ ត្រូវបានលើកឡើងកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងជំនួបរវាងឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយនឹង លោកវ៉ាង យី សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣នេះ។នៅក្នុងជំនួបនេះ, លោក វ៉ាង យី បានបញ្ជាក់អំពីជំហរបន្តជំរុញការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជា ហើយភាគីមិត្តចិននឹងត្រៀមទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។

ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណ និងធ្វើការគូសបញ្ជាក់ជូនភាគីមិត្តផងដែរ នូវការរក្សាគោលជំហរឥតប្រួលប្រែ របស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំពោះ “គោលនយោបាយចិនមួយ” និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន។

ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់ជិតស្និទ្ធ តាមរយៈការថែររក្សាសមិទ្ធផល ដែលមានកន្លងមក ក៏ដូចជាការពង្រីកទិសដៅ កិច្ចសហប្រតិបត្តិការ ទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអគ្គិសនី ជាពិសេស វារីអគ្គិសនី វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ជាដើម ។ល។

លើសពីនេះ ភាគីទាំងពីរ ក៏ឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រដល់គ្នា ទៅវិញទៅមកផងដែរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ៕

អភិបាលខេត្តកំពង់ចាម គ្រោងអភិវឌ្ឍន៍តំបន់ទន្លេអុំឲ្យក្លាយជាតំបន់ទេសចរណ៍ក្នុងឆ្នាំ២០២៤

ដោយៈ ហ្វីអូណា

        កំពង់ចាមៈ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា រៀបចំផែនការអភិវឌ្ឍន៍តំបន់ទន្លេអុំ ក្បែរវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ឱ្យក្លាយជាតំបន់ទេសចរណ៍មួយនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ១០ ខែសីហាឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។

លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម មានផែនការអភិវឌ្ឍន៍ច្រើន ជាពិសេសគឺតំបន់ទន្លេអុំ ក្នុងក្រុងកំពង់ចាម ដែលត្រូវជំរុញអភិវឌ្ឍន៍តំបន់នេះឲ្យមានសោភ័ណភាពស្រស់បំព្រង ដោយរៀបចំធ្វើសួនច្បារ និងពង្រីកផ្លូវ ទទឹងប្រវែង២ម៉ែត្រសងខាង ចាប់ពីរង្វង់មូលសេះ រហូតដល់វិមានឯករាជ្យ និងរៀបចំដាំដើមឈើឡើងវិញ និងដាក់ភ្លើងបំភ្លឺតាមដងផ្លូវផងដែរ ។លោកបានឲ្យដឹងទៀតថា ចំណែកឯក្នុងតំបន់ទន្លេអុំ យ៉ាងហោចត្រូវមានទឹកជម្រៅ៣ម៉ែត្រ ដែលអាចប្រើទូកអុំបាន និងត្រូវរៀប​ចំធ្វើទំនប់បង្ហៀរ ចំណែកឯច្រាំងទន្លេអុំ ធ្វើជាបេតុង តាមថ្នាក់ៗ ដែលអាចអង្គុយកម្សាន្តបានដែរ។

លោកអភិបាលខេត្ត បានរំលឹកផងដែរថា បច្ចុប្បន្នផ្លូវចូលទីរួមខេត្ត ពីនាគព័ន្ធមានទំហំតូចចង្អៀត ។ ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តប្ដេជ្ញាអភិវឌ្ឍន៍តំបន់នេះ ឲ្យមានផ្លូវចូលធំទូលាយ ប្រកបដោ​យសោភ័ណភាព តាមដងផ្លូវ និងតំបន់ទន្លេអុំ ឲ្យកាន់តែមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ៕

ចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញលេញចំពោះអធិបតេយ្យ មាគ៌ាអភិវឌ្ឍ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិនបានប្រកាសពីការការពារ អធិបតេត្យភាពរបស់កម្ពុជា និងជម្រុញការអភិវឌ្ឈប្រទេសនេះ ក្រោម​ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី។

លោកវ៉ាង យីទីប្រឹក្សារដ្ឋចចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេដសចិន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។

ក្នុងអំឡុងពេលនៃជំនួប លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ របស់ប្រទេសចិន ក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងពាំនាំនូវការគាំទ្រយ៉ាងពេញលេញ របស់ប្រទេសចិនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជា។ អាណត្តិ ដែលទទួលបានពីសម្លេងឆ្នោតគាំទ្រចំនួន៨២% បានគូសបញ្ជាក់ពីអភិក្រមនៃការដឹកនាំ ប្រកបដោយការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះតម្រូវការចាំបាច់ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

នៅក្នុងបរិបទនៃការប្រារព្វខួបអនុស្សាវរីយ៍ លើកទី៦៥នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជា និងចិន រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សា អំពីផែនការសកម្មភាព ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ រួមមាន ទំនាក់ទំនងនយោបាយ ការទូតសភា ការពង្រីកពាណិជ្ជកម្ម ការសម្របសម្រួលការវិនិយោគ ការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្តូរលើវិស័យអប់រំ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះសន្ទុះ​ដ៏រឹងមាំ និងប្រកបដោយថាមវ័ន្ត នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងការអះអាងជាថ្មី នូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជាចំពោះ “គោលនយោបាយចិនមួយ” លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មី ពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់កម្ពុជា ក្នុងការពង្រឹងបន្ថែមទៀត នូវសហគមន៍វាសនារួមប្រកប​ដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ព្រមទាំងលើកកម្ពស់ ​ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផលប្រ​យោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយអភិវឌ្ឍន៍ជាច្រើនរបស់ប្រទេសចិន រួមមានការផ្តល់វ៉ាក់សាំងកូវីដ-១៩ និងអាហារូបករណ៍ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ដើម្បីប្រារព្វខួបអនុស្សាវរីយ៍លើកទី១០ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែ​ក្រវាត់និងផ្លូវ (BRI) ក្នុងឆ្នាំនេះ កម្ពុជាគាំទ្រប្រទេសចិន ក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាលើកទី៣ ស្តីពី គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

ភាគីចិន ក៏បានអញ្ជើញលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់រដ្ឋធានីប៉េកាំង រួមទាំងការអញ្ជើញចូលរួម ក្នុងពិព័រណ៍អាស៊ាន-ចិនលើកទី២០ និងកិច្ចប្រជុំកំពូលស្តីពីធុរកិច្ច និងការវិនិយោគអាស៊ាន-ចិន នៅទីក្រុងណាននីង ព្រមទាំងវេទិកាលើកទី៣ ស្តីពី គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ក៏ត្រូវបានពិភាក្សាផងដែរ៕