ក្រុមហ៊ុនGMបានផ្គុំដំឡើងរថយន្តChevroletនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនផលិតរថយន្តដ៏ធំGM បានសម្រេចបង្កើតរោងចក្រផ្គុំ និងដំំឡើងរថយន្តម៉ាកChevroletនៅកម្ពុជា ជាទីតាំងមួយដែលក្រុមហ៊ុនបានសម្រិតសំរាំងបំផុត ក្នុងចំណោមប្រទេសជាសមាជិ​កអាស៊ាន។

ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធរថយន្តប្រភេទ ភីកអាប់ ហ្សេវរ៉ូឡេ ខូឡូរ៉ាដូ (Chevrolet Colorado) នៅសាល ដី ព្រេមៀ សេនធ័រ សែនសុខ។

លោកអគ្គលេខាធិការបានសម្តែង នូវការអបអរសាទរចំពោះក្រុមហ៊ុន យូណាយធីត អូតូត្រេឌីង ក្នុងការសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យមួយនេះ ហើយក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនGM ដែ​លបានជ្រើសរើសយកប្រទេសកម្ពុជា ដែលជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ានដែលត្រូវបានជ្រើសរើស និងទទួលបានសិទ្ធិពិសេសពីក្រុមហ៊ុនGM ក្នុងការផ្គុំដំឡើងរថយន្តChevrolet។

លោកអគ្គលេខាធិការបានលើកឡើង នូវយុទ្ធសាស្ត្រចម្បងចំនួនពីរសម្រាប់ឱ្យក្រុមហ៊ុនធ្វើការពិចារណា ដែលយុទ្ធសាស្ត្រទីមួយគឺការពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងទីពីរគឺសូមឱ្យក្រុមហ៊ុន យូណាយធីត អូតូ ត្រេឌីង ចូលរួមជំរុញធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំ ការនាំចេញទាំងផលិតផលរថយន្ត និងទាំងគ្រឿងបង្គុំរថយន្ត។

លោកក៏បានលើកឡើងអំពីការបន្តប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវបរិយាកាសវិនិយោគមួយ ដែលមានភាពអំណោយផល និងអាចប៉ាន់ប្រមាណទុកជាមុនបាន។ ជាក់ស្តែងដូចជាកាលពីពេលថ្មីៗនេះ កម្ពុជាបានឆ្លើយតបយ៉ាងឆាប់រហ័ស ទៅលើបញ្ហាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ដែលកម្ពុជាសម្រេចបានការកាត់បន្ថយអត្រាពន្ធគយបដិការពី៤៩% មកត្រឹម៣៦% ហើយចុងក្រោយមកត្រឹម១៩%។

លោកជា វុទ្ឋីបានបញ្ជាក់ថា “នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា វិនិយោគិន និងធុរជនទាំងអស់ ដែលកំពុងមានសកម្ម​ភាពអាជីវកម្មនៅកម្ពុជា”។

ឆ្លៀតក្នុងឱកាសនេះ លោកអគ្គលេខាធិការបានថ្លែងអំណរគុណដល់ឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឱ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់។

បន្ថែមលើនេះ លោកប្រធានាធិបតី ក៏បានមានការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវការអនុគ្រោះពន្ធ ចុងក្រោយត្រឹម ១៩% ដើម្បីកម្ពុជាអាចបន្តពង្រឹង ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ពិសេ​សការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកបន្ថែមទៅទៀត៕

ទីផ្សារលំនៅដ្ឋាននៅប្រទេសអូស្ត្រាលីបន្តកើនឡើងដល់កម្រិតបំបែកកំណត់ត្រាថ្មីក្នុងខែកក្កដា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានបន្តកើនឡើងជាលំដាប់ដល់កម្រិតបំបែកកំណត់ត្រាថ្មីកាលពីខែកក្កដា ដោយសារការផ្គត់ផ្គង់លំនៅដ្ឋានក្នុងប្រទេសនេះមិនអាចឆ្លើយតបទាន់តម្រូវការ គួបផ្សំនឹងការកាត់បន្ថយអត្រាការប្រាក់ដោយធនាគារកណ្តាលអូស្ត្រាលី។

យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality បានបង្ហាញថា តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើនឡើង០,៦ភាគរយដល់ទំហំទឹកប្រាក់ចំនួន៨៤៤.១៩៧ដុល្លារអូស្ត្រាលី (ប្រមាណ៥៤២.៣៩៧ដុល្លារអាមេរិក) នៅក្នុងខែកក្កដា ឆ្នាំ២០២៥។

តួលេខនេះជាអត្រាកំណើនក្នុងរយៈពេល៦ខែជាប់ៗគ្នា។ កាលពីខែមិថុនា តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីបានកើនឡើង០,៦ភាគរយដូចគ្នា ដែលនាំឱ្យអត្រាកំណើនប្រចាំឆ្នាំសម្រេចបានក្នុងរង្វង់៣,៧ភាគរយ។នេះបើយោងតាមការចុះផ្សាយដោយកាសែត Reuters។

លោក Tim Lawless នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Cotality បានគូសបញ្ជាក់នៅក្នុងកំណត់ត្រាមួយថា “ទស្សនវិស័យសម្រាប់តម្លៃលំនៅដ្ឋានក្នុងប្រទេសអូស្ត្រាលីនៅតែបង្ហាញសញ្ញាវិជ្ជមាន”។

លោកបានបន្តថា “យើងរំពឹងថា តម្លៃផ្ទះនឹងបន្តកើនឡើងពេញមួយឆ្នាំ២០២៥ ដោយសារការបញ្ចុះអត្រាការប្រាក់ឱ្យថយចុះមកនៅត្រឹមកម្រិតទាបដោយធនាគារកណ្តាលនៃប្រទេសអូស្ត្រាលី ភាពប្រសើរឡើងនៃទំនុកចិត្ត និងកង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋាន”។

ទោះជាយ៉ាងណា លោក​បាន​ព្រមាន​ថា ល្បឿន​នៃ​អត្រាកំណើន​នឹងថមថយ ដោយសារ​កង្វះ​លទ្ធភាព​ទិញផ្ទះ ស្របពេលតម្លៃផ្ទះមានកម្រិតខ្ពស់កប់ពពក និង​ភាព​មិន​ប្រាកដ​ប្រជា​របស់សេដ្ឋកិច្ចពិភពលោក៕ប្រភព: Reuters៕

ការ​លក់​ផ្ទះ​នៅប្រទេស​ចិន​បន្ត​ដាំក្បាលចុះ​នៅខែ​កក្កដា ខណៈរដ្ឋាភិបាលចិនមិនបានដាក់ចេញវិធានការថ្មី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការ​លក់​ផ្ទះ​នៅប្រទេស​ចិន​បាន​បន្ត​ដាំក្បាលចុះ​នៅខែ​កក្កដា ខណៈ​វិធានការបញ្ចុះតម្លៃ​លំនៅដ្ឋានរបស់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនានានៅតែមិនអាច​ទាក់​ទាញ​អ្នក​ទិញ។ ប្រការនេះទាមទារឱ្យរដ្ឋាភិបាលចិនដាក់ចេញវិធានការ​ថ្មីៗ​ដើម្បី​ជំរុញទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិន។

យោងតាមទិន្នន័យបឋមពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យចិន China Real Estate Information Corp បានឱ្យដឹងថា ទំហំទឹកប្រាក់ពីការលក់ផ្ទះថ្មីរបស់បណ្តាក្រុមហ៊ុនអចលនទ្រព្យចិនធំៗចំនួន១០០ បានដាំក្បាលចុះ២៤ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹមចំនួន២១១,២ពាន់លានយ័ននៅក្នុងខែកក្កដា ឆ្នាំនេះ។

ការ​ដាំក្បាលចុះ​នៃទីផ្សារលំនៅដ្ឋានរបស់​ប្រទេស​ចិន​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​៤ឆ្នាំ​មក​ហើយ ខណៈតម្លៃ​ផ្ទះ​ថ្មី​កាលពីខែមិថុនាបាន​ធ្លាក់​ចុះ​ក្នុងល្បឿនលឿនបំផុត​ក្នុង​រយៈ​ពេល​៨​ខែ​។

លោក Lu Ting ប្រធាន​សេដ្ឋវិទូ​ចិន​ប្រចាំ​ធនាគារ Nomura Holdings បាន​សរសេរ​នៅ​ក្នុង​កំណត់​ត្រា​ថ្មី​មួយ​ថា “វិស័យ​អចលនទ្រព្យ​ក្នុងប្រទេសចិននៅ​តែបន្តជួបប្រទះបញ្ហា​ប្រឈមជាច្រើន”។

ជាមួយគ្នានេះ ការអំពាវនាវឱ្យរដ្ឋាភិបាលចិនដាក់ចេញវិធានការគោលនយោបាយថ្មីៗបន្ថែមទៀតដើម្បីស្រោចស្រង់ទីផ្សារលំនៅដ្ឋានក្នុងស្រុកបានផុសផុលឡើងកាន់តែខ្លាំង ស្របពេលដែលវិបត្តិនេះកំពុងបន្តអូសបន្លាយ និងជះផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចចិន។

ទោះជាយ៉ាងណា ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់ប្រទេសចិនបានបដិសេធចំពោះការដាក់ចេញវិធានការជំរុញទីផ្សារអចលនទ្រព្យនៅឯកិច្ចប្រជុំមួយក្នុងសប្តាហ៍នេះ បន្ទាប់ពីសេដ្ឋកិច្ចចិនបានកើនឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងរង្វង់៥,២ភាគរយនៅត្រីមាសទី២ ឆ្នាំ២០២៥៕ប្រភព: Bloomberg៕

គំរោងវិនិយោគតម្លៃជិត៣០០០លានដុល្លារត្រូវបានអនុម័តលើកទឹកចិត្តពីរដ្ឋាភិបាលជាលើកដំបូងនៅភូមិភាគឦសាន

0

ដោយៈ ចំណាន

    ភ្នំពេញៈ គំរោងវិនិយោគធំៗចំនួន៥ ត្រូវបានទទួលការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល ដើម្បីវិនិយោគក្នុងទឹកប្រាក់២៨៥០លានដុល្លារអាមេរិក នៅក្នុងតំបន់ភូមិភាគឦសានជាលើកដំបូង។

ព័ត៌មានដ៏ល្អនេះ ត្រូវបានបង្ហើបឲ្យដឹងដោយលោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន(ក.វ.ឦសាន) នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥។

គម្រោងវិនិយោគទាំង៥ មានទុនវិនិយោគសរុប២៨៥០លានដុល្លារអាមេរិកនិង អាចបង្កើតការងារប្រមាណ៣៨,៤០០ កន្លែង ជូនប្រជាពលរដ្ឋកម្ពុជា នៅពេលដំណើរការពេញលេញ។

គម្រោងទាំង៥ខាងលើនេះ រួមមាន ការវិនិយោគលើវិស័យកសិ កម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលជាវិស័យអាទិភាពរបស់កម្មវិធីពិសេស ហើយក៏មានគម្រោងក្នុងវិស័យទូទៅផ្សេងទៀត ដូចជា អប់រំ និងសុខាភិបាលផងដែរ។

ក្នុងចំណោមនោះ ក្រុមហ៊ុនមួយចំនួន ជាក្រុមហ៊ុនដែលធ្លាប់បានវិនិយោគជាក់ស្តែង នៅតាមបណ្តាខេត្តនៅភូមិភាគឦសាន ហើយមានបំណងពង្រីកសកម្មភាពរបស់ខ្លួន ក្នុងរូបភាពជាគម្រោងវិនិយោគកសិ កម្មពហុបំណងខ្នាតធំ តាមរយៈការពង្រីកសមត្ថភាពផលិតកម្ម ការជំរុញសហថាមភាពពីកិច្ចសហការវិនិយោគ ការបង្កើនការកែច្នៃផលិត ផលកសិកម្ម ការចិញ្ចឹមសត្វ ការបង្កើតរោងចក្រផលិតជី ចំណីសត្វ និងគ្រឿងយន្តកសិកម្ម ដែលសុទ្ធតែជាធាតុចូលបន្ថែមចាំបាច់ និង មានតម្រូវការខ្ពស់ ក្នុងការបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច និងការធ្វើពិពិធកម្មវិនិយោគ សមស្របតាមលក្ខខណ្ឌអំណោយផល របស់ភូមិភាគឦសាន។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងអំពីសារៈសំខាន់កាន់ខ្លាំង នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ដើម្បីអភិវឌ្ឍភូមិភាគឦសាន ជាប្រភពកំណើនសេដ្ឋកិច្ចថ្មី។

ក្នុងន័យនេះ ក្រុមការងារបានពិនិត្យពិភាក្សា យ៉ាងផុសផុល ដោ​យ​ផ្អែកលើលទ្ធផល នៃការចុះពិនិត្យទីតាំងគម្រោងជាក់ស្តែង និងពិនិត្យលើគ្រប់ទិដ្ឋភាព ជាពិសេស អនុលោមភាពជាមួយនឹងបទដ្ឋានគតិយុត្តរបស់កម្ពុជា ក្នុងគោលដៅជួយសម្រួល ជំរុញ និងថែរទាំវិនិយោគផង ទន្ទឹមនឹងការការពារ និងបង្កើនផលប្រយោជន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផង ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្តែងការត្រេកអរក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានអត្រាពន្ធបដិការ១៩% តាមរយៈការចរចាជាមួយសហរដ្ឋអាមេរិក ដែលលទ្ធផលល្អប្រសើរនេះ បានផ្តល់ជាក្តីសង្ឃឹមសម្រាប់ការធានាបាននូវទំនុកចិត្ត និង បរិយា​កាសវិនិយោគជាទូទៅរបស់កម្ពុជា ក៏ដូចជាការរក្សាភាពប្រកួតប្រជែង នៃឧស្សាហកម្មរបស់កម្ពុជា សម្រាប់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងមានបរិយាប័ន្ន ។

“កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃកម្ពុជា ឆ្នាំ ២០២៥-២០២៨” ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០២៥ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ។

តាមរយៈនេះ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានជាយន្តការ “ច្រកចេញចូលតែមួយ”ដើ​ម្បី​ពិនិត្យ និងអនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានាជាកញ្ចប់ ស្របតាមអភិក្រម “ជវភា​ពនៃប្រព័ន្ធតួអង្គតែមួយ” តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រ​កបដោយប្រសិទ្ធភាព និងតម្លាភាព។

ជាមួយនេះ វិនិយោគិន ដែលមានបំណងវិនិយោគក្នុងភូមិភាគឦសាន អាចឆ្លៀតឱកាស ដើម្បីទទួលបាន “អត្ថប្រយោជន៍ពិសេស” ដោយដាក់ពាក្យស្នើសុំ ឬស្វែងរកព័ត៌មានលម្អិត តាមរយៈការិយា​ល័យ របស់ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលមាន ៥ ទីតាំង ទីតាំងទី១. ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង (+855) 76 365 2775/ 97 256 7174។ទីតាំងទី២. ការិយាល័យស្ថិតនៅខេត្តក្រចេះ មានអាសយដ្ឋាននៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះខេត្តក្រចេះ ដែលមានលេខទំនាក់ទំនង (+855) 97 22 00 664។

ទីតាំងទី៣. ការិយាល័យស្ថិតនៅខេត្តស្ទឹងត្រែង មានអាស​យដ្ឋាននៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានលេខទំនាក់ទំនង (+855) 97 22 00 663,។

ទីតាំងទី៤.ការិយាល័យស្ថិតនៅខេត្តមណ្ឌលគិរី មានអាសយដ្ឋា​ននៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌ​លគិរី ដែលមានលេខទំនាក់ទំនង (+855) 97 22 11 663 និងទីតាំ​​ងទី៥.ការិយាល័យស្ថិតនៅខេត្តរតនគិរី មានអាសយដ្ឋាននៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលមានលេខទំនាក់ទំនង (+855) 97 22 11 664៕

ក្រុមហ៊ុនTOYOTAបោះទុនវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមហ៊ុនដ៏ធំរបស់ជប៉ុនបានពង្រីកទុនវិនិយោគ ដោយបោះទុនបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញបច្ចេកទេ​សក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងពេលលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក Kensuke Tsuchiya  ប្រធានក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltdកាលពីថ្ងៃទី១ សីហា។

បន្ទាប់ពីមតិស្វាគមន៍របស់លោកអគ្គលេខាធិការ លោក Kensuke Tsuchiya  បានជម្រាបជូនថា គោលបំណងនៃការចូលជួបនាពេលរសៀលនេះ គឺដើម្បីជម្រាបជូនពីវឌ្ឍនភាព នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងជម្រាបជូនអំពីគម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញបច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលមិនកំណត់សម្រាប់តែកម្មករនិយោជិតរបស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ប៉ុណ្ណោះទេ តែសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Toyota Tsusho’s Manufacturing (Cambodia) CO., Ltd. និងបានសម្តែងនូវការស្វាគមន៍ដោយក្តីរីករាយបំផុត ចំពោះគម្រោងវិនិយោគបង្កើតមជ្ឈម​ណ្ឌលបណ្តុះបណ្តាលជំនាញ បច្ចេកទេសក្នុងឧស្សាហកម្មយានយន្តរបស់ក្រុមហ៊ុននៅកម្ពុជា ដែលការណ៍នេះគឺស្របទៅនឹងគោលនយោ​បាយអភិវឌ្ឍធនធានមនុស្ស ពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥លាននាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

លោកបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា គម្រោងដ៏វិសេសវិសាលនេះ នឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ ហើយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុត ក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុន ក្នុងដំណើរការចុះបញ្ជីគម្រោងវិនិយោគ។

ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានទទួលគោលការណ៍អនុញ្ញាត ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីឆ្នាំ២០២២ឱ្យវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត (Toyota Fortuner, និង Toyota Hilux) ដែលមានទីតាំស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ៕

ប៉េង ហួត គ្រុប ទទួលស្វាគមន៍គណ:ប្រតិភូវិស័យឯកជននៃសហភាព មីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា

0

ភ្នំពេញ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានធ្វើបទបង្ហាញអំពីសក្ដានុពលអាជីវកម្ម និងគម្រោងធុរកិច្ចសំខាន់ៗរបស់ ប៉េង ហួត គ្រុប ចំពោះគណៈប្រតិភូវិស័យឯកជននៃសហភាព មីយ៉ាន់ម៉ា (ភូមា) ចំនួន​ ៥៤នាក់ តាមរយៈមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិ នៃសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយ លោក Aik Htun ប្រធានមជ្ឈមណ្ឌលជំរុញធុរកិច្ចអន្តរជាតិ នៃសហភាពមីយ៉ាន់ម៉ា និងឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ប្រចាំសហភាពមីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ស្ថិតនៅគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្ដា ផ្លាទីនីម (បឹងស្នោ)។

ដំណើរទស្សនកិច្ចមកកាន់ ប៉េង ហួត គ្រុប ទទួលបានផ្លែផ្កាល្អជាច្រើន ដោយគណៈប្រតិភូវិស័យឯកជននៃសហភាពមីយ៉ាន់ម៉ា បានបង្ហាញចំណាប់អារម្មណ៍ចំពោះវិសាលភាព និងវឌ្ឍនភាពអាជីវកម្មរបស់ ប៉េង ហួត គ្រុប នៅក្នុងទីផ្សារកម្ពុជា ព្រមទាំងបានជជែកការងារលើកិច្ចសហប្រតិបត្តិការវិនិយោគនៅ ប៉េង ហួត គ្រុប ក្នុងពេលអនាគតឆាប់ៗ។

វិភាគៈតោះបងប្អូនត្រលប់ទៅផ្ទះវិញជាមួយនឹងស្នាមញញឹមលាភាពក្រៀមក្រំក្រោមម្លប់សន្តិភាព

0

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

    ភ្នំពេញៈ ទឹកភ្នែកយើងឈប់ហូរហើយ ឈាមយើងឈប់ស្រក់ហើយ! តោះទៅផ្ទះយើងវិញ! បងប្អូនជនរួមជាតិដ៏គួរឲ្យគោរព ស្រលាញ់។

ប៉ុន្តែយ៉ាងណាក៏ដោយ យើងនៅតែប្រឈមនឹងបញ្ហានាពេលអនាគត “ប្រសិនជាយើងសប្បាយភ្លេចខ្លួន យើងមិនរួបរួម មិនបន្ត  មនសិកាស្នេហាជាតិ មិនធ្វើឲ្យយើងខ្លាំង” យើងប្រឈមនឹងការស្រក់ឈាមជាថ្មី ប្រសិនជាយើងមិនរួបរួម យើងមិនខ្លាំង។

អរគុណ

    តម្លៃសន្តិភាព មិនអាចកើតមានទេ ប្រសិនជាគ្មានការសម្រេចចិត្តដ៏ឈ្លាសវៃរបស់មេដឹកនាំរបស់យើង ពិសេសសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ឋសភា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចកាន់អំណាចរយៈពេលជិត២ឆ្នាំមកនេះ បានប្រឈមមុខនឹងសមីការជាច្រើន ដែលត្រូវដោះស្រាយ ដើម្បីប្រជាជាតិដ៏គួរឲ្យស្រលាញ់ និងអាណិតមួយនេះ។

លើសពីនេះ ជនរួមជាតិខ្មែរក៏ត្រូវអរគុណ ដល់លោកDonald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានយកចិត្តទុកដាក់ដោះស្រាយជម្លោះនេះ។ ភាគីចិន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន អាន់វ៉ា អ៊ីប្រាហីម នាយករដ្ឋមន្រ្តីស្តីទីសៀម ដែលមានឆន្ទៈ និងគោរពបទឈប់បាញ់ផ្លូវការ។

ការសម្រេចចិត្តដ៏ត្រឹមត្រូវ

    ប្រសិនជាគ្រប់គ្រងកំហឹងមិនបាន ប្រសិនជាគ្មានបទពិសោធន៍ មិនមានយុទ្ឋសាស្រ្ត និងជំនាញដ៏ជាញជ័យ ពីសំណាក់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាទេ នោះភ្លើងសង្រ្គាមនឹងឆេះសន្ឋោរសន្ឋៅជាងនេះ និងរីករាលដាលកាន់តែធំជាងនេះ ប៉ុន្តែមូលដ្ឋានៃបទពិសោធន៍ដ៏ជោគជាំ ក្នុងសមរភូមិរបស់មហាបុរសកម្ពុជា(សម្តេចតេជោ) បានធ្វើឲ្យជម្លោះមិនរាលដាលកាន់តែធំ និងកាន់តែក្តៅ។

ប្រសិនជាកម្ពុជាមានមេដឹកនាំ ដែលមានចិត្តក្តៅ ខ្វះបទពិសោធ​ន៍ ខ្វះភាពអំណត់ ច្បាស់ណាស់ មិនអាចទប់ទល់នឹងកលល្បិចសៀមបាននោះទេ។

ព្រះអាទិត្យថ្មីរះជាមួយស្នាមញញឹម

    ជាមួយនឹងការពលី ដំណក់ទឹកភ្នែក និងឈាមស្រស់បានហូរចេញពីរាងកាយប្រជាជាតិនេះ យើងស្គាល់ស្នាមញញឹមជាថ្មីហើយ យើងបានសុខហើយ តែយើងត្រូវរកវិធីសាស្រ្ត យុទ្ឋសាស្រ្ត ដើម្បីទទួ​លបានសេចក្តីសុខ និងចាកផុតពីការប្រមាទទាំងឡាយបន្តទៀត។

សត្រូវជុំវិញយើង! នៅតែចិញ្ចឹមចិត្តឈ្លានពានយើង ចង់បានទឹកដីយើង ពួកគេមិនមែនជាប្រជាជាតិស៊ីវិល័យទេ តែយើងក៏មិនអាចលើកប្រទេសយើងចេញទៅណា ឬចាកចេញពីពួកគេបានឡើយ មានតែបន្តរស់នៅក្នុងភាពសុខសាន្តជាមួយគ្នា តាមរយៈការក្សាឲ្យបាននូវភាពខ្លាំងទាំងស្មារតី ទាំងយុទ្ឋោបរករណ៍ ទាំងកងទ័ព និងសេដ្ឋកិច្ចយើងត្រូវតែរីកចម្រើន ទើបយើងអាចគេចចេញពីការប្រមាទបាន។

តម្លៃសន្តិភាពនាពេលនេះ បានសាយភាយចោលក្លិនក្រអូបប្រ​ហើរ ក្នុងសន្តានចិត្តខ្មែរគ្រប់រូបហើយ ទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ សូមមេត្តារួមគ្នាថែររក្សាសន្តិភាពឲ្យបាន ព្រោះវាមានតម្លៃស្មើ “អាយុជីវិត”របស់យើង៕

ក្រសួងពាណិជ្ជកម្មរៀបចំវេទិកាពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិត

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអ៊ុំ កុសល បានអញ្ជើញជាអធិបតីដឹកនាំវេទិកាថ្នាក់ជាតិស្តីពី ការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិត។

វេទិកានេះធ្វើឡើងក្រោមប្រធានបទ៖ ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃបន្លែសុវត្ថិភាព និងគ្រឿងទេស ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។

វេទិកានេះ មានការអញ្ជើញចូលរួមពី លោកអេង សុធីវ័ន្ត អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រា​ប់កសិកម្មខ្នាតតូច (AIMS)  តំណាងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងមន្រ្តីពាក់ព័ន្ឋ។

វេទិការរៀបចំឡើងក្នុងគោលបំណងជាច្រើនដូចជា ១.ការកំណត់អត្តសញ្ញាណ នៃបញ្ហាសំខាន់ៗក្នុងផលិតកសិកម្ម និងការទទួលបានទីផ្សារ ទី២.កំណត់តួអង្គសំខាន់ៗ និងពង្រឹងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ ទី៣.ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសាធារណៈ ក្រុមហ៊ុនឯកជន និងក្រុមអ្នកផលិត ដើម្បីគាំទ្រការអភិវឌ្ឍកសិ-ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព។

ទី៤.លើកកម្ពស់និងពង្រឹងបណ្ដាញអាជីវកម្ម ពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេវាកម្មទីផ្សារ អាជីវកម្មរបស់វិស័យឯកជនក្នុងស្រុក និង  ទី៥.កំណត់សកម្មភាពជាយុទ្ធសាស្ត្រ សម្រាប់ជំហានបន្ទាប់ ការវិនិយោគ និងអភិវឌ្ឍន៏កសិកម្ម ប្រកបដោយបរិយាបន្ន និងផ្អែកលើតម្រូវការទីផ្សារជាក់លាក់៕

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសដំឡើងប្រាក់ខែគុណជាពីរ ដល់កីឡាករ ឡូត សុខខឿន ក្លឹប Khmer United ដែលជាវីរកងទ័ពតស៊ូប្រយុទ្ធនៅសមរភូមិមុខ

0

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងជាស្ថាបនិកក្លឹបបាល់ទាត់ពាក់កណ្តាលអាជីព Khmer United បានប្រកាសដំឡើងប្រាក់ថ្លៃពលកម្មគុណនឹងពីរ ដល់កីឡាករអ្នកចាំទី ឡូត សុខខឿន ដែលជាវីរកងទ័ពកម្ពុជា តស៊ូប្រយុទ្ធតតាំងជាមួយកងទ័ពថៃ នៅព្រំដែនសមរភូមិជួរមុខ អស់រយៈពេល ៥យប់ ៦ថ្ងៃ។

តាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី២៩ ខែកក្កដា លោកឧកញ៉ាបណ្ឌិតប្រធានក្លឹបបាល់ទាត់ Khmer United FC បានលើកឡើងថា កីឡាករ ឡូត សុខខឿន គឺជាអ្នកចាំទីម្នាក់ ដែលបានជួយឱ្យក្លឹបបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC លើកពាន Soccer League 2024 គឺជាវីរកងទ័ពកម្ពុជានៅជួរមុខ ហើយក្រោយចប់សង្រ្គាមនៅជាយដែន ត្រលប់មកលេងបាល់ទាត់វិញ នឹងត្រូវទទួលថ្លៃពលកម្ម ឡើងមួយជាពីរ។

ក្រោយឃើញការប្រកាសរបស់លោកឧកញ៉ាបណ្ឌិតខាងលើនេះ អ្នកចាំទី ឡូត សុខខឿន ក៏បានឆ្លើយតបថ្លែងអំណរគុណវិញផងដែរ។ វីរកងទ័ពកម្ពុជារូបនេះ បានលើកឡើងបែបនេះថា៖ “អរគុណមេសម្រាប់ទឹកចិត្ត និងសេចក្តីស្រឡាញ់របស់មេ Khmer United FC”។

សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (Khmer Real Estate Co., Ltd) ដែលធ្វើអាជីវកម្មផ្នែក ទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យគ្រប់ប្រភេទ។ លោក ឧកញ៉ា ក៏ជានាយកប្រតិបត្តិរបស់បុរី វិមានសំណាង (Borey Vimean Samnang) ដែលជាលំនៅដ្ឋានលំដាប់ អភិជន លើផ្ទៃដី ២៥ហិកតា មានជិត ៤០០វីឡា ខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ។

ទទឹមនឹងនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏ជាស្ថាបនិក ប្រធានក្រុម និងជាខ្សែប្រយុទ្ធលេខ១០ របស់ក្រុមបាល់ទាត់ Khmer United។ ក្លិបបាល់ទាត់ Khmer United FC ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១១ ដោយឧកញ៉ាបណ្ឌិត គីម ហ៊ាង ហើយកំពុងត្រៀមចូលលេងលីកកំពូលកម្ពុជាក្នុងថ្ងៃអនាគត៕

រាដ្ឋាភិបាល៖ បើទោះជាឈ្លើយសឹក ក៏ត្រូវបានការពារដោយអនុសញ្ញាហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ

0

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានលើកឡើងថា បើទោះជាឈ្លើយសឹក ក៏ត្រូវបានការពារដោយអនុសញ្ញាហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

តាមរយៈសារលើបណ្តាញសង្គម ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បើទោះជាឈ្លើយសឹក ក៏ត្រូវបានការពារដោយអនុសញ្ញាហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមបញ្ចូលទាំង៖

-សិទ្ធិរស់រានមានជីវិត

-សិទ្ធិមិនត្រូវបានធ្វើទារុណកម្ម ហឹង្សា ការប្រមាថ ឬការរើសអើង

-សិទ្ធិទទួលបានសុខភាពល្អ កន្លែងស្នាក់នៅ និងអាហារ

-សិទ្ធិក្នុងការទំនាក់ទំនងជាមួយគ្រួសារ

-សិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់។

ឯកឧត្តម បានបន្តថាក៏ប៉ុន្តែកាន់តែខុសគ្នាទៅទៀតគឺ កងកម្លាំងកម្ពុជាចំនួន ២០រូប ដែលទាហ៊ានថៃចាប់ មិនមែនជាឈ្លើយសឹកនោះទេ ពីព្រោះការចាប់ពួកគាត់គឺក្រោយកិច្ចព្រមព្រៀងនៃការឈប់បាញ់គ្នា។ ម្យ៉ាងវិញទៀត, កាលពីឆ្នាំ ២០០៨ សង្រ្គាមនៅប្រាសាទព្រះវិហារ យើងចាប់បានទាហានថៃ នៅពេលនោះជនឈ្លើយសឹកម្នាក់នោះត្រូវបានយើងថែទាំ ហើយដោះលែងទៅវិញដោយគ្មានលក្ខខណ្ឌ បញ្ជូនឡើងយន្តហោះទៅទៀត។

«ខ្ញុំជាសាក្សី ពីព្រោះខ្ញុំជាមនុស្សដែលអតីត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បញ្ជូនខ្ញុំឲ្យទៅសួរនាំយកចម្លើយ។ ដើម្បីបង្ហាញសុច្ឆន្ទ:រវាងទ័ពទាំងសងខាង យោធាថៃត្រូវដោះលែងឲ្យពួកគេត្រឡប់មកវិញ ដូចដែលកម្ពុជាបានដោះលែងឈ្លើយសឹកថៃកាលពីឆ្នាំ ២០០៨ ដែ»។ ឯកឧត្តម បញ្ជាក់បន្ថែម។

សូមជម្រាបថា នៅវេលាម៉ោង ១០:៥៦នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ យោធាថៃ បានប្រគល់ទទួលទាហានខ្មែរ ២រូប (លោកអនុសេនីយ៍ត្រី អាង អឿង ភេទប្រុស អាយុ៣៧ឆ្នាំ និងលោកពលបាលឯក ម៉ម វុទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ) ក្នុងចំណោម ២០រូប ដែលថៃចាប់ជាចំណាត់ខ្មាំងនៅក្រោយបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ មកឱ្យកម្ពុជាវិញ នៅច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ៕ ប្រភព៖ oknhanews