លោកបណ្ឌិត គីម ហ៊ាងពន្យល់ពីសារៈសំខាន់នៃចំណះដឹងសេដ្ឋកិច្ចក្នុងការរកស៊ីអចលនទ្រព្យ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងពេលបច្ចុប្បន្ននេះ គេឃើញមានមនុស្សជាច្រើនដែលសាងទ្រព្យសម្បត្តិច្រើនក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែក៏មានមនុស្សជាច្រើនដែរដែលសាងទ្រព្យសម្បត្តិបានហើយក៏រក្សាទ្រព្យសម្បត្តិបានយូរនិងខ្លះទៀតក៏បាត់ទៅវិញក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា បាននិយាយថា មនុស្សដែលមិនចេះសេដ្ឋកិច្ច តែមានបានដោយសារតែឱកាស ឡើងលឿនប៉ុណ្ណាដួលទៅវិញក៏លឿនដូចគ្នា។

លោកបណ្ឌិតបានមានប្រសាសន៍ឱ្យដឹងថា “អ្នកវិនិយោគ អ្នកអភិវឌ្ឍន៍មិនថាអភិវឌ្ឍន៍អចលនទ្រព្យ ដូចជា ដីឡូត៏ ខុនដូ ផ្ទះល្វែង ឬប្រភេទផ្សេងៗនៃអចលនទ្រព្យ គឺត្រូវមានចំណេះដឹងមួយសំខាន់ណាស់ គឺចំណេះដឹងផ្នែកសេដ្ឋកិច្ច”។

លោកបន្តថា មនុស្សដែលមិនមានចំណេះដឹងផ្នែកសេដ្ឋកិច្ច ហើយមានបានដោយសារតែឱកាស មានលឿនប៉ុណ្ណា ដួលក៏លឿនប៉ុណ្ណឹងដូចគ្នា។ លោកថា ”អ្នកខ្លះអត់ចេះសេដ្ឋកិច្ចទេ តែឃើញគាត់មានបានលឿនណាស់។ ប៉ុន្តែត្រូវចាំថា បើសិនជាគាត់មានបានទ្រព្យសម្បត្តិលឿន ទាំងដែលគ្មានចំណេះដឹងសេដ្ឋកិច្ច បាត់ទៅវិញក៏លឿនដែរ លុយដែលបានមកដោយសារធ្លាក់ពីលើភ្នំ បាត់ទៅវិញក៏ដូចធ្លាក់ពីលើភ្នំដែរ”។

លោកបណ្ឌិតបន្ថែមថា លុយដែលបានមកតក់ៗ ពេលបាត់ទៅវិញក៏ តក់ៗដែរ តែលុយដែលបានមកលឿនពេក ហើយលឿនរហូតដល់យើងមិនទាន់បានត្រៀមខ្លួន នោះវាក៏នៅជាមួយយើងមិនយូរដែរ ដូច្នេះហើយក្នុងនាមជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ បើចង់ជោគជ័យ គឺត្រូវមានចំណេះដឹងផ្នែកសេដ្ឋកិច្ច។

លោកបណ្ឌិតពន្យល់ថា ចំណេះដឹងផ្នែកសេដ្ឋកិច្ច មានន័យថាសេដ្ឋកិច្ចរបស់ប្រទេសយើង សេដ្ឋកិច្ចនៅបណ្ដាប្រទេសអាស៊ាន និងសេដ្ឋកិច្ចពិភពលោក ហើយនៅពេលយើងមានចំណេះដឹងផ្នែកសេដ្ឋកិច្ចហើយ យើងនឹងមានការរៀបចំបានត្រឹមត្រូវ និងបានត្រៀមខ្លួនរួចជាសេ្រច។

លោកបន្ថែមទៀតថា នៅពេលយើងយល់ពីសេដ្ឋកិច្ចបានច្បាស់ នោះយើងនឹងអាចដឹងពីតម្រូវការនៃអ្នកទិញ ស្ថានភាពនៃសេដ្ឋកិច្ចត្រូវការអ្វី យើងគួរផលិតអ្វីជាដើម។ ប៉ុន្តែ បើសិនជាយើងមិនមានចំណេះដឹងផ្នែកសេដ្ឋកិច្ចទេ ហើយយើងធ្វើទាំងមិនយល់ ទាំងងងឹតនោះ ទោះបីជាយើងមានលុយច្រើនប៉ុនណា ក៏ត្រូវអស់ដែរ៕

ក្រុមហ៊ុនវៀតណាមនិងចិនសហការគ្នាវិនិយោគ២៧៥លានដុល្លារដើម្បីសាងសង់រោងចក្រថាមពលថ្មអាគុយធំមួយ

ដោយ: លាងហួរ

ហាណូយ: ក្រុមហ៊ុន Vingroup បានប្រកាសនៅថ្ងៃសុក្រនេះថា VinES Energy Solutions ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Vingroup JSC និងក្រុមហ៊ុន Gotion High-Tech របស់ប្រទេសចិន បានចាប់ផ្តើមសាងសង់រោងចក្រផលិតថ្មអាគុយតម្លៃ២៧៥លានដុល្លារនៅក្នុងប្រទេសវៀតណាម។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនបានឱ្យដឹងថា រោងចក្រនៅក្នុងខេត្ត Ha Tinh ភាគកណ្តាលគ្រោងនឹងផលិតថ្ម Lithium iron Phosphate (LFP) ចំនួន៣០លានជារៀងរាល់ឆ្នាំ។

ថ្មនេះនឹងត្រូវប្រើប្រាស់សម្រាប់អាគុយរថយន្តអគ្គិសនី និងប្រព័ន្ធផ្ទុកថាមពល ដោយរោងចក្រនោះគ្រោងនឹងចាប់ផ្តើមផលិត នៅត្រីមាសទី៣ នៃឆ្នាំ២០២៣។

រោងចក្រនេះនឹងជួយបំពេញតម្រូវការថ្មអាគុយរបស់ VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយរបស់ Vingroup ផងដែរ។

ក្រុមហ៊ុន VinFast បានរាយការណ៍ឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួនបានធ្វើកិច្ចព្រមព្រៀង ជាមួយសេវាកម្មជាវរថយន្តរបស់សហរដ្ឋអាមេរិក Autonomy ដើម្បីផ្គត់ផ្គង់រថយន្តលើសពី២.៥០០គ្រឿង ដែលជាការបញ្ជាទិញដ៏ធំបំផុតរបស់ខ្លួន រហូតមកដល់បច្ចុប្បន្ន៕

 

ទស្សនទាននៃការអភិវឌ្ឍថ្មីត្រូវបានយកមកច្របាច់បញ្ចូលក្នុងបុរីបុស្បា

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ការកសាងសហគមន៍ស៊ីវិល័យមួយ នៅក្នុងបុរីពិតជាមានសារៈសំខាន់ ដើម្បីឲ្យមនុស្សរស់នៅក្នុងបុរី មានអារម្មណ៍ផាសុខភាព និងភាពស្និទ្ឋស្នាល ដើម្បីចែករំលែកអារម្មណ៍រីករាយជាមួយគ្នា។

ការកសាងនូវសហគមន៍ ការសាងសង់ប្រកបដោយទំនួលខុសត្រូវ និងស្របតាមនិន្នាការបម្រែបម្រួលអាកាសធាតុ បាននិងកំពុងផ្តល់ជូនពីបុរីបុស្បា ដែលកំពុងទទួលការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសំណាក់អតិថិជន។

ដោយបានសិក្សាពីមូលដ្ឋានតម្រូវការ និងចំណង់ចំណូលចិត្តរបស់មនុស្សសម័យថ្មី ដែលរកអ្វីដែលប្លែក និងចង់កាត់បន្ថយស្រ្តេសពីកន្លែងការងារ អ្នកវិនិយោគបុរីបុស្បា បានរកឃើញនូវចំណុចរួមនេះ ដោយសាងសង់លំនៅដ្ឋានជាមួយគុណភាព សោភ័ណភាពផង និងផ្សារភ្ជាប់ជាមួយធម្មជាតិផង ពិសេ​សមានអាងហែលទឹកនៅក្នុងផ្ទះវីឡាប្រណីត ដែលផ្តល់បរិយាកាសត្រជាក់មនោរម្យគ្រប់រដូវកាល ដល់ម្ចាស់លំនៅដ្ឋាននិមួយៗ។

បុរីនេះ បាននិងកំពុងដាំដើមឈើកាន់តែច្រើន ជាមួយស្លឹកខៀវស្រងា​ត់ វានឹងធ្វើឲ្យបុរីនេះ ក្លាយជាសហគមន៍បៃតងមួយនាពេលអនាគត ដែលនឹងផ្តល់នូវកន្លែងហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ សម្រាប់អ្នកស្នាក់នៅក្នុងបុរីនេះ។

បុរីបុស្បាបាន ផ្សារភ្ជាប់ជាមួយគុណតម្លៃចំនួន៥ រួមមាន ទី១ គុណភាព និងសោភ័​ណភាពសំណង់ ទី២ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងផ្សារភ្ជាប់ជាមួយសហគមន៍បៃតង ទី៣ សំណង់ត្រូវបានរចនាឡើង ស្របតាមនិន្នាការប្រែប្រួលអាកា​សធាតុ ដែលផ្តល់នូវខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ កាត់បន្ថយការប្រើប្រាស់អគ្កិសនី។

ទី៤ ទីតាំងមានភាពប្រទាក់ក្រឡាគ្នា ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗ រួមមាន ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៥ ទីតាំងព័ទ្ឋជុំវិញ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ដូចជាផ្សារទំនើបAEON Mall3 ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ និងផ្សារសហគមន៍ជាច្រើនទៀត។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីដើមសប្តាហ៍ នេះថា ការរីកចម្រើននៃរាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យជីវភាព ប្រជាពលរដ្ឋប្រសើរឡើង ដែលធ្វើឲ្យតម្រូវការបុរីលំនៅដ្ឋាន កើនឡើងជាប្រចាំ ពិសេសនៅទឹកដីខ័ណ្ឌដង្កោ ដែលជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន និងជាទីតាំងដែលមានការរីកចម្រើនលឿននាពេលអនាគត។

លោកបន្តថា “ដោយមើលឃើញបែបនេះ ទើបបុរីបុសប្បាបានជ្រើសរើសទីតាំងនេះ សម្រាប់អភិវឌ្ឍន៍ជំហ៊ានដំបូងលើផ្ទៃដី១០ហិកតា និងពង្រីកកាន់តែធំថែមទៀតនាពេលឆាប់ៗនេះ”។ លោកបន្តថា  “ស្តង់ដាបុរីរបស់យើង គឺផ្តោតលើសុខមាលភាពរបស់អ្នករស់នៅ ដែលមានទាំងសួនច្បារបៃតង ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងការរចនាម៉ូតផ្ទះទាន់សម័យ និងស្របតាមលក្ខខ័ណ្ឌអាកាសធាតុ”។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨១ ២៣០ ៧៨៩, ០៦៧ ២៣០ ៧៨៩, ០៩៩ ២៣០៧៨៩៕

 

ការវិនិយោគដីលំហែរទាមទារឲ្យអ្នកអភិវឌ្ឈន៍ចំណាយទុនច្រើន លើហេដ្ឋារចនាសម្ព័ន្ឋ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ស្របពេលការប្រកួតប្រជែងកើនឡើង ការយល់ដឹករបស់សាធារណៈជនកាន់តែប្រសើរ បានធ្វើឲ្យនិន្នាការអភិវឌ្ឍន៍ដីឡូត៍ បែបលំហែរផ្លាស់ប្តូរបែបផែននៃការអភិវឌ្ឍ។

ការកសាងនូវរូបភាពដ៏ស្រស់បំព្រង តាមរយៈ3D ឬ4Dមិនគ្រប់គ្រាន់ទេ ប៉ុន្តែតាមរយៈការទស្សនា និងធ្វើឡើងក្នុងទិដ្ឋភាពជាក់ស្តែង ទើបធ្វើឲ្យគំរោងទាក់ទាញអ្នកវិនិយោគ ឬអ្នកទិញសម្រាប់ស្នាក់នៅ និងសម្រាប់លំហែរ​កាយ។

គំរោងដីឡូត៍ជាច្រើនក្នុងខេត្តកំពត និងបណ្តាខេត្តមួយចំនួនទៀតកំពុងជាប់គាំង ដោយសារស្ថានភាពសេដ្ឋកិច្ចផង និងម្ចាស់គំរោងមិនមានទុនគ្រប់គ្រាន់ ឬមិនបានយកចិត្តទុកដាក់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋសម្រាប់ការលំហែរកាយ ក៏ដូចជា បង្កើតមានសុខដុមក្នុងគំរោងរបស់ពួកគេ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានទទួលស្គាល់នូវការលើកឡើងខាងលើ ដោយលោកបានមានប្រសា​សន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១៧ វិច្ឆិកាថា ពិតហើយការអភិវឌ្ឍដីលំហែរ ពិតជាត្រូវចំណាយទុនច្រើន លើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ បង្កើតភាពស្រស់បំព្រងជាមួយធម្មជាតិនៅក្នុងគំរោង។ ជាក់ស្តែងគំរោងបូកគោលែន១ បូក​គោលែន២ បូកគោលែន៣ បានចំណាយទុនរាប់ម៉ឺនដុល្លារ ដើម្បីកសាង​ហេដ្ឋារចនាសម្ព័ន្ឋ ដាំផ្កា ដាំដើមឈើ រៀបចំប្រព័ន្ឋអគ្គិសនី ទឹកស្អាត ប្រព័ន្ឋលូជាដើម។

លោកបន្តថា “ខ្ញុំមិននិយាយថាតើគំរោងមួយ ត្រូវចំណាយទុនប៉ុន្មាន ធៀបនឹងតម្លៃដីនោះទេ ប៉ុន្តែក្រុមហ៊ុនពិតជាចំណាយច្រើនលើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋទាំងនោះ”។ លោកបន្តថា “ជាក់ស្តែងគំរោងឆឆ្នេរសមុទ្រកោងកាង យើងបានចំណាយ៦០ម៉ឺនដុល្លារលើផ្លូវ និងស្ពានឈើ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត អស់១០ម៉ឺនដុល្លារបន្ថែមទៀត”។

លោកCooler Tanបានបន្តថា បើយើងមិនចំណាយលើភាពចាំបាច់ ដើម្បីឲ្យអ្នកទិញមានអារម្មណ៍ លំហែរពិតប្រាកដទេ គំរោងរបស់យើងនឹងជាប់គាំង គំរោងរបស់យើងនឹងមិនទាក់ទាញ គំរោងរបស់យើងនឹងមិនទទួលបានជោគជ័យនោះទេ។

លោកបន្តថា “អ្វីយើងផ្តោតធ្វើឲ្យលឿន ធ្វើឲ្យស្អាត មិនឲ្យអ្នកលក់ពិបាកលក់ និងឲ្យអតិថិជនទទួលបានលើសពីអ្វី ដែលពួកគេធ្លាប់គិតមិនដល់”។

ជាមួយគ្នានេះ គំរោង “ឋានសួគ៌លំហែរ” ដែលមានទីតាំងនៅតំបន់ប្រជុំរមណីយដ្ឋានធម្មជាតិ និងកែច្នៃចម្រុះ ស្ថិតនៅក្នុងទឹកដី នៃស្រុកត្រាំកក់ ខេត្តតាកែវ ក៏បាននិងកំពុងផ្តោតលើការសាងសង់ ហេដ្ឋារចនាស ម្ព័ន្ឋ សួនទឹក ផ្កាក្ងោក ក្លោងទ្វារ និងមានសន្តិសុខជូន២៤ម៉ោងផងដែរ។

អ្នកអភិវឌ្ឍន៍ដីឡូត៍ ក្នុងក្រុងកំពតមួយរូបបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋក្នុងគំរោង ពិតជាមានសារៈសំខាន់ ទាក់ទងនឹងភាពជោគជ័យឬបរាជ័យរបស់គំរោង។

លោកបន្តថា គម្រោងរបស់លោកបាននិងកំពុងផ្អាកលក់ ដោយសារតែលក់មិនបានជោគជ័យ ព្រោះយើងមានទុនតិច សម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ឋគំរោងឲ្យបានស្អាត និងទាក់ទាញ។ លោកបន្តថា ប្រសិនជាយើងប្រើប្រាស់ទុនពីធនាគារ យើងនឹងមានបញ្ហាកាន់តែខ្លាំង ប្រសិនជាគំរោងមិនទទួលបានជោគជ័យតាមផែនការ៕

  

ក្រុមហ៊ុនEvergrandeគ្រោងប្រើប្រាស់ឥណទានដើម្បីចរចារៀបចំ រចនាសម្ព័ន្ធបំណុលឡើងវិញ

ដោយ: លាងហួរ

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ចិន China Evergrande Group គ្រោងប្រើប្រាស់ឥណទានក្នុងស្រុក ដល់ម្ចាស់បំណុលនៅក្រៅប្រទេស ដើម្បីស្នើសុំរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ក្រោយពួកគេបានរង់ចាំអស់ពេលជាយូរណាស់មកហើយ។ នេះបើយោងតាមមនុស្ស២នាក់ ដែលមានចំណេះដឹងអំពីបញ្ហានេះ បានប្រាប់សារពត៌មានរ៉យទ័រ។

ក្រុមហ៊ុនEvergrande ដែលជាប់បំណុលជាង៣០០ពាន់លានដុល្លារ គ្រោងចាប់ផ្តើមការចរចារអំពីលក្ខខណ្ឌ នៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនៅខែក្រោយ ហើយក្រុមហ៊ុននេះកំពុងស្វែងរកឥណទាន ក្នុងស្រុ​កដើម្បីផ្តល់ឥណទានបន្ថែម ដល់ម្ចាស់មូលបត្របំណុលដែលតំណាងដោយប្រាក់ដុល្លារអាមេរិក។

ក្រុមហ៊ុន Evergrande បានស្ថិតក្នុងវិបត្តិបំណុលអចលនទ្រព្យកាន់តែជ្រៅ ហើយក៏ដូចជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ជាច្រើនផ្សេងទៀតដែលបានខកខានសងបំណុល នៅក្រៅប្រទេសកាលពីឆ្នាំមុន ដោយបន្ស​ល់ទុកឱ្យមានការចរចារឡើងវិញ នូវរចនាសម្ព័ន្ធបំណុលជាច្រើន។

ខណៈដែលក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន កំពុងជួបការលំបាកក្នុងការស្វែងរកមូលនិធិដើម្បីបញ្ចប់គម្រោង និងបង់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់ រដ្ឋាភិបាលក្រុងប៉េកាំង បានចេញស្ថាប័នហិរញ្ញវត្ថុ ជាមួយនឹងការណែនាំមួយចំនួនដើម្បីសម្រួលដល់បញ្ហាសាច់ប្រាក់ងាយស្រួល ដូចជាការផ្តល់ការពន្យាពេលសងប្រាក់កម្ចីជាដើម។

ជាមួយនឹងជម្រើសផ្តល់មូលនិធិថ្មីៗមួយចំនួន និងការបន្ថយការលក់អចលនទ្រព្យ ក្រុមហ៊ុន Evergrande បានចាប់ផ្តើមដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលដ៏ធំបំផុតមួយនៅឆ្នាំ២០២២នេះ។

បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន រួមទាំងក្រុមហ៊ុន Evergrande ដែលបានជំពាក់បំណុលច្រើនជាងគេបំផុត ក្នុងពិភពលោក ជាធម្មតាមានទ្រព្យសម្បត្តិតិចតួចនៅបរទេស ដែលអាចប្រើប្រាស់ក្នុងការរៀបចំរចនាសម្ព័ន្ធ បំណុលនៅក្រៅប្រទេសបាន។ ប្រសិនបើផែនការប្រើប្រាស់ទ្រព្យសកម្ម ក្នុងស្រុកលេចចេញជារូបរាង និងត្រូវបានទទួលយកដោយម្ចាស់ប័ណ្ណបំណុលនៅក្រៅប្រទេស Evergrande នឹងក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍ចិនដំបូងគេ ដែលប្រើទ្រព្យសម្បត្តិទាំងនោះ ដើម្បីបង្កើនក្តីសង្ឃឹមនៃការស្តារឡើងវិញ នូវការវិនិយោគរបស់ម្ចាស់បំណុល៕

ចរន្តអ្នកដំណើរជាតិ អន្តរជាតិធ្វើដំណើរតាមផ្លូវអាកាសមានកំណើនខ្ពស់ធៀបនឹងមុនពេលវិបត្តិជំងឺកូវីដ

ដោយៈ សុផារី

ភ្នំពេញៈ អ្នកជំនាញកម្ពុជាបានបញ្ជាក់ឱ្យដឹងថា ចរន្តអ្នកដំណើរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរចេញចូលអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញបានវិលត្រលប់មករកស្ថានភាព មុនវិបត្តិជំងឺកូវីដ១៩វិញ ក្នុងអត្រាប្រហែ​ល៧៥ភាគរយហើយ។

លោក ខែក នរិន្ទដា នាយកផ្នែកទូរគមនាគមន៍ និងទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន Cambodia Airports មានប្រសាសន៍នៅក្នុងសប្តាហ៍នេះថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវហោះហើរ ដែលមានសកម្មភាពមមាញឹករបស់កម្ពុជា ប្រហែល៧៥ភាគរយបានវិលត្រឡប់មកវិញ បើប្រៀបធៀបនឹងឆ្នាំ២០១៩។

ប្រទេសគោលដៅនៃការហោះហើរចេញ ចូលញឹកញាប់ជាមួយកម្ពុជាច្រើនជាងគេ រួមមាន ប្រទេសសិង្ហបុរី ទីក្រុងបាងកកនៃប្រទេសថៃ និងទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ ។ល។

លោកឱ្យដឹងទៀតថា “ចំណែកចរន្តការហោះហើរ នៃអាកាសយានពីរផ្សេងទៀត ក៏បានវិលត្រឡប់មកវិញ ពិសេសក្រុងព្រះសីហនុ ដែលពឹងផ្អែកលើទីផ្សារចិន។ ប៉ុន្តែប៉ុន្មានខែមកនេះ យើងឃើញមានការបង្កើនល្បឿននៃការធ្វើដំណើរតាមផ្លូវអាកាសឡើងវិញ”។

យ៉ាងណាក្តី លោកបានបញ្ជាក់ថា ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ មិនមែនសុទ្ធតែនឹងងើបឡើងវិញក្នុងល្បឿនដូចគ្នា ហើយឈានដល់កម្រិតនោះនោះទេ ដោយទីផ្សារការធ្វើដំណើរនេះ អាស្រ័យលើភាពជឿជាក់នៅចំណុចទីផ្សារសំខាន់ ដូចជា ជប៉ុន តៃវ៉ាន់ កូរ៉េខាងត្បូង ហុងកុង និងចិន ដែលថ្មីៗនេះបានបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរផងដែរ។

យោងតាមរបាយការណ៍របស់ JP Morgan Asia Airlines and Airports បានបង្ហាញឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២២នេះ ការធ្វើដំណើរនៅក្នុងតំបន់នឹងកើនឡើង២ទៅ៣ដង បើប្រៀបធៀបនឹងមុខពេលមានជំងឺកូវីដ១៩។ របាយការណ៍នេះរំពឹងថា តាមរយៈកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ តំបន់អាស៊ីអាគ្នេយ៍ទាក់ទាញទេសចរ បាន១៥២លាននាក់ត្រឹមឆ្នាំ២០២៥ និង១៨៧លាននាក់ត្រឹមឆ្នាំ២០៣០។

បើយោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា គិតត្រឹមចុងត្រីមាសទី៣ នៃឆ្នាំ២០២២ កម្ពុជាបានទទួលទេសចរណ៍អន្តរជាតិ១,២លាននាក់ កើនឡើង៨៦១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ និងកំពុងសង្ឃឹមទាក់ទាញភ្ញៀវបរទេសពី ១,៥ ទៅ២លាននាក់ក្នុងឆ្នាំនេះ៕

ភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋ គោលនយោបាយរដ្ឋាភិបាលនឹងជម្រុញ ទីក្រុងបាវិតក្លាយជាតំបន់ឧសស្សាហកម្មធំមួយនាពេលអនាគត

 ដោយៈ ស៊ីវ ម៉េង

       ស្វាយរៀងៈ ស្ថិតក្រោមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ក្រុងបាវិត ជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួនបី ដែលរដ្ឋាភិបាលរៀបចំទីក្រុងនេះជាទីក្រុងឧស្សាហកម្ម។

បន្ទាប់ពីគោលនយោបាយជាតិបានដាក់ចេញ ជាលទ្ឋផលក្រុងបាវិត បានរីកចម្រើន និងជាទីក្រុង ដែលទាក់ទាញការវិនិយោគតំបន់ឧស្សាហកម្ម ច្រើនជាងគេនៅទូទាំងប្រទេស ដោយសារទីតាំងភូមិសាស្រ្តងាយស្រួលដឹកជញ្ជូន តភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅរបស់វៀតណាម ដោយសារជាតំបន់មានមនុស្សរស់នៅច្រើន ដែលបង្កភាពងាយស្រួល ក្នុងការជ្រើសរើសកំលាំងពលកម្ម និងលក្ខខ័ណ្ឌអនុគ្រោះពន្ឋ សម្រាប់តំបន់សេដ្ឋកិច្ចពិសេសមួយចំនួនទៀត។

ស្ថិតនៅចន្លោះទីក្រុងធំៗចំនួនពីរ គឺទីក្រុងហូ ជីម៉ិញដែលមានមនុស្ស​រស់នៅប្រមាណ៩លាននាក់ និងរាជធានីភ្នំពេញ ដែលមានប្រជាជនរស់នៅ​ប្រមាណ៣លាននាក់ ទីក្រុងបាវិតកំពុងត្រៀមពង្រីកសក្តានុពល បន្ថែមរប​ស់ខ្លួន តាមរយៈការតភ្ជាប់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ និងការតភ្ជាប់ផ្លូវល្បឿនលឿន ជាមួយប្រទេសវៀតណាមនាពេលអនាគត។

គំរោងនេះសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត គ្រោងបើកការដ្ឋានសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ ជាមួយការចំណាយប្រាក់ជាង១៦០០លានដុល្លារអាមេរិក។

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនChina Railway ប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនចិនជាច្រើនបាននិងកំពុងចាប់ផ្តើម និងត្រៀមផែនការដើម្បីបោះទុនវិនិយោគនៅទីក្រុងនេះ ដោយសារតំបន់នេះជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្មរបស់រដ្ឋាភិបាល និងដោយសារជាតំបន់ងាយស្រួលក្នុងការដឹកជញ្ជូនតភ្ជាប់ពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម និងឆ្ពោះទៅកាន់ប្រទេសជាច្រើនទៀតនៅអឺរ៉ុប និងប្រទេសចិនផងដែរ។

លោកបន្តថា “នេះជាព៌តមានវិជ្ជមានខ្ញុំទទួលបាន ដែលអ្វីៗនឹងកើតមានឡើងនាពេលខាងមុខ”។

កាលពីពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ជំនួយដល់រដ្ឋាភិបាល ដើម្បីរៀបចំគោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ឋដើម្បីលើកកំពស់គុណភាពជីវិតប្រជាជននៅទីក្រុងនេះផងដែរ។

លោកChin Binតំណាងក្រុមហ៊ុនRoad& Sea China Construction Consulting Co, Ltdបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីដើមសប្តាហ៍នេះថា អ្នកវិនិយោគចិនជាច្រើននឹង​ត្រលប់មកកម្ពុជាវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីចិនរួច ដោយពួកគេនឹងផ្តោតលើ វិស័យឧស្សាហកម្ម កសិកម្ម និងអចលនទ្រព្យ ដែលវិស័យទាំងនេះ នឹងជាអាទិភាពសម្រាប់​ការវិនិយោគរបស់ចិន។

លោកបន្តថា “ទីក្រុងបាវិត ជាទីក្រុងមួយដែលពួកគេកំពុងចាប់អារម្ម​ណ៍ ខណៈក្រុងព្រះសីហនុស្ថិតក្នុងការពិចារណា ដោយសារវត្តមានអាគារជាប់គាំងជាច្រើននៅទីក្រុងនេះ”។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានតាមដានការវិវត្តន៍នៅក្នុងវិស័យអចលនទ្រព្យ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងនាព្រឹក​ថ្ងៃទី១៨ វិច្ឆិកានេះថា ការរីកចម្រើនរបស់ទីក្រុងមួយ ឬតំបន់ណាមួយ វាអាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាល ដែលវិនិយោគិនជាតិ អន្តរជាតិ តែងតែរត់តាមគោលនយោបាយជាតិ ដើម្បីស្វែងរកឱកាសវិនិយោគ បង្កើតប្រាក់ចំណេញរបស់ពួកគេ។

លោកបន្តថា “ទីក្រុងបាវិតនឹងរីកចម្រើនលឿន តម្លៃអចលនទ្រព្យនឹងហក់ឡើងខ្ពស់ ដោយសារតម្លៃដីធ្លីនៅទីក្រុងនេះ មានភាពសមរម្យនៅឡើយ ធៀបនឹងក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត”។ លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសមួយ អាស្រ័យលើគោលនយោបាយ និងផែនការរបស់រដ្ឋាភិបាល។ ដូចគ្នានេះដែរ ការរីកចម្រើនរបស់ទីក្រុងមួយ ក្រៅពីពឹងផ្អែកលើគោលនយបាយរបស់រដ្ឋាភិបាល ក៏ពឹងផ្អែកលើសក្តានុពលមូលដ្ឋានដែលមានស្រាប់ផងដែរ”។

លោកយិន លាងគង់បានបន្តថា កត្តាហេដ្ឋារចនាសម្ព័ន្ឋ ប្រជាសាស្រ្ត និងភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត ព្រមទាំងគោលនយោបាយអភិ​វឌ្ឍន៍ឧស្សាហកម្មរបស់រដ្ឋាភិបាល នឹងលើកកំពស់មុខមាត់ និងជម្រុញការរីកចម្រើនទីក្រុងបាវិត កាន់តែលឿននាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

លោកឧកញ៉ាលឹម ហេងៈកិត្យានុភាពកម្ពុជានឹងទាក់ទាញការវិនិយោគពីបរទេស

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ កិត្យានុភាពពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាលពីសប្តាហ៍មុន ត្រូវបានលោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាចាត់ទុកថា ជាពេលដែលអ្នកវិនិយោគបរទេសសម្លឹងមក និងស្វែងរកឱកា​សវិនិយោគនៅកម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី១៧ វិច្ឆិកាកន្លងមកថា បន្ទាប់ពីរដ្ឋាភិបាលគ្រប់គ្រងជំងឺកូវីដ១៩ បានដោយជោគជ័យ និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ព្រមទាំង​អាចអញ្ជើញមេដឹកនាំកំពូលៗក្នុងពិភពលោក និងមេដឹកនាំអាស៊ានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា វាជាកិត្តិយស និងជាកិត្យានុភាពសំរាប់ប្រជាជាតិយើងធំណាស់។

លោកបន្តថា “អ្វីដែលជាកិត្យានុភាពនេះហើយ ជាភាពទាក់ទាញនូវការវិនិយោគ ដែលអ្នកធុរកិច្ចពីបណ្តាប្រទេសផ្សេងៗ មើលឃើញកម្ពុជា ជាឱកាសមួយល្អ ដែលមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងដោយសុវត្ថិ​ភាព​”។ លោកបន្តថា “វាជាកាលានុវត្តន៍ភាពមួយ សម្រាប់កម្ពុជា ដូច្នេះសំរាប់ឆ្នាំ២០២៣ ខ្ញុំនៅតែមានសុទិដ្ឋិនិយមលើកំនើនវិនិយោគទាំងក្នុងស្រុក និងបរទេសផងដែរ”។

លោកឧកញ៉ាបានបន្តថា តាមរយៈការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ការចុះកិច្ចព្រមព្រៀងសេរីជាមួយសាធារណៈរដ្ឋកូរ៉េ និងការបើកទីផ្សារថ្មី នៃកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ការចចារបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអារ៉ាបអេមីរ៉ាត ហើយសម្តេចតេជោបានជម្រុញឲ្យទំនាក់ទំនងកម្ពុជា ជប៉ុនក្លាយជាដៃគូយុទ្ឋសា​ស្រ្តគ្រប់ជ្រុងជ្រោយ នឹងធ្វើឲ្យយើងមានឱកាសចចារបង្កើតកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី ជាមួយជប៉ុននាពេលខាងមុខ ដែលនេះជាកាលានុវត្តន៍ភាពដ៏ល្អ សម្រាប់ពង្រីកទំហំពាណិជ្ជកម្មរបស់យើង​ ទៅក្រៅប្រទេស ដែលនឹងជួយជម្រុញសេដ្ឋកិច្ចរបស់​យើង។

លោកបន្តថា “ខ្ញុំមានសុទិដ្ឋិនិយមថា កត្តាទាំងអស់នេះនឹងធ្វើឲ្យកម្ពុជាមានកំនើនសេដ្ឋកិច្ចប្រសើរ និងមានភាពទាក់ទាញវិនិយោគិន មិនត្រឹមតែឆ្នាំ២០២៣នោះទេ ប៉ុន្តែនឹងអាចបន្តដល់បណ្តាឆ្នាំខាងមុខបន្ថែមទៀត”៕

អារ៉ាប៊ីសាអូឌីត គ្រោងផលិតនាវាកម្សាន្តធំបំផុតក្នុងលោកឆាប់ៗនេះ ដែលមានរាងជាកន្ធាយយក្សធំអស្ចារ្យ

ដោយៈ សុខុម

រីយ៉ាដ: ពិភពលោកមានការភ្ញាក់ផ្អើល និងស្ញប់ស្ញែងយ៉ាងខ្លាំង ក្រោ​យពីធ្លាយព័ត៌មានស្ទើរមិនគួរឱ្យជឿថា មិនយូរទៀតឡើយប្រទេសអារ៉ាប៊ីសាអូឌីត នឹងចាប់ផ្ដើមផលិតនាវាកម្សាន្តធំបំផុត ក្នុងពិភពលោកដែលមានរាងជាសត្វកន្ធាយយក្សដ៏ធំអស្ចារ្យ ជាមួយនឹងតម្លៃខ្ពស់កប់ពពក។

យោងតាមសារព័ត៌មានCNN ដែលបានចុះផ្សាយកាលពីថ្ងៃព្រហ​ស្បតិ៍ ទី១៧ ខែវិច្ឆិកា ឱ្យដឹងថា ក្រុមហ៊ុនឌីហ្សាញអ៊ីតាលី ដែលមានឈ្មោះថា Lazzarini Company កំពុងត្រៀមផលិតនាវាកម្សាន្តធំបំផុតរបស់ពិភពលោកដែលមានឈ្មោះថា “Pangios” នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោ​យគ្រោងចំណាយអស់រហូតដល់ទៅ៨ពាន់លានដុល្លារ។

តាមការរំពឹងទុក នាវាខ្នាតយក្សនេះ នឹងមានសមត្ថភាពផ្ទុកមនុស្សបានរហូតដល់ទៅ៦០.០០០នាក់ ហើយវាប្រៀបបានទៅនឹងទីក្រុងអណ្ដែតទឹកមួយដែល រួមមាន ទាំងក្លឹបឆ្នេរខ្សាច់ ផ្ទះវីឡា និងសូម្បីផ្សារទំនើបទៀតផង។

នាវានេះមានប្រវែង៥០០ម៉ែត្រ និងទទឹង៦១០ម៉ែត្រ ហើយច្រកចូលគឺត្រូវចូលពីខាងក្រោយ តាមច្រករបៀងដ៏ធំមួយ ដែលអនុញ្ញាតឱ្យចូលទៅកាន់ទីក្រុងអណ្ដែតទឹកនេះទាំងមូល។ នាវានេះនឹងដំណើរការដោយម៉ាស៊ីនអគ្គិសនីសុទ្ធប្រភេទ HTS ចំនួន៩។

យោងតាមគណនី YouTube មួយដែលមានឈ្មោះថា MTI Most Top Info ឱ្យដឹងថា គម្រោងនាវាខ្នាតយក្សនេះ អាចនឹងសាងសង់បញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការចាប់ផ្ដើមផលិតនោះឡើយ៕ CNN៕

ក្រុមហ៊ុនចិនធំៗជះលុយយ៉ាងសម្បើម វ៉ាឈ្នះអាមេរិកក្លាយជាម្ចាស់ Sponsor ធំបំផុតសម្រាប់World Cup នៅកាតា

ដោយៈ សុខុម

គូឡាឡាំពួ: ក្រុមហ៊ុនធំៗរបស់ប្រទេសចិន បានក្លាយជាម្ចាស់ Sponsor ឬ អ្នកឧបត្ថម្ភធំបំផុតសម្រាប់ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ ខែវិច្ឆិកា។

ក្រុមហ៊ុនធំៗរបស់មហាយក្សចិន បានជះលុយច្រើនសម្បើម ដើម្បីប្រជែងឈ្នះក្រុមហ៊ុនធំៗរបស់រដ្ឋអាមេរិក រួមមាន ទាំងក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន McDonald’s និងក្រុមហ៊ុន Budweiser ផងដែរ រហូតក្លាយជាម្ចាស់Sponsor ធំបំផុតសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នេះ។

យោងក្រុមហ៊ុនវិភាគទិន្នន័យ និងគ្រោះយោបល់ GlobalData ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានឱ្យដឹងថា ក្រុមហ៊ុនចិន ទាំងនោះបានឧបត្ថម្ភ រហូតដល់ទៅ១,៣៩ពាន់លានដុល្លារអាមេរិក សម្រា​ប់ព្រឹត្តិការណ៍ World Cup ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ខាងមុខនេះ ដោយវ៉ាឈ្នះក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភចំនួន១,១ពាន់លានដុល្លារ។

ភាពលេចធ្លោលើសគេរបស់បណ្ដាក្រុមហ៊ុនចិន នៅក្នុងព្រឹត្តិការណ៍ World Cup នេះឆ្លុះបញ្ចាំងពីមហិច្ឆតា របស់ក្រុមហ៊ុនទាំងនោះ ក្នុងការពង្រីកទីផ្សាររបស់ខ្លួន នៅក្រៅប្រទេសឱ្យឈានមួយកម្រិតទៀត  ដើម្បីឱ្យស័ក្ដិសមនឹងឈ្មោះជាក្រុមហ៊ុនធំ។

កំណើនក្រុមហ៊ុនចិន ដែលក្លាយជាម្ចាស់ Sponsor ធំបំផុតនេះកើតមានឡើងស្របគ្នា ទៅនឹងក្តីស្រមៃរបស់ប្រធានាធិបតី ស៊ី ជីនភីង ដែលចង់ប្រែក្លាយប្រទេសចិន ទៅជាមហាអំណាចបាល់ទាត់តាមរយៈផែនការ និងគោលដៅដ៏មានមហិច្ឆតានានា ដូចជា ការបង្កើនចំនួនសាលារៀនដែលមានទីលានបាល់ទាត់ឱ្យបាន១០ខ្ទង់ នៅត្រឹមឆ្នាំ២០២៥ ជាដើម។

លោក Martin Roll អ្នកជំនាញខាងម៉ាកយីហោ និងជាអ្នកប្រឹក្សាដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរីបានប្រាប់សារព័ត៌មាន Al Jazeera ថា “វាឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុមហ៊ុនចិនទាំងនេះ កំពុងធ្វើសកម្មភាពក្នុងកម្រិតពិភពលោក ហើយការបង្ហាញវាទៅដល់ទស្សនិកជនចិន ពិតជាមានសារៈសំខាន់ណាស់។

លោកបន្តថា “ការក្លាយជាម្ចាស់ Sponsor និងជាដៃគូទីផ្សាររបស់ World Cup គឺសម្រាប់តែក្រុមហ៊ុនសម្រិតសម្រាំងមួយចំនួនតូច ដែលមានលទ្ធភាពខ្ពស់ប៉ុណ្ណោះ”៕ Aljazeera៕