ការស្ទង់មតិថ្មីៈ ប្រជាជនជាង៦២ភាគរយនិយាយថាការទិញអចលនទ្រព្យនៅកម្ពុជាជាការវិនិយោគដ៏ល្អមួយ

ដោយៈសុផារី

ភ្នំពេញៈ ក្រោយធូរស្បើយពីវិបត្តិជំងឺកូវីដ១៩ ទីផ្សារអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមបង្ហាញសញ្ញាល្អប្រសើរ តាមរយៈកំណើននៃវិនិយោគិនអន្តរជាតិត្រលប់មកវិញជាបណ្តើរៗ។

ការស្ទង់មតិថ្មីមួយរបស់ AmCham Cambodia បានឱ្យដឹងថា ជាង៦២ភាគរយ នៃអ្នកឆ្លើយតបការស្ទង់មតិអចលនទ្រព្យ និងសំណង់ យល់ឃើញថា ការទិញអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ល្អមួយនៅពេលបច្ចុប្បន្ន។

ក្នុងការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅប្រទេសកម្ពុជា (AmCham Cambodia) បានរកឃើញថា ជាង៦២% នៃអ្នកឆ្លើយតបយល់ថា ការទិញអចលនទ្រព្យនៅកម្ពុជានៅពេលនេះ គឺជាការវិនិយោគដ៏ល្អមួយ ខណៈទីផ្សារកំពុងងើបឡើងវិញ ស្របនឹងកំណើនអ្នកវិនិយោគអន្តរជាតិ។

របាយការណ៍បានបង្ហាញថា អ្នកឆ្លើយ៦៣% បានជឿថាតម្លៃអចលនទ្រព្យនឹងកើនឡើងនៅឆ្នាំក្រោយ ខណៈដែលទីផ្សារនៅតែបន្តងើបឡើងវិញពីវិបត្តិកូវីដ។ យ៉ាងណាក្ដីអ្នកឆ្លើយតបជាង៥៧% យល់ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា មានតម្លៃថ្លៃខ្លាំង ដែលនេះជាឱកាសសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលចាប់យកក្រុមអតិថិជនចំណូលទាប និងមធ្យម។

របាយការណ៍ដដែលបន្ថែមថា ជិតពាក់កណ្តាលនៃអ្នកចូលរួមបានបង្ហាញថា ចំពោះបញ្ហានៃការផ្គត់ផ្គ ង់លើសតម្រូវការក៏នៅតែមាន។ ទោះយ៉ាងណាក៏ដោយ ដោយសារប្រទេសបើកចំហ ការវិនិយោគបរទេសគឺមានកាន់តែច្រើន។

លោក Tom O’Sullivan នាយកប្រតិបត្តិនៃ realestate.com.kh បានធ្វើបទបង្ហាញអំពីការស្ទង់មតិ ដោយលើកឡើងថា ជាង៥៧ភាគរយនៃអ្នកឆ្លើយ មានអារម្មណ៍ថាទីផ្សារអចលនទ្រព្យ មិនមានតម្លៃសមរម្យទេ ដោយបញ្ជាក់ពីឱកាសនៅក្នុងទីផ្សារ សម្រាប់អ្នកអភិវឌ្ឍន៍ ដើម្បីកំណត់គោលដៅផ្នែកអ្នកទិញសម្រាប់កម្រិតទាប ដល់កម្រិតកណ្តាល។

លោកTom បាននិយាយថា “មានឱកាសជាច្រើន នៅក្នុងទីផ្សារអចលនទ្រព្យឥឡូវនេះ ហើយវាគឺជាពេលវេលាដ៏ល្អមួយក្នុងការទិញ ទាំងអ្នកទិញអន្តរជាតិ និងអ្នកទិញក្នុងស្រុក”។ លោកបន្ថែមថា “ការចាប់អារម្មណ៍លើទីផ្សារបានកើនឡើង ជាពិសេសនៅក្នុងការរំពឹងទុកនៃព្រឹត្តិ​ការណ៍កីឡាអាស៊ីអាគ្នេយ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ។ ការស្ទង់មតិរបស់ AmCham ក៏កំពុងបង្ហាញផងដែរថា តម្លៃអចលនទ្រព្យអាចកើនឡើងបន្ថែមទៀត នាពេលអនាគតដ៏ខ្លីខាងមុខនេះ”។

ជាមួយគ្នានេះ នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia លោក Lawrence Lennon បានផ្តល់យោបល់ក្នុងអំឡុងពេលពិភាក្សាជាក្រុមថា “ខណៈពេលដែលជំងឺរាតត្បាត បានបង្ហាញយ៉ាងច្បាស់ពីរយៈពេលដ៏លំបាក សម្រាប់អាជីវកម្មជាទូទៅ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានផ្តល់ឱកាសឱ្យទីផ្សារចុះត្រជាក់វិញ ហើយទុកពេលឱ្យទីផ្សារនេះស្រូបស្រូបយកការផ្គត់ផ្គង់ ដែលមានស្រាប់”៕

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជា​មួយភ្នាក់ងារធានារ៉ាប់រងឈានមុខគេមួយ​នៅកម្ពុជា

ភ្នំពេញ ៖​ ក្រុមហ៊ុន  ព្រីនស៍ រៀល អ៊ីស្ទេត ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Less Solutions ដែលជាភ្នាក់ងារធានារ៉ាប់រងឈានមុខគេ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់ដាក់លក់ផលិតផលការធានារ៉ាប់រង ដែល​ផ្តល់ដោយបណ្តាក្រុមហ៊ុនធានារ៉ាប់រងលំដាប់កំពូលនៅកម្ពុជា ដូចជាក្រុមហ៊ុន CB Insurance (CB Insurance គឺជាអង្គភាពមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប), ក្រុមហ៊ុន AIA (Cambodia), ក្រុមហ៊ុន Prudential (Cambodia) និងក្រុមហ៊ុន Forte (Cambodia)។ល។

ជាលទ្ធផល ផលិតផលធានារ៉ាប់រងជាច្រើននឹងត្រូវផ្តល់ជូនអ្នកទិញ (និងអ្នកជួល) អចលនទ្រព្យ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីបង្កើនតម្លៃក្នុងរយៈពេលវែង ។ ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យដែល “អាចសម្រេចបាន និងមានសុវត្ថិភាពបំផុត និងភាពងាយស្រួលបំផុត”នៅប្រទេសកម្ពុជា ដែលជាចំណុចលក់ពិសេសចំនួនបី ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគោលបំណងធ្វើឱ្យការវិនិយោគលើអចលនទ្រព្យ ក្លាយទៅជាជម្រើស “របៀបរស់នៅ” សម្រាប់អ្នកទិញក្នុងស្រុក និងអន្តរជាតិដែលកំពុងរីកចម្រើន ។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ និងជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ​ឈានមុខគេនៅប្រទេសកម្ពុជា ដោយបានបញ្ចប់ការសាងសង់ជាស្ថាពរនូវគម្រោងចំនួន ៦ នៅរាជ​ធានី​ភ្នំពេញ និងក្រុងព្រះសីហនុ ដែលមានក្រឡាផ្ទៃសំណង់សរុបជាង 20 លានម៉ែត្រការ៉េ។ ដោយមាន ដីបម្រុងជាង 12 លានម៉ែត្រការ៉េ នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តការអភិវឌ្ឍលំនៅឋានទំនើប ផ្សារទំនើប និងការិយាល័យទំនើប សម្រាប់ប្រជាជនវណ្ណៈកណ្តាលនៅកម្ពុជាដែលកំពុងរីកចម្រើន និងអ្នកទិញបរទេសដែលមានចក្ខុវិស័យ។

ជាមួយនឹងផលិតផលដែលតែងតែនាំទៅរកការធ្វើឱ្យប្រសើរឡើងនូវ “របៀបរស់នៅ” សម្រាប់អតិថិជនធុរកិច្ច និងអតិថិជនស្នាក់នៅ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគោលបំណងផ្តល់ជូននូវ៖

  • ហិរញ្ញប្បទានដែលអាចសម្រេចបាន៖ អ្នកទិញក្នុង ស្រុកនិងបរទេសអាចទទួលបានប្រាក់កម្ចីទិញផ្ទះរហូតដល់ ១០០ភាគរយ​ តាមរយៈធនាគារព្រីនស៍ ដែលជាធនាគារឈានមុខគេបំផុតមួយក្នុងចំណោមធនាគារឌីជីថលឈានមុខគេនៅកម្ពុជា។

  • ការទិញដោយសុវត្ថិភាព ៖ ដំណោះស្រាយធានារ៉ាប់រងជាច្រើនដែលឥតគិតថ្លៃ នឹងត្រូវផ្តល់ជូនអតិថិជននៅពេលទិញផ្ទះ (ឧទាហរណ៍៖ មានផ្តល់ជូននូវការធានារ៉ាប់រងគ្រោះអគ្គិភ័យនិងការធានារ៉ាប់រងអចលនទ្រព្យដោយឥតគិតថ្លៃនៅពេលទិញផ្ទះ) តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Less Solutions។
  • សេវាកម្មប្រកបដោយភាពងាយស្រួល៖ អតិថិជនក៏អាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មបន្ថែមជាច្រើន ដែលផ្តល់ដោយអង្គភាពអាជីវកម្មពាក់ព័ន្ធក្នុងតម្លៃមួយដែលមានភាពប្រកួតប្រជែង ដូចជា សេវាសន្តិសុខ សេវាគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មជួល។

លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បាន​ថ្លែងថា តាមរយៈការកាត់បន្ថយឧបសគ្គក្នុងការទិញអចលនទ្រព្យក្នុងទីក្រុង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានគោលបំណងធ្វើឱ្យការវិនិយោគអចលនទ្រព្យ​ ក្លាយទៅជាផ្នែកមួយនៃការរស់នៅបែបទំនើបនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា តាមរយៈការដាក់ចេញនូវដំណោះស្រាយដែល “អាចសម្រេចបាន និងមានសុវត្ថិភាពបំផុត និងភាពងាយស្រួលបំផុត” នៅក្នុងទីផ្សារ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងអភិវឌ្ឍអចលនទ្រព្យដែលផ្តល់នូវតម្លៃក្នុងរយៈពេលវែងដល់ម្ចាស់ផ្ទះ ក៏ដូចជាអ្នកវិនិយោគទាំងអស់។

ព្រីនស៍ វ័ន ត្រូពិកា ដែលជាគម្រោងវីឡាប្រណិតដំបូងគេដែលត្រូវបានដាក់ចេញដោយ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅខណ្ឌសែនសុខ ដែលមានចម្ងាយ 10km ពីកណ្តាលទីក្រុង គឺជាដំណោះស្រាយលំនៅឋានដែលអាចសម្រេចបានសម្រាប់ប្រជាជនខ្មែរ និងអ្នកជំនាញបរទេសដែលស្វែងរកការរចនាស្ថាបត្យកម្មទាន់សម័យ ក៏ដូចជាបរិក្ខារទំនើបៗ។ ជាមួយនឹងតម្រូវការហិរញ្ញប្បទានទាបជាងតម្រូវការប្រពៃណីសម្រាប់ទិញផ្ទះក្នុង“បុរី” ម្ចាស់ផ្ទះថ្មីនឹងអាចទទួលបានហិរញ្ញប្បទានរហូតដល់ 100% ពីធនាគារព្រីនស៍ និងដំណោះស្រាយធានារ៉ាប់រងពីក្រុមហ៊ុន CB Insurance ។ ជាលទ្ធផល ផ្ទះវីឡាដែលបានដាក់លក់ក្នុងដំណាក់កាលទី 1 នៃគម្រោងព្រីនស៍ វ័ន ត្រូពិកានេះ ត្រូវបានលក់អស់ហើយ ផ្ទះវីឡាក្នុងដំណាក់កាលទី 2 ក៏កំពុងត្រូវបានរៀបចំសម្រាប់ការដាក់លក់ផងដែរ ៕

 

ទីក្រុងហុងកុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាលើកទី២ ចាប់តាំងពីផ្ទុះ មហាបាតុកម្មក្នុងឆ្នាំ២០១៩

ដោយៈ សុខុម

អន្តរជាតិ: ទីក្រុងហុងកុង ពេលនេះបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជាថ្មីម្ដងទៀតហើយ ដោយសារកត្តាសំខាន់ ដូចជា ការដំឡើងអត្រាការប្រាក់ ការចុះខ្សោយនៃពាណិជ្ជកម្មពិភពលោក និងការបន្តអនុវត្តរបស់ទីក្រុងនេះនូវវិធានការរឹតបន្តឹងកូវីដ-១៩ យ៉ាងតឹងរ៉ឹង។

ផ្អែកតាមតួលេខប៉ាន់ស្មានដែលនាយកដ្ឋានជំរឿន និងស្ថិតិ (Census and Statistics Department) នៃក្រុងនេះបានបញ្ចេញកាលពីថ្ងៃច័ន្ទ ទី១ ខែសីហា បង្ហាញថា បន្ទាប់ពីការធ្លាក់ចុះ៣,៩%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ ផលទុនជាតិសរុប (GDP) របស់ទីក្រុងនេះបានធ្លាក់ចុះជាថ្មីក្នុងត្រីមាសទី២ ក្នុងរង្វង់១,៤%។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃអង្គារ ទី០២ ខែសីហា នេះ។

សេដ្ឋកិច្ចទីក្រុងនេះ សម្រេចបានកំណើនប្រចាំឆ្នាំ៦,៣%ក្នុងឆ្នាំ២០២១ បន្ទាប់ពីដាំក្បាលចុះខ្លាំងក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ នៅពេលទីក្រុងនេះផ្ទុះមហាបាតុកម្ម គាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានអូសបន្លាយពេលរាប់ខែ ហើយបន្ទាប់មកក៏ជួបវិបត្តិកូវីដ-១៩ បន្ថែមទៀត។

រដ្ឋបាលក្រុងហុងកុង និយាយថា សន្ទុះសេដ្ឋកិច្ចយឺតជាងការរំពឹងទុកដោយសារតែភាពចុះខ្សោយនៃពាណិជ្ជកម្មខាងក្រៅ។

ស្ថិតិផ្លូវការដែលចេញផ្សាយកាលពីខែមុន បានបង្ហាញថា តម្លៃទំនិញនាំចេញសរុបក្នុងត្រីមាសទី២ បានធ្លាក់ចុះ៤,២% បើធៀបនឹងត្រីមាសទី១។

យោងតាមកំណត់ត្រាបង្ហាញថា សម្រាប់ឆមាសទី១ ដើមឆ្នាំ២០២២ ឱនភាពពាណិជ្ជកម្ម មានទំហំទឹកប្រាក់ចំនួន២០៦,១ពាន់លានដុល្លារ ដែលស្មើនឹង៨,២%នៃតម្លៃនៃទំនិញនាំចូល៕ Aljazeera៕

ហេតុអ្វីលំនៅដ្ឋានសម្រាប់អ្នកមានចំណូលក្រោមមធ្យមបន្ត រងផលប៉ះពាល់?

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ទីផ្សារលំនៅដ្ឋានសម្រាប់អ្នកមានចំណូលក្រោមមធ្យម ឬចំណូលទាបនៅតែបន្តរងផលប៉ះពាល់ ទោះបីជាកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើងវិញបន្តិចក្ដី ដោយសារតែ អ្នកមានចំណូលទាប និងមធ្យម នៅតែបន្តមានផលប៉ះពាល់ ទៅលើប្រាក់ចំណូលរបស់ខ្លួនដដែល ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia បានមានប្រសសាន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ១០ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពលរដ្ឋជាពិសេសពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងមធ្យម ដែលធ្វើឱ្យទីផ្សារសម្រាប់អ្នកមានចំណូលទាប និងមធ្យមនេះដែរ ក៏បានរងផលប៉ះពាល់និងប៉ះពាល់ដល់បច្ចុប្បន្ននេះ។

លោកឧកញ៉ាបន្តថា “ទីផ្សារលំនៅឋានសម្រាប់អ្នកមាន ឬអ្នកមានចំណូលមធ្យមឡើងទៅ វាមិនសូវជាមានបញ្ហាប៉ុន្មានទេ”។លោកបន្តថា “ ដូច្នេះហើយយើងមើលឃើញថា អ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើនបានយកចិត្តទុកដាក់អភិវឌ្ឍន៍ លំនៅដ្ឋានតម្លៃមធ្យមឡើងទៅ និងមានការគាំទ្រពីពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមឡើង”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្ថែមថា បច្ចុប្បន្ននេះ លោកបាននិងកំពុងសាងសង់បុរី២ប្រភេទ ដោយទី១ជាប្រភេទលំនៅឋានសម្រាប់អ្នកមានចំណូលក្រោមមធ្យម នៅស្រុកកៀនស្វាយខេត្តកណ្ដាល និងគម្រោងបុរីមួយទៀតជាប្រភេទលំនៅឋានបែបអភិជន សម្រាប់អ្នកមានលុយ នៅខាងប៉ែកខាងជើងរាជធានីភ្នំពេញ។ ជាបន្តបន្ទាប់ទៅទៀត លោកនឹងអភិ​វ ឌ្ឍន៍លំនៅឋានជាបុរីកាន់តែមានធំជាងនេះ ដោយផ្ដោតលើលំនៅឋានតម្លៃខ្ពស់ៗ។

ជាការកត់សម្គាល់ លំនៅឋានតម្លៃក្រោមមធ្យមរបស់ពលរដ្ឋ ដែលទិញហើយបង់រំលស់ កំពុងដាក់ផ្លាកប្រកាសលក់វិញ ដោយសារតែមិនមានលទ្ធភាព ក្នុងការបង់រំលស់បន្ត ពីព្រោះតែអាជីកម្មមិនអាចរកប្រាក់ចំណូលបានដូចមុនកូវីដ១៩ អញ្ចឹងត្រូវរកដំណោះ ស្រាយហិរញ្ញវត្ថុជាបន្ទាន់ ។

ជាមួយគ្នានេះ លោកឧកញ៉ានួន រឹទ្ធីអគ្គនាយកក្រុមហ៊ុន KFA បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈនេះ អ្នកមានចំណូលក្រោមមធ្យមនិងមានចំណូលមធ្យមមិនគួរទិញផ្ទះ ឬវិនិយោគផ្ទះនោះទេ គួររង់ចាំមើលមួយ រយៈសិន រង់ឱ្យស្ថានភាពបានល្អប្រសើរជាងនេះបន្តិច៕

ដំណឹងល្អ! កម្ពុជាអនុញ្ញាតិឱ្យភ្ញៀវបរទេសរស់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទស្សនារមណីយដ្ឋានអង្គរដោយមិនគិតថ្លៃ

ដោយៈ សុផារី

សៀមរាបៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតិ ឱ្យភ្ញៀវទេសចរបរទេសផ្ទៃក្នុងដែលមកធ្វើការ និងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃ។

នេះបើតាមប្រសាសន៍លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះ ឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣ នៅថ្ងៃទី០១ ខែសីហាម្សិលមិញ។

លោករដ្ឋមន្ត្រីថោង ខុន បានឱ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប នៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចអនុញ្ញាតជូនភ្ញៀវទេសចរបរទេសផ្ទៃក្នុងដែលមកធ្វើការ និងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃ ដែលនឹងជំរុញរំហូរទេសចរផ្ទៃក្នុង មកកាន់ខេត្តសៀមរាបបន្ថែមទៀត។

លោកបានបន្តថា “រាជរដ្ឋាភិបាល ក៏បានផ្តល់គោលនយោបាយលើកទឹកចិត្តសម្រាប់ការទិញសំបុត្រ ចូលរមណីយដ្ឋានអង្គរ ដោយបន្ថែមចំនួនថ្ងៃចូលទស្សនា ក្នុងនោះ ទិញបណ្ណប្រភេទ១ថ្ងៃ អាចចូលទស្សនាបាន២ថ្ងៃ មានសុពលភាព៥ថ្ងៃ ទិញបណ្ណប្រភេទ៣ថ្ងៃ ទស្សនាបាន៥ថ្ងៃ មានសុពលភាពរយៈពេល១០ថ្ងៃ និងបណ្ណប្រភេទ៧ថ្ងៃ ទស្សនាបាន១០ថ្ងៃ មានសុពលភាព១ខែ”។

ខេត្តសៀមរាប នឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ១០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនឹងកើនដល់ប្រមាណ៥០ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ដោយនឹងស្រូបយក១/៤នៃភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ខណៈដែលភ្ញៀវទេសចរផ្ទៃក្នុងជាង២លាននាក់ នឹងមកទស្សនាខេត្តសៀមរាប នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ៤លាននាក់នៅក្នុងឆ្នាំ២០២៣៕

រដ្ឋាភិបាលទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនមកនៅត្រឹម៥,៤ភាគរយសម្រាប់ឆ្នាំនេះ

ដោយៈ សុខុម

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់មួយរូបថ្លែងនៅថ្ងៃអង្គារ ទី២ ខែសីហា នេះថា ប្រទេសកម្ពុជា បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ២០២២ មកត្រឹម៥,៤% បើធៀបនឹងការព្យាករមុននេះ៥,៦%ដោយសារតែផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចនៅកម្ពុជា នឹងធ្លាក់ចុះមកត្រឹម៥,៤%ក្នុងឆ្នាំ២០២២ នេះ ដោយផលទុនជាតិសរុប (GDP) រំពឹងថានឹងមានចំនួនសរុបប្រមាណ៣០ពាន់លានដុល្លារអាមេរិក។

កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ភាគច្រើនសម្រេចបានដោយសារការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរផ្សេងៗទៀត និងវិស័យទេសចរណ៍ សំណង់ និងកសិកម្ម។

លោកមាស សុខសេនសានបានថ្លែងបន្តថា សម្រាប់ឆ្នាំ២០២២ វិស័យឧស្សាហកម្ម ជាពិសេសកាត់ដេរ និងសំណង់ត្រូវបានរំពឹងថានឹងសម្រេចបានកំណើន៩% វិស័យសេវាកម្ម (ទេសចរណ៍ ដឹកជញ្ជូន និងទូរគមនាគមន៍ ពាណិជ្ជកម្ម និងអចលនទ្រព្យ) នឹងសម្រេចបានកំណើន៤,៣% ហើយកសិកម្មនឹងសម្រេចបានកំណើន០,៧%។

អ្នកនាំពាក្យដដែលឱ្យដឹងទៀតថា អតិផរណារបស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងដល់៥% បើធៀបនឹងការព្យាករមុននេះ៣%។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា អតិផរណានេះគឺស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

លោកក៏បានលើកឡើងដែរថា រដ្ឋាភិបាលបានបម្រុងទុកកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន៩៨៩លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងពីបំណុលសាធារណៈរបស់កម្ពុជាផងដែរ ដោយលោកមានប្រសាសន៍ថា បំណុលសាធារណៈដែលកម្ពុជា ជំពាក់បរទេសនាពេលបច្ចុប្បន្នមានចំនួន៩,៨១ពាន់លានដុល្លារអាមេរិក។

លោកបានធ្វើការកត់សម្គាល់ថា បំណុលសាធារណៈដែលកម្ពុជា ជំពាក់បរទេសឥឡូវនេះ គឺស្ថិតនៅចន្លោះពី៣៣% ទៅ៣៥%នៃផលទុនជាតិសរុប (GDP) របស់កម្ពុជា ដូច្នេះវាគ្មានអ្វីគួរឱ្យព្រួយបារម្ភនោះទេ៕ Xinhua៕

កម្ពុជាជំពាក់បំណុលបរទេសចំនួនជិត១០ពាន់លានដុល្លារអាមរិក ប៉ុន្តែនៅតែតែស្ថិតនៅក្នុងភាពមិនគួរឱ្យបារម្ភ

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា រហូតមកទល់ពេលនេះ ប្រទេសកម្ពុជាបានជំពាក់បំណុលបរទេស ចំនួនសរុប៩,៨១ពាន់លានដុល្លារអាមេរិក ដែលស្ថានភាពបំណុលរបស់ប្រទេសកម្ពុជា ស្ថិតនៅក្នុងភាពមិនគួរឱ្យព្រួយបារម្ភនោះទេ។

លោកមាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបានព្យាយាម សងបំណុលត្រលប់ទៅវិញចំនួន១៨៣លានដុល្លារអាមេរិក។

បើយោងតាមអ្នកនាំពាក្យរូបនេះ ក្នុងឆ្នាំ២០២១-២០២២ថា ស្ថិតនៅក្នុងអនុបាតគោលចន្លោះ៣៣ ទៅ៣៥ភាគរយ ហើយអាចនឹងឡើងដល់៣៦ភាគរយនៅក្នុងឆ្នាំ២០២៣។ អនុបាតគោល ដែលត្រូវមានការប្រុងប្រយ័ត្នបំផុត គឺអត្រាកើនលើស៤០ភាគរយ។

លោកបានបន្តថា កន្លងមក ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃស្ថានភាព បំណុលរបស់ប្រទេសកម្ពុជាថា ស្ថានភាពបំណុលរបស់ប្រទេសកម្ពុជា ស្ថិតនៅក្រោមអនុបាតគោល និងមិនមានភាពគួរឱ្យបារម្ភនោះទេ ហើយត្រូវបានគ្រប់គ្រងបំណុលយ៉ាងម៉ត់ចត់បំផុត ។

លោកមាស សុខសេនសានបានលើកឡើងថា កម្ចីដែលទទួលបាននេះប្រើប្រាស់ សម្រាប់ការវិនិយោគនៅក្នុងប្រទេស ដោយស្ថិតនៅក្នុងលក្ខខណ្ឌចំនួន៥៕

កម្ពុជាជំពាក់បំណុលបរទេសចំនួនជិត១០ពាន់លានដុល្លារអាមរិក ប៉ុន្តែនៅតែតែស្ថិតនៅក្នុងភាពមិនគួរឱ្យបារម្ភ

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា រហូតមកទល់ពេលនេះ ប្រទេសកម្ពុជាបានជំពាក់បំណុលបរទេស ចំនួនសរុប៩,៨១ពាន់លានដុល្លារអាមេរិក ដែលស្ថានភាពបំណុលរបស់ប្រទេសកម្ពុជា ស្ថិតនៅក្នុងភាពមិនគួរឱ្យព្រួយបារម្ភនោះទេ។

លោកមាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបានព្យាយាម សងបំណុលត្រលប់ទៅវិញចំនួន១៨៣លានដុល្លារអាមេរិក។

បើយោងតាមអ្នកនាំពាក្យរូបនេះ ក្នុងឆ្នាំ២០២១-២០២២ថា ស្ថិតនៅក្នុងអនុបាតគោលចន្លោះ៣៣ ទៅ៣៥ភាគរយ ហើយអាចនឹងឡើងដល់៣៦ភាគរយនៅក្នុងឆ្នាំ២០២៣។ អនុបាតគោល ដែលត្រូវមានការប្រុងប្រយ័ត្នបំផុត គឺអត្រាកើនលើស៤០ភាគរយ។

លោកបានបន្តថា កន្លងមក ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃស្ថានភាព បំណុលរបស់ប្រទេសកម្ពុជាថា ស្ថានភាពបំណុលរបស់ប្រទេសកម្ពុជា ស្ថិតនៅក្រោមអនុបាតគោល និងមិនមានភាពគួរឱ្យបារម្ភនោះទេ ហើយត្រូវបានគ្រប់គ្រងបំណុលយ៉ាងម៉ត់ចត់បំផុត ។

លោកមាស សុខសេនសានបានលើកឡើងថា កម្ចីដែលទទួលបាននេះប្រើប្រាស់ សម្រាប់ការវិនិយោគនៅក្នុងប្រទេស ដោយស្ថិតនៅក្នុងលក្ខខណ្ឌចំនួន៥៕

NBC ឧស្សាហកម្មធនាគាររបស់កម្ពុជាមានកំណើនរឹងមាំក្នុងឆមាសទីមួយឆ្នាំ២០២២

ដោយៈ សុផារី

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ឧស្សាហកម្មធនាគាររបស់ប្រទេសកម្ពុជា ទទួលបានកំណើនដ៏រឹងមាំទាំងប្រាក់កម្ចី និងប្រាក់បញ្ញើនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២។

យោងតាមរបាយការណ៍ចុងក្រោយ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រាក់កម្ចីឆ្នើម (Outstanding loans) បានកើនឡើង២៣,៤ភាគរយ ធៀបនឹងឆ្នាំមុន ដល់៥១,៥ពាន់លានដុល្លារត្រឹមខែមិថុនាឆ្នាំនេះ ខណៈប្រាក់បញ្ញើរបស់អតិថិជន បានកើនឡើង១៦ភាគរយ ដល់៤២ពាន់លានដុល្លារ។

ប្រាក់កម្ចីនេះ ត្រូវបានផ្តល់ទៅឱ្យវិស័យសំខាន់ៗ ដូចជា វិស័យពាណិជ្ជកម្ម លំនៅឋាន សំណង់ កសិកម្ម សណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យកាម្មន្តសាល ក្នុងចំណោមវិស័យផ្សេងទៀត ដោយបន្ថែមថា កម្ចីមិនដំណើរការ Non-Performing Loans (NPLs) នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ស្ថិតក្នុងអត្រាដែលអាចគ្រប់គ្រងបានចំនួន២,៦ភាគរយ និង២,៣ភាគរយ។

របាយការណ៍បាននិយាយថា ទ្រព្យសកម្មបច្ចុប្បន្ន នៅក្នុងប្រព័ន្ធធនាគាររបស់ប្រទេសអាស៊ីអាគ្នេយ៍ បានកើនឡើងដល់៧៥,២ពាន់លានដុល្លារ ត្រឹមខែមិថុនា ឆ្នាំ២០២២ កើនឡើង១៧,២ភាគរយធៀបនឹងខែមិថុនា ឆ្នាំ២០២១។

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានធនាគារពាណិជ្ជចំនួន៥៨ ធនាគារឯកទេសចំនួន៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៦ ដែលមានការិយាល័យកណ្តាល និងសាខាសរុបចំនួន ២.៦១៤ ព្រមទាំងម៉ាស៊ីនអេធីអឹមចំនួន៣.៩៩៨គ្រឿងនៅទូទាំងប្រទេស។

ធនាគារជាតិនៃកម្ពុជាបានបន្ថែមថា បច្ចុប្បន្នមានគណនីបញ្ញើចំនួន១៣,២លាន និងគណនីឥណទានចំនួន៣,៥លាន នៅធនាគារ និងគ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា៕

កិច្ចព្រមព្រៀងទិញយកនិងច្របាញ់បញ្ចូលគ្នាធ្វើឱ្យទីផ្សារអចលនទ្រព្យវៀតណាមហក់ឡើងខ្លាំង

ដោយៈ សុខុម

ហាណូយ: ចាប់តាំងពីដើមឆ្នាំនេះ ទីផ្សារអចលនទ្រព្យវៀតណាម មានសន្ទុះកើនឡើងនូវសកម្មភាពទិញយក និងច្របាច់បញ្ចូលគ្នា (M&A) រួមទាំងគម្រោងការិយាល័យ លំនៅដ្ឋាន និងឧស្សាហកម្មផងដែរ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី០១ ខែសីហា។

លទ្ធផលស្ទង់មតិដែលធ្វើឡើង ដោយក្រុមហ៊ុនផ្ដល់សេវាអចលនទ្រព្យពាណិជ្ជកម្មអន្តរជាតិ Cushman & Wakefield (C&W) បង្ហាញថា ការទិញយកអគារការិយាល័យកម្រិតA ដែលមានឈ្មោះថា Capital Place នៅកណ្តាលទីក្រុងហាណូយ ពីសំណាក់ក្រុមហ៊ុន Viva Land ក្នុងតម្លៃ៥០០លានដុល្លារអាមេរិក បានធ្វើឱ្យទីផ្សារការិយាល័យមានសន្ទុះហក់ឡើងគួរឱ្យកត់សម្គាល់។

គម្រោងអគារការិយាល័យលំដាប់ខ្ពស់នេះ ជាអគារភ្លោះមានកម្ពស់៣៧ជាន់ ដែលត្រូវបានជ្រើសរើសធ្វើជាទីតាំងការិយាល័យធំ នៃក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើននៅក្នុងទីក្រុងនេះ។

នៅមុននេះក្រុមហ៊ុនViva Land ក៏បានទិញយកអគារ Saigon One Tower ដោយជោគជ័យផងដែរ ហើយបានប្ដូរឈ្មោះថ្មីទៅជា IFC Saigon One។

សម្រាប់ផ្នែកលំនៅដ្ឋាន ទីផ្សារនេះក៏សម្រេចបានកិច្ចព្រមព្រៀងមួយចំនួនធំផងដែរ ដូចជា ការទិញយករបស់ក្រុមហ៊ុន Novaland នូវគម្រោងអាផាតម៉ិនប្រណីត Kenton Node ពីក្រុមហ៊ុន Tài Nguyên Construction Production Trading Co. និងប្តូរឈ្មោះថ្មីទៅជា Grand Sentosa ផងដែរ។ គម្រោងនេះមានអាផាតម៉ិនដល់ទៅ១.៦៤០យូនីត។

ប្រតិបត្តិការទិញលក់ដ៏ធំមួយទៀត គឺការទិញយកគម្រោង Saigon Binh An ឬដែលគេស្គាល់ថា The Global City ដោយក្រុមហ៊ុន Masterise Homes។ គម្រោងនេះស្ថិតនៅលើផ្ទៃដី១១៧ហិកតា។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាមេរិកWarburg Pincus បានប្រកាសបោះទុនវិនិយោគចំនួន២៥០លានដុល្លារ លើក្រុមហ៊ុន Novaland ដើម្បីបង្កើនការទិញដីធ្លី និងអភិវឌ្ឍគម្រោង ដែលមានស្រាប់របស់ក្រុមហ៊ុន Novaland នៅក្នុងទីតាំងជាយុទ្ធសាស្ត្រនានា។

ការស្ទង់មតិរបស់ក្រុមហ៊ុន C&W បង្ហាញថា ក្រុមហ៊ុន២ទៀតគឺ VinaCapital និង Dragon Capital ក៏បានបោះទុន១០៣លានដុល្លារ លើក្រុមហ៊ុន Hưng Thịnh Land JSC ផងដែរ។

ទន្ទឹមនឹងនេះ អចលនទ្រព្យប្រភេទឧស្សាហកម្ម នៅតែជាផ្នែកដែលត្រូវប៉ាន់បំផុតក្នុងទីផ្សារទិញយក និងច្របាញ់បញ្ចូលគ្នានេះ ដោយគ្រប់ដណ្ដប់៣៥%នៃតម្លៃទិញលក់សរុបក្នុងវិស័យនេះ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន GLP បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយមានឈ្មោះថា GLP Vietnam Development Partners I ជាមួយទុនវិនិយោគសរុប១,១ពាន់លានដុល្លារ លើគម្រោងមជ្ឈមណ្ឌលដឹកជញ្ជូនចំនួន៦។

វៀតណាម ទទួលបានរំហូរមូលធនថ្មី រហូតដល់ទៅ១០,០៦ពាន់លានដុល្លារ ពីបណ្ដាវិនិយោគិនបរទេសក្នុងឆមាសទី១ ដើមឆ្នាំ២០២២។

វិនិយោគិនបរទេសឈានមខគេ ក្នុងទីផ្សារអចលនទ្រព្យវៀតណាម រួមមានសិង្ហបុរី ជប៉ុន ដាណឺម៉ាក ចិន និងកូរ៉េខាងត្បូង៕ Vietnam News៕