វិស័យអចលនទ្រព្យត្រូវការវិនិយោគិនបរទេសដើម្បីជំរុញឲ្យមានភាពប្រសើរដូចមុនវិបត្តិ

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជា បានឡើងដល់ចំណុចកំពូលឬចំណុចខ្ពស់បំផុតនៅអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ តែវិស័យនេះបានថមថយល្បឿនមកវិញ និងជួបវិបត្តិនៅក្នុងអំឡុងឆ្នាំ២០២០ និងបន្តជួបវិបត្តិរហូតមកដល់បច្ចុប្បន្ន។

រហូតមកទល់ពេលនេះ ស្ថានភាពហាក់មិនទាន់មានភាពប្រសើរឡើងដូចកាលមុនវិបត្តិកូវីដ១៩នៅឡើយ ដោយអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានបញ្ជាក់ថា ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា នឹងមិនអាចដូចមុនវិបត្តិនោះទេ បើសិនជាគ្មានការបណ្ដាក់ទុនវិនិយោគ ពីបរទេស ។

អ្នកនាងជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានមានប្រសាសន៍ឱ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃទី២៨ កញ្ញាថា នៅក្នុងវិបត្តិកូវីដ១៩ ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាយើងភាគច្រើន គឺបណ្ដាក់ទុនដោយវិនិយោគិនក្នុងស្រុក ដូច្នេះហើយទើបយើងឃើញមានដំណើរការ នៃការវិនិយោគនៅក្នុងវិស័យនេះនៅតែបន្ត ប៉ុន្តែការវិនិយោគពីសំណាក់វិនិយោគិន ក្នុងស្រុកមិនមានគម្រោងធំៗគួរឱ្យកត់សម្កាល់នោះឡើយ ។

អ្នកនាងបន្តថា “វិស័យនេះនៅតែត្រូវការការវិនិយោគ ពីសំណាក់វិនិយោគិនបរទេស ដើម្បីជំរុញឱ្យស្ថានភាពអាចប្រសើរ ដូចនឹងមុនវិបត្តិកូវីដ១៩”។អ្នកនាងបន្តថា “កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ វិស័យអចលនទ្រព្យមានសន្ទុះងើបឡើងខ្ពស់ ហើយកាលនោះមានការវិនិយោគពីបរទេសច្រើនផងដែរ ដោយយើងឃើញថាចិន គឺជាអ្នកវិនិយោគធំជាងគេនៅក្នុងប្រទេសកម្ពុជា”។

អ្នកនាងបន្ថែមថា កត្តាមួយចំនួនដែលធ្វើឱ្យវិនិយោគិនបរទេស នៅតែមិនទាន់ចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា រួមមានស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះ មិនទាន់ប្រសើរនៅឡើយ ហើយវិនិយោគិនទាំងនោះនៅស្ដារប្រទេសគេជាមុនសិន។ មួយវិញទៀតស្ថានភាពកូវីដ១៩នៅក្នុងប្រទេសទាំងនោះ រួមមាន ចិនជាដើមក៏មិនទាន់ប្រសើរដូចនៅកម្ពុជា បូករួមនឹងភាពតានតឹង នៃស្ថានភាពនយោបាយអន្តរជាតិផងដែរ ធ្វើឱ្យវិនិយោគិនមិនទាន់ចូលមកកម្ពុជាច្រើននៅឡើយ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា កាលពីចុងឆ្នាំ២០២១យើងរំពឹងថាក្នុងឆ្នាំ២០២២ វិនិយោគិនបរទេសជាពិសេសចិន នឹងចូលមកកម្ពុជាឡើងវិញ ប៉ុន្តែដោយសារតែស្ថានភាពនៃសេដ្ឋកិច្ចនៅចិន និងស្ថានភាពវិបត្តិរួមនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងនោះ ធ្វើឱ្យវិនិយោគិនបរទេសនៅតែមិនទាន់ចូលមកកម្ពុជាច្រើននៅឡើយ។

លោកបន្តថា “ការវិនិយោគរបស់វិនិយោគិនក្នុងស្រុក ក៏អាចជួយជំរុញនិងទប់ស្កាត់ការធ្លាក់ចុះ នៃវិស័យអចលនទ្រព្យបានមួយកម្រិតផងដែរ គ្រាន់តែស្ថានភាពវាមិនទាន់អាចបានល្អប្រសើរ ដូចមុនកូវីដ១៩ប៉ុណ្ណោះ”។លោកបន្តថា “វិនិយោគិនចិននឹងត្រលប់មកវិញ ដោយសារតែកម្ពុជាប្រៀបដូចជាបន្ទាយ ដែលអាចស្វែងរកផលចំណេញបានច្រើន ធៀប​នឹងបណ្តាប្រទេសក្នុងតំបន់ ហេតុនេះវិនិយោគិនអន្តរជាតិ និងអ្នកវិនិយោគ​ចិននឹងត្រលប់មកវិញនាពេលខាងមុខ”៕

លោកបណ្ឌិតហ៊ុន ម៉ាណែតៈទីក្រុងបាវិតជាមជ្ឈមណ្ឌលផលិតកម្មនិងជានិមិត្តរូបអភិវឌ្ឍន៍របស់កម្ពុជា

ដោយៈ សុផារី

ស្វាយរៀងៈ លោកបណ្ឌិតហ៊ុន ម៉ាណែត បានថ្លែងថា ទីក្រុងបាវិត ជាមជ្ឈមណ្ឌលផលិតកម្ម ដែលបានស្រូបយកកម្លាំងពលកម្ម ដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រប់ផ្នែកគ្រប់វិស័យ ហើយក៏អាចត្រូវបានចាត់ទុកជានិមិត្តរូប នៃការអភិវឌ្ឍរីកចម្រើននៅក្នុងប្រទេសកម្ពុជា។

លោកបណ្ឌិតបានបញ្ជាក់បន្តថា “ការអភិវឌ្ឍន៍ក្រុងបាវិត ពិតជាខុសស្រឡះ ពីការភ័ន្តច្រឡំមួយចំនួនដែលយល់ថា ទីក្រុងបាវិតជាទីក្រុងនៃសេវាកម្មកាស៊ីណូ”។

លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅទីក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

លោកបណ្ឌិត ហ៊ុន ម៉ាណែតបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្តាក់ទុនយ៉ាងមោះមុត ពីសំណាក់ក្រុមហ៊ុន Medtecs Manhattan Group ជាពិសេស ក្នុងការសាងសង់រោងចក្រផលិតស្រោមដៃពេទ្យ បែបទំនើបខ្នាតធំនៅក្នុងទីក្រុងបាវិត ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ គឺអំឡុងពេលដែលប្រទេសកម្ពុជា កំពុងទទួលរងនូវការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ និងមិនទាន់បានងើបចេញពីវិបត្តិនៃជំងឺនេះនៅឡើយ។

លោកបណ្ឌិតបានចាត់ទុកទង្វើនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញថាក្រុមហ៊ុន ពិតជាមានការជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ មួយវិញទៀត ការបណ្តាក់ទុននេះ ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ របស់ក្រុមហ៊ុននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ទីក្រុងបាវិត ជាមជ្ឈមណ្ឌលផលិតកម្ម ដែលបានស្រូបយកកម្លាំងពលកម្ម ដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រប់ផ្នែកគ្រប់វិស័យ ហើយក៏អាចត្រូវបានចាត់ទុកជានិមិត្តរូប នៃការអភិវឌ្ឍរីកចម្រើន នៅក្នុងប្រទេសកម្ពុជាផងដែរ។

ជាក់ស្តែង ក្រុងបាវិត មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ដោយក្នុងនេះមានរោងចក្រសរុបចំនួន១៧៨ និងបានផ្តល់ការងារជូន ដល់ប្រជាពល​រដ្ឋប្រមាណជាង៩ម៉ឺននាក់ ដែលពិតជាខុសស្រឡះពីការភ័ន្តច្រឡំមួយចំនួនដែលយល់ថា ទីក្រុងបាវិតជាទីក្រុងនៃសេវាកម្មកាស៊ីណូ។

 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ក្នុងរយៈពេលប្រមាណជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅសំខា​ន់មួយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាកត្តានាំឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេ នៅក្នុងសកលលោក ជាមួយនឹងអត្រាកំណើន ជាមធ្យមប្រមាណជាង៧% ក្នុងមួយឆ្នាំ”។

លោកបណ្ឌិតហ៊ុន ម៉ាណែត បន្តថា “អត្រាកំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ២០១៥ និងបានជួយឱ្យប្រជាជនកម្ពុជា បានងើបចេញពីភាពក្រីក្រ ដោយអត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះពីប្រមាណ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៧,៨%ប៉ុណ្ណោះក្នុងឆ្នាំ២០២០”៕

តើការវិនិយោគលំនៅដ្ឋាននៅតំបន់ក្រវ៉ាត់ក្រុងទី៣នឹងមានឱកាសចំណេញដូចម្តេច?

 ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងធំៗជាច្រើនបានឈានជើងចូលទៅវិនិយោគ នៅក្នុងតំបន់ផ្លូវក្រវាត់ក្រុងទី៣ ហើយបាននឹងកំពុងធ្វើឱ្យទីតាំងនេះ ក្លាយជាទីតាំងវិនិយោគល្អបំផុត សម្រាប់គម្រោងលំនៅឋានប្រភេទបុរី។

ជាក់ស្តែង បុរី GB Residence ជាបុរីធំមួយដែលបានហ្នឹងកំពុងបោះទុនវិនិយោគលើផ្ទៃដីជាង១០ហិចតា រួមជាមួយហ្នឹងគុណតម្លៃពិសេសៗជាច្រើន។

លោកតាំង កៅគៀត នាយកប្រតិបត្តិ របស់បុរី GB Residence បានមានប្រសាសន៍ប្រាប់ ក្នុងកិច្ចសម្ភាសន៌ជាមួយគេហទំព័រ Property Area Asia កាលពីពេលថ្មីៗនេះថា គម្រោងបុរីGB ជ្រើសរើសទីតាំងផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រាប់ការអភិវឌ្ឍន៌បុរី ដោយសារហេតុផលសំខាន់ៗមួយចំនួន។

លោកតាំង កៅគៀត បានឱ្យដឹងថា ហេតុផលទី១ តំបន់ខាងលើនេះជាតំបន់ ដែលកំពុងតែមានការអភិវឌ្ឍន៍ខ្លាំង ទោះបីជាទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ក៏ដោយ ការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី នៅតែបន្តដំណើរការយ៉ាងសកម្ម។

លោកបានបន្តថា ជាពិសេសតំបន់នេះមានទីតាំងជិត គម្រោងអភិវឌ្ឍន៍ធំៗ មជ្ឈមណ្ឌលសេដ្ឋកិច្ច ផ្សារទំនើបៗ សាលារៀនអន្តរជាតិផ្សេងៗ ដែលនឹងធ្វើឱ្យតំបន់នេះ ក្លាយជាទីតាំងល្អបំផុតសម្រាប់ការរស់នៅ។ បន្ថែមលើសនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ មានភាពប្រទាក់ក្រឡាគ្នា ដែលអាចភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗ ដែលជាសរសៃឈាមសេដ្ឋកិច្ច ហើយភ្ជាប់ ទៅកាន់កំពង់ផែស្វយ័តក្រុងភ្នំពេញ។

លោកបន្ថែមទៀតថា ជាពិសេសព្រលានយន្ត ហោះអន្តរជាតិភ្នំពេញថ្មី ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនាពេលឆាប់ៗនេះ ក៏នឹងនាំមកនូវទេសចរណ៌ ព្រមទាំងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនផងដែរ។

នាយកប្រតិបត្តិជាន់ខ្ពស់ខាងលើបានឱ្យដឹងថា បុរី GB Residence ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង១០ហិចតា ដោយបែងចែកចេញជាដំណាក់កាល ក្នុងនោះដំណាក់កាលទី១ សម្រេចការសាងសង់បានចំនួន ២០ ភាគរយហើយ។

លោកតាំង កៅគៀតបានបញ្ជាក់ទៀតថា “ទោះបីជាប្រឈមនឹងផលប៉ះពាល់ពីកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកលក្តី គម្រោងបុរី GB នៅតែបន្តទទួលបានការគាំទ្រពីសំណាក់អតិថិជនជាបន្តបន្ទាប់”។

មូលហេតុ ដែលបណ្តាលឲ្យបុរី GB នៅតែពេញនិយម ក្នុងចំណោមអ្នកទិញ ព្រោះកត្តាបុរីស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រឹមតែ៣០ម៉ែត្រប៉ុណ្ណោះ ហើយជាប់នឹងផ្លូវរដ្ឋ៥០ម៉ែត្រ ដែលអនុញ្ញាតឱ្យអ្នកទិញប្រកបរបររកស៊ីបានយ៉ាងងាយស្រួល។

បន្ថែមលើសនេះ គុណភាពខ្ពស់នៃផ្ទះក្នុងបុរី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជាសួនច្បារ ការរចនាឌីហ្សាញ ជាដើមត្រូវបានគិតគូរដល់សុខុមាលភាពនៃការរស់នៅរបស់ប្រជាជន។ លោកបញ្ជាក់ថា “ប្លង់ផ្ទះត្រូវបានគូរប្លង់ ដោយស្ថាបត្យករលំដាប់អន្តរជាតិ ធ្លាប់ឈ្នះរង្វាន់ជាច្រើននៅទីក្រុងឌូបៃ។ ប្លង់ដែលត្រូវបានគូរចេញមក ត្រូវបានគិតគូរអំពីភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ ម៉ូតទាន់សម័យ និងប្រកបដោយគុណភាពផងដែរ”។

លោកបញ្ជាក់ទៀតថា បុរី GB បានព្យាយាមធ្វើឱ្យប្រសើរលើភាពបៃតង ដូចជា ការប្រើប្រាស់ឧបករណ៍សន្សំសំចៃថាមពលខ្ពស់ ដែលរួមចំណែកដល់ ការកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងការឡើងកំដៅពិភពលោក។ ពិសេសជាងនេះទៅទៀត បុរីបានរៀបចំសាងសង់សួនច្បារទំហំប្រហែល ១០០ម៉ែត្រគុណនិង២០ម៉ែត្រ ហើយគ្រប់ផ្ទះទាំងអស់អាចភ្ជាប់ទៅកាន់សួនច្បារនេះបាន ដើម្បីជាទីកន្លែងកំសាន្ត និងហាត់ប្រាណបាន។

បុរី GB មាន២ប្រភេទផ្ទះធំៗ រួមមាន ផ្ទះអាជីវកម្ម (Shop house) និងវីឡាភ្លោះ (Twin Villa) ប្រកបដោយលក្ខខណ្ឌបង់ប្រាក់ល្អបំផុត។ តម្លៃផ្ទះមានតម្លៃចាប់ផ្ដើមពី៨០.០០០ដុល្លារឡើង ទៅជាមួយនឹងការបញ្ចុះតម្លៃជាច្រើនផងដែរ៕

បុរីបុស្បាសាងសង់ឡើងជាមួយនឹងគុណតម្លៃសម្រាប់ជីវិត និងធម្មជាតិ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ការគិតគូពីចំណង់ចំណូលចិត្ត រសនិយមរបស់ប្រជាជនសម័យថ្មី បាននិងកំពុងធ្វើឲ្យបុរីបុស្បា ទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងពីអតិថិជន។

ជាមួយនឹងការសិក្សាពីមូលដ្ឋានតម្រូវការ អ្នកវិនិយោគបុរីបុស្បា បានរកឃើញនូវចំណុចរួមនេះ ដោយសាងសង់លំនៅដ្ឋានជាមួយគុណភាព សោភ័ណភាពផង និងផ្សារភ្ជាប់ជាមួយធម្មជាតិផង ពិសេ​សមានអាងហែលទឹកនៅក្នុងផ្ទះវីឡាប្រណីត ដែលផ្តល់បរិយាកាសត្រជាក់មនោរម្យគ្រប់រដូវកាល ដល់ម្ចាស់លំនៅដ្ឋាននិមួយៗ។

ដាំដើមឈើកាន់តែច្រើន ជាមួយស្លឹកខៀវស្រងាត់ វានឹងធ្វើឲ្យបុរីនេះ ក្លាយជាសហគមន៍បៃតងមួយនាពេលអនាគត ដែលនឹងផ្តល់នូវកន្លែងហាត់ប្រាណ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ សម្រាប់អ្នកស្នាក់នៅក្នុងបុរីនេះ។

បុរីបុស្បាបាន ផ្សារភ្ជាប់ជាមួយគុណតម្លៃចំនួន៥ រួមមាន ទី១ គុណភាព និងសោភ័​ណភាពសំណង់ ទី២ ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងផ្សារភ្ជាប់ជាមួយសហគមន៍បៃតង ទី៣ សំណង់ត្រូវបានរចនាឡើង ស្របតាមនិន្នាការប្រែប្រួលអាកា​សធាតុ ដែលផ្តល់នូវខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់ កាត់បន្ថយការប្រើប្រាស់អគ្កិសនី។

ទី៤ ទីតាំងមានភាពប្រទាក់ក្រឡាគ្នា ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗ រួមមាន ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៥ ទីតាំងព័ទ្ឋជុំវិញ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ដូចជាផ្សារទំនើបAEON Mall3 ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ និងផ្សារសហគមន៍ជាច្រើនទៀត។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃគណកម្មការទីផ្សារបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីដើមសប្តាហ៍ នេះថា ការរីកចម្រើននៃរាជធានីភ្នំពេញ បាននិងកំពុងធ្វើឲ្យជីវភាព ប្រជាពលរដ្ឋប្រសើរឡើង ដែលធ្វើឲ្យតម្រូវការបុរីលំនៅដ្ឋាន កើនឡើងជាប្រចាំ ពិសេសនៅទឹកដីខ័ណ្ឌដង្កោ ដែលជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន និងជាទីតាំងដែលមានការរីកចម្រើនលឿននាពេលអនាគត។

លោកបន្តថា “ដោយមើលឃើញបែបនេះ ទើបបុរីបុសប្បាបានជ្រើសរើសទីតាំងនេះ សម្រាប់អភិវឌ្ឍន៍ជំហ៊ានដំបូងលើផ្ទៃដី១០ហិកតា និងពង្រី​កកាន់តែធំថែមទៀតនាពេលឆាប់ៗនេះ”។ លោកបន្តថា  “ស្តង់ដាបុរីរបស់យើង គឺផ្តោតលើសុខមាលភាពរបស់អ្នករស់នៅ ដែលមានទាំងសួនច្បារបៃតង ហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ និងការរចនាម៉ូតផ្ទះទាន់សម័យ និងស្របតាមលក្ខខ័ណ្ឌអាកាសធាតុ”។

លោកអ៉ី ពិសិដ្ឋបានបន្តទៀតថា ជាមួយនឹងផែនការ និងចក្ចុវិស័យចំពោះមុខ ក្រុមហ៊ុនបានវិនិយោគបុរីនេះឡើង ដោយគិតពីគុណតម្លៃរបស់អតិថិជន ដែលមានន័យថា យើងលក់តម្លៃសមរម្យ ទាបជាងទីផ្សារ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ឋ ការឌីសាញគំរោងរបស់យើង មិនចាញ់បុរីល្បីៗនៅកម្ពុជានោះទេ។

លោកបន្តថា “ការសិក្សាពីតម្រូវការ ចំណង់ចំណូលចិត្តរបស់អតិថិជន គឺជាស្នូលនៃគុណតម្លៃ ដែលយើងផ្តល់ជូនអតិថិជន នូវស្នាមញញឹម បរិយា​កាសរស់នៅប្រកបដោយផាសុខភាព និងមានភាពស៊ីវិល័យ”។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨១ ២៣០ ៧៨៩, ០៦៧ ២៣០ ៧៨៩, ០៩៩ ២៣០៧៨៩៕

   

សម្ដេចតេជោៈ នឿយកាយតែសប្បាយចិត្ត ព្រោះបានធ្វើការបម្រើជាតិ និងប្រជាជន

ដោយៈ សុផារី

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការធ្វើដំណើរដ៏វែងឆ្ងាយ ដែលគ្មានពេលឈប់សម្រាក បានក្លាយជាទម្លាប់របស់សម្ដេច តាំងពីអាយុតិចរហូតអាយុច្រើន តែនឿយកាយតែសប្បាយចិត្ត ព្រោះសម្តេចតេជោបានធ្វើការបម្រើជាតិ និងប្រជាជន។

តាមរយៈសារបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “ដំណើរដ៏វែងឆ្ងាយដែលគ្មានពេល ឈប់សម្រាកបានក្លាយជាទម្លាប់ តាំងពីអាយុតិចរហូតអាយុច្រើន”។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា “ជាកិច្ចការដែលចាំបាច់ ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។ ភ្នំពេញ ញូវយ៉ក ឡាហាវ៉ាន តូក្យូ ភ្នំពេញ សៀមរាប ប្រើរយៈពេល១០ថ្ងៃ ចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រ ជាមួយការងារយ៉ាងច្រើន”។ សម្តេចបន្ថែមថា “នឿយកាយតែសប្បាយចិត្ត ព្រោះបានធ្វើការបម្រើជាតិ និងប្រជាជន”៕

កត្តាសំខាន់ៗចំនួន៥បានធ្វើឲ្យគំរោងបូកគោលែនទទួលបាន ជោគជ័យក្នុងទីផ្សារ

ដោយៈគង់ សូរិយា

       កំពតៈ ជាមួយទស្សនវិស័យច្បាស់លាស់ ការអភិវឌ្ឍន៍ដោយទទួលខុសត្រូវលើសង្គម បានធ្វើឲ្យគំរោងអភិវឌ្ឍន៍ដីលំហែរបូកគោលែន ទទួលបានជោគជ័យ។

តើអ្វីនៅពីក្រោយភាពជោគជ័យរបស់គំរោងនេះ ចម្លើយគឺ ភាពជាអ្នកដឹកនាំរបស់ម្ចាស់គំរោង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមិនសន្សំសំចៃថវិកា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋបានស្អាត និងស្របតាមស្តង់ដា ពិតប្រាកដ ទីតាំងពោរពេញដោយភាអំណោយផល និងកត្តាគោលនយោ​បាយ និងហេដ្ឋារចនាសម្ព័ន្ឋរបស់ជាតិ បានគាំទ្រដល់ផែនការអភិវឌ្ឈន៍របស់វិស័យឯកជន។

អគ្គនាយកក្រុមហ៊ុនYoungsia Real EstateលោកCooler Tanបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មូលហេតុដែលលោកសម្រេចចិត្តវិនិយោគគំរោងជាបន្តបន្ទាប់ ពិសេសគំរោងបូកគោលែនទី១ ទី២ និងទី៣ទទួលបានជោគជ័យ ដោយសារលោកមានទស្សនវិស័យច្បា​ស់លាស់ និងមានដើមទុនរ៉ឹងមាំ ទើបអាចធ្វើឲ្យគំរោងនេះទទួលបាន ជោគជ័យ។

លោកបន្តថា “ខេត្តកំពត ជាខេត្តមួយមានសក្តានុពលខ្ពស់ សម្រាប់វិស័យទេសចរណ៍ បើទោះជាមានវិបត្តិកូវីដ១៩ ក៏ទេស​ចរណ៍ក្នុងខេត្តនេះមិនសូវរងផលប៉ះពាល់ដូចខេត្តដទៃឡើយ”។ លោកបន្តថា “ការពង្រីកផ្លូវជាតិលេខ៣របសើរដ្ឋាភិបាល ដែលបានបញ្ចប់់កាលពីដើមឆ្នាំនេះក៏ជាកត្តា សំខាន់ក្នុងការទាក់ទាញទេសចរណ៍ក្នុងស្រុក និងគំរោងវិនិយោគពីវិស័យឯកជនជាច្រើនចូលមកកាន់ខេត្តនេះ”។

លោCooler Tanបានបន្តថា ក្រុមហ៊ុនបាននិងកំពុងប្រែក្លាយគំរោងបូកគោលែនបី ជារមណីយដ្ឋានមួយ សម្រាប់ភ្ញៀវទេសចរណ៍មកថតរូប និងទស្សនាកំសាន្ត ដោយក្នុងគំរោងនេះបាន និងកំពុងត្រៀមដាំដើមសាគូរ៉ាចំនួន៤០០ដើម មានផ្លូវព័ទ្ឋជើងភ្នំប្រវែងជាង៤០០ម៉ែត្រ មានស្រះទឹកដែលបានជីក និងរៀបចំយ៉ាងប្រណីត ពិសេសហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដែលធ្វើឲ្យអ្នកទិញដីរបស់យើង ទទួលបានអារម្មណ៍លំហែរពិតប្រាកដ។

លោកបន្តថា ជាមួយនឹងទីតាំងភូមិសាស្រ្ត មានលក្ខណៈពិសេស គំរោងបូកគោលែនបី មានភ្នំនៅជាប់នឹងគំរោងផ្នែកខាងក្រោយ និងមានជួរភ្នំបីគន្លាក់នៅខាងមុខ បានធ្វើឲ្យគំរោងនេះលក់ដាច់លឿន និងទទួលបានជោគជ័យលើសអ្វីដែលយើងមិនធ្លាប់គិតដល់។

លោកCooler Tanបានបន្តថា “អ្វីដែលយើងផ្តោតលើការអភិវឌ្ឍគំរោងរបស់យើង គឺធ្វើឲ្យលឿន ធ្វើឲ្យស្អាត និងធ្វើមិនឲ្យអតិថិជនរង់ចាំឡើយ”៕

 

តើត្រូវធ្វើយ៉ាងណា ប្រសិនបើរថយន្តរបស់លោកអ្នកខូចនៅលើលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ?

ដោយ៖ សុផារី

ភ្នំពេញ៖ លោកអ្នកបានដឹងហើយថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មិនមានផ្លូវអាចឱ្យអ្នកត្រលប់ក្រោយឬឈប់សម្រាកបានឡើយ។​ ក្នុងករណីដែលរថយន្តរបស់លោកអ្នកខូច តើត្រូវធ្វើយ៉ាងណា?

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញផ្សាយ និងធ្វើការណែនាំទាក់ទងនឹងលក្ខខណ្ឌគួរយល់ដឹងអំពី ” ការដោះស្រាយនៅពេលថយន្តខូច និងការស្វែងរកជំនួយ ” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។

ក្រសួងបានឱ្យដឹងថា នៅពេលយានយន្តខូច អ្នកបើកបរត្រូវបើកបរ ឬរុញរថយន្តមកខាងស្ដាំតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់កៀកនឹងរនាំងសុវត្ថិភាព រួចត្រូវបើកភ្លើងសញ្ញាអាសន្ន និងត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ចម្ងាយយ៉ាងតិច១០០ម៉ែត្រ ពីក្រោយរថយន្ត។

ប្រសិនបើពេលយប់ងងឹត ឬពេលថ្ងៃមានភ្លៀងធ្លាក់ ត្រូវបើកភ្លើងសញ្ញាអាសន្ន បើកភ្លើងទីតាំង(ភ្លើងដឺមី)ខាងមុខ និងភ្លើងក្រហមខាងក្រោយ ហើយត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ពីក្រោយរថយន្តចម្ងាយយ៉ាងតិច ២០០ម៉ែត្រ។

ក្នុងករណីនេះ អ្នកបើកបររថយន្តអាចឈប់ ឬចតដើម្បីត្រួតពិនិត្យ ឬជួសជុលរថយន្តក្នុងរយៈពេលមិនលើស៣០នាទីឡើយ ហើយអ្នកបើកបរត្រូវរៀបចំឱ្យអ្នករួមដំណើរទាំងអស់ទៅកាន់ទីសុវត្ថិភាពដែលស្ថិតនៅក្រៅរនាំងការពារ។

ក្នុងករណីរថយន្តខូចមានបញ្ហាពិបាកដោះស្រាយ អ្នកបើកបរត្រូវស្នើសុំជំនួយពីក្រុមហ៊ុនផ្លូវល្បឿនលឿនតាមលេខទូរសព្ទបន្ទាន់១៣៩៩។

នៅពេលជួសជុលរួចរាល់ ដើម្បីងាកចូលទៅគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ អ្នកបើកបរត្រូវបង្កើនល្បឿនតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ និងឱ្យភ្លើងសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច៥វិនាទី  ដោយមិនត្រូវឱ្យរំខានដល់ចរាចរណ៍យានយន្តផ្សេងទៀតឡើយ។

“ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹកតទៅ៕

មេដឹកនាំពិភពលោកជំរុញសហប្រតិបត្តិការអន្តរជាតិលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង

ដោយ: លាងហួរ

ម៉ាកាវ: វេទិកាវិនិយោគ និងសំណង់អន្តរជាតិលើកទី១៣បានចាប់ផ្តើម កាលពីថ្ងៃពុធម្សិលមិញ នៅតំបន់រដ្ឋបាលពិសេសម៉ាកាវ (SAR) របស់ប្រទេសចិន ក្នុងគោលបំណងកសាងវេទិកាមួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធបៃតង។

អ្នកចូលរួមជាង១៣០០នាក់ មកពីនាយកដ្ឋានរដ្ឋាភិបាល សហគ្រាស និងស្ថាប័នហិរញ្ញវត្ថុទូទាំងពិភពលោក ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីទិសដៅនៃគោលនយោបាយ ការច្នៃប្រឌិតហិរញ្ញវត្ថុ ការអភិវឌ្ឍន៍បរិស្ថាន បៃតង និងកាបូនទាប និងកម្មវិធីឌីជីថល ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងសំណង់។ នេះបើយោងតាមវិទ្យាស្ថានជំរុញពាណិជ្ជកម្ម និងការវិនិយោគ។

លោក Li Fei ជំនួយការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសុន្ទរកថាវីដេអូថា ប្រទេសចិនប្តេជ្ញាធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការអន្តរជាតិ លើហេដ្ឋារចនាសម្ព័ន្ធបៃតងគ្រប់ជ្រុងជ្រោយ និងដើរតួនាទីឈានមុខគេ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី។

លោក Lou Qiliang ប្រធានក្រុមហ៊ុនផលិតរថភ្លើងឈានមុខគេ របស់ប្រទេសចិន CRRC បាននិយាយថា ក្រុមហ៊ុនរបស់លោកទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាមួយអ្នកប្រើប្រាស់ដឹកជញ្ជូនផ្លូវដែក និងសហគ្រាសតាមខ្សែទឹក និងខាងក្រោម នៅក្នុងខ្សែសង្វាក់ឧស្សាហកម្មជុំវិញពិភពលោក និងធ្វើការជាមួយវិស័យផ្សេងៗគ្នា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ នៅក្នុងប្រទេស និងតំបន់តាមបណ្តោយខ្សែក្រវ៉ាត់ និងផ្លូវ៕

ឯកអគ្គរដ្ឋទូតចិនលើកឡើងពីប្រវត្តិទំនាក់ទំនងកម្ពុជា ចិនពីអតីតកាល និងឈានដល់ការ “កសាងសហគមន៍ពីរ វាសនាតែមួយ

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ទំនាក់ទំនងកម្ពុជា ចិនបានពូនជ្រុំដោយមេដឹកនាំអតីតៈកាល និងបច្ចុប្បន្ន ដែលប្រទេសទាំងពីរនាពេលបច្ចុប្បន្នបាន និងកំពុងកសាងនូវ “សហគមន៍ពីរ វាសនាតែមួយ”។

ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោកWang Wentian បាន​​គូស​បញ្ជាក់​យ៉ាងដូច្នេះ ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី១០០ នៃ​ការ​ប្រសូត​របស់​ព្រះករុណា​ព្រះបាទ ​សម្តេច​ព្រះនរោត្ត​ម សីហនុ កាលពីថ្ងៃទី​ ២៨ ខែ​កញ្ញាកន្លងមកនេះ។

លោកបានបញ្ជាក់ ពី​ការ​កសាង​សហគមន៍​វាសនា​​រួម​ រវាង​ចិន​ និង​កម្ពុជា​នឹង​បន្ត​ឈាន​ទៅរក​កម្រិត​ថ្មី​មួយ​ទៀត ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ នឹង​ទទួលបាន​ការ​អភិវឌ្ឍ​កាន់តែ​រស់រវើក ខណៈ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​​ទាំង​ ២ បាន​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស ​ហើយ​បាន​ឈាន​ចូល​យុគសម័យ​ថ្មី​ នៃ​ការ​កសាង​សហគមន៍​វាសនា​រួម​។

លោក Wang Wentian​ បាន​លើក​ឡើង​ពី​ការ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​មុខ ការ​បន្ត​ជំហាន​យ៉ាង​អង់អាច​ និង​ការ​កសាង​សហគមន៍​វាសនា​រួម រវាង​ចិន-កម្ពុជា​យ៉ាង​សកម្ម។

លោក​ថ្លែង​បញ្ជាក់ថា “ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ក្រោម​ការ​ណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ទំនាក់ទំនង​ទ្វេភាគី​បាន​អភិវឌ្ឍ​​ន៍យ៉ាង​ឆាប់​រហ័ស​ ហើយ​បាន​ឈានចូល​​យុគសម័យ​ថ្មី ​នៃ​ការ​កសាង​សហគមន៍​វាសនា​រួម”។

លោក​លើក​ឡើង​ថា​ សម្តេចតេជោហ៊ុន សែននាយក​រដ្ឋមន្ត្រី​ បាន​បន្ត​មរតក​ និង​អភិវឌ្ឍ​គោល​នយោបាយ​ចំណង​មិត្តភាព​ ជាមួយ​ប្រទេស​ចិន ​ដែល​ជា​ព្រះរាជ​កំណត់​ដោយ “សម្តេច​ព្រះបរម​រតនកោដ្ឋ”​ បន្ត​រួមជា​កម្លាំង​ក្នុង​ការ​លើក​កម្ពស់​ឱ្យ​ស៊ីជម្រៅ ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំង​២​ ដោយ​បន្ត​ផ្តល់​អត្ថប្រយោជន៍​ជាក់ស្តែង​ជូន​ដល់​ប្រជាជន​ទាំង​២​។

លោក​បានបន្តដោត​រំឭក​ថា​ ចាប់​តាំងពី​មាន​ការ​ផ្ទុះ​ឡើង ​នូវ​ជំងឺ​កូវីដ​ ១៩​​មក ចំណង​មិត្តភាព​ដែក​ថែប​រវាង​ចិន​ និង​កម្ពុជា​ត្រូវ​បាន​លើក​កម្ពស់​ថែម​ ១ កម្រិត​ទៀត។

​ដោយ​លោក​បញ្ជាក់​ថា​ ​នៅពេល​ដែល​ប្រទេស​ចិន​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បំផុត​​ នៃ​ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ព្រះ​ករុណា​ ព្រះមហាក្សត្រ​ [នរោត្តម​ សីហមុនី និង​សម្តេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ បាន​សព្វ​ព្រះទ័យ​ប្រោស​ព្រះរាជទាន​អំណោយ​ ដ៏​ថ្លៃថ្លា​សម្តេច​តេជោ​បាន​បំពេញ​ទស្សនកិច្ច​ ទៅ​កាន់​ប្រទេស​ចិន​ប្រជាជន​កម្ពុជា ​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ និង​សម្ភារ​យ៉ាង​សកម្ម​។​

លោកWang Wentienបានបញ្ជាក់ថា “នេះ​បាន​បង្ហាញ​យ៉ាង​ពេញលេញ​ពី​ខ្លឹមសារ​ស្នូល ​នៃ​សហគមន៍​វាសនា​រួម​ ដែល​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា”។លោក​បន្ថែម​ថា “ក្រោយ​ការ​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ​ក្នុង​ប្រទេស​កម្ពុជា​ ភាគី​ចិន​​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ដល់​កម្ពុជា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”​។

រហូតមក​ដល់​បច្ចុប្បន្ន​នេះ វ៉ាក់សាំង​កូវីដ ១៩ បាន​ប្រគល់​ដល់​កម្ពុជា​មាន​ចំនួន​ជិត​៤២លាន​ដូស បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​បង្កើត​របាំង​ការពារ និង​សម្រេច​​បាន​នូវ​ការ​ស្តារ​សេដ្ឋកិច្ច​ និង​សង្គម​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស។

ខណៈ​ឆ្នាំ ២០២៣ គឺជា​ខួប​លើក​ទី​៦៥ ​នៃ​ការ​បង្កើត​ទំនាក់ទំនង ការទូត​រវាង​ប្រទេស​ទាំង​២ ដោយ​ចិន​ និង​កម្ពុជា​នឹង​រៀបចំ​កម្មវិធី​ពាក់ព័ន្ធ​យ៉ាង​អធិកអធម លោក​ជឿជាក់ថា​ ក្រោម​ការណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់​​ដឹកនាំ​នៃ​ប្រទេស​ទាំង​២​ និង​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រជាជន​ទាំង ២​ ការ​កសាង​សហគមន៍​វាសនា​រួម​រវាង​ចិន​ និង​កម្ពុជា​នឹង​បន្ត​ឈាន​ទៅរក​កម្រិ​ត​ថ្មី​មួយ​ទៀត ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២​ នឹង​ទទួល​បាន​ការ​អភិ​វឌ្ឍ​កាន់តែ​រស់រវើក​។

លោក​ Wang Wentian ​អះអាង​ថា​ ក្រោយ​ពី “សម្តេច​ព្រះបរមរតន​កោដ្ឋ» សោយ​ទិវង្គត ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​រវាង​ចិន ​និង​ព្រះរាជ​វង្សានុវង្ស​កម្ពុជា​ ត្រូវបាន​ពង្រឹង​និង​អភិវឌ្ឍ​ជា​បន្ត​ដូច​សព្វ​ដង”។

កាលពី​ឆ្នាំ២០១៦ ប្រធានាធិបតី​ចិន​ លោក​Xi Jinping និង​ព្រះមហាក្សត្រ​ព្រះ​បាទ នរោត្តម សីហមុនី បាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​២។ នៅ​ឆ្នាំ​ ២០២០ លោក​Xi Jinping បាន​ថ្វាយ​គ្រឿង​ឥស្សរិយយស “មិត្តភាព​នៃ​សាធារណរដ្ឋ​ប្រជា​មានិតចិន” ដល់​សម្តេ ច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ សីហនុ​។

ក្នុង​ឆ្នាំ ២០២២ នេះ​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម​ សីហមុនី បាន​យាង​ចូលរួម​ពិធី​បើក ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ប៉េកាំង​ និង​បាន​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ទីក្រុង​ Shanghai​ ខេត្ត Zhejiang និង​ខេត្ត​ Shaanxi​ ជាដើម។

កាលពី​សប្តាហ៍​មុន ព្រះអង្គ​បាន​បំពេញ​ទស្សនកិច្ច ទៅ​កាន់​ខេត្ត Hunan ប្រទេស​ចិន និង​បាន​យាង​ទស្សនា​អតីត​ គេហដ្ឋាន​របស់​អតីត​ប្រធានាធិបតី​ចិនលោក​ ម៉ៅ សេទុង៕

អ្នកជំនាញចិនទស្សកិច្ចនៅកម្ពុជា ដើម្បីជំរុញបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមអ្នកជំនាញចិននៃក្រុមហ៊ុនអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបថ្មី បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញបញ្ចប់ការងារសាងសង់ និងពិភាក្សាផែនការផ្ទេរប្រតិបត្តិការ ខណៈគម្រោងនេះគ្រោងបញ្ចប់ការសាងសង់ នៅខែមីនា ឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការអាកាសយានដ្ឋានជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។

លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយាន ដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រុមហ៊ុន Yunnan Investment Group ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ នៃក្រុមហ៊ុនអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបថ្មី (AIAI) ដឹកនាំដោយលោកអនុប្រធានក្រុមហ៊ុន Liu Mingling និងជាអគ្គនាយកក្រុមហ៊ុនផងដែរ។

លោក Liu Mingling បានថ្លែងអំណរគុណគណ:កម្មការតម្រង់ទិស ដែលកន្លងមកបានផ្តល់ការគាំទ្រពេញលេញ និងយកចិត្តទុកដាក់ជួយសម្របសម្រួលការអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ និងបានស្នើសុំលោក តឹករ៉េត សំរេច បន្តផ្តល់ការគាំទ្រ ដើម្បីឈានទៅបញ្ចប់ការងារសាងសង់ និងពន្លឿនផែនការផ្ទេរប្រតិបត្តិការអាកាសយានដ្ឋានរួមទាំងបុគ្គលិក និងសម្ភារៈ ឧបករណ៍នានា។

លោក តឹករ៉េត សំរេច បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាន ដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានចូលរួម ដើម្បីធ្វើឱ្យគម្រោងដ៏សំខាន់នេះ អាចប្រព្រឹត្តិទៅបានលឿន ព្រមទាំងជំរុញឱ្យក្រុមការងារ ប្រតិបត្តិការរបស់ក្រុមហ៊ុន AIAI និងផ្នែកពាក់ព័ន្ធ ទាំងអស់ខិតខំដោះស្រាយការងារសំខាន់ៗឱ្យបានលឿន ដើម្បីឈានឆ្ពោះទៅបញ្ចប់ការសាងសង់ នៅខែមីនា ឆ្នាំ២០២៣ និងដាក់ឱ្យដំណើរការអាកាសយានដ្ឋានជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។

លោកក៏បានណែនាំឱ្យក្រុមហ៊ុនត្រៀមលក្ខណៈពិភាក្សាលម្អិត លើការរៀបចំផែនការផ្ទេរប្រតិបត្តិការអាកាសយានដ្ឋានផងដែរ សម្រាប់ការចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នាពេលខាងមុខ។

គម្រោងនេះត្រូវបានចុះហត្ថលេខា នៅរាជធានីភ្នំពេញ កាលពីខែតុលា ឆ្នាំ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយសម្តេចវិបុលបញ្ញា សុខ អាន និងតំណាងក្រុមហ៊ុន AIAI ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ គឺជាគម្រោងជំរុញកំណើនក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល។ នៅពេលចប់រួចរាល់ អាកាសយានដ្ឋាននេះមានសមត្ថភាពទទួលការចុះចត របស់យន្តហោះធំៗ ដែលនឹងនាំភ្ញៀវទេសចរកាន់តែច្រើនពីគ្រប់ទិសទីនៃពិភពលោកមកកាន់កម្ពុជា៕