សម្តេចតេជោកំពុងបោះពុម្ពសៀវភៅចំនួន៥ម៉ឺនច្បាប់ទៀតដែលបង្ហាញ ពីរឿងសម្ងាត់របស់សម្តេច

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកា​សឱ្យដឹងថា នាពេលនេះសម្តេច បានកំពុងឲ្យធ្វើការបោះពុម្ព នូវសៀវភៅចំនួនប្រាំម៉ឺនច្បាប់បន្ថែមទៀត ដែលបង្ហាញរឿងសម្ងាត់សម្តេច ដែលរឿងសម្ងាត់ទាំងនោះប្រហែលជា៧០ ទៅ៨០ភាគរយពុំមានសាធារណៈជនដឹងនៅឡើយ។

តាមរយៈសង្គមហ្វេសបុកនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះតាមរយៈឆាណែលតេលេក្រាម ដោយបានបង្ហាញនូវចំណងជើងលើក្របសៀវភៅ “សម្តេចតេជោ ហ៊ុន សែន ជាអ្នកគូសវាសជោគវាសនាកម្ពុជា” បានលើកឡើងថា ដល់ពេលដែលត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួន ដែលមនុស្សភាគច្រើនមិនបានដឹង។

សម្តេចតេជោបានបញ្ជាក់ថា “ឯកឧត្តមកែវ បាភ្នំ ប្រធានគណៈស្រា​វជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជន  និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានសរសេរសៀវភៅមួយក្បាល ដែលមានចំនួន៦០១ទំព័រ”។ សម្តេច​បន្តថា “សៀវភៅនេះបានបញ្ចេញនូវរឿងសម្ងាត់ ប្រមាណ៧០ទៅ៨០ភាគរយដែលមនុស្សភាគច្រើនមិនបានដឹង ដែលខ្ញុំយល់ថាចាំបាច់ត្រូវបញ្ចេញ ឱ្យដឹងនាពេលនេះ”។

យ៉ាងណាក៏ដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តីមិនទាន់បានបញ្ជាក់ថាសៀវភៅនេះ ត្រូវបោះពុម្ពបញ្ចប់នាថ្ងៃណានោះឡើយ ដោយសម្តេចគ្រាន់តែបញ្ជាក់ថា “ខ្ញុំកំពុងឱ្យបោះពុម្ភចំនួន៥ម៉ឺនច្បាប់ និងចាត់ចែងឱ្យមានការបកប្រែជាភាសាអង់គ្លេស ដើម្បីឱ្យមិត្តភ័ក្របរទេសបានផងដែរ។ ជូនភ្ជាប់ជាមួយនូវរូបភាពសៀវភៅ”៕

អ្នកជំនាញអចលនទ្រព្យនិងពាណិជ្ជកម្មនៅតែមានសុទិដ្ឋិនិយមចឹននឹងត្រលប់មកវិញច្រើននៅពេលខាងមុខ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញជើងចាស់ ក្នុងវិស័យអចលនទ្រព្យនិងសេដ្ឋកិច្ចបានលើកឡើងថា អ្នកវិនិយោគចិននឹងត្រលប់មកកម្ពុជាវិញ នៅពេលខាងមុខ ស្របពេលស្ថានភាពបច្ចុប្បន្ន នៅតែមានសភាពស្ងប់ស្ងាត់នៅឡើយ។

អ្នកនាងអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៥ កញ្ញានេះថា អ្នកវិ​និយោគចិននឹងត្រលប់មកវិញនៅពេលខាងមុខ ប៉ុន្តែអាចត្រូវរង់ចាំដល់ឆ្នាំ២០២៣ឬឆ្នាំ​២០២៤ខាងមុខ ដោយសារទីផ្សារនេះ នៅតែមានផលចំណេញនៅឡើយ និងមានឱកាសច្រើន។

អ្នកនាងបន្តថា “បច្ចុប្បន្ននិន្នាការទីផ្សារកំពុងសភាពស្ងប់ស្ងាត់ លំហូរពីប្រទេសចិន និងជនបរទេសដទៃទៀតបានស្ងប់ស្ងាត់ ខណៈការវិនិយោគធំៗបានធ្លាក់ចុះខ្លាំងនៅត្រីមាសទី៣នេះ”។ អ្នកនាងបន្តថា “យើងរំពឹងថាអ្នកវិនិយោគចិន និងអ្នកវិនិយោគអន្តរជាតិដទៃទៀត នឹងបន្តមកវិនិយោគនៅកម្ពុជា ខណៈអ្នកវិនិយោគក្នុងស្រុកមួយចំនួន បានស្វែងរកអចលនទ្រព្យ ដែលមានតម្លៃល្អនិងក្រោមទីផ្សារលើសពី៣០ភាគរយឡើង”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលនេះថា  ច្បាស់ណាស់ អ្នកវិនិយោគចិននឹងមកកម្ពុជាវិញ។ ពួកគេនឹងមិនបោះបង់ចោលទ្រព្យរបស់ពួកគេនោះទេ ប៉ុន្តែអ្វីៗត្រូវការពេលវេលាបន្ថែមទៀត ស្របពេលបញ្ហានៅប្រទេសចិនក៏កំពុងកើតមានផងដែរ។

លោកបន្តថា “ទីផ្សារអចលនទ្រព្យនៅតែមានឱកាស និងសក្តានុពល​រីកចម្រើនរយៈពេលបវែងបន្តទៀត ហើយផលចំណេញពីការវិនិយោគនៅតែខ្ពស់បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់”។ លោកបន្តថា “យើងស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមនៅឡើយ ទីផ្សារមិនមានការលំបាកពេក ឬដួលរលំដោយសារវិបត្តិកូវីដ១៩ រយៈពេលបីឆ្នាំនេះឡើយ”។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា អ្នកវិនិយោគចិនមិនទាន់មកច្រើននៅឡើយទេ ប៉ុន្តែពួកគេបានមកបណ្តើរៗហើយ ដោយភាគច្រើន បានផ្តោតការវិនិយោគទៅលើវិស័យកសិកម្ម និងផលិតកម្មដើម្បីនាំចេញដោយរួចពន្ឋទៅកាន់ប្រទេសចិន បន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងការចូលជាធរមាននៃកិច្ចព្រមព្រៀងRCEP។

លោកបន្តថា “ទំនាក់ទំនងល្អរវាងមេដឹកនាំទាំងពីរ និងគោលនយោ​បាយខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិនទៅកាន់ពិភពលោក នឹងជម្រុញឲ្យចិនមកវិនិយោគនៅកម្ពុជានាពេលខាងមុខកាន់តែច្រើន”៕

សម្ដេចតេជោ ហ៊ុន សែនៈ ប្រទេសកម្ពុជានឹងបន្តជំរុញការអភិវឌ្ឍប្រសិទ្ធភាពថាមពលនិងថាមពលកកើតឡើងវិញឲ្យបា​នជាអតិបរមា

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នាពេលខាងមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឱ្យបា​នជាអតិបរមា ខណៈឆ្នាំ២០២១កន្លងទៅនេះ ថាមពល ដែលបានមកពីប្រភពថាមពលកកើតឡើងវិញ បានកើនឡើងទៅដល់៤០ភាគរយ នៃថាមពលសរុបរបស់កម្ពុជា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី១៥ ខែកញ្ញានេះ សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ ថាមពល ដែលបានមកពីប្រភពថាមពលកកើតឡើងវិញ រួមមាន វារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ​ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់៤០ភាគរយ នៃថាមពលសរុបរបស់កម្ពុជា។

សម្តេចបន្តថា “បើពិនិត្យមើលតាមទំហំអានុភាព នៃប្រភពថាម​ពលរបស់កម្ពុជា ចំណែកអានុភាពនៃប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់៥៥ភាគរយ នៃអានុភាពតម្លើងសរុប”។

សម្ដេចតេជោបានបន្ថែមថា “សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុក​ដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឱ្យបា​នជាអតិបរមា និងជាបន្តបន្ទាប់ទៅតាមលទ្ធភាពទទួលបាន របស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម”។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីសម្រេចទិសដៅនេះ កម្ពុជាបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍនានា ក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យថាមពលកម្ពុជា រហូតដល់ឆ្នាំ២០៤០ គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ផែនដីបង្ហាញផ្លូវស្ដីពីការអភិវឌ្ឍអន្តរកាលថាមពលស្អាតឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោលនយោបាយអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន ផ្តល់ទស្សនៈទានលើគំនិតផ្តួចផ្តើមចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកថាមពលក្នុងតំបន់

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកថាមពល ដែលបណ្តាល់ឱ្យមានអតិផរណាខ្ពស់ក្នុងតំបន់។

ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីជាមពលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការកើនឡើងនៃសេចក្តីត្រូវការថាមពល និងអស្ថិរភាពនៃថ្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឱ្យមានអតិផរណាខ្ពស់ ស្របពេលដែលការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ពីសំណាក់ធនាគារកណ្ដាល នៃបណ្តាប្រទេសជាច្រើន បានដាក់សម្ពាធ បន្ថែមមកលើតម្រូវការ និងកំណើនសេដ្ឋកិច្ចសកល។

សម្តេចតេជោបន្តថា ជាមួយគ្នាដែរ ការប្រែប្រួលអាកាសធាតុ ការកើនឡើងកំដៅផែនដី និងគ្រោះធម្មជាតិ ក៏បាននិងកំពុងលេចរូបរាងកាន់តែច្បាស់ និងមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដែលការណ៍នេះអាចបង្កឱ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងការធ្លាក់ចុះដ៏គួរឱ្យព្រួយបារម្ភនៃខ្សែច្រវាក់តម្លៃ និងផលិតភាពសកល។

សម្តេចតេជោបានលើកឡើងជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួន៤ ជូនរដ្ឋមន្ត្រីថាមពលអាស៊ាន ពិចារណា និងផ្តល់ការគាំទ្រ ដូចខាងក្រោម៖

១. ជំរុញការអនុវត្តការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័នកាត់តាមបណ្ដាប្រទេសអាស៊ាន ដោយត្រូវពន្លឿនបន្ថែមការងារសំខាន់ៗ ដែលនៅសេសសល់ ទាំងការងារបច្ចេកទេស និងការរៀបចំបទប្បញ្ញត្តិផ្សេងៗ ដើម្បីឆ្ពោះទៅរកការធ្វើសុខដុម នីយកម្មក្របខណ្ឌបញ្ញត្តិកម្ម និងស្តង់ដារបច្ចេកទេស និងសម្រេចឱ្យបាននូវការតភ្ជាប់ថាមពលអគ្គិសនីក្នុងតំបន់។

២. ជំរុញការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិថាមពលស្អាត កិច្ចការពារ បរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានជាអតិបរមា តាមដែលអាចធ្វើទៅបាន ដើម្បីចូលរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងឈានទៅរកអព្យាក្រឹត្យភាពកាបូន។

៣. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនពាណិជ្ជកម្មថាមពល អគ្គិសនី បង្កើនភាពចម្រុះនៃប្រភពថាមពល និងភាពបំពេញឱ្យគ្នាទៅវិញទៅមក ផ្លាស់ប្ដូរពិសោធន៍ ចែករំលែកបច្ចេកវិទ្យាថ្មី និងបង្កើនប្រភពហិរញ្ញប្បទាន។

៤. ចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចឱ្យបាននូវផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ថាមពលអាស៊ាន ឆ្នាំ២០២១-២០២៥ ដូចដែលបានកំណត់។

នៅក្នុងក្របខណ្ឌអាស៊ាន ក្នុងនាមជាប្រធាននៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងបន្តចូលរួមចំណែកបង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងជំរុញការចូលរួមបន្ថែមលើរាល់សកម្មភាព និងគម្រោងអន្តរកាលថាមពលក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕

លោកស៊ុន ចាន់ថុលលើកឡើងពីសារៈប្រយយោជន៍សំខាន់ៗនៃការប្រើប្រាស់រថយន្តអគ្គិសនី

ដោយៈគង់ ជេស៊ីកា

       សៀមរាបៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធា​រណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនី (EV Charging Station) ដែលមានទីតាំងឋិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់ នៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ដោយក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២២ មានរថយន្តអគ្គិសនីសរុបចំនួន៣០៥គ្រឿងបានចុះបញ្ជី ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានការកើនឡើងប្រមាណ១៨០៦% ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការយល់ដឹង និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ លើការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។

លោកបន្តថា “ការប្រើប្រាស់រថយន្តអគ្គិសនី មានគុណសម្បត្តិល្អច្រើ​នជាងរថយន្តប្រើប្រេងឥន្ធនៈ ដោយពន្ធនាំចូលលើរថយន្តអគ្គិសនីនេះមានតម្លៃទាបជាងពន្ធនាំចូល នៃរថយន្តប្រើប្រេងឥន្ធនៈ”។លោកបន្តថា “ ម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្តអគ្គិសនី ចំណេញថាមពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅ៣ដង ចំណែកការជួសជុលថែរទាំ មានការចំណាយតិច ដោយសារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិច ជាពិសេសជាងនេះទៀត ការប្រើប្រាស់រថយន្តអគ្គិសនី មិនបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស និងមានសំឡេងស្ងាត់ល្អផងដែរ”។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានសំដែងមោទនភាពដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានទទួលការឯកភាព ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យធ្វើជាប្រធានដឹកនាំក្រុមការងារអន្តរក្រសួង សម្រាប់រៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងបានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជន វិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ជាពិសេ​សនៅតាមស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់យានយន្តបានគ្រប់ពេលវេលា។

លោកស៊ុន ចាន់់ថុលក៏បានគូសបញ្ជាក់ផងដែរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដើម្បីចាប់ផ្ដើមត្រួសត្រាយផ្លូវឱ្យវិស័យឯកជន ចូលរួមលើការវិនិយោគ ក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងបានជម្រាបជូនថា៖ ក្រៅពីរថយន្តអគ្គិសនី ក្រសួងបានជំរុញទោចក្រយានយន្ត(ម៉ូតូ) ឱ្យប្រើប្រាស់ថាមពលអគ្គិសនីផងដែរ ក្នុងនោះអង្គការUNDP បានឯកភាពផ្ដល់ម៉ូតូឱ្យក្រសួងចំនួន៣០គ្រឿង ហើយក្រសួងគ្រោងទិញប្រមាណពី៣០ ទៅ៥០គ្រឿងបន្ថែមទៀត ដើម្បីចាប់ផ្ដើមប្រើប្រាស់នៅក្នុងក្រសួង និងបានធ្វើការជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនអាហារ ដូចជា៖ Nham24 និងFood Panda ដើម្បីឱ្យប្ដូរពីម៉ូតូ ដែលប្រើប្រេងឥន្ធនៈទៅជាម៉ូតូប្រើអាគុយវិញ។

លោកបង្ហើបឲ្យដឹងផងដែរថា ក្រសួងបានបញ្ជាទិញរថយន្តអគ្គិសនីចំនួន៤គ្រឿង បូកបន្ថែមជាមួយនឹងការផ្តល់ជូនជាជំនួយ ដោយផ្នែកឯកជនចំនួន៣គ្រឿង ក្នុងខែតុលា ក្រសួងនឹងមានរថយន្តអគ្គិសនីចំនួន៧គ្រឿង ហើយក្រសួង នឹងខិតខំប្រឹងប្រែងបន្តទៀត ក្នុងការទិញរថយន្តប្រភេទនេះដើម្បីប្រើប្រាស់ ក្នុងការចុះត្រួតពិនិត្យគុណភាពនៃការសាងសង់ផ្លូវ។

គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គីសនី បានចំនួន៣ទីតាំង ក្នុងនោះ ទីតាំងទី១ ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ទីតាំងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២កន្លងទៅ និងទីតាំងលើកទី៣ស្ថិតនៅក្នុងក្រុងសៀមរាប នាពេលនេះ។

ក្រសួងនឹងដំឡើងស្ថានីយបញ្ចូល ថាមពលយានយន្តអគ្គិសនីទី៤ នៅខេត្តបាត់ដំបង ដែលជាជំនួយរបស់អង្គការ UNDP ដើម្បីជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់យានយន្តអគ្គិសនី ឱ្យបានច្រើននៅ កម្ពុជា៕

 

ការសិក្សាថ្មីៈខុនដូចំនួនជាង៣៦,០០០យូនីតបានដាក់ចូលទីផ្សាររួចហើយយ ខណៈអត្រាជួលកំរើកឡើងវិញ

ដោយៈស៊ីវ ម៉េង

       ភ្នំពេញៈ ​ខុនដូ​​ប្រមាណ​៣០០០​យូនីត​ បាន​បញ្ចប់​ការ​សាង​សង់ និង​ដាក់​ចូល​ទីផ្សារ​ ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ត្រីមាស​ទី២ ឆ្នាំនេះ ​​កើន​ឡើង ៩,៥​ភាគ​រយ​ បើ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ​ ២០២២។

ការសិក្សាដដែលបានរកឃើញផងដែរថា ​តម្លៃ​ទិញ-​លក់ និង​ជួល​ខុនដូ សុទ្ធ​តែ​រើប​ឡើង​វិញ​បន្តិចបន្តួច​ បន្ទាប់​ពី​ធ្លាក់​ចុះ​​ប្រមាណ២​ឆ្នាំ​ ដោយ​សារ​វិបត្តិ​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩​។ នេះ​បើ​តាម​ក្រុមហ៊ុន​អចលន​ទ្រព្យ CBRE Cambodia។

របាយ​ការណ៍​ស្រាវ​ជ្រាវ​របស់ CBRE Cambodia(Phnom Penh Market Insights Q2) ដែល​ទើប​ចេញ​ផ្សាយ ​កាល​ពីដើមខែ​កញ្ញា នេះ​បានបង្ហាញ​ថា ភាព​ល្អ​ប្រសើរ​នៃ​ម៉ាក្រូ​សេដ្ឋកិច្ច តាម​រយៈ​អត្រា​ដ៏​ខ្ពស់​នៃ​ចំនួន​ប្រជាពល​រដ្ឋ​ក្នុង​ស្រុក​ ដែល​បាន​ចាក់​វ៉ាក់​សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ កំណើន​នៃ​ការ​នាំ​ចេញ​ទំនិញ ​ទៅ​ទីផ្សារ​អន្តរ​ជាតិ ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសច​រ​អន្តរ​ជាតិ​ (​មិន​មាន​ការ​ធ្វើ​ចត្តាឡីស័ក) និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មីៗ​ បាន​ធ្វើ​ឱ្យ​ទីផ្សារ​អចលន​ទ្រព្យ រួម​ទាំង​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​ ចាប់​ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​ឡើង​វិញ​​បណ្តើរ​ៗហើយ។

របាយការណ៍​ខាង​លើ​បាន​រក​ឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​ក្នុង​ត្រីមាស​ទី២ ឆ្នាំ​ ២០២២ មាន​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ចំនួន ៤ [ប្រភេទ​តម្លៃ​មធ្យម​(Mid-Range) និង​ប្រភេទ​តម្លៃ​សមរម្យ ​(Affordable)]​ បាន​បញ្ចប់​ការ​សាង​សង់ និង​ដាក់​ចូល​ក្នុង​ទីផ្សារ ដែល​គម្រោង​ទាំង៤នេះ ​មាន​បន្ទប់​ស្នាក់​នៅ​សរុប៣២០៤​យូនីត។ គិត​ត្រឹម​ចុង​ត្រីមាស​ទី ​២ ឆ្នាំ​ ២០២២ ចំនួន​បន្ទប់​ខុនដូក្នុង​រាជធានី​ភ្នំពេញ បាន​កើន​ដល់ជាង៣៦​,០០០ យូនីត។

ការសិក្សារបស់ CBRE Cambodiaបានឲ្យដឹងផងដែរថា សម្រាប់​តម្លៃ​លក់ និង​ជួល​ខុនដូ ​ក្នុង​ត្រីមាស​ទី២ ឆ្នាំ​ ២០២២ ឃើញ​ថា ​កើន​ឡើង​បន្តិច​មក​វិញ​បើ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ​ ២០២២។ យូនីត​ខុនដូ​ប្រណីត (High-End) មាន​តម្លៃ​លក់​ជា​មធ្យម២​៦៧១​ ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ កើន​ឡើង១,៥​ភាគ​រយ ​បើ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ​ ២០២២។ យូនីត​ខុនដូ​តម្លៃ​មធ្យម (Mid-Range) មាន​តម្លៃ​មធ្យម២០៩៦​​ដុល្លារ កើន២,៧ភាគ​រយ​ និង​ប្រភេទ​តម្លៃ​សមរម្យ​ (​Affordable) មាន​តម្លៃ១៤១២ ​​ដុល្លារកើន​ឡើង​ ០,៧​ភាគ​រយ​​។

ចំណែក​តម្លៃ​ជួលគឺ​ខុនដូ​ប្រណីត (High-End) មាន​តម្លៃ​ជា​មធ្យម ១១ ​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ​សម្រាប់​១ខែ កើន​ឡើង២,៣​ភាគ​រយ។ ប្រភេទ​តម្លៃ​មធ្យម ​(Mid-Range) មាន​តម្លៃ៩,៦​​ដុល្លារ កើន៣,៣​ភាគ​រយ​ និង​ប្រភេទ​តម្លៃ​សមរម្យ ​(Affordable) មាន​តម្លៃ​៧,៩ដុល្លារ កើន​ឡើង​១,២​ ភាគ​រយ​។

នាយិកា​រង​ផ្នែក​ស្រាវ​ជ្រាវ និង​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង គឹម គិនកេសា បានមានប្រសាសន៍ថា សម្រាប់​សកម្ម​ភាព​ទិញ លក់ ជួលនិងតម្លៃខុនដូ កាល​ពី​ត្រីមាស​ទី​២ ឆ្នាំ​ ២០២២ នេះវា​ចាប់​ផ្តើម​​ផ្តល់​សញ្ញា​វិជ្ជមាន​ឡើង​វិញ​ហើយ ហើយ​វា​នឹងបន្ត​កើន​ឡើង​ទៀត​នៅ​ក្នុង​ត្រីមាស​ទី​ ៣ និង​ទី៤នេះ​ ប៉ុន្តែ​វា​នឹង​មិន​មាន​កំណើន​ខ្ពស់​ទេ ដោយ​វាកំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ Recovery។

អ្នកនាងបានបញ្ជាក់ថា “បច្ចុប្បន្នទីផ្សារនេះ ពឹងផ្អែកលើអ្នកក្នុងស្រុកច្រើន ព្រោះចំនួននៃការមកដល់ របស់ជនបរទេស នៅមានកម្រិតទាបនៅឡើយ៕

អ្នកទិញផ្ទះនៅហុងកុង ត្រូវខាតបង់ធ្ងន់ធ្ងរ ខណៈតម្លៃផ្ទះដាំក្បាល ចុះខ្លាំង

ដោយៈ សុខុម

ហុងកុង: អ្នកទិញអាផាតម៉ិននៅទីក្រុងហុងកុង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កំពុងប្រឈមការខាតបង់ធ្ងន់ធ្ងរ ប្រសិនបើពួកគេសម្រេចចិត្តលក់ផ្ទះចេញវិញក្នុងពេលនេះ។

ទីផ្សារលំនៅដ្ឋានក្នុងទីក្រុងនេះ កំពុងដាំក្បាលចុះ អត្រាការប្រាក់ហក់ឡើង ស្របពេលសេដ្ឋកិច្ចសំយ៉ុងក្បាលចុះ ហើយពលរដ្ឋសម្រុកចាកចេញពីក្រុងនេះ។

ជាការពិតណាស់ ម្ចាស់ផ្ទះខ្លះដែលបានទិញផ្ទះ ក្នុងតម្លៃខ្ពស់បានបង្ខំចិត្តលក់ផ្ទះចេញវិញ ក្នុងតម្លៃទាបកាលពីពេលថ្មីៗនេះ នោះមានន័យថា ពួកគេលក់ខាតដើម។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃពុធ ទី១៤ ខែកញ្ញា។

លោក Derek Chan ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនអចលនទ្រព្យ Ricacorp Properties លើកឡើងថា ម្ចាស់ផ្ទះជាច្រើនដែលបានទិញផ្ទះក្រោយពាក់កណ្ដាលឆ្នាំ២០១៧ ជាពេលដែលតម្លៃផ្ទះហក់ឡើងខ្ពស់ជាងកម្រិតតម្លៃបច្ចុប្បន្ន ប្រឈមការខាតបង់ធ្ងន់ធ្ងរដូចគ្នា ប្រសិនបើពួកគេត្រូវលក់ផ្ទះចេញវិញនៅពេលនេះ។

យោងតាមទិន្នន័យចុះបញ្ជីដីធ្លី ដែលប្រមូលចងក្រងដោយទីភ្នាក់ងារអចលនទ្រព្យ Midland Realty បានបង្ហាញថា ផ្ទះឯកជនសរុបចំនួន៣២៧.៤១៩យូនីត ស្ថិតក្នុងប្រភេទផ្ទះដែលមានតម្លៃ ខ្ទង់៧៥០.០០០ដុល្លារអាមេរិក ហើយសុទ្ធតែប្រឈមនឹងការខាតបង់។

លោក Derek Chan គូសបញ្ជាក់ថា “កត្តាអវិជ្ជមាននានាដូចជាសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ចលាចលសង្គម វិបត្តិកូវីដ-១៩ និងការដំឡើងអត្រាការប្រាក់ បានធ្វើឱ្យតម្លៃអចលនទ្រព្យដាំក្បាលចុះ។ ដូចនេះ អ្នកដែលបានទិញផ្ទះក្នុងតម្លៃខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានឱកាសខ្ពស់ក្នុងការខាតបង់”៕ South China Morning Post៕

ក្រុមហ៊ុនអចលទ្រព្យថៃបើកសណ្ឋាគារCentara Korat នៅភាគឦសាន

ដោយ: លាងហួរ

ប្រទេសថៃ: ក្រុមហ៊ុនអចលទ្រព្យ និងលក់រាយរបស់ប្រទេសថៃ Central Pattana (CPN) បានបើកសណ្ឋាគារ Centara Korat កាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា ដែលនេះជាគម្រោងចម្រុះដំបូងគេ នៅក្នុងតំបន់ភាគឦសាន។

Centara Korat ជាសណ្ឋាគារមួយ ស្ថិតក្នុងចំណោមគម្រោងសណ្ឋាគារចំនួន៣៧ ដែលមានតម្លៃសរុប១០ពាន់លានបាត ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ក្នុងកំឡុងឆ្នាំ២០២២-២០២៦ ក្នុងខេត្តចំនួន២៧។

លោក Phoom Chirathivat ប្រធានផ្នែកសណ្ឋាគារនៅក្រុមហ៊ុនCPNបានលើកឡើងថា សណ្ឋាគារចំនួនទាំង៣៧ នឹងត្រូវអភិវឌ្ឍក្រោមម៉ូដែលចំនួន៣ ជាមួយនឹងថវិកាវិនិយោគចាប់ពី២៥០លានបាត ដល់៥០០លាន ឬ១ពាន់លានបាត។

លោក Phoom បានបន្តថា ក្រុមហ៊ុនCPN ក៏គ្រោងនឹងបើកសណ្ឋា​គារនៅ Ubon Ratchathani នៅខែធ្នូឆ្នាំ២០២២នេះផងដែរ។

ក្រុមហ៊ុននេះក៏មានគម្រោង បើកសណ្ឋាគារធំថ្មីចំនួន២នៅ ខេត្តរ៉ាក់យ៉ង និងអយុធ្យានៅឆ្នាំក្រោយ ដែលគម្រោងនីមួយៗទាមទារទុមវិនិយោគ១ពាន់លានបាត។

លោកស្រី Surang Jirattigalachote ប្រធានផ្នែកអភិវឌ្ឍន៍សណ្ឋាគារ CPN បាននិយាយថា សណ្ឋាគារ Centara Korat ផ្តល់ជូននូវបន្ទប់ចំនួន២១៧ ហើយល្អសម្រាប់គ្រួសារពហុជំនាន់ ភ្ញៀវស្នាក់នៅរយៈពេលយូរ និងអ្នកធ្វើដំណើរអាជីវកម្ម។

លោកស្រី Surang បានបន្តថា ខេត្តនគររាជសីមា គឺជាខេត្តដំបូងគេដែល ក្រុមហ៊ុនCPN បានអភិវឌ្ឍន៍គម្រោងចម្រុះចំនួន៣ ក្នុងនោះរួមមាន ផ្សារ Central Korat សណ្ឋាគារ Centara Korat និង ខុនដូ ESCENT Korat៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីប្រភេទដីដែលទទួលបានផលចំណេញពីការវិនិយោគ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកឧកញ៉ាគីម ហ៊ាង ប្រធាន KW Cambodia បានបង្ហើបឲ្យដឹងថា ការវិនិយោគដីធ្លីលើប្រភេទដីមួយចំនួន មានឱកាសចំណេ​ញខ្ពស់ ស្របពេលផលចំណេញពីការវិនិយោគបានធ្លាក់ចុះ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដីសម្រាប់កសិកម្ម ជាប្រភេទដីបម្រើដល់ការដាំដុះ ដោយលោកយល់ថា ប្រសិនបើទិញដីកសិកម្ម ដើម្បីចំណេញ គឺជាគំនិតខុសមួយ ព្រោះតែដីកសិកម្ម មានចំនួនច្រើន និងទំហំធំណាស់។

លោកបន្តថា ដីសម្រាប់អភិវឌ្ឍន៍លើវិស័យទេសចរណ៍ ជាប្រភេទដីដែលអាចបម្រើដល់ វិស័យទេសចរណ៍ ស្ថិតនៅតំបន់ដែលមានមនុស្សទៅកំសាន្តច្រើន ដូចជាភ្នំ ទន្លេ និងសមុទ្រ។ ដីទេសចរណ៍នៅជិតតំបន់ភ្នំ មិនងាយឡើងថ្លៃ ព្រោះជាទូទៅដីនៅតាមតំបន់ភ្នំ មានទំហំធំរាប់ហិចតា។

ប៉ុន្តែបើដីសម្រាប់ទេសចរណ៍ ស្ថិតនៅជិតទន្លេ និងសមុទ្រ អាចឡើងថ្លៃ ព្រោះមានចំនួនតិច។ ចំណែក ដីដែលអាចចំណេញខ្ពស់ គឺដីឧស្សាហកម្ម និងដីសម្រាប់លំនៅដ្ឋាន។

លោកឧកញ៉ាគីម ហ៊ាងបានបង្ហើបថា ដីសម្រាប់ឧស្សាហកម្ម គឺដីដែលអាចធ្វើរោងចក្រ សហគ្រាស។ វាជាប្រភេទដីឡើងថ្លៃលឿន ដោយ​សារការសាងសង់រោងចក្រ នាំមកនូវលំហូរមនុស្ស នោះសកម្មភាពសេដ្ឋកិច្ចក៏មានច្រើន នោះដីប្រាកដជាឡើងថ្លៃ។

ចំណែកដីលំនៅដ្ឋាន ជាប្រភេទដីដែលអាចសាងសង់លំនៅដ្ឋាន បុរី ជាដើម។ ដីប្រភេទនេះឡើងថ្លៃជាប្រចាំ ហើយងាយស្រួលលក់ចេញវិញ ដោយទទួលបានប្រាក់ចំណេញខ្ពស់បំផុត។

លោកបញ្ជាក់ថា “ដីលំនៅដ្ឋាន ជាដីចំណេញ និងងាយលក់។ ចំណែ​កដីឧស្សា​ហកម្ម ក៏ចំណេញដែរ តែនៅចាញ់ប្រភេទដីលំនៅដ្ឋាន។ ដីសំរាប់បំរើសេវាកម្ម ទេសចរណ៍ ទាល់តែជាប់សមុទ្រ ជាប់ទន្លេ។ រីឯដីកសិកម្មទិញហើយ៥ឆ្នាំ លក់មិនដាច់ទេ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា បើសិនជាដីស្ថិតនៅជាប់ផ្លូវល្បឿនលឿន មិនត្រឹមតែមិនចំណេញទេ តែនឹងជាប់គាំង ព្រោះផ្លូវល្បឿនលឿន មិនអនុញ្ញាតឱ្យមានការឈប់សម្រាកឡើយ៕

NBCនៅបន្តរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចស្ថិតក្នុងរង្វង់៥ភាគរយ ខណៈកំនើនអតិផរណាស្ថិតក្នុងអត្រាទាបជាងនេះ

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ធនា​​គារ​ជាតិ​នៃ​កម្ពុជា(NBC) បានបង្ហាញថា អតិផរណា​របស់​ប្រទេស​កម្ពុជា ​នឹង​ធ្លាក់ចុះ​ទាប​ជាង៥​ភាគរយ ​នៅ​ឆមាស​ទី​២ ​ឆ្នាំ ​២០២២ ដោយសារតែ​ភាពប្រសើរឡើង​ នៃ​សកម្មភាព​សេដ្ឋកិច្ច​ដែល​ស្ថាប័ន​នេះ​បាន​ព្យាករ​ថា នឹងមាន​កំណើន​ក្នុង​រង្វង់៥​ភាគរយ​។​

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បាន​លើក​ឡើង​អំពី​ការរំពឹងទុក​ នៃ​ការធ្លាក់ចុះ​អត្រា​អតិផរណា​ក្រោម៥ភាគរយ​នេះ​ ក្នុងជំនួប​ជាមួយនឹង​ក្រុម​បេសកកម្ម​មាត្រា​ទី IV របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ដែល​ដឹកនាំ​ដោយ​លោក Alasdair Scott ប្រធាន​បេសកកម្ម​របស់ IMF សម្រាប់​កម្ពុជាកាលពីសប្តាហ៍មុន។​

លោក​ថ្លែង​បញ្ជាក់ថា សេដ្ឋ​កិច្ច​កម្ពុជា​រំពឹងថា​ មាន​កំណើន​ក្នុង​រង្វង់៥ ​ភាគរយ ​ជាមួយនឹង​អត្រា​អតិផរណា​អាច​គ្រប់គ្រង​បាន ទោះបី​នៅក្នុង​រយៈពេល៦​ខែ​ដើមឆ្នាំ​ ២០២២ បាន​កើន​​ឡើង​ក៏ដោយ​។ អតិផរណា​នៅ​ឆមាស​ទី​២ នេះ​ត្រូវបាន​រំពឹងថា​ថយចុះ​ទាប​ជាង៥ភាគរយ​។

លោក Alasdair Scott បាន​និយាយថា បេសកកម្ម​មាត្រា​ទី IV ជា​បេសកកម្ម​តាមដាន និង​វាយតម្លៃ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​របស់ IMF ដើម្បី​ផ្ដល់ជូន​អនុសាសន៍ ​គោលនយោបាយ​ដល់​ប្រទេស​ជា​សមាជិក ក្នុង​គោលដៅ​រួម​​ចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​។​

លោក​បាន​អបអរសាទរ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​ការពារ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​ប្រសិទ្ធភាព​ ដែលជា​កត្តា​ដ៏​ចម្បង​គាំទ្រ​ដល់​ការ​-​ងើបឡើង​នៃ​សេដ្ឋកិច្ចកម្ពុជា​៕