អ្នកជំនាញៈការផ្គត់ផ្គង់ផ្សារទីតាំងលក់រាយនៅប៉ែកខាងត្បូងភ្នំពេញ អាចនឹងលើសតម្រូវការ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍទីតាំងលក់រាយនៅប៉ែកខាងត្បូង រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានមើលឃើញថា មានការផ្គត់ផ្គង់ច្រើន ដែលអាចរំពឹងថានឹងលើសពីតម្រូវការ នៅពេលខាងមុខនេះ ខណៈផ្សារទំនើបធំៗពីរ នឹងដាក់ដំណើរការក្នុងឆ្នាំ២០២២នេះ។

ផ្សារទើបធំៗពីរ ដែលបាននិងកំពុងត្រៀមដាក់ដំណើរការ នៅក្នុងឆ្នាំ២០២២នេះ រួមមាន ផ្សារទំនើបជីបម៉ុងមេហ្កាម៉ល ដែលជាផ្សារទំនើបធំជាងគេនៅកម្ពុជា  ផ្សារទំនើបអ៊ីអនមានជ័យ ឬអ៊ីអនទី៣ នៅផ្លូវ៦០ម៉ែត្រក៏នឹងដាក់ដំណើរការ នៅចុងឆ្នាំ២០២២នេះផងដែរ ដែលផ្សារទំនើបទាំងពីរនេះ នឹងអាចផ្គត់ផ្គង់លក់រាយនៅប៉ែកខាងត្បូងកាន់តែច្រើន ។

អ្នកនាងជិន ដាលុច្សប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានលើកឡើងថា ផ្សារទំនើបទាំងពីរនៅប៉ែកខាងត្បូងភ្នំពេញ នឹងអាចធ្វើឱ្យការផ្គត់ផ្គង់កន្លែងលក់រាយ នៅតំបន់នោះកាន់តែច្រើនហើយក៏អាចនឹងធ្វើឱ្យផ្សារទំនើបៗតូចៗ នៅតំបន់នោះប្រឈមនឹងបញ្ហាផងដែរ បើសិនជាម្ចាស់ផ្សារមិនមានអ្វីកែប្រែនោះ។

អ្នកនាងបន្តថា “ផ្សារទំនើបទាំងពីរដលបើកដំណើរការ នៅចុងឆ្នាំ២០២២នេះ សុទ្ធសឹងតែជាផ្សារទំនើបធំ។ ដូច្នេះសម្រាប់វិនិយោគិនដែលមានបំណង ក្នុងការបណ្ដាក់ទុនវិនិយោគលើផ្សារទំនើបទៀតនោះ មិនគួរធ្វើនោះទេនៅពេលនេះ”។ អ្នកនាងបន្តថា “ទីតាំងលក់រាយនៅក្នុងរាជធានីភ្នំពេញមានច្រើនហើយ  ដូច្នេះសម្រាប់ផ្សារដែលមានស្រាប់ គួរកែប្រែនិងធ្វើយ៉ាងណាទាក់ទាញ ឱ្យមានអតិថិជនច្រើនឡើងវិញទើបប្រសើរ”។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាក៏បានលើកឡើងផងដែរថា នៅក្នុងប្រទេសម្ពុជាជាពិសេសនៅ រាជធានីភ្នំពេញផ្សារទំនើបមានច្រើន មានខ្លះក៏ដំណើរការបានល្អខ្លះដំណើរការ បានតែមួយភ្លេតក៏បាត់ទៅវិញ។ ទាំងនេះវាមានកត្តាច្រើន ដែលធ្វើឱ្យផ្សារទំនើបខ្លះ មិនសូវមានការគាំទ្រពីប្រជាពលរដ្ឋ ។

អ្នកស្រីបន្តថា កត្តារួមផ្សំមានដូចជាទីតាំងមិនអំណោយផល មិនមានចំណតយានយន្តគ្រប់គ្រាន់ មិនមានការរចនាខាងក្នុង ដើម្បីទាក់ទាញអតិថិជនឬមិនមានទំនិញ ដែលអតិថិជនចង់បានជាដើម ។ សម្រាប់ផ្សារទំនើបទាំងពីរនៅប៉ែកខាងត្បូង ថ្វីត្បិតតែអាចនឹងលើសតម្រូវការមែននោះ តែម្ចាស់ផ្សារទំនើបទាំងពីរនេះ សុទ្ធតែជាអ្នកដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងវិស័យនេះ។ ដូច្នេះពួកគាត់ប្រហែលជាយុទ្ធសាស្ត្ររួចហើយ ក្នុងការបន្តដំណើរនិរន្តភាពផ្សារទំនើបរបស់ពួកគាត់។

ជាមួយនឹងកំណើនផ្សារទំនើប នៅរាជធានីភ្នំពេញ និងភាគខាងត្បូងកើនឡើង បានធ្វើឲ្យផ្សារមួយចំនួនប្រឈមមុខនឹងការបិទទ្វារផងដែរ។

ជាក់ស្តែង ដូចជា ផ្សារទំនើបWB ARENAដែលវិនិយោគដោយក្រុមហ៊ុនWorldBridge Groupបានជួលផលលំបាកផងដែរ ដោយសារចំនួនស្តង់ផ្សារនេះ ប្រមាណ៨០ភាគរយបានបិទទ្វារ ដែលបច្ចុប្បន្ននេះមានស្តង់ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ២ប៉ុណ្ណោះ បានបើកដំណើរការ និងស្តង់មួយចំនួនបានបិទទ្វារផងដែរ៕

ប្រធានCVEAអះអាងថា កម្ពុជាមានឱកាសនិងសក្តានុពលច្រើន សម្រាប់ការវិនិយោគ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យកម្ពុជា ទើបជាដំណាក់កាលចាប់ផ្តើមនៅឡើយទេ ដែលធ្វើឲ្យប្រទេសនេះនៅមានឱកាស និងសក្តានុពលវិនិយោគច្រើន។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១៥ កញ្ញាកន្លងមកថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗកម្រិតជាតិ ជាការជម្រុញនូវសកម្មភាពសេដ្ឋកិច្ចឲ្យមានភាពរីកចម្រើន ជាក់ស្តែងរដ្ឋាភិបាលនៅតែមានគោលនយោបាយពង្រីកក្រុង កសាងទីក្រុងថ្មី និងពង្រីកផ្លូវក្រវ៉ាត់ក្រុងទី៣ ទី៤ជាបន្តបន្ទាប់ ដែលនេះជាការគាំទ្ររបស់រដ្ឋាភិបាល ក្នុងការជម្រុញការរីកចម្រើនវិស័យអចលនទ្រព្យផង និងសេដ្ឋកិច្ចទាំងមូលផង។

លោកបន្តថា “ការអភិវឌ្ឍរាជធានីភ្នំពេញបាន និងកំពុងបន្ត ជាមួយនឹងកំនើននៃការវិនិយោគពីវិនិយោគិនជាតិ និងអន្តរជាតិ បើទោះជាលំហូរទុនវិនិយោគពីបរទេសស្ងប់ស្ងាត់បន្តិចក្តី ប៉ុន្តែពួកគេ(អ្នកវិនិយោគចិន)នឹងត្រលប់មកវិញ”។ លោកបន្តថា “យើងសង្កេតឃើញរយៈពេល១០ឆ្នាំម្តង សេដ្ឋកិច្ចតែងតែប្រឈមនឹងវិបត្តិ ហេតុនេះការងើបសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិ នឹងជាឱកាសសម្រាប់អ្នកវិនិយោគ”។

លោកច្រឹក សុខនីមបានបន្តថា គោលនយោបាយសេដ្ឋកិច្ច ដែលបានដាក់ចេញច្បាប់បទដ្ឋានគតិយុត្តិនានា ត្រូវបានរាជរដ្ឋាភិបាលបាននិងកំពុងសម្រួល ដើម្បីលើកកំពស់បរិយាកាសវិនិយោគ។ ជាមួយគ្នានេះ បណ្តាញផ្លូវគមនាគមន៍បាននិងកំពុងពង្រីក និងជម្រុញការវិនិយោគ ដែលនេះជាកត្តាសំខាន់ក្នុងការជម្រុញ និងលើកកំពស់សុខភាពក្នុងវិស័យនេះ ឲ្យកាន់​តែមានភាពល្អប្រសើរឡើង៕

តើសុខភាពក្នុងវិស័យអចលនទ្រព្យមានសភាពដូចម្តេចរហូត ដល់ដំណាច់ឆ្នាំនេះ?

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ នៅពេលការដ្ឋានសំណង់នានា បន្តបន្លឺសម្លេងរបស់កម្មករ ខ្ញៀវខ្ញារនៅឡើយ ហើយអាគារខ្ពស់ៗ បន្តលូតទៅលើអាកាសរាល់ថ្ងៃ វាបង្ហាញថាសកម្មភាពក្នុងវិស័យនេះបន្តមានសុខភាពល្អ។

ប៉ុន្តែសកម្មភាព និងសម្លេងទាំងនោះ មានសភាពហាក់ស្ងប់ស្ងាត់ ហើយហ្វូងរថយន្តចេញដំណើរទៅកាន់ជាយក្រុងនានា ក៏ហាក់មិនសូវមានច្រើនដូចមុនវិបត្តិកូវវីដ១៩ដែរ ប៉ុន្តែសកម្មភាពវិនិយោគរប៉េះរប៉ោះនៅបន្តសកម្មភាពខ្លះៗផងដែរ ស្របពេលទំហំទុនវិនិយោគ ក្នុងវិស័យនេះមានសញ្ញាមិនសូវវិជ្ជមានឡើយ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ក្រសួង​បាន​អនុម័ត​លើ​គម្រោង​សាង​សង់​សរុប​២០០០​គម្រោង ដែល​មាន​ផ្ទៃ​ក្រឡា​សំណង់មានទំហំ២៨៥៩,៨៧៧ម៉ែត្រ​ការ៉េ និង​មាន​ទុន​វិនិយោគ១២០៦​លាន​ដុល្លារអាមេរិក​។

លើសពីនេះ ចំនួន​អគារ​ខ្ពស់ៗ ចាប់​ពីកំពស់៥​ជាន់​ឡើង​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន២៤៧២​អគារ។ ចំណែក​បុរី​លំនៅឋាន និង​បណ្តុំ​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី មាន​ចំនួន៤៨២​គម្រោង​។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​លើកឡើងកាលពីចុងខែឧសភាថា​ ​វិស័យ​សំណង់​គឺជា​សសរស្ដម្ភ​សំខាន់​មួយ ​ក្នុងចំណោម​សសរស្តម្ភ​ទាំង៤ ​ដែល​ទ្រទ្រង់​សេដ្ឋ​កិច្ចកម្ពុជា ក្នុងចំណោម​សសរ​ស្ដម​ផ្សេងទៀត ​រួមមាន​ ទេសចរណ៍,​កសិកម្ម និង​វិស័យ​ឧស្សាហកម្ម​។

ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ទសវត្ស​រ៍ចុងក្រោយ​នេះ ​​ក្រសួង​បានចេញ​លិខិត​អនុ​ញ្ញាតឱ្យ​សាងសង់​ជាង៥៧,០០០ ការដ្ឋាន​សំណង់​នៅ​ទូទាំងប្រទេស​​។ តាម​ការប៉ាន់ស្មាន​វិនិយោគ​សរុប​​ ក្នុង​វិស័យ​សំណង់​នា​​​រយៈពេល២ទសវត្ស​រ៍​​ចុងក្រោយ​នេះ​ មាន​ប្រមាណ​៦៦​ពាន់​លាន​ដុល្លា​រអាមេរិក ហើយ​វិស័យ​នេះ​​បាន​ផ្តល់​ការងារ​ជា​មធ្យម១៥​ ម៉ឺន​​នាក់​ក្នុង១ថ្ងៃ​។​

​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា បានលើកឡើង​ស្របគ្នា​ថា២ទសវត្ស​រ៍កន្លងមក​ គឺជា​ពេលវេលា​ដែល​វិស័យ​អចលនទ្រព្យ និង​សំណង់ មានការ​រីកចម្រើន​លឿន​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​នៅ​​​កម្ពុជា​។ ធាតុ​ផ្សំ​ចម្បង​ដែល​ធ្វើឱ្យ​វិស័យនេះ ​មាន​កំណើន​ខ្ពស់​បែបនេះ គឺ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋ​កិច្ច​ដែលមាន​ភាពរឹងមាំ និង​មាន​​ភាព​ធន់​។​

​អគ្គលេខាធិកា​រ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា បានមានប្រសាសន៍ឲ្យដឹងថា វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ក្នុង​រយៈពេល​ជិត២​ទសវត្ស​រ៍ចុងក្រោយ​​នេះ ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ស្ទើ​​រមិន​គួរឱ្យ​ជឿ ដោយ​កម្ពស់ និងចំនួន​អគារ​ធំៗ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​នៅពេលនេះ​ ​មិន​ចាញ់​ប្រទេសជិតខាង​ឡើយ ពិសេស​សំណង់​អគារ​ខុន​ដូ អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​បុរី​លំនៅឋាន ជាដើម។

លោក​បាន​បន្ថែមថា “អ្វី​ដែលជា​ចំណុច​​គួ​រឱ្យ​កត់សម្គាល់​មួយទៀត​នោះ គឺ​ការបញ្ចេញ​ទុនវិនិយោគ​លើ​វិស័យ​សំណង់ ​មាន​កាន់តែច្រើន​ពី​សំណា​ក់​អ្នក​នៅក្នុង​ស្រុក​”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៥ កញ្ញាថា ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំនេះ មានសភាពតឹងបន្តិច​ ប៉ុន្តែមិនលំបា​កពេក និងឈានទៅរកការដួលរលំនោពះទេ។ លោកបន្តថា សកម្មភាពទិញ លក់ទំហំទឹកប្រាក់ធំៗមានការពិបាក ព្រោះបើយើងពឹងផ្អែកតែលើទី​ផ្សារក្នុងស្រុក វិស័យនេះមិនអាចទៅមុខលឿននោះទេ។

លោកបន្តថា “ស្ថានភាពនេះ ជាការរង់ចាំឱកាស ហើយការអភិវឌ្ឍអ្វីមួយត្រូវការពេលវេលា ប៉ុន្តែទីផ្សារកម្ពុជានៅតែមានសុទិដ្ឋិនិយម ចំពោះអនាគត”៕

ដំណឹងល្អៈកម្ពុជានឹងរៀបចំវេទិកាទេសចរណ៍ពិភពលោកនៅដើម ខែតុលាខាងមុខនេះ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ព្រះរាជាជាចក្រកម្ពុជា នឹងរៀបចំទិវាកា​ទេសចរណ៍​ពិភព

លោក​ឆ្នាំ២០២២ ​នៅ​ដើមខែ​តុលា​ខាងមុខ ដែលអ្នកជំនាញក្នុងវិស័យនេះរំពឹងថា នឹង​អាច​ទាក់ទាញ​អ្នកទស្សនា និង​បណ្តាញ​ផ្សព្វផ្សាយ​ជាច្រើន​មក​ចូលរួម។

​តាមរយៈ​ព្រឹត្តិការណ៍​នេះ​ កម្ពុជា​រំពឹង​នឹង​អាចធ្វើ​ការផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​របស់ខ្លួន ​ទៅ​អន្តរ​​ជាតិ​បាន​កាន់តែ​ទូលំទូលាយ​។​

យោងតាមសេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ទេស​ចរណ៍ កាលពី​ថ្ងៃទី ​៩ ខែកញ្ញា បានឱ្យដឹងថា កម្ពុជា​នឹង​ប្រារព្ធ​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​ ២០២២ នៅ​ថ្ងៃទី​៣ ខែ​​តុលា ឆ្នាំ ​២០២២ នៅ​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ“​ការគិតគូរ​ឡើងវិញ​ពី​ទេសចរណ៍ Rethinking Tourism”ដែល​រំលេ​ច​អំពី​បម្រែបម្រួល និង​និន្នាការ​ទេសចរណ៍​ពិភពលោក​ក្រោយ​វិបត្តិ​កូ​វីដ ​១៩​។​

សេចក្ដីជូនដំណឹងដដែលបាន​ឱ្យដឹងទៀតថា ក្រ​សួង​សូម​ជូនដំណឹង​ដល់​មន្ទីរ​ទេសចរ​​ណ៍​រាជធានី​-​ខេត្ត ស្ថាប័នឯកជន សមា​​គម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ និង​ដៃគូ​ពាក់ព័ន្ធ​នានា​ក្នុង​វិស័យ​ទេសចរណ៍ ​ឱ្យបាន​ជ្រាបថា អង្គការ​ទេសចរណ៍​ពិភព​​លោក​ (UNWTO) នឹង​ប្រារព្ធ​ទិវា​ទេស​​ចរណ៍​ពិភពលោក ​(World Tourism Day) លើក​ទី​៤២ ជា​ផ្លូវការ​នៅ​ថ្ងៃទី ​២៧ ខែកញ្ញា ឆ្នាំ​ ២០២២ នៅ​ប្រទេស​​ឥណ្ឌូនេស៊ី ហើយ​ប្រទេស​ជា​សមាជិក UNWTO នឹង​ប្រារព្ធ​ទិវា​នេះ​តាម​ពេល​​វេលា និង​កម្មវិធី​សមស្រប​ក្នុងប្រទេស​រៀងៗ​ខ្លួន ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​ផងដែរ​។​

លោកហូ វណ្ឌីទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរ​​ណ៍​កម្ពុជា បានមាន​ប្រសាសន៍ថា គ្រប់​វេទិកា ឬ​ព្រឹត្តិការណ៍​ដែល​កម្ពុជា​រៀបចំ ឬ​ចូលរួម​សហការ​ជាមួយ​ដៃគូ គឺ​សុទ្ធតែ​ផ្តល់​ផល​វិជ្ជមាន ​សម្រាប់​ការ​​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេស​​ចរណ៍​កម្ពុជា ​ទៅកាន់​សាធារណជន​លើ​ពិភពលោក ​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​។

លោក​បន្តថា “បន្ទាប់ពី​ធ្លាក់ចុះ​ស្ទើរ​ដល់​សូន្យ​ កាលពី​អំឡុង​ឆ្នាំ​ ២០២០-២០២១ ពេលនេះ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរអន្តរជាតិ បានវិលត្រលប់មក​វិញ​ជា​បណ្តើរៗ​ហើយ”​។​ លោក​បន្ថែមថា “បើ​ពិភពលោក​មិន​​មាន​លេចឡើង​នូវ​ហេតុការណ៍ ​អាក្រក់​ណាមួយ​បន្ថែមទៀត ចំនួន​ភ្ញៀវទេសចរ​​បរទេស​ចូលមក​កម្សាន្ត​នៅ​កម្ពុជា ​នឹង​បន្ត​កើនឡើង​ដូច​ការរំពឹងទុក​រប​ស់​ក្រសួងទេសចរណ៍ គឺ​ចន្លោះ​ពី១,៥-២​លាន​នាក់ ក្នុង​ឆ្នាំនេះ” ​។​

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​និយាយថា ក្នុងនាម​អ្នក​ប្រកប​អាជីវកម្ម ​ក្នុង​វិស័យ​ទេស​​ចរណ៍​លោក​ពិតជា​ចង់ឃើញ​ក្រសួង​រៀបចំ​ព្រឹត្តិការណ៍​ ទេសចរណ៍​ឱ្យបាន​កាន់តែច្រើន ព្រោះ​គ្រប់​ព្រឹត្តិការណ៍​ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន ក៏ដូចជា​ប្រតិបត្តិ​ករ​ទេសចរណ៍​។

លោកបន្តថា “ខ្ញុំ​សង្ឃឹមថា ទិវា​ទេសចរណ៍​ដែល​ក្រសួង ​នឹង​រៀបចំ​ក្នុង​ខែក្រោយ នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ ចូលមក​កម្សា​ន្ត​កាន់តែច្រើន ខណៈ​ចាប់ពី​ខែតុលា ក៏​ជា​ពេលដែល​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​ច្រើន​ផងដែរ”៕

លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាចុះពិនិត្យសកម្មភាពចាប់ឆ្នោត យកដីឡូត៍នៅតំបន់រ៉ុនតាឯក

ដោយៈគង់ សូរិយា

       សៀមរាបៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា នាព្រឹកថ្ងៃទី១៥ កញ្ញានេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលសកម្មភាពពលរដ្ឋនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ចាប់ឆ្នោតយកដីឡូតិ៍ភូមិធម្មជាតិរុនតាឯក។

ប្រជាពលរដ្ឋជិត១ពាន់គ្រួសារ ក្នុងភូមិវាល ត្រូវបានរៀបចំឱ្យចាប់ឆ្នោតយកក្បាលដីឡូតិ៍ នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ដើម្បីឱ្យអាជ្ញាធររៀបចំតំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពទាក់ទាញឡើង។ ក្នុងពិធីនាពេលនោះ ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍ សប្បាយរីករាយជាខ្លាំង ដែលរាជរដ្ឋាភិបាលរៀបចំ ផ្តល់ដីកម្មសិទ្ធិឱ្យពួកគេ ក៏ដូចជាអរគុណដល់ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចំពោះបេសកកម្មដ៏ជោគជ័យមួយនេះ។

លោកហាយ យ៉ុង មន្រ្តីរដ្ឋបាលក្រុងសៀមរាប អាជ្ញាធរកំពុងមមាញឹកក្នុងការផ្តល់បណ្ណដល់ពលរដ្ឋ ដើម្បីឱ្យពួកគេអាចយកកន្ទុយបណ្ណមកចាប់ឆ្នោតនៅរដ្ឋបាលខេត្តសៀមរាបបន្ត។ គិតត្រឹមម្សិលមិញ ការផ្តល់កន្ទុយបណ្ណនេះសរុប ៥៥៩គ្រួសារ ក្នុងចំណោមពលរដ្ឋភូមិវាលសរុប ៩៣៧គ្រួសារ។ លោក ហាយ យ៉ុង បញ្ជាក់ថា ការងារនេះអាចរៀងយូរបន្ដិច ដើម្បីឱ្យអាជ្ញាធរប្រាកដចំពោះការកំណត់អត្តសញ្ញាណពលរដ្ឋទាំងអស់។

ក្នុងដំណាក់កាលទី១ ពលរដ្ឋភូមិត្រពាំងសេស និងភូមិទស្សិណត្បូងសរុបចំនួន ១១១៧គ្រួសារ បានស្ម័គ្រចិត្តចាប់ឆ្នោតទៅភូមិធម្មជាតិរុនតាឯក ហើយដំណាក់ទី២ សម្រាប់ភូមិវាល មានពលរដ្ឋប្រមាណ១ពាន់គ្រួសារទៀត ដែលស្ម័គ្រចិត្តទទួលយកគោលនយោបាយ ដោះស្រាយរបស់រាជរដ្ឋាភិបាល៕

 

Saudi AI authority launches SMARTATHON as government eyes 200 smart cities  

RIYADH: As Saudi Arabia plans to build 200 smart cities, it has launched a new challenge called “SMARTATHON” with an aim to extend the usage of Artificial Intelligence in creating smarter, safer, and healthier cities.

“We today announce the launch of SMARTATHON, the smart cities challenge,” said Abdullah Al Ghamdi, head of Saudi Data and Artificial Intelligence Authority, during the Global AI Summit in Riyadh on Sept. 14.

This comes as Majid Al Hogail, minister of Municipal and Rural Affairs and Housing, revealed the plans to unveil a number of smart cities in the Kingdom in partnership with SDAIA and the Royal Commission for Riyadh City.

Our dream is to have more than 200 smart cities in Saudi Arabia using AI, in areas of parking, special planning and the most important is the citizens’ engagement, and how that will improve the quality of service in our country,” Al Hogail stated.

The Global AI Summit, which runs from Sept. 13 to Sept. 15, is exploring the impact of AI on topics as crucial as economic mobility, health care, human capability development, and smart cities.

 

 

 

 

 

សកម្មភាពវិនិយោគអចលនទ្រព្យនៅតាមបណ្ដោយផ្លូវ៥១ចាប់ផ្ដើមមានសញ្ញាវិជ្ជមានឡើងវិញ

ដោយៈ វឌ្ឍនៈ

កណ្តាល/ កំពង់ស្ពឺៈ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចាប់តាំងពីពាក់កណ្ដាលត្រីមាសទី២ឆ្នាំ ២០២២ សកម្មភាពវិនិយោគអចលនទ្រព្យ និងដោះដូរ នៅក្នុងតំបន់តាមបណ្ដោយផ្លូវ៥១ ត្រូវបានមើលឃើញថាចាប់ផ្ដល់មានសកម្មភាពឡើងវិញ។

សកម្មភាពវិនិយោគ និងការដោះដូរអចលនទ្រព្យនៅតំបន់នេះ បានស្ថិតនៅក្នុងសភាពទ្រឹងមួយរយៈ ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិដែលបណ្ដាលមកពីសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

លោកផូន សុអុនដែន ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យkh Land ប្រចាំតំបន់ផ្លូវ៥១ ប៉ែកខាងលិចរាជធានីភ្នំពេញបានឱ្យដឹងថា មួយរយៈចុងក្រោយនេះ យើងពិជាបានមើលឃើញថាតំបន់ផ្លូវ៥១ មានសកម្ម​ភាពវិនិយោគឡើងវិញច្រើនមែន ដែលកាលពីមុនមានដែរតែមានចំនួនតិចប៉ុណ្ណោះ ។

លោកបន្តថា “បច្ចុប្បន្ន យើងឃើញមានក្រុមហ៊ុនអភិវឌ្ឍន៍សួនឧស្សាហកម្មធំៗ នៅតាមផ្លូវ៥១បានសម្រុក ក្នុងការសាងសង់ឃ្លាំងដើម្បីផ្គត់ផ្គត់ដល់តម្រូវការរបស់អតិថិជន ដែលស្វែងរកទីតាំងវិនិយោគ”។លោក​បន្តថា“នៅពេលមានការវិនិយោគច្រើន ទៅលើតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាសនានាបែបនេះ ក៏មានអ្នកអភិវឌ្ឍលំនៅឋាននៅតាមបណ្ដោយផ្លូវ៥១ក៏ចាប់ផ្ដើមដូចគ្នាដែរ ដោយពួកគេបានចូលទៅកាន់តំបន់នោះ បន្តគម្រោងដែលបានផ្អាឬបន្ថយសកម្មភាព”។

លោកបន្តទៀតថា សព្វថ្ងៃមានអ្នកស្វែងរកទិញផ្ទះ និងដីឡូត៏ ដើម្បីទុកវិនិយោគច្រើន និងមានអ្នកទិញដើម្បីអភិវឌ្ឍន៍ ក៏ដូចជា ទិញទុកសម្រា​ប់ស្នាក់នៅក៏ច្រើន ដែលជាការបញ្ជាក់ឱ្យឃើញថា តំបន់នេះចាប់ផ្ដើមមានសកម្មភាពកាន់ខ្លាំងឡើងវិញ ជាពិសេសនៅអំឡុងក្រោយបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ ២០២២នេះ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលវត្ថុកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះឱ្យដឹងថា ពេលនេះជាពេលវេលាដែលអ្នកជំនាញ និងភ្នាក់ងារអចលវត្ថុកម្ពុជា ត្រូវត្រៀមខ្លួនក្នុងការស្វាគមន៍ ការវិនិយោគថ្មីនៅក្នុងវិស័យអចលនទ្រព្យឡើងវិញ ក្រោ​យពីវិស័យនេះ ត្រូវបានជួបប្រទះនឹងបញ្ហា អស់រយៈពេលជាង២ឆ្នាំកន្លង ដោយសារតែកូវីដផង និងដោយសារតែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង ។

លោកបន្ត នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ខាងមុខនេះ លោករំពឹងថាវិស័យដីធ្លី និងអចលនទ្រព្យទាំងមូលនៅក្នុងប្រទេសកម្ពុជា អាចមានកំណើនឡើងវិញ ទាំងសកម្មភាពវិនិយោគរបស់វិនិយោគិន ក្នុងស្រុក និងវិនិយោគរបស់វិនិយោគិនមកពីខាងក្រៅប្រទេស ហើយស្ទើរតែគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យនឹងមានដំណើរការល្អប្រសើរវិញផងដែរ៕

អ្នកឧកញ៉ាគិត ម៉េងដឹកនាំកិច្ចប្រជុំASEAN Korea Business Council

 ដោយៈ វិវឌ្ឍន៍

       សៀមរាបៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានបន្តដឹកនាំដឹកនាំកិច្ចប្រជុំASEAN-Korea Business Council ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ក្រុងសៀមរាប។

The ASEAN-Korea Business Council (AKBC) ត្រូវបានបង្កើតឡើងកាលពីក្នុងឆ្នាំ២០១៤ នៅក្នុងកិច្ចប្រជុំខួបទំនាក់ទំនងអាស៊ាន និងកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៤ ហើយក៏ជាកិច្ចប្រជុំដំបូង សម្រាប់ប  ណ្តាក្រុមហ៊ុនឯកជន មកពីតំបន់អាស៊ាន ជាមួយនឹងក្រុមហ៊ុនឯកជនរបស់កូរ៉េខាងត្បូងផងដែរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងវិស័យឯកជននៅក្នុងតំបន់។

កិច្ចប្រជុំ AKBC នៅឆ្នាំ២០២២នេះ ធ្វើឡើងដោយមានការរៀបចំដោយផ្ទាល់ពីសំណាក់សភាពាណិជ្ជកម្ម នៃប្រទេសកូរ៉េ Korea Chamber of Commerce and Industry (KCCI) ក្នុងនាមជាតំណាងឲ្យអគ្គលេខាធិការបស់ AKBC ។

KCCI នឹងដើរតួជាអ្នកសម្របសម្រួលសមាជិក ក្រុមប្រឹក្សាទាំងអស់ក្នុងការកសាងឲ្យបាននូវ ទំនាក់ទំនងរវាងបណ្តាសម្ព័ន្ធមិត្ត និងក្រុមអ្នកតស៊ូមតិ និងអាជីវកម្មរបស់ពួកគេ ដើម្បីអាចផ្តល់ឱកាសក្នុងការចែករំលែកព័ត៌​មា​នអំពីទំនោរទីផ្សារ និងបញ្ហាផ្លូវច្បាប់ផ្សេងទៀតផងដែរ តាមរយៈកិច្ចប្រជុំលើកនេះ៕

 

លោកចូ បៃដិនប្រកាសផ្តល់មូលនិធិ៩០០លានដុល្លារសម្រាប់ សាងសង់ស្ថានីយសាកEV

ដោយ: លាងហួរ

វ៉ាស៊ីនតោន: ប្រធានាធិបតី ចូបៃឌិន បានប្រកាសពីការអនុម័តលើការផ្តល់មូលនិធិចំនួន៩០០លានដុល្លារដំបូង ដើម្បីសាងសង់ស្ថានីយ៍សាក EV នៅក្នុងរដ្ឋចំនួន៣៥ដែលជាផ្នែកមួយ នៃហេដ្ឋារចនាសម្ព័ន្ធ ដែលគ្រោង​ចំណាយទឹកប្រាក់រហូតដល់១ពាន់ពាន់លានដុល្លារ ដែលត្រូវបានអនុម័តកាលពីខែវិច្ឆិកាឆ្នាំមុន។

ក្រុមហ៊ុនផលិតរថយន្តធំទាំងបី នៅក្រុង Detroit កំពុងបង្ហាញរថយន្ត EV ថ្មីៗជាច្រើននៅក្នុងពិព័រណ៍រថយន្ត។

សភាអាមេរិក និងលោកចូបៃដិន ដែលពណ៌នាខ្លួនឯងថា ជា”car guy”បានសន្យាផ្តល់ប្រាក់កម្ចី ការផលិត និងឥណទានពន្ធអ្នកប្រើប្រាស់ និងជំនួយរាប់សិបពាន់លានដុល្លារ ដើម្បីពន្លឿនការផ្លាស់ប្តូរឆ្ងាយពីរថយន្តចំហេះខាងក្នុង ទៅជារថយន្ត EV ដែលស្អាតជាងមុន។

រថយន្តថ្មីភាគច្រើន ដែលលក់ដោយក្រុមហ៊ុន Detroit Three នៅតែជាម៉ូដែលប្រើហ្គាស ហើយTesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក និងលក់ដាច់ជាងក្រុមហ៊ុនផលិតរថយន្ត Detroit Three។

លោក Ali Zaidi ទីប្រឹក្សាអាកាសធាតុជាតិរបស់សេតវិមានបានប្រាប់សារពត៌មានReutersថា ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនថ្មក្នុងឆ្នាំ 2022 បានប្រកាសថវិកា១៣ពាន់លានដុល្លារ ចូលទៅក្នុងការផលិត EV ខណៈដែលពួកគេបង្កើនល្បឿន នៃការវិនិយោគទៅក្នុងគម្រោង។

នៅខែសីហាឆ្នាំ២០២១ លោក ចូបៃឌិនបានកំណត់គោលដៅថា រថយន្ត EVs ឬរថយន្តកូនកាត់ plug-in តំណាងឱ្យ ៥០%នៃការលក់រថយន្តថ្មីរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០៣០៕

សណ្ឋាគារលំដាប់ផ្កាយប្រំា The Shangri-La គ្រោងបើកដំណើរការជាផ្លូវការក្នុងត្រីមាសទី១ឆ្នាំ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ សណ្ឋាគារលំដាប់ផ្កាយប្រំាដ៏ប្រណីត The Shangri-la Hotel ដែលគេស្គាល់ថាជាសណ្ឋាគារមានយីហោ លំដាប់ពិភពលោក គ្រោងបើកដំណើរការជាផ្លូវការ នៅក្នុងរាជធានីភ្នំពេញ ក្នុងត្រីមាសទី១ឆ្នាំ២០២៣ ខាងមុខនេះ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Worldbridge Group អ្នកឧកញ៉ាសៀ រិទ្ធី បានថ្លែងប្រាប់គេហទំព័រ Property Area Asia នៅថ្ងៃទី១៥ ខែ​កញ្ញានេះថា សណ្ឋាគារលំដាប់ផ្កាយប្រំា The Shangri-la Hotel នឹងបើកដំណើរការនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ខាងមុខនេះ។

បើយោងតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា ដំណើរការសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រំា នេះបានបញ្ជប់រួចរាល់ហើយ នៅសល់តែកិច្ចការដេគ័រផ្ទៃខាងក្នុង ដែលបច្ចុប្បន្ននេះ ក្រុមការងារកំពុងតែដំណើរការ។

អ្នកឧកញ៉ាមានប្រសាសន៍ថា “យើងកំពុងតែដេគ័រនៅខាងក្នុង។ សាងសង់ហើយៗ នៅតែដេគ័រ”។

អ្នកឧកញ៉ាបញ្ជាក់ថា “យើងសន្មត់ថា អាចបើកនៅ Q១ (ត្រីមាសទី១) នៅឆ្នាំក្រោយ”។

សណ្ឋាគារលំដាប់ផ្កាយ៥មួយនេះ ស្ថិតនៅលើអាគារកម្ពស់៥៥ជាន់ និងមានចំនួន៣០០បន្ទប់ មានទីតាំងនៅក្នុងគម្រោង The Peak ដែលជា

គំរោងមួយបានបោះទុនវិនិយោគ លើទឹកប្រាក់ចំនួន៥៨០លានដុល្លារអាមេរិក ហើយត្រូវបានចាប់បុកគ្រឹះបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។

សណ្ឋាគារThe Shangri-La ជាការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន Oxley-Gem (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្តរបស់ក្រុមហ៊ុនមេ Oxley Holdings Limited របស់សិង្ហបុរី និងក្រុមហ៊ុន Worldbidge Land (Cambodia) របស់អ្នកឧកញ៉ា សៀ រិទ្ធី៕