មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចៈ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចទៅនឹងឱនភាពសេដ្ឋកិច្ចឆ្នាំ២០២០

ដោយៈ រ៉ាណេត

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ស្ថិតក្នុងស្ថានការណ៍ ដែលប្រឈមទៅនឹងឱនភាពសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២០ ដែលបណ្តាលមកពីបញ្ហាវិបត្តិសាកលជាច្រើននោះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច  ក្នុងការទប់ទល់ជាមួយនឹងស្ថានភាពអាក្រក់ណាមួយដែលអាចនឹងកើតមានឡើង។

រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុត បានមានប្រសាសន៍ ក្នុងវេទិកាសាធារណៈកាលពីចុងសប្តាហ៍មុនថា នៅក្នុងឆ្នាំ២០២០នេះ ស្ទើរតែគ្រប់បណ្តាប្រទេសទាំងអស់ នៅលើសាកលលោក សុទ្ធតែប្រឈមទៅនឹងបញ្ហាឱនភាពនៃវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីកត្តាជាច្រើនដែលកំពុងតែកើមាន ជាពិសេសបញ្ហា៤ធំៗ រួមមានទំនាស់នៃសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាសចសេដ្ឋកិច្ចទាំង២ អាមេរិកចិន កត្តាភូមិសាស្ត្រនយោបាយ បញ្ហានៃភាពមិនច្បាស់លាស់ នៃវិបត្តិ    មជ្ឈឹមបូព៌ា រួមជាមួយនឹងបញ្ហាកត្តាធម្មជាតិដែលកំពុងតែកើតមាន ជាពិសេសភាពប្រឈមនឹងកូរ៉ូណាវីរុស។

លោកបន្តថា ភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះយើងឃើញថា វិស័យធំៗមួយចំនួនដែលជាចំណែកយ៉ាងសំខាន់ នៅក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច កំពុងជួបឱនភាព ដែលក្នុងនោះរួមមានដូចជា វិស័យសំណង់ វិស័យទេសចរណ៍ រួមជាមួយនឹងការប្រឈមបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA មួយចំនួននៅលើទីផ្សារសហភាពអឺរ៉ុប

លោកវង្ស៊ី វិស្សុតបានបន្តទៀតថា សម្រាប់តែវិស័យទេសចរណ៍ បើទេសចរណ៍ធ្លាក់ចុះ ជាពិសេស ទេសចរចិន វានឹងបណ្តាលឱ្យមានផលប៉ះពាល់ជាច្រើន ពោលគឺនៅពេលដែលគ្មានទេសចរចិន វិស័យសណ្ឋាគារនឹងធ្លាក់ចុះ ការផ្គត់ផ្គង់សេវានានា រាប់ទាំងវិស័យដឹកជញ្ជូន ការផ្គត់ផ្គង់ចំណីអាហារ និងសេវាកម្មផ្សេងៗទៀតនឹងជួបបញ្ហា ហើយបញ្ហានៃការធ្លាក់ចុះកំណើនទេសចរចិននេះ មិនមែនប៉ះពាល់តែកម្ពុជានោះទេ ប្រទេសនានានៅលើសាកលលោកក៏ប៉ះពាល់ដូចគ្នា ជាក់ស្ដែងដូចជាប្រទេសថៃបាត់បង់ចំណូលខ្ទង់ពាន់លានដុល្លារ។

លោកបានបន្តទៀតថា ការអូសបន្លាយនៃសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិក និងចិន បានបង្កផលប៉ះពាល់ជាសាកល ដោយសារតែចិន គឺជាប្រទេសមហាអំណាចពាណិជ្ជកម្ម ដែលប្រទេសជាច្រើនលើសាកលលោកចាប់ដៃរកស៊ីជាមួយ ដូច្នេះវាក៏ជាបញ្ហាសាកលលោកដែរ

ដោយឡែកពាក់ព័ន្ធទៅនឹងភាពប្រឈម និងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ពេលនេះជាលទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការណ៍គឺថា សហគមន៍អឺរ៉ុបគេបានដកពន្ធលើការនាំចេញសម្លៀកបំពាក់ចំនួន ២០ភាគរយ ហើយការនាំចេញស្បែកជើងចំនួន ៣០ភាគរយ ប៉ុន្តែការនាំចេញទៅកាន់អាមេរិកមានការកើនឡើង។

លោកបន្តថា ទោះជាស្ថិតនៅក្នុងស្ថានការណ៍បែបណា រាជរដ្ឋាភិបាលក៏បានត្រៀមខ្លួន ជាមួយនឹងផែនការបម្រុងរួចជាស្រេច ក្នុងការទប់ទល់ទៅនឹងស្ថានការណ៍អវិជ្ជមានណាមួយដែលអាចនឹងកើតឡើង ហើយបើវាមិនកើតឡើងទេ ក៏នឹងក្លាយជាយុទ្ធសាស្ត្រថ្មីមួយទៀតសម្រាប់អនុវត្តដើម្បីរក្សាលំនឹងសេដ្ឋកិច្ចឱ្យកាន់តែល្អ៕

សម្តេចតេជោៈ សាធារណៈរដ្ឋកូរ៉េត្រៀមឥណទានចំនួន៧០០លានដុល្លារដល់កម្ពុជា

ដោយវុត្ថា

ភ្នំពេញៈ  សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា រដ្ឋាភិបាលកូរ៉េ បានត្រៀមឥណទានចំនួន៧០០លានដុល្លារអាមេរិក ជូនដល់កម្ពុជាក្នុងការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២០ ខណៈត្រឹមបំណាច់ឆ្នាំ២០១៩  មានចំនួនឥណទានចំនួន៨៨៩លានដុល្លារអាមេរិក


សម្តេចតេជោ នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋកម្ពុជារស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)នៅ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ កាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលធ្វើឱ្យកូរ៉េផ្តល់ជំនួយជាបន្តបន្ទាប់ ដើម្បីយកទៅអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចំរើន។

សម្តេចបន្តថា ឥណទានចំនួន៧០០លានដុល្លារនេះ ផ្តោតលើគម្រោងចំនួន១០ ខណៈថវិកាមួយចំនួន ត្រូវបានដក់មកប្រើប្រាស់ជាបន្តបន្ទាប់ ដោយនៅអាទិត្រក្រោយនេះ សម្តេចនឹងអញ្ជើញបើកសម្ពោធបើការដ្ឋានផ្លូវជាតិ២ ដែលជំនួយរបស់កូរ៉េនិងផ្លូវជាតិលេខ៤៥ពីស្រែអំបិល ទៅកាន់ខេត្តកោះកុង ដែលជានួយរបស់កូរ៉េ ក៏នឹងត្រូវអនុវត្តនាពេលខាងមុខ។

កម្ពុជា និងកូរ៉េខាងត្បូង បានភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ក្រោយការផ្តួចផ្តើមដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោកគឹម យ៉ុងសាន ដែលជាប្រធានាធិបតីកូរ៉េខាងត្បូងនាពេលនោះ។

ការភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង ជាការសម្រេចចិត្តដ៏លំបាកនៅក្នុងទំនាក់ទំនងការទូតរបស់សម្តេចតេជោ ហ៊ុន សែន ខណៈដែលអំឡុងពេលនោះកម្ពុជាកំពុងមានមានទំនាក់ទំនងស្អិតល្មួតជាមួយកូរ៉េខាងជើង ដែលជាសត្រូវរបស់កូរ៉េខាងត្បូង។

សម្តេចតេជោថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង គឺជាការទំនាក់ទំនងលេចអណ្តែត ប៉ុន្តែមួយរយៈចុងក្រោយនេះទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពល្អប្រសើរ និងស្អិតរមួត


ក្រុមហ៊ុនធំៗមកពីសហរដ្ឋអាមេរិកជាច្រើននឹងមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ស្ថានទូសហរដ្ឋអាមេរិកនៅប្រចាំកម្ពុជាបានឱ្យដឹងថា តំណាងក្រុមហ៊ុនចំនួន១៦មកពីសហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅសប្តាហ៍នេះ ដើម្បីស្វែងយល់ឱកាស និងនិន្នាការចុងក្រោយបំផុតនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។


ក្រុមហ៊ុនទាំងនោះជាក្រុមហ៊ុនខ្នាតធំ និងល្បីឈ្មោះរួមមានក្រុមហ៊ុន Amazon ក្រុមហ៊ុន John Deer ក្រុមហ៊ុន IBM ក្រុមហ៊ុន Walmart ក្រុមហ៊ុន US Grains Council និងក្រុមហ៊ុនវិស្វកម្ម Sripipat ក្រុមហ៊ុនទាំងនេះគ្រោងនឹងមកដល់ដើមខែនេះ។

ប្រតិភូនឹងចូលរួមក្នុងព្រឹត្តិការណ៍រយៈពេល២ថ្ងៃ ដែលគ្រោងនឹងរៀបចំឡើងនៅរាជធានីភ្នំពេញនៅថ្ងៃទី៦ និងទី៧ ខែកុម្ភៈ ក្រោមប្រធានបទ ឱកាសធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជា ដែលក្រុមហ៊ុននឹងមានឱកាសរៀនអំពីបច្ចេកវិទ្យា ជីវសាស្ត្រ និងសុវត្ថិភាពចំណីអាហារនៅក្នុងវិស័យកសិកម្ម។

ក្នុងកិច្ចប្រជុំមួយ ដែលបានធ្វើឡើងកាលពីខែ វិច្ឆិកា ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Patrick Murphy រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ានសូរស័ក្តិបានស្នើឱ្យសហរដ្ឋអាមេរិកបង្កើនការវិនិយោគនៅកម្ពុជា។

លោករដ្ឋមន្រ្តីបានស្នើថា ក្រុមហ៊ុនអាមេរិកអាចវិនិយោគលើវិស័យកសិកម្ម កែច្នៃត្បូង ផលិតកម្មធុនស្រាល និងអេឡិចត្រូនិច។

ទិន្នន័យពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានកើនឡើង ដល់ជាង៥,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ កើនឡើងជិត៤០ភាគរយបើធៀបនឹងឆ្នាំមុន៕


សម្តេចតេជោៈ ទំហំវិនិយោគរបស់កូរ៉េនៅកម្ពុជាមានទឹកប្រាក់ជាង៤ពាន់លានដុល្លារ ខណៈក្រុមហ៊ុនកូរ៉េជាង៣០០កំពុងវិនិយោគ

ដោយគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា បច្ចុប្បន្នទំហំវិនិយោគនៅកម្ពុជាបានកើនឡើងដល់ជាង៤០០០លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនកូរ៉េជាង៣០០កំពុងវិនិយោគនៅកម្ពុជា។


សម្តេចបានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋខ្មែរនៅសាធារណៈរដ្ឋកូរ៉េនារសៀលថ្ងៃទី៣ មករានេះថា ជាមួយគ្នានេះ ប្រទេសកូរ៉េគ្រោងផ្តល់ហិរញ្ញប្បទានចំនួន៧០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍កម្ពុជានាពេលខាងមុខផងដែរ។

យោងតាមរបាយការណ៍របស់សមាគមពាណិជ្ជកម្មកូរ៉េ ប្រចាំកម្ពុជាបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងឈរនៅលំដាប់ទី២ ក្នុងការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន២១២ របស់កូរ៉េ ដែលមានទឹកប្រាក់ចំនួន៤,៥៦ពាន់លានដុល្លារ។ ក្រុមហ៊ុនកូរ៉េខាងត្បូងជិត ៣០០បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់មនុស្សរាប់ពាន់នាក់។

ជារួមការវិនិយោគផ្ទាល់ពីបរទេសរបស់កម្ពុជា សម្រេចបានជាង៣,១ពាន់លានដុល្លារក្នុងឆ្នាំ២០១៨។ នេះបើយោងតាមការត្រួតពិនិត្យ ស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា។ ប្រទេសចិនមានចំនួន៤១,៣ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសទាំងអស់កាលពីឆ្នាំមុន។ នៅលំដាប់ទី២ គឺកូរ៉េខាងត្បូងនៅ៨,១ភាគរយ ខណៈការវិនិយោគរបស់ជប៉ុនកើនឡើង៦,៤ភាគរយ។

លើសពីនេះ រដ្ឋមន្រ្តីរដ្ឋសមាជិកកូរ៉េខាងត្បូង និងអាស៊ាន រួមទាំងកម្ពុជាផងដែរ បានចាប់ផ្តើមពិភាក្សាយ៉ាងខ្លាំងកាលពីឆ្នាំមុនស្តីពី របៀបជំរុញសក្តានុពលទេសចរណ៍រវាងប្រទេសមួយ ក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ី និងតំបន់ដែលមានប្រជាជនជិត៧០០លាននាក់ និងផលិតផលក្នុងស្រុកសរុបឈានដល់៣ពាន់ពាន់លានដុល្លារ។


ជាមួយគ្នានេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលស្តីពី ទេសចរណ៍ក្នុងតំបន់បានឱ្យដឹងថា កូរ៉េខាងត្បូងគ្រោង នឹងចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយអាស៊ាន ដើម្បីអនុញ្ញាតឱ្យយុវជនមកពីតំបន់ អាចរីករាយនឹងដំណើរទេសចរណ៍ និងការសិក្សាភាសាក្នុងតំបន់ ខណៈពេលស្នាក់នៅក្នុងប្រទេសកូរ៉េរហូតដល់មួយឆ្នាំ

លោកKo Hyoung-kwon ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍របស់កូរ៉េខាងត្បូងប្រចាំនៅ OECD បាននិយាយថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងរៀបចំរចនាសម្ព័ន្ធ ខ្សែសង្វាក់តម្លៃពិភពលោកឡើងវិញ ហើយជាលទ្ធផលប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានពិចារណដាក់ជាមូលដ្ឋានផលិតកម្ម។

គោលនយោបាយថ្មីខាងត្បូង របស់លោកប្រធានាធិបតីMoon Jee In មានគោលបំណងជំរុញទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ៕

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគរោងចក្រតម្លៃ ៥,៥លានដុល្លារ នៅខេត្តកំពង់ស្ពឺ

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យបង្កើតរោងចក្រផលិតអំបោះតម្លៃ៥,៥លានដុល្លារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក ។

យោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្សព្វផ្សាយនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទរបស់ក្រុមហ៊ុន “KANGTAIXIANG TEXTILE CO., LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានសាទរ និងស្វាគមន៍វត្តមានថ្មីនៃក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ដែលសម្រេចយកទឹកដីខេត្តកំពង់ស្ពឺធ្វើជាទីតាំងសម្រាប់វិនិយោគ។ លោកថា បច្ចុប្បន្ននេះនៅទូទាំងខេត្តកំពង់ស្ពឺទាំងមូល មានរោងចក្រ សហគ្រាសតូចធំ ដែលមានឈ្មោះនៅក្នុងបញ្ជី នីងកំពុងដំណើរការផលិតកម្មមានចំនួនជាង២៧០ទីតាំង ដែលអាចផ្តល់ការងារបានជាង ១៣ម៉ឺននាក់។

លោកបានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០២០នេះ នៅមានគម្រោងវិនិយោគជាច្រើនកំពុងតែត្រៀមខ្លួនចាប់ដំណើរការ ខណៈពេលដែលបច្ចុប្បន្ននេះគម្រោងមួយចំនួនធំកំពុងតែរត់ការឯកសារច្បាប់ស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ។

លោក កាង សុធី អគ្គនាយកក្រុមហ៊ុន Century21 Land Station ធ្លាប់បានឱ្យដឹងកន្លងមកនេះថា ខេត្តកំពង់ស្ពឺកំពុងមានសក្តានុពលលើការវិនិយោគព្រោះជាខេត្តដែលនៅជាប់រាជធានីភ្នំពេញ និងមានផ្លូវសេដ្ឋកិច្ចទី ១ របស់កម្ពុជា ។

លោកបន្តថា អ្នកវិនិយោគជាច្រើនបាននឹងកំពុងងាកទៅរកខេត្តមួយនេះ ដោយសារតែកន្លងមករដ្ឋាភិបាលបានសម្រេចឱ្យរោងចក្រ សហគ្រាស និង ការសាងសង់អគារផ្សេងៗទៅបោះទីតាំងនៅតាមជាយក្រុង ដើម្បីបង្កមានភាពងាយស្រួលក្នុងការដឹកជញ្ជូលចេញចូល។

លោកបន្តថា ម្យ៉ាងទៀត ខេត្តកំពុងមានមនុស្សរស់នៅច្រើនស្រាប់ ហើយដីធ្លីមានភាពអំណោយផលព្រោះស្ថានដីគឺមានខ្ពង់រាបស្រាប់ ជាពិសេសខេត្តនេះ មានផ្លូវល្បឿនលឿននឹងបញ្ចប់នៅក្នុងឆ្នាំ ២០២២ ឆ្លងកាត់ខេត្តនេះ ដែលជួយឱ្យវិស័យអចលនទ្រព្យកាន់តែមានភាពទាក់ទាញ៕

អ្នកជំនាញថាតំបន់ភ្នំប្រសិទ្ឋនៅតែមានសក្ដានុពលលើការអភិវឌ្ឍវិស័យលំនៅដ្ឋាន

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា តំបន់ភ្នំប្រសិទ្ឋ ដែលស្ថិតនៅជាយរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ នៅតែជាឱកាសល្អសម្រាប់ការវិនិយោគ និងអភិវឌ្ឍលើវិស័យលំនៅដ្ឋានកម្រិតក្រោមមធ្យមដដែល ខណៈដែលបណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ជាច្រើនត្រូវបានតភ្ជាប់ទៅនឹងផ្លូវធំសំខាន់ៗរួចជាស្រេច។


នៅក្នុងអំឡុងឆ្នាំ២០១៨ តម្លៃដីធ្លីនៅតំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញមានភាពពុះកញ្ជ្រោលជាខ្លាំង រហូតទាក់ទាញបណ្តាក្រុមហ៊ុនភ្នាក់ងារ និងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងដីឡូតិ៍ជាច្រើនធ្វើសកម្មភាពយ៉ាងផុសផុល ប៉ុន្តែត្រូវបានស្ងប់ស្ងាត់ទៅវិញនៅអំឡុងចុងឆ្នាំ២០១៩។

ដោយឡែកសម្រាប់ដើមឆ្នាំ២០២០នេះ ភាពល្អប្រសើរនៃស្ថានភាពទីផ្សារដីធ្លីនៅក្នុងតំបន់នេះហាក់មានភាពល្អប្រសើរឡើងវិញ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជាគម្រោងលំនៅដ្ឋានតម្លៃក្រោមមធ្យម និងគម្រោងអភិវឌ្ឍន៍ជាតំបន់កម្សាន្តបែបធម្មជាតិ។

លោក ង៉ែត ជូ អ្នកជំនាញវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា និងជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ បានបង្ហាញសុទិដ្ឋិនិយម ទៅលើស្ថានភាពទីផ្សារអចលនទ្រព្យនៅតំបន់ខាងលើនេះ ជាមួយនឹងការអះអាងថា ការវិនិយោគទៅលើវិស័យលំនៅដ្ឋានដែលមានតម្លៃក្រោមមធ្យមមានភាពល្អប្រសើរ ជាងការវិនិយោគលើគម្រោងពុះដីឡូតិ៍។

លោកបន្តថា ដោយសារតែតម្លៃដីធ្លី មានការកើនឡើងខ្ពស់រួចទៅហើយនោះ ពេលនេះ តំបន់ភ្នំប្រសិទ្ឋមិនស័ក្ដិទៅនឹងគម្រោងពុះដីឡូតិ៍ទៀតនោះទេ ប៉ុន្តែផ្តល់ឱកាសដល់គម្រោងវិនិយោគ និងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋាន ដែលមានតម្លៃក្រោមមធ្យម តម្រូវតាមទីផ្សារអ្នកដែលមានចំណូលទាប

តំបន់ភ្នំប្រសិទ្ឋ និងតំបន់ជុំវិញគឺស្ថិតនៅទីតាំងទួលខ្ពស់ មានផ្លូវធំៗចំនួន២ រួមមានផ្លូវលេខ៤២ និងផ្លូវ ១៣០ កំពុងមានចរាចរណ៍ស្រាប់ ហើយផ្លូវតូចធំមួយចំនួនទៀតក៏ត្រូវបានតភ្ជាប់ទៅកាន់ផ្លូវសំខាន់ផងដែរ ដែលទាំងអស់នេះ សុទ្ធតែជាចំណុចសំខាន់ដែលអនុគ្រោះដល់ការអភិវឌ្ឍលើវិស័យលំដ្ឋាន។

លោកង៉ែត ជូបានបញ្ជាក់ថា លំនៅដ្ឋានកម្រិតក្រោមមធ្យម និងកម្រិតមធ្យម ដែលមានតម្លៃត្រឹមជាង២ម៉ឺនដុល្លារ នៅតែមានតម្រូវការខ្ពស់ ហើយក្រុមហ៊ុនអភិវឌ្ឍន៍នៅមានឱកាសវិនិយោគខ្ពស់នៅក្នុងតំបន់នេះផងដែរ

ស្ថិតនៅតំបន់ជាយក្រុង ក្នុងខណ្ឌព្រែកព្នៅដូចគ្នា តំបន់ដែលស្ថិតនៅម្ដុំភ្នំបាសិត មានសក្ដានុពលជាងតំបន់ដែលស្ថិតនៅក្បែរផ្លូវជាតិលេខ៥។


អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ថា តំបន់នេះមានចម្ងាយ ប្រមាណ២០គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ដែលជាតំបន់កំពុងមានការអភិវឌ្ឍ មានផ្លូវបេតុង និងមានភ្លើងអគ្គិសនីតចូលដល់បណ្តើរៗហើយ ប៉ុន្តែបណ្តាញទឹកស្អាតមិនទាន់ភ្ជាប់នៅឡើយទេ។

លោកបន្តថា ដីតំបន់នេះខ្ពស់ មិនប្រឈមមុខនឹងការលិចទឹក ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍នៅតំបន់នេះ មិនចាំបាច់ចំណាយទុនច្រើនក្នុងការចាក់ដីឡើយ ប៉ុន្តែទោះជាយ៉ាងណាពេលនេះ មិនទាន់ឃើញមានគម្រោងអភិវឌ្ឍន៍ វិស័យលំនៅដ្ឋានធំៗចូលទៅតំបន់នេះនៅឡើយ ហើយវាក៏ជាឱកាសសម្រាប់វិនិយោគផងដែរ 

លោកម៉ាន់ ច័ន្ទឌីបានបញ្ជាក់ថា មិនយូរទៀតនោះទេ តំបន់ជាយក្រុងខាងលើនេះ នឹងមានការរីកចម្រើន អភិវឌ្ឍន៍កាន់ឆាប់រហ័ស ស្របពេលដែលគម្រោងរបស់រដ្ឋាភិបាលលើការកែសម្រួល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចាប់ផ្តើមពង្រឹង និងពន្លឿនឱ្យស្របទៅតាមផែនការមេ៕

សហគ្រិនជប៉ុនកំពុងប្រើប្រាស់វិស័យទេសចរណ៍បង្កើនប្រាក់ចំណូលដល់កសិករចិញ្ចឹមចង្រិតនៅកម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ សហគ្រិនជប៉ុនឈ្មោះ Seiya Ashikari កំពុងប្រើប្រាស់វិស័យទេសចរណ៍ជាឧបករណ៍មួយ ដើម្បីជំរុញវិស័យចិញ្ចឹមចង្រិតនៅកម្ពុជា។


កាលពីខែសីហា ឆ្នាំ ២០១៨ បុរសជប៉ុនវ័យ ២៤ ឆ្នាំរូបនេះ បានឈប់ពាក់កណ្តាលផ្លូវក្នុងការបន្តការសិក្សាជីវវិទ្យា នៅទីក្រុងតូក្យូ ដើម្បីស្ម័គ្រចិត្តលើគម្រោងធ្វើកសិកម្មចង្រិតនៅកម្ពុជា។

លោកAshikari បានឃើញថា ការចិញ្ចឹមសត្វល្អិតគឺជាមធ្យោបាយ ដ៏មានសក្តានុពលមួយ ក្នុងការជំរុញប្រាក់ចំណូលរបស់ប្រជាកសិករ ដែលកំពុងតស៊ូដើម្បីរកប្រាក់ចំណេ ជាជាងដាំដុះដំណាំប្រពៃណី។

លោកបានបើកដំណើរការគម្រោង Ecologgie ដោយជួយបណ្តុះបណ្តាលកសិករ និងប្រែក្លាយផលិតផលរបស់ពួកគេ ទៅជាម្សៅប្រូតេអ៊ីន ដែលមានមូលដ្ឋានចេញចង្រិត និងអាហារសម្រន់ដែលមានជីវជាតិ។

សត្វល្អិត ដែលងាយស្រួល ក្នុងការចិញ្ចឹមនៅជុំវិញផ្ទះនៅជនបទ ហើយលក់ក្នុងតម្លៃប្រហែល៣ដុល្លារក្នុងមួយគីឡូក្រាម ដោយផ្ទុកទៅដោយជាតិប្រូតេអ៊ីន។

ឥលូវនេះ លោក Ashikari បានចាប់ផ្តើមដំណើរទេសចរណ៍ធ្វើកសិកម្មចង្រិតមួយ និងពីរថ្ងៃនៅខេត្តកំពង់ធំ។ ខេត្តនៅតាមជនបទនេះ មានភាពល្បីល្បាញ ដោយសារការធ្វើកសិកម្មចង្រិត និងជាមជ្ឈមណ្ឌលមួយ ក្នុងចំណោមមជ្ឈមណ្ឌលពីរនៃគម្រោង Ecologgie នាពេលបច្ចុប្បន្ន។ គម្រោងមួយទៀតគឺនៅតាកែវ។


លោក Ashikari មាននិយាយថា ខ្ញុំចង់ឱ្យអ្នកទេសចរណ៍ ស្វែងយល់អំពីវិស័យការចិញ្ចឹមចង្រិត និងបង្កើនការយល់ដឹងអំពីសត្វល្អិត ដែលជាប្រភពប្រូតេអ៊ីន អាហារប្រកបដោយនិរន្តរភាពនាពេលអនាគត

ស្របតាមទស្សនវិស័យរបស់លោក ក្នុងការដាក់ប្រជាជនក្នុងស្រុកជាការងារស្នូលរបស់លោក ដំណើរកម្សាន្តរបស់លោកAshikari ត្រូវបានជំរុញដោយសហគមន៍។ ខណៈពេលដែលអ្នកទេសចរ បានមើលប្រតិបត្តិការរបស់គម្រោង Ecologgie កសិករចង្រិតនៅតាមមូលដ្ឋាន ក៏ណែនាំភ្ញៀវឱ្យស្គាល់ការងាររបស់ពួកគេផងដែរ។ ភ្ញៀវពេញមួយយប់ស្នាក់នៅជាមួយកសិករនៅក្នុងផ្ទះ។

ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីជនបទ ភ្ញៀវអាចមើលឃើញសត្វក្អែក នៅក្នុងព្រៃ ហើយក៏មានឱកាស ដើម្បីអមដំណើរអ្នកប្រមាញ់សត្វអាពីង នៅពេលពួកគេធ្វើដំណើរទៅក្នុងព្រៃដើម្បីស្វែងរកសត្វអាពីង៕ (TTGAsia)

កិច្ចប្រជុំកំពូលUPF ចាប់ផ្តើមពីពេលណា និងយ៉ាងដូចម្តេច?

ដោយវុត្ថា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ឋសន្តិភាពសាកលជាមួយមេដឹកនាំ ដទៃទៀតមកពីជុំវិញពិភពលោក។


តើកិច្ចប្រជុំដែលមានរយៈពេលបីថ្ងៃនេះ បានចាប់ផ្តើមពីពេលណា និងយ៉ាងដូចម្តេ គេហទំព័រPropertyarea.asiaសូមលើកប្រវត្តិត្រួសៗ នៃកិច្ចប្រជុំកំពូលនេះ ដើម្បីអ្នកអាចបានសិក្សាស្វែងយល់ទាំងអស់គ្នា។

កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពស (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២០។

កិច្ចប្រជុំកំពូលមួយនេះ មានប្រមុខរដ្ឋ និងរដ្ឋាភិបាល ព្រមទាំងមេដឹកនាំមកពីជុំវិញពិភពលោក នឹងថ្លែងសារចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងប្រកបដោយបញ្ញាក្នុងគោលបំណងដោះស្រាយសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស។

សហព័ន្ធសន្តិភាពសកល (UPF) គឺជាបណ្តាញសកលនៃបុគ្គល និងអង្គការដែលបានប្តេជ្ញាចិត្ត ដើម្បីកសាងសន្តិភាពពិភពលោកមួយ ដែលមនុស្សគ្រប់គ្នាអាចរស់នៅដោយសេរី សុខដុមរមនាសហប្រតិបត្តិការ និងវិបុលភាព។ សន្តិភាពមិនមែនគ្រាន់តែអវត្តមាននៃសង្គ្រាម ឬពាក្យដែលអនុវត្តតែលើទំនាក់ទំនង រវាងប្រជាជាតិនានានោះទេ។ សន្តិភាព គឺជាគុណភាពសំខាន់មួយ ដែលគួរតែមានលក្ខណៈទំនាក់ទំនងទាំងអស់។

UPF គាំទ្រការបន្តជាថ្មីរបស់អង្គការសហប្រជាជាតិ រួមទាំងសំណើរដែលអង្គការសហប្រជាជាតិបង្កើតក្រុមប្រឹក្សា អន្តរសាសនានៅក្នុងរចនាសម្ព័ន្ធ UPF អនុវត្តកម្មវិធីរបស់ខ្លួន តាមរយៈបណ្តាញឯកអគ្គរដ្ឋទូតសន្តិភាពពិភពលោក។

UPF លើកទឹកចិត្តឱ្យសាសនាទាំងអស់ ធ្វើការពិភាក្សា និងសហប្រតិបត្តិការ ដើម្បីសន្តិភាព ដោយផ្អែកលើការទទួលស្គាល់ថា សេចក្តីថ្លៃថ្នូររបស់មនុស្ស កើតចេញពីប្រភព ជាសកល ដែលជាមូលដ្ឋាននៃភាពសុខដុម និងបង្រួបបង្រួម។

UPF ផ្តល់ជូនកម្មវិធីជំនួយ និងកម្មវិធីមនុស្សធម៌ គម្រោងសិក្សា សេវាកម្ម ការអប់រំនិងកម្មវិធីកីឡា ដោយផ្តោតជាពិសេសលើភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន និងជំនាញបង្កើតសន្តិភាព។

លោកស៊ុនMyung Moon និងភរិយារបស់លោក គឺលោកស្រីវេជ្ជបណ្ឌិត Hak Ja Han Moon បានបង្កើតសហព័ន្ធសន្តិភាពសកលនៅឆ្នាំ២០០៥


សហព័ន្ធសន្ដិភាពជាសកលលោក  (UPF)  ត្រូវបង្កើតឡើង ដោយគូស្វាមីមួយគូជាជនកូរ៉ គឺលោក Sun Myung Moon  និងលោកស្រីSun Myung Moon កាលពីឆ្នាំ ២០០៥  បន្ទាប់ពីអ្នកទាំងពីរត្រូវបាន បានគេចាប់ដាក់គុកអស់រយៈពេល៣ឆ្នាំ មុនពេលត្រូវបានរំដោះដោយកងកម្លាំង របស់អង្គការសហប្រជាជាតិ ក្នុងសង្គ្រាមកូរ៉េក្នុងឆ្នាំ ១៩៥០។

អ្នកទាំងពីរបានមកដល់សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៧១ តែបានស្លាប់នៅក្នុងឆ្នាំ ២០១២ និងស្នើដល់អង្គការសហប្រជាជាតិ ក្នុងការបង្កើតសហព័ន្ធសន្ដិភាព ជាសកលលោក UPF  ដោយបានតែងតាំងអ្នកការទូត បព្វជិត អ្នកដឹកនាំ ពលរដ្ឋជាង៥ម៉ឺនជាឯកអគ្គរដ្ឋទូតដើម្បីសន្តិភាព។

ក្នុងចំណោមកម្មវិធីរបស់UPF គឺសន្និសីទស្តីពី ភាពជាអ្នកដឹកនាំ និងគំនិតផ្តួចផ្តើមសន្តិភាពក្នុងតំបន់។

UPFលើកកម្ពស់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងលើកទឹកចិត្តប្រជាជនឱ្យធ្វើការដើម្បីសន្តិភាព តាមរយៈការបម្រើសហគមន៍របស់ពួកគេ៕

តើគួរទិញដីក្នុងតម្លៃប៉ុណ្ណាដើម្បីងាយស្រួលលក់ ងាយស្រួលរកអតិថិជន និងចំណេញច្រើន?

ដោយ គង់ សូរិយា

ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យ ដោយមិនមានចំណេះដឹង នឹងប្រឈមហានិភ័យខ្ពស់ ហេតុនេះការសិក្សាពីទីផ្សារច្បាស់លាស់ ជាមួយចំណេះដឹងត្រឹមត្រូវ នឹងធ្វើឲ្យការវិនិយោគរបស់ខ្លួនបញ្ចៀសបាននូវហានិភ័យ។

ហេតុនេះតើអ្នកវិនិយោគខ្នាតតូច ដែលមានធនធានសមល្មម គួរវិនិយោគដីក្នុងតម្លៃបែបណា ដើម្បីងាយស្រួលលក់ ងាយស្រួលរកអតិថិជន និងមានផលចំណេញច្រើន?

អ្នកវិភាគអចលនទ្រព្យឯករាជ្យ និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោក យិន លាងគង់ ដែលបានតាមដានការវិវត្ត វិស័យអចលនទ្រព្យអស់រយៈពេលជាង១ទសវត្សរ៍ បានមានប្រសាសន៍ឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាបានចាកផុតពីភាពក្រីក្រភាគច្រើន និងស្ថិតក្នុងលំដាប់ថ្នាក់ជាប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ការកើនឡើងនូវជីវភាពកាន់តែប្រសើរនេះ បានធ្វើឲ្យកំលាំងទិញរបស់កម្ពុជាកើនឡើងក្នុងទីផ្សារ ហើយចរន្តសេដ្ឋកិច្ចកាន់តែមានភាពរសរវើក។

លោកបន្តថា យ៉ាងណាប្រជាពលរដ្ឋកម្ពុជាភាគច្រើន នៅមានប្រាក់ចំណូលកម្រិតមធ្យមនៅឡើយ ដែលលទ្ឋភាពធនធានរបស់ពួកគេនៅមានកម្រិត ហេតុនេះកម្រិតទឹកប្រាក់ ឬទំហំវិនិយោគរបស់ពួកគេក៏នៅមានកម្រិតផងដែរ លោកបន្តថា ជាក់ស្តែងខុនដូ និងលំនៅដ្ឋានតម្លៃមធ្យមជាគម្រោង ដែលមានតម្រូវការខ្ពស់ជាងគេនៅក្នុងទីផ្សារ ដោយសារទំហំនៃការវិនិយោគរបស់ពួកគេនៅមានកម្រិត

តើតម្លៃដីបែបណា គួរទិញហើយងាយស្រួលរកអតិថិជន លក់ដាច់លឿន? លោកយិន លាងគង់បានមានប្រសាសន៍ថា ដីដែលមានតម្លៃចន្លោះពី១០ ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាប្រភេទដីដែលមានតម្រូវការច្រើន ហើយមានអតិថិជន ដែលមានលទ្ឋភាពច្រើន ហើយដីកក្នុងតម្លៃបែបនេះងាយស្រួលលក់ និងមានឪកាសចំណេញខ្ពស់ ប្រសិនជាអ្នកវិនិយោគទិញបាននៅទីតាំងល្អ ចំគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល វិស័យឯកជន និងគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា។

ផ្ទុយទៅវិញ ដីដែលមានតម្លៃលើសពី១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយមានទំហំធំ ជាប្រភេទដីដែលពិបាករកអតិថិជន ដោយសារអតិថិជន ឬអ្នកវិនិយោគដីក្នុងតម្លៃខាងលើនេះ ជាអតិថិជនកម្រ ព្រោះសំរាប់អ្នកវិនិយោគ ដែលមានធនធានច្រើនបែបនេះនៅកម្ពុជាមានចំនួនតិច (មិនលើស៥ភាគរយនៃប្រជាជនសរុបនោះទេ)

លោកបន្តថា និយាយបែបនេះមិនមែនមានន័យថា ការទិញដីតម្លៃខ្ពស់ មិនចំណេញនោះទេ ប៉ុន្តែវាជាប្រភេទដីដែលពិបាករកអតិថិជន ប្រសិនជាអ្នកវិនិយោគទិញដីបែបនោះដើម្បីទុកយកចំណេញ លោកបន្តថា អ្នកវិនិយោគជាតិ អន្តរជាតិដែលមានលទ្ឋភាពទិញដីក្នុងតម្លៃខាងលើនេះ ភាគច្រើនពួកគាត់ទិញយកទៅអភិវឌ្ឍន៍ជាបុរី ខុនដូ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មនានាជាជាងយកផលចំណេញ

លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានអះអាងថា ដីដែលមានតម្លៃ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េឡើង មិនអាចយកមកសាងសង់បុរីលក់បាននោះទេ ដោយសារតម្លៃដីខ្ពស់រួចទៅហើយ៕

ទីក្រុងប៉េកាំងនឹងមិនចុះញ៉មសហរដ្ឋអាមេរិកក្នុងសង្គ្រាមពាណិជ្ជកម្ម ដោយសារបញ្ហាកូរ៉ូណាវីរុស

ដោយ Donald Lee

ភ្នំពេញ៖ ទីក្រុងប៉េកាំងបានឱ្យដឹងថា ខ្លួននឹងមិនអនុញ្ញាតឱ្យអាមេរិកប្រើការផ្ទុះឡើងនៃមេរោគឆ្លងកូរ៉ូណាវីរុសដែលកំពុងតែបំផ្លាញសេដ្ឋកិច្ចចិន ក្នុងកិច្ចចរចាពាណិជ្ជកម្មដែលគ្រោងនឹងធ្វើនៅចុងឆ្នាំនេះទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានចេញផ្សាយរបាយការណ៍ដែលបញ្ជាក់ថា អាមេរិកកំពុងគណនាវិធីដើម្បីប្រើប្រាស់ការរីករាលដាលនៃវីរុសថ្មីនេះដើម្បីផលប្រយោជន៍របស់ពួកគេ បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មជិតពីរឆ្នាំ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ត្រូវបានបញ្ចប់កាលពីខែមុន។

របាយការណ៍ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា “ការធ្វើឡើងបែបនេះគឺខុសទៅលើកម្រិតជាច្រើន រាប់បញ្ចូលទាំងកម្រិតសីលធម៌ផងដែរ។ សំខាន់ផងដែរគឺថាប្រសិន បើមន្រ្តីអាមេរិកកំពុងពឹងផ្អែកលើការរីករាលដាលដើម្បីទទួលបានអានុភាពកាន់តែច្រើន សម្រាប់ការចរចាពាណិជ្ជកម្មដំណាក់កាលទី ២ ពួកគេនឹងច្រឡំយ៉ាងខ្លាំង”។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោក Wilbur Ross បាននិយាយកាលពីសប្តាហ៍មុនថា សេដ្ឋកិច្ចអាមេរិកនឹងទទួលបានអត្ថប្រយោជន៍ពីការផ្ទុះឡើងនៃវីរុសថ្មីនេះ ដោយសារតែក្រុមហ៊ុនអាមេរិកនឹងនាំផលិតកម្មត្រឡប់មកវិញពីចិនដីគោក ដោយសារតែការផ្អាកសកម្មភាព។

លោក Ross បាននិយាយនៅក្នុងបទសម្ភាសន៍នៅលើទូរទស្សន៍អាមេរិកកាលពីថ្ងៃ ព្រហស្បតិ៍ ថា “ខ្ញុំមិនចង់និយាយអំពីជ័យជម្នះលើជំងឺអកុសល និងសាហាវទេ។ ប៉ុន្តែការពិតគឺថា វាពិតជាផ្តល់ឱ្យក្រុមហ៊ុននូវរឿងមួយទៀតដែលត្រូវពិចារណា នៅពេលពួកគេឆ្លងកាត់ការពិនិត្យមើលខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ”។

លោក បានបន្តថា “ខ្ញុំគិតថា វានឹងជួយពន្លឿនការវិលត្រឡប់មករកការងារនៅអាមេរិកខាងជើងវិញ”។

រដ្ឋាភិបាលអាមេរិកបានចេញសេចក្តីណែនាំ “កុំធ្វើដំណើរទៅប្រទេសចិន” នៅថ្ងៃ សុក្រ ដោយបង្កើនការព្រមានពីកម្រិត ៣ ដល់កម្រិត ៤។

រដ្ឋាភិបាលអាមេរិក បានឱ្យដឹងថា “កុំធ្វើដំណើរទៅប្រទេសចិន ដោយសារកូរ៉ូណាវីរុសថ្មីដែលត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន”។

ទីក្រុងប៉េកាំងរំពឹងថា វីរុសរាតត្បាតនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចចិន ខណៈភាគហ៊ុនរបស់ចិនបានធ្លាក់ចុះ ៩ ភាគរយ នៅពេលការជួញដូរបានចាប់ផ្តើម បន្ទាប់ពីការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនៅថ្ងៃនេះ។

ធនាគារកណ្តាលចិន បានឱ្យដឹងកាលពីថ្ងៃ អាទិត្យ ថា ខ្លួនបានបញ្ចូលទឹកប្រាក់ចំនួន ១៧៣ ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចដើម្បីធ្វើឱ្យប្រាកដថា មានសាច់ប្រាក់ងាយស្រួលនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។

ទីក្រុងប៉េកាំងរំពឹងថា កូរ៉ូណាវីរុសនឹងធ្វើឱ្យថយចុះកំណើនសេដ្ឋកិច្ចខ្លូន ២ ភាគរយនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យសេដ្ឋកិច្ចដែលងាយរងគ្រោះមួយកំណត់ពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹងសម្ពាធរបស់អាមេរិកលើពាណិជ្ជកម្មនោះទេ។
ការអត្ថាធិប្បាយមួយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា “ប្រទេសចិននឹងមិនឱ្យបញ្ហាស្នូលនៃផលប្រយោជន៍ជាតិនៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មនោះទេ ជាពិសេសនៅក្នុងពេលវេលាដ៏លំបាកនេះ”។

ការអត្ថាធិប្បាយនេះ បានបន្ថែមទៀតថា “អ្វីដែលសំខាន់ក្នុងការកត់សម្គាល់នោះគឺថា ប្រទេសចិនឥឡូវនេះទំនងជាមិនប្រញាប់ប្រញាល់ចូលក្នុងកិច្ចពិភាក្សាដំណាក់កាលទី ២ ទេ ពីព្រោះប្រទេសនេះបានបង្វែរការផ្តោតអារម្មណ៍ទាំងស្រុងទៅលើការផ្ទុះឡើង និងផលប៉ះពាល់របស់វីរុសមកលើសេដ្ឋកិច្ចក្នុងស្រុក”៕