ហេតុ​អ្វី​បាន​ជា​ប្រជាជន​កូរ៉េ​ខាងត្បូងសម្រុកទៅទិញ​អចលនទ្រព្យ​នៅ​ក្នុងប្រទេសជប៉ុន?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រជាជនកូរ៉េខាងត្បូង ដែលមានទ្រព្យស្តុកស្តម្ភកំពុងសម្រុកស្វែងរកទិញអចលនទ្រព្យនៅក្នុងប្រទេសជប៉ុន ដោយសារតែការវិនិយោគអចលនទ្រព្យនៅជប៉ុនមានតម្លៃសមរម្យ និងទទួលបានផលចំណេញច្រើនបើធៀបនឹងទីផ្សារក្នុងស្រុក។

ការដាំក្បាលចុះនៃប្រាក់យ៉េនបាននិងកំពុងទាក់ទាញប្រជាជនកូរ៉េខាងត្បូងឱ្យដកសាច់ប្រាក់ពីធនាគារក្នុងស្រុក ឬស្នើសុំប្រាក់កម្ចីពីធនាគារនានាក្នុងប្រទេសជប៉ុនដើម្បីទិញអចលនទ្រព្យ។

បណ្តាអ្នកវិនិយោគកូរ៉េត្រូវបានគេរំពឹងថា នឹងងាកទៅទិញអចលនទ្រព្យនៅក្នុងប្រទេសជប៉ុនក្នុងមួយរយៈពេលនេះ ដោយសារតែប្រាក់យ៉េនបានបន្តធ្លាក់ថ្លៃចុះ បើទោះបីជាធនាគារកណ្តាលជប៉ុន(BOJ)បានដំឡើងអត្រាការប្រាក់នាពេលថ្មីៗនេះយ៉ាងណាក្តី។

ពពុះនៃទីផ្សារលំនៅដ្ឋាន និងការដាក់ចេញបទប្បញ្ញត្តិដ៏តឹងរុឹងនៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងជំរុញឱ្យប្រជាជនកូរ៉េខាងត្បូងដើរចេញពីទីផ្សារក្នុងស្រុកឆ្ពោះទៅកាន់ទីផ្សារជប៉ុន។

លោក Kwon Dae-jung សាស្ត្រាចារ្យផ្នែកអចលនទ្រព្យនៅសាកលវិទ្យាល័យ Sogang បានលើកឡើងថា “អ្នកទិញប្រហែលជាមិនចង់បាត់បង់ឱកាសនៃការទិញអចលនទ្រព្យនៅក្នុងប្រទេសជប៉ុននោះទេ ព្រោះអចលនទ្រព្យនៅទីនោះមានតម្លៃសមរម្យ និងផ្តល់ប្រាក់ចំណេញខ្ពស់”។

យោងតាមទិន្នន័យបានបង្ហាញថា ជនជាតិកូរ៉េខាងត្បូងបានផ្ញើប្រាក់សរុបចំនួន៣៩,២លានដុល្លារទៅកាន់ប្រទេសជប៉ុនសម្រាប់ទិញអចលនទ្រព្យនៅទីនោះកាលពីឆ្នាំ២០២៤។ចំនួននេះមានការកើនឡើងជិត៣ដងបើធៀបនឹងចំនួន១៣,១លានដុល្លារក្នុងឆ្នាំ២០២៣។

ជាពិសេស ការផ្ទេរប្រាក់ទៅកាន់ប្រទេសជប៉ុនកាលពីឆ្នាំមុនបានគ្របដណ្តប់ចំណែក៩,៤ភាគរយនៃទំហំទឹកប្រាក់សរុប ដែលជនជាតិកូរ៉េខាងត្បូងបានផ្ញើទៅក្រៅប្រទេសសម្រាប់ការទិញអចលនទ្រព្យ។

អត្រានេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៧ឆ្នាំចុងក្រោយ។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង។

យោងតាមអ្នកជំនាញអចលនទ្រព្យមួយរូបទៀត ដែលសុំមិនបញ្ចេញឈ្មោះបានទម្លាយឱ្យដឹងថា តម្រូវការអចលនទ្រព្យរបស់ប្រទេសជប៉ុនអាចនឹងបន្តកើនឡើង ដោយសារការវិនិយោគអចលនទ្រព្យនៅជប៉ុនអាចទទួលបានប្រាក់ចំណេញខ្ពស់ និងមានតម្លៃសមរម្យជាងអចលនទ្រព្យនៅទីក្រុងសេអ៊ូល។

អ្នកជំនាញរូបនោះបាន​បន្ត​ថា​ “ជា​ឧទាហរណ៍ ការ​ទិញ​អាផាតមុិន​នៅក្នុង​សង្កាត់​ ដែល​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ផ្សារ​ទំនើប និង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​សេអ៊ូល ​ត្រូវ​ចំណាយ​ប្រាក់​ជាង១ពាន់​លាន​វ៉ុន(ប្រហែល៦៨៩.០០០ ដុល្លារ)”។

ផ្ទុយទៅវិញ ប្រជាជនកូរ៉េខាងត្បូងជាច្រើនអាចទិញយូនីតអាផាតមុិនបែបនេះក្នុងតម្លៃក្រោម១ពាន់លានវ៉ុននៅទីក្រុងតូក្យូ និងតំបន់ទីប្រជុំជនផ្សេងទៀតនៅប្រទេសជប៉ុន៕ប្រភព: Korea Times៕

តម្លៃហាងឆេងមាសបានធ្លាក់់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ដោយសារក្រុមអ្នកវិនិយោគមួយចំនួនបានលក់មាសចេញវិញដើម្បីទទួលបានប្រាក់ចំណេញ បន្ទាប់ពីតម្លៃមាសបានហក់ឡើងដល់កម្រិតជាង៣.០៥៧ដុល្លារក្នុងមួយអោន។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤ភាគរយដល់៣០៣២,០៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៥ភាគរយដល់៣០៣៩,២០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦២,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៣,៩៨ពិន្ទុនាព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៣,៨៥ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៥៥ភាគរយដល់៣៣,៨ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣៨ភាគរយដល់៩៨៨,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,១៣ភាគរយដល់៩៤៨,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក៕

អ្នកជំនាញអចលនទ្រព្យជើងចាស់៧រូបនឹងចែករំលែកពីបច្ចុប្បន្នភាពនិងឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យនៅចុងខែមិនានេះ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យជើងចាស់ចំនួន៧រូប នឹងធ្វើការចែករំលែកពីបច្ចុប្បន្នភាព និងឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យនៅថ្ងៃទី៣១ មិខាខាងមុខនេះ។

កម្មវិធីនេះ នឹងប្រារពធ្វើនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន(CJCC) ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១២នាទីរសៀល និងអនុញ្ញាត្តឲ្យអ្នកចាប់អារម្មណ៍ក្នុងវិស័យនេះ ចូលរួមដោយឥតគិតថ្លៃ។

វាគ្មិនសំខាន់ៗចូលរួមចែករំលែកបទពិសោធន៍ និងឱកាសទីផ្សារក្នុងពិធីនេះរួមមាន លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង លោកឧកញ៉ាសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកឧកញ៉ាចេង ខេងប្រធានក្រុមហ៊ុនអចលនទ្រព្យCPL លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd លោកស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ារៀលធី លោកសៅ ហុក អគ្គនាយកក្រុមហ៊ុនKRE ប្រចាំខេត្តព្រះសីហនុ លោកកែវ សុធារ៉ាអ្គនាយកក្រុមហ៊ុនKRE ប្រចាំខេត្តសៀមរាប។

កម្មវិធី “បច្ចុប្បន្នភាពនៃឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា” រៀបចំឡើងដោយបុរីវិមានសំណាង សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងកាលពីរាត្រីថ្ងៃទី១៨ មិនានេះថា គោលដៅនេះនៃកម្មវិធីនេះ ធ្វើឡើងដើម្បីអភិវឌ្ឍន៍ និងជួយដល់ទីផ្សារដីធ្លីនៅកម្ពុជា ស្របពេលឆ្នាំ២០២៥នេះ សញ្ញានៃការទិញ លក់ជួលបានងើបឡើងវិញ ធៀបជាមួយនឹងឆ្នាំ២០២៣ ២០២៤កន្លងមក។

លោកឧកញ៉ាបានបញ្ជាក់ថា “នៅពេលឃើញស្ថានភាពនៃការទិញ លក់ងើបឡើងវិញ បុរីវិមាន សំណាងបានអញ្ជើញថ្នាក់ដឹកនាំសមាគមCVEA រួមគ្នាធ្វើកម្មវិធីនេះ”។ លោកបន្ថែមថា “គោលដៅរបស់យើង គឺរួមគ្នាជម្រុញទីផ្សារ និងផ្តល់ព័ត៌មានវិជ្ជមាននៅក្នុងទីផ្សារនេះ”៕

ការព្យាករណ៍ថ្មី: វិស័យអចលនទ្រព្យ​នៅ​ប្រទេស​ចិន​នឹង​ងើបឡើងវិញនៅដើមឆ្នាំ២០២៦

ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារវិនិយោគខ្នាតយក្ស UBS Group របស់ប្រទេសស្វីស បានព្យាករណ៍ថា វិស័យអចលនទ្រព្យរបស់ប្រទេសចិននឹងស្ទុះងើបឡើងវិញលឿនជាងការរំពឹងទុកពីមុន ដែលជំរុញដោយសន្ទុះរបស់ទីផ្សារនៅតាមទីក្រុងធំៗ។

លោក John Lam ប្រធានផ្នែកស្រាវជ្រាវអំពីទីផ្សារអចលនទ្រព្យចិន និងហុងកុងនៅធនាគារ UBS រំពឹងថា “តម្លៃផ្ទះនៅប្រទេសចិននឹងវិលទៅរកស្ថិរភាពនៅដើមឆ្នាំ២០២៦ បើធៀបនឹងការព្យាករណ៍ពីមុនថា នឹងមានស្ថិរភាពនៅពាក់កណ្តាលឆ្នាំ២០២៦”។

លោកបានលើកឡើងពីទឡ្ហីករណ៍
ជាច្រើនដើម្បីគាំទ្រដល់ការអះអាងលើការព្យាករណ៍នេះ រួមមានដូចជា កំណើននៃការទិញផ្ទះប្រភេទទី២នៅទីក្រុងលំដាប់ទី១ និងទីក្រុងលំដាប់ទី២កាលពីខែកុម្ភៈ ការកើនឡើងនៃការលក់ដី ដែលមានតម្លៃថ្លៃកប់ពពក និងស្ថិរភាពនៃចំនួនផ្ទះដែលបានចុះបញ្ជីថ្មី។

លោកបានបន្តថា សញ្ញាស្រដៀងគ្នានេះធ្លាប់បានកើតមាន នៅពេលដែលប្រទេសចិនបានងើបចេញពីការដាំក្បាលចុះនៃវិស័យអចលនទ្រព្យនៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥។

បច្ចុប្បន្ន បណ្តាអ្នកអភិវឌ្ឍន៍នៅទីក្រុងលំដាប់ទី១ ត្រូវចំណាយពេលជាមធ្យមចំនួន១៤ខែ ដើម្បីលក់លំនៅដ្ឋានដែលមានស្រាប់ឱ្យអស់ពីស្តុក ដែលជាកម្រិតរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៥។នេះបើយោងតាមលោក Lam។

ការណ៍នេះអាច​ជំរុញ​ឱ្យ​បណ្តាអ្នក​អភិវឌ្ឍន៍​អចលនទ្រព្យនានាងាកទៅទិញដី​បន្ថែមទៀតដើម្បីសាងសង់​អគារអាផាតមុិន​ប្រកបដោយគុណភាព​ល្អប្រសើរជាង​មុន​ដើម្បី​ដាក់លក់​ក្នុង​តម្លៃ​ខ្ពស់​៕ប្រភព: Bloomberg៕

ក្រុមហ៊ុនMitsui &Coបង្ហាញបំណងវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាណា

ភ្នំពេញៈ តបតាមសំណើរបស់តំណាងក្រុមហ៊ុន Mitsui &Co.លោកឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាជិកតុជប៉ុនបានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Mitsui &Co. ដឹកនាំដោយលោក Takuma Yatsui។

ជាកិច្ចចាប់ផ្តើម លោកទីប្រឹក្សា បានស្វាគមន៍តំណាងក្រុមហ៊ុន Mitsui &Co. ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច សិក្សាយល់ពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។

លោកបានជម្រាបជូនតំណាងក្រុមហ៊ុន Mitsui &Co. ដោយសង្ខេបអំពីរចនាសម្ព័ន្ធ គ្រប់គ្រងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ច្បាប់ស្តីពីការវិនិយោគកម្ពុជា សក្តានុពលតាមវិស័យ និងវឌ្ឍនភាពនៃវិនិយោគជប៉ុននៅកម្ពុជា។

លោកបានស្នើដល់លោក Takuma Yatsui ធ្វើការពិចារណាចំពោះការវិនិយោគនៅកម្ពុជា ។

ជាការឆ្លើយតបលោក Takuma Yatsui បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការវិនិយោគផ្នែកកសិឧស្សាកម្ម ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងការកែច្នៃជ័រកៅស៊ូនៅក្នុងប្រទេសកម្ពុជាផងដែរ។ តំណាងក្រុមហ៊ុន Mitsui &Co. ក៏បានលើកឡើងផងដែរថាកម្ពុជាជាប្រទេសសក្តានុពលមួយ ក្នុងចំណោមបណ្តាប្រទេសតំបន់ អាស៊ីអាគ្នេយ៍ ជាពិសេសសម្រាប់អ្នកវិនិយោគជប៉ុន មកធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

អ្នកធុរកិច្ចឥណ្ឌាចំនួន១២ក្រុមហ៊ុនបង្ហាញចំណាប់អារម្មណ៍ វិនិយោគនៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកហួត ហាក់ អនុញ្ញាតជូនប្រតិភូធុរកិច្ចជនឥណ្ឌា ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីផែនការវិនិយោគនៅកម្ពុជា។

ក្នុងជំនួបកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនប្រតិភូធុរជនមកពីឥណ្ឌា ចំនួន៣ស្ថាប័នពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនពហុវិស័យចំនួន១២ក្រុមហ៊ុន រួមមានសភាពាណិជ្ជកម្មឥណ្ឌា ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនពីលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ពីសក្តានុពលវិនិយោគ និងទេសចរណ៍នៅកម្ពុជា។

ប្រតិភូបានលើកឡើងពីចំណាប់អាម្មរណ៍ជារួម អំពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពដ៏ល្អដែលកម្ពុជាមាន ព្រ​ម​ទាំងសក្តានុពលវិនិយោគ និងទេសចរណ៍ ជាកត្តាសំខាន់ដែលជំរុញ​ឱ្យសមាជិកសមាជិកាប្រតិភូអញ្ជើញ មកធ្វើទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីធ្វើការបោះទុនវិនិយោគតាមវិស័យរបស់ខ្លួនម្នាក់ៗ។

លើសពីនេះទៀត ប្រតិភូក៏បានកោតសរសើរ អំពីសក្តានុពលដ៏សំបូរបែបនៃទេសចរណ៍កម្ពុជា ពិសេសគឺប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀត នៅក្នុងខេត្តសៀមរាប ដោយបានបេ្តជ្ញាពាំនាំនូវភាពអច្ឆរិយៈ នៃបេតិកភណ្ឌទាំងអស់នេះដល់ក្រុមគ្រួសារ សហការី និងប្រជាពលរដ្ឋឥណ្ឌាទាំងអស់ ឱ្យអញ្ជើញមកទស្សនាកម្ពុជាឱ្យបានមួយដងក្នុងមួយជីវិត៕

ក្រុមហ៊ុនAir Asiaបង្ហាញឆន្ទៈពង្រីកជើងហោះហើរត្រង់មកកាន់ កម្ពុជា

ដោយៈ និស្ស័យ

ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍Air Asiaបានបង្ហាញឆន្ទៈពង្រីកជើងហោះហើរត្រង់ និងពង្រីកទាំងតាំងហោះហើរតភ្ជាប់មកកាន់កម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងកាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

នៅក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានសម្តែងសេចក្តីសោមនស្សរីករាយ និងមានមោទនភាព ដែលដែលក្រុមហ៊ុន AirAsia បានវិនិយោគនៅកម្ពុជា។

លោកបានបញ្ជាក់ថា “កម្ពុជាគឺជាប្រទេសដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអាកាសចរណ៍”។​

លោកនាយកប្រតិបត្តិជឿជាក់ថា តាមរយៈការសាងសង់អាកាសយានដ្ឋានចំនួនបី នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ចំនួនអ្នកធ្វើដំណើរនិងភ្ញៀវទេសចរ មកកាន់កម្ពុជានឹងកើនឡើងជាលំដាប់ នាពេលខាងមុខ។ ទន្ទឹមនោះ លោកនាយកប្រតិបត្តិ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការតភ្ជាប់អ្នកដំណើរ និងភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។

សម្ដេចបវរធិបតីហ៊ុន ម៉ាណែតបានអបអរសាទរ ចំពោះការរីកចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន AirAsia នៅកម្ពុជា និងបានបញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនAirAsiaបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ អំពីការដាក់ចេញនូវយន្តការ និងវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលមានប្រតិបត្តិការនៅកម្ពុជា។

សម្ដេចបវរធិបតីហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Air Asia ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា៕

ក្រុមហ៊ុនផលិតខោខូវប៊យចិនគ្រោងបង្កើតរោងចក្រនៅជិតរាជធានីភ្នំពេញក្នុងឆ្នាំ២០២៥នេះ

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនផលិតទំនិញវាយនភ័ណ្ឌ Panther Denim របស់ប្រទេសចិនបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវខោខូវប៊យដែលមានគុណភាពខ្ពស់សម្រាប់ទីផ្សារក្នុងស្រុករបស់ខ្លួន និងពង្រីកអាជីវកម្មមួយនេះទៅក្រៅប្រទេស។

បច្ចុប្បន្ន ក្រុមហ៊ុន Panther Denim មានសមត្ថភាពផលិតក្រណាត់អំបោះ ក្រណាត់ប៉ាក់ និងក្រណាត់បោះពុម្ពជាច្រើនក្នុងមួយឆ្នាំៗ និងមានបុគ្គលិកជាង២.០០០នាក់នៅទូទាំងពិភពលោក។

ជាមួយគ្នានោះ ក្រុមហ៊ុន Panther Denim គ្រោងឈានជើងចូលទីផ្សារកម្ពុជានៅចុងឆ្នាំ២០២៥នេះ តាមរយៈការបង្កើតរោងចក្រថ្មីមួយនៅជិតរាជធានីភ្នំពេញ ដោយផ្តោតលើការផលិតថាមពលកកើតឡើងវិញ និងការកែច្នៃកាកសំណល់ឡើងវិញ។

លោក Tim Huesemann នាយកផ្នែកលក់នៅក្រុមហ៊ុន Panther Denim បានចាត់ទុកគម្រោងបង្កើតរោងចក្រនៅកម្ពុជាថា ជារោងចក្រប្រកបដោយនិរន្តរភាពបំផុតមួយក្នុងចំណោមរោងចក្រនិរន្តរភាពផ្សេងទៀតរបស់ក្រុមហ៊ុន Panther Denim។

លោក Huesemann បានកត់សម្គាល់ថា “ការផ្គត់ផ្គង់កម្លាំងពលកម្មនៅប្រទេសកម្ពុជាមានស្ថិរភាពល្អប្រសើរ មិនដូចបណ្តាប្រទេសអាស៊ានមួយចំនួន ដែលកំពុងជួបប្រទះបញ្ហាកង្វះកម្លាំងពលកម្ម និងការកើនឡើងនូវថ្លៃដើមប្រតិបត្តិការ”។

លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា “ប្រទេសកម្ពុជាមានសក្តានុពលដ៏ធំធេងសម្រាប់ការផលិតខោខូវប៊យ។ប្រតិបត្តិការរបស់យើងនៅក្នុងប្រទេសកម្ពុជានឹងមានភាពឯករាជ្យពីរោងចក្រនៅប្រទេសចិន ដោយធានាថា ផលិតកម្មដែលមានស្រាប់របស់យើងនឹងមិនរងផលប៉ះពាល់”។

កិច្ចព្រមព្រៀងពាណិជ្ជកម្មជាកត្តាដ៏សំខាន់មួយទៀត ដែលនាំឱ្យក្រុមហ៊ុន Panther Denim សម្រេចចិត្តឈានជើងចូលទីផ្សាររបស់កម្ពុជា។

កិច្ចព្រមព្រៀងទាំងនេះរួមមានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនឹងលើកកម្ពស់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាស៊ី។

ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងកាត់បន្ថយ ឬលុបបំបាត់របាំងពន្ធគយលើការដោះដូរទំនិញរវាងប្រទេសទាំងពីរ ដោយជំរុញពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរឹងមាំ។

លោក Huesemann បានបន្ថែមថា “ការពង្រីកខ្លួននៅក្នុងប្រទេសកម្ពុជាផ្តល់ឱ្យយើងនូវឱកាសដើម្បីទាញយកសក្តានុពលពីទីផ្សារ ដែលកំពុងរីកចម្រើន និងបន្តផ្តល់អាទិភាពដល់និរន្តរភាព និងការច្នៃប្រឌិតនៅលើគ្រប់ទិដ្ឋភាពអាជីវកម្មរបស់យើង”៕ប្រភព: Yahoo Finance៕

ទីផ្សារអចលនទ្រព្យរបស់ទីក្រុងហ្សាការតាបន្តមានសន្ទុះរីកចម្រើន ទោះបីជាមានភាពមិនប្រាកដប្រជាជាសកល

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេសុីបង្ហាញពីភាពធន់ ស្របពេលដែលមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភាពមិនច្បាស់លាស់ជាសកល។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL បានព្យាករណ៍ថា ទីផ្សារការិយាល័យនៅទីក្រុងហ្សាការតានឹងបន្តទទួលបានអត្ថប្រយោជន៍ ស្របពេលដែលបណ្តាក្រុមហ៊ុននានាកំពុងស្វែងរកបន្ទប់ការិយាល័យមានគុណភាពខ្ពស់ និងការផ្អាកការផ្គត់ផ្គង់អគារការិយាល័យថ្មីៗ ដែលនាំឱ្យតម្លៃជួលមានស្ថិរភាព។

ជាក់ស្តែង អត្រាគ្របដណ្តប់ការជួលការិយាល័យគ្រប់កម្រិតទាំងអស់នៅទីក្រុងហ្សាការតា(Occupancy Rate)បានស្ថិតក្នុងរង្វង់ជាមធ្យមប្រហែល៧០ភាគរយ។នេះបើយោងតាមគេហទំព័រក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL។

ចំពោះទីផ្សារលំនៅដ្ឋាន ក្រុមហ៊ុន JLL អះអាងថា បណ្តាអ្នកទិញយូនីតខុនដូភាគច្រើនបន្តចាប់អារម្មណ៍លើគម្រោងស្ថិតនៅក្នុងទីតាំងសំខាន់ៗ ដែលមិនសូវមានការប្រកួតប្រជែងខ្លាំងក្លា និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យប្រើប្រាស់ចម្រុះ(Mixed-use) ដែលស្ថិតនៅជិតប្រព័ន្ធដឹកជញ្ជូនសាធារណៈ។

ទន្ទឹមនឹងនេះ តម្រូវការលំនៅដ្ឋានជាប់ដី(Landed Home) ដែលមានតម្លៃក្រោម២ពាន់លានរូពៀ(ប្រហែល១២១.០១៨ដុល្លារអាមេរិក)ក្នុងមួយយូនីតត្រូវបានគេរំពឹងថា នឹងនៅតែបន្តមានសភាពរឹងមាំល្អប្រសើរ។

តម្រូវការនេះនឹងត្រូវបានជំរុញបន្ថែមទៀត ខណៈរដ្ឋាភិបាលឥណ្ឌូនេសុីបានប្រកាសលើកលែងអាករលើតម្លៃបន្ថែម(VAT) ចំពោះការទិញលំនៅដ្ឋានដែលមានតម្លៃក្រោម២ពាន់លានរូពៀ រហូតដល់ខែមិថុនា ឆ្នាំ២០២៥។

ចំពោះទីផ្សារអចលនទ្រព្យបែបឧស្សាហកម្ម ក្រុមហ៊ុន JLL បានវាយតម្លៃថា ការជួលឃ្លាំងស្តុកទំនិញទំនើបអាចប្រឈមមុខនឹងសម្ពាធនៃការផ្គត់ផ្គង់ថ្មី ជាពិសេសនៅភាគខាងកើតនៃទីក្រុងហ្សាការតា។ ចំណែក ដីឧស្សាហកម្មនឹងបន្តទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគបរទេស ដោយសារឥទ្ធិពលនៃយុទ្ធសាស្ត្រចិនបូក១ ឬ “China+1”។

ដោយឡែក កង្វះបន្ទប់សណ្ឋាគារថ្មីៗនៅក្នុងទីក្រុងហ្សាការតាសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់តម្លៃស្នាក់នៅ និងប្រាក់ចំណេញរបស់ម្ចាស់អាជីវកម្មសណ្ឋាគារ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL៕ប្រភព: JLL៕

Panther Denim Expands Operations into Cambodia, Growing Global Footprint

Since 1986, fully integrated textile manufacturing company Panther Denim has been committed to delivering high-quality denim in its home market of China.

Following decades of success domestically, Panther Denim eventually incorporated Tat Fung Textile Co. as a subsidiary in 2010 to manage its growing international business. This “strategic move” helped Panther expand beyond its core market and meet the increasing global demand for denim, the company noted.

Fast-forward to today, and Panther Denim now produces over 60 million yards of denim fabric, 36 million yards of piece-dyed fabric and 12 million yards of printed fabric per year and employs more than 2,000 people worldwide.

“We have been leveraging our expertise as a denim producer for decades to develop a denim supply chain that goes beyond basic offerings,” said Tim Huesemann, sales director at Panther Denim. “Our goal is to create a sustainable denim supply chain that delivers both quality and innovative products.”

Continuing its rapid growth, Panther Denim plans to keep scaling its operations, starting with a Cambodia expansion. Toward the end of 2025, the company will unveil a new factory near Phnom Penh—the capital of Cambodia—designed with a focus on renewable energy, recycling and a closed-loop waste system, which Huesmann describes as “one of our most sustainable factories.”

While China remains a dominant player in both denim manufacturing and consumption, Huesemann noted that Cambodia offers a “stable workforce supply,” unlike some Southeast Asian countries struggling with labor shortages and rising
operational costs.

“Cambodia has significant potential for growth in denim production,” Huesemann said. “Our operations in Cambodia will be independent of our China facility, ensuring that our existing production remains unaffected.”

Source: Yahoo Finance