ចំណេះដឹង​! តើ​ការនាំចូល​ផលិតផល​ពីក្រៅ​ប្រទេស​មកកាន់​កម្ពុជា​មាន​នីតិវិធី​ដូចម្ដេច​ខ្លះ​ ?

ដោយ​ ៖ វុត្ថា​

ភ្នំពេញ​៖ ទំនិញ​នាំចូល​ទាំងអស់​ត្រូវ​បាន​រាយការណ៍​នៅ​ការិយាល័យ​គយ​ ឬ ទីកន្លែង​ផ្សេងទៀត​ទៅតាម​ការកំណត់​ របស់​នាយក​ទីចាត់ការ​គយ​និង​រដ្ឋាករ​។

រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ត្រូវ​ចេញប្រកាស​កំណត់​ ពេលវេលា​ របៀបរបប​តម្រូវការ​ឯកសារ​ កាលៈទេសៈ​ និង​ការលើកលែង​នានា​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​ ពី​ទំនិញ​នាំចូល​ (មាត្រា​ ១០​)។

យោង​តាម​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋ​ករ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ គ្មាន​ជន​ណា​ម្នាក់​អាច​រើ​ទំនិញ​ចេញពី​មធ្យោបាយ​ដឹកជញ្ជូន​ពេល​មកដល់​កម្ពុជា​បានទេ​ មុន​ពេល​ដែល​ ទំនិញ​ទាំងនេះ​ត្រូវ​បាន​រាយការណ៍​ដល់​គយ​ស្របតាម​ច្បាប់​នេះ​ លើកលែងតែ​ក្នុងករណី​ដែល​សុវត្ថិភាព​ មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​ ជន​នានា​លើ​មធ្យោបាយ​ដឹកជញ្ជូន​ ឬ តតិយជន​ផ្សេងទៀត​ត្រូវ​បាន​គំរាម​ កំហែង​ក្នុង​ល័ក្ខខ័ណ្ឌ​មាន​អាសន្ន​ ដូច​ចែង​ក្នុង​ប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ (មាត្រា​ ១២​)។

រដ្ឋបាល​គយ​អាច​អនុញ្ញាត​ឲ្យ​ទំនិញ​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១០​ នៃ​ច្បាប់​នេះ​យកចេញ​ពី​កន្លែង​បំពេញ​ បែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​មុន​ពេល​បង់ពន្ធ​ អាករ​ និង​កម្រៃ​នានា​បន្ទាប់ពី​បាន​បំពេញ​ទម្រង់ការ​គយ​រួច​ និង​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​គយ​ក្នុង​គោលបំណង​៖ ធ្វើ​សន្និធិ​គយ​បណ្តោះអាសន្ន​ ធ្វើ​សន្និធិ​គយ​មាន​ដែន​កំណត់​ ដឹកជញ្ជូន​បន្ត​ក្នុងរង្វង់​ ឬតាម​ដែន​គយ​ ឆ្ពោះ​ទៅ​គម្យ​ដ្ឋាន​តាមតម្រាយ​ផ្លូវស្រប​ច្បាប់​ និង​ក្នុងរយៈពេល​កំណត់​ដោយ​គយ​រួមមាន​ ការ​ឆ្លងកាត់​ ការផ្ទេរ​មធ្យោបាយ​ដឹកជញ្ជូន​ ឬ ការ​ដឹកជញ្ជូន​ឆ្ពោះទៅ​កាន់​ មក​ពី​ ឬ រវាង​ការិយាល័យ​ និង​ភណ្ឌាគារ​គយ​នានា​ (មាត្រា​ ១៣​)។

ទំនិញ​នាំចូល​ទាំងឡាយ​ អាច​ទទួល​បានការ​អនុញ្ញាត​ដោយ​រដ្ឋបាល​គយ​ឲ្យ​យកចេញ​តាម​របប​ ប្រវេសន៍​កាលិក​ ប្រសិនបើ​ក្នុង​ពេល​នាំចូល​អាច​ត្រូវ​បាន​បង្ហាញថា​ទំនិញ​ទាំងនោះ​នឹង​ត្រូវ​នាំចេញ​ទៅវិញ​។ ទំនិញ​នាំចូល​បណ្តោះអាសន្ន​ ត្រូវ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​គយ​ រហូតដល់​ពេល​ដែល​ល័ក្ខ​ខ័ណ្ឌ​ផ្សេង​ៗ តាម​របប​ប្រវេសន៍​កាលិក​ត្រូវ​បាន​បំពេញ​រួច​ (មាត្រា​ ១៥​)៕

ផ្លូវជាតិ​សំខាន់​ចំនួន​ ២ខ្សែ​ នឹង​ចាប់ផ្តើម​ស្ថាបនា​ឡើងវិញ​នៅ​ចុងឆ្នាំ​នេះ​

ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សា​ធា​ណៈ​ការ​ និង​ដឹកជញ្ជូន​ នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវជាតិ​សំ​ខាន់​ៗចំនួន​ ២ ខ្សែ​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ នៅ​ចុងឆ្នាំ​ ២០១៩​នេះ​ ខណៈ​គម្រោង​ទាំងពីរ​ត្រូវ​បាន​អនុម័ត​។

១) គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវជាតិ​លេខ​២

គម្រោង​ផ្លូវជាតិ​លេខ២​ និង​លេខ២២​ គ្រោង​នឹង​បើក​ការដ្ឋាន​ធ្វើឡើង​ក្នុង​អំឡុង​ខែវិច្ឆិកា​ ឬខែធ្នូ​ខាងមុខនេះ​ ដោយ​បាន​ត្រៀម​ទឹកប្រាក់​ចំនួន​ទឹកប្រាក់​សរុប​ ៥៦លាន​ ១០ម៉ឺន​ដុល្លារ​ បន្ទាប់ពី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ធនាគារ​នីហរ័ណ​អាហរ័ណ​កូរ៉េ​ (Export​-Import​ Bank​ of​ Korea​) នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ (EDCF​) បាន​ចុះ​កិច្ចសន្យា​ជាមួយគ្នា​កា​លពីន្លង​មកនេះ​។

ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ២​ និង​លេខ២២នេះ​ នឹង​ធ្វើឡើង​ក្នុង​អំឡុង​ខែវិច្ឆិកា​ ឬខែធ្នូ​ខាងមុខនេះ​ ដោយ​បាន​ត្រៀម​ទឹកប្រាក់​ចំនួន​ទឹកប្រាក់​សរុប​ ៥៦លាន​ ១០ម៉ឺន​ដុល្លារ​។ក្នុង​នោះ​ថវិកា​គ្រោង​សម្រាប់​ការសាងសង់​ (Civil​ Works​) មាន​ចំនួន​ ៤៣លាន៦សែន១ពាន់​ដុល្លារ​ និង​ថវិកាបម្រុង​ (Cortingencies​) មាន​ចំនួន​ ៨លាន​ ៩ម៉ឺន១ពាន់​ដុល្លារ​។

គម្រោង​នេះ​ ឆ្លងកាត់​រាជធានី​-ខេត្ត​ចំនួន៣រួមមាន​ រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ និង​ខេត្តតាកែវ​ មាន​ប្រវែង​ផ្លូវ​ជាង​ ៧២គីឡូម៉ែត្រ​ «គម្រោង​ផ្លូវជាតិ​លេខ២​ ចាប់ផ្តើម​ពី​រង្វង់​មូល​តាខ្មៅ​ (ស្ថិត​ក្នុង​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​) ដល់​រង្វង់​មូល​អូរ​ចំបក់​ (ស្ថិត​ក្នុង​ក្រុង​ដូនកែវ​ ខេត្តតាកែវ​) និង​ផ្លូវជាតិ​លេខ២២​ ពី​រង្វង់​មូល​អូរ​ចំបក់​ ដល់​ផ្លូវជាតិ​លេខ៣​ ត្រង់​ផ្សារ​អង្គតាសោម​»។

គម្រោង​នេះ​ ត្រូវ​បាន​បែងចែក​ជា​ ៣កំណាត់​ផ្លូ​វធំៗ​មាន​ដូចជា​ កំណាត់​ទី១​ ចាប់ផ្តើម​ចេញពី​រង្វង់​មូល​តាខ្មៅ​ ដល់​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ​ ដែល​មាន​ប្រវែង​ ៨,៧៤គីឡូម៉ែត្រ​ កំណាត់​ទី២​ ចាប់ផ្តើម​ចេញពី​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ​ ដល់​រង្វង់​មូល​អូរ​ចំបក់​ ដែល​មាន​ប្រវែង​ ៥៣,៨១៩គីឡូម៉ែត្រ​ ស្ថិត​ក្នុង​តំបន់ជនបទ​ និង​កំណាត់​ទី៣​ ចាប់ផ្តើម​ពី​រង្វង់​មូល​អូរ​ចំបក់​ ដល់​ផ្សារ​អង្គតាសោម​ (ផ្លូវជាតិ​លេខ២២​) ដែល​មាន​ប្រវែង​ ៩,៦១១​ គ.ម​ ស្ថិត​ក្នុង​តំបន់ជនបទ​។

២) គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​១០

​ផ្លូវជាតិ​លេខ១០ប្រវែង ១៩៣គីឡូម៉ែត្រ​ នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ នៅ​ចុងឆ្នាំ​នេះ​។ ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ១០នេះ​ នឹង​ត្រូវ​ធ្វើឡើង​រួមគ្នា​នឹង​ពិធីសម្ពោធ​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ៥៥​ ក្រោម​អធិបតី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ។ ផ្លូវជាតិ​លេខ១០​ មាន​ប្រវែង១៩៣​ គីឡូម៉ែត្រ​ ដែល​តភ្ជាប់​ចេញពី​ស្រុក​សំឡូត​នៃ​ខេត្តបាត់ដំបង​ ទៅ​ខេត្តកោះកុង​ ដោយ​ឆ្លងកាត់​ស្រុក​វាលវែង​ ខេត្តពោធិ៍សាត់​ ។ បើ​តាម​លោក​ ស៊ុន​ ចាន់​ថុល​ គម្រោង​ផ្លូវ​មួយ​ខ្សែ​នេះ​ នេះ​ មាន​សក្ដានុពល​​សម្រាប់​ការ​ដឹកជញ្ជូន​ ហើយ​ទទួល​បាន​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ចិន​ប្រមាណ​ ១៨៣​ លាន​ដុល្លារ​អាមេរិក​សម្រាប់​ការសាងសង់​៕

ចរាចរណ៍​ទំនិញ​រវាង​កម្ពុជា​ និង​ថៃ​នៅ​ព្រំដែន​ស្រះ​កែវ​មាន​ទឹកប្រាក់​ជិត​ ៣១១ពាន់​លាន​បាត

​ដោយ​ ប៊ី​

ភ្នំពេញ​៖ ចរាចរណ៍​ទំនិញ​រវាង​ថៃ​ និង​កម្ពុជា​នៅ​ព្រំដែន​ស្រះ​កែវ​ក្នុង​ឆ្នាំ​ ២០១៩​ បាន​ឈាន​ដល់​ទឹកប្រាក់​ជាង​ចំនួន​ ៣១០,៥​ ពាន់​លាន​បាត​កើនឡើង​ប្រមាណ​ ២០​ ពាន់​លាន​បាត​ពីឆ្នាំ​មុន​នៅ​ នៅ​ស្រះ​កែវ​។ នេះ​បើ​យោង​តាម​លោក​ On​ Unthaweesup​ មន្រ្តី​គយ​អារញ្ញ​ប្រា​ថេ​តបាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃ​កាលពី​ពេល​ថ្មី​ៗនេះ​។

លោក​បាន​មានប្រសាសន៍​ថា​ “ការនាំចេញ​របស់​ថៃ​មក​កម្ពុជា​មាន​ចំនួន​ ៨៧,៥៣​ ពាន់​លាន​បាត​ (១បាត​ ស្មើនឹង​ ០.០៣៣​ ដុល្លារ​) ខណៈ​ដែល​ការនាំចូល​មាន​ចំនួន​ ១៦,០២​ ពាន់​លាន​បាត​”។ ផលិតផល​កំពូល​ទាំង​ ៥ ដែល​នាំចេញ​ទៅកាន់​ទីផ្សារ​កម្ពុជា​គឺ​ភេសជ្ជៈ​ដែល​មិន​មាន​ជាតិកា​បូ​ណាត​ ឡាន​ ម៉ូតូ​ គ្រឿងបន្លាស់​ម៉ូតូ​ និង​ម៉ាស៊ីន​។

ផលិតផល​កំ​ពូល​ៗទាំង​ ៥ ដែល​នាំចូល​ពី​កម្ពុជា​គឺ​ដំឡូងមី​ គ្រឿងបន្លាស់​ម៉ូតូ​ ផលិត​ពី​អាលុយមីញ៉ូម​ អេតចាយ​អាលុយមីញ៉ូម​ បំណែក​ស្ពាន់​ និង​អាហារ​ឆ្កែ​។

លោក​ On​ បាន​ថ្លែង​ថា​ “កត្តា​ទាំង​បី​សម្រាប់​ការ​កើនឡើង​តម្លៃ​ទំនិញ​ឆ្លងកាត់​ព្រំដែន​នេះ​គឺ​ការ​កើនឡើង​នៃ​អំណាច​ទិញ​របស់​ពលរដ្ឋ​កម្ពុជា​ ការប្រើ​ប្រាស់​ព្រំដែន​សម្រាប់​ទំនិញ​ចុងក្រោយ​សម្រាប់​ប្រទេស​វៀតណាម​ និង​ភាព​ងាយស្រួល​នៃ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ចាប់តាំងពី​ការពង្រីក​ច្រក​ទ្វារ​ព្រំដែន​លោក​បាន​កៅ​ឌីន​” ។

លោក​ បាន​បន្ថែម​ថា​ តម្លៃ​ទីផ្សារ​នឹង​មានការ​កើនឡើង​បន្ថែម​ទៀត​បន្ទាប់ពី​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​ Ban​ Nong​ Ian​។ ច្រកព្រំដែន​ Ban​ Nong​ Ian​ នៅ​ខាង​ថៃ​ត្រៀម​បើក​ ប៉ុន្តែ​យើង​ត្រូវ​រង់ចាំ​ការស្ថាបនា​ផ្លូវ​តភ្ជាប់​ និង​ស្ពាន​នៅ​ខាង​កម្ពុជា​ដើម្បី​បញ្ចប់​ការប្រើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ពេញលេញ​”៕

សម្តេច​តេជោ​ពន្យល់​ពី​មូលហេតុ​នៃ​ការ​បិទ​កាស៊ីណូ​អន​ឡា​ញនៅ​កម្ពុជា​

ដោយ​ ប៊ី​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ថ្លែង​ទៅកាន់​អ្នក​វិនិយោគ​ចិន​នៅ​ថ្ងៃនេះ​ថា​ ការ​បិទ​កាស៊ីណូ​អន​ឡាញ​ ដោយសារតែ​ការ​ស៊ី​ណូ​អន​ឡា​ញនេះ​ទទួល​បាន​ពន្ធ​តិចតួច​ ហើយ​នាំមក​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា​ឧក្រិដ្ឋ​កម្ម​ និង​ការ​លាងលុយកខ្វក់​ជាដើម​។

ប្រសាសន៍​ទាក់ទង​នឹង​មូលហេតុ​នាំ​ឱ្យ​បិទ​កាស៊ីណូ​អន​ឡា​ញនេះ​ បាន​ធ្វើឡើង​ក្នុង​ពេល​សម្តេច​តេជោ​ ហ៊ុន​ សែន​ អនុញ្ញាត​ឱ្យ​អ្នក​វិនិយោគ​ចិន​មានត្រកូល​ «ហ៊ុន​» ប្រមាណ​ ៤០នាក់​ ចូល​ជួប​សម្តែង​ការគួរសម​ និង​សំណេះសំណាល​ការងារ​នៅ​ព្រឹក​ថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ២០១៩នេះ​ នៅ​វិមាន​សន្តិភាព​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ប្រាប់​អ្នក​វិនិយោគ​ចិន​ទាំងនោះ​ថា​ ប្រទេស​កម្ពុជា​ដ្បិត​ប្រកាន់យក​នូវ​របប​ទីផ្សារសេរី​ តែ​សេដ្ឋកិច្ច​កម្ពុជា​មិន​ពឹងផ្អែក​លើ​ល្បែង​នោះ​ឡើយ​។ មួយវិញទៀត​កម្ពុជា​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​អ្នក​វិ​និ​យោ​គធំៗ​ និង​វិ​ស័យ​ផ្សេង​ៗជំនួស​វិញ​។

រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៩កន្លងទៅ​ បាន​ចេញ​សារា​ចរណ៍​បិទ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និច​ តាម​រយៈ​អ៉ិន​អើ​ណេត​អន​ឡា​ញក្នុង​ និង​ក្រៅប្រទេស​គ្រប់​ប្រភេទ​ និង​គ្រប់រូប​ភាព​។

ក្នុង​សារា​ចរណ៍​បាន​បង្ហាញ​ការ​បិទ​នេះ​ បន្ទាប់ពី​បាន​ពិនិត្យ​ឃើញថា​ មាន​ឧក្រិដ្ឋជន​បរទេស​មួយចំនួន​ បាន​ជ្រក​ក្រោម​រូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ​ ធ្វើសកម្មភាព​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ​ និង​របៀបរៀបរយ​ក្នុង​សង្គម​។

ក្រសួង​ការបរទេស​ចិន​លោក​ Geng​ Shuang​ បាន​លើកឡើង​នូវ​សំណួរ​មួយចំនួន​ទាក់ទង​នឹង​សេចក្តី​ប្រកាស​របស់​កម្ពុជា​នា​ពេល​ថ្មី​ៗនេះ​ដែល​ថា​ ខ្លួន​នឹង​បញ្ឈប់​កម្មវិធី​ផ្តល់​អាជ្ញាប័ណ្ណ​ល្បែងស៊ីសង​តាម​អ៊ិ​នធើ​ណេត​ ក៏ដូចជា​ហ្វីលីពីន​ប្រកាស​ផ្អាក​ក្នុង​ការ​ចេញ​អាជ្ញាប័ណ្ណ​លេងល្បែង​អន​ឡាញ​ថ្មី​។

លោក​ Geng​ បាន​និយាយ​ថា​ ចិន​សូម​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការសម្រេច​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ហាមឃាត់​ការ​លេងល្បែង​តាម​អ៊ិ​នធើ​ណេត​ដោយ​ផ្អែកលើ​ជំនឿ​របស់ក្រ​សួង​ថា​ វា​នឹង​ជួយការ​ពារ​ផលប្រយោជន៍​របស់​កម្ពុជា​ និង​ចិន​ព្រមទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ពង្រឹង​ច្បាប់​ និង​ទំនាក់ទំនង​មិត្តភាព​របស់​ប្រទេស​ទាំងពីរ​៕

សេដ្ឋកិច្ច​ឌីជីថល​ឥណ្ឌូ​នេ​ស៊ី​ និង​វៀតណាម​ហក់​ឡើង​​ខ្លាំង​

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ សេដ្ឋ​កិ​ច្ច​អ៊ី​នធឺ​ណេត​ឥណ្ឌូ​នេ​ស៊ី​នឹង​កើនឡើង​ដល់​ ១៣០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៥​។ នេះ​បើ​យោង​តាម​របាយ​កា​រណ៍​ថ្មី​ៗនេះ​ចេញផ្សាយ​ដោយ​ Google​ LLC​ ។

សេដ្ឋ​កិ​ច្ច​អ៊ី​នធឺ​ណេត​របស់​ឥណ្ឌូ​នេ​ស៊ី​បាន​កើនឡើង​ ៤ ដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៥​ ដែល​ស្មើនឹង​ ៤០​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១​៩។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ Google​ ដែល​មានឈ្មោះ​ថា​“ e-Conomy​ SEA​ 2019​។

របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា​ “ក្នុងនាម​ជា​សេដ្ឋ​កិ​ច្ច​អ៊ី​នធឺ​ណេត​ដែល​រីក​លូតលាស់​ និង​រីក​លូតលាស់​លឿន​បំផុត​នៅក្នុង​តំបន់​ ឥណ្ឌូ​នេ​ស៊ី​កំពុង​ដើរ​លើ​ផ្លូវ​ដែល​អាច​ទទួល​បាន​ទឹកប្រាក់​ ១៣០​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៥​”។ ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​កំពុង​នាំមុខ​គេ​ជាថ្មី​ម្តង​ទៀត​នៅ​ឆ្នាំនេះ​ ហើយ​គ្រោង​នឹង​ទទួល​បាន​ទឹកប្រាក់​វិនិយោគ​ ៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​ ។

នេះ​បើ​តាម​របាយការណ៍​របស់​ក្រុម​ហ៊ុន​ឥណ្ឌូ​នេ​ស៊ី​ Bukalapak​ ក្រុមហ៊ុន Gojek​ ក្រុមហ៊ុន​ Tokopedia​ និង​ក្រុមហ៊ុន​ Traveloka​ ដែល​បាន​បង្កើន​ដើមទុន​យ៉ាងច្រើន​នៅ​ឆ្នាំនេះ​។ ក្រុមហ៊ុន​ក Grab​ ក៏​កំពុង​រៀបចំផែនការ​វិនិយោគ​ដ៏​ធំ​មួយ​ចូល​នៅ​ប្រទេស​ប្រជុំកោះ​នេះ​ផង​ដែរ​។

របាយការណ៍​បានឱ្យ​ដឹង​ថា​ “ក្រុមហ៊ុន​ Grab​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បូរី​ក៏បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្តជា​ច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​ការ​វិនិយោគ​នៅក្នុង​ប្រទេស​នេះ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​”។ តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ សេដ្ឋ​កិ​ច្ច​អ៊ី​នធឺ​ណេត​ធំជាង​គេ​ទី​ ២ ក្នុង​តំបន់​នៅ​ឆ្នាំនេះ​គឺ​ប្រទេស​វៀតណាម​ឈាន​ដល់​ ១២​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៩​ ដែល​មាន​អត្រាកំណើន​ប្រចាំឆ្នាំ​ជិត​ ៤០​ ភាគរយ​។

ការ​ទូទាត់​ឌីជីថល​ទទួ​លល​បានការ​រីកចម្រើន​របាយការណ៍​របស់​ Google​ បាន​ព្យាករណ៍​ថា​ ការ​ទូទាត់​តាម​ឌីជីថល​នឹង​ក្លាយជា​បទដ្ឋាន​ក្នុងរយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​ចំណាយពេល​ ៥០​ ភាគរយ​ (ធៀប​នឹង​ប្រតិ​បត្ត​ការ​ហិរញ្ញវត្ថុ​ប្រពៃណី​) ដើម្បី​ធ្វើ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​។

ការ​ទទួលយក​ការ​ទូទាត់​ឌីជីថល​ទីបំផុត​ឈាន​ដល់​ចំណុច​របត់​មួយ​ ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចំណាយ​ដល់​ ១ សែន​កោដិ​ដុល្លារ​នៅ​ឆ្នាំ​ ២០២៥​៕

ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​ នឹង​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យ​ដឹង​ថា​ ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ នឹង​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ នៅ​កម្ពុជា​ ដោយហេតុថា​ ក្របខណ្ឌ​ច្បាប់​ និង​បទដ្ឋាន​គតិយុត្តិ​ ដើម្បី​អាចប​ង្កើត​សេដ្ឋកិច្ច​ឌីជីថល​រឹង​មុំា​មួយ​ព្រមទាំង​ត្រៀម​ទទួលយក​នូវ​ការ​ឈាន​មកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤។

លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​មានប្រសាសន៍​បែន​នៅក្នុង​សម័យ​ ប្រជុំ​រដ្ឋសភា​លើក​ទី៣​ នីតិកាល​ទី៦​ នៅ​ព្រឹក​ថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០១៩​ ខណៈ​ លោក​រដ្ឋមន្ត្រី​រូប​នេះ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម​ឡើង​ការពារ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​រដ្ឋសភា​។

លោក​បន្ត​ថា​ ជាង​នេះ​ ទៅទៀត​ សេចក្តី​ព្រាងច្បាប់​នេះ​ នឹង​ផ្តល់​លទ្ធភាព​ឱ្យ​សហគ្រាស​ធន​តូច​ និង​ធម្យម​ (SMEs​) នៅ​កម្ពុជា​ អាច​តភា្ជប់​ខ្លួន​នៅនឹង​ខ្សែ​ សង្វាក់​ផលិតកម្ម​ និង​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ក៏ដូចជា​ជំរុញ​ឱ្យ​មានការ​កែ​ឆ្នៃ​ប្រឌិត​ និង​ការបង្កើត​ទំនិញ​ និង​សេវា​កម្ម​ថ្មី​ៗបន្ថែម​ទៀតផង​ដែរ​។

លោក​បន្ថែម​ថា​ ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ នឹង​ផ្តល់​វិធាន​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ក្នុង​ និង​ក្រៅប្រទេស​ប្រក​ដោយ​ទំនុកចិត្ត​ តាមរយៈ​ការ​ទទួលស្គាល់​សុពលភាព​ អានុភាព​ ភាព​អាច​អនុវត្ត​បាន​ និង​ភាព​អាច​ទទួលយក​បាន​នៃ​ទំនាក់ទំនង​អេឡិចត្រូនិក​។

កំណត់ត្រា​អេឡិចត្រូនិក​ និង​ហត្ថលេខា​អេ​ឡិច​ត្រូវ​និក​ ដែល​កំណត់​ដោយ​បច្ចេកវិទ្យា​ និង​គ្រប់គ្រង​ដោយ​ស្ថាប័នរដ្ឋ​។រដ្ឋសភា​ បាន​ចាត់ទុក​សេចក្តី​ព្រាងច្បាប់​នេះ​ គឺជា​ច្បាប់​ដ៏​សំ​ខាន់​ៗ ដែល​នឹង​ ក្លាយជា​បទដ្ឋាន​គតិ​យុត្ត​ក្នុង​ការ​លើកកម្ពស់​ វិស័យ​ពាណិជ្ជកម្ម​ សម្រាប់​គំា​ទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ ការ​រីកចម្រើន​វិស័យ​បច្ចេកវិទ្យា​ និង​ ការ​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ ស្រប​ តាមសម័យ​កាល​។

ច្បាប់​នេះ​ នឹង​ផ្តល់​វិធាន​ជា​មូលដ្ឋាន​ ដ៏​សំខាន់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ក្រៅប្រទេស​ ប្រកប​ដោយ​ទំនុកចិត្ត​ ហើយនឹង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ ក្នុង​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។ ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​មាន​ចំនួន​ ១២​ ជំពូក​ និង​ ៦៧​ មាត្រា​នេះ​ ត្រូវ​បាន​រដ្ឋសភា​ អនុម័ត​នៅ​ថ្ងៃនេះ​ និង​ត្រូវ​បាន​គណៈរដ្ឋ​មន្ត្រី​សម្រេច​យល់ព្រម​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​កាលពី​ថ្ងៃទី​ ១២ខែកក្កដា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​៕

លោ​កស្រី​នុ​ត រត្ថា​ អនុប្រធាន​ CREA​ អំពាវនាវ​ឲ្យ​ម្ចាស់​អាគារ​នៅ​ក្រុង​ព្រះសីហនុ​ប្រែក្លាយ​អាគារ​របស់​ខ្លួន​ជា​សណ្ឋាគារ​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ លោ​កស្រី​នុ​ត រត្ថា​ អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ​(CREA​) បាន​អំពាវនាវ​ឲ្យ​ម្ចាស់​អាគារ​នានា​នៅ​ក្រុង​ព្រះសីហនុ​ ដែល​សាងសង់​សំរាប់​ជួល​ គួរ​ប្រែក្លាយ​អាគារ​របស់​ខ្លួន​ជា​សណ្ឋាគារ​ ដើម្បី​ទទួល​បដិសណ្ឋារ​កិច្ច​ដល់​ភ្ញៀវ​ទេស​ ចរណ៍​ជាតិ​ អន្តរជាតិ​។

លោកស្រី​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៨​ តុលា​នេះ​ថា​ ស្រប​ពេល ​Online​ Game ​បាន​បញ្ចប់​នៅ​កម្ពុជា​ ម្ចាស់​អាគារ​មួយចំនួន​ដែល​សាងសង់​សំរាប់​ជួល​ ហើយ​មិន​អាច​ជួល​បាន​ គួរតែ​ប្រែក្លាយ​ជា​អាគារ​ទាំងនោះ​ជា​ផ្ទះសំណាក់​ និង​សណ្ឋាគារ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ទៅ​ទស្សនា​នៅ​ក្រុង​ព្រះសីហនុ​ឲ្យបាន​កាន់តែ​ច្រើន​។លោកស្រី​បន្ត​ថា​ កន្លងមក​បញ្ហា​ធ្លាក់ចុះ​ភ្ញៀវ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ មួយ​ផ្នែក​ក៏ដោយ​សារ​ការ​កើនឡើង​ខ្ពស់​ នៃ​តម្លៃ​បន្ទប់​ផ្ទះសំណាក់​ និង​សណ្ឋាគារ​ផង​ដែរ​។

លោកស្រី​បន្ត​ថា​ “ខេត្ត​ព្រះសីហនុ​មាន​សក្តា​នុ​ពល​ និង​មាន​ប្រជាប្រិយ​ភាព​ខ្ពស់​លើ​វិស័យ​ទេសចរណ៍​ ហេតុនេះ​ការ​មានផ្ទះ​សំណាក់​ និង​សណ្ឋាគារ​ច្រើន​ ហើយ​ការ​លក់​បន្ទប់​មានតម្លៃ​សមរម្យ​ ដូច​កាលពី​កំឡុង៣ទៅ៥ឆ្នាំមុន​ នឹង​ធ្វើឲ្យ​ខេត្ត​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ឡើងវិញ​”។ លោកស្រី​បន្ត​ថា​ “ការ​បិទ​ Online​ Game ​ពីសំណាក់​រដ្ឋាភិបាល​ មិន​ធ្វើឲ្យ​ខេត្ត​នេះ​មិន​មានការ​រីកចម្រើន​នោះ​ទេ​ ដោយសារ​ខេត្ត​នេះ​មាន​សក្តា​នុ​ពល​លើ​វិស័យ​ជាច្រើន​”។

វិ​ស័យ​ធំៗ​ ដែល​កំពុង​ជំ​រុញ​សក្តា​នុ​ពល​ ខេត្ត​ព្រះសីហនុ​រួមមាន​ កំពង់ផែ​ទឹកជ្រៅ​ បណ្តាញ​គមនាគមន៍​ដ៏​សម្បូរ​បែប​ តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​ ពិសេស​វិស័យ​ទេសចរណ៍​ ដែល​អាច​ស្រូប​ទាញ​នូវ​ភ្ញៀវ​ជាតិ​ អន្តរជាតិ​រាប់​លាន​នាក់​ទៅ​កំសាន្ត​នៅ​ខេត្ត​នេះ​។

លោ​កស្រី​នុ​ត រត្ថា​បាន​បន្ត​ថា​ ភាព​រីកចម្រើន​របស់​ក្រុង​ព្រះសីហនុ​ នឹង​ពឹង​អាស្រ័យ​លើ​មូលដ្ឋាន​ដែល​មានស្រាប់​ទាំងនេះ​ ហើយ​ការ​បិទ​ Online​ Game ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់់​ រយៈពេល​ខ្លី​ដល់​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ប៉ុន្តែ​អ្វី​ៗនឹង​មាន​ភាព​ប្រសើរ​ឡើងវិញ​នៅ​ពេល​ឆាប់់​ៗនេះ​ ខណៈ​កម្ពុជា​នៅតែ​រក្សា​បា​នកំនើន​សេដ្ឋកិច្ច​ ស្ថេរ​ភាព​សង្គម​ និង​ស្ថេរ​ ភាព​នយោបាយ​របស់​ប្រទេស​៕

សម្តេច​តេជោ​ ស្នើ​ដល់​ក្រុមហ៊ុន​ចិន​ឱ្យ​បន្ត​វិនិយោគ​នៅ​កម្ពុជា​ទោះបី​មិន​មា​នប្រ​ព័ន្ឋ EBA​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ដាក់​ទុន​នៅ​កម្ពុជា​បន្ត​វិនិយោគ​នៅ​កម្ពុជា​ ទោះបីជា​មានការ​បញ្ហា​អ្វីក៏ដោយ​ ជាពិសេស​ការ​ដក​ EBA​ ពី​កម្ពុជា​ គឺ​សម្ដេច​ស្នើសុំ​ឲ្យ​ចិន​នៅតែ​បន្ត​ធ្វើការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ មាន​ប្រសា​សា​ន៍​បែបនេះ​នៅក្នុង​ជំនួប​ពិភាក្សា​គណៈប្រតិភូ​សមាគម​ត្រកូល​ហ៊ុន​ ​; និង​សហគ្រិន​ដែល​មក​ពី​បណ្ដា​ខេ​ត្ត​ផ្សេង​ៗ នៃ​ប្រទេស​ចិនសុទ្ធ​តែ​អ្នក​វិនិយោគ​សំ​ខាន់​ៗ ដែល​មក​សិក្សា​អំ​ពី​សក្តា​នុ​ពល​ និង​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី៨​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​។

សម្ដេច​បាន​មានប្រសាសន៍​ពាក់ព័ន្ធ​ នឹង​ការ​ធ្វើ​យ៉ាងណា​ឲ្យ​ពាណិជ្ជករ​ អ្នក​វិនិយោគ​ចិន​ថ្មី​ឲ្យ​មក​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា​បន្ថែម​ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​ គឺ​មានន័យថា​ថែរក្សា​ចាស់​និង​បង្កើន​ការ​វិនិយោគ​ថ្មី​។ ​; សម្ដេច​តេជោ​បាន​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​ចិន​ ត្រូវ​ធ្វើ​យ៉ាងណា​បន្ត​បើក​ទីផ្សារ​ចិន​ឲ្យ​កាន់តែ​ធំជាង​មុន​ សម្រាប់​ការនាំចូល​ផលិតផល​កសិផល​របស់​ប្រទេស​កម្ពុជា​ ទៅ​ទីផ្សារ​របស់​ប្រទេស​ចិន​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ក៏បាន​គូសបញ្ជាក់​ប្រាប់​ពី​មូលហេតុ​ ដែល​រាជរដ្ឋាភិបាល​បាន​លុបចោល​នូវ​online​ casino​ នៅ​ប្រទេស​កម្ពុជា​ គឺ​សម្តេច​បាន​បញ្ជាក់​ថា​ កម្ពុជា​ជា​ប្រទេស​មួយ​ ដែល​ប្រកាន់យក​សេដ្ឋកិច្ច​ទីផ្សារសេរី​ ក៏ប៉ុន្តែ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​មិន​ពឹងផ្អែក​លើ​កាស៊ីណូ​អន​ឡាញ​ទេ​ ប៉ុន្តែ​ពឹងផ្អែក​ទៅលើ​កត្តា​ជាច្រើន​ នៅក្នុង​មូលដ្ឋាន​សេដ្ឋកិច្ច​ ដូច្នេះ​គឺ​យើង​ធ្វើ​យ៉ាងណា​ ត្រូវតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា​ និង​ធ្វើ​យ៉ាងម៉េច​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ច្បាស់លាស់​ តែម​កវិ​និ​យោគ​ទៅលើ​វិ​ស័យ​ផ្សេង​ៗទៀត​ មិនមែន​តែ​ពឹងផ្អែក​ទៅលើ​កាស៊ីណូ​អន​ឡា​ញនោះ​ទេ​។

សម្តេច​បន្ត​ថា​ “កម្ពុជា​បាន​ពន្ធ​តិចតួច​ណាស់​ តាមរយៈ​កាស៊ីណូ​អន​ឡា​ញនេះ​ហើយ​កាស៊ីណូ​អន​ឡា​ញនេះ​ ក៏​នាំមក​នូវ​ការ​ប្រឈម​ដូចជា​ឧក្រិដ្ឋ​កម្ម​ កា​លាងលុយកខ្វក់​ជាដើម​ ដែល​អាច​ធ្វើ​ប៉ះពាល់​ដល់​សង្គម​”។

សម្ដេច​តេជោ​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ចិន​ មាន​លក្ខណៈ​កើនឡើង​ជាបន្តបន្ទាប់​ ដែល​ចំនួន​នេះ​គោលដៅ​នៅក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដល់​ឆ្នាំ២០២២​ អាច​កើនឡើង​រហូតដល់​ទៅ១០ពាន់​លាន​ដុល្លារ​។ សម្ដេច​តេជោ​ក៏បាន​មានប្រសាសន៍​ ទាក់ទង​នឹង​យន្តការ​ដែល​កម្ពុជា​ កំពុងតែ​សហការ​នឹង​ចិន​ទៅលើ​ ចំនុច​សំ​ខាន់​ៗ ដូចជា​នៅក្នុង​អនុ​តំបន់​ គឺ​កិច្ច​សហប្រតិបត្តិ​ការ​លើ​មេគង្គ​ឡាន​ឆាង​ ក្នុង​អនុ​តំបន់​មេគង្គ​អាស៊ាន​ចិន​ និង​កិច្ចប្រជុំ​អាស៊ី​បូព៌ា​ជាដើម​។

បច្ចុប្បន្ន​នេះ​ យើង​នៅ​មាន​សក្តា​នុ​ពល​ជាច្រើន​ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ ដោយសារ​កន្លងមក​នេះ​ យើង​មាន​រួច​ទៅ​ហើយ​នៅ​តំបន់​សេដ្ឋកិច្ច​សេរី​ រវាង​អាស៊ាន​ និង​ចិន​អាស៊ាន​ តំបន់​សេដ្ឋកិច្ច​សេរី​រវាង​អាស៊ាន​ ចិន​ ដែល​យើង​គួរតែ​មើល​នៅ​សក្តា​នុ​ពល​ដែល​អាច​នាំចេញ​ផលិតផល​កម្ពុជា​ នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​។

ក្នុង​កិច្ចពិភាក្សា​នេះ​ សម្តេច​តេជោ​បាន​ជំរុញ​ឲ្យ​សហគ្រិន​ចិន​ មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយ​កុំ​មានការ​ភ័យ​ព្រួយ​ ចំពោះ​ចំណុច​ណា​នៅ​ប្រទេស​កម្ពុជា​ឲ្យសោះ​ ដោយសារតែ​ចិន​ និង​កម្ពុជា​យើង​មាន​ទំនាក់ទំនង​ល្អ​ មាន​កិច្ច​សហប្រតិបត្តិ​ការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រួច​ទៅ​ហើយ​៕

អ្នកជំនាញ​វិស័យ​ទេសចរណ៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​មានច្បាប់​កំណត់​ការ​វិនិយោគ​សណ្ឋាគារ​នៅ​តាម​តំបន់​ទេសចរណ៍​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ចាប់តាំងពី​ដើមឆ្នាំ២០១៩​ រហូតមកដល់​ពេល​បច្ចុប្បន្ន​ វិស័យ​សណ្ឋាគារ​ដែល​ស្ថិតនៅ​តំបន់​ទេសចរណ៍​សំ​ខាន់​ៗមួយចំនួន​នៅ​កម្ពុជា​ ដូចជា​ នៅ​ខេត្ត​ព្រះសីហនុ​ និង​ខេត្តសៀមរាប​ជាដើម​ ដែល​បា​និង​កំពុងតែ​ប្រឈម​នឹង​ហានិភ័យ​បាត់បង់​ទីផ្សារ​ ខណៈ​ដែល​កំណើន​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​មានការ​ថយ​ចុះ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​មានប្រសាសន៍​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី៨​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ បច្ចុប្បន្ន​នេះ​វិស័យ​សណ្ឋាគារ​ ដែល​កំពុងតែ​ប្រតិបត្តិ​ការ​អាជីវកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ​ ក៏ដូចជា​តាម​បណ្តា​ខេត្ត​មួយចំនួន​តូច​ ដែល​មាន​សកម្មភាព​ពាណិជ្ជកម្ម​ហាក់​មិន​មាន​ភាព​ប៉ះពាល់​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​សណ្ឋាគារ​ដែល​ស្ថិតនៅ​ក្នុង​តំ​ខេត្ត​ទេសចរណ៍​ ដូចជា​ខេត្ត​ព្រះសីហនុ​ និង​ខេត្តសៀមរាប​ កំពុងតែ​ជួប​បញ្ហា​ប្រឈម​ ដែល​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​។

លោកស្រី​បា​នប​ញ្ជា់​ថា​ “និយាយ​តែ​នៅក្នុង​ខេត្តសៀមរាប​ ដែល​ជា​ប៉ូល​ទេសចរណ៍​យ៉ាង​សំខាន់​ប្រចាំ​ប្រទេស​កម្ពុជា​ មាន​សណ្ឋាគារ​ប្រមាណ៦០០ទីតាំង​ ស្មើនឹង​ជាង២០​,០០០ម៉ឺន​បន្ទប់​ ខណៈ​ដែល​តម្រូវការ​ជួល​ស្នាក់​ នៅ​បាន​ធ្លាក់​មក​ត្រឹម​ប្រមាណ៤០០០បន្ទប់​តែប៉ុណ្ណោះ​”។ លោកស្រី​បន្ត​ទៀត​ថា​ “ទិន្នន័យ​នៃ​ចំនួន​សណ្ឋាគារ​ និង​បន្ទប់​សម្រាប់​ផ្គត់ផ្គង់​នេះ​ ជា​ចំនួន​មួយ​លើស​តម្រូវការ​ជាក់ស្ដែង​ ហើយ​វា​ក៏​ជា​ក្ដី​បារម្ភ​មួយ​ដែល​ត្រូវតែ​មាន​ដំណោះស្រាយ​ ក្រោម​ការចូលរួម​ពីសំណាក់​រដ្ឋាភិបាល​ជាចាំបាច់​ ដើម្បី​ស្ដារ​ និង​កែប្រែ​ស្ថានការណ៍​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​”។

​លោកស្រី​ឆាយ​ ស៊ីវ​លី​នបា​នប​ញ្ជា​ក់​ទៀត​ថា​ ការ​ធ្លាក់ចុះ​នៃ​តម្រូវការ​ស្នាក់នៅ​ទាំងអស់​ខាងលើ​នេះ​ គឺ​បណ្តាល​មួយភាគធំ​មក​ពី​ការ​ធ្លាក់​ នៃ​ចំនួន​កំណើន​ភ្ញៀវ​ទេសចរ​នៅ​ត្រឹម​មួយរយៈពេល​ចុងក្រោយ​នេះ​ ដូច្នេះ​ការជំរុញ​ និង​ការ​បង្កើន​ភាព​ទាក់ទាញ​ក្នុង​វិស័យ​ទេសចរណ៍​គឺ​ត្រូវតែ​មាន​។ បន្ថែម​ពីនេះ​ លោកស្រី​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ រដ្ឋាភិបាល​ក៏​គួរតែ​មានការ​កំណត់​ពី​ចំនួន​ នៃ​ការ​វិនិយោគ​ផ្នែក​អាជីវកម្ម​សណ្ឋាគារ​ នៅក្នុង​តំបន់​ទេសចរណ៍​ផង​ដែរ​ ដោយ​មិន​គួរ​អនុញ្ញាត​ឱ្យ​មានការ​វិនិយោគ​រហូតដល់​ លើស​ពី​តម្រូវការ​ ដែល​ជា​ការ​ប្រឈម​ខាតបង់​របស់​អ្នក​វិនិយោគ​ នឹងអាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​ លោក​ ធួន​ ស៊ី​ណាន​ បាន​មានប្រសាសន៍​ថា​ ការ​វិនិយោគ​ គឺជា​ការចូលរួម​ចំណែក​មួយ​ នៅក្នុង​ការជំរុញ​សេដ្ឋកិច្ច​ជាតិ​ ប៉ុន្តែ​បើ​ការ​វិនិយោគ​ខុស​គោលដៅ​ ក៏អាច​ជះឥទ្ធិពល​មិនល្អ​ត្រឡប់មកវិញ​ផង​ដែរ​។ លោក​បាន​បន្ត​ទៀត​ថា​ ភាគច្រើន​ពាណិជ្ជករ​មួយចំនួន​ ហាក់​មិនបាន​ធ្វើការ​សិក្សា​ពី​ឱកាស​ទទួល​បានផល​ប្រយោជន៍​ និង​ភាព​ប៉ះពាល់​ក្រោយ​ការ​វិនិយោគ​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ “តាមខ្ញុំ​មើលឃើញ​ ពួកគាត់​មួយចំនួន​ច្រើនតែ​ធ្វើឡើង​តាម​គ្នា​ បើ​ឃើញ​គេ​រកស៊ី​អី​បាន​ចំណេញ​ ក៏​ចេញ​រកស៊ី​ដូច​គេ​ និង​នៅ​ក្បែរ​ៗគេ​ទៀត​”។លោក​បន្ថែម​ថា​ “ជាក់ស្ដែង​ដូចជា​ការ​បើក​សណ្ឋាគារ​ នៅក្នុង​ខេត្តសៀមរាប​ជាដើម​ ការ​ផ្គត់ផ្គង់​មាន​រហូតដល់​ទៅ​ជាង២ម៉ឺន​បន្ទប់​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​តម្រូវការ​ស្នាក់នៅ​មានត្រឹមតែ​ប្រមាណ​ ៤ពាន់​បន្ទប់​តែប៉ុណ្ណោះ​”។

រូបតំណាង

លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ការ​វិនិយោគ​ វា​គឺជា​រឿង​មួយ​ ប៉ុន្តែ​ការចូលរួម​ជំរុញ​ធ្វើ​ឱ្យ​មាន​ភាព​ទាក់ទាញ​ដែល​ស្ថិតនៅ​ក្នុង​ផ្នែក​មួយ​នៃ​វិស័យ​ទេសចរណ៍​ ម្ចាស់​សណ្ឋាគារ​នី​មួយ​ៗក៏​គួរតែ​មានការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ក៏ដូចជា​អជ្ញា​ធរ​ក្នុង​តំបន់​ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ និង​ទាក់ទាញ​ភ្ញៀវ​បន្ថែម​ទៀត​”។

​លោក​ធួន​ ស៊ី​ណា​នបា​នប​ន្ត​ទៀត​ថា​ បន្ថែម​ពីនេះ​ សណ្ឋាគារ​នី​មួយ​ៗក៏​គួរតែ​មាន​វិធីសាស្ត្រ​ខ្លួនឯង​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​ និង​សេវាកម្ម​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​ឱ្យ​បាន​ទូលំទូលាយ​ តាមរយៈ​បច្ចេក​វិទ្យា​ថ្មី​ៗ និង​បញ្ចប់​ការ​ផ្សព្វផ្សាយ​តាមវិធី​សាស្ត្រ​បែប​បុរាណ​នោះ​ទៀត​ទេ​៕

ថ្នាក់​ដឹក​នាំ CEO​ Master​ Club​ បាន​ទស្សនកិច្ច​សិក្សា​ស្វែងយល់ពីរ​ដ្ឋ​ធំៗ​ចំនួន៤​ នៅ​សហរដ្ឋអាមេរិក​

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ​CEO​ Master​ Club​ បាន​ដឹកនាំ​សមាជិក​របស់​ខ្លួន​ ដែល​ជា​ម្ចាស់​អាជីវកម្ម​សរុប១៨រូប​ ទៅរៀន​សូត្រ​ពីរ​ដ្ឋ​ធំៗ​ចំនួន៤របស់​សហរដ្ឋអាមេរិក​ ដែល​នេះ​ជា​លើក​ទី២ក្នុង​ឆ្នាំ២០១៩​។

កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ​ បាន​ផ្តើម​ពី​ថ្ងៃទី១៧​-២៦កញ្ញា​កន្លងមក​នេះ​ ក្នុង​ន័យ​ឱ្យ​ម្ចាស់​អាជីវកម្ម​កម្ពុជា​ ចាប់អារម្មណ៍​ទីផ្សារ​ពិភពលោក​ និង​ចង់​ឃើញ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​អ្នកមាន​បាន​ឆាប់រហ័ស​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ CEO​ Master​ Club​ ដែល​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ៨ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​មិន​ត្រឹមតែ​ជា​ការ​ទៅ​សិក្សា​រៀនសូត្រ​ពី​ស្ថាប័ន​ធំៗ​ និង​លំដាប់​ពិភពលោក​ក្នុង​រដ្ឋ​ធំៗ​ចំនួន៤​ រួមមាន​ Texas​, Tennessee​, Oregon​, Washington​ States​ ក្នុងទឹក​ដី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី១របស់​ពិភពលោក​ ដែល​ជា​ប្រភព​ចំណេះ​ដឹង​ថ្មី​ៗ និង​ជឿនលឿន​ ក្នុង​ការយល់​ដឹង​បន្ថែម​សម្រាប់​សមាជិក​ CEO​ Master​ Club ​នោះ​ទេ​ ប៉ុន្តែ​ក៏បាន​ផ្សា​ភ្ជាប់នឹង​ការ​កំសាន្ត​ ដែល​ធ្វើស​មា​ជិ​កទាំងអស់​រីករាយ​ និង​រំភើប​ខ្លាំង​ផង​លើស​ពី​ការ​រំពឹង​ទុក​ផង​ដែរ​។

នា​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​លើទឹក​ដី​អាមេរិក​នេះ​ ក្រុម​គ្រួសារ​សមាជិក​ CEO​ Master​ Club​ ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ អោម​ សេង​បូរ៉ា​ បាន​ទទួលការ​ចែករំលែក​ចំណេះដឹង​ បទពិសោធន៍​ និង​រៀនសូត្រ​ពី​ស្ថាប័ន​លំដាប់​ពិភពលោក​ជាច្រើន​កន្លែង​ ដែល​រួមមាន​ សកម្មភាព​ទី១ក្នុង​រដ្ឋ ​Texas​ គឺ​បាន​រៀនសូត្រ​អំពី​តុល្យភាព​រវាង​គ្រួសារ​ និង​អាជីវកម្ម​ (Family​ and​ Business​ Balancing​) ថា​តើ​ធ្វើ​យ៉ាងណា​ ដើម្បី​ជោគជ័យ​ទាំង​គ្រួសារ​ និង​អាជីវកម្ម​ ព្រោះ​វា​ជា​អ្វី​ដែល​ផ្តោត​ទៅលើ​ ​សុភមង្គល​គ្រួសារ​ស្រប​ពេល​ប្រកប​អាជីវកម្ម​។

បាន​ទៅ​ទស្សនកិច្ច​នៅ​សាកល​វិទ្យាល័យ​ Rice​ University​ បាន​ទៅ​សិក្សា​អំពី​អចលនទ្រព្យ​ ក៏ដូចជា​តំលៃ​ដីធ្លី​នៅក្នុង​ទីក្រុង​ Houston​ និង​បន្ទាប់មក​ទៀត​ក៏​បន្ត​ទៅ​សិក្សា​អំពី​បៀ​បនាំ​ចេញ​-ចូល​ផលិតផល​ និង​របៀប​សុំ​សិទ្ធិ​រស់នៅ​សហរដ្ឋអាមេរិក​ ដែល​ចែករំលែក​ដោយ​មេធាវី​របស់​ការិយាល័យ​ Lodestone​ Advisory​ ក្រុង​ Nashville​។

ចំណែក​សកម្មភាព​ទី២​ គឺ​ទៅ​រដ្ឋ​ Oregon​ ដើម្បី​ទស្សនា​កម្សាន្ត​ភាព​ស្រស់ស្រាយ​អម​ដោយ​ការ​បន្ត​សិក្សា​ តាមរយៈ​ការ​ទស្សនា​ដងស្ទឹង​កូ​ឡំ​ប៊ី​រី​វ័រ​ (Colombia​ River​) ដែល​ជា​ទន្លេ​ងវែង​ហូត​កាន់​រដ្ឋ​ជាច្រើន​របស់​អាម៉េរិក​ និង​ Japanese​ Garden​ ដែល​រមណីយដ្ឋាន​ដ៏​ស្រស់​ស្អាត​ ជាពិសេស​មានការ​រៀបចំ​រចនាសម្ព័ន្ធ​យ៉ាង​ល្អ​ប្រសើរ​។ ក្រៅពី​ទីតាំង​ពីរ​ខាងលើ​ សមាជិក​ទាំងអស់​ក៏បាន​ទៅ​ទស្សនៈ​កិច្ច​ MountHood​ ដែល​ជា​តំបន់​ពោរពេញ​ទៅ​ដៅ​ទេសភាព​ដ៏​ស្រស់​ស្អាត​លាយ​ ជាមួយ​ការ​ចុះអ័ព្ទ​និង​ធ្លាក់ព្រិល​ផង​ដែរ​។

រី​ឯស​កម្ម​ភាព​ទី៣​ គឺជា​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​ នៅក្នុង​ក្រុមហ៊ុន​យក្ស​ Nike​ ដែល​មាន​យីហោ​ដ៏​ល្បី​ ដើម្បី​ឈ្វេងយល់​អំពី​សង្វាក់​ផលិតកម្ម​ ការ​ធ្វើ​ទីផ្សារ​និង​ការ​ក្តោប​ក្តាប់​ទីផ្សារ​ និង​របៀប​ធ្វើ​ឱ្យ​អាជីវកម្ម​រីកចម្រើន​ខ្លាំង​រហូត​អាច​ឈរ​លំដាប់​ពិភពលោក​។

សកម្មភាព​ទី៤​ ជា​ទស្សនកិច្ច​ចុងក្រោយ​នេះ​ ដែល​បាន​ធ្វើដំណើរ​កំសាន្ត​តាម​រថភ្លើង​ទៅ​ទីក្រុង​ Seattle​ រដ្ឋធានី​ Washington​ ដើម្បី​ទៅ​ទស្សនា​អំពី​អាជីវកម្ម​របស់​បងប្អូន​ជនជាតិ​ខ្មែរ​នៅ​ទីនោះ​ ដែល​មាន​ដូចជា​ ហាង​លក់​ឥវ៉ាន់​ និង​ភោជនីយដ្ឋាន​ ផ្សារ​ទំនើប​ជាដើម​ ហើយ​អ្វី​ដែល​ពិសេស​នោះ​ គឺ​ទទួលទាន​អាហារ​សាមគ្គី​ដោយ​សេចក្តី​ស្រឡាញ់​ ជាមួយ​ម្ចាស់​អាជីវកម្ម​ ដែល​ជា​ជនជាតិ​ខ្មែរ​ទាំងនោះ​តែម្តង​ ក្នុង​ការ​ជជែក​សំណេះសំណាល​ ដើម្បី​ចែករំលែក​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​។

CEO​ Master​ Club​ គឺជា​ស្ថាប័ន​ប្រមូលផ្ដុំ​ និង​បង្វឹក​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ឱ្យ​ក្លាយទៅជា​អគ្គនាយក​ដែល​មាន​លក្ខណៈ​អាជីព​ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការដឹកនាំ​គ្រប់គ្រង​ចាត់ចែង​ស្ថាប័ន​ អាជីវកម្ម​របស់​ខ្លួន​ពីតូច​ទៅ​ធំ​ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​ ពង្រីក​បណ្តាញ​ការ​លក់​កាន់តែ​ទូលាយ​ លើក​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​របស់​ខ្លួន​បាន​កាន់តែ​ខ្លាំង​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ ឱ្យ​មាន​ភាពរឹងមាំ​។

គិត​ត្រឹម​ដើមខែ​តុលា​ ឆ្នាំ២០១៩​ នេះ​ CEO​ Master​ Club​ កើន​សមាជិក​សរុប​ចំនួន​ ១០៤០នាក់​ ដែល​កំពុង​បើក​ដំណើរការ​អាជីវកម្ម​ជាង១០០០ក្រុមហ៊ុន​៕