គម្រោង​កៀនស្វាយ​ ​ផ្លា​ហ្សា​ ​នឹង​រៀបចំ​កម្មវិធី​តាំង​ពិព័រណ៍​ផលិតផល​រហូត​ទៅដល់​ជាង​ ​១០០ស្តង់​នៅ​ចុងខែ​ឧសភា​

0

​ដោយ ​វុត្ថា

​ភ្នំពេញ​៖​ ​គម្រោង​ ​កៀនស្វាយ​ ​ផ្លា​ហ្សា​ ​នឹង​មានកម្ម​វិធី​ ​ការ​ដាក់​តាំង​ពិព័រណ៍ផលិតផល​ចំរុះ​ ​រួមមាន​ផ​លិ​ផល​ខ្មែរ​ ​ផលិត​ផល​ថៃ​ ​និង​សំភារៈ​ប្រើប្រាស់​ប្រចាំថ្ងៃ​រាប់​រយ​មុខ​ ​ដែល​មានការ​ដាក់​ស្តង់​តាំង​បង្ហាញ​រហូត​ទៅដល់​ជាង១០០ស្តង់​ ​ព្រមទាំង​មានការ​ប្រគំ​តន្ត្រី​កំដរ​បរិយាកាស​រយៈពេល​ពេញ​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃ២២​ ​ដល់​ ​២៨​ ​ខែឧសភា​ ​ឆ្នាំ​២០១៩​ខាងមុខនេះ​។

​​ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​កៀន​ស្វាយ​ផ្លា​ហ្សា​ ​កញ្ញា​ ​អ៊ុ​ក​ ​ចន្រ្ទា​ ​បាន​ឲ្យដឹង​នៅ​ថ្ងៃទី​ ​២៦​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ការរៀបចំ​កម្មវិធី​ ​ការ​ដាក់​តាំង​ពិព័រណ៍​ផលិតផល​ចំរុះ​ ​នេះ​ ​គឺ​ត្រូវ​បាន​រៀបចំ​ជា​រៀងរាល់​ឆ្នាំ​ ​តែ​សម្រាប់​ឆ្នាំ​ ​នេះ​ ​គឺ​មានការ​រៀបចំ​កម្មវិធី​ជាង​ឆ្នាំមុន​ ​ដើម្បីឲ្យ​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​នៃ​គម្រោង​ ​និង​អ្នក​មក​ពី​ចម្ងាយ​បាន​ចូល​រួម​សម្បា​យ​រីករាយ​ទស្សនាការ​ប្រគុំ​ដន្ត្រី​ ​និង​ពិព័រណ៍ផលិត​ផល​ផ្សេង​ៗ​។​

​កញ្ញា​បន្ត​ថា​ ​បន្ទាប់ពីនេះ​ទៅទៀត​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​ ​នៅ​ថ្ងៃទី៣១​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ខាងមុខនេះ​ ​គម្រោង​ ​កៀនស្វាយ​ ​ផ្លា​ហ្សា​ ​នឹង​មានកម្ម​វិធី​ដ៏​ពិសេស​សំរាប់​អបអរសាទរ​គំរប់​ខួប​បី​ឆ្នាំ​ ​នៃ​គម្រោង​ ​កៀនស្វាយ​ ​ផ្លា​ហ្សា​ ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី៣១​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​។​ ​

​កញ្ញា​បន្ថែម​ទៀត​ថា​ ​ក្នុង​នោះ​ផង​ដែរ​យើង​មានកម្ម​វិធី​ជាច្រើន​ ​រួម​ទាំង​កម្មវិធី​ចាប់​រង្វាន់​ជូន​អតិថិជន​ ​ដែល​បាន​ទិញ​ផ្ទះនៅ​ ​គម្រោង​ ​កៀនស្វាយ​ ​ផ្លា​ហ្សា​ ​ដែល​មាន​រង្វាន់​ជាច្រើន​រួមមាន​ ​ម៉ូតូ​ម៉ាក់​ ​Honda​ ​Dream​ ​ម៉ូតូ​ម៉ាក់​ ​Zomer​ ​X​ ​ម៉ូតូ​ម៉ាក់​ ​Scoopy​ ​ម៉ាស៊ីន​ត្រជាក់​ ​ទឹកប្រាក់​ចំនួន​ ​$​999​ ​និង​ទឹកប្រាក់​ ​$​888​ ​ជាច្រើន​រង្វាន់​ ​ដូច​បាន​ជំរាប​ជូន​ខាងលើ​នេះ​សំរាប់​អតិថិជន​ ​ដែល​មាន​ចំណាប់​អារម្មណ៍​ ​ទិញ​ផ្ទះនៅ​គម្រោង​ ​កៀនស្វាយ​ ​ផ្លា​ហ្សា​ ​ហើយ​លោកអ្នក​ក៏អាច​អញ្ជើញ​មក​សាកសួរ​ពត៌មាន​ ​នៅ​ការិយាល័យ​លក់​ដែល​មាន​ទីតាំងនៅ​លើ​ផ្លូវជាតិ​លេខ១​ ​ក្នុង​គម្រោង​ ​កៀនស្វាយ​ ​ផ្លា​ហ្សា​ ​ជិត​រមណីយដ្ឋាន​ ​កៀនស្វាយក្រៅ​ ​ឬ​ទំនាក់ទំនង​មកកាន់​លេខទូរស័ព្ទ​ ​០២៤​ ​៦២២​ ​៦២៦២​ ​។​ ​



​កញ្ញា​បញ្ជាក់​ថា​ ​សំរាប់​ប៉ុន្មាន​ខែ​កន្លងមក​នេះ​យើង​សង្កេតឃើញ​ថា​ ​គម្រោង​របស់​យើងខ្ញុំ​មានការ​វិវិត្ត​ន៍​ទៅមុខ​ជា​ខ្លាំង​ ​បើស​ម្លឹង​ទៅ​មើល​សំណង់ផ្ទះ​ល្វែង​ ​គឺ​មានការ​សាងសង់​យ៉ាង​លឿន​គួរ​អោយ​កត់សម្គាល់​ ​ហើយ​អ្វី​ ​ដែល​ប្លែក​ជាង​នេះ​ទៅទៀត​គឺ​ម្ចាស់ផ្ទះ​នី​មួយ​ៗ​បាន​ចូល​មក​រស់នៅ​ ​និង​បើក​អាជីវកម្ម​សឹង​គ្រប់​ៗ​ផ្ទះ​ទាំងអស់​ ​ដែល​កំលាំង​ចលករ​ដ៏​ខ្លាំងក្លា​មួយ​ធ្វើអោយ​សន្ទុះ​នៃ​ការចាប់អារម្មណ៍​ ​និង​សន្ទុះ​នៃ​ការសាកសួរ​ពត៌មាន​ ​មានការ​កើនឡើង​គួរ​អោយ​កត់សម្គាល់​៕​

បេក្ខភាព​កម្ពុជា​បី​រូប​ទទួល​បាន​រង្វាន់ ៣ប្រភេទ​ពី​សមាគម​ទេសចរណ៍​អាស៊ាន​

0

ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​សមាគម​ទេសចរណ៍​អាស៊ាន​ ​(​ASEAN​ ​Tourism​ ​Association​)​កាលពី​ថ្ងៃទី២៥​ ​មេសា​កន្លងមក​បាន​ប្រគល់​ពានរង្វាន់​ដល់​បេក្ខភាព​ចំនួន៣រូប​ ​ទទួល​បាន​រង្វាន់​ឆ្នើម​ទៅលើ​វិញ្ញា​សារ៣ប្រភេទ​ផ្សេងគ្នា​ ​ដែល​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាពល្អ​ប្រសើរ​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​ ​

​​បេក្ខភាព​ ​៣រូប​របស់​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈកម្មការ​ទាំង១០ប្រទេស​របស់​សមា​គ​ទេសចរណ៍​ ​អាស៊ាន​ ​ដើម្បី​ទទួល​រង្វាន់​ល្អ​បំផុត​ឆ្នាំ២០១៩​ ​របស់​សមាគម​ទេសចរណ៍​អាស៊ាន​ ​(​ASEAN​ ​Award​ ​for​ ​Excellence​ ​2019​)​ ​។​

​ពិធី​ប្រគល់​រង្វាន់​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី២៥​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ដោយមាន​ការចូលរួម​ ​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រុមប្រឹក្សា​ទេសចរណ៍​របស់​ប្រទេស​ម៉ាឡេស៊ី​ ​ប្រធាន​សមាគម​ទេសចរណ៍​នៃ​បណ្តា​ប្រទេស​អាស៊ាន​ ​និង​ក្រុមហ៊ុន​អាកាសចរណ៍​។​ ​

​រង្វាន់​ដែល​កម្ពុជា​ទទួល​បាន​ពី​សមាគម​ទេសចរណ៍​អាស៊ាន​ ​រួមមាន​៖​
​1​.​ ​រង្វាន់​សម្រាប់​ការ​សរសេរ​អត្ថបទ​ទេសចរណ៍​ល្អ​បំផុត​ ​(​Best​ ​ASEAN​ ​Travel​ ​Article​)​ ​ដែល​បាន​ទៅលើ​ទស្សនាវដ្តី​ទេសចរណ៍​កម្ពុជា​ ​(​Cambodia​ ​Tourism​ ​Magazine​)​។​
​2​.​ ​រង្វាន់​សម្រាប់​ការ​ថតរូប​ល្អ​បំផុត​ ​(​Best​ ​ASEAN​ ​Tourism​ ​Photo​)​ ​ដែល​បាន​ទៅលើ​ ​លោក​សួង​ ​ម៉ា​រ​ឌី​ ​អ្នកថតរូប​អាជីព​។​
​3​.​ ​រង្វាន់​ល្អ​បំផុត​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ថែរក្សា​វប្បធម៌​ ​(​Best​ ​ASEAN​ ​Cultural​ ​Preservation​ ​Effort​)​ ​ដែល​បាន​ទៅលើ​ ​លោក​ ​ម៉ៅ​ ​សុខ​នី​ ​ស្ថាបត្យករ​នៃជា​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក​ ​ហូ​ ​វណ្ឌី​ ​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​(​CATA​)​ ​បាន​មានប្រសាសន៍​ថា​ ​ជា​រៀងរាល់​ឆ្នាំ​កម្មវិធី​នៃ​ការប្រកួត​ប្រជែង​នេះ​តែង​រៀបចំឡើង​ជាប្រចាំ​ ​ក្រោម​ការ​ចូល​ពី​បណ្តា​ប្រទេស​នានា​ ​ដែល​ស្ថិតនៅ​ក្នុង​សហ​គម​ទេសចរណ៍​អាស៊ាន​។​ ​

ដោយឡែក​ចំពោះ​ការ​ទទួល​បាន​ចំណាត់ថ្នាក់​ ​និង​រង្វាន់​ទាំង​ ​៣ប្រភេទ​ខាងលើ​នេះ​ ​ក៏​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាពល្អ​ប្រសើរ​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ​ដែល​វា​មិន​ត្រឹមតែ​ជា​ការ​បង្កើន​កេរ្តិ៍​បុគ្គល​ដែល​ទទួល​បាន​រង្វាន់​នោះ​ទេ​ ​ប៉ុន្តែ​ក៏​ចូលរួម​ជួយ​ផ្សា​ព្វ​ផ្សាយ​ពី​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ទៅកាន់​សាកលលោក​ផង​ដែរ​។​

​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​កើត​សរសើរ​ ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​បេក្ខភាព​ទាំង៣រូប​ ​ដែល​បាន​ព្យាយា​បញ្ចេញ​សមត្ថភាព​រហូត​ទទួល​បាន​រង្វាន់​ឆ្នើម​ទាំង៣ប្រភេទ​ខាងលើ​នេះ​ ​៕​

ពិព័រណ៍​លំនៅ​ដ្ឋាន​ ​និង​ ​Lifestyle​ ​បាន​ចាប់ផ្តើម​ជាមួយ​គំរោង​អភិវឌ្ឍន៍​ជាច្រើន​​បាន​ដាក់​តាំង​បង្ហាញ​

0

​ដោយ​ ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​ពិព័រណ៍​លំនៅ​ដ្ឋាន​ ​និង​ ​Lifestyle​ ​បាន​ចាប់ផ្តើម​ ​ជាមួយ​គំរោង​អភិវឌ្ឍន៍​ជាច្រើន​បាន​ដាក់​តាំង​បង្ហាញ​ ​នៅ​សាល​សន្និបាត​និង​ពិព័រណ៍​នៅ​ទីក្រុង​កោះ​ពេជ្រ​ ​ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ ​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ​និង​ក្រុមហ៊ុន​បំរើ​សេវាកម្ម​នានា​ជិត១០០បាន​បង្ហាញ​ផលិតផល​របស់​ពួកគេ​នៅ​ក្នុង​ពិព៌​ណ​នេះ​។​

​លោក​ ​ម៉ឹក​ ​ចិន្តា​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​Realestate.com.kh​ ​ដែល​ជា​អ្នក​រៀបចំ​ពិព័រណ៍​នេះ​ ​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​ពិព័រណ៍​រយៈពេល​ពីរ​ថ្ងៃ​ ​ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃទី២៦​ ​មេសា​នេះ​ថា​ ​ពិព័រណ៍​នេះ​ជាផ្នែក​មួយ​នៃ​ការ​បង្ហាញ​ផលិតផល​នានា​ទាក់ទង​នឹង​វិស័យ​សេវាកម្ម​ ​និង​អចលនទ្រព្យ​ ​ហើយ​វា​ឆ្លុះបញ្ចាំង​នូវ​ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​នៅ​កម្ពុជា​។​ ​

​លោក​បន្ត​ថា​ ​“​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ ​ជាមួយ​នឹង​កត្តា​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​និង​កំនើន​សេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេច​បាន​គួរឲ្យ​កត់សំគាល់​”​។​

​ជាមួយគ្នា​នេះ​លោក​ ​Tom​ ​Osullivan​ ​អគ្គនាយក​ក្រុម​ហ៊ុន​វេ​ប​សាយ​រៀបចំ​ពិព័រណ៍​នេះ​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ​ការរៀបចំ​ពិព័រណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ ​ជា​ការ​ផ្សព្វផ្សាយ​ក៏ដូចជា​លើក​កំពស់​ការ​រីកចម្រើន​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ ​និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​វិស័យ​សំណង់​ ​និង​អចលនទ្រព្យ​កម្ពុជា​ទៅកាន់​ពិភពលោក​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​“​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​កំពុង​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​នៃ​ការ​វិនិយោគ​ពី​បរទេស​ ​និង​ក្នុង​ស្រុក​ដែល​ធ្វើឲ្យ​វិស័យ​នេះ​ ​នឹង​បន្ត​មាន​ភាព​រីកចម្រើន​រយៈពេល​វែង​បន្ត​ទៀត​”​។​

​ពិព័រណ៍​រយៈពេល​ពីរ​ថ្ងៃនេះ​ ​នឹង​បើកឲ្យ​សាធារណៈ​ជន​ចូល​ទស្សនា​ដោយសេរី​ ​និង​រំពឹង​ថា​មាន​ប្រជាជន​ចូលរួម​ទស្សនា​ប្រមាណ១ម៉ឺន​នាក់​៕​

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ថា​ ​រាជធានី​ភ្នំពេញ​កំពុង​​ក្លាយទៅ​ជា​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​មួយ​ដ៏​ទាក់ទាញ​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ឲ្យដឹង​ថា​ ​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​បាន​នឹង​កំពុងតែ​រីក​លូតលាស់​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដ៏​ទាក់ទាញ​ ​និង​រស់រវើក​ដែល​មាន​សកម្មភាព​អា​ជី​វក​ម្មម​មាន​ញឹក​ ​មាន​ហាង​លក់ទំនិញ​ ​និង​សំ​ណង់​ធំៗ​ ​ជាពិសេស​អ​គារ​ខ្ពស់​ៗ​ជាច្រើន​កំពុងតែ​សាងសង់​ ​និង​រីក​ដុះដាល​ដូច​ ​ផ្សិត​បម្រើ​ដល់​ការ​រកស៊ី​ ​ស្នាក់នៅ​ ​និង​ធ្វើការងារ​ប្រកបដោយ​ផាសុ​ខ​ភាព​។​



​លោកស្រី​ ​ម៉ែ​ន​ ​សំ​អន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ​និង​ព្រឹទ្ធសភា​កម្ម​វិ​ធី​សម្ភោ​ធ​ ​ពិ​ពរ​ណ៍​ពាណិជ្ជកម្ម​ ​ខេត្ត​ឡា​វនិញ​-​កម្ពុជា​ ​នៅ​ថ្ងៃទី២៦​ ​ខែមេសា​ ​ឆ្នាំ២០១៩បាន​ឲ្យដឹង​ថា​ ​កម្ពុជា​កំពុងតែ​ក្លាយជា​គោលដៅ​ថ្មី​មួយ​គួរឲ្យ​ចាប់អារម្មណ៍​បំផុត​ ​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​និង​បរទេស​ ​ដោយសារ​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ ​ចាត់ទុក​វិស័យ​ឯកជន​ ​ជា​ក្បាលម៉ាស៊ីន​រុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ​ដល់​អ្នក​វិនិយោគ​បរទេស​ដោយ​គ្មាន​ប្រកាន់ជាតិ​សាសន៍​ ​និង​កត្តា​អំណោយផល​ផ្សេងទៀត​ ​រួម​ទាំង​ការលូតលាស់​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​លឿន​ ​ជាពិសេស​ខាង​ពាណិជ្ជកម្ម​ ​សំណង់​ ​ទេសចរណ៍​ ​ហិរញ្ញវត្ថុ​ ​ទីផ្សារ​ពលករ​មានតម្លៃ​ទាប​ ​និង​ច្បាប់​វិនិយោគ​ដែល​អនុគ្រោះ​ដល់​ធុរកិច្ច​ជន​ ​។​

លោកស្រី​បន្ត​ថា​ ​ដោយឡែក​ ​ចំណង​សាមគ្គីភាព​ ​មិត្តភាព​ ​និង​សហប្រតិបត្តិ​ការ​រវាង​ចិន​ ​និង​កម្ពុជា​ ​កាន់តែ​មានការ​រីក​ចំរើន​លើ​គ្រប់​វិស័យ​។​ ​ចិន​ ​ជា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយឥតសំណង​ ​និង​ផ្តល់​ឥណទាន​អនុគ្រោះ​ច្រើនជាង​គេ​ដល់​កម្ពុជា​ ​ជា​ប្រភព​វិនិយោគទុន​ធំ​បំផុត​ ​និង​ជាទី​ផ្សារ​ទេសចរណ៍​ធំ​បំផុត​របស់​កម្ពុជា​។​ ​

ស្រប​ពេល​ប្រទេស​ចិន​មាន​គំរោង​ដ៏​ធំ​មួយ​គឺ​ ​«​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​»​ ​ដែល​កំពុង​ដំណើរការ​ ​និង​បាន​ទាក់ទាញ​ការចូលរួម​យ៉ាងសកម្ម​ពី​ប្រទេស​ជាច្រើន​ក្នុង​តំបន់​ ​និង​ក្រៅ​តំបន់​ ​រួម​ទាំង​កម្ពុជា​ផង​ដែរ​ ​ការ​តាំង​ពិ​ពរ​ណ៍​នេះ​ពិតជា​ទទួល​បានផល​ប្រយោជន៍​ ​និង​ជោគជ័យ​ជាមិនខាន​។​

​លោកស្រី​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​ ​ជាពិសេស​ខេត្ត​ឡា​វនិញ​ ​បង្កើន​ការ​ចូល​មក​បណ្តាក់​ទុន​ ​និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ​ថែមទៀត​៕​

ថៃ​ ​និង​ឡាវ​ចុះហត្ថលេខា​សាងសង់​ផ្លូវដែក​ឆ្លង​កាត់​ព្រំដែន​ក្រោម​ជំនួយ​របស់​ចិន​

0

​ដោយ ​វុត្ថា

​ប៉េកាំង​៖​ ​ប្រទេស​ថៃ​ ​ចិន​ ​និង​ឡាវ​ ​បាន​ចុះ​អនុស្សារ​ណៈ​យោគយល់​គ្នា​ ​លើ​កិច្ច​សហប្រតិបត្តិ​ការ​ ​(​MoC​)​ ស្តី​ពី​ការអភិវឌ្ឍន៍​ផ្លូវ​រត់​ភ្លើង​ខេត្ត​របស់​ថៃ​ ​Nong​ ​Khai​ ​និង​ទីក្រុង​វៀង​ច័ន្​ធ​របស់​ប្រទេស​ឡាវ​ ​ដែល​ជាផ្នែក​មួយ​នៃ​គោលនយោបាយ​ផ្លូវ​ ​និង​ក្រវាត់​របស់​រដ្ឋាភិបាល​ចិន​។​

​ពិធី​ចុះហត្ថលេខា​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ ​ខណៈ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​នៃ​ប្រទេស​ឡាវ​ ​និង​ថៃ​ចូលរួម​នៅក្នុង​វេទិកា​កំពូល​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ ​“​ខ្សែក្រវាត់​ ​និង​ផ្លូវ​”​ ​លើក​ទី២ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅក្នុង​ប្រទេស​ចិន​។​

​ផ្លូវ​រត់​ភ្លើង​នេះ​ ​នឹង​ត្រូវ​សាងសង់​ឆ្លងកាត់​ព្រុំ​ដែន​នៃ​ប្រទេស​ទាំងពីរ​ ​គឺ​ប្រទេស​ថៃ​ ​និង​ឡាវ​ ​។​ ​ប្រទេស​ចិន​នឹង​ផ្តល់​នូវ​ចំ​នួយ​បច្ចេកទេស​ក្នុង​ការសាងសង់​។​ ​ផ្លូវ​រត់​ភ្លើង​មួយ​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​រត់​ភ្លើង​ក្នុង​តំបន់​ជាមួយ​ប្រទេស​ចិន​ ​នា​ពេល​អនាគត​។​

​លោក​ ​Arkhom​ ​Termpittayapaisith​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ថៃ​ ​បាន​ឲ្យដឹង​ថា​ ​ប្រទេស​ឡាវ​ ​និង​ថៃ​ ​នឹង​ទទួលខុសត្រូវ​លើ​ការ​ចំណាយ​ការសាងសង់​ស្ពាន​ពាក់កណ្តាល​ម្នាក់​ដែល​ទំនង់​ជា​ចប់​ទាន់ពេល​វេលា​លើ​គម្រោង​ផ្លូវ​រត់​ភ្លើង​ក្នុង​តំណា​ក់​កាល​ទីពីរ​ខេត្ត​ ​Nakhon​ ​Ratchasima​ ​ទៅ​ខេត្ត​ ​Nong​ ​Khai​ ​នៅក្នុង​ឆ្នាំ​ ​២០២៣​។​

​លោក​បន្ត​ថា​ ​ផ្លូវ​រថភ្លើង​រវាង​ ​ខេត្ត​ ​Nakhon​ ​Ratchasima​ ​ទៅ​ខេត្ត​ ​Nong​ ​Khai​ ​មាន​ ​៣៥៥​​ម៉ែត្រ​ នឹង​សាងសង់​ដោយ​ភាគី​ថៃ​ ​ហើយ​ប្រទេស​ចិន​ជា​អ្នក​ផ្តល់​បច្ចេកទេស​ក្នុងអំឡុងពេល​សាងសង់​។​ ​សម្រាប់​គម្រោងការ​វាយតម្លៃ​ផល​ប៉ះ​ពាល​បរិស្ថាន​ ​(​EIA​)​ ​ដំណាក់កាល​ទី​ ​២​ ​ត្រូវ​បាន​អនុម័ត​រួចហើយ​ដោយ​ក្រុ​ប្រឹក្សា​ភិបាល​បរិស្ថាន​ជាតិ​ ​កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​។​

​លោក​បន្ថែម​ទៀត​ថា​ ​ការ​គូ​ប្លង់​ដំណាក់កាល​ទី​ ​២​ ​ទំនងជា​ប្រើ​ពេល​ ​៦​ ​ឬ​ ​៨ខែ​ ​ខណៈ​ដំណាក់កាល​ការ​ដាក់ដេញថ្លៃ​លើក​ទី​ ​២​ ​នឹង​ត្រុ​វ​ចាប់ផ្តើម​នូវ​ពាក់កណ្តាល​ឆ្នាំ​ ​នេះ​ ​ហើយ​ការសាងសង់​នូវ​គម្រោង​ទាំងមូល​នឹង​ត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ​ ​២០២៣​ ​។​

​លោក​បញ្ជាក់​ថា​ ​ការ​ចំណាយ​ទៅលើ​ការ​គូ​ប្លង់​នេះ​ ​អស់​ប្រមាណ​ ​៧៥១​ ​លាន​បាត​ ​ជាមួយគ្នា​នោះ​គម្រោង​សាងសង់​ផ្លូវ​រត់​ភ្លើង​តភ្ជាប់​ពី​ក្រុង​បាងកក​ ​ទៅកាន់​ខេត្ត​ ​រាជសីមា​របស់​ថៃ​នឹង​ត្រុ​វ​សម្ពោធ​ដាក់ឲ្យ​ដំណើរ​នៅក្នុង​ឆ្នាំ​ ​២០២២​៕​

ក្រុមហ៊ុន​ធំ​របស់​ជប៉ុន​ចំនួន៥​ គ្រោង​នឹង​ចូល​មក​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

0

ដោយ​៖ រ៉ា​ណេត​

ភ្នំពេញ​៖ ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​ រួម​ជាមួយនឹង​ការ​ផ្តល់​ឱកាស​វិជ្ជមាន​លើ​ការ​វិនិយោគ​ ក្រុម​ហ៊ុន​ធំៗ​របស់​ជប៉ុន​ចំនួន​ ៥ នឹង​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ។

លោកស្រី​ KAWAAI​ NINAKO​ ប្រធាន​ក្រុមហ៊ុន​ Design​ Kolo​ របស់​ជប៉ុន​ និង​ជា​ប្រធាន​គណៈប្រតិភូ​វិនិយោគ​របស់​ប្រទេស​ជប៉ុន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា​ ដែល​ កំពុង​មានសន្ទុះ​រីកចម្រើន​លើ​គ្រប់​វិស័យ​គួរ​ឱ្យ​កត់សម្គាល់​ ជាពិសេស​កម្ពុជា​មាន​កំណើន​ សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជាមធ្យម​ក្នុងរង្វង់​ ៧ភាគរយ​ និង​នៅតែ​រក្សា​សន្ទុះ​កំណើន​នេះ​ជា​បន្ត​ទៀត​។

លោកស្រី​បាន​លើកឡើង​ថា​ ឈរ​លើ​មូលដ្ឋាន​នេះ​ បណ្តា​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន​មួយ​ ចំនួន​មាន​គម្រោង​ចូលរួម​ចែករំលែក​បទ​ពិសោធ​ដែល​ខ្លួន​មាន​ ដែល​ធ្លាប់​បាន​ធ្វើរួច​ ហើយ​ នៅ​តាម​បណ្តា​ប្រទេស​មួយចំនួន​ ដើម្បី​រួមចំណែក​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ ប្រយោជន៍​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ មានការ​រីកចម្រើន​ខ្លាំង​ឡើង​ថែមទៀត​ ជាពិសេស​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ សំដៅលើ​កកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​។

នៅក្នុង​គម្រោង​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​ពីសំណាក់​ក្រុម​ហ៊ុន​ធំៗ​របស់​ជប៉ុន​នៅ​កម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ គឺ​មាន​ចំនួន៥​ ដែល​ក្នុង​នោះ​រួមមាន​ ៖ ក្រុមហ៊ុន​ Design​ Kolo​ ដែល​មាន​លោកស្រី​ជា​ប្រធាន​ក្រុមហ៊ុន​ និង​មាន​ជំនាញ​ខាង​ផ្នែក​ខាង​ដាំដុះ​បន្លែ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ដាំដុះ​នៅក្នុង​អគារ​ និង​ជា​អ្នក​បណ្តុះបណ្តាល​ផ្នែក​ធនធានមនុស្ស​។ ទី២​. ក្រុមហ៊ុន​ Shibeide​ មាន​ជំនាញ​ផ្នែក​វិជ្ជ​សាស្រ្ត​ កសិកម្ម​ដាំដុះ​។

ទី៣​. ក្រុមហ៊ុន​ JHJ​ Global​ Pty​ Co​. Ltd​ មាន​ជំនាញ​ខាង​នាំចូល​និង​នាំចេញ​សម្ភារ​សាងសង់​។ ទី៤​. ក្រុមហ៊ុន​ Chean​ Thai​ Co​. Ltd​ មាន​ជំនាញ​ផ្នែក​ផលិត​បន្ទះ​សូទ្បា​ និង​ ទី៥​. ក្រុមហ៊ុន​អចលនទ្រព្យ​ METAYA​ ។ ប៉ុន្តែ​ចំពោះ​ជំ​ហ៊ាន​ដំបូង​ដែល​ចូល​មក​មុនដំបូង​គេ​ គឺ​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា​ រួម​ជាមួយនឹង​ការ​វិនិយោគ​លើ​ការ​ដាំដុះ​បន្លែ​ផ្លែឈើ​ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ដាំដុះ​នៅក្នុង​អគារ​ និង​នាំមក​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ៏​ទំនើប​ក្នុង​ការ​ដាំដុះ​មក​កម្ពុជា​ ។

កិត្តិ​បរិរក្ស​បណ្ឌិត​ លោក​ គាត​ ឈន់​ ប្រធាន​កិត្តិយស​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ និង​គាំទ្រ​ទៅលើ​គម្រោង​នៃ​ការ​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​របស់​ជប៉ុន​នៅ​កម្ពុជា​ ដែល​តាមរយៈ​វត្តមាន​របស់​ក្រុមហ៊ុន​ទាំងនេះ​នឹង​ចូលរួម​រឹ​តបណ្តឹង​ចំណងមិត្តភាព​រវាង​កម្ពុជា​ ជប៉ុន​ កាន់តែ​ស្អិត​រមួត​ ក៏ដូចជា​ការ​បង្កើន​ឱកាស​ដល់​បណ្តា​អ្នក​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ទទួល​បាន​នូវ​បទ​ពិសោធ​ន៍​ថ្មី​ៗផង​ដែរ​។

ជាមួយគ្នា​នេះ​ លោក​ក៏បាន​ជំរុញ​ឱ្យ​មាន​ក្រុមហ៊ុន​ជប៉ុន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​តែ​ច្រើន​បន្ថែម​ទៀត​៕

សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ទទួល​គោរមងារ​សាស្រ្តា​ចារ្យ​កិត្តិយស​ផ្នែក​​ទំនាក់ទំនង​អន្តរជាតិ​ពីសា​កល​វិទ្យាល័យ​ប៉េកាំង​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ទីក្រុង​ប៉េកាំង​៖​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​គឺជា​ថ្នាក់ដឹកនាំ​កំពូល​លើកដំបូង​គេ​ ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​ទទួល​បាន​នូវ​គោរមងារ​សាស្រ្តា​ចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ ​ពីសា​កល​វិទ្យាល័យ​ប៉េកាំង​ ​ដែល​ជាសាកល​វិទ្យាល័យ​ដ៏​ធំ​និង​ចំណាស់​ជាងគេ​នៅ​ទីក្រុង​ប៉េកាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ ​

​ពិធី​ប្រគល់​និង​ទទួល​ដែល​ធ្វើឡើង​ ​នៅ​រសៀល​ ​ថ្ងៃទី២៥​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ដោយមាន​វត្តមាន​នៃ​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​ចិន​ ​ក្រុមប្រឹក្សា​ភិបាល​សាកល​វិទ្យា​ធិការ​ ​នៃ​សាកល​វិទ្យាល័យ​ ​រួម​ទាំង​និស្សិត​កម្ពុជា​-​ចិន​ ​ដែល​កំពុង​សិក្សា​នៅក្នុង​សាកល​វិទ្យាល័យ​ប៉េកាំង​ជាច្រើន​រូប​។​ ​

​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​ ​និង​ក្រុមប្រឹក្សា​ភិបាល​ ​នៃ​សាកល​វិទ្យាល័យ​ប៉េកាំង​ ​មានប្រសាសន៍​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ ​និង​កោតសរសើរ​ចំពោះ​ ​សកម្មភាព​ដឹកនាំ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​ក្នុង​ការ​រំលត់ភ្លើង​សង្រ្គាម​ ​របប​ប្រល័យ​ពូជសាសន៍​ ​ការស្វែងរក​ដំណោះស្រាយ​នយោបាយ​ ​ក្នុង​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ការ​ទំនាក់ទំនង​អន្តរជាតិ​ ​និង​ការដឹកនាំ​ស្តារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​សង្គម​ ​ក្នុង​ប្រទេស​កម្ពុជា​ ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ​ក្នុងរយៈពេល​ជាង​២ទសវត្សរ៍​ ​បន្ទាប់ពី​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​យ៉ាង​ពេញលេញ​ ​តាមរយៈ​ការ​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ ​ឈ្នះ​ ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​។​ ​

​ជាមួយគ្នា​នេះ​ថ្នា​ក់ដឹ​នាំ​ក្រសួង​អប់រំ​ ​និង​ក្រុមប្រឹក្សា​ភិបាល​នៃ​សាកល​វិទ្យាល័យ​ប៉េកាំង​ ​សូម​សំដែង​នូវ​ការ​សប្បាយរីករាយ​ ​ជូនចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​ដែល​បាន​ឆ្លើយតប​និង​ទទួលយក​នូវ​គោរមងារ​ ​«​សាស្រ្ត​ចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​»​ ​ពីសា​កល​ ​វិទ្យាល័យ​ប៉េកាំង​ ​ដែល​នេះ​បាន​បង្ហាញ​ពី​ការ​ផ្តល់​នូវ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​ជូនចំពោះ​ថ្នាក់ដឹកនាំ​ ​និង​ប្រជាជន​ចិន​ ​ដែល​ជានិច្ចកាល​តែងតែមាន​ទំនាក់ទំនង​ល្អជា​មួយ​សម្តេច​នាយក​រដ្ឋមន្រ្តី​ ​ក៏ដូចជា​ប្រទេស​និង​ប្រជាជន​កម្ពុជា​។​ ​

​លោក​ ​ប្រាក់​ ​សុ​ខុន​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​និង​ជារ​ដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​ក្នុងនាម​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​មានវត្តមានក្នុង​ពិធី​ប្រគល់​និង​ទទួល​គោរមងារ​ ​«​ ​សាស្រ្តា​ចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ ​»​ ​ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​ដោយសា​កល​វិទ្យាល័យ​ប៉េកាំង​ ​បាន​ ​អញ្ជើញ​នាំ​បាច់​ផ្កា​ ​ជូន​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​ដើម្បីជាកិច្ច​នៃ​ការគោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ​ដែល​រូប​សម្តេច​បាន​ធ្វើ​ពលីកម្ម​គ្រប់បែបយ៉ាង​ ​ក្នុង​ការដឹកនាំ​ប្រទេស​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ ​ពត​ ​ការ​ពន្លត់ភ្លើង​សង្រ្គាម​រ៉ាំរ៉ៃ​ ​ការស្វែងរក​ដំណោះស្រាយ​សន្តិភាព​ ​ការ​បញ្ចប់​សង្រ្គាម​ទាំងស្រុង​ ​តាមរយៈ​ការ​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ ​ឈ្នះ​ ​របស់​សម្តេច​ ​និង​ដំណើរការ​នៃ​ការ​ស្តារ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពី​បាត់​ដៃ​ទទេ​រ​ ​រហូត​កម្ពុជា​រក្សា​បាន​នូវ​កំណើន​ ​សេដ្ឋកិច្ច​ក្នុងរង្វង់៧​%​ ​ក្នុងរយៈពេល​ជាង២ទសវត្សរ៍​ចុងក្រោយ​ ​ពិសេស​ការ​ធ្វើ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ដោយ​ស្មើ​សិទ្ធ​ ​ស្មើភាព​ ​ខ្ពស់មុខ​ខ្ពស់​មាត់​ជាមួយ​និង​បណ្តា​ប្រទេស​ទាំងអស់​លើស​កល​លោក​៕​

អ្នកជំនាញ​ព្យា​ករណ៍​ពី​តម្លៃ​ដីធ្លី​នៅក្នុង​ឆ្នាំ២០១៩​

0

​ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ថា​ ​តម្លៃ​ដីធ្លី​បាន​បន្ត​កើនឡើង​នៅ​ឆ្នាំនេះ​ ​ដោយសារ​កត្តា​មួយចំនួន​ដែល​ធ្វើឲ្យ​ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​កើនឡើង​។​ ​

​ ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភា្ន​ក់​ងារ​អចលនវត្ថុ​កម្ពុជា​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ចំពោះ​វិស័យ​ដីធ្លី​ ​មិនថា​នៅពេល​បច្ចុប្បន្ន​ ​ក៏ដូចជា​ពេល​អនាគត​នោះ​ទេ​ ​សន្ទស្សន៍​នៃ​តម្លៃ​គឺ​នៅតែ​មាន​កំណើន​ជានិច្ច​ ​ដែល​វា​មិនទាន់​មាន​សញ្ញា​អវិជ្ជមាន​ណាមួយ​បង្ហាញ​នៅឡើយ​នោះ​ទេ​។​ ​

លោ​បន្ត​ថា​ ​ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​យើង​ឃើញស្រាប់​ហើយ​ថា​ ​ចំពោះ​តម្លៃ​ដីធ្លី​ ​គឺ​កំពុងតែ​មាន​កំណើន​ជា​បន្ត​បន្ទាប់​ ​ដែល​ក្នុង​នោះ​រាប់ទាំង​ដី​នៅក្នុង​តំបន់​ក្រុង​ ​ក៏ដូចជា​នៅ​ជាយក្រុង​ ​ហើយ​នៅ​តាម​បណ្តា​ខេត្ត​សក្ដានុពល​មួយចំនួន​ ​ក៏​កំពុង​កើនឡើង​យ៉ាង​គំហុក​ផង​ដែរ​ ​ដូចជា​ ​ខេត្ត​ព្រះសីហនុ​ ​កំពត​ ​កោះកុង​ ​បាត់ដំបង​ ​និង​ក្រុង​ប៉ោយប៉ែត​ ​ជាដើម​”​។​

​ ​លោក​បន្ត​ទៀត​ថា​ ​“​ប្រសិនបើ​យើង​អាច​រក្សា​បាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច​ ​និង​នយោបាយ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ ​សម្រាប់​ ​៥​-​១០​ ​ឆ្នាំខាងមុខ​ទៀត​ ​តម្លៃ​ដី​នៅតែ​បន្ត​កើនឡើង​ ​ដែល​គិតជា​មធ្យម​អាច​ក្នុងរង្វង់​ជាង​ ​១០ភាគរយ​ ​ហើយ​ចំពោះ​ដី​ដែល​ស្ថិត​ក្នុង​តំបន់​ពាណិជ្ជកម្ម​ពិសេស​ ​ដូចជា​តំបន់​ទីប្រជុំជន​ក្នុង​ខេត្ត​ ​ឬ​ក្នុង​ក្រុង​ ​អាច​មាន​កំណើន​តម្លៃ​ខ្ពស់​ជាង​នេះ​ទៅទៀត​”​។​ ​

​លើកឡើង​ស្រដៀង​គ្នាន​នេះ​ ​អ្នកនាង​ ​អាន​ ​សុធី​តា​ ​នាយិកា​ប្រចាំ​ប្រទេស​ ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​យើង​ពិតជា​មាន​មោទនភាព​រួចមក​ហើយ​ ​ដែល​ក្នុងរយៈពេល១០ឆ្នាំ​កន្លងទៅ​ ​តម្លៃ​ដីធ្លី​បាន​កើនឡើង​រហូតដល់២២៥ភាគរយ​ ​ពោល​គឺ​កាលពី​អំឡុង​ឆ្នាំ២០០៨​ ​តម្លៃ​ដី​ដែល​អាច​លក់​បាន​ខ្ពស់​ជាងគេ​ត្រឹម២៨០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​នៅ​ត្រឹម​ឆ្នាំ២០១៨នេះ​ ​តម្លៃ​ដី​ដែល​ខ្ពស់​នបាន​ឡើង​រហូតដល់ ៦៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​វា​នឹង​បន្ត​កើន​ឡើ់ង​ខ្ពស់​ជាង​នេះ​ទៀត​នៅពេល​ខាងមុខនេះ​។​

​អ្នកនាង​បាន​បន្ត​ថា​ ​“​បើ​យើង​ធ្វើការ​ព្យាករណ៍​ទៅ​ថ្ងៃ​អនាគត​ក្នុង​ចន្លោះ​ចាប់ពី៥​-​១០ឆ្នាំខាងមុខ​ទៀត​ ​តម្លៃ​ដី​នៅ​កម្ពុជា​នៅតែ​មានការ​កើនឡើង​ខ្ពស់​ដដែល​ ​ដែល​អាច​ក្នុង​ចន្លោះ​ជាង៧ភាគរយ​ឡើង​ទៅ​”​។​ ​អ្នកនាង​បន្ត​ថា​ ​“​កំនើន៧ភាគរយ​នេះ​មិនមែន​មានន័យថា​ ​ជា​អត្រា​នៃ​កំណើនថេរ​ប្រចាំឆ្នាំ​នោះ​ទេ​ ​ប៉ុន្តែ​វា​អាច​មាន​ឆ្នាំ​ខ្លះ​ឡើង​បាន៥ភាគរយ​ ​ឆ្នាំ​ខ្លះ​ឡើង​បាន៧ភាគរយ​ ​ហើយ​ឆ្នាំ​ខ្លះ​ឡើង​បាន​ត្រឹម៣ភាគរយ​ជាដើម​ ​ដែល​ការព្យាករណ៍​ចេញ​ជា​តួលេខ​នេះ​ ​ក៏​ព្រោះ​យើង​សម្អាង​ទៅលើ​ភាព​ជាក់ស្ដែង​ ​នៃ​តម្រូវការ​ទីផ្សារ​អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​ធៀប​ទៅ​នឹង​ប្រទេសជិតខាង​ក្នុង​តំបន់​ ​ជាពិសេស​ប្រទេស​ថៃ​ ​ដែល​កំពុង​មាន​លំហូរ​វិនិយោគ​យ៉ាង​គំហុក​ពីសំណាក់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ ​ក៏ដូចជា​ជនបរទេស​ ​ជាពិសេស​ជនជាតិ​ចិន​ជាដើម​”​។​ ​

​ជាមួយគ្នា​នេះ​ ​អ្នកនាង​ ​អាន​ ​សុធី​តា​ ​ក៏បាន​បញ្ជាក់​ឱ្យ​ដឹងផង​ដែរ​ថា​ ​ហេតុផល​មួយចំនួន​ទៀត​ ​ដែល​ជា​ក​ក្តា​ជំរុញ​ឱ្យ​វិស័យ​ដីធ្លី​កាន់តែ​ឡើង​តម្លៃ​ខ្លាំង​ ​ក៏អាច​បណ្តា​មក​ពី​ដំណើរការ​វិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ​ជាពិសេស​ការ​រីកចម្រើន​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​ ​ដែល​បាន​និង​កំពុង​វិនិយោគ​ដោយ​រដ្ឋាភិបាល​៕​

ចំណេះដឹង​!​ ​តើ​កម្មសិទ្ធិ​បញ្ញា​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​?​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​កំណើន​សេដ្ឋកិច្ច​ ​ដែល​រួមចំណែក​ដោយ​ចំណេះដឹង​កម្មសិទ្ធិ​បញ្ញា​ ​គឺជា​ការពិចារណា​ដ៏​សំខាន់​ ​ក្នុង​ការសម្រេច​ចិត្ត​ផ្នែក​ពាណិជ្ជកម្ម​។​ ​ផលិតផល​ ​ម៉ាក​ ​និង​ការ​ច្នៃ​ប្រឌិត​ថ្មី​ៗ​ជាច្រើន​ ​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ជា​រៀងរាល់ថ្ងៃ​ ​ដែល​ជា​លទ្ធផល​នៃ​ការ​បន្ត​ការ​ច្នៃប្រឌិត​និង​បង្កើត​ថ្មី​របស់​មនុស្សជាតិ​។​ ​

​សហគ្រាស​ធុន​តូច​និង​ធុន​មធ្យម​ ​(​SMEs​)​ ​ជា​កំលាំង​ចលករ​នៅ​ពីក្រោយ​ការបង្កើត​ថ្មីនេះ​។​ ​ការបង្កើត​ថ្មី​ ​និង​ការ​ច្នៃប្រឌិត​ ​ជួនកាល​មិន​ត្រូវ​បាន​ធ្វើអាជីវកម្ម​ឱ្យ​បាន​ពេញលេញ​នោះ​ទេ​ ​ដោយសារ​សហគ្រាស​ធុន​តូច​ ​និង​ធុន​មធ្យមភាគ​ច្រើន​ ​មិនទាន់​យល់​ច្បាស់​អំពី​ ​ប្រព័ន្ធ​កម្មសិទ្ធិ​បញ្ញា​ ​ឬ​ផលប្រយោជន៍​ ​នៃ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ចំពោះ​ត​ក្ត​កម្ម​ ​ម៉ាក​ ​និង​គំនូរ​ឧស្សាហកម្ម​របស់​ខ្លួន​។​ ​

​ប្រសិនបើ​កម្មសិទ្ធិ​បញ្ញា​ទាំងនោះ​ ​មិន​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​នោះ​ទេ​ ​តក្កកម្ម​ ​នឹង​បាត់បង់​ទៅ​គូប្រកួត​ប្រជែង​ធំៗ​ ​ដែល​មាន​ភាព​ប្រកួតប្រជែង​ក្នុង​ការ​ធ្វើអាជីវកម្ម​លើ​ផលិតផល​ ​ឬ​សេវា​ក្នុង​តម្លៃ​ទាប​ ​ដែល​ធ្វើ​ឱ្យ​ត​ក្ត​ករ​ឬ​ម្ចាស់​ដើម​ ​មិន​ទទួល​បាន​អត្ថ​ប្រយោជន៍​ ​ឬ​តម្លៃតបស្នង​ពី​ការបង្កើត​ថ្មី​របស់​ខ្លួន​នោះ​ទេ​។​ ​

​កិច្ចការពារ​កម្មសិទ្ធិ​បញ្ញា​សមស្រប​របស់​ក្រុមហ៊ុន​ ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការកំណត់​អំពី​ការរំលោភ​បំពាន​ ​និង​ការ​ប្រែក្លាយ​គំនិត​ទៅជា​ទ្រព្យ​អាជីវកម្ម​ ​ដែល​មានតម្លៃ​។​ ​ការ​ទាញ​យក​ផលប្រយោជន៍​ពេញលេញ​ ​ពី​ប្រព័ន្ធ​ការពារ​កម្មសិទ្ធិ​បញ្ញា​ ​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ​ទទួល​បាន​ចំណូល​ពី​ការបង្កើត​ថ្មី​ ​និង​ការ​ច្នៃប្រឌិត​របស់​ខ្លួន​ ​ដែល​ជា​ការ​លើកទឹកចិត្ត​និង​បង្កើន​មូលធន​ដល់​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍន៍​។​ ​មាន​ផលិតផល​ឬ​សេ​វា​ថ្មី​ៗ​ជាច្រើន​ ​ដែល​ការពារ​ក្រោម​ប្រភេទ​ផ្សេង​ៗ​គ្នា​នៃ​កម្មសិទ្ធិ​បញ្ញា​។​ ​

​សហគ្រាស​ ​តែង​តែ​ជូប​ប្រទះ​បញ្ហា​ប្រឈម​ ​ក្នុង​ការ​ទាញ​យក​តម្លៃ​នៃ​កម្ម​សិ​ទិ្ធ​បញ្ញា​របស់​ខ្លួន​ ​និង​ប្រើប្រាស់​កម្មសិទ្ធិ​បញ្ញា​ ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ក្នុង​យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​ខ្លួន​។​ ​

​ក្រុមហ៊ុន​ដែល​ចំណាយធនធាន​ ​និង​ពេលវេលា​ក្នុង​ការ​ការពារ​ទ្រព្យកម្ម​សិទ្ធិ​បញ្ញា​របស់​ខ្លួន​ ​អាច​បង្កើន​ការប្រកួត​ប្រជែង​របស់​ខ្លួន​ ​និង​ជួយ​៖​

​•​ ​ ​បង្ការ​គូប្រកួត​ប្រជែង​ពី​ការ​ចម្លង​ ​ឬ​ធ្វើត្រាប់​តាម​ផលិតផល​របស់​ខ្លួន​
​•​ ​ជៀសវាង​លើ​ការ​ចំណាយ​ថ​វិ​កា​ខ្ចះ​ខ្ចាយ​លើ​ការស្រាវជ្រាវ​ ​និង​ការ​ផ្សព្វផ្សាយ​នៅ​ទីផ្សារ​
​•​ ​បង្កើត​អត្តសញ្ញាណ​សហគ្រាស​តាមរយៈ​ម៉ាក​
​•​ ​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ ​ឬ​ការផ្ទេរ​សិទ្ធិ​ ​ផ្សេង​ៗ​នៃ​កម្មសិទ្ធិ​បញ្ញា​
​•​ ​បង្កើត​តម្លៃ​ទីផ្សារ​របស់​ខ្លួន​
​•​ ​ទទួល​បាន​មូលធន​ ​និង​ហិរញ្ញប្បទាន​
​•​ ​អាច​ពង្រីក​ទៅកាន់​ទី​ផ្សា​រថ្មីៗ​៕​

ការសាងសង់​ផ្លូវជាតិ​លេខ២​ ​និង​លេខ២២​ ​ត្រៀម​ចាប់ផ្តើម​សាងសង់​ហើយ​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ផ្លូវជាតិ​លេខ២​ ​និង​លេខ​ជាតិ២២ដែល​ប្រជាពលរដ្ឋ​រង់ចាំ​ជាយូរមកហើយ​ ​ត្រៀម​នឹង​បើក​ការដ្ឋាន​នៅមុន​ដំណាច់ឆ្នាំ​នេះ​ ​ដោយសារ​បច្ចុប្បន្ន​ក្រសួង​សាធារណៈ​ការ​ជិ​ងរើ​សបា​នក្រុ​មហ៊ុន​សាង​ងស់​ហើយ​។​

​ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​លោ​ក​ឈឹម​ ​ផល្លា​របា​ន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​រសៀល​ថ្ងៃទី២៥​ ​មេសា​កន្លងមក​ថា​ ​បច្ចុប្បន្ន​ក្រសួង​ជិត​រើស​ក្រុមហ៊ុន​សាង​សង់់​ជិត​បាន​ហើយ​ ​ប៉ុន្តែ​មិនយូរ​ទេ​ ​ការ​ជ្រើសរើស​ក្រុមហ៊ុន​នឹង​បញ្ចប់​ ​ហើយ​នៅពេល​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​រួច​ ​ការ​ចាប់ផ្តើម​ស្ថាបនា​និង​ពង្រីក​ផ្លូវ​នេះ​នឹង​ចាប់ផ្តើម​ ​ដែល​អាច​នឹង​បើក​ការដ្ឋាន​សាងសង់​នៅមុន​ដំណាច់ឆ្នាំ​នេះ​។​

​លោក​បន្ត​ថា​ ​“​បច្ចុប្បន្ន​ក្រុមការងារ​អន្តរក្រសួង​កំពុង​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​ ​ដើម្បី​បញ្ចប់​ឧបសគ្គ​មុន​ឈាន​ទៅ​បើក​ការដ្ឋាន​នា​ពេល​ខាងមុខ​”​។​ លោក​បន្ត​ថា​ ​“​រហូត​មកទល់​ពេលនេះ​ ​រដ្ឋាភិបាល​ក៏ដូចជា​ធនាគារ​កូរ៉េ​បាន​យល់ព្រម​ផ្តល់​កម្ចី​សប្ប​ទាន​ ​សំរាប់​សាងសង់​ផ្លូវ​នេះ​រួចហើយ​”​។​

​ផ្លូវជាតិ​លេខ២​ ​និង​ផ្លូវ​លេខ២២​ ​នឹង​ត្រូវ​ពង្រីក​ជា​បួន​គន្លង​នៅ​តំបន់​ខ្លះ​ ​និង​តំបន់​ខ្លះ​មាន​ពីរ​គន្លង​រថយន្ត​ទៅមក​ ​ផ្លូវ​នេះ​នឹង​ចំណាយពេល​សាងសង់​ជាង៣០ខែ​ ​លើ​ផ្លូវ​ប្រវែង៧២,១៧០ម៉ែត្រ​។​ ​ផ្លូវជាតិ​លេខ២២គឺជា​ផ្លូវ​តភ្ជាប់​ពីទី​រួម​ខេត្តតាកែវ​ ​មកកាន់​តំបន់​ទីប្រជុំជន​អង្គតាសោម​ ​ក្នុង​ស្រុក​ត្រាំកក់​។​

​ទោះជាយ៉ាងណា​លោ​ក​ឈឹម​ ​ផល្លា​មិនទាន់​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​ស្ថាបនា​ផ្លូវ​នេះ​នៅឡើយ​ទេ​ ​ដោយសារ​ការ​ដេញថ្លៃ​យក​ក្រុមហ៊ុន​សាងសង់​មិនទាន់​បញ្ចប់​។​

​ជាមួយគ្នា​នេះ​ ​លោក​វ៉ា​ស៊ី​ម​ ​សូ​រិយា​អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​អះអាង​ស្រដៀងគ្នា​ថា​ ​ការសាង​សង់​ផ្លូវ​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​ ​ព្រោះ​និ​តិ​វិធី​ជ្រើសរើស​ក្រុមហ៊ុន​ដេញថ្លៃ​បាន​ជិត​បញ្ចប់​ហើយ​ ​ខណៈ​ធនាគារ​កូរ៉េ​ក៏បាន​ផ្តល់​កម្ចី​ផង​ដែរ​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់​បាន​រិះគន់​ពី​និ​តិ​វិធី​ ​ក្នុង​ការសាងសង់​ផ្លូវ​នេះ​ដែល​មាន​សភាព​យឺតយ៉ាវ​ ​និង​បាន​ស្នើសុំ​ឲ្យ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ពន្លឿន​ការសាងសង់​ផ្លូវ​នេះ​ ​ខណៈ​សម្តេច​បាន​លើកឡើង​ពី​សក្តា​នុ​ពល​ខេត្តតាកែវ​ថា​ ​ជា​ខេត្ត​មាន​សក្តា​នុ​ពល​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​៕​ ​