ដំណឹងល្អ​! ក្រុមហ៊ុន​ជប៉ុន​ធំ​លំដាប់​អន្តរជាតិ​កាន់តែ​ច្រើន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា

0

​ដោយ​ រ៉ា​ណេត

ភ្នំពេញ​៖ ជា​ដំណឹងល្អ​ គួរ​ឱ្យ​រីករាយ​ចំពោះ​វិស័យ​សេដ្ឋកិច្ច​ អចលនទ្រព្យ​ និង​វិស័យ​សំណង់​នៅ​កម្ពុជា​ ខណៈ​ដែល​នៅក្នុង​ឆ្នាំ​ ២០១៩​ នេះ​ អ្នកជំនាញ​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ នឹង​មាន​ក្រុម​ហ៊ុន​ធំៗ​លំដាប់​អន្តរជាតិ​ប្រចាំ​នៅក្នុង​ប្រទេស​ជប៉ុន​ចំនួន៥​ មក​បង្ហាញ​វត្តមាន​ចូលរួម​វិនិយោគ​ និង​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​កម្ពុជា​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ Century21​ Cambodai​ អ្នកនាង​ Grace​ Rachny​ Fong​ បាន​បង្ហើប​ប្រាប់​ថា​ នៅ​ត្រឹម​ដំណាច់ឆ្នាំ២០១៩នេះ​ នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​មកកាន់​កម្ពុជា​ចំនួន៥បន្ថែម​ទៀត​ ដែល​វិនិយោគ​ និង​ធ្វើការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​ផ្នែក​វិស័យ​សំណង់​ និង​ផ្នែក​អចលនទ្រព្យ​។

អ្នកនាង​បន្ត​ទៀត​ថា​ ៖ «វត្តមាន​បន្ថែម​ថ្មី​នៃ​ក្រុមហ៊ុន​ជប៉ុន​កម្រិត​អន្តរជាតិ​ទាំង៥ដែល​នឹង​មកដល់​កម្ពុជា​នៅក្នុង​ឆ្នាំ២០១៩​នេះ​ វា​គឺជា​សញ្ញា​ដ៏​ល្អ​មួយ​ ដែល​បញ្ជាក់​ថា​ វិស័យ​សាងសង់​សំណង់​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឆ្ពោះទៅ​មុខ​។ ជា​ធម្មតា​ សម្រាប់​អ្នក​វិនិយោគ​ជប៉ុន​គឺ​មាន​ភាព​ច្បាស់ការ​ ប្រាកដប្រជា​ណាស់​ ដែល​មុននឹង​សម្រេចចិត្ត​បោះជំហាន​ ឬចាប់​ដៃ​សហការ​វិនិយោគ​ជាមួយ​អ្នកណា​គឺ​គេ​បាន​សិក្សា​លម្អិត​ និង​ច្បាស់​រួច​ទៅ​ហើយ​ គឺ​ភាគច្រើន​មិន​ត្រូវ​បាន​ធ្វើ​ទាំង​ភាព​ប្រថុយ​ប្រថាន​នោះ​ទេ​។

ជា​បទពិសោធន៍​ នៅ​កម្ពុជា​គឺ​មាន​ក្រុមហ៊ុន​ជប៉ុន​មក​វិនិយោគ​ជាច្រើន​រួចមក​ហើយ​ និង​ស្ទើរគ្រប់​វិស័យ​ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ផ្សារ​ទំនើប​ AEON​ ជាដើម​ ដែល​ត្រឹម​រយៈពេល​ខ្លី​បាន​ពង្រីក​សាខា​របស់​ខ្លួន​បញ្ជាក់​ពី​ភាព​ជោគជ័យ​ក្នុង​ការ​វិនិយោគ​ រូបភាព​វិជ្ជមាន​ទាំងនេះ​ហើយ​ ដែល​ជា​ទំនុកចិត្ត​របស់​ពួកគេ​។

អ្នកនាង​ Grace​ Rachny​ Fong​ បាន​បញ្ជាក់​ទៀត​ថា​ ៖ «ជា​ការពិត​ បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ជប៉ុន​ បាន​ និង​កំពុងតែ​សម្លឹង​មើល​បណ្តា​ប្រទេស​នានា​ដែល​នៅ​ជិតខាង​ដើម្បី​ធ្វើការ​វិនិយោគ​ ពង្រីក​វិសាលភាព​របស់​ខ្លួន​ ព្រោះ​នៅក្នុង​ប្រទេស​ជប៉ុន​ ការប្រកួត​ប្រជែង​គឺ​មាន​ភាព​លំបាក​ ទីផ្សារ​ចង្អៀត​ ជាពិសេស​ខ្វះ​នូវ​កម្លាំង​ពលកម្ម​ជំនាញ​ ដែល​ចាំបាច់​ត្រូវតែ​ស្វែង​រក​ទីផ្សារ​ក្រៅប្រទេស​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ក្រុមហ៊ុន​របស់​ខ្លួន​។

ដោយឡែក​សម្រាប់​កម្ពុជា​ ត្រូវ​បាន​គេស​ម្លឹង​ឃើញ​ពី​សក្តា​នុ​ពល​ច្រើន​ សម្បូរ​កម្លាំង​ជំនាញ​ ជាពិសេស​ទីផ្សារ​ប្រកួតប្រជែង​នៅ​មាន​ភាព​ទូលាយ​ ដែល​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ពួកគេ​»។ ​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ ឃាង​ ពុទ្ធី​ បាន​សាទរ​ជាមួយ​ដំណឹង​ចំណូល​ថ្មី​នៃ​ក្រុមហ៊ុន​ជប៉ុន​លំដាប់​អន្តរជាតិ​ទាំង៥ខាងលើ​នេះ​ ដោយ​លោក​បាន​លើក​ឡើង​ថា​ ៖ «វា​ជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​ដំណឹង​នេះ​ ព្រោះ​នៅពេល​ដែល​មាន​ក្រុមហ៊ុន​អន្តរជាតិ​កាន់តែ​ច្រើន​ចូល​មក​បង្ហាញ​ខ្លួន​ នោះ​បញ្ជាក់​ថា​ កម្ពុជា​ កាន់តែ​មាន​ភាពល្អ​ប្រសើរ​ ដែល​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ដល់​អ្នក​វិនិយោគ​។

ក្រៅពី​នេះ​ វត្តមាន​របស់​ក្រុមហ៊ុន​អន្តរជាតិ​ វា​នឹង​ចូលរួម​ជួយ​ពង្រឹង​វិស័យ​សេដ្ឋកិច្ច​ ក៏ដូចជា​ធ្វើ​ឱ្យ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ស្ថិតនៅ​ក្នុង​វិស័យ​រួមគ្នា​ខិតខំ​ពង្រឹង​សមត្ថភាព​ និង​គុណភាព​ ក៏ដូចជា​ក្រមសីលធម៌​ ដើម្បី​ធ្វើ​យ៉ាងណា​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​របស់​ខ្លួន​»។

លោក​បាន​បន្ត​ទៀត​ថា​ ៖ «ភាគច្រើន​ ក្រុមហ៊ុន​ជប៉ុន​ តែង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅលើ​គុណភាព​នៃ​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ ហើយ​ពួកគេ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​ចាប់​យក​ចំណែក​ទីផ្សារ​ ក៏ដូចជា​អតិថិជន​របស់​ពួកគេ​ ជាក់ស្ដែង​កាលពី​ពេល​កន្លង​ទីនេះ​ យើង​ឃើញស្រាប់​ហើយ​ ដូចជា​ ការ​វិនិយោគ​ទៅលើ​ប្រភេទ​ខុន​ដូ​ ប៊ូ​ តែ​ ជូ​  សំណង់​​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ អា​រ៉ា​កា​វ៉ា​ ក៏ដូចជា​ផ្សារ​ទំនើប​ AEON​ ជាដើម​ ​ដូច្នេះ​ ចង់​មិន​ចង់​ បណ្តា​ក្រុមហ៊ុន​នានា​ដែល​ស្ថិតនៅ​ក្នុង​វិស័យ​រួមគ្នា​ត្រូវតែ​ចេះ​បត់បែន​ និង​ពង្រឹង​សមត្ថភាព​ឱ្យ​ល្អ​ ទើប​អាច​រក្សា​បាន​ចំណែក​ទីផ្សារ​របស់​ខ្លួន​»។ គិត​មក​ត្រឹម​ដើមឆ្នាំ២០១៩​ ក្រុមហ៊ុន​ជប៉ុន​ បាន​ចូល​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ស្ទើរគ្រប់​វិស័យ​រហូតដល់​ជាង​២០០០ក្រុមហ៊ុន​រួចមក​ហើយ​ ។

បណ្ឌិត​ ម៉ី​ កល្យាណ​ ទីប្រឹក្សា​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​ថា​ កំណើន​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ បាន​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​ដ៏​សំខាន់​នៃ​បរិយាកាស​នយោ​បា​យ និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ ព្រោះ​អ្នក​វិនិយោគ​ជប៉ុន​ មុន​ពួកគេ​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ​ ពួកគេ​សិក្សា​ច្បាស់លាស់​ណាស់​ ទើប​សម្រេចចិត្ត​ចូល​វិនិយោគ​។

លោក​បន្ត​ថា​ ៖ «ជប៉ុន​បាន​កសាង​មូលដ្ឋាន​គ្រឹះ​ វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​ហើយ​ យើ​ ងគួរ​ទះដៃ​អបអរសាទរ​ទាំង​អស់គ្នា​។ ទោះជាយ៉ាងណា​កម្ពុជា​នៅតែ​ត្រូវការ​កែ​លំ​អរ​ថែមទៀត​ ហើយ​ការ​កែ​លំ​អរ​បែបនេះ​ត្រូវតែ​ធ្វើជា​បន្តបន្ទាប់​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​» ៕

រដ្ឋាភិបាលសម្រេចពន្យាពេលបញ្ចប់អាជីវកម្មផ្លូវដែករបស់ក្រុមហ៊ុនរ៉ូយ៉ាលគ្រុប

0

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ដ្ឋាភិបាលសម្រេចឲ្យក្រុមហ៊ុនរ៉ូយ៉ាលគ្រប់របស់អ្នកឧកញ៉ា គិត ម៉េង បន្តវិនិយោគ និងធ្វើអាជីវកម្មលើផ្លូវដែកនេះបន្តទៅទៀត។


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានបានឲ្យដឹងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩កន្លងមកនេះថា ការប្រគល់សិទ្ធិឲ្យក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ធ្វើអាជីវកម្មលើផ្លូវដែកឡើងវិញនេះ ដោយសារក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើលក្ខខណ្ឌគតិយុត្តិ និងបច្ចេកទេសពាក់ព័ន្ធក្នុងការគ្រប់គ្រងដំណើរការផ្លូវដែក។
សេចក្តីជូនដំណឹងបន្តទៀតថា ក្រសួងនឹងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនជំនាញដែលមានសមត្ថភាពគ្រប់គ្រាន់ ដែលក្នុងនោះអាចមានការចូលរួមពីក្រុមហ៊ុនរ៉ូយ៉ាល់រេ៉លវ៉េ ដើម្បីធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូងឲ្យសមស្របទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនដឹកជញ្ជូន ក្រុមនាំចេញ និងនាំចូល ពាណិជ្ជករ កសិករ និងអ្នកដំណើរឲ្យមានលក្ខណៈស្តង់ដារអន្តរជាតិ និងធ្វើឲ្យមានប្រសិទ្ធភាពជឿជាក់ មានសុវត្ថិភាព និងមានតម្លៃសមរម្យ ដែលជាកត្តាជំរុញឱ្យផ្លូវដែកកម្ពុជាជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ពិតប្រាកដក្នុងការបង្កើតជាកាលានុវត្តភាបថ្មីសម្រាប់ប្រជាជាតិកម្ពុជា។


ជាមួយគ្នានោះ អ្នកឧកញ៉ា គិត ម៉េង រួមនឹងថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវ៉េ បានសរសេរលិខិតគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ដែលសម្រេចផ្តល់បន្តវិនិយោគ និងធ្វើអាជីវកម្មឡើងវិញ។
លិខិតថ្លែងអំណរគុណនេះ ក្រុមហ៊ុនបានចាត់ទុកសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺមានអត្ថន័យ និងជាការលើកទឹកចិត្តគាំទ្រដ៏ធំធេងដល់វិស័យឯកជនក្នុងស្រុក ដែលកំពុងស្ទុះងើបឡើងនេះ ឲ្យមានឱកាស លទ្ធភាព និង សមត្ថភាព រួមចំណែកក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចកម្ពុជា ដូចដែល សម្តេចតេជោនាយករដ្នមន្ត្រីធ្លាប់មានប្រសាសន៍ថា ចង់ឃើញវិស័យឯកជនកម្ពុជា មានឋាមពលរឹងមាំ រួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក្នុងភាពជាម្ចាស់ប្រទេស។
តាមរយៈលិខិតនេះក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវ៉េ បានប្តេជ្ញាខិតខំសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបន្តនិរន្តរភាពនៃការដឹកជញ្ជូនតាមផ្លូវដែកឲ្យកាន់តែល្អប្រសើរឡើង ទាំងការដឹកជញ្ជូន ភ្ញៀវអ្នកដំណើរ ប្រេង សាំង ធ្យូងថ្ម និងទំនិញនានាជាច្រើនមុខទៀតតាមទូ កុងតឺន័រ មិនឲ្យរាំងស្ទះឡើយ។
ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨ កាលពីថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោហ៊ុន សែនបានលើកឡើងថា ការសម្រេចបញ្ចប់ការធ្វើអាជីវកម្មនេះ បន្ទាប់ពីមើលឃើញថា ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ វិស័យដឹកជញ្ជូនតាមផ្លូវដែកហាក់មិនបានទទួលជោគជ័យ ហើយក្រុមហ៊ុនក៏មិនបានពង្រីកសក្ដានុពលរបស់ខ្លួន និងមិនបានបំពេញតម្រូវការរបស់អតិថិជនបានគ្រប់គ្រាន់នោះ។
ខ្សែរថភ្លើងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ចាប់ដំណើរការដឹកអ្នកដឹកដំណើរនៅឆ្នាំ២០១៦ បន្ទាប់ពីក្រុមហ៊ុននេះទទួលសិទ្ធិវិនិយោគផ្លូវរថភ្លើងនៅកម្ពុជាក្នុងឆ្នាំ២០០៩ សម្រាប់រយៈពេល៣០ឆ្នាំ៕

ចំនួន​បន្ទប់​សណ្ឋាគារ​នៅ​ខេត្ត​ព្រះសីហនុ​ នឹង​កើន​ដល់​ជិត​ ១ម៉ឺន​បន្ទប់​នៅ​ឆ្នាំ២០២១

0

ដោយ​ វុត្ថា​

ព្រះសីហនុ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ព្យាករណ៍​ថា​ តាម​សន្ទ​សន៍​នៃ​សក្តា​នុ​ពល​ និង​ការ​វិនិយោគ​លើ​វិស័យ​សេវា​ស្នាក់នៅ​ ខេត្ត​ព្រះសីហនុ​ នឹង​មាន​សណ្ឋាគារ​កើនឡើង​ជាមធ្យម​ ៣,៥ពាន់​បន្ទប់​ក្នុង​មួយឆ្នាំ​ ដែល​បន្ទប់​សណ្ឋាគារ​ អាច​នឹង​កើន​ដល់​ជិត​ ១ម៉ឺន​បន្ទប់​ក្នុង​ឆ្នាំ២០២១​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ទេសចរណ៍​ត្រីមាស​ទី១​ ឆ្នាំ២០១៩​ និង​វឌ្ឍនភាព​ការងារ​របស់​ក្រុមការងារ​ទាំង​ប្រាំ​ ដើម្បី​ជួយ​ពង្រឹង​ការគ្រប់គ្រង​ និង​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ៣០​ កន្លងមក​នេះ​ បានឱ្យ​ដឹង​ថា​ ដើម្បី​គាំទ្រ​ដល់​ការ​រីកចម្រើន​វិស័យ​ទេសចរណ៍​យ៉ាង​គំហុក​ និង​ជាបន្តបន្ទាប់​នៅ​ខេត្ត​ព្រះសីហនុ​ ក្រសួងទេសចរណ៍​បាន​និង​កំពុង​រៀបចំផែនការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ពង្រឹងគុណភាព​បុគ្គលិក​ជំនាញ​តាមរយៈ​ការ​បើក​វគ្គ​បណ្តុះបណ្តាល​ជាប្រចាំ​ និង​ជំរុញ​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ធ្វើការ​បើក​វគ្គ​ពង្រឹង​សមត្ថភាព​នៅ​មូលដ្ឋាន​ផ្ទាល់​ (In​ house​ training​)។

លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋបាល​ខេត្ត​ រដ្ឋបាល​ក្រុង​ មន្ទីរ​ទេសចរណ៍​ ក្រុមការងារ​ទាំង​ប្រាំ​ ព្រមទាំង​មន្ទីរ​ និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​បន្ត​អនុវត្ត​ភារកិច្ច​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​តាម​ជំនាញ​ និង​អនុវត្ត​ច្បាប់​ជាចម្បង​ប្រកបដោយ​ប្រសិទ្ធភាព​ ដើម្បី​ឆ្ពោះទៅ​ដល់​ការរៀបចំ​ និង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ២០២០​ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ (ASEAN​ Summit​) ក្នុង​ឆ្នាំ២០២២​។

ឆ្នាំ២០១៨​ កន្លងមក​នេះ​ ចំនួន​ទេសចរ​បរទេស​មក​កម្ពុជា​មាន​ចំនួន៦,២លាន​នាក់​កើនឡើង១១​% ដោយឡែក​ទេសចរ​អន្តរជាតិ​មក​ខេត្ត​ព្រះសីហនុ​ មាន​ចំនួន៥៨ម៉ឺន​នាក់​កើន២៤​% ដែល​បង្កើត​ការងារ​ដោយ​ផ្ទាល់​ចំនួន១៧ម៉ឺន​នាក់​ និង​សម្រាប់៣ខែ​ដើមឆ្នាំ២០១៩នេះ​ មាន​ចំនួន២០ម៉ឺន​នាក់​ កើនឡើង២៥​%។ បច្ចុប្បន្ន​ មូលដ្ឋាន​សេវា​ស្នាក់នៅ​មាន​ចំនួន៩៦៩៧បន្ទប់​ ក្នុង​នោះ​សណ្ឋាគារ​កម្រិត​ផ្កាយ៥​ មាន​ចំនួន​ប្រមាណ២ពាន់​បន្ទប់​៕

អាងហែលទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​តម្លៃ​ ២លាន​ដុល្លារ​គ្រោង​បញ្ចប់​ការ​ជួសជុល​នៅ​ចុងខែ​ឧសភា

0

​ដោយ​ នៅ​ វឌ្ឍនា

​ភ្នំពេញ​៖ អាងហែលទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ នឹង​ត្រូវ​គ្រោង​បញ្ចប់​ការ​ជួសជុល​ សាង​សាង់​ នៅ​ចុងខែ​ឧសភា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ ដើម្បី​ឱ្យ​អត្តពលិក​កម្ពុជា​ហ្វឹកហាត់​ត្រៀមខ្លួន​ យក​មេដាយ​ជូន​ជាតិ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ២០២៣​ ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា​ នៅក្នុង​ពិធី​ចុះ​ពិនិត្យមើល​វឌ្ឍនា​ភាព​ការងារ​ជួសជុល​ និង​សាងសង់​អាងហែលទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា​ ការថែទាំ​ជួសជុល​អាងហែលទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ គម្រោង​ចំណាយ​រយៈពេល​ពី​ប្រាំពីរ​ខែ​ទៅ​ប្រាំបី​ខែ​ ហើយ​កីឡាករ​-កីឡាការិនី​ដែល​កំពុង​ទទួលការ​ហ្វឹកហាត់​បច្ចុប្បន្ន​ទាំងអស់​ នឹង​ត្រូវ​ទៅ​ហ្វឹកហាត់​នៅកន្លែង​ថ្មី​ជា​បណ្តោះអាសន្ន​សិន​ រង់ចាំ​ការ​ជួសជុល​ និង​សាងសង់​បាន​បញ្ចប់​ជាស្ថាពរ​។

បច្ចុប្បន្ន​ការ​ជួសជុល​ និង​សាងសង់​អាងហែលទឹក​ និង​អាង​លោត​តម្លៃ​២លាន​ដុល្លារ​សម្រេច​បាន​ប្រមាណ​ជា​ ៥៥%ហើយ​ ដែល​ការថែទាំ​ជួសជុល​ និង​សាងសង់​អាងហែលទឹក​នេះ​ គម្រោង​ចំណាយ​រយៈពេល​ពី​ ៧ខែ​ ទៅ៨ខែ​ ដោយ​ចាប់​ដំណើរ ការ​ជួសជុល​ និង​សាងសង់​ពី​ខែវិច្ឆិកា​ ឆ្នាំ២០១៨​ ហើយនឹង​គ្រោង​បញ្ចប់​នៅ​ចុងខែ​ឧសភា​ ឆ្នាំ២០១៩​ ដើម្បី​ដាក់​ឱ្យ​ដំណើរ ការ​ឡើងវិញ​ សម្រាប់​ឱ្យ​កីឡាករ​-កីឡាការិនី​កម្ពុជា​ ធ្វើការ​ហ្វឹកហាត់​ ក្នុង​ការ​ត្រៀមខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ២០២៣​។

លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ធ្លាប់​បានឱ្យ​ដឹង​ថា​ អាង ហែលទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នេះ​ ស្ថាបនា​ឡើង​ក្នុង​ទសវត្ស​ឆ្នាំ១៩៦០​ មកដល់ពេលនេះ​ មាន​អាយុកាល៥៨ឆ្នាំ​ហើយ​គឺ​វា​លែង​ស្ថិត​ក្នុង​លំ​ដាប់​ស្ដ​ង់​ដា​ទៅ​ហើយ​ អាងហែលទឹក​នេះ​ មាន​កន្លែង​សម្រាប់​ប្រកួត​ហែល​ និង​សម្រាប់​លោតទឹក​ ដើម្បី​ធ្វើ​វា​ឱ្យ​ត្រឹមត្រូវ​តាម​ស្ដ​ង់​ដា​ជា​ សកល​ក្នុង​យុគសម័យ​នេះ​ គឺ​មាន​ផ្នែក​ជាច្រើន​ត្រូវ​វ៉ៃ​ចោល​ធ្វើជា​ថ្មី​ ។

លោក​បន្ត​ថា​ ទំ​ហ៊ំ​អាង​ចាស់​គឺ​ទទឹង២០ម៉ែត្រ​ និង​បណ្ដោយ៥០ម៉ែត្រ​ នៅពេល​ជួសជុល​ត្រូវ​បំពាក់​ប្រព័ន្ធ​ពេលវេលា​ស្វ័យ ប្រវត្តិ​ និង​ត្រូវ​ពង្រីក​អាង​ទំ​ហ៊ំ​ទទឹង២៥ម៉ែត្រ​ និង​បណ្ដោយ​នៅ​រក្សា៥០ម៉ែត្រ​ដដែល​ ចំណែក​អាង​សម្រាប់​លោត​ដែល​ទំ​ហ៊ំ​ចាស់២០ម៉ែត្រ​គុណ២០ម៉ែត្រ​នោះ​ ក៏​ត្រូវ​ពង្រីក​ដល់២៥ម៉ែត្រ​គុណ​នឹង​ ២១ម៉ែត្រ​ ។

លោក​ ហែម​ គីរី​ បាន​បញ្ជាក់​ទៀត​ថា​ ជាមួយ​ការងារ​ពង្រីក​អាងហែលទឹក​នោះ​ ក៏​ត្រូវ​ជួសជុល​អគារ​ក្នុង​នោះ​មាន​ទាំង​ការិយាល័យ​ធ្វើការ​របស់​សហព័ន្ធ​ កន្លែង​ស្នាក់នៅ​ហូបចុក​របស់​កីឡាករ​-កីឡាការិនី​ ដែល​ការ​ជួសជុល​នេះ​ ក្នុង​ទ្រង់ទ្រាយ​ធំ​ ដែល​មិនធ្លាប់​ធ្វើ​ពីមុន​មក​ ក្នុងរង្វង់​ទឹកប្រាក់​ប្រមាណ​ជាង​មួយ​លាន​ដុល្លា​សហរដ្ឋអាមេរិក​ តាមរយៈ​ ឯកឧត្តម​ប្រធាន​សហព័ន្ធ​ស៊ុន​ ចាន់​ថុល​ ជា​អ្នក​ស្វះស្វែង​រក​ថវិកា​ ដើម្បី​ជួសជុល​នេះ​ ៕

កម្ពុជា​នឹង​មាន​ស្ពាន​មិត្តភាព​កម្ពុជា​-កូ​រ៉​ឆ្លងកាត់​ទន្លេមេគង្គ​មួយទៀត​នា​ពេល​ខាងមុខ

0

​ដោយ​ វុត្ថា

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ សម្តេច​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បានសម្រេច​ស្នើសុំ​ភាគី​កូរ៉េ​ឱ្យ​ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​ឆ្លងកាត់​ទន្លេ​ឆ្លង​កា​ត់​ទន្លេ​ងមេគង្គ​រួចហើយ​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ នៅ​ថ្ងៃទី​ ៣១​ ខែមីនា​ ឆ្នាំ​ ២០១៩​ កន្លងមក​ថា​ នា​ពេល​ខាងមុខនេះ​ ប្រជាពលរដ្ឋ​កម្ពុជា​នឹង​បាន​ឆ្លងស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​មួយទៀត​ តប​តាម​សំណើ​របស់​សម្តេច​តេជោ​ ខណៈ​សំ​ណើ​នេះ​ ត្រូវ​បាន​ទទួល​រួចហើយ​ពី​ភាគី​កូរ៉េ​ តែ​យ៉ា​ណាក៏ដោយ​លោក​រដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​ថា​ ស្ពាន​នេះ​បាន​សិក្សា​រួចហើយ​ ឬ​សាងសង់​ទី​តាំ​ណា​ និង​ចំណាយ​អស់តម្លៃ​ប៉ុន្មាន​នោះ​ទេ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ “យើង​ឃើញ​តែ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ និង​ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ តែ​មិនទាន់​ឃើញ​ស្ពាន​មិត្តភាព​កម្ពុជា​-កូ​រ៉​នៅ​ភ្នំពេញ​ ចឹង​សម្តេច​តេជោ​ បាន​ស្នើសុំ​រួចហើយ​ ហើយ​បន្តិច​ទៀយ​ ក្រែង​មាន​ស្ពាន​មិត្ត​កម្ពុជា​-កូរ៉េ​មួយទៀត​”។

រដ្ឋមន្ត្រី​រូប​នេះ​ បាន​បន្ថែម​ថា​ ប្រទេស​កម្ពុជា​ស្វាគមន៍​រាល់​គម្រោង​សាងសង់​ស្ពាន​មិត្ត​ភា​ពរ​វាង​ប្រ​ទេ​នានា​ឱ្យ​តែ​មានការ​ស្នើសុំ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ មិនដែល​បដិសេធ​ចំពោះ​ការ​ជួយ​ពីសំណាក់​ប្រទេស​ដែល​ជា​មិត្ត​ទាំងនោះ​ឡើយ​ និង​មិន​រើសអើង​ចំពោះ​ប្រទេស​ទាំងនោះ​ទេ​ ឱ្យ​តែ​ប្រទេស​ទាំងនោះ​គោរព​អធិ​ប្ប​តេយ​ភាព​ ឯករាជ្យ​របស់​ប្រទេស​កម្ពុជា​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការ​អន្ដរ​ជាតិ​កាលពី​កន្លងមក​នេះ​ បាន​ឱ្យ​​ដឹង​ថា​ នៅក្នុង​ជំនួប​សម្ដែង​ការគួរសម​របស់​ លោក​ Oh​ Nak​-young​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃទី០៩​ ខែមីនា​ លោក​ទេស​រដ្ឋ​មន្ដ្រី​ ប្រាក់​ សុ​ខុន​ បាន​សម្តែង​កតញ្ញូតា​ចំពោះ​ជំនួយ​ឧបត្ថម្ភ​លើ​គ្រប់​វិស័យ​ ដែល​រដ្ឋាភិបាល​កូរ៉េ​បាន​ផ្តល់​ជូន​កម្ពុជា​ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ឆ្លើយតប​ របស់​រដ្ឋាភិបាល​កូរ៉េ​ទទួលយក​សំណើ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​ ឆ្លងកាត់​ទន្លេមេគង្គ​៕

អភិបាលក្រុងភ្នំពេញនឹងចូលរួមបើកការដ្ឋានសង់សាលពិព៌ណលំដាប់អន្តរជាតិនៅទីក្រុងរណបជ្រោយចង្វារ

0

ដោយគង់ សូរិយា

​ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងនឹងចូលរួមបើកការដ្ឋានសាងស​ង់សាលពិព៌ណតម្លៃ១៨លានដុល្លារអាមេរិក ដែលមានស្តង់ដាលំដាប់អន្តរជាតិនៅថ្ងៃទី៣១ មិនាស្អែកនេះ។

​អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៩មិនាកន្លងមកថា ការបើកការដ្ឋានសាងសង់សាលពិព៌ណតម្លៃ១៨លានដុល្លារអាមេរិកនេះ នឹងធ្វើឡើងនៅម៉ោង៩ព្រឹក នាថ្ងៃទី៣១មិនាខាងមុខនេះ។ សា​លពិព៌ណដែលស្ថិតក្នុងទីក្រុងរណបនេះ សម្រាប់រៀបចំសន្និសីទ កិច្ចប្រជុំ និងសាលសំ​រាប់រៀបចំអាពាហ៍ពិពាហ៍ផងដែរ។

​លោកបន្តថា “តាមគំរោងសាលពិព៌ណដ៏ធំនេះ នឹងធ្វើជាទីតាំងសំរាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២០ខាងមុខនេះ”។

​ទីក្រុងរណបជ្រោយចង្វារមានផ្ទៃដីសរុប១១០ហិកតា ជាទីក្រុងថ្មីមួយដែលក្រុមហ៊ុនOCICគ្រោងរៀបចំជាSmart City និងប្រែក្លាយតំបន់នេះជាមជ្ឈមណ្ឌលពាណិជ្ជកម្ម​លំដាប់អន្តរជាតិមួយ ដែលគ្រោងចំណាយទុនវិនិយោគ រហូតដល់ជាង៣០០០លានដុល្លា​រអាមេរិក។


​លោកទូច សំណាងបានបន្តថា ការសាងសង់សាលពិព៌ណដែលមានទទឹង៨០ម៉ែត្រ និងបណ្តោយ២៤០ម៉ែត្រនេះបាន និងកំពុងចាប់ផ្តើមហើយ និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ។ សាលពិព៌ណលំដាប់អន្តរជាតិនេះ មានទំហំជាង៣ម៉ឺន​ម៉ែត្រការ៉េ ក្នុងនោះ១ម៉ឺនម៉ែត្រការ៉េស្ថិតនៅក្រោមដី៕

សមាជិក​គ្រួសារ​ Century21​ ចំនួន៨​ ទទួល​បាន​ពានរង្វាន់​ពី​សហរដ្ឋអាមេរិក

0

ដោយ​ រ៉ា​ណេត

ភ្នំពេញ​ ៖ ក្រុមហ៊ុន​ Century21​ ដែល​ជាស​មា​ជិ​កនៃ​ក្រុម​គ្រួសារ​ Century21​ Cambodia​ បាទ​ទួល​ពានរង្វាន់​ចំនួន៨ពី​សហរដ្ឋអាមេរិក​ទៅលើ​ស្នា​ដៃ​ខុស​ៗគ្នា​ដែល​ពួកគេ​សម្រេច​បាន​។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ Century21​ Cambodia​ កាលពី​ថ្ងៃទី៣០​ ខែមីនា​ ព្រឹកមិញ​នេះ​ថា​ ក្រុមហ៊ុន​ Century21​ ដែល​ទទួល​បាន​ពានរង្វាន់​ចំនួន៨នោះ​រួមមាន​ ៖

1. ​Century21​ Imperial​ Realty​
2. ​Century21​ Mekong​
3. ​Century21​ Dream​ Property
​4. ​Century21​ Golden​ Realty​
5. ​Century21​ Land​ Station​
6. Century21​ Advanced​ Property
​7. ​Century21​ Regent​ Realty
​8. ​Century21​ Fuji​ Realty​

សមិទ្ធផល​ និង​ការ​ជោគជ័យ​នេះ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​ CENTURY​ 21​ Real​ Estate​ LLC​ HQ​ (សម្រាប់​ពានរង្វាន់​ International​ Award​ 2018​) ការិយាល័យ​ទាំងនេះ​ បាន​រក្សា​ និង​ប្តេជ្ញា​ចិត្ត​បម្រើសេវា​កម្ម​ដ៏​ល្អជា​កញ្ចប់​ដល់​អតិថិជន​ចាស់​ និង​អតិថិជន​ថ្មី​ជានិច្ច​។

មន្ត្រី​តំណាង​ក្រុមហ៊ុន​ Century21​ Cambodia​ បាន​លើកឡើង​ថា​ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​ កំពុងតែ​មានការ​រីកចម្រើន​ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ជាច្រើន​ងាក​មក​ចាប់អារម្មណ៍​ធ្វើការ​វិនិយោគ​នៅក្នុង​ប្រទេស​មួយ​នេះ​ ជា ពិសេស​នៅក្នុង​ឆ្នាំ២០១៩នេះ​ នឹង​រីក​លូតលាស់​កាន់តែ​ប្រសើរ​ ដោយមាន​លំហូរ​ចូល​នូវ​ក្រុមហ៊ុន​ជប៉ុន​ចំនួន៥ធំៗ​ទៀត​ ។

ក្នុងនាម​ជា​ក្រុមហ៊ុន​ និង​ជា​ស្ថាប័នឯកជន​ CENTURY​ 21​ Cambodia​ នឹង​នៅតែ​បន្ត​ការ​គាំទ្រ​យុទ្ធ​សាស្រ្ត​ និង​គោល​នយោបាយ​របស់​រដ្ធា​ភិបាល​ឱ្យ​មាន​លំហូរ​ចូល​ការ​វិនិយោគ​បរទេស​កាន់តែ​ច្រើន​ដល់​ប្រទេស​កម្ពុជា​ ដោយ​បាន​ផ្ដល់​ឱកាស​ការងារ​ធ្វើ​កាន់តែ​ច្រើន​ដល់​យុវជន​កម្ពុជា​បន្ថែម​ទៀត​៕

រោងចក្រ​ផលិត​ទឹក​ស្អាត​កំពត​តម្លៃ ៣០លាន​ដុល្លារ​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅដើម​ខែមេសា​ខាង​មុន​នេះ​

0

ដោយ ​វុត្ថា

ភ្នំពេញ​៖ រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​ខេត្តកំពត​ ដែល​មានតម្លៃ​ប្រមាណ៣០លាន​ដុល្លារ​នឹង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជផ្លូវការ​ក៏​នៅ​ថ្ងៃទី២​ ខែមេសា​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​ ក្រោម​អធិបតីភាព​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ប្រទេស​កម្ពុជា​។

រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​ខេត្តកំពត​ដែល​ត្រូវ​បាន​សាងសង់​កាលពី​ឆ្នាំ​ ២០១៨កន្លងមក​នេះ​ ជា​ជំនួយឥតសំណង​ទំហំ​ ៣២៨៤​លាន​យ៉េន​ ដែល​មានតម្លៃ​ជិត ២៧លាន​ដុល្លារ​ នឹង​ត្រូវ​ផ្តល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ផលិត​ទឹក​ស្អាត​នៅក្នុង​ខេត្តកំពត​ និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​។

ប្រទេស​ជប៉ុន​បាន​នាំមុខ​គេ​ក្នុងចំណោម​ដៃគូ​អភិវឌ្ឍន៍​ ដែល​ជួយ​កម្ពុជា​ក្នុង​វិស័យ​ទឹក​ស្អាត​តាំង​ដើ​មទ​ស្ស​វត្ស១៩៩០​ ។
ការរៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅក្នុង​រាជធានី​ភ្នំពេញ​ នៅ​ខេត្តសៀមរាប​ នៅ​កំពង់ចាម​ និង​បច្ចុប្បន្ន​ក្នុង​ខេត្តកំពត​ សុទ្ធតែ​បាន​ប្រើប្រាស់​ជំនួយ​របស់​ជប៉ុន​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​យកចិត្ត​ទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ហើយ​ជា​ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​បាន​កំណត់​យក​ឆ្នាំ២០២៥​ ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់១០០​%។

អជ្ជា​ធរ​ខេត្ត​ខេត្តកំពត​ ដែល​ដឹកនាំ​ដោយ​ លោក​ ជាវ​ តាយ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ នៅ​ថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ​២០១៩​ បាន​បើ​កិច្ចប្រជុំ​ក្រុមការងារ​ត្រៀម​រៀបចំ​បដិសណ្ឋារ​កិច្ច​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី​ ហ៊ុន​ សែន​ ក្នុង​ឱកាស​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ទីរួមខេត្ត​កំពត​៕

រដ្ឋាភិបាល​វៀតណាម​​បញ្ជា​ឱ្យធ្វើ​​របាយការណ៍​​ពី​​លំនៅ​ដ្ឋាន​​កម្មសិទ្ធិ​​របស់​ជនបរទេស

0

​ដោយ ​វុត្ថា​

វៀតណាម​៖ ដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​សំណង់​វៀតណាម​ បាន​បញ្ជា​ឱ្យ​អជ្ញា​ធរ​គ្រប់​ខេត្ត​ក្រុង​ធ្វើ​របាយការណ៍​ឱ្យ​បាន​ពិស្តារ​ជុំវិញ​ទំហំ​លំនៅ​ដ្ឋាន​កម្ម​សិទ្ធ​របស់​ជនបរទេស​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ ក្រសួង​ធ្វើបែប​នេះ​ គឺ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​សម្រាប់​ធ្វើការ​វាយតម្លៃ​ និង​អនុវត្ត​គោលនយោបាយ​ជនបរទេស​លើ​បុគ្គល​ម្នា​ក់ៗ​ និង​ជន​ជា​តិ​វៀ​តសញ្ជាតិ​បរទេស ​(ជនជាតិ​វៀតណាម​នៅ​ក្រៅប្រទេស​) ទិញ​និង​ធ្វើជា​ម្ចាស់ផ្ទះ​នៅក្នុង​ប្រទេស​។

សារព័ត៌មាន​វៀតណាម​ដដែល​បាន​កត់សម្គាល់​ថា​ បច្ចុប្បន្ន​ក្រសួង​កំពុង​អភិវឌ្ឍ​គម្រោង​មួយ​ដែល​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​សន្តិសុខ​សេដ្ឋកិច្ច​នៅក្នុង​វិស័យ​លំនៅ​ដ្ឋាន​ និង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​។ របាយការណ៍​ដែល​ត្រូវ​ស្នើ​ឡើ​នេះ​ នឹង​គ្រប​ដណ្តប់​ព័ត៌មាន​ស្តី​ពី​ចំនួន​ជនបរទេស​ដែល​រួម​ទាំង​ជនជាតិ​វៀតណាម​សញ្ជាតិ​បរទេស​ដែល​ជា​ម្ចាស់​លំនៅឋាន​នៅក្នុង​ខេ​ត្ដ​ឬទីក្រុង​នានា​។

ជាមួយគ្នា​នោះ​ ក៏​កំណត់​ទីតាំង​ជាក់លាក់​និង​ប្រភេទ​អចលនទ្រព្យ​ដែល​ត្រូវ​បាន​ទទួល​ដោយ​ជនបរទេស​មុន​និង​ក្រោយ​ច្បាប់​លំនៅ​ដ្ឋាន​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​។របាយការណ៍​នេះ​ក៏​នឹង​កំណត់​អត្តសញ្ញាណ​គម្រោង​លំនៅ​ដ្ឋាន​ដែល​មិន​អនុញ្ញាត​ឱ្យ​ជនបរទេស​ធ្វើជា​កម្មសិទ្ធិ​ផង​ដែរ​។

ច្បាប់​លំនៅឋាន​បាន​បន្ធូរបន្ថយ​ច្បាប់​កម្ម​សិទ្ធ​លើ​លំនៅឋាន​ដែល​ត្រូវ​បា​អនុវត្ត​ក្នុង​ឆ្នាំ​ ២០១៤​ ដែល​អនុញ្ញាត​ឱ្យ​ជន​បរទេស​​ដែល​មាន​ទិដ្ឋាការចូល​ដើម្បី​ទិញ​លំ​នៅ​ឋា​សន​ និង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​វៀតណាម​។

សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ទៀត​ថា​ ជនបរទេស​ជាង​ ៨០០​ នាក់​បាន​ទទួល​វិញ្ញាបនបត្រ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​ ២០១៧​ ដោយ​ដកស្រង់​ពី​តួលេខ​ពី​នាយកដ្ឋាន​គ្រប់គ្រង​លំនៅ​ដ្ឋាន​និង​អចលនទ្រព្យ​។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ CBRE​ ប្រចាំ​នៅ​វៀតណាម​បាន​បង្ហាញថា​ ជនជាតិ​ចិន​មាន​ចំនួន​ ៣១​ ភាគរយ​បាន​ទិញ​លំនៅ​ដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ​ក្នុងរយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៨​ ដោយ​ជនជាតិ​កូរ៉េ​ខាងត្បូង​មាន​ចំនួន​ ១៩​ ភាគរយ​ ហុងកុង​ ១០​ ភាគរយ​ និង​ជនជាតិ​អាមេរិក​ ៣ ភាគរយ​ ៕

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​៖ រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ជាង​ ២២០០លាន​ដុល្លារ

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លោក​អូន​ ព័ន្ឋមុនី​រ័ត្ន​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ រយៈពេល២ខែ​ដំបូង​ ឆ្នាំ២០១៩នេះ​ គម្រោង​វិនិយោគ​ចំនួន៧៣គម្រោង​ ត្រូវ​បាន​អនុម័ត​ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ២២០០លាន​ដុល្លារ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​ មានតែ៣៩គម្រោង​ទុន​វិនិយោគ៣២៧លាន​ដុល្លារ​ប៉ុណ្ណោះ​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​បណ្ឌិតសភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ក្នុង​វេទិកា​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​កាលពី​ថ្ងៃទី២៩​ មិនា​កន្លងមក​ថា​ រយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ ស្ថានភាព​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ ដោយ​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៩៥៩គម្រោង​ ទុន​វិនិយោគ​សរុប​ចំនួន២៣ប៊ី​លាន​ដុល្លារ​ ដែល​អាចប​ង្កើត​ការងារ​ចំនួន១លាន​កន្លែង​។

លោក​បន្ត​ថា​ “កម្ពុជា​នៅតែ​ជា​ប្រទេស​គោលដៅ​ដ៏​មាន​សក្តា​នុ​ពល​ សម្រាប់​អ្នក​វិនិយោគ​ ទាំង​ក្នុង​ស្រុក​ និង​បរទេស​ ។ ជាក់ស្តែង​ផ្អែក​តាម​ការ​កត់ត្រា​ របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍​លម្ពុ​ជា​ សម្រាប់​រយៈពេល៥ឆ្នាំ​(២០១៤​-២០១៨​) ស្ថានភាព​នៃ​ការ​វិនិយោគ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​”។

ដោយសារតែ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ ជាមធ្យម៧.៧ភាគរយ​ ក្នុងរយៈពេល​ជាង២ទស្ស​វត្ស​ បូករួម​ផ្លែផ្កា​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ ចុត​កោណ​នា​ពេល​កន្លងមក​ គួបផ្សំ​នឹង​ការ​ដាក់ចេញ​ ក៏ដូចជា​ការអនុវត្ត​ នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥​-២០២៥​ និង​គោលនយោបាយ​ពាក់ព័ន្ធ​ដទៃទៀត​ បាន​ជំរុញ​ឱ្យ​សកម្មភាព​វិនិយោគ​នៅ​កម្ពុជា​ កាន់តែ​មាន​វិសាលភាព​ធំឡើង​ និង​សម្បូរ​បែប​។

លោក​អូន​ ព័ន្ឋមុនី​រ័ត្ន​បាន​បន្ត​ថា​ ការ​ធ្វើ​ពិពិធ​កម្ម​លើស​កម្ម​ភាព​វិនិយោគ​ បាន​កើតឡើង​ក្នុង​រូបភាព​ជា​ គម្រោង​វិនិយោគ​ក្នុង​វិ​ស័យ​ថ្មី​ៗ ដូចជា​ គម្រោង​ដំឡើងរថយន្ត​ និង​ទោចក្រយាន​យន្ត​ កម្រោ​ងផលិត​គ្រឿង​បង្គុំ​រថយន្ត​ គម្រោង​ផលិត​គ្រឿង​អេឡិចត្រូនិក​ និង​ម៉ូទ័រ​ខ្នាតូ​ច គម្រោង​រោងចក្រ​ផលិត​ស៊ី​ម៉ង់​ត៍​ គម្រោង​ផលិត​ភេសជ្ជៈ​ គម្រោង​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​ និង​ធ្យូងថ្ម​ គម្រោង​ផលិត​សម្ភារ​ និង​បរិ​ក្ខា​ពេទ្យ​ គម្រោង​ដំណាំ​ឧស្សាហកម្ម​ និង​ការកែច្នៃ​ផលិតផល​កសិកម្ម​ គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ផ្សារ​ទំនើប​ជាដើម​។

កាលពី​ឆ្នាំ២០១៨​ តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មានដំណើរ​ការ​ មាន​ចំនួន​រហូតដល់២១តំបន់​ ក្នុង​នោះ​មាន​រោងចក្រ​ចំនួន២៦៦​ និង​បាន​បង្កើត​ការងារ​ចំនួន១១៣ពាន់​កន្លែង​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៤​ ដែល​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដំណើរការ​តែ​ចំនួន១៥​ មាន​រោងចក្រ​ចំនួន១៥២​ និង​បាន​បង្កើត​ការងារ​ចំនួន៨៩ពាន់​កន្លែង​ប៉ុណ្ណោះ​។

លោក​អូន​ ព័ន្ឋមុនី​រ័ត្ន​បាន​បន្ត​ថា​ សូចនាករ​នៃ​កំនើន​ស្ទើរគ្រប់​វិស័យ​ បាន​សបញ្ជាក់​ពី​សក្តា​នុ​ពល​របស់​កម្ពុជា​ និង​ជំនឿ​ទុកចិត្ត​របស់​ធុរជន​ និង​អ្នក​វិនិយោគ​ ទាំង​ក្នុង​ស្រុក​ និង​បរទេស​ មក​លើ​ការដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​មុខ​ ក្នុង​គ្រប់​កាលៈទេសៈ​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ព្រមទាំង​បាន​បង្ហាញ​អំពី​ការចូលរួម​ចំណែក​ ពីសំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ កម្មករ​ មន្រ្តី​រាជការ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់ថ្នាក់​៕