IMFថាសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនឹងសម្រេចបានកំនើនត្រឹម៦,៨ភាគរយ

0

ដោយនៅ វឌ្ឍនា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃមូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF)បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើនត្រឹម៦,៨ភាគរយ ជាការដើរថយក្រោយមួយខណៈឆ្នាំ២០១៨កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើន៧,៥ភាគរយ។

លោក្នុងជំនួបជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោក Jarkko Turunenអនុប្រធានការិយាល័យនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក(APD)ដែលបានមកទស្សនកិច្ចកម្ពុជាចន្លោះចាប់ពីថ្ងៃទីទី២៧ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះបានបង្ហាញសុទិដ្ឋិនិយមលើការរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០១៩ និងក្នុងរយៈកាលមធ្យម ដោយប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៨សម្រេចបានក្នុងអត្រា ៧,៥% និងព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាមានអត្រា៦,៨% នៅឆ្នាំ២០១៩ និងក្នុងរង្វង់៧% នៅឆ្នាំ២០២០ និងក្នុងរយៈកាលមធ្យម (២០២១-២០១៤)។ 

មន្រ្តីជំនាញIMF បានបន្តឱ្យដឹងថា អតិផរណាត្រូវបានព្យាករថា នឹងបន្តមានកម្រិតទាបក្នុងរង្វង់៣% ទាំងក្នុងរយៈកាល ខ្លីនិងមធ្យម ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ។ ចំណែកឯទុនបម្រុងអន្តរជាតិ នឹងបន្តរក្សាបានកម្រិតប្រមាណ៥ខែនៃការនាំចេញទំនិញនិងសេវានៃឆ្នាំបន្ទាប់។ ទន្ទឹមនេះវិស័យធនាគារ នឹងបន្តរក្សាបានវឌ្ឍនភាពនិងស្ថិរភាព ជាមួយនឹងនិន្នាការកំណើនឥណទានថយចុះសន្សឹមៗ ក្នុងអត្រាសមស្របទៅនឹងការរីកចម្រើនសេដ្ឋកិច្ច។

ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ លោកស្រីនាវ ច័ន្ទថាណាទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានអះអាងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩នេះ នឹងសម្រេចបានកំនើន៧ភាគរយ ដោយសារការីកចម្រើនវិស័យទេសចរណ៍ កសិកម្ម វាយណភ័ណ្ឌ វិស័យសំណង់ និងអចលនទ្រព្យ និងវិស័យសេវាកម្ម ដែលកំពុងមានការរីកចម្រើននៅកម្ពុជា៕

ការ​ដូរ​ឆ្នាំ​ថ្មី​! សម្តេច​តេជោ​នឹង​អញ្ជើញ​បើក​ឱ្យ​ដំណើរការ​ផ្លូវការ​នូវ​ស្ពាន​ជ្រោយ​ចង្វា​រនៅ​ថ្ងៃស្អែក​នេះ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ នឹង​អញ្ជើញ​កាត់​ខ្សែ​បូរ​ បើក​ឱ្យ​ដំណើរការ​ផ្លូវការ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​(ស្ពាន​ជ្រោយ​ចង្វារទី​ ១) នៅ​ថ្ងៃស្អែក​នេះ​ ដើម្បី​ជា​ការ​ដូ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើដំណើរ​ឆ្លងកាត់​ ទៅកាន់​ស្រុក​ដំណើ​តដោយ​ពុំ​មានការ​កកស្ទះ​ចរាចរណ៍​។

សម្តេច​តេជោ​ នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត​ សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ នៅ​ថ្ងៃទី២​ ខែមេសា​ ឆ្នាំ២០១៩នេះ​ ដោយ​សម្តេច​បាន​សម្តែង​ការ​អបអរសាទរ​ ចំពោះ​សមិទ្ធិ​ផល​ស្ពាន​ជ្រោយ​ចង្វា​រទី១​ ដែល​ត្រូវ​បាន​កែ​លម្អ​ និង​ជុស​ជុល​ហើយ​ នឹង​ត្រូវ​បើក​ឱ្យ​ដំណើរការ​នៅ​ថ្ងៃស្អែក​នេះ​ផង​ដែរ​។

សម្តេច​តេជោ​ក៏​អរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ផង​ដែរ​ ដែល​បាន​ជួយ​ជួសជុល​ ក៏ដូចជា​កសាង​ថ្មី​ផង​ដែរ​នូវ​ស្ពាន​ជ្រោយ​ចង្វា​រនេះ​ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ឡើងវិញ​ ជាពិសេស​មុន​ឱកាស​មុន​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខ​។

សម្តេច​បន្ត​ថា​ “ខ្ញុំ​នឹង​កាត់ខ្សែបូ​រដឹក​នាំ​ប្រជាពលរដ្ឋ​ ដើរ​ឆ្លងកាត់​ស្ពាន​នេះ​ ដោយ​ថ្មើរជើង​ ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត​”។

ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ ឬស្ពាន​ជ្រោយ​ចង្វា​រទី១មាន​ប្រវែង៩៧១មែ​ត្រ​ ទទឹង១៣ម៉ែត្រ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦​A ក្នុង​ភូមិសាស្ត្រ​ទឹកដី​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​សាងសង់​ និង​សម្ភោ​ធឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ១៩៦៣​ ក្រោម​ហិរញ្ញប្បទាន​ឥត​ សំណង​របស់​ប្រទេស​ជប៉ុន​។

ស្ពាន​នេះ​ត្រូវ​បាន​ខូចខាត​ដោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ និង​ត្រូវ​បាន​សាងសង់​ឡើងវិញ​នៅ​ឆ្នាំ១៩៩២​ ដោយ​ប្រទេស​ជប៉ុន​ ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ ដោយ​ព្រះ​មហា​វិរៈ​ក្សត្រ​ សម្ដេចព្រះ​បាទ​ព្រះ​បរម​រតន​កោដ្ឋ​ នរោត្ដម​ សីហនុ​។

ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់​ ហើយ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ និង​រំហូរ​ចរាចរណ៍​ កើនឡើង​ជាលំដាប់​ ស្ពាន​នេះ​តម្រូវ​ឱ្យ​មានការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ៣០លាន​ដុល្លារ​អាមេរិក​ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០១៧​៕

សម្តេច​តេជោ​៖ កម្ពុជា​កំពុង​ពិភាក្សា​ជាមួយ​ឡាវ​ និង​ថៃ​ ដើម្បី​បើក​ច្រក​ព្រំ​ដែន​ថ្មី​ៗបន្ថែម​ទៀត​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​កម្ពុជា​ក៏​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ឡាវ​ និង​ថៃ​ ដើម្បី​បើក​ច្រក​ព្រំ​ដែន​ថ្មី​ៗមួយចំនួន​ទៀត​ ដើម្បី​ជំរុញ​ការពង្រីក​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយគ្នា​។

សម្តេច​តេជោ​ ថ្លែង​នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត​ ដែល​សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ នៅ​ថ្ងៃទី២​ ខែមេសា​ ឆ្នាំ២០១៩នេះ​ថា​ ការ​ចចារ​ឱ្យ​មានការ​បើក​ច្រក​ព្រុំ​ដែន​នេះ​ ឆ្លុះបញ្ចាំង​ពី​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ និង​សហប្រតិបត្តិ​ការ​ល្អជា​មួយ​ប្រទេសជិតខាង​។ សម្តេច​បាន​បន្ត​ថា​ “យុទ្ធសាស្ត្រ​​ទាំងពីរ​នេះ​ គឺ​ការ​ប្រែក្លាយ​តំបន់​អតីត​សង្គ្រាម​ទៅជា​តំបន់​សន្តិភាព​ តំបន់​អភិវឌ្ឍន៍​ និង​ជាទី​ផ្សារ​ មួយវិញ​ទៀត​ គឺ​ការអនុវត្ត​យុទ្ធសាស្ត្រ​ប្រែក្លាយ​តំបន់​ ព្រំដែន​ទៅជា​តំបន់​សន្តិភាព​ មិត្តភាព​ អភិវឌ្ឍន៍​ និង​កិច្ច​សហប្រតិបត្តិ​ការ​។

សម្តេ​តេជោ​ហ៊ុន​ សែន​បាន​បន្ថែម​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​វៀតណាម​ ប្រហាក់​ប្រហែល​ជិត៥០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ទំហំ​ពាណិជ​កម្ម​កម្ពុជា​-ថៃ​ ប្រហាក់​ប្រហែល​ជាង៦០០០លាន​ដុល្លារ​អាមេរិក​ និង​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ ឡាវ​មាន​ទំហំ​ទឹកប្រាក់​ប្រហែល២៨លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​បណ្ឌិត​ គី​ សេរី​វឌ្ឍន៍​ អ្នកជំនាញ​សេដ្ឋកិច្ច​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា​ នៅពេល​ដែល​និយាយ​ពី​ការ​បើក​ច្រកព្រំដែន​ លុះត្រា​ណា​តែ​តំបន់​នោះ​មាន​សក្តា​នុ​ពល​នៃ​ការនាំចេញ​ និង​នាំចូល​នឹង​ធ្វើ​ឱ្យ​មាន​លំហូរ​ នៃ​ការនាំចេញ​នៃ​ប្រទេសជិតខាង​កាន់តែ​ច្រើន​។

លោក​បណ្ឌិត​បន្ត​ថា​ នៅពេល​បើក​ច្រកព្រំដែន​ ការនាំចេញ​ផលិតផល​ដូចជា​ដំឡូង​ កៅស៊ូ​ ឬកសិផល​របស់​កម្ពុជា​នឹង​កាត់​បន្ថយ​ថ្លៃដើម​ឱ្យ​នៅ​ទាប​ និង​មាន​ភាព​ងាយស្រួល​សម្រាប់​កសិករ​ តែ​នៅពេល​ដឹក​ទៅកាន់​ឆ្លងកាត់​ច្រកព្រំដែន​ នៅ​ឆ្ងាយ​នោះ​នឹង​ត្រូវ​ចំណាយ​កាន់តែ​ច្រើន​ ចំពោះ​ការ​ដឹកជញ្ជូន​ហើយ​ថ្លៃដើម​ក៏​មាន​ទំហំ​ធំ​ ហើយ​មានការ​ចំណេញ​បន្តិចបន្តួច​។

លោក​បន្ត​ថា​ “ការ​បើក​ច្រក​នេះ​ពិតជា​មាន​សារៈសំខាន់​ សម្រាប់​សម្រួល​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ រវាង​ប្រទេសជិតខាង​ប្រទេស​កម្ពុជា​ តែ​រដ្ឋាភិបាល​ក៏​ត្រូវតែ​គិត​ពី​បញ្ហា​ប្រឈម​មួយចំនួន​ ដូចជា​ បញ្ហា​ការកាត់បន្ថយ​លំហូរ​ទំនិញ​ពី​ច្រក​ព្រុំ​ដែន​ផ្សេងទៀត​ និង​លំហូ​ទំនិញ​ខុសច្បាប់​ផង​ដែរ​ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​មានការ​គ្រប់គ្រង​ច្រកព្រំដែន​ថ្មី​ឱ្យ​បាន​ត្រឹមត្រូវ​ និង​តឹង​រឹង​ក្នុង​ការទប់ស្កាត់​ការ​ទំនិញ​ឆ្លងកាត់​ខុសច្បាប់​”៕

អ្នកជំនាញ​៖ ដី​នៅក្នុង​តំបន់​ចំនួន៣ក្នុង​រាជធានី​ភ្នំពេញ​មានតម្លៃ​ខ្ពស់​ជាងគេ​

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ នៅក្នុងចំណោម​ខណ្ឌ​ទាំង១៤​ នៃ​រាជធានី​ភ្នំពេញ​ ខណ្ឌ​ចំនួន៣​ រួមមាន​ ខណ្ឌ​ចម្ការមន​ ខណ្ឌ​បឹងកេងកង​ និង​ខណ្ឌដូនពេញ​ ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​វាយតម្លៃ​អចលនទ្រព្យ​លើកឡើង​ថា​ មានតម្លៃ​ថ្លៃ​ខ្ពស់​ជាង​តាម​បណ្តា​ខណ្ឌ​នានា​ ហើយនឹង​បន្ត​កើនឡើង​នៅពេល​ខាងមុខនេះ​ទៀត​ ខណៈ​ដែល​តម្រូវការ​ប្រើប្រាស់​នៅក្នុង​តំបន់​ទាំងនេះ​នៅតែ​មាន​។

នាយក​ក្រុមហ៊ុន​ Key​ Real​ Estate​ Co​,.Ltd​ លោក​ សន​ សៀ​បបាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​ថា​ ​; បច្ចុប្បន្ន​តម្លៃ​នៃ​អចលនវត្ថុ​នៅក្នុង​ខណ្ឌ​ចំនួន៣​ កំពុងតែ​បន្ត​មាន​សក្តា​នុ​ពល​របស់​ខ្លួន​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​ ខណ្ឌ​ចម្ការមន​ ខណ្ឌដូនពេញ​ និង​ខណ្ឌ​បឹងកេងកង​ ដែល​រដ្ឋាភិបាល​ទើបតែ​បង្កើត​ឡើង​កាលពី​ពេល​ថ្មី​ៗនេះ​។ ទោះជាយ៉ាងណា​លោក​បញ្ជាក់​បញ្ជាក់​ថា​ ខណ្ឌ​ទាំង៣ដែល​បាន​លើកឡើង​ខាងលើ​នេះ​ មិនមែន​មានន័យថា​ តម្លៃ​ដី​ ឬតម្លៃ​អចលនវត្ថុ​ មានកម្រិត​ស្មើគ្នា​នោះ​ទេ​ ប៉ុន្តែ​វា​មាន​តំបន់​ខ្លះ​ឡើងថ្លៃ​ ហើយ​តម្លៃ​ខ្លះ​នៅ​រក្សា​តម្លៃ​ធម្មតា​ដូច​ឆ្នាំ​កន្លងទៅ​។

លោក​បន្ត​ថា​ ខណ្ឌ​ចម្ការមន​ តំបន់​ដែល​មានការ​ចាប់អារម្មណ៍​ពីសំណាក់​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ គឺ​តំបន់​កោះ​ពេជ្រ​ ដែល​កំពុងតែ​មានការ​រីកចម្រើន​ខ្លាំង​ លើ​ការ​សា​សង់​សំណង់​អាគារ​ពាណិជ្ជកម្ម​នានា​កម្រិត​អន្តរជាតិ​ ហើយក៏​ជា​តំបន់​ដែល​មហាជន​ទូទៅ​ទទួលស្គាល់​ថា​ ជា​តំបន់​ដែល​មាន​សក្ដានុពល​ផង​ដែរ​។ នៅ​តំបន់​កោះ​ពេជ្រ​បច្ចុប្បន្ន​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី​ជាង​ ៤០០០​-៥០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​នៅ​ប៉ែក​ម្ខាងទៀត​ចាប់ពី​គល់​ស្ពាន​នាគ​កោះ​ពេជ្រ​ មក​ខាង​តំបន់​មណ្ឌល​កម្សាន្ត​ NAGA​ 1 ​;NAGA​2 ក៏​មាន​តម្លៃ​ប្រហាក់​ប្ហែល​គ្នា​នឹង​តំបន់​កោះ​ពេជ្រ​ផង​ដែរ​។

ចំពោះ​ខណ្ឌ​បឹងកេងកង​ ក៏​មាន​តំបន់​ខ្លះ​នៅ​រក្សា​តម្លៃ​ប្រហាក់​ប្រហែល​ឆ្នាំ​កន្លងទៅ​ដែរ​ ប៉ុន្តែ​នៅក្នុង​តំបន់​សង្កាត់​បឹងកេងកង១​ អាច​មាន​អត្រា​ខ្ពស់​ជាងគេ​បន្តិច​ ដោយសារតែ​សង្កាត់​មួយ​នេះ​ ត្រូវ​បាន​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ផ្លូវ​សំ​ខាន់​ៗចំនួន​ រួមមាន​ផ្លូវ​ ម៉ៅ​សេង​ទុង​ ផ្លូវ​ព្រះមុនីវង្ស​ ផ្លូវ​ព្រះសីហនុ​ និង​ផ្លូវ​ព្រះ​នរោត្តម​។ អាស្រ័យ​ដោយ​តំបន់​នេះ​ ជា​តំបន់​សក្ដានុពល​អចលនទ្រព្យ​ ធ្វើ​ឱ្យ​តម្លៃ​ដី​ស្ថិតនៅ​ក្នុង​ចន្លោះ​ចាប់ពី៤៥០០​ ទៅ​ ៥៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬទីតាំង​ខ្លះ​អាច​ខ្ពស់​ជាង​នេះ​អាស្រ័យ​ដោយ​ទីតាំង​មាន​តម្រូវការ​ និង​តាម​ទំហំ​ផង​ដែរ​។

លោក​ សន​ សៀប​ បាន​បន្ត​ទៀត​ថា​ ដោយឡែក​ខណ្ឌដូនពេញ​ ដែល​ស្ថិតនៅ​តាម​ រុក្ខ​វិថិ​ក្រមួនស​ ដែល​ជា​តំបន់​ប្រមូល​ផ្តុំ​ដោយ​ស្ថាប័ន​ធនាគារ​ឯកទេស​ ធនាគារពាណិជ្ជ​ ក៏ដូចជា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ជាដើម​នោះ​ បច្ចុប្បន្ន​ដី​នៅ​តំបន់​នេះ​ហាក់​មានតម្លៃ​ខ្ពស់​ជាងគេ​បន្តិច​ ពោល​គឺ​គិតជា​មធ្យម​មានតម្លៃ​ ក្នុង​ចន្លោះ​ចាប់ពី៦០០០​ ទៅ៧០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​៕

សម្តេច​តេជោ​បញ្ជាក់​ជាថ្មី​មិន​អនុញ្ញាត​ឱ្យ​សាងសង់​វារី​អគ្គិ​សនីនៅ​តំបន់​អារ៉ែង​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ព​ជា​បាន​ប្រកាស​សារ​ជាថ្មី​ថា​ នឹង​មិន​មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង​ឡើយ​ បើ​ទោះបី​មានការ​សិក្សា​រួចហើយ​ក្តី​។

សម្តេច​តេជោ​ ថ្លែង​នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត​ សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃទី២​ ខែមេសា​ ឆ្នាំ២០១៩នេះ​ថា​ ការ​មិន​អនុញ្ញាត​ឱ្យ​មានការ​សាងសង់​ ទំនប់​វារីអគ្គិសនី​នៅ​តំបន់​អារ៉ែង​ខេត្តកោះកុង​នេះ​ ដោយសារតែ​ទុក​តំបន់​នេះ​ ជា​តំបន់​អេកូ​ទេស​ទេសចរណ៍​សម្រាប់​ប្រជាពលរដ្ឋ​ទៅលេង​កម្សាន្ត​តែប៉ុណ្ណោះ​។

សម្តេច​តេជោ​ហ៊ុន​ សែន​ ក៏​ធ្លាប់​បាន​ប្រា​កាស​កាលពី​ឆ្នាំ២០១៨រួច​ម្តង​រួចមក​ហើយ​ថា​ មិនទាន់​មាន​សេចក្តី​សំរេច​ណាមួយ​ លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ តំបន់​អារ៉ែង​ ក្នុង​ខេត្តកោះកុង​ គឺ​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ជាមុន​សិន​។ ប៉ុន្តែ​ទោះជា​ការសិក្សា​ច្បាស់​ ឬមិន​ច្បាស់លាស់​ក៏ដោយ​ តាម​សម្តេច​នាយក​រដ្ឋមន្ត្រី​ ពី​ពេលនេះ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​អារ៉ែង​ឡើយ​។

ប្រទេស​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មាន​វ៉ា​រី​អគ្គីស​នី​ជាច្រើន​រួមមាន​ទំនប់​វ៉ា​រី​តា​តៃ​ខេ​ត្ក​កោះកុង​ ទំនប់​វ៉ា​រី​អគ្គិ​សនីយ៍​សេសាន២​ ខេត្ត​ស្ទឹងត្រែង​ ទំនប់​វ៉ា​រី​កម្ចាយ​ ខេត្តកំពត​ និង​មាន​គម្រោង​ទំនប់​វ៉ា​រី​មួយចំនួន​ទៀត​នៅក្នុង​ខេត្ត​ពោធិ៍សាត់​ដែល​គ្រោង​នឹង​សាងសង់​នា​ពេល​ខាងមុខនេះ​ដែល​អាច​ផ្គត់ផ្គង់​អគ្គិ​សនីយ៍​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឱ្យ​គ្រប់​តម្រូវការ​។

តែ​យ៉ាងណា​ដោយ​សម្រាប់​រដូវប្រាំង​ ឆ្នាំ២០១៩នេះ​ ទំនប់​វារីអគ្គិសនី​មួយចំនួន​មិន​មាន​ទឹក​គ្រប់គ្រាន់​ បាន​ធ្វើ​ឱ្យ​តម្រូវការ​នៃ​ផ្គត់ផ្គង់​ដល់​ដំណើរការ​ ខ្សែ​សង្វាក់​អគ្គិសនី​មិន​មាន​តំណើ​រកា​រល្អ​ បណ្តាល​ឱ្យ​ប្រទេស​កម្ពុជា​មាន​កង្វះខាត​អគ្គីស​នី​ ប្រើប្រាស់​គ្រប់គ្រាន់​។

ជាមួយគ្នា​នេះ​ រដ្ឋាភិបាល​កម្ពុជា​ បាន​នឹង​កំ​ពុង​ចចារ​ជាមួយ​ប្រទេសជិតខាង​ដូចជា​ប្រទេស​ថៃ​ វៀតណាម​ និង​ឡាវ​ ដើម្បី​ទិញ​អគ្គីស​នី​បន្ថែម​ និង​បាន​បញ្ជាទិញ​កា​ប៉ាល​អគ្គិ​សនីយ៍​ពី​ប្រទេស​ទួរគី​ សម្រាប់​ផ្គត់ផ្គង់​ឱ្យ​គ្រប់​តម្រូវការ​ជូន​ប្រជាពលរដ្ឋ​នារ​ដូវ​ប្រាំង​នេះ​៕

ក្រុមហ៊ុនធំមួយមកពីទីក្រុងហុងកុងគ្រោងសាងសង់អាគារកំពស់៦៩ជាន់នៅ ទីក្រុងកោះពេជ្រ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនធំមួយមកពីទីក្រុងហុងកុង បានសម្រេចទិញដីដើម្បីសាងសង់អា​គារកប់ពពក កំពស់៦៩ជាន់នៅទីក្រុងកោះពេជ្រនាពេលឆាប់ៗខាងមុខនេះ។

យោងតាមប្រភពគួរឲ្យទុកចិត្ត ដែលជាក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ទីក្រុងកោះពេជ្របានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១ មេសាកន្លងមកថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហុងកុងបានចុះហត្ថលេខាទិញដី នៅទីក្រុងកោះពេជ្ររួចហើ​យ ដើម្បីសាងសង់អាគារពាណិជ្ជកម្មកប់ពពកមួយ ដែលមានកំពស់៦៩ជាន់ ហើយគំរោ​ងនេះនឹងប្រកាសនៅកំឡុងខែឧសភាខាងមុខនេះ។

លោកបន្តថា “តាមខ្ញុំដឹងទីតាំងរបស់គំរោងនេះ ស្ថិតនៅក្បែរស្ពាននាគភ្លោះនៅចំណុចក្បាលកោះពេជ្រ ព្រោះក្រុមហ៊ុនបានស៊ីញ៉េទិញដីនៅទីនោះរួមហើយ”។លោកបន្តថា “វាទំនងជាអាគារពាណិជកម្មចម្រុះ ដែលរួមមានការិយាល័យ សណ្ឋាគារ ខុនដូជាដើម”។

ទោះជាយ៉ាងណាលោក សុំមិនបញ្ចេញអត្តសញ្ញាណក្រុមហ៊ុននោះឡើយ ប៉ុន្តែតា​មប្រភពពីក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមួយបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍គំរោងនេះជាក្រុមហ៊នធំមួយ ដែលបានចុះបញ្ជីរនៅផ្សារហ៊ុននាទីក្រុងហុងកុង។ ក្រុមហ៊ុន​នោះជាក្រុមហ៊ុនMorgan Ford

ថ្នាក់ដឹកនាំក្រុមហ៊ុនMorgan Fordមិនបានឆ្លើយតបតាមអ៊ីម៉េល ដើម្បីធ្វើអត្ថាធិ​ប្បាយនៅឡើយទេ៕

ចំណេះដឹង! តើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចម្តេច?

0

ដោយ វុត្ថា

ភ្នំពេញៈ អនុលោមតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មានតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ ដែលមានសិទ្ធិទទួលបាននូវផលប្រយោជន៍ដែលស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់នេះ។

គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហៅកាត់ថា គ. ល. គ មានន័យថា ជាគម្រោងវិនិយោគ ដែលទទួលបានវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ។ ដើម្បីទទួលស្គាល់ជាគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ អ្នកវិនិយោគត្រូវដាក់សំណើវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ឬ អនុគណៈកម្មាធិការវិនិយោគ ខេត្ត រាជធានី និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។

គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានបីប្រភេទ ទីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើទីផ្សារក្នុងស្រុក ទីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញ និងគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រ។

១)គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើទីផ្សារក្នុងស្រុកៈ សំដៅដល់ គ.ល.គ ដែលមិនបម្រើឲ្យការនាំចេញ។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូលសម្ភារបរិក្ខារ ផលិតកម្ម និងសម្ភារសាងសង់តែប៉ុណ្ណោះ។ ក្នុងករណីដែលគម្រោងប្រភេទនេះ មានលទ្ធភាពនាំចេញនូវផ្នែកណាមួយ នៃផលិតផលដែលផលិតបានដោយផ្ទាល់ ឬបានផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ បរិមាណធាតុចូលផលិតកម្ម ដែលបានបង់ពន្ធនាំចូលរួច យកទៅផលិតបម្រើការនាំចេញដោយផ្ទាល់ ឬដោយប្រយោលនោះត្រូវបានទទួលការលើកលែងពន្ធគយ ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស។

២)គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើឲ្យការនាំចេញៈ សំដៅដល់ គ.ល.គ ដែលបានលក់ ឬបានផ្ទេរសមាមាត្រណាមួយ នៃផលិតផលរបស់ខ្លួនទៅឲ្យអ្នកទិញ ឬ អ្នកទទួលនៅក្រៅព្រះរាជាណាចក្រកម្ពុជា។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូលសម្ភារបរិក្ខារ ផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។ ដោយឡែក គម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់បម្រើឲ្យការនាំចេញ ដែលស្ថិតនៅក្រោមយន្តការភណ្ឌាគារផលិតកម្ម ក្រោមការគ្រប់គ្រង របស់គយ ការលើកលែងពន្ធគយ ត្រូវអនុវត្តទៅតាមច្បាប់និងបទប្បញ្ញត្តិជាធរមានរបស់យន្តការនោះ។ ធាតុចូលផលិតកម្ម ដែលកែច្នៃហើយមិនបាននាំចេញ ត្រូវបង់ពន្ធគយនិងអាករឡើងវិញលើធាតុចូល ផលិតកម្មនាពេលនាំចូល ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស។

៣) គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រៈ សំដៅដល់ គ.ល.គ ដែលផលិតផលរបស់ខ្លួន១០០ (មួយរយ) ភាគរយត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្មនាំចេញ ជំនួសវត្ថុធាតុដើម ឬសម្ភារបន្ទាប់បន្សំដែលតែងតែនាំចូល។ គម្រោងប្រភេទនេះ ត្រូវបានលើកលែងពន្ធគយលើការនាំចូល សម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម។ ប៉ុន្តែក្នុងករណីដែលគម្រោងទាំងនេះមិនបានធ្វើការផ្គត់ផ្គង់ ១០០ (មួយរយ)ភាគរយនៃផលិតផលដែលផលិតបានទៅដល់ឧស្សាហកម្មនាំចេញ ឬនាំចេញដោយផ្ទាល់ទេនោះ គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងនោះ ត្រូវបង់ពន្ធនិងអាករឡើងវិញ លើធាតុចូលផលិតកម្មនាពេលនាំចូលនូវបរិមាណដែលមិនបានផ្គត់ផ្គង់ឲ្យឧស្សាហកម្មនាំចេញ ឬនាំចេញដោយផ្ទាល់ ក្រោយពីការត្រួតពិនិត្យរបាយការណ៍ប្រចាំត្រីមាស៕

Wold Bank ផ្តល់កម្ចីជាង ៥៧ លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍បណ្តាញ​លូប្រមូល​ទឹក​​កខ្វក់​ក្រុង​សៀមរាប

0

ដោយ វុត្ថា

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានទទួលនូវការឯកភាពផ្តល់ជាកម្ចី ដល់កម្ពុជា ក្រោមគម្រោងការ​លើក​កម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សរុបចំនួន ៥៧,៥ លានដុល្លាអាមេរិច កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២១០៩ បន្ទាប់​ពីចរចារដោយជោគជ័យកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្នុងនោះថវិកាចំនួន ២,៥ លានដុល្លាអាមេរិច ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះចែកចេញជាពីរសមាសភាគ ដោយសមាសភាគទី១ ពាក់ព័ន្ធនឹងវិស័យទឹកស្អាត អនុវត្តន៍ដោយ ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម និងសមាសភាគទី២ ពាក់ព័ន្ធនឹងវិស័យអនាម័យ អនុវត្តន៍ដោយក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ក្នុងទំហំទឹកប្រាក់ប្រមាណ ២៥,៥ លានដុល្លាអាមេរិច ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ សម្រាប់ការចំណាយលើការសាងសង់បណ្តាញលូខ្នែង និងខ្នែងរងក្នុងតំបន់ខាងលិច និងខាងកើតក្រុងសៀមរាប ការកែ​លម្អ​ស្ថានីយបូមដែលមានស្រាប់ទាំងបីទីតាំង ការកែលម្អស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការកសាងសមត្ថភាពមន្ត្រី ការរៀប​ចំ​ផែនការតភ្ជាប់បណ្តាញលូ និងការងារពាក់ព័ន្ធមួយចំនួន។

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងខិតខំធ្វើយ៉ាងណាពង្រីកសមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីពង្រីក​តំបន់​សេវាឱ្យបានកាន់តែធំ ជាពិសេសពង្រីកបណ្តាញលូទឹកកខ្វក់ ចំនួននៃការតភ្ជាប់ ការផ្តល់សេវាប្រកបដោយទំនួលខុសត្រូវ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ឱ្យបានទូទាំងក្រុងសៀមរាប ដើម្បីធានាឱ្យបាននូវបរិស្ថានស្អាត សុខភាព​អនាម័យ​​សាធារណៈល្អប្រសើរ លើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកប​ដោយ​ចីរភាព​ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ចំណុចទី ៦ (Sustainable Development Goal 6) ធានានូវការទទួល​បាន និង​ការ​គ្រប់គ្រង​ទឹក និងអនាម័យប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា៕

បច្ចុប្បន្នភាព​៖ តើ​តម្លៃ​ដី​នៅ​ទីក្រុង​កោះ​ពេជ្រ​កើនឡើង​ដល់កម្រិត​ណា​ហើយ​?

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ភ្ជាប់​ទៅ​នឹង​គម្រោង​ និង​សកម្មភាព​ដែល​កំពុងតែ​មមាញឹក​សាងសង់​សំណង់​អគារ​ខ្ពស់​ៗកប់​ពពក​ រួម​ជាមួយនឹង​ផ្សារ​ទំនើប​កម្រិត​អន្តរជាតិ​ផង​ដែរ​នោះ​ បច្ចុប្បន្ន​នេះ​ សម្រាប់​តម្លៃ​ដី​ដែល​ស្ថិតនៅ​លើ​តំបន់​កោះ​ពេជ្រ​ កំពុងតែ​បន្ត​ឡើងថ្លៃ​ជាង​ឆ្នាំ​កន្លងទៅ​នោះ​ទៀត​ ។

នៅ​លើ​តំបន់​ដែល​កំពុង​មាន​សកម្មភាព​អភិវឌ្ឍ​ឥត​ឈប់​ កោះ​ពេជ្រ​ រំលេច​ឡើង​នូវ​សំណង់​អា​គារ​ខ្ពស់​ៗស្អេកស្កះ​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ មាន​ផ្សារ​ទំនើប​ និង​លំនៅ​ដ្ឋាន​កម្រិត​អភិជន​ព្រោងព្រាត​នោះ​ បាន​ជំរុញ​ឱ្យ​តំបន់​មួយ​នេះ​ក្លាយ​ទៅ​កូន​ទីក្រុង​ដ៏​ឆើតឆាយ​ ទាន់សម័យ​ ដែល​ស្ថិតនៅ​ក្នុង​ការចាប់អារម្មណ៍​ពី​មនុស្ស​ទូទៅ​ ក៏ដូចជា​បណ្តា​អ្នក​វិនិយោគ​ផង​ដែរ​។

នាយក​ក្រុមហ៊ុន​ Key​ Real​ Estate​ Co​,. Ltd​ ដែល​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ឆ្នើម​លើ​ការវាយតម្លៃ​អចលនទ្រព្យ​ លោក​ សន​ សៀប​ បាន​លើកឡើង​ថា​ ៖ «បច្ចុប្បន្ន​នេះ​ កោះ​ពេជ្រ​ ត្រូវ​បាន​ក្លាយជា​តំបន់​ដែល​ពេញនិយម​ដែល​មាន​មនុស្ស​ទៅ លេង​កម្សាន្ត​ ជាពិសេស​នៅពេល​រសៀល​ ឬពេល​ចុង​សប្ដាហ៍​ជាដើម​ ព្រោះ​នៅ​ទីនេះ​មាន​ភាពល្អ​ប្រសើរ​ទាំង​ខ្យល់អាកាស​ដែល​បក់​ពី​ដងទន្លេ​ ទាំង​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍ​លើ​វិស័យ​សំណង់​នានា​ជាច្រើន​ ដូចជា​សំណង់​អា​គារ​ខ្ពស់​ៗកប់​ពពក​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ បណ្តុំ​លំនៅ​ដ្ឋាន​កម្រិត​អភិជន​ ក៏​ដូច​ជា​បណ្តុំ​អាហារដ្ឋាន​ ទីកម្សាន្ត​ចម្រុះ​ ជាដើម​»។

លោក​បាន​បន្ត​ទៀត​ថា​ ៖ បើ​និយាយ​ពី​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​តំបន់​កោះ​ពេជ្រ​ ពេលនេះ​ គឺ​នៅតែ​មាន​សក្ដានុពល​ និង​ភាព​ទាក់ទាញ​លើ​ការ​វិនិយោគ​ដដែល​ ដែល​វា​ជា​កត្តា​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅ​ទីនេះ​នៅតែ​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ដែល​គិតជា​មធ្យម​គឺ​ស្ថិតនៅ​ក្នុង​ចន្លោះ​ចាប់ពី​ជាង​ ៤០០០​- ៥០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ឬនៅ​ទីតាំង​ខ្លះទៀត​ដែល​ស្ថិតនៅ​ចំ​តំបន់​មាន​តម្រូវការ​ខ្ពស់​ អាច​មានតម្លៃ​ឡើង​ដល់​ ៥៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ក៏មានដែរ​ »។

ដោយឡែក​ នាយក​ក្រុមហ៊ុន​ ឆៃ​លីន​ ស៊ា​ រៀល​ធី​ ខូ​អិល​ធី​ឌី​ លោក​ ស៊ា​ ឆៃ​លីន​ បាន​លើកឡើង​ផង​ដែរ​ថា​ ដោយសារតែ​កោះ​ពេជ្រ​មាន​ភាព​ស័ក្ដិសម​ និង​ល្អ​ប្រសើរ​សម្រាប់​ធ្វើជា​សំណង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​ ក៏​ដូច​ជា​បណ្តុំ​សំណង់​លំនៅ​ដ្ឋាន​បែប​ទំនើប​កម្រិត​អភិជន​ បាន​ធ្វើ​ឱ្យ​ទីនេះ​នៅតែ​មាន​តម្រូវការ​ខ្ពស់​ ហើយ​ជំរុញ​ឱ្យ​តម្លៃ​ឡើងថ្លៃ​គួរ​ឱ្យ​គត់​សម្គាល់​។

លោក​ថា​ ៖ «នៅ​កោះ​ពេជ្រ​ ស្ទើរតែ​គ្រប់​ទីកន្លែង​ទាំងអស់​ ហាក់​មិនសូវ​មាន​ភាព​ទំនេរ​នោះ​ទេ​ ពោល​គឺ​ពោរពេញ​ទៅ​សំណង់​អគារ​ធំៗ​ជាច្រើន​។ ដោយឡែក​ចំពោះ​តម្លៃ​វិញ​នៅ​ទីតាំង​ខ្លះ​បាន​ឡើង​ខ្ពស់​រហូតដល់​ជាង៦០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​វា​នឹង​នៅតែ​បន្ត​ឡើង​ទៀត​ដរាបណា​តម្រូវការ​នៅតែ​បន្ត​មាន​ »៕

រដ្ឋមន្ត្រីក្រសួងទេសចរណ៍! ព្រឹត្តិការណ៍ទេសចរណ៍វាយកូនគោលអាស៊ីលើកទី៨ នៅសៀមរាប-អង្គរ ជាការផ្សព្វផ្សាយទេសចរណ៍មួយដ៏ធំ

0

ដោយ​ វុត្ថា​

សៀមរាប៖ រដ្ឋមន្ត្រីទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ទេសចរណ៍កីឡាវាយកូនគោលអាស៊ីលើកទី៨ (8th Asia Golf Tourism Convention – AGTC) ដែលនឹងធ្វើឡើងនៅសៀមរាប-អង្គរនាពេលនេះ គឺជាព្រឹត្តិការណ៍ដែលនឹងចូលរួមផ្សព្វផ្សាយពីវិស័យកីឡាទេសចរណ៍នៅកម្ពុជា ទៅកាន់ពិភពលោកឲ្យកាន់តែល្បីសុះសាយថែមទៀត។


លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ទេសចរណ៍បានឲ្យដឹងនៅក្នុងពិធីលៀងសាយភោជន៍នៅសណ្ឋាគារសុខាអង្គរ នារាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះថា កម្ពុជាពិតជាមានកិត្តិយសណាស់ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ «ទេសចរណ៍កីឡាវាយកូនគោលអាស៊ី» លើកដំបូងនេះ ខណៈដែលកម្ពុជាកំពុងមានសុខសន្តិភាពពេញលេញ និងមានកន្លែងទេសចរណ៍ដ៏ពិសិដ្ឋ គឺតំបន់សៀមរាប-អង្គរ។

លោក ថោង ខុន បានបន្តទៀតថា ការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំជំរុញវិស័យទេសចរណ៍កីឡាវាយកូលគោលនេះ ឱ្យរីកដុះដាលឡើង ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាផង និងដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ។

លោក Peter Walton អគ្គនាយកអង្គការទេសចរណ៍វាយកូនគោលអន្តរជាតិ (Chief Executive of the Global Golf Tourism Organisation) បានឱ្យដឹងថា ព្រឹត្តិការណ៍ទេសចរណ៍កីឡាវាយកូនគោលអាស៊ីនេះ តែងធ្វើឡើងនៅតាមប្រទេសនានាជារៀងរាល់ឆ្នាំបាន៧ដងរួចមកហើយ ដូចជានៅប្រទេសថៃ ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ហើយនៅឆ្នាំ២០១៩នេះ ជាលើកទី៨ ដែលអង្គការលោកបានជ្រើសរើសយកខេត្តសៀមរាបអង្គរ ប្រទេសកម្ពុជា ហើយដែលមាន៤៥ប្រទេស ចូលរួមក្នុងព្រឹត្តិការណ៍នេះ។


លោកបន្តថា នេះជាលើកទី១ហើយសម្រាប់កម្ពុជា ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានទីលានវាយកូនគោលលំដាប់បទដ្ឋានអន្តរជាតិ មានតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅទូទាំងពិភពលោក ពិសេសប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញទើបភ្ញៀវទេសចរ និងអ្នកវិនិយោគធំៗលើវិស័យទេសចរណ៍កីឡាវាយកូនគោល ពេញចិត្តក្នុងការមកទស្សនា និងមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំនេះ។

លោក Peter បានបន្តថា អ្នកចូលរួមទាំង៥៦២នាក់នោះ មានមកពីតំបន់អាស៊ាន តំបន់អឺរ៉ុប ប្រទេសចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង តំបន់មជ្ឈិបូព៌ា អាហ្វ្រិកខាងត្បូង ឥណ្ឌា ទ្វីបអាមេរិកខាងជើង និងមកពីប្រទេសអូស្ត្រាលី។

អគ្គនាយករូបនេះបានបន្ថែមថា អ្នកចូលរួមទាំងនោះមិនត្រឹមតែមកលេងកីឡាវាយកូនគោលប៉ុណ្ណោះទេ តែថែមទាំងបានចូលទស្សនានៅតាមប្រាសាទ និងរមណីយដ្ឋានទេសចរណ៍នានានៅកម្ពុជា ពិសេសគឺប្រាសាទអង្គរវត្ត ហើយនឹងបានភ្លក្សម្ហូបអាហារខ្មែរដែលមានរសជាតិឆ្ងាញ់ពិសា បានមើលឃើញដោយផ្ទាល់នូវស្នាមញញឹមពីធម្មជាតិ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា៕