ក្រសួងបរិស្ថានព្រមានមិនឲ្យទិញលក់អចលនទ្រព្យនៅតំបន់ឧទ្យានជាតិរាម

1

ដោយ ៖ ​​វុត្ថា

ព្រះសីហនុៈ ក្រសួងបរិស្ថានសូមប្រកាសជូនដំណឹង និងព្រមានមិនឲ្យមានការទិញលក់ដីធ្លីនៅតំបន់ឧទ្យានជាតិរាម ដែលក្រសួងចាត់ទុននូវសកម្មភាពល្មើសច្បាប់។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្ រានៅថ្ងៃទី២៣ មិនានេះបានមានប្រសាសន៍ ដោយបានអំពាវនាវដល់សាធារណជន ដែលកំពុងព្យាយាមទិញដីធ្លីនៅតំបន់ឧទ្យានជាតិរាមថា សូមបងប្អូនមេត្តាមានការប្រុងប្រយ័ត្ន ព្រោះការទិញលក់ដូរដី ស្ថិតក្នុងតំបន់ការពារធម្មជាតិជាទង្វើខុសច្បាប់ ហើយជនប្រព្រឹត្តល្មើសច្បាប់នឹងអាចត្រូវប្រឈមមុខច្បាប់។ លោកបន្តថា គ្មានជនណាម្នាក់មានសិទ្ធិយកដីរដ្ឋទៅលក់ដូរ និងចេញបណ្ណកម្មសិទ្ធិឱ្យបុគ្គលណាបានឡើយ។

លោកបន្តថា “ប្រសិនបើបងប្អូនបន្តសកម្មភាពទិញដូរដីធ្លី ដែលស្ថិតក្នុងតំបន់ការ​ពារធម្មជាតិក្រោមការបោកប្រាស់របស់ជនខិលខូច នោះអាចធ្វើឱ្យបងប្អូនខាតបង់ប្រាក់ឥតប្រយោជន៍ បើសិនអជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវឃើញថា ដីធ្វើការទិញដូរនោះស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ”។

លោកបន្តថា ជនល្មើសដែលទៅកាប់រុករានទន្ទ្រានដីរដ្ឋដោយខុសច្បាប់ ក៏ដូចជាទៅចាប់ដីលើកម្មសិទ្ធិឯកជន នៅខេត្តព្រះសីហនុជាច្រើនករណីបាន និងកំពុងតែត្រូវបានចាប់ខ្លួន និងចោទប្រកាន់ រង់ចាំការជំនុំជម្រះក្តីចំពោះបទល្មើស ដែលខ្លួនប្រព្រឹត្តប្រឆាំងឹងច្បាប់ស្តីពីតំបន់ការពារតំបន់ធម្មជាតិ និងការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ និងច្បាប់ដីធ្លី។

តំបន់រាមមានផ្ទៃដីទំហំ ១៥០០០ហិកតាត្រូវបានបង្កើតជាឧទ្យានជាតិព្រះសីហនុ (រាម)ដោយព្រះរាជក្រឹត្យនៅឆ្នាំ ១៩៩៣។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ដោយសារតែដីនៅខេត្តព្រះសីហនុមានតម្លៃថ្លៃ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនានៃការកាប់រុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ក្រុមជនខិលខូចបន្តកើតមាន នងែលខ្លះមានការរំលោភកាន់កាប់ដីខុសច្បាប់ពីជនខិលខូចលើដីជាទ្រព្យសម្បត្តិរដ្ឋ និងជារបស់ឯកជនខ្លះ ទោះបីជាអាជ្ញាគ្រប់ជាន់ថ្នាក់ខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់បង្ក្រាបក៏ដោយ។

កន្លងមក ការទន្ទ្រាន រុករានកាន់កាប់ដីដោយខុសច្បាប់ របស់បងប្អូនប្រជាពលរដ្ឋខ្លះ ត្រូវបានធ្វើឡើងក្រោមការបំផុសពីឈ្មួញរកស៊ីដីធ្លី ដែលពួកគេបានញុះញង់ឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានរំលោភបំពានច្បាប់ និងបផ្លាញធនធានធម្មជាតិក្រោមច្រើនរូបភាព ដូចជា ការដាំដំណាំចេក ស្វាយ ខ្លុរ អាកាស្យា.. ជាដើម ដើម្បីបន្លំថាជាដី និងដំណាំដែលខ្លួនបានកាន់កាប់ និងអាស្រ័យផលជាកម្មសិទ្ធិ ឬខ្លួនបានគ្រប់គ្រងជាយូរមកហើយ។ ល្បិចកលក្នុងការបំផ្លាញធនធានធម្មជាតិខ្លះ ដែលជនខិលខូចខ្លះបានធ្វើក្នុងការទន្ត្រានកាន់កាប់ដីព្រៃខុសច្បាប់នោះ គឺដូចជាការបោះព្រំដី ការត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ។ល។ ក្នុងរូបភាពអាស្រ័យផល និងឈានទៅដាក់ស្នើសុំការវាស់វែង ផ្តល់កម្មសិទ្ឋិជូនពួកគាត់ទៅ អាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ឋ ជាពិសេសស្នើទៅរដ្ឋាភិបាលជាបន្តបន្ទាប់៕

មន្ទីរពេទ្យគន្ឋបុប្ឆាភ្នំពេញបោះទុន៨លានដុល្លារសាងសង់អាគារវះកាត់បេះដូង និងប្រព័ន្ធប្រាសាទ

0

ដោយគង់ សូរិយា

ភ្នំពេញ ៖ ក្នុងគោលដៅពង្រីកសេវាកម្មវះកាត់បេះដូង និងប្រព័ន្ធប្រាសាទ មន្ទីរពេទ្យ គន្ឋបុប្ឆា បានសម្រេចវិនិយោគទឹកប្រាក់៨លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់អាគារគន្ឋបុប្ឆាទី១ លើទីតាំងចាស់នៅរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត Denis Laurent នាយកប្រតិបត្តិមូលនិធិគន្ឋបុប្ឆាបានមានប្រសា​សន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៣ មិនានេះថា ដោយសារកុមារកើតជំងឺបេះដូងមានចំនួនច្រើន និងមានតម្រូវការវះកាតើប្រព័ន្ឋប្រសាទកើនឡើង មន្ទីរពេទ្យបានសម្រេចចិត្តសាងសង់អាគារថ្មីលើទីតាំងចាស់នៃអាគារមន្ទីរពេទ្យគន្ឋបុប្ឆាទី១ ដើម្បីសាងសង់អាគារវះកាត់ជំងឺបេះដូងកុមារ និងវះកាត់ប្រ​ព័ន្ឋប្រាសាទថ្មីមួយនៅរាជធានីភ្នំពេញ ដែលសេវាវះកាត់នេះនឹងអាចចាប់ផ្តើមពីថ្ងៃទី១សីហាខាងមុខនេះ។ លោកបន្តថា អាគារថ្មីនេះមានកំពស់៣ជាន់ ដែលមានបន្ទប់សរុបចំនួន៦ និងអាចដាក់គ្រែបានចំនួន២០០កន្លែង។

លោកបន្តថា “ការវះកាត់ជំងឺបេះដូងកុមារ និងជំងឺប្រព័ន្ឋប្រសាទបច្ចុប្បន្ន យើងប្រើប្រាស់គ្រូពេទ្យខ្មែរសុទ្ឋសាធ ដោយសារពួកគេបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ និង​មានសមត្ថភាពអាចវះកាត់បានកាន់តែប្រសើរជាងមុន”។លោកបន្តថា “បន្ទប់វះកាត់នៅរាជធានីភ្នំពេញនេះមានបី ក្នុងនោះបន្ទប់វះកាត់ជំងឺបេះដូងគឺអាចមានសមត្ថភាពវះកាត់មួយថ្ងៃចន្លោះពីម្នាក់ទៅ២នាក់បាន”។

លោកវេជ្ជបណ្ឌិត Denis Laurent បានបន្តឲ្យដឹងទៀតថា ថវិកាសម្រាប់សាងសង់អាគារថ្មីនេះ បានមកពីព្រះរាជទាន១លានដុល្លារពីព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ។ បានមកពីមូលនិធិគន្ឋបុប្ឆាកម្ពុជា១លានដុល្លារ និងក្រៅពីនោះជាថវិកាបានមកពីមូលនិធិគន្ឋបុប្ឆាប្រទេសស្វីស។

លោកបន្តថា “ការសាងសង់អាគារថ្មីនេះ ជាតម្រូវការចាំបាច់សំរាប់ការវះជំងឺបេះដូង​កុមារ និងដើម្បីសង្រ្គោះទារក ដែលមានអត្រាស្លាប់ខ្ពស់នៅកម្ពុជា ហេតុនេះទើបយើង​វិនិយោគ ដើម្បីកាត់បន្ថយអត្រាស្លាប់របស់កុមារកម្ពុជា”។លោកបន្តថា “យើងនៅតែដើរតាមទស្សនវិស័យរបស់វេជ្ជបណ្ឌិត Beat Richner ដោយយើងនៅតែប្រកាន់គោលការ​ណ៍ធ្វើការប្រកបដោយគុណភាព វិន័យ ក្រមសីលធ៌ម និងការព្យាបាលដោយមិនគិតថ្លៃ”។

ការវះកាត់ជំងឺបេះដូងកុមារបានចាប់ផ្តើមរយៈពេលជាច្រើនឆ្នាំមកហើយ នៅមន្ទីរ ពេទ្យជ័យវរ្ម័នទី៧(គន្ឋបុប្ឆា) ខេត្តសៀមរាប ដែលបច្ចុប្បន្នការវះកាត់ជំងឺបេះដូងកុមារនៅទីនោះអាចវះកាត់បានក្នុងចន្លោះម្នាក់ទៅ៣នាក់ជារៀងរាល់ថ្ងៃ៕

 

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ ថាការអភិវឌ្ឍន៍រោងចក្រ​អគ្គិសនីនឹងធ្វើ​ឱ្យ​កម្ពុជា​លែងជួប​បញ្ហា​ប្រឈម​នៅឆ្នាំ២០២០

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ មន្រ្តី​ជាន់ខ្ពស់​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ប្រកាស​ថា​ បញ្ហា​ខ្វះ​ថាមពល​អគ្គិសនី​ប្រើប្រាស់​ នឹង​មិន​ឱ្យ​កើតមាន​ជាថ្មី​ម្តង​ទៀត​ទេ​ ចាប់ពី​ឆ្នាំ២០២០តទៅ​ ដោយ​ក្នុង​នោះ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ ក៏ដោយ​ជា​អ្នកប្រើ​ប្រាស់​ផ្សេងទៀត​មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​បញ្ហា​ខ្វះ​អគ្គិសនី​នៅពេល​បច្ចុប្បន្ន​នេះ​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ ពន្យល់​បកស្រាយ​ជុំវិញ​បញ្ហា​ខ្វះ​អគ្គិសនី​ កាលពី​នៅ​រសៀល​ថ្ងៃទី​ ២២​ ខែមីនា​ ឆ្នាំ២០១៩​ នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​ លោក​ ទី​ នរិន្ទ​ រដ្ឋលេខាធិការ​ក្រសួង​ រ៉ែ​ និង​ថាមពល​ បាន​លើកឡើង​ថា​ បញ្ហា​កង្វះ​ថាមពល​អគ្គិសនី​ដូច​ឆ្នាំ២០១៩​ នឹង​មិន​ឱ្យ​កើតមាន​ទៀត​ឡើយ​ចាប់ពី​ឆ្នាំ២០២០តទៅ​ ដោយសារតែ​គម្រោង​នៃ​ការ​អភិវឌ្ឍ​បណ្តាញ​អគ្គិសនី​ដែល​មានស្រាប់​ និង​កំពុង​បន្តសកម្មភាព​សាងសង់​នោះ​ នឹង​ចាប់​ដំណើរការ​នៅពេល​ខាងមុខនេះ​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះ​អគ្គិសនី​ប្រើប្រាស់​វិញ​នោះ​ ត្រូវ​បាន​មន្រ្តី​ជាន់ខ្ពស់​រូប​នេះ​លើកឡើង​ថា​ ដោយសារ​បណ្តាល​មក​ពីក​ត្តា​ធម្មជាតិ​ និង​កត្តា​នៃ​ការប្រើ​ប្រាស់​អគ្គិសនី​មានការ​កើនឡើង​ខុសពី​ការគិតទុក​របស់​អគ្គិសនី​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​អគ្គិសនី​កម្ពុជា​បង្ខំចិត្ត​ក្នុង​ការ​ផ្តាច់​អគ្គិសនី​ ប្រើប្រាស់​នៅ​តាម​តំបន់​មួយចំនួន​។

លោក​បាន​បន្ថែម​ថា​ បច្ចុប្បន្ន​កម្ពុជា​ត្រូវការ​ប្រើប្រាស់​ អគ្គិសនី​ចំនួន​ ៣១លាន​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយថ្ងៃ​ ខណៈ​ដែល​ឆ្នាំ២០១៨​ កម្ពុជា​ត្រូវការ​តែ​ ២៥.៥លាន​វ៉ាត់​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ដូច្នេះ​បច្ចុប្បន្ន​កម្ពុជា​អាច​ធ្វើការ​ផ្គត់ផ្គង់​ បានតែ​ ចំនួន​ ជាង២៧លាន​វ៉ាត់​ម៉ោង​ប៉ុណ្ណោះ​ ដែល​ទាមទារ​ឱ្យ​មានការ​ទិញ​ពី​បរទេស​។

ជា​ដំណោះស្រាយ​បន្ទាន់​ កាលពីដើម​សប្ដាហ៍​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ប្រកាស​បញ្ជាទិញ​កប៉ាល់​ផលិត​អគ្គីស​នី​ពី​ប្រទេស​ទួរគី​ ដែល​អាច​ផ្តល់​ភ្លើង​ប្រើប្រាស់​បាន​ប្រមាណ​ ២០០មេ​ហ្កា​វ៉ាត់​ ដើ​ប្បី​ឆ្លើយតប​ទៅ​នៅនឹង​កង្វះខាត​ នៃ​ការប្រើ​ប្រាស់​អគ្គិសនី​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​។

ជាមួយគ្នា​នេះ​ សម្តេច​ក៏បាន​ជំរុញ​ឱ្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ជ្រើសរើស​យក​រោងចក្រ​ផលិត​អគ្គិសនី​ ដែល​មាន​លក្ខណៈ​បច្ចេកវិទ្យា​ទំនើប​ ដូចជា​ រោងចក្រ​ដែល​ប្រើ​ប្រាស់​ហ្គាស​ (Gas​) ដែល​ប្រសើរ​ជាង​ធ្យូងថ្ម​ ព្រោះ​យូរ​ទៅ​វា​មានតម្លៃ​កាន់តែ​ខ្ពស់​ដែល​បង្ក​ការ​លំបាក​។ ដូច្នេះ​យើង​ត្រូវការ​រោងចក្រ​ផលិត​អគ្គិសនី​បែប​ទំនើប​សម្រាប់​កម្ពុជា​នា​ពេល​អនាគត​៕

ទីផ្សារលំនៅដ្ឋានប្រណីតនៅក្នុងទីក្រុងម៉ានីលមានតម្រូវការខ្ពស់នៅដើមឆ្នាំនេះ

0

ដោយ វុត្ថា

ម៉ាលីន៖​ ទីផ្សាលំនៅឋានប្រណីត នៅក្នុងទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីនបា​ន​រីកចម្រើនយ៉ាងលឿនបំផុត ក្នុងឆ្នាំ២០១៩ នេះ ដោយជាប់ក្នុងចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងសន្ទស្សន៍តារាងរបស់ក្រុមហ៊ុន Knight Frank ។

យោងតាមរបាយការណ៍ក្រុមហ៊ុន Knight Frank បានបង្ហាញថា ជាមួយនឹងតម្លៃអចលនទ្រព្យកើនឡើង១១,១ភាគរយ នៅក្នុងឆ្នាំនេះរហូតមកដល់ខែធ្នូ មូលធនដ៏ច្រើនលើសលុបរបស់ប្រទេសហ្វីលីពីន បានបង្ហាញពីការប្រែប្រួលតម្លៃអចលនទ្រព្យនៅក្នុងទីផ្សារអចលនទ្រព្យលំនៅឋាន។

លោកស្រី Kate Everett-Allen ប្រធានផ្នែកស្រាវជ្រាវលំនៅឋានអន្តរជាតិរបស់ក្រុមហ៊ុន Knight Frank បានសរសេរថា ការកង្វះខាតការផ្គត់ផ្គង់ និងសេដ្ឋកិច្ចរីកចម្រើននៅក្នុងប្រទេស បានជំរុញឱ្យជនបរទេសទៅទិញលំនៅដ្ឋាននៅក្នុងទីក្រុងម៉ានីល។

របាយការណ៍ដដែលបន្តថា ជាមួយគ្នានោះកំណើនផលិតផល ក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ហ្វីលីពីន បានកើនឡើងលើសពី៦ភាគរយនៅក្នុងឆ្នាំ២០១៨ ប្រជាពលរដ្ឋមានប្រាក់ចំណូលសមរម្យ បានធ្វើឲ្យតម្រូវការលំនៅដ្ឋានកើនឡើង។

ក្រុមហ៊ុន Knight Frank បានតាមដានលើការវិវឌ្ឍន៍លំនៅឋាន ក្នុងប្រទេសហ្វីលីពីន អស់រយៈពេល១២ឆ្នាំមកនេះគឺមានសភាពទ្រឹង ឬកើនឡើងតិចតួច គឺមានតែឆ្នាំ២០១៩ នេះបង្ហាញថា អត្រាកំណើននៃទីផ្សារលំនៅឋានប្រណិត នៅក្នុងទីក្រុងម៉ានីលបានកើតឡើងរហូតដល់១២ភាគរយ។

ទីក្រុង Edinburgh ស្ថិតក្នុងលំដាប់លេខ២ ដោយបានកើនឡើង១០,៦ភាគរយ។ ប្រទេសសិង្ហបុរី ដែលជាទីក្រុងនៅអាស៊ីតែមួយគត់ នៅក្នុងលំដាប់កំពូលទាំង១០បានមើ​លឃើញថា តម្លៃផ្ទះប្រណីតបានកើនឡើង៩,១% ខ្ពស់ជាងកំណើននៅទីក្រុងបូស្តុន (៨,៦%) ទីក្រុងម៉ាឌ្រីដ(៨,១%) និងសាន់ហ្វ្រាន់ស៊ីស្កូ(៧,៨%)៕

វិស័យអចលនទ្រព្យនៅខេត្តសៀមរាបចាប់ផ្តើមងាកមកតំបន់ជាយក្រុង

0

ដោយ​ រ៉ាណេត

សៀមរាប៖ ដើមឆ្នាំ២០១៩នេះ សកម្មភាពនៃការទិញលក់ ឬវិនិយោគលើការអភិវឌ្ឍវិស័យសំណង់ផ្សេងៗ ត្រូវបានអ្នកជំនាញបញ្ជាក់ប្រាប់ថា អ្នកវិនិយោគមួយចំនួនបានបង្វែរគោលដៅរបស់ខ្លួន មកកាន់តំបន់ជាយក្រុងកាន់តែច្រើន។

អគ្គនាយកក្រុមហ៊ុន Goal Property Service Co,.Ltd លោក ចៅ សេងថៃ បានប្រាប់ឱ្យដឹងតាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី២២ ខែមីនា នេះថា កាលពីឆ្នាំកន្លងទៅ ក៏ដូចជាកាលពីឆ្នាំ២០១៦ -២០១៧ ភាគច្រើនអ្នកវិនិយោគតែងធ្វើការវិនិយោគលើវិស័យដីធ្លីនៅតាមតំបន់ដែលមានគម្រោងអភិវឌ្ឍនានា ជាពិសេសដូចជានៅតំបន់ជុំវិញគម្រោ​ងសាងសង់ព្រលានយន្តហោះថ្មីជាដើម ដែលកាលណោះតម្លៃដីដែលស្ថិតនៅក្បែរគម្រោងគឺមានការឡើងថ្លៃ និងមានអ្នកសម្រុកវិនិយោគយ៉ាងគគ្រឹកគគ្រេង ក្នុងគោលបំណងវិនិយោគបន្តយកចំណេញ ប៉ុន្តែក្រោយមកក៏ហាក់មានភាពស្ងប់ស្ងាត់វិញមួយរយៈ។

លោកបន្តថា ការវិនិយោគលើវិស័យដីធ្លី ក៏ដូចជាការអភិវឌ្ឍលើវិស័យលំនៅដ្ឋានខ្នាតតូច និងមធ្យមហាក់មានភាពខុសប្លែកកាលពីឆ្នាំមុនបន្តិច ខណៈដែលអ្នកវិនិយោគទាំងនោះភាគច្រើន បានបង្វែរគោលដៅរបស់ខ្លួនមកកាន់តំបន់ជិត ឬគៀកនឹងក្រុងសៀមរាប ដែលជំរុញឱ្យតម្លៃដីនៅលើទីផ្សារកើនឡើងជាងឆ្នាំមុន រហូតដល់ជាង៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលដីនៅកណ្តាលក្រុង មានតម្លៃចន្លោះពីជាង២០០០ដុល្លារ។ចំណែកឯតម្លៃដីនៅតំបន់ផបស្ទ្រីត ឡើងរហូតដល់ចន្លោះ៣៥០០- ៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោក ចៅ សេងថៃ បានបញ្ជាក់ឱ្យដឹងទៀតថា “ឥឡូវនេះ អ្នកវិនិយោគគាត់ងាកមកចាប់អារម្មណ៍នៅតំបន់គៀកៗក្រុងវិញ ហើយក៏មិនសូវវិនិយោគក្នុងរូបភាពធំទូលាយដូចមុននោះដែរ ព្រោះថា ការវិនិយោគបែបនេះងាយស្រួលលក់ចេញ ងាយទទួលបានចំណេញក្នុងរយៈពេលខ្លី ហើយអ្នកអភិវឌ្ឍភាគច្រើនពួកគេវិនិយោគទៅលើសំណង់សណ្ឋាគារ ផ្ទះសំណាក់ ជាដើម ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ប៉ុន្តែបើអ្នកដែលវិនិយោគលើវិស័យដីធ្លីក្នុងទ្រង់ទ្រាយធំ គឺនៅមានក្នុងតំបន់គម្រោងសាងសង់ព្រលានយន្តហោះថ្មីដដែល ស្ថិតក្នុងស្រុកសូទ្រនិគម ជាពិសេសតំបន់ស្វាយធំ ដែលស្ថិតនៅក្នុងឃុំកណ្តែក ស្រុកប្រាសា​ទបាគង។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Key Real Estate កាលពីពេលកន្លងទៅបានឲ្យដឹងថា កាលពីឆ្នាំ២០១៨ តម្លៃដីនៅក្នុងក្រុងសៀមរាប មានតម្លៃចាប់ពី១០០ដុល្លារទៅដល់ ៥៥០០ ក្នុង១ម៉ែត្រការ៉េ។ តម្លៃអចលនទ្រព្យក្នុងក្រុងសៀមរាប កាលពីឆ្នាំមុនមិនបានកើនច្រើនទេ ព្រោះខេត្តសៀមរាបជាកន្លែង ដែលមានការអភិវឌ្ឍ និងដីមានតម្លៃកើនខ្ពស់ជាយូរមកហើយ។

ការសិក្សាដដែលបានឲ្យដឹងថា ឆ្នាំ២០១៨ តម្លៃអចលនទ្រព្យក្នុងក្រុងសៀមរាបកើនឡើងចន្លោះពី៥ ទៅ១០ភាគរយតែប៉ុណ្ណោះ ខុសពីខេត្តព្រះសីហនុ ដែលដីបានកើនឡើងយ៉ាងខ្ពស់ ដោយសារទីនោះជាតំបន់អភិវឌ្ឍន៍ថ្មី និងមានភ្ញៀវជនជាតិចិនជាច្រើនទៅសម្រាកកម្សាន្ត។

ជាមួយគ្នានេះវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏សម្រេចបានកំនើនល្អប្រសើរផងដែរ ដោយយោងតាមរបាយការណ៍បញ្ចប់នៃឆ្នាំ២០១៨បានបង្ហាញថា រមណីយដ្ឋានអង្គរ បានស្វាគមន៍ភ្ញៀវទេសចរចំនួន២,៥៩ លាននាក់កើនឡើង ៥,៤៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ដោយរកប្រាក់ចំណូលបានជាង១១៦,៦៤ លានដុល្លារ កើន៨ភាគរយ ។

លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate Co,. Ltd បានបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៩នេះ កំណើននៃតម្លៃដីធ្លីនៅក្នុងខេត្តសៀមរាប នឹងមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះមានគម្រោងអភិវឌ្ឍជាច្រើន បានបាញ់ឆ្ពោះទៅកាន់ខេត្តតំបន់ទេសចរណ៍មួយនេះ ដូចជា សកម្មភាពនៃនិន្នាការពុះដីឡូតិ៍មានភាពផុលផុសខ្លាំងផងដែរ ជាពិសេសនៅទិសខាងកើតឈៀងខាងត្បូងតែម្ដង ៕

រដ្ឋមន្ត្រី​ពាណិជ្ជកម្មប្រាប់ក្រុមហ៊ុនអាមេរិកយកតម្រាប់តាមក្រុមហ៊ុន​ Coca Cola

0

​ដោយ នៅ វឌ្ឈនា

​ភ្នំពេញ៖​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានអំពាវនាវដល់វិនិយោ​គិនបរទេស ជាពិសេសវិនិយោគិនអាមេរិក ជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តបណ្តាក់ទុនថែមទៀត ដោយដកបទពិសោធន៍នៃភាពជោគជ័យរបស់ក្រុមហ៊ុនCambodia Beverage Company ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ធ្វើជាគំរូដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។

មានប្រសាសន៍ក្នុងពេលជួបជាមួយលោក Michael Newbill ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាត នៅក្នុងវិទ្យាល័យ ហ៊ុន សែនព្រៃទទឹង នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកប៉ាន សូរស័ក្តិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់ក្រុមហ៊ុន Coca Cola ដែលបាននាំយកវិបុលភាពសម្រាប់ក្រុមហ៊ុន និងសង្គមកម្ពុជា តួយ៉ាងបានបង្កើតការងារក្នុងស្រុកជាង ៩០០កន្លែង និងបានធ្វើសកម្មភាពមនុស្សធម៌យ៉ាងច្រើន ដូចជាគាំទ្រមូលនិធិពិភពទឹក “Water Planet Foundation” ដើម្បីអនុវត្តកម្មវិធីអប់រំសុខភាព និងអនាម័យទឹកស្អាតជាដើម។

លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តលើកស្ទួយបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយសកម្មភាពការិយាធិបតេ យ្យ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា និងទូរគមនាគមន៍ ការបញ្ចុះតម្លៃអគ្គិសនី ការកសាងហេដ្ឋាចរនាសម្ព័ន្ធរូបវន្ត និងការដាក់បញ្ជូលភាពអនុគ្រោះ ជាមួយកត្តាអំណោយផលជាច្រើន ទៅក្នុងច្បាប់វិនិយោគ និងបញ្ញត្តិថ្មីៗ ដើម្បីលើកទឹកចិត្តការវិយោគ និងពង្រឹ​ងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកបន្តថា «កម្ពុជាជាដែនដីសុខសន្តិភាព និងសុវត្ថិភាពជាងគេ នៅក្នុងតំបន់ ដែលចាកផុតពីភាពវឹកវរផ្នែកនយោបាយ និងគ្រោះមហន្តរាយធម្មជាតិ ពោលគឺគ្មានបន្ទុះភ្នំភ្លើង ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរញ្ជួយដី”។ លោកបន្តថា “ប្រទេសដែលមានបញ្ហាប្រឈមផ្នែកនយោបាយ ឬគ្រោះធម្មជាតិនឹងបង្កឱ្យវិនិយោគិន ខាតបង់ប្រាក់រាប់សិបលានដុល្លារ ដោយជៀសមិនផុត”៕

តម្លៃ​អចលនទ្រព្យ​នៅ​តាមផ្លូវ​ព្រះ​មុនី​រ៉េ​ត​បន្ត​កើនឡើង​

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​បាន​ថ្លែង​ថា​ តម្លៃ​អចលនទ្រព្យ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត កំពុង​មាន​សក្តា​នុ​ពល​ ហើយ​តម្លៃ​បន្ត​កើនឡើង​ប្រចាំឆ្នាំ​។

នាយក​ក្រុមហ៊ុន​ Century​21​ Fortuna​ Investment​ លោក​ វ៉ា​ វីរៈ​ បាន​ប្រាប់​ឱ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី​​២១​ ខែមីនា​នេះ​ថា​ អចលនទ្រព្យ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត បើ​ប្រៀបធៀប​ជាមួយ​តំបន់​ដទៃទៀត​ ដូច​ជា​​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ ផ្លូវ​កម្ពុជាក្រោម​ ផ្លូវ​ហ្សា​ឌឺ​ហ្គោល​ ឬមហា​វិថី​សហព័ន្ធ​រុស្ស៊ី​ គឺ​នៅ​មានកម្រិត​ទាប​នៅ​ឡើយ​។ លោក​បន្ត​ថា​ យើង​មើលឃើញ​ជាក់ស្ដែង​ស្រាប់​ ចំពោះ​សំណង់​អាគារ​ដែល​ស្ថិតនៅ​តាមផ្លូវ​ព្រះ​មុនី​រ៉េ​ត មិនសូវ​ជា​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដូច​តាម​បណ្តា​ផ្លូវ​ដូចដែល​បាន​រៀបរាប់​ខាងលើ​នោះ​ទេ​។

ផ្លូវ​នេះ​ត្រូវ​បាន​គេ​បែងចែក​ជា២តំបន់​ គឺ​តំបន់​ទី១​ ចាប់ពី​ផ្សារដើមគរ​ឆ្ពោះ​មក​អាងទឹក​អូឡាំពិក​ និង​តំបន់​ទី២​ ចាប់ពី​ផ្សារ​ដើមគរ​ ឆ្ពោះទៅ​ស្ពាន​ស្ទឹងមានជ័យ​។

លោក​វ៉ា​ វីរៈ​ បាន​បន្ត​ទៀត​ថា​ ចំពោះ​តំបន់​ទី១​ មាន​ភាព​ទាក់ទាញ​ជាង​ ព្រោះ​នៅ​សងខាង​ផ្លូវ​ភាគច្រើន​ ត្រូវ​បាន​គេ​បើក​លក់​ជា​អាជីវកម្ម​ចម្រុះ​បាន​ និង​មាន​មនុស្ស​ចរាចរណ៍​ឆ្លងកាត់​ច្រើន​ ដែល​ដី​នៅ​តំបន់​នេះ​មានតម្លៃ​ចន្លោះ​ពី​៣៥០០​ទៅ​៤៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ដោយឡែក​ចំពោះ​តំបន់​ទី២​ ហាក់​មិនសូវ​សម្បូរ​ផ្ទះ​អាជីវកម្ម​នោះ​ទេ​ ហើយ​ប្រភេទ​ផ្ទះ​នី​មួយ​ៗភាគច្រើន​មាន​ប្រវែង​ខ្លី​ ហើយក៏​មានតែ​មួយ​ជួរ​ ព្រោះ​នៅ​ទល់មុខ​ជារ​បង​សណ្ឋាគារ​ និង​របងភូមិ​គ្រឹះ​។ ដូច្នេះ​តំបន់​ទី​២​ ​នេះ​ មានតម្លៃ​ទាប​ជាង​តំបន់​ទី១​ ដែល​អាច​ស្ថិតនៅ​ក្នុង​ចន្លោះ​ពី៣០០០​ ទៅ ៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

យ៉ាងណាក៏ដោយ​ លោក​វ៉ា​ វីរៈ​ ក៏បាន​បញ្ជាក់​បន្ថែម​ថា​ តម្លៃ​ខាងលើ​នេះ​ជា​តម្លៃនៅលើទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ ប៉ុន្តែ​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ អាច​នឹង​មានការ​កើនឡើង​ខ្ពស់​ជាង​នេះ​ ព្រោះ​ជាទូទៅ​តម្លៃ​ដី​នៅក្នុង​រាជធានី​ភ្នំពេញ​ តែង​មានការ​កើនឡើង​ក្នុងរង្វង់​ប្រមាណ១០​-១៥​ ភាគរយ​ប្រចាំឆ្នាំ​៕

ក្រុមហ៊ុន​យក្ស​ Prince​ Real​ Estate​ ​គ្រោង​បន្ថែម​​ទុន​​វិនិយោគ​ ​២០ពាន់​លាន​​ដុល្លារ​​សម្រាប់​ ​១០ឆ្នាំ​ខាងមុខ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ Prince​ Real​ Estate​ Group​ បាន​ប្រកាស​ បន្ថែម​ទុន​ឱ្យ​បាន​ ២០ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុងរយៈពេល​ ១០ឆ្នាំខាងមុខ​ ខណៈ​បច្ចុប្បន្ន​ ក្រុមហ៊ុន​នេះ​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ លើ​គម្រោង​អចលនទ្រព្យ​ជាង​ ៤ប៊ី​លាន​ដុល្លារ​អាមេរិក​រួចហើយ​។

លោក​ លី​ មីន​ ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​មួយ​ បន្ទាប់ពី​ចុះហត្ថលេខា​ ជាមួយ​ក្រុមហ៊ុន​បី​ ក្នុង​ការ​បើក​ដំណើរការ​ហាង​នៅក្នុង​ Prince​ Plaza​ International​ នា​ព្រឹក​ថ្ងៃទី​ ២២​ មីនា​ ២០១៩នេះ​ថា​ ក្រុ​មហ៊ុ​នព្រីនស៍​រៀល​អ៊ី​ស្ទេ​ត នឹង​ឈរ​លំដាប់​កំពូល​ ជា​ក្រុមហ៊ុន​អន្តរជាតិ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ​; ដោយ​បាន​វិនិយោគ​នៅ​គម្រោង​អចលន​ទ្រព្យ​ធំៗ​ជាច្រើន​ ជាក់ស្ដែង​គម្រោ​ងព្រីនស៍​ផ្លា​ហ្សា​នៅ​បណ្ដោយ​ផ្លូវ​ ព្រះ​នរោត្តម​ គម្រោ​ងព្រីនស៍​ផ្លា​ហ្សា​ អ៊ី​នធើ​ណេត​សិន​ណលនៅ​តាម​បណ្ដោយ​ផ្លូវ​ សហព័ន្ធ​រុស្ស៊ី​ និង​គម្រោង​មួយចំនួន​ទៀត​នៅក្នុង​ខេត្ត​ព្រះសីហនុ​ជាដើម​។

លោក​បន្ត​ថា​ “ចាប់តាំងពី​យើង​បាន​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ យើង​បាន​បោះទុន​វិនិយោគ​សរុប​ ជាង៤ពាន់​លាន​ដុល្លារ​អាមេរិក​មក​ហើយ​ ហើយ​យើង​នឹង​បន្ថែម​ទុន​តាមតែ​អាច​ធ្វើ​បាន​”។

លោក​បន្ត​ថា​ ក្រុមហ៊ុន​នៅតែ​មើលឃើញ​ពី​សក្ដានុពល​ វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ប្រទេស​នេះ​ បាន​រក្សា​លំនឹង​មួយ​ល្អ​ប្រសើរ​ ជាពិសេស​គឺ​រក្សា​បាន​នូវ​ស្ថេរ​ភាព​នយោបាយ​ក្នុង​ស្រុក​ ។ ដោយ​មើលឃើញ​ពី​សក្ដានុពល​ទាំងនេះ​ហើយ​ ក្រុមហ៊ុន​នឹង​បន្ថែម​ទុន​វិនិយោគ​ឱ្យ​បាន​ ២០ពាន់​លាន​ដុល្លារ​អាមេរិក​ នៅក្នុង​រយៈពេល​ ១០ឆ្នាំខាងមុខ​ទៀត​ ដោយក្រុម​ហ៊ុន​បាន​រៀបចំ​នូវ​គម្រោង​របស់​ខ្លួន​រួចស្រេច​ហើយ​ ក្នុង​នោះ​ខេត្ត​ព្រះសីហនុ​ ​; ភ្នំពេញ​ និង​សៀមរាប​ គឺជា​ទីតាំង​អាទិភាព​របស់​ខ្លួន​ ក្នុង​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​ ។

លោក​លី​ មីន​បាន​បន្ថែម​ថា​ រាល់​ការ​វិនិយោគ​លើ​គម្រោង​នានា​ នៅក្នុង​ប្រទេស​កម្ពុជា​ របស់​ព្រីនស៍​រៀល​អ៊ី​ស្ទេ​ត ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ​ ជា​ក់​ស្ដែង​ព្រីនស៍​ផ្លា​ហ្សា​អ៊ី​នធើ​ណេត​សិន​ណល​ ដែល​បាន​សាងសង់​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​នោះ​ គឺ​មាន​ក្រុមហ៊ុន​និង​ហាង​ជាច្រើន​បាន​ចុះហត្ថលេខា​ ដើម្បី​ដាក់​ទីតាំងនៅ​ក្នុង​មជ្ឈមណ្ឌល​នោះ​ នៅពេល​សាងសង់​ហើយ​ ជាក់ស្ដែង​ក្រុមហ៊ុន​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​បណ្ដា​ដៃគូ៥​ ដើម្បី​បើក​ដំណើរការ​ហាង​នៅក្នុង​មជ្ឈមណ្ឌល​ ព្រីនស៍​ផ្លា​ហ្សា​អ៊ី​នធើ​ណេត​សិន​ណល​។

លោក​បញ្ជាក់​ថា​ គម្រោង​អចលនទ្រព្យ​របស់​ក្រុ​មហ៊ុ​នព្រីនស៍​ រៀល​អ៊ី​ស្ទេ​តគ្រុប​ បាន​រីក​ដុះដាល​នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​ព្រះសីហនុ​ ហើយ​ទទួល​បាន​នូវ​សមិទ្ធិ​ផល​គួរ​ឱ្យ​កត់សម្គាល់​ ។ ព្រីនស៍​រៀល​អ៊ី​ស្ទេ​ត គ្រុប​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ទីតាំង​ នៅ​កណ្ដាល​នៃ​ខណ្ឌ​ធំៗ​ ចំនួន៣នៅ​ភ្នំពេញ​ ហើយក៏​មាន​គម្រោង​ពង្រីក​ឱ្យ​បាន​គ្រប់​ខណ្ឌ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

លោក​ឧកញ៉ា​ លី​ ហួរ​ ប្រធាន​សមាគម​អ្នក​អភិ​វឌ្ឈ​ន៍​លំនៅ​ដ្ឋាន​កម្ពុជា​បាន​មានប្រសាសន៍​ថា​ វិស័យ​អចលនទ្រព្យ​និង​សំណង់​នៅ​កម្ពុជា​ នឹង​បន្ត​រីកចម្រើន​រយៈពេល​ ៥ទៅ​ ១០ឆ្នាំ​ទៀត​ ដោយសារ​កម្ពុជា​នៅ​មាន​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​ និង​កំនើន​សេដ្ឋកិច្ច​បន្ត​មាន​ភាព​រ៉ឹង​មាំ​រយៈពេល​វែង​បន្ត​ទៀត​៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​Chief​ Tower​​ ធំ​មួយ​​សាងសង់​​នៅ​កណ្តាល​ក្រុងភ្នំពេញ​

0

ដោយ​ នៅ​ វឌ្ឍនា

ភ្នំពេញ​៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​មួយ​ Chief​ Tower​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ចិន​បាន​ចាប់ផ្តើម​សាងសង់​នៅ​ទីក្រុង​ភ្នំពេញ​ ខណៈ​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​កំពុង​មានការ​រីកចម្រើន​ខ្លាំង​។

រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​លោក​ សាយ​ សំ​អាល់​ ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​បើក​ការដ្ឋាន​សាងសង់​អគារ​ពាណិជ្ជកម្ម​ នេះ​កាលពី​ថ្ងៃទី២១​ មិនា​កន្លងមក​បាន​មានប្រសាសន៍​ថា​ ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​ JS​ PROPERTY​ INTERNATIONAL​ ដែល​បាន​ដាក់​ទុន​វិនិយោគ​យ៉ាងច្រើន​ ក្នុង​ការ​កសាង​អគារ​ពាណិជ្ជកម្ម​ CHIEF​ TOWER​ នេះ​ឡើង​ ជាមួយនឹង​ការ​ផ្តល់​សេវាកម្ម​ពាក់​ព័ន្ធ​ផ្សេង​ៗសម្រាប់​ការ​ធ្វើ​ធុរកិច្ច​ ការ​ស្នាក់នៅ​ និង​ការ​ធ្វើអាជីវកម្ម​នានា​ ប្រកបដោយ​ភាព​ងាយស្រួល​ និង​ស្តង់​ដា​ខ្ពស់​។

លោក​បន្ត​ថា​ “នេះ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​នូវ​ជំនឿ​ទុកចិត្ត​ ដ៏​មុតមាំ​របស់​វិនិយោគិន​ មក​លើ​គោលនយោបាយ​របស់​ រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​គិតគូរ​ដ៏​ឈ្លាសវៃ​របស់​វិនិយោគិន​ ចំពោះ​ទី​ផ្សា​កម្ពុជា​ដែល​កំពុង​មានសន្ទុះ​យ៉ាង​ខ្លាំងក្លា​ និង​ប្រកបដោយ​ភាព​ទាក់ទាញ​ផង​ដែរ​”។

ក្រសួងបរិស្ថាន​បាន​ខិតខំ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន​ តាមរយៈ​ការ​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​ ការ​ដាក់ចេញ​នូវ​រដ្ឋបាល​ទំនើប​ និង​កែ​លម្អ​នូវ​ក្របខណ្ឌ​ច្បាប់​និង​គោលនយោបាយ​ជាបន្តបន្ទាប់​ ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​កាន់តែ​ប្រសើរ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ជាពិសេស​វិស័យ​ឯកជន​ ក្នុង​ការ​លើកកម្ពស់​អនុលោម​ភាព​ទៅតាមច្បាប់​ និង​លិខិត​បទដ្ឋាន​នានា​នៅ​កម្ពុជា​ សំដៅ​រួមគ្នា​ការពារ​បរិស្ថាន​ ព្រមទាំង​គាំទ្រ​ដល់​ការ​ប្រកប​ធុរកិច្ច​របស់​សហគ្រាស​ ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ជាតិ​ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ចីរភាព​។

អាគារ​ពាណិជ្ជកម្ម​ Chief​ Tower​ មាន​កម្ពស់​ ៤០ជាន់​ ស្ថិតនៅ​លើ​ផ្លូវ​មុនីវង្ស​ កែង​នឹង​ផ្លូវ៣២២​ ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង១​ ខ័ណ្ឌ​ចម្ការ​មក​ រាជធានី​ភ្នំពេញ​។

អគារ​ពាណិជ្ជកម្ម​ Chief​ Tower​ ត្រូវ​បាន​វិនិយោគ​ដោយ​ ក្រុមហ៊ុន​ JS​ Property​ International​ Group​ ដែល​ជា​ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​ JS​ Partner​ និង​ក្រុមហ៊ុន​ Chief​ Real​ Estate​ Development​ (Cambodia​) Ltd​.,។ ក្រុមហ៊ុន​ទាំងពីរ​ សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​ ដែល​មាន​កិច្ចសហការ​ច្រើន​ ជាមួយ​ដៃគូ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ មក​ពី​ប្រទេស​កម្ពុជា​ ម៉ាឡេស៊ី​ និង​ហុងកុង​។

អគារ​ពាណិជ្ជកម្ម​ Chief​ Tower​ នឹង​ក្លាយជា​ការិយាល័យ​កណ្ដាល​ នៃ​ធនា​គារ​ពា​ ណិ​ជ្ជ​ឈី​ហ្វ​ (ខេម​បូ​ឌា​) ម.ក​។ បន្ថែម​លើ​នេះ​ទៅទៀត​ ធនាគារ​សមាគមន៍​ធុរកិច្ច​អាស៊ាន​ នៃ​ប្រទេស​កម្ពុជា​ ក៏​នឹង​បង្កើត​ការិយាល័យ​របស់​ខ្លួន​ នៅ​ឯអគារ​ Chief​ Tower​ ផង​ដែរ​ ដែល​នឹង​ជួយ​ឱ្យ​អគារ​នេះ​ ក្លាយទៅជា​មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​ ដល់​សមាគម​អាស៊ាន​ទាំងអស់​។

លោក​ លាង​ មុ​នី​រិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​បាន​មានប្រសាសន៍​ថា​ គម្រោង​នេះ​នឹង​ចូលរួម​លើកមុខ​មាត់​ សោភណភាព​របស់​រាជធានី​ភ្នំពេញ​មួយ​កម្រិត​បន្ថែម​ទៀត​ និង​ជា​ការ​បញ្ជាក់​នូវ​ជំនឿ​ទុកចិត្ត​របស់​អ្នក​វិនិយោគ​លើ​សក្ដានុពល​សេដ្ឋកិច្ច​ និង​ទីផ្សារ​វិស័យ​សំណង​ អចលនទ្រព្យ​របស់​កម្ពុជា​ និង​ជា​ឆ្លើយតប​នឹង​ស្ថានភាព​តម្រូវការ​ នៃ​ការ​អភិវឌ្ឍ​នគរូបនីយកម្ម​របស់​សង្គម​កម្ពុជា​ផង​ដែរ​៕

ចិនគ្រោងសាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាម​ពលព្រះអាទិត្យ​ និង​ខ្យល់នៅកម្ពុជា

0

ដោយ នៅ វឌ្ឈនា

ភ្នំពេញ៖ រដ្ឋាភិបាលចិនគ្រោងសាងសង់ រោងចក្រទាញយកប្រភពថាមពលអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងខ្យល់នៅកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាស្របតាមតម្រូវការ។

លោក Kong Xuanyou អនុរដ្ឋមន្រ្តីការបរទេសចិន បានលើកឡើងនៅក្នុងជំនួបជាមួយ លោក ហោណាំហុង ឧបនាយក​រដ្ឋមន្រ្តី នៅវិមានសន្តិភាព កាលពីថ្ងៃទី២១ មីនា ឆ្នាំ២០១៩ម្សិលមិញនេះថា វារីអគ្គិសនីដែលចិនបាន​សាង​សង់​នៅកម្ពុជា នឹងធ្វើឡើងនៅ ខេត្ដកោះកុង អាចនឹងមានបញ្ហាដោយសារខ្វះខាតទឹក បន្ទាប់ពីកម្ពុជាមានការ​ប្រែប្រួល​អាកាសធាតុ ដែលបង្កឱ្យកម្ពុជាមការខ្វះទឹកផលិតអគ្គិសនីប្រើប្រាស់មិនគ្រប់គ្រាន់។

លោកថា “ដោយសម្លឹងឃើញកត្ដានេះ រដ្ឋាភិបាលចិន បានសន្យាជួយសាងសង់អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និង​ខ្យល់នាពេលខាងមុខនេះ”។

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលគ្រោងជួយបសាងសង់រោងចក្រ ផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ និងខ្យល់នាពេលខាងមុខនេះ ហើយការសាងសង់អគ្គិសនីទាំងពីរនេះ វាពិតជាមានសារៈសំខាន់ណាស់ចំពោះកម្ពុជា៕