ធនាគារពិភពលោកបង្ហូរទុន ២០០លានដុល្លារ ដើម្បីជួយដល់វិស័យ២នៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និង​ធនាគារពិភពលោក នៅថ្ងៃទី១២ ខែកក្កដា បានចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្ត​គម្រោង​វិនិយោគ​ធំពីរ ដែលមានទឹកប្រាក់ប្រមាណ 200លានដុល្លារអាមេរិក គឺមួយ​មានគោល​ដៅ​បង្កើន​គុណភាព​ប្រព័ន្ធ​អប់រំ​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​មួយទៀត​ផ្តោត​ទៅលើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​គមនាគមន៍​ពី​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ក្នុង​រាជធានី​ភ្នំពេញ ទៅ​កាន់​កំពង់ផែ​ទឹក​សមុទ្រជ្រៅ​តែមួយ​គត់របស់​ប្រទេសកម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានប្រសាសន៍ថា៖ នេះជាកិច្ច​សហប្រតិបត្តិការ​យ៉ាងល្អរវាង​ធនាគារ​ពិភពលោក និង​រាជរដ្ឋា​ភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ក្នុង​ស្មារតី​យោគយល់គ្នាដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​គម្រោង​ទាំង​ពីរ​នេះ​បាន​ចេញ​ជា​ផ្លែផ្កា។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ការ​អភិវឌ្ឍធន​ធាន​មនុស្ស​ឱ្យ​មាន​ជំនាញ​​គឺ​សំខាន់​​ក្នុង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​ដូច​បាន​ប្រមើលទុក​នៅក្រោម “គោលនយោបាយ​អភិវឌ្ឍន៍​វិស័យឧស្សា​ហកម្ម និង​ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥” របស់​កម្ពុជា​ ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការទំនើបកម្ម​រចនា​សម្ព័ន្ធ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស ពីឧស្សហកម្មមួយ​ដែល​ពឹងផ្អែកលើពលកម្ម ឱ្យ​ទៅ​ជា​ឧស្សាហកម្ម​មួយ​ដែល​ពឹងផ្អែកលើជំនាញ ត្រឹម​ឆ្នាំ​២០២៥។ ការ​ចុះហត្ថលេខាលើ​គម្រោង​ទាំងនេះ​នៅ​ថ្ងៃនេះ​ជា​ការ​ជំរុញ​រដ្ឋា​ភិបាល​នៅ​ក្នុង​ការ​ប្តេជ្ញាចិត្ត​ឈាន​ទៅសម្រេច​វត្ថុបំណង​ដ៏សំខាន់​របស់​គម្រោង​ទាំង​នេះ​ឱ្យ​បាន»។

គម្រោងកែលម្អការអប់រំ​ឧត្តមសិក្សា និង​គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ ជំហាន២ ​បាន​ទទួល​ការ​អនុម័ត​ដោយ​ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​របស់ធនាគារពិភពលោក តាមលំដាប់លំដោយ កាល​ពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០១៨ និង​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

តាមរយៈគម្រោង ដែល​មាន​តម្លៃ​​ទឹក​ប្រាក់ ៩០លានដុល្លារអាមេរិក ធនាគារពិភពលោក​នឹង​ជួយដល់​ការខិតខំ​របស់​ប្រទេ​សកម្ពុជា​ក្នុង​ការ​បង្កើន​គុណភាព​ប្រព័ន្ធ​អប់រំឧត្តមសិក្សា និង​ការ​ស្រាវ​ជ្រាវ និង​ដើម្បី​ពង្រីក​ឱ្យ​កាន់​តែ​ទូលាយ​ថែម​ទៀតនូវ​លទ្ធភាពទទួលបាន​ការ​អប់ឧត្តមសិក្សា​សម្រាប់​សិស្ស​ក្រីក្រ។ គម្រោង​ដែល​មាន​អាយុកាល​ប្រាំមួយឆ្នាំនេះ​នឹង​ផ្តោត​ទៅលើ​ការ​កែលម្អ​​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតសាស្ត្រ ព្រម​ទាំង​កម្មវិធីសិក្សា​ផ្នែកកសិកម្មផងដែរ ជាមួយ​នឹង​គោលដៅ​បំពាក់​ឱ្យ​និស្សិត​បញ្ចប់​ការ​សិក្សា​នូវ​ជំនាញ​ពាក់​ព័ន្ធ​និង​អាច​ផ្ទេរ​បាន​នានា​ ដែលអាច​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ធ្វើ​អន្តរកម្ម​​ពី​បែបផែនសេដ្ឋកិច្ច​​អតិពលកម្ម ឱ្យ​ក្លាយ​ទៅ​ជា​សេដ្ឋកិច្ច​មួយ​ដែលជំរុញ​ទៅមុខ​ដោយ​ចំណេះដឹង។

សកម្មភាព​ធំៗទាំងប្រាំ​របស់​គម្រោងនេះរួមមាន៖ ការ​ផ្តល់​មូលនិធិ​សម្រាប់​ការ​ស្រាវ​ជ្រាវ​នៅតាម​ផ្នែកមុខវិជ្ជា​អាទិភាព ការបង្កើន​ចំនួន​ថ្នាក់​រៀន​និង​មន្ទីរពិសោធន៍, ការ​សង់សយនដ្ឋាន​សម្រាប់​និស្សិតក្រីក្រស្នាក់នៅ ដូច​ជានិស្សិត​មកពី​គ្រួសារ​ក្រីក្រ និង​មក​ពីតំបន់​ដាច់​ស្រយាល រួម​ទាំងនិស្សិតស្រ្តី​ផងដែរ, ការ​ពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព​និង​ប្រព័ន្ធ​ព័ត៌មាន, និង​ការ​សហការ​ជា​មួយ​ដៃគូ​អន្តរជាតិ​ដើម្បី​កែលម្អ​កម្ម​វិធី និង​វិធីសាស្ត្រ​បង្រៀន​​លើ​​មុខវិជ្ជា​អាទិភាព។

ទឹក​ប្រាក់ចំនួន ១១០លានដុល្លារអារមេរិក ដែល​ជា​ហិរញ្ញប្បទាន​បន្ថែម​សម្រាប់​គម្រោង គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ ជំហាន២ មានគោល​ដៅ​កែលម្អលក្ខខណ្ឌ សុវត្ថិភាព​ និង​ភាពធន់​អាកាស​ធាតុ​របស់​ផ្លូវជាតិលេខ៤។ ផ្លូវ​ជាតិ​មួយនេះ​កំពុងរងសម្ពាធចរាចរណ៍យ៉ាងមមាញឹកណាស់ ​ឆ្លងកាត់តំបន់សេដ្ឋកិច្ច និងតំបន់កសិកម្មសម្បូរបែបជាច្រើនកន្លែង។ ជំនួយហិរញ្ញប្បទានបន្ថែមនេះ នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​បង្កើនគុណភាពបណ្តោយផ្លូវចម្ងាយជាង២០០គីឡូម៉ែត្រ ឱ្យល្អជាងមុន និងការរៀបចំកែលម្អ​ចិញ្ចើមសងខាងផ្លូវ ដាក់លូបង្ហូរទឹក និងធ្វើស្ពាន តាម​រចនាបទបែប​នវានុវត្តន៍ និងមាន​ភាពធន់​ទៅនឹង​អាកាសធាតុ។

គម្រោង​នេះ ​ក៏​នឹងផ្តោត​ផង​ដែរ​ទៅលើ​ការ​​បង្កើន​គុណភាព​ស្ថានីយ​ថ្លឹង​ទម្ងន់​រថយន្ត​ធំដែលមានស្រាប់ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ដឹក​លើស​ទម្ងន់ ដំឡើងសញ្ញាតំបន់ល្បឿនមានកម្រិត សញ្ញានាំផ្លូវ ប្រព័ន្ធភ្លើង​បំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យ និងកាម៉េរ៉ាចាប់ល្បឿនបើកបរ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «វា​មានសារៈសំខាន់​ជាសារវន្តណាស់​សម្រាប់​ប្រទេស​កម្ពុជា​វិនិយោគ​ទៅលើ​មូលធនមនុស្សរបស់​ខ្លួន​ និងលើកកម្ពស់ ​ជំនាញ​យុវជនខ្មែរ ដែលពួកគេមានលទ្ធភាព​​ប្រកួត​ប្រជែង​នៅក្នុង​បែបផែនសេដ្ឋកិច្ច​នា​ពេល​អនាគតបាន។ ការ​បិទគម្លាតនៃកង្វះ​ខាត​​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ ​​ក៏មាន​សារៈសំខាន់​ជា​សារវន្តដែរ ​​ដើម្បី​លើក​តម្កើងសមត្ថភាព​ប្រកួត​ប្រជែងរបស់​កម្ពុជានៅក្នុងតំបន់ និង​ជំរុញការ​អភិវឌ្ឍ​វិស័យ​ឯកជន។» លោកស្
រីបន្ថែមទៀតថា៖ «ការ​ចុះហត្ថលេខាក្នុង​ថ្ងៃនេះបង្ហាញថា ធនាគារពិភពលោកនៅបន្ត​ភាពជា​ដៃគូអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជា​។»

គម្រោង​ទាំង​ពីរនេះ​ទទួល​ហិរញ្ញប្បទាន​តាម​រយៈឥណទាន​ពី​សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជា​មូលនិធិ​របស់​ធនាគារពិភពលោកសម្រាប់​ប្រទេសក្រីក្រជាង​គេ។ ជំនួយទាំងនេះជា​ឥណទានគ្មានការប្រាក់ ដែល​មាន​អាយុ​សងឱ្យ​គ្រប់​វិញ​រយៈពេល ៣៨ឆ្នាំ រួមមានក្នុងនោះ​រយៈពេលអនុគ្រោះ​ប្រាំមួយឆ្នាំផង៕

ស្វែងយល់ពីអាស៊ី! មហាយក្សចិន សាងសង់អគារមានរូបរាង្គជាកាក់បុរាណចិន

0

ដោយ វុត្ថា
ភ្នំពេញ៖ មហាយក្សចិន ពិតជាមាននគំនិតឆ្នៃប្រឌិតក្នុងការរចនាម៉ូដអាគារផ្សេងៗដើម្បីទាក់ទាញភ្នែកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសគឺអគារមួយមានឈ្មោះថា «Fang Yuan Building» ។

អគារ Fang Yuon Building នេះ ត្រូវបានគេរចនាឡើងជារូបរាង្គកាក់នាសម័យបុរាណ ក្នុងគោលបំណងបង្ហាញដល់មនុស្សជំនាន់ក្រោយ បានសិក្សាស្វែងយល់ និងចង់ចាំ។ អគារដែលមានរូងរាង្គមូលនេះ ត្រូវបានគេសាងសង់ឡើងនៅក្នុងទីក្រុង Shenyang របស់ប្រទេសចិន។

អគារដ៏អស្ចារ្យនេះផងដែរ ត្រូវបានគេសាងសង់ឡើងក្នុងឆ្នាំ ២០០១ ធ្វើជាការិយាល័យធ្វើការ ដែលមានកំពស់ ២៤ជាន់ នៅលើទំហំដី ៤៨០០០ ម៉ែត្រការ៉េ ដែលរចនាប្លង់ដោយស្ថាបត្យកម្មសំណង់ជនជាតិចិន-តៃវាន់ លោក C.Y Lee ដែលជាអ្នកគូប្លង់អគារខ្ពស់កប់ពពកក្នុងកោះតៃវ៉ាន់ដ៏ល្បីល្បាញ គឺអគារ Taipei 101។

លោក Lee បានរចនាមូដអគារនេះ ឡើងលាយឡំដោយស្តាយប្រទេសលោកលើកឡើងខាងកើត និងខាងលិខ ប៉ុន្តែនៅតែមានរូបរាង្គជាកាក់បុរាណចិន ដែលមានន័យប្រាស័យទាក់ទងគ្នារវាងមនុស្សសម័យបច្ចុប្បន្ន និងអតិតកាល។

អគារនេះ ត្រូវបានគេចាត់ទុកថាមានរចនាបទតែមួយគត់នៅក្នុងតំបន់អាស៊ី ។ មិនត្រឹមតែប៉ុណ្ណោះ ទូរទស្សន៍ CNN បានចាត់ទុកថា អគារដែលរចនាដោយស្ថាបត្យករល្បីល្បាញនេះ គឺជាអគារដ៏អាក្រក់បំផុតក្នុងពិភពលោក តែមានភាពទាក់ទាញ។

បើទោះបីគេចាត់ទុកថារចនារបស់អគារនេះមិនល្អយ៉ាងក្តី អគារនេះ ត្រូវបានបានជាប់នៅក្នុងបញ្ជីអគារដែលមានរូបរាង្គអាក្រក់បំផុតដែរ (Worlds’ Ugliest Building) និងល្បីល្បាញបំផុតក្នុងពិភពលោក៕

ទីផ្សារលំនៅដ្ឋាន នៅប្រទេសឥណ្ឌាមានការរីកចម្រើនខ្លាំង

0

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាមសន្ទស្សន៍លំនៅឋានសកលលោកសកលចុងក្រោយរបស់ ក្រុមហ៊ុន Knight Frank បានឱ្យដឹងថាទីក្រុង Surat នៅភាគខាងលិចប្រទេសឥណ្ឌាបានបង្ហាញពីកំណើនទីផ្សារលំនៅឋានជាមធ្យមចំនួន ២២,៣ ភាគរយនៅក្នុងឆ្នាំនេះគិតត្រឹមខែមីនាកន្លងមកនេះ។

តួលេខនេះគឺបង្ហាញពីការរីកលូតលាសយ៉ាងលឿនបំផុតដែលបានកត់ត្រារបស់ក្រុមហ៊ុន Knight Frank ក្នុងចំណោមទីក្រុងនានាដែលក្រុមហ៊ុនមួយនេះ បានតាមដាននៅលើទីផ្សាលំនៅដ្ឋានរចំនួន ១៥០នៅទូទាំងពិភពលោក។

ជាមួយគ្នានោះទីក្រុងលំដាប់ទី២ ក្នុងរដ្ឋ Gujarat របស់ឥណ្ឌាមានប្រជាពលរដ្ឋបានទិញលំនៅដ្ឋានចំនួន ៤,៥ លាននាក់ដែលធ្វើអោយទីផ្សារដែលមានកំណើនលឿនជាង ២០% ក្នុងមួយឆ្នាំៗ។

លោក Kate Everett-Allen ដែលជាដៃគូរបស់ក្រុមហ៊ុន Knight Frank បានពន្យល់ថា តំបន់ស្ថិតភាកខាងលិចនៃឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌាត្រូវបានកត់សម្គាល់ឃើញថាមានតំលៃនៅដ្ឋានមានការកើនឡើងខ្លាំងដោយសារជាបណ្តុំនៃទីប្រជុំជន។

អត្រាកំណើនលំនៅដ្ឋានដែលប្រកៀកគ្នារបស់ទីក្រុង Surat គឺទីក្រុង Izmir នៅក្នុងប្រទេសតួកគី និងទីក្រុងហុងកុងដែលមានកំណើនក្នុងរង្វង់ ១៦,៥% និង ១៥,៦%។

ប្រទសឥណ្ឌាត្រូវបានគេកត់ត្រាផងដែរថាការរីកចម្រើនទីផ្សារលំនៅដ្ឋានរបស់ទីក្រុងមិនដូចគ្នានោះទេ មានទីក្រុងខ្លះរីកចម្រើនខ្លាំង និងខ្លះទៀត មិនរីកចម្រើនទាល់តែសោះ ក្នុងចំណោមប្រទេសនៅលើពិភពលោក។ សន្ទស្យន៍របស់ក្រុមហ៊ុន Knight Frank បានបង្ហាញថា ប្រទេសឥណ្ឌា ស្ថិតនៅលំដាប់លេខរៀងទី ១៤៣ ដែលមានអត្រាធ្លាក់ចុះទីផ្សាលំនៅដ្ឋានចំនួន ៥ ភាករយ ដោយក្នុងនោះទីក្រុង Abu Dhabi ក្នុងប្រទេសអារ៉ាបបានធ្លាក់ចុះ ៧,២ % នៅក្នុងបញ្ជីខណៈពេលដែលនៅក្នុងទីក្រុងដាវីន ប្រទេសអូស្រ្តាលីឈរនៅលេខរៀង ១៤៧ បានធ្លាក់ចុះ ៦,៥% ។

សន្ទស្សន៍លំនៅដ្ឋានសកលលោកបានកើនឡើង ៤% នៅក្នុងឆ្នាំទៅត្រីមាសទី១ នៃឆ្នាំ ២០១៨ ធ្លាក់ចុះពី ៦,៤% កាលពីឆ្នាំមុន៕

ការបោះឆ្នោតជិតមកដល់ តើគួរលក់អចលនទ្រព្យកំឡុងពេលនេះឬទេ?

0

ដោយ គង់ សូរិយា

       ភ្នំពេញ៖ ពេលវេលានៃការបោះឆ្នោតបានជិតឈានចូលមកដល់ សកម្មភាពនៃការលក់អចលនទ្រព្យមានកំនើនខ្ពស់ ហើយតម្រូវការថយចុះ តើក្នុងកំឡុងអន្តរកាលបែបនេះម្ចាស់អចលនទ្រព្យគួរលក់ឬទេ? ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស្លឹករឹត លោក ឃាង ពុទ្ឋី បានមានប្រសា​សន៍ឲ្យដឹងនាពេលថ្មីៗនេះថា ស្ថានភាពវិស័យអចលនទ្រព្យឆ្នាំ២០១៨ លោកគិតថាវាជាស្ថានភាពល្អ សម្រាប់អ្នកវិនិយោគ ព្រោះនិន្នា​ការវិវត្តន៍របស់វា គឺមានបី ទី១ វាល្អសម្រាប់អ្នកទិញ គឺជាពេលមានអ្នកដាក់ អចលនទ្រព្យលក់ច្រើនក្នុងទីផ្សារ តែមានអ្នកទិញតិច ទី២ វាល្អសម្រាប់អ្នកលក់ គឺនៅពេលអចលនទ្រព្យឡើងថ្លៃ ហើយម្ចាស់អចលនទ្រព្យលក់ដើម្បីយកទៅវិនិយោគលើផ្នែកផ្សេងៗទៀត និងមានផែនការច្បាស់លាស់។

លោកបន្តថា “ក្នុង​ស្ថានភាពបែបនេះ ខ្ញុំគិតថាប្រសិនជាមិនមានភាពចាំបាច់ ម្ចាស់អចលនទ្រព្យមិនគួរលក់នោះទេ ព្រោះពេលលក់រួច ហើយពេលអចលនទ្រព្យមា​នតម្លៃល្អឡើងវិញ គាត់មិន​អាចយកលុយបានពីការលក់នោះ ទៅទិញអចលនទ្រព្យបានវិញនោះទេ”។

លោកបានបន្តថា ឆ្នាំនេះជាឳកាសល្អ ព្រោះតម្លៃអចលនទ្រព្យ​នឹងឡើងយឺតឬអាចស្ថិតក្នុងសភាពទ្រឹង ជាពេលដែលមានតម្លៃល្អ ទីតាំងល្អ ហើយគំរោងអចលនទ្រព្យធំៗជាច្រើន នឹងដាក់ចូលទីផ្សារ ឬបញ្ចប់ការសាងសង់​។លោកបន្តថា ខុនដូជាច្រើននឹងបានបញ្ចេញក្នុងទីផ្សារ មានន័យថាទីផ្សារអច​លនទ្រព្យនឹងបញ្ចេញច្រើននៅក្នុងទីផ្សារ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាលោក គីម ហ៊ាង បានលើកឡើងស្រដៀងគ្នាថា នៅឆ្នាំនៃការបោះឆ្នោតម្តងៗ មានអ្នកលក់អចល​នទ្រព្យច្រើន តែអ្នកទិញតិច គឺជាពេលល្អសម្រាប់អ្នកទិញ ព្រោះអ្នកទិញជាអ្នកកំណត់ទីផ្សារ ខុសពីពេលស្ថានភាពអចលនទ្រព្យមានតម្រូវការច្រើន គឺម្ចាស់អច​លនទ្រព្យជាអ្នកកំណត់ទីផ្សារ។លោកបន្តថា កំឡុងពេលនេះ អ្នកមានលុយសុទ្ឋ ទិញអចលនទ្រព្យជាអ្នកមានអាទិភាព និងអាចរកទិញអចលនទ្រព្យដែលមានតម្លៃក្រោមទីផ្សារបានចន្លោះពី២០ទៅ៣០ភាគរយ។

លោកបន្តថា “ដើម្បីរកអចលនទ្រព្យមានតម្លៃទាបជាងទីផ្សារ អ្នកវិនិយោគ​គួរស្វែង​រកការប្រឹក្សា ឬស្វែងរកសេវាកម្មពីអ្នកជំនាញ”៕

វិស័យទេសចរណ៍ នឹងស្រូបយកការងារ ២លាននាក់ នៅឆ្នាំ២០៣០

0

ដោយគង់ សូរិយា

ភ្នំពេញ៖ កំនើនទេសចរណ៍អន្តរជាតិ និងក្នុងស្រុកបានធ្វើឲ្យតម្រូវការកំលាំងពលកម្មក្នុងវិស័យនេះ នឹងកើនឡើងដល់២លាននាក់នៅឆ្នាំ២០៣០ខាងមុខ។នេះបើតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍។

លោកប៉ាក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងឲ្យដឹងក្នុងពិធីចែកវិ ញ្ញាបនបត្រដល់គ្រូបង្គោល ក្នុងវិស័យនេះនាព្រឹកថ្ងៃទី១១ កក្កដាកន្លងមកថា  វិស័យទេសច​រណ៍ បានបង្កើតការងារផ្ទាល់បានប្រមាណ៦២ម៉ឺននាក់ ស្មើនឹង១២.៣ភាគរយនៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការ​ងារផ្ទាល់បានប្រមាណ ជិត១លាននាក់ និង២០២៥ជិត១.២លាននាក់ និង ឆ្នាំ២០៣០ បានចំនួន២លាននាក់ ដោយមិនគិតពីការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។

លោកបន្តថា “ការចូលរួមចែករំលែកចំណេះ របស់គ្រូបង្គោលផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងអភិវឌ្ឍអាជីពក្នុងជំនាញវិជ្ជាជិវៈទេសចរណ៍នៅកម្ពុជាឱ្យកាន់ តែល្អប្រសើរឡើងដើម្បីប្រកួតប្រជែងការងា​រនៅក្នុងតំបន់ និងអន្តរជាតិ”។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា តម្រូវការធនធានមនុស្សក្នុងវិស័យនេះពិតជាកើនឡើងខ្លាំង លើបីផ្នែកគឺផ្នែកដឹកនាំ ប្រតិបត្តិ និងថ្នាក់ក្រោម ដែលបច្ចុប្បន្នមានសាលានិងវិទ្យាស្ថានជាច្រើន បានបើកការបណ្តុះបណ្តាលជំនាញពាក់ព័ន្ឋក្នុងវិស័យនេះច្រើន និងផ្តល់ជូនដោយឥតគិតថ្លៃ។លោកបន្តថា បើសិនជាមិនមានព្រឹត្តិការណ៍ពិភពលោកអាក្រក់អាមួយកើតឡើង ធនធានមនុស្សដែលត្រូវការ និងចំនួនភ្ញៀវទេសចរណ៍ ដែលព្យាករណ៍ដោយរដ្ឋាភិបាល នឹងទទួលបានជោគជ័យ។

លោកបន្តថា “បច្ចុប្បន្នមានអ្នកបំរើការងារក្នុងវិស័យនេះ ដោយផ្ទាល់ចំនួន៦០ទៅ៧០ម៉ឺននាក់ ដែលចំនួននេះមិនទាន់គិតពីអ្នកទទួលផលពីវិស័យនេះ ដោយប្រយោលនៅឡើយទេ”៕

តើចិនឈរជើងក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាយ៉ាងដូចម្តេច?

0

ដោយ វុត្ថា

ភ្នំពេញ វិនិយោគិនចិនកាន់តែកើនច្រើនឡើង បានចូលមកវិនិយោគនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ដោយពួកគេមកវិនិយោគលើវិស័យជាច្រើន នៅក្នុងប្រ​ទេសកម្ពុជា ក្នុងចំណោមនោះគេមើលឃើញថា វិស័យសំណង់គឺជាគោលដៅថ្មីរបស់របស់វិនិយោគិនចិនដែលចាប់អារម្មណ៍ខ្លាំង។

ជាក់ស្តែងគម្រោងសំណង់អគារខ្ពស់ៗកប់ពក នៅក្នុងរាជធានីភ្នំពេញនិងបណ្តាខេត្តមួយចំនួនដូចខេត្តព្រះសីហនុជាដើម បានសរសេរផ្ទាំងប៉ាណូជាអក្សចិនធំៗ យ៉ាងព្រោងព្រាតនោះបាននិងកំពុងសាងសង់យ៉ាងសកម្ម។

ការណ៍នេះ ត្រូវបានគេមើលឃើញថា វិនិយោគិនចិននៅពីក្រោយនៃការរីកចម្រើនសំណង់អគារនានាក្នុងប្រទេសកម្ពុជា។ នេះក៏ដោយសារតែមេដឹកនាំនៃប្រទេសកម្ពុជា សម្តេចតេជោហ៊ុន សែន មានទំនាក់ទំនងល្អ និងយ៉ាងជិតស្និតជាមួយរដ្ឋាភិបាលចិនរហូតមក។

កាសែត The New York Time បានសរសេរថា ចិនមកវិនិយោគនៅកម្ពុជាជាការលាងលុយកខ្វក់ ជាការសរសេរមួយដែលអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបដិសេធ។

យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ គម្រោងសាងសង់សំណង់ក្នុងប្រទេសកម្ពុជា បានកើនឡើង២២ភាគរយធៀបនឹងឆ្នាំ២០១៦ ក្នុងនោះគម្រោងភាកច្រើន គឺជាគម្រោងសាងសង់របស់វិនិយោគិនចិន។  ជាមួយគ្នានេះក្រសួងបានផ្តល់គម្រោងសាសង់៣.០៥២គម្រោង និងមានផ្ទៃក្រឡាសរុបប្រមាណ ១០លានម៉ែតការ៉េ។

អ្នកជំនាញវិស័យអចលនទ្រព្យមួយចំនួនបានឲ្យដឹងថា អ្នកអភិវឌ្ឍន៍គំរោ ​​ងសំណង់ភាគច្រើនគឺជាជនជាតិចិន ហើយអ្នកដែលទិញក៏ជនជាតិចិនតែមិនសម្រាប់រស់នៅឡើយ គឺទិញយកទៅវិនិយោគបន្ត។ យោងតាមតួលេខផ្លូវការដែលបានចេញផ្សាយកាលពីឆ្នាំ២០១៦ បង្ហាញថា ចំនួនវិយោគិនចិនប្រមាណជា ៣០ ភាករយដែលបានមកវិនិយោគក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជា។

សម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុនដ៏ធំរបស់ចិន Prince Real Estate and Yue Tai Group នឹងសម្ពោធគម្រោងរបស់ខ្លួន ដាក់លក់ក្នុងទីផ្សារក្នុងតំលៃពី ២២,០០០ដុល្លារ ទៅ៩០.០០០ដុល្លារក្នុងមួយយូនីត។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodiaបានថ្លែងថា គំរោងវិនិយោគរបស់ចិនភាគច្រើនជាគំរោងធំៗ ដែលមានលំនៅដ្ឋា​នច្រើន និងជាគំរោងមិនសូវបានគិតគូពីភាពបៃតងនោះទេ ហើយគំរោងទាំងនោះភាគច្រើនផ្តោតលើអតិថិជនចម្រុះ ទាំងជនជាតិចិន និងជនជាតិខ្មែរ ក៏ដូចជាជនបរទេសដទៃទៀត។

អ្នកនាងបន្តថា “ការវិនិយោគរបស់ចិននៅកម្ពុជា ដោយសារតែសេដ្ឋកិច្ចកម្ពុជារីកចម្រើន កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងទំនាក់ទំនងល្អរវាង​រដ្ឋាភិបាលប្រទេសទាំងពីរ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា ការវិនិយោគរបស់ចិននៅកម្ពុជា ជារឿងល្អដែលផ្តល់ផលប្រយោ​ជន៍ច្រើនដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា ប៉ុន្តែលោកបានផ្តល់អនុសាសន៍ឲ្យរដ្ឋាភិ​បាល គួរចាប់យកទីផ្សារផ្សេងទៀត ជាជាងចាប់យកតែទីផ្សារចិន ព្រោះបើចិនមានបញ្ហា កម្ពុជានឹងមានបញ្ហា ប៉ុន្តែបើយើងមានទីផ្សារច្រើន ទោះបីចិនមានបញ្ហា យើងនឹងមិនប្រឈមមុខនឹងបញ្ហានោះទេ។

លោកបានលើកឧទាហរណ៍ប្រៀបធៀបថា “ការពឹងផ្អែកចិនតែមួយ ប្រៀប​បីដូចជាយើងដកដង្ហើមដោយប្រើរន្ឋច្រមុះតែមួយ ដូច្នេះបើរន្ឋច្រមុះនោះស្ទះទៀត យើងនឹងមានបញ្ហា”។លោកបន្តថា “ផ្ទុយទៅវិញ បើយើងដកដង្ហើមដោយ​ប្រើរន្ឋច្រមុះពីរ ទោះបីរន្ឋច្រមុះមួយស្ទះ ក៏នៅមានរន្ឋមួយទៀតសម្រាប់ដកដង្ហើមដែរ”៕

តោះទៅមើលគំរោងអាគារកប់ពពករបស់ជីពម៉ុង ដែលគ្រោងសង់នៅទីតាំងអាគារ Parkway

0

ដោយ គង់ សូរិយា

       ភ្នំពេញ ក្រុមហ៊ុនជីព ម៉ុងនឹងសាងសង់អាគារពាណិជ្ជកម្មកប់ពពកមួយ នៅទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មតំបូងគេ នៅរាជធានីភ្នំពេញគឺអាគារParkwayបច្ចុប្បន្ននេះ។

អ្នកនាងGrace Rachny Fongនាយិកាប្រតិបត្តិនៃក្រុមហ៊ុនCentury21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនជីព ម៉ុង គ្រុប នឹងសាងសង់អាគារពាណិជ្ជកម្មនៅទីតាំងនេះ នាចុងឆ្នាំនេះឬដើមឆ្នាំ​២០១៩​ខាងមុខ ព្រោះទីតាំងនេះត្រូវបានក្រុមហ៊ុនជីព ម៉ុងទិញយករួចហើយ។

អ្នកនាងបន្តថា “ទីតាំងនេះជាទីតាំងដ៏ល្អ និងមានតំបន់ពាណិជ្ជកម្មរសរវើកសម្រាប់ការធ្វើពាណិជ្ជកម្ម និងអំណោយផលសម្រាប់ការសាងសង់អាគារពាណិ​ជ្ជកម្មបែបនេះ”។អ្នកនាងបន្តថា “ក្រុមហ៊ុនជីព ម៉ុងនឹងឲ្យអ្នកជួលអាគារParkway ចាកចេញនៅចុងឆ្នាំនេះ ដើម្បីត្រៀមរៀបចំសាងសង់អាគារកប់ពពកមួយនៅលើទីតាំងនេះ”។

ថ្នាក់ដឹកនាំក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យមួយ ដែលបាននិយាយក្នុងលក្ខ​​ខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទីតាំងអាគាររួមនឹងចំណ​តរថយន្តនៃមជ្ឈមណ្ឌលពាណិជ្ជកម្មParkway មានទំហំជាង១ហិកតា ហើយដីនៅទីនេះមានតម្លៃចន្លោះពី៣៥០០ ទៅ៤២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដូច្នេះតម្លៃអចលនទ្រព្យនេះ មិនតិចជាង៤០លានដុល្លារអាមេរិកនោះទេ។

ថ្នាក់ដឹកនាំក្រុមហ៊ុនជីព ម៉ុងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេទាក់ទងនឹងការវិនិយោគ កំពស់អាគារដែលក្រុមហ៊ុននេះនឹងសាងសង់ និងទំហំ ទុនវិនិយោគលើគំរោងថ្មីនេះទេ។

អាគារParkway ជាអាគារការិយាល័យនិងមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅរាជធានីភ្នំពេញកាលពីប្រមាណជាង១ទសវត្សរ៍មុន។ គំរោងនេះស្ថិតនៅលើមហាវិថីម៉ៅ សេទុង ក្រុងភ្នំពេញ៕

ស្វែងយល់ពីអាស៊ាន! រដ្ឋាភិបាលហ្វីលីពីន ចាប់ផ្តើមជំរុញសាងសង់អាគារបៃតង

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន បានតម្រូវអោយសាងសង់អគារបៃតនៅតាមរដ្ឋធានី និងខេត្តក្រុងនានានៅទូទាំងប្រទេស បន្ទាប់ប្រទេសមួយនេះបានកត់សម្គាល់ឃើញថា មានតម្រូវការប្រើប្រាសថាមពលយ៉ាងច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

នៅក្នុងសិក្ខាសាលាស្តីពី Green Cities in Making  ក្នុងទីក្រុងមានីល ប្រទេសហ្វីលីពីនកាលពីចុងសប្តាហ៍កន្លងទៅនេះ អ្នកជំនាញបានកត់សម្គាល់ថា វិធានការនានាលើការអនុវត្តការកសាងនិរន្តរភាព កំពុងត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល នៃប្រទេសហ្វីលីពីនទាំងនៅថ្នាក់ជាតិ និងថ្នាក់ខេត្តទោះបីជាមានតំបន់មួយចំនួន មិនទាន់ច្បាស់លាស់សម្រាប់ការកែលម្អក៏ដោយ។

លោក Eduardo A. Manahan ប្រធានសមាគមអចលនទ្រព្យ និងអ្នគ្រប់គ្រងអគារហ្វីលីពីនបានឱ្យដឹងថា ប្រទេសហ្វីលីពីនកំពុងស្ថិតនៅលើផ្លូវត្រូវ ដើម្បីក្លាយជាទីក្រុងបៃតង និងទីក្រុងឆ្លាត (Green and Smart City) ។ យើងមានច្បាប់ស្តីពការអគារបៃតង ហើយយើងក៏កំពុងស្ថិតក្នុងដំណើរការអនុម័តច្បាប់ស្តីពី ការពិនិត្យឡើងវិញនូវក្រមសំណង់ជាតិ (National Building Code) ផងដែរ។

យោងតាមសាជីវកម្មហិរញ្ញវត្ថុអន្ដរជាតិ (IFC) បានបង្ហាញថា ប្រមាណជា៣៦ភាគរយ នៃការប្រើប្រាស់ថាមពលរបស់ប្រទេសហ្វីលីពីន បានផ្តត់ផ្តង់ដល់ប្រើប្រាស់ក្នុងអាគារ។ ការប្រើប្រាស់អគ្គីសនីនៅតាមអាគារនានា ឆ្លងកាត់ប្រជុំកោះមាន២៥ភាគរយ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

លោក Liza Morales-Crespo នាយកផ្នែករចនានៅ ក្រុមហ៊ុន Liza Crespo Ecotecture បានអោយដឹងផងដែរថា ប្រទេសហ្វីលីពីនមានអត្រាខ្ពស់បំផុតក្នុងការប្រើប្រាស់អគ្គីសនីយ៍ច្រើន ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីទាំងមូល។ លោកបន្ថែមថា ការធ្វើអោយមានអគារបៃតង មិនមែនគ្រាន់តែចេះតែថានោះទេ ប៉ុន្តែត្រូវមានការចូលរួមជាចាំបាច់ ជាពិសេសវាជាកាតព្វកិច្ចដ៏ចំាបាច់ របស់រដ្ឋាភិបាលត្រូវតែអនុវត្តដោយផ្ទាល់។

លោកបន្តថា “រដ្ឋាភិបាលក៏មានភាពលំបាកខ្លះដែរ ដើម្បីធ្វើឲ្យមានប្រសិទ្ធិភាពទៅការសាងសង់អគារបៃតង។ ទោះយ៉ាងនេះក្តី ខ្ញុំនៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះរដ្ឋាភិបាលនឹងជម្រុញ អោយមានការអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់”។

តាមការសិក្សារបស់ក្រសួងសាធារណៈការ និងផ្លូវល្បឿនលឿន នៃប្រទសហ្វីលីពីនបានប៉ាន់ស្មានជាបឋមបង្ហាញថា គម្រោងនេះនឹងអាចជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសចំនួន១,៨៧លានតោន និងកាត់បន្ថយការប្រើប្រាស់ថាមពល ៣,៩លានគីឡូវ៉ាត់ម៉ោង៕

តើខ័ណ្ឌសែនសុខ មានសក្តានុពលអ្វីខ្លះ ទើបរីកចម្រើនលឿន?

0

ដោយគង់ សូរិយា

ភ្នំពេញ៖ បន្ទាប់ពីខ័ណ្ឌធំៗ ដែលជាតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុង ខ័ណ្ឌសែនសុខកំពុង តែមានភាពលេចធ្លោចាប់ពីដើមឆ្នាំ២០១៧កន្លងមកនេះ ដោយ​សារលក្ខខ័ណ្ឌល្អប្រសើរមួយចំនួន។

ខ័ណ្ឌធំៗទាំងបួនកណ្តាលក្រុងភ្នំពេញ រួមមាន ខ័ណ្ឌចំការមន ដូនពេញ មករា និងខ័ណ្ឌទួលគោក ជាតំបន់មួយដែលសម្បូរ ដោយមជ្ឈមណ្ឌលពាណិជ្ជ​កម្ម ប៉ុន្តែបច្ចុប្បន្នខ័ណ្ឌសែនសុខ កំពុងលេចធ្លោមួយបន្ថែមទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៦ មករានេះថា ខ័ណ្ឌសែនសុខ ពិតជាមានការីកចម្រើនលឿន ដោយសារមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋានជាច្រើនបានវិនិយោគនៅតំបន់នោះ។ ខ័ណ្ឌនេះមានលក្ខខ័ណ្ឌអំណោយផលល្អ ដូចជា ទី១ ហេដ្ឋារចនាសម្ព័ន្ឋកំពុងអភិវឌ្ឍន៍ និងមានភាពល្អប្រសើរ សណ្ឋានដី ល្អ មិនចាំបាច់ចំណាយលើការចាក់ដី សម្រាប់អភិវឌ្ឍន៍ ទី៣ ជាតំបន់ដែលមិនមានការបំពុល ដោយសារតំបន់នេះមិនមានរោងចក្រ សហគ្រាសនានាឡើយ។

លោកបន្តថា “លក្ខខ័ណ្ឌអំណោយផលទាំងនេះ បានធ្វើឲ្យខ័ណ្ឌសែនសុខ សមស្របសម្រាប់ការអភិវឌ្ឍគំរោងលំនៅដ្ឋាននានា ពិសេសលំនៅដ្ឋានសម្រាប់ អ្នកមានប្រាក់ចំណូលមធ្យម”។

បច្ចុប្បន្នខ័ណ្ឌសែនសុខ មានក្រុមហ៊ុនវិនិយោគបុរី និងគំរោងលំនៅដ្ឋាននា

នានាប្រមាណ២០ ដែលបាននិងកំពុងវិនិយោគនៅតំបន់នោះ។ មជ្ឈមណ្ឌលពា ណិជ្ជកម្មលំដាប់អន្តរជាតិមួយចំនួនទៀត បានបើកដំណើរការដូចជាផ្សារបោះដុំ MAKRO, AEON Mall2 និងផ្សារទំនើបមួយចំនួនទៀតនឹងបើកនៅក្នុងឆ្នាំនេះ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរដែល​ទើបបានបើកសម្ភោធគំរោងទី៨ នៃបុរីវិមានភ្នំពេញលើផ្ទៃដីប្រមាណ២០ហិកតា បានមានប្រសាសន៍ថា ខ័ណ្ឌសែនសុខពិតជាមានការរីកចម្រើនលឿន ដោយសា​រមានគំរោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងវិនិយោគនៅតំបន់នេះ ហេតុនេះទើប​លោកបាន និងកំពុងងវិនិយោគសាងសង់បុរីនៅតំបន់នេះ ខណៈទីផ្សារបុរីនៅតែ​បន្តមានភាពល្អប្រសើរ ដោយអត្រាលក់នៅតែមានកំនើនខ្ពស់។

លោកបន្តថា “ហេដ្ឋារចនាសម្ព័​ន្ឋល្អប្រសើរ ការមិនបំពុលពីផ្សែងរោងចក្រ សហគ្រាសនានា និងកត្តាសណ្ឋានដីល្អប្រសើរ ជាកត្តាជំរុញល្បឿនអភិ​វឌ្ឍន៍​នៅ​តំបន់នេះ”។

លោកឧកញ៉ាចេង ខេងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យHutton CPLបានលើកឡើងស្រដៀងគ្នាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ ការចូលទៅដល់នៃហាងកាហ្វេ ភោជនីយដ្ឋានទំនើបៗ និងហាងកាហ្វេឆ្ងាញ់ៗ ជាច្រើនបានចូលទៅតំបន់នេះ ដែលបានធ្វើឲ្យតម្លៃដីធ្លីនៅតាមតំបន់លំនៅដ្ឋាន​ពីមុនមានតម្លៃត្រឹមចន្លោះពី៦០ទៅ៩០ដុល្លារ កើនឡើងដល់៣០០ទៅ៤០០ដុល្លារនាពេលបច្ចុប្បន្ននេះ។

ពិសេសដីនៅជុំវិញតំបន់ផ្សារទំនើបAEON MALL2ពីមុនមានតម្លៃត្រឹម៤០០ទៅ៥០០ដុល្លារ បច្ចុប្បន្នបានកើនដល់១០០០ទៅ១២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “តំបន់នេះមានការរីកចម្រើនសមស្រប នឹងស្ថានភាពជាក់ស្តែង និងសក្តានុពលដែលតំបន់នេះមាន ហើយកំនើនប្រជាសាស្រ្តក៏បានកើនឡើងខ្ពស់ផងដែរ”៕

កាសែតបរទេសលើកឡើងថា វិនិយោគិនចិនចាប់យកទីផ្សារអចលនទ្រព្យនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ កាសែតបរទេសដែលមាននិន្នាការបែបលោកខាងលិច បានលើកឡើងថា អ្នកវិនិយោគជនជាតិចិន កំពុងប្រមូលទិញអចនលទ្រព្យស្ទើតែទាំងអស់នៅទូទាំងប្រទេស ខណៈក្រុមហ៊ុនសំណង់ចិនកំពុងមមា​ញឹកសាងសង់ និងការអភិវឌ្ឍលំនៅដ្ឋានខ្ពស់ៗ ដើម្បីបំពេញតាមតម្រូវការទីផ្សារបច្ចុប្បន្ន។

គេហទំព័រ propertyarea.asia ដែលផ្តោតលើព៌តមានអចលនទ្រព្យ និងសេដ្ឋ​កិច្ចឈានមុខគេនៅកម្ពុជាសូមបកប្រែក្រៅផ្លូវការនូវអ្វី ដែលសារព៌តមាន ASEAN TODAY បានសរសរ។ សារព៌តមាននេះបានលើកឡើងថា មានគម្រោ ងចិនជាច្រើន កំពុងសាងសង់នៅក្នុងរាជធានីភ្នំពេញ ដែលមានដូចជា ក្រុមហ៊ុន Prince Central Plaza បាននិងកំពុងសាងសង់បញ្ចប់ គម្រោងរបស់ខ្លួនដែលមានអគារកំពស់៣៧ជាន់ និងមានលំនៅដ្ឋានជាង១០០០ខ្នង។ គំរោងនេះនឹងបញ្ចប់នៅក្នុងខែឧសភា។

អគារ Prince Modern Plaza  អគារ Diamond 1 និងThe Bridge នឹងផ្តល់ឱកាសវិនិយោគស្រដៀងគ្នា។

ភ្នាក់ងារលក់អចនលទ្រព្យ Prince Central Plaza លោកស្រី Chen Jingjing បាននិយាយថា អ្នកទិញភាកច្រើន គឺជាជនជាតិចិនគឺមកពីទីក្រុងសៀងហៃ  ទីក្រុ​ងShenzhen  ទីក្រុង Fujian និងខេត្ត Zhejiang ។ ដូចគ្នានេះដែរ វិនិយោគនចិនកំពុងតែទិញអចលនទ្រព្យ នៅតាមបណ្តាទីក្រុងនានាក្នុងប្រទេសកម្ពុជា។ នៅខេត្តព្រះសីហនុ មានកាស៊ីណូខុនដូនិងសណ្ឋាគារចំនួន៦៥ភាគរយ ជារបស់ចិន។

ហេតុអ្វីចិនមានការផ្លាស់ប្តូរឥរិយាបទក្នុងការទិញ?

ខុនដូប្រណីតថ្មីៗជាច្រើនប្រមាណជា១២ភាគរយ មានគម្រោងវិនិយោគមកវិញប្រចាំឆ្នាំ ។ ការត្រឡប់មកវិញនេះ បានផ្តល់នូវផលចំណេញដ៏រឹងមាំមួយ។ប៉ុន្តែនេះមិនមែនជាហេតុផលចម្បង ដែលអ្នកវិនិយោគចិន ដែលមានទ្រព្យសម្បត្ដិដ៏ច្រើន កំពុងប្រគល់សាច់ប្រាក់របស់ពួកគេ មកលើការទិញអចលទ្រព្យនៅក្នុងប្រទេសកម្ពុជានោះទេ។

លោកស្រី Chen Jingjing បានពណ៌នាអំពីរបៀប ដែលអ្នកទិញជនជាតិចិនជាងពាក់កណ្តាលបង់ប្រាក់ជាសាច់ប្រាក់។ នេះរួមជាមួយនឹងបទបញ្ញត្តិផ្សេងរបស់ធនាគារមានលក្ខណៈធូរស្រាល ធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយដែលល្អបំផុតសម្រាប់ការវិនិយោគ។

មូលហេតុមួយទៀតគឺថារដ្ឋាភិបាលចិន កំពុងវិនិយោគយ៉ាងខ្លាំងនៅកម្ពុជា។ គោលនយោបាយ One Belt One Road បាននាំមកនូវការវិនិយោគជាង៧ ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា។ ការស្ថាបនាផ្លូវហាយវ៉េថ្មី រវាងក្រុងព្រះសីហនុ និងរាជធានីភ្នំពេញកំពុងដំណើរការរៀបចំ។

លោកChen Li អ្នកគ្រប់គ្រងផ្នែកលក់នៅ Blue Bay development នៅក្រុងព្រះសីហនុមានជំនឿថា នេះជាមូលហេតុចំបង សម្រាប់ការកើនឡើងនៃការអភិវឌ្ឍលំនៅដ្ឋាននៅក្នុងតំបន់។

តើអ្វីនឹងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យនៅកម្ពុជា?

ការហូរចូលនៃអ្នកទិញជនជាតិចិន នឹងជំរុញកំណើនអចលនទ្រព្យកម្ពុជានៅឆ្នាំ២០១៨នឹងកើនឡើង។ នៅឆ្នាំ ២០១៧ មានលំនៅដ្ឋានចុងក្រោយថ្មីចំនួន ៣៤៨៨បានដាក់លក់ក្នុងទីផ្សារ ក្នុងរាជធានីភ្នំពេញ។ តួលេខនេះអាចនឹងកើនឡើងខ្ពស់រហូតដល់១៥,៦៨៨យូនីតក្នុងឆ្នាំ២០១៨។

តម្លៃដីធ្លីបានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្រុងព្រះសីហនុតម្លៃក្នុងមួយម៉ែត្រការ៉េ បានកើនឡើងចាប់ពី ៧០០ ដុល្លារទៅដល់១១០០ដុល្លារ​។អ្នកទិញមានឥទ្ធិពលចរចាកាន់តែច្រើន នៅពេលដែលតម្រូវការកើនឡើងខ្ពស់។

ដោយសារតម្លៃដីធ្លីកើនឡើង ប្រជាជនក្នុងតំបន់នេះប្រឈមបញ្ហានឹងទីផ្សារ។ មានសញ្ញានៃតម្លៃឡើងខ្ពស់បំផុត។

ស្លាកសញ្ញាដែលនៅពីមុខរដ្ឋសភា ជាកម្មសិទ្ធិរបស់ Prince’s Real Estate។ ភាសាទាំងពីរគឺភាសាចិន និងភាសាខ្មែរនេះ បានផ្តល់ព័ត៌មានលំអិតអំពីជម្រើ​សដល់មានហិរញ្ញវត្ថុ ក្នុងការទិញខុនដូដែលនៅទំនេ។ ប៉ុន្តែគោលដៅនៃការផ្សា​យពាណិជ្ជកម្ម ដែលចង់បានមិននិយាយភាសាខ្មែរទេ។ ពួកគេនិយាយភាសាចិនកុកងឺ។ នៅពេលពួកគេមើលរូបភាពខុនដូប្រណីត គេឃើញម៉ាស៊ីនបោកគក់ ដែលតាំងបង្ហាញ ដើម្បីផ្តល់កាដូដល់អតិថិជន។

ការឆ្លើយតបពីចេតនាអាក្រក់របស់លោកខាងលិច

កាសែតនេះក៏បានព្យាយាមទាញ និងបន្តុះបង្អាប់កម្ពុជា និងចិនថា អ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជាច្រើន ដោយសារកម្ពុជាងាយស្រួលក្នុងការលាងលុយខ្មៅ។

ជាការឆ្លើយតបអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកជុំ សុន្ទរីបានថ្លែងថា កម្ពុជាមានច្បាប់ បទបញ្ញត្តិគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការលាងលុយកខ្វក់ ហើយការលើកឡើងរបស់សារព៌តមាន និងលោកខាងលិច ជាការច្រណែ​ននឹងការរីកចម្រើននៃទំនាក់ទំនងកម្ពុជា ចិន។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកស្យង់ បូបានថ្លែងក្នុងសន្និសីទសារព៌ត​មានដ៏កម្រមួយនៅកម្ពុជាកាលពីពេលថ្មីៗនេះថា ទំនាក់ទំនងកម្ពុជា ចិនបានឈា​នដល់កម្រិតកំពូល ហើយរដ្ឋាភិបាលចិន មិនលើកទឹកចិត្តអ្នកវិនិយោគចិន មកលាងលុយកខ្វក់ និងមកបង្កើតកាស៊ីណូ ឬទីក្រុងចិននៅកម្ពុជាទេ ដោយសារភាពជាមិត្តភាពជាប្រពៃណី បានធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរមានភាពយល់ យោគគ្នា និងមានទំនាក់ទំនងល្អប្រសើរជាប្រពៃណីយូរលង់ណាស់មកហើយ។

លោកបន្តថា “ការលើកឡើងពីអ្នកវិនិយោគចិន មកលាងលុយកខ្វក់នៅកម្ពុជា ជាការច្រ​ណែ​​​នពីពួកលោកខាងលិច ដែលឃើញទំនាក់ទំនងចិន និងកម្ពុជាល្អប្រសើរ និងការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរមានការរីកចម្រើនលឿន”៕