ខុនដូថ្មីបន្តផ្គត់ផ្គង់ចូលទីផ្សារបន្ថែមនៅដើមឆ្នាំនេះ ខណៈស្ថានភាពលក់យឺតជាងមុន

0

ដោយ រ៉ាវី

ភ្នំពេញ៖ ចំនួនយូនីតខុនដូថ្មី ដែលបានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារបាន​បន្តកើនចំនួនប្រមាណ2,000យូនីតបន្ថែមទៀត ខណៈទីផ្សារលក់លំនៅដ្ឋានបែបសហកម្មសិទ្ឋមានភាពយឺតជាងមុន។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុន CBRE Cambodiaកាលពីពេលថ្មីៗនេះបានបង្ហាញថា ការលក់របស់ខុនដូតម្លៃសមរម្យ និងខុនដូប្រភេទមធ្យមពុំមានការផ្លាស់ប្តូរដែលគួរឱ្យកត់សំគាល់នោះទេ ស្របពេលដែលតម្លៃរបស់ខុនដូប្រភេទប្រណីតបានកើនឡើង២%បើធៀបនឹងត្រីមាសមុន។ ក្នុងពេលដែលការផ្គត់ផ្គង់ការិយា​ល័យបានថយចុះ៣.៣% ខណៈដែលអត្រានៃការជួលអាគារការិយាល័យ បានកើនឡើងរហូតដល់៨៧.៧% នៅចុងត្រីមាសទី២ ពី៨២.៧% នៅចុងឆមាសទី១នៃឆ្នាំ2018នេះ។

ខុនដូដែលបានបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី២នេះ មានចំនួន5គម្រោង ដែលមានខុនដូសរុបរហូតដល់២,២៥៦យូនីត ត្រូវបានបើកលក់នៅលើទីផ្សារភ្នំពេញ។​

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងផងដែរថា ចំពោះទីផ្សារខុនដូនាពេលបច្ចុប្បន្ន នៅតែស្ថិតលើបន្ទាត់វិជ្ជមានគ្មានអ្វីដែលគួរអោយបារម្ភនោះទេ ប៉ុន្តែទាស់ត្រង់ថាទំនោររបស់អ្នកទិញបានងាកទៅរកខុនដូដែលជិតបញ្ចប់ការសាងសង់ ឬបញ្ចប់ការសាងសង់ គេមិនទិញខុនដូណាដែលគ្រាន់តែប្រកាសគម្រោង ហើយផ្ដើមលក់នោះទេ។

អ្នកនាងបន្តថា “ខ្ញុំមិនមើលឃើញស្ថានភាពអចលនទ្រព្យ ពិសេសខុនដូមានបញ្ហា​នោះទេ ទោះបីជាការលក់យឺតបន្តិចធៀបនឹងឆ្នាំមុនក៏ដោយ”។

តំបន់បឹងកេងកង១ ខណ្ឌចំការមន នៅតែជាតំបន់ឈរមុខគេ ក្នុងការសាងសង់អាគារខុនដូរសម្រាប់ជួលឬលក់ ដោយក្នុងនោះអតិថិជនភាគច្រើន គឺជាវិនិយោគិនបរទេ​ស ចំណែកវិនិយោគិនក្នុងស្រុកភាគច្រើន ទិញអគារខុនដូរជាយក្រុង ដែលមាននៅក្នុងខណ្ឌសែនសុខ និងសង្កាត់ចាក់អង្រែក្នុងខណ្ឌមានជ័យ៕

អ្នកជំនាញអះអាងថា ក្រោមការបោះឆ្នោតវិស័យអចលនទ្រព្យនឹងមានភាពរីកចម្រើនខ្លាំង

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនវត្ថុកម្ពុជាបានថ្លែងថា វិស័យអចលនទ្រព្យកម្ពុជានឹងមានភាពរីកចម្រើនខ្លាំង នៅក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នាថ្ងៃទី២៩ កក្កដាខាងមុខនេះ។

លោក Ken Lo អគ្គនាយកក្រុមហ៊ុនអចលនវត្ថុ Century 21 Imperial Realty បានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីអបអរក្រុមហ៊ុនCentury21ចំនួន៨ ដែលទទួលបានពានរង្វាន់ចំនួន៨ពីសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី១៤ កក្កដានេះថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានភាពរីកចម្រើនកាន់តែខ្លាំងថែមទៀត ក្រោមការបោះឆ្នោតនាពេលខាងមុខនេះ។លោកបន្តថា ហេតុនេះភ្នាក់ងារអចលនវត្ថុកម្ពុជានានា ត្រូវខិតខំប្រឹងប្រែងឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីពង្រីកសក្តានុពលរបស់ខ្លួន និងជំរុញទំនុកចិត្តក្នុងវិស័យនេះ។

លោកបន្តថា “ការរីកចម្រើនវិស័យអចលនវត្ថុកម្ពុជា នឹងផ្តល់ផលប្រយោជន៍ច្រើន ដល់ប្រទេសជាតិ ហើយការរីកចម្រើននេះនឹងបន្តរយៈពេលវែងបន្តទៀត”។

ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century​21 Cambodia និងជាអ្នកនាំយក Master Franchise ក្រុមហ៊ុននេះមកកាន់កម្ពុជាបានថ្លែងថា ស្ថានភាពវិស័យអចលនវត្ថុកម្ពុជា នៅតែបន្តមានភាពរ៉ឹងមាំ ហើយក្រុមហ៊ុនរបស់​យើងមិនទាន់ទទួលបានលទ្ឋផលធំដុំពេកទេ តែបើយើងពីទីផ្សារវិញ យើងនៅតែមានភាព​នាំមុខគេនៅក្នុងទីផ្សារនេះ។

លោកបន្តថា “ក្រោយការបោះឆ្នោត ស្ថានភាពវិស័យនេះ​នឹងរីកចម្រើនបន្តទៀត ប្រសិនជាស្ថានភាពនយោបាយ មិនមានការប្រែប្រួលជាដុំកំភួនណា​មួយនោះ”។

ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទឹកប្រាក់រាប់ពាន់លានដុល្លារបានចាក់ចូលក្នុងវិស័យអចលនវត្ថុកម្ពុជា ដែលធ្វើឲ្យទីក្រុងភ្នំពេញឈានទៅកាន់កម្រិតថ្មីមួយទៀ​ត ក្នុងនាមជាទីក្រុងពាណិជ្ជកម្មនិងហិរញ្ញវត្ថុអន្តរជាតិ។

លោក គុយ វ៉ាត បានបន្តថា អ្វីដែលត្រូវធ្វើបន្តគឺពង្រីកសេវាកម្មរបស់យើង និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ ទើបយើងអាចជំរុញឲ្យវិស័យនេះមានការរីក​ចម្រើនប្រកបដោយនិរន្តរភាព៕

អ្នកវិនិយោគចិន គ្រោងវិនិយោគលើ​ប្រព័ន្ធផ្កាយរណប​នៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រតិភូធុរជនមកពីខេត្តសៀងហៃ​ សាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញចេតនាវិនិយោគលើការដំឡើងរោងចក្រផលិតថាមអគ្គិសនី ដើរដោយធ្យូងថ្ម និងប្រព័ន្ធផ្កាយរណបនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក និងចូលរួមអភិវឌ្ឍន៍វិស័យអគ្គិសនី និងទូរគមនាគមន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាង លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លាំង សាន (Liang Shan) អនុប្រធានក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd រួមជាមួយលោក យុងតាវ ចាវ (Yongtao Jiao) ប្រធានក្រុមហ៊ុន Beidou Star Data Technology Co., Ltd នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ លោក លាំង សាន បានជម្រាបលោករដ្ឋមន្ត្រី អំពីសាវតាក្រុមហ៊ុនរបស់លោក មានឯកទេសដំឡើងរោងចក្រថាមពលអគ្គិសនីធ្យូងថ្ម ជាមួយបច្ចេកវិទ្យាទំនើប មិនប៉ះពាល់ដល់បរិស្ថាន ចំណែកឯលោក យុងតាវ ចាវ ក៏បានជម្រាបលោករដ្ឋមន្ត្រី អំពីលក្ខណៈពិសេសនៃប្រព័ន្ធបច្ចេកវិទ្យាផ្កាយរណប ដែលអាចចាប់រូបភាព និងបញ្ជូនទិន្ន័យឆ្លងកាត់ទ្វីប និងប្រទេសជាច្រើនក្នុងពិភពលោក។ តំណាងក្រុមហ៊ុនទាំងពីរ បានស្នើសុំក្រសួងពាណិជ្ជកម្ម ជួយគាំទ្រគម្រោងវិនិយោគនេះ ដើម្បីបង្កើនទំហំវិនិយោគរវាងខេត្តសៀងហៃ និងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក​ ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រពេញទំហឹង ចំពោះ​គម្រោង​ការវិនិយោគខាងលើ និងបានសន្យាជួយសម្របសម្រួល​​គម្រោងទាំងនេះ ឲ្យលេចរូបរាងឡើងនាពេលអនាគត។ លោករដ្ឋមន្ត្រី ក៏បានស្នើទៅកាន់តំណាងក្រុមហ៊ុនទាំងពីរ ធ្វើការសិក្សាអំពីលក្ខណៈភូមិសាស្ត្រនៃប្រទេសកម្ពុជា និងសក្តានុពលអតិថិជនឲ្យបានច្បាស់ ដើម្បីរៀបចំសំណើវិនិយោគផ្លូវការ ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ធ្វើការ​ពិនិត្យ​ និងអនុម័ត ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំជួយសម្រួលរាល់នីតិវិធី​ និងបែបបទរដ្ឋបាលនានា គ្រប់ពេលវេលា៕

បុរី VIP ផ្តល់ជូនអតិថិជនកាន់តែពិសេស ! ផ្ទះល្វែងដ៏ស្រស់ស្អាតលក់ត្រឹមតម្លៃ 25800 ដុល្លារ តែប៉ុណ្ណោះ

0

ជាដំណឹងមួយដ៏រីករាយ និងល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់បានលំនៅដ្ឋានប្រភេទផ្ទះល្វែងបែបប្រណីតភាព និងទាន់សម័យ ហើយអាចប្រកបអាជីវកម្មបានទៀតនោះ បុរី VIP ដែលមានកេរ្តិ៍ឈ្មោះល្បីខាងសាងសង់សំណង់លំនៅដ្ឋាននោះ បានបង្កើតកម្មវិធីយ៉ាងពិសេសសម្រាប់អតិថិជនរបស់ខ្លួនដោយការលក់ជូននូវលំនៅដ្ឋានប្រភេទផ្ទះល្វែងដ៏ស្រស់ស្អាតត្រឹមតែតម្លៃ 25800ដុល្លារតែប៉ុណ្ណោះ។

លោក យ៉ែន សុខលីន ប្រធានគ្រប់គ្រងផ្នែកទីផ្សារបានប្រាប់ឱ្យដឹងថា ៖ សម្រាប់លំនៅដ្ឋានប្រភេទផ្ទះល្វែងដែលនៅក្នុងតម្លៃដ៏ទាបមិនធ្លាប់មាននេះគឺស្ថិតនៅក្នុងគម្រោងទី4 របស់ បុរី VIP ខណៈដែលគម្រោងទី1 គម្រោងទី2 និងគម្រោងទី 3 ត្រូវបានដំណើរការយ៉ាងរលូន និងជោគជ័យបំផុត ។ ចំពោះគម្រោងទី4 ដែលកំពុងតែដំណើរការផ្តើមសាងសង់មួយនេះ ត្រូវបានរៀបចំ និងសង់ជាសំណង់លំនៅដ្ឋានបែបជាផ្ទះល្វែង 4ប្រភេទ ដែលប្រភេទនីមួយៗសុទ្ធតែមានភាពប្រណីត ស្រស់ស្អាត ទាន់សម័យ និងអាចប្រកបអាជីវកម្មបានដូចគ្នាទាំងអស់ ហើយអ្វីដែលសំខាន់ គឺគុណភាពនៃការសាងសង់ស្របតាមស្ដង់ដារសំណង់ និងមានទីធ្លានៅសល់មុខផ្ទះ4-6ម៉ែត្រ សម្រាប់ទុកយានយន្តផងដែរ។

ក្រុមហ៊ុនបានយកចិត្តទុកខ្ពស់លើការផ្តល់ជូនអតិថិជនប្រកបដោយផាសុកភាពខ្ពស់ ទាំងការបុកគ្រឹះដ៏រឹងមាំ សំណង់លំនៅដ្ឋានមានគុណភាព មានផ្លូវបេតុងធំទូលាយ ទំហំ 8-12ម៉ែត្រ មានប្រព័ន្ធលូ ប្រព័ន្ធអគ្គិសនី យ៉ាងត្រឹមត្រូវ។ លោកបានបន្តទៀតថា ៖ អ្វីដែលរឹតតែពិសេស និងអស្ចារ្យនោះ គឺរាល់អតិថិជនទាំងអស់អាចមានជម្រើសជាច្រើនក្នុងការបង់ប្រាក់ និងមានរយៈពេលយូរ ដូចជាអាចបង់ប្រាក់ផ្ដាច់តែម្ដង ឬបង់រំលោះជាដំណាក់កាលប្រចាំខែ ដែលអាចអនុគ្រោះយ៉ាងប្រសើរសម្រាប់អ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យម ចង់ក្លាយជាម្ចាស់ពេញសិទ្ធិលើលំនៅដ្ឋាន។

ជាមួយនឹងគម្រោងទី4 របស់បុរី VIP នេះ មានលក្ខណៈពិសេសជាច្រើន ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម ដូចជាមានហ៊ុំព័ទ្ធទៅដោយ សាលារៀនឯកជន សាលារៀនរដ្ឋ មន្ទីពេទ្យ គ្លីនិក Martទំនើប ភោជនីយដ្ឋាន ផ្សារម៉ឺនត្រា ផ្សាររបស់បុរី VIP 2ជាន់ សម្រាប់អ្នករស់នៅក្នុងបុរីចង់ប្រកបអាជីវកម្ម និងស្ថិតនៅជិតផ្លូវសេដ្ឋកិច្ចជាច្រើន រួមមានផ្លូវ217 ដ៏ធំទូលាយ កែងផ្លូវសម្តេចតេជោ 60ម៉ែត្រ  ដែលចំណាយពេលត្រឹម10នាទីអាចធ្វើដំណើរទៅដល់ផ្សារទំនើប PH Mall និងផ្សារទំនើប AEON 3 ។

ចំពោះប្រភេទផ្ទះល្វែងមានដូចជា ៖ ប្រភេទទំហំ 4,50m X 8m ដែលមានបន្ទប់គេងចំនួន2 បន្ទប់ទឹកចំនួន2 បន្ទប់ទទួលភ្ញៀវចំនួន1 និងផ្ទះបាយចំនួន1 លក់ក្នុងតម្លៃត្រឹម 25800 ដុល្លារតែប៉ុណ្ណោះ ។

ដោយឡែកប្រភេទទំហំ 4,20m X 9m ដែលមានបន្ទប់គេងចំនួន2 បន្ទប់ទឹកចំនួន2 បន្ទប់ទទួលភ្ញៀវចំនួន1 និងផ្ទះបាយចំនួន1 ហើយអាចឡើងជាន់បាន ។

ប្រភេទទំហំ 4,20m X 12m ដែលមានបន្ទប់គេងចំនួន2 បន្ទប់ទឹកចំនួន3 បន្ទប់ទទួលភ្ញៀវចំនួន1 និងផ្ទះបាយចំនួន1 ហើយអាចឡើងជាន់បាន។

ប្រភេទទំហំ 4,20m X 14m ដែលមានបន្ទប់គេងចំនួន2 បន្ទប់ទឹកចំនួន3 បន្ទប់ទទួលភ្ញៀវចំនួន1 និងផ្ទះបាយចំនួន1 ហើយអាចឡើងជាន់បាន។

សូមបញ្ជាក់ផងដែថា ចំពោះសំណង់លំនៅដ្ឋាន ដែលស្ថិតនៅក្នុងបុរី VIP គម្រោងទី4នេះ ស្ថិតនៅភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សម្រាប់ព័ត៌មានលម្អិត អាចទាក់ទងតាមរយៈទូរស័ព្ទលេខ៖ 017 63 64 63 / 081 65 33 33 / 088 67 333 77 , Facebook: Yen Soklin
(Page: បុរី VIP វីអាយភី) ឬតាមរយៈ Email: [email protected]

ស្វែងយល់ពីអាស៊ី! ទីក្រុងឌុយបៃសាងសង់អគារដ៏អស្ចារ្យ Anara Tower

0

ដោយ វុត្ថា

ភ្នំពេញ៖ ទីក្រុងឌុយបៃជាប្រភពនៃអគារខ្ពស់ៗ ក្នុងចំណោមទីក្រុងនានានៅទូទាំងពិភពលោក ដោយក្នុងទីក្រុងមួយនេះមានអគារខ្ពស់ៗជាច្រើនប្រភេទ ដែលអាចទាក់ទាញទេសចរណ៍ មកពីគ្រប់មជ្ឈដ្ឋានមកទស្សនា និងស្វែងយល់ពីសក្កដានុពលនៃការរីកចម្រើននៃអគារខ្ពស់កប់ពពក។

ថ្ងៃនេះ Propertyarea.asia សូមលើកយកអាគារកប់ពពកដ៏អស្ចារ្យមួយនៃទីក្រុង​នេះ ដើម្បីផ្តល់ការស្វែងយល់ដល់មិត្តអ្នកអានបន្តទៀត។

អគារ Anara Tower ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះខ្ពស់កប់ពពក់មួយ ស្ថិតនៅក្នុងទីក្រុងឌុបៃប្រទេសអារ៉ាប់រួម ដែលមានកំពស់៦០០ម៉ែត្រ និង១៣០ជាន់។ អគារនេះ ត្រូវបានគេរចនាប្លង់ដ៏ល្អឯកជាមួយបំពុងស្រូបខ្យល់។ អគារនេះត្រូវបានសាងសង់ឡើង សម្រាប់ប្រើប្រាស់រួមមាន ដូចជា ការិល័យធ្វើការ អគារជួល អាផាតមិន សណ្ឋគារនិង កន្លែងតាំងវត្ថុសីល្បៈ ។ អគារនេះរួមបញ្ចូលទាំងសួនកម្សាន្តនៅជាន់ទី១៧ និងមានភោជនីយដ្ឋានដ៏ប្រណិត។

អគារខ្ពស់ដ៏មហិមារនេះ ត្រូវបានគេសាងសង់ឡើងដោយរំពឹងថា នឹងក្លាយជាប៉មថាមពល ដែលមានប្រសិទ្ធិភាពដោយការបញ្ចូលប្រភពថាមពល ដែលអាចកកើតឡើងវិញបាន។

អគារនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Tameer Holding Investments សាងសង់ឡើងជាមអគារពាណិជ្ជកម្ម និងស្នាក់នៅ ដែលរចនាមូដដោយស្ថាបត្យករ Atkins  ក្នុងឆ្នាំ ២០០៨ ដែលអាចឲ្យអ្នកទៅលេងទីនោះ អាចមើលទេសភាពមហាសមុទ្រ និងទីក្រុងទាំងមូលបាន។

លោក Ghassan Skhnini អគ្គនាយកក្រុមហ៊ុន Tameer Holding Investments បានថ្លែងអោយដឹងថា អគារនេះត្រូវបានរចនាប្លង់ ឡើងតាមសិល្បៈ និងវប្បធម៌អ្នករស់នៅក្នុងទីក្រុងឌុបៃ៕

អ្នកជំនាញប្រាប់ពីទីតាំងជាយក្រុង ដែលគួរវិនិយោគលើដីធ្លី 

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញនានាបានលើកឡើងថា ការវិនិយោគលើដីធ្លីសុទ្ឋតែទទួ​លបានផលចំណេញ និងប្រឈមនឹងហានិភ័យផងដែរ ហេតុនេះការជ្រើសរើសទីតាំង ដើម្បីវិនិយោគបានផលចំណេញមានសារៈសំខាន់ណាស់។

ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាង បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកគិតថាការវិនិយោគលើដីធ្លីមានការបែងចែកជាដំណាក់កាលខុសៗគ្នា អាស្រ័យលើទំហំទុន និងពេលវេលាសមស្រប ប៉ុន្តែលោកបានផ្តល់យោបល់ថា បើសិនជាអ្នកមានលទ្ឋភាពចង់ទិញដី​សាងសង់ខុនដូ គួរទិញនៅតំបន់ទួលគោក ភ្នំពេញថ្មីសម្រាប់រយៈពេល៥ឆ្នាំក្រោយ។

ប៉ុន្តែប្រសិនជាចង់ទិញដីសាងសង់បុរី លោកគិតថាគួរទិញដីដែលមានចម្ងា​យ៣០គីឡូម៉ែត្រជុំវិញក្រុងភ្នំពេញ និងនៅស្របតាមខ្សែក្រវ៉ាត់ក្រុងទី២ ហើយបើគិតដល់រយៈពេល១០ឆ្នាំក្រោយ ទិញដីស្ថិតនៅចម្ងាយ៤០គី​ឡូម៉ែត្រពីភ្នំពេញ គឺពិតជាមិនខុសនោះទេ។ លោកគីម ហ៊ាងបញ្ជាក់ឲ្យដឹង។

លោកបន្តថា “តម្លៃដីធ្លីនៅតំបន់ជុំវិញក្រុង នឹងកើនឡើងខ្លាំង ដោយសារកំនើនប្រជាសាស្រ្ត កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាពល​រដ្ឋ”។លោកបន្តថា “តាមការព្យាករណ៍បានរកឃើញថា ប្រជាជនក្រុងភ្នំពេញនឹងកើនឡើងដល់៧លាននាក់នៅឆ្នាំ២០៣០ ហើយខ្ញុំយល់ស្រប”។

ប្រធានសមាគមរូបនេះបានបន្តថា បទពិសោធន៍បែបនេះ បានកើតមានរួចហើយ​ នៅប្រទេសម៉ាឡេស៊ី ថៃ វៀតណាម ដែលប្រជាជន ពិសេសយុវជនចូលមកកាន់ទីក្រុងរកការងារធ្វើ និងមកសិក្សា ហើយពួកគេនឹងមិនត្រលប់ទៅវិញនោះទេ។

នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បានថ្លែងឲ្យដឹងផងដែរថា ប្រសិនជានិយាយពីឳកាសវិនិយោគវិញ អ្នកមានលទ្ឋភាពគួរទិញដីធ្លីទុកយកចំណេញ ប៉ុន្តែគួររកទីតាំងល្អដោយត្រូវពិនិត្យមើលលើតម្រូវការជំវិញ ការអភិ​វឌ្ឍន៍ហេដ្ឋារចនាសម្ពន្ឋ គំរោងវិនិយោគលើវិស័យម្ហូបអាហារ និងភេសជ្ជៈនានា ដែលសុទ្ឋតែជាសកម្មភាពអភិវឌ្ឍន៍ធ្វើឲ្យតម្លៃដីឡើងថ្លៃ។

អ្នកនាងបន្ថែមថា “អ្នកវិនិយោគគួរសម្លឹងមើលដី នៅតាមបណ្តោយផ្លូវជាតិលេខ១ លេខ២ និងទីតាំងមួយចំនួនទៀត ដែលមានសក្តានុពល”៕

ហេតុអ្វីការលក់ ឬទិញអចលនទ្រព្យ ហេតុអីត្រូ​វចំណាយកម្រៃជើងសារ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការលក់អចលនទ្រព្យ និងការទិញអចលនទ្រព្យ ការចំណាយលើកម្រៃជើងសារអាចជាហេតុផលមួយ ដែលអ្នកលក់មិនចង់ធ្វើការជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទេ ប៉ុន្តែនៅពីក្រោយការចំណាយកម្រៃជើងសារនេះ អ្នលក់ឬអ្នកទិញទទួល​បានផលប្រយោជន៍ជាច្រើន។

សម្រាប់អ្នកទិញ វិនិយោគិនក្នុងស្រុក ហេតុអ្វីបានជាពួកគេគួរប្រើសេវាឈ្មួញជើងសា / ឬភ្នាក់ងារដែលមានអាជ្ញាប័ណ្ណជាមួយក្រសួងដើម្បីបំរើពួកគេ? តើអ្វីទៅជាអត្ថប្រ​យោ​ជន៍ដែលពួកគេទទួលបាន?។ ចំណែកសម្រាប់អ្នកទិញ  វិនិយោគិនក្នុងស្រុកហេតុអ្វីបានជាពួកគេ គួរប្រើសេវាកម្មអចលនវត្ថុរបស់ក្រុមហ៊ុន ភ្នាក់ងារអចលនវត្ថុដែលមានអាជ្ញាប័ណ្ណពីក្រសួងដើម្បីបំរើពួកគេ?។

លោក គាម សៀកឡុង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Dream Property បានថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃទី១៣ កក្កដានេះថា ហេតុអីត្រូវ​ចំណាយកម្រៃជើងសារជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យជំនាញ? ចម្លើយគឺងាយៗ

ដូចជា ទី១ ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ដែលមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចជាក្រុមហ៊ុន ដែលមានទីតាំងពិតប្រាកដត្រូវបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងសេដ្ឋកិច្ច។ ទី២ មានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងបទពិសោធគ្រប់គ្រាន់ ទី៣ មានការទទួលខុសត្រូវខ្ពស់លើសេវាកម្មរបស់ក្រុនហ៊ុន ទី៤ ធានាពីគុណភាពនៃសេវាកម្មវិជ្ជាជីវៈ ។

ទី៥គោរពតាមគោលការណ៍គ្រឺះនៃក្រមសីលធម៌វិជ្ជាជីវៈគឺៈ សុចរិតភាព អព្យាក្រិត្យភាព សមត្ថភាពវិជ្ជាជីវៈ រក្សាការណ៍សម្ងាត់ និងប្រតិបត្តិវិជ្ជាជីវៈ។និងទី៦ មានសេវាកម្មជាកញ្ចប់ពីដើមដល់ចប់។

លោកបានបន្តថា ចំណុចទាំងអស់ខាងលើនេះ ជាមូលហេតុដែលធ្វើឲ្យអតិថិជនមានទំនុកចិត្តខ្ពស់ និងគួរតែប្រើប្រាស់សេវាកម្មភ្នាក់ងារអចលនវត្ថុ ដែលមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច។

តើអ្វីជាអត្ថប្រយោជន៍ដែលអតិថិជន ទទួលបានពីសេវាកម្មរបស់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុរួមមាន៖

ចម្លើយរួមមាន ទី១ ទទួលបានទីប្រឹក្សាជាភ្នាក់ងារអចលនវត្ថុ ដែលមានបទពិសោ​ធន៍ និងវិជ្ជាជីវៈច្បាស់លាស់។ ទី២ ទទួលបានការផ្សព្វផ្សាយទូលំទូលាយដោយមិនចាំបាច់ចំណាយថវិការផ្ទាល់ខ្លួន ទី៣ ទទួលបានសេវាកម្មរៀបចំឯកសារទិញ-លក់ពីដើមដល់ចប់តាមផ្លូវច្បាប់។ ទី៤ អាចលក់អចលនវត្ថុបានលឿនឆាប់រហ័ស ក្នុងតម្លៃទីផ្សារ ឬទិញផ្ទះ-ដីក្នុងក្តីស្រមៃបានតម្លៃថោកជាងទីផ្សារ និងទី៥ ចំណេញពេលវេលា និងកាត់បន្ថយការប្រថុយប្រថាន៕

ស្វែងយល់ពីអាស៊ាន! តម្លៃដីធ្លីក្នុងទីក្រុងបាងកកឡើង ១០០០ភាគរយ

0

ដោយ វុត្ថា

ភ្នំពេញ៖ តម្លៃដីធ្លីនៅទីក្រុងបាងកកបានកើនឡើងដល់១០០០ភាគរយ ក្នុងរយៈពេ​ល២០ឆ្នាំកន្លងមកនេះ ដែលធ្វើឲ្យតម្លៃអចលនទ្រព្យក្នុងទីក្រុងនេះ មានតម្លៃដ៏ខ្ពស់មួយ ធៀបនឹងបណ្តាប្រទេសក្នុងតំបន់។

យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE ប្រចាំប្រទេសថៃដែលបានចេញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីក្នុងទីក្រុងបាងកកទាំងមូលបានឡើកដល់១០០០ភាគយ គិតចាប់តាំងពីឆ្នាំ១៩៩៨ កន្លងមកនេះ ដោយតែរដ្ឋាភិបាលនៃប្រទេសថៃមានផែនការអភិវឌ្ឍន៍ទីប្រជុំជន និងហេដ្ឋាចរនាសម្ព័ន្ធដឹកជញ្ជូនព្រមទាំងមាន គោលនយោបាយសាងសង់អគារនានាទូទាំងទីក្រុងបាងកកទាំងមូល។

របាយការណ៍ដដែលបានបង្ហាញទៀតថា តម្លៃដីនៅក្នុងតំបន់ពាណិជ្ជកម្មសំខាន់មួយចំនួនក្នុងទីក្រុងបាងកក បានផ្ទុះនូវតម្លៃដីធ្លីឡើងកប់ពពក ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ។

លោកស្រី Aliwassa Pathnadabutr ប្រធានគ្រប់គ្រងការប្រឹក្សាយោបល់នៃក្រុមហ៊ុន CBRE Thailand បាននិយាយថា ដោយសារតតែមានផែនការមិនមានការផ្លាស់ប្តូរ ហើយកន្លែង ដែលត្រូវសាងសង់នៅតែរក្សាដដែលនោះ បានធ្វើអោយតម្លៃដីធ្លីក្នុងតំបន់ពាណិជ្ជកម្មនានានៅតែបន្តហក់ឡើងកប់ពពកបែបនេះ។

លោកស្រីបន្តថា កាលពីឆ្នាំមុនបង្ហាញថាតម្លៃដីទំហំ៣,១៧ហិកតានៅក្នុងសង្កាត់ Sathorn មានតម្លៃរហូតដល់៤៤,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

សម្រាប់ទស្សនវិស័យប្រតិបត្តិការសំខាន់ៗ នៅចុងទសវត្សឆ្នាំ១៩៨០ តម្លៃដីនៅក្នុង​សង្កាត់ដូចគ្នានេះដែរ គឺជាការលក់តំបន់មួយទំហំ៣ ,១៧ហិកតា ឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អភិវឌ្ឍន៍អាគារ Empire Tower មានតម្លៃត្រឹមតែ១២៥,000បាត ស្មើរនឹង៣៧០០ដុល្លារក្នុងមួយការ៉េប៉ុណ្ណោះ។

របាយការណ៍របស់ CBRE ដដែលបានបន្តថា បច្ចុប្បន្ននេះទីតាំង ដែលគេអាចសាងសង់អគារខុនដូបាន ក្នុងទីក្រុងបាងកកមានតម្លៃដីបានកើនថ្លៃខ្ពស់បំផុត៕

កម្មវិធីជំរុញសក្តានុពលបង្កើនបញ្ញាកុមារបាននាំចូលមកកម្ពុជា

0

ដោយ គង់ សូរិយា          

ភ្នំពេញ៖ កម្មវិធីសិក្សាថ្មីមួយ FasTracKids ដែលមានមូលដ្ឋាននៅសហ​រដ្ឋអាមេរិក ត្រូវបានផ្សព្វផ្សាយនៅកម្ពុជា ដែលកម្មវិធីនេះផ្តោតលើការជំរុញទេពកោលសល្យកុមារ ដើម្បីឲ្យពួកគេអាចបង្កើនសក្តានុពលសម្រាប់ជីវិតរបស់ពួកគេ។

លោក Johnson Lim ដៃគូកម្មវិធី Fastrackids ប្រចាំកម្ពុជា បានលើកឡើងក្នុងសន្និ​សីទសារព៌តមាននាព្រឹកថ្ងៃទី១៣ កក្កដានេះថា កម្មវិធីនេះត្រូវបានយកមកផ្សព្វផ្សាយ​នាពេលនេះ ដើម្បីផ្តល់ព៌តមានជូនសាលាណា ដែលមានចំណាប់អារម្មណ៍ទិញកម្មវិធីនេះមកប្រើប្រាស់នៅតាមសាលារបស់ពួកគេ។ លោកបន្តថា កម្មវិធីសិក្សានេះ ​ត្រូវបា​នប្រទេ​សក្នុងតំបន់ដូចជា ប្រទេសថៃ ជប៉ុន កូរ៉េនិងប្រទេសប្រមាណ៤០ទៀត បានទិញយកទៅប្រើប្រាស់ក្នុងកម្មវិធីសិក្សារបស់ពួកគេរួចហើយ។

លោកបន្តថា “កម្មវិធីនេះ ផ្តោតសំខាន់លើការជំរុញភាពក្លាហានរបស់កុមារ និងជំរុញកុមារឲ្យរកឃើញ សក្តានុពលនៃទេពកោសល្យរបស់ខ្លួន ដើម្បីធ្វើឲ្យគុណភាពជីវិតពួកគេប្រសើរឡើង”។លោកបន្តថា “កម្មវិធីអប់រំដ៏មានសារៈសំខាន់នេះ ផ្តោតលើកុមារដែលមានអាយុចាប់ពី៦ខែ ដល់៨ឆ្នាំប៉ុណ្ណោះ”។

លោកស្រី Nancy Faunce នាយកប្រតិបត្តិនៃកម្មវិធី Fastrackids មកពីសហរដ្ឋអាមេរិកបា​ន​ថ្លែងថា ដោយសារកម្មវិធីនេះ ត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយលើពិភពលោ ក និងទទួលបានការកោតសរសើរ ទើបយើងចង់យកកម្មវិធីនេះមកផ្សព្វផ្សាយនៅកម្ពុជាដើម្បីជំរុញកម្មវិធីសិក្សានៅទីនេះ និងជំរុញសក្តានុពលកុមារឲ្យរកឃើញទេពកោសល្យរប​ស់ពួកគេ ដើម្បីពង្រឹងគុណភាព និងបែបផែនជីវិតរបស់ពួកគេប្រសើរឡើង។លោកស្រី​បន្តថា នៅប្រទេសខ្លះឪពុកម្តាយបានឲ្យកុមារធ្វើតាមខ្លួន និងមិនធ្វើតាមឧបនិស្ស័យរបស់ពួកគេ ដែលការអប់រំបែបនេះ មិនបានជួយកុមារឲ្យរកឃើញសក្តានុពលជីវិតរបស់ពួកគេនោះទេ។

លោកស្រីបន្តថា “កុមារចូលចិត្តនិយាយ និងបង្ហាញទេពកោសល្យរបស់ពួកគេជាធម្មជាតិ ហេតុនេះការអប់រំកុមារឲ្យមានការអប់រំប្រកបដោយគុណភាព និងត្រឹមត្រូវមួយ ពិតជាមានសារៈសំខាន់ណាស់”៕

ក្រុមហ៊ុន AMORY វិនិយោគ លើគំរោងដីឡូត៍តំបន់ផ្លូវជាតិលេខ៦អា ជាតំបន់កំពុងមានសក្តានុពល

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ គំរោងវិនិយោគដីឡូត៍ដ៏ធំមួយ ដែលមានទំហំផ្ទៃដី៣១ហិកតា បាននិងកំពុងត្រៀមចាប់ផ្តើមលក់ នៅតាមតំបន់ផ្លូវជាតិលេខ៦អា ជាតំបន់ដែលកំពុងមានការរីកចម្រើន និងទាក់ទាញអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ។

ជាមួយទន្លេអមសងខាង និងស្ថិតនៅក្បែរទីក្រុងមរតកសម្តេ​ចតេជោ ក្រុមហ៊ុន AMORY 7Makara បាននិងកំពុងវិនិយោគគំរោងធំមួយ ស្ថិតក្បែរគំរោងវិនិយោគ លោកឧកញ៉ា លីយ៉ុងផាត់។ ដីឡូត៍ក្នុងគំរោងនេះមានទំហំបីប្រភេទ គឺទំហំ១០គុណ២០ម៉ែត្រ ២០គុណនឹង​៣០ម៉ែត្រ និងទំហំ៣០គុណនឹង៤០ម៉ែត្រ ។

លោកប្រធានផ្នែកលក់នៃក្រុមហ៊ុន AMORY Co, Ltd បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍នេះថា ដោយសារមើលឃើញថាតំបន់នេះមានការរីកចម្រើនលឿន និងកំពុងទាក់ទាញ ទើបក្រុមហ៊ុនបានចាប់អារម្មណ៍វិនិយោគ​លើគំរោងនេះ ដែលជាគំរោងផ្តោតលើភាពបៃតងមានសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ឋធំទូ​លាយ ដើម្បីផ្តល់ឲ្យអ្នករស់នៅមានផាសុខភាព ព្រោះយើងមិនគិតតែប្រាក់ចំណេញទេ។

លោកបន្តថា “គំរោងដីឡូត៍AMORY ៧មករា ផ្តោតជាពិសេសលើការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ឋ ភាពបៃតង ដោយមានសួនច្បារដាំដើមឈើ មានដងព្រែកនៅក្នុងគំរោងនេះ ដែលធ្វើឲ្យអ្នកទិញដីឡូត៍នេះ អាចសាងសង់លំនៅដ្ឋានសម្រាប់ការលំហែរ និងផ្តល់​នូវបរិស្ថានជីវិតស្រស់ស្រាយ”។

តំបន់ស្ថិតនៅតំបន់ផ្លូវជាតិលេខ៦អា ជាតំបន់ពិសេសមួយដែលមានទន្លេព័ន្ឋជុំវិញ ធ្វើឲ្យបរិស្ថាននិងខ្យល់អាកាសបរិសុទ្ឋ សមស្របសម្រាប់លំនៅដ្ឋាន និងក្លាយជា​មជ្ឈម ណ្ឌលពាណិជ្ជកម្មនាពេលអនាគត ហើយបច្ចប្បន្នមានបុរីជាច្រើនបានវិនិយោគនៅតំបន់នេះ ដូចជា បុរីប៉េង ហួត បុរីអ័រគីដេ បុរីឌឺមេគង្គ រ៉ូយាល់ បុរីដឹផ្លរ៉ា ជាដើម។

សម្រាប់ព័ត៌មានលំអិតដីឡូត៍ក្នុងគំរោងនេះ អាចមកកាន់ការិយាល័យផ្ទាល់ដែលមានទីតាំង អាគាលេខ២៤ ជាន់ទី៧ ផ្លូវ២៧១ សង្កាត់ ទឹកថ្លា ខណ្ឌ័សែនសុខ ភ្នំពេញ ឬទាក់ទងនឹងស្តង់របស់ក្រុមហ៊ុនដែលមានដាក់បង្ហាញរយៈពេលពីរថ្ងៃនៅផ្សារ MAKRO ស្ថិតក្នុងខ័ណ្ឌសែនសុខចាប់ពីថ្ងៃទី១៤ ដល់១៥ កក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង៨ព្រឹក ដល់ ម៉ោង ៦ល្ងាច ខាងមុខនេះ ឬអាចទាក់ទងលេខទូរសព្ទ័ ០៧៨​ ២២៧ ៥៥៥ /​​ ០៨១ ២២៧ ៥៥៥ / ០១៧ ៣៥៥ ៣៦០។

អ្នកជំនាញផ្នែកអចលនទ្រព្យឯករាជ្យមួយរូបបានមានប្រសាសន៍ក្នុងលក្ខខ័ណ្ឌមិន​បញ្ចេញឈ្មោះថា តំបន់ស្ថិតនៅតាមផ្លូវជាតិលេខ៦អា កំពុងទាក់ទាញក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន ចាប់ផ្តើមចូលទៅកាន់តំបន់នេះ និងត្រៀមទៅកាន់តំបន់នេះ ដើម្បីសាងសង់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅពេលឆាប់ៗខាងមុខនេះ។ ដោ​យសារហេដ្ឋារចនាសម្ព័ន្ឋ តភ្ជាប់ទៅកាន់តំបន់នេះកាន់តែប្រសើរ និងមានស្ពានមួយទៀតកំពុងសាងសង់ភ្ជាប់ពីផ្លូវជាតិលេខ៥ទៅកាន់តំបន់នេះ។

អ្នកជំនាញដដែលបានបន្តថា​ ”តំបន់នេះនឹងមានការរីកចម្រើនខ្លាំង នាពេលអនា​គ​ត ពិសេសពេល​កម្ពុជារៀបចំកីឡាអេស៊ានហ្គេមនៅឆ្នាំ២០២៣ នឹងធ្វើឲ្យសកម្មភាពពាណិជ្ជកម្មនឹងការអភិវឌ្ឍនៅតំបន់​នេះកាន់តែរសរវើក”។

បច្ចុប្បន្នតំបន់ទល់មុខគ្នារវាងផ្លូវជាតិលេខ៥ និងលេខ៦កំពុងមានស្ពានចំនួន៥ កំពុងតភ្ជាប់ និងកំពុងសាងសង់ដូចជាស្ពានភ្លោះជ្រោយចង្វារ ស្ពានរបស់ក្រុមហ៊ុន OCIC ដែលតភ្ជាប់រវាងឃ្លាំងសាំងសូគីម៉ិច ទៅកាន់ទីក្រុងរណបជ្រោយចង្វារកំពុងសាងសង់ ស្ពានព្រែកព្នៅ និងព្រែកក្តាម។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភ័ក្តី បានថ្លែងថា រដ្ឋាភិបាលបានអនុញ្ញាត្តឲ្យក្រុមហ៊ុនឯកជននានា ធ្វើការអភិវឌ្ឍន៍នៅតំបន់ជាយក្រុងភ្នំពេញ និងក្នុងក្រុងភ្នំពេញតាមអ្វីដែលជាផែនការរបស់ពួកគេ ប៉ុន្តែពួកគេត្រូវគោរពតាមបទបញ្ញត្តិនិងគោលការណ៍ណែនាំរបស់អាជ្ញាធរក្រុង តាមរយៈការរៀបចំគំរោងនានាដែលមិនមានផលប៉ះពាល់បរិស្ថាន និងសេដ្ឋកិច្ចសង្គម។

គំរោងដីឡូត៍ AMORY 7Makara ធ្វើឡើងសមស្របនឹងគោលការណ៍បរិស្ថាន និងយន្ត​ការSmart Cityដែលផ្តោតលើភាពបៃតង ការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដែលមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថាន និងសង្គម៕