ចង់ដឹងទេថា កម្ពុជាមានប្រេងប៉ុន្មានដែលអាចទាញយកបាន?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួង​រ៉ែ និង​ថាមពល​បានបង្ហើបឲ្យដឹងថា ​កម្ពុជា​ បាន​រក​ឃើញ ​តំបន់​មាន​ប្រេងកាត​ទាំង​នៅក្នុង​សមុទ្រ ​និង​លើគោកមាន​ចំនួន​២៥​ប្លុក​ ដែល​អាច​ផលិត​ប្រេង​បាន​ចំនួន​៥​លាន​តោន​ក្នុង​មួយឆ្នាំៗ​។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោក ស៊ុយ សែម បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា​ កម្ពុជា​នឹងទទួលបានដំណក់ប្រេងតំបូង នៅប្លុកអេនាឆ្នាំ២០១៩ខាងមុខ ដែលក្រុមហ៊ុនKRISENERGYរបស់​សិង្ហបុរី កំពុងរៀបចំក្នុងការទាញយក។ លោកបន្តថា តំប ន់ប្លុកអេអាច​ផលិត​ប្រេងបាន​៣១​លាន​បារ៉ែល ​នៅ​ដំណា​ក់កាល​ទី​១ ក្នុង​ប្លុក​A និង​ប្លុក​B ខណៈ​ប្លុក​C ក្រុមហ៊ុន​ម៉ាឡេស៊ីកំពុង​សិក្សា​ស្រាវជ្រាវ​ និង​ប្លុក​ផ្សេងទៀត​មាន​ក្រុមហ៊ុន​ បរទេស​កំពុង​ដាក់​ពាក្យសុំ​រុករក​បន្ថែ​ម​។

លោក​​បាន​បន្តថា តំបន់​ប្រេង​នៅ​សមុទ្រ​ គឺមាន​ចំនួន​៦​ប្លុក គឺ​ប្លុក A.B.C.​D.​E និង​ប្លុក​F ប៉ុន្តែ​ប្លុក A និង​ប្លុក​B នឹង​ចាប់​ផ្តើម​ផលិត​នៅ​ឆ្នាំ​២០១៩ ​ខាងមុខនេះ​ ដោយ​ក្រុមហ៊ុន​ KRISENERGY របស់​ប្រទេស​សិង្ហបុរី ដែល​អាច​ផលិត​បាន​នៅ​ដំណាក់កាល​ទី​១ ​បាន​ចំនួន​៣១​លាន​បារ៉ែល​ ហើយ​ប្លុក​C មាន​ក្រុមហ៊ុន​ម៉ាឡេស៊ី កំពុង​សិក្សា​ស្រាវជ្រាវ​ និង​ប្លុក​មួយ​ចំនួនទៀត​មាន​ក្រុមហ៊ុន​ផ្សេង​កំពុង​ដាក់​ពាក្យសុំ​រុករក​ ស្រាវជ្រាវ​នា​ពេល​ឆាប់ៗ​នេះ​ផងដែរ​។

ចំណែក​តំបន់​ប្រេង​នៅ​លើ​គោក​វិញ គឺ​បាន​រកឃើញ​នៅ​ខេត្តកំពង់ធំ ដោយមាន​ចំនួន​១៩​ប្លុក​ ក៏ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ប៉េ​ត្រូ ​របស់​វៀតណាម​​កំពុង​បាន​ដាក់​ពាក្យសុំ​សិក្សា​ស្រាវជ្រាវ​ និងប្លុកប្រេង​ចំនួន​១៨​ប្លុក​ទៀត​គឺ​ពុំទា​ន់​​មាន​ក្រុមហ៊ុន​ណាមួយ​ស្ម័គ្រចិត្ត​ទាន់​ចូល​នោះឡើយ​។

លោក​ស៊ុយ សែម បាន​លើកឡើងថា អាជ្ញាធរ​នឹង​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ងាយស្រួល​ដល់​ការ​ដឹកជញ្ជូន​ ហើយនឹង​ធ្វើ​បំពង់​បង្ហូរ​ប្រេង​ពី​ខេត្ត​ព្រះសីហនុ​ មក​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ធំៗ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ផងដែរ​។​ ហើយ​នៅ​ដើមឆ្នាំ​២០១៨ ​ខាងមុខនេះ ក្រសួង​រ៉ែ ​និង​ថាមពល ​នឹងដាក់​សេចក្តីព្រៀងច្បាប់ ​ស្តីពី​ប្រេងកាត​នៅ​កម្ពុជា ​ជូនទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​និង​អនុម័ត​។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា ការទទួលបានផលប្រេង ជារឿងល្អសំ​រាប់កម្ពុជា ដែលអាចមានលទ្ឋភាពទាញយកមកប្រើប្រាស់ និងអភិវឌ្ឍន៍ប្រទេស​យើងបន្ថែមទៀត ប៉ុន្តែកម្ពុជានាពេលបច្ចុប្បន្ន កំពុងមានភាពទន់ខ្សោយផ្នែក ក្របខ័ណ្ឌច្បាប់គតិយុត្តិនានា ដើម្បីធ្វើឲ្យប្រាកដថា ប្រាក់ដែលទទួលបានពីធន​ធាន​ប្រេ​ង នឹងត្រូវយកទៅប្រើប្រាស់ឲ្យមានតម្លាភាព និងប្រសិទ្ឋភាពខ្ពស់សម្រា​ប់​យកមកអភិវឌ្ឍន៍ប្រទេសជាតិ៕

តម្លៃសិក្សាជំនាញអចលនទ្រព្យត្រូវបានបង្ហាញជាផ្លូវការ

1

ដោយ រ៉ាវី

ភ្នំពេញ៖ ប្រសិនបើមិនមានការប្រែប្រួលនោះទេ វគ្គបង្រៀនជំនាញអចលនទ្រព្យលើកដំបូង ដែលសហការគ្នារវាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ជាមួយនិងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០១៨ ខាងមុខនេះហើយ។

លោកបណ្ឌិត គឹម ហ៊ាង ប្រធានសមាគមវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា មានប្រសាសន៍ ក្នុងកម្មវិធីសិក្ខាស្តីពី កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអចលនទ្រព្យ នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះថា បើប្រៀបធៀបតម្លៃសិក្សា វគ្គបណ្តុះបណ្តាញជំនាញវិជ្ជាជីវៈអចលទ្រព្យ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ជាមួយវគ្គសិក្សាអចលនទ្រព្យផ្សេងៗ នៅក្រៅប្រទេសមានតម្លៃខុសគ្នាឆ្ងាយដូចមេឃនឹងដី។

លោកបន្តថា វគ្គបណ្តុះបណ្តាលអចលនទ្រព្យនៅកម្ពុជាលើកដំបូងនេះ មានតម្លៃប្រមាណតែ២៦០ដុល្លារប៉ុណ្ណោះក្នុងមួយវគ្គ ហើយបើប្រៀបធៀបជាមួយប្រទេសជិតខា​ងដូចជា ប្រទេសម៉ាឡេស៊ី សឹង្ហបុរីជាដើម យើងត្រូវចំណាយប្រាក់តិចបំផុតក៍2000ដុល្លារ សម្រាប់ចំណាយលើការសិក្សាត្រឹមរយៈពេល៣ថ្ងៃ ហើយបើនៅអ៊ីរ៉ុបដូចជាសហរដ្ឋអាមេរិកវិញ ពេលយើងចេញទៅរៀនមួយលើកៗ ចាយលុយមិនតិចជាងមួយម៉ឺនដុល្លារនោះទេ។

តម្លៃ២៦០ដុល្លារនេះ គឺជាកញ្ចប់សម្រាបរៀនរយៈពេល៧៥ម៉ោង រួមបញ្ចូលទាំងការសិក្សា នៅក្នុងសាលានិងការធ្វើទស្សនកិច្ចសិក្សា ទៅមើលគម្រោងលក់អចលនវត្ថុផ្សេងៗ ដើម្បីផ្តល់ជាបទពិសោធន៍សម្រាប់សិក្ខាកាម។

លោកបណ្ឌិតគីម ហ៊ាងបានបន្តថា វគ្គរយៈពេល៧៥ម៉ោងនេះ មានបញ្ចូលមេរៀនសំខាន់ៗ ដូចជា បណ្តុះបណ្តាលលើក្របខណ្ឌច្បាប់ពាក់ព័ន្ឋអចលនវត្ថុ មូលដ្ឋានគ្រឹះច្បាប់ភូមិបាល មូលដ្ឋានគ្រឹះអចលនវត្ថុ មូលដ្ឋានគ្រឹះគណនេយ្យ មូលដ្ឋានគ្រឹះទីផ្សារ និងជំនាញចរចារលក់អចលនទ្រព្យជាដើម។ល៕

ផលិតផលគ្រឿងសំអាងដ៏ល្បីឈ្មោះម៉ាក LIV White Diamond បង្ហាញខ្លួននៅលើទីផ្សារកម្ពុជាហើយ

0

បន្ទាប់ពីបានបង្ហាញខ្លួន និងចរាចរណ៍យ៉ាងទូលាយនៅលើទីផ្សារតាមបណ្តាប្រទេសមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ  បច្ចុប្បន្ន ផលិតផលថែរក្សាសម្ផស្ស និងគ្រឿងសំអាងដ៏ល្បីឈ្មោះប្រចាំនៅក្នុងប្រទេសថៃ ម៉ាក LIV White Diamond ចាប់ផ្តើមមានវត្តមាននៅកម្ពុជាយើងហើយ ខណៈដែលផលិតផលលើវិស័យមួយនេះជាច្រើនទៀតកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ។

អ្នកនាង Vicki Sunisa ដែលជាកំពូលតារាសម្ដែងស្រីដ៏ល្បីឈ្មោះ និងម្ចាស់ម៉ាកសញ្ញាផលិតផលគ្រឿងសំអាងដ៏ល្បីមួយនេះ បានលើកឡើងនៅក្នុងអង្គសន្និសីទសារព័ត៌មាននៃការបង្ហាញខ្លួនលើកដំបូងនៅលើទីផ្សារកម្ពុជាកាលពីរសៀលថ្ងៃទី14 ខែកក្កដា ឆ្នាំ2018 កន្លងទៅ នៅសណ្ឋាគារ សូហ្វីតែល យ៉ាងដូច្នេះថា ៖ ចំពោះផលិតផល LIV White Diamond នេះ មិនមែនទើបតែបង្កើតឡើងថ្មីនោះទេ ប៉ុន្តែវាបានចរាចរណ៍យ៉ាងទូលាយជាច្រើនឆ្នាំមកហើយនៅតាមបណ្តាប្រទេសមួយចំនួនដូចជា មីយ៉ាន់ម៉ា ចិន ឡាវ ជាពិសេសប្រទេសថៃតែម្ដង ដែលក្នុងនោះក៏មានអ្នកសិល្បៈ ជាតារាសម្ដែង ក៏បាននិយមគាំទ្រប្រើប្រាស់ផលិតផលម៉ាកនេះផងដែរ ។ អ្នកនាងបានបន្តទៀតថា ៖ ដោយសាតែសម្លឹងឃើញពីការយល់ដឹងកាន់តែច្បាស់លើការថែរក្សាសម្រស់របស់ប្រជាជនកម្ពុជាមានការកើនឡើងនោះ អ្នកនាងបានសម្រេចចិត្តធ្វើការបែងចែកផលិតផលដែលមានម៉ាកសញ្ញាដ៏ល្បីរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា តាមរយៈកិច្ចសហការជាមួយដៃគូប្រចាំនៅកម្ពុជា « LIV White Diamond Cambodia» ។

លោក ចនសុន ដែលជាអ្នកតំណាងចែកចាយប្រចាំនៅកម្ពុជា ក៏បានថ្លែងនៅក្នុងពិធីខាងលើនេះផងដែរថា ៖ លោកមិនមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចាប់ជាដៃគូ ដើម្បីនាំចូល និងចែកចាយនូវផលិតផលគ្រឿងសំអាងម៉ាក LIV White Diamond នេះនោះឡើយ ព្រោះលោកបានយល់ដឹង និងស្គាល់យ៉ាងច្បាស់ពីតម្រូវការរបស់អ្នកប្រើប្រាស់ផលិតផលថែរក្សាសម្រស់នៅកម្ពុជា ជាពិសេស លោកមានជំនឿចិត្តយ៉ាងមុតមាំក្នុងការទទួលបានចំណែកទីផ្សារប្រកបដោយភាពជោគជ័យ ព្រោះតែផលិតផលម៉ាក LIV White Diamond ពិតជាមានគុណភាពល្អ ផលិតចេញពីវត្ថុធាតុដើមបែបធម្មជាតិពិតៗពីប្រទេសជប៉ុន ក្រោមបច្ចេកទេសរបស់សហរដ្ឋអាមេរិក ស្របតាមកម្រិតស្ដង់ដា និងមានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធយ៉ាងត្រឹមត្រូវ។

ចំពោះផលិតផល ដែលជាម៉ាកដ៏ល្បីបំផុតប្រចាំប្រទេសថៃ « LIV Wite Dianomd » មានច្រើនប្រភេទ រួមមានដូចជា ម្សៅផាត់ ក្រែមការពារកំដៅថ្ងៃ ក្រែមលាបបបូរមាត់ ឡេលាបស្បែក ឡេលាបមុខឱ្យស សេរ៉ូមជំនួយស្បែក រួមជាមួយនឹងផលិតផលជាច្រើនប្រភេទទៀត ។ សូមជម្រាបបន្ថែមថា ខណៈនេះផលិតផលដ៏ល្បីមួយនេះ កំពុងធ្វើការសហការ និងស្វែងរកដៃគូចែកចាយយ៉ាងធំទូលាយនៅក្នុងប្រទេសកម្ពុជា ។ ដូច្នេះសម្រាប់ អតិថិជន ដែលជាអ្នកគាំទ្រ ក៏ដូចជាអាជីវករ ដែលមានបំណងធ្វើជាអ្នកចែកចាយបន្ត អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់តែម្ដងតាមរយៈ Facebook : LIV White Diamond Cambodia ៕

ជម្រើស! តើទិញផ្ទះ និងដីទុកលក់យកចំណេញ មួយណាល្អជាង?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការវិនិយោគលើវិស័យអចលនទ្រព្យ កំពុងមានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិការវិនិយោគក្នុងវិស័យនេះ ក៏មានផ​ល​ចំណេញ និងហានិភ័យផងដែរ។

ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមនាំលោកអ្នក ទៅស្តាប់អ្នកជំនាញ ដែលមានបទពិសោធន៍ លើវិស័យអចលនទ្រព្យជាច្រើនឆ្នាំ និងកំពុងទទួលបាន​ជោគជ័យក្នុងវិស័យនេះ។

លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងឲ្យដឹងថា ការវិនិយោគលើដី និងផ្ទះត្រូវសម្លឹងមើលកត្តាសំខាន់ៗចំនួនបី ទីតាំង តម្លៃ និងពេលវេលា។

ទី១កត្តាទីតាំង

ទីតាំងសំដៅដល់ការវិនិយោគ ដែលអ្នកវិនិយោគត្រូវផ្តោតលើតំបន់មានការអភិវឌ្ឍ និងមានគំរោងអភិវឌ្ឍន៍ច្រើននាពេលអនាគត ព្រោះបើយើងទិញដីនៅតំបន់មិនមានការអភិវឌ្ឍ ឬមិនងាយនឹងមានគំរោងអភិ​វឌ្ឍន៍ទៅដល់ ការទិញដីនៅទីតាំងបែបនោះ មិនងាយទទួលបានផលចំណេញ​នោះទេ។

ទី២ កត្តាតម្លៃ

តម្លៃដីក៏ជាអ្វីដែលអ្នកវិនិយោគ គួរផ្តោតការយកចិត្តទុកដាក់ជាចម្បងផង​ដែរ ព្រោះប្រ​សិនជាទីតាំងដីនោះមានតម្លៃខ្ពស់ខ្លាំងរួចទៅហើយ អ្នកវិនិយោគក៏មិនអាចទទួ​លបានផលចំណេញច្រើនផងដែរ ដោយសារតំបន់ខ្លះតម្លៃដីបានឡើងកប់ពពករួចទៅ​ហើយ ហេតុនេះវាមិនធ្វើឲ្យតម្លៃដីនៅទីតាំងនោះឡើងថ្លៃច្រើនទៀតទេ។

ទី៣ កត្តាពេលវេលា

កត្តាពេលវេលា គឺជាប់ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច សង្គម និងលំហូរទុនវិនិយោគពីក្រៅប្រទេស។ ការកំណត់ពេលវេលាទិញដី ដើម្បីវិនិយោគជារឿងចាំ​បាច់ផងដែរ ព្រោះបើទិញចំពេលវេលាដីធ្លាក់ថ្លៃជាការល្អ ដោយសារនៅពេល​សេដ្ឋកិច្ច សង្គមមានកំនើននិងលំនឹងល្អ គួបផ្សំនឹងលំហូរទុនវិនិយោគពីក្រៅប្រ​ទេសកើនឡើងខ្លាំង តម្លៃដីនោះនឹងកើនឡើងនិងផ្តល់ផលចំណេញច្រើនដល់ អ្នកវិនិយោគនានា។

លោកឧកញ៉ា នួន រិទ្ឋី បានបន្តថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ តម្លៃដី និងផ្ទះបានឡើងថ្លៃចន្លោះពី១៥ ទៅ២៥ភាគរយក្នុងមួយឆ្នាំ ហេតុនេះបើសួរថាគួរទិញដីឬទិញផ្ទះយកចំណេញ តើការវិនិយោគមួយណាល្អជាង គឺទិញដីទុកចំ ណេញល្អជាង ព្រោះបើមានលុយក្នុងទំហំដូចគ្នា ការទិញដីបានទំហំធំជាងទិញ​ផ្ទះ ហេតុនេះភាគរយនៃផលចំណេញទទួលបានច្រើនជាង។

ចំណែកការទិញផ្ទះ គឺមិនមែនផ្ទះឡើងថ្លៃទេ គឺដីឡើងថ្លៃទៅវិញទេ ព្រោះផ្ទះរស់នៅ​កាន់តែយូរ ត្រូវកាត់រំលស់កាន់តែច្រើន ព្រោះផ្ទះកាន់តែចាស់៕

ដំណឹងល្អ! ព្រលានយន្តហោះថ្មី ខេត្តសៀមរាប នឹងបើកការដ្ឋានសាងសង់នៅពេលឆាប់ៗនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ នៅទីបំផុតព្រលានយន្តហោះខេត្តសៀមរាបថ្មី ដែលស្ថិតក្នុងទឹកដីស្រុកសូទ្រនិគម នឹងបើកការដ្ឋានសាងសង់ នៅក្រោយការបោះឆ្នោតនាពេលខាងមុខនេះ។

ក្នុងកិច្ចប្រជុំជាមួយអភិបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះ លោក Zou Yuhuiនាយករងក្រុមហ៊ុន YUNAN DEVELOPMENT GROUP ដែលជាក្រុមហ៊ុន វិនិយោគព្រលានយន្តហោះនេះបានឲ្យដឹងថា ក្រោយពេលប្រទេសកម្ពុជាធ្វើការបោះឆ្នោតរួចរាល់ ក្រុមហ៊ុននឹងរៀបចំពិធីបើកការដ្ឋានសាងស ង់ព្រលានយន្តហោះនេះជាផ្លូវការ ដើម្បីដំណើរការសាងសង់ ដែលគ្រោងចំណាយពេលប្រ​មាណ៥ឆ្នាំ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុននេះ បានស្នើឲ្យអាជ្ញាធរខេត្តសៀមរាប យកចិត្តទុកដាក់លើការងារបច្ចេកទេសមួយចំនួន ពិសេសទីតាំងជុំវិញ​អាកាសយានដ្ឋាននេះ ទាក់ទងនឹងបង្គោលភ្លើង វត្តនៅលើភ្នំ និងគំរោងអភិវឌ្ឍន៍​ខេត្តដើម្បីធានាសុវត្ថិភាពដល់វិស័យអាកាសចរណ៍។

ព្រលានយន្តហោះនេះមានទីតាំង ស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លោក Zou Yuhui បានបន្តឲ្យដឹងផងដែរថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានកំពុងរៀបចំ និងកសាងផែនការមេ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនរួចហើយ ដើម្បីជំរុញឲ្យដំណើរការសាងសង់ព្រលាននេះ ទទួលបានជោគជ័យតាមការគ្រោងទុក។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរី​វុត្ថាបានថ្លែងឲ្យដឹងថា ព្រលានយន្តហោះនេះ នឹងសាងសង់ជាពីរដំណាក់កាលដោយដំណាក់កាលទី១ គ្រោងចំណាយថវិកា៥០០លានដុល្លារ ដែលអាចចុះចតយន្តហោះខ្នាតមធ្យមសម្រាប់យន្តហោះខ្នាត4E និងដំណាក់កាលទី២ ទើបអាចចុះចតយន្តហោះខ្នាតយក្សបាន ហើយដំណាក់កាលចុងក្រោយនេះ គ្រោងចំណា​យថវិកាជាង៣០០លានដុល្លារបន្ថែមទៀត។ លោកបន្តថា ការសាងសង់ព្រលានយន្តហោះនេះអាចចំណាយពេលពី៣ទៅ៥ឆ្នាំ ដើម្បីបញ្ចប់ទាំងដំណាក់កាលទី១និងដំណាក់កាលទី២។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានថ្លែងថា នៅពេល​ព្រលានយន្តហោះនេះសាងសង់ចប់ និងអាចចុះចតយន្តហោះខ្នាតធំបាន វានឹងជួយទាក់ទាញវិស័យអាកាសចរណ៍ភ្ជាប់ជើងហោះហើរកាន់តែច្រើន ពិសេសនឹងនាំមកមិនត្រឹមតែ ភ្ញៀវទេសចរណ៍នោះទេ តែក៏នាំមកនូវវិស័យពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមទៀតផងដែរ។

លោកបន្តថា “វាជារឿងអបអរសាទរ ចាប់តាំងពីការដាក់ចេញនូវគោលនយោបាយ បើកចំហជើងមេឃរបស់ប្រមុខរដ្ឋាភិបាល វិស័យអាកាសចរណ៍នៅកម្ពុជាមានភាពរីកចម្រើនខ្លាំង ហេតុនេះពេលព្រលាននេះសាងសង់ចប់ នឹងជំរុញវិស័យនេះឲ្យកាន់តែរីក​ចម្រើនបន្ថែមទៀត”៕

កាសែតដ៏ល្បីរបស់ចក្រភពអង់គ្លេស បានចុះផ្សាយពីអគារភ្លោះ Thai Bun Rong

0

ដោយ វុត្ថា

ភ្នំពេញ៖ សារព័ត៌មាន The Sun ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស (UK) បានចុះផ្សាយនាពេលថ្មីៗនេះថា អគារភ្លោះ ដែលមានកំពស់១៣៣ជាន់ ដែលគ្រោងសាងសង់ នៅក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នឹងបំបែកឯទត្តកកម្មពិភពលោកជាអគារភ្លោះខ្ពស់ជាងគេក្នុងតំបន់អស៊ាន។

អគារភ្លោះដែលខ្ពស់កប់ពពក និងធំជាងគេនៅក្នុងតំបន់អាស៊ាន នឹងសាងសង់ឡើងនៅតាមបណ្តោយមាត់ទន្លេងមេគង្គ ក្នុងរាជធានីភ្នំពេញនាពេលខាងមុខ ដែលអគារភ្លោះនេះ នឹងត្រូវចំណាយពេលសាងសង់៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ប្រ​មា​ណ២.៧ពាន់លានដុល្លារ។

ប៉ុន្តែតាមការផ្តល់ព៌តមានចុងក្រោយពីលោកសាស្រ្តាចារ្យទួស សាភឿនដែល Propertyarea.asia ទទួលបាន ក៏បានបង្ហាញថា អាគារនេះនឹងត្រូវពន្លូតកំពស់ដល់៥៦១ម៉ែត្រ និងអង់តែនកំពស់២៨ម៉ែត្រ និងគ្រោងចំណាយប្រាក់សាងសង់ប្រមាណ ៣០០០លានដុល្លារអាមេរិក និងទឹកប្រាក់៣០០០លានដុល្លារទៀត សម្រាប់ធ្វើឲ្យអាគារនេះដំណើរការរសរវើក។

ដែលអាគារនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិ​ជ្ជកម្មចម្រុះ ដូចជាផ្សារទំនើប អាផាតមិន រោងភាពយន្ត សណ្ឋាគារ ការិយាល័យធ្វើការ ភោជនីដ្ឋាន និងកន្លែងតាំងពិព័រណ៍ជាដើម។

សារព័ត៌មាននេះចុះផ្សាយថា នៅពេលសាងសង់បញ្ចប់ អគារនេះនឹងជាប់ជាអគារភ្លោះខ្ពស់ជាងគេ ក្នុងពិភពលោក ខណៈអគារ Petronas Twin Towers របស់ប្រទេស ម៉ាឡេស៊ីដែលមានកំពស់ត្រឹមតែ៤៥២ម៉ែត្រប៉ុណ្ណោះ។

ក្រុមហ៊ុនសាងសង់ចិនចំនួន២ នឹងសាងសង់អគារនេះ ដែលត្រូវចំណាលពេល៥ឆ្នាំលើទំហំដី១.៥លានម៉ែត្រការ៉េ។ អគារនេះនឹងក្លាយទៅជាអគារមជ្ឈ​មណ្ឌលពាណិជ្ជកម្មធំបំផុតនៅអាស៊ីអាគ្នេយ៍ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេ។

ទោះជាយ៉ាងណាក៏ដោយ ក៏មិនអាចប្រៀបធៀបនឹងអាគារខ្ពស់បំផុតនៅលើពិភពលោកបានទេ គឺអគារ Burj Khalifa នៅក្នុងទីក្រុងឌូបៃបានដែរ ដែលជាប់កំណត់ត្រាមានកម្ពស់២,៧១៧ ហ្វីត  បន្ទាប់មកអគារ Shangai Tower in China នៅក្នុងប្រទេសចិន និងអាគារ Abraj Al-Bait Clock Tower នៅទីក្រុងមេកាសាប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ប្រសិនជាសាងសង់បញ្ចប់ និងធ្វើឡើងតាមគំរោងដើម អាគារពាណិជ្ជកម្ម​លំដាប់ពិភពលោកThai Bunrong Twin Tower មិនត្រឹមតែមានជាអាគារខ្ពស់ចំនួនពីរនោះទេ ប៉ុន្តែមានអាគាររណបកំពស់៤៥ជាន់ ចំនួន៤នៅជុំវិញបន្ថែមទៀត ដែលវានឹងក្លាយជាអាគារឬមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេ ក្នុងតំបន់អា​ស៊ាន និងពិភពលោកផងដែរ៕

ជំហ៊ានទាំង៥ ដែលអ្នកត្រូវអនុវត្តន៍ដើម្បីលក់ផ្ទះឆាប់ដាច់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការលក់ផ្ទះ មិនមែនដូចការលក់បន្លែនៅលើទីផ្សារទេ ព្រោះផ្ទះជាអចលនទ្រព្យធំមានតម្លៃខ្ពស់ និងជាអចលនទ្រព្យសម្រាប់បំរើការរស់នៅ ហេតុនេះ ការលក់ផ្ទះពិតជាពិបាក តែក៏មិនពិបាកបើសិនជាលោកអ្នកអនុវត្តន៍តាមអ្នកជំនាញរបស់យើង។

លោកស្រី តាំង ហួរ អគ្គនាយិកានៃក្រុមហ៊ុន AMATAK Property Service Co, Ltd ដែលមានជំនាញលើការងារនេះ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៦ កក្កដានេះថា ការលក់ផ្ទះឲ្យឆាប់ដាច់ មិនមែនជាការងាយស្រួលនោះទេ ប្រសិនជាយើងមិនដឹងពី​យុទ្ឋសាស្រ្ត និងរបៀបរៀបចំផ្ទះឲ្យបានត្រឹមត្រូវ។

លោកស្រីបានបន្តថា ដើម្បីលក់ផ្ទះឆាប់ដាច់ម្ចាស់ផ្ទះត្រូវអនុវត្តន៍វិធីសាស្រ្ត​ចំនួន៥ រួមមាន ទី១ ហាមលក់ផ្ទះដែលមិនបានសំអាតហើយ​កខ្វក់ និងមានក្លិនមិនល្អ។ ទី២ នៅពេលដែលអ្នកសម្រេចចិត្តលក់អចលនទ្រព្យ របស់អ្នកត្រូវសុំការប្រឹក្សាពីក្រុមហ៊ុន ឬអ្នកដែលមានជំនាញ ឬត្រូវទទួលយកតំលៃសមរម្យណាមួយសំរាប់លក់ និងត្រូវការសំអាតអនាម័យឲ្យបានស្អាត ប្រសិន​បើផ្ទះអ្នកមានសួនច្បារត្រូវថែរក្សារកាត់ផ្កាឲ្យស្រស់បែបធម្មជាតិ។

ទី៣ ម្ចាស់ផ្ទះត្រូវយកចិត្តទុកដាក់ជាពិសេស ទៅលើបន្ទប់គេង កុំឲ្យមានខោ អាវ​រញ៉េរញ៉ៃ​ និងបន្ទប់ទឹកក្លិនមិនល្អ។ អំពូលភ្លើងដាច់ងងឹតឈឹង ផ្ទះបាយមិនស្អាត កន្លែងទទួលភ្ញៀវ និងទីធ្លាផ្នែកខាងក្រោយមិនសំអាតជារឿងមិនត្រូវធ្វើ​។ កុំទុកឱ្យមានចានមិនទាន់លាង ឬផ្ទះបាយមិនស្អាតឱ្យសោះ ឫក្លិនជក់បារីនៅក្នុងផ្ទះ និងចៀសវាងក្លិនអាហារផ្សេងៗ ដូចជាត្រី ប្រហុក ឬអាហារដែលមានក្លិនខ្លាំងដទៃទៀត។

ទី៤ ត្រូវសម្អាតផ្ទះឲ្យបានស្អាត និងមានក្លិនល្អជាគន្លឹះ ដើម្បីផ្តល់ភាពទាក់ទាញ។ ជៀសវាងប្រើគ្រឿងក្រអូបSpayបាញ់ខ្លាំងពេក មុនពេលអ្នកទិញមកផ្ទះ របស់អ្នក និងចំណុចទី៥ គឺជាគន្លឹះពិសេសចុងក្រោយមុន នឹងភ្ញៀវមកមើលផ្ទះអ្នកត្រូវបើកភ្លើងពណ៍ឲ្យភ្លឺល្មម ហើយកុំភ្លេចបើកម៉ាស៊ីនត្រជាក់ចោលផង ហើយត្រូវមានក្លិនល្អ។ លោក អ្នកអាចឆុងកាហ្វេ ឬដុតទៀនក្រអូប Aroma មុនពេលមានការចុះមកមើលផ្ទះរបស់អ្នកទិញ ព្រោះក្លិនទាំងនេះ គឺមានការទាក់ទាញយ៉ាងខ្លាំង ហើយអាចទាក់ទាញចំណាប់អារម្មណ៍អ្នកទិញបាន៕

អបអរសាទ : ក្រុមហ៊ុន Century21ចំនួន៨បានទទួលពានរង្វាន់ពីសហរដ្ឋអាមេរិក

0

អបអរសាទរៈក្រុមហ៊ុនCentury21ចំនួន៨បានទទួលពានរង្វាន់ពីសហរដ្ឋអាមេរិក


ដោយ : គង់ សូរិយា
ភ្នំពេញ : រយៈពេល៤ឆ្នាំនៃការនាំយកក្រុមហ៊ុន Master Century21Cambod​ia ​​មកកាន់កម្ពុជា ទីផ្សារអចលនវត្ថុកម្ពុជាបានចាប់ផ្តើម ទទួលសេវាកម្មកាន់តែមានគុណភាព និងទំនុកចិត្ត។
ក្នុងចំណោមក្រុមហ៊ុនដែលបានទិញ Franchise ជាច្រើន មានក្រុមហ៊ុនចំនួន៨ បា​ន​​ទទួលពានរង្វាន់ពីសហរដ្ឋអាមេរិក ដែលជាការទទួលស្គាល់លើការផ្តល់សេវាកម្មប្រ​កបដោយទំនុកចិត្តពីអតិថិជនជាតិ និងអន្តរជាតិ។


ក្រុមហ៊ុនទាំង៨នោះរួមមាន ក្រុមហ៊ុន Century21 Mekong ដែលមានលោក ច្រឹក សុខនីម ជាអគ្គនាយក, ក្រុមហ៊ុន Century21 Dream Property ដែលមានលោក គាម សៀកឡុង ជាអគ្គនាយក, ក្រុមហ៊ុន Century21 Advanced Property ដែលមានលោក ឡុង គីមសួរ ជាអគ្គនាយក, ក្រុមហ៊ុន Century21 Fuji Realty ដែលមានលោក អ៊ុក ឆេងលី ជាអគ្គនាយក, ក្រុមហ៊ុន Century21 Regent Realty ដែលមានលោក Yeh Chen Shu ជាអគ្គនាយក ,ក្រុមហ៊ុន Century21 Imperial realty  ដែលមានលោក Ken Lo ជាអគ្គនាយក, ក្រុមហ៊ុន Century21 Golden Realty ដែលមានលោក ហេង វឌ្ឍនា ជាអគ្គនាយក និងក្រុមហ៊ុន Century21 World trust ដែលមានលោក ជា លីហៀង ជាអគ្គនាយក។


ក្នុងពិធីអបអរសាទរសម្រាប់វឌ្ឍនភាពនៃក្រុមហ៊ុននេះ អ្នកនាង Grace Rachny Fong នាយិកាក្រុមហ៊ុន Century21 Cambodia បាន​ថ្លែងឲ្យដឹងកាលពីថ្ងទី១៤កក្កដាកន្ល​ងមក ដោយបានអបអរសាទរចំពោះសមិទ្ឋិផល ដែលមហាគ្រួសារក្រុមហ៊ុន Century21 ទំាង៨ការិយាល័យប្រចាំកម្ពុជា ដែលសម្រេចបាននូវសមិទ្ឋិផលរបស់ខ្លួន និងបានទទួលពីក្រុមហ៊ុនដ៏ធំ Century21 នៅសហរដ្ឋអាមេរិក។
អ្នកនាងបន្តថា “វាជាកិត្តិយសសម្រាប់ក្រុមហ៊ុន និងសម្រាប់ប្រទេសរបស់យើងដែលក្រុមហ៊ុនទាំងនេះបានបំពេញការងារយ៉ាងសកម្ម និងបានបង្វឹកភ្នាក់ងារបស់យ៉ាងជោគជ័យ ក្នុងការបំរើសេវាកម្មដ៏ល្អដល់ម្ចាស់ទ្រព្យអ្នកទិញ និងអ្នកវិនិយោគ”។


ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century21 Cambodia លោក គុយ វ៉ាត បានថ្លែងថា អ្វីដែលយើងបានប្រឹងប្រែងរយៈពេលជាង៣ឆ្នាំមកនេះ យើងទទួលបានលទ្ឋផលមិនធំពេកទេ តែយើងបាននាំមុខក្នុងទីផ្សារនៅកម្ពុជា ហើយប្រសិនជាយើងខិតខំប្រឹងប្រែងរយៈពេលពីរបីឆ្នាំទៀត ក្រុមហ៊ុននេះនឹងមិនមានអ្នកណា តាមទាន់នៅក្នុងទីផ្សារនោះទេ។
លោកបន្តថា “ការផ្តល់សេវាកម្មមានគុណភាពមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ទំនុកចិត្តដល់ទីផ្សារ ផ្តល់ទំនុកចិត្តដល់អ្នវិនិយោគជាតិ និងអន្តរជាតិ ដើម្បីរួមចំណែកអភិ​វឌ្ឍន៍ក្រុមហ៊ុនរបស់យើង និងប្រទេសជាតិរបស់យើង”។ លោកបន្តថា “ការសម្រេចបាន​ពានរង្វាន់នៃក្រុមហ៊ុនទាំង៨ បានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់យើង និងទំនុកចិត្តរប
ស់អតិថិជនចំពោះក្រុមហ៊ុនរបស់យើង”។
លោក គុយ វ៉ាត បានបន្តថា ជាភ្នាក់ងារអចលនទ្រព្យ យើងត្រូវខិតខំធ្វើការងារ និងផ្តល់សេវាកម្មប្រកបដោយគុណភាព ស្មោះត្រង់ជាមួយអតិថិជន ព្រោះយើងក៏អាចប្រែក្លាយខ្លួនពីភ្នាក់ងារអចលនវត្ថុ ទៅជាអ្នកវិនិយោគ ព្រោះនៅសហរដ្ឋអាមេរិក ភ្នាក់ងារអចលនទ្រព្យខ្លះបានក្លាយជា​សេដ្ឋី និងមានលំនៅដ្ឋានច្រើន ដូច្នេះភ្នាក់ងារអចលនវត្ថុកម្ពុជារបស់យើង ក៏អាចធ្វើបាន​ដែរ៕

PH POLARIS F&B បណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋានល្បីៗ លើដងវិថីតែមួយ

0

ភ្នំពេញ : បច្ចុប្បន្នតំបន់ភាគខាងត្បូងឈៀងខាងកើតទីក្រុងភ្នំពេញ បាននឹងកំពុងបង្ហាញនូវការរីកចម្រើនក្នុងតំបន់គួរអោយកត់សម្គាល់ ។ តំបន់ភាគខាងត្បូងឈៀងខាងកើតរាជធានីភំ្នពេញ ពិសេស តាមបណ្តោយផ្លូវជាតិលេខ១នេះ គឺជាតំបន់ដ៏ល្អបំផុតសម្រាប់រស់នៅ និងកំពុងតែមានសន្ទុះកើនឡើងខ្លាំងនៃប្រជាជនដែលមកបោះទីលំនៅនៅតំបន់នោះ ជាពិសេស តំបន់បឹងស្នោរ ដែលមានការសាងសង់បុរីលំនៅដ្ឋានជាច្រើន។

សេវាម្ហូបអាហារ និងភេសជ្ជៈ ក៏ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ សម្រាប់អ្នករស់នៅក្នុងតំបន់ ដើម្បីឆ្លើយតបចំពោះកំណើនទាំងនោះ។ បច្ចុប្បន្ននេះ មនុស្សតែងតែស្វែងរក រសនិយមអាហារផ្សេងៗគ្នា។ ប៉ុន្តែសម្រាប់អ្វីដែលដូចគ្នា នោះគឺ ទីកន្លែងដែលមានផាសុកភាព អនាម័យ និងរសជាតិឆ្ងាញ់នៃអាហារ សុទ្ធតែជាការចង់បានរបស់មនុស្ស។

ដោយសារតែមានតម្រូវការ និងភាពចាំបាច់នេះហើយ ទើប បុរី ប៉េង ហួត បានបង្កើត PH POLARIS F&B ឡើង ដែលជាបណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋាន លើដងវិថីតែមួយ ដែលបានលេចរូបរាងឡើង នាតំបន់បឹងស្នោរ។ PH POLARIS F&B បាននាំយករសនិយមនៃអាហារ ដែលលោកអ្នកពេញចិត្ត ជាច្រើនជម្រើសផ្សេងៗគ្នា ដែលមានដូចជា The Pizza Company, Bread Talk, Koi, Street Café, Kochinashi Japanese Buffet, Lucky Burger, Zongkong Restaurant និង Congee King Restaurant ជាដើម សម្រាប់បំពេញតម្រូវការសម្រាប់អ្នករស់នៅក្នុងតំបន់នេះផ្ទាល់ ដែលកំពុងតែមានកំណើនខ្លាំង។

PH POLARIS F&B នឹងក្លាយជាគោលដៅកំសាន្ត និងលំហែកាយ មួយ សម្រាប់លោកអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុង តំបន់ច្បារអំពៅ តំបន់បឹងស្នោរ និងតំបន់ព្រែកឯង ដែលចង់បានបរិយាកាសស្រស់ស្រាយ រសជាតិអាហារឆ្ងាញ់ និងសំបូរបែប នាពេលចុងសប្តាហ៍ ដោយមិនចាំបាច់ឆ្លងស្ពានព្រះមុនីវង្ស ចូលក្នុងតំបន់ទីប្រជុំជនធំៗ នាំអោយស្ទះចរាចរណ៍ នោះទេ។
PH POLARIS F&B មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ប្រមាណជា២ គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស ច្រកចូលមន្ទីរពេទ្យជោរៃ ភ្នំពេញ។

សម្រាប់លោកអ្នក ដែលមានបំណងចង់បើកអាជីវកម្មជា ភោជនីយដ្ឋាន និងអាហារដ្ឋាន អាចទំនាក់ទំនងទូរសព្ទ័៖ 017 95 33 99/ 098 289 555 ដើម្បីសួររកទីតាំងដែលទំនេរ នៅ PH POLARIS F&B
បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ…!

សង្គ្រាមពាណិជ្ជកម្មចិន-អាមេរិកមិនធ្វើឲ្យប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជាទេ

0

ដោយ : ដែនចែងចាំង

ភ្នំពេញ : ក្រុមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានអះអាងស្រដៀងគ្នាថា សង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិក មិនធ្វើអោយប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅកម្ពុជានោះទេ ខណៈវិស័យមួយនេះកំពុងវិស័យបោះជំហ៊ានទៅមុខយ៉ាងរ៉ឹងមាំ។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia លោក គុយ វ៉ាត​ បា​ន​មានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៤ កក្កដានេះថា បទពិសោធន៍វិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨ ២០០៩ កម្ពុជាបានរងផលប៉ះពាល់ពីវិបត្តិនេះផងដែរ ប៉ុន្តែមិនរងផលប៉ះពាល់ខ្លាំងនោះឡើ​យ។ ហេតុនេះសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងជាមួយសហគមន៍អឺរ៉ុបពិតជាមានផលប៉ះពាល់ដល់វិស័យនេះ ប៉ុន្តែមិនមានរងឥទ្ឋិពលឬប៉ះពាល់ខ្លាំងទេ ហើយវាបានចាប់ផ្តើមប្រសើរឡើងវិញក្នុងរយៈពេលដ៏ខ្លី ដោយសារដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ គាំពារបានទាន់ពេលវេលា និងត្រឹមត្រូវ។

លោកបន្តថា “វិបត្តិនេះមិនទាន់ឃើញមានផលប៉ះពាល់អ្វីនោះទេ ហើយស្ថានភាពនេះអាចនឹងជាឳកាសទៅវិញ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា ប៉ុន្តែវាអាចជាវិបត្តិផងដែរ ដែលយើងមិនអាចព្យាករណ៍បាននៅឡើយ”។

កាលពីពេលថ្មីៗនេះប្រមុខរដ្ឋាភិបាលបានជំរុញឲ្យអ្នកស្រាវជ្រាវ និងសេដ្ឋវិទូនានាសិក្សាពីវិបត្តិនេះថា​តើនឹងមានផលប៉ះពាល់ដល់កម្ពុជាយ៉ាងដូចម្តេច។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Mekongបានថ្លែងថា វិស័យនេះមិនរងផលប៉ះពាល់នោះទេ ដោយសារគោលនយោបាយសហរដ្ឋអាមេរិក ពិសេសរដ្ឋបាលលោកដូណាល់ ត្រាំចេះតែលលេងជាមួយប្រទេសនានា។លោកបន្តថា​ វិបត្តិនេះអាចនឹងបញ្ចប់នៅពេលឆាប់ៗ​នេះ ប្រសិនជាមើលទៅលើនិ​ន្នាការនេះ។

ទោះជាយ៉ាងណាលោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោកថមថយល្បឿន និងមិនអាចឲ្យពិភព​ លោកអាចព្យាករណ៍អ្វីទុកមុនបានទេ ហើយវិបត្តិនេះពិតជារងផលប៉ះពាល់ដល់ប្រទេ​សទាំងអស់ ប៉ុន្តែកម្រិតនៃផលប៉ះពាល់ វាអាស្រ័យលើគោលនយោបាយរបស់ប្រទេសនិមួយៗ។

លោកបន្តថា “សម្រាប់កម្ពុជាក៏អាចមានផលប៉ះពាល់ផងដែរ ប៉ុន្តែរដ្ឋាភិបាលត្រូវមានភាពឆ្លាតវៃ ដោយត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសទាំងអស់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង”។លោកបន្តថា “ប្រទេសកម្ពុជាគួរពង្រឹងសាច់ដុំរបស់ខ្លួន តាមរយៈការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់យើងឲ្យមានភាពរ៉ឹងមាំ ដើម្បីពង្រឹងផ្ទៃក្នុងផង ពង្រីកការនាំចេញទៅកាន់ប្រទេសដទៃផង ដើម្បីកុំឲ្យយើងពឹងផ្អែកតែអាមេរិក ឬសហគមន៍អឺរ៉ុប”៕