តំបន់ស្វាយជ្រុំរង់ចាំស្ពានឆ្លងដើម្បីជំរុញវិស័យអចលនទ្រព្យនៅតំបន់នេះ

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ការសាងសង់បុរី និងសំណង់លំនៅដ្ឋាននានាស្វាយជ្រុំ បាននិងកំពុងចាប់ផ្តើមយ៉ាងសកម្ម ខណៈរដ្ឋាភិបាលគ្រោងសាងសង់ស្ពានទៅកាន់តំបន់នេះដែលធ្វើឲ្យអ្នកវិនិយោគ និងប្រជាជនរស់នៅតាមតំបន់នេះកំពុងទទួលបានផលប្រយោជ ន៍យ៉ាងច្រើនពីដីឡើងថ្លៃ។


លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា តំបន់នេះកំពុងមានអនាគតល្អ ដោយសា​រទីតាំងនេះ មានភូមិសាស្រ្តស្ថិតនៅកៀករាជធានីភ្នំពេញ និងមានបរិស្ថានល្អ ព្រោះមានទន្លេចំនួនពីរអមសងខាង ដែលធ្វើឲ្យអាកាសធាតុតំបន់នេះមានសំណើមល្អ។ លោក​បន្តថា ដោយសារមានដងទន្លេ និងជាតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និង​ហេដ្ឋារចនាសម្ព័ន្ឋល្អ ពិសេសគំរោងសាងសង់ស្ពានទៅតំបន់នេះ ពិតជាសសៃឈាមមួយ ដែលរួមចំណែកលើកស្ទួយការអភិវឌ្ឍតំបន់នេះនាពេលអនាគត។
លោកបន្តថា “ក្រោយពេលរដ្ឋាភិបាលភ្ជាប់ស្ពានទៅកាន់តំបន់នេះ តំបន់នេះនឹងមានសក្តានុពលខ្លាំង ហើយតំលៃដីនឹងកើនឡើងបន្ថែមទៀត”។


លោកឧកញ៉ា នួន រឹទ្ធី បានបន្តថា តំបន់ស្វាយជ្រុំមានចម្ងាយពីរគីឡូម៉ែត្រប៉ុណ្ណោះបើគិតពីវិមានឯករាជ្យ និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីវត្តភ្នំ ដូច្នេះវា​ស្ថិតនៅចម្ងាយជិតទីប្រជុំជនក្រុង ដែលធ្វើឲ្យមានភាពទាក់ទាញដល់អ្នកវិនិយោគ​និងប្រជាពលរដ្ឋចូលទៅរស់នៅតំបន់នេះ។
តំបន់ស្វាយជ្រុំ ស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាតំបន់ ដែលស្ថិតក្នុងផែនការកាត់បញ្ចូលក្នុងទីក្រុង ផែនការអភិវឌ្ឍន៍ទីក្រុងនាពេលអនាគត។
តើការសាងសង់ស្ពាននឹងចាប់ផ្តើមនៅពេលណា? លោក ផែន វិជ្ជានោ រដ្ឋលេ​ខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន​បដិសេធមិនអត្ថាធិប្បាយ ដោយឲ្យសួរទៅកាន់លោក វ៉ា ស៊ីម សូរិយា អ្នកនាំពាក្យក្រសួងដែលមិនអាចទាក់ទងបាន។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងកាលពីពេលថ្មីៗនេះថា កូរ៉េកំពុងសិក្សាសាងសង់ស្ពានពីតំបន់ជ្រោយចង្វារ ទៅកាន់ទឹកដីស្វាយជ្រុំ ជាស្ពានចំណងដៃរបស់កូរ៉េ ដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើសុំភាគីកូរ៉េជួយ។
លោកបន្តថា “ទោះជាយ៉ាងណាខ្ញុំមិនដឹងថាការសិក្សានឹងបញ្ចប់ និងការសាងសង់ស្ពាននេះនឹងចាប់ផ្តើមនៅពេលណាទេ”៕

ទិញផ្ទះដូចម្តេចដើម្បីបញ្ចៀសហានិភ័យ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ស្របពេលសកម្មភាពវិនិយោគលំនៅដ្ឋានតម្លៃមធ្យមនិងតម្លៃទាប សំដៅប្រជាជនមានប្រាក់ចំណូលមធម្យម បានកើនឡើងយ៉ាងគំហុក អ្នកជំនាញបានបង្ហាញវិធីសាស្រ្តវិនិយោគលើលំនៅដ្ឋានទាំងនោះ ដើម្បីបញ្ចៀសហានិភ័យណាមួយកើតឡើង។
អ្នកនាង ហ្រ្គេស រចនីហ្វុង នាយិកាក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា លំនៅដ្ឋានតម្លៃមធ្យមពិតជាកើនឡើង ដោយសារ​អ្នកវិនិយោគនានាបានផ្តោតលើការអភិវឌ្ឍ លំនៅដ្ឋានប្រភេទនេះ ព្រោះជាទីផ្សា​រធំសម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម។ អ្នកនាងបន្តថា ចំនួនប្រជាជនមា​នប្រាក់ចំណូលមធម្យម កំពុងកើនឡើងខ្លាំង ហើយការវិនិយោគលំនៅដ្ឋានដែល​មានតម្លៃចាប់ពី២ទៅ៣ម៉ឺនដុល្លារ គឺសមស្របសម្រាប់ប្រជាជនក្នុងក្រុមនេះ។


អ្នកនាងបន្តថា ទោះជាយ៉ាងណាអតិថិជន ដែលទិញលំនៅដ្ឋានប្រភេទនេះ ត្រូវប្រាកដថាគំរោងដែលពួកគេបានទិញ ជាគំរោងមានការអភិវឌ្ឍន៍ច្បាស់​លាស់ ជាគំរោងដែលមានគុណភាពសំណង់ល្អ ពិសេសគួរទិញជាមួយម្ចាស់បុរី ដែលមានកេរ្ត៍ឈ្មោះល្អ ដើម្បីបញ្ចៀសហានិភ័យ។ អ្នកនាងបន្តថា “អ្នកវិនិយោគក៏ត្រូវប្រាកដថា លំនៅដ្ឋានដែលខ្លួនបានទិញ មានច្បាប់សាងសង់ និងច្បាប់អភិវឌ្ឍន៍ត្រឹមត្រូវដែលចេញដោយក្រសួងពាក់ព័ន្ឋដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី ណគរូបនីយកម្ម និងសំណង់។
អ្នកនាង ហ្រ្គេស រចនីហ្វុង បានបន្តថា មានម្ចាស់គំរោងមួយចំនួនបានប្រកាសលក់លំនៅដ្ឋានរបស់ខ្លួន ដោយមិនទាន់បានចាប់ផ្តើមសាងសង់ ព្រោះពួកគេបានយកប្លង់ដីរបស់ពួកគេដាក់បញ្ចាំនៅធនាគារ ដើម្បីយកមកសាងសង់ ដែលធ្វើឲ្យអ្នកទិញមិនទានកាត់ប្លង់រ៉ឹង ឬប្លង់ដែលទទួលស្គាល់ត្រឹមស្រុក ឬខ័ណ្ឌបាន។ អ្នកនាងបន្តថា កន្លងមកករណីបែបនេះ​បានកើតមាន ដោយអ្នកតាំងខ្លួនជាអ្នកអភិវឌ្ឍន៍ បានកក់ដីរបស់គេហើយសាងសង់ ខណៈម្ចាស់ដីបានយកប្លង់ដីនោះដាក់​នៅធនាគារ ហើយធនាគារមិនអនុញ្ញាត្តឲ្យមានការសាងសង់សំណង់លើដីនោះ។
អ្វីជាដំណោះស្រាយ អ្នកនាង ហ្រ្គេស រចនីហ្វុង បានបញ្ជាក់ថា អតិថិជនគួររកការពិគ្រោះយោបល់ជាមួយក្រុមហ៊ុន អចលនទ្រព្យជំនាញ ដែលមានបទពិសោធន៍និងវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីធ្វើឲ្យប្រាកដថាគំរោងដែលពួកគេចាប់អារម្មណ៍ ជាគំរោងដែលមិនមានហានិភ័យ ជាគំរោងអភិវឌ្ឍន៍ច្បាស់លាស់ និងម្ចាស់គំរោងជាអ្នកអភិវឌ្ឈន៍មានក្រមសីលធ៌មវិជ្ជាជីវៈ៕

​លំនៅដ្ឋាន​ហ្ស​ប​ហោ​ស៍​ដ៏​ប្រណិតជាច្រើន​ កំពុង​លេច​​ចេញ​ជា​រូបរាង​នៅ​តំបន់​បឹងស្នោរ

0

ហ្ស​ប​ហោ​ស៍ ជា​លំនៅដ្ឋាន​មួយ​ដែល​ពេញនិយម និង​មាន​តម្រូវ​ច្រើន​សម្រាប់​អតិថិជន ព្រោះ​ជា​គេហដ្ឋាន​ដែល​អាច​ប្រកប​អាជីវកម្ម​ផង និង​រស់នៅ​ផង។ លំនៅដ្ឋាន​ប្រភេទ​នេះ ទាមទារ​អោយមាន​ទីតាំង​ល្អ​ដែលជា​ទីប្រជុំជន​ពាណិជ្ជកម្ម មាន​មនុស្ស​រស់នៅ​ច្រើន​កុះករ ក្នុង​តំបន់​អភិវឌ្ឍ ទើប​សក្តិសម​សម្រាប់​ការប្រកប​អាជីវកម្ម​ផងដែរ។

បើ​ក្រឡេកមើល​ការអភិវឌ្ឍ តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ចាប់ពី​ស្ពាន​ព្រះមុនីវង្ស ដល់​តំបន់​បឹង​ស្នោរ កំពុងតែ​រីកដុះដាល​ទៅដោយ​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន​ជាច្រើន រួមទាំង​ផ្សារ​ទំនើប ធនាគារ សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន ហាង​ទំនិញ បាន​ក្លាយជា​ទីតាំង​ប្រជុំជន​ពាណិជ្ជកម្ម​មួយ ជាពិសេស​តំបន់​បឹង​ស្នោរ​ផ្ទាល់​តែម្តង។

បច្ចុប្បន្ននេះ តំបន់​បឹង​ស្នោរ លែង​ស្ងប់ស្ងាត់​ដូច​កាលពីមុន​ឡើយ ក្រោយពេល គម្រោង​ដ៏​ធំ​មួយ​របស់​បុរី ប៉េង ហួត ដែលមាន​ឈ្មោះថា​ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម បាន​លេច​រូបរាង​ឡើង។ លើ​ផ្ទៃដី​ជាង២០០ហិច​តា គម្រោង​ដ៏​ធំ​នេះ បានប្រែក្លាយ​តំបន់​បឹង​ស្នោរ ជាទី​ក្រុង​រណប​មួយ ដ៏​សម្បូរបែប​មួយ ដែល​រួមមាន សួន​កម្សាន្ត​បែប​អឺរ៉ុប សាលារៀន​អន្តរជាតិ កីឡដ្ឋាន ស្ថានីយ​ពន្លត់អគ្គីភ័យ ខុន​ដូ និង​ផ្សា​ទំនើប ថែម​ទៀតផង។  ក្រៅតែពី​ភាពសម្បូរ​បែប​ខាងលើ ក្នុង​គម្រោង​ដ៏​ធំ​នេះ ក៏បាន​បែប​ចែក​តំបន់​សម្រាប់​រស់នៅ និង​តំបន់​ពាណិជ្ជកម្ម ដែលមាន​លំនៅដ្ឋាន​ជាច្រើន​ប្រភេទ ក្នុងការ​បន្ថែម​ជម្រើស សម្រាប់​អតិថិជន​ដែល​កំពុង​ស្វែងរក​លំនៅដ្ឋាន។

គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម ប៉ូ​ឡា​រី​ស ១ និង ប៉ូ​ឡា​រី​ស ២ ព្រមទាំង សាលារៀន​អន្តរជាតិ កីឡដ្ឋាន ស្ថានីយ​ពន្លត់អគ្គីភ័យ ខុន​ដូ និង​ផ្សា​ទំនើប ស្ថិតក្នុង​តំបន់​ពាណិជ​កម្ម​រួមគ្នា​តែមួយ ក្នុង​គម្រោង​ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម  (បឹង​ស្នោរ) នេះ សក្តិសម​សម្រាប់​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ។ ក្នុង​គម្រោង​នេះ ក្រុមហ៊ុន​បាន​សាងសង់​លំនៅដ្ឋាន ប្រភេទ​ហ្ស​ប​ហោ​ស៍​ជាច្រើន​ដូចជា៖ ហ្ស​ប​ហោ​ស៍​A ហ្ស​ប​ហោ​ស៍​B ហ្ស​ប​ហោ​ស៍​C ហ្ស​ប​ហោ​ស៍​D និង​ហ្ស​ប​ហោ​ស៍ Classic  រួមបញ្ចូល​រចនាបថ​យ៉ាង​ល្អឥតខ្ចោះ ដោយ​ផ្អែកលើ​គុណភាព ប្រណិត​ភាព សោ​ភណ្ឌ​ភាព ភាព​ស៊ី​វិ​ល័យ និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ដែលមាន​បន្ទប់​គេង៤ បន្ទប់ទឹក៥ ព្រមទាំង​បរិវេណ​ទទួលភ្ញៀវ ដែលមាន​បរិយាកាស​ស្រស់ស្រាយ កន្លែង​ទទួលទាន​អាហារ បន្ទប់​ចម្អិន​អាហារ និង​កន្លែង​ចត​រថយន្ត​ធំ​ទូលាយ ដែល​ស័ក្តិសម​បំផុត សម្រាប់​ការរស់នៅ និង​ប្រកប​អាជីវកម្ម របស់លោក​អ្នក។

ពិសេស​ជាងនេះទៅទៀត អតិថិជន​មាន​ប្រាក់​ត្រឹមតែ ១០០០ដុល្លារ អាច​ក្លាយជា​ម្ចាស់​ហ្ស​ប​ហោ​ស៍​ដ៏​ប្រណិត ក្នុង​គម្រោង ដឹ​ស្តា​ផ្លា​ទី​នី​ម ប៉ូ​ឡា​រី​ស ១ និង ប៉ូ​ឡា​រី​ស ២នេះ។  សូម​រួសរាន់​ឡើង កុំអោយ​ឱកាស​នេះ​កន្លងផុត​អោយសោះ ការផ្តល់ជូន​ពិសេស​នេះ ត្រឹម​ដំណាច់​ខែតុលា នេះ​តែប៉ុណ្ណោះ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទូរ​សព្ទ​លេខ 015 90 6789 Email:  [email protected]  ឬ​ចូលទៅ​កាន់​គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup

World Bank ព្យាករណ៍​សេដ្ឋកិច្ច​វៀតណាម នឹង​កើនឡើង ៦,៨% នៅក្នុង​ឆ្នាំនេះ

0

ដោយ វុត្ថា

ភ្នំពេញ៖ ធនាគារពិភពលោក (WB) បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​នឹង​សម្រេចបាន​កំនើន ៦,៨ភាគរយ​នៅ​ឆ្នាំនេះ ខណៈ​ការព្យាករណ៍​របស់​ធនា​គារ​ដដែល​នេះ​កាលពី​ត្រីមាស​ទី១ ធនាគារ​នេះ​បាន​អះអាងថា​សេដ្ឋកិច្ច​វៀតណាម​នឹង​សម្រេចបាន​កំនើន​ត្រឹម៦,៥ភាគរយ​ប៉ុណ្ណោះ។

របាយការណ៍​របស់ World Bank ដែល​បានចេញ​ផ្សាយ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​បាន​បន្តថា សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​នៅតែ​បន្ត​ដំណើរការ​បានល្អ ជំរុញ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ជាស​កល និង​ការបន្ត​កំណែទម្រង់​ក្នុងស្រុក។ កំណើន​ដ៏​រឹងមាំ​នេះ គឺ​ជំរុញឱ្យមាន​ការបង្កើត​ឱកាស​ការងារ និង​កំណើន​ប្រាក់ចំណូល​ដែលនាំឱ្យ​មាន​កំណើន​សុខុមាលភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ។

ធនាគារពិភពលោក​ប​ញ្ជា​ក់ទៀត​ថា បច្ចុប្បន្ន GDP ត្រូវបាន​ព្យាករណ៍​ថា នឹង​កើនឡើង ៦,៨ភាគរយ​នៅ​ឆ្នាំ ២០១៨ កើនឡើង​ពី ៦,៥ភាគរយ​នៅក្នុង​ការព្យាករណ៍​កាល​ពី​លើក​មុន តែ​នឹង​អាច​ថយ​ចុះមក៦,៦ភាគរយ​នៅក្នុង​ឆ្នាំ២០១៩ និង៦,៥ ភាគរយ​នៅក្នុង​ឆ្នាំ២០២។

ធនាគារ​នេះ​បាន​ឲ្យ​ដឹងផង​ដែរ​ថា អតិផរណា​របស់​ប្រទេស​នេះ នឹង​ស្ថិត​កម្រិត៤ភាគរយ នៃ​គោលដៅ​កំណត់​របស់​រដ្ឋាភិបាល ដោយ​ផ្អែកលើ​ការ​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ ដើម្បី​ទប់ទល់​នឹង​សម្ពាធ​តម្លៃ ដែល​បណ្តាលមកពី​សម្ពាធ​តម្លៃ​ចូលក្នុង​ស្រុក និង​ការកើនឡើង​នៃ​តម្លៃ​ទំនិញ​សកលលោក៕

ស្វែងយល់​អាស៊ាន! រដ្ឋាភិបាល​ថៃ​ចាប់ផ្តើម​រឹតបន្តឹង​ឥណទាន​ទិញ​លំនៅដ្ឋាន

0

ដោយ វុត្ថា

ភ្នំពេញ៖ ធនាគារកណ្តាល​របស់​ប្រទេស​ថៃ​កាលពីពេលថ្មីៗនេះ បានប្រកាស​ដាក់ចេញ​ច្បាប់​ថ្មី ដែល​នឹង​រឹតបន្តឹង​ចំពោះ​តម្រូវ​ប្រាក់កម្ចី​ទិញ​លំនៅដ្ឋាន នៅក្នុង​ឆ្នាំ​ក្រោយនេះ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ចំពោះ​ការរំពឹងទុក​លើ​ទីផ្សារ​លំនៅដ្ឋាន។

លោក Wajeetip Pongpech ជំនួយការ​ទេសាភិបាល​ធនាគារកណ្តាល​ប្រទេស​ថៃ បានបញ្ជាក់ នៅក្នុង​ស​ន្នី​សីទ​កាសែត​កាលពីពេលថ្មីៗនេះ​ថា ចាប់ពី​ខែមករា​ឆ្នាំ ២០១៩នេះ​តទៅ ការកំណត់​ប្រាក់កម្ចី​ទិញ​លំនៅដ្ឋាន ត្រូវបាន​កំណត់​មក​ត្រឹមតែ១០លាន​បាត ពោលគឺ​ស្មើរ​នឹង៣០៦.៤៦៦4 ដុល្លារ​អាមេរិក នឹងត្រូវ​បានកំណត់​ត្រឹម៨០ភាគរយ​ដែល​តម្រូវឱ្យ​អ្នកទិញ​ចំណាយ​ប្រាក់២០ ភាគរយ​ក្នុងការ​បង់ប្រាក់​ជាមុន។ លោក​បញ្ជាក់ទៀតថា ច្បាប់​ថ្មី​នេះ​នឹង​អនុវត្ត​ចំពោះ​ការទិញ​លំនៅដ្ឋាន​ទី​ពីរ​ឬ​ច្រើនជាង​នេះ។

ចំណែក​លោក Sakkapop Panyanukul ប្រធាន​អង្គភាព​ស្ថិរភាព​ហិរញ្ញវត្ថុ​នៅ​ធនាគារ​ថៃ​បានឱ្យដឹងថា ការបង្កើន​ការប្រកួតប្រជែង ក្នុងចំណោម​ធនាគារ​ក្នុង​វិស័យ​ទិញ​លំនៅដ្ឋាន បាន​នាំឱ្យមាន​ការធ្លាក់ចុះ​ស្តង់ដារ​ឥណទាន​នៅក្នុង​ប្រទេស។ លោក​ថ្លែងថា វិធានការ​ម៉ាក្រូ នឹង​ជួយ​កាត់បន្ថយ​ការទិញ និង​សកម្មភាព​ដោយ​ប្រថុយប្រថាន។នេះ​គឺជា​វិធានការ​បង្ការ​មួយ។

អាជ្ញាធរ​រូបិយវត្ថុ បាន​នាំមក​នូវ​ការផ្តល់ប្រាក់​កម្ចី​ដល់​និយោជក ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗនេះ ដោយសារតែ​ការកើនឡើង​បំណុល​គ្រួសារ។ ប្រាក់កម្ចី​ទិញ​លំនៅដ្ឋាន​មិន​ដំណើរការបាន​កើនឡើង​ដល់៣,៣៩ភាគរយ នៅក្នុង​ត្រីមាស​ទី២នៃ​ឆ្នាំនេះ​កើនឡើង​ពី៣,៣៨ភាគរយ​នៅក្នុង​ត្រីមាស​ដំបូង។

ធនាគារកណ្តាល​ថៃ​បន្តថា ប្រាក់កម្ចី​ប្រហែល​ពាក់កណ្តាល​នៃ​ប្រាក់កម្ចី​ថ្មី នៅ​ត្រីមាស​ទី​ពីរ មាន​អត្រា​ឥណទាន​ច្រើនជាង៩០ភាគរយ ដែល​កត់សម្គាល់​លើ​ករណី​អនុ​បាត ១០០ភាគរយ​និង​ការបង់​រំលស់​សូន្យ។

លោក Wajeetip Pongpech បានឱ្យដឹងថា ការផ្លាស់ប្តូរ​ច្បាប់​នេះ មិនបាន​ធ្វើឱ្យ​ខូច​ទៅលើ​វិស័យ​អចលនទ្រព្យ​នោះទេ៕

លោកឃាង ពុទ្ឋីជំរុញឲ្យអ្នកពុះដីឡូត៍គិតពីទំហំដីធំជាងមុន និងផាសុខភាព

0

ដោយគង់ សូរិយា

ភ្នំពេញ: ស្របពេលសកម្មភាពពុះដីឡូត៍លក់កាន់តែមានភាពពុះកញ្រ្ជោល និងមានភាពអសកម្មមួយចំនួន អ្នកជំនាញអចលនទ្រព្យកម្ពុជា បានមើលឃើញភាពវិជ្ជមានចេញពីផ្នែកនេះ តែទាមទារឲ្យអ្នកពុះដីឡូត៍លក់ ចាប់ផ្តើមពង្រីកបទដ្ឋានដីឡូត៍របស់ខ្លួនឲ្យបានធំជាងមុន និងគិតគូរពីផាសុខភាព និងបញ្ហាហេដ្ឋារចនាសម្ព័ន្ឋជាគោល។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ទន្ទឹមនឹងការពុះដីឡូត៍កើនឡើងច្រើន សកម្មភាពនេះក៏ផ្តល់ភាពវិជ្ជមានដល់សេដ្ឋកិច្ចជាតិ ព្រោះដីឡូត៍អាចអនុញ្ញាត្តឲ្យកម្មករ និយោជិត មន្រ្តីរាជការ ដែលមានចំណូលទាបអាចសន្សំលុយទិញបាន និងសន្សំលុយសាងសង់ផ្ទះនាពេលអនាគតនៅលើដីនោះ។ លោកបន្តថា ទោះជាយ៉ាងណា ការពុះដីឡូត៍ ក៏មានផលអវិជ្ជមានមួយចំនួន គឺការទិញដីឡូត៍ហើយ គាត់មិនទទួលបានប័ណ្ណកម្មសិទ្ឋ មិនដឹងទីតាំងដីច្បាស់លាស់ ហេដ្ឋារចនាសម្ព័ន្ឋមិនសមស្របជាដើម។

លោកបន្តថា “ហេតុនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញសេចក្តីប្រកាសស្តីពីការអភិវឌ្ឍដីកាលពីពេលថ្មីៗនេះ មានលក្ខណៈការពារអ្នកទិញ និងអ្នកវិនិយោគដីឡូត៍”។លោកបន្តថា “សេចក្តីប្រកាសនេះល្អ មានភាពវិជ្ជមានច្រើនទាំងអ្នកលក់ និងអ្នកទិញ ទោះមិនទាន់គ្រប់ជ្រុងជ្រោយ តែអាចថាល្អលើស៩០ភាគរយ”។

បើសិនជាម្ចាស់គំរោងដីឡូត៍ ឬអ្នកវិនិយោគដីឡូត៍ គោរពនិងអនុវត្តន៍តាមសេចក្តីប្រកាសនេះ និងមានការអនុញ្ញាត្តចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ការវិនិយោគដីឡូត៍ មានភាពវិជ្ជមានច្រើន។លោកពុទ្ឋីបញ្ជាក់ឲ្យដឹង។

លោកឃាង ពុទ្ឋីបានបន្តថា លោកសំណូមពរឲ្យអ្នកវិនិយោគពុះដីឡូត៍លក់ ពង្រីក ទំហំដីឡូត៍របស់ខ្លួន ព្រោះដីឡូត៍តូចៗពេលសាងសង់លំនៅដ្ឋាន បានធ្វើឲ្យអ្នករស់នៅមានភាពធុញថប់ ដូចជា តំបន់បឹងកេងកង១ ដីមានលក្ខណៈស្តង់ដាដោយមានទំហំ២០គុណនឹង៣០ម៉ែត្រ និងតំបន់ទួលគោកក៏ទំហំដីល្អក៏ដូចគ្នា ដែលធ្វើឲ្យដីនៅតំបន់នោះឡើងថ្លៃ និងមានតម្លៃខ្ពស់ តែតំបន់ដែលមានដីតូចៗ គឺតម្លៃអចលនទ្រព្យមិនមានតម្លៃថ្លៃនោះទេ។

លោកបន្តថា “ហេតុនេះអ្នកវិនិយោគពុះដីឡូត៍លក់ គួរធ្វើដីឡូត៍ដែលមានទំហំធំ ដើម្បីឲ្យអ្នកទិញមានភាពងាយស្រួលសាងសង់ ហើយអ្នកទិញគួរសិក្សាទិដ្ឋភាពផ្លូវច្បាប់ ដូចជា ក្រុមហ៊ុនដែលខ្លួនចង់វិនិយោគជាមួយមានច្បាប់ឬទេ? មានដីច្បាស់លាស់ឬទេ? និងស្ថិតនៅទីតាំងណាពិតប្រាកដ? ពិសេសត្រូវសិក្សាពីហេដ្ឋារចនាសម្ព័ន្ឋ និងប្រព័ន្ឋលូឲ្យបានច្បាស់លាស់មុនសម្រេចចិត្តទិញ”។

លោកបន្តថា ដីឡូត៍មកដល់បច្ចុប្បន្នបានឈានដល់ដំណាក់កាលថ្មី ដែលអ្នកវិនិយោគពុះដីឡូត៍លក់ ត្រូវបង្កើនគុណភាពគំរោងរបស់ខ្លួន ដោយត្រូវគិតពីទំហំដីឲ្យបានធំជាងមុន គិតពីហេដ្ឋារចនាសម្ព័ន្ឋធំជាងមុន និងគិតគូរពីផាសុខភាពរបស់អ្នករស់នៅនាពេលអនាគត៕

សម្តេចតេជោៈប្រាក់ចំណូលប្រជាជនកម្ពុជានឹងកើនឡើងដល់ជាង២ពាន់ដុល្លារនៅឆ្នាំ២០២៣

0

ដោយ យិន លាងគង់

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ នឹងកើនដល់ជាង២០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំនៅឆ្នាំ២០២៣ខាងមុខនេះ។

អញ្ជើញចូលរួមក្នុងទិវាគ្រូបង្រៀននាព្រឹកថ្ងៃទី៥ តុលានេះ សម្តេចតេជោបានថ្លែងថា នៅឆ្នាំ២០២៣ប្រាក់ចំណូលប្រជាជនខ្មែរម្នាក់ៗ នឹងកើនដល់ជាង២០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយសម្តេចរំពឹងថា ប្រទេសផ្តល់កម្ចីនឹងមិនដំឡើងអត្រាការប្រាក់នោះទេ បើទោះបីសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនខ្ពស់ក្តី។សម្តេចបន្តថា សុខសន្តិភាពនៅកម្ពុជាបានផ្តល់ផ្លែផ្កាច្រើនណាស់ សម្រាប់សង្គមជាតិ។

សម្តេចតេជោបានបន្តថា រាជរដ្ឋាភិបាលនឹងវិនិយោគកាន់តែច្រើនទៀត លើវិស័យអប់រំ ជាពិសេសការកសាងគុណភាពអប់រំ តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន និងកសាងហេដ្ឋារចនាសម្ព័ន្ឋអប់រំនានា។

តាមការព្យារណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ប្រាក់ចំណូលប្រជាជនកម្ពុជាម្នាក់ៗក្នុងមួយឆ្នាំនឹងកើនដល់១៥៦០ដុល្លារនៅឆ្នាំ២០១៨នេះ។
លោកបណ្ឌិតម៉ី កណ្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការព្យាករណ៍របស់រដ្ឋាភិបាល ពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានលក្ខណៈវិទ្យាសាស្រ្ត ហេតុនេះលោកជឿជាក់ថា កម្ពុជានឹងសម្រេចបានកំនើនប្រាក់ចំណូលដូចការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំននល្អប្រសើរ ដោយសុខភាពនៅក្នុងវិស័យស្នូលទាំង៤ បាននិងកំពុងមានការវិវត្តល្អប្រសើរ ដែលធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋបានកើនឡើង ជាប់ជាប្រចាំក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបន្តថា សេដ្ឋវិទូនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពួកគេមានសមត្ថភាព ហើយការព្យាករណ៍របស់ពួកគេពិតជាអាចទទួលយកបាន ហេតុនេះការលើកឡើងរបស់សម្តេចពិតជាអាចក្លាយជាការពិត។លោកបន្តថា “ក្រុមសេដ្ឋវិទូនៃក្រសួងសេដ្ឋកិច្ច ខ្ញុំបានចូលរួមជ្រើសរើសដោយផ្ទាល់ ពួកគេមានវ័យក្មេងតែមានចំណេះដឹងខ្ពស់ និងមានថាមពល”៕

ដំណឹងថ្មី! សម្តេច​តេ​ជោ​ប្រកាស​រំសាយ​ការបង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាស​រំសាយ​ការសិក្សា​ដើម្បី​បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ ដែល​ស្នើ​ដោយ​ក្រសួងមហាផ្ទៃ​បន្ទាប់ពី​ការបោះឆ្នោតជាតិ​កាលពីពេលថ្មីៗនេះ។

អញ្ជើញ​ចូលរួម​ក្នុង​ទិវា​គ្រូបង្រៀន​នា​ព្រឹក​ថ្ងៃទី៥ តុលា​នេះ​សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​ថ្លែងថា សម្តេច​បានប្រកាស​រំសាយ​លើ​ការសិក្សា​បង្កើត​ខេត្ត​ថ្មី ដែល​គ្រោង​បែងចែក​ពី​ខេត្តកណ្តាល និង​ខេត្តរតនគិរី និង​មណ្ឌលគិរី។ សម្តេច​បាន​បង្ហើប​ថា ជាពិសេស​មាន​អ្នកខ្លះ​បាន​រត់ការ​ដើម្បី​សុំ​ឋានៈ​ជា​អភិបាលខេត្ត​ថ្មី​នេះ។

មួយរយៈ​ពេល​ចុង​ក្រោយនេះ តម្លៃ​ដី​នៅ​តំបន់​មួយចំនួន​បាន​ឡើងថ្លៃ​ខ្ពស់​ដោយសារ​មាន​ពាក្យ​ចចាមអារ៉ាម​ពី​ការបង្កើត​ខេត្ត​ថ្មី​នៅ​តំបន់​នោះ។

លោក ង៉ែត ជូ ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​និង​ភិ​វឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Market Consulting ធ្លាប់បាន​ព្រមាន​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ទាក់ទង​នឹង​ការបំពុល​ព៌​ត​មាន​ក្នុង​វិស័យ​អចលនទ្រព្យ ដោយ​លោក​ជំរុញ​ឲ្យ​ប្រជាជន​សិក្សា ពិចារណា​លើ​ព៌​ត​មាន​ឲ្យ​បានច្បាស់លាស់ និង​គ្រប់គ្រាន់​មុន​ធ្វើការ​សម្រេចចិត្ត​វិនិយោគ​ក្នុង​វិស័យនេះ ហើយ​បោះបង់​ការវិនិយោគ ដោយ​ពឹង​ផ្អែកលើ​ព្រេងសំណាង។

លោក​បន្តថា “ព៌​ត​មាន​មួយចំនួន​មាន​លក្ខណៈ​បំពុល ហេតុនេះ​ការសិក្សា​ឲ្យ​បានច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​មុន​សម្រេច​ចិត្តជា​ការសំខាន់​ណាស់ ដើម្បី​ឲ្យ​គំរោង​វិនិយោគ​របស់ខ្លួន​ប្រាសចាក​ហានិភ័យ”៕

សមាគម​អ្នកជំនាញ​អចលនទ្រព្យ​ត្រៀម​បណ្តុះបណ្តាល​ជំនាញ​ទាក់ទង​នឹង​វិស័យនេះ

0

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ សមាគម​អ្នកជំនាញ​អចលនទ្រព្យ នឹង​ចាប់ផ្តើម​បើក​ការបណ្តុះបណ្តាល​ទាក់ទង​នឹង​វិស័យនេះ​នៅ​ពាក់កណ្តាល​ខែតុលា​នេះ ដើម្បី​បំពេញតម្រូវការ​ធនធាន​មនុ ស្ស​នៅក្នុង​វិស័យនេះ។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោក​ឃាង ពុ​ទ្ឋី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ទីតាំង​សមាគម ដែល​ស្ថិតនៅក្នុង​គំរោង One Park នៃ​មជ្ឈមណ្ឌល​ភ្នំពេញ (Phnom Penh City Center អតីត​បឹងកក់)កាលពី​ល្ងាច​ថ្ងៃទី៤ តុលា​កន្លងមក​ថា រហូតមកទល់​ពេលនេះ ការចុះឈ្មោះ​ចូលរៀន​បានចាប់ផ្តើម​ហើយ ដោយមាន​សិក្ខាកាម​ជាច្រើន​បាន​ចុះឈ្មោះ​ចូលរៀន​វគ្គ​នេះ។ វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៥តុលា​ខាងមុខនេះ។

លោក​បន្តថា “មូលហេតុ​ដែល​សមាគម​បើក​ថ្នាក់​បណ្តុះបណ្តាល​នេះ គឺ​ចង់​បង្កើន​ធនធានមនុស្ស​ដើម្បី​បំពេញការងារ​ក្នុង​វិស័យនេះ ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាងខ្លាំង។លោក​បន្តថា “អ្នក​បញ្ចប់​ការសិក្សា​ចេញពី​វគ្គ​នេះ យើង​មិន​លើកទឹកចិត្ត​ពួកគេ​ឲ្យ​បើក​ក្រុមហ៊ុន​ភ្លាម​ទេ តែ​ពួកគេ​អាចធ្វើ​ការ​នៅតាម​ក្រុមហ៊ុន​នានា ដែល​យើង​រក​ការងារ​ជូន ដើម្បី​ទទួលបាន​បទពិសោធន៍ និង​មូលដ្ឋាន​រ៉ឹង​មាំ​ក្នុង​វិស័យនេះ មុននឹង​ឈានទៅ​បើក​ក្រុមហ៊ុន​ផ្ទាល់ខ្លួន។

វគ្គ​បណ្តុះបណ្តាល​នេះ នឹង​រៀន​រយៈពេល​៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ គឺ​ថ្ងៃ​ច័ន្ទ ដល់ថ្ងៃ​សុក្រ ដែល​ចាប់ផ្តើម​ពី​ម៉ោង៥,៣០នាទី​ដល់៨,៣០នាទី​ល្ងាច។

លោក ឃាង ពុ​ទ្ឋី បាន​បន្តថា ការបណ្តុះបណ្តាល​នេះ នឹងមាន​រយៈពេល១៥ទៅ១៦ម៉ោង​ក្នុង​មួយ​វគ្គ ដែល​បង្រៀន​ដោយ​អ្នកមាន​ជំនាញ និង​អ្នកដឹកនាំ​ក្នុង​វិស័យនេះ ដោយ​ពួកគេ​នឹង​បង្ហាញ​ពីបទ​ពិសោធន៍​ការបរាជ័យ និង​ភាពជោគជ័យ​ដែល​ពួកគេ​សម្រេចបាន ជាមួយនឹង​កម្មវិធីសិក្សា ដែលមាន​ការច្របាច់បញ្ចូល​គ្នា​ពី​កម្មវិធីសិក្សា​ក្នុងស្រុក និង​កម្មវិធីសិក្សា​លក្ខណៈ​អន្តរជាតិ។

កម្មវិធីសិក្សា​នេះ​យក​តម្លៃ១៦៨ដុល្លារ​អាមេរិក សម្រាប់​សិក្ខាកាម​ម្នាក់ ដែល​លោក​ឃាង ពុ​ទ្ឋី​បាន​មានប្រសាសន៍ថា តម្លៃ​នៃ​ការសិក្សា​នេះ​មាន​ភាពសមរម្យ បើ​ធៀប​នឹង​ចំណេះដឹង​ផ្សេងទៀត ព្រោះ​ការបណ្តុះបណ្តាល​នេះ​បង្រៀន​ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ពិសេស​លោក​ស្នើ​ឲ្យ​យុវជន​ឬ​អ្នក​ចង់​ប្រឡូក​ក្នុង​វិស័យនេះ ពង្រឹងសមត្ថភាព​រប​ស់​ខ្លួន ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យនេះ៕

ស្វែងយល់​ពី​អាស៊ាន! រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដាក់ចេញ​គោលនយោបាយ​បង្អាក់​ការអភិវឌ្ឍ​វិស័យ​សំណង់

0

ដោយ វុត្ថា

ភ្នំពេញ៖ កាសែត Myanmar Times បាន​រាយការណ៍​កាលពី​សប្តាហ៍​មុ​នេះ​ថា គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​ទីក្រុង​យ៉ាំង​ហ្គោ​ន (YCDC) កាលពី​ខែមេសា​បានដាក់​ចេញ​សេចក្តីប្រកាស ដោយបាន​ហាមឃាត់​ក្រុម​អ្នក​អភិវឌ្ឍ ពី​ការសាងសង់​ជាន់​ផ្ទាល់​ដី​ឲ្យ​មាន​កម្ពស់​ជាង១២ហ្វី​ត ដែល​បាន​បង្អាក់​ដល់​វិស័យ​សំណង់​ក្នុងស្រុក។

លោក U Myo Myint សមាជិក​គណៈកម្មការ​ការងារ នៃ​សមាគម​អ្នកម៉ៅការ​សំណង់ ដែលមាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ប្រាប់​កាសែត The Times ថា ការប្រកាស​នេះ បានធ្វើឱ្យ​អ្នក​សាងសង់​មានការ​ភ្ញាក់ផ្អើល ហើយ​ការ​រឹតបន្តឹង​ទាំងនេះ​ត្រូវបាន​ដាក់អោយអនុវត្ត​ដោយ​គ្មាន​ប្រាប់​ជាមុន។

លោក​បន្តថា ការដាក់​សំណើសុំ​លិខិតអនុញ្ញាត​សាងសង់ អាច​ចំណាយពេល​មួយឆ្នាំ រដ្ឋាភិបាល​គួរតែ​ជូនដំណឹង ដល់​អ្នក​សាងសង់​នូវ​ការផ្លាស់ប្តូរ​បទបញ្ជា​នេះ យ៉ាងហោចណាស​ពី៥ខែ ទៅ១ឆ្នាំមុន​ដែរ។

លោក U Yan Aung អគ្គនាយក​ក្រុមហ៊ុន​សាងសង់​លំនៅដ្ឋាន​បាន​ថ្លែងថា “នៅពេល​មានការ​ពន្យារពេល ក្នុងការ​ស្វែងរក​ការ​អនុ​ញ្ញា​ត្តិ​សាងសង់ និង​ការអនុញ្ញាតឱ្យ​សាងសង់​នៅ​កម្រិតខុសៗគ្នា និង​តម្រូវការ​ទាប ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ ការ​រឹតបន្តឹង​ដែល​បង្កើត​ឧបសគ្គ​កាន់តែច្រើន ដល់​ការសាងសង់​មិនគួរ​ត្រូវ​បានកំណត់​នោះទេ”។

លោក​បន្តថា បទ​ប្បញ្ញត្តិ​ថ្មី ដែល​ហាមឃាត់​ការសាងសង់​អគារ​ខ្ពស់ ហាក់ដូចជា​ផ្ទុយ​នឹង​តម្រូវការ​សាធារណៈ ចំពោះ​ជាន់​ផ្ទាល់​ដី​ដែលមាន​ពិ​ដាន​ខ្ពស់។ ដូច្នេះ​ការ​បន្សល់ទុក​កន្លែង​ទំនេរ​មាន​តម្រូវការ​ខ្ពស់បំផុត ជាពិសេស​អ្នកស្វែងរក​អចលនទ្រព្យ​កំពុង​ស្វែងរក​ទីកន្លែង​ទាំងពីរ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម និង​កន្លែង​រស់នៅ។

លោក​បាន​បន្តថា “ការបំពាក់​ឡៅតឿ គឺ​ល្អ​សម្រាប់​ទាំង​អ្នកលក់ និង​អ្នកទិញ” ។ លោក​បញ្ជាក់ទៀតថា«ជាន់​ផ្ទាល់​ដី​ចំនួន១២ហ្វី​ត នឹងមិន​មានតម្លៃ​ល្អ​ដូច​កាលពីមុន​ហើយ ក៏​មិនសូវ​ងាយស្រួល​សម្រាប់​អ្នកទិញ​ពិតប្រាកដ​ដែរ»៕