ការវិនិយោគ​ពីវិស័យអប់រំ​កំពុង​ជំរុញ​សន្ទុះ​ទីផ្សារអចលនទ្រព្យ​ពាណិជ្ជកម្ម​នៅ​ទីក្រុង​ហុងកុង​

ដោយ: សហសេវិក
អន្តរជាតិ: ស្ថាប័នអប់រំនៅទីក្រុងហុងកុងត្រូវបានគេរំពឹងថានឹងបង្កើនសកម្មភាពវិនិយោគ និងជួលនៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម ដោយសាកលវិទ្យាល័យឈានមុខគេ និងសាលាអន្តរជាតិបានបង់ថ្លៃខ្ពស់សម្រាប់ការិយាល័យ និងហាងលក់រាយ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានអះអាងថា ការទិញយកអចលនទ្រព្យដោយស្ថាប័នអប់រំមានចំនួនជិត ៤០% នៃការវិនិយោគសរុបនៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ទីក្រុងហុងកុងក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ។

លោក Thomas Chak ប្រធានផ្នែកទីផ្សារមូលធន និងសេវាកម្មវិនិយោគនៅក្រុមហ៊ុន Colliers បានមានប្រសាសន៍ថា «ការវិនិយោគរបស់ស្ថាប័នអប់រំលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មហុងកុងបានឈានដល់ ១១,១ ពាន់លានដុល្លារហុងកុង (ប្រមាណ១,៤ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦»។

លោក Chak បានបន្តថា “ការណ៍នេះឆ្លុះបញ្ចាំងពីសន្ទុះដ៏ខ្លាំងក្លា ខណៈស្ថាប័ននានាកំពុងងាកពីការជួលទៅជាការទិញ។ ល្បឿនបច្ចុប្បន្នបង្ហាញថា ឆ្នាំ២០២៦ អាចជាឆ្នាំមួយដែលសម្រេចបានកំណើនយ៉ាងគំហុកនៃការវិនិយោគលើអចលនទ្រព្យ ដោយទំហំប្រតិបត្តិការត្រូវបានព្យាករថា នឹងកើនឡើងលើសពី ១៥ ពាន់លានដុល្លារហុងកុង”។

ការកើនឡើងនៃការជួល និងការវិនិយោគរបស់ស្ថាប័នអប់រំបានជួយគាំទ្រទីផ្សារ។ ទិដ្ឋាការសិស្សបានឈានដល់កំណត់ត្រាថ្មីចំនួន៩៤.៥១៧ ក្នុងឆ្នាំ២០២៥ កើនឡើងពីចំនួន៤៦.៨២១ ក្នុងឆ្នាំ២០២២៕ប្រភព: Vnexpress៕

SDF ចុះ​កិច្ចព្រមព្រៀង​ភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​សមាគម​-ឧស្សាហកម្ម​ធំៗ​៤ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ឱ្យ​ត្រូវ​តម្រូវ​ការ​ឧស្សាហកម្ម

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ស្ថាប័នSDF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគម-ឧស្សាហកម្មធំៗចំនួន ដើម្បីជម្រុញការអភិវឌ្ឍជំនាញ ឲ្យត្រូវនឹងសម្រូវការក្នុងវិស័យឧស្សាហកម្ម។

ស្ថាប័នទាំង៤នោះ រួមមាន សមាគមភស្តុភារកម្មកម្ពុជា (CLA) សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) សមាគមស្វាយចន្ទីកម្ពុជា (CAG)និង សមាគមអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា (CETA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព ឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងវិស័យឧស្សាហកម្ម។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល SDF និងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល SDF ព្រមទាំងមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងភ្ញៀវកិត្តិយសសរុបប្រមាណ ១២០ នាក់។

លោកគី សុខគីម នាយកប្រតិបត្តិ SDF បានគូសបញ្ជាក់ថា ភាពជាដៃគូនេះ នឹងផ្ដោតលើកិច្ចការគន្លឹះចំនួន ៣ រួមមាន៖ ១) ការកំណត់តម្រូវការ៖ សិក្សាតម្រូវការជំនាញតាមវិស័យជាក់ស្តែង ដើម្បីបង្កើនផលិតភាព។ ២) គំរូប្រតិបត្តិការSDF៖ រួមគ្នារៀបចំ រួមគ្នាវិនិយោគ និងរួមគ្នាទទួលខុសត្រូវ (Co-Design, Co-Invest & Co-Own) លើការអភិវឌ្ឍជំនាញ។ ៣) ភាពជាដៃគូរដ្ឋ-ឯកជន (PPP)៖ ជំរុញការវិនិយោគ ផ្ទេរបច្ចេកវិទ្យា និងបង្កើតការងារប្រកបដោយជំនាញ។

លោកសុខគីម បានបន្ថែមថា SDF នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគម និងឧស្សាហកម្មនានា ដើម្បីបង្កើតក្របខ័ណ្ឌជំនាញ និងគម្រោងបណ្តុះបណ្តាលសម្រាប់វិស័យនីមួយៗ។

ថ្លែងនៅក្នុងពិធីនោះដែរ លោកបណ្ឌិតសភាចារ្យផាន់ ផល្លា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែង សម្រាប់វិស័យឯកជន និងសង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

គិតមកដល់បច្ចុប្បន្ននេះ SDFបានគាំទ្រការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាម សរុបប្រមាណ៩៣,០០០ នាក់។ ជាលទ្ធផល អត្រាបញ្ចប់ការសិក្សាសម្រេចបាន៩៦% អត្រាមានការងារធ្វើ ៨៨% , ការពេញចិត្តពីនិយោជក៨៥% និង៨៩% នៃសហគ្រាសបានរាយការណ៍ពីការកើនឡើងផលិតភាពការងារ។

ភាពជាដៃគូថ្មីនេះ គឺជាសក្ខីភាពនៃការបោះជំហានទៅមុខរួមគ្នា ប្រកបដោយស្មារតីបុរេសកម្ម និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងឆ្លើយតបចំតម្រូវការឧស្សាហកម្មជាក់ស្តែង៕

ក្រុម​មន្រ្តី​ជាន់​ខ្ពស់​ពិភាក្សា​បញ្ហា​ចំនួន២​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ភស្តុភារកម្ម ​លើក​ទី១១

ដោយៈ ចំណាន

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់បានបើកកិច្ចប្រជុំ “ក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១១” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស៊ុន ចាន់ថុល ឧបនាយកដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ សន សុភាវត្តី អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្ម ចូលរួមអម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធាណការ និងដឹកជញ្ជូន អនុប្រធានប្រចាំការ ក.ជ.ភ និងជាប្រធាន គ.ជ.ភនិងក្រុមមន្រ្តីពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន២ ដើម្បីពិនិត្យវឌ្ឍនភាពការអនុវត្តការងារ លើការអភិវឌ្ឍវិស័យភស្តុភារកម្មនៅព្រះរាជាណាចក្រកម្ពុជា ដូចជា ១. វឌ្ឍនភាពសូចនាករប្រតិបត្តិការភស្តុភារកម្ម (LPI 2.0) និងប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) និង ២. វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្ម ដើម្បីដាក់ឆ្លងសេចក្ដីព្រាងច្បាប់យន្តការ ក្រុមប្រឹក្សាជាតិភស្តុភារកម្ម។

លោកឧបនាយកដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែង សម្រេចបានលទ្ធផលវឌ្ឍនភាពការងារខាងលើនេះ និងការចូលរួមយោបល់យ៉ាងផុលផុស ពីសំណាក់ឯកឧត្តម- លោកជំទាវក្រសួង ស្ថាប័ន ក្នុងការជំរុញ និងការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា សម្រាប់គាំទ្រដល់ការបម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រ​ទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរឡើង៕

លោកស៊ុន ចាន់ថុល ឧបនាយកដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ)។
លោកស៊ុន ចាន់ថុល ឧបនាយកដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ)។

ក្រុម​មន្រ្តី​ជាន់​ខ្ពស់​និង​វិស័យ​ឯក​ជន​ពិភាក្សា​លើ​ការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ដើម្បី​សម្រួល​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជា ប្រធានគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “សិក្ខា​សាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់។

វេទិកានេះ បានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥” ក្រោមកិច្ចសហការរៀបចំដោយ ក.អ.ក. រួមជាមួយ សភាពាណិជ្ជកម្មកម្ពុជា។

សិក្ខាសាលាជាន់ខ្ពស់នេះ មានការចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ.), ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក គ.ស.រ.ជ, អង្គទូតពីបណ្តាប្រទេសជាមិត្ត ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជា តំណាងសភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា និងតំណាងវិស័យឯកជន វិនិយោគិន ព្រមទាំងដៃគូអភិវឌ្ឍន៍ជាសមាជិក គ.ស.ឯ.រ.ជ. សរុបប្រមាណ៣០០រូប។

ថ្លែងក្នុងសុន្ទរកថា លោកឧបនាយករដ្ឋមន្ត្រី បានរំឮកដោយស្មារតីដឹងគុណថា យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺជាមរតកដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើមប្រវត្តិសាស្ត្រមួយនេះ ដើម្បីបង្កើតឡើងនូវបរិ​យាកាសកិច្ចសន្ទនា និងដោះស្រាយបញ្ហាប្រឈមនានាដោយតម្លាភាព។ យន្តការនេះត្រូវបានបន្តពូនជ្រំ និងដឹកនាំដោយផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់ និងចក្ខុវិស័យវែងឆ្ងាយដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក.ផ្ទាល់។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់បំផុតមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញ មិនមែនគ្រាន់តែជាវេទិកាជួបជុំធម្មតានោះទេ ប៉ុន្តែគឺជាការផ្សព្វផ្សាយពីលទ្ធផលផ្លែផ្កាជាក់ស្តែង កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្នុងការប្រែក្លាយរាល់ការប្តេជ្ញាចិត្ត ឱ្យទៅជាសកម្មភាពកែទម្រង់ដ៏រឹងមាំ សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ច និងវិនិយោគមួយដ៏មានភាពទាក់ទាញ និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់ ទាំងក្នុងតំបន់និងលើឆាកអន្តរជាតិ។

បន្ថែមលើយន្តការវេទិការាជរដ្ឋាភិបាល -ផ្នែកឯកជន លោក ឧបនាយករដ្ឋមន្ត្រី បានរំលេចពីការខិតខំប្រឹងប្រែងពង្រីកយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន (P-PSD) ឱ្យកាន់តែមានភាពបត់បែន និងជិតស្និទ្ធ ក៏ដូចជាការរៀបចំកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ចរវាងរដ្ឋ និងវិស័យឯកជន (P-PS Breakfast Briefing) ដែលកាន់តែបង្កលក្ខណៈបើកទូលាយរវាងផ្នែករដ្ឋ និងវិស័យឯកជន។

ជាមួយគ្នានោះ លោកស៊ុន ចាន់ថុល ក៏បានប្រកាសជាថ្មីអំពីគំនិតផ្តួចផ្តើមនៃកម្មវិធី “Open Day with DPM” ដែលជាយន្តការបើកចំហទ្វារដ៏មានសារៈសំខាន់ ក្នុងការទទួលជួបប្រឹក្សាយោបល់ និងស្តាប់រាល់កង្វល់ ក៏ដូចជា សំណូមពរនានារបស់វិនិយោគិនដោយផ្ទាល់ ជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ដែលកម្មវិធីនេះនឹងរៀបចំឡើងនាពេលដ៏ខ្លីខាងមុខ។

អនុលោមតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធាន ក.អ.ក. ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុង ក.អ.ក. បាននិងកំពុងរៀបចំកំណែទម្រង់រដ្ឋបាល និងជំរុញទំនើបកម្មប្រព័ន្ធការងារ តាមរយៈការកាត់បន្ថយនូវរាល់នីតិវិធីរដ្ឋបាល ស្មុគស្មាញ ក៏ដូចជាការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការចុះបញ្ជីវិនិយោគ ដើម្បីឆ្លើយតបទៅនឹងល្បឿន នៃការវិនិយោគនៅកម្ពុជា។

ពាក់ព័ន្ធនឹងសកម្មភាពនៅលើឆាកអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី បានរំឮកអំពីភាពជោគជ័យ នៃបេសកកម្មគោះទ្វារវិនិយោគនាពេលថ្មីៗកន្លងទៅ ទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិន។ ខណៈពេលដែលពិភពលោក កំពុងជួបប្រទះនូវភាពមិនប្រាកដប្រជា ទាំងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច។

លោកបានបញ្ជាក់ពីទស្សនៈជាយុទ្ធសាស្ត្រថា រាជរដ្ឋាភិបាលមិនបានមើលឃើញភាពមិនប្រាកដប្រជា របស់សកលលោកជាឧបសគ្គនោះទេ ប៉ុន្តែយើងកំពុងប្រែក្លាយ វាឱ្យទៅជាកាលានុវត្តភាពសម្រាប់កម្ពុជា តាមរយៈការបង្ហាញពីសក្តានុពលពិត ភាពអំណោយផលនៃច្បាប់វិនិយោគ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលរលកនៃការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់សកល៕

ដំណឹងល្អៈ ​គម្រោង​ស្ពានឆ្លងកាត់​ទន្លេបាសាក់​ព្រែកប្រា​ ចក្រអង្រែក្រោម​សម្រេច​បាន​វឌ្ឍនភាព​ជិត​៨០​ភាគ​រយ​ហើយ

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីបានលើកឡើងា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦ នេះ។

ព័ត៌មាននេះត្រូវបានលើកឡើងកាលពីថ្ងៃទី៩ កក្កដា ក្នុងឱកាសសួង ហេង រដ្ឋលេខាធិការលេខា ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលគិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ សម្រេចបាន៧៩% ហើយបន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

វឌ្ឍនភាពគម្រោងរួមមាន ១).ផ្នែកគ្រឹះស្ពាន សម្រេច១០០% ២). រចនាសម្ព័ន្ធ ក្រោមស្ពានសម្រេចបាន១០០% ៣). រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០%។ ៤).រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤% និង៥).បណ្តាញផ្លូវសម្រេចបាន ៥១% (ផ្លូវតភ្ជាប់ ប្រវែង ៨០៤,៣០ម សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន៥០%)។

លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបាន និងកំពុងដំណើរការដោយគោរព តាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេសត្រឹមត្រូវ ប្រកបដោយគុណភាព និងសោភណ័្ឌភាព។ អង្គភាពគ្រប់គ្រងគម្រោង បន្តពង្រឹងសុវត្ថិភាពការងារ បន្ថែមទៀតដោយសាររដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក និងបានណែនាំឱ្យពិនិត្យបន្ថែមផ្ទៃលើនៃកម្រាលផ្លូវបេតុងទាំងអស់ ដើម្បីបង្កើនភាពកកិត ដើម្បីជៀសវាងការរអិល ឬគ្រោះថ្នាក់សម្រាប់អ្នកប្រើប្រាស់ និងសិក្សាបន្ថែមអំពីប្រព័ន្ធភ្លើងបំភ្លឺឱ្យមានពន្លឺគ្រប់គ្រាន់ រួមទាំងសិក្សារៀបចំសួនលើរង្វង់មូលសងខាង និងលើស្ពាន ដើម្បីបង្កើនសោភណ័ភាពឱ្យកាន់តែស្រស់ស្អាតថែមទៀត។

ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពា​ន​ទី៧ តាមដងទន្លេបាសាក់ បន្ទាប់ពីស្ពានដែលបានសាងសង់រួចទាំង៦ រួមមាន ស្ពានឆ្លងកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ៕

ការជួល​ការិយាល័យ​នៅ​សង្កាត់ ​Manhattan រ​បស់​ទីក្រុងញុវយ៉ក​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារការិយាល័យនៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក កំពុងងើបឡើងវិញយ៉ាងខ្លាំង ដោយការជួលការិយាល័យបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង២០ឆ្នាំ។

ជាក់ស្តែង ទំហំការិយាល័យចំនួន ១១,០២ លានហ្វីតការ៉េត្រូវបានជួលនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៦។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន CNBC។

តួលេខខាងលើបង្ហាញពីការកើនឡើង១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងមានកម្រិតខ្ពស់ជាងមធ្យមភាគរយៈពេល៥ឆ្នាំ និង១០ឆ្នាំ។

នេះក៏ជាលើកដំបូងផងដែរចាប់តាំងពីឆ្នាំ ២០០២ ដែលការជួលការិយាល័យប្រចាំត្រីមាសកើនឡើងលើសពី ១១ លានហ្វីតការ៉េក្នុងរយៈពេល៣ត្រីមាសជាប់ៗគ្នា។

នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ តម្រូវការជួលការិយាល័យមានភាពរឹងមាំបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍ ខណៈអត្រាការិយាល័យទំនេរនៅតែមានកម្រិតទាបបំផុត។

ការងើបឡើងវិញកំពុងត្រូវបានជំរុញដោយសារបុគ្គលិកកាន់តែច្រើនវិលត្រឡប់មកការិយាល័យវិញ ភាពរឹងមាំនៃតម្រូវការពីក្រុមហ៊ុនបច្ចេកវិទ្យា/បញ្ញាសិប្បនិម្មិត ផ្នែកច្បាប់ ប្រព័ន្ធផ្សព្វផ្សាយ និងសេវាកម្មហិរញ្ញវត្ថុ។

ជាមួយគ្នានេះ អគារការិយាល័យកំពុងត្រូវបានផ្លាស់ប្តូរទៅជាលំនៅឋាន សណ្ឋាគារ ឬការប្រើប្រាស់ផ្សេងទៀត ដែលកាត់បន្ថយការផ្គត់ផ្គង់ការិយាល័យ៕ប្រភព: CNBC៕

តម្រូវ​ការ​ជួល​ការិយាល័យ​នៅ​ឥណ្ឌា​សម្រេច​បាន​កំណើន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ឆមាស​ទីមួយ​

ដោយ: សហសេវិក
អន្តរជាតិ: តម្រូវការការិយាល័យនៅប្រទេសឥណ្ឌាសម្រេចបានកំណើនខ្ពស់បំផុតមិនធ្លាប់មាននៅឆមាសទីមួយ ឆ្នាំ២០២៦ ខណៈក្រុមហ៊ុនពហុជាតិសាសន៍បានពង្រីកការជួលការិយាល័យ និងបានចុះកិច្ចព្រមព្រៀងធំៗ ទោះបីជាមានភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយក្តី។

យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ CBRE បានឱ្យដឹងថា ការជួលការិយាល័យនៅប្រទេសឥណ្ឌាបានកើនឡើងដល់ទំហំចំនួន ៤៥.៥ លានហ្វីតការ៉េក្នុងឆមាសទី១ ឆ្នាំ២០២៦ ដែលមានទំហំប្រហែលទីលានបាល់ទាត់ចំនួន ៤០០ កន្លែង។

តួលេខខាងលើនេះ​ជា​ចំនួន​សរុប​ប្រចាំឆមាសខ្ពស់​បំផុត​មិន​ធ្លាប់​មាន និងកើនឡើងក្នុងរង្វង់៩,៦ភាគរយ ​បើប្រៀបធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ទិន្នន័យនេះគូសបញ្ជាក់ថា ប្រទេសឥណ្ឌានៅតែជាគោលដៅសំខាន់សម្រាប់ក្រុមហ៊ុនពហុជាតិសាសន៍ដែលកំពុងពង្រីកមជ្ឈមណ្ឌលសមត្ថភាពសកល (GCCs) និងប្រតិបត្តិការបច្ចេកវិទ្យា ទោះបីជាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចបានជះឥទ្ធិពលដល់ទំនុកចិត្តយ៉ាងណាក្តី។

លោក Ram Chandnani អ្នកជំនាញនៅក្រុមហ៊ុន CBRE India បានអះអាងថា «ក្រុមហ៊ុនពហុជាតិសាសន៍កំពុងបន្តពង្រីកប្រតិបត្តិការដែលមានស្រាប់នៅប្រទេសឥណ្ឌា ដោយការសម្រេចចិត្តត្រូវបានជំរុញដោយអាទិភាពអាជីវកម្មរយៈពេលវែងជាជាងព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយរយៈពេលខ្លី»។

បណ្តាក្រុមហ៊ុន GCCs គ្របដណ្តប់ចំនួន៤៣ភាគរយនៃការជួលការិយាល័យទាំងអស់នៅក្នុងឆមាសទីមួយ ដោយចំនួននៃកិច្ចព្រមព្រៀងជួលការិយាល័យរបស់ GCC កើនឡើង៣០ភាគរយធៀបនឹងឆ្នាំមុន៕ប្រភព: The Business Times៕

ការ​លក់​លំនៅឋាន​នៅ​ទីក្រុងឌូបៃ​កើន​ឡើង​នៅ​ឆមាស​ទី១ ​ខណៈសកម្មភាព​ទិញ​នៅ​តែបន្ត ​ទោះមាន​ជម្លោះ​ក្នុង​តំបន់

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុន ​​Knight Frank បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃបានបំបែកកំណត់ត្រាថ្មីមួយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ខណៈការលក់ផ្ទះដែលមានតម្លៃលើសពី ១០ លានដុល្លារបានកើនឡើង១៤ភាគរយដល់ទឹកប្រាក់ ៥,១ ពាន់លានដុល្លារអាមេរិក។

ការលក់ភាគច្រើនត្រូវបានព្រមព្រៀងគ្នាមុនជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែលកើតឡើង ហើយបានចុះបញ្ជីជាផ្លូវការក្នុងរយៈពេល៤ទៅ៦ សប្តាហ៍ក្រោយមក។ ក្រុមហ៊ុន Knight Frank បានអះអាងថា សកម្មភាពទិញនៅតែបន្ត ទោះបីជាមានជម្លោះក្តី ពីព្រោះមូលដ្ឋានគ្រឹះទីផ្សារនៅតែមានភាពរឹងមាំ។

ក្នុងនោះ ការលក់ផ្ទះប្រណីតបានកើនឡើងដល់ចំនួន ២៩៦យូនីតនៅឆមាសទី១ (១៦៥ យូនីតក្នុងត្រីមាសទី ១ និង ១៣១ យូនីតក្នុងត្រីមាសទី ២)។ ផ្ទះចំនួន ២៦ ដែលមានតម្លៃជាង ២៥ លានដុល្លារអាមេរិកត្រូវបានលក់ចេញ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។

បើទោះបីជាទីក្រុងឌូបៃបានក្លាយទៅជាគោលដៅមួយនៃការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់យ៉ាងណាក្តី ក៏ទីផ្សារអចលនទ្រព្យប្រណីតនៅតែមានភាពរឹងមាំ។ ទោះជាយ៉ាងណា វិស័យផ្សេងៗ ដូចជាទេសចរណ៍បានរងផលប៉ះពាល់។

ក្រុមហ៊ុន Knight Frank បានលើកឡើងថា ស្ថានភាពទីផ្សារបច្ចុប្បន្នមានស្ថិរភាពជាងឆ្នាំ ២០០៨ ដោយសារអ្នកទិញកាន់តែច្រើនកំពុងទិញផ្ទះសម្រាប់រស់នៅជាជាងសម្រាប់ការវិនិយោគ។ នៅឆ្នាំ ២០០៨ ផ្ទះចំនួន ២៥% ត្រូវបានលក់បន្ត (resale) ក្នុងរយៈពេលមួយឆ្នាំ បើប្រៀបធៀបទៅនឹង ៤% ប៉ុណ្ណោះនៅឆ្នាំ ២០២៥។

ទោះបីជាយ៉ាងណាក្តី ជម្លោះនេះបានជះផលប៉ះពាល់ដល់ផ្នែកមួយចំនួននៃទីផ្សារលំនៅឋានផងដែរ ដែលតម្លៃផ្ទះបានធ្លាក់ចុះចន្លោះពី៥ភាគរយទៅ ២០ភាគរយអាស្រ័យលើទីតាំង៕ប្រភព: Bloomberg៕

មន្រ្តី​ជាន់ខ្ពស់​ផ្តោត​លើភស្តុភរកម្ម​ដើម្បី​ជំរុញ​កំណើនពាណិជ្ជកម្ម​ពីអន្តរជាតិ និង​ទាក់ទាញ​ការ​វិនិយោគ​ពីបរទេស

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្ម លើកទី១១ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យភស្តុភារកម្មជាតិ ដើម្បីជំរុញកំណើនពាណិជ្ជកម្មពីអន្តរជាតិ និងទាក់ទាញការវិនិយោគពីបរទេស។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក.ជ.ភ. លើកទី១១។ កិច្ចប្រជុំកម្រិតខ្ពស់នេះ មានការអញ្ជើញចូលរួមពី លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ.) ព្រមទាំងវត្តមានចូលរួមពីសំណាក់ពីមន្រ្តីពាក់ព័ន្ធនិងតំណាងវិស័យឯកជនជាច្រើន ។

កិច្ចប្រជុំលើកទី១១ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារគន្លឹះៗ ចំនួន៣ រួមមាន ទី១. ការប្រមូលសូចនាករប្រតិបត្តិការភស្តុភារកម្ម (២.០) ទី២. ការរៀបចំប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) និង
៣. សេចក្ដីព្រាងច្បាប់ស្ដីពី “ភស្តុភារកម្ម”។

ទន្ទឹមនឹងការពិនិត្យវឌ្ឍនភាពការងារខាងលើនេះ អង្គប្រជុំក៏បានពិភាក្សា និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ សំដៅតម្រង់ទិស និងធ្វើឱ្យកាន់តែប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មជាតិ និងការដឹកជញ្ជូននៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងមានសមាហរណកម្មខ្លាំងក្លាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។

ក្នុងបរិបទនៃកិច្ចពិភាក្សា អង្គប្រជុំទទួលបានការចូលរួមផ្តល់មតិយោបល់ និងការផ្លាស់ប្តូរទស្សនៈយ៉ាងផុលផុសពីសំណាក់ សមាជិក សមាជិកា ដែលឆ្លុះបញ្ចាំងពីធាតុចូលយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការបន្តទិសដៅការងារទៅមុខប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ សំដៅរួមគ្នាជំរុញការអភិវឌ្ឍវិស័យភស្តុភារកម្មជាតិឱ្យមានវឌ្ឍនភាព និងប្រកបដោយចីរភាព។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចជូនអង្គប្រជុំអំពីលទ្ធផល ប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំជាមួយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កិច្ចប្រជុំនាឱកាសនោះ បានពិនិត្យ និងពិភាក្សាយ៉ាងស៊ីជម្រៅជុំវិញសូចនាករនានាពាក់ព័ន្ធ នឹងការដឹកជញ្ជូននាំចេញ-នាំចូល ដែល EuroCham បានប្រមូល រៀបចំ វិភាគសិក្សា និងធ្វើការប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ សំដៅស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនល្បឿននៃការដឹកជញ្ជូនរបស់កម្ពុជា។

ក្នុងនាមជាប្រធាន ក.ជ.ភ. លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួង-ស្ថាប័នសមាជិកទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រយន្តការការងារអន្តរក្រសួង-ស្ថាប័ន ព្រមទាំងការបើកចំហលំហសហប្រតិ​បត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់វិស័យភស្តុភារកម្មជាតិ។

លោកបញ្ជាក់ជាថ្មីម្តងទៀតថា “វិស័យភស្តុភារកម្មជាតិ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ហេតុនេះការបង្កើនសមត្ថភាព និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យមួយនេះ គឺជាគន្លឹះយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន ក្នុងការជំរុញទំហំពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគពីបរទេស សំដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនឧត្តមភាពប្រកួតប្រជែងជាតិ នៅលើឆាកអន្តរជាតិ និងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការកសាងគ្រឹះសេដ្ឋកិច្ចជាតិមួយដ៏រឹងមាំ និងមានភាពធន់”៕

តើ​វិស័យ​អ្វី​ជា​កម្លាំង​ចលករ​ជម្រុញ​កំណើន​សេដ្ឋកិច្ច​អាមេរិក​ខ្លាំង​ នៅ​ឆ្នាំ២០២៦នេះ?​

ដោយៈ ម៉ាណា

    ភ្នំពេញៈ សេដ្ឋកិច្ចសហរដ្ឋអាមេរិកនៅឆ្នាំ២០២៦ កំពុងត្រូវបានគាំទ្រដោយវិស័យជាច្រើន ជាជាងពឹងផ្អែកលើវិស័យតែមួយ។

យោងតាមអ្នកវិភាគ មកពីមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក Goldman Sachs និង JPMorgan Chase បានវិភាគលើវិស័យដែលមានអំណាចខ្លាំងបំផុត។

១. បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា

កម្មវិធីAI និងការគណនាលើពពក បន្តទាក់ទាញការវិនិយោគយ៉ាងច្រើន ដោយតម្រូវការសម្រាប់បន្ទះឈីបAI មជ្ឈមណ្ឌលទិន្នន័យ និងAI សហគ្រាសនៅតែខ្លាំង។

ក្រុមហ៊ុនលំដាប់យក្សធំៗរួមមាន NVIDIA, Microsoft, Amazon និងAlphabet កំពុងរីកចម្រើន និងកើបប្រាក់ចំណេញយ៉ាងច្រើន។

២. ក្រុមហ៊ុនផលិតបន្ទះឈីបអេឡិចត្រូនិច

ការផលិតបន្ទះឈីបក្នុងស្រុក បន្តពង្រីកដោយមានការគាំទ្រពីគោលនយោបាយឧស្សាហកម្មរបស់សហរដ្ឋអាមេរិក។

តម្រូវការរបស់វាត្រូវបានជំរុញដោយAI យានយន្តអគ្គិសនី និងគ្រឿងអេឡិចត្រូនិចទំនើប។

៣. ការពារជាតិ និងអវកាស

ការព្រួយបារម្ភអំពីសន្តិសុខសកល កើនឡើងបានធ្វើឱ្យការចំណា​យលើការការពារជាតិខ្ពស់។
• ក្រុមហ៊ុនដូចជា Lockheed Martin, RTX និង Northrop Grumman បន្តទទួលបានអត្ថប្រយោជន៍យ៉ាងលើសលុប។

៤. ថែរទាំសុខភាព និងជីវបច្ចេកវិទ្យា

ប្រជាជនវ័យចំណាស់ និងការច្នៃប្រឌិតជាបន្តបន្ទាប់ នៅក្នុងឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រគាំទ្រ ដល់កំណើនស្ថិរភាព។ ការថែរ​ទាំសុខភាពជាទូទៅ ត្រូវបានចាត់ទុកថា ជាវិស័យការពារជាតិក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច។

៥. ថាមពល

សហរដ្ឋអាមេរិកនៅតែជាប្រទេសផលិតប្រេង និងឧស្ម័នធម្មជាតិធំជាងគេបំផុតមួយរបស់ពិភពលោក។ ការវិនិយោគក៏កំពុងកើនឡើងផងដែរ លើថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងបច្ចេកវិទ្យាថ្ម។

៦. ផលិតកម្មឧស្សាហកម្ម

ការសាងសង់រោងចក្រ គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ បន្តគាំទ្រសកម្មភាពផលិតកម្ម។

អ្នកព្យាករណ៍ភាគច្រើនរំពឹងថា បញ្ញាសិប្បនិម្មិត និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល នឹងនៅតែជាម៉ាស៊ីនឈានមុខគេ នៃកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈដែលវិស័យថែទាំសុខភាព ការពារជាតិ និងផលិតកម្មឧស្សាហកម្មផ្តល់ការគាំទ្ររយៈពេលវែងដែលមានស្ថេរភាពជាងមុន៕