ប្រមុខកាទូតចិនសន្យាជម្រុញបញ្ចប់ផែនការមេលើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយកម្ពុជា

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោកវ៉ាង យីបានបញ្ជាក់ថា ភាគីចិន នឹងជំរុញបញ្ចប់ការរៀបចំផែនការមេលើគំរោងជាច្រើនក្នុងក្រមខ័ណ្ឌកិច្ចសហប្រតិបត្តិការកម្ពុជា ចិនឱ្យបានឆាប់នាពេលខាងមុខ។

ផែនការមេនោះ គឺកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍន៍ និងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជាផងដែរ។

លោកវ៉ាង យីបានថ្លែងបែបនេះ ក្នុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោ និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

លោកវ៉ាង យីបានមានប្រសាសន៍បញ្ជាក់ថា “ប្រទេសចិន និងកម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាលទាំងពីរ បានអនុវត្តន៍នូវកិច្ចសហប្រត្តិការបានយ៉ាងល្អ”។លោកបន្ថែមថា “ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កិច្ចសហប្រតិបត្តិការនេះ បានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប ហើយតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏កាន់តែមានសារៈសំខាន់”។

លោកបានបន្តដោយរំលឹកថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចធិបតី នៅសាធារណរដ្ឋប្រជាមានិតចិន នាពេលកន្លងទៅបានឆ្លុះបញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនង មិត្តភា​ព និងសាមគ្គីភាព ចិន-កម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ហើយលោ​​កក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចនាឱកាសនេះ នឹងបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ នៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ។

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ ចំពោះលោករដ្ឋមន្រ្តី វ៉ាង យី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀម​រាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ទន្ទឹមនេះ សម្តេចធិបតីបានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាព នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរ បានឯកភាពកាលពីឆ្នាំ២០២៣។ តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជាក់ថារំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិននឹងកើនឡើងថែមទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតី និងលោករដ្ឋមន្រ្តីវ៉ាង យី បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ។

ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីបានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាព ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត៕

តើរដ្ឋណាខ្លះ ដែលមានទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមាន និងអវិជ្ជមានខ្លាំងជាងគេនៅក្នុងសហរដ្ឋអាមេរិក?

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមទិន្នន័យថ្មីបានបង្ហាញឱ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចរបស់រដ្ឋញូវយ៉ក គឺស្ថិតក្នុងសភាaពអាក្រក់បំផុត បើធៀបនឹងបណ្តារដ្ឋផ្សេងទៀតទាំងអស់ របស់សហរដ្ឋអាមេរិក ដោយសារតែការប្រមូលអត្រាពន្ធខ្ពស់ និងបរិយាកាសបទប្បញ្ញត្តិ។

យោងតាមសន្ទស្សន៍ នៃការប្រកួតប្រជែងសេដ្ឋកិច្ច នៅតាមរដ្ឋនីមួយៗ បានរកឃើញថា រដ្ឋញូវយ៉កជាប់ចំណាត់ថ្នាក់ចុងក្រោយគេបង្អស់ សម្រាប់ទស្សនវិស័យសេដ្ឋកិច្ច អស់រយៈពេល១១ឆ្នាំជាប់ៗគ្នាមកហើយ។

របាយការណ៍នេះ ត្រូវបានសហការនិពន្ធ ដោយលោកសេដ្ឋវិទូអាមេរិក  Arthur Laffer លោក Stephen Moore អ្នកជំនាញគោលនយោបាយសេដ្ឋកិច្ច និងលោកJonathan Williams ប្រធានសេដ្ឋវិទូនៃក្រុមប្រឹក្សាផ្លាស់ប្តូរនីតិបញ្ញត្តិអាមេរិក (ALEC)។

របាយការណ៍ខាងលើនេះ បានវាយតម្លៃទៅបណ្តារដ្ឋសរុបទាំង៥០របស់សហរដ្ឋអាមេរិក លើទិដ្ឋភាពនៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចនៅតាមរដ្ឋនីមួយៗ។

នៅពីក្រោយទីក្រុងញូវយ៉ក គឺរដ្ឋ Vermont ដែលបានជាប់ចំណាត់ថ្នាក់លេខ៤៩ ក្នុងការសិក្សាសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់មកចំណាត់ថ្នាក់លេខ៤៨ បានទៅលើរដ្ឋIllinois។ ចំណាត់ថ្នាក់លេខ៤៧ បានទៅលើរដ្ឋCalifornia និងចំណាត់ថ្នាក់លេខ៤៦ បានទៅលើរដ្ឋNew Jersey ។

ចំណែកឯ រដ្ឋដែលមានទស្សនវិស័យសេដ្ឋកិច្ច ល្អជាងគេបំផុតនៅ​លើកំពូល​តារាង រួមមាន រដ្ឋ Utah ជាប់​ចំណាត់ថ្នាក់លេខ​១​ តាម​ពី​ក្រោយ​ដោយ​ចំណាត់ថ្នាក់លេខ​២ ដែលបានទៅលើរដ្ឋ Idaho ចំណាត់ថ្នាក់លេខ​៣ បានទៅលើរដ្ឋអារីហ្សូណា ចំណាត់ថ្នាក់លេខ​៤ រដ្ឋ បានទៅលើរដ្ឋ North Carolina និង​រដ្ឋ Indiana ជាប់​ចំណាត់ថ្នាក់លេខ​៥។

ដើម្បីវាយតម្លៃចំណាត់ថ្នាក់ ទស្សនវិស័យសេដ្ឋកិច្ចសម្រាប់រដ្ឋនីមួយៗ ក្រុមសេដ្ឋវិទូបានពិនិត្យមើលកត្តាមួយចំនួន ដូចជា អត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងសាជីវកម្ម បន្ទុកពន្ធលើការលក់  ប្រាក់ឈ្នួលអប្បបរមា និងសេវាបំណុលជាចំណែកមួយ នៃប្រាក់ចំណូលពន្ធ៕ប្រភព: Fox Business៕

រដ្ឋមន្ត្រីដឹកជញ្ជូនបើកកិច្ចប្រជុំដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជាខណៈក្រុមហ៊ុនRoyal Railways ត្រៀមដាក់រថភ្លើងថ្មីដែលមានល្បឿនលឿនជាងមុន

ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋជាច្រើន។

កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យលើយន្តការកិច្ចសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន ព្រមទាំងកំណត់ទិសដៅការងារបន្ត ដោយផ្តោតចម្បង លើការកសាងសមត្ថភាព ការរៀបចំផែនការមេ ការសិក្សាលើគម្រោងផ្លូវដែក និងយន្តការនៃការអនុវត្តគម្រោង។

ជាលទ្ធផលនៃកិច្ចប្រជុំ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ ក្រុមការងារបច្ចេកទេសអន្តរក្រសួង និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីបន្តអភិវឌ្ឍន៍ផ្លូវដែក ក៏ដូចជា លើកកម្ពស់ការដឹកជញ្ជូនអន្តរមធ្យោបាយនៅកម្ពុជា ឱ្យកាន់តែសម្បូរបែប។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនRoyal Railways បានត្រៀមដាក់ដំណើរការនូវក្បាលនិងទូរថភ្លើងថ្មី ដែលបានទិញពីប្រទេសជប៉ុន ដើម្បីដឹកជញ្ជូនអ្នកដំណើរពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ និងពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលរថភ្លើងថ្មីនេះ អាចនឹងដំណើរការនៅចុងត្រីមាសទី២ឆ្នាំនេះ។

ខ្សែរថភ្លើងថ្មីនេះ អាចរត់ក្នុងល្បឿងចន្លោះពី៨០ ទៅ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈរថភ្លើងបច្ចុប្បន្នរត់ក្នុងល្បឿនជាមធ្យមបានចន្លោះពី៤០ ទៅ៦០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ៕

ថ្នាក់ដឹកនាំសមាគមCEMEAប្រជុំលើកទី៣ដោយបានសម្រេចកិច្ចការសំខាន់ៗ ឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួន

        ដោយៈ អេង ស្រីទៀង

ភ្នំពេញៈ ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ សមាគមសហគ្រិន​សារព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា (CEMEA) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ CEMEA ប្រជុំជាលើកទី៣ ដោយបានសម្រេចកិច្ចការសំខាន់ៗ ឆ្ពោះទៅរកចក្ខុ​វិ​ស័យ​​របស់ខ្លួន។

លោក យិន លាងគង់ ​ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ក្នុងកិច្ចប្រជុំថា គិតមកដល់ពេលនេះ​​​​ CEMEA ទើបតែមានអាយុមិនដល់២ខែទេ ប៉ុន្តែសមាគមមានការទទួលស្គាល់ និងចាប់អារម្មណ៍ជាខ្លាំងពីជួរអ្នកសារព័ត៌មានដូចគ្នា ពីសមាគមកាសែតនានា ពីមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងពីអ្នកតាមដានបញ្ហាសង្គមជាដើម។

លោកបញ្ជាក់ថា «មូលហេតុដែលមានការចាប់អារម្មណ៍ច្រើន ដោយសារធនធានមនុស្សយើងនៅទីនេះ សុទ្ធតែចេញពីអាជីពអ្នកកាសែតឆ្នើមៗ ដែលឈរលើវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យប្លែកពីគេឯង​ ដែលទាក់ទងសំខាន់ទៅនឹងសេដ្ឋកិច្ចជាតិ​ និងអន្តរជាតិ”។លោកបន្តថា  “ក្រោយពីយើងបាន​ចុះ​បញ្ជី ​នៅ​ក្រសួង​មហាផ្ទៃ​ជាផ្លូវ​ការហើយ អ្វីដែលពួកយើងត្រូវធ្វើ គឺខិតខំប្រឹងប្រែងធ្វើជាបន្តទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច និងសង្គមកម្ពុជាក្នុងរូបភាពវិជ្ជមានឲ្យកាន់តែទូលំទូលាយ និងជម្រុញទាក់ទាញការវិនិយោគពីបរទេសមកកាន់កម្ពុជា”។

តាមលទ្ធផល នៃកិច្ចប្រជុំនាព្រឹកថ្ងៃនេះ បានសម្រេចដូចខាងក្រោម
ទី១៖ លោក កៃ គឹមសុង ទទួលបន្ទុកពិនិត្យអត្ថបទសំខាន់ៗ មុនចេញផ្សាយ លើគេហទំព័ររបស់CEMEA.biz និងផ្តល់ជាគំនិតរឿងដែលបន្ថែមលើតួនាទីជាអនុប្រធាន។
ទី២ លោក អាន ចាន់ថ្លា ទទួលបន្ទុកជាអ្នកផ្តល់គំនិតរឿង, ផលិតអត្ថបទទាក់ទងនឹងសេដ្ឋកិច្ច និងធ្វើកិច្ចសម្ភាសន៍ដាក់លើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់CEMEA បន្ថែមលើតួនាទីជា អនុប្រធាន។
ទី៣ លោកស្រី ហា​ន ស៊ូជីន ទទួលបន្ទុកជា អគ្គលេខាធិការ បន្ថែមលើដំណែងជា អនុប្រធាន។
ទី៤ លោកស្រី អេង ស្រីទៀង ទទួលបន្ទុកជា អគ្គលេខាធិការរង ចូលរួមផលិតព័ត៌មាន និងធ្វើកិច្ចសម្ភាសន៍ភ្ញៀវ បន្ថែមលើដំណែងជា អនុប្រធាន។
ទី៥ សម្រេចបានផែនការផ្សេងៗ។

ថ្នាក់ដឹកនាំ នៅសមាគមសហគ្រិន​សារព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា (CEMEA) បានអញ្ជើញមកពីស្ថាប័នជាច្រើន ដូចជា លោក យិន លាងគង់ ស្ថាបនិកនិងអគ្គនាយក​គេហទំព័រ​Propertyarea.asia & Cambodia Financialtimes.com, លោក កៃ គឹមសុង អតីតនិពន្ឋនាយក​សារព័ត៌មាន​ភ្នំពេញប៉ុស្ត៍ និងជាស្ថាបនិកសារព័ត៌មាន​ Amazadia Education,​ ​លោកលីម ឡាយហ៊ត ស្ថាបនិកសារព័ត៌មាន Asean Properties, ​លោកសយ សុភា និពន្ឋនាយកសារព័ត៌មានដើមអម្ពិល។

លោក អាន ចាន់ថ្លា និពន្ឋនាយកសារព័ត៌មាន CEN, លោក ផ្លុង វិចិត្រ ស្ថាបនិកនាយកសារព័ត៌មាន​ CCTIMES, ​លោកស្រីហាន ស៊ូជីន ស្ថាបនិកព្រឹត្តបត្រសកល លោក អ៊ុំ សារ៉ាវុធ ស្ថាបនិកសារព័ត៌មាន CFN និង លោកស្រី អេង ស្រីទៀង ជានិពន្ធនាយកនៅអង្គភាពសារព័ត៌មាន ដំរី ជាដើម។

សមាគមសហគ្រិន​សារព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា(CEMEA) ​​​បា​ន​​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ជាផ្លូវ​ការ កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងគោលបំណងដើម្បី​រួម​ចំណែកលើកកម្ពស់​ការផ្សព្វផ្សាយ​ព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច ប្រកបដោយ​មូលដ្ឋានវិជ្ជាជីវៈ និងក្រមសីលធ៌ម។

លោកយិន លាងគង់បានបន្តថា “អ្វីៗបានផ្លាស់ប្តូរហើយលើនិន្នាការសង្គម សេដ្ឋកិច្ច ដែលប្រព័ន្ឋផ្សព្វផ្សាយនានា គួរផ្តោតលើព័ត៌មាន​សេដ្ឋកិច្ច និងព័ត៌មានជាចំណេះដឹង ដែលមានលក្ខណៈវិជ្ជមានដល់ប្រជាពលរដ្ឋឲ្យបានដឹង”។

លោក​បន្ថែម​ថា ប៉ុន្តែ​យើងសោកស្តាយ ដែលស្ថាប័នសារព័ត៌​មាននៅកម្ពុជាតិចតួច បានផ្តោតលើផ្សព្វផ្សាយរឿងសេដ្ឋកិច្ច ព្រោះអ្នកសារព័ត៌មាន​ជំនាញខាងសេដ្ឋកិច្ច មានចំនួនតិចតួចបំផុតដោ​យសារពួកគេទទួលការបណ្តុះបណ្តាល ពីគ្រូដែលគ្មានជំនាញ​ខាង​សេដ្ឋកិច្ច​កន្លងមក។

ហេតុនេះ ទើបសមាគមនេះ ត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់​ខាង​សេដ្ឋកិច្ច ដើម្បីរួមចំណែកផ្សព្វផ្សាយព័ត៌មាន សេដ្ឋកិច្ច ប្រកបដោយវិជ្ជាជីវៈ គ្រប់ជ្រុងជ្រោយ និងប្រកបដោយពុទ្ឋិ ដល់​សាធារណៈជនជាតិ និងអន្តរជាតិអាចជឿ និងទុកចិត្តបាន។លោកយិន លាងគង់បន្ថែម។

លោកបាន​បញ្ជាក់​ទៀត​ថា គោលដៅរបស់សមាគម គឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការផ្សព្វផ្សាយលើកកម្ពស់​មុខមាត់របស់ជាតិ ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក៏ដូចជាចូលរួមជ្រោមជ្រែង​ដល់​សហគ្រិន អ្នកធុរកិច្ច និងអ្នកអភិវឌ្ឍន៍នានាឲ្យទទួលបានព័ត៌មាន ដែលមានមូលដ្ឋានច្បាស់លាស់ សម្រាប់ពួកគេ ធ្វើការ​ពិចារណា និងសម្រេចចិត្តមកវិនិយោគនៅកម្ពុជា៕

 

 

 

 

 

អបអរសាទរ! កម្ពុជានឹងមានភូមិខ្មែរនៅប្រទេសជប៉ុននា ពេលខាងមុខ

        ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ លោ​កហេង សួរបានអនុញ្ញាតឱ្យគណៈប្រតិភូរបស់ជប៉ុនមួយក្រុមដឹកនាំដោយលោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនKOJIMA HOLDINGS ចូលជួបសំដែងការគួរសម ដើម្បីរាយការណ៍ស្តីពីវឌ្ឍនភាព នៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន។

ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួង គណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា(KOJIMA HOLDINGS)ដែលជាអ្នកផ្តើមគំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋានរបស់ខ្លួន ទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេសភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។

លោកហេង សួរបានថ្លែងអំណរគុណវិស័យឯកជនជប៉ុន ដែលបានចាប់អារម្មណ៍បង្កើតភូមិខ្មែរ នៅក្នុងក្រុងអីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa) ដើម្បីបង្ហាញពីសម្ផារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរផងដែរ។

លោកហេង សួរកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធ្លាប់បានទៅទស្សនកិច្ចដល់ទីតាំង ដើម្បីពិនិត្យមើលការផ្តើមការសាងសង់។ ដើម្បីធ្វើឱ្យទីតាំងមានសោភណ្ឌភាពជាខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ បានផ្គត់ផ្គង់សម្ភារៈមួយចំនួន ដើម្បីប្រើប្រាស់ និងដាក់តាំងបង្ហាញនៅក្នុងភូមិ ដែលរួមមានស្គរឆៃយ៉ាំ ទ្រ មុខស្វា មុខត្លុកជាដើម។

យ៉ាងណាក៏ដោយភាគីជប៉ុនបានលើកឡើងថា ភូមិខ្មែរនេះ នឹងអាចបើកឱ្យដំណើរការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ៕

ទីផ្សារខុនដូបានងាកមកពឹងផ្អែកលើជនបរទេសជាថ្មី ខណៈស្ថានភាពទីផ្សារបន្តស្ថិតក្នុងសភាពទ្រឹង

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អ្នកជំនាញផ្នែកខុនដូបានលើកឡើងថា ការលក់ខុនដូបានងាកត្រលប់ មកពឹងផ្អែកជនបរទេសជំនួសវិញ ស្របពេលទីផ្សារក្នុងស្រុកស្ថិតក្នុងសភាពមិនច្បាស់លាស់។

អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២២ មេសាថា ស្ថានភាពទីផ្សារខុនដូ មិនមានការប្រែប្រួលជាដុំកំភួននៅឡើយទេ អ្វីៗស្ថិតក្នុងសភាពទ្រឹងនៅឡើយ ក្នុងអំឡុងដើមត្រីមាសទី២ដើមឆ្នាំនេះ។

លោកបន្តថា “ស្ថានភាពបាននិងកំពុងអូសបន្លាយ ប៉ុន្តែអ្វីៗនឹងមានសញ្ញាកាន់តែវិជ្ជមាន ប៉ុន្តែយើងពិតជាត្រូវការពេលវេលា ដើម្បីធ្វើឲ្យទីផ្សារងើបឡើងវិញ”។នៅពេលលើកឡើង ពីលំហូរទុនវិនិយោគទំហំ២២០០លានដុល្លារកាលពីត្រីមាសទី១ដើមឆ្នាំនេះ លោកខន គង្គាបានបញ្ជាក់ថា ទុនវិនិយោគទាំងនោះ បានហូរចូលទៅផ្នែកជាច្រើន មិនមែនតែផ្នែកនៃអចលនទ្រព្យឬខុនដូនោះទេ ហេតុនេះទើបយើងមិនឃើញស្ថានភាពទីផ្សារមានការប្រែប្រួលច្រើននៅឡើយ។

ទោះជាយ៉ាងណាអ្នកអភិវឌ្ឍន៍ខុនដូដ៏ធំមួយ​ នៅភាគខាងត្បូរាជធានីភ្នំពេញ លោកបណ្ឌិតBen Li អគ្គនាយកក្រុមហ៊ុមនUrban Hub & Factory Phnom Penhបានមានប្រសាសន៍ដោយសម្តែងសុទិ​ដ្ឋិនិយមថា ជនបរទេសនៅតែទិញខុនដូនៅកម្ពុជាច្រើន ដោយសា​រអត្រាចំណេញពីការវិនិយោគនៅកម្ពុជា មានកម្រិតខ្ពស់ជាងគេធៀបនឹងបណ្តាប្រទេ​សក្នុងតំបន់។លោកបន្តថា “ទីផ្សារនេះកំពុងមានសញ្ញារីកចម្រើន កម្ពុជានឹងជួបយុគមាសម្តងទៀតនៅពេលខាងមុខ ដោយសារសេដ្ឋកិច្ចប្រទេសនេះ រីកចម្រើនលឿនជាងគេក្នុងតំបន់អាស៊ាន ជាប្រទេសដែលមានយុវជនវ័យក្មេងច្រើនជាងគេ ច្បាប់វិនិយោគក៏មានភាពអំណោយផល”។

លោកបណ្ឌិតBen Liបានអះអាងថា ការចាយប្រាក់ដុល្លារយ៉ាងទូលំទូលាយ បានធ្វើឲ្យវិនិយោគិនអន្តរជាតិមានទំនុកចិត្ត ការអនុញ្ញាត្តឲ្យជនបរទេសបើកក្រុមហ៊ុន ដោយមានទុននិងកាន់កាប់ភាគហ៊ុនខ្លួនឯង១០០ភាគរយ ការមិនយកពន្ឋលើប្រាក់ចំណេញជាដើមបាននិងកំពុងធ្វើឲ្យកម្ពុជា ទាក់ទាញបានការចាប់អារម្មណ៍ កាន់តែច្រើននាពេលអនាគត៕

ឥណ្ឌូនេស៊ីតម្រូវឱ្យមន្ត្រីរាប់ម៉ឺននាក់ផ្លាស់ទីលំនៅក្នុងទ្រង់ទ្រាយធំ ទៅកាន់រដ្ឋធានីNusantara នៅខែកញ្ញាខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងសម្រុកបញ្ចប់ផែនការ និងការរៀបចំរបស់ខ្លួន ដើម្បីបញ្ជូនមន្ត្រីរដ្ឋការរាប់ម៉ឺននាក់ ទៅកាន់រដ្ឋធានីថ្មីNusantara បើទោះបីជាការអភិវឌ្ឍ មិនទាន់បញ្ចប់រួចរាល់ទាំងស្រុងយ៉ាងណាក្តី។

រដ្ឋាភិបាលគ្រោងនឹងបញ្ជូនសមាជិក គណៈរដ្ឋមន្ត្រីមួយចំនួនតូចទៅកាន់រដ្ឋធានីថ្មី នៅដើមខែកក្កដា។ បន្ទាប់មក នៅក្នុងខែកញ្ញាខាងមុខ រដ្ឋាភិបាលនឹងបញ្ជូនមន្ត្រី ក្នុងទ្រង់ទ្រាយធំជិត១២.០០០នាក់។

លោក Abdullah Azwar Anas រដ្ឋមន្ត្រីក្រសួងកំណែទម្រង់រដ្ឋបាល និងការិយាធិបតេយ្យ បានលើកឡើងថា រដ្ឋាភិបាលបានដាក់មូលដ្ឋានច្បាប់ សម្រាប់ការផ្លាស់ប្តូរមន្ត្រីរដ្ឋការ ទៅកាន់ទីក្រុង Nusantara នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

លោក Abdullah បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា “ចាប់ពីខែកក្កដាខាងមុខ រដ្ឋមន្ត្រីមួយចំនួនរួមទាំងលោក Basuki Hadimuljono រដ្ឋមន្ត្រីក្រសួងសាធារណការ និងលំនៅដ្ឋាន នឹងត្រូវផ្លាស់ទីលំនៅទៅកាន់រដ្ឋធានីថ្មី”។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថា តើសមាជិកគណៈរដ្ឋមន្ត្រីរូបណាទៀត ដែលនឹងត្រូវផ្លាស់ទៅរស់នៅទីនោះជាមួយលោក Basuki ឡើយ។

លោក Abdullah បានគូសបញ្ជាក់ថា “រដ្ឋាភិបាលនឹងផ្តោតការយកចិត្តទុកដាក់ ចំពោះការស្នាក់នៅបណ្តោះអាសន្ន របស់មន្ត្រីជាង១ពាន់នាក់ ដែលនឹងអញ្ជើញចូលរួម ក្នុងការប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៧៩ នៅថ្ងៃទី១៧ ខែសីហា និងជាថ្ងៃផុតកំណត់សម្រាប់ការផ្លាស់ទីលំនៅរបស់បុគ្គលិករដ្ឋាភិបាល”។

លោកAbdullah បានបន្ថែមទៀតថា “យើង​បានទទួលការណែនាំពីសំណាក់វិមានប្រធានាធិបតី ដើម្បីតម្រូវឱ្យមន្ត្រីរដ្ឋការផ្លាស់ទីលំនៅទៅកាន់រដ្ឋធានីNusantara បន្ទាប់ពីការបិទបញ្ចប់ទៅនៃពិធីខាងលើនោះ”។

រដ្ឋធានី Nusantara ដែលមានទំហំ២៥៦.០០០ហិកតា និងចំណាយទុនវិនិយោគជិត៣៥ពាន់លានដុល្លារ ត្រូវបានគេចាត់ទុកថា ជាស្នាដៃដ៏អស្ចារ្យ របស់់លោកប្រធានាធិបតី Joko widodo ដែលលោកនឹងត្រូវបញ្ចប់អាណត្តិដឹកនាំ ប្រទេសនៅក្នុងខែតុលាខាងមុខ៕ប្រភព: The Jakarta Post៕

ក្រុមហ៊ុនអន្តរជាតិStefano Ricciជ្រើសរើសកម្ពុជាជាផ្នែកមួយនៃការផ្សព្វផ្សាយផលិតផលរបស់ខ្លួនទៅកាន់ពិភពលោក

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោក Niccolo Ricci នាយកប្រតិបត្តិក្រុមហ៊ុន Stefano Ricci និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានសម្រេចចិត្តជ្រើសរើសប្រទេសកម្ពុជា ដើម្បីថតរូបពីផលិតរបស់ខ្លួន។

ក្នុងជំនួបជាមួយ លោកនេត្រ ភ័ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកNICCOLÒ RICCI អគ្គនាយករបស់ក្រុមហ៊ុន STEFANO RICCI ដែលជាBrand ម៉ាកល្បីនៅលើពិភពលោក បានជម្រាបជូនពីគោលបំណងមកប្រទេសកម្ពុជា ដោយជ្រើសរើសយកទីតាំងមួយចំនួនពាក់ពន្ធ័ បេតិកភណ្ឌ វប្បធម៍ ស្ថាបត្យកម្ម និងធនធានធម្មជាតិរបស់ខ្មែរ ដើម្បីថតរូប សម្រាប់ធ្វើការផ្សព្វផ្សាយភ្ជាប់ជាមួយផលិត​ផល STEFANO RICCI ដែល Brand ល្បីរបស់ពិភពលោក ។

លោក NICCOLÒ RICCI បានជម្រាបជូនថា ក្នុងគម្រោងអន្តរជាតិ លើការផ្សព្វផ្សាយផលិតផលSTEFANO RICCI គឺបានធ្វើនៅប្រទេស អេហ្ស៊ីប ប្រទេសអាយលេន ( ICELAND ) កាឡាប៉ាហ្គោ និងប្រទេសម៉ុងហ្គោលី ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយ ហើយក្រុមការងាររបស់ STEFANO RICCI ក៏បានមកប្រទេសកម្ពុជា ដើម្បីថតរូប សម្រាប់ការផ្សព្វផ្សាយទៅកាន់អន្តរជាតិ និងពិភពលោក នូវទីតាំងមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។

លោករដ្ឋមន្រ្តីនេត្រ ភក្ត្រា បានសំដែងនូវការអរគុណដល់ លោក NICCOLÒ RICCI  អគ្គនាយកក្រុមហ៊ុន STEFANO RICCI ដែលបានចាប់អារម្មណ៍លើប្រទេសកម្ពុជា ហើយបានដឹកនាំក្រុមការងារមកធ្វើការថតរូប ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក ហើយលោករដ្ឋមន្រ្តីជឿជាក់ថា តាមរយៈរូបភាពនៃការតាំងពិព័ណ៌ ផ្សារភ្ជាប់ជាមួ​យផលិតផល STEFANO RICCI គឺនឹងធ្វើពិភពលោក ជាពិសេសអតិថិជន ដែលជាអ្នកប្រើប្រាស់ផលិតរបស់ក្រុមហ៊ុន STEFANO RICCI មានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយអញ្ជើញមកទស្សនាប្រទេសកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ នៃជាការចូលរួមផ្សព្វផ្សា​យពីសក្តានុពលទេសចរណ៍ របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ៕

កម្ពុជា ចិនចុះកិច្ចព្រមព្រៀងថ្មីៗចំនួន៣ ក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលទ្វេរភាគី

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកវ៉ាង យីទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣។

ឯកសារដែលបានចុះហត្ថលេខាទាំង៣ រួមមាន ទី១ លិខិតប្តូរសារស្តីពី ការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ ទី២ វិញ្ញា​បនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា និង៣. ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវអនាម័យ សម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេច ធ្វើពីស្បែកគោសម្រាប់នាំចេញពីប្រទេសកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

ការចុះហត្ថលេខានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ទាំងពីរ និងមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។

ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំ បានពិភាក្សាលើប្រធានបទជាច្រើនក្នុងស្មារតីពូនជ្រុំ ទំនាក់ទំនងទ្វេភាគី និងដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ព្រមទាំងកំណត់ទិសដៅកិច្ចការងារសំខាន់ៗមួយចំនួនផ្សេងទៀត។

ក្រៅពីកិច្ចប្រជុំលើកទី៧នេះ ក៏មានពិធីចុះហត្ថលេខាលើឯកសារចំនួន៣ ព្រមទាំងពិធីប្រគល់- ទទួលសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ និពន្ធដោយលោក ជីវ តាក្វាន់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិនផងដែរ៕

អាជ្ញាធរកោះកុង កំណត់យកភូមិចំនួន២ចូលរួមប្រកួតប្រជែង “ជាភូមិទេសចរណ៍ឆ្នើម”

        ដោយៈ គង់ សូរិយា

        កោះកុងៈ អាជ្ញាធរ​ខេត្ត​កោះកុង មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ស្រុក​មណ្ឌលសីមា ស្រុក​ថ្មបាំង បាន​កំណត់​យក​ភូមិ​ចំនួន២ ដើម្បី​ជ្រើសរើស​ទៅ​ចូលរួម​កម្មវិធី ​ប្រកួតប្រជែង​ជា​ភូមិ​ទេសចរណ៍​ឆ្នើម របស់​អង្គការទេសចរណ៍ពិភពលោក(UNWTO) ឆ្នាំ ២០២៤។

ភូមិដែលត្រូវបានជ្រើសរើសនោះ រួមមាន “ភូមិ​ពាមក្រសោប” ស្ថិតនៅ​ស្រុក​មណ្ឌលសីមា និង “​ភូមិ​ជី​ផាត” ស្ថិតនៅ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង ត្រូវ​បាន​ជ្រើសរើស​យក​ជា​ភូមិ​បេក្ខភាព ​ទៅ​ចូលរួម​ប្រកួតប្រជែង​ជា​ភូមិ​ទេសចរណ៍​ឆ្នើម ​ជាមួយ​នឹង​ភូមិ​ទេសចរណ៍​ឆ្នើមៗដទៃ​ទៀត មកពី​ជុំវិញ​ពិភពលោក ក្រោម​ការ​រៀបចំ​របស់​អង្គការ​ទេសចរណ៍​ពិភព​លោក(UNWTO)។

លោកអន សុធារិទ្ធ អភិបាលរង​ខេត្ត​កោះកុង បាន​ឱ្យ​ដឹង​នៅ​កាលពីចុងសប្តាហ៍មុន​ថា ការ​ដែល​សម្រេច​យក​ភូមិ​ចំនួន២ ខាង​លើ​នេះ ទៅ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​ ជា​ភូមិ​ទេសចរណ៍​ឆ្នើម ដោយសា​រតែ​ពិនិត្យមើល​ឃើញ​ថា ភូមិ​ពាមក្រសោប និង​ភូមិ​ជី​ផាត ជា​ភូមិ​ដ៏​មាន​សក្ដានុពល​ខ្ពស់​ ស្រប​ទៅ​តាម​លក្ខខណ្ឌ​ចង់​បាន ​របស់​ក្រសួងទេសចរណ៍។

លោកបន្ត​ថា “ឥឡូវនេះ អាជ្ញាធរ​ខេត្ត មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ភូមិ-ឃុំ កំពុង​រៀបចំ​ផលិត​ជា​វីដេអូ​ស្ព៊ត ​តប​អ្វី​ដែល​ជា​គោលការណ៍​លក្ខខណ្ឌ​តម្រូវ​ដោយ​ក្រសួងទេសចរណ៍ និង​អង្គការ​ទេសចរណ៍​ពិភពលោក ឱ្យ​បាន​មុន​ថ្ងៃ​ទី២៥ ខែ​មេសា ហើយ​បញ្ជូន​ទៅ​ក្រសួងទេសចរណ៍​បន្ត​ពិនិត្យ​សម្រេច”។

ភូមិ​ទេសចរណ៍​ឆ្នើម ដែល​អាច​ចូលរួម​ជា​បេក្ខភាព ​ក្នុង​ការ​ប្រកួតប្រជែង​នេះ ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយចំនួនដូចជា -មាន​ដង់ស៊ីតេ​ប្រជាជន​ទាប និង​មាន​ប្រជាជន​អតិបរមា​ចំនួន១៥,០០០នាក់។ -មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់ ​ដែល​មាន​សកម្មភាព​ប្រពៃណី​សំខាន់ៗ ដូចជា កសិកម្ម ព្រៃឈើ ការ​ចិញ្ចឹម​សត្វ ឬ ការ​នេសាទ​ជាដើម និង​មាន​ប្រពៃណី និង​ជីវភាព​រស់នៅ ​ដែល​កំពុង​អនុវត្ត​ដោយ​ប្រជាជន​ក្នុង​ភូមិ​នោះ​ផ្ទាល់។

ទន្ទឹម​នឹង​នេះ ក៏​ត្រូវ​យោង​តម​សូចនាករ នៃ​ការ​វាយតម្លៃ​ក្នុង​ការ​ប្រកួតប្រជែង​ផង​ដែរ​ដូចជា  ទី១ ធនធាន​វប្បធម៌ និង​ធម្មជាតិ ទី២ ការ​លើក​កម្ពស់ និង​ការ​អភិរក្ស​ធនធាន​វប្បធម៌ ៖ ភូមិ​ប្ដេជ្ញា​ក្នុង​ការ​លើក​កម្ពស់ និង​ការ​អភិរក្ស​សម្បត្តិ​វប្បធម៌​របស់​ខ្លួន ដែល​មាន​លក្ខណៈ​ពិតប្រាកដ និង​ប្លែក​ពី​គេ។ ទី​៣.​ចីរភាព​សេដ្ឋកិច្ច ៖ ភូមិ​ប្ដេជ្ញា​លើក​កម្ពស់​ចីរភាព​សេដ្ឋកិច្ច ​ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​អាជីវកម្ម សហគ្រិនភាព សមាហរណកម្ម​ខ្សែ​ចង្វាក់​តម្លៃ ការ​វិនិយោគ និង​ផល​វិជ្ជមាន នៃ​វិស័យ​ទេសចរណ៍ ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ភូមិ។ ទី៤.​ចីរភាព​សង្គម ៖ តាមរយៈ​ការ​ជំរុញ។

ទី៥.ចីរភាព​បរិស្ថាន ទី​៦ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ទី៧.អភិបាលកិច្ច​ល្អ និង​អាទិភាព នៃ​វិស័យ​ទេសចរណ៍ ទី៨ ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ភ្ជាប់​ទំនាក់ទំនង និង​ទី៩ សុខភាព សុវត្ថិភាព និង​សន្តិសុខ ៖ ភូមិ​មាន ឬ​នៅ​ជិត​ប្រព័ន្ធ​សុខភាព សុវត្ថិភាព និង​សន្តិសុខ ដើម្បី​ការពារ​ប្រជាជន​នៅ​ក្នុង​ភូមិ ក៏ដូចជា​ភ្ញៀវ​ទេសចរ៕