ដោយ: គង់ លាងហួរ
តូក្យូ: លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន (BOJ) បានអះអាងកាលពីថ្ងៃពុធម្សិលមិញនេះថា ការធ្វើឌីជីថលនីយកម្ម ផ្នែកហិរញ្ញវត្ថុលឿនពេកនៅតំបន់អាស៊ី អាចបង្កទៅជាហានិភ័យថ្មី ដល់ស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ។
ទេសាភិបាលធនាគារកណ្តាលជប៉ុនរូបនេះ បានសង្កត់ធ្ងន់ថា ការថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ រវាងអត្ថប្រយោជន៍ និងការចំណាយលើការច្នៃប្រឌិតហិរញ្ញវត្ថុ គឺមានសារៈសំខាន់ជាចាំបាច់ណាស់។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters។
តួយ៉ាង បច្ចុប្បន្ននេះ សេវាហិរញ្ញវត្ថុឌីជីថលបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈប្រជាជនជាច្រើន ដែលរស់នៅក្នុងបណ្តាប្រទេសកំពុងរីកចម្រើន បានងាកទៅប្រើប្រាស់ស្មាតហ្វូនក្នុងការទូទាត់ប្រាក់ប្រចាំថ្ងៃ។
លោក Ueda បានលើកឡើងថា “ស្របពេលដែលការវិវឌ្ឍន៍ទាំងនេះបានពង្រឹងបរិយាប័នហិរញ្ញវត្ថុ ប៉ុន្តែក្នុងបរិបទបែបនេះ ក៏ទាម ទារឱ្យអ្នកបង្កើតគោលនយោបាយ ត្រូវខិតខំគ្រប់គ្រងហានិភ័យសុវត្ថិភាពអុីនធឺណេត និងពង្រឹងបទប្បញ្ញត្តិ ប្រឆាំងនឹងការលាងលុយកខ្វក់ផងដែរ”។
លោក Ueda បានថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំជាន់ខ្ពស់អាស៊ីប៉ាស៊ីហ្វិកស្តីពី ការត្រួតពិនិត្យធនាគារ ថា “ទ្រព្យសកម្មគ្រីបតូ បច្ចេកវិទ្យា Tokenisation បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីផ្សេងទៀតអាចនាំមកនូវឱកាស ប៉ុន្តែពួកគេក៏អាចបង្កហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុផងដែរ”។
លោកបានមានប្រសាសន៍ឱ្យដឹងទៀតថា “បញ្ហាប្រឈមដ៏សំខាន់មួយ សម្រាប់ក្រុមអាជ្ញាធរហិរញ្ញវត្ថុ គឺត្រូវទាញយកអត្ថប្រយោជន៍ពីឌីជីថលនីយកម្មហិរញ្ញវត្ថុផង និងត្រូវខិតខំគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពផង ដើម្បីធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថ”។
លោក Ueda បានបញ្ជាក់បន្ថែមថា “ស្របពេលដែលសេវាហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាបន្តធ្វើពិពិធកម្ម ហេតុនេះ ការអនុម័តយកគោលការណ៍ នៃការអនុវត្តបទប្បញ្ញត្តិដោយស្មើភាពគ្នា សម្រាប់ប្រភេទដូចគ្នានៃសកម្មភាពហិរញ្ញវត្ថុ និងហានិភ័យ គឺមានសារៈសំខាន់កាន់តែខ្លាំងឡើង”៕




















But rentals in the last three months of 2023 fell for the first time in three years, Urban Redevelopment Authority data showed.