លោក Oriol Mohedano Segura បានចុះកុងត្រារយៈពេល ៥ឆ្នាំ ជាគ្រូបង្គោលនិងជានាយកបច្ចេកទេសកីឡារបស់សៀមរាបយូណាយធីត

នៅថ្ងៃអង្គារ ទី ២៩ខែសីហាម្សិលមិញ លោក Oriol Mohedano Segura បានចុះកុងត្រារយៈពេល ៥ឆ្នាំ ជាគ្រូបង្គោល និងជានាយកបច្ចេកទេសកីឡារបស់សៀមរាបយូណាយធីត។ ពិធីចុះហត្ថលេខាជាផ្លូវការ!  ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងប្រធានក្លិបបាល់ទាត់សៀមរាបយូណាយធីត ឯកឧត្តម ម៉េត មករា ជាមួយលោកគ្រូ Oriol។

លោក Oriol មកកាន់សៀមរាបយូណាយធីត ដោយមិនត្រឹមតែដើម្បីជួយពង្រឹងការបណ្តុះបណ្តាលដល់ក្រុមកីឡាករអាយុក្រោម ១៤ឆ្នាំនោះទេ ប៉ុន្តែលោកក៏នឹងបង្កើនការអភិវឌ្ឍន៍ដល់ក្រុមកីឡាករដែលបានហ្វឹកហាត់ នៅសាលាបាល់ទាត់សៀមរាបយូណាយធីតផងដែរ៕

Siem Reap United is officially signing five years contract with Oriol Mohedano Segura as head coach and technical director. The signing ceremony joined by the SRU’s club president, his excellency Met Makara, Tuesday 29 August 2023.
Tactically and generally, coach Oriol will improve Siem Reap United U14 Academy team. Also, he will give a high level of football development in SRU Soccer School.

EUនឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាក្នុងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជន

        ដោយៈ ហ្វីអូណា

ភ្នំពេញៈ សហភាពអឺរ៉ុប (EU) នឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តគាំទ្រដល់របៀបវារៈ និងកម្មវិធីកែទម្រង់ជាអាទិភាពនានា របស់រាជរដ្ឋាភិបាល សំដៅបន្តចូលរួមចំណែក ក្នុងការលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

ការសន្យានឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការ ល្អខាងលើនេះរបស់លោកស្រី ខាមែន ម៉ូរេនូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា ស្របពេលដែលលោកស្រី ត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា រវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ខាមែន ម៉ូរេនូ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប ក្នុងអំឡុងពេលដែលលោកស្រី បានបំពេញបេសកកម្មការទូតរបស់ខ្លួន និងបានសម្តែងនូវអំណរគុណ ចំពោះសហភាពអឺរ៉ុប ដែលតែងតែផ្តល់ការគាំទ្រដល់កិច្ចអភិវឌ្ឍ ក្នុងវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាល និងលើការដ្ឋាន ការងារកែទម្រង់សំខាន់ៗ ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ទោះស្ថិតក្នុងគ្រាលំបាកនៃផល ប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អុយក្រែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី។

លោកស្រី ខាមែន ម៉ូរេនូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវស្ថិរភាពនយោបា យ និងសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ ឆ្លៀ តក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ដែលទើបទទួលបាននូវរាជរដ្ឋាភិបាលថ្មី កើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោកស្រីក៏បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការដាក់ចេញនូវកម្មវិធីនយោបាយ មុតស្រួចច្បាស់លាស់ ពោលគឺយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមកិត្តិទេសា ភិបាលបណ្ឌិតហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាព អឺរ៉ុបដែលមានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តចូលរួមចំណែក ក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជាដោយោកបានគូសបញ្ជាក់ថា សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្មដ៏ធំ និងសំខាន់របស់កម្ពុជា និងជឿជាក់ថា “ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ នឹងកាន់តែរឹងមាំ និងកាន់តែស៊ីជម្រៅបន្ថែមទៀត បន្ទាប់ពីឯកអគ្គរដ្ឋទូតថ្មីរបស់ សហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលកាន់តំណែងនាពេលដ៏ខ្លីខាងមុខ”៕

គ្រប់ខ្សែភ្នែកកំពុងបង្វែរផ្តោតមើលលើលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សចិន Country Garden

ដោយ: គង់ លាងហួរ

ហុងកុង: ស្ថានភាពដែលក្រុមហ៊ុនCountry Garden Holdings កំពុងប្រឈម នឹងបញ្ហាប៉ះទង្គិចខាងសាច់ប្រាក់ នឹងក្លាយជាការផ្តោតមើលជាសំខាន់ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ឯកជនដ៏ធំបំផុតមួយនេះ គ្រោងចេញផ្សាយលទ្ធផលហិរញ្ញវត្ថុ របស់ខ្លួននៅថ្ងៃពុធ។

ភាពតានតឹងផ្នែកសាច់ប្រាក់ នៅក្នុងក្រុមហ៊ុនបានលេចចេញឡើងជាសាធារណៈក្នុងខែសីហានេះ បន្ទាប់ពីក្រុមហ៊ុនខកខានការទូទាត់គូប៉ុងប្រាក់ដុល្លារចំនួន២  ដែលបង្កឱ្យមានការភ័យខ្លាចនៃការឆ្លងរាលដាលកាន់តែខ្លាំង នៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងជួបការលំបាករបស់ប្រទេសចិន និងជះផលប៉ះពាល់ទៅលើសេដ្ឋកិច្ចចិនកាន់តែទូលំទូលាយ។

បំណុលសរុបរបស់ Country Garden មានប្រហែល១៩៤ពាន់លានដុល្លារនៅចុងឆ្នាំ២០២២ ដោយក្រុមហ៊ុនបានព្រមានទុករួចមកហើយអំពីការខាតបង់សុទ្ធ រហូតដល់ទៅ៥៥ពាន់លានយ័ន (៧,៥៥ពាន់លានដុល្លារ) ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៣នេះ ដែលជាការដាំក្បាលចុះដ៏គួរឱ្យភ្ញាក់ផ្អើល បើធៀបនឹងការខាតបង់ត្រឹមតែ៦,៧ពាន់លានយ័នក្នុងឆមាសទីពីរនៃឆ្នាំ២០២២។

ដូចទៅនឹងអ្នកអភិវឌ្ឍដទៃឯទៀតដែរ Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ដ៏ធំបំផុតរបស់ប្រទេសចិន បើគិតពីបរិមាណនៃការលក់រហូតដល់ឆ្នាំនេះ បានរងគ្រោះជាទំងន់ ដោយសា​រការធ្លាក់ចុះប្រាក់ចំណេញ ខណៈការលក់អចលនទ្រព្យ និងតម្លៃផ្ទះបានធ្លាក់ចុះ ចំពេលដែលសេដ្ឋកិច្ចចិនកំពុងយ៉ាប់យឺន។

ការលក់ធ្លាក់ចុះ គួបផ្សំនឹងលទ្ធភាពទទួលបានមូលនិធិថ្មីៗ កាន់​តែតឹងរ៉ឹង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យស្ថានភាពវិបត្តិសាច់ប្រាក់ របស់អ្នកអភិវឌ្ឍកាន់តែវិវឌ្ឍអាក្រក់ទៅៗ។

អ្នកវិភាគម្នាក់ រួមជាមួយធនាគារវិនិយោគបរទេស បានលើកឡើងថា វិនិយោគិនកំពុងស្វែងរកព័ត៌មានលម្អិត អំពីបំណុលរយៈពេលខ្លី និងកម្ចីធនាគារថ្មី ដើម្បីយល់កាន់តែច្បាស់ អំពីលំហូរសាច់ប្រាក់របស់ Country Garden ។

មន្ត្រីក្រុមហ៊ុនបានអះអាងថា ដោយសារតែមូលនិធិភាគច្រើនរបស់ក្រុមហ៊ុន ត្រូវបានចាក់សោទុកនៅក្នុងគណនី រក្សាទុកដោយភាគីទី៣ (Escrow Account) របស់អ្នកម៉ៅការគម្រោង ដើម្បីធានាការប្រគល់ផ្ទះក្នុងរយៈពេល២ឆ្នាំខាងមុខ ដូច្នេះ ក្រុមហ៊ុនមានសាច់ប្រាក់តិចតួចណាស់សម្រាប់សងបំណុល។

Country Garden បានបដិសេធមិនធ្វើអត្ថាធិប្បាយ មុនពេលចេញផ្សាយលទ្ធផលប្រាក់ចំណូលរបស់ខ្លួន។ ក្រុមហ៊ុននេះ ក៏នឹងមិនបើកកិច្ចប្រជុំជាមួយអ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយផងដែរ បន្ទាប់ពីការប្រកាសរបាយការណ៍ ប្រាក់ចំណូល ហើយនេះជាលើកទីមួយ ដែលក្រុមហ៊ុនរំលងសន្និសីទទាំងនេះក្នុងរយៈពេលជាច្រើនឆ្នាំ៕

តើកម្ពុជាជាប់ចំណាត់ថ្នាក់លេខប៉ុន្មាននៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព(SDGs)?

ដោយៈ តែម សុខុម

បាងកក: ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១០៣ទូទាំងពិភពលោក នៅក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព (SDGs)។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃអង្គារ ទី២៩ ខែសីហា។

ទន្ទឹមនេះបណ្ដាញ United Nations Global Compact Network Thailand (UNGCNT) បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៨ ខែសីហាកន្លងមកថា ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ៤៣ ក្នុងចំណោម១៦៦ប្រទេស ដែលកំពុងធ្វើកិច្ចការលើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs)។

ដោយលើកឡើងពីរបាយការណ៍អភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពឆ្នាំ២០២៣ របស់បណ្តាញដំណោះស្រាយអភិវឌ្ឍន៍ ប្រកប​ដោ​យនិរន្តរភាព (SDSN) នាយកប្រតិបត្តិបណ្តាញ UNGCNT លោកស្រី ថាន់យ៉ាផន គ្រីចទីតាយ៉ាវុធ (Thanyaporn Krichtitayawuth ) បានលើកឡើងថា ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ៤៤ កាលពីឆ្នាំមុន។

លោកស្រីបន្ថែមថា ប្រទេសថៃ ទទួលបាន៧៤,៧ពិន្ទុក្នុងឆ្នាំនេះ គឺខ្ពស់ជាងពិន្ទុជាមធ្យម សម្រាប់អាស៊ីបូព៌ា និងអាស៊ីខាងត្បូង ដែលទទួលបាន៦៧,២ពិន្ទុ។

ក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល៥ឆ្នាំជាប់គ្នា (២០១៩-២០២៣) តាមពីក្រោយដោយប្រទេសវៀតណាម (ចំណាត់ថ្នាក់លេខ៥៥ ទូទាំងពិភពលោក) សិង្ហបុរី (ចំណាត់ថ្នាក់លេខ៦៤) ឥណ្ឌូនេស៊ី (ចំណាត់ថ្នាក់លេខ៧៥) ម៉ាឡេស៊ី (ចំណាត់ថ្នាក់លេខ៧៨) ហ្វីលីពីន (ចំណាត់ថ្នាក់លេខ៩៨) ព្រុយណេ (ចំណាត់ថ្នាក់លេខ១០២) កម្ពុជា (ចំណាត់ថ្នាក់លេខ១០៣) ឡាវ (ចំណាត់ថ្នាក់លេខ១១៥) និងមីយ៉ាន់ម៉ា (ចំណាត់ថ្នាក់លេខ១២៥)។

ក្រៅពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព (SDGs) ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួន វិស័យធុរកិច្ចថៃ ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ នៅក្នុងការសម្រេចបាននូវគោលដៅទាំងនេះជាពិសេស SDG4 (ការអប់រំប្រកបដោយគុណភាព) SDG6 (ទឹកស្អាត និងអនាម័យ) SDG7 (ថាមពលស្អាត និងតម្លៃសមរម្យ) និង SDG12 (ការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ)៕ The Nation៕

UNICEF ចាប់ដៃគូជាមួយប្រទេសចិនអនុវត្តន៍សាកល្បងបច្ចេកវិទ្យាទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុនៅកម្ពុជា

ដោយៈ តែម សុខុម

ភ្នំពេញ: គណៈប្រតិភូមកពីប្រទេសចិន និងអង្គការ​UNICEF កាលពីថ្ងៃអង្គារ ទី២៩ ខែសីហា បានចាប់ផ្តើមដំណើរទស្សនកិច្ចចុះមូលដ្ឋានរយៈពេល៣ថ្ងៃនៅកម្ពុជា ដើម្បីសិក្សាសមិទ្ធលទ្ធភាពសម្រា​ប់ការអនុវត្តសាកល្បងបច្ចេកវិទ្យា និងដំណោះស្រាយទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុនៅកម្ពុជា។

អង្គការ UNICEF បានចេញសេចក្តីថ្លែងការណ៍ថា គម្រោងសហប្រតិបត្តិការកម្ពុជា-ចិន លើផ្នែកទឹកស្អាត និងអនាម័យដែលមានភាពធន់ចំពោះអាកាសធាតុ គឺជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការភាគខាងត្បូង-ខាងត្បូង (South-South Cooperation Programme) រវាងប្រទេសទាំងពីរ និងអង្គការ UNICEF។

សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា “បេសកកម្មសិក្សាសមិទ្ធលទ្ធភាពនៅកម្ពុជា នេះមានគោលដៅប្រើប្រាស់ ជំនាញបច្ចេ​កទេសរបស់ប្រទេសចិន លើការផ្គត់ផ្គង់ទឹកដែលប្រើថាមពលពន្លឺព្រះអាទិត្យ ការបន្សុទ្ធទឹក និងប្រព្រឹត្តកម្មសំណល់លាមក នៅក្នុងតំបន់ទីប្រជុំជន និងជនបទដើម្បីជួយកំណត់ពីចំណុចខ្វះខាត ផ្នែកបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។

លោក Will Parks តំណាងអង្គការ UNICEF ប្រចាំកម្ពុជា មានប្រសាសន៍ថា សន្ទស្សន៍ហានិភ័យអាកាសធាតុ ចំពោះកុមារ (Children’s Climate Risk Index) បានចាត់ថ្នាក់កម្ពុជា ជាប់ចំណាត់ថ្នាក់កំពូលទី៣ ក្នុងចំណោមប្រទេសនានា ដែលប្រឈមមុខនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ហើយថា កុមារទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីការខ្វះខាតទឹក ទឹកជំនន់តាមដងទន្លេ និងជំងឺដែលបង្កឡើងដោយភ្នាក់ងារចម្លងរោគ ក្នុងចំណោមភាពតានតឹងផ្នែកអាកាសធាតុ និងបរិស្ថានផ្សេងៗទៀត។

លោកបន្តថា “យើងសូមអរគុណ ចំពោះសាធារណរដ្ឋប្រជាមានិតចិន និងអង្គការ UNICEF ប្រចាំប្រទេសចិន ដែលបានផ្តល់ការគាំទ្រក្នុងការអនុវត្ត ការឆ្លើយតបប្រកបដោយនវានុវត្តន៍ និងមានភាពធន់ចំពោះអាកាសធាតុ ដែលបង្កើតបរិស្ថានប្រកប ដោយនិរន្តរភាពសម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុត”។

យោងតាមសេចក្ដីថ្លែងការណ៍ដដែលឱ្យដឹងថា នៅកម្ពុជា ប្រជាជនម្នាក់ ក្នុងចំណោម៤នាក់នៅតាមទីជនបទ នៅតែមិនអាចទទួលបានប្រភពទឹកស្អាត និងអនាម័យប្រសើរជាងមុន ដែលបង្កហានិភ័យដល់សុខភាពសាធារណៈ រារាំងដល់ការអភិវឌ្ឍ និងបណ្តាលឱ្យមានហានិភ័យនៃភាពកខ្វក់ចំពោះធនធានទឹក។

សេវាទឹកស្អាត និងអនាម័យ មានភាពងាយរងគ្រោះយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុតាមរដូវកាល ដោយការទទួលបានទឹករបស់ប្រជាជន នៅតាមជនបទពីរដូវវស្សាដល់រដូវប្រាំង មានការថយចុះចំនួន២២% ធៀបនឹង២%នៅក្នុងតំបន់ទីប្រជុំជន៕ Xinhua៕

កម្ពុជាគ្រោងចាប់ផ្តើមបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសឥណ្ឌានៅដើមឆ្នាំ២០២៤ខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ស្របពេលដែលកម្ពុជា និងប្រទេសឥណ្ឌា ខិតទៅជិតបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី ប្រជាពលរដ្ឋនៃប្រទេ​សទាំងពីរ អាចនឹងទន្ទឹងរង់ចាំចំពោះការដាក់ឱ្យប្រើប្រាស់ ផ្លូវហោះហើរត្រង់រវាងប្រទេសទាំង២នៅដើមឆ្នាំក្រោយ។

នេះបើយោងតាមសារពត៌មានឡាវ Laotian Times ចុះផ្សាយនៅថ្ងៃអង្គារ ទី២៩ ខែសីហា។

លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បានលើកឡើងថា ការវិវឌ្ឍន៍នេះ គឺស្របតាមការរីកចម្រើន គួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ។

លោកក៏បានសម្តែងនូវសុទិដ្ឋិនិយមផងដែរថា ជើងហោះហើរត្រង់រវាងប្រទេសទាំង២ នឹងចាប់ផ្តើមបើកដំណើរការ នៅដើមឆ្នាំ២០២៤ខាងមុខ។

នៅពេលដែលផែនការនេះក្លាយជាការពិត កម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងធំសំបើម ពីការកើនឡើងនៃលំហូរភ្ញៀវទេសច​រណ៍ ឱកាសពាណិជ្ជកម្ម និងកំណើនសក្តានុពល ក្នុងការវិនិយោគ ពោលគឺស្រដៀងទៅនឹងលទ្ធផលវិជ្ជមាន ដែលគេបានសង្កេតឃើញជាមួយនឹងការហោះហើរត្រង់ រវាងប្រទេសឥណ្ឌា និងបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត។

ដោយសារឥណ្ឌាជាប្រទេស ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក រហូតដល់ជាង១ពាន់លាននាក់។ ដូច្នេះ បណ្តាប្រទេសនៅទូទាំងពិភពលោក ជាពិសេសបណ្តាប្រទេសជាសមាជិកអាស៊ាន បាននិងកំពុងស្វែងរកចំណែកទីផ្សារ ទេសចរណ៍ឥណ្ឌា ដែលជាឱកាសផ្តល់ប្រាក់ចំណេញ ដល់ប្រទេសពួកគេបានយ៉ាងសកម្ម។

យោងតាមក្រសួងទេសចរណ៍ របស់ប្រទេសឥណ្ឌាបានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ជនជាតិឥណ្ឌាចំនួន២១.០៩៦.២១៧នាក់បានធ្វើដំណើរទៅក្រៅប្រទេស ដោយសារប្រទេសនានា បានបើកព្រំដែនរបស់ពួកគេឡើងវិញជាបណ្តើរៗ សម្រាប់ភ្ញៀវទេសចរ បន្ទាប់ពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩៕

ក្រុមហ៊ុនលក់រាយE-Mart24 Inc. នឹងឈានជើងចូលទីផ្សារ កម្ពុជានៅឆ្នាំខាងមុខ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនE-Mart24 Inc. ដែលជា​ហាង​ទំនិញ​លក់រាយ ​(CVS) ដ៏​ល្បី​មួយ​របស់​ប្រទេស​កូរ៉េ​ខាង​​ត្បូង ចូលមក​ប្រទេស​កម្ពុជា​នៅ​ឆ្នាំក្រោយ បន្ទាប់ពី​មាន​កំណើន​ប្រកបទៅដោយ​សក្តានុពល​នៃ​ផលិតផល​កូរ៉េ ក៏ដូចជា​លំហូរ​នៃ​ការវិនិយោគ​ផងដែរ​។​

​ផែនការ​នេះ​ត្រូវ​បានបង្ហាញ ​បន្ទាប់ពី​ក្រុមហ៊ុន E-Mart24 Inc. ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Hanlim Architecture Group Co កាលពី​ថ្ងៃទី​ ២៤ ខែសីហា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ជាមួយ​ក្រុមហ៊ុន Saisons Brother Holding Co. របស់​ប្រទេស​កម្ពុជា​។​

លោកង​ន ដេវីដ​សំបូរ នាយក​ក្រុមហ៊ុន Saisons Brother Holding ដែល​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ចម្រុះ​វិស័យ ​ក្នុងប្រទេស​កម្ពុជា ចាប់ពី​ភោជនីយដ្ឋាន​រហូតដល់​បច្ចេក​វិទ្យា ​(Tech)​ បានមានប្រ​សាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ស្ថិតក្រោម MoU នេះ​ក្រុមហ៊ុន​ទាំង២ នឹង​ចាប់ផ្តើម​បើក​សាខា​ដំបូង​នៅ​ឆ្នាំក្រោយ​តទៅ​។​

លោក​ថ្លែងថា​ ​“យើង​គ្រោង​នឹង​ចាប់​ផ្តើម​សាខា​ ដំបូង​ចាប់ពី​ឆ្នាំក្រោយ ហើយ​យើង​នឹង​ពង្រីក​ដល់១០​សាខា ​ត្រឹម​នៅ​ចុងឆ្នាំ​នៅ​ភ្នំពេញ”​។ លោកបន្តថា “យើង​ក៏​នឹង​ពិនិត្យមើល​ការពង្រីក​ទៅតាម​បណ្តាខេត្ត​ផងដែរ​”។

លោក​បញ្ជាក់ថា ​អ្នក​អាច​មើលឃើញ​នៅពេលនេះ​ថា ផលិតផ​ល​​​កូរ៉េ​ជាច្រើន ​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​ប្រជាជន​ខ្មែរ ជាពិសេ​ស​ផលិត​ផល​គ្រឿងសម្អាង​។ យើង​នឹង​កំណត់​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​​។​

សារព័ត៌មាន Korea Economy Daily បាន​លើកឡើងថា E-Mart Inc. គ្រោង​នឹង​បើក​ដំណើរការ​ ហាង​ទំនិញ​កូរ៉េខាងត្បូង​ដំបូង​គេ​នៅ​កម្ពុជា ខណៈដែល​ក្រុមហ៊ុន​ហាង​ផ្សារ​ទំនើប ​លក់រាយ​ឈានមុខ​គេ​របស់​កូរ៉េ​មួយ​នេះ ​មាន​បំ​ណង​ពង្រីក​វត្ត​មាន នៅ​ទីផ្សារ​ក្រៅ​ប្រ​ទេស ជាពិសេស​តំបន់​អាស៊ីអាគ្នេយ៍​។​

ប្រតិបត្តិ​ករ​ហាង​ទំនិញ​ធំ​លំដាប់​លេខ៤​ នៅ​ប្រទេស​កូរ៉េខាងត្បូង​នេះ គ្រោង​នឹង​បើក​សាខា​ដំបូង​របស់ខ្លួន ​នៅ​ទីក្រុង​ភ្នំពេញ ក្នុងអំឡុង​ឆមាស​ទី​១ ឆ្នាំ ២០២៤​ បន្ទាប់ពី​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​រួម ហៅថា E-Mart24 Cambodia រវាង​ក្រុមហ៊ុន Saisons និង​ក្រុមហ៊ុន Hanlim​។

E-Mart ជា​សម្ព័ន្ធ​ផ្សារ​ទំនើប​ឈានមុខ​គេ​ របស់​ប្រទេស​កូរ៉េខាងត្បូង ​មាន​គោលបំណង​បង្កើន​ចំនួន​ហាង​នៅ​កម្ពុជា ​ជា​បន្តបន្ទាប់​ដល់​ចំនួន១០០​ ហាង​ក្នុង​រយៈពេល៥ឆ្នាំ អាស្រ័យ​លើ​លក្ខខណ្ឌ​ទីផ្សារ​។​

មន្ត្រី​ក្រុមហ៊ុន E-Mart24 ប្រចាំ​នៅ​ទីក្រុង​សេ​អ៊ូ​លបាន​ថ្លែងថា​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ ដើម្បី​បោះជំហាន​ចូលក្នុង​ប្រទេស​កម្ពុ​ជា​ប្រកបដោយ​ជោគជ័យ ខណៈ​យើង​ក៏​កំពុង​ពិចារណា ​លើ​ការចូលទៅ​ក្នុង​បណ្ដា​ប្រទេស​ផ្សេងទៀត​ផងដែរ​​៕

IEAT teams up with 6 firms to explore hydrogen usage

The Industrial Estate Authority of Thailand (IEAT) has joined hands with six Thai and Japanese firms to jointly study hydrogen fuel at the Map Ta Phut and Smart Park industrial estates in Rayong, part of efforts to help combat global warming.

Map Ta Phut industrial estate covers 6,949 rai while Smart Park, which spans 1,383 rai, is being developed to serve S-curve industries in the Eastern Economic Corridor.

“This project aims to help Thailand achieve a carbon neutrality target as well as support investors who want to use electricity and transportation which are based on clean energy,” said Veeris Ammarapala, governor of the IEAT.

Mr Veeris was speaking as he signed a joint study agreement with Bangkok Industrial Gas Co, PTT Plc, Thai Takasago Co, Hitachi Zosen Corporation, Toyota Motor Thailand and Toyota Tsusho (Thailand).

The IEAT announced in 2021 it would develop infrastructure to support renewable energy development, including hydrogen, solar energy and biomass, at the Map Ta Phut and Smart Park industrial estates.

To shift towards clean energy, the authority needs to study types of technology, business models that promote wise use of energy and investment issues.

The IEAT earlier said it plans to import hydrogen for use in the transport and logistics sectors in industrial complexes, including Smart Park.

Over the long term, it wants to build a hydrogen production plant to serve vehicles used in Smart Park.Source: Bangkok Post

អាជ្ញាធរឧស្សាហកម្មថៃចាប់ដៃគូជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិចំនួន៦ ដើម្បីរុករកឥន្ធនៈអ៊ីដ្រូសែន

ដោយ: គង់ លាងហួរ

បាងកក: អាជ្ញាធរឧស្សាហកម្មថៃ (IEAT) បានចាប់ដៃជាមួយក្រុមហ៊ុនថៃ និងជប៉ុនចំនួន៦ ដើម្បីសិក្សារួមគ្នា អំពីឥន្ធនៈអ៊ីដ្រូសែននៅបរិវេណឧស្សាហកម្ម Map Ta Phut និង Smart Park ក្នុងខេត្ត Rayong ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការឡើងកំដៅផែនដី។

ក្រុមហ៊ុនទាំងនោះរួមមាន  ក្រុមហ៊ុន Bangkok Industrial Gas Co, ក្រុមហ៊ុន PTT Plc ក្រុមហ៊ុន Thai Takasago Co ក្រុមហ៊ុន Hitachi Zosen Corporation ក្រុមហ៊ុន Toyota Motor Thailand និងក្រុមហ៊ុន Toyota Tsusho (Thailand) ។

តំបន់ឧស្សាហកម្ម Map Ta Phut គ្របដណ្តប់លើផ្ទៃដី១១១១,៨៤ហិកតា។ រីឯតំបន់Smart Park មានទំហំ២២១,២៨ហិកតា កំពុងត្រូវបានបង្កើតឡើង ដើម្បីបម្រើដល់ឧស្សាហកម្ម S-curve នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត។

លោក Veeris Ammarapala អភិបាលនៃអាជ្ញាធរ IEAT បានមានប្រសាសន៍ថា “គម្រោងនេះមានគោលបំណង ជួយប្រទេសថៃឱ្យសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូន ក៏ដូចជាគាំទ្រដល់អ្នកវិនិយោគដែលចង់ប្រើប្រាស់អគ្គិសនី និងការដឹកជញ្ជូនដោយផ្អែកលើថាមពលស្អាត”។

IEAT ធ្លាប់បានប្រកាសនៅឆ្នាំ២០២១ កន្លងមកថា ខ្លួននឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍថាមពលកកើតឡើងវិញ រួមទាំងអ៊ីដ្រូសែន ថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស នៅឯតំបន់ឧស្សាហកម្ម Map Ta Phut និងតំបន់ឧស្សាហកម្ម Smart Park ។

ដើម្បីផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាត អាជ្ញាធរត្រូវសិក្សាពីប្រភេទបច្ចេកវិទ្យា គំរូអាជីវកម្មដែលលើកកម្ពស់ ការប្រើប្រាស់ថាម​ពល និងបញ្ហាវិនិយោគប្រកបដោយភាពឆ្លាតវៃ៕

តើគោលដៅទេសចរណ៍បរទេសកំពូលTop10 សម្រាប់ភ្ញៀវទេសចរចិននៅឆ្នាំនេះមានប្រទេសណាខ្លះ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រោយពីប្រទេសចិន បានបើកដំណើរការសេដ្ឋកិច្ច ព្រំដែន និងអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួន អាចធ្វើដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេសឡើងវិញ គេសង្កេតឃើញ ភ្ញៀវទេសចរចិនជាច្រើន បានសម្រុកមកកាន់ប្រទេសនៅតំបន់អាស៊ី។

ជាក់ស្តែង ប្រទេសថៃ និងជប៉ុនគឺជាគោលដៅទេសចរណ៍បរទេសដ៏ពេញនិយមបំផុត នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ សម្រាប់ភ្ញៀវទេសចរចិន។ នេះបើយោងតាមបណ្ឌិតសភាទេសចរណ៍ចិន។តោះ​សូមក្រឡេកមក​មើល​ តំបន់​ទេសចរណ៍​បរទេស​កំពូល​ទាំង​១០​សម្រាប់​ភ្ញៀវទេសចរចិន ក្នុងឆមាស​ទី​១​ឆ្នាំ​២០២៣នេះ។

ទី១: ប្រទេសថៃ
ទី២: ប្រទេសជប៉ុន
ទី៣: ប្រទេសសិង្ហបុរី
ទី៤: ប្រទេសកូរ៉េខាងត្បូង
ទី៥: ប្រទេសមីយ៉ាន់ម៉ា
ទី៦: សហរដ្ឋអាមេរិក
ទី៧: ប្រទេសអូស្ត្រាលី
ទី៨: ប្រទេសម៉ាឡេស៊ី
ទី៩: ប្រទេសវៀតណាមនិងទី១០: ប្រទេសប្រេស៊ីល៕